សូមរង់ចាំអាន រឿងគុកនយោបាយ
៩ -ខ្ញុំនិងគុកនយោបាយម្ដងទៀត
ថ្ងៃពុធ ទី14.សីហា 2013.ម៉ោង 21:41

   ចូលក្នុងឆ្នាំ១៩៥១ គណបក្សនយោបាយបានមានសកម្មភាពជាថ្មី ដោយប្រជាជាតិខ្មែរត្រូវការអោយមានអង្គការ​នីតិ​បញ្ញាត្ដិ​ឡើង​វិញ​។
   គណបក្សប្រជាធិប្បតេយ្យ ជាគណបក្សដែលឈរជួរមុខគណបក្សឯទៀត ដោយរាស្រ្ដធ្លាប់ស្គាស់និងស្រលាញ់។ ចំ​ពោះ​រូប​ខ្ញុំ​ពុំ​មាន​ពន្លើស​​ទេ ការ​ឃោ​សនា​បោះ​ឆ្នោត ដូច​ជា​ការ​កំសាន្ដបុណ្យទានសុទ្ធសាធ ត្បិតខ្ញុំនិយាយឃោសនាម្ដងៗ កន្លែងណាក៏​ដោយ​គេ​ទះ​ដៃ​អប​អរ​សា​ទរ​ពុំ​ដែល​ខាន​។ ម្យ៉ាង​ទៀត គេ​ធ្លាប់​ល្បី​ថា ខ្ញុំប៊ុណ្ណចន្ទ ម៉ុល ធ្លាប់ជាប់គុកកោះត្រលាច ធ្លាប់សាងកំណើតឥស្សរៈ។ ម្លោះ​ហើយ​គេ​​រាប់​អាន​ខ្លាំង​​ណាស់​ចំពោះ​រាស្រ្ដ​។

   ខ្ញុំចូលគុកទី ២នេះ បានសង្កេតក្នុងគុកធំរបស់ខ្មែរគ្មានខុសពីជំនាន់ឆ្នាំ ១៩៤២ទេ របៀបបែបបទធ្វើទារុណកម្មមនុស្ស នៅ​ដដែល​។​ ហើយ​ខ្ញុំ​សង្កេត​ឃើញ​គេ​ផ្ចាល​មនុស្ស​ដោយ​វិធីប្លែកៗ ដូចជាគេយកអ្នកទោសទៅចងផ្អោបនឹងគល់ស្វាយអោយអង្ក្រងចោមខាំ ស្រែក​រក​ពុទ្ធោ! នេះ​​ចរិត​អ្នក​ដឹក​នាំ​រដ្ឋ​ខ្មែរ គ្មាន​កែ​ប្រែ​របៀបសោះនៅតែចាស់គំរឹលព្រៃផ្សៃដដែល។ ខ្ញុំទ្រាំរស់នៅក្នុងគុកអកុសលអស់ពេល ៨​ខែ ២០​ថ្ងៃ ទើប​​មាន​វាសនា​រំដោះ​រួច​មក​វិញ​។

   ខ្ញុំរំលឹករឿងមួយ។ មុនពេលរួចពីការឃុំឃាំងខ្ញុំព្រមទាំងមិត្ដជាច្រើន បានទទួលសេចក្ដីក្ដៅក្រហាយ តូចចិត្ដចំពោះ​មេ​នយោ​បាយ​គណ​បក្ស​​ប្រ​ជា​ធិប្ប​តេយ្យ​ដូច​គ្នា ដែល​គេ​មានវាសនាល្អមិនជាប់គុក គេចូលទៅប្រស័យនឹងពួកខ្ញុំនៅក្នុងគុក គេបន្ទោស​ពួក​ខ្ញុំ​ថា អស់​លោក​ឃើញ​​ទេ​? អស់​លោក​មិន​ជឿ​ខ្ញុំ ខ្ញុំ​បាន​រំលឹក​ច្រើនលើកច្រើនគ្រាហើយថា កុំប្រឆាំងនឹងព្រះករុណាជាអម្ចាស់ជីវិតលើ​ត្បូង​អោយ​សោះ ពួក​លោក​​មិន​ស្ដាប់​ខ្ញុំ​ទេ ឥលូវ​ទាល់​តែ​អី​ចឹង​ទៅ​! ប៉ុន្តែ​មិន​អី​ទេ អស់​លោកនឹងបានរួចខ្លួនក្នុងពេលឆាប់ៗនេះហើយ!។

