ថ្ងៃសៅរ៍ ទី20.តុលា 2018.ម៉ោង 10:02
ផែនដីព្រះបរមិន្ទរាជា លេខ៥

 ព្រះ​បរម​បពិត្រ​ ទ្រង់​បាន​ជ្រាប​ហើយ​ ទ្រង់​មាន​អំណរ​ណាស់​។​ ពេល​នោះ​ចៅ​ហ្វាយ​ស្រុក​គោក​ខណ្ឌ​មួយ​ ស្រុក​ធ្លង​លីញ​មួយ ស្រុក​ឆ្លូង​ ស្រុក​ស្រឡៅ​មួយ​ ពញា​អរ​ជូន​ខាង​ត្បូង​ឃ្មុំ​មួយ​ ចៅ​ហ្វាយ​ស្រុក​ទន្លេ​រពៅ​មួយ​បាន​ធ្វើ​សំបុត្រ​ ចាប់​​បំរើ​ឲ្យ​នាំ​ទៅ​ដល់​កំពង់​ក្រសាំង​ ដែល​នៅ​ឯ​លិច​ ស្រុក​នគរ​វត្ត​ឲ្យ​យក​ទៅ​ជូន​សេនា​បតី​ដើម្បី​ឡើង​ក្រាប​បង្គំ​ទូល​ព្រះ​ករុណា​ថា​ : ស្ដេច​នគរ​លាវ​ កំពុង​តែ​ឲ្យ​កេណ្ឌ​កង​ទ័ព​ធំ និង ទ័ព​រទេះ​សេះ ​ដំរី​ ច្រើន​ណាស់​បំរុង​ នឹង​ លើក​មក​វាយ​ក្រុង​កម្ពុជា​ធិបតី​ យើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​។ សូម​ទ្រង់​ជ្រាប​ ក្រោម​ល្អង​ធូលី​ព្រះ​បាទ​។​

 ព្រះ​បរម​បពិត្រ​បាន​ទ្រង់​ជ្រាប​ តាម​សំបុត្រ​របស់​ចៅ​ហ្វាយ​ស្រុក​ទាំង​នោះ​ហើយ​ ព្រះ​អង្គ​ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ នឹង អស់​នាយ​កង​នាយ​ទ័ព​ទាំង​នោះ​ថា ​:​ យើង​ នឹង ទៅ​វាយ​ក្រុង​ស្រី​អយុធ្យា ក្នុង​ពេល​នេះ​ពុំ​ទាន់​បាន​ឡើយ​ព្រោះ​ឥឡូវ​នេះ​លាវ​វា​លើក​ទ័ព​មក​វាយ​យើង​មុន​ហើយ​ បើ​ដូច្នេះ​ត្រូវ​តែ​យើង​ទទួល​វាយ​លាវ​សិន​។​ ព្រះ​បរម​បពិត្រ​ ទ្រង់​ត្រាស់​តែ​ប៉ុណ្ណោះ ​ទើប​ត្រាស់​ឲ្យ​សេនា​បតី​ធ្វើ​សំបុត្រ​បង្គាប់​ពញា​ឧទ័យ​ធិ​រាជ​ ចៅ​ហ្វាយ​ស្រុក​អាសន្ទុក​នោះ​ឲ្យ​កេណ្ឌ​រាស្ត្រ​ខេត្ត​ខាង​ជើង​ ហើយ​ចាំ​ទទួល​ច្បាំង​ នឹង លាវ​នៅ​ទី​ស្រុក​អាសន្ទុក​នោះ​ឲ្យ​ពញា​អរ​ជូន​ចៅ​ហ្វាយ​ស្រុក​ខេត្ត​ត្បូង​ឃ្មុំ​ កេណ្ឌ​រាស្ត្រ​ខេត្ត​ខាង​កើត​ ហើយ​ចាំ​ទទួល​ច្បាំង​ នឹង លាវ​នៅ​ស្រុក​សម្បុ​កុល​សម្បូណ៍​។​ ឯ​ទ័ព​ហ្លួង​ស្ដេច​ព្រះ​រាជ​ដំណើរ​ ត្រឡប់​មក​ក្រុង​លង្វែក​រាជ​ធានី​វិញ​។ ឈ្លើយ​សៀម​ដែល​ចាប់​បាន​មក​ទាំង​ប៉ុន្មាន​នោះ​ទ្រង់​ត្រាស់​ឲ្យ​ចែក​ទៅ​ស្រុក​ធំ​តូច​ទាំង​ឡាយ​ក្នុង​ប្រទេស​កម្ពុ​ជា​។​ គោ ក្របី ដំរី សេះ សព្វ​សម្បត្តិ​ដែល​បាន​មក​ទាំង​ប៉ុន្មាន​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​ ចែក​អស់​នាយ​កង​នាយ​ទ័ព​មិន​ឲ្យ​ខ្វះ​កន្លះ​ដល់​ម្នាក់​ឡើយ​។​

 ហេតុ​នេះ​ហើយ​បាន​ជា​កង​ទ័ព​ខំ​ធ្វើ​ការ​រាជ​ការ​ ឆ្លង​ព្រះ​តេជ​គុណរៀង​រាល់​ឆ្នាំ​មាន​ជ័យ​ជំនះ​ជា​ទី​ពេញ​ចិត្ត​ណាស់​។ ត​មក ព្រះ​បរម​បពិត្រ​ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ ត្រាស់​ឲ្យ​ចេញ​កេណ្ឌ​កង​ទ័ព​មក​ថែម​ឲ្យ​គ្រប់​ចំនួន​ជាង​ ១០០០០០ នាក់​។

នេះ​នឹង​​ស្រដី​ខាង​ទ័ព​លាវ​វិញ​។ ព្រះ​ចៅ​ក្រុង​ស្រី​សតនា​គន​ហុត​ កេណ្ឌ​ពល​បាន ១៥០០០០​នាក់ ​ទ្រង់​ឲ្យ​ពញា​ឧប​រាជ​ និង នាម៉ឺន​ធំ​-​តូច​ឃុំ​ពល ៥០០០០ នាក់​ជា​ទ័ព​ជើង​ទឹក​ឲ្យ​លើក​មក​តាម​ផ្លូវ​ទន្លេ​ធំ​។ ស្ដេច​លាវ​លើក​ពល ១០០០០០ នាក់​មក​ដោយ​ព្រះ​អង្គ​ឯង​ជា​ទ័ព​ជើង​គោក​។ ក្នុង​ទ័ព​នោះ​មាន​ដំរី​សឹក ៥០០ ​សេះ​សឹក ១២០០​។​ ទ្រង់​ពញា​ឧប​រាជ​សូរ្យ​វង្ស​ជា​មេ​ទ័ព​មុខ​ឲ្យ​ ពញា​សុរិន្ទ​ខាំង​ហ្វា ជា​ប៉ែក​ខាង​ស្ដាំ​ឲ្យ​ពញា​មហេ​ជា​ប៉ែក​ខាង​ឆ្វេង​ ឲ្យ​ពញា​មើ​ឡិក​ជា​ទ័ព​ក្រោយ​ ឲ្យ​ពញា​នគរ​នៅ​រក្សា​ស្រុក​។​

