២២ - វិបត្ដិក្នុងរាជវង្សខ្មែរ និង
អន្ដរាគមន៍របស់យួន ស.វ. ទី១៧
ថ្ងៃសៅរ៍ ទី27.ធ្នូ 2014.ម៉ោង 9:16

ព្រះបាទបទុមរាជា អង្គនន់ ១៦៣៩ -១៦៤១

លុះ​ព្រះ​អង្គ​ទង​រាជា សោយ​ទី​វង្គត​ទៅ​នៅគ.ស. ១៦៣៩ ព្រះ​អង្គ​ទន់ រាជ​បុត្រ​ច្បង​ព្រះ​ឧទ័យ​ព្រះ​ជន្ម​បាន​២១​វស្សា ត្រូវ​បាន​លើក​អោយ​ឡើង​សោយរាជ្យ​ស្នង​ព្រះ​រៀម​នៅ​រាជ​ធានី​ឧដុង្គ ដោយ​មាន​នាម​សំរាប់​រាជ​ថា ព្រះ​បាទ​សម្ដេច​ព្រះ​បរម​រាជា​ធិ​រាជ​រាមា​ធិបតី​។ ព្រះ​អង្គ​ទ្រង់​យក​ព្រះ​រាជ​បុត្រី​សម្ដេច​ ព្រះ​ជ័យ​ជេដ្ឋា​ទី​២ ដែល​ត្រូវ​ជា​ព្រះ​អនុជ​ព្រះ​អយ្យកា​១ ជា​ព្រះ​អគ្គម​ហេសី លើក​ព្រះ​នាម​ហៅ​សម្ដេច​ព្រះ​ភគ​វតី​ព្រះ​បវរ​ក្សត្រី (អែក​សារ​សៀម​ថា ឈ្មោះ​អ្នក​យ៉ា)​។ ព្រះ​អង្គ​មាន​បុត្រ​ជា​មួយ​អគ្គ​មហេសី​នេះ​នាម ស្រី​ជ័យ​ជេដ្ឋា​។ អែ​ព្រះ​បិតា គឺ​ព្រះ​ឧទ័យ​ទ្រង់ គង់​នៅ​ជា​ព្រះ​ឧភ​យោ​រាជ​ដដែល​។

អន្ដរាគមរបស់យួន

នៅ​គ.ស.១៦៤១ ចៅ​ពញា​ចន្ទ​ព្រះ​រាជ​បុត្រ​ពៅ​ព្រះ​ជ័យ​ជេដ្ឋា​ទី​២ ដោយ​អន់​ព្រះ​ទ័យ​ព្រោះ​មិន​បាន​ឡើង​សោយរាជ្យ បាន​អោយ​បក្ស​ពួក​ចូល​លុក​ព្រះ​រាជ​វាំង​ធ្វើ​គត​បាន​ទាំង​សម្ដេច​ឧភ​យោរាជ និង​ព្រះ​បទុម​រាជា​។ បទ​ឧក្រិដ្ឋ ដែល​ចៅ​ពញា​ចន្ទ​ទ្រង់​បាន​ប្រ​ព្រឹត្ដ​នោះ បណ្ដាល​អោយ​វិបត្ដិ​ជា​ថ្មី​ទៀត​ក្នុង​រាជ​វង្ស​ខ្មែរ​រហូត​ដល់​មាន​ចំបាំង​គ្នាអែង​ក្នុង​ស្រុក ហើយ​ដែល​ជា​ឱកាស​ល្អ​អោយ​យួន​លូក​ដៃ​ចូល​ជ្រៀត​ជ្រែក​ក្នុង​ផ្ទៃ​ក្នុង​របស់​ខ្មែរ​ជា​លើក​ដំបូង​។