   នែ! ទៅជាអីចឹង គួរណាស់តែមកលួងលោមលើកទឹកចិត្ដគ្នា មិនដូច្នោះបែរជាមកបន្ទោស ដូចគេយកភ្លើង​មក​ចាក់​លើ​ទ្រូង​! នេះ​ចរិត​ខ្មែរ​​វា​អី​ចឹង​! តាំង​ពី​ចេញ​ពី​គុក​កាល​ណា ខ្ញុំនឹកតូចចិត្ដចំពោះខ្លួនឯងយ៉ាងខ្លាំង ដែលពីនោះមកនេះ គ្មានបានសុខស្រួលសោះ ជិវិត​ខ្ញុំ​ជា​ជីវិត​មាន​សុទ្ធ​​តែ​បន្លា​ច្រូង​ច្រាង​ចំរូង​ចំរាស​ជា​និច្ច គុកច្រវាក់ជាប់កែងគួរអោយស្ញប់ស្ញែង។ ខ្ញុំដូចជាអស់កំលាំង នឹងបំរើជីវិត​នយោ​បាយ​​ត្រឹម​ណេះ​។ ខ្ញុំ​​ហេវ​ហត់​ណាស់​ហើយ​។ ខ្ញុំ​ក៏​បានដកខ្លួនពីជីវិតនេះមួយគ្រា ហើយបែរជាមកខិតខំប្រកបរបររកទទួលទាន ចិញ្ចឹម​ជីវិត នឹង​គ្រួសារ​វិញ​ម្ដង​​ដោយ​ប្រកប​របរ​ពាណិជ្ជ​កម្ម​យ៉ាង​ស្វិត​ស្វាញ ប្រលូកប៉ូកប៉ាក ជាមួយចិនពេញទំហឹង ដរាបមានជីវភាពសមរម្យជា​មនុស្ស​នឹង​គេ លុះ​សព្វ​ថ្ងៃ​។ ប៉ុន្ដែ​ទោះ​បី​លាក់​ខ្លួន​លែង​ធ្វើ​នយោ​បាយ គិតតែរកស៊ីក៏ដោយ ក៏ខ្ញុំចេះតែតាមកត់សំគាល់ស្ថានការណ៍ស្រុក​ខ្មែរ​ជា​ដដែល​ដែរ ព្រោះ​ដូច​បាន​​ជ្រាប​ហើយ អ្នក​ចូល​វង់​នយោ​បាយ ទោះបីឃ្លាតពីវង់ទៅហើយក៏ដោយ តែងតែលបមើលគេអ្នកថ្មី ដែលកំពុងតែ​កាន់​ការ​រដ្ឋ​នោះ​ជា​ដរាប​។ ការ​សំខាន់​ៗ ដែល​ខ្ញុំ​កត់​សំ​គាល់ ហើយដែលខ្ញុំចេះតែស្រមៃថា របប​របស់​ស្ដេច​សីហនុ មុខជានឹងមានហេតុ​ការ​ណ៍​អាក្រក់​នៅ​ថ្ងៃ​ណា​មួយ​​ដោយ​​យើង​ជា​រាស្រ្ដ​ទ្រាំ​នៅ​លែង​បាន ត្រូវ​តែរុះរើនោះគឺ៖