លុះ​បាន​ឫក្ស​ឧត្តម​នៅ​ខែ​មាឃ​ ឆ្នាំ​មមី ទោ​ស័ក ព្រះ​ចៅ​ក្រុង​ស្រី​សតនា​គន​ហុត​ ទ្រង់​គ្រឿង​អម្ពរ​សព្វ​ប្រដាប់​ប្រដា​តាម​មាំ​ឡាន​ ប្រទេស​រចនា​ដោយ​សា​ភេត​រិ​ស័យ​ឡើង​គង់​លើ​ដំរី​សឹក​ លើក​ក្បួន​ទ័ព​ជើង​ទឹក​ ជើង​គោក​ជា​សន្លឹក​ពន្លឹក​ណាស់​តាម​ផ្លូវ​ដើរ​រយ​ : រៀង​រហូត​មក​ដល់​ក្រុង​កម្ពុជា​ធិបតី​។ ចៅ​ពញា​ឧទ័យ​ធិរាជ​ ចៅ​ហ្វាយ​ស្រុក​អា​សន្ទុក​ដែល​ជា​មេទ័ព​ខាង​ខ្មែរ​កាល​បាន​ឃើញ​កង​ទ័ព​លាវ​ធំ​ហួស​ប្រមាណ​ពុំ​ហ៊ាន​ចេញ​ទទួល​ចំបាំង​ ហើយ​ក៏​ផាត់​កៀរ​គ្រួ​វិល​ថយ​ចូល​មក​បន្ទាយ​ខេត្ត​អាសន្ទុក​វិញ​។​

កង​ទ័ព​ទឹក​លាវ​ សម្ដេច​ព្រះ​ឧប​រាជ​លាវ​លើក​ទ័ព​មក​ដល់​ជួ​ខោន​ហើយ​ទ្រង់​ ក៏​រំលៀក​ទូក​ចុះ​ទ័ព​មក​ដល់​ស្រុក​សម្បុក​។​ ពញា​អរ​ជូន​ឃើញ​ទ័ព​លាវ​ច្រើន​លើស​លប់​ជាង​ចំនួន​ទ័ព​របស់​ខ្លួន​ ក៏​ថយ​មក​ចាំ​ទទួល​ច្បាំង​នៅ​បន្ទាយ​ត្បូង​ឃ្មុំ​។​ ខាង​ឯ​ខ្មែរ​ ក្រុង​លង្វែក​រាជធា​នី​វិញ​ ព្រះបាទ​សម្ដេច​ក្សត្រា​ធិរាជ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​ឲ្យ​សម្ដេច​ព្រះ​សត្ថា​ធិ​រាជ​ជា​ព្រះ​រាជ​ឱ​រស​នៅ​រក្សា​ព្រះ​នគរ។ ទ្រង់​ឲ្យ​ប្រជុំ​ពល​យោធា​ជា​ប្រញាប់​បាន​ពល ១០០០០០ នាក់​។ ទ្រង់​ចាត់​ឲ្យ​ចៅ​ហ្វា​ទឡ្ហៈ​ជា​មេទ័ព​ខាង​ជើង​ទឹក​ ឧក​ញ៉ា​ក្រឡា​ហោម​ជា​មេ​ទ័ព​មុខ​ ព្រម​ដោយ​ទូក​ក្ដារ​គ្រឿង​សស្ត្រា​វុធ​ចំនួន​ពល ៣០០០០ នាក់​ឲ្យ​លើក​ទ័ព​ទៅ​ទទួល​ច្បាំង​ នឹង ឧប​រាជ​លាវ​នៅផ្លូវ​ទន្លេ​ធំ​។ ទ័ព​ហ្លួង​ជើង​គោក​មាន​ពល ៧០០០០ នាក់​មាន​ដំរី​ ៣០០ សេះ ៨០០។ ទ្រង់​ឲ្យ​ចំលង​ពល​ទៅ​ត្រើយ​ខាង​កើត​ស្រេច​ ទើប​សម្ដេច​ព្រះ​បរម​នាថ​ បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​បាន​ចាត់​ឲ្យ​លើក​ព្យូ​ហ​ចតុ​រង្គ​ រៀប​ចំ​ដំណើរ​ក្បួន​ទ័ព​ឲ្យ​ប្រញាប់​រៀង​ទៅ​។ ឯ​ស្ដេច​លាវ​ កាល​លើក​ទ័ព​មក​ដល់​ស្រុក​សន្ទុក​ហើយ​ ទ្រង់​ចាត់​ឲ្យ​ទ័ព​លាវ​ចូល​វាយ​ចៅ​ពញា​ឧទ័យ​ធិរាជ​។ ចៅ​ពញា​ឧទ័យ​ធិរា​ជ ក៏​ដេញ​ពល​ឲ្យ​ឡើង​លើ​ទី​បន្ទាយ​ចាំ​ទទួល​ច្បាំង​ នឹង ទ័ព​លាវ​។​ ទ័ព​ទាំង​ពីរ​ខាង​បាញ់​កាំ​ភ្លើង​ត​គ្នា​ទៅ​វិញ​ទៅ​មក​ ឮ​សន្ធឹក​សន្ធាប់​កក្រើក​អស់​ប្រថ​ពី​។ កង​ទ័ព​ទាំង​សង​ខាង​ក៏​ស្លាប់​ដូច​គ្នា​ដែរ​។ ខាង​ពល​លាវ​ស្លាប់​ច្រើន​ណាស់​ ទើប​ស្ដេច​លាវ​ឲ្យ​ធ្វើ​បន្ទាយ​កិល​​បរ​ព្រះ​ទី​នាំង​ ដេញ​ពល​ឲ្យ​ចូល​ច្បាំង​ដូច​រលក​ក្នុង​មហា​សមុទ្រ​។​ ពល​លាវ​ចូល​មក​ដល់​បន្ទាយ​ខ្មែរ​ហើយ​ក៏​តាំង​ឡើង​ប្រកាប់​គ្នា នឹង ទ័ព​ខ្មែរ​លើ​បន្ទាយ​ខ្មែរ​។​

 ពល​ខ្មែរ​ទទួល​ច្បាំង​ពុំ​បាន​ក៏​បែក​ទ័ព​ស្លាប់​វិនាស​អស់​ជា​ច្រើន​ណាស់​។ កូន​របស់​ចៅ​ពញា​ឧទ័យ​ធិ​រាជ​ស្លាប់​ក្នុង​បន្ទាយ​ ខ្លួន​ចៅ​ពញា​រត់​ទំលាយ​ចំណោម​ទ័ព​លាវ​បាន​។ ទ័ព​លាវ​មាន​ជ័យ​ជំនះ​ចាប់​បាន​ទ័ព​ខ្មែរ​ ដែល​បែក​បន្ទាយ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​បាន​ជា​ច្រើន​។ ពញា​ឧទ័យ​ធិរាជ​ពេល​រត់​ចេញ​ពី​ចំណោម​ទ័ព​លាវ​រួច​ហើយ​ ក៏​រត់​មក​ប្រទះ​នឹង​ទ័ព​ហ្លួង​កណ្ដាល​ផ្លូវ​ ក៏​ចូល​ក្រាប​ថ្វាយ​បង្គំ​ថ្លែង​ទូល​រាជ​កិច្ច​ថ្វាយ​ នូវ​ទោសា​នុទោស​របស់​ខ្លួន​ សព្វ​គ្រប់​ប្រការ​ ខណៈ​នោះ​ អម្ចាស់​ផែន​ដី​ប្រទេស​កម្ពុជា​មាន​ព្រះ​រាជ​តំរាស់​ត្រាស់​ប្រា​រព្ធ​ថា​ : ទ័ព​លាវ​មាន​ចំនួន​ច្រើន​លើស​កំលាំង​ទ័ព​ចៅ​ហ្វាយ​ស្រុក​ជា​ច្រើន​ណាស់​។ ចៅ​ហ្វាយ​ស្រុក​ក្រៅ​ នឹង ទទួល​ច្បាំង​ផង​ពុំ​បាន​ឡើយ​។​ ទ្រង់​ព្រះ​រាជ​ទាន​ទោស​ដល់​ចៅ​ពញា​ឧទ័យ​ធិ​រាជ​។ លំដាប់នោះ អម្ចាស់​ផែន​ដី​ខ្មែរ​ ស្ដេច​លើក​ក្បួន​ទ័ព​ត​ទៅ​ទៀត​។ លុះ​ដល់​តំបន់​កំពង់​ស្វាយ​ ក្នុង​ខេត្ត​អាសន្ទុក​។ ទ្រង់​ត្រាស់​ឲ្យ​តាំង​ទ័ព​តាម​ក្បួន​ពិជ័យ​សង្គ្រាម​ក្នុង​ទី​ជ័យ​ភូមិ​ដ៏​ល្អ​។​

