១៨ - ប្រទេសខ្មែរនៅសតវត្សទី១៦ វិបត្ដិរាជវង្សខ្មែរ និង ការជ្រៀតជ្រែករបស់សៀម
ថ្ងៃសៅរ៍ ទី29.វិច្ឆកា 2014.ម៉ោង 11:49

ចំបាំងគ្នាអែងក្នុងស្រុក

ចំបាំង​គ្នា​ឯង​ក្នុង​ស្រុក​ដែល​បាន​កើត​ឡើង​ជា​លើក​ដំបូង​ក្នុង​សង្គម​ខ្មែរ នៅ​ពាក់​កណ្ដាលទី២ នៃស.វ​ទី​១៥ ត្រូវ​បាត់​ស្ងាត់​ទៅ​អស់​មួយ​រយៈ​ពេល ហើយ​បាន​កំ​រើក​ឡើ​វិញ​យ៉ាង​ខ្លាំង​នៅ​ខាង​ដើម​នៃ​ស.វ​ទី​១៦​។

ព្រះបាទស្រីសុគន្ធបទ (១៥០៤ - ១៥១២) និងការជៀតជ្រែកស្ដេចកន

នៅ​ពេល​ដែល​ព្រះ​បាទ​ធម្ម​រាជា សោយ​ទី​វង្គត​នៅ​គ.ស. ១៥០៤ បុត្រ​ច្បង​របស់​ព្រះ​អង្គ​គឺ ចៅ​ពញា​ដាំ​ខាត់​រាជា បាន​ឡើង​សោយ​រាជ្យ​ស្នង​ព្រះ​អង្គ ដោយ​មាន​នាម​សំរាប់​រាជ​ថា ព្រះ​បាទ​ស្រី​សុគន្ធ​បទ គង់​នៅ​រាជ​ធានី​ចតុមុខ​។ ក្រោយ​បន្ដិច​មក ព្រះ​អង្គ​ទ្រង់​សព្វ​ព្រះ​ហរិ​ទ័យ​លើក​រាជ​ធានី​ទៅ​តាំង​នៅ​ទួល​បាសាន​វិញ ដោយ​ព្រះ​អង្គ​ទ្រង់​ឈ្វេង​យល់​ថា ទី​នោះ​ជា​ចំនុច​យុទ្ធ​សាស្រ្ដ​មួយ មាន​ឧប​សគ្គ​ធម្ម​ជាតិ (បឹង​ធំ ទន្លេ​ព្រៃ​ញឹក) ស្រួល​ការ​ពារ​ខ្លួន​ជាង​នៅ​ក្រុង​ចតុ​មុខ។ ឯ​ព្រះ​អនុជ​ព្រះ​នាម​ពញា​ចន្ទ​រាជា ត្រូវ​បាន​តែង​តាំង​ជា​មហា​ឧប​រាជ​នៅ គ.ស.១៥០៨ ហើយ​នៅ​ការ​ពារ​ក្រុង​ចតុ​មុខ​មើល​ការ​ខុស​ត្រូវ​លើ​អានា​ខេត្ដ​ត្រើយ​ខាង​លិច​។

តមក ព្រះ​រាជា​ទ្រង់​បញ្ជា​អោយ​ពួក​មន្រ្ដី​រៀប​ចំ​ដង្ហែ​ព្រះ​អង្គ​ទៅ​ក្រសាល​បឹង​បង់​សំំណាញ់​កំសាន្ដ​ទៅ​តាម​ចំណូល​ព្រះ​ហ​រិទ័យ​របស់​ព្រះ​អង្គ ដែល​ធ្លាប់​តែ​ធ្វើ​ពិធី​មុន​រៀង​មក​។ ស្ដេច​កន​ក៏​ត្រូវ​បាន​គេ​ចាត់​អោយ​ទៅ​ហែ​ហម​ព្រះ​រាជា ជា​មួយ​នឹង​មន្រ្ដី​អែ​ទៀត​ៗ​ដែរ​។ ដូច​បាន​គ្រោង​ទុក​ជា​មុន​ស្រេច ព្រះ​រាជា​ទ្រង់​ធ្វើ​កល​ថា សំណាញ់​ព្រះ​អង្គ​ជាប់​សំរាស់​លើក​ពុំ​រួច ហើយ​ទ្រង់​បញ្ជា​អោយ​ស្ដេច​កន មុជ​ទឹក​ទៅ​ដោះ​។ ស្ដេច​កន​ទទួល​បញ្ជា​ហើយ​លោត​ទៅ​ក្នុង​ទឹក ធ្វើ​ហាក់​ដូច​ជា​ពុំ​ដឹង​ខ្លួន ហើយ​មុជ​ថយ​ចេញ​ពី​កន្លែង​នោះ​ឆ្ងាយ​ទៅ​។ ពេល​នោះ​ពួក​បរិ​វារ​ដែល​ជា​ជំនិត​នឹក​ស្មាន​ថា ​ស្ដេច​កន​ បាន​ធ្លាក់​ក្នុង​អន្ទាក់​របស់​ខ្លួន​ហើយ ក៏​ប្រញាប់​បង់​សំណាញ់​ព្រម​គ្នាគ្រប​ត្រង់​កន្លែង​ដែល​ស្ដេច​កន​លោត​ចុះ​ទៅ​នោះ ដោយ​មាន​បំណង​ធ្វើ​អោយ​ស្ដេច​កន​ជាប់​សំនាញ់​រើ​ពុំ​រួច ស្លាប់​នៅ​ក្នុង​ទឹក​នោះ​ទៅ​។