- ស្ដេចសីហនុយកតំណែងនាយករដ្ឋមន្រ្ដីមកកាន់ បន្ទាប់ពីរំលាយសភាជាតិនីតិកាលទី២ ១៩៥៣
- មកពីលោកល្មោភអំណាច វាតយកអំណាចរដ្ឋគ្រប់យ៉ាងមកកាន់ ដើម្បីញាក់ញោចទៅណាក៏បាន។
ស្ដេចសីហនុ ដាក់តំណែងរាជ្យអោយស្ដេចឳពុកសោយរាជ្យជួសតទៅ១៩៥៥ លោកចូលប្រលូកក្នុងនយោបាយ​អោយ​បាន​កប់​ដៃ គណ​បក្ស​ដែល​ធ្វើ​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ​ត្រូវ​រលាយៗ ដោយអានុភាពលោក។

   ត្រង់ណេះមកពីលោកខ្លាចរលាយរាជបល្ល័ង្គផង ចង់ពង្រីកមុខមាត់អោយមានប្រជាប្រិយភាពម្នាក់ឯងផង។ មួយ​ទៀត សម្ដេច​សីហនុ​ឃោរ​​ឃៅ​ណាស់ ចិត្ដ​មិន​ត្រង់​បង់​សច្ចៈ ធ្វើបាបពួកគណបក្សប្រជាធិប្បតេយ្យសំបើម។ នៅថ្ងៃទី១១ សីហា ១៩៥៧ សម្ដេច​សីហនុ​បាន​ប្រកាស​​អោយ​គណ​កម្មការ​កណ្ដាល​នៃ​គណ​បក្សប្រជាធិបតេយ្យ ចូលទៅក្នុងបរមរាជ វាំង ជំនុំនៅព្រះទីនាំងភោជនីយ ដើម្បី​ចោទ​ឆ្លើយ​អំពី​វត្ថុ​​បំណង របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​។ ពេលនោះមានមនុស្សច្រើនពាន់នាក់ បានចូលទៅស្ដាប់ផ្ទាល់ ឯវិទ្យុជាតិក៏​មាន​ផ្សាយ​បន្ដ​អោយ​អ្នក​​ស្ដាប់​ឯ​ទៀត​លឺ​ផង​។ ខាង​គណ​បក្ស​ប្រជា​ធិប្ប​តេយ្យ មានរូបលោក ស្វាយ សូរ ជាប្រធាន លោកតាន់គិមហួន ទ្រង់​នរោ​ត្ដម​ភូរិស្សរា លោក​កែវ​ម៉ុង គ្រី លោក​ គាំរ៉េត ជា​សមា​ជិក​។ ក្នុង​ឱកាសបើកសម័យប្រជុំរួច សម្ដេចសីហនុប្រកាសយ៉ាងម៉ើងមាត់ថា សុំ​អោយ​អស់​លោក​ខាង​​គណ​បក្ស​កុំ​បី​ភិត​ភ័យ ឬ​ព្រួយ​បារម្ភ​អោយសោះក្នុងរឿងគេធ្វើបាបផ្សេងៗ ខ្ញុំសុំធានាទាំងអស់ថា គ្មាននរណាប៉ះពាល់លោកទេ លោកនិយាយ​អ្វីនិយាយអោយត្រង់ៗទៅចុះ កុំព្រួយ!។

