អកុសលកម្មបថ

   គន្លង ឬផ្លូវនៃអំពើជាអកុសល ហៅថា អកុសលកម្មបថ មាន១០យ៉ាងគឺ កាយកម្ម អំពើដែលសំរេចដោយកាយ មាន ៣យ៉ាង វចីកម្ម អំពើដែលសំរេចដោយវាចា មាន៤យ៉ាង មនោកម្ម អំពើដែលសំរេចដោយចិត្ដមាន៣ យ៉ាង រួមត្រូវជា១០យ៉ាង។

កាយកម្មមាន ៣យ៉ាង

  • ១ -បាណាតិបាតោ ករិយាសម្លាប់សត្វដោយកាយរបស់ខ្លួនឬប្រើគេឲ្យសម្លាប់ដោយវាចា។
  • ២ -អទិន្នាទានំ កិរិយាលាក់ឆក់លួច ដណ្តើមទ្រព្យគេ ដោយកាយរបស់ខ្លួនឬប្រើឲ្យគេលួចលាក់ឆក់ដណ្តើមដោយវាចា។
  • ៣ - កាមេសុ មិច្ឆាចារា កិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ គឺធ្វើនូវមេថុនសេវនៈនិងស្រ្តីឬបុរសដែលមានគេហួងហែងរក្សា។

វចីកម្ម៤យ៉ាង

  • ១ -មុសាវាទោ កិរិយាពោលនូវពាក្យកុហក។
  • ២ -បិសុណាវាចា កិរិយាពោលនូវពាក្យញុះញង់បំបែកបំបាក់អ្នកដទៃ។
  • ៣ - ផរុសវាចា កិរិយាពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម។ ។
  • ៤ - សម្ផប្បលាបោ កិរិយាពោលនូវពាក្យរោយរាយឥតប្រយោជន៍។

មនោកម្ម៣យ៉ាង

  • ១ -អភិជ្ឈា ចិត្តសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបម្រុងនឹងឲ្យបានជារបស់ខ្លួន។
  • ២ - ព្យាបាទោ ចិត្តចងគំនុំគុំកួនប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាស។
  • ៣ - មិច្ឆាទិដ្ឋិ គំនិតយល់ខុស ហើយប្រកាន់ឡើងថាត្រូវ។

អង្គនៃកុសលកម្មបថ

អង្គនៃ បាណាតិបាត អទិន្នាទាន កាមេសុមិច្ឆាចារ និងមុសាវាទ មានដូចពោលក្នុងនិច្ចសីលខាងដើមនោះហើយ។

បិសុណាវាចា មានអង្គ៤

  • ១ -ភិន្ទិតព្វោ បរោ អ្នកដែលមានរូប គឺខ្លួនគប្បីញុះញង់បំបែក។
  • ២ -ភេទនបុរេក្ខារតា គិតនឹងញុះញង់បំបែកអ្នកដទៃ។
  • ៣ -តជ្ជោ វាយាមោ ព្យាយាមនឹងញុះញង់បំបែកអ្នកដទៃនោះ។
  • ៤ - តស្ស​ ទត្ថវិជាននំ ញ៉ាំងអ្នកនោះឲ្យដឹងច្បាស់នូវដំណើរ ដែលខ្លួន ញុះញង់នោះ។

ផរុសវាចា មានអង្គ៣

  • ១ -អក្កោសិតព្វោ បរោ អ្នកដទៃមានរូបគឺខ្លួនគប្បីជេរប្រទេច។
  • ២ - កុប្បិតចិត្តំ ចិត្តខឹងរន្ធត់។
  • ៣ - អក្កោសនា បានជេរប្រទេចគេ។

សម្ផប្បលាបៈ មានអង្គ២

  • ១ - ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍ មានរឿងចំបាំង នៃមហាភាតរនិងរឿងរាពណ៍លួចនាំនាងសិតាទៅតាមជាដើម។
  • ២ - តថារូបកថាកថនំ បានពោលនូវពាក្យឥតប្រយោជន៍ មានសភាពដូច្នោះ។

អភិជ្ឈា មានអង្គ២

  • ១ - បរភណ្ឌំ ទ្រព្យជារបស់អ្នកទៃ។
  • ២ - អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះឲ្យបានមកជាទ្រព្យរបស់ខ្លួន ដោយកលឧបាយផ្សេងៗ។
  •  