លុះ​ផុត​គ្រោះ​ថ្នាក់​ហើយ​ស្ដេច​កន​បាន​ភៀស​ខ្លួន​ទៅ​ដល់​ខេត្ដ​បាភ្នំ ហើយ​ប្រើ​ឧបាយ​កល​បោក​បញ្ឆោត​ពួក​ចៅ​ហ្វាយ​ខេត្ដ​ថា ខ្លួន​បាន​ទទួល​បញ្ជា​ពី​ព្រះ​រាជា​អោយ​មក​កែន​ទ័ព​ទៅ​កំចាត់​មហា​ឧប​រាជ ចន្ទរាជា ដែល​មាន​ចិត្ដ​ចង់​ឡើង​សោយ​រាជ​នៅ​ក្រុង​ចតុ​មុខ​។ ព្រះ​រាជា​លុះ​បាន​ជ្រាប​ដំណឹង​ថា​ ស្ដេច​កន​នៅ​រស់​ហើយ​មាន​ទ័ព​ប្រឆាំង ព្រះ​អង្គ​ថែម​ទៀត​ក៏​ទ្រង់​បញ្ជា​អោយ​ឳពុក និង​បង​ស្រី​ស្ដេច​កន​សរ​សេរ​សំបុត្រ​ហៅ​ត្រ​លប់​មក​វិញ​។ ស្ដេច​កន​ប្រើ​ឧបាយ​កល​ម្ដង​ទៀត ដោយ​ប្រាប់​ទៅ​ពួក​ចៅ​ហ្វា​ខេត្ដ​ និង​អ្នក​ស្រុក​ថា ហ្លួង​ទ្រង់​តឿន​ពី​រឿង​សង្រ្គាម​ទៅ​វិញ​។ ពាក្យ​ឃោសនា​របស់​ស្ដេច​កន បាន​លេច​លឺ​ទៅ​ដល់​មហា​ឧរាជ ចន្ទ​រាជា​។ ព្រះ​អង្គ​នឹក​ស្មាន​ថា​មាន​ហេតុ​មិន​ស្រួល​ក៏​នាំ​ព្រះរាជ​វង្សា​នុវង្ស​ប្រញាប់​ប្រញាល់​ភៀស​ខ្លួន​ទៅ​សុំ​ជ្រក​កោន​នឹង​ស្ដេច​សៀម​ទៅ​។ កាល​ដែល​យាង ទៅ​ដល់​ពោធិ​សាត់ ព្រះ​ចន្ទ​រាជា​ទ្រង់​បាន​ទៅ​សំណាក់​ផ្ទះ​មន្រ្ដី​ម្នាក់​ឈ្មោះ​ពេជ ហើយ​ទ្រង់​បាន​ទទួល​ការ​ទំនុក​បំរុង​ផ្សេង​ៗ​ពី​មន្រ្ដី​រូប​នេះ​។