ព្រះបាទរាមាធិបតីទី១ ចៅពញាចន្ទ ១៦៤១ - ១៦៥៩

ក្រោយ​ពី​បាន​ធ្វើ​គត​ព្រះ​បិតុលា និង​ព្រះ​អនុជ​អយ្យកា​១​ហើយ ចៅ​ពញា​ចន្ទ​បុត្រ​ពៅ​ព្រះ​ជ័យ​ជេដ្ឋា​ទី​២ បាន​ឡើង​សោយ​រាជ្យ​សម្បត្ដិ​នៅ​ក្រុងឧដុង្គ​មានជ័យ ដោយ​មាន​ព្រះ​នាម​សំរាប់​រាជ​​ថា ព្រះ​បាទ​សម្ដេច​ព្រះ​រាមា​ធិបតី នៅ​​ពេល​ដែល​ព្រះ​ជន្ម​បាន ២៣​វស្សា​។ រាជ​ពង្សា​វតារ​ខ្មែរ​បាន​និយាយ​ថា ថ្ងៃ​មួយ​ព្រះ​អង្គ​យាង​ទៅ​ក្រ​សាល​នៅ​ទន្លេ​ធំ និង​ស្រី​សន្ធរ ដល់​ពេល​ត្រលប់​មក​វិញ​ដល់​កំពង់​ហ្លួង ទ្រង់​ទត​ឃើញ​ស្រី​ចាម (ជ្វា) ឈ្មោះ​នាង វិះ (អែក​សារ​ខ្លះ​ថា​ឈ្មោះ​នាង​ហ្វាតិ​មា) ហើយ​ដោយ​ចាម​ដាក់​ស្នេហ៍​បន្ថែម​ផង ក៏​ទ្រង់​ប្រតិ​ព័ទ្ធ​យ៉ាង​ខ្លាំង​លើ​រូប​នាង​វិះ ហើយ​លើក​នាង​ជា​ស្នំ​ឯក​ទៀត​ផង ប៉ុន្ដែ​ប្រ​ពៃណី​តំរូវ​អោយ​ព្រះ​អង្គ​កាន់​សាសនា​ឥស្លាម កាត់​ចុង​អង្គ​ជាតិ និង​យក​ព្រះ​នាម​ថា អ៊ីប្រា​ហិម។ ដោយ​ហេតុ​នោះ​ហើយ​ទើប​មាន​ឈ្មោះ​ហៅ​ថា ព្រះ​រាម​ចូល​សាសន៍​។ ព្រះ​អង្គ​ទ្រង់​បាន​ប្រោស​ប្រណី​ពួក​ចាម​ជ្វា លើក​តំកើង​អោយ​ឡើង​ជា​នា​ម៉ឺន​ធំ​ៗ ទ្រង់​បាន​លើក​ចៃ​សុន ព្រះ​បិតា​ក្មេក​អោយ​ឡើង​ជា​សម្ដេច​បរ​ទេស​រាជ​។

វិវាទជាមួយពួកហុល្លង់

នៅ​ពេល​ដែល​បាន​ឡើង​សោយ​រាជ្យ ព្រះ​រាមា​ធិ​បតី ទ្រង់​បាន​ផ្ញើ​ព្រះ​រាជ​សារ​លិខិត​ទៅ​ជូន​លោក​ទេសា​ភិបាល ហុល្លង់​នៅ​បាតា​វ្យា ដើម្បី​សុំ​ធ្វើ​ការ​ទាក់​ទង​យ៉ាង​ជិត​ស្និត​ជា​មួយ​ នឹង​ក្រុម​ហ៊ុន​នៃ​ប្រ​ទេស​ឥណ្ឌា​ខាង​កើត​។ ជា​ការ​ឆ្លើយ​តប លោក​ទេសា​ភិ​បាល​បាន​បញ្ជូន​លោក​ គនើ​ល្វីស​ខ្លាំង​ Cornelius Clain អោយ​មក​ប្រ​ទេស​ខ្មែរ​នៅ គ.ស.១៦៤២ ដើ​ម្បី​ថ្វាយ​ពរ​សរ​សើរ​ចំពោះ​ព្រះ​អង្គ ដែល​ទ្រង់​មាន​ជ័យ​ជំនះ​លើក​ពួក​ស្ដេច​ជ្រែក​រាជ (ព្រះ​ឧទ័យ និង​អង្គនន់) និង​ដើម្បី​សូម​អោយ​ព្រះ​អង្គ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពួក​ព័រ​ទុយ​កល​កាន់​សាសនា​កាតូ​លិក​។

