ភ្នំក្រោមនៅសៀមរាប
ថ្ងៃសុក្រ ទី3.មករា 2014.ម៉ោង 16:53

     មួយទៀត មានអ្នកខ្លះទៅជឿពាក្យព្រេងនិយាយកុហកកូនក្មេងតមកថា ភ្នំក្រោមនៅស្រុកសៀមរាប១ ភ្នំត្រងិល នៅស្រុកជើងព្រៃ១ ភ្នំទាំង២នេះ ពុំមានដើមឈើដុះលើច្រូងច្រាង ដូចយ៉ាងភ្នំឯទៀត គឺភ្នំនេះ កាលព្រះរាមចងថ្នល់លើកពលពួកពានរទៅយុទ្ធនានឹងក្រុងរាពណា សូរ នៅកោះលង្កា បានប្រើអោយកំហែងចងភ្នំតូចធំនឹងសរសៃរោមហើយហោះមក ឯភ្នំពីរនេះដាច់ចាករោមហនុមានធ្លាក់សំយុងចុះក្រោម បាតឡើងលើ ទើបឈើមិនដុះបាន កូនក្មេងឥតសតិបញ្ញាក៏ជឿតាម ប្រកាន់មាំថាមែន ដល់ខួនចាស់ក៏នៅតែជឿ ព្រោះពុំមានសតិសម្បជញ្ញៈ នឹងពិចារណាមើលហេតុ មើលបច្ច័យធម្មតាលោកឡើយ ដូចនិទានរឿង តាហួលានមានកូនប្រសារ២នាក់។ ចៅបងជាមនុស្សឥតសតិបញ្ញា លឺតែអាពុកក្មេកថាដូចម្ដេចក៏ធ្វើតាម ឯតាហួលានក៏ស្រលាញ់រាប់អានចៅបងនោះ។ ឯចៅប្អូនពុំគាប់ចិត្ដអាពុកក្មេក ព្រោះជាអ្នកមានសតិ បញ្ញាមិនផ្សំមិនប្របតាមការខុស ការមិនគួរជឿ។

រឿងតាហួលាន និងកូនប្រសា

     ថ្ងៃមួយតាហួលាន នាំចៅកូនប្រសាទាំងពីរចុះទូកចែវទៅព្រៃដើម្បីទៅកាប់ឈើ លុះចែវទៅដល់ទីវាល១ លឺសំលេង​ក្រៀល​វា​យំ​កង​ឡើង អាពុក​ក្មេក​ក៏​សួរ​ទៅ​កូន​ប្រសា​ថា អើជីសត្វក្រៀលសត្វត្រយងនោះ ម្ដេចក៏វាយំសំលេងលឺខ្លាំងម្លេះ?។ កូនប្រសាបង​ឆ្លើយ​ថា បាទ​បាន​ជា​​វា​ មាន​​សំ​លេង​​នោះ​​ព្រោះ​ក​វា​វែង ទើបបានជាមានសំលេងលឺ ឯចៅកូនប្រសាប្អូនចែវកន្សៃបានលឺពាក្យអ្នកទាំង២ និយាយ​ត្រូវ​គ្នា​ដូច្នោះ ក៏​ទាស់​​ចិត្ដ​ណាស់ ទើប​ឆ្លើយ​ឡើង​ថា​សត្វ​ហ៊ីង​កូន ក្អាត់នោះ តើកវាវែងកាលណា ម្ដេចវាមានសំលេងលឺដែរ។

