ពន្យល់ពាក្យខ្លះ
ជាសំដីខ្មែរ ហើយ ជីវតាក្វាន់ កត់ជាអក្សរចិន
រៀបតាមលំដាប់អក្សរ

កាងពាងឈូ ឬ កាងពាងជូ :តាម​យោ​បល់​របស់​លោក​ប៉េ​លិយោត​ថា ពាក្យ​កាង​ពាង ក្លាយ​ពី​ពាក្យ​កំពង់​។ តាម​យោ​បល់​របស់​យើង​ថា កំពង់​ ចិន​សរ​សេរ​តែ​មួយ​មាត់​ទេ​ថា ប៉ុង ដូច​ជា​ប៉ុង​ចាំ = កំពង់​ចាម​។ ម្យ៉ាង​ទៀត ឈូ រឺ ជូ ប្រែ​មិន​កើត​។ ដូ​ច្នេះ​យើង​យល់​ថា​ពាក្យ​នេះ​ទំនង​ជា​មក​ពី​ពាក្យ​កំពែង​ជួរ​ទៅ​វិញ ព្រោះ​ពី​ដើម​ទី​ក្រុង​នីមួយ​ៗ តោង​ធ្វើ​ជា​កំពែង​ជា​ជួរ​ព័ទ្ធ​ជុំ​វិញ ជា​ព្រំ​ដែន​នៃ​ទី​ក្រុង​។ ក្នុង​បរិ​វេណ​នៃ​កំពែង​នេះ អ្នក​ក្នុង​រស់​នៅ​មាន​វាំង មាន​ផ្សារ​ផ្សោ​ មាន​ផ្ទះ​អ្នក​ទី​ក្រុង​។ ទំលាប់​បុរាណ​ហៅ​ថា​កំពែង រឺ សីមា​។ សូម​មើល​ពាក្យ​លោក​សុត្ដន្ដ​ប្រី​ជាឥន្ទ ក្នុង​គតិ​លោក​ទី​១​ និយាយ​ហៅ​ទី​ក្រុង​ថា កំពែង​។ នៅ​សិលា​ចារឹក​ជា​ច្រើន​ក៏​ហៅ​ទី​ក្រុង​ថា កំពែង​។ លោក​ប៉េ​លិ​យោត​បាន​ប្រែ​កាង​ពាង​ជូ​ថា Vill Murée ក៏​សម​ន័យ​ថា​កំពែង​នេះ​ដែរ​។

កានពូជី (ចិនទាជីវអាន : កាំព័រទី) : ជា​សំដី​ចិន កត់​តាម​សំដី​ខ្មែរ : កម្ពុជ រឺ កម្ពុជា​។ ហេតុ​នេះ​ហើយ បាន​ជា​ចិន​ដែល សរ​សេរ​ក្រោយ​ជីវតា​ក្វាន់​កែ​ទៅ​ជា​កាំ​ពូចេ ដែល​នៅ​ប្រើ​ជាប់​រហូត​សព្វ​ថ្ងៃ​នេះ​។ ជីវតា​ក្វាន់ បាន​បញ្ជាក់​ក្នុង​សេច​ក្ដី​ផ្ដើម​ថា តាម​ការ​កត់​ត្រា​របស់​ពួក​អឺរ៉ុប​ថា ប្រ​ទេស​នេះ​ឈ្មោះ​ដូច្នេះ​ដែរ​។ ត្រង់​នេះ​នាំ​អោយ​យើង​ដឹង​ថា ជីវ​តា​ក្វាន់​បាន​មើល សៀវ​ភៅ​កំនត់​ហេតុរ​បស់​អឺរ៉ុប គឺ​ពួក​ព័រ​ទុយ​ហ្គេ ដែល​សរ​សេរ​ឈ្មោះ​ប្រ​ទេស​យើង​ថា Kambuja រី Kamvuja កម្វុជ​ (សូម​មើល​សៀវ​ភៅ Le Cambodge។

