២៦ - សៀមនិងយួនស្រុះស្រួលគ្នាដើម្បីត្រួតត្រាខ្មែរ
ថ្ងៃសុក្រ ទី23.មករា 2015.ម៉ោង 22:15

ព្រះ​ហរិ​រក្ស​រាមា​អិស្ស​រា​ធិប​តី​អង្គដួង គ.ស១៨៤០ - ១៤៥៩ ព្រះ​អង្គ​ដួង ព្រះ​រាជ​បុត្រ​ពៅ​នៃ​ព្រះ​បាទ នារាយណ៍​រាជា​ទី​៣ អង្គ​អេង ត្រូវ​បាន​នា​ម៉ឺន​សព្វ​មុខ​មន្រ្ដី និង ពញា​បឌិន​តេជោ យាង​អោយ​ឡើង​សោយ​រាជ្យ​សម្បត្ដិ​។ ព្រះ​អង្គ​ទៅ​គង់​នៅ​វាំង​ឃ្លាំង​ស្បែក ដែល​រាស្រ្ដ​បាន​សាង​ថ្វាយ នៅ​ជិត​ពញាលឺ​។ ឯ​ពញា​បឌិន​តេជោ ក៏​ស្ថិត​នៅ​ក្នុង​ប្រទេស​ខ្មែរ​សិន​ដើម្បី​ចាំ​ជួយ​អន្ដរា​គមន៍ អោយ​បាន​ទាន់​ពេល​វេលា បើ​មាន​ការ​ចាំ​បាច់​។

លុះ​មេ​ទ័ព​ឈ្មោះ ង្វៀង ទៀន​លឹម និង​ង្វៀង​កុង​ទ្រី បាន​បង្ក្រាប​ការ​តស៊ូ​របស់​លោក​លឹម​សោម​នៅ​ស្រុក​ក្រោម​ហើយ សៀម​បាន​លើក​ទ័ព​ជើង​ទឹក​មក​ចុះ​ត្រង់​កំពត ហើយ​ការ​ប្រយុទ្ធ​គ្នា​ជា​មួយ​ទ័ព​យួន​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ពាម នៅ​ទី​បំផុត​សៀម​ដក​ទ័ព​ថយ​ទៅ​វិញ​អស់​។ ប៉ុន្ដែ​ទ័ព​សៀម​ដែល​នៅ​សល់​ក្នុង​ស្រុក​ខ្មែរ និង​ទ័ព​យួន​ដែល​នៅ​ក្នុង​ស្រុក​ក្រោម​ចេះ​តែ​ប្រយុទ្ធ​គ្នា​ជា​បន្ដ​ទៅ​ទៀត​រហូត​ដល់​ឆ្នាំ​១៨៤៥​។ នៅ​ឆ្នាំ​នោះ​ស្ដេច​ធៀវ​ទ្រី បាន​បញ្ជា​អោយ​លើក​ទ័ព​ធំ​ចូល​វាយ​សៀម​យក​បាន​ភ្នំពេញ ហើយ​លើក​បង្ហួស​ទៅ​ព័ទ្ធ​ក្រុង​ឧដុង្គ​ថែម​ទៀត​។ ខាង​ខ្មែរ - សៀម​សុំ​ចរចា​រក​សន្ដិ​ភាព យួន​មិន​ព្រម​​។ តែ​មិន​យូរ​ប៉ុន្មាន​យួន​ខ្លួន​អែង​សុំ​ចរចា​ម្ដង​វិញ​។

ការ​ចរចា​បាន​ប្រព្រឹត្ដ​ទៅ​នៅ​សមរ​ភូមិ​ពោធិ​​បី​ដើម : យួន និង សៀម​ថា ចង់​ទំនុក​បំរុង​ប្រ​ទេស​ខ្មែរ និង ស្ដេច​ខ្មែរ​ដូច​គ្នា ថា​ត្រូវ​អភិ​សេក​ព្រះ​អង្គ​ដួង អោយ​ឡើង​សោយ​រាជ្យ​ដោយ​តំណាង​ប្រទេស​ទាំង​ពីរ សៀម​រុះ​បន្ទាយ​យួន​ យួន​រុះ​បន្ទាយ​សៀម​។ សៀម​បាន​ដោះ​លែង​មេទ័ព និង​ទាហាន​យួន​ជាឈ្លើយ​ ឯ​យួន​ត្រូវ​ដោះ​លែង​ក្សត្រា​ក្សត្រី​ខ្មែរ​មក​វិញ​។ ​រហូត​ដល់​គ.ស ១៨៤៧ ទើប​ព្រះ​អង្គដួង​ត្រូវ​បាន​អភិ​សេក​អោយ​ឡើង​សោយ​រាជ្យ​នៅឧដុង្គ ដោយ​មាន​ព្រះ​នាម​សំរាប់​រាជ​ថា ព្រះ​ហរិ​រក្សរាមា​អិស្ស​រាធិ​បតី​។ នៅ​ឆ្នាំ​ក្រោយ​ពញាប​ឌិន​តេជោ បាន​លា​ព្រះ​អង្គ​ត្រលប់​ចូល​ក្រុង​បឹង​កក​វិញ​។​

