ទស្សនៈអ្នកចុះផ្សាយ
ថ្ងៃសៅរ៍ ទី16.កុម្ភៈ 2013.ម៉ោង 0:15

    ខ្ញុំ​អាន​ទស្សនា​វដ្ដី​ជា​ច្រើន ខ្ញុំ​ឃើញ​អត្ថ​បទ​អក្សរ​សិល្ប៍​ខ្លី​ៗ ចុះ​ផ្សាយ​នៅ​នៅ​ទី​នោះ ធ្វើ​អោយ​ខ្ញុំ​ជាប់​ចិត្ដ ទៅ​លើ​អត្ថ​បទ​ខ្លី​ៗ​ បែប​នេះ​យ៉ាង​ខ្លាំង ព្រោះ​វា​អាច​ធ្វើ​អោយ​ខ្ញុំ​អាច​អាន​ឆាប់​ចប់ ហើយ​ក៏​មាន​អត្ថ​រស មាន​ន័យ​ពីរោះ​ជក់​ចិត្ដ​បាន​យ៉ាង​ល្អ មិន​ចាញ់​​អត្ថ​​បទ​អក្សរ​សិល្ប៍​វែង​ៗ​ប៉ុន្មាន​ទេ​។​ ខ្ញុំ​នឹក​ទៅ​ដល់​គតិ​លោក របស់​លោក​ឧញ៉ា​សុត្ដន្ដ​ប្រី​ជា​ ដែល​បាន​ចង​ក្រង​រឿង​និទាន​ខ្លី​ៗ​ជា​ច្រើន អាន​​ពីរោះ​​ជាក់​​ចិត្ដ​​ និង​​ បាន​​ជា​​គតិ​​ដាស់​តឿន​បញ្ញា​ស្មារ​តី​យ៉ាង​ល្អ​ក្រៃលែង​ទៀត​ផង​។​

    ខ្ញុំចូលអានក្នុងទំព័រ https://pechsangwawann.wordpress.com ខ្ញុំ​ឃើញ​អត្ថ​បទ​អក្សរ​សិល្ប៍​ខ្លី​ៗ​​យ៉ាង​ច្រើន​ទៀត​ ចុះ​​ផ្សាយ​​នៅ​ទី​នោះ​ ​ខ្ញុំ​រិត​តែ​មានការ​ពេញ​ចិត្ដ​យ៉ាង​ខ្លាំង​ថែម​ទៀត​។ ខ្ញុំ​អាន ហើយ​បាន​ធ្វើ​បទ​វិភាគ​ខ្លះ​ៗ យ៉ាង​ពេញ​ចិត្ដ ហើយ​គិត​ទុក​ក្នុង​ចិត្ដ​ថា​ ខ្ញុំ​​នឹង​​សរ​​សេរ​​ សំ​បុត្រ​​ទៅ​​សុំ​ការ​អនុញ្ញាតិ ពី​ម្ចាស់​ទំព័រ​ ដើម្បី​ស្រង់​យក​អត្ថ​បទ​អក្សរ​សិល្ប៍​ទាំង​នេះ​ មក​ចុះ​ផ្សាយ​លើក​ទំព័រ​ មណ្ឌល​វប្ប​ធម៌​ខ្មែរ​នៅ​ស្វីស​ ដើម្បី​​ឲ្យ​​អក្សរ​​សាស្ដ្រ​​ខ្មែរ រីក​​ចំរើន​ ថ្កុំ​ថ្កើង​ ​រុង​រឿង​ អណ្ដែត​ត្រសែត​ខ្ពង់​ខ្ពស់​ ក្នុង​ពពក​នៃ​ពន្លឺ​ត្រចះ​ត្រចង់​​សុស​សាយ​​ពេញ​​បណ្ដាញ​​សកល​​ ក្នុង​​ពិភព​​លោក​​ត​​ទៅ​​។​

    ជួប​ប្រទះ​ការ​ប្រកាស​ «កម្ម​សិទ្ធ​បញ្ញា» របស់​លោក​ស្រី ប៉ិច​សង្វា​វ៉ាន​ ម្ចាស់​ស្ថាបនិក​ទំព័រ​ និង ម្ចាស់​អ្នក​និពន្ធ​ភ្លាម​ ធ្វើ​​អោយ​ខ្ញុំ​មាន​ការ​ សប្បាយ​​រីក​រាយ​​​ឥត​ឧបមា​។​ ខ្ញុំ​បាន​សរ​សេរ​​លិខិត​ស្នើ​សុំ​ការ​អនុញ្ញាតិ​មួយ​ ផ្ជាប់​ជា​មួយ​សំណាក​លិខិត​បំពេញ​សុំ​ស្នើ​អនុញ្ញាត​ ផ្ញើ​​ជូន​​ទៅ​​លោក​​​ស្រី ដែល​មាន​ពិស្ដារ​យ៉ាង​នេះ៖​។

