ថ្ងៃសៅរ៍ ទី5.ឧសភា 2018.ម៉ោង 7:13
ផែនដី ព្រះស្ដេចកន (ត) លេខ ១៨

មាន​ព្យុះ​ខ្យល់​ រលក​បោក​ខ្លាំង​ ទូក​លង់​លិច​ទាំង​ត្រា​សម្រាប់​រាជ្យ​នោះ​ បាត់​ទៅ​ក្នុង​ព្រះ​ធរណី​ បាត​ទន្លេ​នៅ​ទី​នោះ​ ក៏​ស្រុត​ទៅ​ជ្រៅ​ពន់​ប្រមាណ​។​ នាយ​អាល័ក្ស​ទាំង​ ៣ យក​ផ្ដៅ​ពីរ​បន្ទាស​មក​ត​តែ​មួយ​សំយុង​ទៅ​ត្រង់​កន្លែង​ដែល​លង់​ត្រា​នោះ​ ក៏​ពុំ​ដល់​ នឹង​រក​មនុស្ស​ឲ្យ​មុជ​តាម​ទៅ​ មនុស្ស​ផង​ឃើញ​ជ្រៅ​ណាស់​ ពុំ​ហ៊ាន​មុជ​តាម​។​ នាយ​ទាំង​ ៣ នាក់​ខ្លាច​ ខុស​នឹង​ព្រះ​ស្ដេច​កន​ ក៏​នាំ​គ្នា​មុជ​ទឹក​ទៅ​តាម​ត្រា​នោះ​លុះ​ដល់​មរណៈ​ទាំង​ ៣​ នាក់​នោះ​ទៅ ​"ព្រោះ​ហេតុ​នោះ​ បាន​ជា​ទី​នោះ​ ហៅ​អន្លង់​ត្រា​រាជ្យ​ យារ​ៗ​មក​ហៅ​ថា​ តំបន់​អន្លង់​រាជ្យ​"​ ទ្រង់​ស្រូត​ព្រះ​ទីនាំង​ចក្រ​ពត្តិ​សា​រាយ​អណ្ដែត​ប្រជួស​តាម​ទៅ​ដល់​កៀន​តា​ឆឹង​។​ ឯ​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ទត​ពី​លើ​ខ្នង​សេះ​ព្រះ​ទី​នាំង​ទៅ​ឃើញ​ ក៏​បរ​សេះ​ព្រះ​ទីនាំង​នោះ​ នាំ​ទាហាន​រួម​​ចិត្ត​មក​ដល់​ចុង​ភូមិ​កំពង់​ចាម​ ក៏​បរ​សេះ​ព្រះ​ទីនាំង​នោះ​ ហែល​ឆ្លង​ទឹ​ក​ តម្រង់​ទៅ​តំបន់​ដូន​ម៉ៅ​ត្រើយ​ខាង​កើត​ ព្រម​ទាំង​ទាហាន​រួម​ចិត្ត​ ២០​​នាក់​នោះ​ ក៏​ហែល​តោង​សេះ​នោះ​ទៅ​ដល់​ច្រាំង​ទន្លេ​ម្ខាង​ សេះ​នោះ​ក្លាយ​ជា​នាគ​មុជ​ទឹក​បាត់​ទៅ​។​

នេះ​នឹង​និយាយ​ អំពី​សម្ដេច​ចៅ​ហ្វា​កៅ ​ដែល​ចាំ​រក្សា​បន្ទាយ​ស្រឡប់​ពិ​ជ័យ​ព្រៃ​នគរ​នោះ​ មុន​នេះ​ ៣​ថ្ងៃ​ យល់​សប្ដិ​ឃើញ​ ខ្យល់​កំបុត្រ​ត្បូង​ កួច​ទង់​ជ័យ​​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ជា​ភ្លើង​ឆេះ​អណ្ដែត​កណ្ដាល​អាកាស​ ហើយ​ធ្លាក់​នៅ​កំពង់​ចាម​។​ លុះ​ព្រឹ​ក​ភ្ញាក់​ឡើង​ ភ័យ​ណាស់​ និយាយ​ប្រាប់​និមិត្ត​នោះ​ឲ្យ​សម្ដេច​ចៅ​ពញា​ហែង​ ជា​បិតា​ក្មេក​ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ស្ដាប់​ហើយ​ ហៅ​ហោ​រា​មក​ប្រាប់​ហេតុ​ឲ្យ​ទាយ​។​ ហោរា​ពិនិត្យ​ទៅ​ឃើញ​ថា ​:​ យល់​សប្ដិ​ថ្ងៃ​អង្គារ​​ជា​ភ្លើង​​ ហើយ​ឃើញ​ឆេះ​ទង់​ជ័យ​នោះ​ទំនាយ​ថា​ ទ័ព​លួង​បរា​ជ័យ​ហើយ​ ត្រង់​ដែល​ថា​ឃើញ​​ខ្យល់​កំបុត​ត្បូង​ កួច​នាំ​ទៅ​កណ្ដាល​អាកាស​នោះ​ថា​​ជា​បុណ្យ​បារ​មី​នៅ​មាន​ មាន​ទេវ​តា​នាំ​ឲ្យ​រួច​ពី​ចំណោម​ ត្រង់​ដែល​ភ្លើង​ធ្លាក់​ទឹក​ នៅ​កំពង់​ចាម​នោះ​ថា​លួង​ នឹង រួច​ដល់​ទី​នោះ​។ សម្ដេច​ចៅ​ហ្វា​កៅ ​ឮ​ ហើយ​ភ័យ​ណាស់​ក៏​ឲ្យ​សម្ដេច​ចៅ​ពញា​ហែង​ នៅ​ចាំ​រក្សា​បន្ទាយ​ ហើយ​ផ្ដាំ​ថា​ ឲ្យ​ខិត​ខំ​កេណ្ឌ​រេហ៍​ពល​ ទុក​បម្រុង​ឲ្យ​បាន​ច្រើន​។ ឯ​ខ្លួន​សម្ដេច​ចៅ​ហ្វា​កៅ​ នាំ​ខ្មាន់​ធ្នូ​ និង ទាហាន​កាំ​ភ្លើង​តូច​ ១០០០ នាក់​ និង​ព្រះ​ទី​នាំង​គជេន្ទ្រ​យុទ្ធ​ ទៅ​បោះ​ទ័ព​ចាំ​ នៅ​ដូន​ម៉ៅ​ជា​ត្រើយ​ទន្លេ​ខាង​កើត​។​

លុះ​ឃើញ​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ គង់​សេះ​នាំ​ទាហាន​ ហែល​ឆ្លង​មក​ដល់​ច្រាំង​ហើយ​ សេះ​នោះ​ក៏​លិច​វិនាស​ទៅ​ក្នុង​ទឹក​ទៅ​ ចៅ​ហ្វា​កៅ ​ក៏ស្ទុះ​ទៅ​ទទួល​យក​រួច​តែ​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ និង ទាហាន​រួម​មិត្ត​ ២០​នាក់​នោះ​ ដល់​ទៅ​លើ​មាត់​ច្រាំង​ ល្មម​ព្រះ​ទីនាំង​ចក្រ​ពត្តិ​នោះ​ ត្រឡប់​មក​ដល់​សម្ដេច​ចៅ​ហ្វា​កៅ​ ឲ្យ​ទាហាន​បាញ់​ធ្នូ​ បាញ់​កាំ​ភ្លើង​ កុំ​ឲ្យ​ព្រះ​ភគិ​នេយ្យោ​យស​រាជា​ ឡើង​តាម​មក​បាន​។​ ព្រះ​យស​រាជា​ ក៏​ត្រឡប់​ព្រះ​ទីនាំង​ មក​រក​ទ័ព​ទូក​ ដែល​តាម​ទៅ​ជា​ក្រោយ​វិញ​។​ លុះ​ជួប​ហើយ​ស្ដេច​ឲ្យ​ឈប់​នៅ​ទី​មួយ​អន្លើ​។​ ជួន​ជា​ពេល​នោះ​ មាន​ខ្យល់​ព្យុះ​ខ្លាំង​ណាស់​ ស្ដេច​ត្រាស់​ឲ្យ​យក​អាវុ​ធ​សឹក​ទុក​សិន​ ហើយ​ចូល​ទូក​ចម្បាំង​ទៅ​ឈប់​ក្នុង​បឹង​មួយ​អន្លើ​។​ ទ្រង់​ឲ្យ​សាង​វត្ត​មួយ​នៅ​ទី​នោះ​ទុក​ជា​ ព្រះ​កេរ្តិ៍​ ហេតុ​នោះ​ហើយ​ បាន​ជាប់​ឈ្មោះ​ហៅ​ថា​ វត្ត​ព្រែក​លួង​រៀង​មក​ដល់​បច្ចុប្បន្ន​សព្វ​ថ្ងៃ​នេះ​។​

