ថ្ងៃសៅរ៍ ទី28.មេសា 2018.ម៉ោង 7:10
ផែនដី ព្រះស្ដេចកន (ត) លេខ ១៧

បាន​មក​ដល់​ក្រុង​នេះ​ ពីរ​ថ្ងៃ​ហើយ​ សេនា​ទាំង​នោះ​ បាន​សម្គាល់​ឃើញ​ថា​មាន​មនុស្ស​ម្នា​កាន់​កាំ​ភ្លើង​គ្រឿង​អាវុធ​ ចូល​ទៅ​ទី​ដែល​រាំង​ព្រ័ត្រ​ នៅ​វាល​មុខ​ព្រះ​ពន្លា​ជា​ច្រើន​ ឃើញ​រាស្ត្រ​ប្រជា​នាំ​គ្នា​មើល​ពិធី​នោះ​ ក៏​ជា​​ច្រើន​ម៉ឺន​ណាស់​។​ លុះ​ថ្ងៃ​រសៀល​ម៉ោង​២​ សេនា​ទាំង​បួន​នាក់​ ក៏​ចូល​ទៅ​បន្លំ​អែប​ នឹង អ្នក​ស្រុក​ដែល​ឈរ​មើល​នោះ​។​ ក្នុង​វេលា​នោះ​ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ព្រះ​ចៅ​ក្រុង​ស្រឡប់​ពិជ័យ​នគរ​ ស្ដេច​តើន​ចាក​ក្រឡា​បន្ទំ​ ហើយ​ចូល​ស្រង់​ ទ្រង់​គ្រឿង​សម្រាប់​ព្រះ​មហា​ក្សត្រ​ រួច​ទ្រង់​នាំ​អស់​ព្រះ​ស្នំ​ធំ​តូច​ ចេញ​ទៅ​គង់​នៅ​ព្រះ​ពន្លា​ខ្ពស់​ ចំពោះ​មុខ​សេនា​យោ​ធា​ទាហាន​​ធំ​តូច​​ ដែល​មក​ជួប​ជុំ​ រួច​ទ្រង់​ផ្គូ​មនុស្ស​ជិះ​សេះ​ ជិះ​ដំរី​ចូល​ប្រកាប់​គ្នា​។​

អស់​ភ្នាក់​ងារ​ក៏​វាយ​ស្គរ​ជ្វា​ តាម​ទំនង​ចូល​សង្គ្រាម​។​ ការ​ប្រឡង​យក​ថ្វី​ដៃ​ លុះ​បាន​ឈ្នះ​ចាញ់​ហើយ​ ចៅ​ពញា​មហា​សេនា​យោ​ធា​សង្គ្រាម​ ក៏​នាំ​មនុស្ស​ខាង​ដែល​ឈ្នះ​នោះ​ ចូល​ថ្វាយ​បង្គំ​ ទើប​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ប្រ​ទាន​ប្រាក់​មួយ​ជញ្ជីង​ ហើយ​ឲ្យ​ជា​នាយ​ពល​រេហ៍​រួច​ទ្រង់​ឲ្យ​លើក​វង់​ ចង់​ឲ្យ​ខ្ពស់​ស្មើ​ក្បាល​។​ វង់​នោះ​ គូស​ខ្សែ​ក្រៅ​ ពណ៌​ខ្មៅ​ ខ្សែ​បន្ទាប់​ពណ៌​ក្រហម​ ចំណុច​ខាង​ក្នុង​វង់​នោះ​ លាប​ពណ៌​ស​ រួច​ឲ្យ​មនុស្ស​បាញ់​ម្នាក់​ម្ដង​​គ្រប់​ៗ​គ្នា​។ មនុស្ស​ដែល​បាន​បាញ់​ពេល​នោះ​ ដល់​ទៅ​ ២៣​នាក់​ តែ​បាញ់​ពុំ​ត្រូវ​ក្នុង​វង់​ទាំង​ ៣​ជាន់​នោះ​ឡើយ​។​ អស់​អ្នក​កាន់​ធ្នូ​ ខ្លះ​បាញ់​ដល់​ខ្លះ​បាញ់​ពុំ​ដល់​។​ អ្នក​កាន់​ស្នា​បាញ់​ពុំ​ដល់​សោះ​។​ អ្នក​កាន់​កាំ​ភ្លើង​បាញ់​ដល់​តែ​មិន​ត្រូវ​។​ ទើប​ព្រះ​អង្គ​ប្រែ​ព្រះ​ភក្ដ្រ​ទៅ​ត្រាស់​​ នឹង ព្រះ​​ស្នំ​ឯក​ ទោ​ត្រី​ ចត្វា​ថា​ អាចោល​ម្សៀត​ទាំង​អស់​នេះ​ មាន​ថ្វី​ដៃ​យ៉ាង​នេះ​ ស្រី​ណា​នឹង​ដោយ​កើត​។​ ខណៈ​នោះ​ពួក​ព្រះ​ស្នំ​ក្រម​ការ​ ឮ​ហើយ​ក៏​សើច​ទ្រហឹង​អឺង​កង​។​ ខ្លះ​ទូល​ថា ​:​ ក្រែង​វង់​នោះ​​នៅ​ឆ្ងាយ​ណាស់​ដឹង​ឬ​?​ ទើប​ព្រះ​អង្គ​ថា​ ឆ្ងាយ​ប៉ុណ្ណឹង​ ក៏​អញ​បាញ់​ត្រូវ​ដែរ​បើ​អញ​បាញ់​ត្រូវ​ ឲ្យ​អញ​ធ្វើ​ម្ដេច​?​ ពួក​ព្រះ​ស្នំ​ថា​ : បើ​ទ្រង់​បាញ់​ត្រូវ​ នឹង ក្រង​ផ្កា​ថ្វាយ​។​ ខ្លះ​ថា​​ បើ​ទ្រង់​បាញ់​ត្រូវ​ នឹង ថ្វាយ​ព្រះ​ស្រី​​យ៉ាង​ក្រអូប​ ៥​។ ខ្លះ​ថា​ ឲ្យ​ដក​រោម​ភ្នែក​។​ ខ្លះ​ថា បើ​ទ្រង់​បាញ់​ត្រូវ​ខ្ញុំ​ម្ចាស់​ទទួល​កោត​។​ លុះ​អស់​អ្នក​ព្រះ​ស្នំ​ ទូល​ថ្វាយ​កំសាន្ត​ចប់​ហើយ​ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​ត្រូវ​ព្រះ​ទ័យ​ណាស់​ ទើប​ទ្រង់​ស្ទុះ​ចេញ​មក​ក្រៅ​ កន្ត្រាក់​យក​ព្រះ​កៅ​ទណ្ឌ​ និង​ សរ​ចរ​ចុះ​ទៅ​រាន​ហាល​ ហើយ​ព្រះ​អង្គ​ឡើង​ឈរ​លើ​ព្រះ​កើយ​ ព្រះ​ហស្ថ​ស្ដាំ​ចាប់​ព្រួញ​ទាំង​ ៥​ គង​ឡើង​ហើយ​ទ្រង់​ត្រាស់​ប្រាប់​នាម៉ឺន​មុខ​មន្ត្រី​ស្រី​ស្នំ​ក្រម​ការ​ ដែល​ជួប​ជុំ​ក្នុង​ទី​នោះ​ទាំង​ប៉ុន្មាន​ថា ​:​ ឲ្យ​ចាំ​មើល​យើង​ យើង​ នឹង បាញ់​ឲ្យ​ត្រូវ​វង់​ស​។​ ទ្រង់​ថ្លែង​កៅ​ទណ្ឌ​នោះ​ទៅ​ សរ​ក៏​ត្រូវ​វង់​ ស​មែន​។​ លុះ​ទ្រង់​ថ្លែង​ព្រួញ​មួយ​ទៅ​ទៀត​ ព្រួញ​នេះ​ ក៏​ត្រូវ​បញ្ជូន​ព្រួញ​ចាស់​រហូត​ទៅ​ ព្រួញ​ថ្មី​ជាប់​នៅ​នោះ​។​ លុះ​បាញ់​ព្រួញ​ជា​គម្រប់​ ៣​ទៀត​ ព្រួញ​គម្រប់​៣​នេះ​ ទៅ​ត្រូវ​ព្រួញ​ជា​គម្រប់​២​រហូត​ទៅ​ត្រូវ​ជាប់​នឹង​ព្រួញ​គម្រប់​​មួយ​។​ កាល​នោះ​អស់​ព្រះ​ស្នំ​ក្រម​ការ​ និង​ សេនា​បតី​មន្ត្រី​ធំ​តូច​ ឃើញ​ដូច្នោះ​ ក៏​ស្រែក​ហ៊ោ​គឹក​កង​។​ ភ្នាក់​ងារ​ តូរ្យ​តន្ត្រី​ ក៏​តាំង​វាយ​ស្គរ​ថ្វាយ​សព្វ​សាធុ​ការ​ពរ​ខ្ទ័រ​ខ្ទារ​នៅ​ទី​នោះ​។​ ឯ​បំរើ​ទាំង​ ៤​នាក់​ដែល​ឧក​ញ៉ា​ចក្រី​កែវ​ ប្រើ​ទៅ​នោះ​ ឃើញ​វឹក​វរ​ដូច្នោះ​ហើយ​ ក៏​លើក​កាំ​ភ្លើង​ឡើង​តម្រង់​ចំ​ទៅ​ឆ្អឹង​ជំនីរ​ ព្រះ​ស្ដេច​កន​ខាង​ឆ្វេង​។ តែ​ដោយ​តេជះ​ ព្រះ​ស្ដេច​កន​ពុំ​ទាន់​អស់​បុណ្យ​ គ្រាប់​នោះ​បាញ់​ទៅ​ខុស​មួយ​ទះ​ដៃ​ នឹង បាញ់​ថែម​ទៀត​ក៏​ពុំ​ទាន់​។​ ខណៈ​នោះ​សម្ដេច​ ព្រះ​ស្រីជេដ្ឋា​ អម្ចាស់​ផែន​ដី​ស្រឡប់​ពិជ័យ​នគរ​ស្ដេច​កំ​ពុង​ឈរ​ មាន​នៅ​ជាប់​ព្រួញ​ពីរ​ នៅ​ព្រះ​ហស្ថ​នោះ​ លុះ​ឮ​សូរ​កាំ​ភ្លើង​បាញ់​ខាង​ឆ្វេង​ហើយ​ ក៏​ក្រឡាស់​ប្រែ​ព្រះ​ភក្ត្រ​បាញ់​តាម​ផ្សែង​រំសេវ​នោះ​ទៅ​ ព្រួញ​ក៏​ត្រូវ​ប្រជុំ​ចិញ្ចើម​អា​ដែល​បាញ់​ព្រះ​អង្គ​ស្លាប់​ នៅ​ទី​នោះ​មួយ​រំពេច​។​ ទ្រង់​ទត​ទៅ​ឃើញ​អា​ម្នាក់​ លូក​ដៃ​ទៅ​គ្រាហ៍​គ្នា​វា​នោះ​ ទ្រង់​ក៏​បាញ់​មួយ​ព្រួញ​ទៅ​ទៀត​ ត្រូវ​ត្រង់​សៀត​ផ្កា​ អា​ដែល​លូក​ដៃ​ទៅ​គ្រាហ៍​នោះ​ ស្លាប់​មួយ​រំពេច​ទៀត​។ អស់​សេនា​បតី​ មន្ត្រី​នាយ​កង​ទ័ព​ និង​ ប្រជា​នុ​រាស្ត្រ​ ក៏​ភ្ញាក់​ផ្អើល​វឹក​វរ​ជា​កោ​លា​ហល​​រច​ល់​ រក​ចាប់​ពួក​ក្បត់​ ពួក​ក្បត់​ក៏​រត់​រួច​ ចាប់​ពុំ​បាន​។​ ព្រះ​ស្ដេច​កន​ ក៏​ឲ្យ​កាត់​ក្បាល​អា​ដែង​ស្លាប់​ទាំង​ពីរ​នាក់​នោះ​ ដោត​ជា​បំរាម​ រួច​ស្ដេច​ត្រឡប់​ចូល​ព្រះ​រាជ​វាំង​វិញ​។​ ក្រោយ​នោះ​ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ក្រុង​ស្រឡប់​ពិ​ជ័យ​នគរ​ ទ្រង់​ព្រះ​ចិន្តា​ថា ​:​ ពញា​ចន្ទ​រាជា​ បាន​ជោគ​ជ័យ​ជា​ច្រើន​ ដោយ​ហេតុ​ឲ្យ​រង្វាន់​សេនា​ទាហាន​ ហើយ​ឲ្យ​តែ​ត្រឹម​ខ្លួន​ដែល​ចូល​មក​ធ្វើ​ខ្ញុំ​រាជ​ការ​ ដូច្នេះ​ គួរ​យើង​គិត​ឲ្យ​រង្វាន់​ឲ្យ​បាន​ច្រើន​ ជាង​ចៅ​ពញា​ចន្ទ​រាជា​។​ គិត​ហើយ​ស្រេច​ ស្ដេច​ចេញ​ទៅ​ជួប​ជុំ​ សេនា​បតី​ មន្ត្រី​​តូច​ធំ​​ ខ្ញុំ​រាជ​ការ​ ហើយ​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​សំបុត្រ​ បញ្ញត្តិ​ជា​ច្រើន​ច្បាប់​ ប្រាប់​ទៅ​ទាំង​ព្រះ​នគរ​ថា​ :​ ឲ្យ​បណ្ដា​រាស្ត្រ​ចូល​មក​ប្រឡង​ថ្វី​ដៃ​គ្រ​ប់​គ្នា​ បើ​ឈ្មោះ​ណា​ជា​សេនា​ទាហាន​នោះ​ ឈ្មោះ​នោះ​ត្រូវ​បាន​យស​សក្ដិ​ទ្រព្យ​សម្បត្តិ​ ដូច​បញ្ញត្តិ​មុន​ ហើយ​ត្រូវ​បាន​រង្វាន់​ទៅ​ ឪពុក​ម្ដាយ​​បុត្រ​ភរិយា​ ដែល​នៅ​ថែ​រក្សា​ផ្ទះ​សំបែង​នោះ​ថែម​ទៀត​ផង​។​

