ថ្ងៃសៅរ៍ ទី27.តុលា 2018.ម៉ោង 8:23
ផែនដីព្រះបរមិន្ទរាជា លេខ៦

នេះ​ នឹង​ និយាយ​អំពី​កង​ទ័ព​លាវ​ ដែល​បែក​ទ័ព​រត់​ទៅ​វិញ​នោះ​ម្ដង​។ ទ័ព​លាវ ដែល​រត់​បែក​បាក់​ទៅ​នោះ ​ខ្លះ​រត់​ក៏​រត់​ជាប់​ទៅ​ជា​មួយ​ នឹង ទ័ព​លោក​ឧប​រាជ​សូរ្យ​វង្ស​ ខ្លះ​ទៀត​ក៏​រត់​ខ្ចាត់​ភ្លាត់​ដោយ​ស្រុក​ដោយ​ភូមិ​រតាត់​រតាយ​ទៅ​ក៏​មាន​។​

 ដូច្នេះ​ឧបរាជ​សូរ្យ​វង្ស​ទ្រង់​ក៏​ប្រមូល​ទ័ព​ដែល​នៅ​សល់​​ពី​ស្លាប់​ ហើយ​រត់​រួច​នោះ​លើក​វិល​ត្រឡប់​ទៅ​ឯ​នគរ​លាវ​វិញ​។ ទ្រង់​ឲ្យ​កេណ្ឌ​រេហ៍​ពល​មក​បន្ថែម​ទៀត​ដើម្បី​ចាំ​ដល់​ពេល​ចេញ​វស្សា​ទៅ​លាវ នឹង លើក​ទ័ព​វិល​ត្រឡប់​មក​សង​សឹក​ នឹង ទ័ព​ខ្មែរ​វិញ​ទៀត​។ ប៉ុន្តែ​សេច​ក្ដី​គំនុំ​របស់​លាវ​​នេះ មិន​បាន​សំរេច​ទៅ​វិញ​ទេ​ដោយ​ហេតុ​ថា​ លាវ​ត្រូវ​ជាប់​ធ្វើ​សង្គ្រាម​ នឹង សម្ដេច​ព្រះ​ចៅ​ហ្វា​ម៉ុង​គ្រី នគរ​ហង្សា​វតី​ ដូច​មាន​សេច​ក្ដី​ទៅ​នេះ​: សម្ដេច​ព្រះ​ចៅ​ហ្វា​ម៉ុង​គ្រី​ ឈ្នះ​ ១០ ​ទិស​ ហើយ​ដែល​ជា​ធំ​ជាង​ស្ដេច​ទាំង​ពួង​នោះ​ ស្ដេច​ចេញ​ជួប​ជំនុំ​នឹង​ព្រះ​មហា​ ឧប​រាជ​ហើយ​ នឹង សាមន្ត​ក្សត្រ ​"ស្ដេច​ចំណុះ" នៅ​អស់​សេនា​បតី​មន្ត្រី​ទាំង​ពួង​ថា ​:​

 ឆ្នាំ​មុន​យើង​លើក​ព្យូហ​សង្គ្រាម​ទៅ​យក​ក្រុង​ស្រី​អយុធ្យា​នគរ​សៀម​នោះ​ បាន​មក​ហើយ​តែ​ព្រះ​ចៅ​ក្រុង​សតនា​គន​ហុត​ នគរ​លាវ​មួយ​ នគរ​ក្រុង​កម្ពុជា​ខេមរ​ប្រទេស​មួយ​ ពុំ​ទាន់​បាន​មក​ជា​ចំណុះ​យើង​សោះ​។​

ឆ្នាំ​នេះ យើង​គួរ​តែ​លើក​ទ័ព​ទៅ​វាយ​នគរ​លាវ​យក​ជា​ចំណុះ​យើង​ជា​មុន​សិន​។ មួយ​រំពេច​នោះ​ ទ្រង់​ត្រាស់​ឲ្យ​កេណ្ឌ​ទ័ព​ ក្រុង​ហង្សាវ​តី ​នគរ​មន​មួយ​ ក្រុង​រតនា​អាំង​វ៉ាត​ នគរ​ភូមា​មួយ​ ក្រុង​ស្រី​អយុធ្យា​ នគរ​សៀម​មួយ​ នគរ​ឆៀង​ម៉ៃ​ លាវ​ពោះ​​ខ្មៅ​មួយ​ នគរ​ប្រែ​មួយ​ នគរ​ថៃ​យ៉ៃ​មួយ​ នគរ​ជ្វា​ប្រទេស​មួយ​ នគរ​ឭ​ប្រទេស​មួយ​ នគរ​ក្រសៃ​ប្រ​ទេស​មួយ​ នគរ​ធញ្ញា​វតី​ប្រទេស​មួយ​ នគរ​វេសា​លី​ប្រទេស​មួយ​ និង ស្រុក​ធំ-​តូច​ឯ​ទៀត​ ដែល​គ្មាន​ស្វេត​ច្ឆ័ត្រ​ មាន​តែ​ស្ដេច​ត្រាញ់​រក្សា​ខេត្ត​ជា​ច្រើន​។ ទ្រង់​ឲ្យ​កេណ្ឌ​កង​ទ័ព​ក្នុង​ស្រុក​ទាំង​នោះ​ឲ្យ​បាន​ពល ១៤០​០០០០ នាក់​។ ដល់​ចេញ​វស្សា​ស្ដេច​ នឹង លើក​ទៅ​វាយ​ប្រទេស​លាវ​។ លុះ​ចេញ​វស្សា​ ហើយ​ពល​យោធា​ក៏​មក​ជួប​ជុំ​ ស្ដេច​ក៏​លើក​ ព្យូហ​យាត្រា​ចេញ​ពី​ ក្រុង​ហង្សា​វតី​ទៅ​ដល់​តំបន់​ណាង​បូរ​ជា​ចុង​ដែន​ នគរ​លាន​ឆាង​ "លាន​ជាង​"។ សម្ដេច​ព្រះ​មហា​ធម្ម​រាជា​ "ស្ដេច​សៀម​" និង​ព្រះ​នរេន្ទ្រ​សូរ​ ជា​រាជ​បុត្រ​លើក​ទ័ព​ហែ​សម្ដេច​ ព្រះ​ចៅ​ក្រុង​ហង្សា​វតី​រៀង​ដល់​ទី​នោះ​ ក៏​ព្រះ​នរេន្ទ្រ​សូ​ជា​រាជ​បុត្រ​កើត​ព្រះ​រោគ​​ពិរោគ​ពិស​ជា​ទំងន់​។ សម្ដេច​ព្រះ​ចៅ​ក្រុង​ហង្សា​វតី​ត្រាស់​ឲ្យ​ ព្រះ​មហា​ធម្ម​រាជា​នាំ​ព្រះ​នរេន្ទ្រ​សូរ​ត្រឡប់​ទៅ​ស្រុក​ស្រី​អយុធ្យា​ នគរ​សៀម​វិញ​។ ពួក​ភូមា​ ក៏​លើក​ទ័ព​បង្ហូត​ទៅ​ចោម​ប្រទេស​លាវ​ ព្រោះ​សម​តាម​គំរោង​ការ​ដែល​គិត​មក​។ ព្រះ​ចៅ​ក្រុង​សត​នា​គន​ហុត​ ក៏​បាន​ទទួល​ច្បាំង​រក្សា​ព្រះ​នគរ​ឥត​រុញ​រា​។ ប៉ុន្តែ​ កាល​ខណៈ​វេលា​នោះ​មាន​ភ្លៀង​ធំ​ជា​ខ្លាំង​ព្រោះ​ជិត​ចូល​ដល់​វសាន្ត​រដូវ​ណាស់​ទៅ​ហើយ​ ដូច្នេះ​ ព្រះ​ចៅ​ក្រុង​ហង្សា​វតី​កាល​ទត​ឃើញ​រេហ៍​ពល​ពិបាក​ខ្លាំង​ពេក​ ក៏​លើក​ទ័ព​ត្រឡប់​ទៅ​ព្រះ​នគរ​វិញ​។​

