ខ កំណែទុក្ខដោយអនុលោមតាមគំនោលអរិយសច្ចៈ ឬ សច្ចៈ
ថ្ងៃសុក្រ ទី30.ឧសភា 2014.ម៉ោង 14:48

    គំនិតដែលនាំបង្កើតមនោសញ្ចេតនា​អផ្សុក ធុញ​ទ្រាន់ ព្រោះ​មើល​ឃើញ​អ្វី​ៗ​ទាំង​អស់ សុទ្ធ​តែ​ជា​ទុក្ខ​លំបាកនោះ គំនិតបែប​នេះ​ប្រាកដ ជា​មាន​មែន​ មនុស្ស​ខ្លះ​ឃើញ​លោក​ជា​ទុក្ខ ជា​លំ​បាក​គ្រប់​ពេល​វេ​លា សឹង​ត្រូវ​តាម​គំនោល​នៃ​អរិយ​សច្ចៈ ក្នុងចំណុចទុក្ខហើយ តែគ្មាន​គំនិត​អនុ​វត្ដន៍​ កំណែ​នៃ​អរិយ​សច្ចៈ​ក្នុង​ចំណុច មគ្គ​ឡើយ បាន​ត្រឹម​តែ​ដេក​ គង​ថ្ងាស​រអ៊ូ​រទាំ​ត្មះ​តិះ​ដៀល​លោក រហូតដល់អទិទេព​សាង លោក​ថា បង្កើត​លោក​មក​សំរាប់​តែ​ធ្វើ​អោយ​មនុស្ស​កើត​ទុក្ខ​​កើត​​ព្រួយ គំនិត​នេះបាន​ខុស​ស្រ​ឡះ នឹង​គំនិត​ពុទ្ធ​សាសនា​របស់​យើង ព្រោះពុទ្ធ​សាសនា ដែល​បង្កើត​ឡើង​ដោយ​ព្រះ​សម្មា​សម្ពុទ្ធ​នោះ ព្រះ​អង្គ​បាន​អោយ​ចំលើយ​ថា​ ពិភព​លោក​មួយ​អន្លើ​ និង ​វត្ថុ​ទាំង​ឡាយ ដែលកើតជាមួយ នឹង ពិភព​លោក​រួម​ទាំង​មនុស្ស​សត្វ​ផង ទោះ​ជា​កើត​ឡើង​ដោយ​ខ្លួន​ឯង​ក្ដី កើត​ដោយ​មាន​អ្នក​បង្កើត​ក្ដី រឿង​នេះ​វា​ហួសទៅហើយ គិតទៅខឹង ទៅជេរ​ទៅ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ របស់​ដែល​គេ​ត្រូវ​គិត ត្រូវ​និយាយ​នោះ គឺ​ការ​អនុ​វត្ដ​ការ​ងារ​ភ្លាម​ៗ ដើម្បី​គាស់​រំលើង​ទុក្ខ បណ្ដុះ​ដំណាំ​សុខ​​នេះ​​វិញ​​ទេ​​៘​

