នៅទីបំផុត តាត្រសក់ផ្អែមក៏យល់ព្រមតាមការអង្វររបស់ក្រុមនាម៉ឺនមន្រ្ដី សុខចិត្ដឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជា​។ រាជ​ការ​វាំង​ តូច​ធំ​គ្រប់​ជាន់​ថ្នាក់ ក្បួនទ័ពសេវតី សេះ ដំរី វង់ភ្លេងតូរ្យតន្រ្ដី ត្រូវបានរៀបចំ ដើម្បីដង្ហែតាត្រសក់ផ្អែម និង ពញាសួសធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ ព្រះ​រាជ​ធានី​មហា​នគរ។ តាត្រសក់ផ្អែមបានយកលំពែង ដែលបានប្រហាជី វិតព្រះសីហនុរាជ ទៅជាប់ជាមួយដែរ។ លំ​ពែង​នេះ គេ​ដាក់​ឈ្មោះ អោយ​ថា​លំ​ពែង​ជ័យ។ មិនតែប៉ុណ្ណោះ បើតាមពង្សាវតារ សម្ដេចវាំងជួន មាននាម៉ឺនសព្វមុខមន្រ្ដី បានរៀបចំអោយតា​ត្រ​សក់​ផ្អែម រៀប​ការ​ ជា​មួយ​នឹង​ព្រះ​នាង ចន្ទតា​រាវត្ដីបុត្រីព្រះសីហនុរាជព្រះមហាក្សត្រទី២៤។

    ដោយនឹកស្រណោះទៅដល់ទីកន្លែងដែលព្រះអង្គធ្លាប់កើត និងរស់នៅ ព្រះបាទត្រសក់ផ្អែមព្រះអង្គបានបង្គាប់​អោយ សាង​សង់​តំណាក់​ មួយ​នៅ​ភ្នំ​ជ្រាវ ដំណាក់​នេះ​ មានឈ្មោះជាប់មកថា «គោកព្រះរាជមន្ទី»។ ព្រះអង្គបានសាងព្រះពុទ្ធរូបជាច្រើនទៀត ដែល​ព្រះ​អង្គ​ទុក​តំ​កល់​ បូជា​នៅ​ក្នុង​រូង​ភ្នំ​ព្រះ​។ ចំណែកចំការត្រសក់ផ្អែម ព្រះរាជាជំនាន់ក្រោយបានរក្សាទុក ជាព្រះរាជទ្រព្យរៀងរហូត​ត​មក។ គេ​បាន​និទាន​និយាយ​ តៗ​គ្នា​មក​ថា រហូតមកដល់សម័យក្រោយអាណានិគមបារាំង ជារហូតមកជារៀងរាល់ឆ្នាំ ព្រះមហាក្សត្រខ្មែរតែង​តែ​យាង ទៅ​ធ្វើ​បុណ្យ​ រំលឹក​នៅ​ទី​នោះ។

    ពង្សាវតារវត្ដទឹកវិលបានសរសេរថា ព្រះអង្គបានកសាងប្រាសាទសួព្រ័ត្រ, យោលទោង និង បិទពួន។ ព្រះអង្គបានចាត់ អោយ​ពួក​តន្រ្ដី​ករ​ធ្វើ ​ឧបករណ៍​ភ្លេង​ផ្សេងៗ​ជា​ច្រើន ដើម្បីធ្វើត្រាប់តាមសំលេងសត្វ ដែលព្រះអង្គធ្លាប់បានលឺ បានស្ដាប់ក្នុងព្រៃ។ ដូច្នេះ​ហើយ​បាន​ជា​មាន​វង់​ភ្លេង​ តូរ្យ​តន្រ្ដី ​និង បទ​ភ្លេង​ចំរៀង​តរៀង​រហូតមក។

