ទស្សនអ្នកចុះផ្សាយ៖ កែវ ឈុន : រឿងនិទានខ្លីៗ និង របៀបរបបរស់នៅជាច្រើន បានសរសរចងក្រង ជា​សៀវ​ភៅ​តូច​ៗ ពី​ភាគ​ទី១ រហូត​ដល់​ភាគ ទី១០ អ្នក​និពន្ធ ឧក​ញ៉ា​សុតន្ត្រ​ប្រិយ​ជា ឥន្ទ អោយ​ឈ្មោះ​ថា «គតិ​លោក» មាន​​ន័យ​សេចក្ដី​ថា ដំណើរ ឬ​ផ្លូវ​គន្លង​ដើរ​ទៅ​របស់​លោក​ លោក​នៅ​ទី​នេះ​គឺ​សំ​ដៅ​ទៅ​លើ មនុស្ស​​លោក​​នេះ​​ឯង​​។

រឿងក្អែក នឹងសំពោច
តំរាឆោតដោយស្រវឹងយសឡើងបញ្ជោរ

ថ្ងៃសៅរ៍ ទី8.មិនា 2014.ម៉ោង 6:31
ពាក្យអានជាបទ

កាកគតិតែង តំណាលតំណែង ដំណើរបក្សា
កែ្អកគោកមួយនៅ លើចុងរុក្ខា សែនសុខស្ថា
ពរពិតឥតមោះ។
ថ្ងៃ១ បក្សី ចេញស្វែងចំណី តាមភូមិកៀនកោះ
ឃើញអ្នកនិគម ហាលនំទឹកដោះ ក្អែកអរហើរផ្លោះ
ចុះចោះចឹកបាន។
កាងស្លាបហើរស្លៅ តំរង់ត្រង់ទៅ លំនៅស្មសាន
ដល់ហើយចុះទំ ទ្រនំនៃប្រាណ បែរមើលទីឋាន
ដានដែលយាត្រា។
កាលនោះមានសត្វ សំពោច១ធាត់ ស្វែងរកភាក្ដា
មកដល់យល់ក្អែក ទំមែករុក្ខា មាត់ពាំនំប្រា
កដជាចំណី។
សំពោចគិតថា អញនឹងចរចា បញ្ជោបក្សី
អោយវាហាមាត់ ភ្លាត់ធ្លាក់ចំណី ជ្រុះមកដល់ដី
បានអញវិញណា។
គិតហើយទើបពោល ជាពាក្យបញ្ជោរ ទៅកាន់ក្អែកថា
ក្អែកអើយអ្នកក្អែក រូបឯកសោកា ចំពុះដូចជា
ខ័នកែវមរកដ។
រោមស្លាបស្រស់ស្រិល រលង់ដូចនិល រលើបហ្មត់ចត់
ចង្កេះសមទ្រង់ ជង្គង់សមបទ វង់មុខសមមាត់
សមមានលក្ខណា។
រូបអ្នកឧត្ដម បើតាមក្បួនខ្ញុំ ទំនាយទាយថា
នឹងបានសំរេច ជាស្ដេចបក្សា តែស័ព្ទសរា
ពុំទាន់ប្រត្យ័ក្ស។
ប្រសិនអ្នកស្រែក ខ្ញុំលឺសំរែក សូរសមចំស័ក្ដិ
ខ្ញុំហានទំនាយ ទាយថាអ្នកជាក់ បានជាចមចក្រ
កំពូលបក្សា។
ក្អែកឡើងអំនួត លឺគេសង្កួត សរសើរអាត្មា
ចង់អោយគេស្ដាប់ សូរស័ព្ទសរា ទើបឈរឡើងហា
មាត់ស្រែកចេញខ្មី។
ឯនំពាំនោះ ធ្លាក់ពីចំពុះ ជ្រុះមកដល់ដី
សំពោចស្ទុះស្រួល ទទួលចំណី ហើយបែរស្រដី
  ចំអកបក្សា។  
ក្អែកអើយចៅក្អែក អ្នកឯងបែងចែក ចំណី នេះណា
យើងពេញគាប់ចិត្ដ ត្បិតអ្នកយល់ថា យើងជាហោរា
  ទទួលខាន់ខៅ។  
ជាហើយចៅក្អែក ប្រព្រឹត្ដនេះឯក ឥតមានហ្មងសៅ
អ្នកឯងទៅរក មកទៀតណ៎ាចៅ ពីថ្ងៃនេះទៅ
  យើងបានពឹងផង។  
ថាហើយសំពោច បែរប្រាណស្ទុះផ្លូច ចូលព្រៃដូចប៉ង
កាកោបង់នំ ក្រំចិត្ដកន្លង ពុំដឹងទំនង
ខ្មោចលងភក្សា។
និទានរឿងនេះ អញ្ជើញប្រាជ្ញចេះ ត្រិះមើ លកិរិយា
ក្អែកបង់ចំណី  ព្រោះក្ដីប្រាថ្នា ក្នុងបសំសា
បាយ៉សង្កួត។
នរូអ្នកណា មានចិត្ដប្រាថ្នា ចង់អោយគេអួត
នឹងដូចក្អែកខ្មៅ ត្រូវគេសង្កួត ឆោតឡើងអំនួត
  បង់នំឯងអើយ។  