ឯក​សារ​មួយ​ទៀត​បាន​និយាយ​ថា នៅគ.ស.១៦៤១ លោក​វាន វុយ​ស្ទុហ្វ Van Wuystoff បាន​ធ្វើ​ដំណើរ​តាម​ទន្លេ​មេ​គង្គ​ទៅ​ដល់​ក្រុង វៀង​ចន្ទន៍ ដោយ​ឆ្លង​តាម​ក្រុង​ភ្នំពេញ ក្នុង​ដំណើរ​​ស្វែង​រក​ទិញ​ជ័រ​កំញាន និង ល័ក្ខ​។ បើ​តាម​ពត៌​មាន​ដែល​ពួក​ឈ្មួញ​ហុល្លង់​ឈ្មោះ អិន​ដិក បាន​ផ្ដល់​ថា នៅ​សម័យ​នោះ​គេ​អាច​ទិញ​នៅ​ភ្នំពេញ​ជា​រៀង​រាល់ ឆ្នាំ​នូវ​ស្បែក​ប្រើស ១០០ ០០០ផ្ទាំង មាស ភ្លុក​ដំរី និង​ជ័រ​កំញាន​។ ចំណែក​ទំនិញ​ដែល​គេ​នាំ​ចូល​ពី​ប្រទេស​ក្រៅ​មាន ជា​អាវ​ស្ពាន់ ព័រ​សឺ​លែន និង កំរាល​ព្រំ​មក​ពី​ស្រុក គរ៉ូ​ម៉ាន​ដែល Coromandel។

នៅខែកញ្ញា ១៦៤៣ ឧប្បត្ដិ​ហេតុ​មួយ​បាន​កើត​ឡើង​។ លោក Pierre de Regemortes មេ​គ្រឹះ​ស្ថាន​ជំនួញ​ហុល្លង់​បាន​តវ៉ា​ចំពោះ​ព្រះ​រាជា​ពី​ការ​ខូច​ខាត​ដែល​ក្រុម​ហ៊ុន​លោក​បាន​ទទួល​រង​គ្រោះ​។ ដោយ​លោក​នេះ​បាន​បញ្ចេញ រឹក​ពារ​កោង​កាច​ពេក ពួក​ក្រុម​រក្សា​ព្រះ​រាជា​ក៏​បាន​សំលាប់​លោក និង​ពួក​បរិ​វារ​របស់​លោក​ទៅ​។ នៅ​ពេល​ជា​មួយ​គ្នា គ្រឹះ​ស្ថាន​របស់​លោក​ក៏​ត្រូវ​គេប្លន់​រិប​អូស​យក​ទ្រព្យ​សម្បត្ដិ​អស់ មនុស្ស​៣៦​នាក់ ត្រូវ​ស្លាប់​ ហើយ​មនុស្ស​ប្រ​ហែល​៥០​នាក់​ទៀត​ត្រូវ​ចាប់​យក​ទៅ​ឃុំ​ឃាំង​។

