រឿងពស់ក្បាលច្រើនកន្ទុយតែមួយ និងពស់ក្បាលមួយកន្ទុយច្រើន

មាន​អ្នក​ស្រុក​នៅ​មាត់​សមុទ្រ​ម្នាក់​ បាន​ទៅ​ដង​យក​គី​ រូប​ដូច​កំពឹស​មក​ធ្វើ​កាពិ​ លុះ​បាន​មក​ក៏​ដាក់​នឹង​កញ្ជ្រែង​ ហើយ​យក​ទៅ​កញ្ជ្រោក​លាង​ទឹក​ថ្លុក​មួយ​នៅ​ខាង​ធ្លា​។ គ្រា​នោះ​មាន​គី​១​ នៅ​រស់​ផ្ទាត់​លោត​ចេញ​ពី​កញ្ច្រែង​ធ្លាក់​ទៅ​ក្នុង​ទឹក​ថ្លុក​នោះ​​អែង​ គី​នោះ​ក៏​ហែល​ទឹក​ទៅ​វិញ​ទៅ​មក​ ក្នុង​ថ្លុក​នោះ​មាន​សត្វ​កង្កែប​១​ នៅ​អាស្រ័យ​ជា​លំនៅ​ខ្លួន​ កង្កែប​នោះ​បាន​ឃើញ​គី​ហែល​ទឹក​ថ្លុក​ខ្លួន​ដូច្នោះ​ ពុំ​ស្គាល់​ថា​ជា​សត្វ​អ្វី​ ទើប​លោត​មក​គំរាប​គី​នោះ​ថា «ប្រស្ដែង​អែង​នេះ​ ជាតិ​ពី​ដើម​តើ​នៅ​អែ​ណា​ យើង​មិន​ដែល​យល់​ឡើយ​»​។ គី​នោះ​ឃើញ​កង្កែប​ក៏​ខ្លាច​ ទើប​បង្អោន​កាយ​និយាយ​ដោយ​ពាក្យ​គួរ​ថា «ខ្ញុំ​បាទ​នេះ​ហៅ​ថា​សត្វ​គី​​ អាស្រ័យ​នៅ​ទី​មហា​សាគរ​ គឺ​សមុទ្រ​ព្រះ​តេជ​ព្រះ​គុណ​ត្រូវ​ការ​សួរ​ដោយ​ហេតុ​អ្វី​?​។ កង្កែប​ក៏​សួរ​ទៅ​ថា​ «អើ​ប្រស្ដែង​ ទឹក​សមុទ្រ​សាគរ​នោះ ជា​ធំ​ទូលាយ​ទៅ​ប៉ុន​ណា​?​។ គី​ប្រាប់​ថា «ទី​ទឹក​សមុទ្រ​នោះ​ធំ​ក្រៃ​ពេក​ណាស់​ មើល​កោះ មើល​ត្រើយ​មិន​ឃើញ​ទេ​ព្រះ​តេជ​ព្រះ​គុណ​ ខ្ញុំ​បាទ​នឹង​ជំរាប​ថា​ប៉ុណ្ណេះ​ប៉ុណ្ណោះ​នោះ​ពុំ​បាន​»​។ កង្កែប​ថា «មិន​អី​ទេ​ ប្រស្ដែង​ បើ​ជា​ធំ​ណាស់ ក៏​ប៉ុន​ថ្លុក​អញ​នេះ​អែង​ ដែល​នឹង​ធំ​ហួស​ថ្លុក​អញ​នេះ​ពុំ​មាន​ អើ​ប្រស្ដែង មួយ​ទៀត​ត្រី​ក្នុង​សមុទ្រ​នោះ​ តើ​ប៉ុន​ណា​ទៅ​ហៈ​។​ គី​ប្រាប់​ថា «​ត្រី​ក្នុង​សមុទ្រ​នោះ​ធំ​ៗ​ណាស់​ ព្រះ​តេជ​គុណ ត្រី​ខ្លះ​មាន​ខ្លួន​វែង​១០​ ព្យាម​ក៏​មាន​ ១០​​ហត្ថ​ក៏​មាន​ ធំ​ប៉ុន​ភ្នំ ប៉ុន​កោះ​ក៏​មាន​ ខ្ញុំ​បាទ​ពណ៌​នា​ជំរាប​មិន​អស់​ឡើយ​»​។