តំរាឆោតព្រោះមានៈ
រឿងចចក នឹងរាជសី
ពាក្យបទព្រហ្មគិត

តម្រាកម្រើកចិត្ដអាងឥទ្ធិរិទ្ធិ៍ ឥតវិញ្ញាណថាគ្រានោះមែនមានសត្វចចកមួយអប្រិយ។
នៅក្នុងគោហាស្ងាត់អាស្រ័យសត្វជាចំណីដោយសារសត្វរាជសីហ៍ជាមិត្ដភក្ដិស្ម័គ្រស្មាគម។
ថ្ងៃមួយ ចចកឡើងសិង្ខរចូលល្អាងភ្នំយល់ថ្ម ដាមួយធំភ្លឺដូចឋានកញ្ចក់ឆ្លុះ។
ចចកយល់ឆាយានៃអាត្មានៅក្នុងនោះដឹងជាស្រមោលច្នោះកើតកួចចិត្ដគិតទ្រុស្ដមិត្ដ។
គិតថាទៅមុសាប្រាប់សីហាប្រកបរិទ្ធិ ថាមានបច្ចាមិត្ដ ចង់លងរិទ្ធិជំនាញជ័យ។
មិត្ដអញកាន់មានៈ អាងតបៈកំហែងហល់តែថាបញ្ញាទាល់យល់ស្រមោលគង់បោលដាក់។
 មែនបើមិត្ដប្រហារត្រូវថ្មដានោះជៀងជាក់គល់កមិត្ដ គង់បាក់សូន្យជីវិតពិតពុំខាន។
បើរាជសិហ៍ស្លាប់ សាច់ជាភព្វអញឯងបានអាស្រ័យទទួលទាន ឃើញជាមានរសអោជា។
ចចកគិតដូច្នោះហើយ ពុំលងឡើយទើបយាត្រាទៅប្រាប់រាជសីហា ដល់ហើយថាហៃមហាមិត្ដ។
ឥលូវមានរាជសីហ៍មួយនៅទីល្អាងវិចិត្រ អួតថាខ្លួនប្រសិទ្ធចង់លងរិទ្ធនឹងមិត្ដឯង។
រាជសីហ៍ស្ដាប់ចចកនិយាយឡកដោយកលលេងស្មានពិតដូចពាក្យថ្លែងកើតជឿចិត្ដឥតសង្ស័យ។
ទើបតបថាអើចៅ មកយើងទៅជំនាយជ័យខ្លាចអ្វីអាសត្វព្រៃ នៅឯណាណ៎ាចចក។
ចចកនាំរាជសីហ៍ ឡើងគិរីកាត់ឈូងឆកដរាបទៅដល់ច្រក ល្អាងសិលាថ្មដាឆ្លុះ។
ចចកខ្លែងធ្វើខ្លាចមក ក្រោយរាជសិហ៍ស្មោះខ្សឹបថាហ្ន៎អីនោះ មិត្ដមើលចុះនោះវាហើយ។
វាគ្មានព្រឹមមិត្ដទេ ឈរចំឯនៅកន្ដើយបើមិត្ដធ្វើម្ដេចហើយ វាក៏ធ្វើតបវិញស្ដែង។
រាជសីហ៍ជឿស្ទុះចូល យល់ស្រមោលអាត្មាឯងស្មានសត្វដទៃផ្សេង ទើបសំដែងរិទ្ធិសីហា។
ស្ទុះក្រាបចាក់ក្រាញក្រោយ កន្ទុយកោយកន្ទះរាសំញេញញាក់ភក្រ្ដា ធ្វើកិរិយាចូលជាញជ័យ។
រូបភាពស្រមោល នោះ ខ្លួនធ្វើដូច្នោះវាច្នោះនៃរាជសីហ៍ទោសោក្រៃ ស្ទុះទះទល់ជល់ថ្មដា។
លុះត្រូវសិលាឡាក់ កក៏បាក់ដល់ពិការរាជ សិហ៍សូនសង្ខារ នៅនាកាលនោះឯងនៃ។
អនិច្ចាសត្វសិហោ ភ្លើងទោសោដុតអោយក្ស័យមោហោបញ្ញាខ័យ ជំនាញជ័យនឹងរូបឯង ។
លុះនៅវិនាសប្រាណ នេះព្រោះគ្មានបញ្ញាឈ្វេងយកតែមានៈឯង មកសំដែងតាំងជាមុខ។
មានៈខូចខ្លួន ចុះក្នុងក្បួនលោកតាំងទុកមានៈនាំបុករុក នាំមនោអោយម្នេញអើយ។