នេះ​នឹង​និយាយ​អំពី​ក្រុង​កម្ពុជា​ធិបតី​ ត​ទៅ​ទៀត​។ ក្នុង​ឆ្នាំច ឆស័ក ពស.២១១៨, គស.១៥៧៥, មស.១៤៩៦, ចស.៨៣៦ ព្រះ​បាទ​សម្ដេច​ព្រះ​បរមរា​ជា​ធិរា​ជ​ជា​អម្ចាស់​ ព្រះ​បរម​រាជា​ធិ​រាជ​ជា​អម្ចាស់ជីវិត​លើ​ត្បូង​ ស្ដេច​ចូល​គង់​ចុង​ព្រះ​រាជា​រោង​រម្យ​ជួប​ជុំ​អស់​ខ្ញុំ​រាជ​ការ​ធំ​-​តូច​ទើប​មាន​ព្រះ​រាជ​ឱង្ការ​​ត្រាស់​ពិភាក្សា​ថា​ យើង​បាន​ចាត់​បំរើ​ឲ្យ​ទៅ​ស៊ើប​ការណ៍​នៅ​ប្រទេស​លាវ​បំរើ​បាន​មក​ទូល​យើង​វិញ​ថា ​:​ លាវ​បាន​កេណ្ឌ​កង​ទ័ព​ជា​ច្រើន​បំរុង​ នឹង លើក​មក​ច្បាំង នឹង ព្រះ​នគរ​យើង​។ ប៉ុន្តែ​ឥឡូវ​នេះ​ ព្រះ​ចៅ​ក្រុង​ហង្សា​វតី​លើក​ទ័ព​មក​ធ្វើ​សង្គ្រាម នឹង ប្រទេស​លាវ​ ហើយ​ខាង​នគរ​សៀម​ព្រះ​បាទ​មហា​ធម្មា​ធិរា​ជា​ ស្ដេច​ក៏​លើក​ទ័ព​ទៅ​តាម​ស្ដេច​ដែរ​ ទុក​កូន​ឲ្យ​នៅ​រក្សា​ព្រះ​នគរ​។​

 ការណ៍​នេះ​បាន​កល​គួរ​ដល់​យើង​ហើយ​គួរ​យើង​ទៅ​ធ្វើ​សង្គ្រាម​យក​នគរ​សៀម​ឲ្យ​បាន​។ មន្ត្រី​ខ្ញុំ​រាជការ​ទាំង​ធំ​ទាំង​តូច​ ក៏​យល់​ព្រម​តាម​សព្វ​ព្រះ​រាជ​ហឫ​ទ័យ​គ្រប់​គ្នា​។ លំដាប់​នោះ​ទ្រង់​បាន​តាំង​ចិន​ម្នាក់​ ឲ្យ​ធ្វើ​ជា​សង្គ្រាម​មន្ត្រី​ ស្រដី​លើ​អស់​ចិន​ទាំង​អស់​មាន​ងារ​ជា​ចៅ​ពញា​ចិន​។​ ស្ដេច​ឲ្យ​កេណ្ឌ​ពល​ចិន ១០០០០ នាក់​ដាក់​ជា​ទ័ព​មុខ​ឲ្យ​កេណ្ឌ​ពល​ខ្មែរ​ ១២០​០០០០ នាក់​ជា​ទ័ព​ធំ​។ ទ្រង់​ឲ្យ​រៀប​ភេត្រា​ទូក​ក្ដារ​គ្រឿង​សស្ត្រា​វុធ​កំណត់​ទី​ប្រជុំ​ពល​នៅ​ស្រុក​ពាម​ បន្ទាយ​មាស​។ ទ្រង់​ត្រាស់​ឲ្យ​​សម្ដេច​ព្រះ​សេត្ថា​ធិ​រាជ​ជា​ព្រះ​ឱរស​ និង​ សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​ព្រម​ទាំង​សេនា​បតី​ ក្រុម​ស្រុក​រក្សា​ព្រះ​នគរ​។ លុះ​ដល់​ខែ​កក្ដិក​ ជា​ថ្ងៃ​សួស្ដី​សិរី​រាជ្យ​ មហា​ប្រសើរ​ ស្ដេច​ព្រះ​រាជ​ដំណើរ​ចេញ​ចាក​ ព្រះ​មហា​នគរ​បវរ​លង្វែក​រាជ​ធានី​។​

