ព្រះពុទ្ធសាសនាដូចម្ដេច?
PangKhath

ដោយ ព្រះវីរិយបណ្ឌិតោ ប៉ាង-ខាត់
សាស្រ្ដាចារ្យាខាងប្រវត្តិសាសនា (១៩១០-១៩៧៥)
វត្តឧណ្ណាលោម ភ្នំពេញ ព.ស. ២៥១៤ គ.ស. ១៩៧០

ពុទ្ធសាសនា

   ពុទ្ធសាសនា ជាលទ្ធិសាសនា = Religion (ពាហិរសាសនា?) ពុទ្ធសាសនា នឹងហៅថាលទ្ធិសាសនា ឬពាហិរសាសនា (Religion) តាម អត្ថន័យនៃពាក្យ ដូចអ្នកផងធ្លាប់យល់មកនោះក៏ទេ ព្រោះពុទ្ធសាសនាមិនមែនជាប្រព័ន្ធ (Systeme) នៃជំនឿឥតហេតុផល (Croyance) និងការបូជា (Culte) នោះឡើយ ។

   ពុទ្ធសាសនាមិនព្រមប្រដៅពុទ្ធសាសនិកជនអោយមានជំនឿឥតហេតុផលទាល់តែសោះ ។ ជំនឿឥតហេតុផលនេះ ពុំមាននៅក្នុងពុទ្ធ សាសនាឡើយ ។ ពុទ្ធសាសនិកជន ប្រើជំនឿដែរ តែជាជំនឿមួយបែបគឺ ជំនឿហេតុផល ជំនឿជាទីទុកចិត្ត (Confidence) ហើយមានប្រាជ្ញា ប្រកបផង ដែលនៅក្នុងភាសាបាលី លោកហៅថា សទ្ធា “ជំនឿហេតុផលប្រកបដោយបញ្ញា” ។

   ជំនឿឥតហេតុផលគឺជំនឿជឿអាទិទេពថា “អាទិទេពទទួលបាបខ្លួន អោយខ្លួនបរិសុទ្ធ ហើយនាំអោយទៅកើតឋានសួគ៌” ។ ជំនឿបែបនេះ ពុំមែនជា “សទ្ធា” ដូចក្នុងពុទ្ធសាសនាទេ ។ ជំនឿ “សទ្ធា” ដែលពុទ្ធសាសនាប្រដៅអោយប្រើ ចំពោះអង្គព្រះសម្ពុទ្ធ ព្រះធម៌ ព្រះសង្ឃ មាន លក្ខណៈ ជ្រះថ្លាចំពោះគុណធម៌ ហើយមានលក្ខណៈហ៊ានពុះពារដើរទៅតាម គឺមានទំនងដូចអ្នកឈឺ ជឿទុកចិត្តលោកគ្រូពេទ្យថា អាចជួយ រក្សាជំងឺខ្លួនអោយជាសះស្បើយបាន ហើយហ៊ានកាន់តាមពាក្យទូន្មានលោកគ្រូពេទ្យ ឬដូចជាសិស្សជឿលោកគ្រូថាគ្រូបាអាចារ្យរបស់ខ្លួន ជាអ្នកបង្រៀនខ្លួនអោយចេះចំនេះវិជ្ជាបាន ហើយហ៊ានប្រតិបត្តិតាមឱវាទរបស់គ្រូ ដោយយល់ច្បាស់ថា គ្រូបង្រៀនខ្លួនអោយចេះរស់ ខ្លួនឯង អោយចេះដើរខ្លួនឯង ។