កង្កែប​លឺ​ដូច្នោះ​ក៏​ថា «អាកុហក​អើយ អាកុហក​ អញ​មិន​ជឿ​ទេ​ បើ​ដូច្នោះ​ខ្លួន​អា​អែង​នៅ​សមុទ្រ​ដែរ​ ម៉េច​ក៏​មិន​ធំ​ដូច​ពាក្យ​អា​អែង​ថា​នោះ​ទៅ​»​។ គឺ​លឺ​កង្កែប​ថា​ដូច្នោះ​ មិន​ហ៊ាន​ប្រ​កែក​តប​ត​ដោយ​ក្ដី​ខ្លាច​ ក៏​ស៊ូ​ឈប់​ស្ងៀម​នៅ​ ខំ​ហែល​ជ្រក​ តាម​កៀន​ថ្លុក​ លាក់​ខ្លួន​ខ្លាច​កង្កែប​នោះ​ហោង​។

រឿង​នេះ​បាន​សេច​ក្ដី​ដល់​បុគ្គល​ល្ងង់​ខ្លៅ​ ដែល​បាន​ចេះ​ដឹង​វិជ្ជា​តិច​តួច​ រឺ​មាន​ទ្រព្យ​សម្បត្ដិ​តិច​តួច​ សំគាល់​ខ្លួន​ថា​ គ្មាន​វិជ្ជា​អែ​ណា​អោយ​លើស​នេះ​ទៅ​ទៀត​ដែល​ខ្លួន​មិន​ចេះ​នោះ​ រឺ​សំគាល់​ថា​ទ្រព្យ​សម្បត្ដិ​នេះ​គ្មាន​នរណា​មាន​ស្មើ​អាត្មា​ លើស​អាត្មាត​ទៅ​ទៀត​ ទោះ​មាន​គេ​មក​សរ​សើរ​ពី​មហា​ប្រទេស​ថា​ មាន​អ្នក​មាន​សម្បត្ដិ​បរិ​បូណ៌​វិសេស​ ទាំង​វិជ្ជា​ចំនេះ​ក៏​មាន​ គេ​ចេះ​ច្រើន​ណាស់​ លឺ​យ៉ាង​នេះ​ក៏​នៅ​មិន​ជឿ​គេ​ នៅ​តែ​អួត​ទ្រព្យ​សម្បត្ដិ​ខ្លួន​ អួត​ចំនេះ​វិជ្ជា​ខ្លួន​នោះ​អែង​។ បទ​កង្កែប​ អួត​ទឹក​ថ្លុក​នោះ​ សម​ដោយ​បទ​ព្រះ​បាលី​ក្នុង​លោក​និតិ​ថា៖

អប្បសុតោ សុតំ អប្បំ ពហុមញ្ញេតិ មានវា សន្ទុទកំ អប្បសន្ដោ កុបេ តោយំវ មណ្ឌូកោ។
ប្រែថាៈ ខ្លៅ​ប្រៀន​រៀន​ត្រាប់​ ស្ដាប់​តិច​តួច​ សំគាល់​ថា​ខ្លួន​ស្រួច​ចេះ​មិន​ទាល់​ មិន​ដឹង​ពុទ្ធ​ពចន៍​នៅ​សែន​សល់​ ដូច​កល់​កង្កែប​បែប​កំលៅ​។ នៅ​ក្នុង​អន្ដូង​រន្ដៅ​ទាល់​ មិន​ដែល​ទៅ​ស្គាល់​សមុទ្រ​ជ្រៅ​ សំគាល់​អន្ដូង​ដែល​ខ្លួន​នៅ​ ថា​ជ្រៅ​ថា​ធំ​លើស​នានា​។
ចប់តំរាអ្នកខ្លៅដៅខ្លួនថាចេះអស់ ជាគតិទី៤៩

