ថ្ងៃសៅរ៍ ទី3.វិច្ឆិកា 2018.ម៉ោង 9:52
ផែនដីព្រះបរមិន្ទរាជា លេខ៧

ដល់​ថ្ងៃ​១១ កើត ខែ​ផល្គុន​ ឆ្នាំ​នេះ​ យើង​នឹង​ទៅ​ជួប​ជុំ​សម្ដេច​ព្រះ​រាជ​សន្យា​ជា​ស្ថាពរ​ត​រៀង​ទៅ​។ ព្រះ​បាទ​បរម​បពិត្រ​អម្ចាស់​ជីវិត​ផែន​ដី​ខ្មែរ​ ទ្រង់​ព្រះ​រាជ​សណ្ដាប់​ព្រះ​រាជ​សារ​ចប់​ហើយ​ទ្រង់​សព្វ​ព្រះ​រាជ​ហឫ​ទ័យ​ណាស់​ ទ្រង់​ត្រាស់​បង្គាប់​គ្រប់​មុខ​ងារ​ ឲ្យ​ថយ​កង​ទ័ព​ចូល​មក​ក្នុង​បន្ទាយ​ធំ​អស់​ ហើយ​ទ្រង់​ចាត់​ឲ្យ​មន្ត្រី​ក្រម​មេ​ការ​នាំ​រេហ៍​ពល​ ១៥០០​នាក់​ ទៅ​ក្រាល​​ដី​តាំង​ព្រះ​ពន្លា​ធ្វើ​​រោង​នៅ​តំបន់​រអាង​សិលា​នោះ​។​ ទ្រង់​ត្រាស់​បង្គាប់​ នឹង រាជ​ទូត​សៀម​ថា​:​ ឯង​ទៅ​ទូល​ម្ចាស់​ឯង​វិញ​ចុះ​ ថា​យើង​ព្រម​គ្រប់​គ្នា​ហើយ​។ មន្ត្រី​រាជ​ទូត​សៀម​ក៏​ថ្វាយ​​បង្គំ​លា​ ទៅ​ទូល​សម្ដេច​ព្រះ​ពុទ្ធ​ចៅ ​ព្រះ​មហា​ធម្ម​រាជា​គ្រប់​ប្រការ​។​ ព្រះ​ចៅ​មហា​ធម្ម​រាជា​ ក៏​ចាត់​មន្ត្រី​ក្រុម​មេ​ការ​ ឲ្យ​ទៅ​ធ្វើ​ព្រះ​ពន្លា​ធ្វើ​រោង​នៅ​តំបន់​រអាង​សិលា​ ដោយ​ពុំ​អាច​ នឹង បង្អង់​ ឲ្យ​យឺត​យូរ​បាន​ឡើយ​។

លុះ​​ដល់​ថ្ងៃ​ ដែល​សន្មត​ហើយ​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិប​តី​ និង​ ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ ជា​ព្រះ​មហា​ក្សត្រ​ទាំង​ពីរ​អង្គ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​សេនា​បតី​ មន្ត្រី​គ្រប់​ក្រសួង​ស្លៀក​ពាក់​តាម​ពណ៌​សំរាប់​ ឯក​ ទោ ត្រី ចត្វា​ ព្រម​ទាំង​គ្រឿង​បាំង​សែត​ បាំង​សែង​​ព្រះ​​សុ​រិយា ចាម៉រ​ បៃ​មន​ អភិ​រម្យ​ សែន​ត្វាន់ ក្លស់​ក្លំ​ ទង់​ជ័យ​ប្រ​ពៃ​ដោយ​ពណ៌​ផ្សេង​ៗ​ ព្រះ​មហា​ក្សត្រ​ទាំង​ពីរ​ព្រះ​អង្គ​ទ្រង់​គ្រប់​គ្រឿង​បញ្ចា​ មហា​កកុធ​ភណ្ឌ​ តាម​លំដាប់​សំរាប់​ក្រុង​កម្ពុ​ជា​ និង ក្រុង​ស្យាម​ប្រទេស​។ ទ្រង់​ឡើង​គង់​លើ​ព្រះ​កញ្ចោង​គជេន្ទ្រ​ លើក​យោធា​ទាំង​ពីរ​ក្រុម​ចេញ​ទៅ​ប្រជុំ​នៅ​ព្រះ​ពន្លា​តំបន់​រអាង​សិលា​ ជា​ព្រំ​ព្រះ​រាជ​សីមា​អំពី​​បុរាណ​តាំង​ពី​កាល​ផែន​ដី​ព្រះ​បាទ​សុរិ​យោ​វង្ស​។ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិ​បតី​​ ស្ដេច​និមន្ត​ សម្ដេច​ព្រះ​សុគន្ធា​ធិប​តី​ សិរី​សង្ឃ​នា​យក​ និង​ ព្រះ​រាជា​គណៈ​សំរាប់​ឯក​ ទោ ត្រី ចត្វា ២៨ ​អង្គ​ទៅ​គង់​នៅ​ព្រះ​ពន្លា​។​ ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ និមន្ត​សម្ដេច​ព្រះ​មហា​សង្ឃ​រាជា​ និង រាជា​គណៈ​សំរាប់​ ឯក ទោ ត្រី ចត្វា ២៨ អង្គ​ទៅ​គន់​ក្នុង​ព្រះ​ពន្លា​ជ័យ​ជួប​ជុំ​សេនា​បតី​ មន្ត្រី ​សេនា​ទា​ហាន​ ទាំង​សង​ខាង​ឲ្យ​ធ្វើ​សត្ត​សញ្ញា​ចុះ​ថ្ងៃ ​១១ កើត ខែ​ផល្គុន​ ឆ្នាំ​ច អដ្ឋ​ស័ក​ ពស.២១១៨, គស.១៥៧៤, មស.១៩៩៦, ចស.៩៣៦ មាន​សេច​ក្ដី​ថា ​:​ ព្រះ​មហា​ក្សត្រ​ ទាំង​ពីរ​នគរ​បាន​ធ្វើ​សត្ត​សញ្ញា​ចង​ព្រះ​រាជ​មេត្រី​ នឹង គ្នា​ថា ​:​ បើ​មាន​ការ​សង្គ្រាម​ពី​ប្រទេស​ក្រៅ​ក្ដី​ ក្នុង​ក្ដី​ ត្រូវ​ជួយ​គ្នា​ឲ្យ​អស់​ពី​ហឫ​ទ័យ​ទាំង​​សង​ខាង​ ហើយ​សង់​ព្រំ​ព្រះ​រាជ​សីមា​នៅ​ រអាង​សិលា​ ទទឹង​ទៅ​ទិស​ខាង​ត្បូង​ទល់​នឹង​មាត់​សមុទ្រ​ កោះ​ចន្ទបុរី​ ទទឹង​ពី​រអាង​សិលា​ទៅ​ខាង​កើត​ទល់​នឹង​ព្រំ​ស្រុក​នគរ​រាជ​សីមា​ ទៅ​ខាង​ជើង​ទល់​ នឹង ដែន​លាវ​លាន​ឆាង​ = ​លាន​ជាង​ ខាង​លិច​តំបន់​ទាំង​នេះ​ទុក​ជា​ដែន​ក្រុង​ស្រី​អយុធ្យា​ខាង​កើត​ តំបន់​នេះ​ទុក​ជា​ដែន​ក្រុង​កម្ពុជា​។ លុះ​ធ្វើ​ខណ្ឌ​ព្រះ​រាជ​សីមា​បោះគោល​ថ្ម​ ជា​ចារិត​រួច​ហើយ​ ព្រះ​មហាក្សត្រ​ទាំង​ពីរ​ ព្រះ​អង្គ​ទ្រង់​ឲ្យ​លេង​ល្បែង​ មហោ​ស្រព​ សព្វ​សារ​ពើ​។​ លុះ​ចប់​ព្រះ​រាជ​កិច្ច​ រាជ​សញ្ញា​នេះ​ហើយ​ ព្រះ​បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ដែន​ក្រុង​កម្ពុជា​ទ្រង់​លា​ ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ នឹង វិល​ត្រឡប់​មក​ព្រះ​នគរ​វិញ​។​

