ថ្ងៃសៅរ៍ ទី7.មករា 2017.ម៉ោង 9:48
រឿងបុរសចៅស្ពាយធាតុ

មាន​បុរស​កំលោះ​ម្នាក់​ ឈ្មោះ​ចៅ​ស្ពាយ​ធាតុ​នៅ​ក្នុង​ជន​បទ​មួយ​ មាន​ចិត្ដ​ស្រលាញ់​នាង​កុល​ធីតា​ម្នាក់​ ចង់​បាន​ជា​ភរិយា​។ នាង​កុល​ធីតា​នោះ​មាន​រូប​សោភា​ ជា​ទី​គាប់​ចិត្ដ​នៃ​ក្មេង​កំលោះ​ទាំង​ឡាយ​ នៅ​ក្នុង​ភូមិ​នោះ​។ បណ្ដា​ក្មេង​កំលោះ​ទាំង​ឡាយ​សឹង​ចង់​បាន​នាង​ធីតា​នោះ​គ្រប់​ៗ​គ្នា លុះ​នៅ​យូរ​មក​នាង​កុល​ធីតា​នោះ​មាន​ជំងឺ​ឈឺ​ស្គម​លឿង​ ក៏​ធ្វើ​កាល​កិរិ​យាក្ស័យ​បង់​។

ថ្លែង​ពី​ចៅ​ស្ពាយ​ធាតុ កាល​បាន​ដឹ​ង​ថា នាង​ធីតា​ធ្វើ​កាល​កិរិយា​ស្លាប់​ហើយ ក៏​មាន​សេច​ក្ដី​សោក​ស្ដាយ ដោយ​ក្ដី​ស្នេហា​ខ្លាំង​ក្រៃ​ ទើប​ចេញ​ចាក​គេហ​ដ្ឋាន​ទៅ​កាន់​ប៉ាឆា​ តាំង​សោក​អាល័យ​អង្គុយ​យំ​នៅ​ទី​ដុត​ខ្មោច​នោះ​ ហើយ​ក៏​រើស​ធាតុ​ដាក់​ថង់ ដោយ​គិត​ថា នឹង​យក​ឆ្អឹង​នាង​ធីតា​នោះ​ទៅ​អោយ​ព្រះ​មហា​អិសី​លោក​ប្រោះ​ជុប​អោយ​ ហើយ​យក​ធ្វើ​ជា​ភរិយា​ មិន​ដឹង​ជា​នាង​ធីតា​មាន​គេ​ដេក​ស្លាប់​ជា​មួយ​ឆ្អឹង​ធាតុ​នៅ​លាយ​ជា​មួយ​គ្នា​ឡើយ​។

ចៅ​ស្ពាយ​ធាតុ​ ក៏​តាំង​ប្រមូល​ធាតុ​ទាំង​អស់​ដាក់​ថង់​ ហើយ​ស្ពាយ​ដើរ​ទៅ​កាន់​ព្រៃ​ហិ​មពាន្ដ​ លុះ​ទៅ​ដល់​ទី​អាស្រម​មហា​អិសី​ ក៏​ធ្វើ​អាការៈ​ទោម​នស្ស​តូច​ចិត្ដ​ ចូល​ទៅ​ក្រាប​សំពះ​ព្រះ​អីសី​ថ្លែង​សេច​ក្ដី​ថា «បពិត​ព្រះ​ករុណា​ម្ចាស់​! ខ្ញុំ​ព្រះ​ករុណា​នេះ​ ជា​មនុស្ស​កំព្រា អីលូវ​ភរិយា​ស្លាប់​ចោល​បង់​ ព្រះ​គុណ​អើយ​!​ នាង​ភរិយា​នេះ​ជា​ទី​ស្រលាញ់​ពេញ​ចិត្ដ​ខ្ញុំ​ព្រះ​ករុណា​ក្រៃ​ពេក​ណាស់​ បាន​ជា​ខំ​ស្ពាយ​ធាតុ យក​មក​ដល់​ព្រះ​ករុណា​ សូម​ព្រះ​ករុណា​មេត្ដា​ប្រោស​ប្រោះ​ជីវិត​នាង​អោយ​រស់​ដូច​ដើម​វិញ​ ខ្ញុំ​ព្រះ​ករុណា​ នឹង​បាន​នៅ​ជា​មួយ​គ្នា​ត​ទៅ​»​។