រឿងចៅវ៉ែនរកទិញវ៉ែនតាមើលអក្សរដាច់

និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សេស​ មាន​បុរស​ម្នាក់​ឈ្មោះ​ចៅ​វ៉ែន​ ចៅ​នោះ​ជា​មនុស្ស​ល្ងង់​ឆោត​ខ្លៅ​ ឃើញ​អ្វី​ៗ​ ក្ដី​ រឺ​ ធ្វើ​ការ​អ្វី​ៗ​ក្ដី​ ពុំ​មាន​សាក​សួរ​គេ​អោយ​ដឹង​ហេតុ​ដឹង​បច្ច័យ​នោះ​ឡើយ​ សឹង​ប្រមាណ​យក​តែ​តាម​គំនិត​ខ្លួន​អែង​ ថ្ងៃ​មួយ​ចៅវ៉ែន​ដើរ​ទៅ​លេង​ បាន​ឃើញ​តា​ចាស់​ម្នាក់​ឈ្មោះ​តា​ឃ្លាំង​ គាត់​ពាក់​វ៉ែន​តា​មើល​សាស្រ្ដា​ ដោយ​ភាវៈ​គាត់​ជា​មនុស្ស​ចាស់​ ចៅ​វ៉ែន​ឃើញ​នឹក​សំគាល់​ក្នុង​ចិត្ដ​អែង​ថា​ ដែល​គេ​មើល​សាស្រ្ដា​ មើល​សំបុត្រ​នោះ​ គឺ​គេ​មើល​ដឹង​នឹង​វ៉ែន​តា​ទេ​តើ​ អើ​បើ​ដូច្នោះ​ក្រ​អ្វី​សព្វ​បើ​វ៉ែន​តា មាន​គេ​លក់​នៅ​ផ្សារ​ជា​អខោ​(១)​ អញ​នឹង​ទៅ​ទិញ​យក​មក​ពាក់​មើល​សាស្រ្ដា​ មើល​សំបុត្រ​ ដូច​តា​ឃ្លាំង​នេះ​ក៏​បាន​ គិត​ហើយ​ចៅ​វ៉ែន​យក​ប្រាក់​ ១​រៀល​ដាក់​ក្នុង​ហោ​ប៉ៅ​ដើរ​ទៅ​កាន់​ហាង​ ដល់​ហើយ​ក៏​ចូល​ទៅ​សួរ​​ថា ផ្ទះ​នាក់​ដង្ខៅ​មាន​វ៉ែន​តា​លក់​ទេ​។

