សូមរង់ចាំអាន រឿងគុកនយោបាយ
១២ -អនុសាសន៍ភាគ២
ថ្ងៃសុក្រ ទី30.សីហា 2013.ម៉ោង 19:40

បើមិនច្បាស់ កុំអះអាង

   បងប្អូនយើងខ្លះ ចូលចិត្ដនិយាយកាអ្វីដែលខ្លួនបានដឹងតែ៥ទេ តែនិយាយធ្វើចេះដឹងពិតរហូតដល់១០ ឬ១៥ឯណោះ គួរ​អោយ​ស្ដាយ​ណាស់​ ព្រោះ​នាំ​អោយ​ខុស​ពត៌​មាន​ពិត​អស់​រលីង​។ ដូចយ៉ាងបច្ចុប្បន្ននេះ ដែលស្រុកកំពុងមានចលាចលសង្រ្គាម មរណ​ភ័យ​គ្រប់​កន្លែង បង​ប្អូន​យើង​គ្នា​ត្រូវ​ការ​ដឹង​ស្ថាន​ការណ៍​ពិត​ប្រាកដ អ្នក​ខ្លះ​ដែល​មិនដឹងស្ថានការណ៍ច្បាស់ទេ តែនិយាយដូចជាច្បាស់ណាស់អីចឹង។ ដូច​កាល​វាយ​គ្នា​នៅ ដី​ឥដ្ឋ​​មាន​ខ្លះ​និយាយ​អះ​អាង​ថា អូ​ពួក​រំដោះ​ចូល​ដល់​កៀនស្វាយហើយ! ខ្ញុំបានបើករថយន្ដទៅមើលដល់កន្លែង ពុំឃើញដូចជា​ពាក្យ​អស់​លោក​នោះ​​និយាយ​ទេ ខ្ញុំ​ត្រលប់​មក​វិញ សួរ​អស់​លោក​នោះ​ទៅលោកនោះឆ្លើយមកខ្ញុំវិញថា ទេ! ខ្ញុំលឺគេថាច្បាស់ណាស់ ថា​ពួក​រំដោះ​ចូល​ដល់​កៀន​ស្វាយ​ ឥលូវ​បើ​ពុំ​ពិត​ទេ ខ្ញុំ​ក៏​មិន​ដឹង​ដែរ! ឆ្កយ​អី​ចឹង​ទៅ!​។

   នេះបើថាយើងជួយឃោសនាអោយសត្រូវ ក៏ថាបានដែរ ព្រោះនាំដំណឹងមិនពិត មកនិយាយអោយគ្នាភ័យនៅក្នុងក្រុង​ឯ​នេះ​។ បង​ប្អូន​យើង​ចូល​​ចិត្ដ​ណាស់​រឿង​លឺ​គេ​ថា ហើយនិយាយអះអាងដូចជាច្បាស់ណាស់អីចឹង។ យើងគួរកំចាត់គំ និតអកុសលនេះទៅ។ អ្នក​និយាយ​គប្បី​ទៅ​ឃើញ​ច្បាស់​​នឹង​ភ្នែក​សឹម​និយាយ​។ អ្នក​ស្ដាប់​គប្បី​ត្រិះ​រិះ​ពិចារណាអោយ មែនទែនសឹមជឿ។ កុំភរបន្ដតាមគ្នា កុំជឿបន្ដតាមគ្នាអោយសោះ បើ​ភរ​បន្ដ​គ្នា ជឿ​បន្ដ​​គ្នា​នេះ នឹង​នាំ​អោយ​ផ្អើល​ដូច​ទន្សាយ​ភ័យ​ផ្លែ​ព្នៅ រត់​ពាសវាលពាសកាលពេញទាំងភូមិមិនខាន!។

គួរនិយាយតែរឿងមានប្រយោជន៍

   ខ្ញុំសង្កេតឃើញអស់លោកមធ្យមៗខ្លះ ច្រើនជំនំគ្នានិយាយគ្នាលេងរឿងឥតប្រយោជន៍។ ដូចជាមុនដំបូងនិយាយឡើង រឿង​នយោ​បាយ​ស្រុក​ទេស​មែន​​ហើយ ប៉ុន្ដែ​និយាយ​បាន​តែ​បន្ដិច​ក៏​តាំង​មាន​ម្នាក់នាំវ៉ែ និយាយពីរឿងស្រីញី ស្រា ល្បែងបៀប៉ោ​ឯណោះភ្លាម រួច​ទាំង​អស់​គ្នា​ក៏​​ទៅ​ទាំង​ម៉ត់​រឿង​នោះ​ដែរ​។ ខ្លះ​មាន​សំដី​ថ្វី​មាត់​ពូកែ​និយាយ​ចំអេសចំអាស ដូចជាខ្លួននោះគ្មានម្ដាយជាស្រី គ្មានប្រពន្ធជាស្រី គ្មានកូនជា​ស្រី​អី​ចឹង វា​ស​ឡើង​​សុទ្ធ​​តែ​អាស​អាភាស ដូច​​ពួក​អ្នក​ប្រមឹក អា​វ៉ា​សែ​ដូច្នោះ​ដែរ​។ លក្ខណៈ​យើងជាអ្នកធំអ្នកចេះដឹង រលាយអស់រលីង។

   ដូចគ្រួសារ​រាជ​និយម​ជំនាន់​ដើម អស់​លោក​ជំនាន់​ចាស់​ៗ គង់​នឹង​ជ្រាប​ខ្លះ​មិន​ខាន​។ បើ​គ្រួសារ​ស្ដេច​ណា​កាន់​លក្ខណៈ ត្រឹម​ត្រូវ​លក្ខណៈ​ថ្លៃ​ថ្នូរ គ្រួ​សារ​​​ស្ដេច​នោះ មាន​​រាស្រ្ដ​គោរព​ច្រើន​ចូល​ចិត្ដ​ច្រើន​​។ ផ្ទុយ​ទៅ​វិញ គ្រួ​សារ​ស្ដេច​ណា មិន​កាន់​ទំនៀម​ទំលាប់ ក្រិត្យ​វិន័យ ច្បាប់​​បរម​បុរាណ​ទេ គ្មាន​រាស្រ្ដ​ណា​គោរព​ទេ​។ គោរព​យ៉ាង​ម៉េច​បើ​​ពួក​នោះ ក៏​ជា​ពួក​អាវ៉ា​សែ ស្រី ស្រា បៀ ប៉ោ ព្រះ​អង្គ​ម្ចាស់​ក្សត្រា​ មាន​​ប្រពន្ធ​រាប់​មិន​អស់ អាង​ទ្រព្យ​ ព្រះ​រាជ​ទ្រព្យ​ចាយ​វាយ​ខ្ជះ​ខ្ជាយ ដូច​គេ​ជះ​ក្រ​ដាស​ប្រាក់​តាម​បង្អួច​​ចោល​ ឯ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​​ក៏​ដែរ​ ប្ដី​ច្រើន​ប្ដូរ​ផ្លាស់​កត់​ឈ្មោះ​មិន​ទាន់ វា​ទៅ​ជា​ពួក​មនុស្ស​មួយ​ក្រុម ​ដែល​អោយ​គំរូ​ដល់​គេ ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់។

   លក្ខណៈអាសអាភាស អាក្រក់អាក្រីនេះហើយដែលនាំអោយខូចទំនៀមទំលាប់ប្រពៃណីខ្មែរអស់។ ដូច្នេះសរុប​សេច​ក្ដី​ទៅ គួរ​​ណាស់​​តែ​យើង​អ្នក​ធំ​ក៏​​ដោយ អ្នក​មធម្យ​ក៏​ដោយ និយាយ​ស្ដី​អ្វី និយាយ​ពី​រឿងខ្លឹមសារ ទាក់ទងជាពិសេសនឹងជាតិ ដើម្បី​អោយ​មាន​ពន្លឺ​ក្នុង​ការ​ដោះ​ស្រោយ​រក​វឌ្ឍន​ភាព​អោយ​​ជាតិ​។ បើ​យើង​ជួប​ជុំ​គ្នា​ហើយ​ រវល់​តែ​ជជែកក្អាកក្អាយតែរឿង ស្រី ស្រា អាភៀនកញ្ឆា បៀប៉ោនោះ មាន​ពេល​ឯ​ណា​នឹង​​ពិគ្រោះ​​រឿង​ស្រុក​ទេស​? យើង​​គួរ​នាំ​គ្នា​បែរ មក​រក​គំនិត​ល្អៗ អប់​រំ​កូន​ចៅ​ខ្មែរមិត្ដភក្ដិខ្មែរ អោយ​បាន​រស់​ជា​ខ្មែរ ស្លាប់​ជា​ខ្មែរ កើត​វិញ​ជា​ខ្មែរ អោយ​​ខ្មែរ​​មាន​​ជំហរ និង​កំលាំង​​មាំ​​មួនទៅអនា​គត!​។