 ឯ​សម្ដេច​ចៅ​ហ្វា​កៅ​ កាល​បាន​ទទួល​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​រួច​ហើយ​ ជួន​ជា​វេ​លា​យប់​ ក៏​អញ្ជើញ​ស្ដេច​ផ្ទំ​ សម្រាក​កំលាំង​ នៅ​ក្នុង​ព្រៃ​ដូន​ម៉ៅ​នោះ​ទៅ​ តែ​ទី​នោះ​មាន​មូស​ខ្លាំង​ណាស់​ នឹង​ទ្រាំ​ពុំ​បាន​​ ទើប​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ទ្រង់​ផ្សង​មិន​ឲ្យ​មាន​មូស​ មូស​ក៏​គ្មាន​ក្នុង​ទី​នោះ​​រៀង​មក​ដល់​ឥឡូវ​នេះ​។​ លុះ​ព្រឹក​ឡើង​ សម្ដេច​ចៅ​ហ្វា​កៅ​អញ្ជើញ​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ឡើង​គង់​ព្រះ​ទីនាំង​ ពិជ័យ​គជ​យុទ្ធ​ នាំ​រេហ៍​ពល​ទាំង​ ១០២០​ នាក់​ស្រូត​រូត​ដល់​ទៅ​ភូមិ​ដំរី​ស​ ព្រះ​ទីនាំង​ពិជ័យ​គជ​យុទ្ធ​នោះ​ ឈឺ​ស្រុត​នៅ​ទី​នោះ​ទៅ​។​ ព្រះ​ស្ដេច​កន​ទ្រង់​ធ្វើ​បុណ្យ​ហើយ​ ឲ្យ​កប់​ដំរី​នោះ​នៅ​ទី​នោះ​ បាន​ជា​ជាប់​ហៅ​ទួល​ខ្នប់​ព្រះ​ដំរី​រៀង​មក​។​

សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ទ្រង់​ពិនិត្យ​ពី​ព្រះ​ទីនាំង​ ពិជ័យ​គជ​យុទ្ធ​ និង​ព្រះ​ទីនាំង​ស័ង្ខ​រស្មី​កាល​ណា​ទ្រង់​សង្ស័យ​នឹង​បុណ្យ​បារមី​ព្រះ​អង្គ​ ជា​ពន់​ពេក ទ្រង់​នឹក​ថា​ :​ កាល​ខ្លួន​អញ​មាន​បុណ្យ​ ត្រូវ​បាន​ព្រះ​ទីនាំង​ពី​ជ័យ​គជ​យុទ្ធ​នោះ​ គឺ​បាន​ក្នុង​កាល​កសាង​បន្ទាយ​ស្រឡប់​ពិ​ជ័យ​ព្រៃ​នគ​រ គឺ​ថា​កាល​នោះ​ មាន​ហ្ម​ម្នាក់​ឈ្មោះ​ផៃ​នាំ​យក​ដំរី​មក​ថ្វាយ​ ដែល​មាន​កំពស់​១០ហត្ថ​។​ ថ្វាយ​រួច​ហើយ​ ហ្ម​ផៃ​នោះ​ ត្រឡប់​ទៅ​វិញ​បាត់​ ពុំ​ដឹង​ជា​នៅ​ស្រុក​ណា​ ភូមិ​ណា​ទេ​ ឲ្យ​រក​ខ្លួន​ នឹង ឲ្យ រង្វាន់​ពេញ​ចិត្ត​ ក៏​រក​ខ្លួន​ពុំ​ឃើញ​។​ ឯ​ព្រះ​ទីនាំង​ស័ង្ខ​រស្មី​ទៀត​ កាល​អញ​លើក​ទ័ព​​ដេញ​ព្រះ​ស្រី​សុគន្ធ​បទ​ ដល់​ទៅ​ក្បាល​កោះ​សូទិន​ ទាំង​យប់​នោះ​ ក៏​មាន​ឈ្មោះ​ ចៅ​ឥន្ទ​ យក​សេះ​នោះ​មក​ថ្វាយ​ ដែល​មាន​កំ​ពស់​ ១០​ហត្ថ​ ៤​ធ្នាប់​ មាន​កំលាំង​ហែល​ទឹក​ សន្ធឹក​ដូច​រន្ទះ​ គឺ​ហែល​ក្នុង​ថ្ងៃ​បាន​ ១០០០ ​សិន​ លឿន​លើ​ស​ប្លែក​នឹង​សេះ​ទាំង​ពួង​។ លុះ​ព្រឹក​ឡើង​ រក​ចៅ​ឥន្ទ​ ដែល​ថ្វាយ​សេះ​នោះ​ នឹង ឲ្យ​រង្វាន់​ក៏​រក​ពុំ​ឃើញ​។​ ព្រះ​ទីនាំង​ទាំង​ពីរ​នេះ​ ដូច​ជា​ទេវតា​និម្មិត​ថ្វាយ​ឥឡូវ​វិនាស​អស់​ទាំង​ពីរ​ទៅ​ហើយ​ ដូច្នេះ​ឃើញ​ថា​ បុណ្យ​បារ​មី​អញ​ មិន​យឺន​យូ​រ​ ប៉ុន្មាន​ឡើយ​។​ គិត​ហើយ​ ស្ដេច​ក​ន​ ក៏​ទ្រង់​ព្រះ​កន្សែង​សោក​ជា​រ៉ាំ​រ៉ៃ ​ក្រៃ​ពេក​ណាស់​។​

 សម្ដេច​ចៅ​ហ្វា​កៅ យល់​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ជា​ក្មួយ​យំ​សោក​ស្ដាយ​ព្រះ​ទីនាំង​ខ្លាំង​ពេក​ដូច្នោះ​ក៏​គិត​ថា ​:​ បើ​អញ​មិន​ក្លែង​និយាយ​ ឲ្យ​មាន​តំរេក​ទេ​ ឃើញ​ថា​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ នឹង ដល់​អស់​ព្រះ​ជន្ម​ក្នុង​គ្រា​នេះ​មិន​ខាន​។ គិត​ហើយ​ ចៅ​ហ្វា​កៅ​ក៏​ក្រាប​ទូល​ថា ​:​ សូម​ទ្រង់​កំសាន្ត​ព្រះ​រាជ​ហ​ឫ​ទ័យ​ខ្លះ​ទៅ​ កុំ​អាល័យ​ព្រះ​ទី​នាំង​ទាំង​ពីរ​នោះ​ខ្លាំង​ពេក​ ព្រះ​ទីនាំង​នោះ​ វា​ស្រុត​ស្នង​ព្រះ​អង្គ​ ដែល​ទ្រង់​មាន​ព្រះ​គ្រោះ​ជា​ទំងន់​នោះ​។​ ឯ​បុណ្យ​បារមី​ ព្រះ​អង្គ​នៅ​មាន​ទៅ​មុខ​ជា​ច្រើន​ ពី​ព្រោះ​ថា​ ក្រោយ​ព្រះ​អង្គ​លើក​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​ នឹង ព្រះ​ចន្ទ​រាជា​នោះ​ ចៅ​ហ្វាយ​ស្រុក​ជើង​បាក់​ដែង​ នាំ​ដំ​រី ២​ សេះ​២​ មក​ចាំ​ក្រាប​ទូល​ថ្វាយ​ ទំហំ​និង​កំពស់​ប្រហែល​ៗ​គ្នា​ នឹង​ព្រះ​ទីនាំង​មុន​នេះ​ ហេតុ​នេះ​ទ្រង់​នឹង​ព្រួយ​ព្រះ​ទ័យ​ស្ដាយ​អ្វី​ សេះ​ ១ ដំរី ​១​ នោះ​។ វា​បាត់​ទៅ​តែ​ពីរ​ យើង​បាន​ដល់​ទៅ​បួន​ឡើង​វិញ​ហើយ​។​

សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ទ្រង់​ជ្រាប​ដូច្នោះ​ហើយ​ ទ្រង់​ព្រឺ​ក្នុង​ព្រះ​រាជ​ហ​ឫទ័យ​ណាស់​ ទ្រង់​តម្រង់​ព្រះ​ស្មារតី​បាន​ ទ្រង់​ក៏​ត្រាស់​ នឹង សម្ដេច​ចៅ​ហ្វា​ថា​ : យើង​នឹង​ទៅ​ក្រុង​ស្រឡប់​ពិ​ជ័យ​ព្រៃ​នគរ​ ឬ​នឹង​ទៅ​ក្រុង​ស្រី​ស​ឈរ​។​ ដ្បិត​ក្នុង​ក្រុង​ស្រី​ស​ឈរ​នោះ​ យើង​មាន​គ្រប់​គ្រួ​នៅ​ទី​នោះ​ច្រើន​។​

ទើប​សម្ដេច​ចៅ​ហ្វា​កៅ ​ទូល​​ថា ​: យើង​ធ្វើ​ការ​សង្គ្រាម​មាន​ជ័យ​ច្រើន​ដង​ យើង​បាន​ជា​ស្ដេច​ ជា​ចៅ​ហ្វា​នេះ​ តាំង​ពី​នៅ​ត​តាំង​ច្បាំង​គ្នា​ នៅ​ស្រី​ស​ឈរ​ ដូច្នេះ​​គួរ​យើង​យក​ក្រុង​ស្រី​ស​ឈរ​នោះ​ជា​ដើម​ទី​យើង​ត្រូវ​បញ្ជូន​គ្រប់​គ្រួ​ ទៅ​ទុក​ក្នុង​ស្រឡប់​ពិ​ជ័យ​ព្រៃ​ន​គរ​ យក​ស្រុក​ស្រី​ស​ឈរ​ជា​ទី​ចំបាំង​។ ​បើ​ពុំ​ឈ្នះ​នៅ​ទី​នោះ​ទេ​ សុំ​​យើង​ទៅ​តាំង​ត​នៅ​ក្រុង​ស្រឡប់​ពិ​ជ័យ​ព្រៃ​នគរ​ម្ដង​ទៀត​ ឲ្យ​បាន​ពីរ​គ្រា​។​

 សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ទ្រង់​ជ្រាប​ហើយ​ ទ្រង់​យល់​ព្រម​ហើយ​ ក៏​នាំ​គ្នា​ទៅ​ដល់​ក្រុង​ស្រី​ស​ឈរ​ ហើយ​ឲ្យ​សម្ដេច​ចៅ​ហ្វា​កៅ ​នាំ​គ្រប់​គ្រួ​ទៅ​ក្រុង​ពិជ័យ​ព្រៃ​នគរ​ ហើយ​ត្រាស់​ផ្ដាំ​នឹង​សម្ដេច​ចៅ​ហ្វា​កៅ​ថា ​:​ ឲ្យ​កេណ្ឌ​រេហ៍​ពល​ ឲ្យ​បាន​ជា​ច្រើន​នៅ​រក្សា​បន្ទាយ​នោះ​។​ សម្ដេច​ចៅ​ហ្វា​កៅ ​ក៏​ទទួល​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​ការ​។​

ឯ​សម្ដេច​ព្រះ​ភាគិ​នេយ្យោ​យស​រាជា​ កែវ​នាយក​ ព្រះ​អង្គ​ចាំ​បាត់​ ពុំ​ឃើញ​ទ័ព​ជើង​គោក​លើក​មក​ព្រះ​អង្គ​ក៏​ឲ្យ​ថយ​ទ័ព​ទូក​ទៅ​ភ្នំ​ពេញ​វិញ​ ដើម្បី​ នឹង ស្ដាប់​ព្រះ​រាជា​​សម្ដេច​ព្រះ​បិតុលា​ រាជា​ធិ​រាជ​។​

សម្ដេច​ព្រះ​បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​អង្គ​លើក​ពិជ័យ​សង្គ្រាម​ មក​ដល់​ស្រុក​ឧដុង្គ​ហើយ​ ស្ដេច​ទៅ​ថ្វាយ​បង្គំ​ព្រះ​ចេតិយ​ ព្រះ​បដិ​មាករ​ ហើយ​ស្ដេច​ត្រឡប់​មក​គង់​ព្រះ​ពន្លា​វិញ​។​ ទ្រង់​ត្រាស់​ចាត់​កង​ទ័ព​ ជា​ច្រើន​កង​ :​

  • ១. ឲ្យចៅ​ពញា​តេជោ ​ចៅ​ហ្វាយ​ស្រុក​សំរោង​ទង​ ជា​មេទ័​ព​មុខ​ កាន់​ពល​ ២០០០០ នាក់​ជា​ទ័ព​ស្រួច​។
  • ២. ឲ្យឧកញ៉ាមនោមេត្រី កាន់ពល ១០០០០ នាក់ជាមេទ័ពស្ដាំ។
  • ៣. ឲ្យឧកញ៉ារាជាមេត្រី ជាមេទ័ពឆ្វេង កាន់ពល ១០០០០ នាក់។
  • ៤. ចៅពញា​មន្ត្រី​ភ័ក្ដី​ ជា​មេ​កង​ទ័ព​ក្រោយ​។​

ទាំង ៤​កង​ឃុំ​ពល ៥០០០០ ​នាក់​ លើក​ជា​ទ័ព​ជើង​គោក​ទៅ​ខែត្រ​កំពង់​សៀម​ ឆ្លង​ទៅ​មាត់​ឃ្មុង​ និង​ ភ្នំ​ពាន​ជាំង​ ស្ទាក់​ផ្លូវ​កុំ​ឲ្យស​ម្ដេច​ចៅ​ពញា​ហែង​ជា​ឪពុក​ក្មេក​ព្រះ​ស្ដេច​កន​ លើក​ទៅ​ជួយ​ព្រះ​ស្ដេច​កន​បាន​។​ ទើប​ទ្រង់​ចាត់​ទ័ព​មួយ​ផ្លូវ​ទៀត​ :

  • ១. ឧកញ៉ាចក្រី "ទេព" កូនទី៣ ពញាមឿង ឃុំពល ២០០០០ នាក់ជាមេកងទ័ពមុខ។
  • ២. ឧកញ៉ាយមរាជ ឃុំពល ១០០០០ នាក់ជាទ័ពឆ្វេង។
  • ៣. ឧកញ៉ាក្រឡាហោម ឃុំពល ១០០០០ នាក់ជាទ័ពស្ដាំ។
  • ៤. ព្រះអង្គឯង ទ្រង់ពល ៤០០០០ នាក់ជាទ័ពហ្លួង។
  • ៥. ឧកញ៉ាមហាមន្ត្រី ឃុំពល ៥០០០ នាក់ជាទ័ពបង្កប់ហើយ ទ្រង់ត្រាស់ផ្ដាំឲ្យធ្វើតាមគ្រប់ប្រការ។

ព.ស. ២០៦៨ , គ.ស. ១៥២៤, ម.ស. ១៤៤៦, ច.ស. ៨៨៦ ឆ្នាំ​វក ឆ​ស័ក​ សម្ដេច​ព្រះ​បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​ លុះ​ទ្រង់​ចាត់​ទ័ព​ស្រេច​ហើយ​ ស្ដេច​ចូល​ស្រង់​ទ្រង់​គ្រឿង​រឿង​រង្គ​សង្គ្រាម​យុទ្ធ​បរិ​សុទ្ធ​ នូវ​គ្រឿង​កកុធ​ភណ្ឌ ​ព្រះ​ហោ​រា​ថ្វាយ​ពិជ័យ​ឫក្ស​ព្រះ​រាជ​គ្រូ​ បុរោ​ហិត​ ថ្វាយ​ទឹក​ស័ង្ខ​ ទឹក​កុណ្ឌី​ ទឹក​ក្លស់​ ផ្លុំ​ត្រែ​ស័ង្ខ​ ក្រុម​សុរិ​យា​តូរ្យ​តន្ត្រី​វាយ​គង​ ទូង​ស្គរ​ ខ្ទ័រ​ខ្ទារ​ ទាំង​ក្រឡា​ប្រឹថ​ពី​ ស្ដេច​គង់​ ព្រះ​រាជ​យាន​ព្រម​ដោយ​នូវ​ស្វេត​ច្ឆ័ត្រ​ ៩​ជាន់​ និង ចាមរ​បៃ​មន​ សែន​ត្វាន់​ ទង់​ឆ័ត្រ​ លឿង ខៀវ ស​ ព្រាត​ ប្រុះ​ឆ្លុះ​សែង​ព្រះ​សុរិយា​ ស្ដេច​យាង​ទៅ​គង់​ព្រះ​ទីនាំង​ចក្រ​ពត្តិ​សារាយ​អណ្ដែត​។​ ឯ​អស់​មន្ត្រី​សេនា​រេហ៍​ពល​ សឹង​ជិះ​ទូក​ហ៊ោ​ទូក​-ង​ មួង​ យោង​ពី​មុខ​ នៅ​ពី​ខាង​ក្រោយ​ តាម​អណ្ដាប់​អណ្ដោយ​ លើក​ចេញ​ទៅ​ប្រថាប់​ទ័ព​ នៅ​ព្រះ​ប្រ​សប់​ ឈប់​ចាំ​ស្ដាប់​សូរ​ស័ព្ទ​គ្រប់​កង​ដែល​លើក​ទៅ​។ ផ្លូវ​ខាង​ណា​ទន់​នឹង​បាន​លើក​ទៅ​ជួយ​ខាង​នោះ​។​

