ពណ៌នាផ្សេងៗ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ថ្ងៃសៅរ៍ ទី13.ឧសភា 2017.ម៉ោង 8:23
ប្រវត្ដិទ្រង់នរោត្ដម ចន្ទរង្សី
អ្នកអង្គអម្ចាស់ រឺទ្រង់នរោត្តម-ចន្ទរង្សី(១) ប្រសូត្រនៅឆ្នាំ១៩២៦ រឺឆ្នាំខាល, ជាបុត្រារបស់ព្រះអង្គម្ចាស់ នរោត្ត ចន្ទលេខា ហៅព្រះអង្គម្ចាស់តូ ដែលជាបុត្រាព្រះបាទនរោត្តម និង អ្នកម្នាងតាត ទ្រង់មានប្អូនស្រីរួមផ្ទៃមួយអង្គនាមម្ចាស់ង៉ែតដែល ក្រោយមកមានស្វាមីជាកុំមុយសៀរ (ស្នងការប៉ូលីស)នាម គល់ និងមានបងប្រុសម្តាយទីទៃមួយអង្គទៀតនាម ជិ សារិ ដែលជាអតីតចៅហ្វាយខេត្តកណ្ដាល។
ការប្រលូកក្នុងជីវភាពនយោបាយលើកដំបូង
នៅអំលុងពេលសង្គ្រាមលោកលើកទី២ កងទ័ពជប៉ុនបានចូលមកដល់ប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ដោយពឹងផ្អែកទៅលើអិទ្ធិពលយោធាជប៉ុន ប្រទេសសៀមបានបង្ខំបារាំងអោយប្រគល់ទឹកដីខេត្តបាត់ដំបង សៀមរាប និងកំពង់ធំខាងជើង ដល់ខ្លួនវិញ លើកលែងតែតំបន់ប្រាសាទអង្គរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងដដែល។
ចំណែកនៅផ្ទៃក្នុងប្រទេស ចលនាជាតិនិយមរបស់ក្រុមអ្នកចេះដឹងខ្មែរបានរីកដុះដាលឡើង ដោយមានអ្នកចូលរួមយ៉ាងច្រើន និង ទូលំទូលាយ ទាំងគ្រហត្ថនិងទាំងព្រះសង្ឃ។ ក្រោយមកគេដឹងថា ចលនានេះស្ថិតនៅក្រោមការដឹកនាំរបស់បុគ្គលសំខាន់ៗមួយចំនួនដូចជាសឺង ង៉ុកថាញ់, ប៉ាច ឈឺន, អាចារ្យហែម ចៀវ, នួន ដួងជាដើម។ បន្ទាប់មក ដោយបារាំងដឹងរឿងស្តីពីចលនាបំបះបំបោរប្រឆាំង នឹង អំណាចរបស់ខ្លួន ទើបជាដំបូងបារាំងចាប់ខ្លួនអាចារ្យហែម ចៀវ និង នួន ដួង ដែលជាហេតុធ្វើអោយមានបាតុកម្មទាមទារអោយដោះលែង ព្រមជាមួយការប្រឆាំងនឹងបារាំងនៅខាងមុខសាលាក្រុងភ្នំពេញនាថ្ងៃ ទី២០ កក្កដា ១៩៤២ នោះត្រូវបរាជ័យទាំងស្រុង ដោយសារបារាំងបង្ក្រាបនៅ នឹង កន្លែង ព្រមទាំងតាមចាប់ខ្លួនមេដឹកនាំបានជាបន្តបន្ទាប់ លើកលែងតែសឺង ង៉ុកថាញ់(២)។ ក្នុងចិត្តគំនិតរបស់ពួកខ្មែរតស៊ូបានចាត់ទុកថា រាជា “ចលនាតស៊ូខ្មែរអិស្សរជំនាន់ទី១” តែជាការតស៊ូតាមផ្លូវនយោបាយដែលដឹកនាំដោយលោកសឺង ង៉ុកថាញ់។
នៅក្រោមការជួយគាំទ្ររបស់យោធាជប៉ុន គេបានបង្កើត “ទាហានស្ម័គ្រចិត្ត” មួយក្រុម និង ក្រុម “រាជអង្គរក្ស” ដែលដឹកនាំដោយទាហានជប៉ុនម្នាក់ឈ្មោះតាដាកូមា។ ដែលសព្វថ្ងៃជាលេខាទូតជប៉ុនប្រចាំនៅកម្ពុជា។ ពេលនោះ ទ្រង់ចន្ទរង្សី បានចូលរួមនៅកងកំលាំងទាហានស្ម័គ្រចិត្តនោះ ជាមួយអនាគតមេក្រុមខ្មែរអិស្សរៈដទៃទៀតដែរ ដូចជាលោក សារូ, សា វ៉ាង, សាវ៉ាត, ហ៉ឹម-ខាន់ ជាដើម។
