២៤ - ការប្រណាំងប្រជែងសៀម និង យួន
ដើម្បីត្រួតត្រាខ្មែរ (ស.វទី១៨ ,១៩)
ថ្ងៃសៅរ៍ ទី10.មករា 2015.ម៉ោង 11:02

លុះ​ឃើញ​យួន​ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ខ្មែរ​បាន​ជា​ច្រើន សៀម​ដែល​បាន​ចាត់​ទុក​ថា ប្រ​ទេស​ខ្មែរ​ជា​សាមន្ដ​រដ្ឋ​របស់​គេ តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​នោះ ក៏​បាន​រិះ​រក​មធ្យោ​បាយ ដើម្បី​ទប់​ទល់​នឹង​កា​រឈ្លាន​ពាន​របស់​យួន​។ ដូច្នេះ​ការ​ប្រណាំង​ប្រ​ជែង​មួយ​ក៏​បាន​កើត​ឡើង​រវាង​យួន និង សៀម​ក្នុង​ការ​ត្រួត​ត្រា​ប្រ​ទេស​ខ្មែរ​។

ឥទ្ធិពលដ៏ខ្លាំងក្លារបស់យួន

ក្នុង​ដំណាក់​ការ​ដំបូង​នេះ ឥទ្ធិ​ពល​របស់​យួន​មាន​ភាព​ខ្លាំង​ក្លា​ជាង​ឥទ្ធិ​ពល​របស់​សៀម ព្រោះ​ថា ឧទ័យ​រាជា​អង្គ​តន់ កាល​ដែល​បាន​កំចាត់​គូ​សត្រូវ​របស់​ព្រះ​អង្គ​អស់​ហើយ ត្រូវ​បាន​ស្ដេច​យួន​ទទួល​ស្គាល់​អោយ​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ឧដុង្គ​មាន​ជ័យ និង បាន​លើក​អោយ​យួន​នូវ​ដី​ពីរ​ខេត្ដ ជា​ហេតុ​បណ្ដាល​អោយ​កម្ពុជា​ក្រោម​ទាំង​មូល​ត្រូវ​ធ្លាក់​ទៅ ​ក្នុង​ការ​គ្រប់​គ្រង​របស់​រាជ​ការ​យួន​។ មើល​ផែន​ទី​ទឹក​ដីកម្ពុជា​ក្រោម​ក្នុង​លេខ​​។

ព្រះនរាយណ៍រាជាទី២ អង្គតន់ ១៧៥៨ - ១៧៧៤

នៅគ.ស. ១៧៦០(?) ព្រះ​អង្គ​ទ្រង់​តាំង​អ្នក​ម្នាង​វង អោយ​ហៅអ្ន​ក​ម៉ែ​នាង​មាលា​បុប្ផា​វតី​។ នៅ​គ.ស. ១៧៦៣ ក្រោយ​ពី​បាន​ប្រគល់​កិច្ច​ការ​រដ្ឋ​អោយ​មន្រ្ដី​ធំ​ៗ កាន់​ហើយ​ព្រះ​អង្គ​ទ្រង់​ចេញ​សាង​ផ្នួស​បាន​៣​ខែ លុះ​ចាក​សិក្ខា​បទ​មក​ទ្រង់​ត្រលប់​មក​សោយ​រាជ្យ​វិញ​។

ពីរ​ឆ្នាំ​ក្រោយ​មក អ្នក​ម៉ែ​នាង​មាលា​បុប្ផា​វតី ទ្រង់​ប្រសូត​បុត្រី​នាម​អ្នក​អង្គ​មិញ រួច​ហើយ​ត្រូវ​លើក​ជា​អគ្គ​មហេ​សី​ស្ដាំ​មាន​នាម​ហៅ​ថា សម្ដេច​ព្រះភគ​វតី​ព្រះ​ឯក​ក្សត្រី​ស្រី​ចក្រ​ពត្ដិ​រតន៍​រាជ​វរ​លក្ខណ៍​។ នៅ​ឆ្នាំ​បន្ទាប់​មក​ទៀត អ្នក​ម៉ែ​ម៉ែន (កូន​ស្រី​លោក​ឧក​ញ៉ា​បវរ​នាយក​សូ) បាន​ប្រសូត​បុត្រី​នាម​អង្គអី​។ ចំណែក​អែ​អ្នក​អង្គ​អី បុត្រី​ព្រះ​កែវ ហ្វា​អង្គ​ដួង ត្រូវ​លើក​ជា​អគ្គ​មហេ​សី​ឆ្វេង ហើយ​មាន​បុត្រី​នាម​អង្គ​ពៅ​។ ព្រះ​អគ្គ​មហេ​សីឆ្វេង​នេះ​មាន​នាម​ហៅ​ថា សម្ដេច​ព្រះ​ភគ​វតី​ព្រះ​ស្រី​សុជា​តា​មហា​ក្សត្រី​។

នៅ​ដំណាច់​គ.ស. ១៧៦៧ ស្ដេច​ភូមា​នាម​អា​លោង​ផៈ​យ៉ា បាន​លើក​ទ័ព​ចូល​វាយ​រាជ​ធានី​អយុធ្យា​ម្ដង​ទៀត ទ្រង់​ចាប់​យក​ព្រះ​ចៅ ដក​មៈ​ដឿ​ទៅ​បាន​។ អែ​ព្រះ​រាជ​បុត្រ​នាម​ចុល​ជា​ស៊ី​សាំង លើក​ទ័ព​ចេញ​ច្បាំង​ចាញ់​ភូមា ទ្រង់​ភៀស​ព្រះ​អង្គ​ចូល​នៅ​ក្នុង​ប្រ​ទេស​ខ្មែរ ហើយ​ក្រោយ​មក​សុគត​នៅ​ទី​នេះ​។

ឆ្លៀត​អោ​កាស​ស្រុក​ទេស​កំពុង​តែ​កើត​ចលា​ចល ចិន​ម្នាក់​ដែល​មាន​ម្ដាយ​ជាតិ​ជា​សៀម និង​ឳពុក​ជា​ចិន ហៃ​ហុង ឈ្មោះ​ពញា​តាក បាន​កែន​ទ័ព​វាយ​កំចាត់​ភូមា​អោយ​រត់​ទៅ​វិញ​អស់​ ហើយ​តាំង​ខ្លួន​ជា​ស្ដេច​ក្នុង​ក្រុង​ស្រី​អយុធ្យា មាន​ព្រះ​នាម​ថា ព្រះ​ចៅ​តាក​ស៊ីន​។ និយាយ​ពី​ព្រះ​អង្គ​នន់ កាល​ដែល​ភូមា​វាយ​បែក​ក្រុង​អយុធ្យា​នោះ ទ្រង់​បាន​ថយ​ទៅ​គង់​នៅ​បស្ចឹម​បុរី​ រួច​ត្រលប់​ទៅ​ពឹង​ព្រះ​ចៅ​តាក​ស៊ីន​ទៀត​។

