ថ្ងៃសៅរ៍ ទី12.ឧសភា 2018.ម៉ោង 8:10
ផែនដី ព្រះស្ដេចកន (ត) លេខ ១៩

ព្រះ​ស្ដេច​កន​ និង​ចៅ​ហ្វា​កៅ​ ព្រម​ទាំង​ទាហាន​ ៥០០០ ​នាក់​ នាំ​គ្នា​រត់​ទៅ​ទៀត​។ ឧក​ញ៉ា​មហា​ទេព​ ដេញ​តាម​ទៅ​ឃើញ​ច្រក​ចង្អៀត​ណាស់​ ក្រែង​ត្រូវ​កល​ឧបាយ​សត្រូវ​ ក៏​វាយ​ស្គរ​ហៅ​ពល​ថយ​មក​ជួប​នឹង​ទ័ព​ទាំង​ ៥​កង​វិញ​ ហើយ​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​សម្ដេច​ ឧត្តម​បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​ សូម​ទ្រង់​ជ្រាប​ គ្រប់​ប្រការ​។​

សម្ដេច​ ព្រះ​បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​​ទ្រង់​ជ្រាប​ថា​ :​ សម្ដេច​ចៅ​ពញា​បែន​ស្លាប់​ ចាប់​ខ្មាំង​ក៏​មិន​បាន​ហើយ​ ទ្រង់​ស្ដាយ​ណាស់​ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ ​: ចៅ​ពញា​បែន​ មិន​គួរ​ជា​ស្លាប់​នឹង​ដៃ​ អា​ខ្មាំង​ឡើយ​។​ ទ្រង់​ព្រះ​ពិរោធ​នឹង​ពួក​អា​ខ្មាំង​ណាស់​ ទើប​ទ្រង់​ត្រាស់ឲ្យ​ឧក​ញ៉ាយម​រាជ​សួស្តិ៍​ ឃុំ​ពល​ ២០០០ នាក់ ទៅ​វាយ​បន្ទាយ​ពិជ័យ​នគរ​ ឲ្យឧក​ញ៉ា​វាំង​ឃុំ​ពល ២០០០០ នាក់​ទៅ​វាយ​ទិស​ខាង​លិច​ ឲ្យ​សម្ដេច​ព្រះ​ភាគិ​នេយ្យោ​យស​រាជា​ ជា​កែវ​នាយក​ មេ​ទ័ព​ធំ​ ត្រួត​ត្រា​លើ​មេទ័ព​ទាំង​អស់​។​ មេ​ទ័ព​ទាំង ​៣​កង​ក៏​លើក​ពល​ទៅ​ចោម​បន្ទាយ​ តាម​ត្រាស់​បង្គាប់​ រៀង​ៗ​ខ្លួន​ពុំ​មាន​ធ្វេស​ប្រហែស​ឡើយ​។​ (សាស្ត្រា​ទាំង​ប៉ុន្មាន​និយាយ​ថា​ ព្រះ​បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​ស្ដេច​ឲ្យ​លើក​ទ័ព​ទៅ​ប្រាំ​កង​ តែ​ដល់​រាប់​ឈ្មោះ​មេ​ទ័ព​ឃើញ​តែ​បី​កង​)​។​

សម្ដេច​ចៅ​ហ្វា​កៅ ដែល​នាំ​ព្រះ​ស្រី​ជេដ្ឋា​ ព្រះ​ស្ដេច​ក​ន​ រត់​ទៅ​នោះ​ លុះ​រត់​ទៅ​ដល់​បន្ទាយ​ហើយ​ ក៏​រួប​រួម​នឹង​សម្ដេច​ចៅ​ពញា​ហែង​ ចៅ​ពញា​ចក្រី​ និង​ ចៅ​ពញា​ស្នង​ធ្នឹម​ព្រះ​នគរ​ "ផាលន"​ នឹង​ចៅ​ពញា​វាំង​ ចៅ​ពញា​ស្រាល​ ចៅ​ពញា​លំពាំង​ តាំង​ឲ្យ​ត្រួត​ត្រា​រក្សា​ពុំ​ហ៊ាន​ធ្វេស​ប្រហែស​ ទាំង​យប់​ទាំង​ថ្ងៃ​។​

មេ​ទ័ព​ទាំង​បី​កង​ ខាង​ព្រះ​បរម​ខត្តិ​យាម​ហាចន្ទ​រាជា​ លុះ​លើក​ទៅ​ដល់​ បង្គាប់​ពល​ឲ្យ​ឡើង​ក្បាល​បន្ទាយ​ ខាង​សត្រូវ​ឥត​មាន​បង្អែប​ង្អង់​ឡើយ​។​ ពួក​ពល​ខ្មាំង​ក៏​ពួយ​នឹង​លំ​ពែងបា​ញ់​នឹង​កាំភ្លើង​ ប្រ​មៀល​ដុំ​ថ្ម​ ទម្លាក់​មក​ត្រូវ​អស់​រេហ៍​ពល​ មេ​ទ័ព​ខាង​លិច​ បណ្ដាល​ឲ្យ​ស្លុត​ស្លាប់​អស់​ជា​ច្រើន​។​ មេ​ទ័ព​ខាង​លិច​យល់​ជា​ ទ្រាំ​ពុំ​បាន​ហើយ​ ក៏​វាយ​ស្គរ​បរ​ពល​ថយ​មក​វិញ​។​ មេ​ទ័ព​ខាង​លិច​ព្យា​យាម​បរ​ពល​ឲ្យ​ចូល​ចោម​បន្ទាយ​ព្រះ​ស្ដេច​កន​ឥត​ឈប់​ឈរ​ តែ​ឡើង​បន្ទាយ​មិន​បាន​។​ ទ័ព​ទាំង​សង​ខាង​ត​តាំង​ច្បាំង​គ្នា​ដូច្នេះ​ដល់​ទៅ​ ៣​ ខែ​ ក៏​យក​បន្ទាយ​នោះ​ពុំ​បាន​ ដ្បិត​បន្ទាយ​នោះ​ ធំ​ហើយ​ខ្ពស់​ៗ​ណាស់​។​

ក្នុង​ខណៈ​នោះ ​ចូល​ក្នុង​ឆ្នាំ​មមី​ ចត្វា​ស័ក​ ព.ស. ២០៦៦, គ.ស. ១៥២២, ម.ស. ១៤៤៤, ច.ស. ៨៨៤ ខែ​ជេស្ឋ ដែល​គួរ​ទុក​ឱ​កាស​ឲ្យ​រាស្ត្រ​ធ្វើ​ស្រែ​ប្រកប​ចំការ​ច្បារ​ដំណាំ ​ទើប​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ម្ចាស់​ផែន​ដី គ្រង​ពិជ័យ​នគរ​ មាន​ព្រះ​រាជ​សារ​ចាត់​ឲ្យ​ចៅ​ពញា​មន្ត្រី​ ជា​រាជ​ទូត​នាំ​ទៅ​ថ្វាយ​ ព្រះ​បរម​ខត្តិ​យា​មហា​បពិត្រ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ផែន​ដី​ត្រើយ​ខាង​លិច​ដែល​មាន​សេច​ក្ដី​ថា :​

 ព្រះរាជសារ មហា​ទិព្វ​វិសេស​ ព្រះ​បាទ​សម្ដេច​ ស្ដេច​ព្រះ​រាជ​ឱង្ការ​ ព្រះ​ស្រី​ជេដ្ឋា​ បរម​ខត្តិ​យា​មហា​ធិប​តី​​សិរីយ​សោធរ​ គ្រង​ពិជ័យ​នគរ​ បវរ​រាជ​ធានី​ ជា​អម្ចាស់​លើ​ត្បូង​។​
ចម្រើន​ផ្លូវ​ព្រះ​រាជ​មេត្រី​ម​ក​ ព្រះ​បាទ​សម្ដេច​ព្រះ​រាជ​ឱង្ការ​ ព្រះ​មហា​ចន្ទ​រាជា​ រាមា​ធិបតី​ទិស​ខាង​លិច
បាន​ទ្រង់​ជ្រាប​។

 យើង​ធ្វើ​មហា​ពិ​ជ័យ​សង្គ្រាម​ នឹង ​គ្នា​ ជា​អង្វែង​ឆ្នាំ​ហើយ​ អស់​អាណា​ប្រជា​នុ​រាស្ត្រ​ ទាស​កម្មករ​ បវរ​រាជ​ធានី​ ក៏​នឿយ​ព្រួយ ព្រាត់​ប្រាស​បុត្រ​ភរិយា​ជា​ច្រើន​។​ ឥឡូវ​នេះ​រដូវ​ដែល​ត្រូវ​រាស្ត្រ​ធ្វើ​ស្រែ​ក៏​មក​ដល់​ហើយ​។ យើង​ជា​ម្ចាស់​ផែន​ដី ​ទិស​ខាង​កើត​យល់​ថា​ គួរ​ឈប់​សង្គ្រាម​មួយ​វេលា​ បង្អង់​ឲ្យ​រាស្ត្រ​ធ្វើ​ស្រែ​ចំការ​សិន​ លុះ​រាស្ត្រ​ធ្វើ​រួច​កាល​ណា​ សុំ​យើង​ធ្វើ​សង្គ្រាម​​ល្បង​ព្រះ​បារមី​ត​ទៅ​ទៀត​។ ព្រះ​អង្គ​ជា​អម្ចាស់​ទិស​ខាង​លិច​យល់​ដូច​ម្ដេច​?​ ថា​បើយ​ល់​ព្រម​ហើយ​ ឲ្យ​រំសាយ​កង​ទ័ព ទៅ​ធ្វើ​ស្រែ​ចំ​ការ​យក​ប្រយោ​ជន៍​ចិញ្ចឹម​បុត្រ​ភរិយា​ តាម​ប្រ​វេណី​ចុះ​។​