 កាល​ស្ដេច​យាង​ដល់​ ឡើង​​សណ្ឋិត​គង់​លើ​ព្រះ​ពន្លា​ជ័យ​រាជា​សនៈ​ នៅ​ស្រុក​ពាម​បន្ទាយ​មាស​ ហើយ​ព្រះ​បរម​នាថ​ បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​ប្រទេស​កម្ពុ​ជា​ ស្ដេច​មាន​ព្រះ​រាជ​ឱង្ការ​ត្រាស់​ឲ្យ​ចៅ​ពញា​ចិន​ ដែល​មាន​ងារ​ជា​ចិន​ចាប់​តុក​ ធ្វើ​ជា​មេទ័ព​ឃុំ​ពល​ចិន​ខ្មែរ​ ២០០០០ នាក់​ឲ្យ​ឧក​ញ៉ា​ក្រឡា​ហោម​ជា​ប៉ែក​ស្ដាំ​ឃុំ​ពល​ ១០០០០ នាក់​ឲ្យ​ចៅ​ពញា​ ឱកាស​កេ​សរ​ ព្រះ​វង្ស​ធំ​ជា​ប៉ែក​ឆ្វេង​ឃុំ​ពល ១០០០០ នាក់​ឲ្យ​ចៅ​ពញា​ពិស្ណុ​លោក​ ឃុំ​ពល​ ១០០០០ នាក់​ដែរ​ជា​ទ័ព​ក្រោយ​។​ ទ្រង់​ត្រាស់​ឲ្យ​មន្ត្រី​ទី​ចៅ​ពញា​ ទី​ព្រះ​ ទី​ហ្លួង​ ទី​ឃុន​ ទី​ម៉ឺន​ ចូល​ក្នុង​ក្បួន​ទ័ព​ធំ​ និង​​ នាយ​ម៉ឺន​ នាយ​ពាន់​ នាយ​រយ​ទៅ​ដោយ​កង​ៗ​ តាម​ក្បួន​ពិជ័យ​សង្គ្រាម​ទៅ​ចុះ​ទូក​សមុទ្រ​ធំ​-​តូច​ មាន​កាំ​ភ្លើង​ធំ​នូវ​ទង់​ជ័យ​ទាំង​ ៦ ពណ៌​ប្រកប​ទៅ​ដោយ​សព្វ​យុទ្ធ​។

លុះ​បញ្ចុះ​ពល​ស្រេច​ហើយ​ ព្រះ​បាទ​សម្ដេច​ព្រះ​បរ​មិន្ទ​រាជា​ធិ​រាជ​ ឥសូ​រ​ក្សត្រ​ជា​អម្ចាស់​ជីវិត​ លើ​ត្បូង​ទ្រង់​ព្រះ​រាជ​ដំណើរ​ចុះ​ គង់​ព្រះ​ទីនាំង​សុវណ្ណ​នាវា​ភេត្រា​រចនា​មហិ​មា​ទៅ​ដោយ​គ្រឿង​សស្ត្រា​វុធ​វិស្សុត​នូវ​ ស្វេត្រ​ច្ឆ័ត្រ​ គ្រឿង​រតន៍​អភិ​រម្យ​ ឧត្តម​ដោយ​គ្រឿង​ឥស្ស​រិយ​យស​។​ លុះ​បានរិក្ស​ មហា​​វា​យោ​ផាត់​ជំនោរ​មក​លើ​ទ័ព​ហើយ​ សម្ដេច​ព្រះ​បរ​មិន្ទ​រាជា​ធិរាជ​ជា​ឥសូរ​ក្សត្រ​ ស្ដេច​ត្រាស់​បង្គាប់​ ឲ្យ​បើក​ទង់​ជ័យ​តាំង​ហ៊ោ​លើក​ព្យូហ​យោធា​ មហា​នាវា​ ទ័ព​ធំ ​សន្ធឹក​សន្ធាប់​ទៅ​ដោយ​បន​​មាំ​មួន​ជា​មហា​ឡា​តិរេក​ មើល​ប្លែក​ទៅ​ដោយ​ពណ៌​សំលៀក​បំពាក់​ ដែល​ពាក់​តែង​ខ្លួន​ទៅ​ដោយ​ខ្លួន​ផ្សេង​ៗ​គ្នា​។ ក្រុម​ភ្លេង​ក៏​លេង​ប្រគំ​នាំ​ទ័ព​ចេញ​ទៅ​ដោយ​មហា​សមុទ្រ​ទ័ព​មុខ​ទៅ​ដល់​ស្រុក​ចន្ទ​បុរី​ ក៏​លើក​វាយ​ចាប់​បាន​ចៅ​ហ្វាយ​ស្រុក​សៀម​ និង​ ឈ្លើយ​សៀម​ជា​ច្រើន​។ ទ័ព​នេះ​មាន​ជ័យ​បាន​ស្រុក​តូច​ៗ​ រហូត​ទៅ​ដល់​ពាម​សមុទ្រ ស្រុក​ធន​បុរី​ទើប​បាន​ប្រទះ​ នឹង ទូក​ល្បាត​សៀម​ពីរ​។ មួយ​រំពេច​នោះ​ ចៅ​ពញា​ចិន​ចាន​តុក​ ទ័ព​មុខ​ ក៏​លើក​ទ័ព​ដេញ​ទូក​ល្បាត​សៀម​រហូត​ដល់​ស្រុក​ធន​បុរី​។​

 កង​ទ័ព​ចៅ​ហ្វាយ​ស្រុក​សៀម​ក៏​បាន​ចេញ​មក​ទទួល​ច្បាំង​។ ចៅ​ពញា​ចាន់​តុក​លើក​ទ័ព​ មុខ​មក​ចេញ​ច្បាំង​យ៉ាង​ស្វា​ហាប់​ ហើយ​មាន​ជ័យ​ជំនះ​ចាប់​បាន​រាស្ត្រ​សៀម​ និង កង​រេហ៍​ពល​ទូក​ក្ដារ​ជា​ច្រើន​។ ចំណែក​ចៅ​ហ្វាយ​ស្រុក​ណា​ដែល​រត់​រួច​ខ្លួន​ទៅ​នោះ​ក៏​ ខំ​ស្រូត​រូត​ចូល​ទៅ​ទូល​ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ឲ្យ​ស្ដេច​ទ្រង់​ជ្រាប​គ្រប់​ប្រការ​។ ចំណែក​ឯ​ទ័ព​ហ្លួង​ខ្មែរ​យើង​វិញ​ ស្ដេច​ទ្រង់​ព្រះ​រាជ​ដំណើរ​ទៅ​ដល់​បាណម​ប្រជែង​ ទើប​​ទ្រង់​ត្រាស់​ឲ្យ​បោះ​ទ័ព​តាំង​នៅ​ទី​នោះ​។​