     ឯចៅអាពុកក្មេកនិងកូនប្រសារបងក៏ទាល់បញ្ញាពុំអាចឆ្លើយតប ទើបនាំគ្នាស្ងៀមនៅ លុះចែវទៅដល់ទីគោកទួល១ ទួល​នោះ​រលីង​ពុំ​មាន​ ស្មៅ​ដុះ​ទើប​អាពុក​ក្មេក​សួរ​ទៀត​ថា អើទីទួលនេះ ម្ដេចពុំមានស្មៅដុះ? ឯចៅកូនប្រសាបងឆ្លើ យថា កាលដើមតាព្រហ្ម​គាត់​មក​ដាំ​បាយ ហើយ​ គាត់​ជាត់​ទឹក​បាយ​ទៅ​លើ​ទួល​នេះ ហេតុនេះទើបស្មៅដុះពុំបាន ព្រោះទឹកក្ដៅត្រូវស្មៅស្លាប់អស់ ឯចៅកូនប្រសាប្អួនក៏ឆ្លើយ​កាត់​ឡើង​ថា​មនុស្ស​ ក្បាល​ទំពែក​សក់​វា​មិន​ដុះនោះ តើ​តា​ព្រហ្មគាត់ជាត់ទឹកបាយដាក់លើដែរឬម្ដេច? អ្នកទាំង២ ក៏ទាល់ស្ងៀមនៅ។ លុះចែវ​ទៅ​ដល់​ទី​ជ្រុង​ភ្នំ​បាន​ ឃើញ​ថ្ម​បែក ប្រេះ​ អាពុក​ក្មេក​សួរ​ថា​អើ​ហេតុអ្វីថ្មនេះក៏បែកដូច្នេះ ចៅកូនប្រសាបងឆ្លើយថា កាលព្រះរាមព្រះ​លក្សណ៍​លោក​អូស​ព្រះ​ខ័ណ​ មក​ត្រង់​នេះ​ថ្ម​នេះ​ត្រូវ​នឹង​ចុង​ព្រះ​ខ័ណ ទើបវាបែកយ៉ាងនេះ។ ឯអាពុកក្មេកក៏តបថា អើព្រះខ័ណព្រះរាមនោះ​មុត​ណាស់ តែ​លោក​អូស​ទៅ​ ត្រូវ​អ្វី​ៗហើយ​គង់​បែក​គង់​ដាច់​មិន​ខាន។ ចៅកូនប្រសាប្អូនក៏ឆ្លើយកាត់ឡើងថា ចង្វែកក្ដិតមនុស្សយើងនោះ តើ​ព្រះ​រាម​អូស​ព្រះ​ខ័ណ​ដែរ​ឬ​?​ បាន​ជា​បែក​យ៉ាង​នេះ​?​។ ឯ​អ្នក​ទាំង​២ ក៏​ទាល់​បញ្ញា​មិនអាច ហើបហាថាអ្វីទៅទៀតឡើយ ទើបចែវទៅដល់ព្រៃឈើ​នាំ​គ្នា​កាប់​បាន​ក៏​វិល​មក​ផ្ទះ​វិញ​។

     ឯងស្ដាប់មើលចុះមនុស្សយើងនេះ សឹងឥតសតិបញ្ញានឹងពិចារណាអោយឃើញធម្មតាលោកិយទៅជឿសំដីព្រេង និយាយ​បញ្ឆោត​កូន​ ក្មេង​លេង​តៗ​មក ដូច​តា​ហួ​លាន​ចាញ់ សំដីចៅកូនប្រសាប្អូនដូចពណ៌នាមកនេះ។ មួយទៀតជាតិ មនុស្សប្រុសយើង​ទោះ​ជា​ខ្លៅ​ល្ងង់​ឆោត​ យ៉ាង​ណា​ក្ដី ក៏​ពុំ​ទទួល​ខ្លួន​ថា​ឆោត​ថា​ពុំ​ចេះ​នោះឡើយ សឹងអួតថាខ្លួនចេះដឹង ថាខ្លួនមិនឆោតទាំងអស់។

រឿងចៅឆោតជិះក្របីទូលស្រូវ

     ដូចរឿងចៅឆោតម្នាក់ជិះក្របីទៅស្រែយកស្រូវ១ ល្អីទៅសាបផង ចៅនោះគិតថា អញជិះក្របីនេះជាធ្ងន់វាហើយ បើ​ឯង​ដាក់​ស្រូវ​១​ល្អី​ នេះ​លើ​ខ្នង​វា​ទៀត វា​រិត​តែ​ធ្ងន់គ្នាណាស់ គួរតែជួលទូលវាកុំអោយគ្នាធ្ងន់ពេក ចៅនោះគិតដូច្នោះហើយ ទើបជិះក្របី​ទូល​ស្រូវ​បរ​ទៅ​កាន់​ស្រែ​នៃ​អាត្មា​។