គួរពត់ឈើកាលពីនៅតូច

   គ្រួសារខ្មែរខ្លះ ភាគច្រើនៗតែអ្នកមានទ្រពសម្បត្ដិ ទំយើទំរើសកូនមិនរវល់អប់រំអ្វីទាំងអស់ ខ្លះស្រលាញ់កូនជ្រុល ព្រោះ​កូន​មាន​តែ​មួយ​​ខ្លះ​ជោរ​ខ្លួន​ឯង​ដោយ​អាង​ទ្រព្យ​ធន កូនទារប៉ុន្មានបានប៉ុណ្ណោះ ខំយកចិត្ដវាទំរើសវាតាំងពីតូច គ្មានស្គាល់ហៅថាយ៉ាងម៉េច​ខ្វះ​ខាត យ៉ាង​ម៉េច​គ្មាន​​យ៉ាង​ម៉េច​ក្រ​។ លុះ​វា​ធំ​ឡើង​ទំលាប់​របស់​វា​ក៏​ត្រូវតែបង្ខំម្ដាយឳពុកអោយរកនេះរកនោះរកមិនចេះចប់ តាំងពី​សំលៀក​បំពាក់​គ្រឿង​អលង្ការ​ រហូត​ដល់​រថ​យន្ដ​ល្អៗ​ជា​ចុង​បំផុត​។ ម៉ែ ឳចេះតែខំទ្រោលទៅម៉ែឳខ្លះទ្រោលទៅពុំរួច ក៏តាំងកាច់ពត់ក្មេងនោះមក​វិញ​។ ពេល​ពត់​នេះ​ហើយ​​ដែល​ម៉ែ​ឳ ១០០​ភាគ​រយ​ថ្ងូរ​ហ៊ិះ គ្រវី​ក្បាល​ត​តាត់ ដកដង្ហើមធំប្រាប់គេប្រាប់ឯងថា ហ៊ី...អាកូនខ្ញុំមេកូនខ្ញុំវាធ្វើអោយខ្ញុំ​លំបាក​ដល់​ហើយ ទារ​នេះ​​ទារ​នោះ មិន​ចេះ​អស់​ចេះ​ហើយ ហើយ​រៀនសូត្រអ្វីៗគ្មានកើតសោះ ឃើញតែពួកម៉ាកទៅណេះ ទៅណោះ ព្រូចុះព្រូ​ឡើង!​។ ហើយ​គាត់​ចង់​អោយ​​គេ​ជួយ​ដោះ​ស្រាយ​គាត់​ផង តើធ្វើយ៉ាងណាអោយកូននោះបានស្ដាប់ គាត់ខ្លះ? អោយកូននោះយល់ថា គាត់លំបាកចិត្ដផង? អោយកូននោះឈប់​ផ្ដេសផ្ដាសផង? មានវិធីអ្វី?​។

   ចំពោះវិធីនោះ មានតែផ្ដើមអប់រំដោយទាញក្មេងនោះបន្ដិចម្តងៗ ពន្យល់វាអោយឃើញហេតុអាក្រក់ដែលបន្ដាល មក​ពី​វា​ផ្ដេស​ផ្ដាស​នោះ​​ ព្រម​ទាំង​ពន្យល់​អោយ​វាយល់​ផល​ប្រយោជន៍នៃការរៀនសូត្រផង។ យូរៗទៅប្រហែលជាបា នប្រកបខ្លះ។ នេះ​ជា​គំនិត​ខ្ញុំ​ផ្ទាល់​ទេ​។ ប៉ុន្ដែ​រឿង​​សំ​ខាន់​ដែល​ខ្ញុំ​ចង់​ពោល​ក្នុង​ទី​នេះ គឺរឿងយើងត្រូវការពារក្មេងកុំអោ យខូចទាន់ឯណោះទេ ពោលគឺ យើងត្រូវ​អប់​រំ​វា​តាំង​ពី​តូច អោយ​វា​ដឹង​ល្អ​​អា​ក្រក់​ថោក​ទាប​ឯ​ណោះ​ទេ​។ ក្មេងដូច ជាតួខ្លួនមនុស្សម្នាក់ដែរ យើងត្រូវការពាររោគវាប្រសើរជាងចាំព្យាបាលគេ។ យើង​ត្រូវ​អប់​រំ​ក្មេង​​អោយ​ល្អ​ជា​ជាង​ចាំ​កែ​តំរែ​តំរង់​វា ក្នុងគ្រាដែលវាធំហើយនោះ។ រោគមកស្ថិតក្នុងខ្លួនទៅហើយ ថ្នាំខ្លះដាក់ទៅ​ដល់​អ្នក​ជំងឺ​ក៏​រស់​ឡើង ថ្នាំ​ខ្លះ​​ដាក់​មិន​ដល់​អ្នក​ជំងឺ​ក៏​ស្លាប់​ទៅ​។ ក្មេងដែលទំរើសជ្រុលទៅហើយ ច្រលើសបើសហួសទៅហើយ អាវ៉ា​សែ​ជ្រុល​ទៅ​ហើយ ក៏​ដូច​ជា​មនុស្ស​​មាន​ជំងឺ​ដាប​ដែរ ថ្នាំ​អប់​រំ​ពិបាក​នឹង​ដាក់​ព្យា​បាល​អោយជាណាស់។ ហើយដោយភាគច្រើនយុ វជនដែលកែលែងឡើង គឺ​មក​ពី​ម្ដាយ​ឳពុក​បណ្ដែត​​បណ្ដោយ​ជ្រុល អោយ​វា​អា​វ៉ា​សែ រាំ​រែក​ស៊ីផឹកគប់មិត្រភក្ដិសុទ្ធតែពួ កពាល។ ខ្ញុំសង្កេតឃើញថា សម័យនេះក្មេងៗ​ឈាម​រាវ ចូល​ចិត្ដ​បង្កើត​​គេ​ហៅ​ថា សៀរ​ព្រី​ Surpris តាម​របៀប​អ៉ឺរ៉ុប​។ ខ្លះបែបចង់អាវ៉ាសែដែរ។ ម៉ែឳកូនស្រីខ្លះមុនដំបូងបែបសរសើរ​កូន​ស្រី​ខ្លួន​ថា កូន​អញ​ចេះ​​របៀប​បរ​ទេស ដល់​យូរៗ​ទៅ​ឃើញ​ផលមិនស្រួលដោយកូនស្រីនោះដូច្នេះដូច្នោះទៅ តាំងដេកឈឺចាប់ក្រលប់​ផ្កាប់​ផ្ងារ​រក​បាញ់​ចោល រក​​កាត់​កាល់...​។ ខ្លួន​ឯង​ខ្មែរ វា​មិន​យល់​រឿង​បែប​អឺរ៉ុប​សោះបណ្ដោយអោយកូនធ្វើតាមបែបអឺរ៉ុប។ តាម​ខ្ញុំ​ដឹង យុវ​ជន​អឺរ៉ុប ការ​អោប​គ្នា​រាំ​រែក​​មក​ពី​ធាតុ​អាកាស ស្រុក​គេ​ត្រជាក់​រហូត​ធ្លាក់​ទឹកកក ត្រូវការអោបគ្នាអោយមានកំ ដៅកក់ក្ដៅក្នុងពេលរាំនោះ។ ម្យ៉ាង​ទៀត​ការ​រាំ​អោប​រឹត​គ្នា​​ គឺ​ជា​ការ​ធម្មតា​របស់​គេ​ទៅ​ហើយ ស្រុកយើងអាស៊ីឯណេះជាស្រុកក្ដៅ មើលចុះរបាំប្រទេសចិនជាដើម គេរាំរែក​ម្ដង​ៗ​ពុំ​ដែល​អោប​រិត​គ្នា​ទេ​ ច្រើន​ត្រឹម​តែ​ចាប់​​ចុង​ដៃ​គ្នា រាំ​ជា​ការ​ស្រេច​។ ដូចរបាំរាំថូន រាំងរង់ រាំក្បាច់ជាដើមមានបានប៉ះសាច់គ្នាឯណា ឃើញ​ថា សម​រម្យ​ហើយ​សំរាប់​​ស្រុក​យើង​ប្រ​ទេស​ក្ដៅ​។ ចុះ​បើ​យើងយករបាំអ្នកស្រុកត្រជាក់ មកលេងនៅស្រុកក្ដៅ ការនេះវាមានផលផ្សេង ការ​ទាំង​នេះ​មិន​មែន​នាំ​​អោយ​កក់​ក្ដៅ​ទេ ផ្ទុយ​ទៅ​វិញ​វា​នឹងនាំអោយផលអាក្រក់ទៅថ្ងៃក្រោយ។ ក្មេងណាចេះគិតក៏គិតទាន់ ក្មេងណា​ដែល​ខ្ជិល​គិត ក៏​បណ្ដោយ​ខ្លួន​​ទៅ​តាម​សោត​ណា​អី​ចឹង​ទៅ​!

   ត្រង់ហ្នឹងហើយ បានជាថា យើងជាម៉ែឳខ្មែរ គួរកុំបន្ដែបណ្ដោយពេក ព្រោះអស់លោកអ្នកពិតជានៅចេះឈឺចាប់​កាល​ណា​ឃើញ​កូន​យើង​​មិន​ដោយ​តាម​ទូន្មាន​នោះ​។ ដូច្នេះទើបថា គប្បីយើងអប់រំកូនចៅយើងអោយយល់អាក្រក់ល្អ តាំងពីវានៅតូចៗ នោះមក​ផង​ទើប​បាន​ផល​ល្អ​។ ចំពោះ​រឿង​អប់​រំ​ក្មេង​តាំង​ពី​នៅ​តូចៗនេះទៀតខ្ញុំសូមជូនរឿងផ្ទាល់ខ្លួន មួយ ខ្ញុំមានកូនចៅជាច្រើននាក់ខ្ញុំតែងពន្យល់កូន​ចៅ​ខ្ញុំ​អោយ​ស្គាល់​ចាស់​ទុំ​​សូម្បី​មនុស្ស​បំរើ​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ ក៏អោយកូនចៅខ្ញុំហៅពូនេះ ដោយពាក្យរាបសាដែរ គឺអោយហៅបងនេះ បងនោះ មីងនេះ មីងនោះ​ហាម​​ផ្ដាច់​មិន​អោយ ហៅ​មេ​នេះ​អា​នេះ អា​នោះ ង៉ែង ហង អាមឹងដាច់ខាត។ ហើយបើក្មេងណាតូចជាងកូនខ្ញុំ ខ្ញុំបង្គាប់កូនខ្ញុំ​អោយ​ហៅ​ថា អូន​នេះ​អូន​​នោះ​ដរាប​។

   លោកអើយ ដល់ពេលកូនចៅខ្ញុំទៅរៀនសាលា ខ្ញុំភ្ញាក់ព្រើតតែម្ដង ដោយអុស្សាហ៍លឺកូនចៅខ្ញុំចេះជេរ បញ្ចោរ​នៅ ចំពោះ​មុខ​ខ្ញុំ​តែ​ម្ដង​។ ខ្ញុំ​ក៏​​បាន​ហៅ​កូន​ធំ​ជាង​គេ​មក​សួរ ឯងចេះជេររបៀបនេះពីណាមក? កូននោះឆ្លើយថា ខ្ញុំចេះមក ពីសាលារៀន គូ​កន​ខ្ញុំ​វា​ជេរ​ខ្ញុំ វា​ទាស់​នឹង​ខ្ញុំ វា​ជេរ​​ម្ដាយ​ខ្ញុំ​វា​ហៅ​ខ្ញុំ​ថា​អា​ខ្ញុំ​ក៏​ចេះពីវាមក! ជេរបញ្ចោរក៏ចេះពីវាមកដែរ គួរអស់លោកពិចារណាដែររឿងនេះ។ បើសង្គម​យើង​បើ​គ្រូ​បង្រៀន​យើង​​បើ​ម្ដាយ​ឳពុក​ទាំង​អស់​គ្នា មិនជួយនែនាំ ពន្យល់កូនចៅ អោយស្គាល់ពាក្យពិរោះពិសា តាំងពីក្មេងៗទៅទេ វាពិបាកកែ​ខ្លាំង​ណាស់​។ ពួក​ល្អ​ម្នាក់​ពីរ​​មុខ​ជា​ដួល​រេ​ទៅ​តាម​ពួក​អា​ក្រក់​ច្រើន​គ្នា​នោះ​ពុំ​ខាន​។

គួរស្ងួនគ្រងលក្ខណៈខ្មែរខ្លះផង

   សម័យនេះ អ្នករស់នៅក្នុងសង្គមយើងគប្បីត្រិះរិះពិចារណាអំពីទំនៀមទំលាប់ខ្មែរអោយបានម៉ត់ចត់ទៅផង។ កន្លែង​ណា​ដែល​ហួស​សម័យ​​ ដែល​មិន​សម​រម្យ មិន​ស្រប​នឹង​ដំណើរ​ការ​ប្រទេស ក៏គួរចោលទៅចុះ ប៉ុន្ដែកន្លែងណាដែលបង្ហាញបែបបទលក្ខណៈ ខ្មែរ​តាំង​ពី​ដូន​តា​មក យើង​​ពុំ​គួរ​នឹង​កាត់​បំបាត់​ចោល​សោះ​ឡើយ​។ ខ្ញុំចង់ពោលពីរឿងសំលៀកបំពាក់។ ដូចបុណ្យសព ខ្ញុំធ្លាប់ឃើញខ្មែរចាស់ៗ ​ជំនាន់​មុន បើ​ហែ​សព​ប្រុស​ៗ​ ស្លៀក​ពាក់​ពណ៌​ស ក្រាវាត់​ខ្មៅ​ ស្បែក​ជើង​ខ្មៅ ស្រីៗ​ពាក់​អាវ​ស សំពត់​ចងក្បិនពណ៌ព្រីងទុំ ឬខ្មៅមើលទៅបែបរម្យទមណាស់។

   ដល់មកឥលូវនេះ គេស្លៀកពាក់តាមអំពើចិត្ដទៅបុណ្យខ្មោច ដូចទៅបុណ្យកឋិន ចូលវត្ដដូចជាចូលរង្គសាល ច្រលូក​ច្រលំ​ហាក់​ដូច​ជា​ប្រទេស​​នេះ​ទើប​តែ​កើត​ម៉្ងៃ​ណោះ គ្មាន​វប្ប​ធម៌​ទំនៀម​ទំលាប់​អ្វីសោះ។ តាមល្អគួរតែយើងម្នាក់ៗ នៅក្នុងសង្គជួយស្ងួនគ្រងនូវលក្ខណៈ​អ្វី​ដែល​ជា​ខ្មែរ​​នោះ​អោយ​នៅ​តែ​ជា​លក្ខណៈ​ខ្មែរ​ត​ទៅផង ទើបប្រសើរ។ រឿងសំ លៀកបំពាក់នេះទៀត អស់លោកភាគច្រើនចូលចិត្ដ​ស្លៀក​ពាក់​ខោ​អាវ​ធំ​​ពេល​បុណ្យ ពេល​ជំនុំ​ទោះ​បី​រដូវ​ក្ដៅ​ស្ទើរ បែកក្បាលក៏ដោយ។ អាកាសធាតុក្ដៅស្ទើរហុយផ្សែង យើងសុខចិត្ដទ្រាំ​បែក​ញើស គ្រលំ​អាវ​ធំ​ធ្វើ​​មុខ​ជូរ​។ សំ​លៀក បំ​ពាក់​គេ​ប្រើ​ក្នុង​ប្រទេស​ត្រ​ជាក់ ធាតុក្រជាក់ធ្លាក់ទឹកកក ឯងយកមកគ្រលំអោយបែកញើស។ នេះ​ជា​អំពើ​ឬ​បែប បទ​ខុស​​ទំនង​ដែរ​។ ខ្ញុំ​ពុំ​រិះ​គន់​ទេ បើ​អស់​លោក​ចូល​ចិត្ដ​បំបែកញើសរបៀបនោះ តែខ្ញុំយល់ថា បើយើងស្លៀកពាក់ អោយ​ស្គាល់​របៀប​រងារ​ក្ដៅ​នោះ​អស់​​លោក​អ្នក​នឹង​បាន​ស្រួល​ខ្លួន​ហើយ​បាន​សម​រម្យ​ផង។

អំពីរឿងទុកសក់សេះ

   សព្វថ្ងៃនេះ នៅប្រទេសខ្លះនៅជុំវិញយើងនេះមានយៀកណាម ថៃឡង់ ហ្វីលលីពីនជាដើម គេកំពុងតែប្រយ័ត្ន​រឿងយុវ​ជន​ទុក​សក់​សេះ ដែល​គេ​យល់​ថា​ធ្វើ​អោយ​ខូច​ទំនៀម​ទំលាប់​ល្អរបស់ស្រុកគេ ព្រមទាំងគេមិនចង់អោយស៊ីវិល័យ ខុសទំនងនោះ ឆ្លង​មក​លប់​លើ​វប្ប​ធម៌​​របស់​គេ​ផង​។ កន្លែង​ខ្លះ គេ​ចាត់​ភ្នាក់​ងារ​អោយ​ចាំ​ចាប់​យុវជនទុកសក់វែងយក មកកាត់សក់នោះចោល។ ហើយ​ស្រុក​ខ្លះ នៅ​ចំណត​យន្ដ​ហោះ​​ផ្ទាល់​តែ​ម្ដង គេ​សុំ​អញ្ជើញ​ភ្ញៀវ​បរ​ទេស​ទុក​សក់​វែង អោយចូលទៅកាត់សក់នៅកន្លែងមួយសមរម្យ ដែលគេបំរុង​ជា​ស្រេច​មុន​នឹង​អោយ​​បរ​ទេស​នោះ​ចូល​ទៅ​កាន់​ក្រុង​របស់​គេ។

   យើងឯណេះវិញ យើងមានចាត់ការអ្វីដែរលើរឿងជនទុកសក់វែងនេះ? ឃើញមានតែមួយពេលគត់ គឺលោកប្រ​ធានា​ធិប​តី លន់ នល់ ប្រ​កាស​​អោយ​យុវ​ជន​ទុក​សក់​វែង​កាត់​សក់​វែងរបស់ខ្លួនចោល កាលពីខែមិនា ១៩៧២ ប៉ុន្ដែមាន យុវជនណាស្ដាប់ប្រសាសន៍លោក​ប្រ​ធានា​ធិបតី លន់ នល់ ទេ​? អត់​ទេ!​។

   សូមអភ័យទោស ក្រែងខ្ញុំយល់ច្រលំ ខ្ញុំសង្កេតឃើញថា យុវជនសង្ហាទុកសក់សេះ (មិននិយាយពីពួកសិល្បករ និង​និស្សិត​ទេ) ច្រើន​តែ​ក្មេង​​ពាល ក្មេង​កាប់​ចាក់​លួច​ប្លន់ ឆក់​នាឡិការ ឆក់​ខ្សែ​ក​តាមផ្សារតាមផ្លូវ...អ្នកក្រុងយើងមូលមា ត់គ្នាហៅថា ពួក​អា​ទុក​សល់​វែង ឬ​អា​ទុក​សក់​សេះ​។​​ យើង​គួរ​ផ្ដើម​ពន្យល់​យុ​វជន​យើង​អោយជៀសវាងរឿងទុកសក់វែ ងនេះផងហើយ ព្រោះមិនមែនជាការល្អមើលសោះ ប្រុស​ច្រលំ​ស្រី ស្រី​ច្រលំ​​ប្រុស ខុស​បែប​បទ​ខ្មែរ​។ យើង​គួរ​មើល​ប្រទេសគេក្បែរខាងយើងនេះផងគេធ្វើយ៉ាងណាគេការពារយ៉ាងណា។