១ = អខោ ពាក្យប្រើកាត់មកពីពាក្យ អក្ខោភិនី មានន័យថា ច្រើន ច្រើនក្រៃពេក ច្រើនជាអក្ខោភិនី នាយហាងឆ្លើយប្រាប់ថា «មាន ចៅចង់ទិញបែបណា ចូរថាមក»
ចៅ​វ៉ែន​ថា «ខ្ញុំ​បាទ​ត្រូវ​ការ​តែ​វ៉ែន​តា​យ៉ាង​ល្អ​ៗ​ថ្លៃ​ស្មើ​១​រៀល​ សូម​អ្នក​ដង្ខៅ​យក​មក​ពាក់​មើល​»​។ នាយ​ហាង​ក៏​យក​វ៉ែន​តា​១ ខ្នាត​អាយុ​មនុស្ស​សាម​សិប​ប្លាយ​ ហុច​ទៅ​អោយ​ចៅ​វ៉ែន​ ហើយ​ថា «ចៅ​អែង​ពាក់​ល​មើល​ទៅ​» ចៅ​វ៉ែន​ក៏​ទទួល​យក​វ៉ែន​តាម​ក​ពាក់​ហើយ​ថា «ផ្ទះ​អ្នក​ដង្ខៅ​មាន​កាក​សំបុត្រ​ ខ្លះ​ទេ​ខ្ញុំ​ នឹង ពាក់​មើល​អក្សរ​នោះ​ល្បង​មើល​»​ នាយ​ហាង​ឆ្លើយ​ថា​មាន​ ថា​ហើយ​ទៅ​យក​កាក​សំបុត្រ​១ ផ្ទាំង​ហុច​អោយ​ ទៅ​ចៅ​វ៉ែន​ៗ​ ទទួល​មក​មើល​សំបុត្រ​មិន​ដាច់​មិន​ដឹង​ដូច្នោះ ក៏​ដោះ​វ៉ែន​តា អោយ​ទៅ​នាយ​ហាង​វិញ​ ហើយ​ថា​វ៉ែន​តា​នេះ​ មិន​ស៊ី​ភ្នែក​ខ្ញុំ​បាទ​ទេ​ នាយ​ហាង​ក៏​រើស​យក​វ៉ែន​តា​ថ្មី​១ ហុច​ទៅ​អោយ​ល​ម្ដង​ទៀត​ ចៅ​វ៉ែន​ពាក់​មើល​ក៏​ដូច​មុន​ ទើប​ដោះ​អោយ​ទៅ​នាយ​ហាង​វិញ​ នាយ​ហាង​ផ្លាស់​វ៉ែន​តា​អោយ​ចៅ​វ៉ែន​ពាក់​មើល​សំបុត្រ​នោះ​មិន​តែ​១​ដង​ ២​ដង​ឡើយ​ រើ​ ផ្លាស់​អស់​វ៉ែន​តា ១​ឡូ​ ក៏​មិន​ត្រូវ​ភ្នែក​ចៅ​វ៉ែន​សោះ​ នាយ​ហាង​ផ្លាស់​មិន​ឈ្នះ​ក៏​ខឹង នឹក​ថា​វ៉ែន​តា​ច្រើន​ដល់​ម៉្លេះ​ក៏​នៅ​តែ​មិន​ត្រឹម​ត្រូវ​ ទើប​យក​វ៉ែន​តា ១​យ៉ាង​ល្អ​អោយ​ចៅ​វ៉ែន​ពាក់​មើល​ទៀត​ ហើយ​ទៅ​លប​មើល​ពី​ក្រោយ​ខ្នង​ចៅ​វ៉ែន​កំពុង​ មើល​សំបុត្រ​ ចៅ​វ៉ែន​មិន​ចេះ​អក្សរ​ កាន់​សំបុត្រ​មើល​ច្រាស​ជើង​អក្សរ​លើ​​ជា​ក្រោម​ នាយ​ហាង​ឃើញ​ខុស​ដូច្នោះ​ ក៏​នឹក​ថា​ អា​នេះ​មិន​ចេះ​អក្សរ​ទេ​ដឹង​ បាន​ជា​មើល​ច្រាស​ជើង​អក្សរ​យ៉ាង​នេះ គិត​ហើយ​ក៏​សួរ​ថា​ «ចៅ​អែង​មិន​ចេះ​អក្សរ​ទេ​ដឹង​ បាន​ជា​មើល​សំបុត្រ​ផ្ដាស​ច្រាស​លើ​ជា​ក្រោម​យ៉ាង​នេះ​»​។ ចៅ​វ៉ែន​តប​ថា «បើ​ខ្ញុំ​ចេះ​អក្សរ​ហើយ​ចាំ​បាច់​មក​ទិញ​វ៉ែន​តា​នេះ​ អោយ​បង់​ប្រាក់​ទទេ​ធ្វើ​អ្វី​»​។