អស់​បណ្ដា​រាស្ត្រ​ បាន​ដឹង​ក្នុង​សេច​ក្ដី​បញ្ញត្តិ​ដូច្នោះ​ហើយ​ ក៏​ខិត​ខំ​ឲ្យ​កូន​ចៅ​ និង ប្ដី​ខំ​រៀន​សិល្ប៍​សាស្ត្រ មន្ត​វិជ្ជា​ការ​ ចូល​មក​ថ្វាយ​ខ្លួន​​នៅ​ធ្វើ​ជា​ខ្ញុំ​រាជ​ការ​ជា​ច្រើន​ ចម្រើន​ឡើង​ជាង​អង្គ​ម្ចាស់​ផែន​ដី​ទិស​ខាង​លិច​ មួយ​ភាគ​ជា​បី​ភាគ​។​

ឯ​បំ​រើ ឧក​ញ៉ា​ចក្រី​ ដែល​ទៅ​លុក​នោះ​ នៅ​រស់​ពីរ​នាក់​។ លុះ​ត្រឡប់​ឆ្លង​ទន្លេ​ ដើរ​ទៅ​ដល់​ខែត្រ​ពោធិ៍​សាត់​ហើយ​ ក៏​ចូល​ទៅ​ប្រណិ​ប័តន៍​ ប្ដឹង​អ្នក​ឧកញ៉ា​ចក្រី​ តាម​ដំណើរ​ សេច​ក្ដី​គ្រប់​ប្រការ​។ ឧក​ញ៉ា​ចក្រី​ ក៏​នាំ​ហេតុ​ដំណើរ​នោះ​ ឡើង​ក្រាប​បង្គំ​ទូល​ក្រោម​ល្អង​ធូ​លី​ព្រះ​បាទ​ តាម​ដំណើរ​សេច​ក្ដី​ទើប​ព្រះ​បរម​ចក្រ​មហា​ចន្ទ​រាជា​ធិ​រាជ​ បរម​រាមា​ជា​អម្ចាស់​ ទ្រង់​ត្រាស់​ នឹង អស់​ខ្ញុំ​ព្រះ​រាជ​ការ​ សេនា​ទាំង​ឡាយ​ថា​ ដែល​ឧក​ញ៉ា​ចក្រី​ គិត​ធ្វើ​ដូច្នេះ​ពុំ​គួ​រទេ​ ដ្បិត​ដើម​នោះ​ អា​ស្ដេច​កន​​វា​ជា​ស្ដេច​ព្រៃ​វា​ឲ្យ​មនុស្ស​មក​លុក​យើង​នោះ​វា​ខុស​ច្បាប់​ ខុស​ទំនៀម​ទ័ព​ក្រ​ស័ត្រ​ទៅ​ហើយ​។​ ការ​ដែ​ល​ឧក​ញ៉​ចក្រី​ ឲ្យ​មនុស្ស​ទៅ​​លប​លុក​វា​វិញ​ នឹង នាំ​ឲ្យ​ខូច​ព្រះ​កេរ្តិ៍​ ព្រះ​យស​ដែរ​។​ ប៉ុន្តែ​គ្រា​នេះ​ យើង​អភ័យ​ទោស​ឲ្យ​ម្ដង​ចុះ​ ហើយ​ទ្រង់​ត្រាស់​ប្រ​ដៅ​ថា​ វិស័យ​សឹក​ក្រស័ត្រ​ បើ​ថា​ នឹង ​គិត​ជា​ឧបាយ​កល​បែប​ណា​ៗ​នោះ​លុះ​ត្រា​តែ​កំពុង​ប្រទល់​ប្រទះ​ទ័ព​គ្នា​។​ ឥឡូវ​នេះ​ គេ​នឹង​យើង​វិល​មក​លំនៅ​រាល់​ខ្លួន​ហើយ​ ហើយ​យើង​ប្រើ​មនុស្ស​ឲ្យ​ទៅ​លប​លុក​គេ​នោះ​ ពាក្យ​បុរាណ​លោក​ហៅ​ថា​ ចោរ​សង្គ្រាម​ ពុំ​ប្រសើរ​ឡើយ​។​ ទ្រង់​ត្រាស់​ហើយ​ ស្ដេច​យាង​ចូល​ទៅ​ទី​ខាង​ក្នុង​ព្រះ​រាជ​រោង​រម​វិញ​ទៅ​។​

តាំង​តែ​ពី​ខែ​នោះ​រៀង​មក​ ស្ដេច​ទាំង​ពីរ​ព្រះ​អង្គ​ទ្រង់​សម្រាក​ឈប់​លែង​ធ្វើ​សង្គ្រាម​ នឹង គ្នា រាស្ត្រ​ប្រជា​ ក៏​បាន​សុខ​បន្តិច​។​ តែ​បើ​អ្នក​ឈ្មួញ​ លក់​ដោយ​រទេះ​ ដោយ​ទូក​នោះ​ ស្ដេច​ឲ្យ​មាន​កង​ទ័ព​នៅ​ត្រួត​ត្រា​មើល​។ បើ​ឃើញ​​រទេះ​ណា​ ទូក​ណា ​មាន​គ្រឿង​សស្ត្រា​វុធ​ ត្រូវ​ឲ្យ​ដក​ហូត​ចេញ​​ពុំ​ឲ្យ​មាន​ឡើយ​។​ ពេល​នោះ​ អ្នក​ឈ្មួញ​ទៅ​មក​ ជួប​គ្នា​ទាំង​នគរ​ខាង​កើត​ ខាង​លិច​ លក់​ដូរ​ទំនិញ​ចេញ​ចូល​ជា​សុខ​ទាំង​សង​ខាង​។​ កង​ទ័ព​របស់​ស្ដេច​ត្រើយ​ខាង​លិច​ ខាង​កើត​ប្រកាន់​ច្បាប់​តែ​សព្វ​ខ្លួន​ឥត​មាន​ឲ្យ​ខុស​ឆ្គង​ឡើយ​។​