គប្បីម៉ឺងម៉ាត់អោយបានយូរអង្វែង

   នៅអោកាសផ្លាស់របបគ្រប់គ្រង នៅប្រទេសណាក៏ដោយក្នុងលោកនេះ គេតែងតែផ្លាស់តាមរបៀបក្ដៅទៅតាម​បញ្ញត្ដិ​អោយ​មនុស្ស​ធ្វើ​តាម​កុំ​អោយ​ល្អៀង​បាន​។ ជា​ពិ​សេស​​លុះ​ត្រាតែអ្នកកាន់អំណាចនោះ ប្រយ័ត្នប្រយែងខាងផ្លូវច្បាប់ គោរពច្បាប់ទៅផង​ទើប​បាន​ចំរើន ច្បាប់​នោះ​​ឯង​មាន​ប្រ​សិទ្ធិ​ភាព​។ ដូច​ជា​គ្រួ​សារ​និមួយ​ៗ​ទាល់​តែ​មេគ្រួសារនោះ ពូកែម៉ឺងម៉ាត់ ទើបគ្រួសារនោះបានត្រឹមត្រូវទៅតាមកន្លង​ល្អ មិន​មែន​រង់​ចាំ​​តែ​សមា​ជិក​គ្រួ​សារ​នោះ គោ​រព​តាម​តែឱវាទ​ខ្លួន​ជា​មេ​នោះ​ទេ។ យ៉ាងណាមិញប្រទេសជាតិនិមួយៗក៏ដូចនោះដែរ គួរណាស់តែ​អ្នក​រក្សា​អំ​ណាច​​ស្ថិត​នៅ​ក្នុង គន្លង​ច្បាប់​នោះ​ទៀង​ទាត់ ម៉ឺង​ម៉ាត់​ទើប​ប្រ​ជា​ពលរដ្ឋបានសុខសាន្ដទៅកើត តែកាលណាមិនគោរពច្បាប់ ធ្វើតាមតែ តណ្ហា​របស់​ខ្លួន​​នោះ ប្រ​ទេស​នោះ​ទៅ​មុខ​ពុំ​រួច​ទេ នៅ​តែ​វិល​វល់​ដូច​បែប​ចាស់​ដដែលជាដដែល។ ម្យ៉ាងទៀត បើយើ ងតឹងម៉ឺងមាត់ពីដំបូង​យ៉ាង​ណា យើង​ត្រូវ​​​តឹង​​​ត្រូវ​ម៉ឺង​ម៉ាត់​អោយ​រហូត​ទៅ កុំ​តឹង​ម៉ឺង​ម៉ាត់​តែ​មួយ​ឆាប រួច​ធូរ​ស្តែត​នោះ ដូចយើងបានឃើញស្រាប់ថ្ងៃទី៩ តុលា ១៩៧០​យើង​ប្រកាស​ប្រ​ទេស​ជា​សា​​ធា​រណ​រដ្ឋ គឺ​សន្មត​ថា​ប្ដូរ​ផ្លាស់​អស់​របៀប រាប់​ចូល​ទាំង​ល្បែង​ពាលា​ផង សិស្សានុសិស្សបានទាំងដុតរូបសំណាក​បៀ​ប៉ោ នៅ​មុខ​សក្យ​មុនី​​ចេ​​តិយ​ផង​ជា​សញ្ញា​ថា យើង​ត្រូវ​ឈប់​លេង​បៀ​អាប៉ោង​ទៀត​ហើយ​។ នៅ​ពេល​នោះ​ដូច​ជាស្ងប់បន្ដិច ប៉ុន្ដែមិនយូរប៉ុន្មាន​ល្បែង​ពាលា​ក៏​រស់​រវើក​​ឡើង​វិញ​មក​​ពី​អ្វី​? មក​ពី​ច្បាប់​យើង​បន្ធូរ​បន្ថយ​ឆិន​ឆៃ រួច​អ្នក​ខាង​លើ​បែប​ខ្ជិល​បន្ដិច​ផង ក៏បណ្ដោយៗទាស់អីចឹង ទៅ។ ខ្មែរយើង មាន​ចរិត​តឹង​រ៉ឹង​ម៉ឺង​ម៉ាត់​តែ​មុន​​ដំបូង​ យូរ​ទៅ​ធូរ​ស្ដែត​។

   និយាយយើងឆាប់បន្ធូរនេះ ខ្ញុំនៅនឹកឃើញបន្ដិចថា នៅឆ្នាំ ១៩៤០ កាលយើងរាជការបារាំងខ្មែរបានតទល់ចំបាំង​សៀម គគ្រឹក​គគ្រេង តែ​មិន​ទាន់​ជា​សា​ហាវ​ដូច​សព្វ​ថ្ងៃ​នេះ​ផងទេ រាជការបារាំងបានធ្វើសំបុត្រចុះថ្ងៃទី១៧ មិថុនា១៩៤០ ហាម ប្រាមទាំងអស់ មិន​អោយ​បើក​វង់​រាំ​ច្រៀង​​ស្រុក​កើត​សង្គ្រាម​។ កាល​ណោះ​ស្ងាត់​អស់ ហើយស្ងាត់រហូតរាប់ឆ្នាំ។ ឯ យើងសព្វថ្ងៃនេះមិនដូច្នោះទេ ហាមបិទ​តែ​មួយ​ភ្លែត​បើក​វិញ រោង​​កុន​ក៏​ដោយ រង្គ​សាល​ក៏​ដោយ ដូច​ជាច្បាប់ស្ថិតនៅ តែលើក្រដាសសោះតែម្ដង ហាមអ្វីគ្មានប្រសិទ្ធិភាពដូចជំនាន់​បារាំង​ទេ​។ និយាយ​នេះ​មិន​​មែន​សរ​សើរ​ច្បាប់​បារាំង​ទេ តែសរសើរថា គំនិតបារាំងវាម៉ឹងមាត់មែនទែន។ ព្រោះតែវាម៉ឺងម៉ាត់អីចឹងហើយ បាន​ជា​វា​ត្រួត​ក្បាល​ឯង​កើត​។​ ​ខ្មែរ​យើង​ព្រោះ​តែ​ធូរ​ស្ដែត ស៊ែត​ព្រលែតអីចឹងហើយ បានជាពិបាកគេចផុតពីកញ្ជះគេ ទាំងរាស្រ្ដទាំងនាម៉ឺននោះ។ ខ្ញុំ​និយាយ​នេះ​ដូច​ជា​ធ្ងន់ ប៉ុន្ដែ​​និស្ស័យ​ខ្ញុំ ខ្ញុំ​បាន​សច្ចា​ថា​ខ្ញុំ​សុំ​រស់​នៅ​ជា​ខ្មែរ ស្លាប់ទៅក៏ជាខ្មែរ ហើយរស់ក្នុងកំនើតថ្មីវិញ ក៏ជាខ្មែរដែរ។ ខ្ញុំមិនចង់​អោយ​ជន​ជាតិ​ណា​កា​លៃ​ខ្ញុំ​ជា​ ​ជាតិ​ផ្សេង​សោះ​ឡើយ​។ ម្យ៉ាង​ទៀត យើងចូលចិត្ដតែធ្វេសចាំ ជិតសឹមធ្វើតែម្ដង។ នឹកមើលនៅពេលកសាងអ្វី​មួយ​នៅ​តាម​ខេត្ដ​តាម​ក្រុង​​អស់​លោក​យើង​ច្រើន​មិន​សូវ​ប្រញាប់ ធ្វើទេ លុះតែដល់ពេលជិតសំពោធតែម្ដង ក៏តាំងប្រញាប់ធ្វើទាំងយប់​ទាំង​ថ្ងៃ គ្រ​វីស​គ្រវាស​អោយ​តែ​​បាន​ហើយ​សំរាប់​សំពោធ​យក​គាប់​មួយ​ពេលនោះទៅ។ សួនច្បារគ្មានផ្កា កាច់ផ្កាមកដោតបញ្ឆោតទៅ អន្ដូងគ្មាន​ទឹក​ដង​ទឹក​ពីរ​បី​ឡាន យក​មក​​ចាក់​អោយ​ពេញ​ទៅ​សំរាប់ «ព្រះអង្គទតសរសើរ» ពេលសំពោធសមិទ្ធិរុក្ខផង កេណ្ឌយកចេកម្នាស់ល្អៗមក ដាក់គរ​ពោរ​ពា​សង្ហាញ ហើយ​ទ្រុង​​មាន់​មួយ​ក៏​ចេះ​តែ​ដើរ​ហើរ​ហោះ​តាម​ព្រះអង្គស្ទើរគ្រប់ខេត្ដ ភរបញ្ជាក់អំពីការចំរើ នខាងចិញ្ចឹមមាន់។ អាងតែ «ឳ» ខ្វាក់ គ ថ្លង់ «កូន​ចៅ» គិត​​តែ​ពីភរ​វក់​វី​យក​មេ​ដាយ​។ នែ! សម័យ​នោះ!​។ ឥលូវនេះ សម័យនេះ ខ្ញុំសូមធ្វើសំនូមពរកុំអោយហែលតាមដំណើរមុននោះ​អោយ​សោះ​។ រួម​គ្នា​​ធ្វើ​អោយ​ស្មោះ​ម៉ឺង​ម៉ាត​អោយ​រហូត​កុំ​បន្ធូរ​។

ការសន្ទិះសង្ស័យ

   អ្នកដឹកនាំរដ្ឋខ្មែរ រដ្ឋខ្មែរតាំងតែពីដើមមកចូលចិត្ដតែសង្ស័យគ្នាទៅវិញទៅមក។ ការសង្ស័យនេះ ចេញផលជាការ​កាប់​សំលាប់​គ្នា​ឥត​​ប្រណី​។ អ្នក​ដែល​កំពុង​កាន់​អំណាច រមែង​តែងតែមិនទុកចិត្ដចំពោះអ្នកដែលធ្លាប់រួមការជាមួយដោយ ចេះតែ​ក្រែង​ថា តិច​លោ​អា​នេះ​វា​ដណ្ដើម​អំណាច​អញ​ទៅ តិច​លោក​អានេះ​វា​សំលាប់អញដើម្បីយកតំណែងអញទៅ! តិចលោអីចេះ តិចលោអីចុះ! ច្រើនប្រការ។

   កាលបើនឹករអើលដូច្នោះហើយ ក៏តាំងលែងទុកចិត្ដ រួចបើជួនជាមានអាម៉ីអាថោងចាក់រុកបន្ដិចផងនោះ ក៏តាំងជឿជាក់​មែន​ទែន ថា​សហ​ការី​ ឬ​មិត្ដ​ពី​ដើម​នោះ​ក្បត់​ខ្លួន​មែន​ទែន​តែ​ម្ដង​។ ដល់មកត្រង់ណេះក៏តាំងរកលេសចោទប្រកាន់សហការីនោះ ឬ​មិត្ដ​នោះ​អោយ​គ្នា​ទៅ​ជា​អា​ក្រក់​​ដើ​ម្បី​យក​ទៅ​សំលាប់​ចោល​ទទេ​ទៅ​។ ផលវិបាកដែលកើតឡើងដោយការចេះតែសង្ស័យគ្នានេះ ជួនកាលនាំ​អោយ​កើត​សង្រ្គាម​​ក្នុង​ស្រុក​យ៉ាង​​ធំ​ទៅ​ផង​ក៏​មាន​។