អផ្សុកក្នុងពេលនឹកដល់សេចក្ដីស្លាប់

    មនុស្សខ្លះ មានចិត្ដច្រាសច្រាល ឆ្កោរក្រមាល់អស់កាលជានិច្ច មិនថានឹកដល់អ្វីជារឿងអ្វីឡើយ អោយតែជារឿងរបស់​ពិភព​លោក កាល​ណា​ដុំគំ​និត​រស់​គេ​បាន​ប៉ះ​ទង្គិច នឹង​ដុំ​ពិភព​លោក​មួយអន្លើ នឹង របស់ទាំងឡាយ ដែលមានជំនាប់កំណើត ជាមួយនឹងពិភពលោក គំ​និត​អស់​សង្ឃឹម​និង​ គំនិត​សុញ ហាក់​ដូច​ជា​ស្រែក​អំពាវ​នាវ​អោយគេឈប់ ធ្វើសកម្មភាពទាំងអស់ដែលខ្លួនគេធ្លាប់មាន។ ជាមួយគ្នា នេះទៀត គំនិត​កំសោយ​ គំនិត​គ្មាន​អាល័យ​រស់ និង ​គំនិត​គ្មាន​សង្ឃឹម វាបានខ្សឹបប្រាប់ថា មិនកើតទេ! មិនស្រួលទេ! ឈប់ធ្វើអ្វីៗទៅ មិនយូរ​ប៉ុន្មាន​ទេ សេចក្ដី​ស្លាប់ នឹង​ មក​ដល់​ហើយ​ ព្រោះ​អ្វី​ៗ​ ទាំង​អស់ រួមទាំងជីវិតរបស់មនុស្សផង វាមានដំណាក់ចុងក្រោយ គឺរលាយ សូន្យ និង ស្លាប់​ដូច​គ្នា​។ នៅ​ខាង​ក្រោយ​សូន្យ​ ក្រោយ​ស្លាប់​មាន​តែ​ភាព​ទទេ​ ភាព​វាល​ធេងល្ហល្ហេវ ដូចនេះ គំនិតក្ដី ទង្វើក្ដី ពំនោលក្ដី របស់មនុស្សទាំងឡាយ វា​ត្រឹម​តែ​ជា​ធាតុ​ធម្ម​តា មិន​មែន​សត្វ មិន​មែន​ជីវិត មិន​មែន​ជា​គ្មាន​សូន្យនៅក្នុងទីបំផុតទេ។ តើយើងខំនាំគ្នាបង្កើត គំនិត ទង្វើពំនោលគ្រប់បែប​យ៉ាង​ហ្នឹង​ធ្វើ​អ្វី​? គំនិ​ត​ទល់​ច្រក និង គំនិត​សុញ​នេះ​វា​មិន​ត្រឹមតែជិះជាន់វិញ្ញាណអោយធ្លាក់ចុះក្នុងអន្លង់ទុក្ខធំៗ ទាំងឡាយ មាន កើត ចាស់ ​ឈឺ ស្លាប់ ​៘ កាន់​តែ​ញឹក​ឡើង​ ច្រើន​ឡើង​ប៉ុន​នឹង​ទេ​។ បន្ថែមមកលើនេះទៀត គឺវាច្រានវិញ្ញាណមនុស្ស អោយធ្លាក់ក្នុងអន្លងទិដ្ឋិ (គំនិតយល់ខុស) ​លុះ​លែង​ដឹង លែង​យល់​ លែង​ធ្វើ​ នូវ​ទង្វើ​រំដោះ​ទុក្ខ​តាម​ក្បួនអរិយសច្ចទាំងអស់ ដែលប្រកាស អោយអនុវត្ដន៍ដោយព្រះសម្មាសម្ពុទ្ធ​។ តែ​គេ​ឃើញ​ពួក​នេះ ​នៅ​មាន​សកម្ម​ភាព​បន់​ស្រន់ សុំ​ជំនួយ​អំពីពួកទេព សុំសេចក្ដីអនុគ្រោះ ភាព ប្រោសប្រាណ អំពីព្រះអរិយមេត្ដេយ្យ (ព្រះ​សី​អារ្យ​មេ​ត្រី) អោយ​ព្រះ​អង្គ​ប្រញាប់​មក​ត្រាស់​ស្រោច​ស្រង់​មនុស្ស​ ក្នុង​ក្រប​ខ័ណ្ឌ​នៃសេចក្ដីអង្វរករ ជាមួយ នឹង ពាក្យឧទានគ្រប់ពេលវេលាថា «ពុទ្ធោ​អើយ!​ ឆាប់​ៗ​ឡើង​ព្រះ​គុណ​ម្ចាស់​​ថ្លៃ​ខ្ញុំ​»​។

