១៣. អំពី​ពេល​ចូល​ឆ្នាំ

មន្ត្រី និង​ញាតិវង្ស​ទាំងអស់​ចែក​គ្នា​​កាន់​ទៀន និង​ម្លូ​ស្លា​ដែល​ជា​ហេតុ​នាំ​អោយ​ចំណាយ​អស់​ប្រាក់​យ៉ាង​ច្រើន​។ នៅ​ក្នុង​ពិធី​នេះ ស្ដេច​បាន​អញ្ជើញ​ពួក​ទូត​បរទេស​ទៅ​ចូល​រួបរួម​ផង​ដែរ​។ គេ​ធ្វើ​ដូច​នេះ អស់​រយៈ​កន្លះ​ខែ​បាន​ចប់​។ នៅ​ក្នុង​ខែ​នីមួយៗ​សុទ្ធ​តែ​មាន​ពិធី​បុណ្យ​ដែរ ដូច​ជា​នៅ​ខែ​ទី​៤ គេ​បោះ​ឈូង ខែ​ទី​៩ ធ្វើ​អ៊ាបឡាក់(2) ពិធី​នេះ​គេ​ហៅ​ប្រជុំ​មនុស្ស​មក​ចូល​ក្នុង​ទីក្រុង ហើយ​ហាត់​ក្បួន​ដើរ​ដង្ហែ​កាត់​មុខ​វាំង​។ ខែ​ទី​៥ គេ​ទទួល​យក​ទឹក​មន្ត​ព្រះពុទ្ធ ពី​គ្រប់​ទីជិត​ឆ្ងាយ​ពេញ​ទាំង​អាណាចក្រ យក​មក​ស្រោច​ស្រង់​ថ្វាយ​ព្រះរាជា​ជំរះ​កាយ ហើយ​អុំ​នាវា​នៅ​លើ​គោក (អុំ​ទូក​គោក) ឯ​ស្ដេច​យាង​ឡើង​លើ​កើយ​ប្រាសាទ ទត​មក​ពិធី​នេះ​។ ខែ​ទី​៧ ធ្វើ​ពិធី​ដុត​ភ្នំ​ស្រូវ​។ ពេល​នោះ ស្រូវ​ទើប​នឹង​ទុំ​ថ្មី គេ​ទទួល​យក​មក​តាម​ទ្វារ​ខាង​ត្បូង ហើយ​គេ​គរ​ដុត ថា​ជា​ការ​បូជា​ចំពោះ​ព្រះពុទ្ធ​។ មាន​ស្រីៗ​ជា​ច្រើន​ណាស់​ជិះ​រទេះ ឬ​ជិះ​ដំរី នាំ​គ្នា​មក​មើល​ពិធី​នេះ ឯ​ព្រះ​រាជា​មិន​ចេញ​មក​ក្រសាល​ទត​ពិធី​នេះ​ទេ ទ្រង់​គង់​នៅ​ឯ​ព្រះដំណាក់ ។ ខែ​ទី​៨ ធ្វើ​ពិធី អៃឡាំ ពិធី​នេះ​គឺ​គេ​រាំ​រែក​។ គេ​ចាត់​អ្នក​រាំ និង​អ្នក​ភ្លេង​ពូកែៗ​អោយ​ចូល​ទៅ​រាំ​អៃឡាំ(3) ឯ​ក្នុង​វាំង​រាល់ៗ​ថ្ងៃ​។ ក្រៅពី​នេះ​មាន​ប្រជល់​ជ្រូក និង​ប្រជល់​ដំរី​ទៀត​។ ពិធី​នេះ ស្ដេច​ក៏​អញ្ជើញ​ពួក​ទូត​ប្រទេស​ក្រៅ​ចូល​ទស្សនា​ផង​ដែរ ។ គេ​ធ្វើ​ដូច្នេះ រហូត​ដល់​គ្រប់​ដប់​ថ្ងៃ ។ ឯ​ខែ​ដទៃ​ទៀត ខ្ញុំ​មិន​បាន​កត់​ត្រា​អោយ​ច្បាស់​លាស់​ទេ​។ អ្នក​ស្រុក​នេះ ក៏​មាន​អ្នក​ចេះ​វិជ្ជា​តារា​សាស្ត្រ​ដូច​ចិន​ដែរ អាច​នឹង​ដេញ​រក​ថ្ងៃ​ខែ​ណា​ធំ​តូច​ ឬ​សូរ្យគ្រាស ចន្ទគ្រាស​ដែរ តែ​ថ្ងៃខែ​ធំ​តូច​នេះ មិន​ដូច​គ្នា​នឹង​ប្រទេស​ចិន​ទេ​។ បើ​ឆ្នាំ​ណា​ជា​ឆ្នាំ​អធិកមាស គេ​ក៏​មាន​លើក​ខែ​ដែរ​។ ខែ​ដែល​ត្រូវ​លើក​នោះ គឺ​ខែ​ទី​៩(4) ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​ការ​នេះ​សព្វ​គ្រប់​ទេ​។ ក្នុង​មួយ​យប់ គេ​ចែក​ចេញ​ជា​ប្រាំ​យាម​។ ប្រាំពីរ​ថ្ងៃ​រាប់​ជា​មួយ​ជុំ គឺ​ដូច​គ្នា​នៅ​ស្រុក​ចិន ហៅថា កាយពីភៀនជូ​។