ខាង​លាវ​វិញ​ ស្ដេច​លាវ​ ក៏​ឲ្យ​លើក​សេនា​ពលា​នុពល​តាម​ក្បួន​ពិជ័យ​សង្គ្រាម​។ ព្រះ​ចៅ​លាង​ជាង​ "ស្ដេច​លាវ" បាន​ប្រឹក្សា​ នឹង អស់​សេនា​ទាហាន​ ពញា​លាវ​ទាំង​ឡាយ​ថា​ : ទ័ព​យើង​មាន​ច្រើន​ជាង​ទ័ព​ខ្មែរ​។ ដូច្នេះ​វេលា​ស្អែក​នេះ យើង​ត្រូវ​លើក​ក្បួន​ទ័ព​តាំង​ពី​យប់​ ហើយ​ឲ្យ​ទៅ​ភ្លឺ​នៅ​មុខ​បន្ទាយ​ខ្មែរ ​រួច​​ហើយ​យើង​បរ​ពល​ចូល​ទៅ​វាយ​ទ័ព​ខ្មែរ​ដោយ​ងាយ​ជា​ប្រាកដ​។​ អស់​នាយ​កង​ នាយ​ទ័ព​ក៏​យល់​ដូច​ព្រះ​រាជ​បញ្ជា​ការ​។

លុះ​វេលា​ព្រឹក​ឡើង​ ម្ដេច​ព្រះ​ចៅ​ក្រុង​ស្រី​សតនា​គន​ហុត​ ព្រះ​អង្គ​ទ្រង់​គ្រឿង​ប្រដាប់​សំរាប់​ម៉ាឡាន​ប្រទេស​សុវណ្ណ​ពិចិត្រ​រតនា​ ហត្ថា​ក៏​ទ្រង់​កង្វេរ​ ដាវ​ខ ជា​អាវុធ​រួច​ស្រេច​ហើយ​ ទើប​ឡើង​គង់​លើ​ព្រះ​ទី​នាំង​គជេន្ទ្រ​ចុះ​ប្រេង​ ចង​គ្រឿង​សឹក​មាន​មន្ត្រី​ជិះ​កណ្ដាល​ ជិះ​កន្សៃ​គ្រប់​ប្រការ​។ អស់​សេនា​ ពញា​លាវ​ ជិះ​ដំរី​សឹក​ ២០០​ មុខ​ ២០០ ​ក្រោយ​ចោម​រោម​តាម​ក្បួន​ទ័ព​ដំរី​។ ឯ​ពល​នៅ​ជើងដំរី ៣០០០​នាក់​ ស្ដេច​ឲ្យ​ពាក់​អាវ​លឿង​កាន់​កាំ​ភ្លើង​ លំពែង​ ដាវ​ អម​ជើង​ព្រះ​ទី​នាំង​គជេន្ទ្រ​។ ពញា​រាជ​សូរ្យ​វង្ស​ទ្រង់​គ្រឿង​ ជិះ​ដំរី​សឹក​ ជួប​ជុំ​ពល ដំរី សេះ និង​ពល​ថ្មើរ​ជើង​មូល​មក​ហើយ​ក៏​លើក​ចេញ​ទៅ​ជា​ទ័ព​មុខ​។ ពញា​សុរិន្ទ​ខាំង​ហ្វា​ជិះ​ដំរី​សឹក​ឃុំ​ពល​ ដំរី សេះ នឹង​ពល​ថ្មើរ​ជើង​លើក​ទៅ​ជា​ទ័ព​ក្រោយ​។ ឲ្យ​ពញា​សែន្យ​ខាំង​ហ្វា​ លើក​ចេញ​ទៅ​ជា​ទ័ព​ស្រួច​មុខ​គេ​បង្អស់​។ ចំនួន​ពល​លាវ កាល​នោះ ១០០០០០ នាក់​​ប្រដាប់​ព្រម​ដោយ​ទង់​ជ័យ​កាំភ្លើង​ ដាវ គ្រឿង​សឹក គ្រឿង​ចំបាំង​ផ្សង​ៗ​គ្នា​។ លុះ​បាន​ឫក្ស​ល្អ​ហើយ​ ទ័ព​ភ្លេង​ក៏​តាំង​វាយ​គង​ ទូង​ស្គរ​ដេញ​ប្រគុំ​ភ្លេង​តាម​ប្រទេស​លាវ​ តាំង​ហ៊ោ​ដោត​ទង់​ជ័យ​ហើយ​លើក​ទ័ព​ចេញ​ទៅ​។​

 ឯ​ខាង​ទ្រង់​ព្រះ​ករុណា​ពិសេស​ជា​អម្ចាស់​ជីវិត​លើ​ត្បូង "ព្រះ​រាជា​ខ្មែរ​យើង​" ឮ​សន្ធឹក​ក្បួន​ទ័ព​ឡើយ ទ្រង់​ក៏​ប្រជុំ​អស់​មហា​សេនា​ សេនា​នាយក​មុខ​មន្ត្រី​ធំ​ តូច​ គាស់​ស្ដាប់​ព្រះ​រាជ​ឱង្ការ​ ត្រៀប​ត្រា​ក្រោម​ល្អង​ធូ​លី​ព្រះ​បាទ​កុដ​មាស​ឱកាស​ពិ​ភាក្សា​ការ​រណង្គ​រាជ​ភេរី​។ ទើប​ទ្រង់​ ត្រាស់​ព្រះ​បរម​រាជ​បរិ​ហារ​ថា ​:​ ការណ៍​ទ័ព​ម្ដង​នេះ​ ជា​ការ​ណ៍​ធំ​លើស​ធម្មតា​។ លាវ​មាន​ទ័ព​ច្រើន​ជាង​យើង​ហើយ​។ ការណ៍​សឹក​ក្សត្រ​នេះ​ បើ​ម្ដេច​ម្ដា​គង់​ នឹង ដឹង​គ្នា​វេលា​ព្រឹក​នេះ​​ជា​​មិន​ខាន​ ទើប​ទ្រង់​ត្រាស់​ឲ្យ​ចៅ​ពញា​ឧទ័យ​ធិរាជ​ឃុំពល​ ៣០០ ​​នាក់ មាន​គង​មាន​ស្គរ​ជា​ច្រើន​ សែង​វាង​ទៅ​ឲ្យ​ហួស​ទ័ព​លាវ​។ ទ្រង់​ផ្ដាំ​ថា​ : ឲ្យ​មើល​ថា​ បើ​ឮ​សូរ​កាំ​ភ្លើង​ម្ដង​ ត្រូវ​ឲ្យ​ទ័ព​វាយ​គង​ទូង​ស្គរ​គាំង​ហ៊ោ​ដុត​ផ្ទះ ​ភូមិ​រាស្ត្រ​ដែល​រត់​ចោល​ឲ្យ​ឃើញ​ផ្សែង​ហុយ​ទ្រលោម​ឡើង​។ ទើប​ទ្រង់​ត្រាស់​ឲ្យ​ឧក​ញ៉ា​ចក្រី​ ចៅ​ពញា​ធម្មា​តេ​ជោ​ឃុំ​ពល​ ១០០០០ នាក់​ដែល​មាន​ដំរី​សឹក​ សេះ​សឹក​ ក្របី​សឹក​ លើក​ទ័ព​ទៅ​ទាំង​យប់​ រក​ព្រៃ​ឈប់​បង្អង់​ចាំ​មើល​ បើ​ទ័ព​ច្បាំង​គ្នា​ជាប់​ដៃ​ហើយ​ឲ្យ​លើក​សំរុក​វាយ​លុក​ពី​ខាង​ក្រោយ​ដើម្បី​ឲ្យ​ខូច​ក្បួន​របស់​នាយ​កង​ទ័ព​លាវ​។​