ដើម្បី​ជា​ការ​សង​សឹក ក្រុម​ប្រឹក្សា​ប្រ​ទេស​ឥណ្ឌា Conseil des Indes បាន​បញ្ជូន​កង​នាវា​មួយ​នៅ​ថ្ងៃ​២៣ ខែ​មិនា ១៦៤៤ ក្រោម​បញ្ជា​ការ​របស់​លោក ហិន​ដ្រិក ហា​រូស និង​លោក ស៊ី​មូន​ ចា​កូប ដូម​ខិន​។ កង​នាវា​ដែល​មាន​កប៉ាល់​៥​គ្រឿង និង​ទាហាន​ទាំង​អស់​១៦០​នាក់ បាន​មក​ដល់​ក្រុង​ចតុ​មុខ​នៅ​ថ្ងៃ​ ៦​ខែ​កក្កដា ហើយ​ស្ថិត​នៅ​ទីនោះ​រហូត ដល់​ថ្ងៃ​ទី​២០ ខែ​មករា ១៦៤៥ ដោយ​ពុំ​បាន​ទទួល​សំណង​សោ​ហ៊ុយ​ជួស​ជុល​ពី​ព្រះ​រាជា​ខ្មែរ​សោះ​។ ម៉្លោះ​ហើយ មេ​បញ្ជា​ការ​ក៏​សំរេច​ថា ត្រូវ​តែ​បន្ដ​ដំណើរ​រហូត​ដល់​រាជ​ធានីឧដុង្គ​។ ពេល​ដែល​ពួក​ហុ​ល្លង់​ទៅ​ដល់​ទ័ព​ខ្មែរ​យក​សំរាស់​រិស្សី​ទៅ​ឃាំង​ផ្លូវ​ទឹក​ហើយ​យក​កាំ​ភ្លើង​ធំ​ទៅ​ភ្ជង់​ពី​លើ​ច្រាំង​ទាំង​សង​ខាង​។ ការ​ប្រ​យុទ្ធ​ត​ទល់​គ្នា​ក៏​បាន​ផ្ទុះ​ឡើង​។ លោក​មេ​បញ្ជា​ការ​ត្រូវ​ស្លាប់ អែ​ពល​ទាហាន​ហុល្លង់​ក៏​ស្លាប់​អស់​ជា​ច្រើន​។ ប៉ុន្ដែ​នាវា​បាន​ខំ​ពុះ​ពារឧប​សគ្គ​រត់​រំដោះ​ខ្លួន​បាន ហើយ​នៅ​គ.ស ១៦៤៦ - ១៦៤៧ ពួក​ហុល្លង់​បាន​ធ្វើ​ការ​ចរ​ចា​សុំ​សន្ដិ​ភាព​ជា​មួយ​ខ្មែរ​។​ ព្រះ​រាជា​ទ្រង់​បាន​យល់​ព្រម​អោយ​ដោះ​លែង​ពួក​ឈ្លើយ​ហុល្លង់ និង​សង​ទៅ​វិញ​នូវ​ទំនិញ​ដែល​បាន​រិប​អូស​។ នៅ គ.ស.១៦៥៥ កិច្ច​ព្រម​ព្រៀង​មួយ​ត្រូវ​បាន​សំរេច​ឡើង​ជា​មួយ​ក្រុម​ហ៊ុន​ប្រ​ទេសឥណ្ឌា​ខាង​កើត ដោយ​មាន​ការ​ជួស​ជុស​សោ​ហ៊ុយ​ដល់​គ្រឹះ​ស្ថាន​ជំនួញ​ហុល្លង់​ដែល​ត្រូវ​ខូច​ខាត​យ៉ាង​ដំណំ​នោះ​។​

ទំនាក់ទំនងជាមួយយួន

ព្រះ​រាមា​ធិប​តី​ទី​១ ទ្រង់​បាន​តឿន​ទារ​យក​ដី​ព្រៃ​គរ កំពង់​ក្របី​ពី​យួន​មក​វិញ ព្រះ​អគ្គម​ហេសី​យួន​របស់​ព្រះ​ជ័យ​ជេដ្ឋា បាន​ធ្វើ​អន្ដ​រាគមន៍​ជា​ថ្មី ដោយ​សុំ​ពន្យារ​ពេល​អោយ​បាន​យូរ​ត​ទៅ​ទៀត​។ នៅ​ពេល​ដែល​ព្រះ​អង្គ​គ្រង​រាជ​បាន ១៧​វស្សា គឺ​នៅ​គ.ស.១៦៥៨ ព្រះ​អង្គ​សូរ និង​ព្រះ​អង្គ​តន់ ដែល​ជា​រាជ​បុត្រ​​ព្រះ​ឧទ័យ ហើយ​ដែល​បាន​គេច​ផុត​ពី​ឧក្រិដ្ឋ​កម្ម​ពី​មុន​នោះ​ក្រោយ​ពី​បាន​ចាត់​មន្រ្ដី​អោយ​ទៅ​បញ្ចុះ​បញ្ចូល​រាស្រ្ដ​ជា​សំងាត់ បាន​លើក​ទ័ព​ទៅ​ច្បាំង​ជា​មួយ​ព្រះ​រាមា​ធិប​តី តែ​ច្បាំង​មិន​ឈ្នះ​ក៏​រត់​ទៅ​ពឹង​ពាក់ នឹង​អតីត​អគ្គ​មហេសី​យួន​របស់​ព្រះ​ជ័យ​ជេដ្ឋា​ទី​២​។ ក្សត្រី​យួន​នេះ​មាន​ព្រះ​ទ័យ​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​រាមា​ធិប​តី ក៏​បាន​ទូន្មាន​ស្ដេច​ខ្មែរ​ទាំង​ពីរ​អង្គ​អោយ​សុំ​ជំនួយ​ពី​ព្រះ​ចៅ​ក្រុង​វេ​។