អ្នក​ស្រុក​នេះ គ្មាន​ប្រើ​នាម​ត្រកូល (សែ) គ្មាន​ឈ្មោះ ហើយ​មិន​ចេះ​កត់​ថ្ងៃ​ខែ​កំណើត​ផង ភាគ​ច្រើន គេ​យក​ឈ្មោះ​ថ្ងៃ​ដែល​កើត ហៅ​ជា​ឈ្មោះ​មនុស្ស​។ តាម​ក្បួន​យាម​ថា ក្នុង​មួយ​សប្ដាហ៍ មាន​ពីរ​ថ្ងៃ​ល្អ​បំផុត បី​ថ្ងៃ​ល្អ​មធ្យម ពីរ​ថ្ងៃ​អាក្រក់ ហើយ​ថ្ងៃ​ណា​ត្រូវ​ចេញ​ដំណើរ​បែរ​មុខ​ទៅ​ទិស​បូព៌ ឬ​ត្រូវ​ឆ្ពោះ​ទៅ​ទិស​បស្ចិម​។ ពួក​ស្រីៗ​ក៏​ចេះ​រាប់​ថ្ងៃ​ខែ​ដែរ​។ ឆ្នាំ​ទាំង ១២​មាន​យក​សត្វ​ជា​ដំណាង​ដូច​ឆ្នាំ​របស់​ចិន​ដែរ តែ​គេ​ហៅ​ឈ្មោះ​ខុស​គ្នា ឧបមា​ដូច​គេ​ហៅ​ឆ្នាំ​សេះ​ថា ប៉ុក​សាយ ឆ្នាំ​មាន់​ហៅ​ថា ឡាក់ ឆ្នាំ​ជ្រូក​​ហៅ​ថា ចេក​លូ និង​ឆ្នាំ​គោ ហៅ គូ ជា​ដើម​។

១៤. អំពី​ការ​កាត់​ក្ដី

រឿង​ប្រជារាស្ត្រ​ក្ដីក្ដាំ​គ្នា ពិត​មែន​តែ​ជាការ​តូច​តាច​ ប៉ុន្តែ​ជាការ​មួយ​គួរ​អោយ​ចង់​ដឹង​ចង់​លឺ​ដែរ​។ រឿង​ក្ដី​ក្ដាំ​របស់​រាស្ត្រ សុទ្ធ​តែ​ឡើង​គាល់​រហូត​ដល់​ស្ដេច​អោយ​ជម្រះ​ក្ដី​។ ដើម​ឡើយ​ស្ដេច​ឥត​មាន​វាយ​តប់​ដោយ​រំពាត់​ធំ​ឬ​តូច​ឡើយ មាន​តែ​ពិន័យ​ជា​មាស​ប៉ុណ្ណោះ​។ បើ​អ្នក​នោះ​មានៈ​មិន​ព្រម​ធ្វើ​តាម ឬ​មាន​ទោស​ធ្ងន់​នោះ គេ​មិន​ចាប់​ចង​យក​ទៅ​ប្រហារ​ជីវិត​ដែរ គ្រាន់​តែ​នាំ​ចេញ​ទៅ​ទ្វារ​ខាង​លិច ហើយ​អោយ​ជីក​រណ្ដៅ​កប់​អ្នក​ទោស​នោះ និង​យក​ដី​ឬ​ថ្ម​កប់​គ្រប​ពី​លើ​ប៉ុណ្ណោះ ។

ទោស​ស្រាល​បន្ទាប់​មក គឺ​កាត់​ម្រាម​ដៃ​ជើង មាន​ខ្លះ​ត្រូវ​គេ​កាត់​ច្រមុះ​ចោល​ក៏​មាន​ដែរ​។ រឿង​សហាយ​ស្មន្ធ និង​លេង​ល្បែង ឥត​មាន​ហាម​ឃាត់​ទេ។ បើ​ប្ដី​របស់​ស្រី​ដែល​មាន​សហាយ​នោះ​ដឹង គេ​យក​ឈើ​ពីរ ទៅ​ចង​គាប​ជើង​របស់​ប្រុស​សហាយ​នោះ​អោយ​ឈឺ​ស្ទើរ​នឹង​ស្លាប់​។ បក្ស​ពួក​ខាង​ប្រុស​ទាំង​ប៉ុន្មាន​ត្រូវ​រួច​ខ្លួន​។ ឯ​អ្នក​ដែល​ផ្ដើម​គំនិត​បោក​ប្រាស់​គេ ត្រូវ​មាន​ទោស​ដែរ​។ បើ​មាន​មនុស្ស​ស្លាប់​នៅ ​នឹង​ ទ្វារ​កំពែង គេ​យក​ខ្សែ​ចង​អូស​ទៅ​ទី​វាល​ក្រៅ​ទីក្រុង​ ហើយ​សម័យ​នោះ គ្មាន​ការ​ពិនិត្យ​សាកសព​អ្វី​ទេ​។ បើ​គេ​ចាប់​បាន​ចោរ ក៏​អាច​នាំ​ទៅ​ឃុំ​ឃាំង​សួរ​ចម្លើយ​ដែរ តែ​មាន​ការ​គួរ​អោយ​អស់​សំណើច គឺ​ថា​បើ​គេ​សង្ស័យ​ថា​ជន​នោះ​ជា​ចោរ ហើយ​ជន​នោះ​មិន​ព្រម​ទទួល​សារភាព គេ​នឹង​យក​ខ្ទះ​មក​ដាំ​ខ្លាញ់​អោយ​ក្ដៅ​មែនទែន ហើយ​គេ​អោយ​ជន​នោះ លូក​ដៃ​ទៅ​ក្នុង​ខ្លាញ់​កំពុង​ពុះ​នោះឯង​។ បើ​ជន​នោះ​ជា​ចោរ​មែនក៏​ត្រូវ​រលាក​រលួយ​ដៃ បើ​មិន​មែន​ជា​ចោរ​ទេ ឥត​មាន​រលាក​ឡើយ​។ គេ​ប្រាប់​ខ្ញុំ​ថា អ្នក​ស្រុក​នេះ​ចេះ​មន្ត​អាគម​ពូកែ​ណាស់​។ ម៉្យាង​ទៀត បើ​មាន​គ្រួសារ​ពីរ​ក្ដី​ក្ដាំ​គ្នា ហើយ​រក​កាត់​សេចក្ដី​ថា នរណា​ត្រង់​វៀច​មិន​កើត គេ​ធ្វើ​ដូច្នេះ នៅ​ពី​មុខ​វាំង​មាន​ប្រាសាទ​ថ្ម​តូចៗ ១២ ខ្នង ហើយ​បញ្ជា​កូន​ក្ដី​អោយ​ចូល​ទៅ​អង្គុយ​ក្នុង​ប្រាសាទ​នោះ​មួយ​ម្នាក់​។​ គេ​អោយ​អង្គុយ​តាំង​ពី​មួយ​ថ្ងៃ ពីរ បី ឬ​បួន​ថ្ងៃ​ទៅ បើ​នរណា​ដែល​ជា​អ្នក​ធ្វើ​ខុស​នឹង​ច្បាប់​នោះ ពិត​ជា​មាន​ភស្តុតាង​លេច​ឡើង​មិន​ខាន គឺ​បើ​មិន​ចេញកម​រមាស់​ទេ ក៏​ក្អក​ក្ដៅ​ផ្ដាសាយ​ដែរ​។ ឯ​អ្នក​ទៀង​ត្រង់​ឥត​មាន​ផល​រមាស់​អ្វី​ឡើយ​។ ការ​វិនិច្ឆ័យ​ដូច្នេះ គេ​ហៅ​ថា គុក​សួគ៌(5)។ រឿង​ធ្វើ​ដូច្នេះ​​បាន មក​ពី​ព្រះ​ភូមិ​រក្សា​ទឹក​ដី​របស់​គេ ពូកែ​សក្តិសិទ្ធិ​ណាស់ ទើប​គេ​អាច​ធ្វើ​ដូច្នេះ​ទៅ​កើត​។