នាយ​ហាង​លឺ​ដូច្នោះ​ ក៏​ដឹង​ថា ចៅ​វ៉ែន​មិន​ចេះ​អក្សរ​ មក​ទិញ​វ៉ែន​តា​ពាក់​មើល​អក្សរ​អោយ​ដាច់​ ទើប​នាយ​ហាង​សើច​ផង​ ខឹង​ផង និយាយ​ទៅ​ថា «អើ​ចៅ​អើយ មនុស្ស​ក្នុង​លោក​នេះ រក​ក្រ​ មាន​ដូច​ចៅ​អែង​ណាស់​ ចៅ​លឺ​នរ​ណា​ថា មនុស្ស​មិន​រៀន​អក្សរ​ហើយ​មក​ទិញ​វ៉ែន​តា​ពាក់​មើល​អក្សរ​ដាច់​បាន​ វ៉ែន​តា ​មនុស្ស​លោក​ដែល​ពាក់​មើល​អក្សរ​ដាច់​នោះ​មិន​ដែល​​មាន​ទេ​ ក្រែង​តែ​វ៉ែន​តា​ខ្មោច​នោះ​ ទើប​ពាក់​មើល​អក្សរ​ដាច់​បាន​ បើ​ដូច្នេះ ចៅ​ទៅ​ទិញ​វ៉ែន​តា​ខ្មោច​ចុះ វ៉ែន​តា​មនុស្ស​គ្មាន​ទេ​ ចៅ​អែង​ពេញ​ជា​ឆ្កួត​ពិត​ប្រាកដ​ ធ្វើ​អោយ​យើង​នឿយ​ហត់​នឹង​ការ​រើស​ផ្លាស់​វ៉ែន​តា​ យក​ចេញ​យក​ចូល​អោយ​ពាក់​មើល​ ព្រើល​យ៉ាង​នេះ​ ចូរ​ទៅ​ផ្ទះ​ចៅ​ឆាប់​ កុំ​នៅ​ចាំ​ត​ទិញ​វ៉ែន​តា​អែ​ណា​ទៀត​ឡើយ​»​។ ចៅ​វ៉ែន​បាន​លឺ​នាយ​ហាង​ត្មះ តិះ​ដៀល​ដូច្នោះ​ កើត​ខ្មាស​ពួក​អ្នក​ផ្សារ​ ទើប​ចុះ​ចរ​យាត្រា​ទៅ​ផ្ទះ​ខ្លួន​វិញ​ហោង​។

រឿង​នេះ​ បាន​គតិ​ដូច​បុគ្គល​អ្នក​ឃើញ​អ្វី​លឺ​អ្វី​ហើយ​ ស្មាន​យក​ដោយ​គំនិត​ខ្លួន​អែង​ ដូច​អ្នក​ខ្លះ​ឃើញ​សម្ល​សៀម​ រឺ​បាន​ស៊ី​ សម្ល​សៀម​ ដែល​ស្ល​ដោយ​ម្ទេស​ឆ្អើរ​នឹក​ស្មាន​ប្រមាណ​ថា គេ​ស្ល​ដោយ​ខ្លាញ់​បង្កង​ បាន​ជា​ក្រហម​យ៉ាង​នេះ​ មាន​អ្នក​ខ្លះ​ លឺ​គេ​ថា​ធ្វើ​ប្រេង​ដូង​ ដោយ​ដូង​ទុំ ក៏​ស្មាន​ថា គេ​កាប់​ដូង​យក​សាច់​មក​លំអិត​ដាក់​ឆ្នាំង​រំងាស់​ រឺ​លីង នឹង​អំបែង​អោយ​ចេញ​ ប្រេង​យ៉ាង​នេះ​ក៏​មាន​​អ្នក​ខ្លះ​បាន​ស៊ី​ចំនី​ក្នុង​ក្រុង​តែ​មិន​ដឹង​ជា​គេ​ធ្វើ​ដូច​ម្ដេច​ ទៅ​ស្មាន​យក​ដោយ​យោ​បល់​ខ្លួន​អែង​ ហើយ​បា​ន​ក្ដី​ទោស​មនស្ស​ក្រោយ​វិញ​ក៏​មាន​ ដូច​មាន​និទាន​និយាយ​ថា៖