 ឯ​ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ ស្ដេច​សៀម​កាល​ដែល​បាន​ទទួល​ដំណឹង​ពី​ចៅ​ហ្វាយ​ស្រុក​ធន​បុរី​​ហើយ ស្ដេច​ក៏​ជំនុំ​ ប្រឹក្សា​ នឹង អស់​មុខ​មន្ត្រី​ថា​ ទ្រង់​បាន​ឲ្យ​កេណ្ឌ​កង​ទ័ព​លើក​មក​ចាំ​រក្សា​ព្រះ​នគរ​ហើយ​ ឥឡូវ​នេះ​កង​ទ័ព​ក៏​បាន​មក​ដល់​ខ្លះ​ហើយ​។ ដូច្នេះ​ តើ​គួរ​យើង​ នឹង លើក​ទ័ព​ទៅ​ទទួល​ច្បាំ​ងក្រៅ​ព្រះ​នគរ​ ឬ ចាំ​ច្បាំង​នៅ​ក្នុង​ព្រះ​នគរ​។​ អស់​មុខ​មន្ត្រី ស្រដី​ព្រម​គ្នា​ទូល​ថា​ គួរ​តែ​ព្រះ​អង្គ​ចាត់​ឲ្យ​រៀប​ទ័ព​ទទួល​ច្បាំង​ពី​ក្រៅ​ព្រះ​នគរ​សិន​កុំ​អាល​ឲ្យ​បច្ចា​មិត្រ​ចូល​មក​ដល់​ក្នុង​ព្រះ​នគរ​ភ្លាម​ ប៉ុន្តែ​សូម​ព្រះ​អង្គ​ស្ដេច​រង់​ចាំ​កេណ្ឌ​រេហ៍​ពល​ឲ្យ​មក​ដល់​ជុំ​គ្នា​សិន​។ ព្រះ​ធម្ម​រាជា​ធិ​រាជ​ទ្រង់​ យល់​ថា​យោ​បល់​អស់​មុខ​មន្ត្រី​នេះ​ត្រូវ​ណាស់​ ទើប​ទ្រង់​ឲ្យ​ចាត់​កង​ទ័ព​ឲ្យ​ព្រះ​យស​រាជ​ធានី​ ជា​មេ​ទ័ព​ធំ​ឃុំ​ពល ៤០០០ នាក់​ឲ្យ​ម៉ឺន​រាជា​មាត្យ​ ជា​មេ​ទ័ព​មុខ​ឃុំ​ពល ៣០០០ នាក់​ព្រម​ដោយ​ទូក​ដាវ​កាំ​ភ្លើង​គ្រឿង​ចំបាំង​លើក​ទ័ព​មកទទួល​ច្បាំង​ នឹង ទ័ព​ខ្មែរ​។​ ខណៈ​នោះ​ ទូក​ល្បាត​ខ្មែរ​បាន​ដឹង​សេច​ក្ដី​នេះ​ហើយ​ ក៏​ចូល​ទៅ​ក្រាប​ទូល​ព្រះ​ករុណា​ "ព្រះ​រាជា​ខ្មែរ"​ ថា: មាន​ទ័ព​សៀម​លើក​មក​ចំនួន​ ៧០០០ នាក់​។ មួយ​រំពេច​នោះ​ ព្រះ​បរម​បពិត្រ​ជា​អម្ចាស់​ស្ដេច​ត្រាស់​ឲ្យ​ចៅ​ពញា​ចិន​ចាន់​តុក​ ឃុំ​ពល​ខ្មែរ​ចិន​ ១០០០០ នាក់​ចេញ​ទៅ​ច្បាំង​ នឹង ទ័ព​សៀម​។​

ចៅពញា​ចិន​ចន់​តុក​ ទទួល​ព្រះ​រាជ​ឱង្ការ​ ហើយ​ក៏​លើក​ទ័ព​ទៅ​ដល់​ទល់​ នឹង ទ័ព​សៀម​មួយ​រំពេច​។ ខណៈ​នោះ​ ទ័ព​ខ្មែរ​ ទ័ព​សៀម​ក៏​បោក​ទង់​ជ័យ​តាំង​ហ៊ោ​វាយ​គង​ទូង​ស្គរ​បាញ់​កាំភ្លើង​ធំ​-​តូច​ ច្បាំង​គ្នា​ជា​សន្ធឹក​គឹក​កង​កោលា​ហល​។ ពញា​ចិន​ចាន់​តុក​ជា​មន្ត្រី​ចិន​ ក៏​ពិត​មែន​តែ​មាន​ចិត្ត​ក្លា​ហាន​ នឹង ការ​សង្គ្រាម​ណាស់​។ អ្នក​ចែវ​ទូក​ចែវ​ចូល​ទៅ​ប្រ​ជល់​ នឹង ទូក​ម៉ឺន​រា​ជា​មាត្យ​ ហើយ​បាញ់​ចាក់​កាប់​សំលាប់​នូវ​ទ័ព​ទាំង​សង​ខាង​ ទៅ​វិញ​ទៅ​មក​ ឥត​កោក​ញញើត​ដៃ​សោះ​ឡើយ​។​

 ខាង​សៀម​ក៏​ដូច​ជា​ខាង​ខ្មែរ​សុទ្ធ​តែ​របឹង​ នឹង របឹង​ប្រយុទ្ធ​គ្នា​មួយ​ថ្ងៃ​តាំង​ពី​ព្រឹក​ទល់​ល្ងាច​ឮ​សូរ​តែ​ ដំបង ដាវ លំពែង ប៉ះ​គ្នាក​ក្រើក​ព្រៃ​បែក​ទឹក​សំពោង​។ លុះ​ដល់​ព្រះ​អាទិត្យ​ជិត​អស្ដង្គត​ ម៉ឺន​រាជា​មាត្យ​ឃើញ​ថា​ទ័ព​ខាង​ខ្លួន​ទន់​ដៃ​ណាស់​ហើយ​ នឹង នៅ​ទ្រាំ​ត​ស៊ូ​នឹង​ទ័ព​ចិន ខ្មែរ​ត​ទៅ​ទៀត​មិន​បាន​ក៏​នាំ​គ្នា​លោត​ចុះ​ទឹក​អស់​ទៅ​។​ មួ​យ​រំពេច​នោះ​ចៅ​ពញា​ចិន​ចាន់​តុក​ លើក​ទ័ព​ខ្មែរ​ចិន​ដេញ​តាម​ទៅ​ឥត​បង្អង់​ មិន​យូរ​ប៉ុន្មាន​ទ័ព​ខ្មែរ​ ក៏​វាយ​ត្រូវ​ម៉ឺន​រាជា​មាត្យ​ដួល​នៅ​ នឹង កន្លែង​ ហើយ​ចាប់​បាន​ខ្លួន​ទាំង​រស់​ទៀត​។ ទ័ព​ខ្មែរ​ឃើញ​ដូច្នោះ​ក៏​កាន់​តែ​មាន​ចិត្ត​ក្លាហាន​នាំ​គ្នា​លើក​ចូល​វាយ​ ទ័ព​សៀម​ឥត​មាន​កោត​ញញើត​​ ដរាប​ដល់​ទ័ព​សៀម​រត់​បែក​បាក់​ខ្ចាត់​ខ្ចាយ​អស់​។ ឯ​​ព្រះ​យស​រាជ​ធានី​ មេ​ទ័ព​សៀម​កាល​ឃើញ​ទ័ព​ម៉ឺន​រាជា​មាត្យ​បាក់​ដូច្នេះ​ហើយ​ ទ្រង់​ក៏​ភិត​ភ័យ​ខ្លាំង​ណាស់​ចុះ​ទូក​យ៉ាង​រហ័ស​ហើយ​អុំ​រត់​ចូល​ទៅ​ក្នុង​ព្រះ​រាជ​ធានី​វិញ​។​