១៥. អំពី​ជំងឺ​ស្រែង(6)

អ្នក​ស្រុក​មាន​កើត​ជំងឺ​ស្រែង​ច្រើន​គ្នា​ណាស់ មក​ពី​គេ​ចូល​ចិត្ត​មុជ​ត្រាំ​ក្នុង​ទឹក ហើយ​ឧស្សាហ៍​កក់​លាង​សក់​ក្បាល តែង​មាន​កើត​ជំងឺ​ស្រែង​ច្រើន​ណាស់​។ នៅ​តាម​ផ្លូវ​ធ្លា ពួក​នេះ​មិន​សូវ​អៀន​ខ្មាស​ទេ​។ ខ្ញុំ ​លឺ​គេ​ថា ពួក​ទាំង​នេះ​តែ​គេ​រួមរ័ក​គ្នា​ភ្លាម គេ​ចុះ​ទៅ​ងូត​ទឹក​ហើយ ដូច្នេះ​តែង​មាន​ជំងឺ​មួល បណ្ដាល​អោយ​ស្លាប់​អស់ ៨-៩ នាក់​ដែរ ក្នុង​បណ្ដា​មួយ​ពាន់​នាក់​។ នៅ​ទីផ្សារ មាន​លក់​ថ្នាំ​សំរាប់​កែ​រោគ​ដែរ តែ​មិន​ដូច​ថ្នាំ​ចិន​ទេ មិន​ដឹង​ជា​ថ្នាំ​អ្វី​ឡើយ ថែម​ទាំង​មាន​គ្រូ​មន្ត​អាគម​ដើរ​ព្យាបាល​រោគ​អោយ​គេ​ជា​ការ​គួរ​អស់​សំណើច​ ណាស់ ។

១៦. អំពី​មរណភាព

មនុស្ស​ស្លាប់ គេ​ឥត​មាន​ដាក់​ក្ដារ​មឈូស​ទេ គេ​យក​តែ​កន្ទេល​ក្រាល​ពី​ក្រោម យក​កំណាត់​សំពត់​គ្រប​ពី​លើ ហើយ​គេ​យក​ទៅ​ព្រៃ​ហើយ​។ កាល​ពី​ដើម គេ​ក៏​ប្រើ​ទង់​ព្រលឹង​ និង​ភ្លេង​ភ្លាត់​ហែ​ខ្មោច​ដែរ ហើយ​គេ​លីង​លាច​ពី​មុខ បាច​តាម​ផ្លូវ​នាំ​មុខ​ខ្មោច លុះ​សែង​ទៅ​ដល់​ក្រៅ​ក្រុង​ដល់​កន្លែង​ណា​ស្ងាត់​ គេ​ដ៏​ដាក់​ចោល​ខ្មោច​នោះ​ហើយ​ត្រឡប់​មក​វិញ​។ បើ​​មាន​សត្វ​ខ្លែង ឬ​តិរច្ឆាន​អ្វី​ដទៃ​ទៀត​ស៊ី​ខ្មោច​នោះ​អស់​មួយ​រំពេច​ទៅ គេ​ថា​ឪពុក​ម្ដាយ​នោះ មាន​ភ័ព្វ​បានសុខសប្បាយ​ល្អ​ណាស់ តែ​បើ​គ្មាន​សត្វ​ស៊ី​សោះ ឬ​មាន​ស៊ី​ដែរ​តែ​មិន​អស់​វិញ គេ​បែរ​ជា​យល់​ថា ឪពុក​ម្ដាយ​នេះ​មាន​ពៀរ​មាន​ទោស​ទើប​បាន​ជា​ដូច្នេះ​។