រឿងបុរសអ្នកស្រែ មានសំលាញ់ក្នុងទីក្រុង

កាល​នោះ​មាន​អ្នក​ស្រែ​ម្នាក់​មាន​សំលាញ់​ម្នាក់​នៅ​ក្នុង​ក្រុង​ អ្នក​ស្រែ​នោះ​មាន​ការ​ បាន​ទៅ​រក​សំលាញ់​អែ​ក្រុង​ សំលាញ់​នោះ​គេ​ក៏​ទទួល​អោយ​សំណាក់​​នៅ​ ដល់​ពេល​គេ​ធ្វើ​បបរ​មៀន​លើក​មក​អោយ​ស៊ី​តាម​ក្ដី​រាប់​អាន​ ចៅ​នោះ​បាន​ស៊ី​បបរ​មៀន​ផ្អែម​ឆ្ងាញ់​ហើយ​នឹក​ថា​ ផ្លែ​មៀន​នេះ​គេ​ប្រើ​ធ្វើ​បបរ​ជា​ណាស់​ដែរ​តើ​ អែង​មិន​ដឹង​សោះ​ ចាំ​ទៅ​ផ្ទះ​វិញ​នឹង​ប្រាប់​ នឹង​ ប្រពន្ធអោយ​បបរ​ ចៅ​នាះ​គិត​តែ​ដូច្នោះ​ នឹង​បាន​គិត​សាក​សួរ​វិធី​បបរ​មៀន​នោះ​ ធ្វើ​ដូច​ម្ដេច​ខ្លះ គេ​ដាក់​អ្វី​ខ្លះ​ក៏​អិត​អង្គឺ​មាន​ លុះ​នៅ​អស់​​កិច្ច​ការ​ខ្លួន​ហើយ​ ក៏​លា​សំលាញ់​ទៅ​ស្រុក​អាត្មា​វិញ​ និយាយ​ប្រាប់​ប្រពន្ធ​ពី​រឿង​បបរ​​មៀន​នោះ​។ នាង​ប្រពន្ធ​​ថា ​ផ្លែ​មៀន​យើង​ក៏​មាន​បរិ​បូណ៌​ តែ​យើង​មិន​ដែល​បបរ​ឡើយ​ មិន​ដឹង​ជា​គេ​ដាក់​អ្វី​ខ្លះ​ ចៅ​នោះ​ថា​គ្មាន​ដាក់​អ្វីទេ​ ដាក់​តែ​អង្ករ​ដំនើប​ និង​ខ្ទិះ​ដូង​ប៉ុណ្ណោះ​អែង​។ នាង​ប្រពន្ធ​ក៏​ទៅ​បេះ​ផ្លែ​មៀន​យក​មក​បក​ដាក់​ក្នុង​ឆ្នាំង​ដាក់​អង្ករ​ដាក់​ខ្ទិះ​ដូង​ ហើយ​បបរ​តាម​ពាក្យ​ប្ដី​បង្គាប់​ លុះ​ឆ្អិន​ហើយ​ ក៏​ដួស​យក​មក​អោយ​ប្ដី​ ចៅ​ប្ដី​បបួល​នាង​ប្រពន្ធ​ស៊ី​ជា​មួយ​គ្នា​ លុះ​ស៊ី​ទៅ​មិន​ផ្អែម​មិន​ធុំ​ក្លិន​មៀន​ ក៏​ពោល​ថា កាល​អញ​ទៅ​ស៊ី​បបរ​សំលាញ់​នោះ​ ម្ដេច​ក៏​ផ្អែម​ ហើយ​ធុំ​ក្លិន​មៀន​ពិសា​ម៉្លេះ​ បបរ​យើង​នេះ​ ម្ដេច​មិន​ដូច​បបរ​សំលាញ់​នោះ​ហៈ​។ នាង​ប្រពន្ធ​សួរ​ថា កាល​អ្នក​ពិសា​បបរ​សំលាញ់​រួច​ហើយ​នោះ​ តើ​អ្នក​បាន​សួរ​គេ​ថា​ ដាក់​អ្វី​ខ្លះ​គេ​ដាក់​ស្ករ​ដែរ​ រឺ​ ដូច​ម្ដេច​។ ចៅ​ប្ដី​ថា «មិន​បាន​សួរ​គេ​ទេ យើង​ស្មាន​ប្រមាណ​យក​ដោយ​ខ្លួន​អែង​យ៉ា​ង​នេះ ណ្ហើយ​ចុះ​ចាំ​ទៅ​ក្រោយ​ទៀត​សួរ​គេ​ អែ​បបរ​នេះ​ស៊ី​មិន​បាន​ទេ ចូរ​អែង​ចាក់​ចោល​អោយ​ឆ្កែ​ឆ្មា​វា​ស៊ី​ទៅ​ចុះ​» នាង​ប្រពន្ធ​ ក៏​ចាក់​បបរ​នោះ​ចោល​ទៅ​ដី​អស់​ហោង​។