ត្រង់​នេះ ​អ្នក​ប្រ​វត្ដិ​សាស្រ្ដ​យួន​មាន​យោ​បល់​ថា ជា​អោ​កាស​មួយ​យ៉ាង​ប្រ​សើរ​ដើម្បី​អោយ​ពួក​ស្ដេច​ង្វៀង ធ្វើ​អន្ដ​រាគមន៍​ពង្រីក​ឥទ្ធិ​ពល​របស់​ខ្លួន​លើ​ប្រ​ទេស​ខ្មែរ​ដែល​ដូន​តា​គេ​បាន​យក​ចិត្ដ​ទុក​ដាក់​ជា​យូរ​មក​ហើយ​(៣៧)​។ ស្ដេច​ថៃ​តុង បាន​បញ្ជា​អោយ​លើក​ទ័ព​ ៣០០០​នាក់ មក​ជួយ​តាម​សំណូម​ពរ​របស់​ស្ដេច​ខ្មែរ​។ ទ័ព​យួន​លើក​មក​ប្រ​យុទ្ធ​ នឹង​ទ័ព​ខ្មែរ​នៅ​ត្រង់​បារា ចាប់​បាន​ព្រះ​រាមា​ធិប​តី​ដាក់​ទ្រុង​ដែក​នាំ​យក​ទៅ​ឃុំ​នៅ​ក្វាង​ប៊ិញ អែ​អង្គ​អិម​ជា​បុត្រ​ព្រះ​ឧទ័យ​ដែរ តែ​ចូល​ដៃ​ខាង​ព្រះ​រាមា​ធិប​តី ត្រូវ​ក្ស័យ​ព្រះ​ជន្ម​លើ​ស​មរ​ភូមិ​នោះ​ទៅ​។

ចំពោះ​ព្រះ​រាមា​ធិប​តី អែក​សារ​ខ្លះ​ថា យួន​ឃុំ​ព្រះ​អង្គ​ទុក​រហូត​ដល់​សុគត (៣៦) អែក​សារ​ខ្លះ​ថា​ត្រូវ​លែង​អោយ​មក​វិញ យាង​មក​បាន​ពាក់​កណ្ដាល​ផ្លូវ ប្រ​ឈួន​ហើយ​សុគត​នៅ​ស្រុក​បាត់​ចិញ្ចៀន អែក​សារ​ខ្លះ​ទៀត​ថា​ត្រូវ​លែង​មក​វិញ តែ​ត្រូវ​លើក​សួយ​សារ​អាករ​ថ្វាយ​ស្ដេច​យួន និង​ត្រូវ​ការ​ពារ​ជន​ជាតិ​យួន​ដែល​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​(៤០)​។ លុះ​មាន​ជ័យ​ជំនះ​លើ ព្រះ​រាមា​ធិប​តីហើយ ទ័ព​យួន​បែរ​មក​ច្បាំង​នឹង​អង្គ​សូរ និង​​អង្គ​តន់​វិញ​។ ស្ដេច​ទាំង​ពីរ​តស៊ូ​ច្បាំង​ឈ្នះ​ដេញ​ទ័ព​យួន​រត់​វិល​ចុះ​ទៅ​ស្រុក​វិញ​។

ព្រះបរមរាជាទី៩ អង្គសូរ ១៦៥៩ - ១៦៧១

ក្រោយ​ពី​ដេញ​ទ័ព​យួន​អោយ​ថយ​ទៅ​វិញ​អស់​ទៅ ​អង្គ​សូរ រាជ​បុត្រ​ព្រះ​ឧទ័យ បាន​ឡើង​គ្រង​រាជ​នៅឧដុង្គ​មាន​ជ័យ ក្នុង​ព្រះ​ជន្មាយុ ២៦​វស្សា​។ ព្រះ​អង្គ​ទ្រង់​លើក​អង្គ​ឡី​ក្សត្រី​ជា​ព្រះ​​អនុជ (មាតា​ដទៃ) ជា​ព្រះទេពី។ ព្រះ​អង្គ​នៅ​មាន​ម្នាង​២​ទៀត​គឺ៖

- អ្នកម្នាងពៅ មានបុត្រានាម អ្នកអង្គជី និង បុត្រីនាម អង្គស្រីធិតា
- អ្នកម្នាងទៃ មានបុត្រានាម ចៅពញាសូរ (អែកសារខ្លះថា អង្គស៊ូ) និង បុត្រីនាម អង្គអី។