ចប់តំរាឆោតឆាងអាងមានៈ តែត្រឹមនេះហោង។
តំរាឆោតព្រោះឃ្លានមាន
រឿងព្រានព្រៃ នឹងសត្វសេក

     មានចៅព្រានព្រៃម្នាក់ តែងដើរបរបាញ់សត្វម្រឹគបក្សី យកមកចិញ្ចឹមជីវិតនៅជាប្រក្រតី ថ្ងៃ១ចៅព្រានព្រៃទៅស្វែង​បរ​បាញ់​ក្នុង​ព្រៃ​លុះ​​ពេល​ល្ងាច​ក៏​ត្រលប់​វិល​មក​ផ្ទះ ដើរមកដល់ព្រៃមួយមានដើមឈើធំ១ដើមដុះនៅខាងផ្លូវ មានមេសេក១ធ្វើសំបុកភ្ញាស់​កូន​នៅ​លើ​ចុង​ឈើ​នោះ​ឯង​។ ចៅ​ព្រានព្រៃដើរមកជិតនោះ ហើយក៏ពោលពាក្យថា ថ្ងៃនេះពេលក៏ចួនល្ងាចណាស់ អញនឹងឡើងយកកូនសេក​នៅ​សំបុក​នេះ​ពុំ​​ទាន់​បើ​ដូច្នោះ​ចាំ​ព្រឹក​ស្អែកចុះ នឹងមកយកវាទៅ ស្លស៊ី ថាហើយចៅព្រានព្រៃក៏ដើរហួសទៅផ្ទះ។