នៅគ.ស.១៧៦៨ ព្រះ​ចៅ​តាក​ស៊ីន ទ្រង់​បញ្ជា​រាជ​ទូត​អោយ​នាំ​សុភ​អក្សរ​មក​ទូល​ព្រះ​រាជ​ខ្មែរ អោយ​ទ្រង់​លើក​សួយ​ជា​ផ្កា​មាស ផ្កា​ប្រាក់​ទៅ​ថ្វាយ​ព្រះ​អង្គ​ជា​ផ្លូវ​ព្រះ​រាជ​មេត្រី តែ​ព្រះ​រាជា​ខ្មែរ​ពុំ​យល់​ព្រម​ធ្វើ​តាម ព្រោះ​ព្រះ​ចៅ​តាក​ស៊ីន​មិន​មែន​ជា​ក្សត្រ​។ លុះ​ទ្រង់​ជ្រាប​ដំណឹង​នេះ​ហើយ ព្រះ​ចៅ​តាក​ស៊ីន​ទ្រង់​ខ្ញាល់​ខ្លាំង ទើប​ទ្រង់​ត្រាស់​អោយ​ព្រះ​ចៅ​យូហួ​វាំង​ហ្នា​ លើក​ទ័ព​មក​ដល់​នគរ​វត្ថ​ក្នុង​បំណង​យក​ព្រះ​អង្គ​នន់ អោយ​ឡើង​សោយ​រាជ្យ​នៅ​ប្រទេស​ខ្មែរ​។ ព្រះ​រាជា​ខ្មែរ​ទ្រង់​ត្រាស់​បញ្ជា​ក្រលា​ហោម​ប៉ាង អោយ​លើក​ទ័ព​ចេញ​ទៅ​តស៊ូ តែ​ក្រលា​ហោម​ប៉ាង ត្រូវ​ស្លាប់​ក្នុង​សម​រភូមិ​(៣៦)​។ ត្រង់​នេះ​រាជ​ពង្សា​វតារ​ខ្មែរ​ថា ទោះ​បី​មេ​ទ័ព​ខ្មែរ​ត្រូវ​បាត់​បង់​ជីវិត​ក៏​ដោយ ក៏​ទ័ព​ខ្មែរ​ត្រូវ​បាន​ជ័យ​ជំនះ​ដេញ​សៀម​អោយ​ថយ​ទៅ​វិញ​អស់​​។

នៅគ.ស. ១៧៦៩ ព្រះ​រាជា​ទ្រង់​មេត្ដា​អ្នក​អង្គ​ធម្ម​ជារាជ​បុត្រព្រះ​កែវ​ហ្វា​អង្គ​ដួង ក៏​​លើក​ឡើង​ជា​សម្ដេច​មហា​ឧប​រាជ​។ គ្រា​នោះ​ឈ្មោះ ម៉ាក​ទោន (អែក​សារ​សៀម​ថា​ឈ្មោះ​សម្ដេច​ព្រះ​សោ​ទ័ត) ជា​ទេសា​ភិបាល​ចិន ឈរ​នៅ​ក្រុង​ពាម បាន​កែន​ទ័ព​ចេញ​ទៅ​វាយ​សៀម​ដល់​ចន្ទបុរី តែ​ត្រូវ​វាយ​ថយ​មក​ពាម​វិញ​អស់​។

ដើម្បី​សង​សឹក និង ក្នុង​បំណង​យក​ប្រ​ទេស​ខ្មែរ​ជា​ចំនុះ​ផង ព្រះ​ចៅ​តាក​ស៊ីន ទ្រង់​បញ្ជា​អោយ​លើក​ទ័ព​មក​ជា​២​ផ្លូវ ទ័ព​ជើង​គោក​ចូល​តាម​ខាង​ជើង ស្ថិត​ក្រោម​បញ្ជា​ការ​ឧក​ញ៉ាយ​ម​រាជ អែ​ទ័ព​ជើង​ទឹក​ស្ថិត​ក្រោម​បញ្ជា​ការ​របស់​ព្រះ​ចៅ​តាក​ស៊ីន ហើយ​ដែល​មាន​ព្រះ​អង្គ​នន់​អម​ផង បាន​លើក​ឆ្ពោះ​មក​ពាម​។ ម៉ាក​ទោន បាន​ខិត​ខំ​ការ​ពារ​ក្រុង​ណាស់​ដែរ តែ​ដោយ​ទន់​ដៃ​ជាង ត្រូវ​ទ័ព​សៀម​ដេញ​តាម​រហូត​ដល់​ទឹក​ខ្មៅ​។

លុះ​ទ្រង់​ជ្រាប​ដំណឹង​នេះ​ហើយ ព្រះ​រាជា​ខ្មែរ​ទ្រង់​នាំ​រាជ​វង្សា​នុ​វង្ស​ភៀស​ទៅ​ស្រុក​យួន​។ ខ្មែ និង សៀម​ច្បាំង​គ្នា​ត​ទៅ​ទៀត ហើយ​នៅ​ទី​បំ​ផុត​សៀម​ដក​ថយ​ទៅ​ពាម​វិញ​អស់ ទុក​អោយ​ព្រះ​អង្គ​នន់ គង់​នៅ​កំពត និង​ទាហាន ៥០០​នាក់​។ ក្នុង​ចំបាំង​លើក​នេះ​ខាង​ព្រះ​អង្គ​តន់ ទំនង​ជា​មាន​ការ​គាំ​ទ្រ​ពី​យួន ព្រោះ​អែក​សារ​យួន​បាន​សរ​សេរ​ថា «​នៅ​ឆ្នាំ​១៧៧២ (?) ខែ​មិថុនា ស្ដេច​ង្វៀង បាន​បញ្ជា​មេ​ទ័ព​ឈ្មោះ​ង្វៀង គីវ ដាម អោយ​លើក​ទ័ព​ជើង​ទឹក​ទៅ​វាយ​សៀម​នៅ​ភ្នំពេញ ទ័ព​សៀម​ដក​ថយ​ទៅ​ពាម ចំណែក​អែ​អង្គ​នន់​ទ្រង់​ភៀស​ទៅ​កំពត​»​ ​(៤០)​។