 ខណៈ​ដែល​ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ស្ដេច​រៀប​ព្រះ​រាជ​ដង្វាយ​ថ្វាយ​ជា​អង្ករ​ ៣០០​ហាប ត្រី​ងៀត ១០០០​ហាប ត្រី​ឆ្អើរ​ ១០០០​ក្រាស ដំរី ​២០ សេះ ៥០ និង​ ស្វេត​ច្ឆ័ត្រ​ យ៉ាង​ស្យាម​ប្រទេស​មួយ​ ពាន​ព្រះ​ស្រី​មាស​មួយ​ ទិកោក​មាស​មួយ​ កន្ថោ​មាស​មួយ​ ដាវ​ស្រោម​មាស​មួយ​។​ ព្រះ​បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​ចៅ​ប្រទេស​កម្ពុ​ជា ​ទ្រង់​តប​ព្រះ​រាជ​បណ្ណា​ការ​ទៅ​ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​វិញ​គឺ​ ក្រវាញ ១០​ហាប កុយ​រមាស​ពីរ​ក្បាល​ ព្រះ​ខ័ន​ដង​ខ្លី​មួយ​ ដាវ​គ្រឿង​មាស​មួយ​ លំពែង​គ្រឿង​មាស​មួយ​អាវ​ព្រះ​ភូសា​ យ៉ាង​ខេម​រា​ប្រទេស​ពីរ​ សំពត់​ហូល ១០ ​សំពត់​ព្រែ​សូត្រ​ ១០​កី​។ លុះ​ចប់​ព្រះ​រាជ​បណ្ណា​ការ​ហើយ​ ទើប​ព្រះ​អង្គ​លើក​យោធា​ទា​ហាន​ ត្រឡប់​មក​ព្រះ​នគរ​បរម​មហា​ស្ថាន​វិញ​ ទ្រង់​គង់​នៅ​ជា​សុខ​ក្សេម​ក្សាន្ត​រៀង​មក​។ អរិន្ទ​រាជ​សត្រូវ​គ្រប់​ទិស​ទី ក៏​បាក់​បប​ខ្លប​ខ្លាច​ព្រះ​ចេស្ដារ​ទាំង​អស់​។​