   ខ្ញុំសុំរំលឹករឿងមួយ ស្ដេចសុគន្ធបទ (រវាងសតវត្សទី១៥ នៃគ.ស) ស្រលាញ់គាប់ព្រះទ័យនិងប្អូនថ្លៃឈ្មោះ «កន» នោះ​​ណាស់ ថែម​​ទាំង​​ប្រ​​ទាន​​ងារ​​ជា «ឃុន​​លួង​​ព្រះ​​ស្ដេច​» ត្រួត​​ត្រា​​លើ​​ក្រសួង​សង្ឃការីថែមទៅទៀត។ ក្រោយមកស្រាប់ តែសង្ស័យថា ឃ��ន​​លួង​​ព្រះ​​ស្ដេច​​កន​​ប្រុង​​​ដណ្ដើម​អំណាច​។ លុះ​ស្ដាប់​ពាក្យ​ចាក់​រុក​ពួកមន្រ្ដីដែលស្អប់ ឃុនលួងព្រះស្ដេច កននោះថែមទៀតទៅ ក៏យល់ថា ឃុន​លួង​ព្រះ​ស្ដេច​កន​ប្រុង​​ក្បត់​មែន​ទែន ទើប​អោយ​គេ​តាម​ចាប់ឃុនលួងព្រះស្ដេ ចកន យកមកសំលាប់ ឯឃុនលួងព្រះស្ដេច​កន​ដឹង​ខ្លួន​ក៏​ភៀស​ខ្លួន​ទៅ​កេណ្ឌ​រាស្រ្ដ​​ក្បត់​មែន​ទែន​តែ​ម្ដង ចេញ​មុខ​ច្បាំង​នឹង​ស្ដេច​ផែន​ដីពេញទំហឹង។ ប្រជារាស្រ្ដកើតវិនាសហិនហោចខ្លោចផ្សា អន្ដ​រកប្ប សំលាប់​គ្នា​ដូច​សត្វ​​ធាតុ​។ ឃុន​លួង​ព្រះ​ស្ដេច​កន​ធ្វើ​គត​ព្រះសុគន្ធបទទៅវិញ ហើយយករាជសម្បត្ដិមកសោយតាំងខ្លួនជាម្ចាស់ផែន​ដី​ឆ្កុយ ហើយ​ក៏​តាំង​សប្បាយ​​រាំ​រែក​តាម​គន្លង​ស្ដេច​ផែន​ដី​ព្រ​ងើយ!​។ នេះរាស្រ្ដស្លាប់មួយលើក។ ស្ដេចកននេះកំពុងត្រេកត្រអាល ក៏​ស្រាប់​ស្ដេច​អង្គ​ចន្ទ (អង្គ​ចន្ទ​ទី១) ចេញ​​ពី​សៀម​មក​វិញ​លើក​ទ័ព​គគ្រឹក​គគ្រេង មកដេញស្ដេចកននោះទៅវិញ។ ការកាប់សំលាប់គ្នាឯង វះសាច់ កាច់​ឆ្អឹង​គ្នា​ឯង ក៏​ផុស​ឡើង​ម្ដង​​ទៀត ប្រជា​រាស្រ្ដ​វិនាស​ជីវិត​រាប់​ពុំ​អស់​។ ទំរាំតែផ្ដួលស្ដេចកនបាន ចំនាយស្ទើរអស់ពូជខ្មែរដែលខ្លាំងពូកែ។

   នេះជារឿងចាស់ ដែលអ្នកប្រវត្ដិសាស្រ្ដគេដឹងគ្រប់ៗគ្នា ហើយរកហេតុទៅឃើញថា គឺមកពីស្ដេចអ្នកដឹកនាំចេះ​តែ​សង្ស័យ​អ្នក​ដែល​ធ្លាប់​​ស្រលាញ់​ពី​ដំបូង ពោល​គឺ​ស្ដេច​សុគន្ធ​បទ សង្ស័យ​លើឃុនលួងព្រះស្ដេចកន រហូតដល់មានរឿ ងនាំអោយរាស្រ្ដ​ស្លាប់​ពាស​វាល​ពាស​កាល​។

   រឿងថ្មីមួយទៀតកាលពី២០ឆ្នាំមុននេះ នរណាក៏ដឹងដែរថា សឹង ង៉ុកថាញ់ រត់ចូលព្រៃទៅជាមេខ្មែរសេរី ក៏​ដោយ​សារ ស្ដេច​សីហនុ​មិន​ទុក​​ចិត្ដ​គាត់​។ រំលឹក​រឿង​នេះ​ឡើង​វិញ អ្នកភ្នំពេញនឹកឃើញភ្លាម។ កាលណោះលោកសឹង ង៉ុកថាញ់ ត្រូវរដ្ឋាភិបាល​បារាំង​ដោះ​លែង​មក​វិញ ថ្ងៃ​​៣០ តុលា ១៩៥១ លោក សឹង ង៉ុក​ថាញ់​មក​ភ្នំពេញរាស្រ្ដខ្មែររាប់ម៉ឺននាក់ ទទួលគាត់។ សីហនុ ស្រាប់តែក្រែងរឯងថា អៃ​យ៉ា អា​ម្សៀ​នេះ​មាន​​រាស្រ្ដ​រាប់​អាន​ខ្លាំង​ណាស់​តើ មិនស្រួលទេ ថ្ងៃក្រោយអាម្សៀនេះមានប្រជាប្រិយភាពសំបើមហើយ អញអស់មានមុខ​មាន​មាត់​ហើយ ដូច្នេះ​​ត្រូវ​ចាត់​ការ​យក​អា​នេះ​ចេញ​ទើប​បាន​។ សឹង ង៉ុកថាញ់ មិនមែនមានត្រចៀកដូចត្រចៀកពាង មានភ្នែក ដូចភ្នែករិស្សីឯណា គាត់​មាន​ត្រចៀក​​នឹង​ភ្នែក​ជា​មនុស្ស​ដែរ ដឹង​ខ្លួន​ក៏​ភៀស​ចូល​ព្រៃ​បាត់​។

   រឿងមួយទៀតនរណាមិនដឹង ជួន ម៉ុម ជាអ្នកចេះដឹងល្បីពីស្រុកបារាំងមក។ គ្រាន់តែហៀបតែនឹងដាក់ជើងចុះជាន់​លើ​ដី​ពោធិ៍​ចិន​តុង ក៏​ស្រាប់​​តែ​ត្រូវ​ពួក​ឆ្កែ​សីហនុ​នៅ​ត្រៀប​ត្រា​ចាំ​ខាំ​ពាំ​យក​ទៅអោយសីហនុនោះ គេថាជួនម៉ុមជាមនុស្សក្រហម។

   មួយទៀត ៤-៥ឆ្នាំមុននេះនរណាទៅភ្លេច? ហ៊ូ យន់ ហ៊ូ នឹម ខៀវ សំផន បានបាត់ខ្លួន កើតដោយសារនរណា? គឺ​មក​ពី​ពួក​និយម​ស្ដេច​ពាល​ សីហនុ​ពួក​ចៃ​វាំង​៘ រាស្រ្ដ​ខ្មែរ​ណា​ម្នាក់​ដែលភ្លេចពាក្យជេរប្រទេចរាល់ថ្ងៃរបស់សម្ដេចសីហ នុ ទៅលើពួក​ទាំង​បី​នោះ​? សរុប​មក ស​អោយ​​ឃើញ​ថា​អ្នក​ដឹក​នាំ​យើង​គឺ​សីហនុ​នោះ​រវល់​តែ​សង្ស័យ​វរជនឯទៀតរវល់​តែនឹងច្រណែននឹងប្រជាប្រិយភាពគេឯទៀត រក​រឿង​មិន​អោយ​​នរ​ណា​លូត​លាស់​ខ្ពស់​ជាង​ខ្លួន​កើត អោយ​មាន​តែ​ខ្លួន​ម្នាក់ជាកំពូលជាដើម ជាមេ ជាឯក លើគេ។

   លទ្ធផលនៃទិដ្ឋចង្រៃនោះ នាំអោយវរជនបញ្ញវន្ដឃ្លាតឆ្ងាយពីសីហនុរហូតដល់សព្វថ្ងៃនេះ មានបក្សមានពួក​ស៊ី​សាច់ ហុត​ឈាម​គ្នា​គ្មាន​ពិចារ​​ណា ព្រោះ​តែ​ការ​កាន់​ជើង​ពួក​ក្រហម ពួក​ខៀវ មិន​គិត​ពី​រួម​រស់​ជា​ខ្មែរ ដោយសុខសាន្ដសោះ ។ ខ្ញុំនិយាយប៉ុណ្ណេះ តើអស់លោក​សង្កេត​ឃើញ​បែប​នេះ​ទេ​? សុំ​ជួយ​ពិចា​រណា​ផង​។

ហេតុអ្វីបានជាយើងអោនថយ

   ខ្ញុំយល់ថា ខ្មែរយើងសម័យសតវត្សទី១៣ កសាងនគរវត្ដរួច ក៏ចាប់ចុះថយឥទ្ធិពលបន្ដិចម្ដងៗ ដរាបដល់រៀវរួចរួញដល់​សព្វ​ថ្ងៃ​នេះ​។ ហេតុ​​ដូច​ម្ដេច​ក៏​ដូច្នោះ​? ដោយ​ហេតុ​ថា ជំនាន់នោះ គេផ្ដាច់ការពន់ពេក ប្រើកំលាំងមនុស្សដូចគោក្របីអោយដឹកថ្មធំៗ មាន​ទំ​ងន់​ហួស​កំលាំង​យក​​មក​ធ្វើ​ប្រា​សាទ​ហើយ​បង្ខំ​អោយ​ធ្វើ​គ្មាន​ពេល​សំរាក​។ ប្រាសាទទាំងឡាយ នៅអង្គរពិតជាមរតកអនុស្សាវរីយ៍ របស់​ដូន​តា​យើង​ប្រា​កដ​ណាស់​។​ នៅ​ពេល​កសាង​ប្រា​សាទ​ទាំង​ឡាយ​នៅ​អង្គរ​រួច យើងកត់សំគាល់ឃើញ ប្រជាពលរដ្ឋខូចទឹកចិត្ដអស់រហូតដល់ស​ត្រូវ​ចូល​មក​វាយ​ប្រ​ទេស​ជាតិ​ ប្រ​ជា​ពល​រដ្ឋ​ពេល​នោះ កំពុង​ធុញ​ទ្រាន់នឹងការលំបាកពន់ពេកក៏កើតចិត្ដនឿយណាយលែងមានចិត្ដការពារប្រទេស​ជាតិ​ទៅ​។ ហើយ​រហូត​មក​ ចេះ​តែ​ចុះ​ថយ​ឥទ្ធិ​ពល​ជា​លំដាប់ ឥតមានវរជនណាជួយបណ្ដុះទឹកចិត្ដប្រជាពល​រដ្ឋ អោយភ្ញាក់រលឹកឡើងវិញទេ ចេះ​តែ​បណ្ដោយ​យូរ​ៗ​ទៅ​ប្រជា​​រាស្រ្ដ​ក៏​ទៅ​ជា​អស់​សង្ឃឹម ចំពោះ​ជោគ​វាសនា​ខ្លួននាំអោយខូចទឹកចិត្ដរឹតតែខ្លាំងឡើង។ ណាមួយត្រូវពួកស្ដេចជិះជាន់ផង ណា​មួយ​ជីវ​ភាព​លំបាក​​ផង​ក៏​ដេក​ផ្សង​ចាំ​តែ​វាសនា​ប៉ុណ្ណោះ​។