គួរ​គប្បី​ជ្រាប​ថា នៅ​ពេល​ឡើង​សោយ​រាជ​ព្រះ​អង្គ​ដួង ទ្រង់​តូច​ព្រះ​ទ័យ​ខ្លាំង​ណាស់ ចំពោះ​ការ​បាត់​បង់​ទឹក​ដី​ជា​ច្រើន​ដែល​ត្រូវ​យួន និង​សៀម​ប្រវ័ញ្ច​យក​ដោយ​ខុស​ច្បាប់​។ ទឹក​ដី​ខ្មែរ​ពី​ដើម​មាន​វិសាល​ភាព​ធំ​ទូលាយ ឥលូវ​នេះ​ត្រូវ​រួញ​តូច​ជា​អតិ​បរិមា ប៉ុន្ដែ​ព្រះ​អង្គ​ដួង​ពុំ​ហ៊ាន​លើក​បញ្ហា​នោះ​មក​ចោទ​ រឺ​ តវ៉ា​អ្វី​ជា​មួយ​យួន និង​សៀម​ឡើយ ពី​ព្រោះ​អ្នក​ជិត​ខាង​ទាំង​ពីរ​នេះ​មិន​ចូល​ចិត្ដ​អោយ​លើក​រឿង​ទឹក​ដី​នេះ​មក​ពិភាក្សា​ឡើង​វិញ។ គេ​យល់​ថា​ទឹក​ដី​ទាំង​ប៉ុន្មាន​ដែ​គេ​បាន​កាន់​កាប់​នោះ គឺ​សុទ្ធ​ជា​កម្ម​សិទ្ធ​ស្រប​ច្បាប់​របស់​គេ​ទាំង​អស់​រួច​ហើយ​។

នៅ​គ.ស. ១៨៥៤ ដោយ​អត់​ទ្រាំ​ពុំ​បាន​នឹង​អំពើ​រំលោភ​ទន្រ្ទាន​យក​ទឹក​ដី​ពី​សំណាក់​ជន​ជាតិ​យួន ដែល​រស់​នៅ​ក្នុង​កម្ពុជា​ក្រោម ព្រះ​អង្គ​ដួង​ទ្រង់​បាន​សំរេច​ព្រះ​ទ័យ​ថា ត្រូវ​តែ​សុំ​ជំនួយ និង​ការ​ពារ​ពី​មហា​អំណាច​អឺរ៉ុប​ណា​មួយ​។ ដោយ​ហេតុ​នោះ​ព្រះ​អង្គ​ទ្រង់​បាន​បញ្ជូន​ដោយ​សំងាត់​នូវ​មន្ដ្រី​ខ្មែរ​ម្នាក់​កាន់​សាសនា​កាតូ​លិច​អោយ​ទៅ​សិង្ហ​បុរី ដើម្បី​យក​ព្រះ​សារ​លិខិត​របស់​ព្រះ​អង្គ​សរ​សេរ​ជា​ភាសា​បារាំង​ដោយ​សម្ដេច​មិស Miche យក​ទៅ​ថ្វាយ​ព្រះ​ចៅ​ណាប់​ប៉ូ​លេ​អុង​ទី​៣ តាម​រយៈ​លោក​កុង​ស៊ុល​បារាំង​ប្រចាំ​នៅ​ទី​នោះ​។ ជា​មួយ​គ្នា​នោះ​ព្រះ​អង្គ​ដួង​ទ្រង់​បាន​ផ្ញើ គ្រឿង​បណ្ណាការ​ខ្លះ​ទៅ​ថ្វាយ​ព្រះ​ចៅ​ប្រ​ទេស​បារាំង មាន​ភ្លុក​ដំរី កុយ​រមាស រង្គ ស្ករ និង​ម្រេច​ជា​ដើម​។ លោក​កុង​ស៊ុល​បារាំង​បាន​សន្យា​ថា នឹង​នាំ​ព្រះ​សារ​លិខិត និង​ដង្វាយ​ទៅ​ក្រុង​បារីស​។

