ក ​-សិក្សាកថា
ដោយ កែវ ឈុន

ថ្ងៃចន្ទ ទី15.កក្កដា 2013.ម៉ោង 21:14

   លោកប៊ុណ្ណចន្ទ ម៉ុល គឺជាវីរបុរសអ្នកស្នេហាជាតិម្នាក់ មុះមុតអង់អាចក្លាហានអស្ចារ្យ លោកបានចូលបំរើកិច្ច​ការ​នយោ​បាយ​ស្រុក​ទេស​ តាំង​ពី​យុវ​វ័យ រហូត​លោក​ត្រូវ​ជាប់​គុក ជាប់ច្រវាក់ ឯកោះត្រលាចក្នុងរវាងឆ្នាំ១៩៤២ អស់រយពេលជាយូរ លោកត្រូវ​បាន​ដោះ​លែង​អោយ​ មាន​សេ​រីភាព​វិល​មក​កាន់​ស្រុកទេសវិញដោយកងទ័ពជប៉ុន ពេលចូលស្រុកមិនបានយូរប៉ុន្មាន ស្ថានភាពនយោ​បាយ​ស្រុក​ខ្មែរ​បាន​ប្រែ​ភាន់​ ទៀត ជប៉ុន​ចាញ់​សង្គ្រាម​លោក បារាំងវិលមកកាន់ អំណាចពេញទំហឹងនៅស្រុកខ្មែរវិញ បារាំងបានចាប់លោកសឹង ង៉ុក​ថាញ់ ទៅ​ដាក់​គុក​នៅ​ ប្រ​ទេស​បារាំង និង​បក្ស​ពួក សហសេវិកមួយចំនួនក៏ត្រូវបានចាប់ខ្លួនដែរ លោកប៊ុណ្ណ ចន្ទម៉ុល ដែលជាបក្សពួក​លោក​សឹង ង៉ុក​ថាញ់ និង​ជា​ អ្នក​ទោស​នយោ​បាយ​បារាំង​ម្នាក់ នៅកោះត្រលាចផងនោះ ដើម្បីចៀសវាងនៃការចាប់ខ្លួន លោកក៏ត្រូវនីរទេសខ្លួន​ទៅ​កាន់​ស្រុក​សៀម​ខេត្ដ​ បាត់​ដំបង (បាត់​ដំបង​កាល​ណោះ​ បារាំង​កាត់អោយស្ថិតនៅក្នុងការត្រួតត្រា កាន់កាប់ជារបស់សៀ ម)។ នៅ​ពេល​នោះ​ហើយ​ដែល លោក​ ប៊ុណ្ណ​ចន្ទ និង​សហ​សេ​វិក​ស្នេហា​ជាតិជាច្រើននាក់ទៀត បានបង្កើតអោយមាន ទ័ពខ្មែរឥស្សរៈ ដើម្បី​ប្រ​ឆាំង​នឹង​អាណា​និ​គម​និយម​បារាំង​ សេស ដែល​ធ្វើ​អាណា​និគម​និយម ជិះ​ជាន់ គេង​ប្រវ័ញ្ញ​គ្រប់បែបយ៉ាងនៅកម្ពុជាយើង។

   «ចរិតខ្មែរ» ដែលអ្នកនិពន្ធចង់ពោល ចង់និយាយនោះគឺលោកចង់ឆ្កិះបង្ហាញចង្អុលប្រាប់អំពីអំពើអាក្រក់របស់យើង​គ្រប់​ៗ​គ្នា​អោយ​យល់​ អោយ​ឃើញ អោយ​ដឹង​អំពី​កំ​ខុស​របស់​ខ្លួនដែលចេះតែមានមានៈតែរៀងៗខ្លួន លោកក៏ពោលប ញ្ជាក់យ៉ាងពិស្ដារនៅ​ក្នុង​អារម្ភ​បទ​របស់​ លោក​ថា « ចរិត​ខ្មែរ ស្ដាប់​ទៅ​ដូច​ជា​អ្នក​និពន្ធ​មានគំនិតរិះគន់ បន្ដុះបង្អាប់តែខ្មែរគ្នាឯង ប៉ុន្ដែតាមការពិត គឺនិយាយ​អោយ​ឃើញ​នូវ​ទិដ្ឋិ​មានៈ​ រើស​អើង​របស់​ខ្មែរ​មួយ​ផ្នែក ដែលបណ្ដាលអោយ កើតផលអាក្រក់ដល់សង្គមនិងបក្ស។ ឃើងត្រូវតែប្រយ័ត្ន និង​អប់​រំ​កុំ​អោយ​មាន​ទិដ្ឋិ​ របៀប​នោះ​ទៀត​។ ពោល​មួយ​បែប​ទៀត គឺថាឆ្កិះយកគន្លងអាក្រក់មកលាតត្រដាងដើម្បីអោយយើងស្អប់ខ្ពើម ហើយ​ចៀស​វាង​ចេញ​ពី​គន្លង​ នោះ រួច​ប្រកាន់​យក​នូវ​គន្លង​ណា​ដែល​ល្អ​ប្រសើរមកវិញ។ និយាយអោយខ្លីទៅគឺថា «ចរិតខ្មែរ» ជារូបមន្ដ សំរាប់​បង្ហាញ​គុណ​វិបត្ដិ​ដែល​ បណ្ដាល​ឡើង​ដោយ​មនុស្ស​មួយ​ជំពូក ដែលគ្មានលក្ខណចិត្ដជាមនុស្សសោះ។ គឺពួកទាំងនោះឯងហើយ​ដែល​នាំ​អោយ​បក្ស​ពួក និង​សង្គម​ ជាតិ អស់​ថាម​ពល​ហើយ​ដល់​នូវ​ភាព​ហិន​ហោចខ្លោចផ្សានោះ » ។