 ខាង​ស្យាម​ប្រទេស​ក៏​លែង​លើក​ទ័ព​មក​ធ្វើ​សឹក​ទ័ព​មក​ជិត​ព្រះ​នគរ​ទៀត​ដែរ​។ ព្រះ​នគរ​ដ៏​សម្បូរណ៍​សម្បត្តិ​ក្សេម​ក្សាន្ត​បាន​សេច​ក្ដី​សុខ​ត​រៀង​មក​។ (ក្នុង​រឿង​ដែល​សៀម​សុខ​ចិត្ត​ ប្រ​គល់​ខេត្ត​ទាំង​ប៉ុន្មាន​ដូច​បាន​និទាន​មក​ខាង​លើ​នេះ​ បើ​និយាយ​តាម​សៀវ​ភៅ​ព្រះ​រាជ​ពង្សា​វតារ​របស់​ព្រះ​រាជ​បណ្ណា​ល័យ​ភាគ​៣​ ទំព័រ​២១៩​ លេខ​ គ.ស​.៥៣៣ ថា​សៀម​មិន​មែន​ចាញ់​សង្គ្រាម​ខ្មែរ​ដែល​មាន​ព្រះ​បរម​រាជា​ដឹក​នាំ​នោះ​ ហើយ​ថ្វាយ​ខេត្ត​ទាំង​នោះ​មក​ព្រះ​អង្គ​ទេ​ គឺ​ថា​ការណ៍​ដែល​​សៀម​សុខ​ចិត្ត​ថ្វាយ​​ខេត្ត​ទាំង​នោះ​ នេះ​ដោយ​ហេតុ​ថា​សៀម​ត្រូវ​ធ្វើ​សង្គ្រាម​ជា​មួយ នឹង ​មន​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ខ្មែរ​ទៅ​ព្រួត​វាយ​ខ្លួន​ពី​ខាង​ក្រោយ​សៀម​ក៏​សុខ​ចិត្ត​កាត់​ដី​ទាំង​ប៉ុន្មាន​ខេត្ត​នេះ​ថ្វាយ​មក​ព្រះ​មហា​ក្សត្រ​ខ្មែរ​វិញ​។ សេច​ក្ដី​នេះ​ពិត​មែន​ តែ​ពុំ​សូវ​សម​ក៏​ដោយ​ចុះ​ ខ្ញុំ​​​ក៏​ដាក់​ស្រង់​មក​ជូន​ឯក​ឧត្តម​ លោក​អ្នក​អាន​ជ្រាប​ទុក​ជា​ឯក​សារ​ដូច​ត​ទៅ​។​ សេច​ក្ដី​នោះ​ មាន​ដូច​ត​ទៅ​នេះ​ "ក្នុង​ឆ្នាំ​ជូត​ អដ្ឋ​ស័ក​នោះ​ ស្ដេច​សៀម​ប្រឹក្សា​ នឹង សេនា​បតី​ទាំង​ពួង​ថា​ នគរ​យើង​ និង នគរ​កម្ពុជា​ធិបតី​នេះ មីន​គួរ​មក​កើត​វិវាទ​ នឹង គ្នា​ទេ​ គួរ​តែ​ចង​ផ្លូវ​ព្រះ​រាជ​មេត្រី​ទើប​ល្អ​។​ បើ​មិនចងផ្លូវព្រះរាជមេត្រីទេ ខ្មែរនឹងមិនឈប់លើកមកយាយីយើងទៀតឡើយ ហើយយើងកើតសង្គ្រាមនឹងមនផងបើសិនជាសង្គ្រាមទាំងមុខទាំងក្រោយយ៉ាងនេះយើងកំរនឹងគិតណាស់។

 សេនា​បតី​មន្ត្រី​ទាំង​ពួង​ក៏​យល់​ព្រម​តាម​ព្រះ​រាជ​តំរិះ​ ទើប​ទ្រង់​ព្រះ​រាជ​បញ្ជា​មុខ​ក្រសួង​ ឲ្យ​ធ្វើ​ព្រះ​រាជ​សារ​និង​បណ្ណា​ការ​ស្រេច​ ស្ដេច​ចាត់​ម៉ឺន​ស្រី​ភិរម្យ​ ជារាជ​ទូត ឃុន​ព្រះ​ស៊ី​មួយ​ ម៉ឺន​រ៉ាម​ណរង្គ​ ជា​ឧប​ទូត​ឲ្យ​អញ្ជើញ​ព្រះ​រាជ​សារ​ និង រាជ​បណ្ណា​ការ​មក​ក្រុង​កម្ពុជា​ធិបតី​។ មន្ត្រី​ទាំង​នោះ​ ក៏​ថ្វាយ​បង្គំ​លា​អញ្ជើញ​ ព្រះ​រាជ​សារ​ ​នឹង​ បណ្ណា​ការ​មក​ដល់​ខេត្ត​គោក​ខណ្ឌ​។ នៅ​ទី​នោះ ចៅ​ហ្វាយ​ស្រុក​គោក​ខណ្ឌ​ឃាត់​ព្រះ​រាជ​ទូត​ទាំង​ ៣ ទុក​ហើយ​ប្ដឹង​ចូល​មក​សេនា​បតី​។ សេនា​បតី​ នាំ​សេច​ក្ដី​ក្រាប​បង្គំ​ទូល​សូម​ទ្រង់​ជ្រាប​។ ខណៈ​នោះ​ស្ដេច​ឲ្យ​បើក​ព្រះ​រាជ​ទូត​មក​ដល់​ក្រុង​។

ថ្ងៃ ៥ កើត ខែ​បឋម​មា​សាធ​ ឆ្នាំជូ​ត អដ្ឋ​ស័ក ម៉ោង​៩​ព្រឹក ទ្រង់​ឲ្យ​សេនា​បតី​មុខ​មន្ត្រី​ធំ​តូច​ តែង​ខ្លួន​ពេញ​យស​សក្ដិ​ចូល​គាល់​ឲ្យ​ហ្លួង​ទិព្វ​សេនា "តូច" នាំ​រាជ​ទូត និង ឧប​ទូត​សៀម​ចូល​គាល់​ជា​មួយ នឹង សេនា​បតី​។​ រាជ​ទូត​សៀម​ក៏​ថ្វាយ​ព្រះ​រាជ​សារ​ និង បណ្ណា​ការ​ទ្រង់​ទទួល​ហើយ​ស្ដេច​ឲ្យ​ព្រះ​រាជ​ទេព​ចិន្តា​ "សោ" សូត្រ​ព្រះ​រាជ​សារ​ថ្វាយ​សេច​ក្ដី​ថា :

