ថ្ងៃសៅរ៍ ទី15.កញ្ញា 2018.ម៉ោង 17:25
ផែនដីព្រះបរមិន្ទរាជា លេខ១

សម្ដេច​ព្រះ​មហា​ឧប​រាជ​ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បរមខ​ត្តិយា​មហា​ចន្ទ​រាជា​ ស្ដេច​ឡើង​សោយ​រាជ្យ​ស្នង​សម្ដេច​ព្រះ​វររាជ​បិតា​ធិរាជ​ ក្នុង ព.ស.២១១២, គ.ស.១៥៦៨, ម.ស. ១៤៩០, ច.ស. ៩៣០ ឆ្នាំ​រោង​សំរឹទ្ធិ​ស័ក​ ទ្រង់​ព្រះ​នាម​ជា​ ព្រះ​បាទ​សម្ដេច​ព្រះ​រាជ​ឱង្ការ​ ព្រះ​បរ​មិន្ទ​បរម​រាជា​ធិ​រាជ​រាមា​ធិប​តី​ សិរី​សុ​រិ​យោ​វង្ស​ចក្រ​ពត្រា​មហា​ធិប​ឥន្ទ្រ​នរិន្ទ​ខត្តិ​យ​វង្ស​កូល​កំពូល​កម្ពុ​ជា​មហា​ឥន្ទ​បត​ កុរ​រុដ្ឋ​រាជ​ធានី​បុរី​រម្យ​ឧត្ត​មម​ហា​ស្ថាន​ បរម​នាថ​ បរម​បពិត្រ​ ជា​អម្ចាស់​ស្ដេច​គង់​ព្រះ​បរម​រាជ​វាំង​លង្វែក​។​

 ព្រះ​អង្គ​លើក​ព្រះ​ម្នាង​ទេព​បុប្ផា​ជា​បុត្រី​សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​ដុង ជា​ព្រះ​អគ្គ​មហេសី​។ ទ្រង់​ប្រទាន​ព្រះ​នាម​សម្ដេច​ព្រះ​អគ្គ​មហេ​សី​ជា​ ព្រះ​ភគវ​តី​ស្រី​ទេព​ធី​តា​មហា​ចក្រ​ពត្តិ​ឧត្តម​បរម​រតនា​រាជ​ធានី​សោភី​លក្ខ​ណា​មហាក្ស​ត្រី​។ (ព្រះ​រាជ​ពង្សា​វតារ​ របស់​ព្រះ​រាជ​បណ្ណាល័យ​ភាគ​ ៣ ​លេខ ត ៥៣​-​៣ មាន​សេច​ក្ដី​ថា ​:​ ទ្រង់​តាំង​ព្រះ​សុជាត​ក្សត្រី​ ជា​រាជ​បុត្រី​ ព្រះ​យស​រាជា​ ដែល​ត្រូវ​ជា​ព្រះ​ភាគិ​នេយ្យោ​ ព្រះ​អយ្យ​កោ​មួយ​ ជា​ព្រះ​អគ្គម​ហេសី​ ព្រះ​នាម​ជា​សម្ដេច​ព្រះ​ភវតី​ សិរី​រតន៍​រាជ​ទេវី​ ទៅ​វិញ​ទេ​ គឺ​ថា​មិន​មែន​ព្រះ​នាង​ទេព​បុប្ផា​ទេ​)​។

ព.ស. ២១១១, គ.ស. ១៥៦៧ ឆ្នាំ​ថោះ​នព្វ​ស័ក​ សម្ដេច​ព្រះ​បរម​នាថ​ បរម​បពិត្រ​ទ្រង់​ឲ្យ​សាង​ព្រះ​មេរុ​ធ្វើ​បុណ្យ​ព្រះ​សព​ព្រះ​បិតា​ ៣​ខែ​ ជា​ឧឡា​រិក​ សន្ធឹក​ពន់​ប្រមាណ​ រហូត​ដល់​ខែ​ផល្គុន​ ក្នុង​ឆ្នាំ​ថោះ ​នព្វ​ស័ក​។​ ក្នុង​ឆ្នាំ​នោះ​ សម័យ​មួយ​ សម្ដេច​ព្រះ​អគ្គ​មហេ​សី​ ស្រី​ទេព​ធី​តា​មហា​ចក្រ​ពត្តិ​ ស្ដេច​ភ្នក​ព្រះ​ទ័យ​គិត​ចង់​សាង​ព្រះ​វិហារ​មួយ​។​ យប់​នោះ​ ទ្រង់​ព្រះ​សុបិន​និមិត្ត​ឃើញ​ថា​ :​ សម្ដេច​អម​រេន្ទ្រា​ធិរាជ​ ស្ដេច​មក​ចង្អុល​កន្លែង​ឲ្យ​សាង​ព្រះ​វិហារ​ជា​អាគ្នេយ៍​ព្រះ​រាជ​វាំង​។ លុះ​តើន​ឡើង​សម្ដេច​ព្រះ​អគ្គ​មហេសី​ទ្រង់​ចេញ​ទៅ​ ទ្រង់​ទត​ព្រះ​នេត្រ​ឃើញ​ផែន​ដី​មួយ​កន្លែង​ក្បែរ​ព្រះ​បរម​រាជ​វាំង​ ផ្សាយ​រស្មី​ ៣​ពណ៌​ ភ្លឺ​ផ្លេក​ដូច​ផ្លេក​បន្ទោរ​ ហើយ​ឃើញ​ទាំង​ចារឹក​នៅ​ទី​នោះ​ផង​។​ សម្ដេច​ព្រះ​អគ្គម​ហេសី​ ស្រី​ទេព​ធីតា​ ស្ដេច​យក​សេច​ក្ដី​នេះ​ ក្រាប​បង្គំ​ទូល​សម្ដេច​ព្រះ​បរម​បពិត្រ​ និង​ ជំរាប​ព្រះ​មាតា​បិតា​ ឲ្យ​ទ្រង់​ជ្រាប​ ឲ្យ​បាន​ជ្រាប​។ ព្រះ​មាតា​បិតា​ កាល​យល់​ព្រម​ហើយ​ ក៏​ចាត់​ឲ្យ​កេណ្ឌ​មេ​ជាង​ កូន​ជាង​ បាន​ជា​ច្រើន​នាក់​ ហើយ​ឲ្យ​សាង​ព្រះ​អារាម​ ជីក​ស្រះ​ តែង​ខ្លាង​មឿង​ អ្នក​តាចាស់​ស្រុក​ ជា​ស្រេច​ហើយ​ នៅ​ខ្វះ​ តែ​ថ្ម​ល្អិត​ល្អប​រិសុទ្ធ​ ដើម្បី នឹង សាង​ព្រះ​ពុទ្ធ​រូប​មួយ​ព្រះ​អង្គ​ សំរាប់​​ព្រះ​អារាម​នោះ​។ ខណៈ​នោះ​ ព្រះ​បរម​បពិត្រ ​នាំ​ព្រះ​អគ្គម​ហេសី​ ស្រី​ទេព​ធីតា​ និង​ ព្រះ​ស្នំ​ក្រម​ការ​ចេញ​ទៅ​ ជួ​បជុំ​ នឹង ព្រះ​បរម​រាជ​វង្សា​នុវង្ស​ បុរោ​ហិត​ ព្រឹទ្ធា​ចារ្យ​ អគ្គ​មហា​សេនា​ សេនា​បតី​ មន្ត្រី​គ្រប់​ក្រុង​ តាំង​បួង​សួង​ទេវ​តាទាំង​ ៨​ ទិស​អស់​រយៈ​ ៣​ថ្ងៃ​។​ លុះ​ដាក់​រាត្រី​មួយ​នោះ​ មាន​ហេតុ​អស្ចារ្យ​ពន់​ប្រមាណ​ណាស់​ ក្នុង​ព្រះ​នគរ​ អាណា​ប្រជា​នុរាស្ត្រ​ឮ​ខ្ទ័រ​ខ្ទារ​បី​ដូច​សូរ​ស័ព្ទ​តូរ្យ​តន្ត្រី​វាយ​ដេញ​ដំ​ប្រគំ​ ជុំ​ ព្រះ​បរម​រាជ​វាំង​។​

