ទស្សនៈអ្នកចុះផ្សាយ : រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុង​គ្រប់​សម័យ​កាល ព្រោះ «គតិ​លោក» បាន​និយាយ​អំពី​​ការ​ប្រព្រឹត្ដ​ទៅ​របស់​មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេក​វិជ្ជា​ខ្ពង់​ខ្ពស់ (កុំព្យូ​ទ័រ) សម័យ​​ដើម សម័យ​ព្រះសម្មា​សម្ពុទ្ធ​ចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀស​មិន​ផុត នៅ​តែ​មាន​មនុស្ស​ល្អ មនុស្ស​អា​ក្រក់ មនុស្ស​ឆោត​ល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]

រឿងមេឆ្កែ នឹង ខ្មោចអសុភ
ថ្ងៃសៅរ៍ ទី24.តុលា 2015.ម៉ោង 9:34

និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សេស មាន​មេ​សុន​ខ​១ នាំ​កូន​ស្វែង​រក​អាហារ​បរិភាគ លុះ​ទៅ​ដល់​ព្រៃ​ទី​ប៉ាឆា​មួយ​ បាន​ឃើញ​សាក​សព​ខ្មោច​កំពុង​ហើម គេ​ចោល​នៅ​ទី​ប៉ាឆា​នោះ មេ​សុនខ​ក៏​នាំ​កូន​ចូល​ទៅ​ ទើប​កូន​សួរ​ទៅ​មេថា​ «​ម៉ែ​ៗ ​នេះ​គេ​ហៅ​អ្វី​?​។ មេ​សុន​ខ​ក៏​ប្រាប់​ថា​ «​រូប​នេះ​គឺ​ខ្មោច​មនុស្ស​ណា​កូន គេ​យក​មក​ចោល​នៅ​ទី​នេះ​»​។ កូន​ឆ្កែ​លឺ​មេ​ប្រាប់​ថា ​ខ្មោច​មនុស្ស​ដូច្នោះ ក៏​កើត​ចំណង់​ចង់​ស៊ី​ខ្មោច​នោះ ទើប​ថា «ម៉ែ​ ខ្ញុំ​ចង់​ស៊ីភ្នែក​វា​មុន​» មេ​ហាម​ថា «ភ្នែក​ជា​កាឡ​កណ្ណី ចង្រៃ​ណាស់ នឹង​ស៊ី​វា​មិន​បាន​ទេ​ណា​កូន​» កូន​ឆ្កែ​សួរ​ថា «ម្ដេច​ម៉ែ​អែង​ថា ភ្នែក​ជា​កាឡ​កណ្ណី​ចង្រៃ​ដូច្នេះ​ហៈ​»​។

កូន​ឆ្កែ​ថា «បើ​​ដូច្នោះ​ខ្ញុំ​សុំ​ស៊ី​ច្រមុះ​វិញ​ចុះ​» មេ​ឆ្កែ​ក៏​ហាម​ថា «ច្រមុះ​ក៏​ជា​កាឡ​កណ្ណី​ដូច​គ្នា គឺ​កាល​វា​រស់​នៅ​នោះ​វា​ចង់​ថើប​ ចង់​ស្រូប​ហិត​ក្លិន​ផ្សេង​ៗ ក្លិន​ឯណា​ក្រអូប​វា​នាំ​ចិត្ដ​អោយ​ប្រា​ថ្នា ក្លិន​ឯ​ណា​ស្អុយ​ឆ្អាប​ឆ្អេះ វា​នាំ​ចិត្ដ​អោយ​ក្ដៅ​ក្រហាយ​ ណាយ​ស្អប់​ខ្ពើម​ឆ្អើម ហេតុ​នោះ​ទើប​ថា​ ច្រមុះ​នេះ​ជា​អាយ​តនៈ​កាឡ​កណ្ណី មិន​គប្បី​កូន​ចង់​ស៊ី​វា​ឡើយ​»​។