សេចក្ដី​នេះ​ ឈប់​ស្លេះ​តែ​ប៉ុណ្ណេះ ​នឹង តាំង​និយាយ​អំពី​ ព្រះ​ស្ដេច​កន​ កាល​តាំង​ខ្លួន​សោយ​រាជ្យ​ជា​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ក្នុង​ក្រុង​ស្រី​ស​ឈរ​រួច​ហើយ​ ទ្រង់​ព្រះ​តំរិះ​ថា​ : គួរ​គិត​រក​ជ័យ​ភូមិ​ សាង​នគរ​ថ្មី​ ដ្បិត​ផ្លាស់​វង្ស​ថ្មី​។​ ទ្រង់​ព្រះ​តំរិះ​ម៉្លោះ​ហើយ​ ក៏​លើក​ពួក​រាជ​សេវ​កា​មហា​យោធា​ តាម​មាគ៌ា​រង្គាត់​គន់​រក​ទី​ជ័យ​ភូមិ​ ពុំ​ត្រូវ​ព្រះ​រាជ​ហ​ឫទ័យ​ក្នុង​ខេត្ត​ស្រី​ស​ឈរ​សោះ​។​ ស្ដេច​ទៅ​ឯ​ខេត្ត​ព្រៃ​វែង​ ក៏​ពុំ​ត្រូវ​ព្រះ​រាជ​ហ​ឫ​ទ័យ​ លុះ​ប្រាំ​បី​ថ្ងៃ​ដល់​ទៅ​ស្ទឹង​ពាម​មេ​ត្រេក​ ខេត្ត​បាភ្នំ​ ទើប​មាន​ទី​ទំនួល​ស្រួល​ល្អ​ ទ្រង់​ក៏​ឲ្យ​តាំង​បន្ទាយ​វាំង​នៅ​ទី​នោះ​ បាន​ជា​ជាប់​ឈ្មោះ​ហៅ​ទី​កន្លែង​ បឹង​កំពង់​ចៅ​ហ្វា​១​ កំពង់​យម​រាជ​១​ កំពង់​ក្រឡា​ហោម​១​ កំពង់​ចក្រី​១​ នៅ​ទី​នោះ​ ឯ​អ្នក​ស្រុក​ អំពី​ស្រុក​កណ្ដោល​ជ្រុំ​១​ ជើង​បាក់​ដែង​១​ រោង​ដំរី​១​ ព្រៃ​នគរ​១​ គ្រប់​ទិស​ តែង​ត្រេក​មេត្រី​ មក​ចុះ​ចូល​ទៅ​ថ្វាយ​បណ្ណា​ការ​ ច្រើន​ជា​អនេក​ ទើប​ទ្រង់​ប្រែ​ឈ្មោះ​ ទី​ភូមិ​នោះ​ជា​​មេត្រេក​វិញ​។ ទ្រង់​សាង​ព្រះ​នគ​រ​បាន​ ៨​ខែ​ ពុំ​ទាន់​ស្រេច​ ស្ដេច​ទ្រង់​ព្រះ​តំរិះ​យល់​ជា​ថ្មី​ថា​ :​ តាំង​ព្រះ​នគរ​នេះ​ ជិត​នៅ​ដែន​យួន​ណាស់​ បើ​យួន​លើក​មក​ នឹង​ពិបា​ក​កេណ្ឌ​ពល​ ត​ច្បាំង​ឲ្យ​រួស​រាន់​មិន​ទាន់​ការណ៍​ ទ្រង់​ជំនុំ​ព្រម​សេនា​បតី​ហើយ​ ព្រម​រាជ​សេវ​កា​មាត្យា​ មុខ​មន្ត្រី​ព្រះ​ស្នំ​ក្រម​ការ​សេនា​យោធា​ ទៅ​រក​ទី​ជ័យ​ភូមិ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​។​

លុះដល់​ទៅ​ទី​មួយ​អន្លើ​ វាយ​គង​ហៅ​គ្នា​វាស់​នាទី​ជីក​ដី ជា​ស្នាម​ភ្លោះ ក​បន្ទាយ​តែ​ ៥​ សិន​បួន​ជ្រុង​។​ នោះ​មាន​ខ្លះ​មិន​ពេញ​ចិត្ត​ថា​ ដ្បិត​តូច​ខ្លះ​ថា​ ទី​នេះ​មិន​មាន​ជ័យ​ភូមិ​ល្អ​ទេ​ តែ​វាយ​គង​ហៅ​ប្រជុំ​គ្នា​កាល​ណា​ ស្ដី​ដោយ​គ្នា​ថា​ ព្រោះ​គំនិត​អ្នក​នេះ​យ៉ាង​នេះ​ អ្នក​នោះ​យ៉ាង​នោះ​ កើត​ជំលោះ​ឈ្លោះ​ដោយ​គ្នា​វឹក​វរ​។​ លុះ​មាន​រាស្ត្រ​ទៅ​នៅ​ ជាប់​ឈ្មោះ​ហៅ​ ភូមិ​អាដោល​គង​ជ័យ​បន្ទាយ​វរ​តាម​ហេតុ​ ដែល​ជេរ​ដោល​គ្នា​ និង វាយ​គង​រៀង​មក​។​ កាល​ធ្វើ​បន្ទាយ​នៅ​ទី​នោះ​មិន​ស្រុះ​ស្រួល​ហើយ​ ទើប​ទ្រង់​ពិនិត្យ​ទៅ​ឃើញ​ថា​ : ត្រូវ​រក​ទី​កន្លែង​មួយ​ទៀត​ ឲ្យ​ជីក​ដី​ធ្វើ​បន្ទាយ​ ៤​សិន​បួន​ជ្រុង​ តែ​មិន​ទាន់​ហើយ​ទេ​ ទ្រង់​ឲ្យ​ឈ្មោះ​ហៅ​ បន្ទាយ​ស្រឡប់​ពិ​ជ័យ​នគរ​ធ្វើ​ជិត​ នឹង រួច​ហើយ ​ពិគ្រោះ​ទៅ​យល់​ថា​ តូច​ទាប​ណាស់​ មិន​សម​ជា​ក្រុង​ធំ​ មិន​ល្មម​ នឹង ពល​ប្រាំពីរ​ប្រាំ​បី​ស្បែក​ នៅ​បាន​ឡើយ​ ហើយ​ទី​នោះ​ ទឹក​ក៏​ពុំ​សូវ​បរិ​បូណ៌​ ឃើញ​មាន​ទី​ខាង​ត្បូង​នោះ​ចំងាយ​ប្រមាណ​ប្រាំ​មួយ​ប្រាំ​ពីរ​សិន​ មាន​ដី​ទំនា​ប​ជ្រាប​មាន​ទឹក​ មាន​ទូល​ល្អ​ ជំនុះ​ព្រម​ ទើប​រើ​ពិធី​នោះ​ ទៅ​តាំង​បន្ទាយ​ទៅ​ទី​នោះ​ បណ្ដោយ​ ២៥ ​សិន​ ទទឹង ​១៥ សិន​ កំពស់​ ១៥​ហត្ថ​ ជា​បន្ទាយ​ស្ដេច​គង់​។​ ទ្រង់​ឲ្យ​ធ្វើ​បន្ទាយ​មួយ​ទៀត​ជា​ខាង​លិច​ បន្ទាយ​ស្ដេច​គង់​នោះ​ ចំងាយ​ពីរ​សិន​ ជា​បន្ទាយ​សម្រាប់​ចំបាំង​ ទទឹង​បួន​សិន​ បណ្ដោយ​ប្រាំ​មួយ​សិន​ បន្ទាយ​ទាំង​ពីរ​នោះ​ កំពស់​ខាង​លើ​បី​ព្យាម​ កំរាស់​ជើង​ទេរ​ប្រាំ​មួយ​ព្យាម​ កំពស់​ម្ភៃ​ហត្ថ​ ស្នាម​ភ្លោះ​ អម​បន្ទាយ​ ដែល​ស្ដេច​គង់​នោះ​ ទទឹង​ពីរ​សិន​ជុំវិ​ញ​។​ ស្នាម​ភ្លោះ ​បន្ទាយ​ចម្បាំង​នោះ ​ទទឹង​មួយ​សិន​បី​ជ្រុង​ គិត​តែ​ជ្រុង​ខាង​ជើង​ ត្បូង​ ឯ​ក្នុង​បន្ទាយ​ស្ដេច​គង់​ទិស​ខាង​លិច​ ទិស​ខាង​កើត​បន្ទាយ​ចំបាំង​នេះ​ដាក់​រោង​ដំរី​ រោង​សេះ ​រោង​ព្រះ​រាជ​យាន​ ក្នុង​បន្ទាយ​ចំបាំ​ង​នោះ​ ឲ្យ​តាំង​រោង​ទាហាន​ ២២​ខ្នង​ និង វែង​ជុំ​វិញ​ ក្នុង​បន្ទាយ​ដែល​ស្ដេច​គង់​នោះ​ ឲ្យ​តាំង​កំពែង​កែវ​បី​ វាស់​ជុំវិញ​ហើយ​ឲ្យ​សាង​ប្រាសាទ​ពីរ​ សាង​ព្រះ​ចន្ទ​ឆា​យា ​១​ ដំណាក់​ព្រះ​ស្នំ​២២​ ក្នុង​ព្រះ​រាជ​មន្ទីរ​ធំ​នោះ​មាន​ក្រឡា​ព្រះ​បន្ទុំ​ធំ​មួយ​ ក្រឡា​ព្រះ​បន្ទុំ​តូច​៧​ ជា​សម្រាប់​តែង​ព្រះ​អង្គ​ ទ្រង់​គ្រឿង​តាម​ថ្ងៃ​ទាំង​ ​៧​។​ ប្រា​សាទ​ ព្រះ​ដំណាក់​ទាំង​ប៉ុន្មាន​ សឹង​តែ​ឲ្យ​លាប​ម្រ័ក្ស​ណ៍​ជាតិ​ហិង្គុល​ បិទ​មាស​ឆ្លុះ​ឈ្លាស​ រន្ទាល​ច្រាល​ឆ្អៅ​។​ ទ្រង់​ឲ្យ​ជីក​ស្រះ​ស្រង់​ សួន​ច្បារ​ ផ្កា​ស៊ុម​ខាង​ក្នុង​សម្រាប់​ស្រង់​ និង​ សម្រាប់​ព្រះ​ស្នំ​ក្រម​ការ​ងូត​ទឹក​ ខាង​មុខ​កំផែង​កែវ​នោះ​។​