 ពេល​នោះ​ព្រះ​ច័ន្ទ​រះ​ពេញ​បូណ៌​មី​ភ្លឺ​ច្បាស់​ស្រឡះ​ទាំង​អាកាស​ជន​ទាំង​ឡាយ​ក្រឡេក​មើល​ទៅ​ឯ​នភា​ល័យ​ក៏​ឃើញ​រស្មី​ចេញ​ ៧​​ពណ៌​ដេរ​ដាស​ទាំង​អាកាស​ពុំ​នោះ​ផ្លេក​ភ្លឺ​ហាក់​ដូច​ផ្លេក​បន្ទោរ​មាន​សំបុរ​ហាក់​ដូច​ជា​ទេវ​តា​ទេវ​បុត្រ​ហោះ​ចាក​ព្រះ​រាជ​ទេព​វិមាន​ ប្រមាណ​ជា​ ៨​ម៉ោង​ ម៉ោង​បូរាណ​ ទើប​បាន​សូរ​សព្ទ​អស្ចារ្យ​ទាំង​នោះ​ ស្ងាត់​បាត់​បង់​ទៅ​វិញ​។ លុះ​ព្រឹក​ឡើង​ព្រះ​បាទ​បរម​នាថ​ បរម​បពិត្រ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​អង្គ​ និង​ សម្ដេច​ព្រះ​អគ្គម​ហេសី​ ស្រី​ទេព​ធីតា​ នាំ​ព្រះ​ក្រម​ការ​ចេញ​ទៅ​ប្រថាប់​នៅ​ព្រះ​ពន្លា​គឺ​ទី​ដែល​សាង​ព្រះ​វិហារ​នោះ​។​

 នៅ​ទី​នោះ​ព្រះ​អង្គ​ទត​ព្រះ​នេត្រ​ឃើញ​ថ្ម​ល្អិត​ល្អ​មាន​ពណ៌​ឆ្លុះ​ឆ្លាស់​ផ្សេង​ៗ​គួរ​ជា​ទី​អស្ចារ្យ​ណាស់​ព្រះ​បរម​បពិត្រ​ និង ​សម្ដេច​ព្រះ​អគ្គម​ហេសី​ ស្រី​ទេព​ធីតា​ និង​ សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​ដុង​ ព្រម​ទាំង​អ្នក​ជំទាវ​ទេវី​នារី​សោ​ភ័ណ​ជៃ​ ដែល​យល់​ព្រម​ថា​ ហេតុ​ជា​អស្ចារ្យ​ពី​យប់​មិញ​នោះ​គឺ​សម្ដេច​ អម​រេន្ទ្រា​ធិ​រាជ​ ទ្រង់​យាង​​មក​ជួយ​ឧបត្ថម្ភ​យើង​ឲ្យ​បាន​កសាង​ព្រះ​អារាម​នេះ​ហើយ​។​ ព្រះ​បរម​បពិត្រ​ និង​ព្រះ​អគ្គ​មហេ​សី​ព្រម​ទាំង​ព្រះ​មាតា​បិតា​ ទ្រង់​ព្រះ​អំណរ​ណាស់​ ស្ដេច​ត្រាស់​ឲ្យ​ជាង​រចនា​ថ្ម​នោះ​ជា​ ព្រះ​ពុទ្ធ​រូប​ធំ​ទ្រង់​សណ្ឋិត​លើ​រតន​បល្លង្ក​តាំង​អង្គ​ ព្រះ​អម្រេ​ន្ទ្រា​ធិ​រាជ​ថ្វាយ​និមិត្ត​នោះ​។​ លុះ​កសាង​ព្រះ​អារាម​នោះ​រួច​សព្វ​គ្រប់​ហើយ​ ទ្រង់​ក៏​ប្រទាន​នាម​ដល់​ ព្រះ​អារាម​នោះ​តាម​នាម​ព្រះ​អគ្គ​មហេ​សី​និង​នាម​សម្ដេច​អម្រេ​ន្ទ្រា​ធិ​រាជ​ ឲ្យ​និមិត្ត​មក​ហៅ​ថា ​វត្ត​ព្រះ​ឥន្ទ​ទេព​។​

ព.ស. ២១១២, គ.ស. ១៥៦៨ ឆ្នាំ​រោង សំរឹទ្ធិ​ស័ក សម្ដេច​ព្រះ​ភគ​វតី​ ស្រី​ទេព​ធីតា​ ជា​បុត្រី​ស្ដេច​ចៅ​ហ្វាទ​ឡ្ហៈដុង​ និង​ ជំទាវ​ទេវី​នារី​សោ​ភ័ណ​ជៃ ស្ដេច​ភ្នក​ព្រះ​រាជ​ហ​ឫ​ទ័យ​ ចង់​សាង​ព្រះ​កឋិន​ទាន​មួយ​ហែ​ទៅ​វត្ត​ នៅ​ប្រាសាទ​អង្គរ​វត្ត​ ដូច្នេះ​សម្ដេច​ក៏​ទ្រង់​ក្រាប​បង្គំ​សូម​លា​ សម្ដេច​ព្រះ​ភស្ដា​ដើម្បី​នាំ​ព្រះ​កឋិន​ទាន​តាម​ព្រះ​បំណង​។​ សម្ដេច​ព្រះ​ភស្ដា​ ក៏​ស្ដេច​យល់​ព្រម​ល្មម​ព្រះ​រាជ​ហ​ឫ​ទ័យ​ នឹង​ស្ដេច​ព្រះ​រាជ​ដំណើរ​ទៅ​ជា​មួយ​ផង​ ទើប​ទ្រង់​ត្រាស់​បង្គាប់​មន្ត្រី​ ខាង​ជើង​ទឹក​ឲ្យ​ត្រៀម​ការ​តាម​ទំនៀម​។​

ខណៈនោះ ឧក​ញ៉ា​ក្រឡា​ហោម​ ក្រាប​ថ្វាយ​បង្គំ​លា​ព្រះ​បរម​បពិត្រ​ ជា​អម្ចាស់​ហើយ​ចេញ​មក​ចាត់​ការ​ដូច​ត​ទៅ​នេះ ​:​ ឲ្យ​ក្រុម​ភ្នាក់​ងារ​ រៀប​ទូក​-​ង​ជូន ​៨​គូ​ ហើយ​ឲ្យ​ពួក​អង្គ​រក្ស​ពាក់​អាវ​ក្រហម​ចែវ​ជូន​ មាន​ដាក់​ភ្លេង​មហា​ធិក​ ឃ្មោះ​ ស្គរ​ ឬ​ ឃ្មោះ​មួយ​យ៉ាង​ធ្វើ​ដោយ​ស្ពាន់​ ឬ​ ដែក​មាន​រាង​ស្រ​ដៀង​ នឹង ត្បាល់​បុក​ស្រូវ​សំរាប់​ប្រើ​ជា​គ្រឿង​ប្រគំ​លេង​ជា​ពន្លឹក​រៀង​ទៅ​ ចាត់​ទូក​សំបក​បង្កង​ ១០​គូ​ ឲ្យ​ទា​ហាន​យួន​ពាក់​អាវ​ខ្មៅ​ចែវ​ លេង​ភ្លេង​ខែក​ធ្លាក់​ និង​ ភ្លេង​ប៉ី​ពាទ្យ​ ពិណ​ពាទ្យ​ គ្រឿង​ភ្លេង​ ដេញ​ ដំ​ ផ្លុំ​ កូត​ មាន​ចា​ប៉ី​ជា​ដើម​ ប្រគំ​ហែ​ព្រះ​ទី​នាំង​ ទន្សាយ​ស្លឹក​ដែល​តំកល់​គ្រឿង​ព្រះ​បញ្ច​ក្សេត្រ ​ជា​ព្រះ​ទីនាំង​ ដែល​ចែវ​មុខ​ ព្រះ​ទីនាំង​មក​ ដែល​ស្ដេច​គង់​ ឲ្យ​ទាហាន​ជ្វា​ស្លៀក​ពាក់​ខោ​អាវ​ ពណ៌​ស្វាយ​ ចែវ​ព្រះ​ទីនាំង​រូប​នាគ​មួយ​ ឲ្យ​ទាហាន​ចិន​ ចែវ​ព្រះ​ទីនាំង​សំរាប់​សម្ដេច​ព្រះ​អគ្គ​មហេ​សី​ ឲ្យ​ទាហាន​ចាម​ ចែវ​ទូក​វេទ​សំរាប់​ព្រះ​មង្គល​មួយ​សំរាប់​ និង ស្នំ​បួន​នាក់​ឲ្យ​ទាហាន​ខ្មែរ​ស្លៀក​ពាក់​ពណ៌​ស្វាយ​ ចែវ​ទូក​គែ​ហ៊ៅ​សំរាប់​ព្រះ​ម្នាង​មួយ​ និង​ អ្នក​ម្នាង​បួន​នាក់​ ឲ្យ​ទាហាន​ខ្មែរ​ស្លៀក​ពាក់​ពណ៌​ខៀវ​ ចែវ​ទូក​ផ្សេង​ៗ​ជា​ច្រើន​ឲ្យ​ទាហាន​ខ្មែរ​ស្លៀក​ពាក់​ពណ៌​បៃ​តង​ចែវ​ទូក​ស្បៀង​ទូក​បន្ទុក​ជា​ច្រើន​ឲ្យ​ពួក​ទាហាន​ខ្មែរ​ចែវ​ទូក​ជា​លំដាប់​រៀង​ទៅ​។​ ឯ​ទូក​មន្ត្រី​គ្រប់​ក្រសួង​សឹង​តាំង​តាម​មុខ​ក្រោយ​ និង​ ឆ្វេង​ស្ដាំ​តាម​លំដាប់​លំដោយ​ និង​ តាម​ក្រសួង​។