 ព្រះ​បាទ​សម្ដេច​ព្រះ​បរម​ខត្តិ​យា​ មហា​ចន្ទ​រាជា​ធិ​រាជ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​ត្រាស់​ នឹង ព្រះ​រាជ​ទូត​ថា​ :​ ម្ចាស់​ឯង​គិត​នេះ ​ក៏​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​ហើយ​។ សេច​ក្ដី​នេះ​អញ​យល់​ព្រម​តាម​ហើយ​ តែ​ឲ្យ​ម្ចាស់ឯ​ង​រំសាយ​កង​ទ័ព​ទៅ​ ជា​មុន​ចុះ​ ចាំ​អញ​រំសាយ​ទៅ​តាម​ក្រោយ​។​ វេលា​នោះ​ចៅ​ពញា​មន្ត្រី ​រាជ​ទូត​ក៏​ថ្វាយ​បង្គំ​ត្រឡប់​ទៅ​ក្រាប​ទូល​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​វិញ​។

សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ គឺ​ព្រះ​ស្ដេច​កន​បាន​ទ្រង់​ជ្រាប​ហើយ​ ក៏​ឲ្យ​រំសាយ​កង​ទ័ព​​ទៅ​ធ្វើ​ស្រែ​ចំការ​ តាម​ភូមិ​លំនៅ​ទី​ទៃ​ៗ​។ ឯ​សម្ដេច​ព្រះ​បរម​ឧត្តម​ ខត្តិ​យា​ចន្ទ​រាជា​ ទ្រង់​ជ្រាប​ដោយ​កង​ល្បាត​ថា​ព្រះ​ស្ដេច​កន​ រំសាយ​ទ័ព​ហើយ​ ព្រះ​អង្គ​ក៏​ឲ្យ​រំសាយ​កង​ទ័ព​ដែរ​ ទ្រង់​ទុក​នៅ​សម្រាប់​បន្ទាយ​ ប្រមាណ​ ១០០០​នាក់​។​

ក្នុង​ថ្ងៃ​មួយ​នោះ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ព្រះ​ហត្ថា​ម្ខាង​ទ្រង់​កៅ​ទណ្ឌ​ ព្រះ​ហត្ថា​ម្ខាង​ទ្រង់​នូវ​ព្រួញ ​២៥​ស្ដេច​នាំ​អ្នក​ព្រះ​ម្នាង​ ផា​លែន​ និង​ព្រះ​ស្នំ​ក្រម​ការ​ យាង​ព្រះ​បាទា​តាម​ផ្លូវ​ថ្នល់​ ទៅ​ថ្វាយ​បង្គំ​ព្រះ​អរហន្ត​ធាតុ​ នៅ​វត្ត​ព្រះ​ធាតុ​តាម​សព្វ​ដង​។​ ព្រះ​រាជ​កិច្ច​នោះ​ដឹង​ដល់​ ឧក​ញ៉ា​យម​រាជ​សួស្តិ៍​ជា​មេទ័ព​ហ្លួង​ខាង​លិច​ ទើប​មេ​ទ័ព​នេះ​ ក៏​ចាត់​កង​ទ័ព​កាំ​ភ្លើង​តូច​ ១០០​នាក់​ឲ្យ​ទៅ​បង្កប់​ចាំ​ក្នុង​ព្រៃ​ ដើម្បី​លប​លុក​ព្រះ​ស្ដេច​កន​។ លុះ​ព្រះ​ស្រី​ជេដ្ឋា​ទៅ​ដល់​ ទាហាន​កាំ​ភ្លើង​ដែល​ឧក​ញ៉ា​យម​រាជ​សួស្តិ៍ ​ចាត់​ទៅ​នោះ​ក៏​បាញ់​ទៅ​ត្រូវ​ដាច់​ព្រះ​ពស្ត្រ​ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា ​៥​គ្រាប់​។ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ទ្រង់​ព្រះ​ពិរោធ​ណាស់​ ទ្រង់​កៅ​ទ័ណ្ឌ​បាញ់​ទៅវិញ​ បាញ់​ម្ដង​ចេញ​ទៅ ៥​ព្រួញ​ ​បាញ់ ៥​ ដង​ត្រូវ​ជា ២៥​ព្រួញ​បណ្ដាល​ឲ្យ​ស្លាប់​ពល ឧក​ញ៉ាយ​មរាជ​សួស្តិ៍ ២៥​នាក់​ ទ័ព​សល់​ពី​នោះ​មិន​ហាន​នៅ​ត​ទៅ​ទៀត​ក៏​បែក​រត់​ទៅ​ប្ដឹង​ឧក​ញ៉ា​យម​រាជ​សួស្តិ៍​វិញ​ តាម​ដំណើរ​គ្រប់​ប្រការ​។​

ខណៈ​នោះ​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ក៏​នាំ​ព្រះ​ស្នំ​ក្រម​ការ​ត្រឡប់​ទៅ​បន្ទាយ​ពិជ័យ​ព្រៃ​នគរ​វិញ​ ហើយ​ទ្រង់​ឲ្យ​តែង​ព្រះ​រាជ​សារ​ ហើយ​ចាត់​ឧក​ញ៉ា​មហា​មន្ត្រី​ទេព​ ឲ្យ​អញ្ជើញ​ព្រះ​រាជ​សារ​នោះ​ ទៅ​ថ្វាយ​ព្រះ​បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​ សូម​ទ្រង់​ជ្រាប​។ រាជ​ទូត ក៏​ក្រាប​ថ្វាយ​បង្គំ​លា​ អញ្ជើញ​ព្រះ​រាជ​សារ​ទៅ​ដល់​សេនា​បតី​ សេនា​បតី​ នាំ​ចូល​ទៅ​ថ្វាយ​ព្រះ​បរម​បពិត្រ​។ ព្រះ​បរម​បពិត្រ​ ស្ដេច​ឲ្យ​អាល័ក្ស​ ថ្លែង​សេច​ក្ដី​តាម​ព្រះ​រាជសារ​ថា​ :​ យើង​ជា​ម្ចាស់​ផែន​ដី​ទិស​ខាង​កើត មាន​ព្រះ​រាជ​សារ​មក​សុំ​ឲ្យ​បញ្ឈប់​សង្គ្រាម​ដើម្បី​ឲ្យ​រាស្ត្រ​ធ្វើ​ស្រែ​ ម្ចាស់​ផែន​ដី​ខាង​លិច​ក៏​ព្រម​ហើយ​។ ឥឡូវ​នេះ​ហេតុ​អ្វី​ ម្ចាស់​ផែន​ដី​ ទិស​ខាង​លិច​ដែល​ធ្វើ​ជា​ព្រះ​មហា​ក្សត្រ​ធំ​ហើយ​ ស្ដេច​មក​ស្រដី​គ្មាន​ពាក្យ​សត្យ​សោះ​ គឺ​ថា​ឲ្យ​ទាហាន​ទៅ​លប​បាញ់​យើង​ក្លែង​ធ្វើ​ដូច​ទ័ព​ចោរ​ប្លន់​ដូច្នេះ ​?​

ព្រះ​បាទ ព្រះបរម​ឧត្តម​ ខត្តិ​យា​មហា​ចន្ទ​រាជា​ ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ព្រះ​ពិរោធ​ខឹង​កង​ទ័ព​ដែល​ទៅ​លួច​បាញ់​នោះ​ ពន់​ប្រមាណ​។ ទ្រង់​ត្រាស់​ឲ្យ​សួរ​រក​មុខ​ទៅ​ឃើញ​ថា​ ឧក​ញ៉ា​យម​រាជ​សួស្តិ៍​ ឲ្យ​កង​ទ័ព​ទៅ​លប​បាញ់​ ទើ​ប​ត្រាស់​ឲ្យ​សេនា​ទាហាន​ ក្រុម​រក្សា​ព្រះ​អង្គ​ ចាប់​យក​ឧក​​ញ៉ា​យម​រាជ​ ទៅ​សម្លាប់​ភ្លាម​។​ ឧកញ៉ា​យម​រាជ​ស្លាប់​ហើយ​ គ្មាន​នរណា​ហ៊ាន​កប់​សោះ​។​ លុះ​ដល់​ខ្មោច​យម​រាជ​នោះ​ហើម​ ទ្រង់​ជ្រាប​ហើយ​ទ្រង់​ត្រាស់​បង្គាប់​ប្រាប់​អនុញ្ញាត​ឲ្យ​ញាតិ​សន្តាន​ យក​ខ្មោច​នោះ​ទៅ​ធ្វើ​បុណ្យ​ហើយ​ត្រាស់​បង្គាប់​ឲ្យ​បញ្ចូល​កង​ទ័ព​ ដែល​សល់​៧៥​នាក់​នោះ​ ជា​ពល​រក្សា​ផ្នូរ​ខ្មោច​ឧក​ញ៉ា​យម​រាជ​ហេតុ​នេះ​ហើយ​ បាន​ជា​ជាប់​មាន​ពល​សម្រាប់​ងារ​យម​រាជ​ នៅ​ទីនោះ​រៀង​មក​។ ឯ​ទី​ដែល​ឧកញ៉ា​យម​រាជ​ ហេតុ​​នេះ​ហើយ​ បាន​ជា​ជាប់​មាន​ពល​សម្រាប់​ងារ​យម​រាជ​ នៅ​ទី​នោះ​រៀង​មក​។ ឯ​ទី​ដែល​ឧកញ៉ា​យម​រាជ​ស្លាប់​ហើម​នោះ​ លុះ​មាន​អ្នក​ស្រុក​ទៅ​នៅ​ហៅ​ថា​ ភូមិ​យម​រាជ​ហើម​ តែ​យារ​ៗ​ម​ក​ ក៏​ហៅ​ភូមិ​ហើ​ម​ រៀង​មក​សព្វ​ថ្ងៃ​នេះ។​

