រឿងចចកចេះមន្ដបថវិជយ លើកពលសត្វទៅដន្ដើមនគរពារានសី

មាន​ព្រាហ្ម​ម្នាក់​ចេះ​មន្ដ​វិជ្ជា​វិសេស​ហៅ​ថា បថ​វិជយ​មន្ដ​ ថ្ងៃ​មួយ​ព្រាហ្មណ៍​នោះ​ចូល​ទៅ​ក្នុង​ព្រៃ​ភ្នំ​ ហើយ​ទៅ​អង្គុយ​លើ​ខ្នង​សិលា​ថ្ម​ដា​មួយ​ តាំង​ស្វាធ្យាយ​រាយ​សូត្រ​នូវ​បថ​វិជយ​មន្ដ​នោះ​ លុះ​ចប់​ហើយ ក៏​វិល​ទៅ​កាន់​គេហ​ដ្ឋាន​នៃ​អាត្មា​វិញ​ ក្រោយ​នោះ​មិញ​ មាន​សត្វ​ចចក​មួយ​ដេក​នៅ​ក្នុង​រូង​ថ្ម បាន​លឺ​បថវិ​ជយ​មន្ដ​ដែល​ព្រាហ្មណ៍​សូត្រ​ស្វាធ្យាយ​នោះ​ ក៏​ចាំ​ចេះ​ ស្ទាត់​បាន ព្រោះ​ស្ទាត់​ចំណាន​ អំពី​ជាតិ​មុន​មក​ធ្លាប់​កើត​ជា​ព្រាហ្មណ៍​ចេះ​មន្ដ​នោះ​អែង​។

អែ​ពួក​សត្វ​ទាំង​ឡាយ​ ពង្រាយ​គ្នា​ដើរ​ជា​ក្បួន​ព័ទ្ធ​នគ​រ​ពារាន​សី​ដេរ​ដាស​ពាស​ពេញ​ មាន​ចំងាយ​ចេញ​ទៅ​១២​ យោជន៍​ដោយ​ជុំវិញ​ ទើប​ស្ដេច​សព្វ​ទាថ​រាជ​អោយ​នាំ​សារ​ ចូល​ទៅ​ទូល​ស្ដេច​ពារាន​សីថា​ «យើង​ទ្រង់​ព្រះ​នាម​សព្វ​ទាថ​រាជ​ ជា​ចម​ពល​លើ​ពួក​សត្វ​ចតុប្បាទ​ទាំង​ឡាយ​ លើក​ពល​សត្វ​មក​នេះ​ ដើម្បី​នឹង​យក​ក្រុង​ពារាន​សី​នេះ​ជា​របស់​យើង​ ថា​បើ​ស្ដេច​ពារាន​សី​ នឹង​ចង់​ត​តាំង​​ប្រណាំង​ប្រលង​រិទ្ធ​នឹង​យើង​ ក៏​អោយ​រៀប​ក្បួន​ទ័ព លើក​ចេញ​មក​ច្បាំង​ក្នុង​កាល​អីលូវ​នេះ​ រឺ​មួយ​មាន​ចិត្ដ​ខ្លប​ខ្លាច​អំណាច​យើង​ មិន​ហ៊ាន​ប្រលង​តេជ​ដៃ​ទេ​ ក៏​អោយ​ស្ដេច​ពារាន​សី​បើក​ទ្វារ​នគរ​ចាំ​ទទួល​យើង ​ៗ​នឹង​ចូល​ទៅ​ក្នុង​កាល​អីលូវ​នេះ​អែង​»​។