ព្រះ​រាជ​សារ​ ព្រះធម្ម​រាជា​ ព្រះ​ចៅ​ក្រុង​ធារាវ​តី ស្រី​អយុធ្យា​ជា​ជេដ្ឋា​ធិរាជ​។ សូម​ចំរើន​ផ្លូវ​ព្រះ​រាជ​មេត្រី​មក​ សម្ដេច​ព្រះ​បរ​មិន្ទ​រាជ​ រាមា​ធិបតី​ បាន​ទ្រង់​ជ្រាប​។ ដ្បិត​ក្រុង​ធារាវ​តី ស្រី​អយុធ្យា​ និង ក្រុង​កម្ពុជា​ធិបតី​ តាំង​អំពី​បុរាណ​រាជ្យ​ រៀង​មក​ធ្លាប់​ជា​រាជ​មេត្រី​សម្ពន្ធ​មិត្ត​ជាប់​ដិត​ផែន​ដី​ជា​មួយ​គ្នា​។​

 ក៏​យើង​តាំង​ពី​បាន​សោយ​រាជ្យ​សម្បត្តិ​ជា​មហា​ក្សត្រ​ដ៏​ប្រសើរ​ ជា​មោលី​ទី​ពឹង​នៃ​សមណ​ជី​ព្រាហ្មណ៍​បណ្ដា​រាស្ត្រ​ទាំង​ពួង​ ឥឡូវ​មក​កើត​បដិ​បក្ស​យ៉ាង​នេះ​ ខុស​ នឹង បុរាណ​រាជ​ប្រវេ​ណី ​សមណ​ជី​ព្រាហ្មណ៍​ ឯ​បណ្ដា​រាស្ត្រ​កើត​ សេចក្ដី​ក្ដៅ​ក្រហាយ​ ព្រាត់​ប្រាស​ប្រពន្ធ កូន ទី​​លំ​នៅ គួរ​យើង​ទាំង​ពីរ​តាំង​ព្រះ​ទ័យ​ប្រកប​ដោយ​ខន្តី​ មេត្តា​ករុណា​ញ៉ាំង​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​ថ្កើន​រុង​រឿង​ សមណ​ជី​ព្រាហ្មណ៍​ និង អាណា​ប្រជា​នុ​រាស្ត្រ នឹង បាន​សេច​ក្ដី​សុខ​ផង​។ រឿង​នេះ​សូម សម្ដេច​ព្រះ​អនុជា​​ធិ​រាជ​ កាត់​បង់​មាន​ :​ ចេញ​ ខ្ញុំ​សូម​ចង​ផ្លូវ​ព្រះ​រាជ​មេត្រី​ តាម​បុរាណ​រាជ​ប្រវេ​ណី​ព្រះ​នគរ​ទាំងពីរ​ នឹង​បាន​ជាប់​សម្ព័ន្ធ​មិត្ត​ នឹង គ្នា​ទៅ​។​

លុះ​ទ្រង់​ព្រះ​សណ្ដាប់​សេច​ក្ដី នៃ​ព្រះ​រាជ​សារ​ចប់​ហើយ​ ព្រះ​បរម​នាថ​បរម​បពិត្រ​អម្ចាស់​ជីវិត​ដែន​កម្ពុជា​ ទ្រង់​មាន​ព្រះ​ទ័យ​ទោរ​ទន់​ចុះ​ ដោយ​ព្រះ​មេត្តា​ករុណា​ ទ្រង់​មាន​ព្រះ​រាជ​តំរាស់​ នឹង រាជ​ទូត​សៀម​ថា ​:​

 យើង​គាប់​ព្រះ​ទ័យ​ នឹង ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ ដែល​សូម​ផ្លូវ​ព្រះ​រាជ​មេត្រី​ ហើយ​ទ្រង់​សួរ​សុខ​ទុក្ខ​ក្នុង​ព្រះ​រាជ​នគរ​ រួច​ស្ដេច​ឲ្យ​ព្រះ​រាជ​តេជៈ​នាំ​រាជ​ទូត​សៀម​ទៅ​សំណាក់​ នៅ​ថែវ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ ចាត់​ភោជ​នីយា​ហារ​ឲ្យ​បរិ​ភោគ​ តាម​គួរ​ ហើយ​ស្ដេច​យាង​ចូល​ក្នុង​វិញ​។​ លុះ​ដល់​វេលា​រសៀល​ថ្ងៃ​នោះ​ ស្ដេច​ឲ្យ​ប្រជុំ​ព្រះ​រាជ​វង្សា​នុ​វង្ស​ មុខ​មន្ត្រី​ទាំង​ពួង​មក​គាល់​ត្រៀប​ត្រា​ ទ្រង់​ប្រឹក្សា​ថា ​ស្ដេច​សៀម​ជា​សត្រូវ នឹង យើង​ ឥឡូវ​ទ្រង់​ប្រើ​រាជ​ទូត​ឲ្យ​មក​សូម​ចង​ផ្លូវ​ព្រះ​រាជ​មេត្រី​នេះ​ ដោយ​រអា​ថ្វី​ដៃ​យើង​មួយ​ ដោយ​កើត​សឹក​ នឹង មន​មួយ​ បើ​យើង​មិន​ព្រម​ទទួល​ដោយ​ផ្លូវ​ព្រះ​រាជ​មេត្រី​ផង​ មិន​ល្អ ​គួរ​យើង​ទទួល​ចុះ​ ដើម្បី​ឲ្យ​បាន​សេច​ក្ដី​សុខ​ ដល់​សម​ណៈ​ជី​ព្រាហ្មណ៍​ បណ្ដា​រាស្ត្រ​ទៅ​ខាង​មុខ​កុំ​ឲ្យ​ចង​វេវា​ នឹង គ្នា ​នោះ​ព្រះ​រាជ​វង្សា​នុវង្ស​ សេនា​បតី​មុខ​មន្ត្រី​ទាំង​ពួង​ ក៏​​យល់​ព្រម​តាម​​ព្រះ​រាជ​តំរិះ​។ ទើប​ទ្រង់​ព្រះ​រាជ​បញ្ជា​ឲ្យ​ឧកញ៉ា​ប្រាជ្ញា​ធិបតី ​"វង"​ ឲ្យ​តែង​ព្រះ​រាជ​សារ​។ ឧក​ញ៉ា​ប្រាជ្ញា​ធិ​បតី​តែង​ជា​សេច​ក្ដី​ព្រះ​រាជ​សារ​ថា ​:

ព្រះ​បាទ​សម្ដេច​ ព្រះ​បរមិន្ទ​រាជា​ធិរាជ​រាមា​ធិបតី​ សិរី​សុរិ​យោ​វង្ស​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិប​តី​ខេម​រា​ប្រទេស​។​ ចំរើន​ផ្លូវ​ព្រះ​រាជ​មេត្រី​ មក​ព្រះ​បាទ​សម្ដេច​ព្រះ​មហា​ធម្ម​រាជា​ ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ប្ររាប​ដោយ​បញ្ញាត​ធិ​សម្ភារ​ជា​ទី​សរណ​ នៃ​ជន​ស្យាម​ប្រទេស​ រាជ​ធានី​ជា​ជេដ្ឋា​ធិ​រាជ​ បាន​ជ្រាប​។​

ដ្បិត​ព្រះ​អង្គ​មាន​ព្រះ​រាជ​សារ​ទៅ​ សូម​ចង​ផ្លូវ​ព្រះ​រាជ​មេត្រី​ តាម​បុរាណ​ប្រវេ​ណី​នោះ​យើង​ព្រះ​ចៅ​ក្រុង​កម្ពុជា​ទទួល​ផ្លូវ​រាជ​មេត្រី​ហើយ​។ ឯ​ខេត្ត​ដែន​ខ្មែរ​វិញ​ អនុជ​បាន​ធ្វើ​សង្គ្រាម​ឈ្នះ​បាន​ខេត្ត​ដែន​ត្រឹម​ណា​ ឲ្យ​នៅ​ នឹង ត្រឹម​នោះ​ទៅ​បើ​ព្រម​ ត្រូវ​ចាត់​ព្រះ​រាជ​បំរើ​ទាំង​ពីរ​ព្រះ​នគរ​ ឲ្យ​មក​បោះ​គោល​ជ្រួប​ទឹក​ស្នោ​ទក​ ជា​ចារិក​ឲ្យ​អស់​កប្បា​វសាន​ទៅ​ខាង​មុខ​ កុំ​ឲ្យ​ក្រស័ត្រ​ខាង​ណា​រំលោភ​ដោយ​អំណាច​ រុន​រាន​ទន្ទ្រាន​ចូល​ទៅ​ ចូល​មក​ឲ្យ​ហួស​ដែន​ដែល​មាន​គោល​ជា​កំណត់​ប្រយោជន៍​ និង ឲ្យ​សម​ណ​ជី​ព្រាហ្មណ៍​បណ្ដា​រាស្ត្រ​បាន​សេច​ក្ដី​សុខ​ដោយ​បុរាណ​រាជ​ប្រវេណី​។​

ព្រះ​នគរ​ទាំង​ពីរ​ បើ​មាន​សឹក​សត្រូវ​ នឹង លើក​ចតុ​រង្គ​សេនា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ តាម​ព្រះ​រាជ​មេត្រី​ ហើយ​ស្ដេច​ឲ្យ​រាជ​ទូត សៀម​ចូល​ក្រាប​បង្គំ​គាល់​ទ្រង់​ប្រោស​ ព្រះ​រាជ​ទាន​របស់​តាម​សម​គួរ​ ទ្រង់​ចាត់​ភ្លុក​ដំរី ៥​ក្បាល សំពត់​ហូល​ជរ​ ៣​ជាន់​ ៥០​​សំពត់​ ផា​មួយ​​១០​ ក្រ​វាញ​ ២​ហាប ត្រកោ ៥​ហាប ក្រមួន​ឃ្មុំ ៥​ហាប ស្បែក ១០ ​ហាប ជា​គ្រឿង​រាជ​បណ្ណា​ការ​ តប​ថ្វាយ​ទៅ​ នឹង រាជ​បណ្ណា​ការ​ដែល​ស្ដេច​ សៀម​ថ្វាយ​មក​ រួច​​ទ្រង់​ចាត់​ព្រះ​អភ័យ​ទោស រស​១ ព្រះ​ឥន្ទ​តេ​ជោ​ជ័យ​១ ព្រះ​ទ្រង់​គជេន្ទ្រ​សោម​១​ ហ្លួង​ស្រី​នគរ​បាល​ម៉ា​១ ហ្លួង​ឫទ្ធិ​គេជន្ទ្រ​កុយ​១ ហ្លួង​នរេន្ទ្រ​ឫទ្ធិ​មាស​១ ជា​រាជ​ទូត​ឲ្យ​អញ្ជើញ​ ព្រះ​រាជ​សារ និង រាជ​បណ្ណាការ​ ទៅ​ជា​មួយ នឹង រាជ​ទូត​សៀម​។