   នៅពេលដែលវាចូលលុកប្រទេសនេះម្ដងៗ សត្រូវតែងតែឃោសនាថា យើងមកជួយរំដោះអ្នករាល់គ្នា​អោយ​រួច​ពី​ក្រញាំ​របស់​ពួក​មនុស្ស​​មួយ​ចំនួន​ដែល​កំពុង​ជិះ​ជាន់​អ្នក​រាល់​គ្នាសព្វថ្ងៃ។ គួរកត់សំគាល់ថានៅពេលសត្រូវចូលមកវាយ ម្ដងៗ មិនដែលអត់​មាន​មនុស្ស​ក្បត់​រត់​ទៅ​ចូល​​ខាង​សត្រូវ​នោះ​ទេ តែង​តែ​មាន​ជា​ដរាប​ ជួយ​ឃោសនាអោយសត្រូវទៅទៀត ជាហេតុនាំអោយប្រជាពលរដ្ឋ​យល់​ច្រលំ​ថា គេ​មក​ជួយ​រំដោះ​យើង​អោយ​រួច​ពីការ​លំបាក​គ្រប់​យ៉ាងមែន តោងតែយើងជួយខាងសត្រូវទើបបាន សេចក្ដីសុខ ហើយ​បបួលគ្នាចូល​ខាង​សត្រូវ​ដោយ​មិន​ដឹង​ខ្លួន​​ទៅ​ទៀត​។ ពី​នោះ​រៀង​មក​ដល់​សតវត្ស​ទី ១៧ យើងចាប់ចុះមែនទែនដល់មកសតវត្សទី១៨ ខ្មែរក្លាយជាជាតិមួយបាក់​ស្បាត អស់​មាន​គំនិត​អ្វី​​ដែល​ហៅ​ថា​តស៊ូ​នោះ​រលីង​ គិត​តែ​ពី​ទូល​កញ្ជើ​រត់ រត់ជាទំលាប់មកដល់សព្វថ្ងៃនេះតែម្ដង។

   អស់លោកជួយពិចារណាមើល រហូតដល់បច្ចុប្បន្នកាលនេះ តើយ៉ាងណា? យៀកកុងយួនខាងជើងចូលមកវាយ​ប្រទេស​ខ្មែរ ដុត​បំផ្លាញ​ផ្ទះ​​សំបែង​អ្នក​ស្រុក ហើយ​មាន​ស្ដេច​សីហនុ​បានជួយស្រែកពួកនោះទៀត ជាហេតុនាំអោយប្រជាពលរដ្ឋយើង ទៅ​តាម​គន្លង​សតវត្ស​មុន​ៗ​តែ​​ម្ដង​។ ខ្ញុំ​សូម​រំលឹក​ដោយ​ស្មោះ​ត្រង់​ថា ព្រោះតែគន្លងបាក់ស្បាត វង្វេងចូល នឹងសត្រូវរាល់ៗជំនាន់នេះហើយ ទើប​នគរ​កម្ពុជា​ធិបតី នៅ​រួម​រួញ​​តូច​ប៉ុន​បាត​ដៃ​សព្វ​ថ្ងៃ​នេះ ហើយ​បើកុំតែបារាំងចូលមកធ្វើជាចៅហ្វាយទាន់ កុំអីរលាយបាត់ផងក៏មិនដឹង បាន​បារាំង​វា​ចូល​មក វា​ខា​ឃាំង​ទុក​​ត្រួត​ត្រា​ក៏​បាន​នៅ​សល់​ប៉ុណ្ណេះ​។ នេះ​ហើយ​វាសនា​កម្ពុជាយើងដែលត្រូវតែមានចៅហ្វាយត្រួតត្រានោះ។

   ចំពោះការអោនថយរិទ្ធានុភាព ខ្ញុំសូមប្រៀបធៀបទៅនឹងមហាប្រទេសខ្លះ ពីសម័យបុរាណ ដូចយ៉ាងមហាប្រទេស​ចិន​ប្រជា​មា​និត ជា​មហា​​អំ​ណាច​នៅ​អាស៊ី​ដែរ កាល​ជំនាន់​សេ្ដចចិនឈ្មោះជិន ស៊ីហួងទី Chin Shih Houngti ខ្លាចពួកម៉ុងហ្គោលចូលវាយប្រ​ទេស​ចិន ស្ដេច​នោះ​ក៏​ចាប់​​សាង​កំពែង​ដ៏​ធំ នៅ​សត​វត្ស​ទី​៣ មុនគ្រិស្ដសករាជ (Grande Murai- lle) ហើយរហូតដល់ប្រាំពាន់គីឡូម៉ែត្រ នាំអោយ​ប្រ​ជា​ជន​ចិន​លំបាក​វេ​ទនា​​ជា​អស្ចារ្យ សង់​រួច​កាល​ណា ប្រជា​ជន​ចិន​ហត់នឿយយ៉ាងខ្លាំង គ្មានកំលាំងធ្វើសង្គ្រាមសោះ។ ទទួ��ពេលនោះពួកម៉ុង​គ្ហោល​ក៏​ចូល​មក​វាយ​ទៀត​​ហើយ​ឃោ​សនា​ថា មក​ជួយ​ប្រជា​ពល​រដ្ឋចិនអោយផុតពីទាសភាព ប្រជាជនចិនក៏ជឿមួយចំនួនធំលែងជួយកងទ័ព​រដ្ឋា​ភិបាល នាំ​អោយ​កង​ទ័ព​​រដ្ឋា​ភិបាល​ទន់​ខ្សោយ បណ្ដោយ​អោយ​សត្រូវវាយធ្លាយមហាកំពែងនោះទៅ ហើយមហាប្រទេសចិនសម័ យនោះ ក៏​ធ្លាក់​ចុះ​ក្នុង​ហា​យន​ភាព​​ពេល​នោះ​ទៅ​។

   នៅអេហ្ស៊ីបក៏ដូច្នោះដែរ ហេតុតែចង់បានកេរ្ដិ៍ឈ្មោះខ្ពស់ស្មើនឹងទេវតា ស្ដេចអេហ្ស៊ីបឈ្មោះរាមសេសទីពីរបានសាង​មហា​ចេតិយ Pyramide ទុក​ជា​កិត្ដិ​គុណ​ដ៏​សំខាន់​របស់​សក្យ​វង្ស បន្ទាប់ពីនោះមក អេហ្ស៊ីបក៏ចុះថយបន្ដិចម្ដងដរាប។ ការចុះឥទ្ធិពលទាំង​យើង​ទាំង​គេ​នេះ គឺ​បណ្ដាល​មក​​ពី​ការ​អ្នក​គ្រប់​គ្រង ស្រវា​ប្រទាញ​តែ​នឹង​រឿង​កិត្ដិយសចង់ប្រកួត នឹងអាទិទេព ជាក់ច្បាស់ណាស់។

   ឥលូវនេះ ខ្ញុំសូមនិយាយអំពីប្រទេសដែលគេបានចំរើនវិញម្ដង។ តើគេចាត់ការយ៉ាងដូចម្ដេចខ្លះ? ដូចយ៉ាងប្រទេស​ជប៉ុន កាល​ពី​សត​វត្ស​ទី​១៩​ ស្ដេច​របស់​គេ​ឈ្មោះ​អធិរាជ​ (មេឥជិ Meiji) ព.ស.២៤១០ គ.ស.១៨៦៦ បានភ្ញាក់រលឹកឈ្វេងយល់ថា ប្រទេសជប៉ុន​ត្រូវ​តែ​មាន​អ្នក​ចេះ​ដឹង​ច្រើន​ ត​ទៅ​អនា​គត​ទើប​បាន​ចំរើន ហើយ​គ្មាន​នរ​ណា​ប្រមាថ​បាន​។ គិតដូច្នោះក៏ចាត់បញ្ជូនកូនសិស្សអោយចេញទៅរៀន​នៅ​បរ​ទេស​ជា​ច្រើន​ប្រ​​ទេស។ មិន​យូរ​ប៉ុន្មាន​កូន​សិស្ស​នោះ ចេះ​ដឹង​នាំ​ចំណេះ​ចេះ​ដឹង​ធ្វើ​ការ​បំរើ​ប្រទេសជប៉ុនវិញ បានចំរើនជាលំដាប់ដរាបសព្វថ្ងៃ។

   ឯប្រទេសថៃក៏ដូច្នោះដែរ ស្ដេចឈ្មោះព្រះបាទសម្ដេចចុលាចមភ្លៅ កាលពីឆ្នាំ ព.ស.២៤១១ គ.ស.១៨៦៧ បានចាត់កូន​ចៅ​គេ​អោយ​ទៅ​រៀន​​នៅ​បរ​ទេស​ជា​ច្រើន​គ្នា​ដូច​យ៉ាង​លោក ឃួង អភ័យវង្ស លួងប្រឌីភ្នំយ៉ុង...ជាដើម គេចេះដឹងត្រលប់មកវិញ មានចំណេះ​គ្រប់​វិស័យ​សំរាប់​ធ្វើ​​ការ​អោយ​ប្រ​ទេស​ថៃ​។ ឯ​យើង​ខ្មែរ​ឯណេះ​វិញ មានស្ដេចណា ចាត់កូនសិស្សណា អោយទៅរៀនដូចជប៉ុន ដូចសៀមទេ?។