លុះ​បាន​ដឹង​ថា ព្រះ​ចន្ទ​រាជា​ព្រះ​អនុជ ព្រះ​ស្រី​សុគន្ធ​បទ​បាន​យាង​ចេញ​ផុត​ពី​ប្រទេស​ហើយ ស្ដេច​កន​ក៏​ចាប់​ផ្ដើម​វាយ​លុក​ចូល​រាជ​ធានី​ទួល​បាសាន​។ ព្រះ​រាជា​ទ្រង់​បាន​លើក​ទ័ព​ចេញ​ត​ទល់​ផ្ទាល់​ព្រះ​អង្គ តែ​ត្រូវ​ទទួល​បរា​ជ័យ ហើយ​ថយ​ទៅ​កែន​ទ័ព​ថែម​នៅ​ក្រុង​ចតុ​មុខ​។ ស្ដេច​កន​លើក​ទ័ព​ដេញ​តាម​វាយ​បែក​បន្ទាយ​ភ្នំ​ពេញ​ទៀត ព្រះ​បាទ​ស្រី​សុគន្ធ​បទ​ថយ​ទៅ​គង់​នៅ​លង្វែក​។ លុះ​បន្ទាយ​លង្វែក​ត្រូវ​បាន​វាយ​បែក ព្រះ​អង្គ​យាង​ទៅ​គង់​នៅ​ស្រុក​បរិបូរ (អម្រិន្ទ​បូរ) រួច​នៅ​ទី​បំផុត ទៅ​គង់​នៅ​បន្ទាយ​ស្ទឹង​សែន ក្នុង​ខេត្ដ​សន្ទុក​នៅ​គ.ស.១៥១២ ។ ពេល​នោះ​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន​ ទៅ​តាំង​ទ័ព​បោះ​បន្ទាយ​នៅ​ទទួល​បាសាន ហើយ​ប្រារព្ធ​ធ្វើ​ពិធី​លើក​ខ្លួន​អែង​ឡើង​ជា​មហា​ឧប​រាជ រួច​ស្រេច​ហើយ ទ្រង់​បាន​បញ្ជា​អោយ​ទ័ព​លើក​ឆ្លង​ទៅ​បោះ​នៅ​កំពង់​សៀម​ទៀត​។ ស្ដេច​កន​បាន​ក្លែង​សំបុត្រ​ផ្ញើ​ទៅ​ហ្លួង​សុំ​ចុះ​ចូល តែ​សុំ​អោយ​ម្ដាយ និង​បង​ប្អូន​បាន​មក​មុន​សិន​។ ហ្លួង​បញ្ជា​អោយ​ឆ្លើយ​វិញ​ថា ត្រូវ​តែ​ស្ដេច​កន​ចូល​មក​មុន បើ​ពុំ​ដូច្នោះ​ទេ​នឹង​សំលាប់​ម្ដាយ​ និង​បង​ប្អូន​ទាំង​អស់​។ ស្ដេច​កន​លើក​ទ័ព​ទៅ​ជិត​អាសន្ទុក រក​ឧបាយ​យក​ម្ដាយ និង​ញាតិ​សន្ដាន​មក​វិញ​។ ពេល​នោះ មាន​មន្រ្ដី​ម្នាក់​ស្ម័គ្រ​ចិត្ដ​ទទួល​បំពេញ​កិច្ច​ការ​នេះ​ថ្វាយ​ស្ដេច​កន ឈ្មោះ ឧក​ម៉ឺន​លុរិន្ទ​កែវ​។​ កាល​នោះ​គេ​ចោទ​មន្រ្ដី​រូប​នេះ​ក្បត់ ស្រាប់​តែ​មាន​ទាហាន​២០០​នាក់​ជួយ​យក​អាសា នាំ​ទៅ​ខាង​បន្ទាយ​ហ្លួង​សុំ​ចុះ​ចូល បន្ទាប់​មក​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន នាំ​ទ័ព​ចូល​វាយ​លុក​បន្ទាយ​ស្ទឹង​សែន​យ៉ាង​ខ្លាំង​។ ដោយ​ទ្រង់​ឈ្វេង​យល់​ថា មិន​អាច​ទប់​ទល់​យូរ​អង្វែង​ត​ទៅ​ទៀត​បាន ព្រះ​រាជា​គិត​ដក​ថយ​ទៅ​តាម​ជើង​ទឹក ទៅ​កាន់​ខេត្ដ​ពោធិ​សាត់ តែ​ពេល​នោះ ឧក​ម៉ឺន​សុរិន្ទ​កែវ និង​បក្ស​ពួក​បះ​ឡើង​ចោម​ធ្វើ​គត​ព្រះ​អង្គ​បាន​ក្នុង​បន្ទាយ ស្ទឹង​សែន​នោះ​នៅ គ.ស. ១៥១២ ។ ព្រះ​រាជ​បុត្រ​ព្រះ​អង្គ​នាម ពញា​យស​រាជា (បុត្រ​ជា​មួយ​ម្នាង​កេសរ​បុប្ផា) និង​បរិវារ​មួយ​ក្រុម បានភៀស​ទៅ​ជ្រក​កោន​ក្នុង​ប្រ​ទេស​សៀម​ជា​មួយ​ព្រះ​ចន្ទ​រាជា​។

