គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៥
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
**********************************************
ទស្សនៈអ្នកចុះផ្សាយ : រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុងគ្រប់សម័យកាល ព្រោះ «គតិលោក» បាននិយាយអំពីការប្រព្រឹត្ដទៅរបស់មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេកវិជ្ជាខ្ពង់ខ្ពស់ (កុំព្យូទ័រ) សម័យដើម សម័យព្រះសម្មាសម្ពុទ្ធចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀសមិនផុត នៅតែមានមនុស្សល្អ មនុស្សអាក្រក់ មនុស្សឆោតល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]
រឿងប្រពន្ធគ្រប់លក្ខ័ណ៍ និងប្រពន្ធកាឡកិណី
ថ្ងៃសុក្រ ទី24.កក្កដា 2015.ម៉ោង 22:35
មានបុរសពីរនាក់ ម្នាក់មានប្រពន្ធជាស្ដ្រីកាឡកិណី ម្នាក់ទៀតមានប្រពន្ធជាស្ដ្រីប្រកបដោយលក្ខណា។ ជនទាំងពីរត្រកូលនោះយកគ្នាជាមិត្ដសំលាញ់ តែងទៅមករកគ្នាជានិច្ច។ ថ្ងៃមួយចៅបុរសប្រពន្ធមានល័ក្ខណ៍ ទៅបានគងមង្គលអំពីសំណាក់ទេវតា អោយយកមកវាយយកមាសប្រាក់កែវកង សំពត់អាវគ្រឿងឧបភោគបរិភោគសព្វប្រការ អែចៅមាណពប្រពន្ធខាតល័ក្ខណ៍បានដឹងថា សំលាញ់អាត្មាកើតមានទ្រព្យសម្បត្ដិ ដោយអំណាចគងមង្គល ហើយទើបទៅកាន់ផ្ទះសំលាញ់ ហើយសុំខ្ចីគងមង្គលនោះទៅវាយ ដើម្បីអោយកើតមាសប្រាក់កែវកងដូចគេ អែចៅបុរសក៏ព្រមអោយខ្ចី ហើយហាមថា សំលាញ់អែងយកគងយើងទៅវាយនោះ គឺវាយបានតែក្នុងខណៈ៣ដង តែបើលើសអំពី៣ដងទៅពុំបានទេ មួយទៀតចូរសំលាញ់អែង រៀបទៀន ធូប ភ្ញីផ្កា គ្រឿងពិធីអោយល្អប្រយ័ត្នមាត់ក កុំអោយពោលហួសប្រមាណ ចូរអធិដ្ឋានសដៅសុំយកវត្ថុមួយៗទើបសំរេច។
