កំនត់​ហេតុ​របស់ ជីវ​តា​ក្វាន់​ អំពី​ប្រ​ពៃ​ណី​នៃ​អ្នក​ស្រុក​ចេនឡា ដែល​មិត្ដ​អ្នក​អាន​​កំពុង​កាន់​នៅ​ដៃ​នេះ​ ពិត​ជា​អែក​សារ​ពិសិដ្ឋ​មួយ​នៃ​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ​យើង​។ សៀវ​ភៅ​ប្រវត្ដិ​វិទ្យា រឺ​ អត្ថ​បទ​ណា​មួយ​ដែល​ស្ដី​ពី​ស្រុក​ខ្មែរ​ មិន​ដែល​ចន្លោះ​ឈ្មោះ​ អែក​សារ​ជីវ​តា​ក្វាន់​នេះ​ឡើយ​។​ កូន​ខ្មែរ​គ្រប់​រូប​រៀន​ប្រ​វត្ដិ​ប្រ​ទេស​របស់​ខ្លួន​មិន​ដែល​នរ​ណា​មួយ​មិន​ស្គាល់​ឈ្មោះ ជីវ​តា​ក្វាន់​ទេ ប៉ុន្ដែ​ការ​ដែល​យើង​ស្គាល់​នោះ​សុទ្ធ​តែ​លឺ​ពាក្យ​ត​ៗ​គ្នា កត់​ចំលង​ត​ៗ​គ្នា ពី​សៀវ​ភៅ​មួយ​ទៅ​សៀវ​ភៅ​មួយ​តាម​រយៈ​សៀ​ភៅ​ដើម​ជា​ភាសា​បារាំង​ដែល​លោក​ប៉ូល​ប៉េ​លិ​យោត​ បាន​ប្រែ​សំរួល​ចេញ​ពី​អត្ថ​បទ​ចិន​ ហើយ​បោះ​ពុម្ព​ផ្សាយ​ ដំបូង​ក្នុង​ព្រឹត្ដិបត្ដ​នៃ​ភាសា​បារាំង​នៅ​ចុង​បូព៌ា ​Bulletin de l' école Francaise d' Extrème-Orient (BEFEO) ពី​ឆ្នាំ ១៩០២​ហើយ​ក្រោយ​មក​ពេល​ដែល​លោក​ប៉េ​លិ​យោត ទទួល​មរណ​ភាព​ទៅ​លោក ហ្សក​សឺ​ដេស ក៏​យក​ស្នា​ដៃ​នេះ មាន​ទាំង​អត្ថា​ធិប្បាយ​បន្ថែម​ក្បោះ​ក្បាយ​ផង​ ទៅ​បោះ​ពុម្ព​រួប​រួម​ជា​សៀវ​ភៅ​មួយ​ឡើង​ពី​ គ.ស ១៩៥១​។ លោក​ប៉េ​លិយោត​​បាន​ បញ្ជាក់​ក្នុង​អារម្ភក​ថា ថា​លោក​បាន​ព្យា​យាម​បក​ប្រែ​តាម​ការ​ស្រាវ​ជ្រាវ​រក​អែក​សារ​របស់​ជីវ​តាក្វាន់​ ដែល​មាន​លោក​ អាប់​បែល​រ៉េ​មុសាត៍​បាន​ប្រែ​ផ្សាយ​ម្ដង​ហើយ​ពី គ.ស ១៨១៩ ប៉ុន្ដែ​មិន​ទាន់​គ្រប់​សព្វ​។ ខ្លួន​លោក​បាន​ទៅ​នៅ​ប្រ​ទេស​ចិន​អស់​ច្រើន​ឆ្នាំ ទើប​ប្រែ​បាន​ជា​ស្នា​ដៃ​នេះ​។