 លុះ​រាជ​ទូត​ទៅ​ដល់​នោះ​ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ ទ្រង់​ចាត់​ព្រះ​រាជ​តេ​ជោ​ ឲ្យ​ចេញ​មក​ទទួល​នៅ​ប៉ាក​ណាម​ នាំ​​រាជ​ទូត​ខ្មែរ​ឲ្យ​ចូល​ដល់​ក្រុង​។ ស្ដេច​ឲ្យ​នាំ​រាជ​ទូត​ខ្មែរ​ចូល​ក្រាប​បង្គំ​គាល់​ រាជ​​ទូត​​​ក៏​ថ្វាយ​ព្រះ​រាជ​សារ​ និង​រាជ​បណ្ណា​ការ​ទាំង​ពួង​។​ ទ្រង់​ទត​ជ្រាប​សព្វ​សេច​ក្ដី​នៃ​ ព្រះ​រាជ​សារ​ហើយ​ទ្រង់​ព្រះ​អំណរ​ណាស់​ថា ​:​ យើង​តាម​ព្រះ​អនុជ​ទាំង​អស់​។ ស្ដេច​ចាត់​មន្ត្រី​ឲ្យ​នាំ​រាជ​ទូត​ខ្មែរ​ ទៅ​នៅ​ក្នុង​ថែវ​មុខ​ព្រះ​បរម​រាជ​វាំង​ឲ្យ​លៀង​ភោជ​នា​ហារ​មិន​ឲ្យ​ខ្វះ​ខាត​។ វេលា​នោះ​ មាន​សំបុត្រ​ចៅ​ហ្វាយ​ស្រុក​ពិស្ណុ​លោក​ប្ដឹង​មក​ថា​ : មន​ប្រមូល​សេនា​ទាហាន​ នឹង លើក​មក​វាយ​ ហើយ​ស្ដេច​សៀម​ក៏​ប្រញាប់​ធ្វើ​រាជ​សារ​តប​មក​ចាត់​ព្រះ​ស៊ី​សាវ​រាជ​១​ ឃុន​ហ្លួង​ធម្មា​ទិស​១​ ឃុន​មង្គល​រតនៈ​១ ឃុន​ចន្ទ្រា​ទិព្វ​១ ឃុន​ធៀន​ឃ​រាជ​១ ឲ្យ​អញ្ជើញ​ព្រះ​រាជ​សារ​ និង រាជ​បណ្ណ​ការ​តាម​គួរ​ ឲ្យ​មក​ជា​មួយ​នឹង​រាជ​ទូត​ខ្មែរ​លុះ​ដល់​ចូល​ថ្វាយ​ព្រះ​រាជ​សារ​ និង​ រាជ​បណ្ណាការ​ ស្ដេច​ឲ្យ​មើល​ព្រះ​រាជ​សារ​នោះ​ ថ្វាយ​សេច​ក្ដី​ថា : ដែល​ព្រះ​អនុ​ជា​ធិរាជ​ ព្រម​ទទួល​ផ្លូវ​ព្រះ​រាជ​មេត្រី​ ឲ្យ​ជ្រួច​ទឹក​ស្នោ​ទក​បោះ​គោល​ចារិក​ដែន​ព្រះនគរ​នោះ​ ខ្ញុំ​ជា​ជេដ្ឋា​មាន​អំណរ​ណាស់​ ហាក់​ដូ​ច​ជា​បាន​វិមាន​ទិព្វ​វេលា​នេះ​សូម​ព្រះ​អនុ​ជា​ធិរាជ​ ចាត់​ព្រះ​រាជ​បំរើ ​និង សមណ​ជី​ព្រាហ្មណ៍​ សេនា​បតី​ មក​ប្រជុំ​បោះ​គោល​ចារឹក​នៅ​តំបន់​ ខេត្ត​ស្រះ​កែវ​ ដោយ​បុរាណ​រាជ​ប្រវេណី​។​