លុះ​មក​ដល់​គ្រា​ឥឡូវ​នេះ មាន​គេ​យក​ខ្មោច​ទៅ​ដុត​បូជា​ខ្លះៗ​ហើយ​។ ពួក​អ្នក​ដែល​មាន​ជាប់​ពូជ​ជា​កូន​ចៅ​ចិន ឪពុក​ម្ដាយ​ស្លាប់​ទៅ គេ​ឥត​ស្លៀក​ពាក់​ស​កាន់​ទុក្ខ​ទេ​។ ប្រុស​គ្រាន់​តែ​កោរ​សក់ ស្រី​គេ​គ្រាន់​តែ​កាត់​សក់​ខាង​មុខ​ធ្លាក់​មក​លើ​​ថ្ងាស់​ប៉ុន​មួយ​ទះ ក៏​ចាត់​ជា​ការ​កាន់​ទុក្ខ​ហើយ​។ ចំណែក ​ស្ដេច​វិញ មាន​ប្រាសាទ​សំរាប់​កប់ ប៉ុន្តែ​មិន​ដឹង​ជា​កប់​ខ្លួន​ទាំង​មូល ឬ​កប់​តែ​ឆ្អឹង​ទេ​។

១៧. អំពី​ការ​ភ្ជួរ​ដាំ

ប្រហែល​ជា​ ក្នុង​មួយ​ឆ្នាំ គេ​អាច​សាប​ព្រោះ​ និង​ច្រូត​ស្រូវ​បាន​បី ឬ​បួន​លើក ពីព្រោះ​រដូវ​ទាំង​បួន​មាន​ធាតុ​អាកាស​ស្រួល​ល្អ ដូច​ជា​នៅ​ខែ​ទី​៥ ទី​៦ ដែរ​។ ម៉្យាងទៀត ស្រុក​នេះ​គេ​មិន​ស្គាល់​ដូច​ម្ដេច​ថា​ធ្លាក់​ព្រិល ឬ​ទឹកកក​ឡើយ​។ ស្រុក​គេ​​កន្លះ​ឆ្នាំ​មាន​ភ្លៀង កន្លះ​ឆ្នាំ​ឥត​មាន​ភ្លៀង​សោះ​។ ចាប់​តាំង​ពី​ខែ​៤ ដល់​ខែ​ទី​៩ តែ​ដល់​ពេល​រសៀល មាន​ភ្លៀង​ធ្លាក់​រាល់​ថ្ងៃ ទឹក​នៅ​ក្នុង​សមុទ្ទ​ទឹក​សាប (ទន្លេសាប) ជោរ​ឡើង​មាន​កំពស់ ៧០ ឬ ៨០​ហត្ថ​។ ដើម​ឈើ​ធំៗ ​លិច​នៅ​សល់​តែ​ចុង ឯ​ពួក​អ្នក​ស្រុក​រស់​នៅ​ក្បែរ​មាត់​ទឹក​នោះ​បាន​នាំ​គ្នា​រើ​លំនៅ​មក​ជ្រក​ ខាង​ក្រោយ​ភ្នំ​វិញ​។

ចាប់​ពី​ខែ​ទី​ ១០ ដល់​ខែ​ទី​៣ នៃ​ឆ្នាំ​ថ្មី គ្មាន​ភ្លៀង​មួយ​តំណក់​ទេ នៅ​ក្នុង​សមុទ្ទ​ទឹក​សាប​នោះ ធ្វើ​ដំណើរ​បាន​តែ​ដោយ​កូន​នាវា​តូចៗ​ទេ​។ ត្រង់​កន្លែង​ទឹក​ជ្រៅ មាន​ជំរៅ​តែ​ត្រឹម ៣ ឬ ៥​ហត្ថ​​ប៉ុណ្ណោះ​។ ពេល​នោះ​អ្នក​ស្រុក​រើ​ទី​លំនៅ​ទៅ​នៅ​មាត់​ទឹក​ធ្វើ​ការ​ភ្ជួរ​ដាំ​វិញ​។ ចំពោះ​ស្រូវ​ដល់​ទៅ​ពេល​ណា​ទុំ ក៏​ត្រូវ​ពេល​ទឹក​ឡើង​ដល់​ល្មម​។ គេ​សាប​ព្រោះ​ដាំ​តាម​កន្លែង​ដី​របស់​គេ​រក្សា​រៀង​ខ្លួន​។ គេ​ភ្ជួរ​ស្រែ​ដោយ​មិន​បាច់​ប្រើ​គោ​ទេ​។ ចប និង ​កណ្ដៀវ​របស់​គេ ពិត​មែន​តែ​មាន​សណ្ឋាន​ប្រហាក់​ប្រហែល​គ្នា​នឹង​របស់​ចិន​ដែរ តែ​មិន​ដូច​គ្នា​ឡើយ​។

មាន​ស្រែ​ព្រៃ​ មួយ​បែប​ទៀត គេ​មិន​ព្រោះ​ដូច​ស្រូវ​ធម្មតា​ទេ ស្រូវ​ដែល​គេ​ព្រោះ​នោះ​ចេះ​លូត​ឡើង​តាម​ទឹក​ បើ​ទឹក​ឡើង​ដល់​កំពស់ ១០ ហត្ថ ក៏​ស្រូវ​លូត​លាស់​កំពស់​នោះ​ដែរ​។ នេះ​ប្រហែល​ជា​ពូជ​ស្រូវ​មួយ​បែប​ផ្សេង​ទៀត​ហើយ​។ ស្រែ​អំពក និង​ថ្នាល​បន្លែ គេ​មិន​ប្រើ​គ្រឿង​ស្មោគគ្រោក​ដែល​ជា​ហេតុ​នាំ​អោយ​មិន​ស្អាត​នោះ​ទេ​។ ពួក​ចិន​ដែល​ទៅ​ដល់​ស្រុក​នោះ ក៏​គេ​មិន​ហ៊ាន​និយាយ​រឿង​ពាង​លាមក​នៅ​ប្រទេស​ចិន​អោយ​ពួក​នោះ​ដឹង​ដែរ ព្រោះ​ខ្លាច​គេ​មើល​ងាយ​។ នៅ​ក្នុង​ផ្ទះ​ពីរ​បី​ខ្នង គេ​ជីក​រណ្ដៅ​បង្គន់​អាចម៍​មួយ​ហើយ​គេ​ប្រក់​ស្បូវ​។ ដល់​កាល​ណា​ពេញ​ទៅ​នោះ គេ​លប់​ចោល​វិញ ហើយ​ទៅ​ជីក​រណ្ដៅ​មួយ​ទៀត​។ នៅ​រាល់​ពេល​ដែល​បន្ទោរ​បង់​រួច​ គេ​តែង​តែ​ចុះ​ទៅ​លាង​ឯ​ក្នុង​ស្រះ​អោយ​បាន​ស្អាត​ជានិច្ច តែ​គេ​យក​តែ​ដៃ​ឆ្វេង​ទៅ​លាង​ទេ ឯ​ដៃ​ស្ដាំ គេ​ទុក​បរិភោគ​បាយ​។ ពួក​គេ​មើល​ឃើញ​ជនជាតិ​ចិន​ចូល​បង្គន់​ហើយ យក​ក្រដាស​កិត​គេ​សើច ថែម​ទាំង​មិន​ចង់​អោយ​ឡើង​លើ​ផ្ទះ​គេ​ទៀត​ផង​។ ស្រីៗ​ស្រុក​នេះ បត់​ជើង​តូច​ក៏​ឈរ​ដូច​ប្រុស​ដែរ ជា​ការ​គួរ​អោយ​អស់​សំណើច​ណាស់​។