អែ​បណ្ដា​មហា​ជន​ទាំង​ឡាយ​ មាន​ស្ដេច​ជា​ដើម​កាល​បើ​ឃើញ​ពួក​សត្វ​ចតុប្បាទ​ទាំង​ឡាយ​ លើក​មក​ចោម​ព្រះ​នគរ​មាន​សភាព​ដូច្នោះ​ ក៏​សឹង​ភិត​ភ័យ​តក់​ស្លុត​ នាំ​គ្នា​រត់​ឡើង​ផ្ទះ​ឡើង​ប្រាសាទ​ បិទ​ទ្វារ​របង​ទ្វារ​កំពែង​ទ្វារ​ផ្ទះ​ទី​ទៃ​ៗ​។ អែ​ស្ដេច​ពារាន​សី ក៏​អោយ​ប្រជុំ​នា​ម៉ឺន​មុខ​មន្រ្ដី​ពិភាក្សា​ត​តាំង​នឹង​ទ័ព​ស្ដេច​ចចក​នោះ​ កាល​ណោះ​មាន​បុរោ​ហិត​ម្នាក់​ជា​ អ្នក​មាន​សតិ​បញ្ញា ក្រាប​ទូល​ថា «ធម្មតា​កង​ទ័ព​សត្វ​តិរច្ឆាន​នេះ​ វា​នឹង​មាន​គ្រឿង​សស្រ្ដា​វុធ​អ្វី​ ក្រៅ​ពី​ស្នែង​ចង្កូម​ធ្មេញ​ក្រញាំ​ជើង​វា​នោះ​ទេ​ រឺ​វា​អាង​រិទ្ធា​នុភាព​វេទ្យា​គម​វិជ្ជា​ម្យ៉ាង​ៗ​ទេ​ដឹង​? បើ​ដូច្នេះ​ចាំទៅ​និយាយ​មើល​កល​ការ​វា​សិន​ ជា​វា​មាន ​រិទ្ធ​យ៉ាង​ណា ​បាន​ជា​វា​ក្លា​ហាន​ ហ៊ាន​មក​ធ្វើ​សឹក​នឹង​យើង​ជា​មនុស្ស​នេះ​» ទូល​ហើយ​រាជ​បុរោ​ហិត​នោះ​ឡើង​ទៅ​លើ​ប៉ម​ កំពែង​ជា​ស្ថាន​ខ្ពស់​ ហើយ​ស្រែក​សួរ​ថា «ហៃ​ស្ដេច​សព្វ​ទាថ​រាជ, អ្នក​មាន​អំណាច​គង់​លើ​ខ្នង​កេសរ​រាជ​សីហ៍ មាន​ដំរី​ពាហនៈ​រង​ខាង​ក្រោម​ ជា​ចម​ពល​លើ​ពួក​សត្វ​ចតុប្បាទ​ លើក​ព្យុហៈ​មក​មាន​ទំហំ ១២​យោជន៍​ ដើម្បី​មក​ច្បាំង​នឹង​យើង​ជា​ជាតិ​មនុស្ស​នេះ​ តើ​អ្នក​មាន​គ្រឿង​សាស្រ្ដា​វុធ​អ្វី​ខ្លះ អាច​យក​ជ័យ​ជំនះ​យើង​ជា​ជាតិ​មនុស្ស​នេះ​បាន​ហៈ​?​។

អែ​ស្ដេច​សព្វ​ទាថ​រាជ​ ក៏​ឆ្លើយ​តប​ទៅ​ថា «យើង​មិន​ចាំ​បាច់​មាន​អាវុធ​អ្វី​នាំ​អោយ​ពិបាក​ នឹង​ចាក់​នឹង​កាប់​នោះ​ទេ យើង​មាន​តែ​អាវុធ​វិសេស​មួយ​យ៉ាង​ គឺ​កេសរ​រាជ​សីហ៍​ ជា​ព្រះ​ទីណាំង​យើង​នេះ យើង​នឹង​ប្រើ​អោយ​ស្រែក​ ជា​សំ​រែក​សីហ​នាទ​កាល​ណា​ បណ្ដា​មនុស្ស​ទាំង​ឡាយ​ក្នុង​នគរ​នេះ ក៏​នឹង​វិនាស​ស្លាប់​ទាំង​អស់​ជា​ម្ដង​ នគរ​នេះ​ហោង ក៏​នឹង​ធ្លាក់​នៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​យើង​នេះ​អែង​។

អែ​បុរោ​ហិត​លឺ​ដូច្នោះ​អែង​ ក៏​ចូល​ចិត្ដ​បាន ទើប​និយាយ​អង្វរ​ទៅ​ថា «អើ​មហា​រាជ ការ​នេះ​យើង​ស្ដាប់​បាន​ហើយ​ តែ​ចាំ​យើង​ចូល​ទៅ​ទូល​ព្រះ​បាទ​អ្នក​ជា​ម្ចាស់​យើង​អោយ​ទ្រង់​ជ្រាប​សិន​ ជា​ស្ដេច​នឹង​ព្រម​លើក​រាជ​សម្បត្ដិ​ថ្វាយ​ដល់​មហា​រាជ​ រឺ នឹង​គិត​ប្រឹក្សា​យ៉ាង​ម៉េច​ទៅ​ទៀត​ ថា​ហើយ​រាជ​បុរោ​ហិត​នោះ​ ចុះ​ចាគ​ប៉ម​ម្នី​ម្នា​ចូល​ទៅ​ទូល​ស្ដេច​ពារាន​សី​តាម​សេច​ក្ដី​នោះ​ហោង​។