   ចរិតខ្មែរ អ្នកនិពន្ធ បានសរសេរឆ្លុះបញ្ចាំង តាំងពីពីឆ្នាំ ១៩៤៥ ដល់ សម័យសាធារណរដ្ឋខ្មែរឆ្នាំ ១៩៧០-៧៥ អំពី​សង្គម​​របប​នយោ​បាយ​ខ្មែរ​ អំពី​អ្នក​នយោ​បាយ​ខ្មែរ អំពីមេ​ដឹក​នាំ​ខ្មែរ ដែលចេះចង់តែធំ ចង់បានតែបានអំណាច ឥតគិតដល់អាយុជីវិត​ជាតិ សោះ​ឡើងយ​។ គំនិត​ដែល​ចេះ​ តែ​ប្រឆាំង មិន​ព្រម​ធ្វើ​ការ​ជា​មួយ​គ្នា មិនព្រមសាមគ្គីគ្នា នៅស្ងៀមមិនជួយជ្រោមជ្រែ ងគ្នា ទាំងអ្នកធំ ទាំង​អ្នក​តូច ទាំង​យុវ​ជន ទាំង​យុវ​នារី​ ទាំង​រាស្រ្ដ អនុញ្ញាត្ដ​អោយ​របប​កាប់​សំលាប់​របស់​ពួកប្រល័យ ពូជសាសន៍ប៉ុល ពត ចូលមកធ្វើការកាប់សំលាប់​អស់​ជិត​៣​លាន​នាក់ នេះ​ ហើយ​ចរិត​ខ្មែរ​។

   នៅក្នុងទ័ពឥស្សរៈអ្នកនិពន្ធបានរៀបរាប់ ធ្វើការកត់ត្រា អំពីចិត្ដចរិតខ្មែរ ដែលកោងកាចឃោរឃៅ ព្រៃផ្សៃហួស​និស្ស័យ​ជា​មនុស្ស​ អន់​ជាង​សត្វ​តិរច្ឆាន​ទៅ​ទៀត ភាពអយុត្ដិធម៌ កាប់សំលាប់មនុស្សយ៉ាងសត្វធាតុ សំលាប់និងដំបង សំលាប់​បែប​ស្រងែ​ពេន ដែល​យើង​ មើល​ឃើញ​ទៅ​ដូច​ជា គេ​យក​អាយុ​ជីវិត​របស់មនុស្ស មករាំលេងសើចបែបយ៉ាងថ្លុកកំប្លែងទៅវិញ តាមការរៀប​រាប់​ប្រាប់​របស់​អ្នក​និពន្ធ​ ថា គេ​ចាប់​អ្នក​ទោស​មក​ដាក់​ចំកណ្ដាល បើកវង់ដូចបើកវង់រាំវង់ ពេជ្ឈឃាត គេកាន់ដាវរាំពត់ពែនចាក់ក្បាច់​ជុំ​វិញ​អ្នក​ទោស​នោះ​យូរ​ៗ​គេ​ ចូល​មក​អារ​ក​អ្នក​ទោស​មួយ​ខ្វាក អោន​មាត់ទៅបើតឈាម មកព្រោះដាក់លើមុខដាវលាន់ផែតៗ រួចរេរាំទៅទៀត រួច​ចូល​មក​អារក​មួយ​ខ្វាក​ ទៀត អោន​បើត​ឈាម​ធ្វើ​របៀប​ដូច​មុន​ទៀត សូមអ្នកអានមេត្ដាសាកគិតលមើលមើល? ថាតើវាឈឺចាប់យ៉ាងណា? តើ​វា​សោក​សៅ​វេទនា​ ប៉ុណ្ណា​? ទំរាំ​គ្នា​ដាច់​ខ្យល់​ស្លាប់​នោះ នេះក្នុងសម័យឥស្សរៈ ឈានមកដល់សម័យខ្មែរក្រហមទៀត ការកាប់​សំលាប់​មនុស្ស​នៅ​តែ​ធ្វើ​តាម​ របៀប​ព្រៃ​ផ្សៃ​ដូច​សម័យ​ខ្មែរ​ឥស្សរៈ​តែ​មួយ​ដដែល ខ្ញុំសូមរំលឹករឿងមួយដែលខ្ញុំ បានឃើញដោយផ្ទាល់ភ្នែកកាល​ពី​ក្នុង​រវា​ងពាក់​កណ្ដាល​ឆ្នាំ ១៩៧៦ ដូច​ត​ទៅ​។