នៅ​គ.ស ១៨៥៤ លោក​រាជ​ទូត ដឺ​ម៉ុង​ទី​ញី Montigny ត្រូវ​បាន​ចាត់​អោយ​បំពេញ​បេ​សក​កម្ម​ជា​ច្រើន​នៅ​ឥណ្ឌូ​ចិន និង​ប្រទេស​ចិន​។ លោក​បាន​ទទួល​បញ្ជា​ពី​ព្រះចៅណាប់​ប៉ូ​លេ​អុង អោយ​ធ្វើ​សន្ធិ​សញ្ញា​មិត្ដ​ភាព និង​ខាង​ជំនួញ​ជា​មួយ​ខ្មែរ ប៉ុន្ដែ​ការ​ធ្វេស​ប្រហែស​របស់​រាជ​ទូត​រូប​នេះ បាន​ធ្វើ​អោយ​ព្រះ​ចៅ​សៀម​ទ្រង់​ជ្រាប​ពី​បំណង​របស់​ប្រ​ទេស​បារាំង ជា​ហេតុ​បណ្ដាល​អោយ​សន្ធិ​សញ្ញា​រវាង​ខ្មែរ និង​បារាំង​ពុំ​បាន​សំរេច​ទៅ​វិញ​។ ម្យ៉ាង​ទៀត​លោក​ដឺ​ម៉ុង​ទី​ញី ពុំ​បាន​អញ្ជើញ​ទៅ​ជួប​នឹង​ព្រះ​រាជា​ខ្មែរ​ទេ លោក​គ្រាន់​តែ​បញ្ជា​អោយ​បព្វ​ជិត​ហ៊ា​ត្រេស ដែល​ឈរ​នៅ​កំពត​ទៅ​គាល់​ព្រះ​អង្គ​។ ដោយ​ទ្រង់​មិន​ពេញ​ព្រះ​ទ័យ នឹង​អា​កប្ប​កិរិ​យា​របស់​លោក​ម៉ុង​ទី​ញី​ផង និង​ដោយ​ខ្លាច​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​សៀម​ផង ព្រះ​អង្គ​ដួង​ក៏​ទ្រង់​លះ​បង់​ចោល​នូវ​ព្រះ​បំណង​សុំ​ការ​ពារ​ពី​ប្រ​ទេស​បារាំង​។

ក្នុង​ព្រះសារ​លិខិត​ទី​២ ព្រះ​អង្គ​ទ្រង់​បាន​រំលឹក​ដល់​ព្រះ​ចៅណាប់​ប៉ូលេ​អុង ទឹក​ដី​ដែល​យួន​បាន​យក​ហើយ​ដែល​ស្ថិត​នៅ​ចន្លោះ​ត្រើយ​ខាង​លិច​នៃ​ព្រែក​ព្រៃ​នគរ និង​ពាម គិត​ទាំង​កោះ​ត្រល់ និង​កោះ​ត្រលាច ពិត​ជា​ដី​របស់​ខ្មែរ​។ ចំពោះ​ព្រះ​សារ​លិខិត​ទី​២​នេះ ប្រទេស​បារាំង​ពុំ​បាន​ឆ្លើយ​តប​អ្វី​សោះ​ឡើយ​។​
នៅ​គ.ស. ១៨៥៦ ដោយ​ព្រះ​អង្គ​វ័យ​កាន់​តែ​ជរា ហើយ​ដោយ​នឹក​គិត​ទៅ​ដល់​អនាគត​នៃ​ប្រ​ទេស​ជាតិ ព្រះ​អង្គ​ដួង​ទ្រង់​សូម​ព្រះ​ចៅ​សៀម​អោយ​តែង​តាំង​ព្រះ​រាជ​បុត្រ​ច្បង​នាម អង្គ​វតី ជា​មហា​ឧបរាជ និង ​ព្រះ​រាជ​បុត្រ​បន្ទាប់​នាម ស៊ីសុ​វត្ដិ ជា​ព្រះ​កែវ​ហ្វា និង​សូម​អោយ​បាន​វិល​ចូល​ក្រុង​កម្ពុជា​ដើម្បី​ជួយ​បំពេញ​រាជ​ការ​ផង​។