កូន​ឆ្កែ​ថា «បើ​ដូច្នោះ​ខ្ញុំ​ស៊ី​មាត់ ស៊ី​អណ្ដាត​វិញ​ ជា​បាន​ រឺ​មិន​បាន​ណា​ម៉ែ​? មេ​ឆ្កែ​ក៏​ហាម​ទៀត​ថា «មាត់​ និង អណ្ដាត​ជា​កាឡ​កណ្ណី​ចង្រៃ​លើស​លែង​អែ​ទៀត​ៗ គឺ​មាត់​នេះ​កាល​នៅ​រស់​នោះ​វា​និយាយ​មុសា​កុហក​គេ វា​ជេរ​ពោល​ប្រទេច​ផ្ដា​សា​គេ​វា ញុះ​ញង់​ស្ដី​បំបាក់​បំបែក​គេ​វា​ស្ដី​ដើរ​ពោល​បង្កាច់​បង្កិន​គេ​ជា​ដើម​យ៉ាង​នេះ អែ​អណ្ដាត​នោះ​សោត​ ក៏​ជា​អាយ​តនៈ​ពាល់​ត្រូវ​​តែ​រស​ជាតិ​អាហារ​ វា​ប្រាថ្នា​តែ​វត្ថុ​ឆ្ងាញ់​ពិសា បើ​បាន​ពាល់​ត្រូវ​រស​ឆ្ងាញ់​ពិសា​កាល​ណា​ហើយ​ វា​នាំ​ចិត្ដ​អោយ​ប្រាថ្នា​ ចង់​បាន​ឡើង​ទៀត បើ​ពាល់​ត្រូវ​លើ​រស​ពុំ​ឆ្ងាញ់​ពិសា​កាល​ណា វា​នាំ​ចិត្ដ​អោយ​ក្ដៅ​ក្រហល់​ក្រ​ហាយ​ទៅ​ផ្សេង​ៗ ហេតុ​នោះ ទើប​ថា​មាត់​អណ្ដាត​នេះ​ជា​អាយ​តនៈ​កាឡ​កណ្ណី​ មិន​គប្បី​ស៊ី​វា​ឡើយ​»​។

កូន​ឆ្កែថា «បើ​ដូច្នោះ ខ្ញុំ​នឹង​ស៊ី​ដៃ​វិញ យ៉ាង​នេះ​គួរ​រឺ​ម្ដេច​?​។ មេ​ឆ្កែ​ក៏​ហាម​វិញ​ទៀត​ថា «​ដៃ​ក៏​ស៊ី​មិន​បាន​ដូច​គ្នា ដៃ​​នេះកាល​វា​រស់​នៅ​នោះ​វា​តែង​ចាប់​ដំបង​ព្រនង់​គ្រឿង​សស្រ្ដា​វុធ​ប្រហារ​វាយ​ចាក់​កាប់​សំលាប់​មនុស្ស​ ជួន​ណា​វា​ឆក់​យក​ទ្រព្យ​សម្បត្ដិ​គេ​នា​នា នាំ​រូប​វា​អោយ​បាន​ក្ដី​ទុក្ខ​ជាប់​គុក​ជាប់​តារាង​ខ្នោះ​ឃ្នាង​ទៅ​ផ្សេង​ៗ ហេតុ​នោះ​ទើប​ថា ដៃ​នេះ​ជា​កាឡ​កណ្ណីច​ង្រៃ​សើស​គេ មិន​គួរ​នឹង​បរិ​ភោគ​វា​ឡើយ​»។

កូន​ឆ្កែ​ថា «បើ​ដូច្នោះ​ខ្ញុំ​នឹង​បរិ​ភោគ​ជើង​វា​វិញ​ចុះ​»​។ មេ​ឆ្កែ​ក៏​ហាម​ទៀត​ថា «ជើង​ក៏​ជា​កាឡ​កណ្ណី​ដូច​គ្នា កាល​វារស់​នៅ ជើង​នោះ​សោត​វា​នាំ​រូប​ដើរ​ត្រាច់​ចរ​ទៅ​លេង​ទៅ​មើល​ទៅ​ស្ដាប់ ទៅ​លួច​ទៅ​ប្លន់​គេ ជួល​កាល​វា​ដើរ​ទៅ​ជាន់​លាមក​ជាន់​បន្លា ជាន់​លើ​កំរាល​អាសនៈ​ ព្រះ​ភិក្ខុ​សង្ឃ​ជា​ទី​មិន​គួរ​ជាន់​ ជួន​ណា​វា​ដើរ​ទៅ​ជាន់​ជើង​ចោរ​ នាំ​អោយ​គេ​ដិត​ចិត្ដ​សង្ស័យ​​ថា ខ្លួន​ជា​ចោរ ជា​អ្នក​ដើរ​យប់​គប់​ពាល​សាមាន្យ​ បាន​ក្ដី​ទុក្ខ​ទោស​ក្នុង​លោ​កិយ ហេតុ​នោះ​ទើប​ថា​ជើង​នេះ​ជា​មហា​ចង្រៃ កាឡ​កណ្ណី មិន​គួរ​គប្បី​បរិ​ភោគ​វា​ឡើយ​»​។