ឃុនលុន : ឈ្មោះ​សមុទ្រ​ដែល​លោក​ជីវ​តា​ក្វាន់​និយាយ​ថា នៅ​តាម​រយៈ​ផ្លូវ​ពី​ក្រុង​ចាម មក​ស្រុក​ចេនឡា​។ លោក​ប៉េ​លិ​យោត​ស្រា​វ​ជ្រាវ​ឃើញ​ថា ជា​សមុទ្រ​កោះ​ត្រលាច​ដែល​លោក​ប្រែ = Lamer de Poulo-Condor ប៉ុន្ដែ​យើង​ស្រាវ​ជ្រាវ​តាម​រក​អោយ​ឃើញ​ន័យ​ច្បាស់​ជាង​នេះ​ទៀត​ពុំ​ទាន់​ឃើញ​។

ចេនគាឡាង ឬ តាំងកេលាង : ទំនង​ជា​ពាក្យ​សំស្រ្កឹត ស្រី​គារ​ដែល​ខ្មែរ​និយម​យក​មក​ប្រើ ហៅ​ពពួក​ស្នំ​បរិ​វារ និង អ្នក​បំរើ​ស្ដេច សំរាប់​ហែ​ហម ជា​លំអ​ និង ត្ដិយស​ស្ដេច​។ យើង​សរ​សេរ​សព្វ​ថ្ងៃ​ទៅ​ជា «ស្រឹង្គារ»​។ មក​ពី​ដំបូង​គេ​អាន​ថា សឹង​គារៈ មាន​សំលេង រៈ នៅ​ចុង​លុះ​ចិន​គ្មាន​អក្សរ​​ រ​ ក៏​យក​សំលេង​ ឡ រឺ ល មក​ជំនួស​បាន​ជា សីការៈ​ ទៅ​ជា ចេនគា​​ឡាង​។ ចេង​ផូវ រឺ ថេង​ភូ : លោក​ជីវ​តា​ក្វាន់ ទុក​ជា​ឈ្មោះ​ស្រុក​មួយ​ជា​ជាយ​ដែន​ប្រ​ទេស​ចេនឡា​។ លោក​ប៉េ​លិ​យោត​បញ្ជាក់​ថែម​​ថា ស្រុក​នេះ​នៅ​ត្រង់​ភូមិ​ភាគ Cap Saint-Jacques រឺ ខេត្ដ​បា​រៀសព្វ​ថ្ងៃ​នេះ​។​

ចេនឡា ឬ ចេនឡាក់ : ពាក្យ​នេះ​នៅ​ក្នុង​ការ​រាវ​រក​សំខាន់​ណាស់ ព្រោះ​ជា​ឈ្មោះ​ប្រទេស​តែ​ម្ដង​។ នឹង​ថា ជា​ឈ្មោះ​ដែល​អ្នក​ស្រុក​យើង​ហៅ​ខ្លួន​ថា យើង​ជា​អ្នក​ចេន​លា រឺ ជាតិ​ចេន​លា ក៏​មិន​មែន​ ព្រោះ​ដូច​និយាយ​ខាង​ដើម​សេច​ក្ដី​ប្រែ​នេះ​ស្រាប់ ដែល​លោក​ជីវ​តា​ក្ចាន់​បញ្ជាក់​ អ្នក​ប្រ​ទេស​នេះ​ហៅ​ខ្លួន​អែង​ថា កាន់​ជៃ ចី​ ហើយ​ដែល​អ្នក​ស្រុក​អឺរ៉ុប​កត់​ទុក​ថា កាំពូ​ចី ដែល​មាន​សំលេង​ស្រដៀង​ នឹង កាំពូចេ​ដែរ​។ កំនត់​នេះ​បង្ហាញ​ថា មិន​មែន​ជន​ជាតិ​យើង​ដាក់​ឈ្មោះ​ចេន​លា​នេះ​ទេ ប្រាកដ​ជា​បរ​ទេស​ហៅ​សំគាល់​តាម​ហេតុ​ រឺ តាម​របស់​អ្វី​មួយ​មិន​ខាន ពិសេស​គឺ​ចិន​នេះ​អែង​ បាន​មក​ទាក់​ទង ហើយ​បាន​សរ​សេរ​កត់​ត្រា​ស្រុក​យើង​មុន​គេ (តាំង​ពី​សត​វត្ស​ទី​៤) ។ បើ​ដូច្នេះ​យើង​ត្រូវ​រាវ​រក​តាម​សំនៀង​សំដី​ចិន តើ​ចេន​លា​នេះ​ថា​ត្រាប់​តាម​សំដី​ខ្មែរ​ថា​ម៉េច​? ឧទា​ហរណ៍ ពាក្យ​ហ្វូហាន រឺ ហ្វូ​ណាម​មក​ពី​ត្រាប់​ពាក្យ​ខ្មែរ​ថា ភ្នំ ចិន​គ្មាន​អក្សរ​តំរួត​ ម្លោះ​ហើយ ភ្នំ ​រំលែក​សំលេង​ទៅ​ជា​ភូណម​ រឺ ភូណាម​។

