តំរាឃ្លានអាហារឆោត
រឿងក្រពើនឹងអ្នកបររទេះ
ថ្ងៃចន្ទ ទី6.មករា 2014.ម៉ោង 22:09

     មានសត្វក្រពើ១ នៅក្នុងបឹងធំ លុះដល់រដូវប្រាំងទឹកបឹងនោះក៏រីងខះអស់ ក្រពើនោះនៅពុំបាន ទើបវារឡើងគោក​ដើរ​ត្រាច់​រក​ទី​មាន​ទឹក​ នឹង​អា​ស្រ័យ​។ កាល​នោះ​មាន​តា​ចាស់​ម្នាក់ បររទេះមកត្រង់ផ្លូវដែលក្រពើ វាវារនោះឯង បានជួបនឹងក្រពើនាកណ្ដាល​ផ្លូវ​។ ឯ​ក្រ​ពើ​ក៏​សូម​ ដោយ​សារ​រទេះ​តា​នោះ តា​នោះ​សួរ​ថា «ចៅឯងតើនឹងទៅណា?» ក្រពើប្រាប់ថា «ខ្ញុំបាទនេះ រកទីអាស្រ័យពុំបាន គឺ​បឹង​ដែល​ខ្ញុំ​បាទ​ធ្លាប់​នៅ​ នោះ​ ឥឡូវ​ទឹក​រីង​ខះ​អស់ នឹងនៅតទៅពុំបាន នឹងស្វែងរកបឹងស្ទឹងទន្លេឯណា ដែលមានទឹកនោះនឹងអាស្រ័យនៅ ថា​បើ​តា​មេត្ដា​នាំ​ខ្ញុំ​បាទ​ទៅ​ បាន​ដល់​ទី​ត្រង់​ណា​ដែល​មាន​ទឹក​នោះ សូមតាមេត្ដាដាក់ខ្ញុំបាទត្រង់នោះចុះ»។

     ឯតានោះលុះលឺក្រពើពោលពាក្យដូច្នោះ ក៏គិតភ័យទើបស្ដីអង្វរថា អ្នកក្រពើ ខ្ញុំឯងនេះមានគុណ បានដឹកនាំបាឯងមកដល់​ទី​នេះ ឥឡូវ​បា​នឹង​ ស៊ី​ខ្ញុំ​វិញ ការ​នេះ​ខ្ញុំ​ឯង​ឥត​ទោស​សោះ មិនគួរអ្នកនឹងពិឃាតបើដូច្នេះខ្ញុំពុំសុខចិត្ដ ចាំខ្ញុំទៅ រកលោកចៅក្រមអោយលោក​វិនិច្ឆ័យ​រឿង​ក្ដី​នេះ​សិន​ សឹម​ប្រតិ​បត្ដិ​ទៅ​តាម ឯ​ក្រ​ពើ​ក៏​ព្រម​ថា «អើតាឯងទៅរកចៅក្រមណា ក៏ទៅអោយឆាប់ចុះ យើងពុំខ្លាចទេ»។ ឯតា​នោះ​បាន​ចេក​ទុំ​មួយ​ស្និត​ ក៏​កាន់​ដើរ​ទៅ​រក​ចៅ​ក្រម​កាល នោះមានសត្វទន្សាយគល់១ នៅលើទួលដំបូកបានឃើញតាកាន់ចេកដើរកាត់ព្រៃចូលមក ទន្សាយ​ក៏​សួរ​ទៅ​ថា​ «តា​អើយ​តា​ៗ ឯង​មាន​នេត្រា​ជល​ជោរសោកសៅ ដោយមានទោសទុក្ខយ៉ាងណា? មកនេះ តើនឹងទៅស្ថានឯណា?។ ឯ​តា​នាះ​ក៏​និយាយ​សេច​ក្ដី​ ខ្លួន​នឹង​ក្រ​ពើ​កើត​ហេតុ​នឹង​គ្នា ប្រាប់ទន្សាយនោះសព្វគ្រប់ប្រការ។ ទន្សាយបានស្ដាប់ដូច្នោះ ក៏ថាអើអាសត្វក្រពើនោះ ជា​សត្វ​មិន​ដឹង​គុណ​តា​ឯង​ បើ​ដូច្នេះ​ខ្ញុំ​ឯង នឹង​ទទួល​ទៅ​ជា​ចៅ​ក្រមជំរះអោយតាឯងកុំភ័យឡើយ អោយតែចេកនោះមកខ្ញុំស៊ីសិន សឹមទៅជាមួយគ្នា។ តា​នោះ​ក៏​អោយ​ ចេក​១​ស្និត​ទៅ​សុភា​ទន្សាយ ទន្សាយ​បរិ​ភោគ​ចេក​នោះអស់ហើយ ក៏នាំគ្នាទៅទីតំណាក់ដែលឈប់នោះ ដល់​ហើយ​សុភា​ទន្សាយ​និយាយ​ទៅ​ថា​ «ម្ដេច​ចៅ​ក្រ​ពើ​ចៅ​ឯង​វង្វេង​ផ្លូវ​ព្រៃ​មិន​ដឹង​ជា​ទៅ​ឯ​ណា បាន​តា​គាត់​មេត្ដា​អោយ​ដោយ​សារ​មក​ផង ឥឡូវ​​បាន​ដល់​ទី​សម​គួរ នឹង​រក​អាស្រ័យ​នៅ ​ហើយ ម្ដេច​ចៅ​ឃ្នើស​គុណ​គេ គិត​នឹង​ស៊ី​គេ​វិញ គេ​ធ្វើ​ទុក្ខ​ទោស​អ្វី​អោយ​ដល់​ចៅ​ឯង​»​។