ឃុន​ហ្លួង​ព្រះ​ស្ដេច​កន ត្រលប់​មក​ទួល​បាសាន​វិញ ប្រកាស​អោយ​រក​ព្រះ​ខាន់​រាជ ព្រះ​លំពែង​ជ័យ និង​គ្រឿង​បញ្ច​ក្សត្រ​ដើម្បី​ឡើង​សោយ​រាជ​សម្បត្ដិ​។ រាជ​ពង្សា​វតារ​ខ្លះ​បាន​បញ្ជាក់​ថា កាល​ដែល​បាន​ឡើង​សោយ​រាជ​នោះ ស្ដេច​កន មាន​ព្រះ​ជន​ទើប​បាន​២៩ វស្សា ហើយ​មាន​នាម​សំរាប់​រាជ​ថា ស្រី​ជេដ្ឋា​ធិរាជ​រាមា​ធិបតី​។ ព្រះ​អង្គ​ទ្រង់​បញ្ជា​អោយ​មេ​ទ័ព កៅ ដែល​ត្រូវ​ជា​ឳពុក​មា​បង្កើត អោយ​លើក​ទ័ព​ទៅ​បង្ក្រាប​យក​ខេត្ដ​ទាំង​ឡាយ​ណា​ដែល​មិន​ទាន់​ចុះ​ចូល​ព្រះ​អង្គ​នៅ​ឡើយ​។ លុះ​បាន​សុខ​សន្ដិ​ភាព​បរិបូរ​ឡើង​វិញ​ហើយ ព្រះ​អង្គ​ទ្រង់​លើក​ឱពុក​មា​អោយ​ឡើង ឋានៈ​ជា​ស្ដេច​ចៅ​ហ្វា​ទឡហៈ (នាយក​រដ្ឋមន្រ្ដី) ឯ​ពួក​បរិវារ​ឯ​ទៀត ក៏​បាន​ទទួល​យក​យស​សក្ដិ​ទៅ​តាម​គុណ​បំណាច់​រៀង​ៗ​ខ្លួន​ដែរ​។

នៅ​ប្រមាណ គ.ស. ១៥១៤ ព្រះ​បាទ​ស្រី​ជេដ្ឋា (ស្ដេច​កន) ទ្រង់​លើក​រាជ​ធានី​ទៅ​តាំង​នៅ ចន្លក់​ដូន​តី នៅ​បាន​តែ ៥​ខែ រួច​លើក​ទៅ​តាំង​នៅ​ភូមិ​ត្រលប់​នៅ​ទល់​ដែន​ខេត្ដ​ត្បូង​ឃ្មុំ នឹង​បាភ្នំ រាជ​ធានី​ថ្មី​នេះ​ជា​បន្ទាយ​មួយ​យ៉ាង​មាំ ដែល​ព្រះ​អង្គ​ប្រទាន​នាម​ថា ក្រុង​ស្រលប់​ពិជ័យ​ព្រៃ​នគរ​។ រាជ​ពង្សា​វតារ​ខ្លះ​បាន​បញ្ជាក់​ថា ព្រះ​បាទ​ស្រី​ជេដ្ឋា​(កន) ទ្រង់​មាន​ចំណូល​ហរិ​ទ័យ​ខាង​បរ​បាញ់​សត្វ ចាប់​ត្រី ល្បែង ស្រី ទត​របាំ​មហោ​ស្រព​​តន្រ្ដី​។ ក្នុង​រជ្ជ​កាល​របស់​ព្រះ​អង្គ មាន​បោះ​ប្រាក់​ស្លឹង (សាច់​ប្រាក់​សុទ្ធ) មាន​រូប​នាគ​សំរាប់​ប្រើ​ប្រាស់​ក្នុង​ប្រទេស ហើយ​មាន​ប្រវត្ដិ​វិទូ​ខ្លះ​សង្កត់​សេច​ក្ដី​ថា​ នៅ​សម័យ​នោះ​អាណា​ប្រជា​រាស្រ្ដ​បាន​សុខ​សំបូរ​សប្បាយ​ថែម​ទៀត​ផង​(១១)