 ព.ស. ២០៦៥, គ.ស. ១៥២១, ម.ស. ១៤៤៣, ច.ស. ៨៨៣ ឆ្នាំ​ម្សាញ់​ ត្រី​ស័ក ក្នុង​វេលា​ចូល​ឆ្នាំ​ថ្មី​ទី៣​ ថ្ងៃ​នោះ​ អស់​អាណា​ប្រជា​នុ​រាស្ត្រ​ ក្នុង​បស្ចិម​ទិស​អាណា​ចក្រ​ ចូល​មក​ប្រឡ​ង​យក​ថ្វី​ដៃ​ គុន​ដាវ​ គុន​អាវុធ​គ្រប់​ធុន​ ច្រើន​អស្ចារ្យ​ អាណា​ប្រជា​នុរាស្ត្រ​ ចូល​មក​ក្រាប​បង្គំ​សុំ​ជ្រក​ក្រោម​ព្រះ​បារមី​ ច្រើន​លើស​ឆ្នាំ​មុ​ន​។​ សម្ដេច​ព្រះ​បរម​បពិត្រ​ ចន្ទ​រាជា​ធិរាជ​ ទ្រង់​ក៏​ប្រោស​ប្រទាន​យស​សក្ដិ​ តាម​ថ្វី​ដៃ​រាល់​រូប​កាយ​។​ នាយ​កង​ នាយ​ទ័ព​ ក៏​កាន់​តែ​មាន​ចំនួន​ច្រើន​នាក់​ជា​ង​ឆ្នាំ​មុន​មួយ​ជា​ពីរ​។​

ក្នុង​ឆ្នាំ​បញ្ឈប់​សង្គ្រាម​នោះ​ ទ្រង់​ព្រះ​ករុណា​ពិសេស​ ជា​អម្ចាស់​ផែន​ដី​ខាង​លិច​ ស្ដេច​ព្រះ​រាជ​ដំណើរ​ចេញ​ពី​បន្ទាយ​ ខែត្រ​ពោធិ៍​សាត់​ ទៅ​ប្រពាត​ព្រៃ​ទាក់​ដំរី​។​ ទ្រង់​ឲ្យ​តាំង​បន្ទាយ​ចោម​ដេញ​បញ្ជូន​ធ្នាក់​ ចាប់​បាន​ដំរី​ភ្លុក​ស្ដ​ញី​ ក្នុង​ខែត្រ​ពោធិ៍​សាត់​ ៤០​ហើយ​ទ្រង់​ត្រាស់​បង្គាប់​ហ្ម​ថែម​ទៀត​ថា ​:​ ឲ្យ​ឡើង​ទៅ​ទាក់​ដំរី​នោះ​ តាំង​ពី​ខែត្រ​ពោធិ៍​សាត់​ រហូត​ដល់​ទៅ​ខែត្រ​សំរោង​ទង​ និង​ ខែត្រ​ថ្ពង​ កំពង់​សោម​ បាន​ដំរី ៣៥​ ទៀត​ រួម​ទាំង​អស់​បាន​ដំរី​ ៧៥​។​ ស្រេច​ហើយ​ ស្ដេច​នាំ​ត្រឡប់​វិល​មក​ បន្ទាយ​ទ័ព​លួង​​នៅ​ខែត្រ​ពោធិ៍​សាត់​វិញ​។

លុះ​ចូល​ឆ្នាំ ថ្មី​ ព.ស. ២០៦៦, គ.ស. ១៥២២, ម.ស. ១៤៤៤, ច.ស. ៨៨៤ ឆ្នាំ​មមី​ ចត្វា​ស័ក​ ទាហាន​ដែល​ចូល​មក​ប្រឡង​ថ្វាយ​ថ្វី​ដៃ​ហើយ​ រើស​សម្រាំង​បាន​ជាប់​លេខ ១​, ២​, ៣​ ច្រើន​ជាង​មុន​មួយ​ភាគ​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​យស​សក្ដិ​ និង ប្រាក់​មាស​ តាម​សម​គួរ​។ ខណៈ​ នោះ​ សេនា​បតី​ មន្ត្រី​ ខ្ញុំ​រាជ​ការ​ ក្រាប​បង្គំ​ទូល​ថា ​:​ ក្រុម​ទាហាន​ ក៏​មាន​សម​គួរ​ នឹង ធ្វើ​ការ​ហើយ​ នៅ​ឡើយ​តែ​ខ្ញុំ​រាជ​ការ​ស្រុក​នោះ​ មាន​ចំនួន​តិច​ ពុំ​ដែល​បាន​ដេញ​ប្រយោគ​វិជ្ជា​ការ​របស់​អ្នក​រៀន​លេខ​ និង​ អក្សរ​ទេ​សោះ​ ព្រោះ​លោក​ទាំង​នោះ​សម្គាល់​ថា​ : កាល​នៅ​បួស​ជា​សមណៈ​ នោះ​មាន​ដេញ​ប្រយោគ​សស្ត្រា​បាលី​​រួច​​ហើយ​ ទើប​លោក​ធ្វេស​ប្រហែស​ ពុំ​បាន​សិក្សា​ឲ្យ​ស្ទាត់​ជំនាញ​ ខាង​មុខ​លេខ​នេះ​នៅ​ឡើយ​។​ ពី​បូរាណ​រៀង​មក​ បើ​ឈ្មោះ​ណា​ដេញ​បាន​ប៉ុន្មាន​ប្រយោគ​ ដល់​សឹក​មក​ លោក​បញ្ជូន​ឈ្មោះ​នោះ​ ជា​ក្រុម​ព្រះ​រាជ​បណ្ឌិត​ សម្រាប់​តែង​តាំង​ជា​មន្ត្រី​ក្រុម​ស្រុក​។​ ក្នុង​ឆ្នាំ​នេះ​ គួរ​តែ​ឲ្យ​ពួក​សង្ឃ​ការី​និមន្ត​ព្រះ​សង្ឃ​រាជ​ ព្រះ​រាជា​គណៈ​ ឋានា​នុក្រម​ និង​ គ្រឹហា​​វាស​ ទៅ​ប្រជុំ​ដេញ​សាស្ត្រា ​ដេញ​លេខ​នព្វន្ត​គុន​ហា ​ក្នុង​ខែត្រ​បរិ​បូណ៌​ឲ្យ​បាន​ច្រើន​។​

ខណៈ​នោះ​ព្រះ​បរម​បពិត្រ​ ពិនិត្យ​តាម​ពាក្យ​មន្ត្រី​​ យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​នោះ​ទៅ​ ឃើញ​ថា​ពេញ​ព្រះ​រាជ​ហឫ​ទ័យ​ណាស់​ ទើប​ស្ដេច​ព្រះ​រាជ​ដំណើរ​ នាំ​ព្រះ​បុរោ​ហិត​ បណ្ឌិត​កវី​ ស្រី​ព្រះ​ស្នំ​​ក្រុម​ការ​ និង​ ពួក​សេវ​កា​មហា​មាត្យ​ យាត្រា​ចាក​និគម​បរម​និវេសន៍​ បន្ទាយ​ពោធិ៍​សាត់​ មក​ដល់​ខែត្រ​បរិបូណ៌​។ ព្រះ​អង្គ​ចូល​គង់​ក្នុង​ព្រះ​ពន្លា​ជ័យ​ក្នុង​បន្ទាយ​ចាស់​ ហើយ​ទ្រង់​បរិច្ចាគ​ព្រះ​រាជ​ទ្រព្យ​ ថ្វាយ​ព្រះ​សង្ឃ​ និង​ ព្រះ​រាជ​ទាន​រង្វាន់​ឲ្យ​អស់​អ្នក​​ដែល​ដេញ​សាស្ត្រា​​បាលី​ បាន​ប្រយោគ​។ បើ​ខាង​ព្រះ​សង្ឃ​ដេញ​ប្រយោគ​បាន​លេខ​ ទ្រង់​ នឹង តាំង​ជា​បាឡាត់​ សមុហ៍​ បៃ​ដីកា​។​ បើ​ខាង​គ្រឹហា​វាស​វិញ​ ទ្រង់​ព្រះ​រាជ​ទាន​ ជា​មន្ត្រី​ ខ្ញុំ​រាជ​ការ​ក្រុម​ស្រុក​ តាម​គុណ​វិជ្ជា​ការ​ ហើយ​ត្រាស់​បង្គាប់​ចាង​ហ្វាង​មហោ​ស្រព​ ឲ្យ​តាំង​ហាត់​ល្ខោន​ប្រុស​ស្រី​ ភ្លេង​តូរ្យ​តន្ត្រី​ ជា​សម្រាប់​ព្រះ​ឥស្ស​រិយ​យស​។​

 នេះ​នឹង​និយាយ​ខាង​ឯ​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ អម្ចាស់​ផែន​ដី ​នគរ​ខាង​កើត​នោះ​ឃើញ​ការ​សង្គ្រាម​ស្ងប់​ស្ងាត់​ហើយ​ ក៏​ធ្វេស​ប្រហែស​ ពុំ​សូវ​យក​ព្រះ​ទ័យ​ទុក​ដាក់​ នឹង រាជ​ការ​ដែ​នដី​ឡើយ​។​ ទ្រង់​សម្រាន្ត​ព្រះ​រាជ​ហ​ឫទ័យ​ តែ​ នឹង អស់​អ្នក​ព្រះ​ស្នំ​ក្រម​ការ​ ព្រះ​ចិន្តា​ភ្លើត​ភ្លើន​ទៅ​ដោយ​នូវ​ ល្ខោន​ ចំរៀង​ច្រៀង​ សូរ​តូរ្យ​​តន្ត្រី​ ជា​និច្ច​កាល​ ជា​អលជ្ជី​។​ ក្នុង​ឆ្នាំ​មមី​នោះ​ ក្នុង​ព្រះ​នគរ​ខាង​កើត​ អស់​រាស្ត្រ​ប្រជា​ រក​ស៊ី​ពុំ​សូវ​សុខ​សាន្ត​ ទាំង​ជំនួញ​ជួញ​លក់​ ក៏​ពុំសូ​វ​ចម្រើន​ដូច​សព្វ​ឆ្នាំ​។ ក្នុង​វេលា​យប់​មួយ​នោះ​ ព្រះ​អង្គ​ទ្រង់​ព្រះ​តំរិះ ​យល់​ថា ​: ​អញ​សោយ​រាជ្យ​នេះ​​មក​​យូរ​ហើយ​ នៅ​ឡើយ​តែ​ចិត្ត​រាស្ត្រ​ ពុំ​ដឹង​ជា​ស្រលាញ់​អញ​ឬ​ប្រែ​ចិត្ត​ គិត​ទៅ​ចូល​ នឹង ពញា​ចន្ទ​រាជា​វិញ​ទេ​ដឹង​។​ លុះ​យប់​ស្ងាត់​ស្ដេច​យាង​ទៅ​តែ​មួយ​ព្រះ​អង្គ​ឯង​លប​ស្ដាប់​រាស្ត្រ​។​