ក្រោយពីជប៉ុនធ្វើពលប្រហារចាប់កងទ័ព, អ្នករដ្ឋការ និង ជនស៊ីវិលបារាំង នៅថ្ងៃទី៩ មីនា ១៩៤៥ គេបានគាំទ្រអ្នកកាន់ អំណាចនៅអិណ្ឌូចិន អោយប្រកាសអែករាជ្យរបស់ប្រទេសរៀងៗខ្លួន។ សម្ដេចសីហនុបានប្រកាសអែករាជ្យរបស់ប្រទេសកម្ពុជា នៅថ្ងៃទី១២ មីនា ឆ្នាំដដែល និងកាន់តំណែងជានាយករដ្ឋមន្ត្រី (១៨មីនា ១៣សីហា១៩៤៥។ បន្ទាប់មកលោកសឺង ង៉ុកថាញ់ បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីបន្ត (១៤សីហា ១៦តុលា១៩៤៥)(៣)។ មិនយូរប៉ុន្មាន ជប៉ុនចុះចាញ់ក្នុងសង្គ្រាមលោកលើកទី២ នាំអោយកងទ័ពស្ម័គ្រចិត្តត្រូវតែរំសាយដោយស្វ័យប្រវត្តិ ហើយបារាំងបានវិលមកដល់អិណ្ឌូចិនវិញ យ៉ាងឆាប់រហ័ស ជាពិសេសកម្ពុជា ដោយមានការអន្ទងហៅជាមុនដោយលួចលាក់ ពីបេសកជននៃសម្ដេចនរោត្តមសីហនុ គឺលោកឃឹម ទិត ដែលពេលនោះជារដ្ឋមន្ត្រីការពារប្រទេសនៃរដ្ឋាភិបាលលោកសឺង ង៉ុកថាញ់(៤)។
ពេលកងទ័ពស្ម័គ្រចិត្តត្រូវបានរំសាយភ្លាមនោះ ទ្រង់ចន្ទរង្សីបានសំរេចព្រះទ័យរត់ទៅកាន់ខេត្តបាត់ដំបង ដែលស្ថិតនៅក្រោមការកាន់កាប់របស់រដ្ឋាភិបាលសៀម និង ដើម្បីចុះចូលរួបរួមជាមួយ “ក្រុមខ្មែរអិស្សរៈ”(៥) ដែលខ្មែរស្នេហាជាតិជាច្រើននាក់បានបង្កើតរួចជាស្រេចនៅទីនោះ។
ក្រុមខ្មែរអិស្សរៈដឹកនាំដោយលោករស់ យឺន
តាមពិតពាក្យ “ខ្មែរអិស្សរ” បានកើតឡើងពិតប្រាកដ ជាដំបូងបំផុត នាពេលគេបង្កើតចលនានេះឡើងក្នុងខេត្តបាត់ដំបង បន្ទាប់ពីបារាំងប្រគល់ទៅអោយប្រទេសសៀមវិញដោយបង្ខំចិំត្តនាថ្ងៃទី៩ ឧសភា ១៩៤១ (៦)។ ពេលនោះសៀមមានគោលនយោបាយគាំទ្រខ្មែរស្នេហាជាតិទាំងនោះ អោយបង្កើតចលនាតស៊ូប្រឆាំងបារាំងនៅលើទឹកដីដែលគេគ្រប់គ្រង ជាពិសេសនៅក្នុងទីរួមខេត្តបាត់ដំបង ដូចជានៅម្តុំវត្តក្តាំងងារ, វត្តលៀប, និងវត្តពិភិទ្ធរង្សី (ហៅវត្តកំភិត)។ អ្នកចេះដឹងខ្មែរម្នាក់ដែល ជាអតីតគ្រូបង្រៀនឈ្មោះ រស់ យឺន (៧)ហៅម្សៀ (Monsieur) យឺន ជាប្រមុខនៃចលនា និងភូឈួយម្នាក់ទៀត ដែលជា អ្នកធ្លាប់បានរៀនសូត្រចេះដឹងដូចគ្នាដែរ ឈ្មោះលោក បូរិន ព្រមទាំងលោក ប៉ុក ផល្គុណ រឺប៉ុក ត្រលាច ដែលជាបច្ឆាជនរបស់អភ័យធីបេស “បែន” ត្រកូលស្តេចត្រាញ់នៃខេត្តបាត់ដំបងក្រោមអំណាចសៀម ធ្វើជាខ្នងបង្អែក។ ពេលនោះគេបានដាក់ទីស្នាក់ការកណ្ដាលនៅផ្ទះអ្នកល្មាយ (៨) ដែលស្ថិតនៅខាងចុងស្ពានដែក។ ប៉ុន្តែសមាជិកជាន់ខ្ពស់ភាគច្រើននៃក្រុមនេះ ជាអ្នកនយោបាយនៃក្រុមរបស់លោកសឺង ង៉ុកថាញ់ ដែលបានភៀសខ្លួនពីភ្នំពេញនៅចុងឆ្នាំ១៩៤៥។