លុះ​សៀម​ថយ​ទៅ​វិញ​អស់​ហើយ ព្រះ​អង្គ​តន់ យាង​ត្រលប់​មក​សោយ​រាជ្យ​វិញ តែ​ទ្រង់​ទៅ​គង់​នៅ​ព្រែក​មាត់​កន្ដុរ​។ រាជ​ការ​យួន​ក៏​បញ្ជូន​មន្រ្ដី​ជាន់​ខ្ពស់​ម្នាក់​អោយ​មក​នៅ​ថែ​រក្សា ចាំ​ជួយ​សំរេច​កិច្ច​ការ​ផែន​ដី​ដែល​យួន​ហៅ​ថា បាវ​ហោ បាន​សេច​ក្ដី​ថា​ប្រ​ទេស​ខ្មែរ​បាន​ធ្លាក់​ទៅ​នៅ​ក្រោម​អំណាច​គ្រប់​គ្រង​របស់​យួន​ម្ដង​ទៀត​ហើយ​។ នៅ​គ.ស.១៧៧២ ព្រះ​អង្គ​តន់ ​ទ្រង់​យាង​ទៅ​គង់​នៅ​ព្រែក​ពាក់​ព្រ័ត​។ ព្រះ​អង្គ​ទ្រង់​ព្រះ​ចិន្ដា​មេត្ដា​ករុណា​បណ្ដា​អាណា​ប្រជា​នុរាស្រ្ដ ដែល​រង​ទុក្ខ​វេទ​នា​ដោយ​សារ​សង្រ្គាម​រាំ​រៃ ក៏​ទ្រង់​បញ្ជា​អោយ​ព្រះ​កែវ​ហ្វា​អង្គ​ដួង​ ទៅ​ចរ​ចា​ចង​ស្ពាន​មេត្រី​ជា​មួយ​ព្រះ​ចៅ​តាក​ស៊ីន តែ​ព្រះ​ចៅ​តាក​ស៊ីន មិន​ជឿ​អោយ​ចាប់​ឃុំឃាំង ក្រោយ​មក​ព្រះ​អង្គ​ដួង សូម​អនុញ្ញាត​អោយ​មាតា​ភរិយា និង បុត្រ​ចូល​ទៅ​ដល់​ក្រុង​អយុធ្យា ទើប​ព្រះ​ចៅ​តាក​ស៊ីន ជឿ​ថា​ស្មោះ​ត្រង់​ពិត ក៏​អោយ​លើក​លែង​ទោស​។

នៅគ.ស.១៧៧៣ អ្នក​ម្នាង​របស់​ព្រះ​អង្គ​តន់ នាម​ជៃ​ប្រសូត​បុត្រ​នាម​អង្គ​អេង។ ហើយ​ឆ្នាំ​ក្រោយ​មក​ព្រះ​អង្គ យាង​ទៅ​គង់នៅ កោះចិន ហើយអោយទ័ព​យួន​ថយ​ទៅ​ស្រុក​វិញ​។ នៅ​ទី​បំផុត​ព្រះ​អង្គ​យាង​ត្រលប់​ចូល​រាជ​ធានី​ឧដុង្គ​វិញ ហើយ​ក្រោយ​ពី​ពិ​គ្រោះ​ជា​មួយ​មន្រ្ដី​ធំ​ៗ ហើយ​ទ្រង់​សំរេច​ព្រះ​ទ័យ​ដាក់​រាជ​ថ្វាយ​ទៅ​ព្រះ​អង្គ​នន់​នៅ គ.ស ១៧៧៥ ដើម្បី​ចៀស​វា​ង​កុំ​អោយ​មាន​ការ​បង្ហូរ​ឈាម​គ្នា​អែង​ត​ទៅ​ទៀត​។ ចំណែក​អែ​ព្រះ​អង្គ​ទ្រង់​ស្ថិត​នៅ​ជា​មហា​ឧភ​យោរាជ​វិញ​។

ព្រះរាមរាជា អង្គនន់ ១៧៧៥ - ១៧៧៩

ព្រះ​អង្គ​នន់ ទ្រង់​អភិ​សេក​ឡើង​សោយ​រាជ្យ​នៅ​ឧដុង្គ​មាន​ជ័យ ដោយ​មាន​ព្រះ​នាម​សំរាប់​រាជ​ថា ព្រះ​បាទ​សម្ដេច​ស្ដេច​ព្រះ​រាម​រាជា​ធិ​រាជ​បរម​បពិត្រ​។ លុះ​ទ្រង់​ឡើង​គ្រប់​គ្រង​រដ្ឋ​ហើយ ហើយ​ដោយ​គិត​រើ​បំរះ​មិន​ព្រម​ចំនុះ​យួន​ត​ទៅ​ទៀត នៅ​គ.ស. ១៧៧៦ ព្រះ​រាម​រាជា​ទ្រង់​បញ្ជា​អោយ​ជាង​សិត​កាំ​ភ្លើង​បញ្ច​រង្គ​កិន​រំសេវ​កាប់​ឈើ​ធ្វើ​បន្ទាយ​នៅ​ក្រុង​ភ្នំ​ពេញ និង​នៅ​មុខ​កំពូល​។

និយាយ​ពី​ស្រុក​យួន​អែ​ណោះ​មាន​ការ​បះ​បោរ​ប្រ​ឆាំង​នឹង​ស្ដេច​តាំង​ពី​គ.ស ១៧៧៣។ យ៉ាង​ណា​មិញ មាន​បង​ប្អូន​៣​នាក់​នៅ​ភូមិ​តី​សឺន ឈ្មោះ​ង្វៀង​ញ៉ាក ង្វៀង​លី និង ង្វៀង​វេ បាន​មក​រួម​កំលាំង​ជា​មួយ​ពួក​អ្នក​ស្រុក​ភ្នំ លើក​ទ័ព​ឆ្ពោះ​ទៅក្រុង​គ្វី​ញើន មូល​ហេតុ​នៃ​ការ​បះ​បោរ​របស់​ពួក​គី​សឺន​នេះ គឺ​បណ្ដាល​មក​ពី​រាជ​នុ​សិទ្ធ​ឈ្មោះ ទ្រឿង​ភុក លន បាន​ប្រើ​អំណាច​ជិះ​ជាន់​ប្រជា​រាស្រ្ដ​ខ្លាំង​ពេក​។ នៅ​គ.ស.១៧៧៥ ស្ដេច​ឌិញ វឿង បាន​ភៀស​ព្រះ​អង្គ​ទៅ​ស្រុក​ក្រោម ប៉ុន្ដែ​ពួក​បះ​បោរ​ចាប់​បាន ហើយ​ធ្វើ​គត នៅ​គ.ស. ១៧៧៧​។ ចំណែក​អែ​ក្មួយ​របស់​ព្រះ​អង្គ​នាម​ង្វៀង​ភុក​អាញ់ បាន​ភៀស​ព្រះ​អង្គ​ទៅ​គង់​នៅ​កោះ​ត្រល់ រួច​ទៅ​នៅ​ប្រ​ទេស​សៀម​នៅ​គ.ស. ១៧៨៤​។