 ទ្រង់​ឲ្យ​ជីក​ស្រះ​ធំ​មួយ​ ឲ្យ​ចៅ​ពញា​វៀង​ជីក​ទិស​ខាង​ត្បូង​ ចៅ​ពញា​​វាំង​ ជីក​ទិស​ខាង​ជើង​ចៅ​ពញា​ស្រាល​ជីក​ទិស​ខាង​កើត​ ចៅ​ពញា​លំពាំង​ជីក​ទិស​ខាង​លិច​ ទំហំ​ស្រះ​នោះ​មួយ​សិន​ប្រាំ​ព្យាម​បួន​ជ្រុង​ ហើយ​ទ្រង់​ត្រាស់​បង្គាប់​ ចៅ​ពញា​ស្រាល​គឺ​ទី​ក្រឡា​ហោម​ ឲ្យចាប់​ត្រី​ព្រួល ​រ៉ស់​ ឆ្ដោ​ ទៅ​លែង​ក្នុង​ស្រះ​ខាង​ក្នុង​ខាង​ក្រៅ​ តាម​ស្នាម​ភ្លោះ​បន្ទាយ​នោះ​។​ ស្រុក​នោះ​ សម្បូណ៌​ត្រី​ មិន​ឲ្យ​ខ្ញុំ​រាជ​ការ​អត់​ឃ្លាន​ហើយ​ក្នុង​ព្រះ​រាជ​វាំង​នោះ​ទ្រង់​ ឲ្យ​ធ្វើ​ថែវ​ជុំ​វិញ​ និង​រោង ផ្លូវ​ដើរ​ទៅ​មក​មិន​ឲ្យ​ត្រូវ​ថ្ងៃ​ត្រូវ​ភ្លៀង​ទេ​។​ ខាង​ក្រៅ​បន្ទាយ​ទាំង​ពីរ​នោះ​ ទ្រង់​ត្រាស់​ឲ្យ​ធ្វើ​បន្ទាយ​ឆាក់​ ទាំង​ ៨ ទិស​សម្រាប់​ចំបាំង​ ហើយ​ឲ្យ​ធ្វើ​ឃ្លាំង​តាំង​ទុក​ក្នុង​បន្ទាយ​ ១៥ ​ខ្នង​ សម្រាប់​ដាក់​ស្រូវ​អង្ករ​ ត្រី​ងៀត​ត្រី​ឆ្អើរ​ និង​ភោជ​នា​ហារ​សម្រាប់​ចែក​ចាយ​ សេនា​ទា​ហាន​រេហ៍​ពល​ មិន​ឲ្យ​អត់​ឃ្លាន​។​

សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ អង្គ​នេះ​ ព្រះ​អង្គ​ពុំ​មាន​អគ្គ​មហេ​សី​ទេ​ ព្រះ​អង្គ​បាន​ព្រះ​នាង​ ផា​លែង​ ជា​កូន​សម្ដេច​ពញា​ហែង​លើក​ឡើង​ជា​ព្រះ​ស្នំ​ឯក​។​ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ព្រះ​ស្នំ​ឯក​ណាស់​។​ ឲ្យ​តាំង​ប្អូន​ព្រះ​ស្នំ​ឯក​ ជា​ស្នង​ធ្នឹម​ព្រះ​នគរ​។​

 ឯ​បន្ទាយ​នោះ​ មាន​ទ្វារ​ធំ ​​៤​ ទ្វារ​តូច​តាម​ជ្រុង​បន្ទាយ​ ៤​។ ទ្វារ​ធំ​ខាង​កើត​ឲ្យ​ឈ្មោះ​ហៅ​ថា​ ទ្វារ​ចក្រ​ ឲ្យ​ពញា​ឆ្លូក​រាជ​ការ​នៅ​រក្សា​ ជា​ទ្វារ​សម្រាប់​ ស្ដេច​ឡើង​គង់​ព្រះ​បញ្ជរ​ទត​ទិស​នានា​។​ ទ្វារ​ធំ​ខាង​ត្បូង​ឲ្យ​ឈ្មោះ​ហៅ​ថា​ ទ្វារ​ស្នង​ទ្រង់​ ស្ដេច​ឲ្យ​ស្នង​ធ្នឹម​ព្រះ​នគរ​ជា​ប្អូន​ថ្លៃ​នៅ​ថែ​រក្សា​ត្រួ​ត្រា ​ហើយ​ជា​សម្រាប់​ស្ដេច​ ចេញ​ទត​សេនា​ទា​ហាន​ សម​ថ្វី​ដៃ​។​ ទ្វារ​ធំ​ខាង​លិច​ ឲ្យ​ឈ្មោះ​ហៅ​ថា​ ទ្វារ​រោង​ ស្ដេច​ឲ្យ​ពញា​រោង​រាជ​ភក្ដី​ នៅ​ត្រួត​ត្រា​សម្រាប់​ស្ដេច​ចេញ​ទត​ដំរី​ សេះ​ ព្រះ​រាជ​យាន​។​ ទ្វារ​ធំ​ខាង​ជើង​ឲ្យ​ឈ្មោះ​ហៅ​ថា​ ទ្វារ​ត្រាច់​ ឲ្យ​ពញា​ត្រាច់​សារ​វន្ត​ នៅ​ត្រួត​ត្រា​ សម្រាប់​ស្ដេច​នាំ​ព្រះ​ស្នំ​ក្រម​ការ​ ចេញ​ទៅ​ប្រពាត​ព្រឹក្សា​ទាំង​ឡាយ​ជា​ទី​កំសាន្ត​ព្រះ​រាជ​ហ​ឫ​ទ័យ​។​​

ក្នុង​កំពែង​ព្រះ​វិហារ​ ស្ដេច​សាង​វត្ត​ សាង​ប្រា​សាទ​​មួយ​​ហើយ​​យក​​មាស​ខ្មៅ ​សាង​ព្រះ​ពុទ្ធរូប​មួយ​ព្រះ​អង្គ​ មាន​ព្រះ​ភ្នែន​ ១២​ធ្នាប់​ កំពស់ ២០​ធ្នាប់​តម្កល់​ក្នុង​ប្រាសាទ​នោះ​។ ទ្រង់​តាំង​នាម​ហៅ​ព្រះ​អង្គ​ខ្មៅ​ ទ្រង់​តាំង​នាម​​ចៅ​អធិការ​វត្ត​នោះ​ថា​ ព្រះ​អរិយ​ញាណ​សាគរ​ អា​ប៉ោ ប្រ​គេន​រេហ៍​ពល​ ៥០០​ នាក់​ជា​សម្រាប់​វត្ត​។ ទ្រង់​តាំង​នាម​វត្ត​នោះ​ហៅ​ថា​ វត្ត​ប្រា​សាទ​ ខ្លះ​ហៅ​ថា​ វត្ត​ខ្មៅ​។​​

ឯ​អ្នក​ព្រះ​ម្នាង​ ផា​លែង​នោះ​សាង​ព្រះ​អារាម​មួយ​ខាង​ជើង​បន្ទាយ​ពិជ័យ​ព្រៃ​នគរ​។​ លុះ​សាង​រួច​ហើយ​ នាង​ឲ្យ​ជញ្ជូន​សព្វ​ទ្រព្យ​ទាំង​ពួង​ ទៅ​គរ​ថ្វាយ​ព្រះ​ស្រី​រតន​ត្រ័យ​នៅ​ទី​នោះ​ បាន​ជា​ជាប់​ឈ្មោះ​មក​ហៅ​វត្ត​គរ​ សព្វ​ថ្ងៃ​នេះ​។​ ឯ​ក្រុង​ពិជ័យ​ព្រៃ​នគរ​នោះ​ ទ្រង់​ឲ្យសាង​ថ្នល់​មួយ​ តម្រង់​ទៅ​ខេត្ត​រោង​ដំរី​ ដើម្បី​ជា​សម្រាប់​ព្រះ​អង្គ​ យាង​​ទៅក្រ​សាល​សមុទ្រ​ ថ្នល់​មួយ​នៅ​វត្ត​ព្រះ​ធាតុ​ ដើម្បី​សម្រាប់​ស្ដេច​ ព្រះ​រាជ​ដំណើរ​ទៅ​ថ្វាយ​បង្គំ​ គោរព​ព្រះ​បរម​ធាតុ​ ព្រះ​អរ​ហន្ត​ថេរ​។ ​