១៨. អំពី​ទឹក​ដី

ចាប់​តាំង​ពី​ចូល​ក្នុង​ស្រុក ចេងផូវ មក ខ្ញុំ​មើល​ឃើញ​សុទ្ធ​តែ​ព្រៃ​ឈើ​វែង​អន្លាយ នៅ​តាម​មាត់​ទន្លេ​ដ៏​ធំ​ធេង មាន​ដើម​ឈើ​ធំ​ចាស់​បុរាណ និង​គុម្ព​ផ្ដៅ​ស៊ុប​ទ្រុប​ចម្ងាយ​រាប់​រយ​លី ហើយ​មាន​សម្លេង​បក្សាបក្សី​ស្រែក​ទ្រហឹង​អឺងកង នៅ​ទី​នោះ​ផង ។ លុះ​ទៅ​ដល់​ពាក់​កណ្ដាល​ទន្លេ ទើប​មើល​ទៅ​ឃើញ​វាល​ស្រែ​ដ៏​ធំធេង គ្មាន​ឃើញ​ដើម​ឈើ​មួយ​ដើម​ឡើយ គេ​មើល​ទៅ​ឃើញ​តែ​ស្រូវ​ទុំ​នៅ​សព្វ​ទិស​ទី​ប៉ុណ្ណោះ​។ មាន​សត្វ​គោ​ព្រៃ​រាប់​រយ​រាប់​ពាន់ បាន​មក​ផ្ដុំ​គ្នា​ជា​ហ្វូង​នៅ​ទី​នោះ​។ មាន​ឫស្សី​ដុះ​ជាប់​គ្នា​ជា​ដង​ព្រៃ មាន​ចំងាយ​រាប់​រយ​លី ហើយ​ឫស្សី​ទាំង​នោះ​មាន​ជួរ​បន្លា​នៅ​ត្រង់​គ្រប់​ថ្នាំង​។ ទំពាំង​ឫស្សី​មាន​រស​ជាតិ​ហាង​ខ្លាំង​ណាស់ ហើយ​និង​មាន​ភ្នំ​នៅ​គ្រប់​ទិស​ទាំង​បួន​ទៀត​ផង ។

១៩. អំពី​ផលានុផល

ស្រុក​នេះ​មាន​ភ្នំ​ច្រើន និង​មាន​ដើម​ឈើ​ប្លែកៗ​។ កន្លែង​ណា​ដែល​គ្មាន​ដើម​ឈើ​ទេ គឺ​ជា​កន្លែង​ដែល​សត្វ​រមាស និង​ដំរី​រស់​នៅ​។ ពពួក​សត្វ​ស្លាប​ដ៏​មាន​តំលៃ និង ​សត្វ​ម្រឹគ​ដ៏​ប្លែកៗ មាន​ច្រើន​ឥត​គណនា ។ មាន​សត្វ​ចចាត​ពណ៌ និង​រោម​ល្អិត ភ្លុក​ដំរី កុយរមាស ឃ្មុំ​ផ្លិត​ធំៗ ឈើ​ចន្ទន៍​ក្រស្នា ក្រវាញ ជ័រចុង បញ្ញើ​ក្អែក (ជីកេង) ប្រេង​សំរោង (តៃហួងជឺ)... ។