    ក្នុងឆ្នាំកុរ ដោយយល់ឃើញថាព្រះអង្គជាព្រះមហាក្សត្រ ដែលគ្មានបញ្ចក្សត្រប្រចាំរាជ្យ សំរាប់សំគាល់ខ្លួនជាស្ដេ(៥) ព្រះ​បាទ​ត្រសក់​ផ្អែម បាន​កោះ​ហៅ ​មន្រ្ដី​តូច​ធំ និង អ្នកចេះដឹងដែលមាននៅសល់ទាំងប៉ុន្មាន អោយរៀបចំបង្កើត បញ្ចក្សត្រ ស្ថាប័ន​សាសនា និង រក​ក្បួន​គម្ពីរ​ទុក ដាក់​អោយ​មាន​​ឡើង​វិញ។ គឺ​មាន​ជា​អាទិដូចជា៖

    • ព្រះពុទ្ធរូបព្រះកែវមរកត, ដែលត្រូវយកលោហធាតុ ១២មុខមករំលាយបញ្ចូលគ្នាសំរាប់កសាង,
    • ព្រះត្រៃបិតក, ដែលគេត្រូវចំលងពីច្បាប់មានសល់នៅចំបាស័ក្ដិ,
    • បញ្ចក្សត្រ ដែលគេត្រូវស្លលោហធាតុ១២មុខបញ្ចូលគ្នា សំរាប់កសាងរូបសំនាកផ្សេងៗ,
    • ក្រុមបរោហិត៧នាក់, ក្នុងចំណោមកូនចៅឈាមជ័របន្ដពូជពីព្រាហ្មណ៍ជ័យ និងម៉រថាវ,
    • និងហោរាហ្លួង ក្នុងចំណោមកូនចៅពួកព្រាហ្មណ៍។

    ព្រះបាទត្រសក់ផ្អែម ព្រះមហាក្សត្រទី២៥, ចូលទិវង្គតនៅឆ្នាំរោង ក្នុងព្រះជន្ម ១២០វស្សា, ក្រោយដែលបានសោយរាជ្យ ៥១​ឆ្នាំ។ តែ​ពង្សាវ តារ​វត្ដ​ទឹក​វិល បាន​សរ​សេរ​ថា ព្រះអង្គមានព្រះជន្មបានដល់ទៅ ៥០០វស្សា។

    ចាប់ពីសម័យស្ដេចត្រសក់ផ្អែមមក ប្រទេសខ្មែរ មិនបានចំរុងចំរើនលូតលាស់ធំទូលំទូលាយជាមហាអំណាច មានកិត្យា​នុភាព​ដូច​សម័យ​ មហា​នគរ​ទេ​។ ខ្មែរ​លែង​មានកិត្ដិយស, ខ្មែរចេះតែទន់ខ្សោយ, ទឹកដីចេះតែរួញទៅៗ ជាលំដាប់ ខ្មែរចេះតែល្មោភ​អំណាច​ឈ្លោះ​បែក​បាក់​ប្រ ខាំ​ហែក​ហួរ​ស៊ីគ្នា, ហើយ​ខ្មែរ​គ្មាន​ចេះអ្វីក្រៅអំពីធ្វើសង្រ្គាមបែងចែកទឹកដី, ភូតភរ លួចប្លន់កាប់សំលាប់ឡើយ។

