ការចុះចូលជាមួយរាជរដ្ឋាភិបាលសម្ដេច ន. សីហនុ

  នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា ១៩៥៣​ រាជ​រដ្ឋា​ភិបាល​របស់​ព្រះ​បាទ​សម្ដេច​នរោត្តម​ សីហនុ​ បាន​ប្រកាស​អែក​រាជ្យ​ពេញ​បរិ​បូណ៌​នៃ​ប្រ​ទេស​កម្ពុជា​ ពី​របប​អាណា​ព្យា​បាល​បារាំង​។ ប៉ុន្តែ​អ្នក​តស៊ូ​ដោយ​អាវុធ​នៅ​ក្នុង​ព្រៃ​មួយ​ចំនួន​ធំ​ មិន​ទាន់​បាន​ចុះ​ចូល​ និង​ធ្វើសមា​ហ​រណ​កម្ម​កង​កំលាំង​របស់​ខ្លួន​នៅ​ឡើយ​។ ពី​ព្រោះ​ថា មក​ដល់​ឆ្នាំ​១៩៥៣​, មាន​ក្រុម​ខ្មែរ​អិស្សរៈ​តែ​ពីរ​ក្រុម​ប៉ុណ្ណោះ​ ដែល​បាន​ចុះ​ចូល​មុន​ពេល​រាជ​រដ្ឋា​ភិបាល​បាន​ប្រកាស​អំពី​ “រឿង​អែក​រាជ​ភាព​ពេញ​បរិ​បូណ៌​របស់​កម្ពុជា​ ពី​មហា​ប្រទេស​បារាំង​ ជា​អាណា​ព្យា​បាល​ អស់​ជាង​៩០​ឆ្នាំ​មក​ហើយ​នោះ​។ ពោល​គឺ​ក្រុម​ទី​១​ របស់​ដាប ​ឈួន​មួយ​ផ្នែក​, ក្រុម​ទី​២​របស់ ពុត ​ឆាយ​ និង​ស៊ាប​ (1) និង​ក្រុម​ទី​៣​របស់​អ៊ូច​ និល​ពេជ្រ (2)និង​អ៊ុំ​ (3)។ ចំណែក​ក្រុម​ធំ​ៗ​ ដទៃ​ទៀត​មិន​បាន​ចុះ​ចូល​ឡើយ​ គឺ​ក្រុម​របស់​ទ្រង់​ចន្ទ​រង្សី​, របស់​សាវ៉ាង​វង្ស​, ក្រុម​នៅ​ក្រោម​បញ្ជា​ផ្ទាល់​របស់​សឺង​ ង៉ុក​ថាញ់​ មាន​កៅ តក់​, ហុង​ ឈុន​, ដួង​ ចាន់​ សារ៉ាត់​ និង​ក្រុម​មុដត្ថា​ហា​របស់​ សឺង​ ង៉ុក​មិញ​, ទូ ​សាមុត​, សៀវ​ ហេង​។

នៅ​ក្នុង​ខែ​មករា​ឆ្នាំ​១៩៥៤​ ប្រ​ទេស​មហា​អំណាច​បួន​បាន​ប្រកាស​អំពាវ​នាវ​ អោយ​គេ​បើក​ធ្វើ​សន្និ​សិទ​បញ្ឈប់​សង្គ្រាម​នៅ​អិណ្ឌូ​ចិន​។ កង្វល់​ដ៏​ធំ​របស់​រាជ​រដ្ឋា​ភិបាល​សម្ដេច​សីហនុ​ គឺ​មាន​អ្នក​បន្ត​ការ​ប្រយុទ្ធ​ជា​ច្រើន​ក្រុម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក្នុង​ចំនោម​នោះ​ ក្រុម​របស់​សឺង​ ង៉ុក​មិញ​មាន​កំលាំង​ខ្លាំង​ជាង​គេ​ ដោយ​សារ​មាន​ការ​អន្តរា​គមន៍​ ជំនួយ​ពី​វៀត​មិញ​ គឺ ​វៀត​ណាម​ខាង​ជើង​ ទាំង​យោធា​និង​នយោបាយ​។​ ម៉្លោះ​ហើយ​ វិធី​ដ៏​ល្អ​របស់​រាជ​រដ្ឋា​ភិបាល​គឺ បើក​ការ​ចរ​ចា​​អូស​ទាញ​ក្រុម​ ទាំង​នេះ​អោយ​ធ្វើ​សមា​ហ​រណ​កម្ម​ជា​មួយ​រាជ​រដ្ឋា​ភិបាល​ និង​កង​ខេម​រ​ភូមិន្ទ​។​