   ពុទ្ធសាសនិកជន យកអង្គព្រះសម្ពុទ្ធជាសរណៈ “ទីពឹង” របស់ខ្លួន ដោយប្រើប្រាជ្ញាពិចារណាតាមហេតុផលសព្វគ្រប់ ឃើញពិតថា “ព្រះ អង្គបានឃើញធម៌” ហើយទ្រង់ទេសនាទូន្មានខ្លួនអោយប្រតិបត្តិតាមបដិបទាដែលទ្រង់រកឃើញ ដើម្បីអោយបានលុះទីបំផុតទុក្ខ “មោក្ស ធម៌” ឬ “និព្វាន” ដូចព្រះអង្គ ។ ពុទ្ធសាសនិកជន មិនព្រមយកព្រះពុទ្ធជាទីពឹងដោយក្តីសង្ឃឹមថា ”ព្រះពុទ្ធនឹងស្រង់ខ្លួន (Salvate) គឺទទួលបាប ពីខ្លួន អោយខ្លួនបរិសុទ្ធហើយនាំទៅកើតឋានសួគ៌ ”ដូចគេស្រង់មនុស្សលង់ទឹកដូច្នោះទេ ។ ពុទ្ធសាសនិកជនជឿជាក់ថា “ធម៌អង្គព្រះសម្ពុទ្ធ ពុំមែនជាក្តីស្រង់ ”(Salvation)នោះទេ ព្រោះព្រះពុទ្ធពុំមែនជា“អ្នកស្រង់”(Saviour) ព្រះពុទ្ធពុំដែលធានារ៉ាប់រងថា នឹង លាងបាបសត្វទេ ហើយព្រះពុទ្ធពុំមានអានុភាពនឹងលាងជំរះបាបអ្នកដទៃបានទៀតផង ។

   សេចក្តីពិត មិនមានអ្នកណាដទៃ អាចធ្វើខ្លួនអោយបរិសុទ្ធ ក្រៅពីខ្លួនឯងបានឡើយ ។ ការពឹងគេអោយជួយបែបនេះ ពុំមែនជាវិធីទេក្នុង លោកនេះ ។ ខ្លួនឯងជួយខ្លួនឯង ទើបជាវិធី ។ ព្រះសម្ពុទ្ធជាសាស្តាចារ្យ ជាអ្នកទូន្មានសត្វ គ្រាន់តែជាអ្នកបង្រៀន ប្រាប់ផ្លូវ សត្វទាំង ឡាយត្រូវដើរខ្លួនឯង ទទួលខុសត្រូវដោយខ្លួនឯង ពុទ្ធសាសនិកជន ទោះយោបីយកព្រះពុទ្ធជាទីពឹង ក៏ពុំមែនបណ្តោយខ្លួនអោយចេះតែ ជឿតាមឥតបើគិតនោះទេ ។ ពុទ្ធសាសនិកជន មិនព្រមបោះបង់សេរីភាពខ្លួន ក្នុងការគិតពិចារណា រកហេតុផល ហើយចេះតែជឿប្រតិបត្តិ អង្គ ព្រះសម្ពុទ្ធនោះទេ ។ ពុទ្ធសាសនិកជន មានសិទ្ធិសេរីភាពច្បាំងក្នុងខ្លួនពេញបរិបូណ៌ ។ ពុទ្ធសាសនិកជនមានសិទ្ធិដើរខ្លួនឯងពេញទី ប្រឹង ប្រែងបំពេញបារមីធម៌អោយចាស់ក្លាទុំដោយខ្លួនឯង ដើម្បីអោយខ្លួនឯងលុះភាព “ពុទ្ធ” ពេញទីដូចព្រះអង្គសម្ពុទ្ធដែរ ។ ព្រះសម្ពុទ្ធជា បរមសាស្តាចារ្យដ៏លើសក្នុងការប្រទានសេរីភាពដល់សត្វទាំងឡាយទ្រង់ទេសនាទូន្មានបង្រៀនសត្វទាំងឡាយអោយចេះដើរដោយខ្លួន ឯង ពុំមានសាស្តាចារ្យណាប្រៀបផ្ទឹមអោយត្រឹមស្មើនឹងព្រះអង្គបានឡើយ ។ ធម្មវិន័យព្រះអង្គមិនមែនជាអាចរិយមុដ្ឋិ “កណ្តាប់នៃ អាចារ្យ” (កណ្តាប់ដៃនៃអាទិទេព) មិនមែនជាទិដ្ឋិ (Dogma) ពុំមែនជាវាទ (Doctrine) មិនមែនជាអន្តរវាទ (Doctrine ésoterique) មិន មែនជាពាហិរវាទ (Doctrine Exotorique) ទេ = ទេសិតោ អានន្ទ មយា ធម្មោ អនន្តរំ អពាហិរំ ។

   ក្នុងពុទ្ធសាសនា អ្នកដែលទើបនឹងចូលជាពុទ្ធសាសនិកជន ត្រូវប្រើវិចារណញ្ញាណ ឬ ត្រូវមានការយល់ត្រឹមត្រូវ ហៅតាមពុទ្ធសាសនា ថាសម្មាទិដ្ឋិ “យល់ឃើញត្រឹមត្រូវ) (Vue correcte)។ ដើម្បីនឹងបានយល់ពិតតាមគន្លងធម៌ ព្រះសម្ពុទ្ធត្រាស់ទេសនា (កាលាមសូត្រ)ទុកថា