   នៅសម័យ ព.ស.២៤១១ គ.ស ១៨៦៧ នោះស្ដេចខ្មែរកំពុងតែដណ្ដើមអំណាចគ្នាសោយរាជ្យសម្បត្ដិ។ ប្រជាពល​រដ្ឋ​ស្លាប់​គរ​ជើង​លើ​គ្នា​។​ ត​មក​មាន​ដែរ​ក្រសួង​អប់​រំ​ជាតិ បញ្ជួន​កូន​សិស្ស​អោយទៅរៀននៅបរទេសដោយផ្ដល់អាហាររួបករណ៍ ដោយ​ចំនួន​តិច​ហើយ​ស្ដួច​ស្ដើង​ថែម​​ទៀត ឬ​ក៏​ប្រ​ទេស​នោះ​ គេ​អោយអាហាររូបករណ៍ ប៉ុន្ដែម្ដងៗដោយបើព្រះ អង្គមិនសព្វព្រះទ័យ ក៏តាំងអោយរដ្ឋា​ភិបាល​ផ្ដាច់​អាហារ​រូប​ករ​ណ៍​ពី​សិស្ស​នោះ​ប្រញាប់​។ សិស្ស​នោះ​គ្នា​តែល​តោល វង្វេងវិលវល់លែងចង់នៅជាខ្មែរ ចង់តែសុំប្ដូរ​ឈ្មោះចូលសញ្ជាតិ​បរ​ទេស​តែ​ម្ដង ដើម្បី​រស់​​រាន​មាន​ជីវិត ស្ដេច​ខ្មែរ​យើង​វា​អី​ចឹង! គំនិតនេះ គឺគំនិតមិនចង់អោយនរណាចេះជាងខ្លួនជាពួកស្ដេច ប៉ុន្ដែមិន​យល់​ថា គំនិត​ខ្ទប់​គ្នា​ឯង​មិន​អោយ​​ចេញ​ក្រៅ​នេះ​ជា​គំនិត​សំរាប់​ធ្វើ​ខ្ញុំ​គេ​នោះ​ទេ​។ ស្ដេចនេះមិនយល់ថា តែកាលណាប្រជាជនល្ងង់ ហើយប្រទេស​នឹង​ស្ថិត​នៅ​ជា​ខ្ញុំ​គេ​នោះ​មិន​​យល់​ទេ​។ ស្មាន​តែ​ថា អញ​ស្ដេច អញ​ចេះ​ ចេះ​គ្រប់សព្វ​ឬ? បើគ្មានដៃជើងមន្រ្ដីសេនាបតី ជាអ្នកចេះដឹងផង មាន​តែ​ពួក​អប​អែប​បន្ទ​រ​លើក​​ជើង​ហេក​ហក​មុខ​ក្រោយ តើ​ធ្វើ​អោយ​ស្រុកលូតទៅកើតឬ? ព្រោះហេតុដូច្នេះហើយ ទើបបានដូចជាសព្វថ្ងៃ ពេល​មាន​អាសន្ន​កើត​ឡើង យើង​​ខ្វះ​អ្នក​ចេះ​ដឹង​សំខាន់​ៗ សំរាប់​ធ្វើការ យើងផ្ទុកផ្ដាក់ កិច្ចការតែទៅលើបុគ្គលមួយចំនួនអោយធ្វើការ ហើយបើពួកនោះ​ធ្វើ​ខុស​ផ្ដាច់​ការ​អា​វ៉ា​សែ​​ក្បត់​ជាតិ​លក់​ជាតិ​ក៏​តាម តែ​ពួក​នោះ​ចាត់​អ្នក​ឯ​ទៀត​គ្មាន​ដឹង គ្មានយល់អ្វីទាំងអស់ ព្រោះមិនដឹង ចេះកិច្ចការនេះផងសោះ។

   ដូចមានពាក្យកាព្យបរមបុរាណតែងពោលនិយាយតៗគ្នាមកថា «ស្ដេចខ្លៅ នាម៉ឺនខ្លៅដូចពស់ធាងត្រាវពេនមាត់​ជណ្ដើរ ស្ដេច​ប្រាជ្ញ នា​ម៉ឺន​​មហិទ្ធិ​យក្យ ដូច​ពស់​ពភ្លាក់​ពេន​មាត់​ទ្វារ​» នេះហើយលទ្ធផលនៃការឃាត់ហាមរបស់ពួកស្ដេច ពួកល្មោភអំណាច​ជំនាន់​មុន​ៗ ដែល​តែង​រក​​ឱកាស​ជំទាស់​រឿយ​ៗ មិន​អោយ​សិស្សចេញទៅក្រៅ ខ្លាចទៅជាក្រហមទៅ ជាខៀវ។ នែ! គំនិតនេះគួរអោយខ្លាចរអា​ខ្លាំង​ណាស់ ព្រោះ​គំនិត​​ដែល​នាំ​អោយ​ស្រុក​រលាយ​ដោយ​មិន​ដឹង​ខ្លួន​។

គួរមានចិត្ដសប្បុរស

   ខ្ញុំបានសង្កេតឃើញអ្នកមានថ្នាក់សេដ្ឋីគហបតីខ្លះ ហេកហកជួយជាតិតែបបូរមាត់ក្រៅ អើចាំជួយកសាងនេះ ចាំ​ជួយ​កសាង​នោះ អើ​ចាំ​ឆ្នាំ​​ក្រោយ​សិន ចាំ​ទៅ! ដេក​ចាំ​ទៅ! ពួកនោះកាលសម្ដេចសីហនុនៅ សីហនុប្រកាសក្ដែងៗ ខ្លាចកុម្មុយនិស្ដ ចូលមកប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​ជា​រួម​​ក៏​បាន​និយាយ​ថា ហ៊ឹះ​ ចាំ​ឆ្នាំ​ក្រោយ​ទៅ​អញចូលជាសមាជិកសង្គហជាតិ ចាំថ្ងៃស្អែកទៅអញយកអំណាចទៅអោយទាហាន (កាល​នោះ​ទា​ហាន​​នៅ​ខេត្ដ​ឧត្ដរ​មាន​ជ័យ និង​ព្រះ​វិហារកំពុងក្រខ្សត់អត់ឃ្លាតយ៉ាងខ្លាំង រដ្ឋាភិបាលអំពាវនាវអោយជនជាតិ រៃអង្គាសម្ហូប​កំប៉ុង​យក​ទៅ​អោយ​គណ​​កម្ម​ការ​មួយ ដែល​មាន​ភារៈ​ទទួល​យកទៅចែកអោយទាហានទាំងនោះ)។ ស្អែកជាស្អែកថ្ងៃណេះជាថ្ងៃណេះ ថ្ងៃណោះ ខែ​នេះ​ជា​ខែ​នោះ ឆ្នាំ​នេះ​​ជា​ឆ្នាំ​ក្រោយ មាន​អី​អត់​អី​ទទេ! អញគ្មានរវល់នឹងសេចក្ដីពំពាវនាវស្អីទាំង​អស់​! នរណាធ្វើអីធ្វើទៅ! ដ ល់មកសម័យនេះទៀត ប្រជា​​ជន​ខ្មែរ​កំពុង​​លិច​លង់​ក្នុង​រលក​មហន្ដ​រាយ​វិនាសទ្រព្យធនអស់រលីង គ្រួសារព្រាត់ប្រាស គ្នា កូនខ្មែរកំព្រាតៀបត្រា ខ្វះជំរក ខ្វះអាហារ ខ្វះ​ឱ​សថ ដេក​ចាំ​តែ​ស្លាប់​គ្រប់​ទិស​តំបន់​ គឺ​ថា​ជីវ​ភាព​ប្រជាជនខ្មែរ កំពុងត្រូវចំរាញ់ទឹកភ្នែកស្រែកហៅជំនួយរលូងៗ ក៏ពួកអភិជនពួកសេដ្ឋី​គហប​តី​ទាំង​នោះ​ខ្ទប់​ភ្នែក​​បិទ​ត្រ​ចៀក លែង​ឃើញ លែង​លឺ​ទាំងអស់។ នរណាស្លាប់ នរណាវេទនា អញមិនដឹងទាំងអស់។ រដ្ឋាភិបាលអំពាវនាវ អំពាវ​នាវ​ខ្យល់​ទៅ​! អញ​អ៉ឺ​​អើ​តែ​មាត់ ចាំ​ថ្ងៃ​នោះ​ថ្ងៃ​ណោះ ខែ​ណេះ ខែណោះ សុំជួយអោយនេះអោយនោះ ដេកចាំទៅ បើរបេះអំ បិលមួយគ្រាប់។!

   នែ អ្នកមានស្រុកខ្មែរវាមានអីចឹង វាមិនមែនដូចពួកសេដ្ឋី គហបតីជាតិអ៊ិស្រាអែលឯណានោះកាលណា? សេដ្ឋី​គហបតី​អ៊ិស្រា​អែល គេ​នៅ​​ដល់​ទៅ​សហ​រដ្ឋ​អា​មេ​រិក​ឯ​ណោះ គេចេញលុយចេញកាក់ផ្ញើទៅរដ្ឋាភិបាលគេ អោយរដ្ឋាភិ បាលគេមានកំលាំងធ្វើ​ការ​តស៊ូ​ជា​មួយ​អារ៉ាប់​។ បើ​មិន​បាន​អី ក៏​អំ​ពើ​សប្បុ​រស​នោះ​ឯង ជាការលើកទឹកចិត្ដទាហានគេ លើកទឹកចិត្ដអ្នកដឹកនាំរដ្ឋគេយ៉ាងជាក់ស្ដែងដែរ។ ឯ​សេដ្ឋី​គហបតី​ស្រុក​ឯង​ដេក​ចាំ​មើល អ៉ឺ​អើ​តែ​មាត់​ក្រៅ។

   កាលសម្ដេចសីហនុនៅ ពួកអ្នកកំណាញ់ទ្រឹស្ដស្មូរនោះ និយាយអាងលេសថា សាងស្ពាន ឬសាលាធ្វើអី បើ​ឈ្មោះ​ឯង​អស់​រលីង បាន​ប្រ​​យោជន៍​អី​? លុះ​ដល់​សម័យ​នេះ ពួក​ដដែល​នេះនិយាយទៀតថា ជួយធ្វើអីបើពួកនេះសុទ្ធតែពួកពុករ លួយ ខ្ជិលរវល់ជួយធ្វើអី។