ក្នុង​គ្រា​នោះ លោក​ទេសា​ភិបាល​យួន​ដែល​ឈរ​នៅ​ព្រៃ​នគរ បាន​រត់​ទៅ​សុំ​ជំនួយ​ទ័ព​ពី​ព្រះ​រាម​រាជា ដើម្បី​ទៅ​បង្ក្រាប​ពួក​បះ​បោរ​តែ​ព្រះ​អង្គ​ពុំ​យល់​ព្រម​។ ម៉្លោះ​ហើយ​លោក​ទេសា​ភិបាល​នោះ ក៏​លើក​ទ័ព​យួន​ចូល​មក​ប្រ​ទេស​ខ្មែរ ឡើង​ដល់​ក្រុង​ភ្នំ​ពេញ​ច្បាំង​នឹង​ទ័ព​ខ្មែរ តែ​មិន​ចាញ់​មិន​ឈ្នះ ក៏​ដក​ថយ​ទៅ​វិញ​អស់​ទៅ​។

នៅ​គ.ស. ១៧៧៧ លោក​ឧកញ៉ា​វិបុល​រាជ​នាម ស៊ូ ដោយ​មិន​ចូល​ចិត្ដ​ព្រះ​អង្គ​នន់​បាន​ញុះ​ញង់​ព្រះ​ឧប​រាជ​អង្គ​ធម្ម​ថា ព្រះ​អង្គ​នន់​ចង់​ប្រទូស្ដ​តែ​ព្រះ​ឧបរាជ​មិន​ជឿ​។ ម៉្លោះ​ហើយ​ដោយ​ភ័យ​ខ្លាច​ក្រែង​មាន​ទោស​កំហុស លោក​ឧក​ញ៉ា​វិបុល​រាជ បាន​ទៅ​ទូល​ញុះ​ញង់​ព្រះ​អង្គ​នន់​ថា​ព្រះ​ឧប​រាជ​ចង់​ក្បត់​ដណ្ដើម​រាជ​ ព្រះ​អង្គ​ព្រម​ជឿ​តាម​ហើយ​ទ្រង់​បញ្ជា​អោយ​ធ្វើ​គត​ព្រះ​ឧប​រាជ​បាន​ក្នុង​ពេល​លេង​ចត្រង្គ ដោយ​មាន​លោក​ឧក​ញ៉ា​ស្រី​អគ្គ​រាជ​ចូល​ដៃ​ផង​។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ព្រះ​មហា​ឧបរាជ​ក៏​សោយ​ទីវង្គត​នៅ​កំពង់​ហ្លួង​ទៀត​ដោយ​ព្រះ​អង្គ​ព្រួយ​ព្រះ​ទ័យ​ពេក​។

នៅគ.ស ១៧៧៨ ព្រះ​ចៅ​តាក​ស៊ីន ទ្រង់​បញ្ជា​អោយ​ឧក​ញ៉ា​ចក្រី និង ឧក​ញ៉ា​សូរ​សីហ៍ លើក​ទ័ព ១០០០០​នាក់​ទៅ​វាយ​លាវ​នៅ​វៀង​ចន្ទន៍​។ ទ័ព​នោះ​បាន​ឆ្លង​កាត់​ស្រុក​ខ្មែរ លុះ​ទៅ​បន្ទាយ​ពេជ្រ មេ​ទ័ព​បាន​ឆៀង​ទៅ​ឧដុង្គ​ទូល​ព្រះ​រាម​រាជា សូម​ជួយ​កង​ទ័ព និង​ស្បៀង​អាហារ​។ ព្រះ​រាម​រាជា​ទ្រង់​យល់​ព្រម​តាម ហើយ​ទ្រង់​បញ្ជា​អោយ​កែន​ទ័ព​បាន​គ្រប់​១០០០០​នាក់ ប្រ​គល់​អោយ​មេ​ទ័ព​ទាំង​ពីរព្រម​ទាំង​មាន​ស្បៀង​ជា​អង្ករ​គ្រប់​គ្រាន់​ទៀត​ផង​។ ទ័ព​ខ្មែរ​លើក​ទៅ​ជា​ពីរ​ផ្លូវ ១​តាម​ជើង​គោក ១​ទៀត​តាម​ជើង​ទឹក​។ កោល​ណោះ​គេ​បាន​កែន​ពួក​ស្រី​ៗ នៅ​ខេត្ដ​កំពង់​ស្វាយ​អោយ​បុក​អង្ករ កិន​ស្រូវ​ដើម្បី​បញ្ជូន​ទៅ​អោយ​កង​ទ័ព ដំណឹង​នេះ​លឺ​ទៅ​ដល់​ពួក​ទាហាន​ដែល​គេ​បង្ខំ​អោយ​ទៅ​ច្បាំង​នឹង​លាវ ពួក​នាះ​ក៏​រត់​មក​រក​ប្រពន្ធ​កូន​វិញ​។ ព្រះ​អង្គ​នន់​ទ្រង់​បញ្ជា​អោយ​រក​ចាប់​បញ្ជូន​ទៅ​វិញ ប៉ុន្ដែ​ពួក​នោះ​រួម​គ្នា​ប្រឆាំង នឹង​ព្រះ​អង្គ​វិញ​រហូត​ដល់​កាប់​សំលាប់​ពួក​ឧក​ញ៉ា​ហ្លួង​ទៀត​ផង​។