ចចាត​ជា​ សត្វ​ព្រៃ​មួយ​បែប គេ​កម្រ​ចាប់​វា​បាន​ណាស់ ។ នៅ​ក្នុង​ព្រៃ​មាន​ស្រះ ឬ​ត្រពាំង ហើយ​នៅ​ក្នុង​ទឹក​នោះ​ មាន​ត្រី​ជា​ច្រើន ។ សត្វ​ចចាត វា​ហើរ​ចេញ​ពី​ព្រៃ​មក​ចាប់​ត្រី​នោះ​ជា​អាហារ ។ ពួក​អ្នក​ព្រៃ គេ​យក​ស្លឹក​ឈើ​បិទ​បាំង​ខ្លួន ហើយ​ទៅ​អង្គុយ​នៅ​ក្បែរ​មាត់​ទឹក ។ គេ​យក​មេ​ចចាត​ធ្នាក់​មួយ​ដាក់​ក្នុង​ទ្រុង ដើម្បី​នឹង​បញ្ឆោត​ចាប់​យក​ចចាត​ឈ្មោល គឺ​នៅ​នឹង​ដៃ​គេ​មាន​កាន់​កូន​លប់​មួយ​ទៀត រង់​ចាំ​កាល​ណា​ចចាត​ឈ្មោល​នោះ​មក​ជិត គេ​ក៏​គ្រប​លប់​នោះ​យក​វា​។ គេ​ធ្វើ​របៀប​នេះ​ក្នុង​មួយ​ថ្ងៃ​ទាល់​ល្ងាច ជួន​កាល​ចាប់​ឥត​បាន​សោះ​ក៏​មាន​ដែរ​។ ភ្លុក​ដំរី មាន​តែ​អ្នក​ដែល​នៅ​ក្នុង​រូង​ភ្នំ​ឆ្ងាយ​ដាច់​ស្រយាល​ពី​គេ ទើប​រក​បាន​។ ដំរី​មួយ​ស្រុត​ស្លាប់​ទៅ​នៅ​សល់​តែ​ភ្លុក​មួយ​គូ​ប៉ុណ្ណោះ​។ ដូច្នេះ​ពាក្យ​ដែល​គេ​ធ្លាប់​និយាយ​ថា សត្វ​ដំរី​ក្នុង​មួយ​ឆ្នាំ​ប្ដូរ​ភ្លុក​ម្ដង​នោះ​មិន​ពិត​ទេ​។ ភ្លុក​ណា​ដែល​ចាក់​នឹង​ច្បូក ឬ​លំពែង​បាន​មក គេ​ទុក​ជា​ភ្លុក​ល្អ​លេខ​មួយ បើ​ភ្លុក​ដែល​គេ​បាន​ដោយ​ឃើញ​ថា​ស្រុត​ស្លាប់​ខ្លួន​វា​ភ្លាម​គេ​ចាត់​ជា​​ភ្លុក​ល្អ​លេខ​ពីរ បើ​គេរើស​បាន​ដោយ​ដំរី​ស្លាប់​យូរ​ឆ្នាំ​ចោល​នៅ​ក្នុង​រូង​ភ្នំ គេ​ចាត់​ជា​ធុន​អន់​ជាង​គេ​។

ក្រមួន​ ឃ្មុំ​គេ​រក​បាន​ពី​ដើម​ឈើ​ចាស់ៗ នៅ​ក្នុង​ភូមិ​ដែល​សត្វ​ឃ្មុំ​មួយ​ប្រភេទ​មាន​ចង្កេះ​ស្ដួច​ឆ្មារ ដូច​សត្វ​អង្ក្រង វា​ធ្វើ​សំបុក​។ អ្នក​ស្រុក​ដែល​ទៅ​យក​ឃ្មុំ តាម​ទូក​តូចៗ គេ​អាច​ដាក់​បាន​ពីរ​បី​ពាន់​ផ្លិត​។ ផ្លិត​ណា​ដែល​ធំ​ជាង​គេ​មាន​ទម្ងន់​ដល់​ទៅ ៣០-៤០ នាឡិ ឯ​ផ្លិត​ណា​ដែល​តូច​ក៏​មិន​តិច​ជាង​ ១៨ ឬ ១៩ នាឡិ​ដែរ​។ កុយ​រមាស​ណា​ដែល​ពណ៌​ស ហើយ​មាន​ផ្កា គេ​ចាត់​ទុក​ជា​កុយ​ល្អ ហើយ​បើ​ខ្មៅ​វិញ គេ​ទុក​ជាកុយ​អន់​មិន​សូវ​ល្អ​។ ឈើ​ចន្ទន៍​ក្រស្នា ដុះ​តែ​នៅ​ក្នុង​ព្រៃ​ស្បាត​ព្រៃ​ស្ដុក​។ អ្នក​ស្រុក​ទៅ​កាប់​យក​មក​បាន​ដោយ​ពិបាក​ណាស់ ព្រោះ​ជា​ឈើ​ដែល​មាន​ខ្លឹម​។ ឈើ​នេះ​មាន​សាច់​ស្រាយ​កម្រាស់ ៨ ឬ ៩ តឹក​។ ទោះ​បី​ដើម​តូច​ក៏​មាន​សាច់​ស្រាយ ៤ ឬ ៥ តឹក​ដែរ​។ ក្រវាញ គឺ​ជា​ពួក​អ្នក​ព្រៃ​គេ​ដាំ​នៅ​លើ​ភ្នំ​។ ជ័រ​ចុង គឺ​ជា​ជ័រ​ឈើ​មួយ​យ៉ាង​ដែល​អ្នក​ស្រុក​នេះ គេ​យក​កាំបិត​ទៅ​ចោះ​ឈើ​សម្រក់​ជ័រ​មុន​មួយ​ឆ្នាំ ដល់​ឆ្នាំ​បន្ទាប់​មក​ទើប​គេ​ទៅ​យក​ជ័រ​នោះ​មក​។ បញ្ញើ​ក្អែក​ជីកេង (អ័រគីដេ?) ដុះ​នៅ​លើ​មែក​ឈើ​មួយ​ប្រភេទ ដូច​គ្នា​នឹង​ដើម​មន​ដែល​ដុះ​ផ្ញើ​សាំ​នឹង​គេ​ដូច្នេះ​​ដែរ ហើយ​គេ​កម្រ​នឹង​រក​បាន​ណាស់​។ ប្រេង​ សំរោង គេ​យក​មក​ពី​ផ្លែ​ឈើ​ដើម​ធំ​មួយ​ប្រភេទ​ដែល​មាន​សណ្ឋាន​ដូច​ផ្លែ​ដូង​ល្អិត​ មូលៗ ។ នៅ​ក្នុង​ផ្លែ​នោះ​មាន​គ្រាប់​ជា​ច្រើន​ទៅ​ទៀត​។ ឯ​ម្រេច ដុះ​ព័ទ្ធ​លើ​ដើម​ផ្ដៅ​មួយ​គូ មាន​ពណ៌​បៃតង​ដូច​ផ្លែ​ស្មៅ បើ​នៅ​ខ្ចី​ពណ៌​ក៏​ខ្ចី និង​រិត​តែ​ហិរ​ណាស់​ផង។