លុះ​វេលា​ព្រឹក​ឡើង​ នៅ​ថ្ងៃ ​១ ​កើត ខែ​កត្តិក​ ឆ្នាំ​រោង​ សំរឹ​ទ្ធិស័ក​ ព្រះ​បរម​បពិត្រ​ ស្ដេច​ចូល​ស្រង់​ព្រះ​គង្គា​ ទ្រង់​គ្រឿង​អលង្ការ​នាំ​ សម្ដេច​ព្រះ​អគ្គ​មហេ​សី​ ព្រម​ទាំ​ង​ស្រី​ស្នំ​ក្រម​ការ​ យាង​ទៅ​គង់​លើ​ព្រះ​ទីនាំង​នាវា​។ អស់​ព្រះ​ស្នំ​ក្រម​ការ​ជិះ​ទូក​ដទៃ​ៗ​តាម​ដូច​ដែល​បាន​រៀប​រាប់​មក​ហើយ​។

លុះ​បាន​ឫក្ស​ពារ​វេលា​ល្អ​ព្រះ​រាជា​គណៈ​ក៏​ចំរើន​ព្រហ្ម​ជយន្តោ​ថ្វាយ ​ព្រះ​រាជ​ហោរា​ វាយ​​គ​ង​ទូង​ភេរី​ ក្រុម​ព្រះ​រាជ​គ្រូ​បុរោ​ហិត​ថ្វាយ​ ផ្លិត​ ផ្លុំ​ត្រៃ​សង្ខ​។​ ក្រុម​សុរិ​យា​តូរ្យ​តន្ត្រី​ក៏​តាំង​ប្រគំ​លាន់​ឮ​ទូ​ទៅ​ ទាំង​ក្រឡា​មហា​ប្រឹថ​ពី​ និង​ សាគរ​។​ អស់​ពួក​យោធា​និករ​ ហ៊ោ ​ចែវ​ព្រះ​ទីនាំង​ និង​ ទូក​ក្បួន​ហែ​ចេញ​ទៅ​តាម​ លំដាប់​លំដោយ​គ្នា​។ លុះ​ដល់​ទៅ​ កំពង់​ភ្នំ​ក្រោម​ ចៅ​ហ្វាយ​ស្រុក​ និង​ ក្រម​ការ​ខេត្ត​ បាន​នាំ​គ្នា​មក​ថ្វាយ​បង្គំ​គាល់​ អញ្ជើញ​ព្រះ​អង្គ​ និង​ ព្រះ​អគ្គ​មហេ​សី ស្រី​ស្នំ​ក្រុម​បរិពារ​ ឡើង​ទៅ​ថត​អង្គ​ព្រះ​កឋិន​ ហើយ​ក៏​ត្រឡប់​ក្បួន​ហែ​ មក​ដល់​ព្រះ​ទីនាំង​នា​វា​វិញ​។ លុះ​ចេញ​ព្រះ​ទីនាំង​ និង​ ទូក​យោង​ ទូក​ហែ មក​ដល់​កោះ​សំរឹទ្ថិ​ជ័យ​ ខែត្រ​លង្វែក​ ព្រះ​បរម​បពិត្រ​ ទ្រង់​ត្រាស់​ឲ្យ​បញ្ឈប់​ព្រះ​រាជ​ដំណើរ​ ហើយ​ទ្រង់​ឡើង​គោក​ ទត​អស់​វាល​បឹង​ ស្ទឹង​ ព្រៃ​នានា​។​ ខណៈ​នោះ​ សម្ដេច​ព្រះ​អគ្គ​មហេ​សី​ ស្រី​ទេព​ធី​តា​ទត​ទៅ​ឃើញ​ប្រាសាទ​មួយ​នៅ​លើ​កោះ​នោះ​ទ្រង់​ក៏​សាក​សួរ​ចាស់​ព្រឹទ្ធា​ដែល​នៅ​ទី​នោះ​។​ ចាស់​ព្រឹទ្ធា​ក្រាប​បង្គំ​ទូល​ថា​ ​: ប្រាសាទ​នោះ​សាង​តាំង​ អំពី​ផែន​ដី​ព្រះ​ស្រី​សុរិ​យោ​វង្ស​ ក្នុង​ពេល​ដែល​ព្រះ​អង្គ​លើក​ទ័ព​ ទៅ​ផ្ចាញ់​ស្ដេច​សៀម​នៅ​មហា​នគរ​។​ ថា​កាល​នោះ​ សម្ដេច​ព្រះ​អគ្គ​មហេ​សី​ ព្រះ​អង្គ​ជា​ទី​ប្រឹក្សា​ព្រះ​ជ្រៃ​ នៅ​ទី​នោះ​សូម​ឲ្យ​ទី​ប្រឹក្សា​ ព្រះ​ជ្រៃ​ជា​ព្រះ​ស្វាមី​ព្រះ​អង្គ​ ឲ្យ​បាន​ជ័យ​ជំនះ​លើ​ទ័ព​សត្រូវ​ ថា​បើ​បាន​សំរេច​ដូច​សេច​ក្ដី​ប្រាថ្នា​មែន​ ព្រះ​អង្គ​ នឹង សាង​ប្រាសាទ​មួយ​តំកល់​ព្រះ​សារី​រិក​ធាតុ​នៅ​ទី​នោះ​មួយ​អន្លើ​ ទុក​ជា​ព្រះ​កេរ្តិ៍​ត​រៀង​ទៅ​លុះ​បាន​ឈ្នះ​សៀម​ សំរេច​រាប​ទាប​ហើយ​ ព្រះ​ស្រី​សុរិ​យោ​វង្ស​ ព្រះ​អង្គ​ក​សាង​ព្រះ​វិហារ​មួយ​នៅ​លើ​ភ្នំ​នោះ​ ហើយ​ទ្រង់​បញ្ញត្តិ​ឲ្យ​ហៅ​ភ្នំ​នោះ​ថា​ ភ្នំ​ព្រះ​ទេពី​វិញ​ ព្រោះ​ជា​ភ្នំ​ដែល​ព្រះ​រាជ​ទេពី​ទ្រង់​ បាន​បន់​បួង​សួង​។ ឯកោះ​ប្រជុំ​សំ​រឹទ្ធិ​ជ័យ​វិញ​ពី​ដើម​ហៅ​ថា​ កោះ​ដំរី​។​ លុះ​បាន​សំរេ​ច​រាប​ទាប​ហើយ​ព្រះ​អង្គ​ឲ្យ​សាង​ ប្រា​សាទ​នោះ​ថ្វាយ​ទេវតា​ ហើយ​ប្រែ​ឈ្មោះ​កោះ​នោះ​ ឲ្យ​ហៅ​ថា​ កោះ​ប្រជុំ​សំរឹទ្ធិ​ជ័យ​វិញ​តាំង​ពី​ថ្ងៃ​នោះ​មក​។​