  • ១- អនុស្សវា កុំប្រកាន់ជឿអ្វីដែលលឺតៗគ្នា មិនមានហេតុផល
  • ២- បរម្បរា កុំប្រកាន់ជឿអ្វី ដែលគេធ្វើតៗគ្នាមិនមានដើមចុង
  • ៣- ឥតិកិរ កុំប្រកាន់ជឿអ្វី ដោយអាងថាបានលឺគេនិយាយមកដូច្នេះ
  • ៤- បិដកសម្បទា កុំប្រកាន់ជឿអ្វី មើលទៅឃើញសមតាមគម្ពីរខ្លួន
  • ៥- តក្កហេតុ កុំប្រកាន់ជឿអ្វី ដោយអាងហេតុស្មានយក (អនុមាន)
  • ៦- នយហេតុ កុំប្រកាន់ជឿអ្វី ដោយអាងការគ្នេរគ្នាន់ ឬកាត់តំរូវ
  • ៧- អាការបរិវិតក្ក កុំប្រកាន់ជឿអ្វី ដោយអាងការត្រិះរិះមើលតាមអាការ
  • ៨- ទិដ្ឋិនិជ្ឈានក្ខន្តី កុំប្រកាន់ជឿអ្វី ដោយអាងថាខ្លួនពេញចិត្ត
  • ៩- ភព្វរូបតា កុំប្រកាន់ជឿអ្វី ថាអ្នកនេះជាអ្នកប្រាជ្ញ គួរជឿតាម
  • ១០- សមណោ នោ តរុ កុំប្រកាន់ជឿថា “សមណៈនេះជាគ្រូយើង” ។

   ព្រះសម្ពុទ្ធ ទ្រង់ប្រដៅទៀតថា អ្វីដែលជាកុសល អ្វីដែលប្រសើរ ដែលអ្នកបានឃើញពិតខ្លួនឯង ចូរប្រព្រឹត្តតាមចុះ អ្វីដែលជា អកុសល អ្វីដែលមិនប្រសើរ ដែលអ្នកបានឃើញពិតខ្លួនឯង ចូរកុំប្រព្រឹត្តឡើយ ។ ក្នុងលទ្ធិសាសនាដទៃ (Religion) មានពាក្យប្រៀន ប្រដៅប្រាកដដូច្នេះបានឬទេ? ពាក្យប្រៀនប្រដៅនេះ ព្រះសម្ពុទ្ធទ្រង់ទេសនាទុកយូរយារណាស់ហើយ ហើយថិតនៅតាមសំនៅដើម ដដែល ឃើញហាក់នៅថ្មីៗ ។ ចូរពិចារណាមើលចុះ! ពុទ្ធវចនៈនេះ បញ្ជាក់ច្បាស់ថា “ពុទ្ធសាសនាមិនព្រមប្រើជំនឿឥតហេតុផល” នេះ ទេ ។ បុគ្គលម្នាក់ៗ មានសិទ្ធិប្រើសេរីភាពរបស់ខ្លួនក្នុងការគិត ការនិយាយ ការធ្វើ ។ គួរកត់ចំនាំទុកចុះថា “ពុទ្ធសាសនាជាសាសនាប្រគល់ សេរីភាព” ។ ព្រះពុទ្ធជាអ្នកប្រទានសេរីភាព ពុំមែនជាអាចរិយមុដ្ឋិ “កណ្តាប់ដៃនៃអាចារ្យ” ទេ ។ 

   សេចក្តីខាងលើនេះ មានប្រស្នាចោទសួរថា “ចុះហេតុម្តេច បានជាពុទ្ធសាសនិកជនគោរពព្រះពុទ្ធបដិមា? ”ពុទ្ធសាសនិកជនគោរពនមស្សការព្រះពុទ្ធបដិមា ពុំមែនសុំក្តីអនុគ្រោះ (faveur) ពីអាទីទេពទេ គឺគោរពអ្វីដែលជាតំនាងព្រះសម្ពុទ្ធ ។ ក្នុង ពុទ្ធសាសនា ពុំមានសូត្រស្តុតិ (Priére) បន់ស្រន់អាទីទេពទេ ។ ការបូជាគ្រឿងសក្ការៈ ដូចជាទៀន ធូប ចំពោះព្រះពុទ្ធបដិមា ជាការបូជា គុណ មេត្តា ករុណា បញ្ញារបស់បុគ្គលប្រសើរដែលបានធ្វើប្រយោជន៍ដើម្បីសកលលោក ធ្វើហាក់ដូចកាលទ្រង់គង់ធរមាននៅឡើយ ហើយយកអង្គព្រះសម្ពុទ្ធជាគំរូ ជាគតិប្រចាំចិត្ត ប្រតិបត្តិតាមធម្មវិន័យព្រះអង្គ តាមចរិយាព្រះអង្គ ដើម្បីធ្វើខ្លួនអោយបានឃើញធម៌ដូច ព្រះអង្គ ។