កំនត់សំគាល់

    ១ -ក្នុងប្រវត្ដិស្ដេចត្រសក់ផ្អែម យើងកត់សំគាល់ឃើញមាន ភាពស្រពេចស្រពិល មិនច្បាស់លាស់ ច្របូកច្របល់ និង​អាថិ​កំបាំង​ច្រើន​ ណាស់​ដូច​ជា៖
ក. ដើមកំណើតតាត្រសក់ផ្អែម ដែលគេបានអះអាងថាជាកូនរបស់ព្រះបទុមរាជា ព្រះរាជ​បុត្រ​ព្រះ​ជេដ្ឋា​ជ័យ​មហាក្ស​ត្រ​ទី​១៤។ តា​ត្រ​​ សក់​​ផ្អែម​​បាន​​មាន​អាយុវែង រស់បាន១០ជំនាន់ស្ដេច រហូតមកដល់សីហនុរាជ មហាក្សត្រទី២៤។
ខ. ព្រះនាងសុភគវត្ដី ដែលជាបុត្រីរបស់ព្រះជេដ្ឋាជ័យដែរនោះ កាលបើបានប្រសូត្របុត្ររួចហើយ បានជួប​អ្នក​ស្រុក អ្នក​ភូមិ ម្ដេច​ ក៏​មិន​ប្រាប់​បញ្ជាក់​គេ​ឯង​ថាខ្លួនជាកូនស្ដេច ហើយម្ដេចក៏មិនធ្វើដំណើរត្រលប់ចូលទៅព្រះបរមរាជវាំង ជួប​ជុំ​នឹង​ព្រះ​មាតា​បិតា​វិញ? ហើយ​បែរ​ជា​មក​សុខ​ចិត្ដ​នាំកូនមករស់នៅ រសាត់អណ្ដែតដូចចកយ៉ាងវេទនា ដូច្នេះទៅវិញ?
គ. ព្រឹត្ដការណ៍ត្រសក់ផ្អែម សំលាប់ព្រះមហាក្សត្រ ត្រូវបានរួចខ្លួនបានឡើងសោយរាជ្យ ហើយបានកូនស្រីស្ដេច​សីហនុ​មក​ធ្វើ​ជា មហេសី​ទៀត គឺ​ហាក់​បី​ដូច​ជា​មាន​ការឃុបឃិតរួមគំនិតគ្នារវាងតាត្រសក់ផ្អែម និង នាម៉ឺនមុខមន្រ្ដីដើម្បីធ្វើឃាតស្ដេច។ នា​ម៉ឺន​ទាំង​ នោះ​បាន​ត្រឹម​តែ​ពោល​ប្រកាស​ថាៈ "នេះជាកម្មរបស់ស្ដេច" ឯការពិត ឬ យុត្ដិធម៌,គេមិនបាននាំគ្នា​រុក​រក លើក​យក​មក​រិះ​គិត​ពិចារ​ ណា រក​ខុស​ត្រូវ ស​ខ្មៅ​សោះ​ឡើយ គេយកពាក្យមកប្រើធ្វើជាពិធីដោះស្រាយការប្រហារជីវិតសំលាប់ស្ដេច ហើយ​ប្រៀប​ផ្ទឹម​ ព្រឹត្ដិ​ការណ៍​នេះ ទៅ​នឹង​កម្ម​ពៀររបស់សត្វក្របីដែលងាប់ដោយស្នាដៃតាត្រសក់ផ្អែម។ មើលទៅដូចជាព្រះ​មហា​ក្សត្រ​ព្រះ​សីហនុ រាជ​គ្មាន​តំលៃ​អ្វី​ទាំង​អស់ ហើយក៏ដូចជានាម៉ឺនមន្ត្រីទាំងអស់ បន់ស្រន់អោយតែស្ដេចអស់ជីវិតប៉ុណ្ណោះ។

