ម្ដាយ​ក្មេក​ទំនើប គឺ​ជា​យាយ​សានីត ទើប​ភៀស​ខ្លួន​មក​ដល់​ស្រុក​បារាំង​ថ្មី​ៗ ហើយ​ត្រូវ​បាន​បញ្ជូន​អោយ​ទៅ​រស់​នៅ​ក្នុង​ហ្វ័រ​យេ​សូណា​កូត្រា នៃ​ទី​ក្រុង​ណឺ​​ដូហ្វ នៃ​ខេត្ដ​ស្ត្រា​បួរ។ រស់​នៅ​ក្នុង​ហ្វ័​យេ យាយ​សានីត​មាន​អាយុ ៥០​ប្លាយ​ឆ្នាំ សក់​ស្កូវ​ស​សំព្រោង​ ពូ​កែ កាច ផ្អែម​​រលួយ សូម្បី​​តា​សំផន​ ប្ដី​របស់​គាត់ ដែល​អួត​អាង​ថា​ជា​គ្រូ​ចេះ​មន្ដ​ស្នេហ៍ ក៏​នៅ​តែ​គាត់​បង្ក្រាប​អោយ​ខ្លាច​ដូច​ខ្លា​ដែរ​​។ យាយ​សានីត​ចង់​រស់​នៅ​អោយ​ដូច​គ្រួសារ​បារាំង លុយ​កាក់​ប្រាក់​កាស​គាត់​បែង​ចែក​ដាច់​ដោយ​ឡែក​ពី​ប្ដី​គាត់​។​ រាល់​ថ្ងៃ​យាយ​សានីត​គិត​ខ្វល់​ខ្វាយ​អំពី​​មាស​​ប្រាក់​​ឥត​ឈប់​ឈរ ហើយ​មិន​ប៉ុណ្ណោះ​សោត​គាត់​ខ្វល់​ខ្វាយ​ចង់​រក​ប្ដី​អោយ​កូន​ក្រមុំ​គាត់​ទាំង​ពីរ​នាក់​ទៀត​ផង។ យាយ​សានីត​បាន​ទាក់​ទង​ជាមួយ​​កំលោះ​ម្នាក់ ឈ្មោះ​សេរី​អោយ​ទៅ​នាង​ប្អូន​ឈ្មោះ​ស៊ីច័្ទន កំលោះ​​វណ្ណ ឲ្យ​ទៅ​កូន​ស្រី​ច្បង​មេ​ម៉ាយ​។

  រឿង​ម្ដាយ​ក្មេក​ទំនើប ជា​រឿងប្រ​លោម​លោក​ខ្នាត​ខ្លី​មួយ​ឆ្លុះ​បញ្ចាំង​ពី​យាយ​ទំនើប​ទាន់​សម័យ​ មាន​ចិត្ដ​លោភ​លន់​ម្នាក់​។ នៅ​ក្នុង​រឿង​ទុំទាវ ដូន​ផាន់​ម្ដាយ​នាង​ទាវ ម្ដាយ​​ក្មេក​​ទុំ ដែល​​មាន​មាន​ចិត្ដ​លោភលន់ ឃើញ​តែ​លុយ​កាក់​មាស​ប្រាក់​នោះ បាន​លើក​នាង​ទាវ​ថ្វាយ​ជា​ស្នំ​​ឯក​​ស្ដេច តែ​​ទា​វ​បែរ​ជា​មក​រៀប​ការ​ជា​មួយ​ទុំ​ដែល​មាន​ងារ​គ្រាន់​តែ​ជា​ខ្ញុំ​បំរើ​ស្ដេចប៉ុណ្ណោះ ធ្វើ​អោយ​ម្ដាយ​ទាវ​បែរ​ទៅ​រក​ម៉ឺន​ងួន ដែល​​ជា​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​យ៉ាង​សំបូ​រហូរ​ហៀ​វិញ​ ហើយ​ធ្វើ​អោយ​ជីវិត​នាង​ទាវ​ធ្លាក់​ចុះ​ទៅ​ក្នុង​ជ្រោះ​មរណៈ ​ហៅ​លែង​លឺ​តែ​ម្ដង​។ ក្នុង​រឿង​ផ្កា​ស្រ​ពោន យាយ​​នួន បាន​​ឃា​​ឃាំង​​ស្នេហា​​នាង​​វិធាវី​ ជា​​មួយ​​នឹង​​កំលោះ​​ប៊ុន​​ធឿន ហើយ​ផ្សែ​ផ្សំ​នាង អោយ​ទៅ​ស្រលាញ់​ណៃ​ស៊ត ដែល​ជា​អ្នក​មាន​​ស្ដុក​ស្តម្ភ មាន​​ឡាន មាន​​លុយ​​យ៉ាង​ហ៊ីហា សំបូណ៌​ហូរ​ហៀ​វិញ ក៏​ធ្វើ​អោយ​ជីវិតនាងវិធាវី ធ្លាក់​ស្វិត​ស្រពោន​រុះ​រោយ​គ្មាន​ថ្ងៃ​ត្រឡប់​វិញ​បាន​។​