ឯព្រះ​បាទ​សម្ដេច​ ព្រះ​បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​ គ្រា​ដែល​ឈប់​សង្គ្រាម​នោះ​ព្រះ​អង្គ​តាំង​បន្ទាយ​នៅ​ភូមិ​ក្ដុល​ មាន​រេហ៍​ពល​ សម្រាប់​បន្ទាយ​ ១០០០០ នាក់ ហើយ​ព្រះ​អង្គ​ទុក​តែ​សម្ដេច​ ព្រះ​ភាគិ​នេយ្យោ​យស​រាជា​ ជា​កែវ​នាយក​ និង​សេនាទាហាន ៤០០០ នាក់​ឲ្យ​នៅ​រក្សា​បន្ទាយ​។ ឯ​ព្រះ​អង្គ និង​រេហ៍ពល ៦០០០ នាក់​ ព្រះ​អង្គយក​ជាប់​ នឹង ព្រះ​អង្គ​ទៅ​ខែត្រ​ពោធិ៍​សាត់​វិញ​។ ព្រះ​អង្គ​ឲ្យ​ឈ្មោះ​បន្ទាយ​ដែល​ព្រះ​អង្គ​គង់​នោះ​ ហៅ​ថា​បន្ទាយ​ជ័យ​វិញ​។​

នេះ​នៅ​និយាយ​អំពី​ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ព្រះ​អង្គ​គ្រង​ពិជ័យ​ព្រៃ​នគរ​នោះ​វិញ​។​ លុះ​ដល់​ខែ​មិគ​សិរ​ បុស្ស​ ហើយ​ទ្រង់​គិត​ថា​:​ ទ្រង់​ នឹង ធ្វើ​សង្គ្រាម​យក​ជ័យ​ជំនះ​លើ​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ក្នុង​គ្រា​នេះ​ ឲ្យ​ត្រា​តែ​បាន​ ទើប​ទ្រង់​ត្រាស់​បង្គាប់​ចៅ​ហ្វា​កៅ​ សម្ដេច​ចៅ​ពញា​ហែង​ ចៅ​ពញា​ស្នង​ធ្នឹម​ព្រះ​នគរ​ ចៅ​ពញា​វៀង​ ចៅ​ពញា​វាំង​ ចៅ​​ពញា​ស្រាល​ និង​ចៅ​ពញា​លំពាំង​ ជា​សេនា​បតី​ ឲ្យ​កេណ្ឌ​រេហ៍​ពល​ ចំនួន​បាន​ ១៥​០០០ នាក់​ មក​សម​ហាត់​ឲ្យ​ស្ទាត់​ ហើយ​ នឹង បាន​លើក​ទៅ​វាយ​បន្ទាយ​ក្ដុល​វិញ​។​ បើ​មាន​ជ័យ​ជំនះ​ហើយ​ ទ្រង់​ នឹង លើក​រហូត​ទៅ​វាយ​បន្ទាយ​ជ័យ​ សម្ដេច​ផែន​ដី​ ក្នុង​ឆ្នាំ​នេះ​ឲ្យ​បាន​។ សេនា​បតី​ទាំង​ប្រាំ​មួយ​នាក់​ ក៏​ថ្វាយ​បង្គំ​លា​ចេញ​ទៅ​ ចាត់​សំបុត្រ​ឲ្យ​កេណ្ឌ​មក​គ្រប់​គ្រាន់​ តាម​ព្រះ​បន្ទូល​ពិសេស​។ សេច​ក្ដី​ដែល​កេណ្ឌ​រេហ៍​ពល​មក​សម​ហាត់​នេះ​ ឮ​សូរ​សព្ទ​ទៅ​ដល់​សម្ដេច​ព្រះ​ភាគិ​នេយ្យោ​យស​រាជា​ ជា​កែវ​នាយក​ ទើប​ទ្រង់​ត្រាស់​ប្រឹក្សា នឹង ឧក​ញ៉ា​ចក្រី​ទេព​ ឧក​ញ៉ា​សួគ៌ា​លោក​សុខ​ កូន​ពញា​មឿង​ និង​ សម្ដេច​ចៅ​ពញា​កែវ​ ចៅ​ពញា​ឧទ័យ​ធិ​រាជ​ ចៅ​ពញា​តេ​ជោ​នោះ​អស់​នាយ​កង​ទ័ព​ថា ​:​ ពល​គេ​ដល់​ទៅ​ ១៥០០០០ នាក់​ ពល​យើង​តែ ៤០០០​ នាក់​ដូច្នេះ​ នឹង​ គិត​ដូច​ម្ដេច​កើត​។ វេលា​នោះ​ឧក​ញ៉ា​ចក្រី​ ចៅ​ពញា​សួគ៌ា​លោក​ កូន​ពញា​មឿង​យក​សេច​ក្ដី​ក្រាប​ទូល​ ពល​យើង​ សម្ដេច​ព្រះ​បរម​បពិត្រ​ ជា​អម្ចាស់​ ទ្រង់​ឲ្យ​បន្ថយ​អស់​ទៅ​ហើយ​ បើ​យើង​នឹង​ឲ្យ​ទៅ​កេណ្ឌ​ថែម​មក​ទៀត​ ក្រែង​ពុំ​ទាន់​តែ​កាល​បិតា​ទូល​ព្រះ​បង្គំ​លោត​អន្លង់​សម្លាប់​ខ្លួន​ ទៅ​កេណ្ឌ​ទ័ព​បិសាច​ ឲ្យ​ជួយ​ធ្វើ​ការ​នោះ​ បាន​ផ្ដាំ​ទុក​នឹង​ពញា​ចាន់​មេ​ស្មឹង​ជា​ភឿន​ថា​ បើ​ម្ចាស់​ផែន​ដី​មាន​សេច​ក្ដី​ទាល់​ ធុរៈ​ដូច​ម្ដេច​កុំ​ឲ្យ​ស្ដេច​មាន​ព្រះ​បន្ទូល​ផ្ទាល់​ថា​​ឱ​មេស្មឹង​និយាយ​ឆ្លង​ព្រះ​បន្ទូល​ លោក​ នឹង​ កេណ្ឌ​បិសាច​មក​ជួយ​ឲ្យ​បាន​សម្រេច​។​ ឥឡូវ​ការណ៍​យើង​ ក៏​ប្រទាល់​ខ្លួន​ណាស់​ហើយ​ គួរ​យើង​ធ្វើ​តាម​បណ្ដាំ​នោះ​ល្បង​មើល​សម្ដេច​ព្រះ​ភាគិ​នេយ្យោ​យស​រាជា​ ជា​​កែវ​នាយក​ ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ត្រាស់​ឲ្យ​ហៅ​ពញា​ចាន់​មេ​ស្មិល​ ចូល​មក​ត្រាស់​ប្រាប់​ ដូច​កូន​ពញា​មឿង​ទាំង​ពីរ​នាក់​ យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​។​ ខណៈ​នោះ​ពញា​ចាន់​ មេស្មិល​ ទទួល​ព្រះ​បន្ទូល​ពិសេស​ហើយ​ក៏​ឲ្យ​ធ្វើ​រោង​រាជ​វ័តិ​ និង​ ទង់​ ឆ័ត្រ​ គ្រឿង​សក្កា​រៈ​បូជា​ ស្លៀក​ស​ស្រេច​ហើយ​ ក៏​ចូល​ទៅ​ក្នុង​រោង​រាជ​ពិធី​ ឧទ្ទិស​ដល់​ខ្មោច​ពញា​មឿង​ថា​ :​ សុំ​ឲ្យ​ពញា​ជួយ​ឲ្យ​បាន​សម្រេច​ ដូច​ជួយ​ការណ៍​ក្នុង​ខែត្រ​ពោធិ៍​សាត់​។​ ក្នុង​គ្រា​នោះ បិសាច​ពញា​មឿង​ចូល​សណ្ឋិត​ នឹង មេស្មឹល​ ហើយ​ថ្លែង​ប្រាប់​កូន​ទាំង​ពីរ​ថា ​:​ ឲ្យ​យក​ចំបើង​ថង​ជា​រូប​មនុស្ស​ ឲ្យ​ច្រើន​កាន់​ប្រឆេះ​ ឲ្យ​ពួក​ពល​ចេះ​តែ​តាំង​ហ៊ោ​ បាញ់​កាំ​ភ្លើង​ពី​ចម្ងាយ​ទៅ​ សុំ​យើង​កេណ្ឌ​ទ័ព​ បិសាច​ទៅ​ជួយ​ឲ្យ​សម្រេច​។​ វេលា​នោះ​កូន​ពញា​មឿង​ទាំង​ពីរ​នាក់​ លុះ​ដល់​វេលា​យប់​ហើយ​ ក៏​ឲ្យ​រេហ៍​ពល​យក​ចំបើង​ ចង​ជា​រូប​មនុស្ស​ហើយ​ ចង​ប្រឆេះ​នៅ​រូប​ចំបើង​នោះ​ យក​ទៅ​ដាក់​នៅ​ក្បាល​ត្រោក​ ជុំ​វិញ​បន្ទាយ​ ព្រះ​ស្ដេច​កន​។​ ឯ​បិសាច​ពញា​មឿង​ ក៏​កេណ្ឌ​បិសាច​ឲ្យ​តាំង​ហ៊ោ​ បី​ដូច​ជា​គេ​ប្លន់​យក​បន្ទាយ​។​ ទ័ព​ស្ដេច​កន​ឮ​ហើយ​ ក៏​តាំង​តែ​បាញ់​កាំ​ភ្លើង​ ធ្នូ​ ស្នា ចោល​ដុំ​សិលា​ ពី​ក្នុង​បន្ទាយ​មក​ជា​ច្រើន​រាត្រី​។ សម្ដេច​ចៅ​ហ្វា​កៅ ​ធ្វើ​តែ​ដូច្នេះ ១៥ ​រាត្រី​។ កង​ទ័ព​ក្នុង​បន្ទាយ​ បាញ់​អស់​ព្រួញ​ ធ្នូ​ ស្នា​ រលោះ​ទាំង​គ្រាប់​រំសេ​វ​។ លុះ​ដល់​យប់​គម្រប់ ​១៥​ នោះ​ ស្រាប់​តែ​ឮ​តាំង​ហ៊ោ ​វាយ​គង​ ទូង​ស្គរ​ ក្រោម​ដី​ និង​​លើ​អាកាស​ដូច​រន្ទះ​ កក្រើក​ទាំង​ព្រះ​ធរណី​ ផង់​ធូលី​ ក៏​បក់​បោក​ចូល​ភ្នែក​។ អស់​សេនា​ទាហាន​ ទ្រាំ​ពុំ​បាន​ ក៏​បើក​ទ្វារ​បន្ទាយ​ខាង​កើត​ ហើយ​រត់​ទៅ​ទិស​អគ្នេយ៍​ ប៉ង​ នឹង ទៅ​ខែត្រ​រោង​ដំរី​ ដើម្បី​ នឹង ទៅ​ពឹង​ប្រទេស​ចាម​ឲ្យ​មក​ជួយ​។​ កង​ទ័ព​បិសាច​បណ្ដាល​អាត្មា​ ឲ្យ​ឃើញ​ជា​កង​ទ័ព​ឈរ​តាំង​ហ៊ោ​តាម​ផ្លូវ​ថ្នល់​ ដល់​ទៅ​ខែត្រ​រោង​ដំរី​នោះ​។​