     កាលណោះ មានមហាក្សត្រាធិបតី ប្រើរាជអាមាត្យ អោយដើររកមើលមនុស្សឆោតក្នុងព្រះនគរក្រៅនគរថាបើ​មាន​​មនុស្ស​ឆោត​នៅ​ ក្នុង​ទី​ណា​នោះ​អោយ​អា​មាត្យ​នាំមនុស្សនោះចូលទៅគាល់ នឹងព្រះរាជទានវង្វន់អោយរាជអាមាត្យតាមក្ដីគាប់។ ឯអាមាត្យ​ក៏​ដើរ​ត្រាច់​មើល​ មនុស្ស​ទាំង​ឡាយ តាម​តំបន់​ពុំ​មាន​ឃើញមានមនុស្សឆោត១ឡើយ លុះ ដើរមកដល់វាលស្រែ បែរទៅឃើញចៅជិះក្របី​ទូល​ល្អី​ស្រូវ​ដូច្នោះ​ ក៏​សំគាល់​ថា​ចៅ​នេះ​ឆោត​ពិតប្រាកដ ទើបសួរទៅថា ចៅឯងនេះជិះលើខ្នងក្របីហើយស្រូវ១ល្អីនោះ ម្ដេចមិនដាក់លើខ្នង​ក្របី​ទៅ ម្ដេច​ចាំ​ ទូល​ផង ចៅ​ឯង​ម្ដេច​ឆោត​ម្លេះ ចៅ​ឯង​ឆោតឬឆ្កួតយ៉ាងណា? ឯចៅនោះពុំទទួលខ្លួនថាឆោត ល្ងង់ទើបតបទៅថា ខ្ញុំបាទ​នឹង​ឆោត​ល្ងង់​កាល​ ណា គឺ​ខ្ញុំ​បាទ​ចេះ​គិត​ឃើញ​ថា ខ្លួនជិះលើខ្នងគ្នាៗ ធ្ងន់មួយសាហើយ សមជាដាក់ស្រូវ១ល្អីថែម លើខ្នងគ្នាទៀត ក្ដីធ្ងន់គ្នា​ក៏​រិត​ទ្វេ​ឡើង​។ ហេតុ​ នេះ​ខ្ញុំ​មេត្ដា​ក្របី​ខ្ញុំ​បាទ ទើប​ជួយ​ទូល​វា​យ៉ាងនេះហេតុដូចម្ដេចក៏លោកមកពោលថាខ្ញុំបាទ ឆោតល្ងង់នោះ។

     ឯរាជអាមាត្យនិយាយពន្យល់ទៀត ចៅនេះក៏មិនទទួលតាម ថាខ្លួនឆោតឡើយ រាជអាមាត្យអស់ប្រាជ្ញាទើបគិតថា មែនហើយ​មនុស្ស​យើង​ នេះ​ប្រតិ​បត្ដិ​ការ​ខុស ឆោតល្ងង់ជាប់នូវក្ដីប្រកាន់ខ្ជាប់ហើយ ទោះចេះនិយាយពន្យល់យ៉ាងណាៗ ក៏មិនតាមនៅរឹងទទឹង​ដោយ​ទិដ្និ​ខ្លាំង​។ រាជ​ អា​មាត្យ​នោះ​រក​មនុស្ស​ឆោត​ល្ងង់ ទទួលខ្លួនជាឆោតល្ងង់ពុំបានឡើយ ហើយក៏ចូលទៅព្រះនគរក្រាបទូលស្ដេច ដោយ​សេច​ក្ដី​រក​ពុំ​បាន​មនុស្ស​ទទួល​ខ្លួន​ឆោត​ល្ងង់​ដូច​ពណ៌នាមកនេះ។

រឿងសិង្ហតោចង់បានកូមក្រមុំដង្ខៅម្នាក់

     មានរឿងតំរាឃ្លានស្រលាញ់ចុះឆោត ដូចសត្វសិង្ហតោ១ បានឃើញកូនក្រមុំចៅនាយដង្ខៅ ម្នាក់ក៏កើតចិត្ដស្រលាញ់ ចង់បានជាភរិយា ទើបចូលទៅនិយាយនឹងដង្ខៅជាមាតាបិតានៃនាងថា ខ្ញុំស្រលាញ់កូនក្រមុំលោក សូមលោកមេត្ដា ដល់ខ្ញុំ ឯរឿងតែងអាវាហមង្គលនោះ សូមអោយលោកបង្គាប់មកចុះ ខ្ញុំនឹងរៀបមកជូនអោយពេញចិត្ដ កុំអោយ លោក កោតញញើតឡើយ។