    ២ -ក្នុងន័យនេះ គេត្រូវតែនាំគ្នាតាក់តែង អួតសរសើរ បង្ហាយនូវភាពអច្ឆរិយៈបញ្ជាក់ថា តាត្រសក់ផ្អែមជាអ្នក​មាន​បុណ្យ​ខ្លាំង​ពូ​កែ​អស្ចារ្យ មាន​អាយុ​វែង​ខុស​ប្លែក​អំពីមនុស្សធម្មតា។ ដើម្បីអោយឃើញសំបើម ហើយសំស្របទៅតាមកាលបរិច្ឆេទពេលវេលា គេ​បាន​ពន្យល់​បញ្ជាក់​ថា តា​ត្រសក់​ផ្អែម មាន​អាយុវែងដល់ទៅ៥០០ឆ្នាំ។ គាត់មានឈាមជ័រខ្សែស្រលាយពូជពង្សជាស្ដេចសម័យ​មហា​នគរ ព្រះ​អង្គ​មិន​មែន​ជា​អ្នក​សំរែ ដូច​ដែលគេតែងតែនិយាយនិទាននោះឡើយ។ ម្យ៉ាងទៀតដើម្បីអោយរឹងរិតតែមានបុណ្យអស្ចារ្យទៅទៀត គេ​បាន​រៀប​ចំ​អធិប្បាយ​ធ្វើ​អោយ​តា​ត្រសក់ផ្អែមទៅរស់នៅឯភ្នំប្រសិទ្ធិ ដូចព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រទី១៩។ ពីព្រោះភ្នំ​ប្រសិទ្ធិ​ជា​ទី​ដ៏​ស័ក្ដិសិទ្ធិ ដូច្នេះ​នៅ​ភ្នំ​ប្រ​សិទ្ធិ ទោះ​បីជាគេមិនបានហ៊ានសរសេរអះអាងក៏ដោយ ក៏គេចង់បង្ហាញបញ្ជាក់ដែរថា បារមី​តូច​ធំ​ព្រៃ​ទាំង​ឡាយ បាន​ប្រ​សិទ្ធិ​ពរ​ជ័យ​រៀប​ចំ​អោយ​តា​ត្រសក់ផ្អែមឡើងសោយរាជ្យប្រទេសកម្ពុជា បន្ដវង្សត្រកូលតរៀងមក។ គឺតាត្រសក់ផ្អែម មាន​ទាំង​មនុស្ស​មាន​ទាំង​ទេវ​តា​វត្ថុ​ស័ក្ដិ​សិទ្ធ បាន​តែងតាំង តំរូវលើកឡើងធ្វើជាស្ដេចផែនដី។

   ៣ - ទស្សនៈ "កម្មផល" ក្នុងទ្រឹស្ដីព្រះពុទ្ធសាសនា ត្រូវអ្នកកាន់អំណាចយកមកប្រើ ធ្វើជាឧបករណ៍ សំរាប់បំរើផល​ប្រយោជន៍​ក្រុម​បក្ស​ពួក។ សាសនា​ក្លាយ​ទៅ​ជា​ឈ្នាន់​បំរើវណ្ណស្ដេច វណ្ណអ្នកដឹកនាំ ពន្យល់បន្លំបំភិតបំភ័យ បំភាន់បំពុលស្មារតីសតិអារម្មណ៍​វាយ​បំ​បាក់​ឆន្ទៈ​ប្រជា​ពល​រដ្ឋ​តូច​តាច​ទន់​ខ្សោយ អោយបាក់ស្បាតតក់ស្លុតខ្លបខ្លាច សុខចិត្ដសុខកាយ លែងហ៊ានប្រឆាំងជំទាស់ ហើយ​ដាក់​ខ្លួន​បំរើ​ពួក​អភិ​ជន​ទាំង​នោះ តាមៈព្រេងៈវាសនាកម្មផល ដែលចេះស្គាល់ហេតុផល លែងយកចិត្ដទុកដាក់ លែងគិតគូរអំពីជីវិតៈខ្លួនៈផ្ទាល់ លែង​រវី​រវល់​អើ​ពើ​បច្ចុប្បន្ន​កាល ហើយ​គិត​តែអំពីកម្មផល អំពីអតីតកាល និង អានាគតកាល។ ការយកទស្សនៈ "កម្មផល" មកធ្វើ​ជា​មូល​ដ្ឋាន​សំរាប់​ដោះ​ស្រាយ​គ្រប់​បញ្ហា​ធំៗ ដូច​ដែលយើងឃើញ មានក្នុងប្រវត្ដិស្ដេចត្រសក់ផ្អែម អាចបង្ហាញអោយយើងបានស្គាល់​យ៉ាង​ច្បាស់​ណាស់​នូវ​ផ្នាត់​គំនិត​ខ្មែរ​ជំនាន់​នោះ ជា​ពិសេស ការវិវត្ដិន៍ និង គ្រប់ផលវិបាកទាំងប៉ុន្មានរបស់ប្រទេសជាតិខ្មែរ ដែលមានជារ​ហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

