ព្រះពុទ្ធសាសនាដូចម្ដេច?

ដោយ ព្រះវីរិយបណ្ឌិតោ ប៉ាង-ខាត់

សាស្រ្ដាចារ្យាខាងប្រវត្តិសាសនា (១៩១០-១៩៧៥)
វត្តអុណ្ណាលោម ភ្នំពេញ ព.ស. ២៥១៤ គ.ស. ១៩៧០

ពុទ្ធសាសនាជាប្រព័ន្ធសីលធម៌អ្វី?

    បណ្តាកម្ម៣ប្រការខាងដើម អំពើល្អ (កុសលកម្ម) ជាអំពើសារវន្តបំផុត ក្នុងការកសាងខ្លួនបុគ្គលម្នាក់ៗ អោយបានជាបុគ្គលប្រសើរហើយ អោយរួចចាកទុក្ខគ្រប់ប្រការ ដោយការបំពេញព្រហ្មចរិយធម៌បរិបូណ៌ ដូចមានសេចក្តីក្នុងគម្ពីរមជ្ឈិមនិកាយ ដែលអង្គព្រះសម្ពុទ្ធត្រាស់ថា «ព្រះធម៌ (កុសលធម៌) ដែលបុគ្គលម្នាក់ៗបានចំរើនហើយ បានធ្វើអោយមានច្រើន ច្រើនហើយ ច្រើនទាល់តែលើសលប់ អាចកន្លងបង់នូវ អធម៌(អកុសលធម៌) ទាំងអស់បានពិតប្រាកដ»។

    កម្ម(អំពើ)នៃព្រះអរហន្តជាខីណាស្រព ពុំមែនជាកុសល ឬ អកុសលទេ ព្រោះសន្តានចិត្តរបស់លោក បានកន្លងផុតធម៌ទាំងពីរប្រការនេះ អស់ហើយ។ តែសេចក្តីនេះ ពុំមែនមានន័យថា ព្រះអរហន្តអស់ការងារទេ ពោលគឺមិនមានសេចក្តីថា ព្រះអរហន្តនៅស្ងៀមព្រងើយកន្តើយ (Passive) ឡើយ ដោយពិត ព្រះអរហន្តជាអ្នកសកម្ម (Active) ប្រសើរលើសជនសាមញ្ញោទៅទៀត តែសកម្មភាពរបស់លោកជាសកម្មភាព ឥតវិបាក ដែលហៅថា “កិរិយា” (កិរិយាដែលធ្វើ មិនអោយផលជាល្អជាអាក្រក់ ) ហើយជាសកម្មភាពដឹកនាំសត្វអោយដើរទៅតាមមាគ៌ាដ៏ប្រ សើរ ដែលលោកបានត្រាស់ដឹងពិត តាមពិត ឆ្ពោះទៅកាន់សិវដ្ឋានក្សេមក្សាន្តនិរទុក្ខនិរភ័យ។ សកម្មភាពរបស់លោក តាមធម្មតាជាអំពើ កុសល ជាអំពើមានអានុភាពខ្លាំង ដឹកនាំសត្វលោកអោយបានសំរេចប្រយោជន៍ ឧបមាដូចមាស មាសដែលជាងមាសដេញអោយអស់មន្ទិល ហើយ ជាវត្ថុធាតុបរិសុទ្ធមិនបាច់ដេញទៅទៀតយ៉ាងណា ព្រះអរហន្តជាវត្ថុធាតុបរិសុទ្ធ មិនមានករណីយកិច្ច ដែលជាកម្មវិបាកតទៅទៀតទេ យ៉ាងនោះដែរ។ ព្រះអរហន្តយល់ច្បាស់ធម៌ ចាក់ធ្លុះធម៌ពិតតាមពិតដោយពិត ត្រាស់ដឹងធម៌ ជាធម៌មានភាពបំផ្លាញបង់នូវសង្សារចក្រ ពោលគឺ បដិច្ចសមុប្បាទធម៌ «ធម៌ជាច្បាប់ហេតុផល»។