សំនួរដេញដោល

    ដូចបាននិយាយមកហើយ ករណីយ៍ពុទ្ធសាសនិក គឺត្រូវដុះខាត់អោយគំនិតរបស់ខ្លួនមានពន្លឺ ត្រូវខំកាច់បំបាក់មនោសញ្ចេត​នា​របស់​ជន ដែល​មាន​គំនិត​ច្រលំ ដឹក​នាំ​អោយ​សង្គម​មាន​ទុក្ខ ត្រូវកុំគាំទ្រហេតុដែលនាំអោយមានទុក្ខ ត្រូវខំរកផ្លូវ ឬ មធ្យោបាយ ឬ ប្រមូល​សតិ​បញ្ញា​ទាំង​អស់​ មក​ធ្វើ​ការ​បក​ស្រាយ ន័យ​របស់​អរិយ​សច្ច អោយខ្លួនមានភាពជាក់លាក់ច្បាស់លាស់ ដើម្បីអោយចំលើយដល់មនុស្ស​មាន​ចំងល់ ក្នុង​អរិយ​សច្ច​ដូច​ត​ទៅ​នេះ៖

  • អ្វីជាហេតុទាក់ទាញចិត្ដយើងអោយអផ្សុក? (ក្នុងចំណុចនេះសូមអោយរាវរកចំលើយដែលនឹកឃើញថា​នៅ​ជិត​អរិយ​សច្ចៈ រឺ​ជុំវិញ​ អរិយ​សច្ច)​
  • គំនិតដូចនេះ កើតពីអាយុប៉ុន្មាន? (បើមិនប្រាកដជាក់លាក់ដោយឆ្នាំក៏អោយបានជារយៈប្រមាណ)
  • គំនិតដូចនេះ កើតឡើងម្ដងៗគឺកើតហើយបាត់ទៅ រឺកើតជាប់ៗគ្នា រឺយូរៗទើបកើតម្ដងមួយគ្រា?
  • បើរយៈកាលដែលគំនិតនេះកើតឡើងហើយរលាយបាត់ទៅវិញមានមែនតើធ្លាប់បានសង្កេតខ្លះរឺទេថា រាល់​ពេល​ដែល​វា​កើត​ឡើង​ វា​កើត​ឡើង​ឯង​ៗ រឺ​មាន​អ្វី ទាក់​ទងគ្នា ​នឹង ​សង្គ្រាម​ដំណឹង​មរណ​ភាព​របស់​មនុស្ស​ខ្លះ រឺ​ពាក្យ​ពេចន៍​ទង្គិច​គ្នា​ដែល​បាន​លឺ​ពី​បុគ្គល​ផ្សេង​ៗ រឺ​ទៅ​ស្ងៀម​ៗ​ព្រ​ងើយ​ៗ នឹក​ឃើញ​ខ្លួន​ឯង​។
  • បើគំនិតបែបនេះកើតឡើង វាមានអំណាចលើចិត្ដយើង ដោយប្រការទាំងពួងគឺបង្កបង្កើតអោយមាន​ដំណុក​ដំណាន់​សំអុះ​សំអាប់​ ដោយ​គ្មាន​ផ្លូវ​ធ្វើ​កំណែ​បាន​រឺនៅ​មាន​ផ្លូវ​កំណែ​បាន​ខ្លះ​ដែរ?​
  • គំនិតដែលធ្វើអោយខ្លួនអែងកើតទុក្ខដូចនេះ តើចាត់ជាគំនិតល្ងង់រឺគំនិតចេះ?(សូមព្យាយាមគិតមុន​អោយបាន​ល្អិត​ល្អន់​ម៉ត់​ចត់ ទើប​អោយ​ចំលើយ​នេះ​បាន​ល្អ​)​