លោ​ក ប៊ូ ហ៊ង​ ជា​រាជ​បេស​ក​ជន​តំណាង​ខាង​រាជ​រដ្ឋា​ភិបាល​ ដែល​បាន​ទទួល​កេ​តន​ភ័ណ្ឌ​អែក​រាជ្យ​ពី​ប្រទេស​បារាំង​ បាន​ជួប​ចរ​ចា​ជា​មួយ​សាវ៉ាង​វង្ស​ និង​ទ្រង់​ចន្ទ​រង្សី​ ដើម្បី​បង្រួប​បង្រួម​ជា​មួយ​កង​ខេមរ​ភូមិន្ទ​ ដោយ​សន្យា​ទទួល​ស្គាល់​កង​កំលាំង​ នៃ​ក្រុម​នីមួយ​ៗ​ ត្រឹម​តែ​ឋានៈ​ជា​ កង​វរ​សេនា​តូច​ប៉ុណ្ណោះ​។ តាម​ពិត​ពេល​នោះ​ កង​ទ័ព​ទ្រង់​មាន​រាប់​ម៉ឺន​នាក់​ (4) រាជ​រដ្ឋា​ភិបាល​ព្រម​ទទួល​ស្គាល់​ និង​បញ្ចូល​ទៅ​ក្នុង​ជួរ​កង​ទ័ព​ជាតិ​ត្រឹម​តែ​ចំនួន​ ១០០០​នាក់​ប៉ុណ្ណោះ​ ហើយ​ចំនួន​នេះ​ សម​នឹង​ទទួល​បាន​ឋានៈ​ជា “​កង​វរសេ​នា​ធំ​”​។ ព្រះ​បាទ​សម្ដេច​ ន.សីហនុ​ បាន​សន្យា​ទទួល​ស្គាល់​ផ្តល់​ឋានៈ​ដល់​ទ្រង់​ចន្ទរង្សី​ ជាវរ​សេនីយ​ត្រី​ (ស័ក្តិ​៤) និង​អនុ​សេនិយ​អែក​(ស័ក្តិ៣) ដល់​មេ​ទ័ព​រង​ពីរ​រូប​ទៀត​។ ទុក​ជា​យ៉ាង​នេះ​ក៏​ដោយ ទ្រង់​ចន្ទរង្សី​បាន​ទទួល​យល់​ព្រម​តាម​កិច្ច​សន្យា​នោះ​ដែរ​។

នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​ទទួល​ស្គាល់​នូវ​ការ​ចុះ​ចូល​ជា​ផ្លូវ​ការ​ នា​បន្ទាយ​យោធា​របស់​ទ្រង់​ក្នុង​ស្រុក​ច្បរ​មន ខេត្ត​កំពង់​ស្ពឺ​ក្នុង​ ខែ​កុម្ភ​ ឆ្នាំ​១៩៥៤​ រាជ​រដ្ឋា​ភិបាល​បាន​ចែក​សំលៀក​បំពាក់​អែក​សណ្ឋាន​នៃ​កង​យោ​ធ​ពល​ខេមរ​ភូមិ​ន្ទ​ ១សំរាប់​ម្នាក់​ ដល់​យុទ្ធជន​បាន​គ្រប់​១០០០​នាក់​ តែ​ការ​បញ្ចូល​ឈ្មោះ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​កង​ទ័ព​ជាតិ​បាន​ត្រឹម​តែ​ចំនួន​៣០០​នាក់​ប៉ុណ្ណោះ​។ នៅ​សល់​៧០០​នាក់​ទៀត សម្ដេច​ ន.​សីហនុ​បាន​សន្យា​ថា​ នឹង​បញ្ចូល​អោយ​អស់​ក្នុង​រវាង​៧​ខែ​បន្តប​ន្ទាប់​មក​។​

ដូច​បាន​សន្យា​នៅ​ពេល​ចរ​ចា​គ្នា​លើក​ដំបូង​មែន​ ទ្រង់​ចន្ទ​រង្សី​បាន​ទទួល​ឋានៈ​វរ​សេនិយ​ត្រី (ពាក់​ស័ក្ដិ​៤)​, លោក​ហម ខាន់​ និង​ចាន់​ តោ​ត្រេស​ បាន​ទទួល​ឋានៈ​ជា​អនុ​សេនិយ​អែក (ពាក់​ស័ក្តិ​៣)​, លោក​សុក​សេង​ រឿង​មុនី​ បាន​ទទួល​ឋានៈ​ជា​អនុសេ​និយ​ទោ (ពាក់​ស័ក្តិ​២) និង​លោក​នី​ វ៉ាន់​ធី​ ទទួល​ឋានៈ​អនុ​សេ​និយ​ត្រី​ (ពាក់​ស័ក្តិ​១)​។ កង​អែក​ភាព​នេះ​បាន​ទទួល​ឈ្មោះ ​ជា “កង​វរ​សេនា​តូច​ស្វ័យ​ភាព​ចលនា​លេខ​៣​” (3e Bataillon Autonome Mobile) (5) ជា​លេខ​បន្ទាប់​ពី​កង​អែក​ភាព​របស់​សាវ៉ា​ងវង្ស​ ដែល​បាន​ចុះ​ចូល​នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ​។ ចំណែក​សឺង​ ង៉ុក​ថាញ់​ ខ្លួន​អែង​ កាល​ពី​ខែ​កុម្ភ​ ឆ្នាំ​១៩៥៤ នោះ​ដែរ​ ធ្លាប់​បាន​បញ្ជូន​លោក​អៀ​-​ស៊ី​ចូវ​ អោយ​មក​ចរ​ចា​ជា​មួយ​រាជ​រដ្ឋា​ភិបាល​ ដើម្បី​សុំ​ចុះ​ចូល​រួម​រស់​ក្នុង​សង្គម​ជាតិ​វិញ​ តែ​មិន​ដឹង​ជា​ហេតុ​អ្វី​ទើប​គ្មាន​លទ្ធ​ផល​ (6)

ក្រោយ​ពី​នោះ​មក លោក​កៅ តក់ (7)ក៏​បាន​នាំ​កូន​ចៅ​ខ្លួន​មក​ចុះ​ចូល​ជា​មួយ​រាជ​រដ្ឋាភិ​បាល ប៉ុន្តែ​គាត់​មិន​បាន​ទាម​ទារ​តំណែង​អ្វី​មួយ​នៅ​ក្នុង​រាជ​ការ​ឡើយ​។ ជា​បន្ត​បន្ទាប់​អ្នក​តស៊ូ​ដទៃ​ជា​ច្រើន​ទៀត​ ដែល​ដើរ​តាម​សឺង​ ង៉ុក​ថាញ់​ បាន​នាំ​គ្នា​មក​ចុះ​ចូល​ជា​មួយ​សង្គម​ជាតិ​វិញ​ដែរ​ ដោយ​សារ​អិទ្ធិ​ពល​នៃ​សន្និ​សិទ​ហ្សឺ​ណែវ​ឆ្នាំ​១៩៥៤​។ ម៉្លោះ​ហើយ​ មនុស្ស​នៅ​ក្នុង​ក្រុម​របស់​ សឺង​ ង៉ុក​ថាញ់​ មាន​គ្នា​កាន់​តែ​ហោច​ទៅ​ៗ​ នៅ​អំលុង​សម័យ​សង្គម​រាស្ត្រ​និយម​ ចាប់​ពី​ឆ្នាំ១៩៥៥​។ រី​អែ​កង​កំលាំង​សមា​ហរណ​កម្ម​របស់​ទ្រង់​ចន្ទ​រង្សី​វិញ​ ដោយ​សារ​យុទ្ធ​ជន​មាន​ក្រប​ខ័ណ្ឌ​ចំនួន​ជិត​១​ភាគ​៣​នៃ​ចំនួន​យុទ្ធ​ជន​ទាំង​អស់​ ដូច្នេះ​រៀង​រាល់​ ខែ​យុទ្ធ​ជន​ដែល​មាន​ប្រាក់​បៀ​វត្ស​ត្រូវ​តែ​បរិច្ចាគ​ ដោយ​រំលែក​ប្រាក់​ខែ​របស់​ខ្លួន​ចំនួន​២​ភាគ​៣​យក​ទៅ​ឧបត្ថម្ភ​អ្នក​គ្មាន​ប្រាក់​ខែ​។​

រាជ​រដ្ឋា​ភិបាល​ពេល​នោះ​ មិន​បាន​គោរព​កិច្ច​សន្យា​របស់​ខ្លួន​ ៧​ខែ​បាន​កន្លង​ផុត​ទៅ​ ជិត​១​ឆ្នាំ​ហើយ​ នៅ​តែ​មិន​បាន​គិត​គូរ​បញ្ចូល​ក្រប​ខណ្ឌ​អ្នក​នៅ​សល់​ ព្រម​ទាំង​មិន​បាន​ផ្តល់​សំលៀក​បំពាក់​និង​ភស្តុ​តាង​អោយ​បាន​គ្រប់​គ្រាន់​ទៀត​ផង​។ ពី​ព្រោះ​ថា រាជ​រដ្ឋា​ភិបាល​បាន​សំរេច​បំណង​​ហើយ​ បាន​នាំ​ខ្លួន​មេ​ខ្មែរ​អិស្ស​រៈ​នរោត្តម​ ចន្ទរង្សី ​និង​អ្នក​ដទៃ​ទៀត​ (ដាប ឈួន, ពុត