សម្ដេច​ព្រះ​អគ្គ​មហេ​សី ស្រី​ទេព​ធីតា​ កាល​បាន​ទ្រង់​ជ្រាប​ហើយ​ ក៏​មាន​ព្រះ​បីតិ​ត្រេក​អរ​សោម​នស្ស​ចង់​បាន​ប្រាសាទ​នោះ​ណាស់​ ទើប​ទ្រង់​យក​សេច​ក្ដី​ទៅ​ ក្រាប​បង្គំ​ទូល​ព្រះ​បរម​បពិត្រ​ថា​ :​ ខ្ញុំ​ម្ចាស់​ចង់​បាន​ប្រាសាទ​នេះ​ យក​ទៅ​តំកល់​ទុក​នៅ​ វត្ត​ព្រះ​ឥន្ទ​ទេព​ ដែល​ទើប​ នឹង កសាង​​ហើយ​ដើម្បី នឹង បាន​តាក់​តែង​តំកល់​ព្រះ​បរម​សារី​រិក​ធាតុ​ ទុក​ជា​ព្រះ​កិត្តិ​យស​ត​ទៅ​។​ ព្រះ​បរម​នាថ​ បរម​បពិត្រ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​ជ្រាប​ហើយ​ទ្រង់​សព្វ​ព្រះ​រាជ​ហ​ឫ​ទ័យ​ណាស់​ ទ្រង់​ត្រាស់​បង្គា​ប់​ឲ្យ​មន្ត្រី​ ប៉ាវ​គង​ស៊ើប​សួរ​ រក​អ្នក​មាន​ចំណេះ​វិជ្ជា​ណា​ដែល​អាច​ទទួល​អាសា​ យក​ប្រាសាទ​នោះ​ទៅ​តំកល់​នៅ​វត្ត​ព្រះ​ឥន្ទ​ទេព​បាន​ ថា​បើ​ធ្វើ​បាន​ស្ដេច​ នឹង ប្រទាន​ឲ្យអ្ន​កនោះ​ធ្វើ​ជា​សេនា​បតី​ ឲ្យ​ខ្ញុំ​កំដរ​ឲ្យ​ គោ​ សេះ ​ដំរី​ និង​ ព្រះ​រាជ​ទ្រព្យ​ដប់​ៗ​ក្នុង​មួយ​មុខ​។ ​ខណៈ​នោះ​ មាន​​មនុស្ស​ម្នាក់​ឈ្មោះ​ត្រឡាច​ មាន​ងារ​កាល​ពី​នៅ​ក្នុង​ផ្នួស​ជា​ពិជ័យ​ព្រឹទ្ធា​ កាល​ដើម​ធ្វើ​ជា​ចៅ​អធិ​ការ​វត្ត​ពានិ៍​។​ គាត់​បួស​បាន ៣៥​វស្សា តែ​កាល​ជា​ខាង​ក្រោយ​មក​គាត់​មាន​ជំងឺ​ឈឺ​រ៉ាំ​រ៉ៃ ​ជា​ខ្លាំង​ពេក​ ញាតិ​ញោម​បាន​ឲ្យ​គាត់​ចាក​សិក្ខា​បទ​មក​ហើយ​ ដឹក​នាំ​គាត់​មក​នៅ​ផ្ទះ​កំណើត​របស់​គាត់​វិញ​។ គាត់​នោះ​ចេះ​សិល្ប៍​សាស្ត្រ​គ្រាន់​បើ​ណាស់​។​ កាល​បើ​បាន​ ឮ​ មន្ត្រី​ប៉ាវ​គង​ស៊ើប​សួរ​ រក​អ្នក​មាន​ចំណេះ​ដូច្នេះ​ហើយ​ គាត់​ក៏​ចូល​ទៅ​ក្រាប​បង្គំ​ទូល​សូម​យក​អាសា ​នឹង ទាក់​ប្រា​សាទ​នោះ​ថ្វាយ​ឲ្យ​បាន​។ ព្រះ​បរម​បពិត្រ​ ត្រាស់​បង្គាប់​ទៅ​មន្ត្រី​គ្រប់​មុខ​ងារ​ឲ្យ​ធ្វើ​រាន​ពិធី​ និង​ លំដាប់​ព្រះ​រាជ​ពិធី​ឲ្យ​ព្រះ​ពិជ័យ​ព្រឹទ្ធា​ តាម​បង្គាប់​របស់​គាត់​។​

 ព្រះ​ពិជ័យ​ព្រឹទ្ធា​តាំង​ពិធី​នៅ​រោង​ពិធី​អស់​ ៣ ថ្ងៃ​ហើយ​ឲ្យ​យក​អំបោះ​ ៣​ សរសៃ​ទៅ​ទាក់​កំពូល​ប្រា​សាទ​ស្រូប​ខាង​អណ្ដែត​ប្រាសាទ​នោះ​បា​ន​​ មក​ជិត​ក្រោយ​ខាង​លិច​ទៅ​ហើយ​។ អស់​ពួក​តូរ្យ​តន្ត្រី​ ក៏​លេង​ភ្លេង​ជា​គឹក​កង​កោ​លា​ហល​ បណ្ដាល​ឲ្យ​ប្រជា​ជន​ទៅ​ប្រជុំ​ចាំ​មើល​ជា​ច្រើន​គ្នា​។ ខណៈ​នោះ ​មាន​ស្រី​ផើម​ម្នាក់​ រត់​កាត់​មុខ​រាន​ពិធី​នោះ​ បណ្ដាល​ឲ្យ​ដាច់​ត្រណម​អំបោះ​សីមា​នោះ​ទៅ​ ហើយ​ប្រាសាទ​ក៏​ធ្លាក់​ចុះ​ទៅ​ក្នុង​ទន្លេ​ ត្រង់​ទី​នោះ​រៀង​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ផ្អៀង​ខ្លួន​​ទៅ​ទិស​និរ​តី​បន្តិច​។​ នៅ​រដូវ​ខែ​ប្រាំង​ ជន​ផង​តែង​ចុះ​ទៅ​ឈរ​ងូត​ទឹក​ លើ​កំពូល​ប្រាសាទ​នោះ​បាន​។​ ព្រះ​ពិ​ជ័យ​ព្រឹទ្ធា​ ដែល​ត្រណម​នោះ​ដាច់​ហើយ​ ក៏​ដឹង​ខ្លួន​ថា​ ពុំ​បាន​រស់​នៅ​ត​ទៅ​ទៀត​ទេ​ ក៏​គិត​យក​កេរ្តិ៍​ឈ្មោះ​ទុក​ឲ្យ​ជាប់​ឮ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត​ទើប​យក​សេច​ក្ដី​ក្រាប​បង្គំ​ ទូល​ព្រះ​បរម​បពិត្រ​ថា​ :​

 សូម​ឲ្យ​ទី​ដែល​គាត់​ធ្វើ​ពិធី​នោះ​មាន​ឈ្មោះ​ហៅ​ថា​ កំពង់​ត្រឡាច​។​ ព្រះ​បរម​បពិត្រ​ព្រះ​អង្គ​ក៏​ទ្រង់​ព្រះ​មេត្តា​បញ្ញត្ត​ឲ្យ​ហៅ​ទី​នោះ​តាម​សុំ​ទើប​បាន​ប្រជា​ជន​ទាំង​ពួង​ហៅ​ថា​ កំពង់​ត្រឡាច​ជា​រៀង​រហូត​មក​។ ពិជ័យ​ព្រឹទ្ធា ​សំដែង​នូវ​មន្ត​អាគ​ម​វិជ្ជា​ការ​ប្រកាស​ទេវ​តា​ ទុក​ថា​: ឲ្យ​ស្មៅ​ត្រែង​ ដែល​ជា​លំអាន​អូស​ប្រាសាទ​នោះ​ ពេល​ដុះ​ឡើង​កាល​ណា​ឲ្យ​ទ្រេត​ទៅ​ទិស​និរ​តី​តាម​លំ​អាន​ដែល​អូស​ប្រាសាទ​នោះ​។ ស្មៅ​ត្រែង​នោះ​ ក៏​ដុះ​ទ្រេត​តាម​ដែល​ប្រតិស្ឋាន​នោះ​រៀង​ម​ក​។​ លុះ​ប្រ​តិស្ឋាន​រួច​ស្រេច​ហើយ​ពិជ័យ​ព្រឹទ្ធា​ ក៏ទទួល​អនិច្ច​កម្ម​ទៅ​។​