រាជ​ពង្សា​វតារ​បាន​និយាយ​ថា ព្រះ​រាជា​ទ្រង់​បាន​ចោទ​ចៅ​ហ្វាយ​ស្រុក​ខេត្ដ​បារាយណ៍ និង ខេត្ដ​ព្រៃ​ក្ដី ដែល​ត្រូវ​ជា​បង​ប្អូន​នឹង​ចៅ​ហ្វាយ​ស្រុក​ខេត្ដ​កំពង់​ស្វាយ​ថា ឃុប​ឃិត​ផ្សំ​គំនិត​នឹង​គ្នា ព្រោះ​មិន​បាន​ថ្វាយ​ដំណឹង​ខាង​លើ​នោះ អោយ​ទាន់​ពេល​វេលា​។ ម៉្លោះ​ហើយ​ចៅ​ហ្វាយ​ស្រុក​ខេត្ដ​ព្រៃ​ក្ដី ឧក​ញ៉ា​មន្រ្ដី​ស្នេហា​សូរ ត្រូវ​កាត់​ទោស​ប្រហារ​ជី វិត​ចៅ​ហ្វាយ​ស្រុក​បារាយណ៍ ឧក​ញ៉ាសែន្យខាង​ហ្វា​ពាង ត្រូវ​វាយ ៥០​រំពាត់ និង​ត្រូវ​ហូត​ងារ អែ​ចៅ​ហ្វាយ​ស្រុក​កំពង់​ស្វាយ​ឧក​ញ៉ា​តេជោ​ទែន គ្រាន់​តែ​ត្រូវ​ស្ដី​ប្រដៅ ទ្រង់​អោយ​នៅ​ដដែល រួច​ទ្រង់​ប្រោស​អោយ​ត្រលប់​ទៅ​ស្រុក​វិញ​។

ឆ្នាំ​បន្ទាប់​មក​នៅ​គ.ស. ១៧៧៩ មន្រ្ដី​ទាំង​ពីរ​ជា​បង​ប្អូន​នឹក​តូច​ចិត្ដ នឹង​ព្រះ​រាជា​ដែល​បាន​កាត់​ទោស​ប្រហារ​ជីវិត​ប្អូន​លោក​នោះ បាន​បំបះ​បំបោរ​រាស្រ្ដ​អោយ​ប្រ​ឆាំង​នឹង​ស្ដេច​។ ស្ដេច​អោយ​ចៅ​ហ្វា​មូ នៅ​ស្រុក​បាសាក់​លើក​ទ័ព​ទៅ​បង្ក្រាប​នៅ​កំពង់​ស្វាយ តែ​នៅ​ទី​បំផុត​លោក​បាន​ចូល​ដៃ​ជា​មួយ​ប្អូន​លោក​ទាំង​ពីរ​ប្រឆាំង​នឹង​ស្ដេច​វិញ​។

ព្រះ​រាម​រាជា ទ្រង់​លើក​ទ័ព​ទៅ​បង្ក្រាប​ផ្ទាល់​ព្រះ​អង្គ​។ នៅ​ពេល​នោះ ឧក​ញ៉ា​វិបុល​រាជ​​ស៊ូ ក៏​បាន​ចូល​ដៃ​ជា​មួយ​ពួក​បះ​បោរ​ទៀត​។ មន្រ្ដី​រូប​នេះ​បាន​ទាំង​ចាប់​យក​ព្រះ​អង្គ​អេង ដែល​មាន​ព្រះ​ជន្ម​ទើប​បាន​ ៦​វស្សា និង​អោយ​ធ្វើ​គត​បុត្រ​ទាំង​៤​របស់​ព្រះ​រាជា​។ លុះ​ទ្រង់​ជ្រាប​ដំណឹង​នោះ ព្រះ​រាជា​ទ្រង់​ប្រ​ញាប់​លើក​ទ័ព​ត្រលប់​មក​វិញ​ជួប​នឹង​ទ័ព​ចំរុះ​ខ្មែរ - យួន​នៅ​កំពង់​ឆ្នាំង​។ ទាំង​សង​ខាង​បាន​ប្រយុទ្ធ​គ្នា​អស់​ពេល​យ៉ាង​យូរ​តែ​មិន​ចាញ់​មិន​ឈ្នះ​។ ព្រះ​រាជា​ដក​ថយ​ទៅ​នៅ​ជិត​ភ្នំ​កំរែង​ខេត្ដ​ក្រង​។

ចៅ​ហ្វា​មូ ដឹង​ការណ៍ លើក​ទ័ព​ទៅ​ចាប់​បាន​ព្រះ​រាជា​យក​ទៅ​ធ្វើ​គត​នៅ​ត្រង់​បឹង​ខ្យង នៅ​ខាង​ត្បូង​ជិត​រាជ​ធានី រួច​ឡើង​កាន់​អំណាច​គ្រប់​គ្រង​រដ្ឋ​នៅគ.ស. ១៧៧៩ តាំង​ខ្លួន​ឡើង​​ឈ្មោះ​ថា ចៅ​ហ្វា​ទឡហៈ​មហា​រាជ​បពិត្រ​។ ឧក​ញ៉ា​វិបុល​រាជ​ស៊ូ ឡើង​ជា​ឧក​ញ៉ា​ក្រលា​ហោម ឧកញ៉ា​សែន្យ​ខាង​ហ្វា​ពាង​ ឡើង​ជា ឧក​ញ៉ា​ចក្រី រី​អែ​ឧក​ញ៉ា​វង្សា​ប៉ុក ដែល​ថែ​រក្សា​ព្រះ​អង្គ​អេង​ឡើង​ជា​ឧក​ញ៉ា​វាំង​។