     ឯសិង្ហតោលុះអំនាចក្ដីឃ្លានស្រលាញ់គ្របសង្កត់ ក៏ឆោតទើបថា អញ្ជើញលោករកគេមកកាត់ក្រចកចង្កូមខ្ញុំចុះ ថា​ហើយ​ក៏​ដេក​ហា​មាត់​ លាត់​ក្រ​ចក​អោយ​នាយ​ដង្ខៅ​កាត់ នាយដង្ខៅក៏ហៅកូនក្មួយជួយគ្នាកាត់គ្រឿងអាវុធនៃសិង្ហតោនោះ។ ឯសិង្ហតោ​នោះ ក៏​លុះ​ត្រូវ​គេ​កាត់​ក្រ​ចក​ ដក​ចង្កូម​អស់​ហើយ​ក៏​ស្បើយ​កំលាំងស្បើយរិទ្ធិចុះ ឯនាយដង្ខៅនោះ ដឹងថាសិង្ហតោអស់រិទ្ធិហើយ ក៏ហៅពួកកូនក្មួយ​ជួយ​គ្នា​ដេញ​វាយ​សិង្ហ​តោ អ្នក​ខ្លះ​បាន​ដំបង ខ្លះ​បាន​ដាវ​លំពែង​តាំងដេញចាក់ដេញប្រហារសិង្ហតោ សិង្ហតោអស់រិទ្ធិ នឹងតស៊ូក៏រត់ចូលព្រៃទៅ បាន​សេច​ក្ដី​វេ​ទនា​ផ្សេង ៗ​ហោង​។

     រឿងនេះ ឯងស្ដាប់មើលចុះ ហើយប្រៀបដោយមនុស្សយើងសព្វថ្ងៃនេះ មានលោកចៅអធិការ ឬលោកអ្នកឯណា ៗ​មាន​សម្បត្ដិ ត្រូវ​មេ​​ស្រី​អ្នក​លេង​វា​បញ្ឆោត​ដោយ​កល​កាមរាគ ថាវាដោយហើយលើកសម្បត្ដិអោយទៅវាមុនអស់ ដល់ខ្លួនសឹកទៅ វា​គេច​ជា​មិន​ស្នេហា​វិញ​ នឹង​ទារ​យក​ទ្រព្យ​សម្បត្ដិ​វិញ វា​គេច​កែប្រែពុំបានទទួលមិនបានដឹងលឺ ទ្រព្យនោះ នឹងយកវិញពុំបាន ដូចយ៉ាងសត្វ​សិង្ហ​តោ​អោយ​គេ​កាត់​ក្រ​ចក​​ដក​ចង្កូម​អស់ គួរ​គិត​មើល​ទៅ​ទៀតចុះ តាម រឿងឃ្លានស្រលាញ់ឆោតនេះឯង។

រឿងនាងអមរាទេវី និងអាចារ្យ៤នាក់

     និទានក្នុងទសជាតកថា កាលមហោសថបណ្ឌិតរត់ចោលនាងអមរាទេវី ភៀសអាត្មាជាមនុស្សសាមញ្ញទៅនៅ​អា​ស្រ័យ នឹង​ពួក​ស្មូន​ឆ្នាំង​​នោះ ក្រោយ​នោះ​អាចារ្យ​ទាំង​៤​នាក់ គឺ​អា​ចារ្យសេនក១ អាចារ្យបុក្កស១ អាចារ្យកាមិន្ទ១ អាចារ្យទេវិន្ទ១ អា​ចារ្យ​ទាំង​៤​នោះ​ដឹង​ថា ព្រះ​ មហោ​សថ​បណ្ឌិត​រត់​ចេញ​ចាក​លំនៅ ដោយកលឧបាយរបស់ខ្លួនដែលទូលញុះញង់ អោយព្រះបាទវិទេហ​រាជ​កើត​ស្អប់​ចៅ​មហោ​សថ​នោះ​​ សម​ក្ដី​ប្រាថ្នា​ខ្លួន​ហើយ​ក៏​មាន​ចិត្ដ​ត្រេក​អរ​ក្រៃពេក កើតចិត្ដប្រមាថនាងអមរាទេវីជាភរិយានៃពោធិសត្វ ចង់បាន​នាង​ជា​ភរិយា​ទី​ទៃ​ៗ តែ​កាល​​អាចារ្យ​ទាំង​៤ គិត​ទៅ​ចង់​នាង​អមរា​ទេវី​នោះ​សឹង​គិត​គំនិត​រៀងខ្លួននឹងបានដឹងគ្នាក៏ទេ។