    សេចក្តីដូចបានពោលមកនេះ គួរលើកមកបញ្ជាក់ម្តងទៀតថា លក្ខណៈអ្វីជាអាទីទេពដែលថាមានអានុភាពលើអ្វីទាំងអស់ ឬអ្វីដទៃទៀត ដែលជាភាពតំណាងអាទិទេពមានរិទ្ធានុភាពនោះ ពុំមានចំណែកណាមួយទាល់តែសោះនៅក្នុងពុទ្ធសាសនា។ ក្នុងពុទ្ធសាសនា ពុំមានអ្នកណា មួយជាអ្នកចាំប្រទានរង្វាន់ ឬជាអ្នកចាំដាក់បណ្តាសា អោយមានបាបនោះទេ។ សុខក្តីទុក្ខក្តី សុទ្ធតែជាផលដែលចេញមកពីកម្ម អំពើរបស់ខ្លួន គ្រប់គ្នាទាំងអស់។ គំនិតដែលគិតថា ទេពតាពេញព្រះទ័យ ហើយប្រោសប្រទានរង្វាន់ក្តី ឬទេពតាមិនសព្វព្រះទ័យហើយក្រេវក្រោធដាក់ បណ្តាសាអោយមានបាបក្តី ពុំមាននៅក្នុងសន្តានចិត្តពុទ្ធសាសនិកជនទេ សូម្បីតែក្តីសង្ឃឹមថា ទេពតានឹងប្រោសប្រទានរង្វាន់ក្តី ឬក្តីបារម្ភថា ទេពតានឹងដាក់បណ្តាសាក្តី ក៏ពុំមានដែរ ។ ពុទ្ធសាសនិកជន ដឹងខ្លួនចំពោះវិបាករបស់ខ្លួនក្នុងអនាគតកាលជានិច្ច?

  1. - មានសតិសម្បជញ្ញៈ តាំងចិត្តវៀរអំពើអាក្រក់ដោយកាយ វាចា ចិត្ត ព្រោះយល់ច្បាស់ថា អំពើអាក្រក់ជាផលអាក្រក់ នាំអោយ
  2. រងទុក្ខវេទនា នៅនាលោកនេះ និងបរលោក ហើយជាហេតុនាំពន្យឺតដំនើរ មិនអោយសំរេចនិព្វានឆាប់។
  3. - តាំងចិត្តបំពេញកុសលធម៌ ព្រោះយល់ច្បាស់ថា អំពើល្អជួយស្រោចស្រង់ខ្លួនអោយបានក្តីសុខនៅនាលោកនេះ និងបរលោក
  4. ហើយនាំខ្លួនអោយខិតចូលទៅជិតសម្មាសម្ពោធិញ្ញាណ «ការត្រាស់ដឹង»ដែលជាគោលបំនងអវសានបំផុត ។

    ដើម្បីយល់ច្បាស់នូវសីលធម៌ដ៏ខ្ពង់ខ្ពស់នេះ សូមអស់លោក អ្នកទាំងឡាយ អញ្ជើញមើលពុទ្ធភាសិតនានា ដែលមាននៅក្នុងសូត្រទាំង ឡាយ មានធម្មបទ សិគាលោវាទសូត្រ ព្យគ្ឃបជ្ជសូត្រ មង្គលសូត្រ ករណីយសូត្រ បរាភវសូត្រ វសលសូត្រ ធម្មិកសូត្រ ជាដើមទៀតចុះ។ ដូច្នេះ ពុទ្ធសាសនានេះ បើមើលតាមអត្ថន័យមួយបែប ពុំមែនត្រឹមតែជាទស្សនវិជ្ជាប៉ុណ្ណឹងទេ បើមើលតាមអត្ថន័យមួយបែបទៀត ជា ទស្សនវិជ្ជា លើទស្សនវិជ្ជាទាំងឡាយទៅទៀត។ ពុទ្ធសាសនានេះ បើមើលតាមអត្ថន័យមួយបែបពុំមែនត្រឹមតែជាលទ្ធិសាសនា(Religion)ទេ បើមើលតាមអត្ថន័យមួយបែបទៀត ជាលទ្ធិសាសនាលើលទ្ធិសាសនាទាំងឡាយ។ ពុទ្ធសាសនា បើនិយាយពីសីលធម៌ ជាសីលធម៌ប្រសើរ លើសលើវិធីសីលធម៌ទាំងឡាយ។ រីសីលធម៌នេះទៀត ពិតជាខាងដើមនៃសេចក្តីល្អ (កុសលធម៌) ទាំងឡាយ ហើយសូមជ្រាបថា ពុំមែនជា នៅចុងប៉ូចនៃពុទ្ធសាសនាទេ ។

    ពាក្យថា “ពុទ្ធសាសនា” បើតាមអត្ថន័យជាភាសាបាលី ដែលជាសំនៅដើម លោកប្រើពាក្យថា “ធម្ម” ជាពាក្យដែលលោកលើកយកមក ប្រើសំរាប់ហៅ “ពុទ្ធសាសនា” ។ ពាក្យថា “ធម្ម” មិនមានអត្ថន័យក្នុងភាសាដទៃណាមួយអោយមានសំនួនវោហារប៉ុនគ្នាឡើយ។ឯពាក្យថា “ធម្ម” នេះ មានប្រាកដការនិយម ពោលគឺជាវាទៈ ដែលស្តីពីសច្ចធម៌ ជាធម៌ពិតដ៏ប្រសើរ ដឹកនាំសត្វទៅកាន់សេរីភាព ទៅកាន់ការរួចស្រលះ = មោក្ខធម៌ (ការរួចស្រលះដោយខ្លួនឯង)។ ធម៌នេះ ទោះយោបីព្រះសម្ពុទ្ធកើតឡើងក្តី មិនកើតឡើងក្តី តែងតែជាធម៌ប្រាកដការនិយមជា ប្រក្រតី។ ព្រះសម្ពុទ្ធ គ្រាន់ជាអ្នកបើកធម៌នេះ បង្ហាញអោយមើលឃើញប្រត្យ័ក្ស ដូចជាបើកគំរប ដែលគ្របលាក់វត្ថុអ្វីមួយអោយមើល ឃើញតែប៉ុណ្ណោះទេ ព្រោះថាធម៌នេះកប់បាត់ក្នុងអវិជ្ជាធម៌របស់មនុស្សទាំងឡាយ លុះព្រះអង្គបានត្រាស់ដឹងធម៌ហើយ ទើបទ្រង់ប្រកាស ធម៌នេះឡើងដល់មនុស្ស ទេពតាព្រហ្មទាំងឡាយ ដោយករុណាធម៌របស់ព្រះអង្គ ។ បើប្រៀបធៀបជាសេចក្តីអោយឃើញពិត ធម៌នេះជាធម៌ រតនវត្ថុ ដូចពេជ្រកប់នៅក្នុងភ្នំគឺអវិជ្ជា ព្រះពុទ្ធទ្រង់ជាអ្នកឃើញធម៌គឺពេជ្រនេះ ហើយគាស់កកាយយកមកបង្ហាញសត្វទាំងឡាយ ថា “នេះធម៌ នាំអ្នកទាំងឡាយទៅកាន់ឥស្សរភាព (មោក្ខធម៌) ផុតអន្លុងទុក្ខគ្រប់ប្រការ” ។ ដូច្នេះ សាធុជនទាំងឡាយ ជាអ្នកស្រលាញ់ខ្លួន គួរប្រតិបត្តិតាមពុទ្ធ សាសនានេះចុះអស់លោកអ្នក នឹងបានក្តីសុខសមតាមប្រាថ្នាពុំខានឡើយ ។

-----------------------------------------------------------