កូន​ឆ្កែថា «បើ​ដូច្នោះ​ខ្ញុំ​នឹង​ស៊ី​ពោះ​ពុង​វិញ» មេ​ឆ្កែ​ហាម​ទៀត​ថា ពោះ​ពុង​នោះ​ជា​លំនៅ​នៃ​ចិត្ដ​ៗ នោះ​ហៅ​មនោ ​មនោ​ នេះ​ជា​អាយ​តនៈ​ទទួល​ធម្មា​រម្មណ៍ នាំ​តាម​គំនិត​ដែល​គិត គឺ​គិត​ចង់​បាន​ទ្រព្យ​សម្បត្ដិ ប្រាថ្នា​យស​សក្ដិ​ជា​គ្រឿង​លោកិយ កាម​ក្ដី​វត្ថុ​កាម​កិលេស​កាម គឺ​ចង់​ឈ្នះ​គេ គិត​ឈ្នាន​នីស​គេ​ គិត​លុប​គុណ​គេ គិត​មាក់​ងាយ​គេ គិត​ព្យា​បាទ​គេ គិត​មាយា​​បិទ​ទោស​អែង​សំដែង​ទោស​គេ គិត​សំលឹង​ចង់​បាន​ទ្រព្យ​សម្បត្ដិ​គេ គិត​តែ​ប្រយោជន៍​អែង​ មិន​បែង​ប្រយោជន៍​ដល់​អ្នក​​អ្នក​ដទៃ ចិត្ដ​គិត​ក្នុង​ការ​អកុសល​យ៉ាង​នេះ ទើប​ថា​ពោះ​ពុង​ជា​លំនៅ​នៃ​ចិត្ដ ពោះ​ពុង​នេះ​ជា​កាឡ​កណ្ណី​ចង្រៃ​ក្រៃ​ពេក​ណា ស់ កូន​អែង​នឹង​ស៊ី​វា​ពុំបាន​ ចូរ​ខាន​ទៅ​ចុះ​កូន​ កុំ​ស៊ី​ចំណី​កាឡ​កណ្ណី​នេះ​ឡើយ​»​។

កូន​ឆ្កែ​បាន​ស្ដាប់​មេ​អធិ​ប្បាយ អំពី​ចំនី​កាឡ​កណ្ណី​ដូច្នោះ​ហើយ​ ក៏​ជឿ​តាម ពុំ​បាន​គិត​ចង់​ស៊ី​ខ្មោច​នោះ​ត​ទៅ​ទៀត ហើយ​នាំ​គ្នា​វិល​ទៅ​កាន់​លំនៅ​នៃ​អាត្មា​វិញ​ហោង​។ រឿង​នេះ បាន​គតិ​ដល់​បុគ្គល​អ្នក​ពិចារ​ណា​អោយ​ឃើញ​ថា អវ​យវ​តូច​​ធំ​សំរាប់​រូប​កាយ​នេះ​ជា​កាឡ​កណ្ណី កើត​ដោយ​ក្ដី​ប្រមាទ​មិន​ឧហាត​បង្ហាត់​អវ​យវ អោយ​ដំកល់​នៅ​ក្នុង​ការ​ស្វិត្ថិ​មង្គល បុគ្គល​អ្នក​រក្សា​អវ​យវ​មិន​អោយ​ធ្លាក់​ចុះ​ជា​កាឡ​កណ្ណី​នោះ គឺ​កាន់​អិន្រ្ទី​សំវរ​លីល​ រក្សា​ទ្វារ​ទាំង​៦ មាន​ចក្ខុ​ទ្វារ​ជាដើម មិន​អោយ​បាប​ធម៌​ចូល​បៀត​បៀន​ចិត្ដ​ខាង​ក្នុង​បាន សង្រួម កាយ​មិន​អោយ​បាប​ធម៌​ចូល​ពាល់​ត្រូវ​បាន ប្រ​ដៅ​កាយ​អោយ​ឆ្ងាយ​ពី​អកុ​សល​កម្ម គឺ​កាយ​កម្ម​៣ វចី​កម្ម​៤ មនោ​កម្ម​៣ ដែ​ល​ហៅ​ថា​អកុសល​កម្ម​បថ​ទាំង​១០ នេះ​អែង អែ​សេច​ក្ដី​សង្រួម​ទ្វារ​ទាំង​៦ និង​ការ​តាំង​នៅ​ក្នុង​កុសល​កម្ម​បថ​១០​នោះ ក្នុង​តំរា​នេះ​មិន​បាន​សំដែង​អោយ​ពិស្ដារ​ទេ មាន​នៅ​ក្នុង​តំរា​គតិ​ធម៌​អែ​ណោះ ហើយ​ចូល​ទៅ​មើល​យក​ជា​គតិ​ចុះ​។