ព្យាបាទៈ មានអង្គ២

  • ១ -បរសត្តោ អ្នកដទៃក្រៅពីខ្លួន។
  • ២ តស្ស តំ វិនាសចិន្តា គិតគំកួនប្រុងនឹងឲ្យអ្នកនោះដល់នូវសេចក្តី វិនាសដោយហេតុនោះៗ។

មិច្ចាទិដ្ឋិ មានអង្គ២

  • ១ - វត្ថុនោ ច គហិតាការវិបរិតតា ចិត្តប្រែប្រួលដោយអាការខុសអំពីព្រះរតនត្រ័យជាដើម។
  • ២ - យថា ច នំ គណ្ហាតិ តថាភាវេន តស្សូបដ្ឋានំ គំនិតដែលយល់ខុសនោះឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ។

   អកុសលកម្មបថ ១០ប្រការ ដូចបានពោលមកហើយនេះ ទោះត្រង់បទណាក្តី បើលុះព្រមដោយអង្គនោះៗ ទើបត្រូវទោស ដល់អ្នក ប្រព្រឹត្តខុស អ្នកនោះនឹងបាននូវសេចក្តីទុក្ខ សេចក្តីវិនាសក្នុងលោកនេះ និងបរលោកនាយ បើទុកជាមិនទាន់ឲ្យផល ឲ្យឃើញ ច្បាស់ ក្នុងលោកនេះ លុះដល់ទៅក្នុងបរលោកនាយ ក៍គង់នឹងឲ្យផលដល់អ្នកនោះពុំខានឡើយ បើមិនទាន់ព្រមដោយអង្គនោះៗ គឺថាបើនៅខ្វះ អង្គណាមួយនោះ ក៏មិនទាន់បានឈ្មោះថាមានទោសក្នុងអកុសលកម្មបថដល់អ្នកដែលប្រព្រឹត្តខុសនៅឡើយ។

អកុសលកម្មបថ១០ប្រការ ព្រមទាំងអង្គ ចប់ដោយសង្ខេបតែប៉ុណ្ណេះ

កុសលកម្មបថ

   គន្លងឬផ្លូវនៃអំពើជាកុសល ហៅថា កុសលកម្មបថ កុសលកម្មបថមាន ១០យ៉ាងគឺ កាយកម្ម អំពើដែល សំរេចដោយកាយមាន ៣យ៉ាង, វចីកម្ម អំពើដែលសំរេចដោយវាចាមាន៤យ៉ាង មនោកម្ម អំពើដែលសំរេចដោយចិត្ដមាន៣ យ៉ាង រួមត្រូវជា១០យ៉ាង។

កាយកម្មមាន ៣យ៉ាង

  • ១ -បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺសម្លាប់សត្វ។
  • ២ - អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬវាចា។
  • ៣ -កាមេសុ មិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។

វចីកម្ម មាន៤យ៉ាង

  • ១ -មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យ កុហក។
  • ២ -បិសុណាយ វាចាយ វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យញុះញង់បំបែកបំបាក់អ្នកដទៃ។
  • ៣ -ផរុសាយ វាចាយ  វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យអាក្រក់មានពាក្យទ្រគោះបោះបោកជេរប្រទេចអ្នកដទៃជាដើម។
  • ៤ -សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យរោយរាយឥតប្រយោជន៍។

មនោកម្ម ៣យ៉ាង

  • ១ -អនភិជ្ឈា មិនមានចិត្តសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានជារបស់ខ្លួន។
  • ២ -អព្យាបាទោ មិនមានចិត្តចងគំនំគំកួនប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាស។
  • ៣ -សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវពិត ដោយប្រកាន់ឡើងថាជាត្រូវមែន។

   អ្នកឯណាបានប្រព្រឹត្ដត្រូវតាមកុសលកម្មបថទាំង១០ប្រការ ដូចបានពោលមកហើយនេះ អ្នកនោះ នឹងបានសេចក្ដីសុខ សេចក្ដីចំរើន ក្នុងលោកទាំងពីរ គឺក្នុងលោកនេះ និងបរលោកនាយជាប្រាកដ។

កុសលកម្មបថ១០ប្រការ ចប់ដោយសង្ខេបតែប៉ុណ្ណេះ

--