ឯចៅមាណពនោះ ក៏ទទួលពាក្យសំលាញ់គ្រប់ប្រការ ហើយកាន់យកគងនោះលាទៅផ្ទះអាត្មា មានសេចក្ដីត្រេកអរ នឹងបានទ្រព្យសម្បត្ដិក្រៃពេកណាស់ លុះទៅដល់ ក៏និយាយប្រាប់ប្រពន្ធសព្វសេចក្ដីហើយប្រើប្រពន្ធរៀបគ្រឿងពិធីបូជា អែមេកាឡកិណីលឺប្ដីប្រើអោយរកទៀន ធូប លាជ ផ្កា ដូច្នោះ ក៏ពុំទទួលរកទាំងពុំមានចិត្ដជឿគងមង្គលនោះផង។ អែចៅប្ដីឃើញប្រពន្ធខ្លួនពុំអើពើផងដូច្នោះ ក៏ស៊ូស្ងៀមទៅ តាំងរកទៀនធូបដោយខ្លួនអែងបានហើយ ក៏តាំងបូជា លើកគងនោះនឹងវាយយកមាសប្រាក់ ដាក់ទំលាក់អន្លូងដល់ដោះគងនោះកាលណាមេកាឡកិណីវាស្រែក ដង្ហោយឡើងថា « អង្គជាតិអើយចូលមកអោយច្រើនទៅ» និមត្ដតែផុតមាត់កាលណារីអង្គជាតិទាំងឡាយ ក៏កើតឡើងជាប់តាមអវយវៈរាងកាយនៃចៅប្ដីនោះ ចៅប្ដីនោះភិតភ័យមហិមាស្រែកហៅអោយប្រពន្ធជួយ។ អែមេប្រ ពន្ធក៏ភិតភ័យ ទើបថា «ចូរអ្នកអែងវាយគងឡើងបណ្ដេញអោយវាបាត់ទៅវិញ»។ ចៅប្ដីក៏ឧទ្ទិសថា «អង្គជាតិអើយ ចូរអន្ដរធានបាត់អោយអស់ទៅវិញទៅ» ថាហើយក៏វាយគងនោះជាគំរប់ពីរដងឡើង និមិត្ដតែផុតពាក្យផុតសូរគងនោះកាលណា អែអង្គជាតិទាំងនោះ ក៏អន្ដរធានបាត់ទៅវិញ មិនបាត់តែអង្គជាតិថ្មីនោះឡើយ ទាំងអង្គជាតិចាស់គឺ អង្គជាតិកំណើតខ្លួនក៏បាត់ទៅទាំងអស់ បុរសស្ទាបមើលដឹងថាអង្គជាតិកំណើត គឺពូជចាស់របស់ខ្លួនបាត់ទៅផងដូច្នោះក៏ប្រាប់ទៅប្រពន្ធថា គេហ៍អើយអីលូវនេះពូជចាស់យើងក៏វាបាត់ទៅជាមួយនឹងពូជថ្មីនោះហើយ» មេប្រពន្ធលឺដូច្នោះក៏ភិតភ័យខ្លាំង ទើបប្រាប់ប្ដីអោយវាយគងហៅអង្គជាតិកំណើត១ សំរាប់ខ្លួនវិញ។
អែចៅនោះក៏លើកគងឡើងវាយ និយាយថា «គ្រឿងចាស់របស់ខ្ញុំអើយ ចូរមកកើតដូចដើមវិញ» និមិត្ដតែផុតពាក្យកាលណា អង្គជាតិចាស់ក៏កើតឡើងប្រាកដដូចដើមវិញហោង។ មេប្រពន្ធឃើញឥទ្ធិរិទ្ធគងមង្គលនោះ ពូកែឆុតឆាប់ដូច្នោះក៏ថា «ចូរអ្នកស្វាមីវាយឡើងម្ដងទៀតទៅ ខ្ញុំនឹងឧស្ទិសហៅមាសប្រាក់អោយមានដូចគេវិញ»។ ចៅប្ដីថា «វាយម្ដងទៀតអែណាក៏បានគងនេះវាយបានតែត្រឹមវារៈ ៣ដង អីលូវអែងវាយអស់វារៈ៣ដងទៅហើយ គឺវាយក្នុងកាលបថមនោះ ហងអែងទៅពាំនាំហៅយកអង្គជាតិ វាយទីពីរនឹងកែមាត់អង្គជាតិក៏បាត់ទៅទាំងចាស់ទាំងថ្មី វាយទីបីហៅបានតែគ្រឿងចាស់ដដែលមកវិញ នឹងវាយទី៤ទៀតអែណាក៏បាន គ្រូគេហាមផ្ដាច់មកហើយ គិតទៅមេហងអែងជាកាឡកិណី ស្រ្ដីអលក្ខិណា ធ្វើអោយខូចពិធីអញទៅហើយ ថាហើយចៅនោះក៏យកគងមង្គលនោះទៅជូនម្ចាស់គេវិញហោង។