ជំរាបសួរលោកស្រី

    ខ្ញុំ​បាន​ចូល​អាន​ក្នុង​ទំព័រ​របស់​លោក​ស្រី ឃើញ​អត្ថ​បទ​អក្សរ​សិល្ប៍​មាន​សារ:​សំខាន់​ជា​ច្រើន ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាញ់​ជក់​ជាប់​ ចិត្ដ​យ៉ាង​ខ្លាំង​ ហើយ​ចង់​ផ្សាយ​បន្ដ ដើម្បី​ឲ្យ​អក្សរ​សាស្ដ្រ​ខ្មែរ រីក​ចំរើន​ ថ្កុំ​ថ្កើង​ ​រុង​រឿង​ អណ្ដែត​ត្រសែត​ខ្ពង់​ខ្ពស់​ ក្នុង​ពពក​នៃ ​ពន្លឺ​ត្រចះ​ត្រចង់​សុស​សាយ ពេញ​បណ្ដាញ​សកល​ក្នុង​ពិ​ភព​លោក​ត​ទៅ​។ បំណង​នេះ​មាន​ជា​យូរ​ណាស់​ដែរ​មក​ហើយ​។ ជួប​សេចក្ដី​ប្រកាសកម្មសិទ្ធិបញ្ញាភ្លាម ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេច​ក្ដី​រំភើប​សប្បាយ​ក្នុង​ចិត្ដ​ឥត​ឧបមា។ ខ្ញុំ​សូម​រក្សា​សិទ្ធិ​អ្នក​និពន្ធ​គោរព​ កម្ម​សិទ្ធិ​បញ្ញាហើយ​បំ​ពេញ​សំណាក​លិខិត​អនុញ្ញាត​ ផ្ញើ​ភ្ជាប់​ជា​មួយ​សារ​នេះ​ដោយ​ស្មោះ​ស្ម័គ្រ​ជា​ទី​បំ​ផុត​។ ក្រែង​មាន​ការ​ឆ្គាំ​ឆ្គង​ដោយ​ប្រការ​ណា​មួយ សូម​លោក​ស្រី​មេត្ដា​អនុគ្រោះ​ ជួយ​កែ​តម្រូវ និង ​ធ្វើ​ការ​អនុញ្ញាត​ទៅ​តាម​ការ​គួរ​។

ដោយសេចក្ដីគោរពខ្ពង់ខ្ពស់
ខ្ញុំ កែវ ឈុន

    លោក​ស្រីប៉ិច​សង្វា​វ៉ាន ម្ចាស់​ស្ថាប​និក​ទំព័រ និង ជា​ម្ចាស់​អ្នក​និពន្ធ បាន​សរ​សេរ​លិខិត​អនុញ្ញាតិ​មួយ​ឲ្យ​ខ្ញុំ​ថា៖​
លោក​ស្រី​មាន​ស្ដេច​ក្ដី​រំភើប​រីក​រាយ​ណាស់ ​​និង សូម​សរ​សើរ​ដល់​ស្មារតី​គោរព «កម្ម​សិទ្ធ​បញ្ញា» យ៉ាង​ខ្លាំង​ ហើយ​ចង់​ឲ្យ​កាយ​​វិការ​​គោ​រព​​នេះ ក្លាយ​​​ជា​​គំរូ​​ឲ្យ​​បាន​​ ទូលំ​​​ទូលាយ​ ដើម្បី​​ឲ្យ​​ជន​ទាំង​ឡាយ​ជ្រួត​ជ្រាប​អំពី​ «កម្ម​សិទ្ធ​បញ្ញា»នេះ​ឲ្យ​ច្បាស់​។​ ចំពោះ​សំណូម​ពរ​របស់​ខ្ញុំ​ ចង់​​សូម​​ដាក់​​ចំណង​​ជើង​​​ក្នុង​​​វគ្គ​​នីមួយ​ៗ​នៃ​​សាច់​​រឿង​ ក៏​លោក​ស្រី​ពេញ​ចិត្ដ យល់​ថា​សម​រម្យ​ណាស់ ហើយអនុញ្ញាតិ​ឲ្យ​ខ្ញុំ​ដាក់ ដោយ​សេច​ក្ដី​​រីក​​រាយ​​បំផុត​។