 បណ្ដា​បង​ប្អូន​ញាតិ​សន្តាន​សិស្ស​គុណ​ ក៏​យក​សព​គាត់​នោះ​ទៅ​ធ្វើ​បុណ្យ​តាម​របៀប​ចិន​ ដាក់​តំកល់​នៅ​ទី​នោះ​រៀង​មក​។​ ព្រះ​បរម​បពិត្រ​ និង​ សម្ដេច​ព្រះ​អគ្គម​ហេសី​ យល់​ថា​ : ការ​នេះ​មិន​បាន​សំរេច​ហើយ​ ក៏​ឲ្យ​ស្រូត​ព្រះ​ទីនាំង​ចូល​ទៅ​ព្រះ​បរម​រាជ​វាំង​លង្វែក​វិញ​។​ ក្នុង​ឆ្នាំ​រោង​ សំរឹទ្ធិ​ស័ក​ នោះ​ សម្ដេច​ចៅ​ហ្វា​ដុង​ ជំទាវ​ទេវី​នារី​សោ​ភ័ណ​ជៃ​ មាន​ជំងឺ​ឈឺ​ជា​ទំងន់​ ទទួល​អនិច្ច​កម្ម​ទៅ​ ព្រះ​បរម​នាថ​ បរម​បពិត្រ​ ទ្រង់​ជួយ​ធ្វើ​បុណ្យ​ សម្ដេច​ព្រះ​អគ្គ​ម​ហេ​សី ស្រី​ទេព​ធី​តា​ ឲ្យ​សាង​ព្រះ​មេរុ​ខ្នាត​កណ្ដាល​នៅ​ទី​ភូមិ​ អ្នក​សម្ដេច​ចៅ​ហ្វា​នោះ​។ លុះ​ធ្វើ​បុណ្យ ​៧​ថ្ងៃ​រំលាយ​សព​ទាំង​ពីរ​នោះ​រួច​ហើយ​សម្ដេច​ព្រះ​អគ្គ​មហេ​សី​ស្ដេច​ឲ្យ​សាង​សាលា​មួយ​នៅ​ទី​នោះ​តំកល់​ធាតុ​មាតា​បិតា​ ហើយ ​ស្ដេច​តែង​ទៅ​ធ្វើ​បុណ្យ​គោរព​ប្រណម្យ​សំពះ​ធាតុ​នោះ​តែ​រឿយ​ៗ​។ ក្រោយ​មក​ព្រះ​បរម​បពិត្រ​ ស្ដេច​ឲ្យ​សាង​ព្រះ​វិហារ​មួយ​ នៅ​ទីនោះ​ ស្ដេច​បញ្ញត្ត​ឲ្យ​ហៅ​ថា ​:​ វត្ត​ទេព​ប្រណម្យ​តាម​ហេតុ​ដែល​សម្ដេច​ព្រះ​អគ្គ​មហេ​សី​ ស្រី​ទេព​ធីតា​ គោរព​ប្រណម្យ​ធាតុ​មាតា​បិតា​នោះ​ព្រោះ​កើត​ទុក្ខ​អាឡោះ​អាល័យ​ពន់​ប្រ​មាណ​។​ ព្រះ​បរម​បពិត្រ​ទ្រង់​យល់​ថា ​:​ សម្ដេច​ព្រះ​អគ្គ​មហេ​សី​កើត​ទុក្ខ​ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ជា​ងយក​ថ្ម​ល្អិត​ល្អ​មក​សាង​ជា​រូប​សម្ដេច​ចៅ​ហ្វា​ដុង ​១​ ជំទាវ​ទេវី​នារី​សោភ័ណ​ជៃ​១​ តំកល់​រូប​ទាំង​ពីរ​នោះ​ក្នុង​សាលា​មួយ​ទុក​ឲ្យ​សម្ដេច​ព្រះ​អគ្គ​មហេ​សី​គោរព​រៀង​មក​។​

 ព្រះ​អង្គ​ឲ្យ​សាង​រូប​គោ​សំរែ​ពីរ​ជា​តំណាង​គោ​ចៅ​ហ្វា​ដុង​ដែល​ចៅ​ហ្វា​ដុង​ធ្លាប់​ស្រលាញ់​រាប់​អាន​នោះ​តាំង​ទុក​ជា​គ្រឿង​បូជា​ ជូន​អ្នក​សម្ដេច​ចៅ​ហ្វា​ដុង​ ជំទាវ​ទេវី​ជៃ​។​ តែ​រៀង​មក​ រូប​គោ​នោះ​ ជន​ទាំង​ឡាយ​ដឹង​មិន​ច្បាស់​សេច​ក្ដី​ ក៏​ស្មាន​ថា​គោ​នោះ​ជា​តំណាង​រូប​ព្រះ​គោ​ពី​បុរាណ​មក​ តែ​ការ​ពិត​រូប​គោ​នោះ​មិន​មែន​ជា​រូប​ព្រះ​គោ​នោះ​ទេ​ គឺ​ជា​រូប​គោ​សំរែ​សំឡាញ់​របស់​ចៅ​ហ្វាដុង​ ជំទាវ​ជៃ​ ដែល​បាន​កើន​ទ្រព្យ​បាន​ចំរើន​សម្បត្តិ​ ឲ្យ​គុណ​ឲ្យ​ផល​ប្រយោ​ជន៍​ច្រើន​ណាស់​។

នេះ​នឹង​និយាយ ពី​ឈ្មោះ ម៉ឺន​ឯក ម៉ឺន​ពេជ​ ពីរ​នាក់​នៅ​ខេត្ត​ត្បូង​ឃ្មុំ​វិញ​។ ម៉ឺន​ឯង​ច្រៀង​ពីរោះ​ ម៉ឺន​ពេជ​ចេះ​ផ្លុំ​ប៉ី​ពីរោះ​ ក្រៃ​លែង​ នឹង ចំរៀង នឹង ប៉ី​អ្នក​ទាំង​ពួង​។ ក្នុង​សម័យ​នោះ​ មាន​ស្រី​ម្នាក់​ឈ្មោះ​នាង​ ទន់​មេ​ម៉ាយ​ (សាស្ត្រា​លោក​អ្នក​ឧក​ញ៉ា​ នូ កន​ ថា​ឈ្មោះ​ផាន់​ ឯ​សាស្ត្រា​លោក​សន្ធរ​ម៉ុក​ មិន​ឮ​ថា​ឈ្មោះ​អ្វី​ទេ​)​ ប្ដី​អនិច្ច​កម្ម​ទៅ​នាង​មាន​កូន​ស្រី​ម្នាក់​ ឈ្មោះ​នាង​ទាវ​ ល្អ​ក្រៃ​លែង​លើ​ស​ស្រី​ទាំង​ពួង​ក្នុង​ស្រុក​ត្បូង​ឃ្មុំ​​ គ្មាន​ស្រី​ណា​ នឹង ល្អ​ស្មើ​នាង​ឡើយ​។​ នាង​ស្រី​នោះ​ ល្អ​ទាំង​រូប​រាង​ ទាំង​ឫក​ពា​កិរិ​យា​ ទាំង​សក់​ធ្មេញ ​ដៃ​ជើង​គ្មាន​ទាស់​។​ នាង​នៅ​ភូមិ​ពោធិ៍​ខាល​ តែ​នាង​បាន​ជាប់​ចិត្ត​ជា​សង្សារ​ នឹង ម៉ឺន​ឯក​ទៅ​ហើយ​ ដោយ​ហេតុ​បាន​ស្ដាប់​ ឯក​ច្រៀង​ពីរោះ​ គួរ​ឲ្យ​ចាប់​ចិត្ត​ពេក​ ហើយ​មាតា​បិតា​ ក៏​បាន​ផ្សំ​ផ្គុំ​មក​ពី​ក្មេង​ស្រាប់​ផង​។​ ក្នុង​គ្រា​នោះ​ម៉ឺន​ជូ (សាស្ត្រា​លោក​សន្ធ​ម៉ុក​ថា​ ម៉ឺន​ងួន​)​ កូន​ចៅ​ពញា​អរ​ជូន​ជៃ​ (សាស្ត្រា​លោក​នូកន​ និង​សាស្ត្រា​លោក​សន្ធ​ម៉ុក​មិន​ឃើញ​និយាយ​ថា​ឈ្មោះ​អ្វី​ទេ​)​ នាំ​ស្ម័គ្រ​បក្ស​ពួក​ ដើរ​ទៅ​លេង​នៅ​ពោធិ៍​ខាង​ជើង​ខាល​នោះ​ ក៏​ឃើញ​នាង​ទាវ​កំពុង​ត្បាញ​នៅ​ក្រោម​ដើម​ពោធិ៍​នោះ​។​ ​លុះ​ឃើញ​រូប​នាង​ល្អ​គ្មាន​ទាស់​ ក៏​ស្រឡាញ់​ចង់​បាន​ជា​ភរិយា​ហើយ​ក៏​ត្រឡប់​ទៅ​ជំរាប​មាតា​បិតា​ៗ​ឲ្យ​ចាត់​អ្នក​ផ្លូវ​ចៅ​មហា​ទៅ​ដណ្ដឹង​នាង​នោះ​។​