   ៤ - ទោះបីជាខំអួតសរសើរឃោសនា ដូចនេះក៏ដោយ ដើម្បីនឹងឡើងសោយរាជ្យជាម្ចាស់ផែនដី ហើយដើម្បី​សំ​រេច​សំ​រួល​ទៅ​តាម​ច្បាប់​ទំនៀម​ទំលាប់​នគរ និង​តាមកាលទេសៈ នាយត្រសក់ផ្អែមត្រូវតែរៀបអភិសេក ជាមួយនឹងព្រះ អង្គម្ចាស់​ក្សត្រី​ចន្ទតា​រា​វត្ដី​បុត្រី​របស់​ព្រះ​មហា​ក្សត្រ​ព្រះ​សីហនុ​រាជ។ ត្រង់ចំនុចនេះ យើងធ្លាប់ឃើញមកហើយករណីស្ដេចជំនាន់មុនជាច្រើន។

   ៥ -បើតាមការកត់សំគាល់របស់លោក Adhémard Leclere នាយត្រសក់ផ្អែមដែលមានដើមកំណើតជា​ជន​ជាតិ​សំរែ វណ្ណៈ​ទាប​ថោក បាន​ឡើង​គ្រង​រាជ្យ​សម្បត្ដិ​ប្រទេសកម្ពុជា ប្រហែលជាដោយសារការបះបោរ ឬ ការបដិវត្ដន៍របស់ប្រជាជនខ្មែរ។ សូម្បី​តែ​ព្រះ​មហា​ក្សត្រ​ព្រះ​បាទ​នរោត្ដម ក៏​បាន​ទទួល​ស្គាល់ថា ព្រះរាជវង្សព្រះអង្គជាពូជសំរែ ចុះមកពីស្ដេចត្រសក់ផ្អែមដែរ។

    ឯកសារអ្នកដំណើរចិន ដែលបានទៅដល់នគរខ្មែរ បានបញ្ជាក់ថា នៅចុងសតវត្សទី១៣ ប្រហែលជា គ.ស ១២៩៦​បុត្រី​ស្ដេច​ខ្មែរ​មួយ​អង្គ​បាន​លួច​ព្រះ​ខ័ន​រាជ​យកទៅអោយស្វាមីរបស់ខ្លួន ដើម្បីដណ្ដើមរាជកុំអោយធ្លាក់ទៅក្នុងកណ្ដាប់ដៃបងប្រុសបង្កើត​មួយ​ទៀត ដែល​ត្រូវ​ទទួល​ឋានៈ​បន្ទាប់​ពី​ព្រះ​មហាក្សត្រ។ ដោយត្រូវគេលួចរាជ្យសម្បត្ដិ ស្ដេចអង្គនេះក៏រៀបចំធ្វើការបះបោរប្រឆាំងរាំង​ជល តែ​មិន​បាន​សំរេច ហើយ​ត្រូវ​គេ​ចាប់​យក​មក​ដាក់​គុកឃុំឃាំងក្នុងគុកងងឹត ឈ្មោះស្ដេចទាំងនោះ គេមិនបានស្គាល់ទេ ពីព្រោះអ្នក​ដំណើរ​ចិន​មិន​បាន​កត់​ត្រា។ ក៏​ប៉ុន្ដែ​កាល​បរិច្ឆេទ​ហាក់​បីដូចជាជាន់ចំពេលព្រឹត្ដិការណ៍ស្ដេចត្រសក់ផ្អែមដែរ។