ឥទ្ធិពលដ៏ខ្លាំងក្លារបស់សៀម

ព្រះបាទនរាយណ៍រាជាទី៣ អង្គអេង ១៧៧៩ - ១៧៩៦

នៅ​ដំណាច់​ឆ្នាំ ១៧៧៩ ពួក​មន្រ្ដី និង​ព្រាហ្មណ៍​បុរោ​ហិត បាន​លើក​រាជ​សម្បត្ដិ​ថ្វាយ​ព្រះ​អង្គ​អេង ដែល​មាន​ព្រះជន្ម​ទើប​បាន​៧​វស្សា ប៉ុន្ដែ​កិច្ច​ការ​ផែន​ដី​នៅ​លើ​កណ្ដាប់​ដៃ ចៅ​ហ្វា​មូ​ទាំង​អស់​។ ដើម្បី​ចៀស​វាង​នូវ​អំពើ​ក្បត់​ផ្សេង​ៗ ចៅ​ហ្វាមូ ចាត់​ឧក​ញ៉ា​យម​រាជ​ប៉ែន អោយ​ទៅ​នៅ​ខេត្ដ​កំពង់​ស្វាយ​ជា​មួយ​ប្អូន​លោក គឺ​ឧក​ញ៉ា​តេ​ជោ​ទែន​។ ចំណែក​មន្រ្ដី​ធំ​ៗ ​អែ​ទៀត​ក៏​លោក​បាន​ចាត់​វិធាន​ការ​ដូច​គ្នា​នេះ​ដែរ​។ លុះ​ទ្រង់​ជ្រាប​ដំណឹង​នេះ​ហើយ ព្រះ​ចៅ​សៀម​ទ្រង់​បញ្ជា​ព្រះ​អង្គ​ដួង ដែល​ត្រូវ​ឃាត់​ទុក​ពី​មុន​នោះ អោយ​ត្រលប់​ចូល​ប្រ​ទេស​ខ្មែរ​ធ្វើ​យ៉ាង​ណា​សុំ​អោយ​បាន​ឧក​ញ៉ា​យម​រាជ​បែន ជា​មន្រ្ដី​ចាស់​របស់​បិតា​ព្រះ​អង្គ​អេង ដើម្បី​នាំ​ទៅ​ស្រុក​សៀម​។ ចៅ​ហ្វាមូ​ក្រោយ​ពី​ប្រឹក្សា​ នឹង​ឧក​ញ៉ា​ក្រលា​ហោម​ស៊ូ ក៏​ព្រម​ប្រគល់​ឧក​ញ៉ា​បែន​អោយ​ទៅ​ព្រះ​ចៅ​សៀម​។ មន្រ្ដី​រូប​នេះ​ត្រូវ​ស្ដី​បន្ទោស​យ៉ាង​ខ្លាំង​ពី​បទ​ចូល​ដៃ​នឹង​យួន និង ពី​ឃាត​កម្ម​លើ​រូប​ព្រះ​រាម​រាជា ហើយ​ថែម​ទាំង​ត្រូវ​យក​ទៅ​ដាក់​គុក​ទៀត​ផង​។

នៅគ.ស. ១៧៨០ ដោយ​នឹក​សង្ស័យ​ថា​ ពួក​មន្រ្ដី​ដែល​គ្រប់​គ្រង​រដ្ឋ​នៅ​ប្រ​ទេស​ខ្មែរ​មុខ​ជា​ចូល​ដៃ​នឹង​យួន​មិន​ខាន​ព្រះ​ចៅ​សៀម​ក៏​ទ្រង់​បញ្ជា​អោយ​លើក​ទ័ព ២០០០០​នាក់​ចូល​ជា​៣​ផ្លូវ ​៖
- កងទ័ពទី១ ស្ថិតក្រោមបញ្ជាការរបស់ព្រះរាជបុត្រនាម ចៅណយ លើកឆ្ពោះត្រង់មកឧដុង្គតែម្ដង។
- កងទ័ពទី២ ស្ថិតក្រោមបញ្ជាការរបស់ ឧកញ៉ាចក្រី លើកមកបោះជំរំនៅចាំត្រង់តំបន់អង្គរ។
- កងទ័ពទី៣ ស្ថិតក្រោមបញ្ជាការរបស់ ឧកញ៉ាសូរសីហ៍ លើកចូលលុកយកខេត្ដកំពង់ស្វាយ។
នៅ​ចំពោះ​មុខ​ការ​ឈ្លាន​ពាន​នេះ ចៅ​ហ្វាមូ​បាន​កែន​ទ័ព​ពង្រឹង​បន្ទាយ នាំ​ព្រះ​អង្គ​អេង​ទៅ​គង់​នៅ​ភ្នំពេញ ហើយ​ចាត់​បំរើ​អោយ​ទៅ​សុំ​ជំនួយ​ទាហាន​ពី​យួន​។ ស្ដេច​ង្វៀង ភុក​អាញ់ បញ្ជា​មេ​ទ័ព​២នាក់​គឺ ង្វៀង ហ៊ីវ​ថ្វាយ និង​ហូ​វាន់​ឡឹង នាំ​ទ័ព ៣០០០​នាក់​មក​ជួយ​(៤០)​។

ក្នុង​ពេល​ដែល​សៀម​និង​យួន​កំពុង​តែ​ច្បាំង​នៅ​លើ​ទឹក​ដីខ្មែរ ព្រះ​ចៅ​សៀម​តាក​ស៊ីន ទ្រង់​កើត​វិកល​ចរិក​។ មេ​ទ័ព​សៀម​ទាំង​ពីរ​ដែល​កំពុង​ធ្វើ​ប្រតិ​បត្ដិ​ការ​សឹក​នៅ​ប្រទេស​ខ្មែរ ក៏​ប្រញាប់​ប្រញាល់​លើក​ទ័ព​ចូល​ស្រុក​វិញ នាំ​យក​ទាំង​ព្រះ​រាជ​បុត្រ​នាម​ចៅ​ណយ​ទៅ​ជា​មួយ​ផង​។ ព្រះ​ចៅ​តាក​ស៊ីន​ និង​ព្រះ​រាជ​បុត្រ​ត្រូវ​ចាប់​ឃុំ​ឃាំង​ហើយ​ក្រោយ​មក​ត្រូវ​យក​ទៅ​ធ្វើ​គត (គ.ស.១៧៨២)។ ឧក​ញ៉ា​ចក្រី ក៏​តាំង​ខ្លួន​ជា​ព្រះ​រាជា​មាន​ព្រះនាម​ថា សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចូលា​លោក អែ​ឧក​ញ៉ា​សូសីហ៍​ បាន​តាំង​ជា​ឧប​រាជ​។