ឯ​ព្រះ​ស្ដេច​កន​ សម្ដេច​កៅ ច​ក្រី ​និង​ស្នង​ភឹម​ព្រះ​នគរ "ផា​លន់​"​ នាំ​អ្នក​ម្នាង​ "ផា​លែន​" រត់​ចេញ​តាម​ទ្វារ​ប៉ម​ទិស​ឦ​សាន​ ដើម្បី​នឹង​ទៅ​ទិស​ឯ​ជើង​កាត់​ទៅ​ស្រុក​លាវ​។​​ លុះ​ដល់​ទៅ​ព្រៃ​មួយ​អន្លើ​ឲ្យ​បោះ​ទ័ព​បង្អង់​នៅ​ទី​នោះ​ លុះ​យូរ​ទៅ​ជាប់​ហៅ​ថា ភូមិ​បង្អង់​ យារ​ៗ​មក​ហៅ​ថា​ភូមិ​ជើង​វាំង​។​ ទី​នោះ​ជា​ព្រៃ​គគីរ​ មាន​ដើម​គគីរ​ជា​ច្រើន​។​ ព្រះ​ស្ដេច​កន​ ឃើញ​ដើម​គគីរ​មួយ​ធំ​ ក្រៃ​លែង​ ឲ្យ​បាំង​ស្រមោល​​វាស់​ល​មើល​ឃើញ​ ៣៤​ ព្យាម​ សំណុំ​ ៩​ព្យាម ទើប​ស្ដេច​កន​ ប្រឹក្សា​ នឹង អស់​មន្ត្រី​នាយ​កង​ទ័ព​ថា​ :​

ចៅ​ពញា​ចន្ទ​រាជា​ មាន​ទូក​សារាយ​អណ្ដែត​ វែង​តែ ១៨​ព្យាម​ ឯ​ដើម​គគីរ​យើង​នេះ​ បើ​កាប់​ធ្វើ​ទូក​យក​ឲ្យ​ខាង​វែង​បាន​ ៣៤​ ព្យាម​។ បើ​យក​តែឲ្យ​ធំ​ ហើយ​ឲ្យ​វែង​បាន ២៥​ ព្យាម​។ ដូច្នេះ​ គួរ​យើង​ឲ្យ​កាប់​ដើម​គគីរ​ ធ្វើ​ទូក​ឲ្យ​បាន​ជា​ស្រេច​ ហើយ​និង​ឲ្យ​រាជ​សារ​ទៅ​បបួល​ចៅ​ពញា​ចន្ទ​រាជា​ អុំ​ភ្នាល់​ដាក់​ព្រះ​នគរ​។​

ថា​បើ​មិន​ភ្នាល់​ យើង​នឹង​ឲ្យ​រេហ៍​ពល​តាំង​ហ៊ោ​ចំអក​ចំអន់​ ឲ្យ​ឈឺ​ចិត្ត​។​ ថា​បើ​ហ៊ាន​ឲ្យ​អុំ​ភ្នាល់​ទូក​យើង​វែង​ជាង​ដល់​ទៅ​ ៧​ព្យាម​នោះ​ គង់​មាន​ជ័យ​ជំនះ​ដោ​យ​ងាយ​បាន​។ គិត​ព្រម​ហើយ​ ស្ដេច​កន​ ក៏​ឲ្យ​រេហ៍​ពល​ កាប់​ដើម​គគីរ​នោះ​ ចាំង​លុង​បាន​ជា​ទូក​មួយ​វែង ​២៥ ​ព្យាម ទទឹង ​១២ ហត្ថ​ ទើប​ឲ្យ​ឈ្មោះ​ព្រៃ​គគីរ​នោះ​ ហៅ​ថា​ ព្រៃ​គគីរ​រៀង​មក​។​

ឯ​ទូក​ដែល​កាប់​បាន​នោះ​ សិត​ពុំ​ទាន់​ហើយ​ ស្ដេច​កន​ ឲ្យ​អូស​យក​ទៅ​ធ្វើឯ​បន្ទាយ​ សង់​រោង​នឹង​សិត​ទូក​នោះ​ ហើយ​ឲ្យ​សាង​ព្រះ​ចេតិយ​មួយ​ នឹង ឲ្យ​បម្រើ​ទៅ​លួច​ព្រះ​អង្គ​ខ្មៅ​ ពី​ក្នុង​បន្ទាយ​ពិជ័យ​ព្រៃ​នគរ​នោះ​ មក​ដំកល់​ទុក​ក្នុង​ព្រះ​ចេតិយ​នោះ​ គិត​នឹង​យក​បន្ទាយ​ ដែល​សាង​ថ្មី​នេះ​ជា​មហាន​គរ​។​ កំពុង​តែ​សាង​ព្រះ​ចេតិយ​ ធ្វើ​បន្ទាយ​ និង សិត​ទូក​នោះ​ កង​ទ័ព​បិសាច​ពញា​ចាន់​ តាម​ទៅ​សម្ដែង​ឫទ្ធិ​តាំង​ ហ៊ោ​ស័ព្ទ​សូរ​ដូច​ជា​ផ្គរ​ រន្ទះ​ទាំង​ផែន​ប្រឹថ​ពី​។​

ស្ដេច​កន​ ចៅ​ហ្វា​កៅ​ និង អស់​នាយ​កង​ទ័ព​ មើល​មិន​ឃើញ​ ច្បាំង​ត​តាំង​ពុំ​កើត​ ឃើញ​ប្លែក​អស្ចារ្យ​ណាស់​ ទ្រាំ​ពុំ​បាន​ក៏​នាំ​គ្នា​រត់​ពី​ទី​នោះ​ទៅ​ទៀត​។ ស្ដេច​កន​ សម្ដេច​កៅ ​សម្ដេច​ចៅ​ពញា​ហែង​ រត់​បែក​ទៅ​ចុង​ម្ខាង​ ឯ​អ្នក​ម្នាង​ផាលែន​ និង​ចក្រី​នី រត់​បែក​ផ្លូវ​គ្នា​ទៅ​ទិស​ខាង​ត្បូង​ ទៅ​ដល់​ភូមិ​គោក​ស្រុក​។ ទី​ដែល​បែក​ផ្លូវ​គ្នា​នោះ​ ជាប់​ហៅ​ភូមិ​នាង​ឃ្វាង​ផ្លូវ​ យារ​ៗ​មក​ហៅ​ថា​ ភូមិ​ស៊ាង​ឃ្វាង​។​ ត​មក​អ្នក​ម្នាង​ ផា​លែន​ រត់​ទៅ​ទៀត​ ចូល​ព្រៃ​លេច​វាល​ទៅ​គិត​ថា​ :​