    ព្រឹត្ដិការណ៍នេះមានទំហំធំណាស់ ហើយបានជះឥទ្ធិពលយ៉ាងខ្លាំង មកលើប្រទេសជាតិសង្គមខ្មែរ គឺជាបដិវត្ដិន៍មួយ​ដែល​បាន​ផ្លាស់​ប្ដូរ​រំ​លំ​ព្រហ្មញ្ញ​សាសនា​ទូ​ទៅ​ក្នុង​ប្រទេស ប្ដូរប្រកាន់យកព្រះពុទ្ធសាសនាជាធំ បើនិយាយអោយចំទៅ គេអាចប៉ាន់​ស្មាន​ថា ជា​សង្គ្រាម​សាសនា​។ នៅ​ទី​បញ្ចប់ ក្រុម​អ្នក​កាន់​ព្រះពុទ្ធសាសនាបានទទួលជោគជ័យ ឈ្នះលើក្រុមព្រហ្មញ្ញសាសនានិយម។ អ្នក​ដំណើរ​ចិន​ឈ្មោះ​ជូ​តា​ក្វាន ដែល​ធ្លាប់​បាន​ទៅ​ស្រុក​ខ្មែរ បាន​កត់​ត្រាថា នាសម័យនោះព្រះ ពុទ្ធសាសនាជាសាសនាធំជាងគេបង្អស់ ហើយបាន​ជះ​ឥទ្ធិ​ពល​ទៅ​គ្រប់​ទិស​ទី​ក្នុង​នគរ​។ គេ​សង្កេត​ឃើញ​ព្រះ​សង្ឃនិមន្ដដើរផ្សព្វផ្សាយបង្ហាត់បង្រៀន ចំណេះចេះដឹង ដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក ហើយ​បង្កប​ង្កើត​អោយ​មាន​សាលា​រៀន។ បណ្ដា​ជនជាច្រើនបានស្រលាញ់រាប់អានគោរពកោតខ្លាចប្រតិបត្ដិ មានជំនឿទៅលើព្រះពុទ្ធ​សាសនា ហើយ​រួប​រួម​ចុះ​ចូល​ជា​មួយ​ ផ្ទុយ​ទៅវិញពួកវណ្ណព្រាហ្មណ៍តែងតែអោបក្រសោបលួចលាក់ក្បួនគម្ពីរ បិទបាំងមិនបញ្ចេញ បង្ហាត់​បង្រៀន​អ្នក​ដទៃ ឬ​វណ្ណ​ផ្សេង​ទៀត​ឡើយ។

    ចំណែកឯព្រះបាទត្រសក់ផ្អែម កាលបានឡើងសោយរាជ្យ ក៏ដាក់ឈ្មោះទៅតាមរបៀបព្រះពុទ្ធសាសនាដែរ ព្រះ​បាទ​សម្ដេច​មហា​បពិត្រ​ធម្មិក​រាជា​ធិ​រាជ ព្រះ​រាជ​បុត្រ​ព្រះអង្គទាំងប៉ុន្មាន ក៏មានឈ្មោះរបៀបព្រះពុទ្ធសាសនាដែរ ដូចជាព្រះបរមនិព្វាន​បាទ និង ព្រះ​សិទ្ធាន​រាជ​។