 ពល​សៀម​ស្លាប់​ នឹង អាវុធ ស្លាប់​ នឹង ធ្លាក់​ទឹក​ក៏​ច្រើន​ចាប់​បាន​ទាំង​រស់​ ក៏​ច្រើន សល់​រត់​ចូល​ទៅ​វិញ​បាន​តិច​ណាស់​។ ពញា​ចិន​ចាន់​តុក​បាន​ជ័យ​ជំនះ​ហើយ​ ក៏​លើក​ទ័ព​ត្រឡប់​មក​វិញ​ នាម៉ឺន​រាជា​មាត្យ​ នឹង ឈ្លើយ​សៀម​ទាំង​ប៉ុន្មាន​ព្រម​ទាំង​ទូក​ក្ដារ​ គ្រឿង​សស្ត្រា​វុធ​ មក​ក្រាប​បង្គំ​ទូល​ថ្វាយ​ ព្រះ​បាទ​អ្នក​ជា​អម្ចាស់​ ជីវិត​លើ​ត្បូង​នៅ​ទី​បាណាម​ព្រះ​ប្រដែង​។​ ព្រះ​បរម​នាថ​ បរម​បពិត្រ​ ទ្រង់​ជ្រាប​ហើយ ទ្រង់​មាន​ព្រះ​អំណរ​ណាស់​ ទ្រង់​ដោះ​ព្រះ​ទំរង់​មាស​ត្បូង​ពេជ្រ​មួយ​ ដាវ​មាស​​មួយ ព្រះ​រាជ​ទាន​ឲ្យ​ចៅ​ពញា​ចិន​ចាន់​តុក​ជា​រង្វាន់​លើក​ទឹក​ចិត្ត​។ ចំពោះ​អស់​សេនា​ទាហាន​ដទៃ​ទៀត​ ក៏​ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​រាជ​ទាន​មាស​ប្រាក់​ជា​រង្វាន់​តាម​គួរ​ហើយ​ ស្ដេច​មាន​ព្រះ​រាជ​ឱង្ការ​ថា ​:

 យើង​ចាប់​បាន​ឈ្លើយ​សៀម​តាំង​ពី​ស្រុក​ចន្ទ​បុរី​រៀង​មក​ បើ​តាម​រាប់​ទៅ​ក៏​បាន​ច្រើន​ពាន់​នាក់​ហើយ​។ បើ​យើង​ នឹង ទុក​ឲ្យ​នាវា​នៅ​ក្នុង​ក្បួន​ទ័ព​នេះ​ត​ទៅ​ទៀត​ ក៏​នឹង ជា​ការ​កង្វល់​ដល់​យើង​ដែរ​។ ដូច្នេះ​ត្រូវ​យើង​ចាត់​ឲ្យ​ចៅ​ហ្វាយ​ស្រុក​កំពត​ កំពង់​សោម​ផាត់​កៀរ​គ្រួ​ទាំង​ទ័ព​ជើង​ទឹក​ ជើង​គោក​នាំ​វិល​ទៅ​ក្រុង​កម្ពុជា​ធិប​តី​វិញ​ចុះ​។ ​ទ្រង់​ចាត់​ការ​យ៉ាង​នេះ​រួច​ហើយ​ ស្ដេច​ទ្រង់​ព្រះ​រាជ​ដំណើរ​ព្រំ​នាំ​លា​ពល ​រាជ​ទ័ព​ដោយ​ជល​មាគ៌ា​ទៅ​ដល់​ក្រុង​ស្រី​អយុធ្យា​ហើយ​ ទ្រង់​តាំង​ទ័ព​នៅ​តំបន់​មួយ​ មួយ​អន្លើ​ដោយ​ទ័ព​មុខ​ទ័ព​ក្រោយ​ ឆ្វេង​ ស្ដាំ។ ទ្រង់​បោះ​ទ័ព​នៅ​ទី​នោះ​ប្រចាំ​ការ​តាម​ក្បួន​ពិ​ជ័យ​សង្គ្រាម​។​ ចំណែក​ខាង​សៀម​វិញ​ កាល​បើ​នាយ​កង​ទ័ព​ឃើញ​ទ័ព​ខ្មែរ​ទៅ​ដល់​ហើយ​ ក៏​ឲ្យ​ពល​បិទ​ទ្វារ​ព្រះ​នគ​រ​ ហើយ​ដេញ​ពល​ឲ្យ​ឡើង​ប្រចាំ​ការ​រក្សា​នាទី​សព្វ​ៗ​ខ្លួន​។​

 ព្រះ​បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​រាជា​ខ្មែរ​ ទ្រង់​ជ្រាប​ថា​រេហ៍​សៀម​បិទ​ទ្វារ​ ព្រះ​នគរ​ពុំ​ហ៊ាន​ឲ្យ​សេនា​ទាហាន​ចេញ​ទល់​ទ័ព​ដូច្នេះ​​ហើយ​ ទ្រង់​​ត្រាស់​ឲ្យ​តែង​ជា​ព្រះ​សុភ​អក្សរ​ និង សំបុត្រ​នាយ​កង​ទ័ព​ ហើយ​ឲ្យ​ឈ្លើយ​សៀម​នាំ​យក​ទៅ​ក្រុង​ស្រី​អយុធ្យា​ដើម្បី​ថ្វាយ​ព្រះ​ចៅ​ធម្ម​រាជា​ និង​ អស់​មន្ត្រី​សៀម​ឲ្យ​ជ្រា​ប​សព្វ​សេច​ក្ដី​។​ ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ កាល​បាន​ទទួល​សំបុត្រ​ខ្មែរ​ហើយ​ ក៏​ឲ្យ​ប្រែ​មើល​ឃើញ​មាន​សេច​ក្ដី​ថា​ សុភ​អក្សរ​បវរ​មង្គល​វិមល​វិចិត្រ​ សុច​រិត​ព្រឹទ្ធា​ស្រ័យ​ ពី​មហា​ចតុ​រង្គា​ធិប​តី​ក្រោម​ល្អង​ធូលី​ព្រះ​បាទ​ នៃ​សម្ដេច​ព្រះ​បរមិន្ទ​រាជា​ បរម​នាថ​ បរម​បពិត្រ​ ព្រះ​បាទ​អ្នក​ជា​ឥសូរ​តេជោ​ជ័យ​ជា​អម្ចាស់​ ជីវិត​លើ​ត្បូង​ ក្រុង​កម្ពុជា​ធិប​តី​ ​សិរី​សោ​ធរ​ បវរ​ឥន្ទ​បត្ត​កុរុ​រដ្ឋ​រាជ​ធានី​ បុរី​រម្យ​ឧត្តម​រាជ​និ​វេស​ន៍​ដ៏​វិសេស​មហា​ស្ថាន​បាន​ទ្រង់​ជ្រាប​។​