បុគ្គល​រក្សា​អិន្រ្ទី​៦ វៀរ​អកុស​លកម្ម​បថ​១០​នោះ បាន​ឈ្មោះ​ថា​ធ្វើ​អវយ​វ​អោយ​ផុត​ចាក​កាឡ​កណ្ណី​ចង្រៃ ដូច​ន័យ​ដែល​មេ​សុន​ខ​សំដែង​ប្រាប់​កូន​វា​នោះ​អែង អញ្ញើញ​អ្នក​ប្រាជ្ញ​គិត​ទៅ​ទៀត​ចុះ​។

ចប់តំរាអវយវកាឡកណ្ណីទី៣៥

រឿងនាយដង្ខៅ នឹង កូនឈ្នួល

មាននាយ​ដង្ខៅ​ម្នាក់ ទៅ​ជួញ​បាន​ចំណេញ​មក មាន​សេច​ក្ដី​សប្បាយ​ចិត្ដ គិត​នឹង​លៀង​អស់​បណ្ដា​មហា​ជន ជា​ញាតិ​មិត្ដ​ក្នុង​លំ​នៅ​នៃ​អាត្មា ទើប​ប្រើ​បោយ​​អោយ​ទៅ​ផ្សារ​ទិញ​ម្ហូប​ចំណី​ហើយ​ផ្ដាំ​ថា «ចូរ​ចៅ​អែង​ទិញ​ត្រី​ទិញ​សាច់​រើស​រក​តែ​ល្អ​ៗ យក​មក​អោយ​យើង​ធ្វើ​ម្ហូប​លៀង​ពួក​ញាតិ​មិត្ដ​ដែល​នៅ​ជិត​នេះ​អោយ​សប្បាយ​ម្ដង​»​។