អែ​ស្ដេច​ពារាន​សី​បាន​ជ្រាប​ហេតុ​ដូច្នោះ​ ក៏​ភិត​ភ័យ​ស្លុត​ព្រះហ​រិ​ទ័យ​ ទើប​ទ្រង់​ប្រឹក្សា​ការ​នោះ​នឹង​បុរោ​ហិត​ទៀត បុរោ​ហិត​ក៏​ទទួល​អាសា​ ទើប​ចាត់​អាមាត្យ​អោយ​យក​ស្គរ​ចរ​ទៅ​វាយ​ប្រាម​ប្រាប់​អស់​អ្នក​នគរ​អោយ​យក​សំលី​គរ​ រឺ សំពត់​ចុក​ត្រចៀក​ទាំង​អស់​គ្នា ដោយ​ហោច​ទៅ​ តែ​សត្វ​ចិញ្ចឹម​មាន​ឆ្កែ​ឆ្មា​ជា​ដើម ក៏​អោយ​ចុក​ត្រចៀក​ទាំង​អស់​។

បុរោ​ហិត​នោះ​ចាត់​ការ​រក្សា​ជីវិត​អ្នក​នគរ​ស្រេច​ហើយ​ ក៏​ឡើង​ទៅ​លើ​ប៉ម​ទៀត​ ហើយ​និយាយ​ចំអក​ឡក​អោយ​ស្ដេច​ចចក​នោះ​ថា ហៃ​ចៅចម​ពល​ សត្វ​ចតុប្បាទ​អើយ​ អ្នក​អែង​អួត​ថា នឹង​អោយ​កេសរ​រាជ​សីហ៍​ស្រែក​ ដើម្បី​នឹង​អោយ​វិនាស​ដល់​ពួក​មនុស្ស​នោះ ​យើង​យល់​ថា រាជសីហ៍​នោះ គង់​មិន​ស្ដាប់​ពាក្យ​អ្នក​អែង​ជា​ប្រាកដ​។ អែ​ស្ដេច​ចចក​លុះ​លឺ​ពាក្យ​បុរោ​ហិត​ថា​ដូច្នោះ​ក៏​កើត​មានៈ​ឡើង​ខ្លាំង​ តាំង​ទទោក​ជើង​អោយ​សញ្ញា​ដល់​កេសរ​រាជ​សីហ៍ ៗ​ទទួល​បង្គាប់​ មុន​នឹង​ស្រែក​នោះ​រាជសីហ៍​ក៏​តាំង​ជាន់​ជ្រែង​ជើង​ទាំង​បួន​ខ្ជាប់​លើ​ខ្នង​ដំរី​ទាំង​ពីរ​ ហើយ​ស្រែក​ដោយ​សំរែក​យ៉ាង​ខ្លាំង​ឡើង​ សំលេង​ នោះ​ក៏​លាន់​ខ្ទប់​លើ​ត្រចៀក​នៃ​សត្វ​ទាំង​ឡាយ​ ៗ​មាន​ដំរី​ជា​ដើម​ ក៏​បែក​ត្រចៀក​ដួល​​ចុះ​ស្លាប់​វិនាស​ពាស​ពេញ​លើ​ធរណី​ អែ​ដំរី​ព្រះ​ទី​ណាំង​ទាំង​ពីរ​ក៏​ដួល​ទ្រោម​ចុះ​ រាជសី​ហ៍​នោះ ក៏​ធ្លាក់​ទៅ​ដល់​ផែន​ដី អែ​ស្ដេច​សព្វ​ទាថ​រាជ និង​សិង្គា​លី​មហេសី​ ក៏​ធ្លាក់​ទៅ​ក្រោម​ពោះ​ដំរី ​ៗ​ដួល​សង្កត់​ស្លាប់​ទាំង​ពីរ​ប្រាណ​នៅ​ក្នុង​ស្ថាន​នោះ​អែង​។

សត្វ​ទាំង​ឡាយ សឹង​វិនាស​ទាំង​អស់​ នៅ​សល់​តែ​កេសរ​រាជសីហ៍​មួយ រាជសីហ៍​នោះ ឃើញ​ពួក​ខ្លួន​ស្លាប់​អស់​ហើយ ក៏​ភិត​ភ័យ​ទើប​បោល​បោះ​ផ្លោះ​ទៅ​កាន់​ព្រៃ​ព្រះ​ហិ​មពាន្ដ​វិញ​ហោង​។ អែ​បុរោហិត​នោះ លុះ​បាន​ឃើញ​ទ័ព​សត្វ​ដល់​នូវ​ក្ដី​វិនាស​ដួល​ស្លាប់​ពាស​ពេញ​ដូច្នោះ​ហើយ​ ក៏​ចុះ​ចាក​ប៉ម​ភាគ​បន្ទាយ​ ម្នី​ម្នា​លី​លា​ទៅ​ក្រាប​ទូល​ស្ដេច​ពារាន​សី​ តាម​សេច​ក្ដី​នាះ​សព្វ​ប្រការ​ ហើយ​អោយ​អាមាត្យ​យក​ស្គរ​ជ័យ​ ទៅ​វាយ​ប្រកាស​ ប្រាប់​ដល់​ពួក​អានា​ប្រជា​ជន​ក្នុង​ព្រះ​នគ​រ​ អោយ​បើក​ទ្វារ​កំពែង​ចេញ​ទៅ​រើស​យក​សព​សត្វ​ទាំង​ឡាយ​នោះ​ មក​ធ្វើ​ជា​ភក្សា​ហារ​តាម​ក្ដី​ប្រាថ្នា​។