ក្រែង​ស្ដេច​កន​តាម​រក​ខ្លួន​ពុំ​ឃើញ​ ក៏​កាត់​សក់​ចង​នឹង​មែក​ឈើ​នោះ​ ប្រា​ថ្នា​ឲ្យ​ស្ដេច​កន​ឃើញ​ហើយ​តាម​រក​ បាន​ជា​ជាប់​ហៅ​វាល​ចង​សក់​ ដល់​សព្វ​ថ្ងៃ​នេះ​។ ត​មក​ទៀត​ នាង​ដើរ​ហួស​ទៅ​ទៀត​ ត្រូវ​ថ្ងៃ​ក្ដៅ​ណាស់​ នោះ​មាន​សត្វ​ខ្លែង​មួយ​ហ្វូង​ ចម្កាង​ស្លាប​ហើយ​បាំង​ពី​លើ​ មិន​ឲ្យ​ក្ដៅ ​លុះ​មាន​គេ​ទៅ​នៅ​ ភូមិ​នោះ​ក៏​បាន​ជាប់​ហៅ​ថា​ ភូមិ​បង្ហើរ​ខ្លែង​។​ នាង​ដើរ​ហួស​ទៅ​ទៀត​ ឃើញ​ត្រពាំង​មួយ​ ទឹក​ថ្លា​ល្អ​ នាង​ក៏​ចូល​ទៅ​កក់​ក្បាល​នៅ​ទី​នោះ​ លុះ​មាន​គេ​ទៅ​នៅ​ភូមិ​ បាន​ជាប់​ឈ្មោះ​ហៅ​ថា ​ភូមិ​ស្រែ​កក់​រៀង​មក​ (គួរ​តែ​ស្រែ​សំបូរ​ដើម​កក់​)​។ នាង​ដើរ​ទៅ​ទៀត​មាន​អូរ​មួយ​ នឹង​ដើរ​ឆ្លង​មិន​រួច​នាង​បន់​ដល់​អ្នក​តា​បង់​បត់​ សុំ​ឲ្យ​មាន​ទូក​ឆ្លង​ នោះ​អ្នក​តា​បង់​បត់​ ដំណែង​ជា​ក្រពើ​មួយ​ ឲ្យ​នាង​ដើរ​ជាន់​ឆ្លង​ទៅ​ក្រពើ​នោះ​ ប្រែ​ទៅ​ជា​ក្រពើ​ថ្ម​នៅ​សព្វ​ថ្ងៃ​នេះ​ គេ​ហៅ​ថា​ភូមិ​ភាគ​ក្រពើ​ រៀង​មក​។​ នាង​ដើរ​ហួស​ទៅ​ទៀត​ រោយ​ជើង​ណាស់​ អស់​កង​ទ័ព​សុំ​ពរ​ នាង​នៅ​ទួល​នោះ​សព្វ​ថ្ងៃ​នេះ​ ជាប់​ហៅ​ថា​ ទួល​សុំ​ពរ​។​

លុះដើរ​ទៅ​ទៀត​នាង​ សួស្តិ៍​ ជា​មាតា​នាង​ផា​លែន​រោយ​ជើង​ណាស់​ដើរ​មិន​រួច​ ចៅ​ពញា​ចក្រី​នី​ ឲ្យ​យក​សំពត់​ធ្វើ​អង្រឹង​ ឲ្យ​យក​ដង​ផ្គាក់​ធ្វើ​ស្នែង​ សព្វ​ថ្ងៃ​នេះ​គេ​ជាប់​ហៅ​ថា​ ព្រែក​ដង​ផ្គាក់​។​ ត​ពី​នេះ​ទៅ​ទៀ​ត​ដល់​ទៅ​វាល​មួយ​អន្លើ​ ធ្លាក់​ខ្នើយ​នាង​សួស​ពី​អង្រឹង​ បាន​ជា​ជាប់​ហៅ​ថា​ វាល​ជ្រុះ​ខ្នើយ​។​ លុះ​ទៅ​ដល់​អូរ​មួយ​អន្លើ​ ចោល​ស្នែង​នាង​សួស្តិ៍​ទៅ​ក្នុង​អូរ​នោះ​ សព្វ​ថ្ងៃ​នេះ​គេ​ជាប់​ហៅ​ថា​ អូរ​ចោល​ស្នែង​។​

ឯ​ក្នុង​ខែត្រ​ត្បូង​ឃ្មុំ​នោះ​ មាន​ហៅ​អុង​ម៉ុង​ពីរ​ (ដូច​ដែល​យើង​បាន​ពណ៌​នា​មក​រួច​ហើយ​ក្នុង​ខាង​ដើម​នុះ​)​ អ្នក​ស្រុក​សន្មត​ហៅ​ថា​ អុង​ម៉ុង​ព្រះ​មហោ​សថ​។​ អុង​ម៉ុង​តូច​នោះ​មាន​ទំហំ ​៧​ហត្ថ​បួន​ជ្រុង​ អុង​ម៉ុង​ធំ​នោះ​មាន​ទំហំ​ ១៣​ហត្ថ​បួន​ជ្រុង​។​ ទឹក​ដែល​ហូរ​លើ​អុង​ម៉ុង​នោះ​ ធ្លាក់​ទៅ​លើ​ព្រែក​ឆ្លូង​។​ អុង​ម៉ុង​នោះ​ត្រង់​ទៅ​ស្រុក​យួន​។​ លុះ​ពល​សែង​នាង​ទៅ​ដល់​អុង​ម៉ុង​នោះ​ លែង​សែង​នាង​ នាង​ទៅ​ពួក​ក្នុង​ហោង​តូច​ សព្វ​ថ្ងៃ​នេះ​គេ​ហៅ​ថា​ អុង​ម៉ុង​តូច​នោះ​ថា ហោង​ពល​សែង​។​ លុះ​ឃើញ​ថា​ស្ងប់​ស្ងាត់​ គ្មាន​កង​ទ័ព​លើក​តាម​ទេ នាង​នាំ​បក្ស​ពួក​ទៅ​ដល់​ ហោង​អុង​ម៉ុង​ធំ​នោះ​ នាង​សួស្តិ៍​ទាំង​កូន​ និង​ម្ដាយ​ចូល​ទៅ​ពួន​ក្នុង​អុង​ម៉ុង​នោះ​ សព្វ​ថ្ងៃ​នេះ​ គេ​ហៅ​ថា​ ហោង​ពួន​។​ ពួក​នេះ​ទៅ​ហួស​ទៅ​ខាង​កើត​ នាង​បាន​ជួប​ជុំ​គ្នា​នឹង​ព្រះ​ស្ដេច​កន​ សម្ដេច​កៅ​។​ ស្ដេ​ច​កន​ ជំនុំ​គ្នា​ នឹង ធ្វើ​បន្ទាយ​ទៀត​តែ​ធ្វើ​មិន​កើត​ លុះ​មាន​គេ​ទៅ​នៅ​ភូមិ​ ជាប់​ហៅ​ថា​ ភូមិ​ស្រែ​បន្ទាយ​។​ រត់​ពី​នោះ​ទៅ​ទៀត​ ដល់​វាល​មួយ​ វែង​បណ្ដោយ​ខាង​កើត​ ក្រោយ​មក​មាន​គេ​ទៅ​នៅ​ស្រែ​សព្វ​ថ្ងៃ​នេះ​ ជាប់​ហៅ​ ភូមិ​ស្រែ​វែង​។​ រត់​ទៅ​ទៀត​ច្រឡំ​ផ្លូវ​លោ​ជា​គេច​ទៅ​ឦ​សាន​ព្រៃ​ដែល​មក​។​ មាន​គេ​ទៅ​នៅ​សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ ភូមិ​រលា​រៀង​មក​។ នាំ​គ្នា​រត់​ទៅ​ទិស​ខាង​កើត​ទៅ​ទៀត​ ជួប​នឹង​ស្វា​ ស មួយ​ ស្វា​​នោះ​ឃើញ​នាង​ហើយ​ ក៏​បេះ​ផលា​នុផល​ទម្លាក់​មក​ឲ្យ​នាង​ ក្រោយ​មក​មាន​គេ​ទៅ​រាន​ភូមិ​នៅ​សព្វ​ថ្ងៃ​នេះ​ ជាប់​ហៅ​ថា​ភូមិ​ស្វាស​។​ រត់​ទៅ​ឯ​កើត​ទៅ​ទៀត​ដល់​ចំការ​ពោត​មួយ​អន្លើ​ ម្ចាស់​ចំការ​ ឈ្មោះ​ថៅ​កែ​ យក​ពោត​មក​ថ្វាយ​ស្ដេច​កន​ ស្ដេច​កន​ ឲ្យ​ពរ​ថា​ : ឲ្យ​រក​ស៊ី​កើត​កាល​វាល​គុម្ព​។​ លុះ​ក្រោយ​មក​មាន​គេ​ទៅ​នៅ​គេ​ហៅ​ថា​ ភូមិ​ជី​កែ​ រៀង​មក​។​ រត់​ទៅ​ទិស​ឯ​កើត​ទៅ​ទៀត​ ស្ដេច​នឹង​នាង​អស់​កំលាំង​ណាស់​ អស់​ពួក​ពល​ឃើញ​ថ្ម​មួយ​ដុំ​​ចាំង​ច្រាស​ទៅ​កើត​ជា​គ្រែ​បណ្ដោយ​ ៦​ហត្ថ​ កំពស់​មួយ​ហត្ថ​​ ទទឹង​ ៣ ​ហត្ថ ​ថ្វាយ​ស្ដេច​ផ្ទុំ​ លុះ​ក្រោយ​មក​មាន​គេ​ទៅ​រាន​ភូមិ​នៅ​គេ​ហៅ​ភូមិ​ថ្ម​គ្រែ​។​ ទី​នោះ​ មាន​គេ​នៅ​រហូត​សព្វ​ថ្ងៃ​នេះ​។​