  • បើជាគំនិតល្ងង់ តើយើងសុខចិត្ដអោយគំនិតល្ងង់នេះនៅរហូតទៅ? រឺរកផ្លូវធ្វើកំណែដើម្បីកំចាត់​ចោល​នូវ​គំនិត​ល្ងង់​នេះ​?​
  • បើជាគំនិតចេះ តើយើងត្រូវបានប្រយោជន៍អ្វីពីគំនិតនេះខ្លះ? ប្រសិនបើ គ្មានប្រយោជន៍ដល់យើង​រហូត​ទៅ តើ​យើង​ត្រូវ​រក្សា​ទុក នូវ​គំនិត​​គ្មាន​អោយ​ប្រ​យោជន៍​នេះ​ត​ទៅ​ទៀត​រឺ​ទេ​?​
  • គំនិតបែបនេះ មានចំណែកទាក់ទងមកពីពេញចិត្ដរស់នៅម្នាក់អែង មិនចូលចិត្ដរស់នៅជាមួយជនដទៃ ​រហូត​ដល់​មិន​ស្រលាញ់​ការ សមា​គម​ ជា​មួយ​នឹង​អង្គ​ការ​នានា​មែន​រឺ​ទេ? បើ​មែន តើ​យើង​ត្រូវ​ធ្វើកំណែខ្លួន ចូលកាន់ការសមាគម ការស្ដាប់ទេសន៍ ការ​រួម​ធ្វើ សន្និ​សិទ ការ​ស្ដាប់​បាឋក​ថា ការ​ទេស​ចរ ការ​ហាល​អាកាស ការ​សំរាក​ព្រលឹង​ក្នុង​រមណីយដ្នាននានា៘ ដើម្បីអោយធម្មជាតិ ទាំងឡាយ ជួយ​កំចាត់​ហេតុ និង​ វត្ថុ​ជុំ​វិញ​របស់​យើង​ ដែល​គំនិត​យើង​យល់​ថា អាក្រក់ រឺ ទំនាស់ នឹង មនោ​សញ្ចេត​នា​របស់​យើង នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​របាយ​អា​រម្មណ៍ នៃ​ការ​បន្ធូប​រិយាកាស​ នៃ​ការ​រំលាយ​ដុំ​គំនិត​ជូរ​ចត់ ដែល​ធ្វើ​អោយ​វិញ្ញាណ បាន​ក្លាយ​ភាព ជា​មាន​របួស​ស្លាក​ស្នាម​ដោយ​ស្វាយ​ប្រវត្ដិ​ដែល​យើង​ខ្លួន​អែង​គ្មាន​ដឹង​សោះ​បាន​ដែរ​រឺ​ទេ​?​
  • កាលណាបើគំនិតតានតឹងឆេះឆួលក្ដួលក្ដៅកើតឡើងក្នុងទ្រូង រឺក្នុងខួរក្បាលយើងយ៉ាងនេះហើយ តើជម្ងឺតក់ម៉ក់ របស់ចិត្ដ និង ជម្ងឺចុកចាប់របស់រូបកាយយើង វាអាចកើតមានបានដែររឺទេ?