លុះ​បាន​ព្រះ​ជន្ម ២៩​វស្សា ព្រះ​អង្គ​ទ្រង់​ធ្វើ​ពិធី​ប្រាប្ដា​ភិសេក​ឡើង​សោយ​រាជ្យ​សម្បត្ដិ ដោយ​មាន​នាម​សំរាប់​រាជ​ថា​សម្ដេច​ព្រះ​បរម​រាជា​ធិ​រាជ​រាមា​ធិប​តី​។ ព្រះ​អង្គ​ទ្រង់​បាន​លើក​អង្គ​ឡី​ជា​អគ្គ​មហេសី​ព្រះនាម​ហៅ ​សម្ដេច​ព្រះ​ភគ​វតី​ព្រះ​ចម​ក្សត្រី​។

នៅ​គ.ស ១៦៦៧ គ្រឹះ​ស្ថាន​ជំនួញ​ពួក​ហុល្លង់​នៅ​កំពង់​ហ្លួង ដែល​បាន​បើក​ធ្វើ​សកម្ម​ភាព​ឡើង​វិញ​នោះ ត្រូវ​ពួក​ចិន​នៅ​ជិត​ខាង​ប្លន់​យក​ទ្រព្យ​សម្បត្ដិ​អស់​។ ទោះ​បី​យ៉ាង​ហ្នឹង​ហើយ​ក៏​ដោយ ក៏​គ្រឹះ​ស្ថាន​នោះ នៅ​បន្ដ​សកម្ម​ភាព​របស់​ខ្លួន​ត​ទៅ​ទៀត​យ៉ាង​ត្រដាប​ត្រ​ដួស​ក្រោម​កិច្ច​ដឹក​នាំ​របស់​លោក​ យ៉ូ​ហា​នែស បេ​សេល​ម៉ាន​។ គេ​ដឹង​ថា គ្រឹះ​ស្ថាន​ ជំនួញ​នោះ​ត្រូវ​បិទ​ជា​ស្ថាពរ​នៅ គ.ស. ១៦៨២ ហើយ​ចាប់​ពី​ពេល​នោះ​ទៅ ទំនាស់​រវាង​ពួក​ព័រ​ទុយ​កល និង​ពួក​ហុល្លង់​ក្នុង​វិស័យ​ជំនួញ​ក៏​ផុត​រលត់​អស់​ទៅ​។

គ្រា​នោះ​មាន​ជន​ម្នាក់​តាំង​ខ្លួន​ជា​ស្ដេច​ឈ្មោះ បា​រ៉ែន គិត​ដណ្ដើម​រាជ​។ ព្រះ​អង្គ​ទ្រង់​បញ្ចា​អោយ​លើក​ទ័ព​ទៅ​បង្ក្រាប ហើយ​ចាប់​បាន​យក​មក​ប្រហារ​ជីវិត​បង់ ហើយ​ទ្រង់​តាំង​អង្គ​តន់ ព្រះ​អនុជ​ជា​អុភ​យោ​រាជ​។ នៅ​គ.ស.១៦៧២ ព្រះ​អង្គ​ទ្រង់​សព្វ​ព្រះ​ទ័យ​ផ្សំ​ផ្គុំ​បុត្រី​នាម អង្គ​ស្រី​ធិតា និង​ក្មួយ​នាម​ ស្រី​ជ័យ​ជេដ្ឋ ជា​បុត្រ​របស់​អង្គ​ទន់​ទី​១ ​។ ប៉ុន្ដែ​អកុសល គឺ​បុត្រ​ប្រសា និង​ក្មួយ​អង្គ​នេះ​បាន​បញ្ជូន​បក្ស​ពួក​អោយ​ចូល​ក្នុង​រាជ​វាំង លួច​ធ្វើ​គត​ព្រះ​អង្គ​បាន​ប៉ុន្មាន​ខែ​ក្រោយ​មក​។ ចំណែក​ឯ​​ព្រះ​អុភ​យោ​រាជ​ អង្គ​តន់ ច្បាំង​ចាញ់​ក៏​ភៀស​ព្រះ​អង្គ​ទៅ​ស្រុក​យួន ជា​មួយ​ក្មួយ​នាម​អង្គ​នន់ (បុត្រ​អង្គ​អិម​)​។