   ពេលប្រជុំនោះចាប់ពីម៉ោង៩ រហូតដល់ម៉ោង១៣:៤០ ទើបចប់ គណបក្សប្រជាធិបតេយ្យ បានងបង្ហាញនូវគោល​បំណង​ដែល​រក្សា​លទ្ធិ​​ប្រជា​ធិប្ប​តេយ្យ ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ​ពិត​ប្រាកដ ធ្វើអោយសម្ដេចសីហនុមិនសប្បាយចិត្ដសោះឡើ យ។ ឯ​ពួក​ឆ្កែ​ជា​បរិ​វារ​សីហនុ​វិញ ឆាប់​​យល់​ព្រះ​ទ័យ​សីហនុ​ជា​ម្ចាស់​ណាស់​ទៅ​ទៀត ពួកនោះចាំអោយតែចប់ពេល ប្រជុំ នឹងរោមខាំពួកអស់លោក​គណ​បក្ស​ប្រជា​ធិប​តេយ្យ​អោយ​​ក្ស័យ​តែ​ម្ដង​។ មែន សីហនុ​ជា​ម្ចាស់​របស់​វា ហាម​តែ​មាត់ទេ ក្នុងចិត្ដគឺពន្យុះវាជាឆ្កែអោយចាំត្របាក់ក្បាលគេជា​ស្រេច​។ គ្រាន់​តែ​ជំនុំ​ចប់​ភ្លាម​​លោក​ស្វាយ​សូរ លោក​កែវ ម៉ុង​គ្រី ទ្រង់​នរោត្ដម​ភុរិស្សរា ចេញ​តាម​ទ្វារ​ខាង​ជើង​ក៏ត្រូវពួកនោះ ស្រែកជេរម្ដាយតាយ​ឳ​ពុក​ដូច​ជា​ពួក​បាត​ផ្សារ​​អាវា​សែព្រម​ទាំង​ព័ទ្ធ​គប់​ដុំ​ថ្ម​ព្រោង​ព្រាត​ទៅលើលោកស្វាយសូរ ដំណំជាងគេ តាំងពីក្នុងវាំង រហូតក្រៅវាំង បែក​មុខ​បែក​មាត់​អស់​។ លោក​​តាន់​គឹម ហួន និង​លោក​គាំរ៉េត​ចេញ​ទៅ​ទ្វារ​ខាង​កើតរួចខ្លួន ប៉ុន្ដែបានភ័យព្រលឹងចុងសក់មិនតិច។ នេះជាលក្ខណ​ទ្រើស​ឃ្នង​របស់​សម្ដេច​សីហនុ​​ ដែល​ចូល​ចិត្ដ​បោក​បញ្ឆោត​គេ​អោយ​ស្លាប់​តាម​គំនិត​ថោក​ទាប​។

   ស្ដេចសីហនុ ឡើងជោរ ដោយចេះតែស្ដាប់ពាក្យបញ្ជោររបស់ចិន យួនកុម្មុយនិស្ដ ក៏ស្អប់អាមេរិកាំងចាត់​អោយ​បាតុ​ករ វាយ​ទូត​អាមេ​រិក​​កាំង ១៩៦២ ហើយ​កាត់​ទូត​ពី​អា​មេ​រិក អព្យាក្រិត្យចាក់ថែវ ទៅខាងកុម្មុយនិស្ដ ដោយខំយកចិត្ដកុម្មុយនិស្ដ កុំអោយ​កុម្មុយ​និស្ដ​បំបាត់​រាជ្យ​បើ​កាល​ណា​កុម្មុយ​និស្ដ​ចូល​មក​ដល់​។ រាស្រ្ដយល់ថា រឿងនេះមកពីលោកខ្លាចកុម្មុយនិស្ដ ដែលជាសត្រូវនឹងស្ដេច ចូល​មក​កាប់​សំលាប់​លោក​​ទើប​លោក​លេង​ផ្លូវ​លួង​យក​ចិត្ដ​អោយ​ហើយ​។