  សេច​ក្ដី​ស្នេហា​បរិ​សុទ្ធ​តាម​ផ្លូវ​ចិត្ដ តែ​ម្យ៉ាង​មួយ​គត់ ដែល​ធនា​ភាព​សុខ​សាន្ដ​បាន។ កំហុស​ទៅ​លើ​សីល​ធម៌​សង្គម ដែល​​ប្រព្រឹត្ដ​​ទៅ​​ដោយ​​ខ្វះ​​ការ​​ពិចា​រណា ឬ​មិន​អោយ​តំលៃ​ទៅ​លើសីលធម៌ អរិយធម៌ ទំនៀមទំលាប់របស់ជាតិខ្លួន ក៏គឺដូចជាការបំផ្លិចបំផ្លាញ កំទេច​ព្រលឹង​របស់​ជាតិ​ខ្លួន​ឯង​ផង​ដែរ​។ ការ​ផ្គូផ្គង​ស្នេហា​របស់​យាយ​ផាន់ ក្នុងរឿងទុំទាវក្ដី របស់យាយនួន ក្នុងរឿងផ្កាស្រពោនក្ដី របស់​យាយ​សានីត ក្នុង​រឿង​ម្ដាយ​ក្មេក​ទំនើប​ក្ដី សុទ្ធ​តែ​បាន​ឆ្លុះ​បញ្ចាំង​អំពី ការកង្វះភាពពិតប្រាកដជឿជាក់លើខ្លួនឯង ហើយលោភលន់ចង់មាន​ចង់​បាន​ហួស​ប្រមាណ ធ្វើ​អោយ​មនុស្ស​យល់​ច្រលំ​ខុស ភ្លេច​តំលៃ​ជាតិ​របស់ខ្លួន តំលៃទំនៀមទំលាប់ សល់តែសំបកខ្លួន បាត់ព្រលឹង បាត់វិញ្ញាណ​អស់​រលីង​តែ​ម្ដង​។ គ្រា​នោះ​ខ្មែរ​យើង​ម្នាក់ៗ បែរ​ជា​អោយតំលៃ លើកសរសើរមនោគមវិជ្ជា និងវប្បធម៌បរទេសយ៉ាខ្លាំងក្លា។ វប្ប​ធម៌​ខ្មែរ​ទំនៀម​ទំលាប់​ខ្មែរ​ត្រូវ​គេ​បន្ថោក​មាក់​ងាយ មិន​រាប់​អាន​លើក​ស្ទួយ​តំកើង​អោយតំលៃឡើយ។

  យ៉ាងណាមិញអត្ថរសក្នុងរឿងម្ដាយក្មេកទំនើប ដែលអ្នកនិពន្ធប៉ិចសង្វាវ៉ាន បានឆ្លុះបញ្ចាំងអំពីភាពជ្រួល​ជ្រើម​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​ទើប​ឈាន​ជើង​មក​ជាន់​លើក​ទឹក​ដី​បារាំង ​ហើយ​ក៏​នឹក​គិតក្នុង​ចិត្ដ​ថា ដូច​បាន​ឡើង​ស្ថាន​សួគ៌​ស្រស់ៗ តែ​ម្ដង។ អ្នក​និពន្ធ​បាន​បង្ហាញ អោយ​ឃើញ​ពី​ទឹក​ចិត្ដ​របស់​មនុស្ស​ដែល​ភ្លើន​ភ្លើនទៅតាមសង្គមសម័យថ្មី ភ្លេចជាតិ ភ្លេចកំណើតរបស់ខ្លួន ភ្លេច​ទំនៀម​ទំលាប់​របស់​ខ្លួន ហើយ​បណ្ដាយ​ខ្លួន​អោយ​ធ្លាក់​ចូល​ទៅ​ក្នុង​តណ្ហាអូសទាញ ទាំងផ្នែកសីលធម៌សង្គមរស់នៅ ទាំងសីលធម៌ស្នេហា រហូត​បញ្ចុក​បន្ស៊ី​ផ្គប់​ផ្គុន​កូន​កំលោះ អោយ​មក​ស្រឡាញ់​កូន​ក្រមុំ​របស់​ខ្លួន ហើយដែលទីបំផុតត្រូវទទួលរងកម្ម នូវភាពអាម៉ាសទាំងជីវិតរបស់​ខ្លួន​ ទាំង​ជីវិត​កូន​ក្រមុំ​ដែល​ជា​បុប្ផា​មួយ​ទង​កំពុង​រីក​ស្គុះស្គាយ ហើយក៏ត្រូវរុះរោយទៅវិញក្នុងរយពេលដ៏ខ្លីគួរអោយសង្វេគពន់ពេក។ ស្នេហា​កើត​ឡើង​ដោយ​ការ​សូត្រ​​មន្ដ​អាគម​ ស្នេហា​កើត​ឡើង​ដោយ​ការ​ប្រចុបប្រ​ច្ចែង ដូចយាយសានីតបានធ្វើ ជាមេរៀនមួយសំរាប់មនុស្ស​មួយ​ជំពូក ដែល​មិន​យល់​អ្វី​សោះ អំពី​ចិត្ដ​បរិសុទ្ធ ហើយ​ធ្វើ​អោយ​ជីវិត​រុះ​រោយ រលេះរលួយក្នុងភាពអាម៉ាស់យ៉ាងខ្លាំងក្នុងសង្គម។