   ដោយគារវកិច្ច ដោយកតញ្ញុតាធម៌ ពុទ្ធសាសនិកជន ត្រូវតែបំពេញកិច្ចទាំងនោះដើម្បីបូជាគុណ។ ព្រះសម្ពុទ្ធ មិនមានពុទ្ធបំនងធំចំពោះ គ្រឿងសក្ការៈបូជានេះទេ ពុទ្ធបំនងដែលសំខាន់បំផុតនោះ គឺការប្រតិបត្តិតាមធម៌វិន័យ អោយបានត្រឹមត្រូវតាមគន្លងធម៌ ដែលជាវិធីនាំ សព្វសត្វអោយរួចចាកទុក្ខគ្រប់ប្រការ ។ ក្នុងមហាបរិបិព្វានសូត្រ ទ្រង់ត្រាស់ថា “ភិក្ខុទាំងឡាយ! បូជាមាន២ប្រការ គឺ អាមិសបូជា និង បដិបត្តិបូជា ។

   ១- អាមិសបូជា បូជាគ្រឿងសក្ការៈ ទៀន ធូប ភ្ញីផ្កា ការបូជាទាំងនេះ មិនមែនជាការសំខាន់អ្វីពេកទេ តែពុទ្ធសាសនិកជន ពេញចិត្តធ្វើ។
   ២ -បដិបត្តិបូជា បូជាគឺការប្រតិបត្តិត្រឹមត្រូវតាមធម៌វិន័យព្រះអង្គ ។ បូជាពីរប្រការនេះ បដិបត្តិបូជា គឺការប្រតិបត្តិត្រឹមត្រូវតាម ធម្មវិន័យ ជាការបូជាប្រសើរលើស ។ ទ្រង់ត្រាស់ថា អ្នកណាបូជាព្រះអង្គដោយបដិបត្តិបូជា គឺប្រតិបត្តិត្រឹមត្រូវតាមធម៌អ្នកនោះឈ្មោះ ថាគោរព រាប់អាន បូជាតថាគត ដោយការបូជាដោយប្រសើរលើស។ ក្នុងទីដទៃទៀត ទ្រង់ត្រាស់ចំពោះវក្កលិភិក្ខុ ថាៈ “អ្នកណាឃើញធម៌ អ្នកនោះ ឈ្មោះថាឃើញតថាគត” ។

   សេចក្តីពិត ពុទ្ធសាសនាពុំមានវិធីស្តុតិទេ វិធីបន់ស្រន់អង្វរករ ក៏ពុំមានដែរ ព្រោះវិធីស្តុតិបន់ស្រន់ អង្វរករ ទាំងអស់នេះ ពុំមែនជានិយ្យា និកធម៌ “ធម៌ស្រោចស្រង់” ទេ ។ ព្រះសម្ពុទ្ធប្រោសសត្វដែលសូត្រស្តុតិបន់ស្រន់ ឬអង្វរករព្រះអង្គពុំកើតទេ ។ ធម៌ព្រះអង្គ ជាធម៌ស្រោច- ស្រង់ខ្លួនឯង (និយ្យានិកធម៌) ប្រែថា “សេចក្តីបរិសុទ្ធិត្រូវធ្វើដោយខ្លួនឯង” ។ ព្រះសម្ពុទ្ធឃើញថា “សូត្រស្តុតិថ្វាយព្រះអង្គ ជាការឥត ប្រយោជន៍” ហើយទ្រង់ពុំយល់ឃើញត្រឹមតែប៉ុណ្ណឹងទេ ទ្រង់ឃើញទៀតថា “ការសូត្រស្តុតិ សុំក្តីអនុគ្រោះនេះ ជាការបន្ទាបបន្ថោកខ្លួន ហើយធ្វើខ្លួនអោយមានគំនិតថោកទៀតផង” ។ ពុទ្ធសាសនិកជន ពុំគួរសូត្រស្តុតិ ដើម្បីស្រោចស្រង់ខ្លួនទេ ត្រូវទុកចិត្តខ្លួនឯង ធ្វើខ្លួនឯង ដើម្បីសេរីភាពខ្លួនឯង ។