ព្រះបទុមរាជាទី២ ស្រីជ័យជេដ្ឋ ១៦៧២ - ១៦៧៣)

ព្រះ​ស្រី​ជេដ្ឋ ព្រះ​ជន្ម​បាន ៣៣​វស្សា​បាន​ឡើង​សោយ​រាជ្យ​សម្បត្ដិ​នៅ​ក្រុង​ឧដុង្គ​មាន​ជ័យ ដោយ​មាន​ព្រះ​នាម​សំរាប់​រាជ​ថា ព្រះ​បាទ​សម្ដេច​ព្រះ​បទុម​រាជា​ធិ​រាជ​រាមា​ធិប​តី​។ ព្រះ​អង្គ​យក​អង្គ​ឡី អគ្គម​ហេសី​ព្រះ​អង្គ​សូរ ហើយ​ត្រូវ​ជា​ព្រះ​មាតុច្ឆា ជា​អគ្គ​មហេសី​របស់​ព្រះ​អង្គ​។ លុះ​សោយ​រាជ្យ​បាន​ ៥​ខែ សម្ដេច​ព្រះ​ភគ​វតី​ព្រះ​ចម​ក្សត្រី ជា​អគ្គម​ហេសី​អោយ​ចាម​ជ្វា​លប​ធ្វើ​គត​ព្រះ​អង្គ​បាន​។

ព្រះកែវហ្វាទី២ អង្គជី ១៦៧៣ - ១៦៧៥

ព្រះ​អង្គ​ជី បុត្រ​ព្រះ​បរម​រាជា​ទី​៩ អង្គ​សូរ ត្រូវ​បាន​លើក​អោយ​សោយ​រាជ្យ​ក្នុង​ព្រះ​ជន្មាយុ ២១​វស្សា នៅ​ក្រុង​ឧដុង្គ​មាន​ជ័យ ដោយ​មាន​នាម​សំរាប់​រាជ​ថា សម្ដេច​ព្រះ​កែវ​ហ្វា​។ ព្រះ​អង្គ​មាន​ម្នាង​ម្នាក់​ឈ្មោះ​អ្នក​ម្នាង​ពៅ​។ ពី​កាល​ពុំ​ទាន់​សោយ​រាជ្យ​នោះ​អ្នក​ម្នាង​ពៅ​បាន​ប្រសូត្រ​បុត្រា ១​អង្គ​នាម​ ចៅ​ពញា​យ៉ង (អែក​សារ​ខ្លះ​ហៅ​ថា ព្រះ​អង្គ​យ៉ង)​។

នៅគ.ស.១៦៧៣ គឺ​នៅ​ពេល​ដែល​ព្រះ​អង្គ​ឡើង​សោយ​រាជ្យ​នោះ ព្រះ​ឧភ​យោ​រាជ​អង្គ​តន់ និង​អង្គ​ទន់ ដែល​បាន​រត់​ទៅ​ពឹង​យួន​ពី​មុន បាន​លើក​ទ័ព​យួន ១០ ០០០​នាក់​ជា​ជំនួយ​របស់​ស្ដេច​ថៃ​តុង​។ ព្រះ​កែវ​ហ្វា​អង្គ​ជី ដោយ​ទ្រង់​បារម្ភ​ខ្លាច​ព្រះ​បិតុលា​អង្គ​តន់​ដណ្ដើម​យក​រាជ​សម្បត្ដិ ក៏​ទ្រង់​លើក​ទ័ព​ចេញ​ទទួល​ច្បាំង​នៅ​ភ្នំពេញ តែ​មិន​ចាញ់​មិន​ឈ្នះ​។ ព្រះ​អង្គ​តន់​ក៏​ថយ​ទៅ​នៅ​ត្រើយ​ល្វា​អែម ក្រោយ​មក​លើក​ទ័ព​ចូល​វាយ​បែក​បន្ទាយ​ភ្នំ​ពេញ ហើយ​បំរុង​លើក​បង្ហួស​ទៅ​វាយ​ឧដុង្គ​ទៀត តែ​ប្រ​ឈួន​ហើយ​សោយ​ទី​វង្គត​ទៅ​។