រឿងនិទាននេះបានគតិដូចបុគ្គលគិតការមិនស្រុះគ្នា ការអែណាមួយតែធ្វើមិនព្រមព្រៀងគ្នា ហើយការនោះមិនសំរេចទៅបានដូចនិទានមេកាឡកិណីនោះអែង អ្នកមានសតិបញ្ញាគួរពិចារណាទៀតចុះ។
ចប់តំរាកាឡកិណី និងមង្គលមិនស្រមគ្នាទី១៩
រឿងពពែពីដណ្ដើមផ្លូវគ្នា
មានពពែពីរតួ ដើរមកទល់ជួបគ្នានៅកណ្ដាលស្ពាន ពពែ១ថាស្ពាននេះចំពោះដើរបានតែតួមួយៗនឹងដើរចៀសគ្នាពុំបាន បើដូច្នេះត្រូវតែអ្នកអែងថយទៅក្រោយសិន ចាំយើងដើរទៅដល់ចុងស្ពានកាលណា សឹមអ្នកអែងដើរទៅចុះ។ ពពែ១ទៀតថា យើងអែងមានការជាបន្ទាន់ ត្រូវតែអ្នកអែងថយទៅក្រោយសិន ចាំយើងដើរទៅចុងស្ពានកាលណា សឹមអ្នកអែងដើរទៅចុះ។ ពពែទាំងពីរសឹងពុំព្រមថយក្រោយដូចគ្នា កាន់មានៈរៀងខ្លួន ក៏បោលសំរុកជល់គ្នារុញទៅ រុញមក ដោយកំលាំងទោសោមោហោបាំងបិទអិតប្រាជ្ញានឹងសំរបគ្នា ជល់គ្នាធ្លាក់អំពីលើស្ពានទៅក្នុងទឹកទាំងពីរតួ បានក្ដីវេទនាដោយធ្លាក់ទឹកមានអាការផ្សេងៗ។
រឿងនេះបានជាគតិដូចបុគ្គលដែលវិវាទគ្នាដណ្គើមឈ្នះរៀងខ្លួន ចុះក្នុងក្បួនបុរាណថា ខឹងកើតខាតមានតំកាត់ឈឺឆោត មានក្ដីក្រោធក្ដីក្រោធក្រោយក្រៀមមុខ ខំសំរុកធ្លាក់ទឹក ដូចនិទានពពែទាំងពីរនោះអែង គួរចូលចិត្ដចុះ។
ចប់តំរារុញមិនរាជាគតិទី២០
រឿងរាជសីហ៍នឹងកង្កែប
និទាននេះមានដំណាលក្នុងក្បួនបារាំងសែស មានសត្វរាជសីហ៍១ ចុះទៅផឹកទឹស្រះ កាលនោះមានកង្កែប១ នៅក្នុងស្រះបានឃើញរាជសីហ៍ចុះមកផឹកទឹកដូច្នោះក៏ស្រែកកំហែងទៅថា «វ៉ីយរាជសីហ៍ ហេតុអ្វីចៅមកលួចផឹកទឹកយើង ចៅសុំនរណាហៈ ស្រះនេះជាស្រះរបស់យើង គួរតែគំនាប់យើងជាម្ចាស់ស្រះខ្លះអេះ នេះអែងព្រហើនកោងមកផឹកមិនសុំយើងជាម្ចាស់ឡើយ»។ អែរាជសីហ៍លឺកង្កែបពោលមកដូច្នោះ ក៏ទោសោខ្លាំង ទើបតបទៅវិញថា «វ៉ីយអាកង្កែបតូចច្រមក់ ស្រះនេះម៉ែឳអាអែងចែកមករឺទើបបានអាអែងមកពោលថាខ្លួនជាម្ចាស់ស្រះ ស្រះនេះហៅជាតិស្រះ គឺស្រះកើតអែងតាំងពីព្រេងមក ជាស្រះសំរាប់ពួកសត្វចតុប្បាទទ្វេបាទនិងមនុស្សទាំងឡាយ គេតែងអាស្រ័យ នេះហេតុអ្វីអាអែងមកពោលកំហែងអញ ថាអញមិនគំនាប់សុំអាអែងនោះ អញចាំបាច់សុំទានអាអែងធ្វើអ្វី អាអែងជាម្ចាស់កាលណា នែអាកង្កែបអែបនៅគុម្ពផ្កា អាមិនស្គាល់រិទ្ធិចេស្ដាអញជាស្ដេចលើក្បាលអាអែងទេរឺ?។