ចលនានេះអាចដំណើរការទៅបាន ដោយសារថវិកាឧបត្ថម្ភរបស់ “សមាគមសង្គ្រោះ” ដែលមានទីស្នាក់ការនៅក្នុង “វត្តសង្កែ” និងគ្រប់គ្រងដោយនាយក “ឈួន” ព្រមជាមួយយុវជំនួយការម្នាក់ឈ្មោះ នី-វ៉ាន់ធី (បុគ្គលដែលយើងបានធ្វើសំភាសន៍៍នេះអែង)។ សមាគមសង្គ្រោះមានប្រាក់ចំណូលដោយសារការរកស៊ីសំដែងសិល្បៈជាប្រចាំ។ លោកនី-វ៉ាធី គឺជាអ្នកជួយរៀបចំការសំដែងនៅពេលនោះអែង។ ពេលប្រមូលបានប្រាក់ច្រើនល្មមហើយ គេបញ្ជូនទៅបាងកក ដើម្បីទិញកាំភ្លើង និង គ្រាប់រំសេវមកផ្គត់ផ្គង់ដល់កងទ័ព ដែលបោះទីតាំងបន្ទាយហ្វឹកហ្វឺនយុទ្ធសាស្ត្រនៅអន្លង់វិល។ តាត្រលាច ជាអ្នកទទួលខុសត្រូវធំក្នុងការទិញអាវុធនៅស្រុកសៀម និងជាបុគ្គលសំខាន់ម្នាក់ ដែលអាចទាក់ទងជាមួយស្តេចសៀមបានដោយផ្ទាល់។ ការបង្កបង្កើតជាចលនាតស៊ូប្រឆាំងបារាំង ដែលមានមូលដ្ឋានបង្អែកនៅក្នុងខេត្តបាត់ដំបងម្តងនេះ គេបានចាត់ទុកជា “ចលនាតស៊ូខ្មែរអិស្សរៈជំនាន់ទី២”។ ចំនួនអ្នកស្ម័គ្រចិត្តចូលធ្វើកងទ័ពអិស្សរៈកាន់តែមានការរីកចំរើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែដោយសារអាវុធមានតំលៃថ្លៃ, មិនសូវសំបូរ និងគួបផ្សំថវិកាមិនមានចំនួនច្រើន គេមិនអាចទិញយកមកបំពាក់ដល់កងទ័ពបានគ្រប់គ្នាឡើយ។ កងទ័ពភាគច្រើនកាន់តែដាវប៉ុណ្ណោះ ចំណែកមេបញ្ជាការ រឺមេក្រុមធំទើបមានអាវុធកាន់។ ក្រៅពីនេះ នៅមានកងទ័ពបំរុងនៅសមរភូមិក្រោយមួយចំនួនធំទៀត ដែលគេហៅថា “ទាហានសៀរី” (៩) ដោយពួកនេះមានការបង្ហាត់ក្បួនយុទ្ធសាស្ត្រតែជាមួយនឹងកាំភ្លើងឈើ។
ថ្វីត្បិតថា លោករស់ យឺន ជាមេធំទទួលបន្ទុកទូទៅ តែពេលចេញប្រយុទ្ធ គាត់មិនបានដឹកនាំមុខទ័ពឡើយ។ ម៉្លោះហើយ គាត់ហាក់ដូចជាមិនសូវមានអិទ្ធិពលខ្លាំងគ្របដណ្ដប់លើមេបញ្ជាការកងទ័ពទាំងអស់នោះទេ។ ចំណែកលោក សារូ ថ្វីត្បិតថា ពេលនោះបំពេញតួនាទីដូចជាមេបញ្ជាការធំនៃកងទ័ព ប៉ុន្តែគាត់ក៏នៅតែមិនមាន អិទ្ធិពលដាច់ខាតទៅលើកងទ័ពទាំងនោះដែរ។ បណ្ដាមេទ័ព រឺ មេបញ្ជាការនៃក្រុមនីមួយៗនៅពេលនោះមានដូចជា៖
- - លោក សារូ ជាមេបញ្ជាការកងវរសេនាធំ (១០)
- - ទ្រង់ ចន្ទរង្សី ជាមេបញ្ជាការកងវរសេនាតូច
- - លោក ដាបឈួន (១១) ជាមេបញ្ជាការកងវរសេនាតូច ប៉ុន្តែនៅក្នុងក្រុមរបស់គាត់មានមនុស្សសំខាន់ៗជាច្រើនទៀត ដូចជា កៅ តក់, លាវ កែវមុនី, ម៉ី ផូ, ម៉ែមួន...