ឧក​ញ៉ា​ចក្រី​ និង​ចៅ​ពញា​ធម្មា​តេ​ជោ​ ក្រាប​ថ្វាយ​បង្គំ​លា ​លើក​ទ័ព​ចេញ​ទៅ​តាម​ព្រះ​រាជ​បង្គាប់​។ ឯ​ទ័ព​ធំ​ស្ដេច​ឲ្យ​រៀប​បៀប​​ប្រុង ក្នុង​យប់​នោះ​ឲ្យ​ស្រេច​។ លុះ​ព្រឹក​បំព្រាង​រៀប​ស្វាយ​អាកាស​ នាយ​កង​ នាយ​ទ័ព​ក៏​រៀប​ចំ​ទ័ព​តាម​ក្បួន​ពិជ័យ​សង្គ្រាម​រង់​ចាំ​វេលា​។ សម្ដេច​ព្រះ​បរម​រាជា​ធិ​រាជ​ បរម​នាថ​ បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ស្ដេច​ទ្រង់​គ្រឿង​ឥស្សរ​ក្សត្រ​ប្រដាប់​ដោយ​សុវណ្ណ​រ័ត្ន​ អលង្ក​ត​វិកូ​សិត​វិចិត្រ​រាជ​វិល័យ​សំរាប់​ចូល​ពិជ័យ​រណង្គ​យុទ្ធ​ស្រេច​ ទើប​ស្ដេច​ទ្រង់​ព្រះ​សែង​ដាវ​រាជ​អាវុធ​ឡើង​គង់​លើ​ព្រះ​ទី​នាំង​គជេន្ទ្រ​មង្គល​ ដែល​ដល់​ឈ្នះ​ដំរី​លាវ​ចុះ​ប្រេង​មុខ​ក្រោយ​ ចង​ទៅ​ដោយ​គ្រឿង​ភូផាន​សោ​ភ័ណ​សំរាប់​សឹក​ ​បាំង​ព្រះ​មហា​ស្វេត​ច្ឆ័ត្រ​មាន​សេនា​ជិះ​កណ្ដាល​ កាន់​កន្ទុយ​ក្ងោក​សំរាប់​បោកប​ង្គាប់​ពល​ទ័ព​មាន​មន្ត្រី​ជិះ​កន្សៃ​គជេន្ទ្រ​ជ័យ​ កាន់​នូវ​អាវុធ​ប្រយ័ត្ន​ពី​ខាង​ក្រោយ​។​

 ទ្រង់​ចាត់​ពល​ឲ្យ​រវាំង​ចតុ​រង្គ​បាទ​ ​គឺ​រក្សា​ជើង​ព្រះ​ទី​នាំង​គជេន្ទ្រ​ទាំង​ ៤ ដោយ​ខ្លួន​តាម​មុខ​ងារ​។ អស់​មុខ​មន្ត រី​រាជ​ពល​ករ​ តែង​ខ្លួន​ជិះ​ដំរី​សឹក​ពន្លឹក​ត្រៀប​ត្រា​ ជិះ​គជ​សារ​មុខ​ក្រោយ​ ឆ្វេង​ ស្ដាំ​ ចោម​រោម​ព្រះ​ទីនាំង​ ប្រចាំ​ការ​ណ៍​តាម​ក្បួន​រាជ​គជ​សង្គ្រាម​យុទ្ធ​។ ទើប​អស់​ពួក​ពល​សកល​យោធា​ តែង​ខ្លួន​តាម​ពិណ៍​ទី​ទៃ​ៗ​ អម្ចាស់​ផែន​ដី ​ស្ដេច​ចាត់​សូរ្យ​សេន្យ​រស​​នី ពល​ដំរី​ ពល​សេះ​ ពល​ថ្មើរ​ជើង​ក្នុង​កង​ទ័ព​ហ្លួង​។​ ទ្រង់​ចាត់​ឲ្យ​ចៅ​ពញា​មហា​សេនា​ជា​ទ័ព​ស្រួច​ ទ្រង់​ចាត់​ឲ្យ​ចៅ​ពញា​យោ​ធា​សង្គ្រាម​ ឲ្យ​ជិះ​ដំរី​ ឃុំ​ពល​ជា​ទ័ព​មុខ​បង្អស់​បន្ទាប់​នោះ​ ស្ដេច​ឲ្យ​ឧក​ញ៉ា​យម​រាជ​ និង​ សេនា​បតី​ដទៃ​ទៀត​ ឃុំ​ពល​ជា​ទ័ព​មុខ​ទ័ព​ក្រោយ​ទ័ព​ប៉ែក​ឆ្វេង​ស្ដាំ​។ ទ្រង់​ចាត់​ឲ្យ​ឧក​ញ៉ា​សា​មន្ត​រាជ​ និង​ មុខ​មន្ត្រី​ជា​នាយ​កង​នាយ​ទ័ព​ឲ្យ​លើក​ទ័ព​តាម​ក្រោយ​មក​​តាម​ព្យូហ​យាត្រា​រួច​ជា​ស្រេច​។ លុះ​ព្រឹក​ព្រាង​ស្រឡះ​ រះ​ដួង​អរុ​ណោ​ទ័យ​រស្មី​ ក្រហម​​រន្ទាល​ច្រាល​ឆ្អៅ​នៅ​ទិស​បូព៌​ ព្រះ​ហោ​រា​ធិប​តី​ក៏​គោះ​គង​ វាយ​ភេរី ​ជី​ព្រាហ្មណ៍​ ថ្វាយ​ស្លុតី​​ ថ្វាយ​ទឹក​ស័ង្ខ​ជ័យ​ មង្គល​ភ្នាក់​ងារ​ ផ្លុំ​ត្រែ​ ស័ង្ខ​ តាំង​សុរិ​យា​តន្ត្រី​ ទើប​ស្ដេច​ព្រះ​បរម​នាថ​ បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​មាន​ព្រះ​រាជ​ឱង្ការ​ត្រាស់​ឲ្យ​មន្ត្រី​ ដែល​ជិះ​ដំរី​កណ្ដាល​ទ័ព​ កាន់​​កន្ទុយ​មយូ​រា​ ​បក់​បោក​កន្ទុយ​ក្ងោក​ឲ្យ​ចេញ​ទៅ​មុខ​។ ឯ​ដំរី​ចំលង​សឹក​ឲ្យ​តាំង​រៀប​តំរូវ​ត្រូវ​តាម​ក្បួន​គជេន្ទ្រ​សង្គ្រាម​។ អ្នក​ជិះ​កណ្ដាល​ដំរី​ថ្វាយ​បង្គំ​រាំ​កន្ទុយ​ក្ងោក​បោក​បង្គាប់​ទ័ព​តាម​ក្បួន​។ អស់​ពល​សេះ ​ពល​ថ្មើរ​ជើង​ ក៏​បោក​ទង់​តាំង​ហ៊ោ​យក​ជ័យ​ហើយ​ទើប​ស្ដេច​ព្រះ​រាជ​ដំណើរ​ចេញ​ក្បួន​ទ័ព​ជា​សន្ធឹក​សន្ធាប់​មហិមា​។ អស់​មហា​ចតុ​រង្គ​ យោ​ធា​ ក៏​រាប​ដោយ​គ្រឿង​សហា ​នា​នា​អាវុធ​។​