២. ចំបាំងរវាងស្ដេចកន និង ព្រះចន្ទរាជា (១៥១៦ - ១៥២៥)

និយាយ​ពី​ព្រះ​ចន្ទរាជា កាល​ដែល​ទៅ​សុំ​ជ្រក​កោន​ជា​មួយ​ព្រះ​ចៅ​សៀម​នោះ តែង​តែ​យក​របរ​ទាក់​ដំរី​ទៅ​បំរើ​ព្រះ​អង្គ​។ លុះ​ទ្រង់​ជ្រាប​ថា ព្រះ​រៀម​ត្រូវ​បក្ស​ពួក​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន ធ្វើ​គត​បាន​ហើយ ព្រះ​ចន្ទ​រាជា​ទ្រង់​រិះ​រក​គ្រប់​មធ្យោ​បាយ​ដើម្បី​វិល​ត្រលប់​ចូល​មាតុ​ប្រ​ទេស​វិញ​។ នៅ គ.ស. ១៥១៥ ព្រះ​អង្គ​ទាក់​បាន​ដំរី​ស យក​ទៅ​ថ្វាយ​ព្រះ​ចៅ​សៀម ហើយ​សុំ​អនុញ្ញាត​ធ្វើ​វិវត្ដន៍​ចូល​ស្រុក​វិញ​។ តែ​ពុំ​បាន​សំរេច​ដូច​សេច​ក្ដី​ប្រាថ្នា​ឡើយ ដោយ​ហេតុ​នោះ​ព្រះ​អង្គ​ក៏​ទ្រង់​ប្រឌិត​ថា មាន​ដំរី​ខ្ពស់​១០ ហត្ថ​(៥ម) នៅ​ក្នុង​ព្រៃ​ភូម​ភាគ​ខាង​កើត​នៃ​ប្រ​ទេស​សៀម​។ លុះ​ទ្រង់​ ជ្រាប​ដំណឹង​នេះ​ហើយ ព្រះ​ចៅ​សៀម​ក៏​ទ្រង់​ត្រាស់​បញ្ជា​អោយ​ព្រះ​ចន្ទ​រាជា ចេញ​ទៅ​ទាក់​ដំរី​នោះ​យក​មក​ថ្វាយ​ព្រះ​អង្គ​អោយ​បាន​ ក្នុង​ការ​បំពេញ​បេ​សក​កម្ម​ក្លែង​បន្លំ​នេះ ព្រះ​ចន្ទ​រាជា​ទ្រង់​បាន​ទូល​សុំ​ពល​ចំនួន ៥០០០​នាក់ ដំរី​ធ្នាក់ ១០០​គ្រឿង​សស្រ្ដា​វុធ ស្បៀង​អាហារ និង​ដាវ​អាជ្ញា​សឹក​។ ព្រះ​ចៅ​សៀម​ក៏​ទ្រង់​យល់​ព្រម​តាម​សំណូម​ពរ​គ្រប់​ប្រការ​។

នៅ គ.ស.១៥១៦ មុន​នឹង​ចេញ​បំពេញ​បេ​សក​កម្ម​ទាក់​ដំរី​នោះ ព្រះ​ចន្ទ​រាជា ទ្រង់​បាន​យាង​ទៅ​ជួប​ជា​សំងាត់​ជាមួយ​ ពញាអុង ហើយ​បបួល​ព្រះ​អង្គ​អោយ​វិល​ត្រលប់​ចូល​ប្រទេស​វិញ​។ កាល​នោះ ពញាអុង​ជា​បុត្រ​ធម៌​ព្រះ​ចៅ​សៀម ហើយ​ត្រូវ​បាន​តែ​តាំង​អោយ​កាន់​ដំណែង​ជា​ចៅ​ហ្វាយ​ខេត្ដ​ សុវណ្ណ​ខេត្ដ​លោក​ថែម​ទៀត ព្រះ​អង្គ​ទ្រង់​បាន​ប្រកែក​ពុំ​ព្រម​វិល​ចូល​មាតុ​ប្រ​ទេស​ទេ ដោយ​ទ្រង់​យល់​ថា បាន​សុខ​សាន្ដ និង​បាន​យស​សក្ដិ​គ្រប់​សព្វ​ណាស់​ទៅ​ ហើយ​។