ឯ​សម្ដេច​ចៅ​ហ្វា​កៅ​ ចៅ​ពញា​ចក្រី​នី​ ចៅ​ពញា​វៀង​ ចៅ​ពញា​វាំង​ ៤ ​នាយ​នេះ​កាល​ភ័យ​នោះ​រត់​បែក​គ្នា​ចូល​ទៅ​ខែត្រ​បា​ភ្នំ​ មឿង​រមាស​ហែក​មាន​ ស្ម័គ្រ​បក្ស​ពួក​២០០​នាក់​។​ វេលា​នោះ​កង​ទ័ព​នេះ​បាន​ប្រទះ​ នឹង កង​ទ័ព​ចៅ​ពញា​សួគ៌ា​លោក​សុខ​ កូន​ពញា​មឿង​កង​ទ័ព​នេះ​ដេញ​រត់​ទៅ​ទៀត​។​ កង​ទ័ព​ស្ដេច​កន​ ឃ្លាន​បាយ​ណាស់​ ​ក៏ឈប់​ដាំ​តែ​ដាំ​ពុំ​ទាន់​ឆ្អិន​ទ័ព​គេ​ទៅ​ដល់​ ក៏​រត់​ចោល​បាយ​នៅ​ទី​នោះ​ទាំង​ឆៅ​ផង​។​ លុះ​កង​ទ័ព​ចៅ​ពញា​សួគ៌ា​លោក​ ទៅ​ដល់​ក៏​យក​បាយ​នោះ​ស៊ី​ បាយ​នោះ​ឆៅ​ ក្រោយ​មក​ទៀត​មាន​គេ​ទៅ​រាន​ភូមិ​នៅ​ គេ​ហៅ​ភូមិ​បាយ​ឆៅ​រៀង​មក​។​ ឯ​នាយ​កង​ទ័ព​ខ្មាំង​ទាំង​៤ ​នាយ​រត់​ទៅ​ឃើញ​ត្រឡាច​ផ្លែ​ ក្នុង​ព្រៃ​ ក៏​បបួល​គ្នា​បេះ​។​ កំពុង​តែ​បេះ​នោះ​ កង​ទ័ព​គេ​ទៅ​ដល់​ ចាក់​កាប់​សម្លាប់​ ចៅ​ពញា​វៀង​ ចៅ​ពញា​វាំង​បាន​ ទ័ព​ដែល​សល់​ ក៏​បែក​រត់​ទៅ​ទៀត​។​ ឯ​ក្រោយ​ដែល​បេះ​ត្រឡាច​នោះ​មក​ មាន​គេ​ទៅ​នៅ​ ក៏​ជាប់​ហៅ​ថា​ ភូមិ​ត្រឡាច​ រៀង​មក​។​

ឯ​សម្ដេច​ចៅ​ហ្វា​កៅ និង​ចក្រី​នី​ នាំ​ស្ម័គ្រ​បក្ស​ពួក​រត់​ទៅ​ដល់​ព្រៃ​មួយ​អន្លើ​ មាន​ទឹក​ត្រពាំង​​ល្មម​ពេល​ដាំ​បាយ​ស្ល​ស៊ី​ ក៏​ឈប់​កាប់​ត្រី​ដាក់​ចាន​។ លុះ​កង​ទ័ព​គេ​ទៅ​ដល់​ សម្ដេច​ចៅ​ហ្វា​កៅ ​ចៅ​ពញា​ចក្រី​នី​ ប្រថុយ​ជីវិត​ចូល​មក​ត​ដៃ​ ក៏​កំពប់​ត្រី​ពី​ចាន​ បាន​ជា​ជាប់​ហៅ​ថា​ ភូមិ​ចាន​ត្រី​​រៀង​មក​។​

ឯ​​ចៅ​ហ្វា​កៅ​ចក្រី​នី​នាំ​ស្ម័គ្រ​បក្ស​ពួក​រត់​ទៅ​ទៀត​ ចៅ​ពញា​សួគ៌ា​លោក​ ក៏​ដេញ​តាម​ទៅ​បន្តិច​ចៅ​ពញា​តេ​ជោ​ លើក​ទ័ព​តាម​ទៅ​ដល់​ ក៏​ចូល​ប្រកាប់​គ្នា​ ចក្រី​នី​ ត នឹង​ចៅ​ពញា​សួគ៌ា​លោក​ សម្ដេច​កៅ​ ត នឹង​ចៅ​ពញា​តេជោ​សឹង ស្ទាត់​កាន់​អាវុធ​ ចិត្ត​មុត​ នឹង មុត​ដូចគ្នា​។ ត​គ្នា​ពី​ថ្ងៃ​ត្រង់​ដល់​រសៀល​ បិសា​ចពញា​មឿង​ បណ្ដាល​ឲ្យ​ចៅ​ហ្វា​កៅ​ ចក្រី​នី​ ឮ​ដូច​គេ​ស្រែក​សន្ធប់​នាំ​ឲ្យ​ធ្លាក់​អាវុធ​ពី​ដៃ​។​​ នោះ​ចៅ​ពញា​សួគ៌ា​លោក​ ចៅ​ពញា​តេជោ​ សម្លាប់​បាន​ ហើយ​កាត់​យក​ក្បាល​ នាំ​មក​ថ្វាយ​សម្ដេច​ព្រះ​ភាគិ​នេយ្យោ​យស​រាជា​ ជា​កែវ​នាយក​ ទ្រង់​ព្រះ​អំណរ​ណាស់​ទ្រង់​ប្រាស​រង្វាន់​តាម​សម​គួរ​។​

ឯ​សម្ដេច​ចៅពញា​ហែង​ និង​ផា​លែន​ ចៅ​ពញា​ស្រាល​ ចៅ​ពញា​លំពាំង​នោះ​នៅ​ជា​មួយ​នឹង​ព្រះ​ស្ដេច​កន​ ធ្វើ​បន្ទាយ​រាយ​ល្បាត​ យាម​ក្នុង​ព្រៃ​នោះ​តែ​ជិត​កើត​ជា​បន្ទាយ​ឡើង​កាល​ណា ​ក៏​ចេះ​តែ​ឮ​ដូច​ទ័ព​គេ​លើក​ទៅ​ចោម​។ ដូច្នេះ​ហើយ​ ស្ដេច​កន​ ក៏​នាំ​គ្នា​ជិះ​ដំរី​រត់​ពី​ថ្ម​គ្រែ​នោះ​ទៅ​ជ្រក​នៅ​ក្នុង​ព្រៃ​មួយ​ក្រោយ​មក​មាន​គេ​ទៅ​នៅ​ គេ​ហៅ​ថា​ ភូមិ​ដំរី​ជ្រាប​។ រត់​ពី​នោះ​ទៅ​ទៀត​ស្ដេច​កន​ ជួប​នឹង​មេ​មត់​ម្នាក់​ល្បី​ថា​ឆុត​ណាស់​ ស្ដេច​កន​ក៏​ឲ្យ​បញ្ជាន់​សួរ​ពី​ សុខ​ ឬ​ មិន​សុខ​។ មេ​មត់​នោះ​ឆ្លើយ​ថា ​:​ ពុំ​សុខ​ទេ​ បើ​ចង់​សុខ​ ឲ្យ​ទៅ​សុំ​ទោស​ហ្លួង​ខាង​លិច​ក្រោយ​មក​នោះ​ មាន​គេ​ទៅ​នៅ​ទី​នោះ​ ក៏​ជាប់​ហៅ​ថា​ភូមិ​មេ​មត់​ រៀង​មក​រត់​ទៅ​ពី​នោះ​ទៀត​ ដល់​ព្រៃ​មួយ​អន្លើ​ ពួក​យាម​គ្មាន​ឫស្សី​ នឹង ធ្វើ​ត្រ​ដោក​ តែ​ឃើញ​ផែន​សីលា​មួយ​មាន​រូង​ ពួក​យាម​ក៏​វាយ​ថ្ម​នោះ​ ខ្ទ័រ​ដូច​ស្គរ​ ដូច​ត្រ​ដោក​។ ក្រោយ​មក​ គេ​ហៅ​ភូមិ​នោះ​ថា​ ភូមិ​ថ្ម​ត្រដោក​។ រត់ទៅ​ទៀត​ ស្ដេច​កន​ ឃើញ​ទន្លេ​ចាម​ មាន​ទឹក​ហូរ​ចុះ​ទៅ​ស្រុក​ព្រៃ​ ក៏​ឈប់​ទ័ព​នៅ​ទី​នោះ​។​ មាន​កំពង់​ចុះ​ងូត​ដង​ទឹក​នោះ​ដោយ​ខ្លួន​ មាន​ឈ្មោះ​កំពង់​នាង​​ ផា​លែន​ កំពង់​លួង​ កំពង់​សម្ដេច​ចៅ​ពញា​ហែង​រៀង​មក​។​

 លុះ​នៅ​ក្នុង​ទី​នោះ​ជា​យូរ​ណាស់​មក​ សម្ដេច​ចៅ​ពញា​ហែង​ ជំទាវ​សួស្ដិ៍​ ក៏​មាន​ជំងឺ​ ហើយ​អនិច្ច​កម្ម​ទៅ​ នៅ​តែ​មន្ត្រី​ និង​សេនា​ទាហាន​ ជាន់​តូច​ៗ​ និង​រេហ៍​ពល​ប្រាំ​ ឬ​ប្រាំ​មួយ​រយ​នាក់​ ទើប​ព្រះ​ស្រី​ជេដ្ឋា​ គឺ​ព្រះ​ស្ដេច​កន​ នោះ​ជំនុំ​នឹង​រេហ៍​ពល​ទាំង​ឡាយ​ថា​ :​ យើង​រត់​មក​ មក​នេះ​ឆ្ងាយ​ណាស់​ ស្បៀង​អាហារ​ក៏​តិច​ណាស់​ កេណ្ឌ​រេហ៍​ពល​ថែម​ទៀត​ក៏​ពុំ​បាន​។ យើង​យល់​ថា​ ព្រះ​ចន្ទ​រាជា​ទៅ​ខែត្រ​ពោធិ៍​សាត់​ទៅ​ហើយ​ នៅ​តែ​ពញា​យស​រាជា​នោះ​ ជា​ក្មួយ​អញ​បង្កើត​ ដូច្នេះ​បើ​ទុក​ជា​ម្ដេច​ម្ដា​ ក៏​ចៅ​ពញា​យស​រាជា​មិន​យក​ទោស​អញ​ទេ​ គង់​ឲ្យ​អញ​ធ្វើ​ជា​សម្ដេច​ចៅ​ហ្វា​ដែរ​ហើយ​ ពួក​ឯង​រាល់​គ្នា​ក៏​គង់​តែ​បាន​សេច​ក្ដី​សុខ​ដែរ​។ ការណ៍​ដែល​ឯង​មាន​គុណ​គាប់​នឹង​អញ​ អញ​ នឹង ទំនុក​បម្រុង​បាន​ដោយ​ងាយ​។​ អញ​យល់​ថា​ :​ យើង​ចាក់​ចោល​គ្រាប់​រំសេវ​ ឲ្យ​អស់​ ហើយ​ទៅ​សុំ​ចុះ​ចូល​វិញ​ ឃើញ​ថា ​:​ បាន​សេច​ក្ដី​សុខ​ប្រសើរ​។​