យើង​ជា​ខ្មែរ យើង​សូម​គោរព​ អរ​គុណ​ពិសេស ចំពោះ​លោក​អ្នក​ស្រាវ​ជ្រាវ​ជំនាញ​ទាំង​នេះ ទុក​ដូច​ជា​ជួយ​រើ​កកាយ​កំណប់​ ដ៏​មាន​តំលៃ​មួយ​អោយ​យើង​ដែរ​។ ប៉ុន្ដែ​ ដោយ​លោក​អ្នក​ប្រែ​នោះ​អែង​ មិន​មែន​ជា​ខ្មែរ ម្លោះ​ហើយ​យើង​ចេះ​តែ​មាន​ចិត្ដ​តូច​មួយ​មមៃ​នឹក​ជា​និច្ច​ថា​ ប្រសិន​ជា​ខ្មែរ​ណា​ប្រែ​ចេញ​ពី​អត្ថ​បទ​ភាសា​ចិន​ផ្ទាល់​តែ​ម្ដង យើង​ដូច​ជា​អស់​ចិត្ដ​ជាង ទោះ​បី​ការ​បក​ប្រែ​នោះ​មិន​ជ្រៅ​ជ្រះ​ឆ្អិន​ឆ្អៅ​ណាស់​ណា​ក៏​ដោយ​។

ខ្ញុំ​ធ្លាប់​បាន​រៀន​អក្សរ​ចិន​អស់​បួន​ឆ្នាំ កាល​នៅ​ពី​ក្មេង តែ​ភ្លេច​ភ្លាំង​ទៅ​វិញ​ស្ទើរ​គ្មាន​សល់ នៅ​ចាំ​បាន​តែ​តួ​អក្សរ​ណា​ធ្លាប់​ប្រើ​ញឹក​ញាប់ និង នៅ​ចេះ​សរ​សេរ​ចំលង​តាម​គេ​កើត​។ ទាំង​ពាក្យ ទាំង​អក្សរ​ចិន​មក​បញ្ជាក់​ផង​ ដូច​ជា​ឈ្មោះ​ស្រុក ឈ្មោះ​របស់​ ឈ្មោះ​ការ​ផ្សាយ​ជា​ដើម​ ខ្ញុំ​ក៏​ចេះ​តែ​កត់​ទុក​ៗ នូវ​អក្សរ​ចិន​ទាំង​នោះ​គ្រាន់​ជា​អែក​សារ​។

សំណាង​មែន​នៅ​ឆ្នាំ ១៩៦២ ខ្ញុំ​បាន​ទទួល​បេ​សក​កម្ម​មួយ​ខាង​វប្បធម៌ អោយ​ខ្ញុំ​ដឹក​នាំ​គណៈ​ប្រតិ​ភូ​អ្នក​និពន្ធ​ខ្មែរ​ ទៅ​កាន់​ប្រ​ទេស​ចិន​។ ខ្ញុំ​នឹក​ជាប់​ក្នុង​ចិត្ដ​ជា​និច្ច​ថា ក្នុង​ដំណើរ​នេះ ខ្ញុំ​នឹង​សាក​សួរ​គេ​រក​អែក​សារ​ស្នា​ដៃ ជីវ​តា​ក្វាន់​ អោយ​បាន​ឃើញ​ ផ្ទាល់​ភ្នែក​តែ​ម្ដង​ បំណាច់​បាន​មក​ជាន់​ដី​ស្រុក​កំណើត​ជីវ​តា​ក្វាន់​ហើយ​។ នៅ​ពេល​ដែល​ខ្ញុំ​ជួប​សន្ទនា​ជា​មួយ​នឹង​រដ្ឋ​មន្រ្ដី​ក្រ​សួង​វប្បធម៌​ចិន ដែល​កាល​នោះ​ជា​ប្រធាន​សមា​គម​អ្នក​និពន្ធ​ចិន​ផង​នោះ ខ្ញុំ​បាន​ស្នើ​នឹង​គេ​អំពី​បំណង​ចង់​ឃើញ និង​ចង់​ចំលង​អែក​សារ​ជីវ​តា​ក្វាន់​នេះ​។ រដ្ឋ​មន្រ្ដី​វប្បធម៌​នោះ​អែង​ ទទួល​រ៉ាប់​រង​បំពេញ​បំណង​ខ្ញុំ​។ យប់​នោះ​ខ្ញុំ​អរ​ក្រៃ​លែង​​អរ​ បន់​អោយ​តែ​ភ្លឺ​ឆាប់ នឹង​បាន​ទៅ​ទស្សនា​បណ្ណា​ល័យ​ជាតិ​របស់​គេ តែ​មិន​ទាន់​បាន​ទៅ​ភ្លាម​ទេ ព្រោះ​មាន​កម្ម​វិធី​ទៅ​ទស្ស​នា​ទី​ឆ្ងាយ​ៗ​ពី​នេះ​សិន​។ ទាល់​តែ​ប្រាំ​ថ្ងៃ​ក្រោយ​មក​ទើប​គេ​នាំ​ខ្ញុំ​ទៅ​កាន់​ទី​ទុក​អែក​សារ​នេះ​ ដែល​គេ​ហៅ​ថា ផ្នែក​ខាង​សៀវ​ភៅ​កំរ​ ស្ថិត​នៅ​ក្នុង​បណ្ណា​ល័យ​ជាតិ​ក្រុង​ប៉េ​កាំង​។ នាយក​បណ្ណា​ល័យ​នាំ​សហ​ការី​គេ​ពីរ​នាក់​ទៀត​នៅ​រង់​ចាំ​ខ្ញុំ គឺ នាយ​ផ្នែក​ខាង​សៀវ​ភៅ​កំរ​ និង​អ្នក​អែក​ទេស​ខាង​ការ​ស្រាវ​ជ្រាវ​ ប្រវត្ដិ​ចុង​បូព៌ា​ប្រ​ទេស​ ឈ្មោះ​ទាសីវ​ម៉េង​ អាយុ​៦៩​ ឆ្នាំ​។​ គឺ​លោក​ ទា សីវ​ម៉េង​ នេះ​ហើយ​ដែល​បាន​រើ​សៀវ​ភៅ​ក្រាស់​ៗ​មួយ​គំនរ​ មក​ចាំ​បង្ហាញ​ខ្ញុំ​ដែល​សុទ្ធ​សឹង​ជា​សៀវ​ភៅ មាន​ស្ដី​ទាក់​ទង​នឹង​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ​ ហើយ​សុទ្ធ​តែ​សៀវ​ភៅ​ដែល​បោះ​ពុម្ព​តាំង​ពី​សត​វត្ស​ទី​ ១៤, ១៥, ១៦ និង ១៧ មក​ម្ល៉េះ​។ គេ​សន្ទនា​នឹង​ខ្ញុំ​យ៉ាង​ច្រើន​ ហាក់​ដូច​ជា​ចង់​ល្បង​ថា តើ​ខ្ញុំ​ទទូច​រក​អែក​សារ​នេះ​ ជា​អ្នក​ចេះ​ដឹង​ខាង​ប្រវត្ដិ​ស្រុក​ទេស​មែន​ទែន​ រឺ​ ក៏​គ្រាន់​តែ​រក​ៗ​ទៅ​ទេ​? ជា​ភ័ព្វ​ល្អ​​ខ្ញុំ​ធ្លាប់​បាន​មើល​អែក​សារ​ច្រើន​ ស្ដី​ពី​ការ​ទាក់​ទង​រវាង​ស្រុក​ទាំង​ពី​រនេះ ហើយ​មុន​នឹង​ទៅ​ស្រុក​គេ​ ក៏​ខ្ញុំ​បាន​កត់​ត្រា​អែក​សារ​នេះ​ច្បាស់​ៗ​ទៀត​ ព្រោះ​បេស​ក​កម្ម​ខ្ញុំ ចំ​លើ​រឿង​វប្ប​ធម៌​នេះ​អែង​ផង​ ម៉្លោះ​ហើយ​ ខ្ញុំ​ឆ្លើយ​នឹង​គេ​រហ័ស​រហួន។​ណាស់ រហូត​គូ​សន្ទនា​ទាំង​បី​នាក់​នោះ នាំ​ខ្ញុំ​ទៅ​ជួប​នឹង​បណ្ឌិត​សភា​ខាង​ប្រ​វត្ដិ​សាស្រ្ដ​ទៀត​។