     ឯមេសេក នៅលើសំបុក លុះបានលឺពាក្យព្រានព្រៃគុំនឹងយាយីដូច្នោះ ក៏កើតក្ដីភិតភ័យសោកស្ដាយបុត្រ និងជីវិតអាត្មាថា ឱ​អញ​អើយ​!​ កើត​មក​ជា​សេក​នេះ ជាសត្វឥតពិសឥតអាវុធ នឹងតនឹងមនុស្សនោះសោះ ឥឡូវវាថាព្រឹកស្អែកនេះ វានឹងមកយកកូន​អញ​ទៅ​អា​ស្រ័យ ឱ! បើ​​កូន​អញ​ដល់​នូវ​សេច​ក្ដី​វិនាសហើយ តើជិវិតអញឯណាក៏នឹងតាំងនៅបាន គង់អញស្លាប់តាមកូនអញមិនលែងឡើយ ឱ​កូន​អញ​អើយ! តូច​ៗ​ ពេក​ពុំទាន់​ដុះក្រាស​ដុះ​ស្លាប​អោយ​មាំ​មួន នឹងបាននាំបង្ហើរចេញអោយផុតអំពីសត្រូវនេះ មួយទៀតអញនឹង​គិត​រក​សត្វ​ណា អាច​នឹង​ជួយ​បាន​​អេះ​!​។ ឱ​! បើ​គិត​ទៅ​ឃើញ​ឧបាយ​១ ល្មមកែខ្លួនបាន គឺអញមានសត្វពស់វែក១ នៅឯដំបូកខាងនោះ ពស់នោះជាសំលាញ់​នឹង​អញ​មក​យូរ​​ហើយ ចាំ​អញ​ទៅ​និយាយ​អោយ​សំលាញ់​ជួយដោះទុក្ខនេះទើបបាន កាលដែលសេកនោះគិតដូច្នោះ ក៏ហើរទៅកាន់​សំណាក់​ពស់ ដល់​ហើយ​​ក៏​និ​យាយ​ប្រាប់​ពស់ តាម​រឿង​ចៅ​ព្រាន​ព្រៃ​វា​នឹងមកចាប់កូនខ្លួន ក្នុងវេលាថ្ងៃព្រឹក។

     ឯពស់វែកលឺដូច្នោះ ក៏អានិតសេកជាសំលាញ់ ទើបទទួលជួយដោះទុក្ខសេក ទើបផ្ដាំសេកថា បើព្រាននោះ វា​ឡើង​នឹង​យក​កូន​សេក​ឯង​​កាល​ណា អោយ​សេក​ឯង​និយាយ​អង្វរសូកវាថា លែងតែមេត្ដាកុំយកកូនខ្ញុំចុះ ខ្ញុំនឹងប្រាប់ទីកំណប់មាសប្រាក់កែវ​កង​នៅ​ទី​ដំបូក​នោះ​អោយ​​អ្នក ក៏​​ឯ​ជាតិ​​មនុស្ស​​នោះ តែ​លឺ​ត្រង់​កំណប់​មាសប្រាក់ហើយ គង់ចង់បាន លើសកូនសេក១-២នោះជា ១០០គុណ គង់អោយ​សំលាញ់​ឯង​នាំ​ផ្លូវ​​មក​ដំបូក​នេះ សំលាញ់​​ឯង​ចូរ​ប្រាប់​វា​ថា ទី​ត្រង់​នោះ​ហើយវានឹងលូកដៃមកក្នុងរន្ធនេះមិនខាន បើវាលូកដៃមកកាល​ណា​ហើយ ខ្ញុំ​នឹង​ចឹក​វា​​អោយ​​លុះ​​ដល់​មរណ​កាល នាទីនោះឯង ឯសំលាញ់ឯងក៏នឹងរួចអំពីអន្ដរាយ។