   អំពើ​ល្អ​របស់​លោក​ស្រី​ប៉ិច សង្វាវ៉ាន ដែល​ខ្វាល់​ខ្វាយ​ខ្នះ​ខ្នែង​ ក្នុង​ការ​តែង​និពន្ធ បំរើ​អក្សរ​សាស្ដ្រ​ខ្មែរ ក្នុង​ការ​ជួយ​យិត​យោង​ឲ្យ​ពន្លឺ​អក្សរ​សាស្ដ្រ​ខ្មែរ​ ឲ្យ​​ស្ថិត​នៅ​ក្នុង​ពន្លឺ​​ត្រចះ​ត្រចង់​​ជា​និច្ច ដែល​ស្នា​ដៃ​ទាំង​នោះ​នឹង​បន្សល់​ទុក​រាប់​ជំនាន់​មនុស្ស​ ទៅ​មុខ​ទៀត​មិន​ងាយ​សាប​សូន្យ​ឡើយ​។ សូម​ឲ្យ​អំពើ​ល្អ​នេះ​ ក្លាយ​ជា​វត្ថុ​សក្ដិ​សិទ្ធិ​ម្យ៉ាង ​ជួយ​ដុស​ខាត់​ និង​ស្ថិត​នៅ​ក្នុង​ដួង​ព្រលឹង​កូន​ខ្មែរ​គ្រប់ៗ​​រូប ឲ្យ​ស្រឡាញ់​អក្សរសាស្ដ្រ​ជាតិ ឲ្យ​ស្រឡាញ់​ភាសា​ជាតិ មាន​សតិ​បញ្ញា​ស្មារតី​ភ្លឺ​ថ្លា ភ្ញាក់​រលឹក​គ្រប់ៗ​គ្នា​​។ ស្មារតី​ស្រឡាញ់​អក្សរ​សាស្ដ្រ​ជាតិ​ ចេះ​ប្រកាន់​ខ្លួន​ជាក់​ស្ដែង​ពិត​ប្រាកដ នឹង​ញ៉ាំង​ឲ្យ​​ខ្មែរ​យើង​មាន​ព្រលឹង​ មាន​ស្មារតី​ជាតិ ចេះ​ប្រកាន់​នូវ​ឥរិ​យា​បថ​​មួយ​យ៉ាង​ថ្លៃ​ថ្នូរ ខ្ជាប់​ខ្ជួន​ម៉ើង​ម៉ាត់។ សូម​ឲ្យ​អក្សរ​សាស្ដ្រ​ខ្មែរ​រីក​ចំរើន​ជានិច្ចត​ទៅ។

    ទទួល​​អាន​ទូរ​សារ​យល់​ព្រម​របស់​លោក​ស្រី​ប៉ិច សង្វាវ៉ាន អនុញ្ញាត​ឲ្យ​ខ្ញុំ​ចុះ​ផ្សាយ​បន្ដ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ដ​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​អនេក។ សូម​ថ្លែង​អំណរ​អរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ក្រៃ​លែង។ សូមប្រសិទ្ធពរបវរសួស្ដី ជូនលោក​ស្រី ឲ្យ​បាន​ប្រកប​ទៅ​ដោយ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

វាចារអ្នកនិពន្ធ

    បើអ្នកអានបានយល់ពីទស្សនៈ និងឧត្តមគតិរបស់ខ្លួនដែល ចង់បង្ហាញក្នុងស្នាដៃរបស់ខ្លួននិមួយៗនោះ អ្នកនិពន្ធពិតជារំភើបរីក​​រាយ​ណាស់​ ។ ខ្ញុំ​ជឿ​ថា អ្នកនិពន្ធរាល់រូប មិនមែនសរសេរដើម្បីគ្រាន់តែសរសេរនោះទេ ទោះបីរឿង ដែលខ្លួនបានតែងជារឿងពិត ឬ​រឿង​​ប្រ​ឌិត​​ក្តី​​ អ្នក​​និពន្ធ​​តែង​​តែ​បង្កប់ជានិច្ចនូវសារសំខាន់ចំពោះអ្នកអាន។ ក្នុងករណីនេះខ្ញុំសូមចែករំលែកជូនប្រិយមិត្តអ្នកអាន នូវ​​មតិ​​របស់ លោក​​កែវ ឈុន​ ដែល​​ជា​ការ​វិភាគ​ល្អិត​ល្អន់​លើរឿងទាំងពីរ ដែលខ្ញុំបានផ្សាយក្នុងទីនេះ។
លោកកែវ ឈុនបានដាក់ស្នើមតិនេះកាលពី2012/04/22 ម៉ោង 2:31 ព្រឹក។