   ចុងចប់ អស់សមត្ថភាពនឹងស្ដារស្រុកទេសដែលមានអោនភាពថវិកាធ្លាក់ស្រុតដល់បាតដាល បណ្ដាលមកពីការគ្រប់​គ្រង​របស់​ខ្លួន​ ដែល​ចេះ​​តែ​ចាយ​ពុំ​ចេះ​រក សីហនុ​ក៏​តាំងខំធ្វើកុន ធ្វើល្ខោន បង្កើតមេដាយលក់រៃយកលុយ រហូតដល់បើកកាស៊ីណូឆ្នាំ១៩៦៩ នាំ​អោយ​រាស្រ្ដ​អន្ដ​រាយ​​ហិន​ហោច​មិន​តិច​។ ដោយស្ថានការណ៍ស្រុក កាន់តែលិចលង់សស្រឹមនេះហើយ ដែលមានយួនយៀកកុងចោរ​ក្រពើ​ប្រ​វត្ដិ​សាស្រ្ដ​ប្រចាំ​ជាតិ​ កំពុង​តែ​ហា​មាត់​ប្រុង​ត្របាក់​លេប​ទៅ​ផង​នេះ សីហនុចំប្រប់មែនទែន ចង់ដោះដៃពីទំនួលខុសត្រូវ ក៏តាំងហៅលោក លន់ នល់ សិរិ​មត អោយ​​មក​ជួយ​ស្ដារ​នាវា​កម្ពុ​ជា​នេះ ដោយ​អោយនាមរដ្ឋាភិបាលលោក លន់ នល់ថា រដ្ឋាភិបាលស្រោចស្រង់ជាតិ (Gouvernement de Sauvet- age)​ ហើយ​អោយ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្ដិ​សាស្រ្ដ (ខែសីហា១៩៦៩)។

   កត់សំគាល់ជាលំដាប់មកប៉ុណ្ណេះ ខ្ញុំចេះតែនឹកមមៃថា មិនយូរទេ ស្រុកខ្មែរមុខជានឹងភាន់ប្រែមិនខានទេ។ កំពុងគិត ស្រាប់​តែ​ក្ដូង! ថ្ងៃ​ទី ១៨​មិនា​ ​១៩៧០ព្រឹត្ដិ​ការ​ណ៍​ប្រវត្ដិ​សាស្រ្ដ​ផ្ទុះ​ឡើង សភាជាតិដែលជាតំណាងប្រជាជាតិខ្មែរទាំងមូល ដែលជាសភារបស់ស្ដេចសីហនុ​របស់​សង្គម​រាស្រ្ដ​​និយម បាន​បោះ​ឆ្នោត​ជា​ឯ​កច្ឆន្ទ​ទំលាក់​សម្ដេច​សីហនុ​ពី​ឋានៈប្រមុខ រដ្ឋខ្មែរ!..។

   មែនសេចក្ដីស្រមៃរបស់ខ្ញុំបានដើរមកដល់ការពិតហើយ។ ខ្ញុំមានអំណររកពាក្យនិយាយពុំបាន! ព្រឺខ្លួនចំពោះស្មារតីភ្ញាក់​រលឹក នៃ​អស់​លោក​វរ​ជន​​យើង បញ្ញ​វន្ដ​យើង ព្រះ​សង្ឃ​យើង ប្រជាពលរដ្ឋយើង ដែលរួមគ្នាកំចាត់សីហនុ មេផ្ដាច់ ការតំនាងរបបរាជនិយមចុង​ក្រោយ​នេះ​អោយ​ខ្ចាត់​ទៅ​​បាន​។ តែ​ប៉ុណ្ណេះ សីហនុ​អស់​លក្ខណ៍​ហើយ ហើយ​បើ​អាច​ត្រលប់ចូលមកស្រុកវិញបាន សីហនុអស់មានភាពជាខ្លា ជា​រាជ​សីហ៍​ទៀត​ហើយ តែ​គឺ​​ជា​ឆ្មា​មួយ​ប៉ុណ្ណោះ​ខ្ញុំ​យល់​ជា​ស្រេច។

   ដោយខឹងឃោរ និងគេទំលាក់ខ្លួន ស្ដេចកន្ដឿនេះដែលស្ថិតនៅឯប៉េកាំងស្រាប់ផង មានលទ្ធភាពគ្រប់គ្រាន់ នឹងធ្វើការសង​សឹក​មក​លើ​ខ្មែរ​ ក៏​ពន្យុះ​យួន​យៀក​កុង​យៀក​ណាម​ខាង​ជើង​ដែល​មានស្រាប់នៅលើដីខ្មែរ អោយវាយខ្មែរគ គ្រឹកគគ្រេងម្ខង នា​ចុង​ខែ​មិនា ១៩៧០ និង​តៗ​មក​។