កាល​ខ្ញុំ​ទៅ​ស្រុក​ចិន ជួប​នឹង​អ្នក​ស្រាវ​ជ្រាវ​​ចិន​ម្នាក់ ឈ្មោះ​ស៊ីវ​ម៉េង គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ឃើញ​អែក​សារ​មួយ​និយាយ​ពី ឈ្មោះ​ចេន​លា​នេះ​។ គឺ​ដើម​ឡើយ ចិន​ហៅ​ប្រ​ទេស​មួយ​ដែល​ស្ថិត​នៅ​ខាង​លើ​ប្រ​ទេស​ហ្វូ​ណាន​។ ប្រ​ទេស​នោះ​មាន​ព្រៃ​ក្រាស់​ណាស់ ហើយ​សំបូរ​ឃ្មុំ​យក​ក្រមួន​ធ្វើ​ទៀន​។​ ពួក​ចិន​តែង​ធ្វើ​ដំណើរ​តាម​សំពៅ​មក​ទិញ​ដូរ​យក​ក្រមួន​សុទ្ធ​ គឺ​ក្រមួន​យក​ពី​ឃ្មុំ ដើម្បី​នាំ​ទៅ​លក់​អែ​ស្រុក​គេ សំរាប់​ធ្វើ​ទៀន ហើយ​គេ​នាំ​គ្នា​សន្មត​ហៅ​ស្រុក​នេះ​ថា : ក្រមួន​សុទ្ធ​ៗ គឺ​ថា ចេន​ រឺ ចេង ប្រែ​ថា​សុទ្ធ អែ​ ឡា រឺ​ឡាក់​ ប្រែ​ថា ក្រមួន​ រឺ ឃ្មុំ​ រឺ​ ទៀន​ (ភាសា​ចិន​គេ​ដាក់​គុណ​នាម​មុន​នាម) បូក​រួម​មក​បាន​ន័យ​ថា «ស្រុក​ក្រមួន​សុទ្ធ​»​។ មានយោ​បល់​មួយ​ទៀត​ចុះ​សំរុង​គ្នា​ថា នៅ​ច្រក​ទន្លេ​ធ្លាយ​ទៅ​សមុទ្រ​ ជា​កន្លែង​អ្នក​ចេន​លា នាំ​ក្រមួន​សុទ្ធ​ទៅ​ទុក​លក់​អោយ​សំពៅ​ចិន​នោះ គេ​សន្មត​ឈ្មោះ​ស្រុក​ក្រមួន​ដែរ គឺ​ក្រមួន​ស (កម្ពុ​ជា​ក្រោម) ស​នេះ​មិន​សំដៅ​ខ្លាញ់​គោ​ទេ ព្រោះ​សម័យ​នោះ​មិន​ទាន់​មាន​ ដូច្នោះ​ ស​នេះ​គឺ ជា​សុទ្ធ​នេះ​អែង ហើយ​នៅ​ភូមិ​ភាគ​ក្រមួន​ស​នេះ ក៏​មាន​ស្រុក​ភូមិ​មាន​ឈ្មោះ​ថា ក្រមួន​ៗ​ច្រើន​ណាស់ នាំ​អោយ​សន្និដ្ឋាន​បាន​ថា : ស្រុក​ភូមិ​ត្រង់​នោះ​ជា​ទី​ឃ្លាំង​ផ្ទុក​ក្រមួន​ នាំ​ទៅ​ទុក លក់​អោយ​សំពៅ​ចិន​មែន ព្រោះ​សំពៅ​ដើរ​តែ​តាម​សមុទ្រ មិន​បាន​ចូល​មក​តាម​ទន្លេ​ទេ​។