លុះ​សៀម​ថយ​ទ័ព​ទៅ​អស់​ហើយ យួន​បាន​សុំ​ទ័ព​ខ្មែរ​អោយ​ជួយ​វាយ​ពួក តីសឺន តែ​ចាញ់​ពួក​នោះ (អែក​សារ​យួន​គ្មាន​និយាយ)​។ ស្ដេច​យួន​ង្វៀង ភុក​អាញ់ រត់​ទៅ​ពឹង​សៀម​(គ.ស.១៧៨៤) ស្ដេច​សៀម​អោយ​លើក​ទ័ព​២០០០០ នាក់ និង​សំពៅ​ ៣០០ មក​ជួយ​ច្បាំង​ទៀត តែ​នៅ​តែ​ចាញ់​ពួក​តីសឺន​។ នៅ​ទី​បំផុត ទ្រង់​បាន​សុំ​ជំនួយ​ពី​បារាំង​វិញ​។ ក្នុង​គ.ស ១៧៨២ នៅ​ប្រ​ទេស​ខ្មែរ​អែ​ណោះ ជំ​លោះ​បាន​កើត​ឡើង​រវាង​ចៅ​ហ្វាមូ ឧក​ញ៉ា​ចក្រី​ពាង និង​សម្ដេច​ ចៅ​ពញា​ស៊ូ បាន​ចាត់​មនុស្ស​អោយ​ទៅ​ហៅ​ឧក​ញ៉ា​បែន​មក​វិញ​។ នៅគ.ស. ១៧៨៥ ឧក​ញ៉ា​បែន​បាន​ស្ដេច​សៀម អនុញ្ញាត​អោយ​ត្រលប់​ចូល​ប្រ​ទេស​វិញ​។ សម្ដេច​ចៅ​ពញា​ស៊ូ សុំ​អោយ​ឧក​ញ៉ា​បែន​បាន​ទៅ​នៅ​ជា​មួយ​លោក​។ ក្នុង​ពេល​ជប់​លៀង​មួយ បក្ស​ពួក​របស់​លោក​បាន​សំលាប់​បក្ស​ពួក​ខាង​ចៅ​ហ្វា និង ឧក​ញ៉ា​ចក្រី​ពាង​។ អែ​មន្រ្ដី​ទាំង​ពីរ​ជា​បង​ប្អូន​ត្រូវ​ចាប់​បាន​ហើយ​យក​ទៅ​ប្រហារ​ជីវិត​បង់​។

សម្ដេច​ចៅ​ពញា​ស៊ូ លើក​ខ្លួន​ជា​ធំ គិត​កំចាត់​ឧក​ញ៉ា​បែន ទៀត​តែ​ឧក​ញ៉ា​បែន​ដឹង​ខ្លួន ហើយ​កំចាត់​សម្ដេច​ពញា​ស៊ូ​បាន​មុន ហើយ​តាំង​ខ្លួន​ជា​សម្ដេច​ចៅ​ហ្វាទ​ឡហៈ​។ តែ​ទោះ​បី​មាន​ជ័យ​ជំនះ​យ៉ាង​នេះ​ហើយ​ក៏​ដោយ ក៏​បក្ស​ពួក​សម្ដេច​ចៅ​ពញា​ស៊ូ បាន​លើក​គ្នា​ទៅ​ឧដុង្គ ជា​ហេតុ​បណ្ដាល​អោយ​ចៅ​ហ្វាបែន​ ភៀស​ទៅ​ប្រ​ទេស​សៀម​នាំ​ទាំង​ព្រះ​អង្គ​អេង និង​ក្សត្រី​ទាំង​៣​អង្គ​ទៅ​ជា​មួយ​ផង​។ ចៅ​ហ្វា​បែន​ត្រូវ​បាន​ព្រះ​ចៅ​សៀម​ទ្រង់​ប្រ​ទាន​ឋា​នន្ដរ​សក្ដិ ជា​ចៅ​ពញា​អភ័យ​ធិ​បែន ពិ​សេស​សង្គ្រាម​រាម​ន​វិន្ទ​បតី​។

នៅគ.ស ១៧៩១ អ្នក​ម្នាង​អួត មាន​បុត្រ​នាម​ព្រះ​អង្គ​ចន្ទ ហើយ​បី​ឆ្នាំ​ក្រោយ​មក​មាន​បុត្រ​មួយ​អង្គ​ទៀត​នាម​អង្គ​ស្ងួន​។ អ្នក​ម្នាង​ម្នាក់​ទៀត​មាន​បុត្រ​នាម​អង្គ​អិម​។ អ្នក​ម្នាង​កែវ​មាន​បុត្រ​នាម អង្គ​ភិម (គ.ស.១៧៩៣)​។ នៅ​គ.ស ១៧៩៤ ព្រះ​អង្គ​អេង​ត្រូវ​បាន​ព្រះ​ចៅ​សៀម​អភិ​សេក​នៅ​បឹង​កក ដោយ​មាន​ព្រះ​នាម​ហៅ​ថា សម្ដេច​ព្រះ​នា​រាយន៍​រាជា​ធិ​រាជ​រាមា​ធិបតី​។ អែ​ឧក​ញ៉ា​ក្រលា​ហោម​ប៉ុក​ដែល​ភៀស​ទៅ​ជា​មួយ​ព្រះ​អង្គ​អេង​ដែរ​នាះ ត្រូវ​បាន​តែង​តាំង​ជា​ចៅ​ហ្វា​ទឡ​ហៈ ជា​ជំនួស​ចៅ​ហ្វា​ទឡហៈ​បែន ដែល​បាន​តាំង​ជា​ស្ដេច​ត្រាញ់​ឈរ​ត្រួត​ខេត្ដ​បាត់​ដំបង​។

លុះ​បាន​អភិ​សេក​តែង​តាំង​គ្រប់​សព្វ​ហើយ ព្រះ​ចៅ​សៀម​ទ្រង់​បញ្ជា​អោយ​ចៅ​ពញា​អភ័យ​ធិ​បែស​បែន លើក​ទ័ព នាំ​ព្រះ​អង្គ​អេង​យាង​មក​សោយ​រាជ​នៅ​ប្រទេស​ខ្មែរ រួច​ត្រលប់​ទៅ​ឈរ​ត្រួត​ខេត្ដ​បាត់​ដំបង​វិញ តែ​ត្រូវ​ឡើង​ផ្ទាល់​ទៅ​ព្រះ​ចៅ​សៀម​។ ចំណែក​ចៅ​ហ្វាយ​ខេត្ដ​អង្គរ ត្រូវ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ចៅ​ពញា​ភ័យ​ធី​បែស​បែន​។ ដូច្នេះ​ចាប់​តាំង​ពីគ.ស. ១៧៩៥​មក ខេត្ដ​បាត់​ដំបង និង​អង្គរ​ត្រូវ​បាន​ទៅ​សៀម​ដោយ​សន្ដិ​វិធី​។ ចំពោះ​ការ​បាត់​បង់​ទឹក​ដី​នេះ​ អ្នក​ប្រ​វត្ដិ​សាស្រ្ដ​ខ្លះ​បាន​ចោទ​សួរ​ថា តើ​មាន​កិច្ច​ព្រម​ព្រៀង​សំងាត់​អ្វី​មួយ​រវាង​ព្រះ​មហា​ក្សត្រ​ទាំង​ពីរ​ដែរ​រឺ​ទេ​? តើ​នេះ​ជា​តុ​រង្វាន់​ចំពោះ​ស្ដេច​សៀម​ដែល​បាន​ទទួល​ស្គាល់​ស្ដេច​ខ្មែរ ហើយ​លើក​អោយ​ឡើង​សោយ​រាជ្យ​​រឺ​យ៉ាង​ណា?​(៤២)។ ចំពោះ​រឿង​ដដែល​នេះ​អែក​សារ​សៀម​មួយ​បាន​សរ​សេរ​ថា «ចំណែក​ចៅ​ពញា​អភ័យ​ធី​បែស (ចៅ​ហ្វា​បែន) បាន​ថែ​រក្សា​ប្រទេស​កម្ពុ​ជា​រៀប​រយ​ល្អ តែ​ជា​ពួក​របស់​ព្រះ​រាម​រាជា (អង្គ​នន់) ក្រែង​មិន​សិទ្ធ​ស្នាល​ជា​មួយ​សម្ដេច​នរាយណ៍ (អង្គ​អេង) និង ចៅ​ហ្វាទឡ​ហៈ (ចៅ​ហ្វា​ប៉ុក) ទើប​ទ្រង់​សុំ​ស្រុក​សៀម​រាប និង ស្រុក​បាត់​ដំបង អោយ​ចៅ​ពញា​អភ័យ​ធី​បែស​គ្រប់​គ្រង​​ឡើង​ដល់​ថៃ​ដោយ​ត្រង់​។ ខេត្ដ​នេះ​ទើប​ធ្លាក់​ទៅ​ក្រោម​អំណាច​ថៃ​រហូត​ដល់​រជ្ជ​កាល​ទី​៥​» (៣៦)។