   ៦ - ប៉ុន្ដែបើយើងសំអាងទៅលើការវិវត្ដន៍របស់ប្រវត្ដិសាស្រ្ដ យើងអាចអះអាងបានថា ព្រឹត្ដិការណ៍ស្ដេចត្រសក់​ផ្អែម​ជា​រដ្ឋ​ប្រហារ​មួយ ដែល​ពឹង​ផ្អែក​យក​កំលាំង​អ្នក​កាន់ពុទ្ធសាសនា និងទ្រឹស្ដីព្រះពុទ្ធមកធ្វើជាឈ្នាន់ សំរាប់ទៅវាយប្រហារ រំលំព្រះ​មហា​ក្សត្រ​ ដណ្ដើម​យក​រាជ​បល្ល័ង្គ និង​អំណាច គឺ​នាយ​ត្រសក់ផ្អែមបានឆ្លៀតពេលដែលស្ដេចអស់ប្រជាប្រីយភាពអស់អំណាច រាស្រ្ដស្អប់​ខ្ពើម​មិន​សប្បាយ​ចិត្ដ ដើម្បី​ធ្វើ​ឃាត​ស្ដេច​ផ្ដាច់​ពូជ​តែ​ម្ដង ដូចដែលយើងឃើញស្រាប់មកហើយ ការក្ដៅក្រហាយ ចលាចលរំជើបរំជួល​ក្នុង​នគរ ទុក្ខ​ព្រួយ​វេទនា​របស់​ប្រជា​នុរាស្រ្ដ​ខ្មែរ បាន​កើតកំរើកមានតាំងពីរាជស្ដេចពាល ព្រះបិតាព្រះសីហនុមកម្លេះ។ ខ្មែរម្នាក់ៗ ចាំ​តែ​ឱកាស​ល្អ​ហុច​អោយ​មក​ដល់​ដើម្បី​ងើប​ប្រឆាំង​នឹង​ស្ដេច ព្រះ​ពុទ្ធ​សាសនាក្លាយជាឧបករណ៍ ជាទ្រ្ដឹស្ដីសំរាប់បំបះបំបោរប្រជារាស្ដ្រ សំរាប់​គ្រប់​គ្រង​ផែន​ដី​ជំនួស​ស្ថាប័ន​របៀប​ព្រហ្មញ្ញ​សាសនា ពី​ព្រោះជាយូរយាណាស់មកហើយ ព្រហ្មញ្ញសាសនា ដែលជាមូលដ្ឋានស្ថាប័ន និង នយោ​បាយ​ជាតិ បាន​បែង​ចែក​វណ្ណ ធ្វើ ​ការ​គៀប​សង្កត់​សង្កិន ប្រើកំលាំងបាយ និង អំណាចផ្ដាច់ការ ជាន់ឈ្លីមើលងាយមើលថោកប្រជានុរាស្រ្ដ។ ការ​​គ្រប់​គ្រង​រដ្ឋ​របៀប​ព្រហ្មញ្ញ​សាសនាមិន​បាន​វិវត្ដន៍ទៅតាមពេលវេលាកាលៈទេសៈឡើយ ដូច្នេះ ព្រះពុទ្ធសាសនា ដែលជាទ្រឹស្ដី ជាទស្សនៈ និង ជា​មនោ​គម​វិជ្ជា​ថ្មី​គ្មាន​ការ​បែង​ចែក​វណ្ណៈ គ្មានការជិះជាន់សង្កត់សង្កិន ហើយដែលមានតែការខំកសាង ធ្វើទាន ធ្វើបុណ្យ មាន​មេត្ដា​ធម៌ សន្ដោស​ប្រោស​ប្រណី បាន​ក្លាយ​ទៅ​ជា​សេចក្ដី​សង្ឃឹមចុងក្រោយរបស់ប្រជាពលរដ្ឋខ្មែរ ទិដ្ឋភាព និងបរិយាកាសនយោបាយ​នេះ​ហើយ ដែល​ជំរុញ​អោយ​ស្ដេច​ត្រសក់​ផ្អែម​និង​បក្ស​ពួកអាចសំរេចគោលបំណង ទទួលជោគជ័យក្នុងការធ្វើឃាតស្ដេចសីហនុរាជ។ ការ​ផ្លាស់​ប្ដូរ​របៀប​គ្រប់​គ្រង​រដ្ឋ ក៏​ចាប់​ផ្ដើម​មាន​ពី​ពេល​នោះ​មកដែរ ហើយឆ្លៀតអោកាសដែលខ្មែរកំពុងតែមានបញ្ហាផ្ទៃក្នុង ស្រុកតូចធំ​ដែល​ធ្លាប់​ចំណុះ​ទាំង​ប៉ុន្មាន​ ក៏​រើ​បំរះ​យក​ឯក​រាជ​ភាព​ផ្ដាច់​ខ្លួន​ពីនគរខ្មែរដែរ មហាប្រទេសខ្មែរ ត្រូវរួមរួញរៀវតូចទៅៗ ជាលំដាប់លំដោយ។