   ទល់នឹងស្ថានការណ៍ប្រថុចញ៉ុចនេះ លោកសេនាប្រមុខលន់ នល់ បានថ្លែងសារហាហៅខ្មែរអោយជួយប្រយុទ្ធ ហើយ​លោក​ប្រមូល​អ្នក​​នយោ​បាយ​គ្រប់​និន្នា​ការ​ទាំង​អស់​អោយចូលជួយស្ថាបនាជាតិជាមួយនឹងលោក។ គ្រានោះទឹកចិត្ដខ្មែរ ឈាម​ខ្មែរ​អ្នក​ច្បាំង មាន​ការ​ពេញ​ចិត្ដ​​ចំពោះ​លោក​សេនា​ប្រមុខ លន់ នល់ យ៉ាងខ្លាំង ទាហានម្ភៃបួនម៉ោង កើតឡើងព្រោងព្រាតជួយស្រុក។ រឿង​នេះ​អស់​លោក​ភាគ​ច្រើន​ណាស់​​បាន​ដឹង​បាន​ចាំ​ទុក​ដែរ​។

   ឯរូបខ្ញុំត្រូវលោកសេនាប្រមុខ លន់ នល់ នាយករដ្ឋមន្រ្ដី និងជានាយអគ្គសេនាធិការ កងយោធពលខេមរជាតិ ហា​ហៅ​ទៅ​បំពាក់​សក្ដិ​ឋានៈ​​ជា​វរសេ​និយ​ត្រី បំរើ​កង​ទ័ព​ត​ទៅ​។ គឺខ្ញុំពេញចិត្ដណាស់ទៅហើយ ដោយខ្ញុំបានមានឱកាស នឹងបំរើនយោបាយថ្មី​របស់​រដ្ឋា​ភិបាល​ស្រោច​ស្រង់​​ជាតិ​យ៉ាង​ពេញ​ទំហឹង​។ ខ្ញុំ​ដែល​លាក់​ខ្លួន​ពួនអាត្មាអស់កាលជិតម្ភៃឆ្នាំ ក្នុងរបបរាជនិយមនោះ ពេល​នេះ​ត្រូវ​តែ​ផុស​ឡើង​វិញ​។

- ខែឧសភា ១៩៧១ ខ្ញុំត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ
- ថ្ងៃទី២៨មិនា ១៩៧២ ខ្ញុំត្រូវបានតែងតាំងជាឧបការីនៃលោកសេនាប្រមុខលន់ នល់ ប្រធានាធិបតី
- ហើយខែកញ្ញា១៩៧២ ខ្ញុំបានចូលរួមក្នុគណបក្សសង្គមសាធារណរដ្ឋ ដរាបជាប់ឆ្នោត ជាសមាជិក​សភា​ជាតិ​នីតិ​កាល​ទីមួយ​សព្វ​ថ្ងៃ​នេះ​។

   រឿងចូលគណបក្សនេះ មានគេដណ្ដឹងសួរថា ហេតុអ្វីបានជាខ្ញុំចូល ចោលគណៈបក្សប្រជាធិបតេយ្យរបស់ខ្ញុំពីមុននោះ? ខ្ញុំ​សូម​ជំរាប​ក្នុង​​វង់​ក្រចក​ថា ដោយ​ខ្ញុំ​សង្កេត​ឃើញ​គោល​បំណង​នៃ​គណបក្សនេះ សមរម្យល្មមអោយរួបរួមជាមួយកើតនេះម្យ៉ាង ម្យ៉ាង​ទៀត ចង់​ចូល​ជួយ​​តំរែ​តំរង់​ខ្មែ​គ្នា​យើង​អោយ​ឆ្ពោះ​ទៅ​ទិស​តែមួយផង។ ខ្ញុំមិនយល់សោះ ចំពោះអ្នកខ្លះ ដែលចេះតែមានៈ មិន​ជួយ​គ្នា​សោះ​ដោយ​គិត​តែ​ជួយ​គណ​​បក្ស​ទៅ​វិញ ចង់​ជាតិ​លិច​លង់​ដល់​ណា​ដល់​ណី​ក៏​ដោយ។ អ្នកកាន់ការរដ្ឋនោះជាគ្នាគេ អញមិនរវល់ទៅបៀតទេ ចាំ​គណ​បក្ស​អញ គ្នា​អញ​​ឡើង​កាន់​ការ​សឹម​អញ​រវល់​ជា​មួយ​។