ខណៈ​នោះ ​ទ្រង់​ឮ​រាស្ត្រ​ប្រជុំ​គ្នា​និយាយ​ថា ​:​ អម្ចាស់​ផែន​ដី​យើង​សព្វ​ថ្ងៃ​នេះ​មាន​បុណ្យ​អស្ចារ្យ​ណាស់​ ទាំង​ព្រះ​រាជ​ហឫ​ទ័យ​ ក៏​ធូរ​ទូលាយ​ យើង​សុខ​សប្បាយ​មក​រាល់​ឆ្នាំ​ តែ​ក្នុង​ឆ្នាំ​នេះ​ ហេតុ​អ្វី​ក៏​ខាត​ ពុំ​បាន​ចម្រើន​ផល​ប្រយោជន៍​សោះ​។​ ហេតុ​ដូច​ម្ដេច​ ក៏​ព្រះ​បាទ​អស់​ជុំនុំ ​(1)ពុំ​ឃើញ​ជុំនុំ​ដោះ​ទុក្ខ​សុខ​រាស្ត្រ​ ឲ្យ​បាន​រក​ស៊ី​ធូរ​ទូលាយ​ឡើង​វិញ​។ ខណៈ​នោះ ​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ទ្រង់​ព្រះ​សណ្ដាប់​​ បាន​ជ្រាប​គ្រប់​ប្រការ​ហើយ​ ទ្រង់​ត្រឡប់​​ទៅ​ព្រះ​ដំណាក់​វិញ​។​ លុះ​ព្រឹក​ឡើង​ ទ្រង់​បង្គាប់​ព្រះ​អាល័ក្ស​ និង​ ក្រុម​ព្រះ​សុភា​ធិបតី​ ឲ្យ​ត្រា​ទុក​ថា​ :​ ព្រះ​រាជ​បញ្ញត្តិ​ ឲ្យ​តុលា​ការ​ធ្វើ​ទោស​ អ្នក​ទោស​ អ្នក​ដែល​ចាញ់​សេច​ក្ដី​គេ​នោះ​ ឲ្យ​បែង​ជា​ភាគ​៣​ ឲ្យ​ប្រណី​ចោល​ភាគ​១​ ឲ្យ​យក​តែ​ភាគ​២​ ជា​ទី​ស​ម្រាល​ជាង​ ពី​បូរាណ​ច្បាប់​មុន​។​

សេចក្ដី​ ដែល​ព្រះ​ស្រី​ជេដ្ឋា​ បន្ធូរ​បន្ថយ​ច្បាប់​ឲ្យ​ស្រាល​មក​នោះ​ទ្រង់​ជ្រាប​ដល់​សម្ដេច​ព្រះ​បរម​ខត្តិយា​​មហា​ចន្ទ​រាជា​ អគ្គ​មហា​បុរស​រដ្ឋ​ ជា​អម្ចាស់​ទិស​ខាង​លិច​ ទើប​ស្ដេច​មាន​ព្រះ​រាជ​បរិហារ​ ត្រាស់​សួរ​អស់​មន្ត្រី​កវី​ រាជ​បុរោ​ហិត​ថា​ នគរ​គេខាង​កើត​ ធ្វើ​ច្បាប់​បង្គាប់​​ឲ្យ​យក​ទោស​ឲ្យ​ស្រាល​នេះ​ តើ​ជា​ត្រូវ​ឬ​ខុស​?​ អស់​សេវ​កាម​ហា​មាត្យ​ យក​​សេច​ក្ដី​ក្រាប​ទូល​ ព្រះ​ករុណា​ ក្រោម​ល្អង​ធូលី​​ព្រះ​បាទ​ថា​ រាស្ត្រ​សព្វ​ថ្ងៃ​ ក្រី​ក្រ​ពិបាក​ណាស់​ គេ​គិត​ប្រណី​នេះ​ ក៏​សម​គួរ​ណាស់​ហើយ​។​

ទើប​ព្រះ​បរម​បពិត្រ​ ត្រាស់​តប​ថា ​:​ អា​ព្រះ​ស្ដេច​កន​នេះ​ វា​ជា​មនុស្ស​ខូច​បាន​ជា​វា​ប្រណី​ទោស​អា​ពួក​ ដែល​ធ្វើ​ខុស​នោះ​។​ បើ​ដូច្នេះ យើង​ឲ្យ​តាំង​ជា​ច្បាប់​បង្គាប់​​ឲ្យ​លក់​អា​មនុស្ស​ខូច​កាច​នោះ​ ក្នុង​រឿង​នីមួយ​ៗ​ ឲ្យ​តាំង​ក្រយា​ពិន័យ​ជា ៤​ភាគ​ ចោល​ភាគ​១​ យក​ភាគ​៣​ ដើម្បី​ឲ្យ​អា​មនុស្ស​នោះ​វា​ រាង​ចាល​លែង​ខូច​កាច​ត​ទៅ​ ។ សេច​ក្ដី​ប្រណី​រាស្ត្រ​ដែល​ព្រះ​ស្ដេច​កន​ វា​បន្ធូរ​ច្បាប់​ដូច្នេះ​នេះ​ គឺ​ធ្វើ​ដើម្បី​ឲ្យ​ជាតិ​ត្រកូល​វា​ដែល​ខូច​កាច​នោះ​កម្រើក​ចិត្ត​លួច​ប្លន់​តាម​ជាតិ​ត្រ​កូល​ឲ្យ​ច្រើន​ឡើង​ ហើយ​​យើង​ នឹង យក​តាម​វា​ពុំ​បាន​ទេ​។​

 ឧក​ញ៉ា​សុភា​ធិបតី​ និង​ ឧក​ញ៉ា​មន្ត្រី​ធិ​រាជ​ ក៏​ក្រាប​បង្គំ​ទទួល​ព្រះ​រាជ​តំរាស់​ តម្កល់​លើ​ត្បូង​ ហើយ​កត់​ត្រា​ទុក​ជា​ព្រះ​រាជ​បញ្ញត្តិ​ ប្រតិ​បត្តិ​តាម​​ត​រៀង​មក​។​

នេះ​នៅ​និយាយ​ថា​ មាន​រាស្ត្រ​ម្នាក់​ឈ្មោះ​ចៅ លួង​ ប្រពន្ធ​ឈ្មោះ​នាង​ឥន្ទ​ មាន​ក្មួយ​ស្រី​ម្នាក់​ឈ្មោះ​នាង​ខ្មា​ បាវ​ស្រី​នាង​ខ្មា​នោះ​ ឈ្មោះ​នាង​គាំ​​។ នៅ​ភូមិ​ជិត​នោះ​ មាន​ប្រុស​ម្នាក់​ទៀត​ឈ្មោះ​ចៅ​ពេជ​បាន​ជា​មាន​ពាក្យ​រាស្ត្រ​ទាំង​ផ្ដាស​ ហៅ​រួម​សេច​ក្ដី​ថា​ ចៅ​ លួង ឥន្ទ ខ្មា គាំ ​ពេជ​។ ខណៈ​នោះ​ ចៅ​ពេជ​ទៅ​ដណ្ដឹង​នាង​ ខ្មា​ យក​មក​ធ្វើ​ជា​ប្រពន្ធ​។​ លុះ​នៅ​យូរ​បន្តិច​ទៅ​ ចៅ​ពេជ​ ទៅ​សហាយ​ នឹង នាង​គាំ​ ជា​ខ្ញុំ​នាង​ ខ្មា​។ ដោយ​ខ្លាច​ចិត្ត​ ចៅ​លួង​ នាង​ឥន្ទ​ជា​មា​ជា​មីង​ នាង​ខ្មា​ជា​ប្រពន្ធ​ ចៅ​ពេជ​ ក៏​ទៅ​គិត​ នឹង ចៅ​ទន់​ នាង​ ទាន​ ជា​ខ្ញុំ​របស់​ខ្លួន​ ឲ្យ​ជួយ​ធុរៈ​។ ចៅ ​ទន់ នាង ទាន ក៏​យល់​ព្រម​ នាំ​ពង្រត់​នាង​គាំ​ចុះ​ទូក​រត់​ពី​ខេត្ត​ស្រី​ស​ឈរ​ ទៅ​នគរ​ខាង​លិច​ ដើម្ប​ នឹង មិន​ឲ្យ​ចៅ​ក្រម​នគរ​ខាង​កើត​ ជំនុំ​ជម្រះ​យក​ទោស​បាន​។ ឯ​ចៅ​លួង​ នាង​ឥន្ទ​ លុះ​ព្រឹក​ឡើង​ដឹង​ហេតុ​ហើយ​ ក៏​នាំ​ស្ម័គ្រ​ប័ក្ស​ពួក ​៦​នាក់​ចុះ​ទូក​ចេញ​ពី​ខេត្ត​ស្រី​ស​ឈរ​ តាម​ទៅ​ទាន់​ ចៅ​ពេជ​ នាង​គាំ​ នៅ​កំពង់​លង្វែក​។​ ទទួល​ជា​ពេល​នោះ​ បាន​មេ​គយ​កំពង់​លង្វែក​ ដឹង​ហេតុ​ទាន់​ ក៏​ចាប់​បញ្ជូន​ខ្លួន​ចៅ​ពេជ​ នាង​គាំ​ទៅ​ឲ្យ​មេ​គយ​ធំ​នៅ​កំពង់​ឆ្នាំង​។​ មេ​គយ​នៅ​កំពង់​ឆ្នាំង​ ក៏​ជូន​ខ្លួន​ទៅ​ចៅ​ហ្វាយ​ស្រុក​ ដែល​រក្សា​បន្ទាយ​ខែត្រ​រលា​ប្អៀរ​។​ ចៅ​ហ្វាយ​ស្រុក​ សួរ​កត់​យក​ចំលើយ​ចៅ​ពេជ​។​ ចៅ​ពេជ​ឆ្លើយ​ដោះ​សា​ខ្លួន​ថា​ :​ ខ្លួន​ប្រាថ្នា នឹង មក​ថ្វាយ​ខ្លួន​​ជា​ខ្ញុំ​ម្ចាស់​ផែន​ដី​ខាង​លិច​ តែ​ចៅ​លួង​ជា​មា​ មិន​ព្រម​ឲ្យ​មក​ ទើប​បាន​ជា​ខ្ញុំ​នាំ​ប្ដី​ប្រពន្ធ​រត់​មក​នេះ​។ តែ​ដោយ​ដំណើរ​របស់​ខ្ញុំ​មិន​បាន​ស្ងប់​ស្ងាត់​ ទើប​បាន​ជា​ចៅ​លួង​ ជា​មា​តាម​មក​ទាន់​ ចាប់​បាន​ខ្លួន​ខ្ញុំ​យ៉ាង​នេះ​។​