   រាត្រីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៧៦ យោធាខ្មែរក្រហមបានលោមព័ទ្ធខ្ញុំនៅភូមិតាត្រៃ ចុះពីភូមិកំពុងព្រះខេត្ដ​បាត់​បង​ប្រ​ហែល​ ៥​គីឡូ​​ម៉ែត្រ​ សំណាង​ល្អ​ខ្ញុំ​បាន​គេច​ផុត​ពីការចាប់ចងនេះ ហើយបានរត់ភៀសខ្លួន បានចំនួនប្រហែលពីរយប់ពីរថ្ងៃ បានចូល​មក​ដល់​ម្ដុំ​មាត់​ព្រៃ​ខាង​លិច​ភ្នំ​សំពៅ​។ ខ្ញុំ​សូម​បញ្ជាក់​ថា ខ្ញុំ​មិន​ដឹង​ត្រង់​ណាច្បាស់លាល់ទេ តែសូមជំ រាបថា កាលដែលខ្ញុំឆ្លងផ្លូវជាតិ គឺឆ្លងខាង​ត្បូង​ភ្នំ​សំពៅ​ប្រ​ហែល​ ៣​គីឡូ​ម៉ែត ហើយ​កាត់​ត្រង់​ទៅទិសខាងលិចរហូតដ ល់មាត់ព្រៃ ខ្ញុំមកដល់មាត់ព្រៃនេះយប់ងងិតល្មម ហើយ​បាន​ឡើង​ទៅ​ពួន​លើ​ដើម​ឈើ​​មួយ​ដើម មិន​យូរ​ប៉ុន្មាន គឺ​ពេល​នោះ​ហើយ ដែលខ្ញុំភ័យសែនភ័យ! ..លស់ព្រលឹងអស់តែម្ដង!. ញ័រខ្លួន ញ័រអស់សព្វដៃ​ជើង​ស្ទើរ​របេះ​ធ្លាក់​ពី​​លើ​ដើម​ឈើ ពេល​នោះ​ គឺ​ខ្ញុំ​គ្មាន​ព្រលឹង​ព្រលះ​អ្វី​ទាំង​អស់ ក្លាយជាខ្មោចទាំងរស់បាត់ទៅហើយ ពេលនាះដោយក្រោម​ពន្លឺ​នៃ​ព្រះ​ចន្ទ​ដ៏​ភ្លឺ​ថ្លា ខ្ញុំ​​​កំពុង​ឃើញ​មនុស្ស​មួយ​ក្រុម​ស្រាត​ឥត​ខោឥតអាវ ដៃជាប់ចំណងបានដើរសន្សឹមៗ ចូលមកដល់ អមដោយយោធា​ខ្មែរ​ក្រហម​៤-៥​នាក់ មួយ​​សន្ទះ​មក ស្រាប់​តែ​ ភូស!.ភូស:..ស្នូរ​ដំបង​វាយ ហើយអ្វីដែលខ្ញុំនៅចាំដក់ជាប់ នៅក្នុងចិត្ដ ហើយដែលរហូតដល់សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​ដេក​យល់​សប្ដ​ស្រមើ​ស្រ​មៃ​ឃើញ​ម្ដង​ៗ​ទៀត គឺជាសំលេង បុរសម្នាក់ស្រែកយ៉ាងគ្រលួចកប់អាកាសថា «សម្ដេច​ឳ​អើយ..! ជួយ​ផង​!ៗ.!ៗ!...!!» តែ​លឺ​ភូស! ស្ងាត់​មាត់​ឈឹង​។ ព្រឹក​ព្រហាម​ឡើង ព្រះអាទិត្យក្រហមប៉ុនចង្អេររះឯទិសបូព៌ា ខ្ញូំធ្វើដំណើរ​ឆ្លង​កាត់​ព្រៃ​គប់​នោះ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​ទៀត ពុទ្ធោ​ព្រះ​ជា​ម្ចាស់! .ខ្ញុំ​ប៉ះ​សក់​ព្រឺរោម ខ្ញាកៗ ខាងមុខខ្ញុំ ខាងឆ្វេងខ្ញុំ ខាងស្ដាំខ្ញុំ គំនរឆ្អឹងខ្មោចទាំងគរៗ ពាស​ពេញ គំរោង​ឆ្អឹង​ខ្លះ​នៅ​​មូល​ជុំ​ដៃ​ជើង​ខ្លួន​ប្រាណ ខ្លះ​របាត់​របាយ ឃើញ​តែ​ដៃ ឃើញ​តែ​ជើង ឃើញតែក្បាល រតាត់រតាយ ពាសពេញព្រៃ​ម្ដុំ​នោះ ប៉ុន្មាន​នាក់ មួយ​​រយ...? មួយ​ពាន់?.. មួយ​ម៉ឺន​?... ព្រៃផ្សៃអ្វីម៉្លេះ!!..។

   ខ្ញុំមិនយល់សោះឡើយថា ហេតុដូចម្ដេចបានជាចិត្ដចរិតខ្មែរយើងកាចសាហាវព្រៃផ្សៃសំលាប់គ្នាដល់ម្ល៉េះ?...ខ្មែរជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ ដែល​មាន​ការ​ប្រៀន​ប្រ​ដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធដោយសង្ខេបថា មិនសំលាប់ មិនលួច មិន រំលោភ មិនកុហក​បោក​ប្រាស មិន​សេព​គ្រឿង​ ស្រវឹង​គ្រឿង​ញៀន ចុះ​បុណ្យ​បាប​អស់​នេះទៅណាអស់រលីងទៅ បានជាខ្មែរលែងខ្លាចបាប លែងខ្មាសបាបអស់​រលីង​ធេង​​យ៉ាង​នេះ?.. ​តើ​ ហេតុ​អ្វី?​ តើ​មាន​ព្រះ​ពុទ្ធ​អង្គ​ឯ​ណា​ទៅ ដែលមក ប្រៀនប្រដៅអោយកើតបុណ្យបាន បើខ្មែរមិនប្រៀនប្រដៅខ្មែរខ្លួនឯង​ទេ​នោះ នេះ​ហើយ​ ចរិត​ខ្មែរ មើល​ចុះ​ ក្នុង​មួយ​សម័យ​ៗ ក្នុង​មួយ​កាល​ៗ ចិត្ដ​ចរិត​ខ្មែរ នៅ​តែ​ដដែល​មិន​ព្រមកែប្រែសោះឡើយ។