     មេសេកនោះ បានស្ដាប់ឧបាយពស់ប្រាប់ដូច្នោះហើយ ក៏ត្រេកអរក្រៃពេក ទើបលាពស់ហើរវិលឆ្ពោះមកទ្រនំវិញ ចូលក្រាបគ្រប់គ្រង​កូន​នៅ​អស់​មួយ​រាត្រី​កាល លុះ​អរុណ​រឿង​រះ​ស្រលះ​មេឃា ចៅព្រានព្រៃក៏ម្នីម្នារៀបអាត្មាទៅ កាន់ដើមឈើធំ ដល់ហើយក៏លាត់សំពត់វ័ណ្ឌ​គាត​​ខ្ជប់​ឡើង​ដើម​ឈើ ដើម្បី​យក​កូន​សេក​។ ឯមេសេក ឃើញចៅព្រានឡើងជិតដល់ប្រគាបឈើកាលណា ក៏​ស្ទុះ​ហើរ​មក​ទំ​មែក​១​ហើយ​​និយាយ​ទៅ​ថា ប​ពិត្រ​អ្នក​ជា​ជាតិ​មនុស្ស អ្នកឯងខំព្យាយាមឡើងឈើនេះ ដើម្បីសាច់កូនសេក និងសាច់ខ្ញុំជា​មេ​នេះ សេច​ក្ដី​ប្រាថ្នា​អ្នក​នឹង​​សំរេច​​ហើយ តែ​សាច់​កូន​សេក និង​សាច់​ខ្ញុំ​នេះ ដល់ថ្ងៃស្អែកខានស្អែក អ្នកនឹងឃ្លានវិញ ហេតុនោះចូរអ្នកកុំប្រាថ្នាសាច់​សេក​ស៊ី​១​ពេល​នេះ​​ឡើយ ចូរ​អ្នក​ចុះ​ទៅ​យក​កំណប់​ឯ​ទី​ជើង​ដំបូក​ឯណោះវិញ មានប្រយោជន៍លើសលែងសាច់សេកនេះជា ១០០គុណ។ ​បើ​អ្នក​ចង់​បាន​ ខ្ញុំ​ឯង​ហើរ​នាំ​អ្នក​ទៅ​កាន់​ទី​កំណប់​នោះ​។

     ឯចៅព្រានព្រៃ បានលឺសេកប្រាប់ទីកំណប់ដូច្នោះក៏ត្រេកអរក្រៃពេកណស់ ទើបថា អើសេក បើឯងប្រាប់​ទី​កំណប់​អញ​បាន​មាស​ប្រាក់​ដូច​ឯង​ថា​នេះ​ហើយ អញ​លែង​យក​កូន​សេក​ឯង មក​យើងទៅឥលូវនេះ ថាហើយក៏ចុះចាកឈើ លុះដល់ដី មេសេកបក្សី ក៏​ហើរ​នាំ​ផ្លូវ​ទៅ​ត្រង់​ដំបូក​អសិរ​ពិស​ពស់​វែក ដល់​ហើយ​ក៏​ស្រែក​ប្រាប់​អំពីលើថា អ្នកព្រាន ព្រៃនោះហើយទីរន្ដៅ កំណប់មាសប្រាក់ តាម​ចិត្ដ​អ្នក​ប្រា​ថ្នា​កកាយ​យក​ចុះ​។ ឯ​ចៅ​ព្រាន​ចង់​មាន​ខ្លាំង ក៏​តាំង​លូក​ដៃ​ចុះ​ទៅ​ក្នុងរន្ធពស់ដោយឥតពិចារណា ឯពស់វែកនោះក៏ចឹកដៃព្រានព្រៃមួយរំពេច ពិស​ពស់​នោះ ក៏​ផ្សព្វ​ផ្សាយ​កាយ​ចៅ​ព្រាន​ព្រៃ​ដល់​ក្ដី​មរណ​កាល​នៅ​ជើង​ដំបូកនោះឯង។ ឯមេសេក ឃើញចៅ​ព្រាន​ព្រៃ​ដល់​ក្ដី​មរណ​ក៏​អស់​ក្ដី​សត្រូវ​ខ្លួន ពី​ថ្ងៃ​នោះ​ឯងហើយ​ក៏​ហើរ​វិល​ទ្រនំ ទំ​គ្រប់​គ្រង​ព្យា​បាល​កូន ដរាប​ចំរើន​ធំ​នាំ​ទៅ​រក​ស៊ី​តាម​និស្ស័យ​ហោង​។

ចប់តំរាឆោតឃ្លាន មានអន្ដរធានប្រាណ។
ចប់ភាគ៣ តែប៉ុណ្ណេះ