 នាង​ទន់​ជា​ម្ដាយ​ក៏​ព្រម​ឲ្យ​តែនាង​ទាវ​សាមី​ខ្លួន​មិន​ព្រម​ទទួល​សោះ​ពី​ព្រោះ​ខ្លួន​បាន​ជាប់​ចិត្ត នឹង ម៉ឺន​ឯក​ហួស​ទៅ​ហើយ​។ សម័យ​មួយ​ ព្រះ​បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​ជ្រាប​ថា​ ម៉ឺន​ឯក​ ម៉ឺន​ពេជ​ ចេះ​ច្រៀង​ និង ផ្លុំ​ប៉ី​ពីរោះ​ណាស់​ ទើប​ទ្រង់​ត្រាស់​បង្គាប់​ចាង​ហ្វាង​មហោ​ស្រព​ឲ្យ​ទៅ​យក​ខ្លួន​ ឈ្មោះ​ទាំង​ពីរ​នាក់​ មក​ទុក​ច្រៀង​ និង ផ្លុំ​ប៉ី​ ប្រលែង​ព្រះ​អង្គ​ប្រប​ក្រឡា​ព្រះ​បន្ទំ​ ជា​អចិន្ត្រៃ​ៗ​ ទ្រង់​សព្វ​ព្រះ​រាជ​ហឫ​ទ័យ​ ទ្រង់​ប្រាស់​ប្រាណ​ម៉ឺន​ទាំង​ពីរ​នាក់​នោះ​ ពន់​ប្រមាណ​ណាស់​។

សម័យ​មួយ​ត​មក​ទៀត ព្រះ​បរម​បពិត្រ​ ទ្រង់​ត្រាស់​បង្គាប់​ ឧក​ញ៉ា​វាំង​ឲ្យ​ចាត់​បំរើឲ្យ​ចេញ​ទៅ​​រើស​ស្រី​រូប​ល្អ​យក​មក​ទុក​ជា​សំរាប់​ព្រះ​អង្គ​។ ក្នុង​គ្រា​នោះ​ព្រះ​អម​រិន្ទ​ស្នេហា​កែវ​ យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ថា​:​ មាន​ស្រី​ម្នាក់​ឈ្មោះ ​ទាវ​ ម្នាយ​ឈ្មោះ​ទន់​ មេ​ម៉ាយ​ នៅ​ភូមិ​ពោធិ៍​ជើង​ខាង​ ខេត្ត​ត្បូង​ឃ្មុំ ​មាន​រូប​ និង សំបុរ​ស្មើ​ល្អ​ ប្រពៃ​ណាស់​ទោះ​ស្រី​ស្រុក​នោះ​ទាំង​ប៉ុន្មាន​ ក៏​មាន​រូប​ពុំ​ស្មើ នឹង នាង​ទាវ​នោះ​សោះ​ឡើយ​។ ព្រះ​បរម​បពិត្រ​ ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ​ ទ្រង់​សព្វ​ព្រះ​រាជ​ហ​ឫទ័យ​ណាស់​ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ ឧក​ញ៉ា​វាំង​ឲ្យ​មាន​សំបុត្រ​ទៅ​ដល់​ចៅ​ពញា​អរ​ជូន​ ចៅ​ហ្វាយ​ស្រុក​ ខេត្ត​ត្បូង​ឃ្មុំ ​ឲ្យ​នាំ​នាង​នោះ​មក​ថ្វាយ​ ពញា​អរ​ជូន​ពុំ​ហ៊ាន​រឹង​ទទឹង​ក៏​ចាត់​អ្នក​បំរើ​ឲ្យ​បញ្ជូន​ខ្លួន​នាង​ទាវ​ និង​ នាង​នោ​ជា​ភិលៀង​ ហើយ​ និង នាង​ទន់ ជា​ម្ដាយ​នាង​ទាវ​នោះ​មក​ជូន​ឧក​ញ៉ា​តាម​បង្គាប់​។ ឧក​ញ៉ា​វាំង​នាំ​ឡើង​ក្រាប​បង្គំ​ទូល​ថ្វាយ​។​

 ព្រះ​បរម​បពិត្រ​ទ្រង់​ទត​ព្រះ​នេត្រ​ទៅ​ឃើញ​ល្អ​ប្រាកដ​ គ្រប់​ប្រការ​មែន​ ប៉ុន្តែ​ខណៈ​នោះ ​ម៉ឺន​ឯក​ ឃើញ​ហើយ​ ក្រាប​បង្គំ​ទូល​ថា​ នាង​ទាវ​នេះ​ជា​សង្សារ​របស់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​។​ ព្រះ​បាទ​បរម​នាថ​ បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​ជ្រាប​គ្រប់​ប្រការ​ ទ្រង់​ព្រះ​មហា​ករុណា​ ដោយ​សុច​រិត​យុត្តិ​ធម៌​ ថា ​នឹង បំបែក​សង្សារ​គេ​ ​ពុំបាន​។​ ទ្រង់​ត្រាស់​បង្គាប់​ ឧក​ញ៉ា​មហា​មន្ត្រី​ មហា​ទេព​ ឲ្យ​រៀប​មង្គល​ការ​ផ្សំ​ផ្គុំ​ម៉ឺន​ឯក​ នឹង​ នាង​ទាវ​ឲ្យ​បាន​ជា​គូស្វា​​មី​ ភរិយា​ នឹង​គ្នា​ជា​ស្រេច​។ ប៉ុន្តែ​​ នាង​ទន់​ជា​ម្ដាយ​នាង​ទាវ​តូច​ចិត្ត​ណាស់​ថា​ កូន​ខ្លួន​ប្រាស់​ពី​ម៉ឺន​ជូ​មក​ក៏​គិត​ស្មាន​ថា​ នឹង បាន​ជា​សំរាប់​ផែន​ដី​ហើយ​ នឹង បាន​ថ្កល់​ថ្កើង​ កិត្តិ​យស​វង្ស​ត្រកូល​ផង​ ឥឡូវ​ហ្លួង​ត្រឡប់​ជា​ ប្រទាន​នាង​ទាវ​ឲ្យ​ទៅ​ធ្វើ​ជា​ប្រពន្ធ​អា​ឯក​ ដែល​ជា​មនុស្ស​កំសត់​ត្រកូល​ ដ៏​​ទាប​​ថោក​ទៅ​វិញ​។ នាង​ទន់​ជា​ម្ដាយ​គិត​ថា ​: ​បើ​ដូច្នោះ​ តែ​អញ​ត្រឡប់​ទៅ​ដល់​ស្រុក​កាល​ណា​អញ​គិត​ឧបាយ​កល​ យក​វា​ទៅ​ផ្សំ​ផ្គុំ​ឲ្យ​ម៉ឺន​ជូ​ ជា​កូន​លោក​អរ​ជូន​វិញ​ អញ​គ្រាន់​ នឹង បាន​ពឹង​ទ្រព្យ​សម្បត្តិ​ និង​ បុណ្យ​លោក​ផង​។​ គិត​ហើយ​នាង​ទន់​ក៏​លា​នាង​ទាវ​ត្រឡប់​ទៅ​ស្រុក​វិញ​។ លុះ​ទៅ​ដល់​ស្រុក​មាត់​ឃ្មុត​ នាង​ទន់​ ក៏​ចូល​ទៅ​ជំរាប​ចៅ​ពញ​អរ​ជូន​ថា ​:​ នាង​ទាវ​កូន​ខ្ញុំ​ម្ចាស់​នោះ​ហ្លួង​ពុំ​យក​ជា​សំរាប់​ទេ​ ទ្រង់​ប្រកាស​ថា​ទុក​រក​ថ្ងៃ​ជា​ពេលា​ល្អ នឹង ផ្សំ​ផ្គុំ​ឲ្យ​ទៅ​អា​ឯក​ជា​មនុស្ស​កំសត់​នោះ​វិញ​ ដូច្នេះ​​បើ​លោក​ចង់​ឲ្យ​បាន​ ម៉ឺន​ជូ​ហើយ​ម៉ឺន​ជូ​ ក៏​នៅ​ចាំ​ចិត្ត​មែន​ខ្ញុំ​ម្ចាស់​ នឹង យក​កូន​ខ្ញុំ​មក​ជូន​ក្នុង​គ្រា​នេះ​ជា​មិន​ខាន​។ ​ម៉ឺន​ជូ​នោះ​ ក៏​ទៅ​ជួប​ជុំ​នៅ​ទី​នោះ​ ដែល​​ដោយ​ក្ដី​ស្នេហា​ណាស់​កាល​ស្ដាប់​ឮ​តាម​សំដី​នាង​ទន់​ទៅ​ ក៏​យល់​​ឃើញ​ថា​ នាង​ទាវ​មិន​ទាន់​រៀប​ការ​មិន​ទាន់​ផ្សំ​ផ្គុំ​ដំណេក​ទេ​ ក៏​ឆ្លើយ​ថា​ ខ្ញុំ​អរ​គុណ នឹង អ្នក​ម្តាយ​ណាស់​ហើយ​សុំ​ឲ្យ​អ្នក​ម្ដាយ​គិត​យក​នាង​ទាវ​មក​រៀប​ការ​ចុះ​ខ្ញុំ​នឹង​គិត​ហៅ​ភ្ញៀវ​អស់​ទាំង​ខេត្ត​ មក​ឲ្យ​ស៊ី​ការ​ ពេញ​មុខ​អ្នក​ម្ដាយ​។ នាង​ទន់​បាន​ឮ​ដូច្នោះ​ហើយ​ អរ​ណាស់​ព្រោះ​ការ​នេះ​បាន​ដូច​គំនិត​ហើយ​ ហើយ​ក៏​គំនាប់​លា​ចៅ​ពញា​អរ​ជូន​ទៅ​ផ្ទះ​វិញ​។ ទៅ​ដល់​ផ្ទះ​ហើយ​នាង​ទន់​ក៏​ធ្វើ​សំបុត្រ​មួយ​ច្បាប់​មាន​សេច​ក្ដី​ថា​ឲ្យ​មក​ដល់​នាង​ទាវ​ជា​កូន​។​