ក្នុង​បណ្ដា​សៀវ​ភៅ​ក្រាស់​ៗ​ទាំង​នេះ មាន​ខ្លះ​និយាយ​ពី​ស្រុក​យើង​តែ ​១ រឺ​ ២ ទំព័រ​ប៉ុណ្ណោះ​ទេ​ មាន​តែ​មួយ​ប៉ុណ្ណោះ​ដែល​មាន​សេច​ក្ដី​វែង​ក្បោះ​ក្បាយ គឺ​ប្រវត្ដ​ក្នុង​រាជ​សន្ដិ​វង្ស​ម៉ុង​ហ្គោល​ ដែល​មាន​មួយ​ភាគ​ធំ និយាយ​ពី​ការ​ចាត់​អ្នក​កត់​ត្រា​មក​ស្រុក​​ចេន​លា​ គឺ​លោក ជីវ​តាក្វាន់​​នេះ​អែង​។ ខ្ញុំ​សុំ​ចំលង​អត្ថ​បទ​នេះ​ទាំង​ស្រុង​ ដែល​មាន​ចំនួន​៦៣​ទំព័រ​ គេ​ក៏​ព្រម​ថត​ចំលង​ អត្ថ​បទ​នេះ​អោយ​ខ្ញុំ បាន​ជា​ហ្វីល​មួយ​ខ្សែ​វែង​។ លុះ​មក​ដល់​ស្រុក​វិញ​ ខ្ញុំ​ផ្ដិត​ចេញ​ជា​សន្លឹក​អក្សរ​ ហើយ​អនិច្ចា​! នៅ​តែ​ អង្គុយ​មើល​ៗ វាយ​សេច​ក្ដី​មិន​បែក​សោះ​។ ខ្ញុំ​បាន​យក​អក្សរ​ថត​ផ្ដិត​នេះ​ បិទ​ធ្វើ​ជា​សៀវ​ភៅ​មួយ​ ហើយ​យក​ទៅ​តំកល់​ទុក​នៅ​សមាគម​អ្នក​និពន្ធ​ខ្មែរ ព្រោះ​សង្ឃឹម​ក្រែង​ថ្ងៃ​ក្រោយ​ មាន​លោក​ណា​មួយ​ក្នុង​បណ្ដា​អ្នក​និពន្ធ​អ្នក​ស្រាវ​ជ្រាវ​ អាច​ធ្វើ​ការ​បក​ប្រែ​អត្ថ​បទ​នេះ​បាន​។ ស្រាប់​តែ​ពីរ​ឆ្នាំ​ក្រោយ​មក បាត់​សៀវ​ភៅ​នោះ​ជា​អាសារ​បង់​ទៅ​ សួរ​រក​ដើម​ចុង​មិន​ឃើញ​ ខ្ញុំ​នឹក​ថា : អ្នក​ដែល​ឆ្លៀត​បំបាត់​សៀវ​ភៅ​នេះ ពិត​ជា​មាន​បំណង​យក​ទៅ​ធ្វើ​អែក​សារ​ផ្ទាល់ រឺ​ មួយ​លាក់​កំបាំង​កុំ​អោយ​យើង​ ធ្វើ​ការ​បក​ប្រែ​បាន​។ តែ​សំណាង​ល្អ​ ខ្ញុំ​នៅ​សល់​ហ្វីល​ ក៏​ផ្ដិត​បាន​មួយ​ច្បាប់​ទៀត​ ហើយ​ក៏​ចាត់​ចែង​បក​ប្រែ​បោះ​ពុម្ព​អោយ​បាន​ ទោះ​មិន​ទាន់​ហ្មត​ចត់ ក៏​បាន​ជា​ផ្លូវ​សំរាប់​អ្នក​សិក្សា​ អ្នក​ស្រាវ​ជ្រាវ​មួយ​ផ្នែក​ធំ​ដែរ​​។ មួយ​ទៀត​សំរាប់​អ្នក​សិក្សា​បាន​ជា​ប្រភព​មួយ​ទៀត​ប្រៀប​ធៀប​នឹង​ប្រភព​ដទៃ​ៗ​ផង​។ ការ​បក​ប្រែ​នេះ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​យ៉ាង​ខ្លាំង​ ព្រោះ​ខ្ញុំ​ត្រូវ​ការ​ពឹង​រក​អ្នក​ ចេះ​អក្សរ​ចិន​ ហើយ​របៀប​ចិន​បុរាណ​ទៀត​ អែ​អ្នក​ចេះ​ចិន​សម័យ​ថ្មី​ អាន​មិន​យល់​ច្បាស់​វាយ​សេច​ក្ដី​ពុំ​បាន​ន័យ​ឡើយ​។ មិត្ដ​ខ្ញុំ​ម្នាក់​ឈ្មោះ ​អ៉ឹង ឡាយ​ ជា​អ្នក​និពន្ធ​ប្រ​លោម​លោក​ច្រើន​រឿង​ដែរ​ តាំង​ពី​ឆ្នាំ ១៩៥៥ - ៥៦ ហើយ​ត​មក​គាត់​ជា​អ្នក​អែក​ទេស​ប្រែ​រឿង​ភាព​យន្ដ​ចិន​ ទោះ​ជា​រឿង​បុរាណ​ដែល​ប្រើ​ពាក្យ​ជំនាន់​ចាស់​ៗ​ ក៏​គាត់​ធ្លាប់​ជួប​ប្រទះ​គ្មាន​សល់​។ មិត្ដ​ អ៉ឹង ឡាយ​បាន​ធនា​ជួយ​ខ្ញុំ​ពេញ​កំលាំង​។ លោក​ប្រែ​អត្ថ​បទ​នេះ​មួយ​ចប់​អោយ​ខ្ញុំ ហើយ​ត្រង់​ពាក្យ​ណា​ពិបាក​ពេក​គាត់​ដេ ញ​សួរ​ទៅ​វចនា​នុក្រ​ម​ចិន ហើយ​កត់​ទាំង​ពាក្យ​ពន្យល់​ទុក​អោយ​ខ្ញុំ​ផង​។​ មាន​មិត្ដ​ខ្ញុំ​ម្នាក់​ទៀត​ឈ្មោះ ម៉ា អៀត​ ធ្លាប់​ធ្វើ​ ជា​គ្រូប​ង្រៀន​អក្សរ​ខ្មែរ​នៅ​សាលា​ចិន ក៏​បាន​ជួយ​បក​ប្រែ​ខ្ញុំ​មួយ​ចំណែក​ផ្សេង​ទៀត​ដោយ​អន្លើ​ខ្លះ មិន​បាន​ចប់​ចុង​ចប់​ដើម​ទេ​។ ខ្ញុំ​យក​សំណៅ​បក​ប្រែ​ទាំង​ពីរ​នេះ​មក​មើល សំរួល​កែ​កុន​ផ្សំ​បញ្ចូល​គ្នា ដោយ​ផ្ទៀង​ផ្ទាត់​ខ្លះ​ជា​មួយ​អក្សរ​ចិន​ជា​អត្ថ​បទ​ដើម​ ដែល​ខ្ញុំ​មើល​បាន​ដោយ​អន្លើ​ៗ​ ផ្សែ​ផ្សំ​ផង ហើយ​ខ្ញុំ​ផ្ទៀង​ជា​មួយ​នឹង​ស្នា​ដៃ​ប្រែ​របស់​លោក ប៉េ​លិ​យោត ជា​ភាសា​បារាំង​ទៀត​។ ប៉ុន្ដែ​នៅ​តែ​មិន​អស់​ចិត្ដ​។ លុះ​ថ្ងៃ​មួយ​ខ្ញុំ​ជួប​គ្រូ​ចាស់​ខ្ញុំ ដែល​ឥលូវ​អាយុ​៧១​ ឆ្នាំ​ហើយ ឈ្មោះ​លោក តាំង ស៊ុយ​គង់​។​ កាល​ខ្ញុំ​រៀន​អក្សរ​ចិន​ (១៩៤០) លោក​ជា​សាស្រ្ដា​ចារ្យ​ខាង​អក្សរ​សាស្រ្ដ​ ធ្លាប់​ចេះ​ចាំ​រឿង​ព្រេង​សព្វ​គ្រប់​ ជា​អ្នក​សិក្សា​ដោយ​ខ្លួន​អែង តាម​របៀប​ចិន​បុរាណ​។ ឥលូវ​លោក​រស់​នៅ​ជា​មួយ​កូន​ចៅ ដែល​សុទ្ធ​សឹង​ជា​មន្រ្ដី​រាជ​ការ​យើង​ខ្លះ និង​ខ្លះ​ជា​អ្នក​ជំនួញ​។ ខ្ញុំ​ស្នើ​សុំ​អោយ​គាត់​ជួយ​ផ្ទៀង​ជា​មួយ​ខ្ញុំ​។ លោក​តា​ទទួល​ដោយ​រីក​រាយ ពេញ​ចិត្ដ​នឹង​កិច្ច​ការ​នេះ ដូច​មិត្ដ​ខ្ញុំ​ទាំង​ពីរ​ខាង​លើ​ដែរ​។ គាត់​ពន្យល់​ខ្ញុំ​ម្ដង​មួយ​វគ្គ​ៗ ខ្ញុំ​ផ្ទៀង​មើល​ តើ​ត្រូវ​ន័យ​សព្វ​គ្រប់​ដូច​សេច​ក្ដី​ប្រែ​របស់​ខ្ញុំ​រឺ​ទេ​? បើ​ខ្វះ​ខ្លះ​ខ្ញុំ​ ក៏​បន្ថែម​ បើ​មិន​ងាយ​យល់​ ខ្ញុំ​ក៏​ធ្វើ​ន័យ​លក្ខណៈ​ នព្យល់​ខាង​ក្រោម​តាម​គាត់​ប្រាប់​។ អស់​រយៈ​បី​ខែ​ទៀត​ ទើប​បាន​សំរេច​យក​សេច​ក្ដី​បាន ហើយ​ដែល​ចាត់​ការ​បោះពុម្ព​ពេល​នេះ​។

ម្យ៉ាង​ទៀត​ អំពី​សំនៀង​ភាសា​ចិន មាន​ច្រើន​យ៉ាង​តាម​គ្រាម​ភាសា (Dialeeles) ដូច​ជា​ភាសា​ប៉េ​កាំង ស៊ាង​​ហៃ កន្ដាំង ទាជីវ​ ហុក​គៀន​៘ ខ្ញុំ​សូម​បញ្ជាក់​ថា លោក​ជីវ​តា​ក្វាន់ មាន​ដើម​កំណើត​នៅ​វ៉េង​តា ខែត្រ​ ជាក់​កាង ក្នុង​ភូមិ​ភាគ​ចិន​ខាង​ត្បូង​។ ដូច្នេះ​សំដី​ភាសា​លោក​ក៏​ពិសេស​តាម​ស្រុក​នោះ​ដែរ​។ តែ​មក​ដល់​ប្រ​ទេស​ចេន​លា​គ្មាន​ចិន​ស្រុក​គាត់​មក​នៅ​ទេ មាន​តែ​ចិន​ខែត្រ គង់​ទុង រឺ ក្វាង​តាំង ខ្មែរ​យើង​ធ្លាប់​ហៅ ​ចិន​កន្ដាំង ចិន​ទា​ជីវ​នេះ​អែង​ មក​រស់​នៅ​។ ម្លោះ​ហើយ​សំលេង​ពាក្យ​ដែល​គាត់​ប្រែ​ពី​ខ្មែរ​ទៅ​ពិបាក​ស្ដាប់​ណាស់ ព្រោះ​តាម​សំនៀង​ពួក​កន្ដាំង​ និង ទា​ជីវ​ជា​អ្នក​ប្រែ​អោយ​គាត់​ផង និង​តាម​សំនៀង​ភាសា​ផ្ទាល់​របស់​ស្រុក​កំណើត​គាត់​ផង​។ ក្នុង​ការ​បក​ប្រែ​នេះ យើង​ខ្ញុំ​សំរេច​គ្នា​ថា យក​តាម​សំនៀង​ចិន​ទា​ជីវ​ជា​គោល​ ព្រោះ​មាន​តែ​ចិន​ទាជីវ​ទេ ដែល​រស់​នៅ​ភាគ​ច្រើន​លើស​លុប​គេ​ក្នុង​ស្រុក​ខ្មែរ​ ហើយ​អ្នក​ចេះ​ភាសា​ចិន រឺ​ ក៏​ពាក្យ​ខ្មែរ​ខ្លះ ដែល​ក្លាយ​មក​ពី​ចិន​សុទ្ធ​តែ​អាន​តាម​សំនៀង​ចិន​ទា​ជីវ​ទាំង​អស់​។ ដូច្នេះ​ខ្ញុំ ​សូម​អភ័យ​ទោស​ជា​មុន ពី​សំណាក់​លោក​អ្នក​ដែល​ចេះ​ចិន​ជ្រៅ​ជ្រះ​ ក្រែង​លោ​ខ្ញុំ និងគ្នី​គ្នា​ខ្ញុំ​ ផ្សំ​គ្នា​ប្រែ​នេះ​មិន​ទាន់​សព្វ​គ្រប់​ខ្វះ​ចន្លោះ​ពាក្យ​ពេចន៍​។

ភ្នំពេញ ខែមិថុនា គ.ស. ១៩៧១ លី ធាមតេង