   ពុទ្ធសាសនា ពុំមានអាទិទេព ពុំមានជំនឿចំពោះពលានុភាពពិភពលោក ដែលស្តីថាមាន “ការចេះដឹងសព្វ ឬសព៌េជ្ញ” (Omniscience) មាននៅសព្វកន្លែង ឬសារពើឋាន ( Omnipresence) ពុំមានទិដ្ឋិ (Dogma) ដែលត្រូវប្រកាន់ជឿឃ ពុំមានលទ្ធិ (Creed) ដែលត្រូវទទួល ជំនឿ (Foi) ពុំមានព្រាហ្មណ៍ធ្វើជាអាជ្ញាកណ្តាល រវាងមនុស្សនិងអាទិទេព ពុំមានពិធី រីត៍ពិសេស (Rite) ពុំមានពីធីសំស្ការ (ពិធីប្រសិទ្ធីអោយ បានជាព្រាហ្មណ៍) ធ្វើអោយកើតបានជាពុទ្ធសាសនិកជន ពុំមានមុន្ត្រៈ (បទសូត្រស្តុតិ) ឬយជ្ញពិធី ពុំមានការប្រព្រឹត្តព្រហ្មចរិយ គឺតបធម៌ ដើម្បីស្រោចស្រង់ខ្លួនទេ ។

   ដូច្នេះ ពុទ្ធសាសនា អ្នកផងពុំគប្បីហៅថា Religion (លទ្ធិសាសនា) ពេញទ្រពងមាន់សោះ ព្រោះពុទ្ធសាសនាពុំមែនជាប្រព័ន្ធ (Système នៃជំនឿឥតហេតុផល (Foi) និងការបូជា (Culte) ទេ ឬនឹងថាជា “អំពើដែលដឹកនាំមនុស្សអោយទទួលស្គាល់អាទិទេព ឬអាទិទេពត្រូវមាន អានុភាពលើវាសនាខ្លួនជាមនុស្ស ហើយមនុស្សត្រូវតែគោរពបូជា សូត្រស្តុតិ ជាកិច្ចតបស្នងសងគុណវិញ” ដូច្នេះក៏ទេដែរ ។

   បើនឹងហៅពុទ្ធសាសនាថា Religion “លិទ្ធិសាសនា” ដោយមានអត្ថន័យថា “ជាពុទ្ធវចនៈដែលស្តីពីជីវិត ចូលទៅដល់ក្នុងជីវិត តាមយថា ភូតទស្សនញាណ ពុំមែនគិតសើៗ តែសំបកក្រៅនោះទេ ជាពុទ្ធវចនៈស្តីពីដំបូន្មាន ផ្តល់អោយមនុស្សចេះប្រតិបត្តិ ចេះដើរខ្លួនឯង ដោយ តាមគន្លងដំបូន្មានល្អិត សុខុម ត្រឹមត្រូវ វិសេស ជាពុទ្ធវចនៈស្តីពីដំបូន្មាន បង្រៀនមនុស្សអោយមានក្តីមានះតស៊ូយកឈ្នះខ្លួនឯង ចេះរស់ ក្នុងជីវិតដោយប្រយ័ត្ន ចេះតស៊ូចំពោះសេចក្តីស្លាប់ មិនរួញរា មិនថ្ងូរ មិនញញើត ដោយខន្តីធម៌ឃ ជាពុទ្ធវចនៈទុកជាអាគមសក្តិសិទ្ធស្តោះ បណ្តុះបណ្តាលក្តីប្រសើរ ក្តីល្អ ក្តីរីករាយ អោយកើតដល់ខ្លួនឯង និងដល់ជនដទៃទូទៅ ” ។ បើពុទ្ធសាសនាជាលទ្ធិសាសនា មានអត្ថន័យ ដូចពោលមកខាងលើនេះមែន នុ៎ះទ្ធិសាសនានេះឯង ប្រាកដជាប្រសើរលើស លើលទ្ធិសាសនាទាំងឡាយ (A religion of religions)។

----------------------------------------