អែ​អ្នក​នគរ​ទាំង​ឡាយ​ កាល​បើ​បាន​ដឹង​បាន​លឺ​សេច​ក្ដី​ដូច្នោះ​ ក៏នាំ​គ្នា​បើក​ទ្វារ​ព្រះ​នគរ​ចេញ​ទៅ​រើស​យក​សព​សត្វ​ទាំង​នោះ​ មក​ចំអិន​ជា​ភក្សា​ហារ​ទី​ទៃ​ៗ សាច់​នោះ​ច្រើន​ណាស់​ អ្នក​ខ្លះ​ក៏​នាំ​គ្នា​ធ្វើ​ផ្អក​ធ្វើ​ងៀត​ហាល​ថ្ងៃ​ទុក​អាស្រ័យ​ទៅ​មុខ​ទៀត​ តាម​ក្ដី​ប្រាថ្នា​នៃ​អាត្មា​ទីទៃ​ៗ មាន​អៃ​ដ៏​កាល​នោះ​ហោង​។​ រឿង​យើង​ចេះ​ធ្វើ​សាច់​ងៀត​សត្វ​សព្វ​ថ្ងៃ​នេះ ​អាចារ្យ​ពោល​ថា​ គឺ​ចេះ​អំពី​កាល​មនុស្ស​អ្នក​ពារាន​សី​ធ្វើ​ងៀត​សត្វ​នោះ​អែង​ គួរ​ចូល​ចិត្ដ​ហោង​។​

រឿង​នេះ បាន​ជា​គតិ​ដល់​អ្នក​ចេះ​សីល​​វិទ្យា​គម​ សំដែង​បញ្ចុះ​បញ្ចូល​អ្នក​ក្រៅ​ អ្នក​ព្រៃ បង្ក​ឡើង​ជា​កង​ទ័ព តាំង​ក្បត់​នឹង​ម្ចាស់​ផែន​ដី​ ដូច​យ៉ាង​អាចារ្យ​ស្វា​ អាចារ្យ​សុក​ អាចារ្យ​ជ្រាំ​ អាចារ្យ​ពោ​កំបោរ​ អា​សៅ​សិល្ប​នោះ​អែង​ គួរ​ចូល​ចិត្ដ​ចុះ​។ អែ​កំលាំង​រិទ្ធ​សិល្ប​វិទ្យា​គម​នោះ ជួយ​បាន​តែ​មួយ​គ្រា​ៗ​ជា​របស់​រិទ្ធ​ឈាន​លោកិយ​ នឹង​​ទៅ​​ឈ្នះ​ម្ចាស់​ផែន​ដី ដែល​លោកមាន​បុណ្យ​បារ​មី​បាន​កសាង​ការ​កុសល​មក​អំពី​ព្រេង​នោះ​អែ​ណា​បាន​ ក៏​ព្រោះ​មាន​បញ្ញា​អាច​ពិចារ​ណា​មើ​​លក​ល​ មើល​ការណ៍​ផង​ ទើប​រុងរឿង​ទៅ​បាន​ ដូច​យ៉ាង​ស្ដេច​ចចក​មាន​តែ​រិទ្ធិ​ តែ​អិត​បញ្ញា​ មិន​ដឹង​ជា​អាសនា​ដែល​ខ្លួន​ជិះ​នោះ​ វា​នឹង​ជា​អាវុធ​សំលាប់​ខ្លួន​វិញ​ បាន​នូវ​ក្ដី​បរាជ័យ​ស្លាប់​ខ្លួន​អែង​ដូច​សំដែង​មក​នេះ ប្រាជ្ញ​មាន​បញ្ញា​គួរ​ពិចារ​ណា​តាម​តំរា​នេះ​ទៅ​ចុះ​។