     ឯក្រពើឆ្លើយថា «អើលោកសុភា តានេះគាត់អោយខ្ញុំដោយសារមកនេះក៏មែន ប៉ុន្ដែគាត់ធ្វើបាបខ្ញុំខ្លាំងណាស់ គឺគាត់​ចង​ខ្ញុំ​ភ្ជាប់​ទៅ​នឹង​ទូក​ រទេះ​ខ្លាំង​ពេក រក​តែ​នឹង​រេ​ខ្លួន​ដក​ដង្ហើម​ក៏​ពុំ​បាន គាត់ធ្វើទុក្ខខ្ញុំយ៉ាងនេះបានជាខ្ញុំខឹង ត្រូវអោយគាត់ប្រគល់គោគាត់​បាន​១​អោយ​ខ្ញុំ​ស៊ី ថា​បើ​គាត់ ពុំ​ព្រម​អោយ​គោ​នោះ​ទេ​ត្រូវ​ស៊ី​គាត់​វិញ​»​។

     ទន្សាយក៏ឆ្លើយអនុលោមតាមថា «អើតាៗឯងចងគេតឹងខ្លាំងហួស បានជាគេខឹង ចុះតាឯងម្ដេចក៏ចងគ្នាតឹងម្លេះ គ្នា​រក​តែ​រើ​ខ្លួន​មិន​រួច​ ដូច្នោះ​តា​?​»​។ តា​នោះ​​ថា ទេ​ខ្ញុំ​បាទ​ចង​ធូរ​ទេ​លោក ចងល្មមតែជាប់ពុំអោយធ្លាក់ប៉ុណ្ណោះឯង»។ ទន្សាយថា «អើខាងចោទថាចងតឹងខ្លាំង​ខាង ចំលើយ​ថា​ចង​ធូរ ពាក្យ​ទាំង​ពីរ​នេះ​សឹងពុំមានបន្ទាល់សាក្សីអាង អើបើដូច្នោះចៅក្រពើឯងលូនឡើងទូករទេះវិញ អោយ​តា​គាត់​ចង​​ម្ដង​ទៀត យើង​នឹង​មើល​អោយ​ដឹង​ជា​តឹង ឬ​ធូរ​ជា​សាក្សី នឹងបានកាត់សេចក្ដីនេះ អោយយុត្ដិធម៌ទៅបាន។