 ភ្នាក់​ងារ​បើក​ក្លស់​ក្លំ​អភិ​រម្យ​វិជ្ជ​នី​ផាត់​បាំង​សេត​រាំង​សែង​ព្រះ​សុរិយា​ត្រៀប​ត្រា​ទៅ​ដោយ​ចា​ម៉រ​ បៃ​ម៉ន​ សែន​ត្វាន់​កំណាត់​ក៏​ត្ររួត​គ្រឿង​រាជ​អាវុធ​បវិស្សុត​វិសេស​ផ្សេង​ៗ​ សន្ទឹ​​ទៅ​ដោយ​ភ្លេង​​ ព្រះ​ទីនាំង​គជេន្ទ្រ ​ព្រះ​ពុទ្ធ​បដិមា​ករ​ ព្រះ​ឥសូរ​ ព្រះ​នារាយណ៍​ ទេវ​រូប​ក៏​ចេញ​នាំ​មុខ​ ព្រះ​ទី​នាំង​ជា​លំដាប់​ទៅ​។ ពញា​មហា​សេនា​ ពញា​យោធា​សង្គ្រាម​ លើក​ទ័ព​ទៅ​ប្រទះ​ នឹង ទ័ព​លាវ​ដែល​មាន​ព្រះ​ឧប​រាជ​សូរ្យ​វង្ស​ជា​មេ​ទ័ព​មុខ​ក៏​បោះ​ទង់​ជ័យ​ប្រជល់​គ្នា​រវាង​ទ័ព​មុខ​ នឹង ទ័ព​មុខ​ខ្មែរ​ ក៏​បោះ​ទ័ព​ទល់​គ្នា​រាយ​រាល​ខ្លួន​។ លុះ​ទ័ព​ហ្លួង​ខ្មែរ​ ទ័ព​ហ្លួង​លាវ​មក​ដល់​ទល់​ជុំ​ហើយ​ទ័ព​មុខ​ក៏​បោក​ទង់​ជ័យ​ តាំង​ហ៊ោ​ទូង​ស្គរ​បាញ់​កាំ​ភ្លើង​ធំ​-តូច​ ចូល​ប្រកាប់​ប្រចាក់​គ្នា​ទៅ​មក​ជា​សន្ធឹក​ពន្លឹក​កោ​លា​ហល​រេហ៍​ពល​សា​កល​យោធា​ លាវ​ ខ្មែរ​ប្រកាប់​គ្នា​ដូច​ជា​ព្យុះ​សង្ឃ​រា ​ រលក​សាគរ​មហា​សមុទ្រ​ពេន​ទៅ​ពេន​មក​ជា​គឹក​កង ​រំពង ​បី​ដូច​ជា​ផែន​ដី​កំរើក​ញាប់​ញ័រ​។ កាល​នោះ​ទ័ព​ខ្មែរ​ប៉ែក​ស្ដាំ​ដេញ​ប្រកាប់​ទ័ព​លាវ​ ទ័ព​លាវ​ទ្រាំ​មិន​បាន​ក៏​ថយ​។ ព្រះ​ចៅ​ក្រុង​ឝ្រីសត​នា​គន​ហុត​ ទត​ឃើញ​ដូច្នោះ​ ក៏​ឲ្យ​ពល​ពាក់​អាវ​លឿង​ ៣០០០ ​នាក់​ចេញ​ដេញ​កាល់​ពល​ឲ្យ​ចូល​ ទទួល​ទ័ព​ខ្មែរ​ ទ័ព​ខ្មែរ​ទ្រាំង​ពុំ​បាន​ក៏​រា​ថយ​មក​វិញ​ដែរ​។ សម្ដេច​ព្រះ​បរម​នាថ​ បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ស្ដេច​ទត​ទស្ស​នាការ​ ឃើញ​ទ័ព​ខ្មែរ​ថយ​ដូច្នោះ​ ក៏​ទ្រង់​បរ​ព្រះ​ទីនាំង​ នាំដំ​រី​សឹក​ចូល​កាល់​ពល​ហើយ​ ទ្រង់​ឲ្យ​កាត់​ក្បាល​នាយ​រេហ៍​ពល​ ដែល​ថយ​ទាំង​ ៥​នាក់​ឲ្យ​នាយ​មហា​ក្សត្រ​នាំ​ក្បាល​ទៅ​ស្រែក​ឃោសនា​ឲ្យពល​ដឹង​។ អស់​ពល​ខ្មែរ​ឃើញ​ហើយ​ខ្លាច​ ព្រះ​រាជ​អាជ្ញា ​ក៏​ត្រឡប់​ចូល​ទៅ​ប្រកាប់​ទ័ព​លាវ​ជា​ច្រឡំ​បល់​។ ព្រះ​បរម​បពិត្រ​ ស្ដេច​បរ​ពល​ចូល​ច្បាំង​ដោយ​ព្រះ​អង្គ​ឯង​។​

ក្រោយ​នោះ ​ពញា​ឧទ័យ​ធិរាជ​វាយ​គង​ទូង​ស្គរ​តាំង​ហ៊ោ​ដុត​ផ្ទះ​អ្នក​ស្រុក​ហើយ​រត់​ចូល​សំរុក​មក​។ ទ័ព​ក្រោយ​របស់​លាវ​ បាន​ឃើញ​ផ្សែង​ហុយ​ទ្រលោម​ឮ​សូរ​សំរែក​ និង ស្គរ​គង រគាំង​ខ្លាំង​ណាស់​ ក៏​រត់​មក​ទូល​ស្ដេច​លាវ​។ ខាង​ឯ​ឧកញ៉ា​ចក្រី​ ពញា​ធម្មា​តេជោ ​"ទ័ព​ខាង​ខ្មែរ​" ដែល​បង្កប់​ទ័ព​សេះ ​ដំរី​ ក្របី និង ពល​ថ្មើរ​ជើង​នៅ​ក្នុង​ព្រៃ​នោះ​ កាល​បើ​បាន​ឮ​គង​ ឮ​ស្គរ​ហើយ​ ក៏​នាំ​ពល​ចូល​សំរុក​ គ្រលុក​ច្បាំង​ខ្ទប់​ពី​ក្រោយ​ទៀត​។​ ទ័ព​លាវ​មើល​ទៅ​ ទ្រាំ​ពុំ​បាន​ក៏​បែក​បាក់​រត់​ខ្ចាត់​ខ្ចាយ​អស់​។​