ឆាយ, សាវ៉ាង​វង្ស​) ដែល​ស្នេហា​ជាតិ​ពិត​ប្រាកដ​ (Sic) ទៅ​បង្ហាញ​អន្តរ​ជាតិ​ក្នុង​ អោកាស​សន្និ​សិទ​ហ្សឺ​ណែវ​រួច​ហើយ​ ៗ​រាជ​រដ្ឋាភិ​បាល​ក៏​ទទួល​នូវ​លទ្ធ​ផល​ប្រកប​ដោយ​ជោគ​ជ័យ​។ ម៉្លោះ​ហើយ​ សេច​ក្តី​ត្រូវ​ការ​សំរាប់​ប្រើ​ប្រាស់​ នឹង​ទាញ​យក​ផល​ប្រយោជន៍​ពី​ក្រុម​នេះ​ កាន់​តែ​មាន​តំលៃ​ទាប​។ ម៉្យាង​ទៀត​កង​ទ័ព​រាជ​រដ្ឋា​ភិបាល​នៅ​ពេល​នោះ​មាន​ចំនួន​មិន​ជា​ច្រើន​ប៉ុន្មាន​ឡើយ​ បើ​សរុប​ទូ​ទាំង​ប្រទេស​មាន​ប្រហែល​២០.០០០​នាក់​។ ដូច្នេះ​មេ​ដឹក​នាំ​កំពូល​ អាច​មិន​ទាន់​ទុក​ចិត្ត​ចំពោះ​អិរិ​យា​បថ​ នា​ពេល​អនាគត​របស់​ក្រុម​នេះ​ ប្រសិន​បើ​ពួក​គេ​ក្លាយ​ជា​កង​កំលាំង​ស្រប​ច្បាប់​ ជា​ពិសេស​មេបញ្ជា​ការ​របស់​គេ ជា​អ្នក​អង្គ​ម្ចាស់​មួយ​អង្គ​ដែរ​។ បើ​អញ្ចឹង​ ការ​ទុក​ដាក់​ក្រុម​នេះ​នៅ​ក្បែរ​ខ្លួន​អាច​ជា​ការ​មិន​សូវ​ធានា​សុវត្ថិ​ភាព​អំណាច​។​

ដោយ​មាន​ការ​អាក់​អន់​ចិត្ត​ ត្បិត​តែ​រាជ​រដ្ឋា​ភិបាល​មិន​ធ្វើ​តាម​សន្យា​ ទ្រង់​ចន្ទ​រង្សី​ បាន​កើត​គំនិត​រៀប​ចំ​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​របប​រាជា​និយម​ ដើម្បី​បង្កើត​របប​សាធា​រណ​រដ្ឋ​។ កាល​នោះ​មាន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ដូច​ជា​ យ៉ែម ​សំបូរ​ (រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​)​, សេង​ ទិប (មេ​ប៉ូលិស​)​, ប៉ុក​ សំអាន​ (មេ​បញ្ជា​ការ​កង​រថ​ក្រោះ​) បាន​ចូល​រួម​គំនិត​ និង មាន​ការ​គាំ​ទ្រ​ជា​ពាក្យ​សំដី​ពី​ទូត​អា​មេរិក​ ដែល​បាន​សន្យា​ថា ជួយ​សម្ភារ​សឹក​។ ដើម្បី​រង់​ចាំ​អា​មេរិក​ទំលាក់​សម្ភារ​សឹក​ជំនួយ​តាម​ឆ័ត្រ​យោង​ ក្នុង​ពេល​ឆាប់​ៗ​នោះ​ ទ្រង់​បាន​អោយ​លោក​នី វ៉ាន់​ធី​កាន់​កិច្ច​ការ​ធ្វើ​ព្រ​លាន​យន្ត​ហោះ​សំងាត់​ និង ឃ្លាំង​ផ្ទុក​សម្ភារ​សឹក​នៅ​អាងារ​សេះ​ ក្បែរ​ភ្នំ​ព្រះ​ដែល​ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ​សព្វ​ថ្ងៃ​ ក្នុង​ភូមិ​សាស្ត្រ​​ស្រុក​ច្បារ​មន​ ខាង​ជើង​ខេត្ត​កំពង់​ស្ពឺ​ ដែល​ទី​នោះ​ជា​អតីត​ ទី​តាំង​ឃ្លាំង​ដាក់​ជ័យ​ភណ្ឌ​របស់​ទ្រង់​ស្រាប់​។​