២០. អំពី​របរ​ជំនួញ

អ្នក​ស្រុក​នេះ ពួក​ស្រីៗ​ប៉ិន​ជួញ​ដូរ​ណាស់ ហេតុ​នេះ ពួក​ចិនៗ​គេ​ត្រូវ​រក​ប្រពន្ធ​មួយ​ជាមុន​សិន ហើយ​នឹង​បាន​ចំណេញ​ច្រើន​ដោយ​គេ​ប៉ិន​ប្រសប់​រក​ស៊ី​។ រាល់​ថ្ងៃ គេ​ទៅ​លក់​តាំង​ពី​ភ្លឺ​ព្រាងៗ​ ដល់​ពេល​ថ្ងៃ​ត្រង់​ទើប​ឈប់ ហើយ​ពួក​នេះ​គ្មានគ្រែ ឬ​ផ្ទះ​សំរាប់​ដាក់​លក់​ឥវ៉ាន់​ទេ គេ​ច្រើន​តែ​ក្រាល​វត្ថុ​ ហាក់​ដូច​ជា​កន្ទេល​ផ្ទាល់​ទៅ​នឹង​ដី​តំរៀប​គ្នា​។ ខ្ញុំ​លឺ​គេ​ថា មាន​បង់​ឈ្នួល​ដី​ជា​លុយ​អោយ​ពួក​មន្ត្រី​ទៀត​ផង​​។ ជំនួញ​តូច​តាច គឺ​គេ​ជួញ​ស្រូវ​អង្ករ និង​របស់​ដែល​ធ្វើ​មក​ពី​ស្រុកចិន​។ បន្ទាប់​មក​មាន​លក់​ដូរ​កំណាត់​សំពត់​ផ្សេងៗ​។ ជំនួញ​ធំ គឺ​គេ​ជួញ​មាស​ប្រាក់​។ តាម​ធម្មតា ពួក​អ្នក​ព្រៃ តែ​ឃើញ​ពួក​ចិន​ទៅ​ដល់ គេ​គោរព​ចិន​សំបើម​ណាស់ ទុក​ដូច​បាន​ជួប​នឹង​ព្រះ ហើយ​ក្រាប​ក្បាល​គោរព​ទៀត​ផង​។ លុះ​មក​ដល់​ពេល​ថ្មីៗ​នេះ ទើប​មាន​ការ​បោក​ប្រាស់ និង​មើល​ងាយ​ចិន ដោយ​ហេតុ​មក​ពី​មាន​មនុស្ស​ទៅ​ច្រើន​ពេក​។

២១. ទំនិញ​ចិន​ដែល​គេ​ត្រូវ​ការ

អ្នក ​ស្រុក​នេះ គ្មាន​កើត​មាស​កើត​ប្រាក់​ទេ គេ​នឹក​ឃើញ​តែ​មាស​មក​ពី​ស្រុក​ចិន គឺ​មាស​ប្រាក់​ជា​ផល​លេខ​១ កំណាត់​មាន​ពណ៌​ទាំង​ប្រាំ​ជា​លេខ​២ ។ បន្ទាប់​មក គេ​ត្រូវ​ការ​សំណ​មក​ពី​ស្រុក​កេងជីវ ថាំង​តែ​ស្មាច់​មក​ពី​ស្រុក​អ៊ូជីវ ថូ​ផ្កា​ពណ៌​មក​ពី​ស្រុក​ជួរជីវ និង​ទឹក​ប្រាក់ ជាតិ​ហិង្គុល ក្រដាស​សរសេរ ស្ពាន់ធ័រ ថ្ម​ដុត ឈើ​ក្រអូប ឫស​ប៉េកជី ក្រលៀន​ប្រើស សំពត់​សរសៃ​ឆ្មៃ សំពត់​ហ្វាងឆាវ ឆ័ត្រ ឆ្នាំង​ដែក ថាស់​ស្ពាន់ គជ់ ម្រ័ក្សណ៍ ក្រាស​ឈើ ម្ជុល ជាដើម​ ។ ក្រៅ​ពី​នេះ របស់​ដែល​ធំៗ​ដូច​ជា​កន្ទេល​ស្រុក​ម៉េងជីវ ដែល​គេ​ពេញ​ ចិត្ត​បំផុត គឺ​មាន​សញ្ញា​រូប​ម្ទេស តែ​គេ​មិន​ងាយ​នឹង​យក​ទៅ​បាន​ទេ ។

២២. អំពី​ស្មៅ​ និង​ ដើម​ឈើ

មាន​ដើម​ទទឹម អំពៅ ផ្កា​ឈូក ក្រអៅ​ឈូក ផ្លែ​ខេមម៉ា ចេក ដូច​នៅ​ស្រុក​ចិន​ដែរ ។ គូលែន និង​ក្រូច​ឃ្វិច ក៏​មាន​រាង​រៅ​ដូច​តែ​ជូរ ។ ក្រៅ​ពី​នេះ មាន​ឈើ​ព្រៃ​ជា​ច្រើន​ដែល​ប្រទេស​ចិន​យើង​មិន​ធ្លាប់​ដែល​ឃើញ ហើយ​ប្លែកៗ​ទៀត​ផង ។ មាន​ផ្កា​ជា​ច្រើន ដែល​ល្អៗ ហើយ​មាន​ក្លិន​ក្រអូប​ណាស់ ។ ផ្កា​ដែល​ដុះ​នៅ​ក្នុង​ទឹក​ក៏​មាន​ជា​ច្រើន​យ៉ាង តែ​ខ្ញុំ​មិន​ស្គាល់​ថា ជា​ឈ្មោះ​ផ្កា​អ្វី​ទេ ។ ចំណែក​ដើម​ថោ លីហេងបួយ សុង ប៉េក សាំ ក្វាយ ឡី ចោ អ៊ាងលីវ គុយឡាង កេកលូយ ឈើ​ប្រភេទ​អស់​នេះ គ្មាន​ទេ ។ នៅ​ស្រុក​នោះ​ខែ​ទី​១ ក៏​មាន​ផ្កា​ឈូក​ដែរ ។