   ខ្ញុំសូមរំលឹកនូវភាពកាចសាហាវមួយ កាលពីសម័យបរមបុរាណយូរណាស់មកហើយ គឺរឿងប្រមាត់ប្រមង់ កាល​ខ្ញុំ​នៅ​តូចៗ​នៅ​ឡើយ​ ចាស់​ៗ តែង​និយាយ​បន្លាយ​ថា កុំ​អោយ​ដើរ​ទៅទីស្ងាត់ម្នាក់ឯង ប្រយ័ត្នប្រមាត់ប្រមង់ចាប់ រឿង នេះកើតក្នុង​អំ​លុង គ.ស.១២៨២ រាជ​ព្រះ ​បាទ​ជ័យ​វរ្ម័ន​ទី​៨ សម័យ​ស្ដេច​ខ្មែរ​ស្ថិត​នៅ​ក្រោមការត្រួតត្រារបស់ នគរ ចំប៉ាស្ដេចចាមបញ្ជាអោយស្ដេចខ្មែរកាត់យក​ប្រមាត់​ខ្មែរ ១​ឆ្នាំ​មួយ​ ពាង​អុង​ទៅ​ថ្វាយ​ស្ដេច​ចាម​ តាម​កំនត់​ហេតុ​របស់ ជីតាហ្វាន់សរសេរថា «មុននេះបន្ដិច ក្នុងអំលុងថ្ងៃ៨កើត មាន​គេ​ដើរ​កាត់​ប្រមាត់​មនុស្ស​ ដោយ​ស្ដេច​ចាម​បាន​បញ្ជា​អោយ​ស្ដេច​ខ្មែកាត់យកប្រមាត់ខ្មែរមួយឆ្នាំមួយពាងឧង។ នៅពេលព្រលប់ៗឡើង មាន​ពួក​ប្រមាត់​ប្រមង់​មួយ​ ក្រុម​ពួន​ពទ្ធ​ស្ទាក់​នៅ​តាម​ច្រក​ផ្លូវ​នៃ​ទីប្រជុំជនឈ្លបចាប់មនុស្ស ដោយគ្របក្បាលជនរងគ្រោះនោះនឹងថង់ ហើយ​យក​កាំ បិត​ឆូត​ទ្រូង​ផ្នែក​ ខាង​ស្ដាំ​កាត់​ខ្វេះ​ប្រ​មាត់​ដាក់​ក្នុង​ពាង លុះបានពេញពាងហើយទើបផ្ញើទៅអោយស្ដេចចាម»។ នេះភា ពកាចសាហាវ​សម័យ​មុន ឯ​សម័យ​ខ្មែរ​ ឥស្សរៈ ខ្មែរ​កាប់​សំលាប់​គ្នា ដណ្ដើម​អំណាច​គ្នា ដណ្ដើម​គ្នា​ចង់​ធំ បានធំហើយ ប្រើអំណាចផ្ដាច់ការ មិនព្រមស្រុះ​ស្រួល​មូល​គំនិត​ធ្វើ​ការ​រួប​ រួម​មូល​សា​មគ្គី​គ្នា​ឡើយ​។ ចេះ​តែ​បែក​បាក់​គ្នា លំលាប់ ចោះយកថ្លើមប្រមាត់ ស៊ីសាច់ហុតឈាមគ្នា គ្មានឃើញស្រាកស្រាន្ដសោះ។

   ឆ្នាំ១៩៧០ សម័យសាធារណរដ្ឋ ឃើញវរជនខ្មែរស្រុះស្រួលគ្នាមួយភ្លេត ហើយស្រាប់តែអំពើពុករលួយ អំពើ​យង់​ឃ្នង អំពើ​អានា​ចារ្យ ភាព​ អយុត្ដិ អ​មនុស្ស​ធម៌ អានា​ធិប​តេយ្យ​កើត​មានពេញផ្ទៃប្រទេស ហើយធ្វើអោយមានការបែក បាក់សា​មគ្គី​គ្នា​យ៉ាង​ខ្លាំង រក​ទី​បំផុត​គ្មាន​។ ពល​ ទា​ហាន​ប្រ​ជា​ជន និស្សិត បញ្ញ​វន្ដ​ទាំង​ឡាយ​ក្នុង​របបសាធារណរដ្ឋ នឿយណាយយ៉ាងខ្លាំង ក្នុងភ្នក់ភ្លើងសង្រ្គាមរវាង​គ្នា​ឯង ហើយ​ចុង​ចប់​ ទំលាក់​អាវុធ​ឈប់​ច្បាំង​ត​ដៃ​នឹង​ពួក​ព្រៃខ្មែរក្រហមត ទៅទៀត។ សង្ឃឹមថាបានសុខហើយពេលនេះ ប៉ុន្ដែមាន​អី​ចឹង​ឯ​ណា ដូច​បង​ប្អូន​រួម​ជាតិ​ គ្រប់​គ្នា​បាន​ជ្រាប​ស្រាប់​ហើយ ទី​ផ្សារ ទី​ក្រុង​ទាំង​ឡាយ​ស្ងាត់​ដូច​វាលកប់ខ្មោចគេជំលៀសប្រជាជន អោយ​ចេញ​ពី​ក្រុង​ទី​ប្រ​ជុំ​ជន​ទាំង​អស់​ អោយ​ទៅ​សង់​ខ្ទម​នៅ​តាម​វាល​ស្រែ ព្រៃភ្នំ ក្រមថ្ម ធ្វើការយ៉ាងធ្ងន់ៗ លើកទំនប់ ជីកប្រលាយ គ្មានចំណីអាហារ គ្មាន​ថ្នាំ​ពទ្យ គ្មាន​សាលា​រៀន​ គ្មាន​ស្លៀក​គ្មាន​ពាក់ គ្មាន​អ្វីៗ​ទាំង​អស់ ភាព​បែក​បាក់​ព្រាត់​ប្រាស់​គ្រួសារ បង​ប្អូន​ឳពុក​ម្ដាយ ភាព​អត់​ឃ្លាន ការ​កាប់​សំលាប់ ឳ​ពុក​សំលាប់​កូន​ កូន​សំលាប់​ឳ​ពុក បង​សំ​លាប់​​ប្អូន ប្អូន​​សំ​លាប់​បង ហើយវិធីសំលាប់ទៀតសុទ្ធតែប្រើនូវអំពើសំលាប់ វាយនឹង​ដំបង ត្បូង​ចប កាត់​សរសៃ​ ឈាម​បង្ហូរ​ចោល កាច​សាហាវ​យង់​ឃ្នង​យ៉ាង​ព្រៃ​ផ្សៃ​រកទីបំផុតគ្មាន។ ប្រជាជនជិត៣ លាននាក់បានស្លាប់​យ៉ាង​អយុត្ដិ​ធម៌ យ៉ាង​អនោច​អធម្ម​ ក្រៃ​លែង ក្នុង​គុក​ឥត​ជញ្ជាំង ពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩​។ សម័យ​កម្ពុជា​ប្រជាមានិត សម័យយួនចូលកម្ពុជា ដេញ​កំចាត់​កង​ទ័ព​ខ្មែរ​ក្រម ខ្មែរ​នៅ ​តែ​បន្ដ​ការ​កាប់​សំលាប់​គ្នា​ដដែល ទាហាន​កម្ពុជា​ប្រមា​និត ដេញបាញ់ទាហានខ្មែរក្រហម ទាហានខ្មែរក្រហមបាញ់វិញ ស្លាប់​នរ​ណា វិនាស​អ្នក​ ណា វេ​ទនា​ប្រជា​ជន​នរ​ណា ហិន​ហោច​ស្រុក​អ្នក​ណា ឆ្លើយ​ថា ស្លាប់​ខ្មែរ ហិន​ហោច​រលំ​រលាយ​ស្រុក​ខ្មែរ​នេះ​ឯង​។