គ្រោង​ការណ៍​ក្បត់​ត្រូវ​បែក​ការណ៍៍​ ដោយ​សារ​លេខា​ធិការ​ម្នាក់​របស់​ទ្រង់​ចន្ទ​រង្សី​ឈ្មោះ ហ៊ុល សា​រ៉ែន (8)ដែល​ជា​អ្នក​កាន់​អែក​សារ​សំងាត់​។ ជន​នេះ​បាន​ខឹង​សម្បារ​នឹង​ទ្រង់​ចន្ទ​រង្សី​ ដែល​បាន​ទះ​កំភ្លៀង​គាត់​ ព្រោះ​តែ​ធ្វើ​ការ​ខុស​។ ជា​ការ​សង​សឹក​ គាត់​បាន​នាំ​ដំណឹង​គ្រោង​ការណ៍​ក្បត់​នា​ពេល​នោះ​ទៅ​ទូល​សម្ដេច​សីហនុ​ ទើប​ព្រះ​អង្គ​រៀប​ចំ​ផែន​ការ​បង្ក្រាប​បាន​យ៉ាង​ទាន់​ពេល​វេលា​ និង​មាន​ប្រសិទ្ធិ​ភាព​អិត​ខ្ចោះ​។ ម៉្យាង​ទៀត​ដោយ​សារ​កិច្ច​ការ​ក្បត់​នេះ មិន​ទាន់​រៀប​ចំ​រួច​ជា​ស្ថាពរ​ ព្រោះ​ខ្វះ​សម្ភារ​សឹក​ដែល​បាន​អាមេ​រិក​សន្យា​ថា “ជួយ​អុបត្ថម្ភ​”​។

ដំបូង​សម្ដេចន​. សី​ហនុ​បាន​បំបែក​កំលាំង​នាយ​ទាហាន​ចេញ​ពី​បន្ទាយ​ បញ្ជា​អោយ​ទ្រង់​ចន្ទ​រង្សី​ទៅ​បំពេញ​បេស​ក​កម្ម ​នៅ​ស្រុក​បារាំង​, ដំណាល​គ្នា​នោះ​ឃាត់​ខ្លួន​នាយ​ទាហាន​រង​ទាំង​ពីរ​នាក់​, ហម​​ ខាន់​ និង​ចាន់​តោ​ត្រេស​។ មុន​ពេល​ទ្រង់​ចេ ញ​ដំណើរ​បាន​សង្ស័យ​ថា គំរោង​ការ​ក្បត់​របស់​ខ្លួន​ត្រូវ​បែក​ការ​ ទើប​ប្រ​គល់​តួ​នា​ទី​មេបញ្ជា​ការ​បន្តោះ​អាសន្ន​ទៅ​លោក​ សុក សេង​ រឿង​មុនី​ និង​ផ្តាំ​ផ្ញើ​អោយ​ត​ដៃ​កុំ​ដាក់​អាវុធ​អោយ​សោះ​ បើ​ទ័ព​ខេមរ​ភូមិន្ទ​មក​ចាប់​។ ទោះ​ជា​យ៉ាង​ណា កូន​ចៅ​មិន​បាន​ធ្វើ​តាម​បន្តាំ​ទ្រង់​ឡើយ​ ព្រោះ​ទ័ព​ខេមរ​ភូមិន្ទ​បាន​ចាប់​មេ​បញ្ជា​ការ​រង​ទាំង​២​នាក់​ យក​ទៅ​គំរាម​ កូន​ចៅ​ខ្លួន​អោយ​ដាក់​អាវុធ​។ ម៉្លោះ​ហើយ​គ្រោង​ការ​ក្បត់​ត្រូវ​បរាជ័យ​ជា​ស្ថាពរ​ ដោយ​នាយ​ទាហាន​និង​កូន​ទាហាន​ត្រូវ​ចាប់​ខ្លួន​បាន​ទាំង​អស់​ ហើយ​ចាប់​ទាំង​កង​វរ​សេនា​តូច​ស្វ័យ​ភាព​ចលនា​លេខ​២ របស់​សាវ៉ាង​វង្ស​ផង​ដែរ​។