 ព្រះ​ចៅ​ក្រុង​ឝ្រី​សត​នា​គន​ហុត​ កាវ​ដំរី​រត់​ឥត​បង្អង់​។ កាល​ទ័ព​លាវ​បែក​ នឹង ទ័ព​ខ្មែរ​ ខ្មែរ​ដេញ​តាម​កាប់​សំលាប់​ពល​លាវ​ ស្លាប់​រៀង​រាយ​តាម​ផ្លូវ​ តាម​ព្រៃ​។ សាក​សព​ជា​ច្រើន​អនេក​ពេក​ពន់​ប្រមាណ​ ស្លាប់​ស្អុយ​ពាស​ពេញ​ទាំង​ផែន​ដី​។ ពញា​ឧទ័យ​ធិ​រាជ​ និង ឧក​ញ៉ា​មហា​សេនា​ ឧក​ញ៉ា​យោ​ធា​សង្គ្រាម​ ដែល​ជា​មេ​ទ័ព​បង្កប់​បាន​លើក​ទ័ព​ស្កាត់​ពី​មុខ​ ទ័ព​លាវ​ដែល​នៅ​គាល់​ក្រោយ​ទ័ព​ហ្លួង​។ ព្រះ​ចៅ​ឝ្រី​សតនា​គន​ហុត​ កាល​ដែល​រត់​បាក់​ទ័ព​នៅ​ទី​នោះ​ ទ្រង់​ឲ្យ​ពញា​សេន្យ​ខាំង​ហ្វា និង សេនា​ទាហាន​ រេហ៍​ពល​ទាំង​ ១០០០០ នាក់​ដឹង​យល់​ថា​ បើ​ នឹង រត់​ក៏​ពុំ​រួច​ច្បាំង​បើក​ផ្លូវ​ចេញ​ទៅ​ក៏​មិន​បាន​ទៀត​ទើប​ពញា​សេន្យ​ខាំង​ហ្វា ​ប្រឹក្សា​យល់​ព្រម​ នឹង សេនា​ទាហាន​តូច​ធំ​ ថា​យើង​មក​ជាប់​ចំណោម​ក្នុង​ព្រៃ​នេះ​មួយ​យប់​ ពីរ​ថ្ងៃ​ហើយ​ គួរ​តែ​យើង​ចូល​ជ្រក​កោន​ នឹង ស្ដេច​ខ្មែរ​ឲ្យ​រួច​ជីវិត​ទៅ​វិញ​ទើប​ល្អ​ជាង​។​ គិត​​ហើយ​ក៏​ប្រកាស​គ្រប់​សេនា​យោធា​ឲ្យ​មូរ​ទង់​ជ័យ​ ចង​គ្រឿង​សាស្ត្រា​វុធ​នាំ​រេហ៍​ពល និង​ ​រទេះ​សេះ​ដំរី​ទៅ​ចូល​ក្រាប​បង្គំ​ថ្វាយ​អម្ចាស់​ផែន​ដី​ ខ្មែរ​សុំ​ជា​ចំណុះ​ចុះ​ព្រះ​បារមី​។

ព្រះ​បាទ​បរម​នាថ​ បរម​បពិត្រ​ជា​អម្ចាស់​ ជីវិត​លើ​ត្បូង​ទ្រង់​ត្រាស់​សួរ​ថា​ : ឯង​នេះ​មន្ត្រី​ ឬ​ ជា​ព្រះ​វង្ស​ស្រុក​ណា​ ពញា​សេន្យ​ខាំង​ហ្វា​ក្រាប​ទូល​ថា​ : ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ ជា​ព្រះ​វង្ស​ស្រុក​ឆៀង​រ៉ាយ​ "ជាង​រាយ​"​។ ថា​ព្រះ​ចៅ​ឝ្រី​សត​នា​គន​ហុត​ ព្រះ​អង្គ​កេណ្ឌ​យក​ទូល​ព្រះ​បង្គំ​យើង​ខ្ញុំ​មក​ឲ្យ​ធ្វើ​ជា​នាយ​កង​ទ័ព​ក្រោយ​។​ ព្រះ​បាទ​បរម​នាថ​ បរម​បពិត្រ​ កាល​​បើ​បាន​ឮ​ថា​ ពញា​សេន្យ​ខាំង​ហ្វា​ជា​ព្រះ​រាជ​វង្ស​ដូច្នោះ​ហើយ​ ព្រះ​អង្គ​ក៏​មាន​មេត្តា​ឲ្យ​ពញា​សេន្យ​ខាំ​ហ្វា ​គ្រប់​គ្រង​ខេត្ត​គោក​សេះ​ ដែល​នៅ​ជា​ចំណុះ ខេត្ត​អាសន្ទុក​ ហើយ​ទ្រង់​ឲ្យ​ប្រែ​ឈ្មោះ ​គោក​សេះ​ នោះ​ឲ្យ​ហៅ​ថា​ "បាន​លាវ​ឆៀង​រ៉ាយ​" "ប្រែ​ថា ស្រុក​លាវ​ឆៀង​រ៉ាយ​" តែ​ជា​យូរ​ៗ​មក​ពាក្យ​ បាន​លាវ​ឆៀង​រ៉ាយ​នេះ​ ក៏​ដាច់​អស់​ពាក់​កណ្ដាល​ទៅ នៅ​សល់​តែ​ពាក្យ​ដើម​និង​ពាក្យ​ចុង​​ទៅ ​ហៅ​ថា បារាយណ៍​ ទៅ​វិញ​ក្លាយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។ ទ្រង់​បាន​ឲ្យ​ពល​លាវ​ ១០០០​នាក់​នៅ​ក្នុង​ខេត្ត​នោះ​។ ក្រៅ​អំពី​នោះ ​ទ្រង់​ត្រាស់​បង្គាប់​សេនា​ទាហាន​ឲ្យ​ផាត់​កៀរ​ពល​លាវ​ឲ្យ​ទៅ​នៅ​ខេត្ត​ខាង​ត្បូង​ និង ខាង​លិច​ទាំង​អស់​ហើយ​ ទ្រង់​ឲ្យ​ផ្លាស់​ងារ​មន្ត្រី​ខេត្ត​គោក​សេះ​ ដែល​ធ្លាប់​ហៅ​ថា​ ឧក​ញ៉ា​មន្ត្រី​សីហ​នាថ​នោះ មក​ជា​ពញា​សេន្យ​ខាំង​ហ្វា​វិញ​។​