   ថ្ងៃទី២៣ តុលា ឆ្នាំ១៩១ យើងឃើញវរជននយោបាយខ្មែរ អង្គុយប្រជុំស្រុះស្រួលមួយគ្នាម្ដងទៀត។ បក្ស​នយោ​បាយ ប្រ​ឆាំង​គ្នា​ទាំង​បួន​ (ខ្មែរ​ក្រហម, ហ្វុន​ស៊ី​ប៉ិច, គណ​បក្ស​សេរី​ពុទ្ធ​សានា​និយម, និងគណបក្សប្រជាជន ជាគណបក្សកាន់អំណាច​គ្រប់គ្រង​ប្រទេស​) ព្រម​ទាំង​ នាក់​គាំ​ទ្រ​របស់​គេ​ចុះ​ហត្ថ​លេ​ខា កិច្ច​ព្រម​ព្រៀងនៅទីក្រុងបារីស។ ខែវិច្ឆកា ឆ្នាំ ១៩៩១ សម្ដេច​សីហុន​យាង​វិវត្ដន៍​ចូល​កម្ពុជា​វិញ។ ដំណឹង​ នេះ​ធ្វើ​អោយ​យើង​បាន​សប្បាយ​រីក​រាយក្នុងចិត្ដគ្រប់ៗគ្នា ប៉ុន្ដែ មានអីចឹងដូចគិតឯណា មិនបានយូរប៉ុន្មានទេ មាន​បាតុ​កម្ម​យ៉ាង​គគ្រឹក​គគ្រេង​ ចូល​វាយ​ទី​ស្នាក់​ការ​ខ្មែរ​ក្រហម ធ្វើ​អោយ​លោក ខៀវ សំផន​ត្រូវ​រងរបួសយ៉ាងដំនំទៀតផង ហើយការជំលៀសមេៗ​ខ្មែរ​ក្រហម ត្រូវ​ធ្វើ ​យ៉ាង​ប្រញាប់ ខ្មែរ​ក្រ​ហម​រត់​ចូល​ព្រៃ​វិញ ប្រកាសដកខ្លួនមិនចូលរួមបោះឆ្នោត។ ស្ថានភាពនយោបាយមានភាពតាតឹងជាថ្មីម្ដងទៀត។