អែ​ព្រះ​មហា​មុនី​បាន​ស្ដាប់​ពាក្យ​ចៅ​ស្ពាយ​ធាតុ​ដូច្នោះ​ ក៏​អានិត​មេត្ដា​ទើប​ទទួល​ថា «អើ​ចៅ​ចាំ​យើង​ប្រោះ​អោយ​» ថា​ហើយ​ក៏​តាំង​សមាធិ​បរិ​កម្ម​ព្រះ​វេទ​ប្រោះ​ធាតុ​នោះ​។ អែ​ធាតុ​នាង​ធីតា​ នឹង​ធាតុ​ចៅ​សមរ​ណ​មានព​ កាល​បើ​ត្រូវ​រិទ្ធិ​ព្រះ​វេទ​ វិសេស​ហើយ​ ក៏​កើត​ឡើង​ជា​រូប​ប្រាកដ​ទាំង​ពីរ​ ចំពោះ​មុខ​មហា​អីសី​ ៗ​បាន​យល់​រូប​ស្រ្ដី និង​បុរស​ដូច្នាះ​ ក៏​សួរ​ទៅ​ចៅ​ស្ពាយ​ធាតុ​ថា «អើ​ចៅ​អើយ​ កាល​ដើម​ចៅ​ប្រាប់​យើង​ថា​ប្រពន្ធ​ជា​ទី​គាប់​ចិត្ដ​ស្លូត​ត្រង់​នឹង​ខ្លួន​ ស្លាប់​ទៅ​តែ​ម្នាក់​អែង​ទេ អីលូវ​ នេះ​ម្ដេច​ក៏​ឃើញ​រូប​ដល់​ទៅ​ពីរ​យ៉ាង​នេះ​ រូប​ប្រុស​នេះ​គេ​ជា​ប្ដី​នាង​នេះ​ទេ​ដឹង​ ចៅ​អែង​ទៅ​រើស​យក​ធាតុ​គេ​ផ្ដា​សមក​ដូច្នេះ​ តើ​យើង​នឹង​លើក​នាង​ធីតា​អោយ​ទៅ​ចៅ​អែង​ម្ដេច​បាន​។ ចៅ​ស្ពាយ​ធាតុ​បែរ​ទៅ​ឃើញ​រូប​ប្រុស​នៅ​រួម​នឹង​នាង​ធីតា​​ដូច្នោះ​ ក៏​អន់​ចិត្ដ​គិត​ថា​ការ​នេះ​មិន​សំរេច​ដល់​ខ្លួន​ហើយ​ តែ​មិន​សុខ​ចិត្ដ​ទើប​ពិត​ពុទ្ធ​ដិការ​ថា «ករុណា​ម្ចាស់​ នាង​នេះ​រស់​ឡើង​បាន​ក៏​ព្រោះ​ខ្ញុំ​ករុណា​ខំ​អុស្សាហ៍​ព្យា​យាម​នាំ​យក​ធាតុ​វា​មក​ដល់​ព្រះ​ករុណា​ ហើយ​បាន​និមន្ដ​ព្រះ​ករុណា​អោយ​ប្រោះ​ដូច្នេះ​ត្រូវ​ព្រះ​ករុណា​ប្រទាន​អោយ​ខ្ញុំ​ហោង​»​។

ព្រះ​មហា​អិសី​ក៏ត​ប​ថា «ការ​នេះ​នឹង​លើក​អោយ​ដល់​ចៅ​អែង​ពុំ​ទាន់​បាន​ ព្រោះ​មាន​ប្រុស​ពីរ​នាក់​យ៉ាង​នេះ​ តោង​សួរ​ចិត្ដ​ស្រី​កណ្ដាល​សិន​ ជា​ចិត្ដ​នាង​តើ​ព្រម​ស្ម័គ្រ​ទៅ​នឹង​ប្រុស​ណា» ថា​ហើយ​ព្រះ​សីលា ក៏​សួរ​ទៅ​នាង​ធីតា​នោះ​ថា «អើ​នាង ចៅ​នេះ​គ្នា​ខំ​ខ្មី​ឃ្មាត​ស្ពាយ​ធាតុ​នាង​អែង​យក​មក​អោយ​ប្រោះ​ ដើម្បី​នឹង​យក​ជា​ភរិយា​ អីលូវ​នាង​អែង​រស់​ហើយ​តែ​មាន​ប្រុស​ កើត​រួម​ជា​មួយ​ផង​ ដូច្នេះ​តើ​នាង​អែង នឹង​ទទួល​យក​ប្រុស​ណា​ជា​ប្ដី​ ចូរ​ថា​ទៅ​មើល​ យើង​នឹង​ផ្សំ​ផ្គុំ​អោយ​»​។