ដោយ​មិន​អាច​ទាក់​ទាញ​ពញាអុង អោយ​ធ្វើ​តាម​ព្រះ​អង្គ ព្រះ​ចន្ទ​រាជា ទ្រង់​បញ្ជា​ទ័ព​អោយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត ធ្វើ​ហាក់​ដូច​ជា​ខំតាម​ដាន​ដំរីស ហើយ​នៅ​ទី​បំផុត​បាន​ទៅ​ដល់​ព្រំ​ដែន​ប្រ​ទេស​ខ្មែរ​។ ព្រះ​ចន្ទ​រាជា​ទ្រង់​ ចាត់​អោយ​គេ​នាំ​សារ​ទៅ​ថ្វាយ​ព្រះ​ចៅ​សៀម​ថា សុំ​ទ័ព​ជា​បន្ថែម​ទៀត ប៉ុន្ដែ​ពញា​អុង បាន​ទៅ​ទូល​ថ្វាយ​ពី​កល​ល្បិច កិច្ច​កល​គ្រប់​សព្វ​របស់​ព្រះ​ចន្ទ​រាជា ព្រះ​ចៅ​សៀម​ទ្រង់​ខ្ញាល់​ខ្លាំង​ណាស់ ហើយ​ទ្រង់​បញ្ជា​អោយ​លើក​ទ័ព​ទៅ​នាំ​ព្រះ​ចន្ទ​រាជា​មក​វិញ​។ ក្នុង​អំលុង​ពេល​នោះ ព្រះ​ចន្ទ​រាជា បាន​លើក​ទ័ព​ចូល​ទៅ​ក្នុង​ដី​ខ្មែរ​រួច​ជា​ស្រេច​។ លុះ​ទៅ​ ដល់​បាត់​ដំបង ព្រះ​អង្គ​កែន​បាន​ពល ១០ ០០០​នាក់ ហើយ​លើក​បង្ហួស​ទៅ​ពោធិ​សាត់​។ លោក​ឧក​ញ៉ា សួគ៌ា​លោក​កែវ ចៅ​ហ្វាយ​ស្រុក​ខេត្ដ​នេះ លុះ​បាន​ដឹង​ហើយ​ក៏​ប្រញាប់​ចាត់​អោយ​នាំ​ដំណឹង​នេះ​ទៅ​ថ្វាយ​ព្រះ​បាទ ស្រី​ជេដ្ឋា​ធិរាជ ​(កន)។ ចំណែក​តា​ពេជ បាន​ប្រ​មូល​បក្ស​ពួក ហើយ​ទៅ​វាយ​ឆ្មក់​លុក​ចូល​បន្ទាយ ហើយ​សំលាប់​ចៅ​ហ្វាយ​ស្រុក​​កែវ​បាន​។ គាត់​ក៏​ខិត​ខំ​បញ្ចុះ​បញ្ចូល​អោយ​ពល​ទាហាន​ចូល​ខាង​ព្រះ​ចន្ទ​រាជា ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហរិ​ទ័យ​យ៉ាង​ខ្លាំង​ចំពោះ​ថ្វី​ដៃ​របស់​តាពេជ ហើយ​បាន​តាំង​គាត់​ជា ចៅ​ពញា​សួគ៌ា​លោក ជា​ជំនួយ​ឧកញ៉ា​កែវ​។ ម្យ៉ាង​ទៀត ព្រះ​ចន្ទ​រាជា​បាន​តែង​តាំង​តា​ពេជ ជា​មេ​ទ័ព​ធំ និង​កូន​ទាំង​៤​នាក់​របស់​គាត់​ជា​មេ​ទ័ព​រង ហើយ​ទ្រង់​បញ្ជា​អោយ លើក​ទៅ​វាយ​យក​ខេត្ដ​ក្រគរ ខ្លុង ក្រង​។