- - លោក ហែម-សាវ៉ាង ជាមេបញ្ជាការកងវរសេនាតូច និង ហែម សាវ៉ាត ដែលត្រូវជាប្អូនប្រុស គឺជាមេបញ្ជាការរង។ សំពន្ធ
- - លោកអ៊ំ ជាមេបញ្ជាការកងវរសេនាតូចដោយក្រុមនីមួយៗជួនកាលគេហៅថា “កងរយ” ព្រោះមានយុទ្ធជនប្រមាណជាង ១០០នាក់ ដែលចំនួននេះប្រហាក់ប្រហែល នឹង រចនាសំពន្ធកង “វរសេនាតូច” លើកលែងតែក្រុមរបស់លោក សារូ ដែលមានយុទ្ធជនច្រើនជាងគេ ទើបអ្នកផ្តល់សំភាសន៍យើ៍ងប្រើពាក្យថា “កងវរសេនាធំ”។
- (១) ពត៌មានដែលយើងប្រើ ដើម្បីសរសេរអំពីសកម្មភាពរបស់ទ្រង់ចន្ទរង្សីនេះ បានពីការធ្វើសំភាសន៍ជាមួយលោក នី-វ៉ាន់ធី ដែលជាអតីតអ្នកជំនិតម្នាក់របស់ទ្រង់ ចាប់ពីពេលទ្រង់កំពុងវាតអំណាចគ្រប់គ្រងនៅខេត្តកំពង់ស្ពឺខាងជើង កោះកុង និងពោធិសាត់ (ខាងលិច) នាអំលុងឆ្នាំ១៩៥១ និងត្រូវជាអតីតបុត្រសុនិសានៃព្រះអង្គម្ចាស់ស៊ីសុវតិ្ថ វឌ្ឍឆាយាវង្ស ដែលជាប្រធានក្រុមប្រឹក្សាព្រះរាជាណាចក្រ និងត្រូវជាព្រះរៀម (ព្រះមាតាទីទៃ)នៃព្រះមហាក្សត្រីយានី-កុសុម។
- (២) Cf., www.geocities.com/khmerchronology/1940.html, page 2 of 7 <2/28/03> ។
- (៣) Cf., Ibid., page 4 of 7។
- (៤) សូមមើល ចាន់-ដារ៉ា (១៩៨៣) កម្ពុជា និង សហព័ន្ធអិណ្ឌូចិន, ម៉ុងរ៉េអាល់, កាណាដា, ទំព័រទី៦៧ (បកប្រែជាភាសាខ្មែរដោយ ប៉ែន-នារវី និងអ៊ិត-ថុងងួន)។ Chan Dara. (1983). Le Kampuchea et la fédération indochinoise. Montréal, Canada, p. 67. (Traduit en Khmer par Pen Nearovi et Ith Thong Nguon)
- (៥) សូមបញ្ជាក់ថា “ក្រុមខ្មែរអិស្សរៈ ”នៅខេត្តបាត់ដំបងនាពេលនោះ មិនមែនបង្កើតដោយលោកប៊ុណ្ណ-ច័ន្ទម៉ុល តែម្នាក់អែងនោះទេ ដូចដែលគាត់បានអះអាងថា “គឺខ្ញុំនេះហើយ ជាមេកោយម្នាក់របស់ក្រុមអិស្សរៈ”។ ប៊ុណ្ណ-ច័ន្ទម៉ុល (១៩៧៣) ចរិតខ្មែរ, ផ្ទះលេខ៧៩ វិថីហែមចៀវ, ភ្នំពេញ ទំព័រ៤២។ នៅក្នុងសៀវភៅ “ចរិតខ្មែរ”នេះ លោកប៊ុណ្ណ-ច័ន្ទម៉ុលថា គាត់បានភៀសខ្លួនទៅដល់បាត់ដំបងមុនគេ ហើយជាអ្នកមានគំនិតផ្តួចផ្តើមបង្កើតចលនានេះឡើងព្រមទាំងជាអ្នកចាំប្រមូលកំលាំងដែលជាមនុស្សសំខាន់ៗ ដែលបានរត់ភៀសខ្លួនចេញពីភ្នំពេញ ជាបន្តបន្ទាប់តាមគាត់។ តែបើតាមសំដីលោកនី-វ៉ាន់ធីថា គាត់បានភៀសខ្លួនទៅដល់ទីនោះ ក្រោយទ្រង់ចន្ទរង្សីទៅទៀត។ អំលុងពេលស្នាក់នៅបាត់ដំបងនាពេលនោះ លោកប៊ុណ្ណ-ច័ន្ទម៉ុល (បានចំណាយពេលវេលាភាគច្រើនរបស់គាត់) នៅផ្ទះអ្នកល្មាយ និងបន្ទាយអន្លង់វិល។
- (៦) Raoul M. Jennar, (1995). Les clés du Cambodge. Maisonneuve & Larose, France, p. 51
- (៧) បើតាមលោកនី-វ៉ាន់ធី គាត់មិនបានចាំនាមត្រកូលរបស់មេខ្មែរអិស្សរៈទាំងអស់នោះឡើយ គាត់ចាំត្រឹមតែឈ្មោះផ្ទាល់ខ្លួនប៉ុណ្ណោះ។ ចំណែកនាមត្រកូលរបស់ពួកគេដែលយើងបានដាក់បំពេញចាប់ពីពេលនេះតទៅ ដោយសារយើងបានប្រភពពីសៀវភៅលោកប៊ុណ្ណ-ចន្ទប៉ុល។
- (៨) អ្នកល្មាយ ជាកូនស្រីនៃត្រកូល “កថាថន” ដែលជាបច្ឆាជនរបស់ “អភ័យធីបេសបែន” ដែលជាអ្នកនាំយកខេត្តបាត់ដំបង សៀមរាប កំពង់ធំទៅដាក់ជាដែនដីឧបសម្ព័ន្ធ រឺក្រោមការគ្រប់គ្រងនៃស្តេចសៀម។ គាត់មានងារជា “ឃុន” ដែលដូចគ្នានឹងកូនស្រីទាំងអស់នៃត្រកូលនោះ ដូចជាឃុនស៊ីម, ឃុនថៅ ជាដើម។ មានកូនប្រុសម្នាក់នៃត្រកូលនោះបានធ្វើជានាយករដ្ឋមន្ត្រីថៃ ដែលមានឈ្មោះថា “ឃុន អផៃវង្ស”។
- (៩) ទាហានសៀរី ជាកងទ័ពស្ម័គ្រចិត្តក្នុងជួរខ្មែរអិស្សរៈ ដែលគ្មានសព្វាវុធទំនើបសំរាប់បំពាក់អោយតែជាអ្នកកាន់អាវុធបុរាណ។
- (១០) ក្រោយមកគាត់ត្រូវដាប-ឈួន លួចសំលាប់ចោល ក្រោយពេលបង្កើត “គណៈកម្មាធិការខ្មែរកសាងជាតិ” ភាគ១ អែនាយជើងភ្នំដងរែក។
- (១១) ដំបូងឡើយ “ឈួន” នេះជាគណនេយ្យករខាងទាហាននៃរាជការបារាំង។ ពេលមួយគាត់ បានយកលុយប្រាក់ខែទាហានទៅលេងបៀរចាញ់គេអស់ គ្មានប្រាក់សង ទើបរត់ចុះចូលជាមួយរាជការសៀម ដែលកំពុងតែអំពាវនាវដល់អ្នកធ្វើការអោយបារាំងរូបណា ដែលស្ម័គ្រចិត្តចុះចូលខាងខ្លួនៗ នឹងរក្សាតំណែងដដែលអោយវិញ។ ឈួនបានចុះចូលសៀម ត្រូវសៀមអោយពាក់ស័ក្តិនាយសំណង់ (ដោយ៣ជាន់) ដដែល បំរើការក្នុងអង្គភាពតម្រួតសៀមនៅស្រុកស្វា យចេក។ ពាក្យ “នាយចំណង់ រឺ អាស៊ីដង់សែហ្វ = សក្តិដោយបីជាន់” ភាសាសៀមហៅថា “នាយដាប រឺណាយដាប” ។