    កាលបើយើងបានតាំងសំនួរ ជាមូលដ្ឋានដូចនេះហើយ គំនិតរបស់យើង នឹង អាចអោយចំលើយមួយម្ដងៗ នៅក្នុង​ក្រប​ខ័ណ្ឌ​នៃ​បញ្ញា របស់​ខ្លួន​ ដូច​នេះ​ដូច​នោះ​ខ្លះ​ជា​មិន​ខាន​។ ចំលើយ​នេះ យើង​ត្រូវធ្វើសំនេរទុកក្នុងសៀវភៅមួយ ដើម្បីធ្វើវិភាគទានដល់វិញ្ញាណ​របស់​យើង ក្នុង​ពេល​ដែល​ភ្លេច​ច្រលំ​កាល​។

ហេតុផលនៃកង្វែងពំនោល

    ដើម្បីរកទ្វារចេញចាកទុក្ខ យើងត្រូវប្រមូលសតិបញ្ញា ដែលម្នាក់ធ្លាប់មានតាមផ្លូវគំនិតក្ដី សំដាប់ក្ដី ចំរើនក្ដី យើងផ្ដុំ​កំលាំង​គ្នា ជួយ​រក​មធ្យោ​បាយ​​តស៊ូ​ជា​​មួយ នឹង ​គំនិត​ប្រ​ឆាំង​ដែល​ធ្វើអោយយើងកើតទុក្ខ កើតកំដៅរឿយៗ។ ដើម្បីបានសំរេចតាមគំនិតនេះ ជា​ដំបូង​យើង​ត្រូវ​សម​​យោបល់​​ សម​ពុំ​នោល​គ្នា គឺ​ធ្វើ​យ៉ាង​ណា អោយ​កង្វែង​របស់​យើង បានដល់នូវភាពស្របគ្នាសិន។ ព្រោះអ្វី? ព្រោះថា ក្នុង​ចំណោម​គ្នា​យើង ដែល​កំពុង​ព្យា​យាម​តស៊ូ​ ដើម្បី​គាស់​រំលើង​នូវហេតុនៃទុក្ខ (សមុទយៈ) ក៏កំពុងខ្វែងពំនោល ខ្វែងយោបល់គ្នា ក្នុង​ចំណុច​ខ្លះ​ៗ ដោយ​អាស្រ័យ​គំនិត​ បញ្ញា​ដែល​ខ្លួន​យើង​ម្នាក់​ៗ មាន​ពុំ​ទាន់​ស្មើ​គ្នា​។ ដូចនេះការរុករក ឬ ការរុលអោយដល់ទិសដៅ សំរាប់មនុស្សមានកំលាំង​មិន​ស្មើ​គ្នា ខ្ញុំ​គ្មាន​ឃើញ​ផ្លូវ​ណា​ដទៃ ក្រៅ​ពី​ជួយ​យិត​យោង​គ្នា​បន្ដិច​ម្នាក់ ដូចមនុស្សទូទៅក្នុងពិភពលោក គេធ្លាប់បានធ្វើមកហើយ។ ប្រសិន​បើ​អ្នក​សិក្សា​មាន​គំនិត​ឃើញ​ដូច​ខ្ញុំ​ដែរ សូម​មេត្ដា​ត្រិះ​រិះ​ពិចារ​ណា​ជា​មួយ​​គ្នា​ដូច​នេះ​៖

    សេចក្ដីស្លាប់មិនមែនជាភាពសោះសូនទេ ព្រោះចាប់ផ្ដើមតាំងពីមានមនុស្សនៅលើពិភពលោកយើងមក រយៈពេល​ដែល​កន្លង​ទៅ មិន​ដឹង​ជា​មាន​ប៉ុន្មាន​លាន​ឆ្នាំ​ទេ​។ អ្នក​ប្រាជ្ញ​ខាង​ភូមិ​សាស្រ្ដ និង បូរាណសាស្រ្ដខ្លះ គ្រាន់តែបានធ្វើសេចក្ដី ប៉ាន់ស្មានថា ពិភពលោក​មាន អាយុ​ប្រមាណ​ជា​ងពីរ​ពាន់​លាន​ឆ្នាំ​មក​ហើយ​។ មនុស្ស​កើតមានចំនួនប៉ុន្មាន មនុស្សស្លាប់មានចំនួនប៉ុននោះ ជាប់គ្នារឿយៗមក គ្មានឃើញ មនុស្ស​ណា​ម្នាក់​បាន​គេច​ផុត​ពី​សេច​ក្ដី​ស្លាប់​បាន ប្រសិនបើយើងធ្វើលេខ រកចំនួនមនុស្សដែលស្លាប់ទៅហើយអោយដឹងថាមានចំនួន ប៉ុន្មាន​ខ្ទង់ ជើង​លខ​លទ្ធ​ផល​គឺ​គ្មាន​ខ្ទង់​លេខ​ គ្មាន​ចំនួន​ដែល​អាច​ត្រា​បាន​ថា ប៉ុន​នេះ​ប៉ុន​នោះ​ឡើយ​។