អស់​ពួក​ពល​ក៏​យល់​ព្រម​តាម​ សព្វ​ថ្ងៃ​ទី​នោះ​ ហៅ​ភូមិ​ជំនុំ​រៀង​មក​។​
ព.ស. ២០៦៩, គ.ស. ១៥២៥, ម.ស. ១៤៤៧, ច.ស. ៨៨៧ ឆ្នាំ​រកា​ សប្តស័ក​ សម្ដេច​ព្រះស្រី​ជេដ្ឋា​គឺ​ព្រះ​ស្ដេច​កន​ ចាក់​ចោល​គ្រាប់​រំសេវ​ហើយ​ ក៏​នាំ​រេហ៍​ពល​មក​ដល់​វត្ត​គរ​ដែល​ព្រះ​ម្នាង​ផា​លែន​សាង​នោះ​។​ នៅ​ទី​នោះ​ស្ដេច​កន​ ឲ្យ​រេហ៍​ពល​ជីក​ស្រះ​មួយ​ ជា​ឯ​កើត​ព្រះ​វិហារ​នោះ​ទុក​ជា​សម្រាប់​វត្ត​។​ ចេញ​ពី​នោះ​មក​ទៀត​ ស្ដេច​កន​ នាំ​រេហ៍​ពល​ទៅ​ទិស​ខាង​ជើង​ ដល់​វត្ត​ដែល​សម្ដេច​ចៅ​ពញា​ហែង​ បិតា​ព្រះ​ម្នាង​ផាលែន​ សាង​នោះ​ឲ្យ​ឈ្មោះ​ជាប់​ នឹង វត្ត​ដែល​សាង​នោះ​ហៅ​ថា​ វត្ត​គការ​ ហើយ​ជីក​ស្រះ​មួយ​ទៀត​ជា​សម្រាប់​វត្ត​។​ សព្វ​ថ្ងៃ​គេ​ហៅ​ វត្ត​គការ​ ទួល​តា​ហែង​ តាម​នាម​សម្ដេច​ហែង​។​ រួច​ចេញ​ទៅ​ខាង​លិច​ភូមិ​ ព្រះ​អង្គ​ឲ្យ​ជីក​ស្រះ​មួយ​ បណ្ដោយ​ប្រវែង​ ៥០​ ព្យាម​ ទទឹង​ ២៥ ​ព្យាម​ ហើយ​សាង​ជា​វត្ត​មួយ​ សាង​ព្រះ​ពុទ្ធ​រូប​ និង​ដើម​រកា​ ៥ ​ព្រះ​អង្គ​ បាន​ជាប់​ឈ្មោះ​ហៅ​ថា​ វត្ត​ភូមិ​រកា​ព្រះ​ប្រាំ​រៀង​មក​។ ឯ​ពញា​មន្ត្រី​អរ​ជូន​កែ​​មេគយ​ ដឹង​ដំណឹង​នេះ​ហើយ​ ក៏​កេណ្ឌ​ពល​ចោម​ចាប់​បាន​នាង​ផា​លែង​ និង ស្ដេច​កន​។ ស្ដេច​កន​ ស្រែក​រោទិ៍​ជា​ខ្លាំង​ ហើយ​ថា ​:​ អញ​មិន​គួរ​ជា​ឲ្យ​គេ​ចាប់​បាន​សោះ​។​

ឯ​ពញា​មន្ត្រី​អរ​ជូន​កែ​ ជា​មេ​គយ​កាល​ចាប់​ដាក់​ក្ដី​ ស្ដេច​កន​ និង​នាង​ផា​លែន​ បាន​ហើយ​ក៏​គិត​ថា ​:​ បើ​អញ​នាំ​ទាំង​រស់​ សម្ដេច​ព្រះ​ភាគិ​នេយ្យោ​យស​រាជា​ នោះ​ត្រូវ​ជា​ក្មួយ​ស្ដេច​កន​ ផង​កាល​ណា នឹង ហ៊ាន​សម្លាប់​ស្ដេច​កន​ ដ្បិត​ស្ដេច​កន​ ត្រូវ​ជា​ឪពុក​មា​។ បើ​អញ​ពុំ​ហ៊ាន​សម្លាប់​ហើយ​ តែ​កាល​ណា​ស្ដេច​លែង​ខ្លួន​វា​ ចិញ្ចឹម​វា​ឡើង​ជា​ធំ​មុខ​ជា​អស់​យើង​ នឹង ស្លាប់​ទាំង​អស់​គ្នា​វិញ​ពុំ​ខាន​។​ លុះ​គិត​យល់​ព្រម​គ្នា​ហើយ​ អរ​ជូន​ "កែ"​ ក៏​កាត់​យក​ក្បាល​ស្ដេច​កន​ និង នាង​ផា​លែន​​ដាក់​ជាល​ ព្រម​ទាំង​ឲ្យ​ប្រហារ​ជីវិត​ទាំង​អស់​ស្ម័គ្រ​បក្ស​ពួក​ទាំង​២៥​នាក់​ទៀត​។​ ឯ​ព្រៃ​ដែល​គេ​ចោម​ចាប់​ស្ដេច​កន​ នោះ​សព្វ​ថ្ងៃ​គេ​ហៅ​ថា​ ព្រៃ​ចំណោម​។​ ត្រង់​កន្លែង​ដែល​ស្ដេច​កន​ ស្រែក​រោ​ទិ៍​នោះ សព្វ​ថ្ងៃ​គេ​ហៅ​ថា​ ព្រៃ​ទំ​រន​រោទិ៍​ (មិន​យល់​ពាក្យ​នេះ​)​ យា​រ​ៗ​មក​គេ​ហៅ​ថា​ ព្រៃ​រោទិ៍​។​ ត្រង់​កន្លែង​ដែល​ថា​មិន​គួរ​ឲ្យ​ចាប់​បាន​នោះ​ គេ​ហៅ​ថា​ ព្រៃ​មិន​គួរ​យារ​ៗ​មក​គេ​ហៅ​ថា​ ព្រៃ​ជើង​គួរ​។​

ឯ​សម្ដេច​ព្រះ​ភាគិ​នេយ្យោ​យស​រាជា​ ជា​កែវ​នា​យក​ ព្រះ​អង្គ​មាន​កង​ទ័ព​តែ ៤០០០ នាក់​ខាង​ស្ដេច​កន​ មាន​កង​ទ័ព​ដល់​ទៅ ៧​ស្បែក​ គឺ​១៤០០០​នាក់​។ ស្ដេច​ នឹង លើក​វាយ​បន្ទាយ​នោះ​ ពល​ តិច​ក្រែង​ថ្លស់​ការណ៍​ ដ្បិត​បន្ទាយ​នោះ​ ធំ​ណាស់​ ហើយ​ខ្ពស់​ផង​ទាំង​រេហ៍​ពល​ ក៏​ច្រើន​ណាស់​ទៀត​។ ព្រះ​អង្គ​រេហ៍​ពល​ ជញ្ជូន​តែ​រូប​ចំបើង​ និង​ប្រឆេះ​ទៅ​អុជ​តាំង​ហ៊ោ ​នៅ​ក្បាល​ត្រោក​រាល់​ៗ​យប់​។ ទាហាន​ពី​ក្នុង​បន្ទាយ​ពិជ័យ​ព្រៃ​នគរ​ ក៏បាញ់​កាំ​ភ្លើង​ ធ្នូ​ ស្នា មក យូរ​មក​ទៀត​ស្រាប់​តែ​បាត់​ពុំ​ឃើញ​មាន​ឮ​សូរ​កាំ​ភ្លើង​បាញ់​ចេញ​ពី​ក្នុង​បន្ទាយ​ ទាំង​ចៅ​ពញា​តេជោ​ ពញា​សួ​គ៌ាលោក​ ក៏​នាំ​ក្បាល​ចៅ​ហ្វា​កៅ​ និង ចក្រី​នី​ ហើយ​និង​ក្បាល​ចៅ​ពញា​វៀង​ ចៅ​ពញា​វាំង​ មក​ថ្វាយ​ ហើយ​ឧក​ញ៉ា​ចក្រី ​"ទេព"​ កូន​ពញា​មឿង​ ក៏​ក្រាប​ទូល​ថា ​:​ ក្នុង​ដប់​ថ្ងៃ ​ដប់​យប់​ នេះ​ពុំ​មាន​ទ័ព​ខ្មាំង​បាញ់​ត​មក​ពី​ក្នុង​បន្ទាយ​ទេ​ គឺ​ ឃើញ​តែ​មនុស្ស​រត់​ចេញ​ពី​ក្នុង​បន្ទាយ​ ទាំង​យប់​ ទាំង​ថ្ងៃ​ ពុំ​ដែល​ដាច់​។​