រាជ​ពង្សាវ​តារ​ខ្មែរ​មួយ​បាន​ផ្ដល់​ពត៌​មាន មាន​ន័យ​ប្រហាក់​ប្រហែល​នឹង​ពត៌មាន​របស់​អែក​សារ​សៀម​ដែរ : ឧក​ញ៉ា​បែន គិត​ថា បើ​នៅ​បំរើ​ព្រះ​នារាយណ៍​រាជា​អង្គ​អេង ត្រូវ​សំពះ​ចៅ​ហ្វា​ប៉ុក ឧក​ញ៉ា​ទែន និង​អង្គ​ដួង​នាំ​អោយ​ខូច​កិត្ដិ​យស គិត​ថយ​ទៅ​បាត់​ដំបង​ឡើង​ផ្ទាល់​ទៅ​សៀម​វិញ​។ ព្រះ​រាជា​ក៏​ទ្រង់​អនុញ្ញាត​អោយ​ទៅ​ ទៅ​ហើយ​ទូល​ស្ដេច​សៀម​សុំ​ខេត្ដ​បាត់​ដំបង មហា​នគរ​អោយ​សៀម​ជា​វង្វាន់​ផ្ទាល់​។ ស្ដេច​សៀម​ធ្វើ​សុភ​អក្សរ​មក​ពីរ​ដង​ទើប​ព្រះ​អង្គ​អេង​ព្រម​ថ្វាយ តែ​ព្រម​ថ្វាយ​សំរាប់​តែ​ផែន​ដី​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​មួយ​ទេ(គ.ស. ១៧៩៥) (៤៣) នៅគ.ស. ១៧៩៦ អ្នក​ម្នាង​រស់​បាន​ប្រសូត្រ​បុត្រ​នាម​​អង្គ​ដួង​។ នា​ឆ្នាំ​ដដែល​ព្រះ​នា​រាយណ៍​រាជា អង្គ​អេង ទ្រង់​អាពាធ​ហើយ​សោយ​ទីវង្គត​។

ចៅហ្វាប៉ុក ១៧៩៦ - ១៨០៥

លុះ​ទ្រង់​ជ្រាប​ពត៌​មាន​ខាង​លើ​ហើយ ព្រះ​ចៅ​សៀម​ទ្រង់​បញ្ជា​អោយ​ចៅ​ហ្វា​ប៉ុក លើក​ព្រះ​អង្គ​ចន្ទ ដែល​មាន​ព្រះ​ជន្ម​ទើប​បាន ៥​វស្សា​អោយ​ឡើង​គ្រង​រាជ្យ ហើយ​អោយ​លោក​ទទួល​មើល​ខុស​ត្រូវ​ក្នុង​កិច្ច​ការ​រដ្ន​សិន​។ នៅ​គ.ស ១៧៩៨ សៀម​ច្បាំង​និង​ភូមា​។ ចៅ​ហ្វា​ប៉ុក​បាន​កែន​ទ័ព​ទៅ​ជួយ​ច្បាំង​ឈ្នះ​ភូមា ចាប់​បាន​ឈ្លើយ​ជា​ច្រើន​នាំ​ចូល​ប្រទេស​ខ្មែរ​អោយ​ទៅ​តាំង​នៅ​ត្រង់​តំបន់ ប៉ៃលិន​ក្នុង​ខេត្ដ​បាត់​ដំបង​។

នៅ​គ.ស. ១៨០០ ដោយ​ទទួល​បញ្ជា​ពី​ស្ដេច​សៀម ចៅ​ហ្វាប៉ុក​បាន​បញ្ជូន​ទ័ព​ទៅ​ជួយ​ង្វៀង ភុក​អាញ់ ដើម្បី​កំចាត់​ពួក​តីសឺន​។ ទាហាន​ណា​មិន​ព្រម​ច្បាំង​ត្រូវ​ប្រហារ​ជីវិត​បង់ ជា​ហេតុ​នាំ​អោយ​រាស្រ្ដ​ខ្មែរ​ក្ដៅ​ក្រ​ហាយ​ខ្លាំង​។ លុះ​បាន​ជ័យ​ជំនះ​លើ​ពួក​តី​សឺន​ហើយ ង្វៀង​ភុក​អាញ់​ឡើង​សោយ​រាជ្យ​មាន​នាម​ថា យ៉ា​ឡុង ហើយ​បាន​ផ្ញើ​សង​មក​ខ្មែរ​វិញ​នូវ​កាំ​ភ្លើង​ធំ ២​ដើម​ដែល​យួន​បាន​រឹប​យក​ពី​សង្រ្គាម​ជា​មួយ​ព្រះ​អង្គនន់ (ព្រះរាមរាជា)។ នៅគ.ស. ១៨០៥ ព្រះ​អង្គ​ចន្ទ​ទ្រង់​យាង​ទៅ​ប្រ​ទេស​សៀម​ដោយ​មាន​ចៅ​ហ្វា​ប៉ុក​ដង្ហែ​ទៅ​ផង តែ​លោក​បាន​ស្លាប់​នៅ​ទី​នោះ​ក្នុង​ជន្មាយុ ៦៥​ឆ្នាំ​។