សេច​ក្ដី​នេះ​ ស្លេះ​ទុក​ត្រឹម​នេះ​សិន​ នឹង អធិប្បាយ​អំពី​វត្ត​ព្រះ​ធាតុ​នេះ​ត​ទៅ​។ កាល​ផែន​ដី​ព្រះ​បាទ​អរត្ត​ពល​ពា​សោ​នោះ​ ព្រះ​អង្គ​ចាត់​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ​ព្រះ​នាម​ពញា​អរ​ តាំង​ជា​សម្ដេច​ចៅ​ពញា​អរ​ជូន​ ឲ្យ​មក​គ្រង​ស្រុក​ត្បូង​ឃ្មុំ​ ជា​សាមល​រាជ​ធំ​។​ សន្ត​តិ​វង្ស​ពញា​អរ​ គ្រង​ស្រុក​នេះ​បាន​ ៨​ ត​លុះ​ផុត​បុត្រ​ព្រះ​រាជ​ត្រកូល​នោះ​ទៅ​ ដោយ​ព្រះ​រាជ​ជាន់​ក្រោយ​ៗ​ របស់​សម្ដេច​ចៅ​ពញា​អរ​ជូន​នោះ​អា​ឥត​បុត្រ​ នឹង ត​វង្ស​នោះ​ក្នុង​ផែន​ដី​ព្រះ​បាទ​ធម្មា​សោក​រាជ​ ព្រះ​អង្គ​ចាត់​​ព្រះ​រាជ​នត្តា​មួយ​ព្រះ​នាម​ព្រះ​អង្គ​កែម​ ឲ្យ​មក​គ្រង​ស្រុក​ត្បូង​ឃ្មុំ ​តាំង​ព្រះ​នាម​ជា​សម្ដេច​ចៅ​ពញា​អរ​ជូន​ ព្រះ​អង្គ​កែម​ មាន​ទ្វារ​៤​ ចៅ​មឿង ​៥ ​គឺ​ : មឿង​ទួល​អង្គុញ​ ងារ​ជា​ឧក​ញ៉ា​រិទ្ធី​តេជោ​ ១​ ចៅ​មឿង​ព្រៃ​ជើក​តួ​ ងារ​ជា​ឧក​ញ៉ា​ក្រៃ​សរ​ សេនា​ចាប់​ជូន​១​ ចៅ​មឿង​ជុំ​ចែ​ ងារ​ជា​ឧក​ញ៉ា​មន្ត្រី​ស្នេហា​ ១​ ចៅ​មឿង​ជ្រៃ​រហា​ ងារ​ជា​ឧក​ញ៉ា​ចន្ទ​អន្សា​១​ ចៅ​មឿង​ថ្ម​គ្រែ​ ងារ​ជា​ឧក​ញ៉ា​គី​រីពុទ្ធ​បាទ​១​។ មាន​ទ្វារ​៤​ទ្វារ​រូង​ ងារ​ជា​ឧក​ញ៉ា​ក្រៃ​សរ​សង្គ្រាម​រូប​ ១​ ទ្វារ​រៀល​ងារ​ជា​ឧក​ញ៉ា​ក្រៃ​យោធា​រៀល​១​ ទ្វា​រលោ​ ងារ​ជា​ឧក​ញ៉ា​ក្រៃ​អនុ​ជិត​ទ្វា​លោ​១​ ទ្វារ​កត់​ងារ​ជា​ឧក​ញ៉ា​រឿង​រង្គ​ ទ្វារ កត់​១​។​

​ សម័យ​ថ្ងៃ​មួយ​នោះ​ បណ្ដា​អ្នក​ស្រុក​ទាំង​ប៉ុន្មាន​ ក្រឡេក​ទៅ​ឃើញ​ព្រះ​អរ​ហន្ត​ហោះ​ធ្យាន​លើ​អាកាស​ ធ្លាក់​មក​លិច​ទៅ​ក្នុង​ដី​បាត់​ បែក​រស្មី​ជា​ ៧​ពណ៌​ ក៏​នាំ​គ្នា​ឆោ​ឡោ​ជីក​ដី​នោះ​ទៅ​ ជ្រាប​ដល់​សម្ដេច​ចៅ​ពញា​អរ​ជូន​អង្គ​កែម​​ ព្រះ​អង្គ​ក៏​ទ្រង់​សាទរ​ ចេញ​មក​ឃោស​នា​អស់​ក្រម​ការ​ ឲ្យ​ជួយ​ជីក​ដី​នោះ​ទៅ​ ឃើញ​ព្រះ​បរម​សារី​រិក​ធាតុ​ ហើយ​ក៏​ឆោ​ឡោ​ធ្វើ​សក្ការ​បូជា​ ធ្វើ​ព្រះ​អារាម​ ធ្វើ​ព្រះ​វិហារ​ សីមា​ ព្រះ​​ចេតីយ​ សុទ្ធ​សឹង​តែ​ពី​ថ្ម​ ល្អ​ថ្លៃ​ថ្លា​ បញ្ចុះ​ព្រះ​បរម​សារី​រិក​ធាតុ​ រួច​តាំង​នាម​ចៅ​អធិ​ការ​ វត្ត​នោះ​ជា​ សម្ដេច​ព្រះ​សិរី​ធម្ម​ធាតុ​តាំង​នាម​វត្ត​នោះ​ហៅ​ វត្ត​ព្រះ​ធាតុ​ បាន​ជា​ជាប់​ហៅ​វត្ត​ព្រះ​ស្រី​ ព្រះ​ធាតុ​រៀង​មក​។​ ព្រះ​អង្គ​ធ្វើ​បុណ្យ​ឆ្លង​៣​ខែ​ និមន្ត​ព្រះ​សង្ឃ​ទេសនា​ តាំង​ពី​ ៥០​ ជាតិ​ មក​ដល់​ទស​ជាតិ​ ហើយ​សម្ដេច​ចៅ​ពញា​អរ​ជូន​អង្គ​កែម​ សព្វ​ព្រះ​ទ័យ​ នឹង រឿង​ព្រះ​មហោ​សថ​ណាស់​ទ្រង់​ត្រាស់​ឲ្យ​ជីក​ជា​អុង​ម៉ុង​ ១​ តែ​អុង​ម៉ុង​នោះ​តូច​ ទ្រង់​សព្វ​ព្រះ​ទ័យ​ ទ្រង់​ឲ្យ​ជីក​មួយ​ទៀត​ ទំហំ​ទទឹង​១៤​ ហត្ថ​ កំពស់​១៥​ហត្ថ​ ជម្រៅ​ទទឹង​ចម្ងាយ​វែង​ឆ្ងាយ​ទៅ​ដល់​មាត់​សមុទ្រ​ដែល​នៅ​ស្រុក​យួន​ ជា​តំណាង​អុង​ម៉ុង​ព្រះ​មហោ​សថ​ បាន​ជា​អ្នក​ស្រុក​ហៅ​ អុង​ម៉ុង​ ព្រះ​មហោ​សថ​រៀង​មក​។​