    តែមនុស្សនៅតែកើត មានពូជពន្ធុំជាប់គ្នា ហូរហែមក មនុស្សខ្លះមិនត្រឹមតែកើត មិនត្រឹមតែមានផៅសន្ដានជាប់គ្នាមក​ប៉ុន​នោះ​ទេ បន្ថែម​លើ​នេះ​ទៀត គឺ​មាន​មនុស្ស​រលឹក​ជាតិ​បាន​ថា ខ្លួនធ្លាប់កើតក្នុងជាតិមុនមានឈ្មោះដូចនេះ មានប្រពន្ធកូនប៉ុននេះ ប៉ុន​នោះ មាន​ឈ្មោះ​យ៉ាង​នេះ​យ៉ាង​នោះ​ នៅ​ស្រុក​នេះ​ស្រុក​នោះ​៘ ហេតុការណ៍ទាំងអស់នេះ រឿងខ្លះត្រូវបានគេធ្វើសំនួរ សាមីខ្លួនមានលក្ខណៈ​ជា​វិទ្យា​សាស្រ្ដ ឬ ជា​គំនោល​នៃ​វិទ្យា​សាស្រ្ដ ជា​មួយ​គ្នា​នេះ​គេ​បានយកចំលើយទាំងអស់ ដែលសាមីខ្លួនបានធ្វើអំណោយ មានសរសេរជា​សៀវ​ភៅ ក៏​មាន​មនុស្ស​អ្នក​ស្រាវ​ជ្រាវ​រឿង​នេះ ជា​ច្រើន​រយ​បាន​រួម​គំនិតគ្នា ថតរូបបញ្ជាក់លក្ខឋាន សឹងមានលក្ខណៈគួរអោយជឿបាន គួរអោយប្រកាន់យក​ទុក ជា​កម្ម​វត្ថុ សំរាប់​ត្រិះ​រិះ​ពិចារ​ណា​ក៏​មាន​ច្រើន​។ គម្ពីរព្រះពុទ្ធសាសនាខ្លះក៏មាននិយាយទាក់ទងដល់រឿងមនុស្សរលឹកជាតិបាន។ នៅ​ក្នុង​ប្រ​ទេស​ភាគ​ខាង​លិច​ (អឺរុប) និង​ប្រ​ទេស​ភាគ​ខាង​កើត (អាហ្ស៊ី) ក៏​មាន​តួរ​យ៉ាងបញ្ជាក់អំពីមនុស្សរលឹកជាតិបាន មានចំនួនមិនតិចឡើយ។

    សេចក្ដីស្លាប់ ប្រសិនបើគិតក្នុងវិស័យមួយផ្សេងទៀត ក៏មិនគួរយើងនាំគ្នាខ្លាច លុះត្រាមានកង្វល់កង្វាយ ច្រើនពេក​ទេ​។ ដូច​នេះ ព្រោះ​អ្វី​? ព្រោះ​ត្រឹម​តែ​ជា​ក្បួន​តំរា​របស់​ធម្ម​ជាតិ ឬ វត្ថុដែលធ្វើអំណោយ ឬ ធ្វើវិភាគទានកំទេចរបស់ចាស់ ដែលប្រើមិន​កើត​ចោល ដើម្បី​បើក​ឱកាស​ ឬ​ប្រ​គល់​កន្លែង​អោយ​របស់​ថ្មី​ ដែល​ត្រូវមកជំនួសប៉ុណ្ណោះ ប្រសិនបើយើងសាកល្បងនឹកមើលថា បើពិភពលោកនេះគ្មាន​សេច​ក្ដី​ស្លាប់ គឺ​មនុស្ស​ ដែល​កើត​មក​ក្នុង​សម័យ​រាប់​លាន​ឆ្នាំមកហើយ រស់នៅទាំងអស់! បើមានក៏បានត្រឹមតែដេកគរជើងគ្នាតែប៉ុណ្ណោះ តើ​យើង​រស់​កើត​ទេ​?​ មិន​កើត​ទេ​។ និយាយ​ខ្លឺ​ៗ គ្មាន​ស្លាប់​គ្មាន​កើត ល្អ​ចប់​រឿងគ្មានបញ្ហាចោទ។ មានតែកើតគ្មានស្លាប់ ពិភពលោកយើងនឹងពេញ ណែន​ណាន់​តាន់​តាប់​គ្មាន​ដី​ធ្វើ​ផ្ទះ​នៅ គ្មាន​ដី​ធ្វើ​របរ​ចិញ្ចឹម​ជីវិត គ្មានល្អ គ្មានចប់រឿង បញ្ហាតាមចោទជាប់មួយហើយមួយទៀត ដោយ​គ្មានរួច ហើយ​ចោទ​ទៀត​គ្មាន​ទី​បំផុត​។