មួយ​ទៀត​ អ្នក​ស្មាន​ក្នុង​ការ​តែង​តួ​ក៏​មាន​ មាន​និទាន​ដូច​ពួក​អស់​អ្នក​ក្នុង​វាំង​ថា កាល​នោះ​មាន​ស្រី​ម្នាក់​ឈ្មោះ​នាង​សែង​ ចន្ទ នៅ​ក្នុង​ព្រះ​រាជ​វាំង​ហ្លួង​ នាង​នោះ​វេលា​លាប​ម្សៅ​រមៀត​ នាង​យក​សាប៊ូ​ក្រអូប​យ៉ាង​ល្អ​លាយ​នឹង​ផង់​រមៀត​លាប​កាយ​ ហើយ​ងូត​ទឹក​ដុស​ខាត់​កាយ​ដោយ​ទឹក​សាប៊ូ​រ​មៀត​នោះ​អែង​ អំនាច​សាប៊ូ​ផង់​រមៀត​ចូល​សាច់​ ក៏​ឡើង​សំបុរ​បំព្រង​ល្អ​ គ្រា​នោះ​ មាន​ស្រី​ម្នាក់​ឃើញ​នាង​សែង​ចន្ទ​លាប​ម្សៅរ​មៀត​ល្អ​ដូច្នោះ​ ក៏​ស្មាន​ប្រមាណ​យក​ដោយ​ខ្លួន​អែង​ ទើប​យក​កំបោរ​លាយ​នឹង​ផង់​រមៀត​លាប​កាយ​ខ្លួន​ អំនាច​កំបោរ​ត្រូវ​រមៀត​ ក៏​ឡើង​ពណ៌​ក្រហម​ដល់​ស្ងួត​ទៅ​ក៏ស្រមែក​ស្រមោក​យល់​អាក្រក់​ មិន​គួរ​ស្នេហា​ឡើយ​ ហើយ​បាន​ទទួល​ពាក្យ​តិះ​ដៀល​អំពើ​នាង​សែង​ចន្ទ​ដោយ​ប្រការ​ផ្សេង​ៗ​ហោង​។