អែ​នាង​ធីតា​ក៏​ពិត​ពុទ្ធ​ដិកា​ថា «​ខ្ញុំ​ព្រះ​ករុណា​យល់​ឃើញ​ថា​អ្នក​បង​ស្ពាយ​ធាតុ​នេះ​គាត់​មាន​គុណ​វិសេស​ទុក​ស្មើ​បិតា​បង្កើត​​ខ្លួន​ហើយ​ តែ​អ្នក​បង​ដែល​ស្លាប់​ជា​មួយ​រស់​ជា​មួយ​នេះ ឃើញ​ចិត្ដ​វិសេស​ណាស់​ ក្នុង​លោក​នេះ​រក​ចិត្ដ​ប្រុស​យ៉ាង​នេះ​ពុំ​មាន​ ហេតុ​នេះ​ត្រូវ​ព្រះ​ករុណា​ផ្សំ​ផ្គុំ​ខ្ញុំ​នឹង​អ្នក​បង សមរណ​មានព​នេះ​ចុះ​ អែ​អ្នក​បង​ស្ពាយ​ធាតុ​នោះ​ ខ្ញុំ​ទុក​គាត់​ជា​បង​ធម៌ រឺ​ជា​បង​បង្កើត​ទៅ​ចុះ ព្រោះ​គាត់​មាន​គុណ​បាន​នាំ​យក​ធាតុ​ខ្ញុំ​មក​អោយ​ព្រះ​ករុណា​ប្រោះ​រស់​រួច​បាន​ ដោយ​សភាព​យ៉ាង​នេះ​។ អែ​ព្រះ​អីសី​បាន​ស្ដាប់​សំដី​នាង​ធីតា​ថា​ដូច្នោះ​ ក៏​យល់​ត្រឹម​ត្រូវ​ពិត​មែន ទើប​ផ្សំ​នាង​ធីតា​នោះ​អោយ​ជា​ភរិយា​នៃ ចៅ​សម​រណ​មានព​ តាំង​ចៅ​ស្ពាយ​ធាតុ​អោយ​ជា​បង​ធម៌ ស្រេច​ហើយ​ក៏​អោយ​អ្នក​ទាំង​៣ ធ្វើ​ដំនើរ​វិល​ទៅ​ស្រុក​វិញ​ហោ ង​។

រឿង​នេះបាន​គតិ​ដល់​បុគ្គល​យល់​តែ​ផ្លូវ​បាន​លាភ​ចំណែក​មួយ មិន​ដឹង​ជាលាភ​នោះ​មាន​អាការ​យ៉ាង​ណាៗ​ ប្រាជ្ញ​មាន​បញ្ញា​គួរ​គិត​ទៅ​ទៀត​ចុះ​។

ជនអើយជនជាតិ ជនខំខ្មីឃ្មាត ស្ពាយធាតុយាត្រា
ទៅរកតាបស អោយប្រោះកញ្ញា ដោយចិត្ដគិតថា
បានខ្លួនជាប្ដី។
មិនដឹងមារយាទ ឆ្អឹងប្រុសលាយជាតិ នឹងធាតុប្អូនស្រី
ស្រាប់តែលោកប្រោះ រូបរស់ជាថ្មី ឃើញរូបប្អូនស្រី
មានប្ដីទៅហើយ។
ស្កុនអើយស្កុនស្កាត់ ស្កុនសោកវិបត្ដ ខានបានរួមខ្នើយ
មិនដឹងកលស្នៀត កន្លៀតប្អូនឡើយ បានគូកៀកកើយ
រួមរស់វេណី។
បង់អើយបង់ជាតិ បំនាច់ស្ពាយធាតុ មកដល់យោគី
អីលូវបានគេ នឿយតែអិន្រ្ទិយ សាច់មិនបានស៊ី
យកឆ្អឹងព្យួរក។

ចប់តំរាសាច់មិនបានស៊ី យកឆ្អឹងព្យួរក ជាគតិទី៦៣
រឿងខ្មោចចូលដប

រឿង​នេះ​បាន​គតិ​ដល់​បុគ្គល​អ្នក​កាន់​ទុវិជ្ជា​ការ​ គឺ​ចេះ​ធ្មប់​ចេះ​ថ្នាំ​បំពុល​គេ​ រឺ​ ចេះ​ក្បួន​អ្នក​លេង​ដើរ​លប​ចាក់​កាប់​ក្បាល​គេ​​ជា​ដើម ហើយ​មាន​លោក​អ្នក​ធំ​ លោក​ត្រូវ​ការ​ចង់​រក​ក្ដី​កំណាច​នោះ​ ខ្លួន​មិន​ដឹង​ក្ដី​អន្ដ​រាយ​ក្រោយ​ ក៏​ទៅ​សំដែង​ទុវិជ្ជា​នោះ​ ប្រាប់​លោក​អ្នក​ធំ ដើម្បី​យក​រង្វាន់​ ការ​នោះ​ជា​ផ្លូវ​អោយ​អ្នក​ធំ​ចាប់​ខ្លួន​ធ្វើ​​ខ្លួន​អោយ​វិនាស​ ដោយ​អាជ្ញា​វិញ​បាន​ ដូច​ខ្មោច​ក្នុង​ដប​នោះ​អែង ប្រាជ្ញ​គួរ​គិត​ត​ទៅ​ទៀត​ចុះ​។

ខ្មោចអើយខ្មោចខ្មាំង ទទួលប្រណាំង តាំងភ្នាល់ចូលដប
ទើបស្ទុះអោនសីរ ដៃពីរសំរប សំរាលខ្លួនខ្លប
ចូលដបបានងាយ។
ចង់ឈ្នះយកស្រី មិនដឹងកលក្ដី វិនាសរូបកាយ
ត្រូវចុកឆ្នុកជិត អស់រិទ្ធិនឹងប្រាយ ដូចកូនទន្សាយ
កាយហោងក្នុងដប។

ចប់តំរាខ្មោចក្នុងដបជាគតិទី៦៤
ចប់គតិលោកភាគ៩ តែប៉ុណ្ណេះ។