អ្នក​គ្មាន​ការ​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​បាន​រួច​ខ្លួន​ ដូច​ជា​ក្រុម​សា​វ៉ាង​វង្ស​ និង​លោក​ចាន់​តោ​ត្រេស​ តែ​ក៏​មាន​មនុស្ស​សម​គំនិត​ ជា​ច្រើន​នាក់​ទៀត​បាន​រួច​ខ្លួន​ដែរ​ ព្រោះ​ថា​ប្រហែល​ជា​តុលា​ការ​សឹក​ខ្វះ​ភស្តុ​តាង​ជាក់​ស្តែង​ស្តី​ពី​ការ​រួម​គំនិត​គ្នា​ ដើម្បី​ចោទ​ប្រកាន់​។ ទ្រង់​ចន្ទ​រង្សី​ក៏​រួច​ពី​ទោស​ធ្ងន់​ធ្ងរ​ ដោយ​គ្រាន់​តែ​បាន​ឃុំ​ខ្លួន​មួយ​រយ​ និង​ត្រូវ​បក​ស័ក្តិ​អោយ​ធ្វើ​ជា​ប្រជា​រាស្ត្រ​សាមញ្ញ​វិញ​ ហើយ​ “កងវរ​សេនា​តូច​ស្វ័យ​ភាព​ចល​នា​លេខ​៣” របស់​ទ្រង់​ត្រូវ​រដ្ឋា​ភិបាល​រំលាយ​ចោល​ដែរ​។

រហូត​ដល់​របប​សាធា​រណ​រដ្ឋ​ខ្មែរ​ ទើប​លោក​លន់​-​នល់​ប្រើ​ប្រាស់​ទ្រង់​អោយ​វិល​មក​រក​អាជីព​ជា​អ្នក​ក្លា​ហាន​ម្តង​ទៀត​។ ពេល​នោះ ទ្រង់​ក្លាយ​ជា​មេ​បញ្ជា​ការ​កង​ពល​តូច​លេខ​១៣​ ទ័ព​ចង ក ដោយ​កន្សែង​យ័ន្ត​ពណ៌​ខៀវ​ ដៃ​អាវ​ប៉ាក់​រូប​ក្បាល​ខ្លា​ហារ​មាត់​ ជា​តំណាង​សិទ្ធិ​ការ​ឆ្នាំ​ខាល​ សត្វ​ខ្លា​ ដែល​ជា​ឆ្នាំ​កំណើត​របស់​ទ្រង់​។ ទ្រង់​ត្រូវ​កង​ទ័ព​ខ្មែរ​ក្រហម​បញ្ចប់​ជីវិត​នៅ​ដើម​ខែ ឧសភា​ឆ្នាំ​១៩៧៥ នៅ​ពេល​កំពុង​ព្យា​យាម​វាយ​បើក​ផ្លូវ​រត់​ចេញ​ពី​មូល​ដ្ឋាន​ចុង​ក្រោយ​ គឺ​មូល​ដ្ឋាន​រថ​ក្រោះ​ដក់​កញ្ជរ​ នៅ​ត្រែង​ត្រយឹង​ ខាង​លិច​ផ្លូវ​បត់​ចូល​អតីត​ក្រុង​គីរី​រម្យ​ តាម​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​គោល​បំណង​រត់​ទៅ​ស្រុក​សៀម​ (9)

ចប់បរិបូរ

(1) : នៅ​ពេល​ចុះ​ចូល​ជា​មួយ​រាជ​រដ្ឋា​ភិបាល​នា​ឆ្នាំ​១៩៥៣​ សម្ដេច ​ន.​សីហនុ​ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​គាត់​ បាន​បំពាក់​ស័ក្តិ​បី​ (អនុ​សេ​និយ​អែក​) ហើយ​ពេល​នោះ​អ្នក​ស្រុក​តែង​តែ​ឃើញ​គាត់​ជិះ​ម៉ូតូ​ហា​ឡី​ធំ​ នាំ​មុខ​ព្រះ​ទី​នាំង​ព្រះ​អង្គ រឺ ​ក្បួន​ដង្ហែ​ព្រះ​រាជ​ដំណើរ​។ ប៉ុន្តែ​ លោក​ស័ក្តិ​បី​ ស៊ាប​ នៅ​តែ​មិន​ចូល​ចិត្ត​គ្រង​អែក​សណ្ឋាន​ជា​មួយ​នឹង​ស័ក្តិ​នោះ​ឡើយ​។ គាត់​តែង​តែ​ដោះ​អែក​សណ្ឋាន​នោះ​មូរ​ដាក់​លើ​បង្អែក​ម៉ូតូ​ជា​និច្ច​។ គាត់​នៅ​តែ​មិន​អាច​សំរប​សំរួល​បាន​ជា​មួយ​ជីវ​ភាព​ “អ្នក​ជា​” ប្រកប​ដោយ​កិត្តិ​យស​ មិន​យូរ​ប៉ុន្មាន​គាត់​បាន​ពង្រត់​តួ​អែក​ល្ខោន​ម្នាក់​របស់​ឃុន​តាត​ និង​កូន​ក្រមុំ​របស់​លោក​សក្តិ​ប្រាំ​ខ្លូត​ ប៊ុត​ រួច​រត់​ចូល​ព្រៃ​វិញ​។ រាជ​រដ្ឋា​ភិបាល​បាន​បើក​ប្រតិ​បត្តិ​ការ​សឹក​យ៉ាង​គគ្រឹក​គគ្រេង​ដេញ​តាម​ចាប់​ស៊ាប​ តែ​នៅ​តែ​មិន​អាច​ចាប់​គាត់​បាន​ឡើយ​។ ស៊ាប​បាន​វាយ​ប្រហារ​ប៉ុស្តិ៍​ប៉ូលិស​ជា​ហូ​ហែ​តាម​មុខ​ព្រួញ​ដែល​គាត់​ត្រូវ​ឆ្លង​កាត់​ ដើម្បី​យក​សម្ភារ​សឹក​ និង​ប្រមូល​កំលាំង​ក​ទ័ព​តប​ត​ជា​មួយ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​វិញ​។ ចុង​ក្រោយ​គាត់​បាន​ដក​ថយ​ ចូល​ទៅ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ស្រុក​សៀម​ ហើយ​រាជ​ការ​សៀម​បាន​អនុញ្ញាត​អោយ​គាត់​សំងំ​លាក់​ខ្លួន​ពួន​អាត្មា​ នៅ​ក្នុង​ខេត្ត​ត្រាត​រហូត​អស់​ជីវិត​នៅ​ទី​នោះ​ ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​។​
(2) : ចុះចូល​ជាមួយ​រាជរដ្ឋាភិបាលនៅស្រុកព្រះនេត្រព្រះ។
(3) : មិន​មែន​លោក ​អ៊ុំ ដែល​ជា​ប្រធាន​កង​រយ​ រឺ កង​វរ​សេនា​តូច​ ដែល​បង្កើត​ឡើង​ដំបូង​នៅ​ខេត្ត​បាត់​ដំបង​នោះទេ​។ ឈ្មោះ ​អ៊ុំ​ នេះ​ គាត់​មិន​សូវ​បាន​គិត​គូរ​ពី​ការ​ប្រយុទ្ធ​ដើម្បី​អែក​រាជ្យ​ជាតិ​ឡើយ​ តែ​គាត់​ចូល​ចិត្ត​រក​ស៊ី​ជួញ​ដូរ​អាភៀន​ ដែល​មាន​ខ្សែ​រយៈ​មក​ពី​ស្រុក​លាវ​ រហូ​ត​ដល់​ពេល​គាត់​ចុះ​ចូល​ជា​មួយ​រាជ​រដ្ឋា​ភិបាល​នៅ​ឆ្នាំ​១៩៥៣​។ បន្ទាប់​មក​ គាត់​បាន​ទទួល​ឋានន្តរ​ស័ក្តិ​ជា​អនុ​សេ​និយ​អែក​ដែល​គេ​តែង​ហៅ​គាត់​ថា ស័ក្តិ​បី​អ៊ុំ​។
(4) : ទ័ព​រាប់​ម៉ឺន​នាក់​ ភាគ​ច្រើន​ជា​ទាហាន​ “សៀរី” មិន​មាន​អាវុធ​គ្រប់​ដៃ​ឡើយ​ ព្រោះ​ថា​នៅ​សម័យ​នោះ​ មិន​សូវ​សំបូរ​អាវុធ​ទំនើប​ ដែល​អាច​អោយ​គេ​ទិញ​ដូរ​យក​មក​ប្រើ​បាន​។
(5) : បើ​តាម​រូប​មន្ត​ក្បួន​ទ័ព​របស់​បារាំង​ មួយ​កង​វរ​សេនា​តូច​ ត្រូវ​មាន​យុទ្ធ​ជន​ជាង​៣០០​នាក់​ តែ​បើ​តាម​អាមេ​រិក​ត្រូវ​មាន​ ៥២០​នាក់​។ ប្រហែល​ដោយ​ហេតុ​នេះ​ហើយ​ បាន​ជា​សម្ដេច​ន.សី​ហនុ​ មិន​ព្រម​បញ្ចូល​យុទ្ធ​ជន ៧០០​នា​ក់ទៀត​ទៅ​ ក្នុង​អង្គ​ភាព​នេះ​។
(6) : Cf., Chan Dara, op. cit., p. 82