 លំដាប់​ត​នោះ​មក​ស្ដេច​ម្ចាស់​ផែន​ដី​ខ្មែរ​ទ្រង់​បង្គាប់​ ពញា​ឧទ័យ​ធិ​រាជ​ ចៅ​ហ្វាយ​ស្រុក​អាសន្ទុក​មួយ​ ឧក​ញ៉ា​មហា​សេនា​មួយ​ ឧក​ញ៉ា​យោ​ធា​សង្គ្រាម​មួយ​ឲ្យ​លើក​ទ័ព​ដេញ​ទ័ព​ព្រះ​ចៅ​ឝ្រីស​តនា​គន​ហុត​ ដែល​រត់​ទៅ​ទី​នោះ​ឲ្យ​ផុត​ដែល​ក្រុងកម្ពុជា​ធិបតី​។ មេ​ទ័ព​ទាំង ​៣​នាក់​នេះ​ចាប់​បាន​ឈ្លើយ​លាវ​ និង គោ ក្របី សេះ ដំរី ស្បៀង​អាហារ​ គ្រឿង​សស្ត្រា​វុធ​ជា​ច្រើន​មក​ ក្រាប​ទូល​ថ្វាយ​ព្រះ​បាទ​អ្នក​ជា​ម្ចាស់​។ ព្រះ​បាទ​បរម​នាថ​ បរម​បពិត្រ​ទ្រង់​ព្រះ​អំណរ​ណាស់​ទ្រង់​ប្រោស​ប្រទាន​ពល​លាវ​ ជា​ឈ្លើយ​​នោះ​ទៅ​មន្ត្រី​សេនា​ទាហាន​ តាម​មាន​គុណ​បំណាច់​ តិច​ច្រើន​រួច​​ហើយ ព្រះ​អង្គ​ត្រាស់​ឲ្យ​រៀប​ពិធី​ការ​ សង្គ្រាម​ជើង​ទឹក​ទៀត​ព្រោះ​កាល​ទ្រង់​ត្រាស់​ប្រើ​សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​ ឲ្យ​លើក​ទ័ព​ជើង​ទឹក​ទៅ​រួប​រួម​ នឹង​ ចៅ​ហ្វាយ​ស្រុក​ខេត្ត​ត្បូង​ឃ្មុំ​ត នឹង ទ័ព​ឧប​រាជ​សូរ្យ​វង្ស​នោះ​ ទ្រង់​ពុំ​ទាន់​បាន​ជ្រាប​ថា​មាន​ជ័យ​ ឬ បរា​ជ័យ​នៅ​ឡើយ​។ ខណៈ​នោះ​ ព្រះ​បរម​បពិត្រ​អ្នក​ជា​អម្ចាស់​ ព្រះ​អង្គ​លើក​ទ័ព​ជើង​គោក​ឆ្លង​ទៅ​បោះ​នៅ​ខេត្ត​ក្រ​ចេះ​ ទ្រង់​ឲ្យ​កាប់​ឫស្សី​ និង រុះ​ផ្ទះ​អ្នក​ស្រុក​ជា​ក្បួន​បោះ​យុថ្កា​ពេញ​ទន្លេ​រួច​ហើយ​ ទ្រង់​ឲ្យ​ជញ្ជូន​ចំបើង​ ស្បូវ​ ស្មៅ ផ្ទុក​ពេញ​ក្បួន​នោះ​។ លុះ​ផ្ទុក​រួច​ហើយ​ ទ្រង់​ចាត់​បំរើ​ឲ្យ​ទៅ​ប្រាប់​សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​ ឲ្យ​នាំ​ទ័ព​ចៅ​ហ្វាយ​ស្រុក​ចូល​ច្បាំង​ នឹង ទ័ព​លាវ​កុំ​បី​បង្អែ​បង្អង់​ឡើយ​។ ក្រោយ​មក​នោះ​ទ័ព​ខ្មែរ​ និង ទ័ព​លាវ​ បាន​បាញ់​គ្នា​ដោយ​កាំ​ភ្លើង​ និង ធ្នូ ស្នា យ៉ាង​ជ្រួល​ច្របល់​។ ដល់​ថ្ងៃ ដែល​ទ្រង់​បាន​ណាត់​សន្យា​ហើយ​ព្រះ​បរម​បពិត្រ​ ឲ្យ​ដក​យុថ្កា​ក្បួន​ទាំង​នោះ​ ឲ្យ​ដុត​ក្បួន​នោះ​បណ្ដែត​តាម​ខ្សែ​ទឹក​ ដ៏​មាន​ភ្លើង​ហុយ​ទ្រលោម​យ៉ាង​ខ្លាំង​។ ទ័ព​លាវ​កាល​បើ​ឃើញ​ក្បួន​ភ្លើង​ឆេះ​ ព័ទ្ធ​ពី​ខាង​ក្រៅ​កាន់​តែ​ក្ដៅ​ឡើង​ៗ​ទ្រាំ​ពុំ​បាន​ខ្លះ​លោត​ចុះ​ទឹក​ក៏​មាន​ខ្លះ​លោត​ឡើង​គោក​ក៏​មាន​។ នរ​ណា​លោត​ឡើង​គោក​មក​ត្រូវ​ នឹង ទ័ព​ឧកញ៉ា​ធម្មា​តេ​ជោ​សោម​ដែល​បង្កប់​ទ័ព​នៅ​លើ​គោក​នោះ​ ក៏​ត្រូវ​ទ័ព​ឧក​ញ៉ា​ធម្មា​តេជោ​ដេញ​កាប់​ចាក់​ចាប់​យក​ជា​ឈ្លើយ​ និង យក​គ្រឿង​សស្ត្រា​វុធ​ជា​ច្រើន​។​

 ឧក​ញ៉ា​ធម្មា​តេ​ជោ​សោម​ក្រោយ​ដែល​នាំ​ឈ្លើយ​លាវ​មក​ ក្រាប​បង្គំ​ថ្វាយ​ព្រះ​បរម​បពិត្រ​ក្នុង​ពេល​ដែល​ព្រះ​អង្គ​លើក​ទ័ព​ទៅ​បោះ​នៅ​គោះ​គោក​ខ្សាច់​។ ខណៈ​នោះ​ ស្ដេច​ទត​យល់​នាយ​ទ័ព​ នាយ​កង​ ខាង​ជើង​ទឹក​ព្រម​ទាំង​គ្រឿង​សស្ត្រា​វុធ​ដែល​ចាប់​បាន​ពី​ក្នុង​ទ័ព​លាវ​ មាន​ប្រមាណ​ច្រើន​ណាស់​ ទ្រង់​មាន​ព្រះ​អំណរ​ណាស់​។ ក្នុង​ពេល​នោះ​ទ្រង់​ទត​ព្រះ​នេត្រ​មើល​ទៅ​ឃើញ​ឈ្លើយ​ម្នាក់​រូប​រាង​ស្អាត​បាត​ល្អ​ ទ្រង់​ត្រាស់​សួរ​ពូជ​ពង្ស​វង្សា​វតារ​ របស់​ឈ្លើយ​នោះ​តាម​ដំណើរ​។ ឈ្លើយ​ក៏​ឆ្លើយ​ទូល​ថា ​:​ ទូល​ព្រះ​បង្គំ​ឈ្មោះ​ចៅ​រៀម​ជា​រាជ​បុត្រា​ នៃ​ ព្រះ​ឧប​រាជ​សូរ្យ​វង្ស​។​ សម្ដេច​ព្រះ​បរម​នាថ​ បរម​បពិត្រ​ទ្រង់​ព្រះ​សណ្ដាប់​ចំលើយ​ចៅ​រៀម​នេះ​ហើយ​ ក៏​ទ្រង់​ព្រះ​មេត្តា​ករុណា​ប្រោស​ឲ្យ​រួច​ជីវិត​ហើយ​ទ្រង់​ព្រះ​រាជ​ទាន​លាវ​ឈ្លើយ​ ២០០​នាក់​ឲ្យ​ទៅ​រក​ទទួល​ក្នុង​កោះ​គោក​ខ្សាច់​នោះ​។ ទ្រង់​បាន​ឲ្យ​ប្រែ​ឈ្មោះ​កោះ​គោក​ខ្សាច់​នោះ​មក​ឲ្យ​ហៅ​ថា​ កោះ​ចៅ​រៀម​វិញ​ហេតុ​នោះ​ហើយ​បាន​ជា​កោះ​នោះ​មាន​ឈ្មោះ​ថា កោះ​ចៅ​រៀម​ " តាំង​ពី​ខែ​ជេស្ឋ​ ឆ្នាំ​រកា បញ្ចស័ក ពស.២១១៧, គស.១៥៧៣, មស.១៤៩៥, ចស.៩៣៥ នោះ​ត​រៀង​ទៅ​។ នៅ​ឆ្នាំ​រកា​ បញ្ច​ស័ក​នោះ​ព្រះ​បរម​នាថ​ អ្នក​ជា​ម្ចាស់​ផែន​ដី​ ព្រះ​អង្គ​មាន​ជ័យ​ជំនះ​ឈ្នះ​ទ័ព​លាវ​ ទាំង​ជើង​ទឹក​ជើង​គោក​ជា​ស្ថាពរ​។ ទ្រង់​ចាប់​បាន​ទូក​ក្ដារ​ ស្បៀង​អាហារ​ គ្រឿង​សស្ត្រា​វុធ​ជា​ច្រើន​។ ពល​លាវ​ស្លាប់​ក្នុង​សង្គ្រាម​នោះ​ ក៏​ច្រើន​ណាស់​ចាប់​បាន​ជា​ឈ្លើយ​ដែល​នៅ​រស់​ ២០០០០ ប្លាយ​នាក់​បាន​ដំរី​ ២០០​ ប្លាយ​ គូបាន​សេះ ​៤០០ ប្លាយ​គូបាន​រទេះ​គោ ​ក្របី ជា​ច្រើន​។ នា​ម៉ឺន​លាវ​ស្លាប់​ក្នុង​ទ័ព​ ក៏​ច្រើន​នាក់​គឺ​ពញា​សូរិន្ទ​ខាំង​ហ្វា​មួយ​ ពញា​សុរិន្ទ​បរ​ហ្វៃ​មួយ ពញា​ឱបុណ្យ​មួយ​ ពញា​ចំប៉ា​សាក់​មួយ និង ឃុន​ម៉ឺន​ជា​ច្រើន​ទៀត​។​