ចអើយចចក ចចើងចង់យក សម្បត្ដិមនុស្សលោក
ខ្លួនជាតិរច្ឆាន មិនមានប្រយោគ ទៅអាងសិទ្ធិជោគ
ជ័យមន្ដវេទ្យា ។
ប្រើរាជសិហ៍ស្រែក អោយមនុស្សផងបែក ត្រចៀកមរណា
មិនដឹងសីល៍សង្ខ ទីណាំងអាត្មា ត្រលប់ប្រែជា
មរិត្យុលើ ខ្លួន។
ពាលអើយពាលពិត ទៅអាងតែរិទ្ធិ មិនគិតអោយធួន
មើលយល់តែឆ្ងាយ រៀងអាយជិតខ្លួន មិនយល់កលក្បួន
ស្លាប់ដោយក្បាច់អែង។
ធម្មតាប្រាជ្ញប្រាយ យោគយល់ជិតឆ្ងាយ យល់ខ្លីយល់វែង
យល់ការគួរធ្វើ រឺការគួរលែង ទើប លោកចាត់ចែង
ការនោះមិនបង់។

ចប់តំរាតំកើងយស ជាគតិទី៦៧
រឿងនន្ទកយក្ខរក្សាខ្លោងទ្វារព្រះអីសូរ

មាន​យក្ខ​មួយ​ឈ្មោះ​នន្ទកៈ​ ជា​អ្នក​រក្សា​ខ្លោង​ទ្វារ​វាំង​ព្រះ​អីសូរ​ នៅ​លើ​ភ្នំ​កៃ​លាស នន្ទកៈ​នោះ​រូប​អាក្រក់​ ក្បាល​ទំពែក​ សក់​មាន​នៅ​តែ​ជាយ​គ្រែង​ ជា​ទីនាំ​អោយ​អស់​ពួក​ទេវ​បុត្រ​ទេវ​តា នាគ​យក្ខ​ទាំង​ឡាយ​ចូល​ចិត្ដ​លេង​ចំអក​ចំអន់​ទៅ​ផ្សេង ​ៗ​ ពួក​ទេវ​បុត្រ ទេវ​តា នាគ យក្ខ តែ​ឡើង​មក​កាន់​ព្រះ​អីសូរ​កាល​ណា​ សឹង​នាំ​គ្នា​ទះ​ក្បាល​ ត្បក​ក្បាល​នន្ទកៈ​នោះ​ ហើយ​​សើច​​ចំអក​ចំអន់​លេង​ទៅ​តាម​ភាសា​ ហើយ​ទើប​ចូល​ទៅ​កាន់​ព្រះ​អីសូរ​អែ​ក្នុង​ព្រះ​រាជ​មន្ទីរ​ តែ​យ៉ាង​នេះ​សព្វ​ៗ​កាល​មក​ អែ​នន្ទកៈ​នោះ​ ជា​យក្ខ​អិត​រិទ្ធី​ចេស្ដា​ ត្រូវ​ពួក​ទេវ​តា​ទះ​ក្បាល​ ត្បក​ក្បាល​ដូច្នោះ​ ក៏​ខឹង​ចិត្ដ​គិត​ថា បណ្ដា​ពួក​ទេវតា​ទាំង​ឡាយ​ ដែល​មាក់​ងាយ​អញ​យ៉ាង​ដូ​ច្នេះ​ ក៏​ព្រោះ​អញ​ជា​អ្នក​ថោក​ទាប​ អិត​រិទ្ធា​នុភាព​ដូច​គេ​ បើ​ដូច្នេះ​គួរ​អញ​ចូល​គាល់​ សូម​ពរ​ព្រះ​អីសូរ​ជា​ម្ចាស់​អោយ​ព្រះ​អង្គ​ប្រោស​ប្រសិទ្ធី​ចង្អុល​ដៃ​អញ​ អោយ​កើត​ជា​ចង្អុល​ដៃ​ពេជ្រ​ឡើង​ អញ​នឹង​ចង្អុល​ពួក​អា​អស់​នេះ​ អោយ​វា​ធ្លាក់​ទៅ​អៃ​ដ៏​ចក្រ​វាឡ​ក្រៅ​ ទើប​សម​មុខ​វា​ដែល​វា​មាក់​ងាយ​អញ​ត្បក​ក្បាល​អញ​នេះ​ គិត​ហើយ​នន្ទក​ ក៏​ចូល​ទៅ​គាល់​ព្រះ​អីសូរ​ ដល់​ហើយ​ក៏​​ក្រាប​បង្គំ​ទូល​ថា​ «ខ្ញុំ​ព្រះ​ករុណា​ចូល​មក​ជា​បាវ​ រក្សា​ទ្វារ​ព្រះ​រាជ​វាំង​ល្អង​ធូលី​ព្រះ​បាទ​នេះ​ ក៏​យូរ​ឆ្នាំ​ណាស់​ហើយ​ ពុំ​ដែល​បាន​របស់​ព្រះ​រាជ​ទាន​អ្វី​មួយ​យ៉ាង​ឡើយ​ អីលូវ​នេះ​ពួក​ទេវ​បុត្រ​ ទេវតា​ នាគ​ យក្ស ទាំង​ឡាយ​ គា​មាក់​ងាយ​ទះ​ក្បាល​ ត្បក​ក្បាល​ ខ្ញុំ​ល្អង​ធូលី​ព្រះ​បាទ​តែ​រាល់​ៗ​កាល​ ខ្ញុំ​ល្អង​ធូលី​ព្រះ​បាទ​បាន​ក្ដី​ក្ដៅ​ក្រហាយ​ពេក​ណាស់​ សូម​ទាន​ម្ចាស់​ប្រោស​ប្រាណ​ប្រទាន​ពរ​ដល់​ខ្ញុំ​ព្រះ​ករុណា​បាន​មួយ​យ៉ាង​ គឺ​ប្រោស​ប្រសិទ្ធី​ចង្អុល​ដៃ​ស្ដាំ​ខ្ញុំ​ព្រះក​រុណា​នេះ អោយ​កើត​ជា​ម្រាម​ពេជ្រ​សំរេច​សំរេច​ដោយ​រិទ្ធី​អាច​នឹង​ចង្អុល​ពួក​អា​សា​មាន្យ​អស់​នោះ​អោយ​វា​គេច​ខ្ចាត់​ខ្ចាយ ទៅ​ឆ្ងាយ​អំពី​កាយ​ខ្ញុំ​ព្រះ​ករុណា​នេះ​ ទើប​ខ្ញុំ​ករុណានេះបាន​ទៅ​ធ្វើ​រាជ​ការ​ការ​បំរើ​ល្អង​ធូលី​ជា​សុខ​សប្បាយ​ត​ទៅ​។