នា​ឆ្នាំ​ដដែល យួន​នៅ​ស្រុក​ក្រោម​បាន​សង់​បន្ទាយ​នៅ​បាយ​ឆៅ នៅ​ឃ្លាំង និង​នៅ លំពូយា ដើម្បី​ពង្រឹង​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​ខេត្ដ​ខាង​លិច​។ វា​បាន​រំលោភ​អំណាច​របស់​ព្រះ​ចៅ​ហ្វា​ស្រុក​សុខ ជា​ហេតុ​បណ្ដាល​អោយ​ខ្មែរ​ ក្រោក​ឡើង​ក្រោម​បញ្ជា​ការ​របស់​សេនា​លឹម លើក​ទៅ​ប្រ​យុទ្ធ នឹង​យួន​ដោយ​មាន​ជ័យ​ជំនះ នៅ​តំបន់​ទំនប់ និង​កំពង់​ត្រប់​។ ពេល​នោះ​ព្រះ​អង្គ​ដួង ទ្រង់​អោយ​សង់​បន្ទាយ និង​លើក​ទ័ព​ទៅ​ចាំ​នៅ​ព្រំ​ដែន​។ យួន​ឃើញ​ដូច្នោះ​បាន​លើក​ទ័ព​ទៅ​រាំង​ដើម្បី​កុំ​អោយ​ខ្មែរ​ខាង​លើ និង​ខ្មែរ​ខាង​ក្រោម​ទាក់​ទង​គ្នា​បាន​។

និយាយ​ពី​នៅ​ស្រុក​យួន​ឯ​ណោះ ក្នុង​រជ្ជ​កាល​របស់​ស្ដេច​ទីឌឹក និង​ក្នុង​រជ្ជ​កាល​មុន​ៗ មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​រូប​អ្នក​ផ្សាយ​សាសនា ជា​ហេតុ​នាំ​អោយ​បារាំង​ធ្វើ​អន្ដរា​គមន៍​ដោយ​យក​លេស​ថា ដើម្បី​ការ​ពារ​ជន​ទាំង​​នោះ នៅ​គ.ស. ​១៨៥៨​។ គឺ​នៅ​ក្នុង​ស្ថាន​ភាព​ថ្មីនេះ​ហើយ​ដែល​ព្រះ​អង្គដួង បាន​ទាក់​ទង​សា​ជា​ថ្មី​ជា​មួយ​ជន​ជាតិ​បារាំង​។ តាម​រាជ​ពង្សា​វតារ​ខ្មែរ​ថា ព្រះ​អង្គ​ទ្រង់​បាន​ជួល​ទ័ព​បារាំង​អោយ​ជួយ​វាយ​យក​ព្រៃ​នគរ គិត​ជា​ឈ្នួល ៥០០​ណែន​ប្រាក់​។ ក្នុង​ពេល​ដំណាល​គ្នា​នោះ ពួក​ចាម​ជ្វា​នៅ​ខេត្ដ​ត្បូង​ឃ្មុំ បាន​បះ​ប្រ​ឆាំង​នឹង​ចៅហ្វាយ​ស្រុក​ខេត្ដ​នេះ ក្រោម​ការ​ដឹក​នាំ​មេ ៣​នាក់​គឺ ទួន​ហ៊ីម ទួន​ស៊ី និង ទួន​អ៊ិត​។ ព្រះ​អង្គ​ដួង ទ្រង់​លើក​ទ័ព​ទៅ​បង្ក្រាប មេ​ម្នាក់​ត្រូវ​ស្លាប់ ២​នាក់​ទៀត​បាន​រត់​រួច​ចូល​ទៅ​មាត់​ជ្រូក​។