ព្រះ​កែវ​ហ្វា​អង្គ​ជី លើក​ទ័ព​ទៅ​ច្បាំង​ទៀត យួ​ន​បាក់​ទ័ព​ត្រលប់​ទៅ​ស្រុក​វិញ​អស់​ទៅ។ ប្រទេស​ពេល​នោះ​ត្រូវ​ចែក​ជា​ពីរ : ខាង​លិច​បាន​ទៅ​ព្រះ​កែវ​ហ្វា ខាង​កើត​បាន​ទៅ​ព្រះ​អង្គ​នន់ ដែល​ពួក​មន្រ្ដី​ថ្វាយ​ព្រះ​នាម​ថា សម្ដេច​ព្រះ​បទុម​រាជា​មហា​អុភ​យោ​រាជ​។ ព្រះ​កែវ​ហ្វា លើក​ទ័ព​ទៅ​ច្បាំង​ទៀត តែ​ត្រូវ​ប្រឈួន​ហើយ​សុគត​ទៅ​។ អែក​សារ​ខ្លះ​ថា ព្រះ​អង្គ​ច្បាំង​ចាញ់​យួន រត់​ទៅ​សុគត​នៅ​ស្រុក​ប្រាំ​តំលឹង ខេត្ដ​សំរោង​ទង (ក្បួន​វត្ដ​កោក​កាក)។ អែក​សារ​យួន​ថា​ព្រះ​អង្គ​ភៀស​ព្រះ​អង្គ​ចូល​ព្រៃ​ហើយ​ត្រូវ​បក្ស​ពួក​ធ្វើ​គត (៣៧)​។

ព្រះ​អង្គ​ស៊ូ (​រឺចៅ​ពញា​សូរ) ធ្វើ​ចំបាំង​ប្រឆាំង នឹង​អង្គ​ទន់​ត​ទៅ​ទៀត​។ ការ​ប្រយុទ្ធ​គ្នា​កើត​ឡើង​នៅ​ពញា​លឺ​។ ព្រះ​អង្គ​នន់អុភ​យោ​រាជ​ទទួល​បរា​ជ័យ​ភៀស​ព្រះ​អង្គ​ទៅ​ស្រុក​យួន​ម្តង​ទៀត​។ ក្នុង​ដំណើរ​នោះ អ្នក​ម្នាង​អែម​ជា​កូន​ចិន ចុង​គុន បាន​ប្រសូត​បុត្រ​នាម​អង្គ​អិម នាម​ដូច​ព្រះ​អយ្យ​កោ)​។​

គួរ​គប្បី​បញ្ជាក់​ថា អែក​សារ​យួន​ច្រើន​និយាយ​ថា​នៅគ.ស ១៦៧៤ ព្រះ​អង្គ​ជី​បាន​ទៅ​សុំ​ជំនួយ​ទ័ព​សៀម​មក​ច្បាំង នឹង​អង្គ​នន់ (៣៧,៤០) ប៉ុន្ដែ​អែក​សារ​ខ្មែរ​ទាំង​អស់​ពុំ​បាន​និយាយ​ពី​ជំនួយ​ទ័ព​សៀម​នោះ​សោះ​។ បើ​មាន​គឺ​អង្គ​ស៊ូ​វិញ​ទេ​ជា​អ្នក​សុំ​ជំ​នួយ​ពី​ក្រុង​ស្រី​អយុធ្យា ក្នុង​ការ​បន្ដ​ចំបាំង​ជា​មួយ​អង្គ​នន់​។ ម្យ៉ាង​ទៀត អែក​សារ​យួន​បាន​និយាយ​ថា ព្រះ​អង្គ​ស៊ូ បាន​ចុះ​ចូល​នឹង​យួន ហើយ​ដោយ​សារ​ព្រះ​អង្គ​ជា​វង្ស​ស្ដេច​ពេញ​ច្បាប់ ក៏​ត្រូវ​បាន​លើក​អោយ​សោយ​រាជ្យ ចំណែកឯ​​អង្គ​នន់ ត្រូវ​បាន​តាំង​ជា​អុភ​យោ​រាជ អោយ​ឈរ​ត្រួត​ព្រៃ​នគរ ហើយ​ត្រូវ​លើក​សួយ​ថ្វាយ​ព្រះ​អង្គ​រៀង​រាល់​ឆ្នាំ​(៤០)​។