    សេចក្ដីស្លាប់ គឺជាទង្វើទំលាក់ចោលរបស់ដែលប្រើលែងកើត ដាក់ចូលរបស់ដែលប្រើកើតជំនួស មិនខុសគ្នា នឹង ចំណោល​អាហា​រចាស់ ហើយ​ចំណូល​អាហារ​ថ្មី​ជំនួស​ដែល​យើង​កំពុង​ធ្វើ​គ្រប់គ្នាសព្វថ្ងៃ ហើយដែលពាក្យធម្មតាថា «ស៊ីជុះ» គឺបើយើងស៊ីរាល់ថ្ងៃ យើង​ក៏​ត្រូវ​ជុះ រាល់​ថ្ងៃ​ដែរ​។ នេះ​គឺ​ជា​ក្បួន​ទង្វើ​ធម្ម​ជាតិ ដែល​ធ្វើអោយពិភពលោក ឋិតនៅក្នុងភាពល្មម មិនគួរយើងនាំគ្នាតក់ស្លុតភិតភ័យ​ពេក​ទេ ព្រោះ​យើង​ក៏​មាន​ដំណើរ​ប្រ​ព្រឹត្ដ​ទៅ​តាម​ក្បួន​ធម្ម​ជាតិ​ដូច​តែ​គ្នា​។

    ចំពោះពុទ្ធសាសនា រិតតែបង្រៀនមិនអោយយើង គិតដល់សេចក្ដីស្លាប់ ប្រកបដោយភាពតក់ស្លុត តែអោយមានសេចក្ដីក្លាហាន ប្រកប​ដោយ​សេច​ក្ដី​ព្យា​យាម​យ៉ាង​មោះ​មុត នៅ​ក្នុងក្របខ័័ណ្ឌនៃការងារ គឺខំកំចាត់បង់ទង្វើអាក្រក់ អោយកាន់តែអស់ទៅ ខំសាង​សន្សំ​ទង្វើ​ល្អ អោយ​កាន់​តែ​កើត​ច្រើន​ទៀត​។ កុំ​រស់​នៅ​អួត​ពិភពលោកដោយ យោបំ ដោយ តំងូ ជាមួយគ្នានេះទៀត កុំស្លាប់ទៅទទេៗ ដោយ​គ្មាន​បាន​ធ្វើ​ប្រ​យោជន៍​អ្វី​ដល់​ខ្លួន​ឯង ​និង​ ពិភព​លោក​។

    រួមសេចក្ដីថា កាលណាយើងមានបញ្ញាគ្រប់គ្រាន់ ហើយយើងអាចធ្វើកំណែទុក្ខបាន យើងមើលឃើញផ្លូវ​រំលត់​ទុក្ខ​នេះ​ឯង គឺ​ដំណោះ​ស្រាយ​នៃ​បញ្ហា​ជីវិត​ តាម​គំនិត​នៃ​អរិយ​សច្ចៈ​ធម៌​ដែល​ប្រ​កាស​ដោយ​ព្រះ​សម្មាស​ម្ពុទ្ធ​បរម​គ្រូ​។