កង្កែបតបថា «វ៉ីយរាជសីហ៍ អែងអួតថាខ្លួនជាស្ដេចៗមែនហើយ តែជាស្ដេចលើសត្វចតុប្បាទខាងជើងគោក អែអញនេះសោត ក៏ជាស្ដេចលើសត្វខាងជើងទឹក រិទ្ធចេស្ដាអាអែងក៏មិនលើសលែងគ្នា អញក៏ពុំកោតក្រែងរិទ្ធអំណាចអាអែងប៉ុន្មាន រឺអាអាងរិទ្ធសំរែកស្រែកអោយសត្វទាំងឡាយ លឺបែកត្រជៀកស្លាប់នោះ ត្រង់សត្វទាំងឡាយវាឆោតនាំគ្នាកោតខ្លាចសំរែករាជសីហ៍ទូទៅ ត្រង់រូបអញ១នេះ មិនឆោតមិនទៅកោតខ្លាចសំរែកអានោះទេ អាចង់ស្រែកយ៉ាងណាក៏អញមិនព្រឺ។ អែរាជសីបានលឺកង្កែបពោលពាក្យអិតក្រែងដូច្នោះ ក៏គិតថាអញនឹងបញ្ចេញនូវសំរែកអោយអាសត្វកង្កែបនេះវាស្លាប់ក្នុងកាលអីលូវនេះអែង គិតហើយរាជសីហ៍ក៏ស្រែកដោយរិទ្ធិយ៉ាងខ្លាំងឡើង។ អែកង្កែបកាលរាជសីហ៍ស្រែកនោះ វាក៏លោតចាកស្លឹកឈូកមុជចុះទៅក្នុងទឹក លុះសំរែករាជសីហ៍ស្ងប់បាត់ហើយ វាក៏ងើបឡើងទំលើស្លឹកឈូកវិញ ហើយពោលឡកទៅថា « វ៉ីអារាជសីហ៍អែងស្រែកអំបាញ់មិញនេះ លឺមិនស្មើនឹងផោមអញផង ចូរអែងស្រែកម្ដងទៀតទៅមើល»។
អែរាជសីហ៍ទោសោខ្លាំង ក៏តាំងស្រែកឡើងលើសមុន ដើម្បីអោយកង្កែបស្លាប់ អែកង្កែបក៏មុជចុះទៅក្នុងទឹកទៀ ត លុះស្ងប់ស័ព្ទរាជសីហ៍កាលណា វាក៏ងើបឡើងទំលើស្លឹកឈូកហើយ រាំឡកចំអកអោយរាជសីហ៍ដោយប្រការផ្សេងៗ។ អែរាជសីហ៍ក៏រឹងរឹតតែខឹងខ្លាំង តាំងប្រឹងស្រែកខ្លាំងឡើងទាល់តែប្រេះបែកបំពង់កដួលចុះដល់ក្ដីមរណកាលក្នុងកាលនោះហោង។ អែកង្កែបឃើញរាជសីហ៍ស្លាប់ដូច្នោះ ក៏ត្រេកអរដោយសមសេចក្ដីប្រាថ្នារបស់ខ្លួន។
រឿងនេះ បានគតិបុគ្គលទោសាក្រោធមិនគិតអាងឥទ្ធិរិទ្ធិ អិតប្រាជ្ញាមិនពិចារណាអោយយល់ហេតុនឹងអន្ដរាយខ្លួនទៅ ខាងមុខ គិតតែថាខ្លួនអែងធំ អែងមានអំណាច កើតមាក់ងាយមើលងាយអ្នកតូច វិនាសខ្លួនដូចសត្វរាជសីហ៍នោះហោង។
ចប់តំរាទោសោអិតសតិសម្បជញ្ញៈទី២១
រឿងទន្សាយនឹងមេខ្លា