ព្រះ​អីសូរ​គិត​ដូច្នោះ​ហើយ​ ទើប​អោយ​អញ្ជើញ​ព្រះ​នរាយណ៍​ជា​ព្រះ​អនុជ​ចូល​មក​គាល់​ខាង​ក្នុង​ ព្រះ​នារាយណ៍​ ក៏​ឡើង​ទៅ​គាល់​ព្រះ​អីសូរ​ ៗ​ក៏​ត្រាស់​ប្រាប់​រឿង​នន្ទក​ បាន​ចង្អុល​ដៃ​ពេជ្រ​ជា​អាវុធ​វិសេស​នោះ​សព្វ​ប្រការ​ ព្រះ​នារាយណ៍​បាន​ស្ដាប់​ដូច្នោះ​ក៏​ទូល​ថា​ ព្រះ​ជេដ្ឋា​មាន​ពរ​ហើយ​ មិន​ពិចា​រណា​អោយ​យល់​ការ​អន្ដ​រាយ​ នឹង​មាន​ដល់​ខ្លួន អីលូវ​នឹង​ទៅ​ដក​ទៅ​ស្រូប​យក​វិញ​អែ​ណា​ក៏​បាន​ ត្បិត​វា​ហួស​ទៅ​ហើយ​ ដូច្នេះ​មាន​តែ​គិត​កែ​អុបាយ​សំលាប់​វា​ចេញ​ទើប​បាន​ ទូល​ហើយ​ព្រះ​នារាយណ៍​ ក៏​ទទួល​យក​អាសា​ ទើប​បង្គំ​លា​ព្រះ​មហិស្ស​រា​ធិប​តី ចេញ​មក​ខាង​ក្រៅ​ព្រះ​រាជ​មន្ទីរ​ ហើយ​និម្មិត​កាយ​ប្លែង​កាយ​ក្លាយ​ជា​ស្រី​ក្រមុំ​សម​សោភា​ លី​លា​កែ​ក្រាយ​ដើរ​ចូល​ទៅ​កាន់​សំណាក់​នៃ​ចៅ​នន្ទក​នោះ​អែង​ ដល់​​ហើយ​ក៏​ប្រើ​រិក​ពា​កិរិ​យា​ឆៀង​ចុង​ភ្នែក​ដើម​ភ្នែក​ ក្រលេក​គន់​មុខ​នន្ទកៈ​ធ្វើ​អាការ​ដូច​ជា​ស្រី​អ្នក​លេង​គប់​ប្រុស​ ញ៉ាំង​នន្ទក​អោយ​ស្នេហា​ក្នុង​លោកិយ​ ដោយ​ប្រការ​ផ្សេង​ៗ អែ​នន្ទក​បែរ​ទៅ​ឃើញ​នារាយណ៍​នារី​គួរ​ជា​ទី​ស្នេហា​នោះ​ ក៏​ពុំ​ដឹង​ជា​នារាយ​ណ៍​កាលា​ នឹក​ស្មាន​ថា​នារី​ពួក​របាំ​ជា​ប្រាកដ​ ទើប​កើត​កួច​ចិត្ដ​ប្រតិ​ព័ទ្ធ​ស្រលាញ់​ខ្លាំង​ក្នុង​រូប​នាយ​រាយណ៍​កាលា​នោះ​ ហើយ​ក៏​ប្រើ​កិរិយា​ញញឹម​រីក​រាយ​និយាយ​ប្រលោម​លួង​លោម​ ដោយ​ពាក្យ​កំនាព្យ​ឆ្លើយ​ឆ្លង​ថា៖