នេះ​នឹង​និយាយ​អំពី​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ម្ចាស់​ផែន​ដី​ត្រើយ​ខាង​កើត​ ដែល​ទ្រង់​មក​ចាត់​ឲ្យ​សម្ដេច​ចៅ​ហ្វា​កៅ​ នាំ​គ្រប់​គ្រួ​ទៅ​ហើយ​ ត្រាស់​បង្គាប់​ចៅ​ពញា​វៀង​ ចៅ​ពញា​វាំង​ ចៅ​ពញា​ស្រាល​ ចៅ​ពញា​លំពាំង​ កេណ្ឌ​កង​ទ័ព​មក​ឲ្យ​រក្សា​ព្រះ​នគរ​ ទើប​បាន​តែ ១០០០០ នាក់​នោះ​ នាយ​គយ​ខាង​ពាម​ផ្កាយ​ម្រេច​ ១​ នាយ​គយ​ខាង​ខែត្រ​ព្រៃ​វែង​១​ នាយ​គយ​ខាង​ពាម​រ​ ១​ ទាំង ​៣​ មេ​គយ​នេះ​ យល់​កង​ទ័ព​ទាំង ​៣​ផ្លូវ​ លើក​ដល់​ទៅ​ហើយ​ក៏​ភិត​ភ័យ​ ឡើង​សេះ​ចូល​ទៅ​ប្ដឹង​សេនា​បតី​ឲ្យ​យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ត្រាស់​ថា​ :​ យើ ​ពញា​ចន្ទ​រាជា​ អញ​ស្មាន​ថា បាន​ផែន​ដី​តែ​ប៉ុណ្ណោះ​ក៏​នឹង​គិត​នៅ​ស្ងៀម​ រក្សា​តែ​ផែន​ដី​ដោយ​ខ្លួន​ឲ្យ​រាស្ត្រ​រក​ស៊ី​ឲ្យ​សុខ​សប្បាយ​ទៅ​ហើយ​ ឥឡូវ​រុក​រាន​ទន្ទ្រាន​លើក​យក​យោធា​ទាហាន​ តាម​មក​ទៀត​។​ ខណៈ​នោះ​ទ្រង់​ត្រាស់​បង្គាប់​សេនា​បតី​ទាំង​ ៤ ឲ្យ​តឿន​ពល​ឡើង​រក្សា​នាទី​ភាគ​បន្ទាយ​ តែ​កាល​ពិនិត្យ​រេហ៍​ពល​ទៅ​ឃើញ​បាន​ចំនួន​ បាន​តែ ១០០០០​នាក់​ ទ្រង់​យល់​ថា​នឹង​ទប់​រក្សា​បន្ទាយ​ព្រះ​រាជ​វាំង​ពុំ​បាន​ ទើប​ទ្រង់​ត្រាស់​ឲ្យ​កៀរ​គ្រួ ​លើក​ចោល​បន្ទាយ​បាសាន​។​ លុះ​ធ្វើ​ដំណើរ​មក​ទ័ព​ព្រះ​ស្រី​ជេដ្ឋា​ ក៏​មក​ជួប​ប្រទះ​នឹង​ទ័ព​ចៅ​ពញា​សួគ៌ា​លោក​ "សុខ"​ កូន​ពញា​មឿង​។​ ទ័ព​ទាំង​សង​ខាង​ ក៏​បាន​ច្បាំង​គ្នា​ ពី​ព្រឹក​លុះ​ថ្ងៃ​ត្រង់​ តែ​ពុំ​ទាន់​ឈ្នះ​ចាញ់​។ ឧក​ញ៉ា​ចក្រី ​"ទេព"​ កូន​ទី៣​របស់​ពញា​មឿង​ និង​ ចៅ​ពញា​តេជោ​ ចៅ​ហ្វាយ​ស្រុក​ខែ​ត្រ​សំរោង​ទង​ បាន​ដឹង​ថា ​:​ ព្រះ​ស្ដេច​កន​ និង មុខ​មន្ត្រី​រេហ៍​ពល​ រត់​ចោល​បន្ទាយ​ដូច្នោះ​ហើយ​ ព្រម​ទាំង​ឮ​សូរ​កាំ​ភ្លើង​ កំពុង​ច្បាំង​គ្នា​ជា​ខ្លាំង​ណាស់​ទៀត​ ក៏​តឿន​កង​ទ័ព​ស្រូត​តាម​ទៅ​ហើយ​ បាន​ទាន់​កំពុង​ច្បាំង​គ្នា​។​ មេ​ទ័ព​ទិស​ខាង​លិច​ទាំង​ពីរ​កង​ ក៏​ដេញ​ពល​ឲ្យ​ចូល​ជួយ​ច្បាំង​ ប្រកាប់​គ្នា​យ៉ាង​សាហាវ​ ពល​ខ្មាំង​ស្លាប់​ជា​ច្រើន​។ មេ​ទ័ព​ត្រើយ​ខាង​លិច​ព្រួត​គ្នា​ចូល​ទៅ​ប្រយុទ្ធ​ និង​ចាប់​ព្រះ​ស្ដេច​កន​ទៀត​ តែ​ស្ដេច​កន​ ខំ​បរ​ពល​វាយ​ទំលាយ​ តែ​ពុំ​រួច​ក៏​ថយ​ កង​ទ័ព​ និង គ្រប់​គ្រួ ចូល​ទៅ​នៅ​ក្នុង​បន្ទាយ​ស្រី​ស​ឈរ​វិញ​ ហើយ​ឲ្យ​បិទ​ទ្វារ​បន្ទាយ​ឲ្យ​រេហ៍​ពល​ឡើង​រក្សា​នាទី​បន្ទាយ​ជា​មាំ​មួន​។​ ឯ​ស្នា​ព្រះ​អង្គ​ ជា​ក្មួយ​ព្រះ​ស្ដេច​កន​ ឃុំ​ពល ៥០០​នាក់​នៅ​ក្រៅ​បន្ទាយ​លុះ​ឃើញ​ព្រះ​ស្ដេច​កន​ ជាប់​ចំណោម​ហើយ​ នាំ​ពល​ ៥០០​ នាក់​នោះ​ វាយ​ជ្រែក​ចូល​ទៅ​ ក៏​ពុំ​បាន​ទើប​ស្នា​ព្រះ​អង្គ​ជិះ​សេះ​ បរ​ជា​ប្រញាប់​ទៅ​ជម្រាប​សម្ដេច​ចៅ​ហ្វា​កៅ​ នៅ​បន្ទាយ​ពិជ័យ​ព្រៃ​នគរ​ តាម​ហេតុ​គ្រប់​ប្រការ​។ សម្ដេច​ចៅ​ហ្វា​កៅ ​លុះ​បាន​ដឹង​ហើយ​ ក៏​និយាយ​ នឹង សម្ដេច​ចៅ​ពញា​ហែង​ ជា​បិតា​ក្មេក​ព្រះ​ស្ដេច​កន​ និង​ឧក​ញ៉ា​ចក្រី​ជា​មា ព្រះ​ស្ដេច​កន​ ពញា​ស្នង​ធ្នឹម​ព្រះ​នគរ​ "ផា​លង់​"​ ជា​ប្អូន​ថ្លៃ​ព្រះ​ស្ដេច​កន​ ​ថា ​:​ ឲ្យ​នៅ​ត្រួត​បន្ទាយ​ឲ្យ​មាំ​មួ​ន​ កុំ​ឲ្យ​ធ្វេស​ប្រហែស​។ កាល​មន្ត្រី​ទាំង ​៣ នាយ​ទទួល​ពា្យ​ហើយ​សម្ដេច​ចៅ​ហ្វា​កៅ​ ក៏​ឡើង​ជិះ​សេះ​នាំ​ពល ៥០០០០ នាក់​ លើក​ស្រូត​ទៅ​ជួយ​ព្រះ​ស្ដេច​កន​។ លុះ​ឃើញ​ទ័ព​ខាង​លិច​ កំពុង​តែ​ចោម​បន្ទាយ​ដូច្នោះ​ ក៏​បរ​ពល​វាយ​ជ្រែក​ចូល​ទៅ​។​ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ព្រះ​ស្ដេច​កន​ នៅ​លើ​ក្បាល​បន្ទាយ​ ឃើញ​មាន​កង​ទ័ព​ជ្រែក​ចូល​មក​ អរ​ណាស់​ ក៏​នាំ​ចៅ​ពញា​វៀង​ ចៅ​ពញា​វាំង​ ចៅ​ពញា​ស្រាល​ ចៅ​ពញា​លំពាំង​ វាយ​ជ្រែក​ចំណោម​ចេញ​ទៅ​ តែ​វាយ​បាន​៣​ថ្ងៃ​ហើយ​ក៏​នៅ​តែ​ចេញ​ពុំ​រួច​។​

 ឯ​សម្ដេច​ព្រះ​ឧត្តម​បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​ធិរាជ​ ព្រះ​អង្គ​លើក​ទ័ព​ទៅ​ដល់​ភូមិ​ស្វាយ​ ឫស្សី​ស្រុក​ហើយ​ទ្រង់​ជ្រាប​ថា ​:​ មេទ័ព​ទាំង​ ៣ ចោម​បន្ទាយ​​ព្រះ​ស្ដេច​កន​ ៣​ថ្ងៃ​ហើយ​ពុំ​បែក​ ចាប់​ខ្លួន​ពុំ​បាន​ ពុំ​ទាន់​ឈ្នះ​ចាញ់​ ទើប​ទ្រង់​ត្រាស់​ប្រើ​សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​ឲ្យ​លើក​ទ័ព​ទៅ​ជួយ​ថែម​ទៀត​ ហើយ​ព្រះ​អង្គ​លើក​ទ័ព​ទៅ​តាំង​បន្ទាយ​ឈប់​ទ័ព​នៅ​ទន្លេ​បិទ​ ខែត្រ​ត្បូង​ឃ្មុំ។​ ស្រេច​ហើយ ទ្រង់​ចាត់​ឧក​ញ៉ា​មហា​មន្ត្រី​ឲ្យ​ឃុំពល​ ១០០០០ នាក់​ ឲ្យ​លើក​ទ័ព​ទៅ​បង្កប់​ក្នុង​ព្រៃ​រំលោង​ប្រប​ផ្លូវ​ចង្អៀត​ ទ្រង់​ផ្ដាំ​ថា​ :​ បើ​ឃើញ​ទ័ព​អា​ខ្មាំង​លើក​ទៅ​ជួយ​ ឬ​ លើក​រត់​ចេញ​ពី​បន្ទាយ​មក​ ឲ្យ​លើក​ទ័ព​ទៅ​បោះ​ស្កាត់​ពី​មុខ​វា​ ចាប់​វា​ឲ្យ​បាន​កុំ​ឲ្យ​អា​ខ្មាំង​រត់​រួច​។​ ទ្រង់​ត្រាស់​បង្គាប់​ព្រះ​សុ​ទត្ត​ ឲ្យ​ឃុំ​ពល​កាំ​ភ្លើង​តូច​ ២៥០​នាក់​ឲ្យ​ទៅ​បង្កប់​ចាំ​មើល​ឃើញ​កង​ទ័ព​ខ្មាំង​ចុះ​ក្នុង​ផ្លូវ​រំលោង​ហើយ​ ទ្រង់​ផ្ដាំ​ថា ​:​ ឲ្យ​ព្រួត​គ្នា​បាញ់​ កុំ​ឲ្យ​ខ្មាំង​រត់​រួច​ ទើប​ទ្រង់​ត្រាស់​បង្គាប់​ឧក​ញ៉ា​មហា​ទេព​ ឲ្យ​ឃុំ​ពល ​៤០០​នាក់​ ទៅ​ពួន​ចាំ​នៅ​លើ​ភ្នំ​ពាន​ជាំង​ថា​ បើ​ឃើញ​ទ័ព​ខ្មាំង​មក​ដល់​ឲ្យ​ព្រួត​គ្នា​បាញ់​នឹង​កាំ​ភ្លើង​ធំ​ នឹង​ព្រួត​ប្រមៀល​ដុំ​ថ្ម​ ទម្លាក់​ឲ្យ​ត្រូវ​ពួក​ខ្មាំង​ ចាប់​ខ្មាំង​ឲ្យ​បាន​។ មេ​កង​ ទាំង​បី​ ក៏​ថ្វាយ​បង្គំ​លា​​ធ្វើ​តាម​ត្រាស់​បង្គាប់​។​ ឯ​ចៅ​ពញា​តេ​ជោ ​មេ​ទ័ព​ខាង​លិច​ យល់​ទ័ព​ខ្មាំង​វាយ​ផ្ទប់​ទាំង​ពីរ​ខាង​ នឹង​ ទ្រាំ​ខាង​មុខ​វា​មិន​បាន ទើប​ស្រែក​ឲ្យ​ពល​បើក​ផ្លូវ​ឲ្យ​ខ្មាំង​ចេញ​ទៅ​។​ ឯ​ព្រះ​ស្ដេច​កន​ យល់​ឃើញ​ដូច្នេះ​ហើយ​​​ក៏​នាំ​ពល​ចេញ​ពី​បន្ទាយ​ទៅ​ ទំលាយ​ទ័ព​ដែល​ព័ទ្ធ​ចេញ​បាន​។​ ក្នុង​គ្រា​នោះ​ មេ​ទ័ព​ទាំង​បី​កង​ ក៏​ដេញ​ពល​សត្រូវ​ ចាក់​កាប់​ស្លាប់​ពល​ខ្មាំង​ជាង​ ១០០០០ ប្លាយ​នាក់​។​ ព្រះ​ស្ដេច​កន​ និង​ចៅ​ហ្វា​កៅ​ ខំ​បរ​ពល​ស្រូត​រូត​ ឆ្លង​ទន្លេ​តូច​ ទៅ​តាម​ផ្លូវ​មេស​ព្រះ​ចន្ទ​ កាត់​តម្រង់​ទៅ​ក្រុង​ពិជ័យ​ព្រៃ​នគរ​។​