ឆីនថា ឬ ឆេនថាន់ : ទំនង​មកពី​ពាក្យ ជាន់​ឋាន​ ក្រែង​ក្នុង​ពិធី​នេះ​គេ​នាំ​លោក​មក​កាន់​ទី​កន្លែង​របស់​កូន​ស្រី​? ប៉ុន្ដែ​ក្នុង​ទំនៀម​ ហើយ​មក​ឥលូវ​នេះ​មិន​ឃើញ​មាន​ធ្វើ​ដូច្នេះ​ទេ​។ ពត៌​មាន​នេះ មិន​គួរ​នឹង​ជឿ ប៉ុន្ដែ​យើង​យល់​ថា តើ​លោក​ជីវតា​ក្វាន់​បំផ្លើស​រឿង​នេះ​ដើម្បី​ប្រយោជន៍​អ្វី​? មិន​តែ​ប៉ុណ្ណោះ​លោក​បញ្ជាក់​ទាំង​ពេល​ដែល​ឃើញ​គេ​ធ្វើ ហើយ​ត្រង់​ណា​លោក​មិន​ឃើញ​ផ្ទាល់​ភ្នែក​ដូច​ជា​នៅ​ក្នុង​បន្ទាប់​ក៏​លោក​បញ្ជាក់​ច្បាស់​ថា លោក​គ្រាន់​តែ​លឺ​គេ​ថា​ទេ (ត្រង់​នេះ​ឃើញ​ថា លោក​មាន​ចិត្ដ​ត្រង់​ណាស់​ក្នុង​ដំណើរ​កត់​ហេតុ​នេះ​។

ឆេណាំ ឬ ឆាណាំ : ជា​សំលេង​ចិន​ត្រាប់​តាម​ពាក្យ​ខ្មែរ​ឆ្នាំង ដោយ​សារ​ចិន​គ្មាន​សំលេង​អក្សរ​តំរួត​ គឺ​សំដៅ​យក កំពង់​ឆ្នាំង​ ព្រោះ​ពាក្យ​កំពង់​ប្រែ​ថា ភូមិ ម៉្លោះ​ហើយ លោក​ជីវតា​ក្វាន់​កត់​យក​តែ​ឈ្មោះ​ភូមិ​តែ​ម្ដង​។ ច្បាស់​ថែម​ពីលើ​នេះ​ទៀត គឺ លោក​ជីវ​តា​ក្វាន់​បាន​រាប់​រៀប​ថា ជា​ឈ្មោះ​ខេត្ដ​មួយ​នៃ​ប្រ​ទេស​ចេន​លា ហើយ​គេ​ធ្វើ​ដំណើរ​ចេញ​ពី​នេះ ត្រូវ​ឆ្លង​កាត់​សមុទ្រ​សាប (ទន្លេ​សាប) អស់​ពេល​ដប់​ថ្ងៃ​ទៀត​ទើប​ដល់​ក្រុង​ធំ​។

ផូគូ : ក្លាយ​តាម​សំដី​ចិន ទំនង​ជា​ហៅ​ពាក្យ​ខ្មែរ ចៅ​គូ ដែល​គេ​ធ្លាប់​និយម​ប្រើ​នៅ​ចុង​សតវត្ស​ទី​១៣​ សំរាប់​ហៅ​លោក​សង្ឃ (សព្វ​ថ្ងៃ​សៀម​នៅប្រើ​នៅ​ឡើយ​)​។

ប៉ាតេង : ពាក្យ​ខ្មែរ​បុរាណ ម្រ​តេង ដែល​ក្រោយ​មក​ក្លាយ​ជា កំរ​តែង រួច​សព្វ​ថ្ងៃ​ថា គំដែង​ គឺ​សំរាប់​សំគាល់​ងារ​មន្រ្ដី​ជាន់​ខ្ពស់ និង អ្នក​ប្រាជ្ញ​ធំ ឬ អ្នក​មាន​រិទ្ធ​តេជៈ​ខ្លាំង​ក្លា​។ សព្វ​ថ្ងៃ​នៅ​ប្រើ​ចំពោះ​ព្រះ​សង្ឃ ឧទាហរណ៍ : បពិត ព្រះ​គំដែង​សង្ឃ​ទាំង​ឡាយ​​ជា​ដើម​។