 តាំង​ពី​ម្ដាយ​លា​ចេញ​ពី​បន្ទាយ​លង្វែក​ទៅ​ម្ដាយ​ពុំ​សប្បាយ​ខ្លួន​សោះ​ ព្រោះ​ទៅ​តាម​ទូក​ម្ដាយ​ចេះ​តែ​​គ្រុន​ក្ដៅ​ក្រហាយ​ ៥​ថ្ងៃ ៥​យប់​ នេះ​ហើយ​។​ គេ​សែង​ទៅ​ដល់​ផ្ទះ​ម្ដាយ​សន្ធំ​បាត់​មាត់​ពុំ​ដឹង​ខ្លួន​សោះ​។​ ដូច្នេះ​សុំ​ឲ្យ​កូន​ស្រូត​រូត​ទៅ​រក​ម្ដាយ​ ម្ដាយ​នឹង​បាន​ផ្ដាំ​ហើយ​បាន​ប្រគល់​កេរ្តិ៍​អាករ​ឲ្យ​ផង​។​ លុះ​ធ្វើ​សំបុត្រ​នេះ​ស្រេច​ហើយ​នាង​ទន់​មេ​ម៉ាយ​ក៏​ចាត់​ឲ្យ​កូន​ក្មួយ​ញាតិ​សន្តាន ​៤​នាក់ ឲ្យ​ចុះ​ទូក​ចែវ ​៤​ ចេញ​ទៅ​ប្រញាប់​។ ទូត​ចេញ​ទៅ​ ៥​យប់ ៥​ថ្ងៃ​ ទើប​ទៅ​ដល់​បន្ទាយ​លង្វែក​។​ អ្នក​បំរើ​ក៏​នាំយក​សំបុត្រ​ទៅ​ឲ្យ​នាង​ទាវ​។​ នាង​ទាវ​មើល​ដឹង​សេច​ក្ដី​ហើយ​ ក៏​កើត​ទុក្ខ​យំ​សោក​ពន់​ប្រមាណ​ណាស់​ទើប​ថ្លែង​ទុក​ប្រាប់​ម៉ឺន​ឯក​ជា​ស្វាមី​ឲ្យ​ជួយ​ទុក្ខ​ធុរៈ​ផង​។​ ម៉ឺន​ឯក​ក៏​ទន់​ចិត្ត​ស្មាន​ថា​ពិត​ ក៏​រៀប​ចំ​ជូន​ដំណើរ​នាង​ទាវ​ដែល​ជា​ប្រពន្ធ​ នឹង នាង​នោ​ជា​ភី​លៀង​។​ មក​ដល់ថ្នល់​កំ​ពង់​ចាម​ហើយ​ក៏​សោក​សាំ​ផ្ដាំ​ថា ​:​ តាម​សេច​ក្ដី​ដែល​អា​លោះ​អាល័យ​ហើយ​បំរើ​ក៏​ចេញ​ទូក​ទៅ ៥​ថ្ងៃ ៥​យប់​ ឡើង​គោក​នៅ​ពោធិ៍​ជើង​ខាល​។​ នាង​ទាវ​កាល​ឃើញ​តែ​រោង​ផ្កា​ស្លា​ និង​រោង​ការ​ជា​ច្រើន​ខ្នង​ហើយ​មើល​ទៅ​នាង​ទន់​ជា​ម្ដាយ​ពុំ​បាន​ឈឺ​អ្វី​សោះ​ក៏​ដឹង​ខ្លួន​ថា​ :​ ម្ដាយ​ពង្រាត់​ខ្លួន​ចេញ​ពី​ប្ដី​មក​ឲ្យ​ម៉ឺន​ជូ​ហើយ​ក៏​សួរ​ថា​ :​ អ្នក​ម្ដាយ​ឈឺ​អ្វី​ក៏​ឲ្យ​គេ​ទៅ​យក​ខ្ញុំ​មក​ ​?​ នាង​ទន់​ឆ្លើយ​ថា​: ដើម​ឡើយ​ម៉ឺន​​ជូ​មក​ដណ្ដឹង​អញ​អញ​ស្មាន​ថា​ ហង​មាន​សំណាង​គ្រាន់​បើ​ លុះ​ដល់​ហ្លួង​ឲ្យ​មក​យក​ហង​ឯង​ទៅ​អញ​អរ​ណាស់​ព្រោះ​អញ​យល់​ថា​: ហង​ឯង​មាន​សំណាង​ធំ​។​ ក្រោយ​មក​ហ្លួង​មិន​យក​ហង​វិញ​ ហង​ប្រាស​ទៅ​បាន​ឯ​អា​ឯក​ដែល​ជា​មនុស្ស​កំសត់​ណាស់​ ថោក​ណាស់​ ហេតុ​នេះ​ហើយ​បាន​ជា​អញ​ឲ្យ​គេ​ទៅ​យក​ហង​មក​រៀប​ការ​ ផ្សំ​ផ្គុំ​ឲ្យ​ម៉ឺន​ជូ កូន​លោក​អរ​ជូន​ ដែល​គេ​ជា​អ្នក​មាន​បុណ្យ​កាប់​​បាន​សំលាប់​បាន​វិញ​ហើយ​ហង​ក៏​បាន​ថ្កើង​កេរ្តិ៍​ថ្កើង​ឈ្មោះ​ពីរោះ​ពិសា​ត្រកាល​ណាស់​។​ នាង​ទាវ​បាន​ឮ​ម្ដាយ​ស្ដី​ឲ្យ​ដូច្នេះ​ហើយ​ក៏​តាំង​កើត​ក្ដី​ក្ដៅ​ផ្សា​ណាស់​ទើប​ឆ្លើយ​ទៅ​វិញ​ថា​ ​:​ បើ​អ្នក​ម្ដាយ​យក​កូន​ឯ​ណា​លើក​ទៅ​ឲ្យ​គេ​ក៏​លើក​ទៅ​ចុះ​។ ឯ​ខ្ញុំ​ស៊ូ​តែ​ស្លាប់​ហើយ​មិន​ទទួល​យក​ម៉ឺន​ជូ​ទេ​។​ នាង​ទាវ​ថា​ ហើយ​ក៏​​យំ​សោក​បោក​ខ្លួន​សន្លប់​បាត់​ស្មារ​តី​ទៅ​។​ នាង​នោ​ជា​ភិ​លៀង​ ឃើញ​ដូច្នោះ​ហើយ​ក៏​ម្នី​ម្នាយ​ក​ទឹក​មក​ក្បឹត​មុខ​ឲ្យ​ រក​ថ្នាំ​ដាក់​ឲ្យ​ នាង​ទាវ​ក៏​បាន​ស្រាក​ស្រាន្ត​គ្រាន់​បើ​ឡើង​។​