 ពេល​នោះ​សម្ដេច​ចៅ​ពញា​បែន​ មេ​ទ័ព​ខាង​លិច​ លើក​ទៅ​ប្រទះ​នឹង​ទ័ព​ខាង​កើត​ ដែល​បែក​ខ្ចាត់​ខ្ចាយ​ដូច្នោះ​ ក៏​បរ​ពល​ឲ្យ​ចូល​កាប់​ចាក់​ពល​ខ្មាំង​ស្លាប់​ជា​ច្រើន​ ហើយ​សម្ដេច​ពញា​បែន​ ​ជិះ​សេះ​រាំ​ដាវ​ ខ បរ​ដេញ​ទៅ​ទាន់​ សម្ដេច​ចៅ​ហ្វា​កៅ​។ សម្ដេច​ចៅ​ហ្វា​កៅ​ ​ឲ្យ​ព្រះ​ស្ដេច​កន​បរ​សេះ​រត់​ទៅ​មុន​ឯ​ខ្លួន​ចៅ​ហ្វា​កៅ​ បែរ​មក​ប្រកាប់​ប្រចាក់​គ្នា​មួយ​ស្រ​បក់​ តែ​ទទួល​ជា​ពេល​នោះ​ សេះ​សម្ដេច​ចៅ​ពញា​បែន​ស្រុត​ជើង​ក្នុង​អន្លង់​សម្ដេច​ចៅ​ពញា​បែន​ ក៏​ធ្លាក់​អាវុធ​ពី​ដៃ​ ដូច្នេះ​សម្ដេច​ចៅ​ហ្វា​កៅ​យល់​បាន​ការ​ហើយ​ក៏​ពួយ​នឹង​លំពែង​ទៅ​ត្រូវ​សម្ដេច​ ចៅ​ពញា​បែន​ ធ្លាក់​ពី​លើ​សេះ​ស្លាប់​មួយ​រំពេច​។​ ឯ​មេ​ទ័ព​ខាង​លិច​ទាំង​បី​កង​ លើក​ទៅ​ដល់​ក៏​បរ​ពល​ឲ្យ​ចូល​ច្បាំង​។​ នោះ​សម្ដេច​ចៅ​ហ្វា​កៅ​ ឃើញ​ទ័ព​ខាង​លិច​ច្រើន​លប់​កម្លាំ​ង ក៏​បរ​សេះ​រត់​ទៅ​តាម​ព្រះ​ស្ដេច​កន​។​ ព្រះ​ស្ដេច​កន​ កំពុង​រត់​ក្នុង​ផ្លូវ​រំលោង​លុះ​ឃើញ​សម្ដេច​ចៅ​ហ្វា​កៅ​ មក​ដល់​ហើយ​ ក៏​នាំ​ស្រូត​ទៅ​។​ មួយ​រំពេច​នោះ​ ឧក​ញ៉ា​មហា​មន្ត្រី​យល់​ទ័ព​ខ្មាំង​នៅ​ក្នុង​រំលោង​ ហើយ​ក៏​បរ​ពល​ស្កាត់​ស្ទាក់​ពី​មុខ​ភ្លាម​។ ទ័ព​ខ្មាំង​នឹង​វាយ​ទម្លាយ​ទៅ​ ក៏​ពុំ​រួច​ នឹង​ងាក​ឆ្វេង​ស្ដាំ​ ក៏​ពុំ​បាន​ ព្រោះ​ទើស​នឹង​ច្រាំង​ខ្ពស់​ណាស់​ នឹង​ថយ​ក្រោយ​ក៏​ពុំបាន​ឡើយ​ ហើយ​កង​ទ័ព​ពី​ក្រោយ​ក៏​ដេញ​ប្រ​ផាប់​ជាប់​មក​ដែរ​។ ឃុន​លួង​ព្រះ​ស្ដេច​កន​ ភ័យ​ណាស់​ទើប​ប្រឹក្សា​នឹង​សម្ដេច​ចៅ​ហ្វា​កៅ​​ថា​: យើង​ម្ដង​នេះ​ នឹង​រត់​ទៅ​ខាង​ណា​ ក៏​ពុំ​បាន​ ព្រោះ​សង​ខាង​មាន​ច្រាំង​ខាន់​ ខាង​មុខ​មាន​ទ័ព​គេ​បោះ​ស្កាត់​ ខាង​ក្រោយ​មាន​ទ័ព​គេ​ដេញ​ នឹង​ជ្រែក​ទៅ​ខាង​ណា​ ក៏​ពុំ​រួច​ដែរ​ យើង​មុខ​ជា​ស្លាប់​នៅ​ទី​នេះ​ពុំបាន​។​ ថា​តែ​ម៉្លោះ​ហើយ​ស្ដេច​កន​ ក៏​ក្រាប​យំ​លើ​ខ្នង​សេះ​។​ សម្ដេច​កៅ ​យល់​ដូច្នោះ​ហើយ​ ក៏​ចាប់​ដៃ​ទាញ​ឡើង​ហើយ​ថា​ បើ​មា​ស្លាប់​សុំ​ក្មួយ​ស្លាប់​តាម​។​ បើ​មា​មាន​ជីវិត​រស់​ទេ​ ក្មួយ​នឹង​ភ័យ​ខ្លាច​វា​ថ្វី​។​ ថា​ហើយ​ ចៅ​ហ្វា​កៅ ​ក៏បរ​សេះ​វាយ​ទម្លាយ​ចេញ​ទៅ​។​ ឯ​ព្រះ​សុទត្ត​ យល់​ទ័ព​ខ្មាំង​ជាប់​ចំណោម​ហើយ​ ក៏​បរ​ពល​កាំ​ភ្លើង​ ២៥០ ​នៅ​ឈរ​បាញ់​ពី​លើ​មាត់​ច្រាំង​ទៅ​ ត្រូវ​ពល​ខ្មាំង​ស្លាប់​ជា​ច្រើន​ណាស់​។ សម្ដេច​កៅ​យល់​ដូច្នោះ​ហើយ​ ក៏​ស្រែក​ប្រកាស​ថា ​:​ បើ​យើង​មិន​ខំ​ប្រឹង​ គង់​តែ​ស្លាប់​នឹង​គ្រាប់​កាំ​ភ្លើង​គេ​អស់​មិន​ខាន​ យើង​ស៊ូ​ចូល​ទៅ​ប្រកាប់​ បើ​ស្លាប់​នឹង​ប្រយុទ្ធ​គេ​ យើង​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ដែរ​ បើ​រស់​ យើង​ក៏​បាន​រួច​ទៅ​បន្ទាយ​ជួប​ប្រពន្ធ​កូន​ជា​មិន​ខាន​។​ ឯ​អស់​ពួក​ខ្មាំង​ស្ដាប់​ឮ​ហើយ​ ក៏​ចូល​ចិត្ត​ពួត​ដៃ​គ្នា​ ចូល​វាយ​ទម្លាយ​ទ័ព​មុខ​ត្រា​តែ​រួច​ចេញ​មក​ សល់​នៅ​តែ​មនុស្ស​ ៥០០០ ​នាក់​ ក្រៅ​ពី​នោះ​ស្លាប់​អស់​។ ទ័ព​ទាំង​នោះ​ ក៏​ខំ​ស្រូត​រូត​ រត់​ទៅ​ដល់​ច្រក​ចង្អៀត​ផ្លូវ​ភ្នំ​​ពាន​ជាំង​ អស់​កំលាំង​ណាស់​ ក៏​នាំ​គ្នា​ឈប់​ដាំ​បាយ​ស៊ី​។​ ឧក​ញ៉ា​មហា​ទេព​ យល់​ហើយ​ ក៏​ឲ្យ​ប្រមៀល​ថ្ម​ បាញ់​នឹង​កាំ​ភ្លើង​ ធ្នូ​ ស្នា ​ត្រូវ​ពួក​ពល​ព្រះ​ស្ដេច​កន​ ស្លាប់​ជា​ច្រើន​ទៀត​។​

តទៅលេខ ១៩