ចំរើន​ផ្លូវ​ព្រះ​រាជ​មេត្រី​ មក​សម្ដេច​ព្រះ​ធម្ម​រាជា​ ដ្បិត​ក្រុង​កម្ពុជា​ធិបតី​ មហា​នគរ​មេ​រា​ប្រទេស​ និង​ ក្រុង​ស្រី​អយុធ្យា​នោះ​ពី​អតីត​កាល​មក​ ឥត​មាន​ទោស​ពៃ​សារ​ហេតុ​ទាស់​ទែង​អ្វី​ នឹង គ្នា​សោះ​ទេ​មាន​តែ​ក្រុង​កម្ពុជា​មាន​គុណ​លើ​ក្រុង​ស្រី​អយុធ្យា​ពី​ព្រោះ​ថា​ ពី​ដើម​រៀង​មក​ព្រំ​ដែន​នៃ​ព្រះ​នគរ​ក្រុង​កម្ពុជា​ធិប​តី ​កន្លង​លើស​ហួស​ដែន​ក្រុង​ស្រី​អយុធ្យា​នោះ​ ទិស​ខាង​លិច​ខាង​ជើង​ទល់ នឹង ស្រុក​ភូមា​ មន​ ព្រំ​ដែន​ខាង​កើត​ខាង​ត្បូង​ទល់​ នឹង ស្រុក​យួន ​ចាម​ ចិ​ន​។ មិន​តែ​ប៉ុណ្ណោះ​សោត​ទាំង​ស្រុក​ភូមា​ មន​ លាវ​ យួន​ សៀម​នេះ​ ក៏​សឹង​ធ្លាប់​ជា​ចំណុះ​ក្រុង​កម្ពុជា​រៀង​មក​ ច្រើន​ផែន​ដី​ណាស់​ដែរ​។ លុះ​ដល់​មក​ផែន​ដី​ ព្រះ​គម្ដែង​ព្រះ​បាទ​បទុម​សុរិយា​វង្ស​ ដែល​មាន​នៅ​ព្រះ​នេត្រ​ព្រះ​កាណ៌​ទិព្វ​វិសេស​នោះ​ ព្រះ​អង្គ​ទ្រង់​ជ្រាប​ថា​ ចៅ​ពញា​រោង​នោះ​ ត្រូវ​ជា​សម្ដេច​ព្រះ​បរម​នាថ​ ជេដ្ឋា​របស់​ព្រះ​អង្គ​ ព្រះ​អង្គ​ទ្រង់​លើក​ស្រុក​សៀម​ និង ស្រុក​ភូមា ​ស្រុក​មន​ ស្រុក​លាវ​ទិស​ខាង​លិច​ ខាង​ជើង​ ទាំង​អស់​ និង នគរ​សៀម​ទាំង​ ៥​នេះ​ ថ្វាយ​ទៅ​ព្រះ​ចៅ​ពញា​រោង​ទុក​ជា​នគរ​សៀម​តែ​មួយ​ ព្រោះ​ត្រូវ​ជា​ព្រះ​ជេដ្ឋា​។​ ព្រះ​អង្គ​ទ្រង់​ឲ្យ​ប្រទេស​សៀម​ជា​ប្រទេស​ឯក​រាជ្យ​លែង​ឲ្យ​នាំ​សួយ​សារ​តំបារ​មាស​ ប្រាក់​ ទៅ​ថ្វាយ​ព្រះ​អង្គ​ទៀត​ ព្រោះ​​ទ្រង់​ថ្វាយ​ដាច់​ទៅ​ព្រះ​រោង​ជា​សម្ដេច​ព្រះ​ជេដ្ឋា​ហើយ​ព្រះ​វង្ស​ព្រះ​រោង​បាន​សោយ​រាជ្យ​ត​មក​ច្រើន​តំណ​ជា​សុខ​រៀង​មក​ ប៉ុន្តែ​លុះ​ដល់​ព្រះ​ចៅ​ឧ​ទង​ដណ្ដើម​យក​រាជ​សម្បត្តិ​ជ្រែក​រាជ្យ​ព្រះ​រោង​ទៅ​ស្រុក​ទាំង​នោះ​ត្រូ​វ​បាន​មក​ប្រទេ​ស​កម្ពុ​ជា​វិញ​ ហើយ​គួរ​តែ​សៀម​លែង​ទៅ​ក្រុង​ តែ​ក្រុង​ស្រី​អយុធ្យា​នៅ​តែ​ស្ងៀម​ព្រ​ងើយ​មិន​នាំ​សួយ​សារ​ទៅ​ថ្វាយ​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិប​តី​ទាល់​តែ​សោះ​។​

 ទោះ​បី​សៀម​ធ្វើ​យ៉ាង​នេះ​ក៏​ដោយ​ ក៏​ព្រះ​ចៅ​ក្រុង​កម្ពុជា​ទ្រង់​មាន​ ព្រះ​អធ្យា​ស្រ័យ​ ប្រណី​មក​ដល់​សៀម​ដែរ​ ពុំ​បាន​ប្រកាន់​ទោស​សៀម​ជា​ប្រការ​អ្វី​ឡើយ​។ លុះ​ដល់​ផែន​ដី​ ព្រះ​បាទ​ធម្មា​សោក​រាជ​ ព្រះ​ចៅ​ក្រុង​កម្ពុជា​អង្គនេះ​ ក៏​ស្ដេច​ពុំ​ប្រកាន់​ទោស​ពៃ​អ្វី​ នឹង សៀម​ទៀត​ដែរ​ដើម្បី​មិន​ឲ្យ​សៀម​មាន​សេច​ក្ដី​ទើស​ទា​ល់​ទេ​។ ប៉ុន្តែ​មិន​ដឹង​ជា​រឿង​អ្វី​ ក៏​ស្រាប់​តែ​ព្រះ​បរម​រាជា​ ស្ដេច​សៀម​ឲ្យ​ព្រះ​រាជា​ធិបតី​ធ្វើ​ជា​ទ័ព​ចោរ​លើក​លប​ទៅ​ក្រឡុក​វាយ​បែក​ព្រះ​មហា​នគរ​ម្ដង​ទៅ​។ ដល់​មក​ផែន​ដី​ព្រះ​លំពង្ស​រាជា​ "ស្ដេច​ខ្មែរ​" ទៀត​ក៏​ព្រះ​បរម​រាជា​ សៀម​លប​លើក​ទៅ​វាយ​បែក​ព្រះ​នគរ​ជា​លើក​ទីពីរ​ម្ដង​ទៀត​។ កាល​ស្ដេច​សៀម​លើក​ ទ័ព​ទៅ​វាយ​ទាំង​ពីរ​លើក​នេះ​ សៀម​ពុំ​បាន​ចាត់​ឲ្យ​មាន​ព្រះ​រាជ​សារ​ទៅ​ណាត់​ទ័ព​ ដើម្បី​ច្បាំង​គ្នា​ជា​មុន​សោះ​។​