ប៉ាធ : ទំនង​ជា​ត្រាប់​តាម​សំលេង​អ្នក​ស្រុក​ដើម​ហៅ​ថា ប៉ាតូវ​។ លោក​ប៉ែ​លិ​យោត បញ្ជាក់​ថា សព្វ​ថ្ងៃ​ជន​ជាតិ​ចារាយ​នៅ​ប្រើ​ពាក្យ ប៉ាតូវ ហៅ​ឳពុក​នៅ​ឡើយ​។

ប៉ាន​ឃាប ឬ ប៉ាន​ឃីត : ទំនង​ជា​ត្រាប់​សំលេង​ខ្មែរ បណ្ឌិត (ដែល​យើង​អាន​ក្លាយ​ទៅ បន្ទីត ឬ អន្ទិត សំដៅ​យក​ពួក​អ្នក​ប្រាជ្ញ​។

ប៉ាវ​ទៀងកាក : តាម​សេច​ក្ដី​ក្នុង​អត្ថ​បទ លោក​ជីវ​តា​ក្វាន់ ហៅ​សំគាល់​អង្ករ​។ មក​ពី​ពាក្យ​អង្ករ បុរាណ​យើង ហៅ​រង្ករ​មាន​ប្រើ​ក្នុង​សិលា​ចារឹក​ជា​ច្រើន​។

ប៉ាស៊ីវ៉ី :សំស្រ្កឹត បស្វី ប្រែ​ថា​អ្នក​មាន​តបៈ​ គឺ​ខ្មែរ​បុរាណ​ហៅ​ពពួក​អ្នក​បួស​ជា​តាបស​នៅ​តាម​ព្រៃ ច្រើន​អ្នក​ប្រតិ​បត្ដិ​តាម​គម្ពីរ​វេទ (សូម​មើល​ក្នុង​រឿង​រាម​កេរ​ខ្មែរ គេ​ប្រើ​ពាក្យ​នេះ​សំរាប់​ពួក​យក្ស​ហៅ​ព្រះ​រាម ដែល​ធ្វើ​តបៈ​ក្នុង​ព្រៃ​ថា បស្វី។

ផេង​កេស៊ី : លោក​ជីវ​តា​ក្វាន់​ថា ផេង​កេ​ស៊ី ជា​រុក្ខ​ជាតិ​ដែល​គេ​យក​ស្លឹក​វា​មក​ធ្វើ​ស្រា​។ យើង​បាន​ប្រទះ​ឃើញ​ក្នុង​វច​នានុ​ក្រម​ខ្មែរ​ភាគ​១ ទំព័រ ៨២៩ និយាយ​ថា ខ្មែរ​យើង​ជាន់​ដើម​គេ​យក​ស្លឹក​ឈើម្យ៉ាង​មក​ធ្វើ​ស្រា ហៅថា​ស្លឹក​ភ្ងាស​។ ភ្ងាស​នេះ​ជា​ឈើ​ព្រៃ​មាន​សំបក​ក្រ​មរ​ជ្រួញ​ៗ​ ស្លឹក​ល្អិត​រឹង​ ផ្កា​ល្អិត​កញ្ចុំ​ពណ៌​ស្វាយ​។ ដូច្នេះ​គឺ​ស្លឹក​ភ្ងាស​នេះ​ហើយ ដែល​កត់​តាម​សំលេង​ចិន​ទៅ​ជា​ផេ​កេ​ស៊ី​។

ពុឡៃ : សំស្រ្កឹត ព្រះ ប្រែ​ថា ប្រ​សើរ គឺ​តាម​និយម​ន័យ​ខ្មែរ​សំរាប់​ហៅ​បុគ្គល​ជា​ទី​គោរព​ មាន​ព្រះ​ពុទ្ធ​អង្គ​ជា​ដើម​។ ក្រោយ​មក​គេ​ហៅ​មន្រ្ដី​មាន​សក្ដិ​ខ្ពស់ រឺ សង្ឃ​ដែល​មាន​សមណ​សក្ដិ​។