ចំលើយ​ចៅ​លួង​ឆ្លើយ​ថា ​:​ ចៅ​ពេជ​នេះ​ ជា​ប្ដី​នាង​ខ្មា​ ដែល​ត្រូវ​ជា​ក្មួយ​ប្រសា​ខ្ញុំ​បាទ​។ វា​ផិត​នាង​ខ្មា​ ទៅ​សហាយ​ នឹង នាង​គាំ ​ជា​បាវ​នាង​ ខ្មា​ ហើយ​នាំ​ពង្រត់​នាង​គាំ​ព្រម​ទាំង​ យក​ទ្រព្យ​របស់​មក​ផង​។ នោះ​ចៅ​ក្រម​​បាឡាត់​ខែត្រ​ វិនិច្ឆ័យ​សេច​ក្ដី​ថា​ បើ​លួច​នាំ​ពង្រត់​ខ្ញុំ​គេ​មក​មាន​ក្នុង​មាត្រា ​១​ច្បាប់​ក្រ​ម​ទាស​កម្មករ​ ត្រូវ​មាន​ទោស​។​ តែ​ក្នុង​រឿង​នេះ​ លួច​ខ្ញុំ​ប្រពន្ធ​ឯង​នេះ​ គ្មាន​មាត្រា​ច្បាប់​ នឹង ឲ្យ​ចៅ​ពេជ​មាន​ទោស​ឡើយ​។​

ចៅក្រម​កាត់​សេច​ក្ដី​ដូច្នេះ​ ចៅ​លួង​មិន​សុខ​ចិត្ត​ ក៏​សុំ​ឲ្យ​សាលា​ខែត្រ​បញ្ជូន​ទៅ​តុលា​ការ​ក្នុង​ខែត្រ​បរិ​បូណ៌​។ ឧក​ញ៉ា​សុភា​ធិបតី​ មន្ត្រី​កុត្ត​រាជ​ កាត់​សេច​ក្ដី​​តាម​ច្បាប់​ ត្រូវ​ នឹង សាលា​ខែត្រ​។ គូ​ក្ដី​មិន​សុខ​ចិត្ត​ នាំ​ឡើង​ក្រាប​បង្គំ​ទូល​ ព្រះ​ករុណា​មហា​ចន្ទ​រាជា​ធិរាជ​ ព្រះ​ករុណា​ទ្រង់​កាត់​សេច​ក្ដី​ថា ​:​ ប្រពន្ធ​ជា​អ្នក​ទំនុក​បម្រុង​ ហើយ​ខ្លួន​លួច​ចាប់​​ពង្រត់​ខ្ញុំ​ប្រពន្ធ​ឯង​នេះ​ ត្រូវ​មាន​ទោស​ធ្ងន់​ជាង​លួច​ខ្ញុំ​អ្នក​ដទៃ​ ដូច្នេះ​អ្នក​ប្រព្រឹត្ត​ខុស​នេះ​ ត្រូវ​ឲ្យ​បណ្ដើរ​អា​ក្រោស​ ៣​ថ្ងៃ​ហើយ​វាយ​ខ្នង ១០០​ខ្វាប់​ នឹង​ព្រ័ត្រ​លួស​ហើយ​ហូត​នាង​គាំ​ ជា​ខ្ញុំ​នាង​ខ្មា​ និង ចៅ ​ទន់​ នាង​ទាន​ ជា​ខ្ញុំ​ចៅ​ពេជ​ នាំ​ទៅ​ប្រគល់​ឲ្យ​នាង​ខ្មា​វិញ​ ឲ្យ​នាង​ខ្មា​ដាច់​មេត្រី​ក៏​បាន​ ជាប់​មេត្រី​វិញ​ក៏​បាន​។ ក្រោយ​នោះ​ព្រះ​បរម​បពិត្រ​ ត្រាស់​ឲ្យ​តែង​ច្បាប់​គ្រប់​ក្រម​។​ ឧកញ៉ា​សុភា​ធិបតី​មន្ត្រី​កុត្ត​រាជ​ ក៏​ប្រជុំ​គ្នា​តែង​ច្បាប់​ តាម​ត្រាស់​បង្គាប់​ហើយ​ ព្រះ​ករុណា​ក៏​ចេញ​ត្រួត​ត្រា​រាល់​ពេល​វេលា​។​ លុះ​រួច​ជា​ស្រេច​ហើយ​ ទើប​ទ្រង់​ឲ្យ​កិត្តិ​យស​ដល់​លោក​ជំទាវ​ បែ​រ៉ា​ជា​ព្រះ​មាតា​ចិញ្ចឹម​ ត្រាស់​ជា​ព្រះ​រាជ​បញ្ញត្តិ​ថា​: តាំង​ពី​ថ្ងៃ​នេះ​ទៅ​ នឹង​ធ្វើ​ហត្ថ​ ធ្វើ​ព្យាយាម​ជា​អ្វី​ៗ​ ឲ្យ​យក​ហត្ថ​លោក​ជំទាវ​ បែរ៉ា​ ជា​កំណត់​។​ ហេតុ​នេះ​ហើយ​ បាន​ជា​រៀង​មក​ មនុស្ស​ទាំង​ពួង​ ក៏​យក​តែ​តាម​ហត្ថ​ បែរ៉ា​នោះ​។​

លុះ​ដល់​ចេញ​ព្រះ​វស្សា​ ឆ្នាំ​មមែ​ បញ្ច​ស័ក​ វស្សា​នោះ​ ព្រះបរម​រាជ​ឱង្ការ​មហា​ចន្ទ​រាជា​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ថា​ :​ កាល​មុន​​យើង​មាន​ធ្វើ​ព្រះ​រាជ​ពិធី​ ចេញ​ព្រះ​វស្សា​ម្ដង​ហើយ​ នៅ​កំពង់​ប្រាសាទ​ ខែត្រ​លង្វែក​។​ ក្រោយ​នោះ​ យើង​រវល់​តែ​ នឹង ការ​សង្គ្រាម​យើង​មិន​ទាន់​បា​ន​ធ្វើ​ទេ​។ ដូច្នេះ​ តាំង​អំពី​ថ្ងៃ​នេះ​ទៅ​ យើង​ត្រូវ​ធ្វើ​ព្រះ​រាជ​ពិធី​ អុំ​ទូក​ លយ​កន្ទោង​ ផ្ដាច់​ព្រះ​វស្សា​ម្ដង​ ៣​​រដូវ​ អក​អំបុក​ សំពះ​ព្រះ​ខែ​ ម្ដង​៣​ថ្ងៃ​ ជា​សណ្ដាប់​ព្រះ​មហា​ក្សត្រ​ត​ទៅ​ តាម​ព្រះ​រាជ​ពិធី​ព្រាហ្មណ៍​កុំ​ឲ្យ​ខាន​ឡើយ​។ នោះ​នា​ម៉ឺន​ សព្វ​មុខ​មន្ត្រី​ក៏​បាន​រៀប​ព្រះ​រាជ​ពិធី​ តាម​ព្រះ​រាជ​បញ្ញត្តិ​ តាំង​ពី​ថ្ងៃ​នោះ​រៀង​មក​។ ព្រះ​ពិធី​ អុំ​ទូក​លយ​កន្ទោង​នោះ​រួច​ហើយ​ ទ្រង់​ត្រាស់​ឲ្យ​បើក​ព្រះ​រាជ​ទ្រព្យ​ ចំណាយ​ចាយ​ជួល​ សេនា​ទាហាន​ រេហ៍​ពល​ឲ្យ​លើក​ដី​ខឿន​ព្រះ​វិហារ​ខ្លះ​ កាប់​ឈើ​ធ្វើ​គ្រឿង​ព្រះ​វិហារ​ខ្លះ​ ធ្វើ​ព្រះ​អារាម​ នៅ​ទី​ដែល​តាំង​ព្រះ​ពន្លា​ជ័យ​ ឯ​ជើង​ផ្សារ​បរិ​បូណ៌​។ ព្រះ​អង្គ​តែង​ស្ដេច​ ទៅ​ទត​ព្រះ​នេត្រ​ត្រួត​ត្រា​ការ​នោះ​រឿយ​ៗ​។​ ខណៈ​នោះ​ មាន​ពួក​ល្ខោន​ម្នាក់​ជា​តួ​ព្រះ​លក្ខណ៍​ ប្រកប​ដោយ​រូប​ឆោម​លោម​ពណ៌​ល្អ​។ ស្ដេច​តែង​ឲ្យ​អញ្ជើញ​គ្រឿង​ជិត​ព្រះ​អង្គ​។​ លុះ​ដល់​ខែ​បុស្ស​ ថ្ងៃ​ចន្ទ​នោះ​ កំលោះ​រូប​ល្អ​នោះ​ កាត់​សក់​តែង​ខ្លួន​ ចូល​ទៅ​ក្នុង​វាំង​ អស់​ជន​ទាំង​​ឡាយ​ សរ​សើរ​រាល់​មាត់​ថា​ : នាយ​កំលោះ​រូប​ល្អ​ កាត់​សក់​ម្ដង​នេះ​ សម​ នឹង រូប​កាយ​ណាស់​ទាំង​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង​ ក៏​ពេញ​ព្រះ​រាជ​ហឫ​ទ័យ​ដែរ​។​ ទ្រង់​នាំ​ខ្លួន​ទៅ​បង្ហាញ​ព្រះ​អគ្គ​ទេពី​ និង​ ព្រះ​ស្នំ​ក្រុម​ការ​។​ ព្រះ​អគ្គម​ហេសី​ ក៏​ក្រាប​ទូល​សរ​សើរ​គ្រប់​គ្នា​។ តែ​ក្នុង​គ្រា​នោះ​ទ្រង់​ទត​ព្រះ​នេត្រ​ទៅ​ ឃើញ​សក់​នៅ​ជាប់​ នឹង កៀន​ត្រចៀក​ និង​ ក​ចៅ ​(2)នោះ​នៅ​ឡើយ​ទើប​ទ្រង់​ត្រាស់​ថា​ :​ ឲ្យ​ចៅ​នោះ​ទៅ​លាង​ក​នោះ​ចេញ​។ នាយ​កំលោះ​រូប​ល្អ​នោះ​ ក្រាប​ថ្វាយ​បង្គំ​លា​ចេញ​ទៅ​។ សម្ដេច​ព្រះ​បរម​បពិត្រ​ ទ្រង់​ក្រែង​យឺត​យូរ​ក្រឡេក​ព្រះ​នេត្រ​ទៅ​ ឃើញ​ទាហាន​ក្រុម​វាំង​ពីរ​នាក់​ ទ្រង់​ត្រាស់​ថា​ឲ្យ​ទៅ​ជួយ​លាង​ក​វា​ឲ្យ​ឆាប់​ផង​។​ ទាហាន​ក្រុម​វាំង​ពីរ​នាក់​នោះ​ ឮ​ពុំ​ច្បាស់​ ស្មាន​ថា :​ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​តាម​ទៅ​កាត់ ​ក​ ក៏​តាម​ទៅ​ទាន់​ឃើញ​ហើយ​ ក៏​ចាប់​ចៅ​នោះ ​ចង​ចំណង​ ៥​ប្រការ​ ឲ្យ​អង្គុយ​ភាវ​នា​នៅ​វាល​ខាង​ត្បូង​បន្ទាយ​លួង​ ហើយ​ប្រហារ​ជីវិត​។​