ព្រះ​បាទ​សម្ដេច​ ព្រះ​បរ​មិន្ទ​រាជា​ ទ្រង់​ចាត់​សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​១​ ឧក​ញ៉ា​ធម្មា​តេ​ជោ​១ ឧក​ញ៉ា​រតនៈ​១​ ម៉ឺន​ស្នេហា​ភិរម្យ​១ និង​ ឃុន​ម៉ឺន​ជា​ច្រើន​ឈ្មោះ​។ ចំណែក​ខាង​សមណៈ​ សម្ដេច​ព្រះ​មហា​ព្រហ្ម​មុនី​មួយ​អង្គ​ ព្រះ​ធម្ម​មុនី​មួយ​អង្គ​ ព្រះ​ធម្ម​ឧត្តម​មួយ​អង្គ​ ព្រះ​អរិយ​ព្រឹទ្ធា​ចារ្យ​មួយ​អង្គ​ ព្រះ​វិនយ​ត្ថេរ​មួយ​អង្គ​ និង​ ព្រះ​សង្ឃ​ ៨​ អង្គ​ទៀត​។​ មន្ត្រី​ខាង​រាជ​បណ្ឌិត្យ​ ៤​ ខាង​ហោ​រា ​៤ ខាង​ព្រាហ្ម​ណ៍​បុរោ​ហិត​ ៤ និង​ សេនា​ទាហាន​ ៥០០​ ចេញ​ទៅ​បោះ​គោល​ចារិក​ជា​ មួយ​​នឹង រាជ​ទូត​សៀម​ : ចំណែក​ខាង​សៀម​វិញ​ ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ ទ្រង់​ចាត់​ពញា​​ចក្រី​១​ ពញា​ភិ​មុខ​មន្ត្រី​១​ ពញា​ទេព​​រណង្គ​​ឮ​ជ័យ​១ ព្រះ​ពហុល​ទេព​១ និង​ឃុន​ម៉ឺន​ជា​ច្រើន​ឈ្មោះ​។​ ខាង​ព្រះ​សង្ឃ​នោះ​ សម្ដេច​ព្រះ​សង្ឃ​រាជ​គាម​រាសី​១​ អរញ្ញ​វាសី​១ ព្រះ​គ្រូ​ស្ដាំ​១​ ព្រះ​គ្រូ​ឆ្វេង​១​ និង ព្រះ​ភិក្ខុ​សង្ឃ ២០​អង្គ​។ ខាង​ព្រាហ្មណ៍​ព្រះ​មហិន្ទ​រាជា​សុភាវ​តី​១​ ព្រះ​បរមា​ចារ្យ​១​ ព្រះ​ទេព្វា​ចារ្យ​១​ ព្រះ​រាជ​ហោរា​ធិប​តី​១​ និង​ពួក​បុរោ​ហិត​ ១០​ នាក់​ សេនា​បតី​ ព្រាហ្មណ៍​ គណា​ចារ្យ​​ទាំង​ពី​រ​ចំណែក​ មក​​ជួប​ជុំ​ជំ​នុំ​ព្រម​ នៅ​ស្រះ​កែវ​ ចាត់​ចែង​ពិធី​ ដែល​នឹង​ត្រូវ​ជ្រួច​ទឹក​ស្នោ​ទក​បោះ​គោល​ចារិក​នៅ​ទី​នោះ​។ ​ពស.២១២១, គស.១៥៧៧, មស.១៤៩៩, ចស.៩៣៩, ឆ្នាំ​ផ្លូវ​ នព្វ​ស័ក​ ថ្ងៃព្រ​ហសប្បតិ៍ ​៨​កើត​ ខែ​កត្តិក​ជា​ថ្ងៃ​បាន​ឫក្ស​ ប្រជុំ​បោះ​គោល​សីមា​ចារិក​សត្យា​ធិដ្ឋាន​ក្នុង​សិលា​បាទ​ ហើយ​ព្រះ​ភិក្ខុ​សង្ឃ​ទាំង​សង​ខាង​ ក៏​ជ្រួច​ទឹក​ស្នោ​ទក​លើ​គោល​សីមា​ជា​បន្ទាល់​សាក្សី​ ដើម្បី​ឲ្យ​ព្រះ​រាជ​មេ​ត្រី​សីមា​មណ្ឌល​ទាំង​ពីរ​ព្រះ​នគរ​ ឲ្យ​ស្ថិត​ស្ថេរ​ចីរ​កាល​ដរាប​លុះ​អស់​កប្បា​វសាន​ ហើយ​ឲ្យ​ឧបស​ម្ប័ទ​ជា​ភិក្ខុ ​៦ អង្គ​នៅ​ទី​នោះ​។ ខាង​លិច​បាន​ជា​ដែន​សៀម​ ខាង​កើត​បាន​ជាដែន​ខ្មែរ​។​

 ខ្មែរ​បាន​តាំង​ចៅ​ហ្វាយ​ស្រុក​ឲ្យ​រក្សា​ខេត្ត​ទាំង​នោះ​ទើប​ទី​នោះ​ជាប់​ហៅ​ថា រអាង​​សិលា​បាទ ​ដរាប​មក​ដល់​បច្ចុប្បន្ន​នេះ​។ តាំង​ពី​ពេល​នោះ​មក​ក្រុង​ស្រី​អយុធ្យា និង ក្រុង​កម្ពុជា​ធិបតី​ជា​មេត្រី នឹង គ្នា​តរៀង​មក​។

លុះ​ដល់​មក​ខែ​ជេស្ឋ​ ឆ្នាំ​ជូត​ អដ្ឋ​ស័ក ពស.២១២០, គស.១៥៧៦, មស.១៤៩៨, ចស.៩៣៨ ព្រះ​បាទ​សម្ដេច​ បរ​មិន្ទ​រាជា​ធិ​រាជ បរម​នាថ បរម​បពិត្រ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ស្ដេច​សោយ​រាជ្យ​បាន ១១​ឆ្នាំ ព្រះ​ជន្ម​វស្សា ៥៧​ឆ្នាំ ព្រះ​អង្គ​ទ្រង់​ប្រ​ឈួន រោគ​ជា​ខ្លាំង​ ទ្រង់​សោយ​ព្រះ​វិលា​ល័យ​ក្ស័យ​ព្រះ​ជន្ម​ទៅ​។ ព្រះ​រាជ​បុត្រ និង សម្ដេច​ព្រះ​មហា​សុគន្ធា​សង្ឃ​រាជា​ និង រាជា​គណៈ ​សេនា​បតី​មន្ត្រី​ធំ​-​តូច​ ខ្ញុំ​ព្រះ​រាជ​ការ​ លើក​ព្រះ​បរម​សព​ តំកល់​ក្នុង​កោដ្ឋ​ហើយ​ ក៏​ជំនុំ​ថ្វាយ​ព្រះ​រាជា​សម្បត្តិ​ទៅ​ព្រះ​សត្ថា​ជា​ព្រះ​រាជ​បុត្រ​ច្បង​ ប្រសូត​ក្នុង​ឆ្នាំ​ឆ្លូវ​ មក​ដល់​ឆ្នាំ​ជូត​នេះ​ ចំរើន​ព្រះ​ជន្ម​វស្សា​បាន ២៤​ឆ្នាំ​ ឲ្យ​ឡើង​សោយ​រាជ្យ​ស្នង​ព្រះ​រាជ​បិតា​។ (អំពី​រាជ​សម្បត្តិ​ ព្រះ​ជន្ម​វស្សា​នៃ​សម្ដេច​ព្រះ​បរមិន្ទ​រាជា​នេះ​ ឃើញ​ខុស​ៗ​គ្នា​គ្រប់​តែ​សាស្ត្រា​ យើង​ខ្ញុំ​សូម​អភ័យ​ទោស​ពី​សំណាក់​ លោក​អ្នក​អាន យើង​មិន​បាន​ដក​ស្រង់​រឿង​ខុស​គ្នា​គ្រប់​តែ​សាស្ត្រា​នោះ​ទេ យើង​សូម​ស្រង់​ចេញ​តែ​ពី​ព្រះ​រាជ​ពង្សាវ​តារ​ របស់​ព្រះ​បណ្ណា​ល័យ​តែ​មួយ​ចុះ​។​