លុះ​បាន​ដំណឹង​ពី​ការ​វិល​ត្រលប់​មក​វិញ​របស់​ព្រះ​ចន្ទ​រាជា​ភ្លាម ព្រះ​បាទ​ស្រី​ជេដ្ឋា​កន ទ្រង់​បាន​បញ្ជា​អោយ​ចៅ​ហ្វា កៅ លើក​ទ័ព​ទៅ​ត​ទល់​ត្រង់​ក្រគរ​។ ដោយ​មាន​ទាហាន​ស្លាប់​ច្រើន​ពេក តា​ពេជ បញ្ជា​អោយ​ទ័ព​ថយ​ចូល​ទៅក្នុង​បន្ទា​ពោធិ​សាត់​សិន ទ័ព​ខាង​ស្ដេច​កន ក៏​ដេញ​តាម ហើយ​ទៅ​ព័ទ្ធ​បន្ទាយ​ជាប់​រយៈ​​​ពេល​១២​ខែ តែ​វាយ​លុក​ចូល​ពុំ​បាន​សោះ ក៏​ដក​ថយ​ទៅ​តាំង​ទ័ព​ឆ្ងាយ​ពី​នោះ​ដើម្បី​រង់​ចាំ​ជំនួយ​មក​ដល់​។ គឺ​នៅ​ក្នុង​កាល​ទេសៈ​បែប​នោះ​ហើយ ដែល​តា​ពេជ​ បាន​ធ្វើ​ពលិ​កម្ម​បូជា​ជីវិត​ដើម្បី​ទៅ​កែន​ទ័ព​បិសាច​មក​ជា​ទ័ព​ជំនួយ​។ បន្ទាប់​ពី​នោះ​ការ​ប្រយុទ្ធ​បង្ហូរ​ឈាម​បាន​កើត​ឡើង​សា​ជា​ថ្មី​ទៀត រវាង​ទ័ព​ព្រះ​ចន្ទ​រាជា និង​ទ័ព​ស្ដេច​កន នៅ​លើក​នេះ​ជ័យ​ជំនះ​ត្រូវ​បាន​ទៅ​ខាង​ព្រះ​ចន្ទ​រាជា ចំណែក​ចៅ​ហ្វាយ​កៅ បាក់​ទ័ព​ថយ​ទៅ​ខាង​កើត​វិញ។ «កន្លែង​ដែល តា​ពេជ បូជា​ជីវិត​នោះ បាន​ក្លាយ​ជា​កន្លែង​ទី​សក្ការៈ​បូជា​មួយ ឈ្មោះ​ថា អ្នក​តា​ឃ្លាំង​មឿង​រហូត​ មក​ដល់​សព្វ​ថ្ងៃ​នេះ​»។

ក្នុង​ដំណើរ​ជ្រុល​ទៅ​មុខ ព្រះ​ចន្ទ​រាជា បាន​លើក​ទ័ព​វាយ​យក​បាន​ខេត្ដ​ជា​ច្រើន​ជា​បន្ដ​បន្ទាប់​គ្នា គឺ​ក្រគរ ខ្លុង ក្រង បរិបូរ កំពង់​សៀម ជើង​ព្រៃ ស្ទឹង​ត្រង់​។ គ្រា​នោះ​មាន​ពួក​ខាង​ស្ដេច​កន ដែល​ទទួល​បរា​ជ័យ​នោះ​មក​សុំ​ចុះ​ចូល​ជា​ច្រើន អែ​ពួក​ដែល​រត់​ពួន​កាល​ព្រះ​បាទ​សុគន្ធ​បទ ច្បាំង​ចាញ់​ ឥលូវ​នេះ​ចេញ​មក​ថ្វាយ​ខ្លួន​ទាំង​អស់​។ ពួក​នាះ​បាន​សុំ​អោយ​ព្រះ​ចន្ទ​រាជា​ឡើង​សោយ​រាជ ព្រះ​អង្គ​ព្រម​ឡើង​គ្រង​រាជ​សិន ដោយ​មាន​ព្រះ​នាម​សំរាប់​រាជ​ថា ព្រះ​បរម​រាជា​ចន្ទ​រាជា នៅ គ.ស.១៥១៦។