   ឆ្នាំ១៩៩៣ ថ្ងៃទី២៣-២៨ ឧសភា អង្គការសហប្រជាតិរៀបចំការបោះឆ្នោតជាសាកលមួយ។ គណបក្សហ្វុន​ស៊ី​ប៉ិច របស់​ទ្រង់ នរោត្ដម​ រណ​រិទ្ធិ ទទួល​បាន​៥៨ ក្នុង​ចំណោម​អាសន​ទាំង​អស់១២០ គណបក្សប្រជាជនកម្ពុជារបស់​​លោក​​ហ៊ុន សែន បាន​៥១​អាសន (CCP) ណបក្ស​ ប្រ​ជា​ធិប​តេយ្យ​សេរី​និយម​ព្រះ​ពុទ្ធ​សាសនា (សឺន សាន) បាន១០ អាសន និង គណបក្សមូលីណាការបាន​១ អាសន​។ វិបត្ដ​នយោ​បាយ​បាន​ អូស​បន្លាយ​យ៉ាង​យូរ អ្នក​ចាញ់​មិន​ព្រម​ចាញ់ អ្នកឈ្នះមិនអាចគ្រប់គ្រងអំណាចបង្កើតរដ្ឋាភិបាលបាន ហើយ​ទី​បំផុត​អ្នក​ឈ្នះ គណ​បក្ស​ ហ្វុន​ស៊ី​ប៉ិច​របស់​ទ្រង់​នរោ​ត្ដម រណរិទ្ធិ ក៏​ព្រម​ចែកអំណាចស្មើគ្នាជាមួយគណបក្សប្រជាជនរបស់​លោក ហ៊ុន សែន​ទៅ រដ្ឋា​ភិបាល​មាន​ ក្បាល​ម៉ា​ស៊ីន​ពីរ នាយក​រដ្ឋមន្រ្ដី​ពីរ​រូប សង្ឃឹម​ថាបានសុខសានជាមួយគ្នាហើយមើលទៅ!!..ប៉ុន្ដែមានឯណា ក្ដាំង! ក្ដាំង! ក្ដាំង! ក្ដាំង!.. គ្រប់​ បែក ៤​គ្រាប់​ផ្ទុះ​នៅ​ថ្ងៃ​ទី​៣០ មិនា ១៩៩៧ មាននុស្ស១៦ នាក់យ៉ាងតិចស្លាប់ ក្នុងពេលជួបជុំបាតុកម្មមួយ ដឹកនាំដោយអ្នក​រិះ​គន់​នយោ​បាយ​ សម រង្ស៉ី បះ​សក់​ សម​រង្ស៉ី ប៊ឹស​អស់​អាយុ​នៅ​ពេល​នោះ នែ! ចិត្ដ​ចរិត​ខ្មែរលេង​សុទ្ធ​តែ​ប្រាថ្នា​ជីវិត​គ្នាអី​ចឹង​។ មិន​ទាន់​ស្ងប់​បាន​ប៉ុន្មាន​ផង នៅ​ ថ្ងៃ​ទី​៥-៦កក្កដា ១៩៩៧ ក្ដាំង! ក្ដាំងៗៗ!..ទៀត ដូចរន្ទះបាញ់ខែចែត្រ បាញ់គ្នាកណ្ដាលទីក្រុងភ្នំពេញច្រងាប់ច្រងិល​ទៀត វរ​ជន និង​ប្រ​ជា​ពល រដ្ឋ​ជា​ច្រើន​បាន​ស្លាប់​។ នាយក​រដ្ឋ​មន្រ្ដីទី២ ហ៊ុន សែន ទំលាក់ នាយករដ្ឋមន្រ្ដីទី១ ទ្រង់​នរោត្ដមរណរិទ្ធិ ដែល​រត់​ភៀស​ទៅ​កាន់​ប្រទេស​ថៃ បង្ក​ ទ័ព​ទីង​បាញ់​ប្រ​កាប់​ប្រ​ចាក់​គ្នា​ម្ដង​ទៀត ទំរាំតែត្រូវរូវសុខចិត្ដធ្វើការជាមួយគ្នា យើងចំណាយអស់ជីវិតប្រជាជនវរជន និង​ពេល​វេលា​អស់​ជិត​ ពីរ​​ឆ្នាំ​ទៀត​ទទេ​។

   ឆ្នាំ២០០៣ ព្រឹត្ដិការណ៍ស្អេកស្កាស់កើតជាបន្ដបន្ដបន្ទាប់រកកត់ត្រាស្ទើរមិនទាន់ ថ្ងៃ១៧មករា ដំណើរការចុះ​ឈ្មោះ​បោះ ឆ្នោត​​អាណត្ដិ​ទី​៣​ ទូ​ទាំង​ប្រទេស ហើយ​ដែល​ប្រព្រឹត្ដិ​ទៅ​រហូតដល់ថ្ងៃ ១៥កុម្ភ។ ថ្ងៃទី២៧មករា មានបាតុកម្មមួយដឹកនាំដោយ​គណ​បក្ស​សម​រង្សី ត​វ៉ា​ចំពោះ​ ភាព​មិន​ប្រ​ក្រតី​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។ ស្រាប់តែលេចមានលឺពាក្យចចាមអារាមថា តួកុនថៃ ដើរតួឈ្មោះ​នាង​ផ្កាយ​ព្រឹក (នាង​កុប​សុ​ វ៉ា​ណាន់​គុន​យិង​) បាន​ចោទ​ថា ខ្មែរ​លួច​អង្គ​វត្ដ​របស់​ខ្លួន​។ នៅកំពុងចាម ក្នុងពិធីសំពោធអគ្គាមួយខ្នង នាយក​រដ្ឋ​មន្រ្ដី​ខ្មែរ ហ៊ុន​ សែន ប្រតិ​​កម្ម​យ៉ាង​ខ្លាំង​ៗ ថ្លែង​ថា ផ្កាយ​ចោរ មិន​មែន​ផ្កាយ​ព្រឹកទេ កុំថាឡើយអង្គរវត្ដ រូបនាងសូម្បីតែស្មៅប៉ុន្មាន​គុម្ព​នៅ​អង្គរ​វត្ដ​មិន​ស្មើ​ផង​ហើយ​ថា​ ការ​ចាក់​ផ្សាយ​ទូរ​ទស្សន៍​ក្នុង​ស្រុក បានបំពុលវប្បធម៌ថៃ សូមអោយទូរទស្សន៍កងយោធពលភូមិន្ទចាក់រឿងថៃតទៀត​ទៅ តែ​ប្រយ័ត្ន​គេ​លើក​​គ្នា ទៅ​វាយ​ខ្ទេច​ខ្ញុំ​មិន​ទទួល​ខុស​ត្រូវ​ឡើយ។ ស្ថានភាពអួរអាប់អស្ចារ្យ នៅភ្នំពេញ លោកជា សុផារា ចៅហ្វាយ​ក្រុង​ភ្នំ​ពេញ​សូម​អោយ​គេ​​ស៊ើប​អង្កេត ក្នុង​រឿង​នេះ ហើយ​ប្រ​មាន​ទូរ​ទស្សន៍ប៉ុសលេខ៣ថា ប្រយ័ត្នគេរំលើងអង់ទែនចោល។ អស្ចារ្យ​ពេល​នេះ​យើង​មើល​ឃើញ​ថា ​វរ​ជន​ខ្មែរ ប្រជា​ជន​ខ្មែរ​តូច​ធំ បញ្ចេញ​នូវ​ទឹក​ចិត្ដ​ស្នែហា​ជាតិយ៉ាងគួរអោយកត់សំគាល់ រូបថតនាងផ្កាយព្រឹក ដែល​បិត​លំអ​តាម​ផ្ទះ ត្រូវ​បក​​ហែក​ហុយ​ហើរ​ពាស​ពេញ​ដី ទឹក ស្ទឹង ទន្លេ​។ ថ្ងៃទី២៩ មករា បាតុកម្មយ៉ាងគគ្រឹក គគ្រេងឈានដល់ហឹង្សាដុតស្ថាន​ទូត​ថៃ​និង​អគ្គារ​ក្រុម​ហ៊ុន​​ថៃ​ទាំង​អស់​នៅ​ភ្នំ​ពេញ ស្ថាន​ទូត​ខ្មែរថៃ​ត្រូវ​កាត់ផ្ដាច់។ ភាពវឹកវរល្អក់ករកក្នុងអំពើហឹង្សាដុតស្ថាតទូតថៃនេះ នៅ​ថ្ងៃ​ទី​៣០​មករា គេ​បែរ​ជា​​ទៅ​ចាប់​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ នា​យក​វិទ្យុ​សំបុកឃ្មុំ លោក ឥន ចាន់ ស៊ីវុត្ថាអ្នកការសែតខ្មែរ យកទៅ​ដាក់​គុក ចោទ​ប្រាកាន់​ថា ញុះ​ញង់​ អោយ​មាន​អំ​ពើ​ហឹង្សា​។

