គតិលោក ឬច្បាប់ទូន្មានខ្លួន
Instud
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
**********************************************

ទស្សនអ្នកចុះផ្សាយ
ដោយ កែវ ឈុន

ថ្ងៃសុក្រ ទី13.ធ្នូ 2013.ម៉ោង 19:16

     រឿងនិទានខ្លីៗ និង របៀបរបបរស់នៅជាច្រើន បានសរសរចងក្រង ជា​សៀវ​ភៅ​តូច​ៗ ពី​ភាគ​ទី១ រហូត​ដល់​ភាគ ទី១០ អ្នក​និពន្ធ ឧក​ញ៉ា​សុតន្ត្រ​ប្រិយ​ជា ឥន្ទ អោយ​ឈ្មោះ​ថា «គតិលោក» មាន​ន័យ​សេចក្ដី​ថា ដំណើរ ឬ​ផ្លូវ​គន្លង​ដើរ​ទៅ​របស់​លោក​ លោក​នៅ​ទី​នេះ​គឺ​សំ​ដៅ​ទៅ​លើ មនុស្ស​លោក​នេះ​ឯង​។

     រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុង​គ្រប់​សម័យ​កាល ព្រោះ «គតិ​លោក» បាន​និយាយ​អំពី​​ការ​ប្រព្រឹត្ដ​ទៅ​របស់​មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេក​វិជ្ជា​ខ្ពង់​ខ្ពស់ (កុំព្យូ​ទ័រ) សម័យ​​ដើម សម័យ​ព្រះសម្មា​សម្ពុទ្ធ​ចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀស​មិន​ផុត នៅ​តែ​មាន​មនុស្ស​ល្អ មនុស្ស​អា​ក្រក់ មនុស្ស​ឆោត​ល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។ យើងអាចសង្កេតឃើញយ៉ាង​ជាក់​ស្ដែង​ថា ក្នុង​សម័យ​ ព្រះ​សម្មា​សម្ពុទ្ធ​ក៏​មាន​សង្ឃ​ប្លម ក្នុង​សម័យ​អ្នក​និពន្ធ ក៏​មាន​សង្ឃ ផឹក​ស្រា​អា​វាសែ បោក​ប្រាស់​អ្នក​ស្រុក អោយ​ជឿ​ភ្លូក​ទឹក​ភ្លូក​ដី សម័យ​ បច្ចុប្បន្ន​មនុស្ស​ម្នាក់​ៗ មាន​ការ​វិវត្ដ​ រៀន​សូត្រ​ចេះ​ដឹង​យ៉ាង​ជ្រៅ​ជ្រះ ក៏​នៅ​តែ ជ្រៀស​មិន​ផុត មាន​លោក​សង្ឃ​ក្លែង​កាយ មនុស្ស​ពាល មនុស្ស អា​ក្រក់ បោក​ប្រាស់ ញៀន​អា​ភៀន ញៀន​ថ្នាំ ញៀន​ស្រា​ជា​ដើម​មិន​ឈប់​ឈរ​ឡើយ​។

     ច្បាប់បណ្ដាំក្រមង៉ុយក្ដី ច្បាប់គតិលោកក្ដី សុទ្ធតែជាអត្ថបទ គតិដាស់តឿនមនុស្សគ្រប់រូបអោយមានសតិ​បញ្ញា​ស្មារ​តី​ជាប់ជា​និច្ច មិន​​អោយ​ទន់​ជ្រាយ​រវេប​រវប មិន​អោយ​ជឿ ឬ​ប្រ​កាន់​យក​ផ្លូវ​ដោះ​ស្រាយ​យ៉ាង​ធូរៗ ងាយ​ៗ ប្រាស​ចាក​ហេតុ​ផល​នោះ​ឡើយ​។

     អញ្ចឹង​ហើយ ដើម្បីផ្សព្វផ្សាយចែកជូន នូវកំរងអត្ថបទអក្សរសិល្ប៍ ដ៏មានប្រយោជន៍នេះ អោយដល់មហា​ជន​ទាំង​ឡាយ មណ្ឌល​វប្ប​ធម៌​ ខ្មែរ​នៅ​ស្វីស សូម​លើក​យក «គតិលោក»ទាំង​១០​ភាគ មក​ចុះ​ផ្សាយ​ឡើង​វិញ​។ ហើយ​សូម​ឧទ្ទិស​ស្នា​ដៃ​ដ៏​អស្ចារ្យ​នេះ ដល់​ការ​រីក​ចំរើន​បញ្ញា ​ស្មារ​តី ស្រលាញ់​លើក​ស្ទួយ​អក្សរ​សាស្រ្ដ​ជាតិ នៃ​ការ​សិក្សា ជនា​នុជន​ទាំង​ឡាយ សូម​ប្រជា​ជន​ខ្មែរ ចំរើន​លូត​លាស់​ដោយ​វិជ្ជា សូម​ចំរើន​ ក្នុង​ព្រះ​ពុទ្ធ​សាសនា មាន​សុខ​សន្ដិភាព ហើយ​រួប​រួម​គ្នា កសាង​ប្រ​ទេស​ជាតិ​អោយ​រីក​ចំរើន​ត​ទៅ​។

: : :