រាជ​ពង្សា​វតារ​ខ្មែរ​ថា​នៅ​គ.ស ១៨៥៨​នោះ លោក​មេ​ទ័ព ឌូដាដ​ដឺ​លា​ក្រេ Doudart de lagrée បា​លើក​ទ័ព​ទៅ​វាយ​ព្រៃ​នគរ អែ​ព្រះ​អង្គ​ដួង​ទ្រង់​បញ្ជា​អោយ​លោក​ឧក​ញ៉ា​ជា​សេដ្ឋី​កែប លើក​ទ័ព​ទៅ​វាយ​ទ្រាំង​ត្បូង បា​សាក់ ព្រះ​ត្រ​ពាំង ក្រមួន​ស មាត់​ជ្រូក​។ ចំណែក​អែ​ពួក​ចាម​ជ្វា​ដែល​រត់​ទៅ​មាត់​ជ្រូក​ ចូល​ទៅ​បំបះ​រាស្រ្ដ​លើក​ទៅ​វាយ​ឧដុង្គ តែ​ត្រូវ​ព្រះ​ឧប​រាជ និង​ព្រះ​កែវ​ហ្វា​ចាប់​បាន​ពួក​មេ​ដឹក​នាំ​ហើយ​បាក់​ទ័ព​រត់​ខ្ជាត់​ខ្ជាយ​ទៅ​វិញ​អស់​។

និយាយ​ពី​ឧក​ញ៉ា កែប ដែល​លើក​ទ័ព​ទៅ​វាយ​យួន​អែ​ស្រុក​ក្រោម​នោះ ឃើញ​ថា​មាន​ជោគ​ជ័យ ហើយ​ចេះ​តែ​ជំ​រុញ​ទៅ​មុខ ប៉ុន្ដែ​នៅ​ពេល​ដែល​ព្រះ​រាជា​សោយ​ទី​វង្គត​ទៅ (១៨៥៩) ហើយ​ដោយ​មាន​ការ​វិក​វរ​នៅ​ឯ​រាជ​ធានីឧដុង្គ លោក​ក៏​ដក​ទ័ព​ចូល​វាយ​ស្រុក​ក្រោម​នោះ គឺ​ដើម្បី​ទៅ​បង្រ្កាប​ពួក​ចាម​ជ្វា​បះ​បោរ​រត់​ទៅ​ទី​នោះ ហើយ​ដែល​រាជ​ការ​យួន​មិន​ព្រម​ចាប់​ប្រ​គល់​មក​អោយ​ខ្មែរ​វិញ​(៤២)។

ស្នាព្រះហស្ដព្រះអង្គដួង

ព្រះ​បាទ​ហរិ​រក្ស​រាមា​អិស្ស​រា​ធិប​តី​អង្គ​ដួង ជា​ព្រះ​រាជា​មួយ​អង្គ​ដែល​ប្រកប​ដោយ​ទស​ពិធ​រាជ​ធម៌​។ ព្រះ​អង្គ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​រៀប​ចំ​អោយ​មាន​សន្ដិ​ភាព​ក្នុង​ប្រទេស និង​អោយ​មាន​របៀប​រៀប​រយ​ក្នុង​រាជ​ការ​។ យ៉ាង​ណា​មិញ ការ​បែក​បាក់​សាមគ្គី​រវាង​ខ្មែរ និង​ចំបាំង​ឈ្លាន​ពាន​របស់​បរ​ទេស​ ជា​ហេតុ​នាំ​អោយ​ប្រទេស​ពើប​ប្រទះ​ នឹ​ងមហន្ដ​រាយ : ភូមិ​ស្រុក​ត្រូវ​ដុត​បំផ្លាញ ស្រែ​ចំការ​ត្រូវ​បាន​បោះ​បង់​ចោល ផ្នូវ​ថ្នល់​ត្រូវ​បំផ្លិច​បំផ្លាញ​ដោយ​បរិច្ឆេទ​កម្ម និង​ដោយ​ទឹក​ជំនន់ ស្ពាន​ភាគ​ច្រើន​ត្រូវ​ខូច​ខាត​។ អសន្ដិ​សុខ​កើត​ពាស​ពេញ​ផ្ទៃ​ប្រទេស ព្រោះ​រាស្រ្ដ​ដែល​អត់​ឃ្លាន​ក្លាយ​ទៅ​ជា​ចោរ​លួច​ចោរ​ប្លន់​ កាប់​សំលាប់​អិត​ត្រា​ប្រណី សកម្ម​ភាព​ខាង​ជំនួញ​អិត​មាន​ទាល់​តែ​សោះ​។