កែវ​អើយ​កែវ​ស្នេហ៍​បែរ​​មក​ណេះ បង​សូម​សំណេះសំណាល​ផង​
ទៅ​ណា​មក​ណា ​ណា​កែវ​បង​ រូប​ចៅ​គួរ​ចង​ចិត្ដ​មេត្រី​។
បងអើយបងសួរគួរតបសង គួរស្នាលគួរស្នងគួរបេតី
ប្អូនមកនេះគឺស្វែងរកប្ដី ត្រូវចិត្ដប្អូនស្រីនឹងរ៉ាប់រង។
កែវអើយកែវកបកល្យាណី ចៅមករើសប្ដី នឹងស្នាលស្នង
រើសរូបយ៉ាងណាៗនួនល្អង យ៉ាងបងតើគាប់ចិត្ដរឺទេ។
ប្រុសអើយប្រុសាប្រស់ស្រស់ប្រិមប្រិយ៍ ប្អូនស្វែងរកប្ដីចេះរាំរេ
បើប្រុសចេះរាំបានដូចគេ ប្អូនក៏រាប់ស្នេហ៍យកជាប្ដី។
មាសអើយមាសមានរូបល្អអែក ត្រង់ការរាំរែកក្បាច់ម្ដេចក្ដី
បងរាំបានទេប្អូនស្រី ក្រអ្វីចូរស្រីរាំទៅរ៉ា។
សឹមបងរាំតាមមិនអោយខុស បំនាច់ជាប្រុសមានបញ្ញា
រៀនមកពីគ្រូអស់តំរ៉ា អញ្ជើញកល្យាណ៍រាំទៅអើយ

អែ​ព្រះ​នារាយណ៍​កាលា​ បាន​លឺ​នន្ទក​ទទួល​រាំ​តាម​ដូច្នោះ ក៏​រេ​កាយ​រាយ​ក្បាច់​ចាក់​លាត ហើយ​គួច​ចង្អុល​ដៃ​ស្ដាំ​ចង្អុល​ចុះ​ ចំ​ត្រង់​ដើម​ភ្លៅ​នៃ​អាត្មា​។ អែ​នន្ទក​ក៏​រាំ​តាម​ចង្អុល​តាម​ និមិត្ដ​តែ​ចង្អុល​ដៃ​ពេជ្រ​នោះ​ត្រូវ​ចំ​ភ្លៅ​កាល​ណា ភ្លៅ​នន្ទក​ក៏​បាក់​ដួល​ធ្លាក់​ចុះ​ក្នុង​ទី​នោះ​មួយ​រំពេច​។

អែ​ព្រះ​នារាយណ៍​ ក៏​ប្រែ​កាយ​ជា​នារាយណ៍​រឿង​រិទ្ធិ​ចតុករ​ គឺ​មាន​ហត្ថា​៤​កាន់​ចក្រ ស្ទុះ​ទៅ​ចាប់​ក្បាល​នន្ទកៈ​សង្កាត់​ចុះ​ ងា​ចក្រ​ឡើង​ប្រហារ​នន្ទក​នោះ​អែង​ អែ​នន្ទក​បែរ​ទៅ​ឃើញ​ព្រះ​នាយ​រាយណ៍​ដូច្នោះ​ ក៏​ទោ​មនស្ស​តូច​ចិត្ដ​គិត​ថា អាត្មា​ចាញ់​​ព្រះ​នារាយណ៍​បញ្ឆុក​បញ្ឆោត​ប្លែង​ជា​រូប​ស្រី​អោយ​អាត្មា​លុះ​លង់​បង់​គំនិត​។ នន្ទកៈ​ខឹង​ខាំ​មាត់​បែរ​ពោល​ទៅ​ថា «យើ​ៗ យើង​ខុស​ស្នៀត​សត្រូវ​ចូល​បៀត​បាន អោ​ព្រះ​អង្គ​អើយ ណ្ហើយ​ចុះ ធ្វើ​ម្ដេច​អែង​មាន​ដៃ​តែ​ពីរ​ នឹង​ទៅ​តស៊ូ​នឹង​ព្រះអង្គ​ ៤​ព្រះ​ករ​អែ​ណា​បាន បើ​ប្រសិន​ជា​ដៃ​ពីរ​ដូច​គ្នា​ខ្ញុំ​មិន​ទទួល​ចាញ់​ព្រះ​អង្គ​ទេ​»​។