អែ​ចៅ​បោយ​ក៏​ទទួល​ពាក្យ​នាយ យក​ប្រាក់​អំពី​នាយ​ស្ពាយ​ត្រក​ដើរ​ទៅ​ផ្សារ​ធំ លុះ​ទៅ​ដល់​ផ្សារ ចៅ​បោយ​គិត​ថា នាយ​អញ​គាត់​ផ្ដាំ​ថា​អោយ​ទិញ​យក​តែ​សាច់​យ៉ាង​ល្អ​ៗ បើ​ដូច្នេះ​គួរ​អញ​ទិញ​សាច់​អណ្ដាត​សត្វ​ចុះ​ សាច់​អណ្ដាត​នោះ​ល្អ​ហើយ គិត​​ហើយ​​ចៅ​បោយ​ទិញ​សុទ្ធ​តែ​អណ្ដាត​សត្វ​ទាំង​ឡាយ​ មាន​អណ្ដាត​គោ​ជា​ដើម បាន​ហើយ​ក៏​ដោត​ជា​ត្រណោត​យួរ​មក​ដល់​ផ្ទះ ជូន​នាយ​ដង្ខៅ​នោះ​។ នាយ​ដង្ខៅ​យល់​អណ្ដាត​សត្វ​ដូច្នោះ​ហើយ ក៏​ស្ដីប​ន្ទោស​ទៅ​ថា «យើង​អោយ​ទៅ​ទិញ​យក​សាច់​ល្អ​ៗ ​ចុះ​ហេតុ​អ្វី​ចៅ​ទិញ​យក​តែ​អណ្ដាត​គោ អណ្ដាត​ជ្រូក​ អណ្ដាត​​ពពែ​ដូច្នោះ​ នេះ​ហើយ​រឺ​ជា​សាច់​ល្អ​?​។ ចៅ​បោយ​ក៏​អធិប្បាយ​ថា «សាច់​អណ្ដាត​នេះ​ហើយ​លោក​នាយ ដែល​ជា​សាច់​ល្អ​លើស​សាច់​ទាំង​ពួង បាន​ជា​ខ្ញុំ​បាទ​ថា​ល្អ​នោះ​ព្រោះ​ខ្ញុំ​បាទ​យល់​ថា លោក​អ្នក​បាន​យស​បាន​សក្ដិ បាន​មាស បាន​ប្រាក់ បាន​ខ្ញុំ​កំដរ​ បាន​ជា​មេ​បា​គេ​ក្នុង​លោក​​នេះ សឹង​អាស្រ័យ​បាន​ដោយ​អណ្ដាត​ក្រលៀស​ពោល​ឡើង​ ហេតុ​នេះ​ ទើប​លោក​សន្មត​ថា​អណ្ដាត​នេះ​ជា​សាច់​ល្អ​លើស​លែង​សាច់​នានា បាន​ជា​ខ្ញុំ​បាទ​ទិញ​​យក​មក​នេះ​» នាយ​ដង្ខៅ​បាន​លឺ​ចៅ​បោយ​ឆ្លើយ​តប​ដោយ​វោ​ហារ​ដូច្នោះ​ ក៏​ទាល់​សេច​ក្ដី​មិន​អាច​ថា​អ្វី​ត​ទៅ​ទៀត​ឡើយ បាន​ក្ដី​ខ្មាស​នឹង​ពាក្យ​ចៅ​បោយ​នោះ លុះ​ដល់​ព្រឹក​ឡើង​ ក៏​បើក​ប្រាក់​អោយ​ចៅ​បោយ​ទៅ​ទិញ​សាច់​ម្ដង​ទៀត បាន​ផ្ដាំ​ថា ចូរ​ទៅ​ទិញ​សាច់​អាក្រក់​ៗ​មក​ចុះ យើង​នឹង​ធ្វើ​ម្ហូប​លៀង​ភ្ញៀវ​។

ចៅ​បោយ​ទទួល​ប្រាក់​ទទួ​ក​ពាក្យ​ហើយ ក៏​ទៅ​ផ្សារ ដល់​ហើយ​ក៏​ទិញ​អណ្ដាត​សត្វ​ដូច​កាល​មុន បាន​ហើយ​ក៏​នាំ​យក​មក​ជូន​នាយ​ដង្ខៅ​ៗ យល់​អណ្ដាត​សត្វ​ដូច​មុន​ដូច្នោះ ក៏​ស្ដី​បន្ទោស​ថា ពី​ម្សិល​មិញ​យើង​អោយ​ទៅ​ទិញ​សាច់​ល្អ​ៗ ចៅ​អែង​ទិញ​យកអណ្ដាត​សត្វ​មក ហើយ​ពោល​ថាអណ្ដាត​នេះ​ហើយ​ ជា​សាច់​ល្អ​លើស​លែង​សាច់​អែ​ទៀត​ៗ ឥលូវ​ថ្ងៃ​នេះ យើង​ផ្ដាំ​ថា​អោយ ទិញ​សាច់​អាក្រក់​ៗ ហេតុ​អ្វី​ក៏​ចៅ​ទិញ​អណ្ដាត​សត្វ​ដែល​ចៅ​អួត​ថា ជា​សាច់​ល្អ​នោះ​មក​ទៀត​។