     ឯអាចារ្យសេនក លុះបានទទួលសំបុត្រនាងបានអានមើលដឹងសេចក្ដីហើយ ក៏ត្រេកអរក្រៃពេក លុះដល់រាត្រីយប់​ម៉ោង​៨ អាចារ្យ​ក៏​រៀប​ ចាត់​ចែង​តែង​កាយ​ស្លៀក​ពាក់​សម​គួរ ហើយក៏ចេញចាកគ្រឹះស្ថានដើរឆ្ពោះទៅកាន់ផ្ទះនាងអមរា ដល់ហើយក៏​ឈរ​នៅ​មាត់​ទ្វារ គោះ​ទ្វារ​ជា​ សញ្ញា​។ ឯ​ពួក​ទាសី​ទាសា​នាង​អមរា ឃើញអាចារ្យសេនកមកដល់ ក៏នាំគ្នាចេញទៅទទួលហើយនាំចូលទៅក្នុង​បន្ទប់​ទឹក និយាយ​ប្រ​លោម​ថា​ «លោក​នាយ​ខ្ញុំ​ម្ចាស់​ផ្ដាំ​ថា បើលោកតាមកដល់សូមអោយលោកតាងូតទឹកជំរះសរីរកាយ បំព្រំប្រោះទឹកអប់​សិន សូម​អញ្ជើញ​ឡើង​តំណាក់​ព្រះ​នាង​»។

     ឯអាចារ្យសេនក ត្រូវមេទាសីវាប្រលោម ក៏ព្រមផ្លាស់សំពត់ ដោះអាវចិញ្ជៀនពេជ្រអោយមេទាសីវាកាន់អោយ មេ​ខ្លះ​នាំ​ចូល​ទៅ​ក្នុង​ ល្វែង​បន្ទប់​អោយ​អង្គុយ​លើ​ក្ដារ​យន្ដ មេខ្លះយកផ្ដិល ប្រាក់ដងទឹកស្រោច មេខ្លះធ្វើជាជួយដុសក្អែ លអោយ លុះ​ងូត​បន្ដិច​មេ​អស់​នោះ​ទាញ​ យន្ដ​ឡើង ឯ​ក្ដារ​នោះ​ក៏​ភ្លាត់​ចាក​ទី​បះ​ឡើង អាចារ្យសេនក ក៏ធ្លាក់ចុះទៅ ក្នុងរណ្ដៅអាចម៍នោះ ងើបតែក្បាលឡើង​អោយ​ផុត​អំពី​លាមក​នៅ​ រង​ទុក្ខ​ដូច​សត្វ​នៅ​គូថ​នរក​នោះ​ឯង​។

     ថ្លែងឯអាចារ្យបុក្កុសនោះលុះដល់យប់ម៉ោង៩ក៏ចាត់ចែងតែងខ្លួនទៅផ្ទះនាងអមរា ឯពួកមេទាសីវាក៏ប្រលោមដូច​បទ​អាចារ្យ​សេនក​ ហើយ​វា​ទាញ​យន្ដ​ទំលាក់​អា​ចារ្យ​បុក្កុស​នោះ ទៅក្នុងរណ្ដៅគូថជាមួយនឹងអាចារ្យសេនកនោះឯង។ លុះដល់ពេលម៉ោង​១០ អា​ចារ្យ​កា​មិន្ទ​ទៅ​ ចុះ​កល​ដូច​អា​ចារ្យ​ទាំង​២​ជាន់​មុន​។ លុះដល់ម៉ោង១១ អាចារ្យទេវិន្ទទៅចុះកលដូចអាចារ្យទាំងអស់ អាចារ្យទាំង៤នៅ​ក្នុង​រណ្ដៅ​គូថ​រង​ទុក្ខ​វេទ​ នា​ដោយ​លាមក​ជោរ​ពោរ​ឡើង​ដល់ត្រឹមចង្កាមាត់ បានដឹងគ្នាថា ចុះកលនាងអមរាទេវី នៅរងទុក្ខអស់១រាត្រី លុះ​ព្រឹក​ឡើង​នាង​អមរា​ប្រើ​ ពួក​ទាសី​ទាសា យក​រងក​ទាក់​ក​អាចារ្យ​ទាំង​៤ទាញឡើង ចាករណ្ដៅ ហើយអោយយកទឹកចាក់លាងសព្វសព៌ាង្គកាយ​នៃ​អាចារ្យ អោយ​យក​ដុំ​ ឥដ្ឋ​​ដុស​ក្បាល​អាចារ្យ​ទាំង​៤​។