     ឯក្រពើជាសត្វខ្លៅ ក៏វារឡើងទៅក្រាបលើទូករទេះ អោយតានោះចងដូចមុន តានោះយកចំណងតាំងចងដូចមុនវិញ ទន្សាយ​សួរ​ថា «ម្ដេច​ចៅ​កុម្កា តា​គាត់​ចង​តឹង​យ៉ាងនេះឬ? ក្រពើក៏ឆ្លើយថា «ទេលោកកាលគាត់ចងខ្ញុំមុននោះតឹងលើសនេះខ្លាំង​ណាស់ បើ​ចង​តែ​ប៉ុណ្ណេះ​ ខ្ញុំ​នឹង​ទៅ​ខឹង​អ្វើ​នឹង​គាត់​»​។ ទន្សាយ​ថា «អើ​ចូរ​តា​រិត​ខ្សែទ្វេឡើងទៀត អោយគេសុខចិត្ដ»។ តានោះក៏រិតចំណង​ឡើង​ទៀត​។ ទន្សាយ​សួរ​ថា​ «ម្ដេច​ចៅ​កុម្កា​» ម្ដង​នេះ​តើ​ជា​តឹងដូចកាលជាន់មុននោះហើយឬ? ក្រពើថា «នៅពុំទាន់ស្មើចងមុននោះទេ»។ ទន្សាយ​ថា «តា​ឯង​កាប់​ឈើ​ មក​ធ្វើ​ជា​កូន​កំព្រា​រឹត​ម្ដង​ទៀត​ទៅ​» តានោះក៏ធ្វើតាម ហើយតាំងត្របែងរិតទាំងមុខទាំងក្រោយពេញកំលាំង ឯក្រ​ពើ​នោះត្រូវ​ត្រ​បែង​ដោយ​ កូន​កំព្រា​ខ្លាំង​ តឹង​ខ្លួន​ស្ទើរ​តែ​ដក​ដង្ហើមចេញពុំបានទើបឆ្លើយថា «សូមទានកាលជាន់មុននោះ គាត់ចងតឹងយ៉ាងនេះ​ឯង លោក​អើយ​នរ​ណា​ ឡើយ​នឹង​អត់​បាន សូម​លោក​ជា​សាក្សីមើលចុះ ជាអ្នកឯណាខុសឯណាត្រូវ។

     ទន្សាយឃើញក្រពើរើខ្លួនពុំរួចហើយ ទើបបង្គាប់តានោះថា «តាចាំអ្វីទៀត ពូថៅធំក្នុងរទេះនោះមិនយកមកពុះក្បាល​វា​ទៅ ទុក​អោយ​រស់​ ធ្វើ​អ្វី ខ្មោច​អា​សត្វ​អក​តញ្ញូ ពុំដឹងគុណគេដែលធ្វើលើខ្លួន» តាចាស់នោះបានអោកាស ដោយទន្សាយប្រាប់ដូច្នោះ ក៏ស្ទុះ​ទៅ​យក​ពូ​ថៅ​ធំ​មក​ សំពង​កាប់​កាត់​ក្រ​ពើ​នោះ​ជា​កំណាត់​តូច​ធំ ក្រពើក៏លុះនូវក្ដីអន្ដរាយជីវិតហោង សុភាទន្សាយបង្គាប់ថា «កងកន្ទុយវានោះ​តា​ឯង​ឆ្អើ​ដាក់​យក​ ទៅ​ស្ល​ពិសា ឬ​ចង់​ញាំ​ក៏​ជា ឯពោះវៀនបត់ចន្ទាសវានោះ ញាំភ្លាជាណាស់តាអើយ»។ ឯតានោះធ្វើតាមសុភាទន្សាយប្រាប់​សព្វ​ប្រ​ការ ហើយ​ យក​ចេក​ត្រ​សក់​ជូន​ទន្សាយ ដោយក្ដីខ្លួនផុតអន្ដរាយនឹងក្រពើ ស្រេចហើយយកគោមកទឹមរទេះលាសុភាទន្សាយ​បរ​ទៅ​កាន់​ទី​ឋាន​នៃ​អាត្មា​ ហោង​។

ក្រអើយក្រពើ គេមានគុណលើ មិនដឹងគុណគេ
ចៅបានដល់បឹង គិតខឹងបែរេ ត្រលប់ខាំគេ
អោយសូនជីវិត។
ធ្លាក់កលឧបាយ សុភាទន្សាយ អោយចងចៅភ្ជិត
នឹងទូករទេះ ស្រមេះអស់រិទ្ធ ចៅបង់ជីវិត
ដោយពូថៅតា។