 ខណៈ​នោះ​ មាន​តួ​ល្ខោន​ម្នាក់​ទៀត​ ជា​គូ​ នឹង​ចៅ​នេះ​ហើយ​ជា​មិត្ត​ នឹង នាយ​កំលោះ​រូប​នោះ​ផង​ លុះ​បាន​ដឹង​ហេតុ​នេះ​ហើយ​ ក៏​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ អម្ចាស់​ផែន​ដី​ត្រើយ​ខាង​លិច​ឲ្យ​ជ្រាប​។​ លុះ​ទ្រង់​ជ្រាប​ហើយ​ ព្រះ​បាទ​អ្នក​ជា​ម្ចាស់​ត្រាស់​ប្រើ​ម្នាក់​ទៀត​ថា ​: ឲ្យ​ទៅ​ឃាត់​កុំ​ឲ្យ​ប្រហារ​ជីវិត​។ ក្រោយ​នោះ​ទ្រង់​យល់​ថា ​:​ បំរើ​ដែល​ឲ្យ​ទៅ​ឃាត់​នោះ​ ទៅ​មិន​ទាន់​ក៏​ឲ្យ​យួរ​ក្បាល​ទៅ​ចោល​ឲ្យ​ដាក់​ នឹង តោក​ ឬ​ តុ​តម្កល់​ក្បាល​នោះ​ កុំ​ឲ្យ​ខូច​ ហើយ​ឲ្យ​ចូល​មក​ នឹង បាន​មើល​សក់​ មើល​មុខ​ជា​ផ្លាស់​ប្ដូរ​ដូច​ម្ដេច​ ឬ​ នៅ​ល្អ​ដូច​ដែល។ ព្រះ​រាជ​បំរើ​ចេញ​ទៅ​ ឃើញ​ទាហាន​ក្រុម​វាំង​នោះ​ យួរ​ក្បាល​ចូល​ម​ក ​ក៏​ស្រែក​ទៅ​ថា​ ស្ដាប់​មិន​បាន​ជាក់​ ទៅ​កាប់​ឯ​ក្បាល​កំលោះ​នោះ​កូវ​ ទ្រង់​ប្រោស​គេ​ម៉្លេះ ហើយ​ទៅ​កាប់​ចោល​អសារ​ឥត​ការ​ តែ​បើ​បាន​ជា​កាប់​ហើយ​កុំ​យួរ​ "ហេតុ​នេះ​ហើយ​ បាន​ជា​ជាប់​ឈ្មោះ​ស្រែ​វាល​ ភូមិ​កំលោះ​យូរ​​រៀង​មក​"​។​

 ឯនាយ​ទាហាន​ក្រុម​វាំង​ ទាំង​ពីរ​នាក់​នោះ​ ឮ​ហើយ​ភិត​ភ័យ​ណាស់​ គិត​ថា​ខ្លួន​មុខ​ជា​ នឹង អស់​ជីវិត​ហើយ​ រួច​ប្រគល់​ក្បាល​នោះ​ឲ្យ​ទៅ​ព្រះ​រាជ​បំរើ​នាំ​ទៅ​ថ្វាយ​ឯ​ខ្លួន​ ក៏​គេច​រត់​ពួន​ព្រៃ​ទៅ​។​ ទាហាន​ទាំង​នោះ​គិត​ថា​ បើ​ខ្លួន​ខំ​តែ​នៅ​ក្នុង​នគរ​ខាង​លិច​នេះ​មុខ​ជា​ហ្លួង​ ឲ្យ​តាម​យក​ទៅ​សម្លាប់​មិន​ខាន​ ដូច្នោះ​មា​ន​តែ​រត់​ទៅ​ពឹង​បុណ្យ​បារ​មី ​ហ្លួង​ខាង​កើត​វិញ​ទើប​ជា​។ គិត​ព្រម​គ្នា​ហើយ​ ទាហាន​នោះ​ ក៏​នាំ​គ្នា​រត់​ទៅ​។​ លុះ​រត់​ទៅ​ដល់​វាល​ស្រាប​អង្កាម​ ទាហាន​ទាំង​នោះ​គិត​ថា​ :​ ទៅ​ទាំង​ឈាម​ប្រឡាក់​ខ្លួន​ ប្រឡាក់​ដាវ​យ៉ាង​នេះ​ តែ​ជួប​នឹង​កង​ល្បាត​ មុខ​ជា​គេ​ចាប់​ទៅ​ថ្វាយ​វិញ​ពុំ​ខាន​។ គិត​ដូច្នោះ​ហើយ​ ក៏​នាំ​គ្នា​ចូល​ទៅ​ងូត​ទឹក​ លាង​ដាវ​ ក្នុង​ត្រពាំង​វាល​ស្រាប​អង្កាម​នោះ​ "​បាន​ជា​ជាប់​ហៅ​ ត្រពាំង​លាង​ដាវ​ រៀង​មក​"​។​

ឯ​ព្រះ​រាជ​បំរើ​ នាំ​ក្បាល​នាយ​កំ​លោះ​រូប​ល្អ​​ទៅ​ថ្វាយ​ ព្រះ​បរម​បពិត្រ​ទ្រង់​ត្រាស់​សួរ​រក​ទាហាន​ ក្រុម​វាំង​ទាំង​ពីរ​នាក់​នោះ​។​ ព្រះ​រាជ​បំរើ​ក្រាប​ទូល​ថា​ :​ ទាហាន​ទាំង​ពីរ​នាក់​នោះ​ ប្រគល់​តែ​ក្បាល​នេះ​​មក​ឲ្យ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ ហើយ​គេ​រត់​បាត់​ទៅ​ ទ្រង់​ជ្រាប​ថា​ ទាហាន​ក្រុម​វាំង​ទាំង​ពីរ​នោះ​មុខ​ជា​រត់​ទៅ​ពឹង​អា​ស្ដេច​កន​​ពុំ​ខាន​ឡើយ​ ទើប​ទ្រង់​ត្រាស់​បង្គាប់​ ឧកញ៉ា​ដ៏​រុង​សេនា​ ចាង​ហ្វាង​ទាហាន​នោះ​ ឲ្យ​ចាត់​ទាហាន​សេះ​២០​ នាក់​ ឲ្យ​ទៅ​តាម​ចាប់​យក​ខ្លួន​ ទាហាន​ក្រុម​វាំង​ទាំង​ពីរ​នាក់​នោះ​ឲ្យ​បាន​។ ឧក​ញ៉ា​ដ៏រុង​សេនា​ ក៏​ចាត់​បំរើ​សេះ​ ២០​ នាក់​ឲ្យ​ទៅ​តាម​ដូច​ត្រាស់​បង្គាប់​។​ ទាហាន​ទាំង​២០​នាក់​ក៏​ស្រូត​តាម​ទៅ​ បាន​ឃើញ​ទាហាន​ក្រុម​វាំង​ទាំង​ពីរ​នាក់​ កំពុង​ងូត​ទឹក​លាង​ដាវ​ក៏​ចាប់​នាំ​ខ្លួន​មក​ក្រាប​បង្គំ​ថ្វាយ​។​ ព្រះ​បរម​បពិត្រ​ ទ្រង់​ឲ្យតុលា​ការ​ ពិចារ​ណា​ សួរ​កត់​យក​ចំលើយ​តាម​ច្បាប់​។​ ទាហាន​ទាំង​ពីរ​​នាក់​នោះ​ឆ្លើយ​ថា​ :​ ខ្លួន​ស្ដាប់​ ឮ​ថា​ទ្រង់​ត្រាស់​ឲ្យ​កាប់​ក​ ទើប​បាន​ជា​កាប់​ លុះ​កាប់​ហើយ​ភិត​ភ័យ​ ទើប​បាន​ជា​រត់​ចូល​ហ្លួង​ខាង​កើត​ ប្រាថ្នា​ឲ្យ​រួច​ជីវិត​។ ព្រះ​បាទ​បរម​បពិត្រ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ព្រះ​ពិរោធ​ណាស់​ ទ្រង់​ត្រាស់​ឲ្យ​សេនា​បតី​ ចេញ​សំបុត្រ​បញ្ញត្តិ​ ឲ្យ​លើក​លែង​ ហៅ​ហ្លួង​ខាង​កើត​​ឲ្យ​ហៅ​តែ​ព្រះ​ស្ដេច​កន​ ថា​បើ​អ្នក​ណា​មិន​ស្ដាប់​ នឹង​យក​ទោស​ដល់​ជីវិត​។​ បន្ទាប់​មក​ ព្រះ​បាទ​អ្នក​ជា​អម្ចាស់​ ទ្រង់​ត្រាស់​បង្គាប់​ភ្នាក់​ងារ​ ឲ្យ​យក​ក្បាល​កំលោះ​រូប​ល្អ​នោះ​ទៅ​ ធ្វើ​សាលា ធ្វើ​បុណ្យ​តាម​សម​គួរ​។​ បន្ទាប់​មក​ ទ្រង់​ត្រាស់​ឲ្យ​យក​ទាហាន​ក្រុម​វាំង​ទាំង​ពីរ​នាក់​នោះ​ ទៅ​ប្រហារ​ជីវិត​ ទុក​ជា​បំរាម​។​