មានសត្វទន្សាយ១ ដើរទៅបានជួបនឹងកូនខ្លាធំពីរនៅខាងគុម្ពឈើ ទើបសួរទៅថា «វ៉ីយកូនខ្លា ថ្ងៃនេះម៉ែអែងទៅអែណាហើយ។ កូនខ្លាទាំងពីរក៏ប្រាប់ថាម៉ែយើងពុំនៅទេ គាត់ចេញទៅរកស៊ីពីព្រឹកមិញហើយ។ អែទន្សាយក៏និយាយទៅថា «អញមកនេះ បើម៉ែអែងនៅអញនឹងល្បងប៉ោលថ្មីអញមើលម្ដង ថាហើយទន្សាយក៏ដើរចេញទៅដល់ព្រៃស៊ុមទ្រុម មានវល្លិត្អើករិតរុំស្បាតជិត ក៏ចូលទៅពួនសំងំដេកលើស្ដុកវល្លិត្អើកនោះអែង។ ថ្លែងអែមេខ្លាដល់ពេលល្ងាចស្រទន់ក៏ត្រលប់មកកាន់សំបុកកូននៃខ្លួន ដល់ហើយកូនទាំងពីរប្រាប់ថា «ម៉ែអើយ ថ្ងៃមិញនេះ អាទន្សាយវាមកពោលពាក្យអាសុរោះចាក់ដោតដល់ម៉ែអែង វាថាបើម៉ែអែងនៅនេះ វានឹងល្បងប៉ោលថ្មីវាមើលម្ដង»។ មេខ្លាលឺដូច្នោះ ក៏កើតទោសោក្រោធទន្សាយ ជេរថាខ្មោចអាសត្វទន្សាយអប្រិយ គួរអ្វីមកស្ដីពាក្យចំអាសអោយអញយ៉ាងនេះ បើដូច្នេះនឹងអត់អោយវាអែណាក៏បាន គួរទៅតាមប្រហារវាអោយបង់ជីវិត គិតហើយមេខ្លាលាកូនទាំងពីរចេញចាកទី ចរលីទៅតាមទន្សាយ លុះទៅដល់ព្រៃស៊ុមទ្រុមលបគន់មើល បានឃើញទន្សាយដេកនៅនោះ មេខ្លាក៏ស្ទុះទៅដោយកំលាំងទោសោ ដើម្បីនឹងចាប់ទន្សាយហែកប្រហារដោយក្រចកជើង។ អែទន្សាយក៏លោតគេចទៅ ខាងក្រោមវល្លិត្អើកជុតក្រញាំជើងខ្លា ៗលោតទៅលើស៊ុមទ្រុមធ្លាក់ខ្លួនចុះស៊ុមទ្រុម វល្លិវើកវល្លិត្អើកក៏រិតរុំជុំខ្លួននៃមេខ្លាជាប់ជើងទាំងមុខទាំងក្រោយ ខំបំរះឡើងដោយកំលាំង។
ទន្សាយឃើញមេខ្លាជាប់រាមដូច្នោះ ក៏ស្ទុះឡើងពីខាងគូថនៃមេខ្លាធ្វើអាការ ការលោកិយហើយស្រដីថា ហ៊ិះៗអែងចង់ល្បងប៉ោលថ្មីលេងៗ អីលូវគេអោយអែងល្បងប៉ោលថ្មីទាល់តែបាន ទន្សាយធ្វើអាការផ្ជាលមេខ្លានោះស្រេចហើយ ក៏ស្ទុះចុះរត់ទៅកាន់ទីដទៃហោង។
មេខ្លាកាលទន្សាយរត់ផុតទៅហើយ ក៏ខំរើខ្លួនអំពីរាមស៊ុមទ្រុមនោះ បានហើយក៏ចេញមក មានក្ដីខឹងទន្សាយនោះមហិមា នឹងទៅតាមចាប់វាពេលក៏ស្រទន់ទៀបល្ងាចហើយ មេខ្លាក៏វិលត្រលប់ទៅកាន់សំបុកកូនខ្លួនវិញ ដល់ហើយកូនទាំងពីរក៏សួរថា «ម៉េចទៅម៉ែ អាទន្សាយនោះ ម៉ែបានពិឃាតវាហើយរឺ»។ មេខ្លាប្រាប់ថា «ពិឃាតវាអែណាក៏បាន ម៉ែទៅនេះ ប៉ិនគេយកកេរ្ដិ៍ខ្មាសទៅអោយវាជាម្ដង ណ្ហើយចុះថ្ងៃនេះអែងធ្វើការបរាជ័យចាញ់វា ចាំថ្ងៃក្រោយៗទៀតសឹមកែខ្លួនអោយបាន» ថាហើយមេខ្លាក៏ចូលទៅដេកបំបៅកូនក្នុងរូងនោះហោង។