   ចូលខែកុម្ភ លោកសមរង្សី ប្រធានគណបក្សប្រឆាំង ស្ថិតនៅក្នុងការលាក់ខ្លួន។ នៅភ្នំពេញមានសភាពអាប់អួរ​យ៉ាង​ខ្លាំង ស្រាប់​តែ​មាន​ រាជ​ក្រិត​លាយ​ព្រហស្ថ​លេខា​ដោយ ព្រះមហាក្សត្រខ្មែរ នរោត្ដម សីហនុ ចុះថ្ងៃទី១០ កុម្ភៈ ប្ដូរតំណែង លោក ជា សុផារ៉ាអភិ​បាល​ក្រុង​ភ្នំ​ ពេញ​ដ៏​មាន​ប្រជា​ប្រីយ​ភាព​ភ្លាម​ៗ អោយទៅកាន់ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំប្រទេសភូមា លោក កែប ជុតិមា អភិ​ បាល​ខេត្ដ​តាកែវ ត្រូវ​មក​កាន់​តំណែង​អភិបាល​ក្រុង​ភ្នំពេញជំនួសវិញ។ វិធីផ្ទេតំណែងត្រូវគេធ្វើយ៉ាងតន់ហន់នៅក្នុង​ក្រសួង​មហា​ផ្ទៃ ដោយ​ មាន​កង​កំលាំង​ប៉ូលិស​យាម​យ៉ាង​តឹង​រឹង​។ ថ្ងៃទី១២-២០ កុម្ភៈ កើតរឿងអាស្រូវ ជំលោះពាក្យសំដីរវាង នរោត្ដម វិជ្ជរា តំណាង​រាស្រ្ដ នឹង​ លោក​នា​យក​រដ្ឋ​មន្រ្ដី​ហ៊ុន សែន​មក​ទៀត​។ ផាំង!.ផាំង! ផាំង!.កណ្ដាល​ថ្ងៃ​ត្រង់​ថ្ងៃ​ត្រង់​ថ្ងៃ​ទី១៨ កុម្ភៈ ឃាតកម្មទៅលើ​លោក​អោម រដ្ឋ​សា​ឌី​ ទី​ប្រឹក្សា​ជាន់​ខ្ពស់​ម្នាក់​របស់​ទ្រង់​រណរិទ្ធ​។ នៅឯទីក្រុងបាងកក នាយករដ្ឋមន្រ្ដីថៃ ថាក់ស៊ិន ស៊ីណាវ៉ាត្រា ប្រកាស​ប្រាប់​សភាថៃ​ថា កម្ពុជា​ សន្យា​សង​លើ​ការ​ខូច​ខាត​ស្ថាន​ទូត និង​ផល​ប្រយោជន៍ថៃ កាលពីថ្ងៃទី២៩ មករា ចំនួនទឹក ប្រាក់ ៥០លានដុល្លាអាមេរិក។