   ខ្ញុំមិនដែលគិតដូច្នេះទេ ហើយចំពោះមិត្ដខ្ញុំខាងគណបក្សប្រជាធិប្បតេយ្យក៏ខ្ញុំមិនដែលចោលដែរ មិនដែលស្អប់ទេ នៅ​តែ​រាប់​អាន នៅ​តែ​​ស្រ​លាញ់ ឧទា​ហរណ៍​ច្បាស់​សព​លោក ប៉ាច ឈឺន (ថ្ងៃ​១៦ តុលា ១៩៧១) សព​លោក​ជុំ មួង ពី​ថ្ងៃ​១១ មិនា ១៩៧៣ គឺមាន​រូប​ខ្ញុំ​ជា​អ្នក​ចាត់​ចែង​​លើក​ដាក់​រៀប​ចំ​ដោយ​ផ្ទាល់​ៗ​ដែរ​។ យើងបែកពីគណបក្សគ្រាន់តែ ជាការផ្លាស់បរិយាកាស ខ្វែងយោបល់គ្នា​ប៉ុណ្ណោះ ទិដ្ឋ​ភាព​នយោ​បាយ​​យើង​ប្រ​កាន់​យក​ដដែល​ដូច​គ្នា​ក្នុង​រឿង​ប្រទេស ជាតិ នៅស្រុកអាមេរិក មានអ្នកអ្នកខ្លះចេញពីគណបក្សប្រជាធិប​តេយ្យ ទៅ​ចូល​គណបក្ស​​សា​ធារណ​រដ្ឋ​អី​ចឹង​ដែរ​។ ខ្ញុំ​យល់​ថា​វា​ដូច​ជា​ទុទិដ្ឋិ​និយម​ពេក បើយើងប្រកាន់តែគណបក្សមួយៗ។

   ឥលូវខ្ញុំសូមវិលបែរមកពោលអំពីចរិតខ្មែរ ក្រោយ១៨ មិនា ១៩៧០តមកទៀតនេះ តើមានខុសប្លែកប៉ុន្មានពី​របប​រាជ​និយម​ទេ​? ផ្លាស់​តែ​របប ប៉ុន្ដែ​មនុស្ស​មាន​ផ្លាស់​ទាំង​អស់​គ្នា​ឯ​ណា​?​ ខួរ​ក្បាល​ខ្មែរ ចរិត​ខ្មែរ មាន​ផ្លាស់​ឯណា? គំ និតចង់ធំ​ដាច់​តែឯង គំ​រិះ​គន់​ឈ្នានិស​គ្នា គំ​និត​កាប់​សំលាប់​បំបាត់​ជីវិត​គ្នា គំនិត​ប្រទូស​រាយ​គ្នា គ្មានឈប់ឈរ គំនិត បក្សពួកនិយម អញនិយម មើលងាយគេ អា​នោះ​មិន​កើត អា​នេះ​មិន​ផេះ អា​នេះ​អី​ចេះ អា​នោះ​អី​ចុះ មិន​ដល់​ពួក​យើង​ទេ៘ និង​៘ នៅ​មាន​ដដែល​ក្នុង​សង្គមខ្មែរ។