 ក្រោយ​នោះ​ ក្នុង​ឆ្នាំ​ដដែល​ ព្រះ​បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​ ព្រះ​អង្គ​ឲ្យ​តែង​សំពៅ​ពីរ​ ផ្ទុក​ទំនិញ​ទៅ​លក់​នៅ​ស្រុក​ជ្វា​ ម៉ាឡា​យូ ហើយ​ទិញ​បាន​កាំ​ភ្លើង​ធំ​ ១០០ កាំ​ភ្លើង​តូច​ ១០០០ ដើម​ថែម​លើ​កាំ​ភ្លើង​ចាស់​ ទុក​រក្សា​ព្រះ​នគរ​។​

 ឯ​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​អម្ចាស់​ផែន​ដី​ខាង​កើត​ កាល​ជ្រាប​ថា​ :​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ទិញ​កាំ​ភ្លើង​បាន​ជា​ច្រើន​ មក​ទុក​សម្រាប់​ព្រះ​នគរ​ ហើយ​​ព្រះ​អង្គ​ ក៏​ឲ្យ​ធ្វើ​សំពៅ​ពីរ​ផ្ទុក​ទំនិញ​ទៅ​លក់​ឯ​ស្រុក​ម៉ាឡា​យូ​ដែរ​ ហើយ​ទិញ​បាន​កាំ​ភ្លើង​ធំ​​ ១៥០​ កាំ​ភ្លើង​តូច​ ៣០០​ដើម​។​ លុះ​សំ​ពៅ​នោះ​វិល​មក​វិញ​ខ្យល់​ផាត់​សំពៅ​មួយ​ទៅ​ជាប់​នៅ​ពាម​ "​ប្រហែល​ជា​ពាម​មាត់​ជ្រូក​"​ សំពៅ​មួយ​ទៀត​ ជាប់​នៅ​ស្រុក​កំពត​។ នោះ​នាយ​កង​ទ័ព​ ស្រុក​ពាម​ ស្រុក​កំពត​ចាប់​បាន​សំពៅ​មួយ​ យក​បាន​កាំ​ភ្លើង​ធំ​ ១៥០​ កាំ​ភ្លើង​តូច​ ៣០០​ ដាក់​ផ្ទុក​រទេះ​ឲ្យ​មេ​ឃុំ​នាំ​ទៅ​ថ្វាយ​ ព្រះ​បាទ​អ្នក​ជា​អម្ចាស់​ នៅ​បន្ទាយ​ខែត្រ​បរិ​បូណ៌​។ ព្រះ​បាទ​អ្នក​ជា​អម្ចាស់​ផែន​ដី​ខាង​លិច​ កាល​ទ្រង់​ទត​ឃើញ​បំរើ​នាំ​គ្រប់​សព្វ​សស្ត្រា​វុធ​មក​ក្រាប​បង្គំ​ថ្វាយ​ហើយ​ ទ្រង់​ព្រះ​អំណរ​ណាស់​។​ ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​រង្វាន់​ដល់​មេ​ទ័ព​មេ​កង​នោះ​ជា​ច្រើន​។​

សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ម្ចាស់​ផែន​ដី​ខាង​កើត​ ស្ដេច​គង់​នៅ​ព្រះ​រាជ​វាំង​ស្រី​ស​ឈរ​ ទ្រង់​ត្រាស់​ឲ្យ​កេណ្ឌ​កង​ទ័ព​បាន​ ១៤០០០០ នាក់​ ទ្រង់​ឲ្យ​ចៅ​ហ្វា​ទឡ្ហៈ​កៅ ​និង​ សម្ដេច​ចៅ​ពញា​មោង​ នៅ​រក្សា​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃ​នគរ​ហើយ​ ហើយ​ទ្រង់​ចាត់​ ចៅ​ពញា​ចក្រី​ ឃុំ​ពល ៣០០០០ នាក់​ជា​ទ័ព​មុខ​ ចៅ​ពញា​ក្រឡា​ហោម​ ឃុំ​ពល​ ២០០០០​ នាក់​ ជា​ទ័ព​ស្ដាំ ​ចៅ​ពញា​វៀង​ឃុំ​ពល ២០០០០ នាក់​ ជា​ទ័ព​ឆ្វេង​ ចៅ​ពញា​វាំង​ ឃុំ​ពល​ ២០០០០ នាក់ ជា​ទ័ព​ក្រោយ​ចៅ​ពញា​ស្រាល​ ឃុំ​ពល ១០០០០ នាក់​ ជា​កង​ក្រ​វែល​ខាង​ស្ដាំ ​ចៅ​ពញា​លំពាំង​ ឃុំ​ពល​ ១០០០០ នាក់ ​ជា​ទ័ព​កង​ក្រ​វែល​ខាង​ឆ្វេង​ ចៅ​ពញា​ស្នង​ធ្នឹម​ព្រះ​នគរ​ ឃុំ​ពល ១០០០០ នាក់ ​ជា​កង​ក្រវែល​ខាង​មុខ​ ព្រះ​អង្គ​ស្រី​ជេដ្ឋា​ឯង​ ឃុំពល​ ៣០០០០ នាក់​ ជា​ទ័ព​ហ្លួង​ឆ្លង​មក​ដល់​ស្រុក​ភ្នំ​ពេញ​ ហើយ​​លើក​​ទ័ព​គ្រប់​​កង​ ព្រម​ដោយ​នូវ​ស្វេត​ច្ឆ័ត្រ​ អភិ​រម សែន​ត្វាន់​ឡើង​គង់​ព្រះ​ទី​នាំង​ស័ង្ខរ​ស្មី​ លើក​ទ័ព​តម្រង់​ទៅ​ខែត្រ​បរិ​បូណ៌​។​

 ឯសេះ​ល្បាត​ ខាង​ព្រះ​បរម​ខត្តិ​យាម​ហា​ចន្ទ​រាជា​ ឃើញ​ហើយ​​ក៏​ឃ្មាត​ខ្មី​ យក​សេច​ក្ដី​ទៅ​ក្រាប​បង្គំ​ទូល​​ព្រះ​បរម​បពិត្រ​។​ លុះ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ​ ទ្រង់​ត្រាស់​ឲ្យ​សម្ដេច​ ព្រះ​ភាគិ​នេយ្យោ​យស​រាជា​ ឡើង​ទី​ជា​នាយក និង​មន្ត្រី​ខាង​ជើង​ទឹក​ លើក​ទ័ព​ទូក​គង់​ព្រះ​ទី​នាំង​ចក្រ​ពត្តិ​ សា​រាយ​អណ្ដែត​នាំ​ទូក​ចម្បាំង​ ៤០០​ ហើយ​ទ្រង់​ចាត់​ទ័ព​ជើង​គោក​ថែម​ទៀត​។​ ទ្រង់​ត្រាស់​ឲ្យ​ឧក​ញ៉ា​ចក្រី​ទេព​ កូន​ពញា​មឿង​ ឃុំ​ពល ១០០០០ នាក់ ជា​ទ័ព​ស្ដាំ​ឲ្យ​ចៅ​ពញា​ឧទ័យ​ធិរាជ​ "សូ"​ ឃុំ​ពល ១០០០០ នាក់​ជា​ទ័ព​ឆ្វេង​ ឲ្យ​ឧក​ញ៉ា​រាជ​តេជះ​ ឃុំ​ពល ១០០០០ នាក់​ជា​ទ័ព​ក្រោយ​ ឲ្យ​ឧក​ញ៉ា​វង្សា​អគ្គ​រាជ​ ឃុំពល​ ១០០០០ នាក់​ជា​កង​ជន្ល​ ឲ្យ​ឧក​ញ៉ា​នរិន្ទ្រ​ធិបតី​ ចៅ​ពញាម​នោ​មេត្រី​ ចៅ​ពញា​ស្រែន្យា​ធិបតី​ ចៅ​ពញា​ស្រែន្យ​សេនា​ ឃុំ​ពល​ម្នាក់​ៗ ៣០០០​ នាក់ ទៅ​បង្កប់​នៅ​សង​ខាង​ផ្លូវ​ ឲ្យ​សម្ដេច​ព្រះ​សុទត្ត​ឃុំ​ពល​ ដំរី​ ៣០០០ ទៅ​បង្កប់​ក្នុង​ព្រៃ​ខាង​លិច​វាល​ស្រាប​អង្កាម​ ឲ្យ​ឧកញ៉ា​ដ៏​រុង​សេនា​ឃុំ​ពល​សេះ ​៥០០​ ជា​កង​ជន្ល​ទី​២​។​ លុះ​បាន​ឫក​ ជា​ពេលា​ល្អ​ហើយ​ បុរោ​ហិត​ក៏​តាំ​ង​ ផ្លុំ​ត្រែ​ស័ង្ខ​ ហោរា​ថ្វាយ​ឫក្ស​រួច​ហើយ​ ព្រះ​បរម​បពិត្រ​មហា​ខត្តិ​យា​ ចន្ទ​រាជា​ទ្រង់​គ្រឿង​ កកុធ​ភណ្ឌ​ (3) សម្រាប់​រាជ​យុទ្ធ ឡើង​គង់​ព្រះ​ទីនាំង​ពិ​ជ័យ​រាជ​កុញ្ជរ​ លើក​អស់​និករ​ចេញ​ទៅ​។​