   ថ្ងៃទី ២៧ ក្កកដា ការបោះឆ្នោតនៅប្រទេសកម្ពុជា បានប្រព្រឹត្ដទៅដោយរលូនមានសុវត្ដិភាពល្អបង្គូរ ទីស្នាក់ការ​បោះ ឆ្នោត​ចំនួន​ ១២៨០០​ កន្លែង បាន​បិទ​នៅ​វេលា​ម៉ោង ១៥​រសៀល​ថ្ងៃ​នេះ។ នៅថ្ងៃទី២៩ យើងឃើញវរជនធំៗ គណបក្សសមរង្សី ដែល​មាន​លោក សម​រង្សី និង​ គណ​បក្ស​ហ្វុន​ស៊ីប៉ិច​ដែល​មាន ស្ដេច​ឃុន​សេរី​វុឌ្ឍ​ដែល​ធ្លាប់​តែមានសង្រ្កាម ពាក្យសំដីជាមួយគ្នា យ៉ាងតឹងតែង បាន​ចូល​មក​អង្គុ​តុ​មូល​ ធ្វើ​សន្និ​សិទ្ធ​កា​សែត​រួម​គ្នា​មួយ ប្រកាស​មិន​ទទួលស្គាស់លទ្ធផលនៃការបោះឆ្នោត​បណ្ដោះ​អាសន្ន ដែល​ប្រ​កាស​ដោយ​គណ​ប្រជា​ជន ទ្រង់​ រណរិទ្ធ បាន​ប្រកាស​ថា បើ​មាន​លោក​ហ៊ុន សែន​ ជានាយករដ្ឋមន្រ្តីគណបក្សហ្វុនស៊ីប៉ិច ក៏មិនចូលរួមធ្វើរដ្ឋា​ជា​មួយ​គណ​បក្ស​ប្រជា​ជន​ ដូច​លោក​សម​រង្សី ដែល​ធ្លាប់​តែ​បាន​ប្រកាស​រួចមកហើយដែរ។ ថ្ងៃទី ៣សីហា គណបក្សហ្វុនស៊ីប៉ិច និងគណ​បក្ស​សម​រង្សី បាន​ចុះ​ហត្ថ​លេ ខា​រួម​មួយ លើ​កិច្ច​ព្រម​ព្រៀង​ហស​ការ​រួម​ក្នុង​ការពង្រឹងលទ្ធិប្រជាធិបតេយ្យ (សំពន្ធភាពអ្នកប្រជាធិបតេយ្យ)។ ថ្ងៃ​ទី​៣០ សីហា គជប​ប្រ​ កាស​លទ្ធ​ផល​បោះ​ឆ្នោត​ជា​ផ្លូវ​ការ គណបក្សប្រជាជនបាន ៧៣ អាសន គណបក្សហ្វុនស៊ីប៉ិច បាន២៦ អាសន និង​គណបក្ស​សម​រង្សី​បាន ២៤​ អាសន​។ ស្ដាប់​ទៅ​យើង​ហាក់​ដូច​ជា​មាន​ការ​សប្បាយ​ចិត្ដខ្លះ ព្រោះឃើញអស់វរៈជនធំៗ ពីរបានចូលរួបរួមជា​មួយ​គ្នា​ហើយ សល់​តែ​មួយ​ គណ​បក្ស​ទៀត​ប៉ុណ្ណោះ តែ​អកុ​សល​ចិត្ដ​ច​រិត​ខ្មែរ​វា​អីចឹង​តាំងពីណាណីយូរណាស់មកហើយ ភាពជាប់គាំងទាល់​ច្រក​នយោ​បាយ​បាន​អូស​ បន្លាយ​យ៉ាង​យូរ​ត​ទៅ​ទៀត ហើយ​ដែល​ខ្ញុំ​សូម​បញ្ចប់​ការ​អធិប្បាយ​របស់​ខ្ញុំ​ក្នុង​ទី​នេះ​តែ​ត្រឹម​ប៉ុណ្ណេះ​ចុះ សង្ឃឹម​ថា ត​ទៅ​ បាន​សុខ​ទេ? មាន​ សន្ដិ​ភាព​ទេ​ ខ្មែរ​ប្ដូរ​ចរិត​ឬ​ទេ​?.. សូម​អ្នក​អាន​ធ្វើ​ការ​ឆ្លើយបន្ដទៀតចុះ!!..

   រឿង «ចរិតខ្មែរ» ដែលលោកប៊ុណ្ណចន្ទ បានធ្វើត្រួសត្រាយបកស្រាយនិយាយកាលពីជំនាន់មុន ហើយ​ដែល​ខ្ញុំ​បាន​ធ្វើ ការ​កត់​ត្រា​ជា​រឿយ​ ៗ​មក គឺ​ខ្ញុំ​ចង់​សូម​អោយ​បាន​ជា​គ្រឿង​សតិបញ្ញាស្មារតីភ្លឺថ្លា ដល់យុវជនខ្មែរ ប្រជាជនខ្មែរដូចពាក្យ ពោលប្រថ្នា​របស់​លោក​ថា «ខ្ញុំ​ចង់​អោយ​ បង​ប្អូន​យើង ជា​ពិសេស​យុវ​ជន​យើង មាន​ការ​ភ្ញាក់​រលឹក​កាន់តែខ្លាំងឡើង កាន់ដៃគ្នារឹតយ៉ាងណែន ហើយចិត្ដ​អោយ​ស្មោះ ជួយ​យិត​យោង​ ប្រ​ទេស​មួយ ដែល​យើង​រាល់​គ្នា​កំពុង​ផ្ញើ​ជីវិត​សព្វ​ថ្ងៃ ហើយដែលកំពុងធ្លាក់ទ្រុឌទ្រោមគួរអោយអនិច្ចា អោយ​បាន​ងើប​មុខ​នឹង​គេ​ឡើង​វិញ​ ក្នុង​សត​វត្ស​ក្រោយ​ៗ​ទៀតៗ​»។ ស្នា​ដៃ​ដ៏​ល្អ​ប្រនិតនេះ ខ្ញុំសូមឧទ្ទិសជូនចំពោះ លោក ប៊ុណ្ណចន្ទ ម៉ុល និង សូម​អោយ​ប្រ​ជា​ជន​ខ្មែរ ក៏​ដូច​ប្រ​ជា​ ជន​ក្នុង​សកល​លោក​ទាំង​មូល មាន​ការ​រីក​ចំរើន មាន​វឌ្ឍន​ភាព មានសុភមង្គល ស្ថិតក្នុងគន្លងយុត្ដិធម៌ សន្ដិភាពជានិច្ច។