 ដល់​ផែន​ដី​ព្រះ​បរម​រាជា​ ជា​សម្ដេច​ព្រះ​វរ​បិតា​យើង​ក៏​ព្រះ​ចៅ​ចក្រ​ពត្តិ​ "ស្ដេច​សៀម" លើក​ទៅ​វាយ​មហា​នគរ​ម្ដង​ទៀត​។ លុះ​ដល់​ចាញ់​ដៃ​ខ្មែរ​ហើយ​ ព្រះ​ចៅ​ចក្រ​ពត្តិ​ត្រឡប់​ទៅ​ស្រុក​វិញ​ ក៏​នៅ​តែ​មិន​សុខ​ព្រះ​ទ័យ​សោះ​ ក្រោយ​នោះ​មិន​យូរ​ប៉ុន្មាន​ ស្ដេច​ក៏​ឲ្យ​ព្រះ​ពញា​អុង​លើក​ទ័ព​ទៅ​វាយ​ក្រុង​កម្ពុជា​ម្ដង​ទៀត​តែ​លើក​នេះ​សៀម​ក៏​បរា​ជ័យ​ទៅ​ទៀត​។ សម្ដេច​ព្រះ​វរ​រាជ​បិតា​ចាប់​បាន​ឈ្លើយ​សៀម​ជា​ច្រើន​ ហើយ​ក៏​សៀម​នៅ​តែ​ពុំ​រាង​ចាល​។​ ក្រោយ​មក​ទៀត​ ព្រះ​ចៅ​ចក្រ​ពត្តិ​លើក​ទ័ព​ទៅ​វាយ​មហា​នគរ​ដោយ​ព្រះ​អង្គ​ឯង​ សម្ដេច​ព្រះ​បរម​រាជា​ជា​សម្ដេច​ព្រះ​វរ​រាជ​បិតា​លើក​ទ័ព​មក​ទទួល​ច្បាំង​ នឹង សៀម​ សៀម​ចាញ់​ខូច​ខាត​អស់​គ្រឿង​សស្ត្រា​វុធ​ជា​ច្រើន​ណាស់​ម្លឹង​ហើយ​ក៏​សៀម​នៅ​តែ​ពុំ​​រាង​ចាល​ទៀត​ដែរ​។​ ឥឡូវ​នេះ​ យើង​ជា​សម្ដេច​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាទ​ចន្ទ​រាជា​ ដែល​ត្រូវ​ជា​ព្រះ​អនុជ​ព្រះ​ចៅ​ធម្ម​រាជា​ "ស្ដេច​សៀម​"​ លើក​យោធា​ទា​ហាន​មក​ដល់​ជើង​ព្រះ​រាជ​វាំង​ហើយ​យើង​សូម​អញ្ជើញ​ស្ដេច​ព្រះ​រៀម​ លើក​យោធា​ទាហាន​ចេញ​មក​ធ្វើ​យុទ្ធ​នា​ធិការ​ឲ្យ​ឃើញ​ថ្វី​ដៃ​គ្នា​ម្ដង​។ កាល​ព្រះ​អង្គ​កោត​ខ្លាច​ហើយ​ នឹង ចង​ជា​ព្រះ​រាជ​មេត្រី​ដូច​ដើម​នោះ​សូម​ឲ្យ​ប្រគល់​ស្រុក​បស្ចឹម​បុរី​១​ ស្រុក​ចន្ទ​បុរី​១​ ស្រុក​នគរ​រាជ​សីមា​១​ មក​ប្រទេស​ក្រុង​កម្ពុជា​ធិប​តី​វិញ​។​

 ខាង​លិច​ស្រុក​ទាំង​ ៣​ នេះ​ត្រូវ​ទុក​ជា​របស់​ក្រុង​ស្រី​អយុធ្យា​។ ពី​ត្រឹម​ស្រុក​ធំ​ទាំង​ ៣​នេះ ​ទៅ​ខាង​កើត​ត្រូវ​ទុក​ជា​របស់​កម្ពុជា​តាម​ព្រំ​ព្រះ​នគរ​ ផែន​ដី​ព្រះ​បាទ​បទុម​សូរ្យ​វង្ស​ ដែល​ចែក​រំលែក​ថ្វាយ​ទៅ​សម្ដេច​ចៅ​ពញា​រោង​វិញ​នោះ​។​ ថា​ពុំ​ព្រម​ប្រគល់​ឲ្យ​ទេ​ ថា​នឹង​លើក​ទ័ព​មក​កំទេច​ទ័ព​សៀម​យក​ផែន​ដី​សៀម​ឲ្យ​បាន​ ដែល​ទល់​នឹង​ព្រះ​នគរ​ហង្សា​វតី​ យក​នគរ​សៀម​ទាំង​ ៥ និង​នគរ​លាវ​ដែល​ សៀម​វាយ​យក​បាន​ជា​ចំណុះ​នោះ​ទៅ​ជា​ដែន​ក្រុង​កម្ពុជា​ តាម​ព្រំ​ព្រះ​នគរ​ក្នុង​ឯ​នាយ​ដែន​ដី​ព្រះ​អរត្ត​រាល​ពារលា​ "ព្រះ​កេតុ​មាលា​" នោះ​ឲ្យ​បាន​ដូច​ដើម​វិញ​។ ខណៈ​នោះ​ ព្រះ​ចៅ​សម្ដេច​ព្រះ​មហា​ធម្មរា​ជា​ "ស្ដេច​សៀម​" ស្ដេច​បាន​ទ្រង់​ជ្រាប​ព្រះ​រាជ​សារ​ នោះ​ហើយ​ទ្រង់​នឹង​ស្ញើច​​ស្ញើប​ក្នុង​ព្រះ​រាជ​ហឫ​ទ័យ​ណាស់​។ ទ្រង់​ព្រះ​រាជ​តំរិះ​យល់​ថា​ ព្រះ​បាទ​បរ​មិន្ទ​រាជា​ អង្គ​នេះ​មាន​ថ្វី​ដៃ​ក្លាហាន​ដូច​ព្រះ​ចន្ទ​រាជា​ ថា​ព្រះ​វរ​រាជ​បិតា​ដែរ​ ដែល​ឈ្នះ​លាវ​ សៀម​យើង​ជា​ច្រើន​គ្រា​មក​ហើយ​។​