(7) : ក្រោយ​ពី​គាត់​បាន​ចុះ​ចូល​ធ្វើ​ប្រជា​ជន​សា​មញ្ញ​ហីយ​ មាន​សេច​ក្តី​នឹក​រលឹក​ដល់​មិត្ត​ភក្តិ​រួម​អាវុធ​ ហើយ​ធ្វើ​ដំណើរ​មក​សួរ​សុខ​ទុក្ខ​គ្នា​នៅ​ភ្នំពេញ​ ជា​ពិសេស​មក​លេង​ទ្រង់​ចន្ទរង្សី​។ ក្នុង​ដំណើរ​ត្រលប់​ទៅ​វិញ​ គាត់​ត្រូវ​លោក​ឈួន​-ម្ជុល​ពេជ្រ​ ដែល​ពេល​នោះ​ជា​ស្តេច​ត្រាញ់​ត្រួត​អាណា​ខេត្ត​ភាគ​ខាង​ជើង​ ប្រើ​អោយ​កូន​ចៅ​ដៃ​ដល់​ទៅ​ស្ទាក់​ផ្លូវ​ចាប់​គាត់​សំលាប់​ចោល​ នៅ​ម្តុំ​ភូមិ​ព្លាំង​-​ព្រៃ​ជ្រូក​។ នោះ​ច្បាស់​ជា ការ​អនុ​វត្តន៍​អំពើំ​សង​សឹក​លើ​គំនុំ​គំ​គួន​អ្វី​១​ របស់​ឈួន​ កាល​ពី​នៅ​ក្នុង​ព្រៃ​ជា​មួយ​គ្នា។
(8) : ជា​អតីត​គ្រូប​ង្រៀន​នៅ​ខេត្ត​ក្រចេះ​។ ពេល​សុំ​ចុះ​ចូល​ធ្វើ​ខ្មែរ​អិស្សរៈ​នៅ​ច្បារ​មន​ លោក​នី វ៉ាន់​ធី​ណែ​នាំ​អោយ​ទៅ​ទ្រង់​ចន្ទ​រង្សី​ ពី​ព្រោះ​គាត់​ជា​អ្នក​ចេះ​ដឹង​ម្នាក់​។ ចាប់​ពី​ពេល​នោះ​មក គាត់​ធ្វើ​ជា​លេខា​ធិការ​របស់​ទ្រង់​ នៅ​កា​រិយា​ល័យ​សេនា​ធិការ​កណ្ដាល​រហូត​។ នៅ​ពេល​ក្រោយ​មក​ បាន​និរ​ទេស​ខ្លួន​ទៅ​ដល់​អា​មេរិក​ ហើយ​ដូរ​ឈ្មោះ​ថា ហ៊ុល​និល​។ បន្ទាប់​មក​ទៀត​បាន​ក្លាយ​ជា​ដន្លង​របស់​ស្តេច​ក្រុម​ឃុន​នរោត្តម​-​ចក្រ​ពង្ស​។ សព្វ​ថ្ងៃ​ដំណឹង​ថា​ ស្លាប់​បាត់​ហើយ​។
(9) : លោក​នី-​វ៉ាន់​ធី​ថា រឿង​នេះ​គាត់​ដឹង​ពី​អតី​ត​យុទ្ធ​ជន​ខ្មែរ​ក្រហម​ម្នាក់​របស់​តាម៉ុក​ ដែល​កំពុង​រស់​នៅ​អន្លង់​វែង​, ពេល​ជួប​ធ្វើ​ការ​ជា​មួយ​គ្នា​នៅ​អូរ​ស្មាច់​កាល​ពី​ឆ្នាំ​២០០១​។ បុរស​នោះ​បាន​និយាយ​អះ​អាង​ថា គឺ​រូប​គាត់​ផ្ទាល់​ជា​អ្នក​បាញ់​សំលាប់​ ទ្រង់​នៅ​ពេល​ហៅ​ទ្រង់​ចុះ​ចេញ​ពី​រថ​ក្រោះ​អឹម​១១៣​ ដាច់​ច្រ​វាក់​មួយ​គ្រឿង​ ដែល​ក្រុម​គាត់​បាន​ស្ទាក់​បាញ់​នៅ​ម្តុំ​កំពង់​​សិលា​។ ពេល​នោះ​ទ្រង់​និយាយ​ថា “ខ្ញុំ​ត្រូវ​ជា​ពុក​មា​សម្ដេច​សីហនុ​”​។ គាត់​ជឿ​សំដី​របស់​ទ្រង់​ពេល​នោះ​ តែ​គាត់​មិន​ស្តាប់​ហើយ​ក៏​បាញ់​សំលាប់​ចោល​ដោយ​គ្មាន​រា​រែក​ចិត្ត​ឡើយ​។ ព្រោះ​គិត​ថា​ ទ្រង់​ជា​សត្រូវ​ធំ​ម្នាក់​របស់​បដិ​វត្តន៍៍​ ហើយ​ត្រូវ​ចាប់​ខ្លួន​បាន​នៅ​លើ​សម​រភូមិ​ ដូច្នេះ​គេ​តោង​តែ​ត្រូវ​សំលាប់​ភ្លាម​យ៉ាង​នេះ​អែង​។