គឺ​នៅ​ក្នុង​ស្ថាន​ភាព​ដុន​ដាប​បែប​ហ្នឹង​ហើយ ដែល​ព្រះ​អង្គ​ដួង​ទ្រង់​បាន​ឡើង​គ្រង​រាជ​។ ព្រះ​អង្គ​ទ្រង់​បាន​ខិត​ខំរៀ ប​ចំ​ប្រ​ទេស​ជាតិ​ឡើង​វិញ និង​លើក​តំកើង​ជីវ​ភាព​ប្រជា​រាស្រ្ដ​។ រាជ​ធានី​ឧដុង្គ ត្រូវ​បាន​ស្ថាបនា​ឡើង​វិញ​។ ចំនួន​ខេត្ដ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​ត្រូវ​បន្ថយ​។ ខេត្ដ​និមួយ​ៗ មាន​ទំហំ​ផ្ទៃ​ប្រហាក់​ប្រហែល​គ្នា ហើយ​ត្រូវ​បែង​ចែក​ជា​ស្រុក​។ ពី​គ.ស. ១៨៥១ ដល់ ១៨៥៧ ព្រះ​អង្គ​បញ្ជា​អោយ​លើក​ផ្លូវ​មួយ​ពីឧដុង្គ ទៅ ​កំពត ដែល​ជា​កំពង់​ផែ​សមុទ្រ​តែ​មួយ​របស់​ខ្មែរ ព្រោះ​កំពង់​ផែ​ព្រៃ​នគរ ត្រូវ​បាន​ទៅ​យួន​ជា​ស្ថាពរ​ទៅ​ហើយ​។ នៅ​គ.ស.១៨៥២ ព្រះ​អង្គ​ទ្រង់​អោយ​លើក​ផ្លូវ​មួយ​ទៀត​ភ្ជាប់​រាជ​ធានី​ឧដុង្គ​ ទៅ​កំពង់​ហ្លួង ជា​កំពង់​ផែ​សំខាន់​មួយ​ទៀត​របស់​ខ្មែរ​ក្នុង​សម័យ​នោះ​។

ឯ​ពន្ធ​ដា​ត្រូវ​បាន​អោយ​ទារ​តាម​របប​ភាស៊ី ជា​ហេតុ​អោយ​រាជ​ការ​មាន​លទ្ធ​ភាព​រៀប​ចំ​ថវិកា​មួយ​ដែល​មាន​តុល្យ​ភាព​។ ក្នុង​វិស័យ​វប្ប​ធម៌ ព្រះ​អង្គ​ទ្រង់​បាន​បង្កើត​សាលា​តាម​វត្ដ​ជា​ច្រើន ទ្រង់​បាន​លើក​ទឹក​ចិត្ដ​ពួក​អ្នក​ប្រាជ្ញ​បណ្ឌិត កវី ហើយ​ទ្រង់​បាន​ផ្ដល់​នូវ​លុយ​កាក់ និង មធ្យោ​បាយ​ផ្សេង​ៗ ដល់​ជន​ណា​ដែល​ចង់​ធ្វើ​ការ​សិក្សា​ស្វែង​រក​ចំណេះ​វិជ្ជា​។ ព្រះ​អង្គ​ទ្រង់​សព្វ​ព្រះ​ទ័យ​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​ព្រះ​សង្ឃ​ពី​បញ្ហា​សាសនា និង អក្សរ​សាស្រ្ដ និង ទ្រង់​បាន​បរិច្ចាគ​ព្រះ​រាជ​ទ្រព្យ​ផ្ដល់​ចំពោះ​ព្រះ​សង្ឃ សំរាប់​កសាង​វត្ដ​អារាម និង​ចំណាយ​ផ្សេង​ៗ តាម​ពុទ្ធ​បញ្ញត្ដិ​។

នៅ​ទីប​ញ្ចប់​នេះ ​គួរ​គប្បី​បញ្ជាក់​ដែរ​ថា ព្រះ​អង្គ​ដួង​ ជា​អ្នក​និពន្ធ​មួយ​រូប​យ៉ាង​ឆ្នើម​ដែរ ស្នា​ព្រះ​ហស្ថ​របស់​ព្រះអង្គ​ក្នុង​វិស័យ​អក្សរ​សិល្ប៍​គឺ ៖
- ចំប៉ាថោង (គ.ស.១៨១០)
- រឿងកាកី (គ.ស.១៨១៥)
- ច្បាប់ស្រី (គ.ស. ១៨៣៧)