ឯ​ឧក​ញ៉ា​វង្សា​អគ្គ​រាជ​ ជា​កង​ជន្ល​ទី​១ លើក​ទ័ព​ទៅ​ដល់​ស្ទឹង​ក្រាំង​ពន្លៃ​ ជួប​ នឹង ទ័ព​ព្រះ​ស្រី​ជេដ្ឋា (គឺ​ព្រះ​ស្ដេច​កន​)​ ហើយ​បាន​ត​តាំង​ច្បាំង​គ្នា​នៅ​ទី​នោះ​យូរ​បន្តិច​ ក៏​ឧក​ញ៉ា​វង្សា​អគ្គ​រាជ​ នាំ​ពល​រត់​ថយ​ក្រោយ​ មក​ដល់​ខាង​លិច​ភូមិ​ឈូក​ស​ ខែត្រ​លង្វែក​។ ខណៈ​នោះ​ឧក​ញ៉ា​នរិន្ទ​សេនា​ ឃុំ​ពល​ទាហាន​សេះ ​៤០​នាក់​ កាល់​ពល​ខ្លួន​ និង​ពល​ឧក​ញ៉ា​វង្សា​អគ្គ​រាជ​ ឲ្យ​ចូល​ត​តាំង​ច្បាំង​ទៀត​ ហើយ​បណ្ដែត​ទូក​ថយ​ក្រោយ​។​ មេ​ទ័ព​ខាង​ព្រះ​ស្ដេច​កន​ ឃើញ​ហើយ​យល់​ថា​ :​ ខ្លួន​មាន​ជ័យ​ជំនះ​ក្នុង​សង្គ្រាម​ពីរ​ដង​ហើយ​ ក៏​បរ​ពល​សម្រុក​គ្រលុក​តាម​ទៅ​ដល់​ស្ទឹង​ជ្រៃ​។ ឧក​ញ៉ា​ចក្រី​ទេព​ជា​កង​ជន្ល​ទី​៣​ ក៏​ចេញ​ពី​ព្រៃ​បរ​ពល​ត​មួយ​ស្របក់​ ក៏​នាំ​ពល​គេច​រត់​ចេញ​ថយ​ទៅ​ទៀត​។​ ខណៈ​នោះ​ នាយ​កង​ទ័ព​ខាង​ព្រះ​ស្ដេច​កន​ ស្រែក​ទូល​ថា ​: ចក្រី​បាក់​ទ័ព​ទៀត​ហើយ​ (4) ឯ​កង​ទ័ព​គ្រប់​កង​ខាង​ព្រះ​ស្ដេច​កន​ ឮ​ថា​ ចក្រី​បាក់​ទ័ព​ទៅ​ទៀត​ហើយ​ ក៏​រឹង​រឹត​តែ​មាន​ចិត្ត​ជោរ​ឡើង​ មិត​តែ​ដេញ​តាម​ទៅ​ ត្រា​តែ​ជួប​ នឹង ទ័ព​ឧក​ញ៉ា​ក្រឡា​ហោម​ ដែល​បង្ក​ប់​ចាំ​នៅ​វាល​ស្រាប​អង្កាម​នោះ​។​ ឧក​ញ៉ា​ក្រឡា​ហោម​ក៏​ទទួល​ច្បាំង​ជា​មាំ​មួន​ សម្ដេច​ព្រះ​សុទត្ត​ ដែល​ឃុំ​ដំរីច​ម្បាំង​ ៣០០​ នោះ​ ឃើញ​បាន​ឫក្ស​ហើយ​ ក៏​បរ​ដំរី​ជល់​ជាន់​មក​ពី​ក្រោយ​។​ ឯ​កង​ទ័ព​ដែល​បង្កប់​ទាំង​សង​ខាង​នោះ​ ក៏​វាយ​ប្រសប់​ពី​ឆ្វេង​ពី​ស្ដាំ​ ទាំង​ព្រះ​បរម​បពិត្រ​ ក៏​បែរ​ព្រះ​ទីនាំង​រាជ​កុញ្ជរ​ចូល​លុក​លុយ​កាប់​ចាក់​ប្រសព្វ​គ្នា​មក​បណ្ដាល​ឲ្យ​ស្លាប់​ពល​ខាង​ព្រះ​ស្ដេច​កន​ប្រមាណ​ ២០០០០ ​នាក់​។​ លុះ​ដល់​មុខ​ព្រះ​ស្ដេច​កន​ ព្រះ​ទី​នាំង​ពិជ័យ​រាជ​កុញ្ជរ​ ដែល​ចេះ​កាន់​នូវ​អាវុធ​គ្រវែង​ចាក់​សម្លាប់​ពួក​ពល​ព្រះ​ស្ដេច​កន​ បណ្ដាល​ឲ្យ​ស្លាប់​ជា​ច្រើន​។ ស្ដេច​កន​ ទ្រាំ​មិន​បាន​ក៏​បែក​ទ័ព​ រត់​កាត់​ព្រៃ​មក​ដល់​ចុង​ព្រៃ​រលា​ប្អៀរ​ខាង​ស្ដាំ​ចោល​ទ័ព​អស់​ជាប់​តែ​ខាង​ទាហាន​ស្មើ​ចិត្ត​ប្រមាណ ​១០០ ​នាក់​ ហើយ​មក​ជួប​ នឹង ទ័ព​ឧក​ញ៉ាសួគ៌ា​លោក​ ឧក​ញ៉ាមនោ​មេត្រី​ ឧក​ញ៉ា​ឧទ័យ​ធិរាជ​ ដែល​បង្កប់​ក្នុង​ព្រៃ​។ ទ័ព​ទាំង​នោះ​ស្ទុះ​ចេញ​មក​តាំង​ហ៊ោ​ ដេញ​ទ័ព​ស្ដេច​កន​ ខ្ចាត់​ខ្ចាយ​ទៅ​ទៀត​។​ ស្ដេច​កន នៅ​សល់​តែ​ទាហាន​ ១០០ ​នាក់​រត់​តាម​ទៅ​ៗ​ លុះ​ទៅ​ដល់​ចុង​ភូមិ​តាជេស​ ខែត្រ​លង្វែក​ កង​ទ័ព​ ១០០ ​នាក់​នោះ​ ពុំ​ចេះ​ហែល​ទឹក​ទាំង​អស់​គ្នា​ទេ​ ចេះ​តែ​ ២០ ​នាក់​ប៉ុណ្ណោះ​។​ អ្នក​ចេះ​ហែល​ក៏​រត់​ទៅ​លើ​កោះ​តូច​ នាំ​គ្នា​តោង​សេះ​ព្រះ​ ទីនាំង​សង្ខ​រស្មី​នោះ​ ឆ្លង​ទៅ​ស្ទឹង​ស្ងួត​ជើង​ព្រៃ​ជា​ត្រើយ​ខាង​កើត​។ លុះ​កង​ទ័ព​ ឧក​ញ៉ា​យម​រាជ​ ឧក​ញ៉ា​សួគ៌ា​លោក​ដេញ​ទៅ​ដល់​ឃើញ​ទ័ព​សត្រូវ​កំពុង​តែ​ហែល​ក៏​ស្រែ​កហៅ​ កង​ទ័ព​ជើង​ទឹក​ឲ្យ​តាម​ចាប់​។​ សូរ​ស័ព្ទ​ដែល​បង្កូក​ហៅ​ទ័ព​ជើង​ទឹក​តែ​មួយ​ម៉ាត់​ម្នាក់​ ក៏​លាន់​ឮ​ដូច​ជា​គេ​ស្រែក​ហ៊ោ ​(ព្រោះ​ហេតុ​នោះ​ហើយ​ បាន​ជា​កោះ​តូច​នោះ​ ប្រែ​ឈ្មោះ​ហៅ​ថា​ កោះ​ហ៊ោ​រៀង​មក​)​។ ឯ​ម៉ឺន​ពិភក្ដិ​លិខិត​ ម៉ឺន​ជំនិត​​ស​ទ្រង់​ ម៉ឺន​បម្រុង​អក្ខរា​ ទាំង​៣​ នាយ​ជា​អាមាត្យ​ ជា​មន្ត្រី​ស្ដេច​កន​ជាប់​បាវ​ប្រាំ​មួយ​ប្រាំ​ពីរ​នាក់​ ស្ពាយ​​ត្រា​ ជា​សម្រាប់​រាជ​របស់​ស្ដេច​កន​ នោះ​រត់​បែក​ពី​ស្ដេច​កន​ ទៅ​ដល់​ចុង​ភូមិ​កំពង់​ម្ដា​ ខែត្រ​រលា​ប្អៀរ​ ក៏​ចាប់​យក​ទូក​អ្នក​ស្រុក​នោះ​ ចុះ​ចែវ​តាម​ស្ដេច​កន​ទៅ​។​

តទៅលេខ ១៨

(1) ព្រះបាទអស់ជុំនុំ គឺមន្ត្រីជាន់ខ្ពស់បំផុត ខាងតុលាការ ឬ ព្រះមហាក្សត្រ
(2) មនុស្សពេញវ័យ ក្នុងវណ្ណៈ វៃស្យៈ គេហៅថា ចៅ
(3) ពាក្យនេះសព្វថ្ងៃក្លាយជា កុក្កដភណ្ឌ
(4) ព្រោះ​ហេតុ​នោះ​ ហើយ​បា​ន​ជាប់​ហៅ​ស្ទឹង​នោះ​ថា​ ស្ទឹង​ចក្រី​បាក់​ តែ​យារ​ៗ​មក​ទៀត​ អ្នក​ស្រុក​ហៅ​ថា​ ស្ទឹង​ជ្រៃ​លុះ​ក្រោយ​មក​ ដល់​ស្រុក​រាប​ទាប​ ទើប​ព្រះ​បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​ ទ្រង់​បាន​ត្រាស់​ឲ្យ​ឧក​ញ៉ា​ចក្រី​ ទេព​ កូន​ពញា​មឿង​ ឲ្យ​សាង​វត្ត​មួយ​ ត្រង់​ដែល​ខ្លួន​បង្កប់​ទ័ព​នោះ​ ឲ្យ​ហៅ​ថា​ វត្ត​ចក្រី​ទេព​។​ លុះ​ដល់​ឧក​ញ៉ា​ចក្រី​ ទេព​ អស់​បុណ្យ​ទៅ​អ្នក​ស្រុក​ក៏​វិល​មក​ ហៅ​ថា​ វត្ត​ជ្រៃ​បាក់​វិញ​ ព្រោះ​ដើម​ជ្រៃ​ធំ​ នៅ​មាត់​ស្ទឹង​នោះ​ ខ្យល់​ឆក់​កួច​បាក់​ ដំណាល​នឹង​ថ្ងៃ​ដែល​ឧក​ញ៉ា​ច​ក្រី​ ទេព​ អនិច្ច​កម្ម​។