លុះ​មក​ដល់​ថ្ងៃ​ ១​កើត​ ខែ​ផល្គុន​ ឆ្នាំ​មមែ​ ត្រី​ស័ក​ ពុទ្ធ​សក​រាជ​ ២១១៥ (គ្រិស្ត​សក​រាជ​ ១៥៧១) នាង​ទាវ​ក៏​ចាត់​មនុស្ស​ឲ្យ​នាំ​សំបុត្រ​ទៅ​ម៉ឺន​ឯក​។ បំរើ​នាំ​ទៅ​ ៥​ថ្ងៃ ៥​យប់​ទើប​ទៅ​ដល់​ម៉ឺន​ឯក​។​ ម៉ឺន​ឯក​ហែក​សំបុត្រ​មើល​ឃើញ​សេច​ក្ដី​ថា ​: ​នាង​ទាវ​ជា​ខ្ញុំ​ក្រោម​បាត​សូម​ជំរាប​អ្នក​ម៉ឺន​ឯក​ជា​ស្វាមី​អ្នក​ម៉ឺន​ពេជ​ជា​គូ​ស្លាប់​រស់​បាន​ជ្រាប​ ដែល​មាន​សំបុត្រ​ពី​អ្នក​ម្ដាយ​ផ្ញើ​មក​ថា ​: ​មាន​ជំងឺ​នោះ​មិន​មែន​ទេ​នេះ​គឺ​ជា​គំនិត​អ្នក​ម្ដាយ​គិត​យក​ខ្ញុំ​ទៅ​ផ្សំ​ផ្គុំ​ ឲ្យ​ម៉ឺន​ជូ​ដូច​អ្នក​បង​ទាំង​ពីរ​បាន​ជ្រាប​ស្រាប់​។​

ដូច្នេះ​ឲ្យ​អ្នក​បង​ទាំង​ពីរ​ថ្វាយ​បង្គំ​ ហ្លួង​ស្រូត​ទៅ​ឲ្យ​ឆាប់​ឲ្យ​ខ្ញុំ​បាន​ឃើញ​មុខ​ផង​បើ​ហួស​ពីថ្ងៃ ១៣ ​កើត​ ខែ​ផល្គុន​ ទៅ​ខ្ញុំ​សូម​លា​អ្នក​បង​ស្លាប់​ហើយ​។​ អ្នក​បង​ នឹង​ ខ្ញុំ​មុខ​ជា​ពុំ​បាន​ឃើញ​មុខ​គ្នា​ទៀត​ទេ​។ ម៉ឺន​ឯក និង ម៉ឺន​ពេជ​បាន​ទទួល​សំបុត្រ​នោះ​ពីថ្ងៃ​ ៦ កើត​ ខែ​ផល្គុន​ ឆ្នាំ​មមែ​ ត្រី​ស័ក​បាន​មើល​ដឹង​សេច​ក្ដី​សព្វ​គ្រប់​ថា​ ​: នៅ​ខ្វះ​តែ ​៧​ ថ្ងៃ​ទៀត​ទេ​នឹង​ផុត​កំណត់​មង្គល​ការ​នាង​ទាវ​ហើយ​។ មួយ​រំពេច​នោះ​ម៉ឺន​ឯក​ និង​ ម៉ឺន​ពេជ​ទាំង​ពីរ​នាក់​ព្រួយ​ចិត្ត​កើត​ទុក្ខ​យំ​សោក​ឥត​គណនា​ឡើយ​ហើយ​ក៏​ម្នីម្នា​នាំ​គ្នា​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ ព្រះ​បាទ​បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ឲ្យ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​។​ ព្រះ​បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​តំ​កល់​លើត្បូង​​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ក៏​ត្រាស់​ថា​ :​ ករណី​នេះ​ជា​ការ​ប្រញាប់​ណាស់​ត្រូវ​តែ​ឯង​ទាំង​ពីរ​នាក់​ស្រូត​រូត​ទៅ​ឲ្យ​បាន​រហ័ស​។​ ទ្រង់​មាន​ព្រះ​រាជ​តំរាស់​ដូច្នេះ​ចប់​ហើយ​ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​អាល័ក្ស​តែង​ព្រះ​រាជ​តំរាស់​ទៅ​ឲ្យ​ចៅ​ពញា​អរ​ជូន​ឲ្យ​ប្រគល់​ខ្លួន​នាង​ទាវ​ ឲ្យ​​ម៉ឺន​ឯក​ដោយ​ហេតុ​ថា​ ទ្រង់​បាន​រៀប​ការ​ផ្សំ​ផ្គុំ​នាង​ទាវ​ឲ្យ​ជា​ប្រពន្ធ​ម៉ឺន​ឯក​តាំង​ពី​ខែ​បុស្ស​រៀង​មក​ ៣​ខែ​ហើយ​។ ថា​បើ​ពញា​អរ​ជូន​នៅ​តែ​រឹង​ទទឹង​នោះ​ពញា​អរ​ជូន​នឹង​មាន​ទោស​ដល់​ស្លាប់​ជា​ពុំ​ខាន​ឡើយ​។​ អាល័ក្ស​តែង​ព្រះ​ឱង្កា​រស្រេច​ហើយ​ក៏​ប្រគល់​ព្រះ​ឱង្ការ​នោះ​ឲ្យ​ម៉ឺន​ឯក​នឹង​ម៉ឺន​ពេជ​។ ព្រះ​រាជា​ទ្រង់​ព្រះ​តំរាស់​ថា ​:​ ឯង​ទាំង​ពីរ​នាក់​នឹង​ចេញ​ទៅ​ដោយ​ទូក​ឯ​ទៀត​ ក្រែង​ពុំ​ទាន់​ដូច្នេះ​ឯង​យក​ព្រះ​ទីនាំង​ទន្សាយ​ស្លឹក​ព្រម​ទាំង​ ពួក​ចែវ​សំរាប់​ព្រះ​ទីនាំង​នោះ​ឲ្យ​ចែវ​ទៅ​ឲ្យ​រហ័ស​ទាន់​ការណ៍​ចុះ​។ ម៉ឺន​ឯក​ និង ម៉ឺន​ពេជ​ក្រាប​បង្គំ​លា​ព្រះ​បរម​បពិត្រ​ជា​អម្ចាស់​ហើយ​ចុះ​ទូក​ចេញ​ទៅ​។ ពួក​ស៊ី​ថាយ​ "ពួក​អ្នក​ចែវ​"​ ចេញ​ទូក​នៅ​ថ្ងៃ ៩​កើត​ ខែ​ផល្គុន​ ចែវ​បាន ៣​ថ្ងៃ ៣​យប់​ ក៏​ទៅ​ដល់​ភូមិ​មាត់​ឃ្មុង​។ ម៉ឺន​ឯក និង​ ម៉ឺន​ពេជ​ឡើង​ដើរ​ពី​មាត់​កំពង់​ទៅ​មួយ​ថ្ងៃ​ទៀត​ទើប​ដល់​ទៅ​ភូមិ​ពោធិ៍​ជើង​ខាល​ នៅ​ថ្ងៃ​ ១៣​កើត​ ខែ​ផល្គុន​។​ ខណៈ​នោះ​ ម៉ឺន​ទាំង​ពីរ​បាន​ឃើញ​មេបា​ផ្ទឹម​ម៉ឺន​ជូ​ នឹង នាង​ទាវ​រួច​ទៅ​ហើយ​នៅ​កំពុង​តែ​លៀង​ភ្ញៀវ​ស៊ី​​ផឹក​យ៉ាង​អ៊ឹក​ធឹក​។ ម៉ឺន​ឯក​ម៉ឺន​ពេជ​ស្ទួយ​ព្រះ​រាជ​ឱង្ការ​តំកល់​លើ​ត្បូង​ឡើង​ទៅ​លើ​ផ្ទះ​។ ដល់​ហើយ​ម៉ឺន​ពេជ​ទាញ​ប៉ី​មក​ផ្លុំ​ម៉ឺន​ឯក​ស្រែក​ច្រៀង​សុំ​ស្រា​នាង​ទាវ​។ នាង​ទាវ​ឮ​សំឡេង​ប្ដី​ទៅ​ដល់​ហើយ​ ត្រេក​អរ​ណាស់​ក៏​កាន់​យក​ដប​ស្រា​ និង​ ពែង​មក​ឲ្យ​ម៉ឺន​ឯក​ផឹក​។​

ព្រះបរមិន្ទរាជា លេខ២