អែ​ព្រះ​នារាយណ៍​បាន​លឺ​ពាក្យ​នន្ទក​ដូច្នោះ​ ក៏​ត្រាស់​ថា «ជាតិ​នេះ​យើង​ដៃ​៤ ចៅ​ដៃ​តែ​ពីរ​ទើប​ចាញ់​យើង បើ​ដូច្នេះ​ចៅ​អែង​ទៅ​កើត​នា​ស្ថាន​មនុស្ស​លោក​នាយ​អោយ​មាន​មុខ​១០ ដៃ​២០​ចុះ យើង​ចុះ​ទៅ​កើត​ជា​មនុស្ស​មាន​ដៃ​តែ​ពីរ​វិញ​ នឹង​តស៊ូ​គ្នា​ខាង​មុខ​ទៀត​»​។ ព្រះ​នារាយណ៍​ត្រាស់​ហើយ​ ក៏​ប្រហារ​ជីវិត​នៃ​នន្ទកៈ​នោះ​ដោយ​កង់​ចក្រ​វិសេស​ហោង​។ ដោយ​លឺ​ថា នន្ទក​នោះ​មក​កើត​ជា​ក្រុង​រាពណា​សូរ ជា​ស្ដេច​យក្ខ​នៅ​កោះ​លង្កា​ ព្រះ​នារាយណ៍​បែង​ភាគ​ចាក​រូប​ចាស់​នៅ​ឆ្នេរ​មហា​សាគរ​ មក​កើត​ជា​អង្គ​ព្រះ​រាមា​ បាន​ធ្វើ​សឹក​នឹង​គ្នា​ជា​អធិក​ខ្លាំង​ក្រៃ ​មាន​សេចក្ដី​ពិស្ដារ​នៅ​ក្នុង​សាស្រ្ដា​រឿង​រាមកេរ្ដិ៍​អែ​ណោះ​អញ្ជើញ​ទៅ​​មើល​ចុះ​។

ខ្ញុំ​បាទ​ទាញ​រឿង​ដើម​តែ​ប៉ុណ្ណោះ​នេះ​ ដើម្បី​អោយ​ឃើញ​ជា​គតិ​ថា​ នន្ទកៈ​នោះ​ស្លាប់​ដោយ​ចង្អុល​ដៃ​របស់​ខ្លួន​ បាន​គតិ​ដូច​បុគ្គល​អ្នក​ប្រាជ្ញ​ព្រោក​និយាយ​អួត​តែ​ខ្លួន​អែង​ ចង្អុល​តែ​ខ្លួន​អែង​ សរ​សើរ​តែ​ខ្លួន​អែង​ បុគ្គល​ណា​អួត​សរ​សើរ​តែ​ខ្លួន​អែង​ហើយ​ បុគ្គល​នោះ​នឹង​លុះ​សេច​ក្ដី​និន្ទា​អ្នក​ដទៃ​ បាន​សេច​ក្ដី​វិនាស​ដូច​នន្ទក​នោះ​អែង​ ប្រាជ្ញ​មាន​បញ្ញា​គួរ​គិត​ទៀត​ចុះ​។

នន្ទកអើយនន្ទក បានព្រះនាយក ជ្រលក់អង្គុលី
កើតជាម្រាមពេជ្រ សំរេចរិទ្ធី ចង្អុលពួកនី-
ករទេពខ្ចាត់ខ្ចាយ។
ចៅអាងម្រាមដៃ អិតអធ្យាស្រ័យ ដល់ទេពទាំងឡាយ
កៅដល់សូលី កោសីចៅហ្វាយ ប្រើអោយព្រះនារាយណ៍
កំចាត់ចៅបង់។
ចៅបង់ជីវិត ព្រោះដោយអិទ្ធិរិទ្ធិ ភ្លើងរាគរោលអង្គ
ឃើញតែរូបស្រី ចំណីនៃសំ សារត្រូវក្ដីបង់
ប្រាណព្រោះមិនឈ្វេង។
លុះលង់ភ្លើងកាម ទៅរេរាំតាម នារាយណ៍រាំក្លែង
រាំក្បាច់ផ្កាផ្ដុល ចង្អុលភ្លៅអែង ដួលបាក់ច្រខែង
ចៅអែង ក្សិណក្ស័យ។
ចប់តំរាស្លាប់ដោយម្រាមដៃអែងជាគតិទី ៦៨