ខាង​ខ្មែរ ស្លាប់​ពញា​យោ​ធា​សង្គ្រាម​មួយ​ ស្លាប់​ក្នុង​សង្គ្រាម​លាវ​នេះ​ (សាស្ត្រា​បុរាណ​ទីទៃ​ៗ​ទៀត​ ពុំ​បាន​និយាយ​ថា ពញា​យោ​ធា​សង្គ្រាម​ ស្លាប់​ក្នុង​សង្គ្រាម​នោះ​ទេ​ មាន​តែ​សស្ត្រា​វត្ត​កំពង់​ត្រឡាច​ក្រោម​ មួយ​ប៉ុណ្ណោះ ​ដែល​បាន​និយាយ​ថា​ ពញា​យោធា​សង្គ្រាម​ស្លាប់​ក្នុង​ពេល​សង្គ្រាម​នោះ​)​ ពញា​ពន្ននា​សក្ដា​មួយ​ព្រម​ទាំង​នាម៉ឺន​ព្រះ​ និង​ ម៉ឺន​ជា​នាយ​ខ្លះ​ទៀត​ជា​ច្រើន​ដែរ​។ ពល​ខ្មែរ​ស្លាប់​ក្នុង​ពេល​នោះ​អស់​មួយ​សួន​ពល​លាវ​ ស្លាប់ ៥ សួន។ ខ្មែរ​បាន​គ្រឿង​ឧប​ភោគ​បរិ​ភោគ​របស់​ស្ដេច​លាវ​គ្រឿង​អលង្ការ​ ដែល​ព្រះ​អង្គ​តែ​មួយ ​ដាវ​​ប្រាក់​មួយ កូប​ដំរី​ដែល​ស្ដេច​គង់​ គ្រឿង​ភ្លុក​ប្រដាប់​មាស​មួយ​កន្ថោរ​មាស​មួយ ទៀន​មាស​មួយ កុណ្ឌី​មាស​មួយ ដាវ​មាស​មួយ​ និង​ គ្រឿង​ឯ​ទៀត​ជា​ច្រើន​។ លុះ​ការ​សង្គ្រាម​បាន​ជ័យ​ជំនះ​បាន​ជា​ស្ថាពរ​ហើយ​ ព្រះ​បរម​នាថ អ្នក​ជា​អម្ចាស់​ជីវិត​លើត្បូង​ ស្ដេច​លើក​ទ័ព​ទឹក​ ទ័ព​គោក​ធ្វើ​ព្រះ​រាជ​ដំណើរ​ត្រឡប់​មក​ព្រះ​រាជ​និវេសន៍​ រាជ​ធានី​លង្វែក​វិញ​។​

 ទ្រង់​ឲ្យ​ធ្វើ​បុណ្យ​សម្ពោធ​ឆ្លង​ការណ៍​ដែល​មាន​ជ័យ​ជំនះ​ លើ​​រាជ​បច្ចា​មិត្រ​យ៉ាង​ឧឡា​រិក​។ ឯ​ពញា​ធម្មា​តេជោ ​ចៅ​ហ្វាយ​ស្រុក​បា​ភ្នំ​ដែល​ធ្វើ​ការ​ក្លា​ហាន​ក្នុង​សង្គ្រាម​នេះ​ សម្ដេច​អ្នក​ជា​អម្ចាស់​ ទ្រង់​ប្រទាន​ឈ្លើយ​លាវ​ ៨០០០ នាក់​ឲ្យ​ទៅ​នៅ​ស្រុក​បាភ្នំ​សល់​អំពី​នោះ​ ទ្រង់​ចែក​រំលែក​ឲ្យ​ទៅ​នៅ​គ្រប់​ស្រុក​ធំ​-តូច​។ រី​ឯ​នាយ​កង​ នាយ​ទ័ព​ដែល​មាន​បំណាច់​ចំពោះ​រាជ​ការ​ ក៏​ទ្រង់​ប្រទាន​យស​សក្ដិ​ និង គ្រឿង​ឧប​ភោគ​បរិភោគ​រាល់​ខ្លួន​តាម​ធំ​តូច​។ រាស្ត្រ​ណា​ដែល​ស្លាប់​ដោយ​សារ​សង្គ្រាម​ ព្រះ​បាទ​អ្នក​ជា​អម្ចាស់​ ក៏​ទ្រង់​ព្រះ​ករុណា​ប្រោស​ដល់​បុត្រ​ភរិយា​ដែរ​។ ពល​​ណា​ដែល​ស្លាប់​ក្នុង​សង្ក្រាម​ ទ្រង់​ព្រះ​ករុណា​ប្រោស​តាម​គុណ​បំណាច់​មិន​ឲ្យ​ខ្វះ​។ ទ្រង់​ព្រះ​រាជ​ទាន​ ឈ្លើយ​លាវ​ដែល​ចាប់​បាន​នោះ​ ៥០០ នាក់​ឲ្យ​មក​នៅ​ជា​ពល​សំរាប់​វត្ត​ភ្នំពេញ​ ទ្រង់​ចែក​មក​វត្ត​ឧណ្ណា​លោម​ ៦០០ នាក់​ ហើយ​ឈ្លើយ​លាវ​ដែល​ចាប់​បាន​មក​នោះ​ទ្រង់​ឲ្យ​ហៅ​ថា "លាវ​បាក់​ទូក​" ព្រោះ​ព្រះ​អង្គ​ទ្រង់​ឈ្នះស​ង្គ្រាម​ខាង​ជើង​ទឹក​ និង ដុត​ភ្លើង​ឲ្យ​បែក​បាក់​ទូក​អស់​​ជា​ច្រើន​បាន​ជា​ទ្រង់​ឲ្យ​ឈ្មោះ​ថា: "លាវ​បាក់​ទូក​" ។ ភូមិ​ករ​ដែល​លាវ​ទាំង​នោះ​នៅ​ ក៏​មាន​ឈ្មោះ​ថា : "ភូមិ​បាក់​ទូក" រហូ​ត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។

ព្រះបរមិន្ទរាជា លេខ៦