រឿងនេះបានគតិដូចបុគ្គលខឹងហួសជ្រួសស្នៀតដល់នូវក្ដីរាមុខខ្លួនអែងវិញ។ មែនបុគ្គណាខឹងហួសខឹងខ្លាំងភ្លាំងសតិបញ្ញាហើយ នឹងបានក្ដីក្ដៅក្រហាយលើសមុនៗនោះទៀត ទាល់ស្នៀតដួលខ្លួនអែងវិញ ដូចមេខ្លានេះអែង។ មួយទៀតក្ដីក្រោធនេះជាភ្លើងមែន បើឆេះទៅក្នុងទីណាហើយ ទីនោះសឹងវិនាសជាប្រាកដបុគ្គលណាកាន់ក្ដីក្រោធខ្លាំងតាំង ចិត្ដគិតដុតអ្នកដទៃមិនឆេះទៅអ្នកដទៃអែណាទេ ចំពោះឆេះនៅក្នុងរូបបុគ្គលដែលដុតនោះអែង ភ្លើងទោសៈនេះ ដូចមេឃ្មុំទាំងឡាយ តែខឹងខំប្រឹងទិចគេ អែទ្រនិចឃ្មុំនោះតែងសណ្ដកចាកគូថ មិនសណ្ដកតែទ្រនិចនោះទេសណ្ដកជាប់ដល់ពោះវៀនផង លោកថាឃ្មុំណាទិចគេ ឃ្មុំនោះអស់ទ្រនិចហើយ នឹងតាំងនៅជាមេឃ្មុំវិញពុំបាន សឹងធ្លាក់ជាតិទៅជាមេរបោម អ្នកប្រាជ្ញខ្លះថាឃ្មុំនោះស្លាប់ខ្លួនអែង។ មួយទៀតការផ្ចាញ់សត្រូវខ្លួនដោយក្ដីក្រោធតបនោះ ពុំអាចឈ្នះបាន បទនេះមានក្នុងគម្ពីរលោកនីតិថា៖
អក្កោធេន ជិនេ កោធំ អសាធុំ សាធុនា ជិនេ កទរិយញ្ច ទានេន សច្ចេនាលិកវទីទំ អធិប្បាយថា៖ | |
ឈ្នះអ្នកក្រោធដោយក្រិត្យមិនក្រោធតប | ឈ្នះអ្នកអសប្បុរសប្រកបដោយសប្បុរស |
ឈ្នះកំណាញ់ដោយអោយទ្រព្យរបស់ | ឈ្នះបុរសឡេះឡោះដោយពាក្យសត្ស។ |
មួយទៀតបុគ្គលណាកំចាត់ក្ដីក្រោធបាន បុគ្កលនោះផុតក្ដីក្ដៅក រហាយ ក្ដីសៅសោកបាន ដូចបទបាលីថា៖ | |
កោធំ វិហិត្វា ន កទាចិ សោចតិ មក្ខប្បហានំ អិសយោ វណ្ណយន្ដិ | |
សព្វេសំ ផរុសវចនំ ខមេថ តំ ខន្ដី អុត្ដមមាហុ សន្តោ |
អធិប្បាយថា ៖ ជនអែណាកំចាត់ក្ដីក្រោធបាន ជននោះគ្មានសៅសោកក្នុងលោកិយ ព្រះឥសីសរសើរ អ្នកគប្បីលះបង់ក្ដីលុបគុណ កបសត្យា អ្នកអែណាអាចអត់ផុរុវាទ មិនរលាតដោយពាក្យបេសុញ្ញា សប្បុរសសរសើរអ្នកនោះណា កបខន្ដីតី កិក្ខា ជាឧត្ដម។
ចប់តំរាខឹងហួសជ្រួសផ្ដាសបង់ខ្មាសខ្លួនអែងទី២២
ចប់ភាគទី៥ តែប៉ុណ្ណេះ