នៅ​ឆ្នាំ​បន្ទាប់ គ.ស១៥១៧ ដោយ​ត្រូវ​ទទួល​បរា​ជ័យ​អស់​ច្រើន​លើក​ច្រើន​សា​មក​ហើយ ព្រះ​បាទ​ស្រី​ជេ​ដ្ឋាកន ទ្រង់​ស្នើ​ទៅ​ព្រះ​ចន្ទ​រាជា អោយ​ផ្អាក​សង្រ្គាម​ដើម្បី​អោយ​រាស្រ្ដ​ធ្វើ​ស្រែ​សិន សំណើ​​នេះ​ក៏​បាន​ទទួល​សេច​ក្ដី​យល់​ព្រម ពី​ព្រះ​ចន្ទ​រាជា​។ ដល់​ពេល​ចេញ​វស្សា ព្រះ​បាទ​ស្រី​ជេដ្ឋា​កន បាន​ផ្ដើម​ការ​វាយ​លុក​ម្ដង​ទៀត​ដោយ​ប្រើ​កល​ល្បិច អោយ​ទាហាន​សុំចុះ​ចូល​ខាង​ព្រះចន្ទ​រាជា​ផង ក្នុង​បំណង​ធ្វើ​គត​ស្ដេច​អង្គ​នេះ​អោយ​បាន តែ​មិន​បាន​សំរេច ឯ​ខាង​ព្រះ​ចន្ទ​រាជា​ក៏​ប្រើ​ល្បិច​ដូច​គ្នា​ហើយ​មិន​បាន​សំរេច​ដូច​គ្នា​ដែរ​។ ព្រះ​អង្គ​ក៏​ថយ​ទៅ​គង់​នៅ​ខេត្ដ​ពោធិ​សាត់ នៅ ​គ.ស.១៥២០​។ អគ្គម​ហេសី គឺ​សម្ដេច​ភគវ​តី​ន​សិរី​ចក្រ​ពត្ដិ បាន​ប្រសូត​បុត្រ​នាម​ព្រះ​រាមា​ធិបតី ហើយ​ឆ្នាំ​បន្ទាប់​មក​ស្នំឯក​បរម​បុប្ផា​បាន​ប្រ​សូត្រ​បុត្រ​នាម​ព្រះ​បរមេន្ទ​រាជា​។

នៅគ.ស.១៥២៥ ព្រះ​ចន្ទរាជា​ ក្រោយ​ដែល​ទ្រង់​បាន​ចាត់​អោយ​ទៅ​ទិញ​កំា​ភ្លើង​ធំ​តូច​ពី​ប្រ​ទេស​ម៉ាលា​យូ​មក ទ្រង់​បាន​ផ្ដើម​ការ​វាយ​លុក ទៅ​លើ​ទ័ព​ស្ដេច​កន ដែល​ទ្រង់​បាន​រៀប​ចំ​ធ្វើ​ចំបាំង​ដូច​គ្នា​នេះ​ដែរ​។ ព្រះ​ចន្ទ​រាជា បាន​លើក​ទ័ព​ចេញ​ជា​បី​ផ្លូវ​។ ព្រះ​អង្គ​ទ្រង់​នាំ​ទ័ព​ទៅ​វាយ​បន្ទាយ​ស្រីស​ឈរ​ដោយ​ផ្ទាល់​ព្រះ​អង្គ​។ ព្រះ​បាទ​ស្រី​ជេដ្ឋា​កន និង​ចៅ​ហ្វា​កៅ ខំ​វាយ​ទំលុះ​រត់​ចូល​ទៅ​ក្នុង​បន្ទាយ​ស្រ​លប់​ពិជ័យ​។ ព្រះ​ចន្ទ​រាជា បញ្ជា​អោយ​លើក​ទ័ព​ទៅ​វាយ​បន្ទាយ​នោះ​ទៀត នៅ​ទី​បំផុត ក្រោយ​ពី​បាន​តស៊ូ​យ៉ាង​ប្ដូរ​ផ្ដាច់​អស់​រយៈ​ពេល​៣​ខែ​មក ស្ដេច​កន គឺ​ព្រះ​បាទ​ស្រី​ជេដ្ឋា ត្រូវ​គេ​កាត់​ព្រះ​សិរ​បាន​យក​ទៅ​ដោត​នៅ​មុខ​បន្ទាយ​ក្រុង​ស្រលប់​ពិជ័យ ឯ​ចៅ​ហ្វា​កៅ ក៏​ត្រូវ​គេ​សំលាប់​បាន​ក្នុង​បន្ទាយ​នោះ​ដែរ​។ ដូច្នេះ​សង្គ្រាម​គ្នាឯង ដែល​មាន​រយៈ​ពេល ៩​ឆ្នាំ (១៥១៦ -១៥២៥) ត្រូវ​បាន​បញ្ជប់​នៅ​ពេល​នោះ​ទៅ​។