ខណៈ​នោះ ​សម្ដេច​ចៅ​ពញា​យស​រាជា​ ភាគិ​នេយ្យោ ​ជា​កែវ​នាយក​ ទ្រង់​ជ្រាប​ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ប្រឹក្សា​ នឹង នាយក​កង​ទ័ព​ថា ​: អ្នក​រាល់​គ្នា ចំពោះ​កា​រណ៍​នេះ​យល់​ដូច​ម្ដេច​ខ្លះ​ ? មេ​កង​ខ្លះ​ទូល​ថា ​:​ ការណ៍​នេះ​ឃើញ​ថា​ ព្រះ​ស្ដេច​កន​ ធ្វើ​ឧបាយ​កល​ ឲ្យ​យើង​ចូល​ទៅ​ឲ្យ​ស៊ុន​ខ្លួន​ ដើម្បី​គេ​នឹង​ចោម​ព័ទ្ធ​យើង​។​ ខ្លះ​ថា​ :​ ព្រះ​ស្ដេច​កន​ វា​ឃើញ​កង​ទ័ព​យើង​តិច​ បាន​ជា​វា​បន្ថយ​កង​ទ័ព​ខ្លះ​ចេញ​។​ ក្នុង​វេលា​ដែល​កំពុង​តែ​ជំនុំ​គ្នា​នោះ​បណ្ដាល​ឲ្យ​ព្រះ​ទ័យ​នៃ​ព្រះ​អរិយ​បញ្ញា​សាគរ​ អាប៉ោ​ ចៅ​អធិ​ការ​ដែល​រក្សា​វត្ត​ប្រាសាទ​ក្នុង​ ឲ្យ​យល់​ថា ​: អាត្មា​អញ​នឹង​នៅ​បង្អង់​ពុំ​ថ្វាយ​ព័ត៌​មាន​ទៅ​ហ្លួង​ខាង​លិច​ទេ តែ​ហ្លួង​ខាង​លិច​ចូល​នគរ​បាន​ ហ្លួង​នឹង​យក​ទោស​ដល់​អាត្មា​អញ​ផង​ជា​ពុំ​ខាន​។ គិត​យល់​ដូច្នោះ​ហើយ​ព្រះ​អង្គ​ឡើង​គង់​លើ​គ្រែ​ ឲ្យ​រេហ៍​ពល​សែង​បាំង​សប្ប​ធន​មាន​ពល​ហែ​មុខ​ ក្រោយ​ទាំង​ ៥០០​នាក់​ និង ភិក្ខុ​សាម​ណេរ​ ១៦០ អង្គ​​ហែ​សម្ដេច​ព្រះ​អរិយ​បញ្ញា​សាគរ​ អាប៉ោ​ចេញ​ពី​បន្ទាយ​ពិជ័យ​ព្រៃ​នគរ​ តម្រង់​ទៅ​បន្ទាយ​ក្ដុល​។​ ដល់​ហើយ​ លោក​ឲ្យ​ភិក្ខុ​ ជា​សិស្សា​នុសិស្ស​ ទៅ​ប្ដឹង​សេនា​បតី​ សេនា​បតី​ ក្រាប​បង្គំ​ទូល​ សម្ដេច​ព្រះ​យស​រាជា​កែវ​នាយក​។​ ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ត្រាស់​ឲ្យ​និមន្ត​លោក​ចូល​ទៅ​ក្នុង​ព្រះ​ពន្លា​ ទើប​សម្ដេច​ព្រះ​អរិយ​បញ្ញា​សាគរ​ អា​ប៉ោ ថ្វាយ​ព្រះ​ពរ​ថា ​:​ ស្ដេច​កន​ បែក​បន្ទាយ​ រត់​ចោល​បន្ទាយ​ទៅ​៣​ខែ​ហើយ​ ដោយ​ភ័យ​នឹង​សូរ​សព្ទ​សន្ធឹក​ ខាង​ក្រោម​ដី​ និង​ អាកាស​ ដាស់​ព្រះ​ធរណី​ ដូច​ជា​សូរ​រន្ទះ​ ជា​អចិ​ន្ត្រៃយ​។​ ហេតុ​នេះ​ អាត្មា​ភាព​ មក​ថ្វាយ​ព្រះ​ពរ​សូម​ទ្រង់​ជ្រាប​។​ សម្ដេច​ព្រះ​យស​រាជា​ជា​កែវ​នាយក​ ទ្រង់​ព្រះ​អំណរ​ណាស់​ ហើយ​ទ្រង់​ត្រាស់​ថា ​:​ ឧក​ញ៉ា​ចក្រី​ ចៅ​ពញា​សួគ៌ា​លោក​ក្រាប​ទូល​នេះ​ ឃើញ​ថា​ពិត​ណាស់​។​ ត្រាស់​តែ​ម៉្លោះ​ហើយ​ ព្រះ​អង្គ​ក៏​លើក​យោធា​ចូល​ទៅ​ប្រថាប់​ក្នុង​បន្ទាយ​ពិជ័យ​ព្រៃន​គរ​ ទ្រង់​ទត​ប្រាសាទ​ ព្រះ​រាជ​វាំង​ សួន​ច្បារ​ ផ្កា​ ដំណាំ ​ព្រះ​ដំ​ណាក់​ ឃ្លាំង​ និង​រោង​ដំរី​ សេះ ​ទាំង​ប៉ុន្មាន​ ទ្រង់​ស្ងើច​ទង់​ព្រះ​រាជហ​ឫទ័យ​ ទ្រង់​ត្រាស់​សរ​សើរ​ថា ​: ​ព្រះ​ស្ដេច​កន​នេះ​មាន​បុណ្យ​អស្ចារ្យ​ណាស់​ ហើយ​ត្រាស់​ឲ្យ​រឹប​រើ​យក​របស់​ទ្រព្យ​ទាំង​នោះ ​ចាត់​បម្រើ​ឲ្យ​នាំ​ចៅ​ក្រាប​ទូល​ថ្វាយ​ព្រះ​បរម​រាជ​បិតុលា​ឯ​បន្ទាយ​ខែត្រ​ពោធិ៍​សាត់​ ហើយ​សម្ដេច​ព្រះ​យស​រាជា​ ជា​កែវ​នាយក​ ទ្រង់​ប្រោស​ឲ្យ​សម្ដេច​ព្រះ​អរិយ​បញ្ញា​សាគរ​ អាប៉ោ ឲ្យ​រួច​ទោស​គង់​ទី​ គ្រង​ពល​សម្រាប់​វត្ត​ដូច​ដែល​។​ ទ្រង់​ចាត់​នាយ​កង​ទ័ព​ ឲ្យ​លើក​តាម​ចាប់​ខ្លួន​ព្រះ​ស្ដេច​កន​ ឲ្យ​បាន​ហើយ​ត្រាស់​ឲ្យ​ដាក់​គយ​ល្បាត​ ស្ទាក់​រក​ចាប់​គ្រប់​អន្លើ​។​

ឯ​ពញា​មន្ត្រី​អរ​ជូន​ លុះ​ធ្វើ​គត​ស្ដេច​កន​ និង​នាង​ផាលែន​ និង​សេនា​ទាហាន​ ២៥​នាក់​រួច​ហើយ​ក៏​ឲ្យ​ធ្វើ​ជាល​ដាក់​ក្បាល​ទាំង​អស់​ នាំ​យក​ទៅ​ថ្វាយ​ សម្ដេច​ព្រះ​ភាគិនេយ្យោ​កែវ​នាយក​ ក្នុង​បន្ទាយ​ពិជ័យ​ព្រៃ​នគរ​។​

ឯ​សម្ដេច​ព្រះ​យស​រាជា​ ជា​កែវ​នាយក​ ព្រះ​អង្គ​យល់​ហើយ​ ឲ្យ​យក​ក្បាល​ព្រះ​ស្ដេច​កន​ និង​ម្នាង​ផាលែន​ ធ្វើ​បុណ្យ​បូជា​ព្រះ​ភ្លើង​ សាង​ព្រះ​ចេតិយ​ដាក់​ក្នុង​វត្ត​ប្រាសាទ​ក្នុង​ដោយ​ហេតុ​ជាប់​សា​លោហិត​ខាង​ព្រះ​អង្គ​ ហើយ​ទ្រង់​ប្រោស​លើក​ទោស​អស់​​អាណា​ប្រជា​នុរាស្ត្រ​ដែល​ចូល​ក្បត់​ជា​មួយ​ នឹង ព្រះ​ស្ដេច​កន​ ទាំង​ប៉ុន្មា​នៗ​ នោះ​ឲ្យ​រួច​ទោស​នៅ​រក​ស៊ី​ដូច​ប្រក្រ​តី​។​

បណ្ដា​រាស្ត្រ​ផង ក៏​មាន​ចិត្ត​ត្រេក​អរ​សោម​នស្ស​នាំ​គោ​ ក្របី ដំរី សេះ​របស់​ខ្លួន​មក​ក្រាប​ទូល​ថ្វាយ​ដោយ​ស្រឡាញ់​ព្រះ​រាជ​ហ​ឫទ័យ​ បុណ្យ​បារមី​ ជា​អនេក​។

ឯ​ព្រះ​ពញា​មន្ត្រី​អរ​ជូន​ កែវ​ ដែល​មាន​បំណាច់​កាត់​ក្បាល​ស្ដេច​កន​ នាង​ផាលែន​នោះ​ ទ្រង់​តាំង​ជា​ចៅ​ហ្វាយ​ស្រុក​ខែត្រ​ត្បូង​ឃ្មុំ ថែម​ជា​ថ្មី​ទៀត​ ជា​ចៅ​ពញា​អរជូន​ចាប់​បាន​។​

តទៅលេខ ២០