មួយ​ទៀត​មាន​ស្មាន​យក​ក្នុង​លាភ​សក្ការៈ​ក៏​មាន​ មាន​និទាន​ដូច​មន្រ្ដី​ម្នាក់​ជា​ចៅ​ក្រម​សាលា​ គ្រា​កាល​នោះ​ មាន​កូន​ក្ដី​ម្នាក់​ ត្រូវ​គេ​ចោទ​ដោយ​ខ្លួន​ប្រព្រឹត្ដ​ការ​ខុស​ ពួក​ចៅ​ក្រម​បាន​បង្គាប់​អោយ​ធ្វើ​ពាក្យ​ឆ្លើ​យ​តប​ពាក្យ​ចោទ​ ចៅ​នោះ​គិត​នឹង​ចង់​សូក​ចៅ​ក្រម​ លុះ​ចៅ​ក្រម​បែរ​មក​ត្រង់​ចំ​មុខ​ ក៏​លើក​ដៃ​មួយ​ធ្វើ​ក្រ​ងក់​ទំនង​ដង​រែក​ បង្ហាញ​ទៅ​ចៅ​ក្រម​នោះ​ៗ​ ក៏​ដឹង​សេច​ក្ដី​​ថា ចៅ​នោះ​សូក​ហើយ នឹក​ស្មាន​ថា​ចៅ​នោះ​ជូន​សេះ​មួយ​ អោយ​ជួយ​ឈ្នះ​ចោទ​ក្នុង​រឿង​ក្ដី​នេះ​អែង​ ទើប​ជួយ​កែ​ខៃ​ធ្វើ​អោយ​ក្ដី​ចៅ​ចំលើយ​នោះ​បាន​ឈ្នះ​ចោទ​ តាម​ភាវៈ​ខ្លួន​លោភ​អាមិស​នោះ​អែង​។ អែ​ចៅ​ចំលើយ​បាន​ដឹង​ថា​ក្ដី​ខ្លួន​ឈ្នះ​ហើយ​ ក៏​ត្រេក​អរ​ នឹក​ដល់​គុណ​ចៅ​ក្រម​ជួយ​ខ្លួន​ ទើប​ធ្វើ​វែក​ដោះ​បាយ​មួយ​យក​ទៅ​ជូន​ចៅ​ក្រម​នោះ ​ៗ​ក៏​ថា «កាល​អែង​ លើក​ដៃ​ក្រ​ងក់​ជា​ន័យ​បង្ហាញ​ទៅ​អញ​នោះ​ គឺ​អែង​អោយ​សេះ​អញ​ នេះ​ម្ដេច​អែង​យក​វែក​មក​អោយ​អញ​វិញ​ អញ​ក្រ​អ្វី​អា​វែក​ត្រលោក​ដូង​»​។ ចៅ​នោះ​ក៏​ជំរាប​ថា «ដែល​ខ្ញុំ​បាទ​លើក​ដៃ​ក្រ​ងក់​នោះ​ គឺ​ខ្ញុំ​បាទ​សំដៅ​ត្រង់​រូប​វែក​នេះ​អែង​ ព្រោះ​ដង​វែក​ក្រ​ងក់​មាន​សន្ឋាន​ដូច​ដៃ​ខ្ញុំ​បាទ​ធ្វើ​បង្ហាញ​លោក​ក្នុង​កាល​នោះ​អែង​ ខ្ញុំ​បាទ​នឹង​បាន​ថា​ជូន​សេះ​មួយ​ដល់​លោក​កាល​ណា​ សូម​លោក​ទទួល​វែក​មួយ​ទុក​ប្រើ​ដួស​បាយ​ក្នុង​ផ្ទះ​លោក​ចុះ​ ជា​គុណូ​បការៈ​របស់​ខ្ញុំ​បាទ​ជូន​ ព្រោះ​ជួយ​ក្ដី​ខ្ញុំ​បាទ​បាន​ឈ្នះ​ចោទ​នោះ​អែង​។ អែ​ចៅ​ក្រម​នោះ​ក៏​ទាល់​ប្រាជ្ញា​ នឹង​ថា​អ្វី​ទៅ​ទៀត​ពុំ​បាន​ ព្រោះ​ខ្លួន​ស្មាន​ខុស​ហោង​។

រឿង​និទាន​ អ្នក​ស្មាន​ប្រមាណ​យក​ខុស​ចាក​ក្ដី​ប្រាថ្នា​នោះ​ មាន​ពិស្ដារ​ទៀត​ច្រើន​ណាស់​ មិន​ឈ្នះ​នឹង​ពណ៌នា​ អញ្ជើញ​ប្រាជ្ញ​ប្រីជា​ចូល​ចិត្ដ​ វិចិត្រ​ដោយ​រឿង​ចៅ​វ៉ែន​ជា​បែប​ហោង​។

វ៉ែនអើយចៅវ៉ែន ល្ងង់អ្វីសល់សែន ក្នុងដែនគោកធ្លក
អក្សរមិនរៀន របៀនមិនរក ទៅគិតស្មានយក
កែវឆ្លុះសាស្ដ្រា។
គេចេះគេចាស់ គេមើលមិនច្បាស់ គេពាក់វ៉ែនតា
វ៉ែនអែងមិនចេះ ត្រិះខុសសញ្ញា នឹងមានវ៉ែនតា
អែណាមើលដាច់។
ចប់តំរាស្មានខុសជាគតិទី៥០