ពូលូវ ឬ ពូលូឈិង មក​ពី​ពាក្យ​ផ្លូវ ដែល​ចិន​គ្មាន​សំលេង​អក្សរ​តំរួត​ ក៏​អាន​ទៅ​ជា​ពីរ​ព្យាង្គ​ថា ពូលូវ​។ អែ​ពាក្យ​ឈិង ជា​ពាក្យ​ចិន​ប្រែ​ថា ភូមិ​ ដូច្នេះ​ ពាក្យ​នេះ​មាន​ន័យ​ថា ភូមិ​ផ្លូវ ទំនង​ជា «ភូមិ​ផ្លូវ​ត្រី សព្វ​ថ្ងៃ​ទេ​ដឹង​? ព្រោះ​អត្ថ​បទ​នេះ និយាយ​ពី​ភូមិ​នៅ​មាត់​ទន្លេ​សាប តាម​រយៈ​ដំណើរ​ទៅ​សៀម​រាប​។

ភុយឡាំង : លោកប៉េលិយោត លោកពន្យល់ពាក្យនេះថា C'est le non d'une barque faite seule pièce de bois, l'original plan? piran n'est pas cnnu ចំពោះ​យើង​យល់​ថា ទំនង​ជា​ទូក​កំរោល​ ដែល​គេ​លុង​ធ្វើ​ពី​ឈើ​មួយ​ដើម ប៉ុន្ដែ​​មិន​ដឹង​ជា​ឈ្មោះ​ដើម​ថា​ម៉េច បាន​ជា​ចិន​កត់​ជា​ពាក្យ​ហៅ​ផុយ​ឡាំង​នេះ​។

ម៉ៃ ឬ មី :ជា​ពាក្យ​សំរាប់​មនុស្ស​ស្រ្ដី រឺ សំរាប់​ហៅ​ម្ដាយ​ដែល​ចិន​ខំ​​ថា​តាម​សំលេង​ខ្មែរ​មេ​។ ឧទា​ហរណ៍ មេ​ជ្រូក មេ​គោ​ មេបា..​។

សាមប៉ា : ចិន​អាន​តាមសំ​លេង​ខ្មែរថា សំពះ​។

ស៊ុនណា : លោក ប៉េលិយោត ដាក់ក្នុងវង់ក្រចកអានថា Siennaja ហើយលោកពន្យល់ន័យថា L'original de ce nom de bateau, quelque chose comme senda, n'a pas éteé retrouvé តាម​មតិ​យើង គឺ​ជា​ទូក​ម្យ៉ាង ដែល​គេ​យក ​បន្ទះ​ក្ដារ​មក​វាយ​ភ្ជាប់​ភ្ជិត​គ្នា គេ​ច្រើន​ហៅ​សព្វ​ថ្ងៃ​ថា ទូក​ឡើង​ក្ដារ បុរាណ​ហៅ​ថា​ទូក​សន្ដរ​។ ទំនង​ជា សន្ដរ នេះ​ហើយ​ដែល​ចិន​កត់​ទៅ​ជា​ស៊ីន​ណា​។

ស៊ីលាក់ទី : មកពីពាក្យសំស្ក្រឹត ស្រិស្ឋិន ឬ ស្រិស្ធី ប្រែថា អ្នកទ្រទ្រង់ នូវស្រុតិ គឺពួកអ្នកចេះដឹង រឺ អ្នកមានប្រាជ្ញា។

ហ៊ុតឈឹង : ពាក្យ​នេះ មក​ពី​ភាសា​ចិន ហ៊ុត = ព្រះពុទ្ធ + ឈឹង = ភូមិ​ព្រះ​ពុទ្ធ​។ លោក​ប៉េ​លិ​យោត យល់​ថា​ជា​ភូមិ​ពោ​ធិសាត់ ប៉ុន្ដែ​បើ​តាម​កំណាព្យ​លោក​សុតន្ដ​ប្រីជា​ឥន្ទ និរាស​អង្គរ​វត្ដ លោក​និយាយ​ដំណើរ​លោក​ទៅ​អង្គរ​វត្ដ​តាម​មាត់​ទន្លេ​សាប ឃើញ​ភូមិ​មួយ​នៅ​ពាក់​កណ្ដាល​ផ្លូវ​នេះ​ឈ្មោះ​ថា ភូមិ​ត្រ​ភព​។ ហើយ​គាត់​ពិចារ​ណា​ថា នរ​ណា​យក​ពាក្យ​ត្រៃ​ភព​មក​ដាក់​ឈ្មោះ ជា​នាម​របស់​ព្រះ​ពុទ្ធ​ដែរ ដូច្នេះ​ហ៊ុ​ឈឹង គឺ​ជា​ភូមិ​ត្រៃ​ភព​នោះ​អែង​។