ចៅ​បោយ​ក៏​ឆ្លើយ​កែ​សំនួន​ថា «សាច់​អណ្ដាត​នេះ​ហើយ​លោក​នាយ ដែល​ជា​សាច់​អាក្រក់​លើស​លែង​សាច់​អែ​ទៀត​ៗ បាន​ជា​ខ្ញុំ​បាទ​ថា​អាក្រក់​នោះ ព្រោះ​អណ្ដាត​នេះ​អែង វា​ក្រលៀវ​ក្រលៀស​ពោល​បង្កាច់​បង្កិន​គេ ត្មះ​តិះ​ដៀល​ជេរ​ប្រទេច​ ផ្ដា​សា ស្ដី​មុសា កុហក បញ្ឆុក​បញ្ឆោត​ ញុះ​ញង់​ស៊ក​សៀត​ បំបែក​បំបាក់​គេ​ទៅ​ផ្សេង​ៗ ហេតុ​នេះ​អែង​ទើប​លោក​សន្មត​ថា អណ្ដាត​នេះ​ជា​សាច់​អាក្រក់​លើស​លែង​សាច់​នានា​ ក្នុង​លោ​កិយ​នេះ បាន​ជា​ខ្ញុំ​បាទ​ទិញ​មក​តាម​ប្រសាសន៍​ដែល​លោក​នាយ​ផ្ដាំ​ថា អោយ​ទិញ​សាច់​អាក្រក់​នោះ​អែង​។ នាយ​ដង្ខៅ​ បាន​ស្ដាប់​ពាក្យ​ចៅ​បោយ​ពោល​ដូច្នោះ​ក៏​ទាល់​សេច​ក្ដី ពុំ​អាច​ថា​អ្វី ទៅ​ទៀត​បាន ដោយ​អាត្មា​ចាប់​ប្រាជ្ញា​ចៅ​បោយ​ដោយ​ប្រការ​ដូច្នេះ​ហោង​។

រឿង​នេះ​បាន​គតិ​ដល់​បុគ្គល​ដែល​ធ្វើ​ជា​នាយ​ចៅ​ហ្វាយ រឺ​ ជា​គ្រូ​អាចារ្យ​មេ​បា​គេ កាល​នឹង​ប្រើ​បាវ​ប្រើ​សិស្ស​អោយ​ទៅ​យក​អ្វី​ៗ គប្បី​បញ្ជាក់​ពាក្យ​បណ្ដាំ​អោយ​អ្នក​បំរើ​នោះ​ស្ដាប់​ចូល​ចិត្ដ​សេច​ក្ដី​អោយ​បាន​ច្បាស់ ទើប​ការ​នោះ​មិន​ប្រែ​ខ្វែង​ទៅ​ បាន​។ មួយ​ទៀត ជាតិ​អ្នក​តូច​នឹង​ទទួល​ពាក្យ​បណ្ដាំ​អ្នក​ធំ​នោះ ច្រើន​តែ​រហ័ស​រហួន​ ស្ដាប់​មិន​ទាន់​ជាក់​ប្រញាប់​តែ​មឹត​រត់​ ទៅ​ មិន​ដឹង​ជា​រក​អ្វី​ហៅ​នរ​ណា​អោយ​ទៅ​ ម៉្លោះ​ហើយ​ប្រមាណ​យក​ផ្ដេស​ផ្ដាស​ទៅ​ មិន​ត្រូវ​នឹង​ពាក្យ​បណ្ដាំ​លោក​ ដូច​យ៉ាង​កូន​សិស្ស លោក​គ្រូវ​មហា​វិមល​ធម្ម ឈ្មោះ​ចៅ​ឡុង លោក​គ្រូ​ប្រើ​អោយ​សួរ​រក​ចិត្រ​មូល​ភ្លើង​ នឹង​លោក​អាចារ្យ​អួង ចៅ​ឡុង​ស្ដាប់​មិន​ច្បាស់ ក៏​រត់​ទៅ​ដល់​ផ្ទះ​ម៉ាស៊ីន​ទឹក​កក រក​មើល​ក្រែង​ភ្លើង​ឆេះ​ផ្ទះ លុះ​ពុំ​ឃើញ​មាន​អ្វី ក៏​វិល​មក​ទូល​លោក​វិញ​ថា ភ្លើង​ម៉ាស៊ីន​ទឹក​កក​មិន​មាន​ឆេះ​ផ្ទះ​គេ​ទេ​។