២៣. អំពី​សត្វ​ស្លាប

បណ្ដា​សត្វ​ ស្លាប ឃើញ​មាន​ក្ងោក ចចាត លលក ដែល​ប្រទេស​ចិន​គ្មាន ។ ក្រៅ​ពី​នេះ​ដូច​ជា​ខ្លែង ក្អែក ត្មាត សេក ចាប​ស្រុក ត្រដក់ កុក ប្រវឹក និង​ចាប​ពូក​ជា​ដើម​សុទ្ធ​តែ​មាន​ទាំងអស់ ។ សត្វ​ស្លាប​ដែល​ស្រុក​នេះ​គ្មាន ដូចជា ហ៊ីងតូវ (ល្វាចេក?) ហុងអេង (ក្ងានព្រៃ) អ៊ឹងអេង (ក្លែងលឿង) តូវអ៊ូ (ត្រចៀកកាំ) ... ។

២៤. អំពី​សត្វ​ជើង​បួន

សត្វ​ចតុបាទ មាន​រមាស ដំរី គោព្រៃ ដែល​ប្រទេស​ចិន​គ្មាន ។ ក្រៅពី​នេះ ខ្លាធំ ខ្លាត្រី ខ្លាឃ្មុំ ជ្រូកព្រៃ ប្រើស ក្ដាន់ និង​កញ្ជ្រោង​ជាដើម សុទ្ធ​តែ​មាន​ច្រើន​ណាស់ ។ សត្វ​ដែល​ស្រុក​នេះ​គ្មាន គឺ តោស៊ីងស៊ីង(7) (ស្វា​គីងកុង) និងឱដ្ឋ ។ មាន់​ ទា គោ សេះ ជ្រូក និង ពពែ មាន​ច្រើន​ក្រៃ​លែង ។ តែ​សេះ​ស្រុក​នេះ​ទាបៗ​ណាស់ គោ​តូចៗ ក៏​មាន​ច្រើន​ណាស់​ដែរ ។ សត្វ​គោ​នៅ​រស់​ គេ​ហ៊ាន​ជិះ​តែ​ដល់​វា​ស្លាប់​ទៅ គេ​មិន​ហ៊ាន​ស៊ី និង​មិន​ហ៊ាន​វះ​យក​ស្បែក​វា​ទេ គេ​ទុក​អោយ​វា​រលួយ​ទៅ​តាម​ចិត្ត​ចុះ ពីព្រោះ​វា​ធ្លាប់​ជួយ​ដល់​កម្លាំងនុស្ស​លោក ។ វា​ធ្លាប់​តែ​អូស​រទេះ ។ ពីដើម​មក មិន​ធ្លាប់​មាន​ក្ងាន​ទេ ប៉ុន្តែ​ឥឡូវ​នេះ​មាន​ហើយ ព្រោះ​មាន​នាវា​ចិន​ទៅ​ញយៗ គេ​យក​ពូជ​ពី​ស្រុក​ចិន​ទៅ ។ កណ្ដុរ​ស្រុក​នេះ​ធំៗ​ដូច​សត្វ​ឆ្មា ហើយ​មាន​កណ្ដុរ​មួយ​មុខ​ទៀត មាន​ក្បាល​ប្លែក​ពិសេស​ធំ ដូចជា​​ក្បាល​កូន​ឆ្កែ ។

(1) បានជារាប់ពីខែកក្កិត ព្រោះជំនាន់​ដើម​គេ​រាប់​រនោច​មុន​ខ្នើត​ គឺ​ពី​១រោច​ខែក​ក្ដិក ទៅ​ជា​ដើម​ឆ្នាំ​ខែ​លេខ​ ១​។
(2) លោកប៉េលីយោតប្រែថា Ya-lie ហើយចុះសេចក្ដីយល់ថា Ràp Riep។
(3 ) លោកប៉េលីយោតប្រែថា Gnai-lan (Ràm)
(4) តាម​ពិត​យើង​លើក​ខែ​ទី​៨ គឺ​ខែ​អាសាធ ប៉ុន្ដែ​នេះ គឺ​លោក​ជីវ​ក្វាន់​និយាយ​តាម​ខ្មែរ​ជំនាន់​ដើម ដែល​រាប់​ពី​១​រោច ខែ​អាសាធ ទៅ​ដល់ ១​កើតខែ​ស្រាពណ៍​ចាត់​ជា​ខែ​ទី​៩​។
(5) គុកសួគ៌ គឺជាគុកមួយដែលសក្ដិសិទ្ធ ដូចទេវតាមកកាត់ក្ដីនេះអោយ។
(6) លោកប៉េលិយោត ប្រែ​ថា​ឃ្លង់ ប៉ុន្ដែ​តាម​ន័យ​អក្សរ​ចិន ប្រែ​អោយ​ចំ​គឺ​ស្រែង​។ បើ​ថា​ឃ្លង់​ដូច​ជា​មិន​មែន ព្រោះ​កើត​ឃ្លង់​អែ​ណា​ដល់​ទៅ​ពេញ​ស្រុក បើ​ឃ្លង់​មែន មិន​ងាយ​មើល​ជា​ទេ​។ បើ​ថា​ស្រែង​នោះ​សម​មែន ព្រោះ​ជំងឺ​នេះ​ច្រើន​បណ្ដាល​មក​ពី​ការ​កខ្វក់​។
(7) គឺ​ជា​ស្វា​មាឌ​ធំប៉ុនមនុស្ស ដូចគេធ្លាប់ហៅតាមកុនថា ស្វាគីងកុង​។