   ៧ -មួយចំណែកទៀត យើងឃើញរឿងព្រេងនិទានបរទេសខ្លះ មានលំនាំប្រហាក់ប្រហែល នឹងប្រវត្ដិនាយ​ត្រសក់​ផ្អែម​ដែរ នៅ​ប្រទេស​ភូមា ក៏​ដូច​ជា​នៅ​ប្រទេស​ឥណ្ឌា​ជំនាន់ដើម ដែលជាហេតុបញ្ជាក់ថា ប្រវត្ដិស្ដេចត្រសក់ផ្អែមពិតប្រាកដ យើង​មិន​អាច​ដឹង និង​ស្គាល់​បាន​ឡើយ ប្រវត្ដិ​ដែល​យើង​មាន​នៅ​ក្នុងពង្សាវតារខ្មែរ អាចជាការប្រឌិត ដែលគេនាំគ្នាតាក់តែងចងក្រង សំរាប់បិទបាំងការពិត និង បោក​ប្រាស់​ភូត​ភរ​កុហក​រាស្រ្ដ​តែ​ប៉ុណ្ណោះ យើងសង្កេតឃើញថា វិធីនិពន្ធមានបែបផែនដូចព្រេងនិទានខ្មែរ មានរឿងចៅ​កំបិត​បន្ទោះ រឿង​ពាក្យ​សុភា​សិត តំលៃ​៣០​តំលឹង ដែល​ស្ដេចសុទ្ធ តែចេញមុខទៅតាមស៊ើបលួចចាំឃ្លាំចាំមើលសមត្ថភាព និង ការស្មោះត្រង់​របស់​នាម៉ឺន​មន្រ្ដី ក្រោម​បង្គាប់​និង​រឿង​កឹង​កន្រ្ដៃ ទាំងប៉ុន្មានដែលស្ដេចជាចៅក្រមកំពូល វិនិច្ឆ័យរកការពិតរកយុត្ដិធម៌ ជូនប្រជាជន ដូច​ស្ដេច​សីហនុ​រាជ ដែល​អោយ​នាយ​ត្រសក់​ផ្អែម​រួច​ខ្លួន។

(៤)ពង្សាវតារវត្ដទឹកវិលបានសរសេរដំបូងថា បុត្រច្បងព្រះនាងសុភវតី ដែលកើតមកដោយសារទឹកនោមដំរីស ឈ្មោះ ពញាជ័យ ឯបុត្រប្អូន ជាកូនជាមួយនឹងព្រះបទុម រាជាឈ្មោះពញាសួស ពង្សាវតារវត្ដទឹកវិលបញ្ជាក់ថា គឺបុត្ររបស់ព្រះបទុមរាជាដែលមានងារនាយត្រសក់ផ្អែម ដែលបានឡើងសោយរាជ ដូច្នេះគឺកូនប្អូនដែលបានឡើង សោយរាជ្យ តែបន្ទាប់មក ពង្សាវតារដដែលនេះ បែរជាសរសេរថា ពញាសួសត្រូវបានព្រះរាជាតែតតាំងជាឧបរាជ ដែលមានន័យថា ពញាជ័យទេ ដែលបានធ្វើស្ដេច។ ដូច្នេះស្ដេចត្រសក់ផ្អែមត្រូវជាកូនរបស់ស្ដេចដំរីស។ ពង្សាវតារផ្សេងៗទៀត ក៏បាន កំនត់ដែរថា ស្ដេចត្រសក់ផ្អែមមានឈ្មោះដើមពញាជ័យ។
(៥) ត្រង់ចំនុចនេះ សរអោយឃើញថាការឡើងសោយរាជរបស់ព្រះបាទត្រសក់ផ្អែម មិនមែនបានប្រព្រឹត្ដទៅក្នុង លក្ខណៈត្រឹមត្រូវ តាមក្រិត្យក្រមច្បាប់វិន័យនគរទេ។