     ឯអាចារ្យទាំង៤ បានសេចក្ដីឈឺចាប់ ដោយមេទាសីវារូសកោសដុសដោយដុំឥដ្ឋនោះឯង លុះជំរះលាងកាយអា​ចារ្យ​ទាំង​៤​ហើយ នាង​ អមរា​អោយ​យក​កន្ទេល​យ៉ាង​ធំ​រុំ​អាចារ្យភ្ជាប់គ្នា ហើយអោយអ្នកបំរើសែងអាចារ្យ ដូចគេសែងខ្មោច នាងក៏ចូល​ទៅ​ក្នុង​ព្រះ​រាជ​វាំង នាំ​យក​ អា​ចារ្យ​ទាំង​នោះ​ទៅ​ថ្វាយ​ដល់​ព្រះ​បាទ​វិទេហរាជ ស្ដេចអោយស្រាយសំំណុំកន្ទេលមើល ស្រាប់តែឃើញអាចារ្យ​ទាំង​៤ នៅ​ក្នុង​នោះ​ទើប​ទ្រង់​ ត្រាស់​សួរ​នាង​អមរា​ៗ ក៏​ក្រាប​ទូលតាមដំណើរអាចារ្យទៅកំហែងប្រមាថនាង តាំងអំពីដើមដល់ចប់សព្វប្រការ។ ព្រះ​បរម​រាជា​បាន​ទ្រង់​ស្ដាប់​ ដូច្នោះ​ ក៏​ទ្រង់​ព្រះ​ពិរោធ​ខ្ញាល់ នឹង​អាចារ្យ​ទាំង៤ ហើយទ្រង់ត្មះតិះដៀលដោយពាក្យអាក្រក់ផ្សេងៗ ទ្រង់បន្ដេញអោយទៅ​ផ្ទះ​រៀង​ខ្លួន​ទី​ទៃៗ​។

     ឯអាចារ្យទាំង៤ បានសេចក្ដីអប្បយស ខ្មាស់អស់បណ្ដាមហាជនទាំងឡាយ ពុំអាចនឹងទៅកាន់ទីជំនុំប្រជុំជនានុជនផង បាន​ខាន​ចូល​ព្រះ​រាជ​វាំង​ អំពី​ថ្ងៃ​នោះ​មក​។ ឯ​នាង​អមរា​ទេវី លុះ​សំរេច​កិច្ចខ្លួនហើយក៏ក្រាបថ្វាយបង្គំលាស្ដេច នាំពួកបរិវារនាងវិលទៅ កាន់​គ្រឹះ​ស្ថាន​នាង​វិញ​ហោង​។

     រឿងទាននេះមានសេចក្ដីពិស្ដារក្នុងគម្ពីរទសជាតកឯណោះ មានសេចក្ដីទៅទៀតយើងទាញយកតែបទត្រង់នេះ​ មក​សំដែង​​ដើម្បី​អោយ​ឃើញ​សេច​ក្ដី​ត្រង់​តំរា​ឆោត កើត​ដោយ​សេចក្ដី​ឃ្លាន​ស្រលាញ់នេះឯង។

ចប់តំរាឃ្លានស្រលាញ់ឆោត

អាចារ្យបាំងឈើ ភ្លើៗទៅលើ នួននាងអមរា
ជាកល្យាណី ស្ដ្រីមានបញ្ញា បំពានអោយអា-
ចារ្យធ្លាក់រណ្ដៅ។
ទោសគឺក្ដីស្នេហ៍ ឆោតលុះទាល់តែ បង់ប្រាណបាននូវ
ក្ដីធ្លាក់ថ្លស់យស ខុសនឹងព្រះចៅ តំរានេះហៅ
ឆោតឆៅព្រោះស្រី។