លោក​គ្រូ​បាន​លឺ​ដូច្នោះ​ ក៏​ថា អញ​អោយ​សួរ​លោក​អាចារ្យ​អួង ជា​លោក​មាន​ចិត្រ​មូល​ភ្លើង​រឺ​ទេ បើ​លោក​មាន​អោយ​សុំ​លោក​មន្ដិច​មក នឹង​ធ្វើ​ថ្នាំ ចុះ​ហេតុ​អ្វី​ក៏​ចៅ​ទៅ​ដល់​ផ្ទះ​ម៉ាស៊ីន​ទឹកក ហើយ​ថា​ភ្លើង​ឆេះ​ផ្ទះ អាណា​គេ​ប្រើ​អែង​អោយ​ទៅ​មើល​ភ្លើង​ឆេះ​ផ្ទះ​នោះ ចៅ​អែង​ជា​មនុស្ស​ស្ដាប់​ការ​មិន​ជាក់ មិន​សួរ​សព្ទ​អោយ​ចូល​ចិត្ដ​សិន លោក​ព្រះ​មហា​វិមល​ធម្ម​ក៏ បន្ទោស​ចៅ​នោះ​ដោយ​ប្រការ​ផ្សេងៗ​ហោង​។

មាន​រឿង​ចៅ​ម្នាក់​ទៀត​ ឈ្មោះ​សោម​ ចៅ​នោះ​ជា​កូន​សិស្ស​លោក​សម្ដេច​ព្រះ​សុ​គន្ធា​ធិប​តី ថ្ងៃ​មួយ​មាន​ពួក​ទាយក​អ្នក​មុខ​អ្នការ​ គេ​មក​ថ្វាយ​ទាន​ដល់​លោក ​ៗ​ប្រើ​ចៅ​នោះ​ថា «ចូរ​ទៅ​យក​ពាន​មួយ​មក​ដើម្បី​នឹង​ដាក់​ស្លា​បារី ចែក​ពួក​ទាយក​អា​ស្រ័យ​»​។ អែ​ចៅ​នោះ​ស្ដាប់​សព្ទ​មិន​ច្បាស់ ក៏​ផ្ដាស​ចេញ​ទៅ​លី​ពាង​ទឹក​មួយ​ចូល​មក​នា​កណ្ដាល​ជំនុំ​ប្រជុំ​ជន​ធ្ងន់​ណាស់ ក៏​ទូល​ថា «សូម​មេត្ដា​ប្រោស​អោយ​ដាក់​ត្រង់​ណា​ពាង​នេះ​»​។ អែ​មហា​ជន​ទាំង​ឡាយ​​មាន​លោក​សម្ដេច​ព្រះ​សុគន្ធា​ធិប​តី​ជា ប្រ​ធាន​ក៏​សើច​រំពង​ឡើង​ថា ចៅ​នេះ​ជា​មនុស្សរ​ហ័ស​រហួស​ជ្រួស​​សេច​ក្ដី គេ​ប្រើ​អោយ​យក​ពាន​ ពុំ​មាន​សប​សួរ​អោយ ជាក់​ច្បាស់​ផ្ដាស​ទៅ​យក​អែ​ពាង​ទឹក​មក​វិញ បាន​ក្ដី​អៀន​ខ្មាស​នា​កណ្ដាល​ជំនុំ​ហោង​។ មួយ​ទៀត លោក​អ្នក​ធំ​ប្រើ​ថ្លែង​សព្ទ មិន​អស់​ចុង​អស់​ដើម ពាក្យ​សព្ទ​នោះ​ជួន​ស្រប​គ្នា អ្នក​បំរើ​ស្ដាប់​បាន​ហើយ តែ​ចង់​បង្កាច់​អោយ​ខុស​វិញ​ក៏​បាន នឹង​បន្ទាស​អ្នក​បំរើ​វិញ​ពុំ​បាន​ ដូច​និទាន​ចៅ​វាយ​គង​មាន​ទំនង​សព្ទ​ស្រប​គ្នា​នោះ​អែង នឹង​សំដែង​អោយ​ចូល​ចិត្ដ​រឿង​ច្រលំ​សព្ទ​នោះ ថា៖ (នៅមានត)