 ក៏​ឯ​យើង​វិញ​កាល​បើ​យើង​ពុំ​ទាន់​ខូច​ខាត​ទាហាន​ និង គ្រឿង​សស្ត្រា​វុធ​ ព្រោះ​ព្រះ​ចៅ​ក្រុង​ហង្សាវ​តី​ទេ​ នោះ​យើង​ នឹង ស្ញើប​អ្វី​នូវ​ថ្វី​ដៃស្រុក​ខ្មែរ​តូច​​មួយ​ប៉ុណ្ណោះ​នោះ​។ ទ្រង់​ព្រះ​តំរិះ​យល់​ឃើញ​ដូច្នោះ​ហើយ​ ទើប​ទ្រង់​ត្រាស់​ប្រឹក្សា​ នឹង សេនា​បតី​ មន្ត្រី​គ្រប់​ក្រសួង​អំពី​កិច្ច​ការ​សង្គ្រាម​ ជា​បន្ទាន់​តាម​កាល​វេលា​។ មន្ត្រី​គ្រប់​ក្រសួង​ក្រាប​បង្គំ​ទូល​ថា​ :​ ស្រុក​យើង​សព្វ​ថ្ងៃ​ កំពុង​តែ​មាន​ទុក្ខ​ធុរៈ​ ដោយ​សារ​ព្រះ​ចៅ​ក្រុង​ហង្សាវ​តី​ ទាំង​គ្រឿង​សស្ត្រា​វុធ​ សេះ​ដំរី​ទៀត​ក៏​ព្រះ​ចៅ​ក្រុង​ហង្សា​វតី​ ផាត់​កៀរ​យក​ទាំង​គ្រួសារ​អស់​ជា​ច្រើន​ណាស់​ទៅ​ហើយ​។ ទូល​ព្រះ​បង្គំ​យើង​ខ្ញុំ​យល់​ថា​ព្រះ​ករុណា​ ក៏​គួរ​តែ​ទទួល​ជា​ព្រះ​រាជ​មេ​ត្រី​ នឹង ប្រទេស​កម្ពុជា​ ហើយ​ថ្វាយ​ស្រុក​ខាង​កើត​តាម​សេច​ក្ដី​សុំ​របស់​ប្រទេស​កម្ពុ​ជា​ចុះ​ ទំរាំ​យើង​សន្សំ​រេហ៍​ពល​ និង​ ស្បៀង​អាហារ​ គ្រឿង​សស្ត្រា​វុធ​បាន​បរិបូរណ៍​​កាល​ណា សឹម​យើង​គិត​ការ​ត​ទៅ​ទៀត​។​ សម្ដេច​ព្រះ​មហា​ធម្ម​រាជា​ ស្ដេច​ទ្រង់​បាន​ព្រះ​សណ្ដាប់​មន្ត្រី​ប្រឹក្សា​អំពី​រាជ​ការ​ផែន​ដី​​ហើយ ព្រម​ទាំង​ត្រូវ​ នឹង ព្រះ​រាជ​ហឫ​ទ័យ​ទៀត​ផង​ ស្ដេច​ក៏​មាន​ព្រះ​រាជ​ឱង្ការ​ត្រាស់​ឲ្យ​ចាង​ហ្វាង​អល័ក្ស​ តែង​ព្រះ​សុភ​អក្សរ​តប​សេច​ក្ដី​ទៅ​វិញ​។​

 លុះ​បាន​ព្រះ​សុភ​អក្សរ​ហើយ​ព្រះ​ចៅ​សៀម​ក៏​ទ្រង់​ត្រាស់​ឲ្យ​ពញា​មហា​មន្ត្រី​ ព្រះ​រាជ​វរា​នុ​កូល​ អញ្ជើញ​ព្រះ​រាជ​សារ​​នោះ ក្នុង​ឋានៈ​ជា​ព្រះ​រាជ​ទូត​ទាំង​ពីរ​នាក់​។​ រាជ​ទូត​ទាំង​ពីរ​នាក់​ ក៏​ថ្វាយ​បង្គំ​អញ្ជើញ​ ព្រះ​រាជ​សារ​នោះ​ទៅ​ជូន​នាយ​កង​ទ័ព​ខ្មែរ​ នាយ​កង​ទ័ព​ខ្មែរ​នាំ​ទៅ​ប្ដឹង​សេនា​បតី​ សេនា​បតី​នាំ​ចូល​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះ​បាទ​បរម​បពិត្រ​ ជា​​អម្ចាស់​ជីវិត​លើ​ត្បូង​។​ ខណៈ​នោះ​ ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ​រាជា​ ព្រះ​អង្គ​ទ្រង់​ចេញ​ប្រ​ថាប់​ក្នុង​ព្រះ​សុវណ្ណ​ ពន្លា​ជួប​ជុំ​សេនា​បតី​ មន្ត្រី​ នាយ​កង​ នាយ​ទ័ព​ ក្រាប​បង្គំ​គាល់​ ជា​យស​បរិវារ​។ ទ្រង់​ត្រាស់​ប្រឹក្សា​ការ​សង្គ្រាម​តាម​ធម្មតា​។​ លុះ​ទ្រង់​ទត​ឃើញ​ឧក​ញ៉ា​ចក្រី​មួយ​ ឧកញ៉ា​ក្រឡា​ហោម​មួយ​ ជា​សេនា​បតិ​ សំរេច​រាជ​ការ​ជើង​ទឹក​ ជើង​គោក​ទាំង​ពីរ​ក្រុម​ នាំ​រាជ​ទូត​សៀម​មក​ក្រាប​បង្គំ​ទូល​ថ្វាយ​ ព្រះ​រាជ​សារ​ហើយ​ទ្រង់​ក៏​ត្រាស់​ឲ្យ​ប្រែ​សេច​ក្ដី​នៃ​ព្រះ​រាជ​សារ​ដែល​មាន​សេច​ក្ដី​ដូច្នេះ​ថា​ ព្រះ​រាជ​សារ​ សុន្ទ​រ​បវរ​រតន​មង្គល​វិមល​ វិចិត្រ ក្រៃ​នៃ​សម្ដេច​ព្រះ​ពុទ្ធ​ចៅ​ ព្រះ​មហា​ធម្មា​រាជាតិ​​លក​លោ​កា​ មហា​ធម្មិក​រាជា​ ជា​ព្រះ​ចៅ​ក្រុង​ធារា​វតី​ ស្រី​អយុធ្យា​ ក្រុង​ទេព​មហា​នគរ​បវរ​រាជ​ធានី​ ជា​សម្ដេច​ព្រះ​រៀម​រាជា​ធិរាជ​ចំរើន​ផ្លូវ​ ព្រះ​រាជ​មេត្រី​មក​សម្ដេច​ព្រះ​រាជ​ឱង្ការ​ ព្រះ​បាទ​បរ​មិន្ទ​រាជា​ រាមា​ធិ​បតី​ សិរីយ​សោធរ​ បវរ​ខត្តិយ​មហា​នគរ​ ក្រុង​កម្ពុជា​ធិប​តី​ជា​ព្រះ​អនុ​ជា​ធិរាជ​ បាន​ទ្រង់​ជ្រាប​។​

ព្រះបរមិន្ទរាជា លេខ៧