ព្រះ​រាជ​ពង្សា​វតារ​នោះ​ភាគ ​៣ លេខ គ ៥៣-៣ មាន​សេច​ក្ដី​ដូច​ត​ទៅ​នេះ)​ ព្រះ​បាទ​សម្ដេច​ព្រះ​បរ​មិន្ទ​រាជា​ធិ​រាជ ស្ដេច​សោយ​រាជ​សម្បត្តិ​បាន ១២​ឆ្នាំ ព្រះ​ជន្ម ៦២​ឆ្នាំ នៅ​ថ្ងៃ ៩​រោច ខែ​ផល្គុន​ ឆ្នាំ​ខាល សំរឹទ្ធិ​ស័ក​ ទ្រង់​ព្រះ​អាពាធ​ព្រះ​វិស្ស​រោគ​គឺ​រោគ​គ្រុន​ជា​ទំ​ងន់​នោះ​ សម្ដេច​ព្រះ​សុគន្ធា​ធិបតី​ និង សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ ​សេនា​បតី​ ព្រម​ទាំង​ព្រះ​រាជ​វង្សា​នុវង្ស​ ព្រះ​រាជ​គ្រូ​បុរោ​ហិត​ ហោ​រា​ចារ្យ​ ចូល​រក្សា​ព្រះ​រោគ​ក្នុង​ព្រះ​បរម​រាជ​វាំង​ នា​ម៉ឺន​សព្វ​មុខ​មន្ត្រី​ខ្លះ​ ប្រចាំ​ការ​នៅ​ចុង​ព្រះ​រាជ​រោង​ ព្រះ​សត្ថា​ជា​ព្រះ​រាជ​បុត្រ​ច្បង​ ស្ដេច​ត្រួត​ត្រា​ទាំង​ក្នុង​ទាំង​ក្រៅ ​ព្រះ​រោគ​ក៏​កាន់​តែ​ធ្ងន់​ធ្ងរ​ណាស់​ ពេទ្យ​ប្រកប​ព្រះ​ឱស​ថ្វាយ​ពុំ​ត្រូវ​ ទ្រង់​ព្រះ​រាជ​បណ្ដាំ​ឲ្យ​ថ្វាយ​រាជ​សម្បត្តិ​ទៅ​ព្រះ​សត្ថា​ ជា​ព្រះ​រាជ​បុត្រ​ច្បង​ឲ្យ​សោយ​រាជ​សម្បត្តិ​ស្នង​ព្រះ​អង្គ​។ ថ្ងៃ ១​​រោច ខែ​អាសាធ​ ឆ្នាំ​ថោះ ឯក​ស័ក វេលា​អធ្រាត្រ​ ស្ដេច​សោយ​ព្រះ​ទិវង្គត​លើ​ព្រះ​រាជ​ដំណាក់​ អម្រិន្ទ​វិមាន​ ទើប​ព្រះ​សត្ថា ព្រម​ទាំង​រាជ​វង្សា​នុវង្ស​សេនា​បតី​ នា​ម៉ឺន​សព្វ​មុខ​មន្ត្រី​រៀប​ស្រង់​ព្រះ​បរម​សព​ ថ្វាយ​សុគន្ធ​ពិដោរ​រួច​ថ្វាយ​គ្រឿង​ទ្រង់​ហៅ​ព្រះ​បរម​សព​ហើយ​ អញ្ជើញ​ចូល​ព្រះ​ឋាន​ហែ​ទៅ​តំកល់​ក្នុង​ព្រះ​មហា​មន្ទីរ​តាម​ទំនៀម​ ទ្រង់​ចាត់​ស្រី​ឲ្យ​យុំ​យាម​ ប្រគំ​ខ្លង​ធ្លាក់​​ រាល់​ថ្ងៃ​រាល់​វេលា និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​ ធ្វើ​បុណ្យ​ឲ្យ​ទាន ថ្វាយ​ព្រះ​រាជ​កុសល​ រៀង​រាល់​ថ្ងៃ​ត​ទៅ​។ ទើប​សេនា​បតី​មន្ត្រី​ទាំង​ពួង​ជំនុំ​ព្រម​អញ្ជើញ​ព្រះ​សត្ថា​ព្រះ​រាជ​បុត្រ​ច្បង​ឲ្យ​ស្ដេច​គ្រង​រាជ​សម្បត្តិ​តាម​ប្រពៃណី​។​

ចប់ផែនដី ព្រះបរមិន្ទរាជា