   នែ! វាទៅអីចឹង! ពួកទាំងនោះមានលេសរហូត។ តាមពិតបើសាងសាលា ផ្ទះពេទ្យ សាងទីជំរក បរិច្ចាគប្រាក់កាស​ស្រូវ​អង្ករ​អោយ​ប្រ​ជា​​ជន​ដែល​គ្នា​មាន​របត់​រត់​លូន​មក​ចំរុះក្បាលគ្នាដូចដង្កូវ នៅភ្នំពេញក្ដី នៅទីណាក្ដី ដោយផ្ទាល់ដៃទៅ តើបាត់ឈ្មោះយើង​ឯ​ណា​? អំណោយ​​មនុស្ស​ធម៌​យើង​មាន​ធ្លាក់​ទៅ​លើដៃពួកដែលយើងថាពុករលួយនោះឯណា? បើយើងប្រកាន់បក្សពួកយើងប្រកាន់​ទៅ​ចុះ នេះ​មិន​មែន​រាស្រ្ដ​​ខ្មែរ​នៅ​កាន់​បក្ស​ពួក​ដូច​យើង​ម៉ៃ​នោះ​ឯ​ណា? គឺយើងប្រគល់អោយចំពោះមនុស្សអត់ឃ្លានតែប៉ុណ្ណោះ មិនមែនអោយ​មនុស្ស​ដែល​យើង​ស្អប់​​នោះ​ទេ គឺ​អោយ​ដល់​រាស្រ្ដ​ខ្មែរ​ដែល​ជា​ពូជ​អំបូរយើងទេតើ។

   តាមពិតទៅគួរយើងអ្នកមានៗ គហបតីៗ មានមនសិការជាតិ មានសង្គហធម៌ខ្លះទៅផងក្នុងវេលា ដែលស្រុកយើង​កំពុង​លិច​លង់​នេះ ព្រោះ​​យើង​រាស់​គ្នា​សុទ្ធ​តែ​ថា​ចង់​ធ្វើ​តាម​អ៊ិស្រាអែល​ហើយសុទ្ធតែថា យើងជាពុទ្ធសាសនិកចេះធ្វើបុ ណ្យសុន្ទ៍រទាននោះផង។

គួរឧស្សាហ៍កត់ត្រា ព្រឹត្ដិការណ៍ផ្សេងៗ

   តាមធម្មតា ឯកសារ និងព្រឹត្ដិការណ៍ទាំងឡាយនៃសាកលលោក និងប្រទេសជាតិ រមែងមានតំកល់ទុកនៅបណ្ណាល័យ​ជាតិ​។ បណ្ណា​ល័យ​​ជាតិ​ជា​ឃ្លាំង​ឯក​សារ​ដ៏​ធំ​។ ប៉ុន្ដែចំពោះបណ្ណាល័យជាតិយើងវិញ បើមានអ្នកនិពន្ធណា ត្រូវការស្រាវជ្រាវរកឯកសារណា​មួយ​នោះ​ពិបាក​រក​​ណាស់ ហើយ​ជួន​កាល​រក​ពុំ​មាន​ផង ជាពិសេសថ្ងៃខែនៃព្រឹត្ដិការណ៍ជំនា ន់មុនៗ រកគ្មានសោះតែម្ដង ពីព្រោះ​គ្មាន​នរ​ណា នឹង​រវល់​កត់​ត្រា​ទុក​សោះ​។

   ប្រការមួយទៀត មកពីអ្នកខ្លះទៅពិនិត្យឯកសារ ឬអានសៀវភៅមុខណាមួយ ឃើញរឿងត្រង់ដែលខ្លួនត្រូវ​ការ​ខ្ជិល​ចំលង ក៏​តាំង​ហែក​​ត្រង់​វគ្គ​នោះ​មួយ​ដុំ​ចេញ​មក​ជា​សម្បត្ដិផ្ទាល់ខ្លួនតែម្ដង។ គំនិតនេះចង្រៃធំ ព្រោះបានបំបាត់ឯកសារមួយទទេ មិន​អោយ​អ្នក​ដទៃ​ដឹង​ផង​។ សូម​​អស់​លោក​ដែល​មាន​គំនិត​នេះមេត្ដាអាណិតដល់អ្នកក្រោយៗ ដែលគ្នាចង់ដឹងនោះផង។ បើអស់លោកហែកយក​តែ​ម្នាក់​ឯង​ទៅ គ្នា​បាន​អ្វី​មើល​? គួរ​គិត​អាណិត​ចែក​ចំណេះ​ចេះដឹង​ដល់​គ្នា ទើប​ស្រុកយើងសំបូរអ្នកចេះដឹង។

   ម្យ៉ាងទៀត ឯកសារនៅស្រុកខ្មែរពិបាករកណាស់ ព្រោះអ្នកកាន់ការរដ្ឋចេះតែកប់បំបាត់ចោល ឬ កាលៃអោយទៅ ជា​ដូច្នេះ​ដូច្នោះ​ យក​តែ​​ល្អ​ក្នុង​ជំនាន់​ខ្លួន​ទាំង​អស់​។ ការ​កប់​បំបាត់​ចោល ឬ​កាលៃប្រវត្ដិសាស្រ្ដនោះ គេសង្កេតឃើញ ជាពិសេសពួកស្ដេច​នេះ​តែ​ម្ដង​។ ក្នុង​រជ្ជ​កាល​​មួយ​ៗ របស់​ខ្លួន​ ពុំ​ដែល​ឃើញ​មាននិយាយអំពីរឿងអាក្រក់សោះ សុទ្ធតែ ល្អទាំងអស់ ហើយបើមានអាក្រក់ខ្លះនោះ គឺ​ស្ដេច​ក្រោយ​ជា​អ្នក​អោយ​​គេ​សរ​សេរ​នូវ​រឿង​ស្ដេច​មុន​ដែល​ស្លាប់ទៅ ហើយ តាមអំពើអាក្រក់ស្ដេចនោះយ៉ាងណាៗតែបន្ដិចប៉ុណ្ណោះ។ រឿង​អាក្រក់​គ្មាន​សូវ​នរ​ណា​កត់​ត្រា​​ទុក​ទេ នៅ​ក្នុង​វាំង​ ប៉ុន្ដែ​រឿង​អាក្រក់​រឿង​ឃោរ​ឃៅ រឿងអពមង្គល នៅក្នុងវាំងបែរជាត្រូវបានគេ(រាស្រ្ដដែលដឹង) នោះ នាំ​មក​និយាយ​ផ្សព្វ​ផ្សាយ​​ទៅ​វិញ​។ យើង​ដែល​ដឹង​រឿង​ក្នុង​វាំង​ថា ស្ដេច​អាវ៉ាសែផ្ដេសផ្ដាសយ៉ាងម៉េចនោះ ក៏ដោយសារតែពាក្យគេ និយាយ​ឥត​លាយ​លក្ខណ៍​អក្សរ​នោះ​ដែរ​។

   ម្យ៉ាងទៀត រំលឹកឡើងវិញ ឆ្នាំ១៩៦៨នេះ សម្ដេចសីហនុ ដែលខ្លាចមនោគមវិជ្ជាចិនក្រហមចូលស្រុកខ្មែរ ហើយ​ខ្លាច​ត្រូវ​រាស្រ្ដ​ក្រលប់​ចាប់​​ព្យួរ​ក​នោះ ក៏​អោយ​ក្រសួង​សន្ដិ​សុខ​ប្រយ័ត្នប្រយែងក្នុងសៀវភៅចិនប៉េកាំងចូលស្រុក។ ក្រសួងនេះក៏ប្រកាសគំរាម​គំហែង​រក​ឈ្មោះ​ណា​ដែល​​មាន​សៀ​ភៅ​ទស្សនា​វដ្ដី​ចិន​កុម្មុយ​និស្ដ​យ៉ាងខ្លាំង។ អ្នកខ្លាចគុកច្រវាក់ ហើយដែលធ្លាប់មានសៀវភៅ ឬទស្សនាវដ្ដីចិន​ប៉េ​កាំង ពេល​នោះ​ប្រ​មូល​​ដុត​ចោល​គ្មាន​សល់ ខ្លះ​ដុត​រហូត​ដល់ទៅ សៀវភៅ ឬទស្សនាវដ្ដីរុស្ស៊ី កូរ៉េខាងជើង យួន​ហាណូយ​ទៅ​ទៀត​។

   ឯកសារជាច្រើនដែលនិយាយពីទ្រឹស្ដីកុម្មុយនិស្ដនោះត្រូវរលាយអស់មួយសារក្នុងគ្រានោះ។ ឃើញទេខ្លាចកុម្មុយនិស្ដ គំរាម​រាស្រ្ដ​ដុត​ឯក​សារ​​រឿង​កុម្មុយ​និស្ដ​ចោល ដល់​ទៅ​ខឹង​នឹង​អា​មេរិកាំង តាំងរករឿងដូច្នេះដូច្នោះទៀត។ ឯកសារនៅស្រុកខ្មែរជំនាន់សីហនុ​ព្រឹល​ទាំង​អស់ និយាយ​យក​​តែ​ពី​ល្អ​អួត​សរ​សើរ​តែ​តួ​សីហនុ​មួយ បង្វិលរឿងពិត អោយទៅជារឿងពុំពិតវិញ។ រឿងមានច្រើន រឿងសំលាប់ខ្មែរ​ក្រហម​នៅ​ខេត្ដ​កំពង់​ធំ​យ៉ាង​​រង្គាល រឿង​សំលាប់​ខ្មែរ​ក្រហម នៅ​សំឡូត ភ្នំ​វាយ​ចាប ខេត្ដបាត់ដំបង៘ និង ៘ តើមាននរណាហ៊ានសរសេរ​ផ្សាយ​ទេ​? «ពាក្យ​ពិត​រែង​ស្លែង​!​ស្លាប់​! គ្មាន​នរ​ណា​ហ៊ាន​ផ្សាយ​ទេ!​»​។

   ប៉ុន្ដែពិតវានៅតែពិត មានគេអ្នកកត់ត្រានៅតែលបកត់ត្រាបានអីចឹងទៅដែរ។ គឺអាស្រ័យដោយការលបកត់ត្រាដូច្នេះ​ហើយ ទើប​ព្រឹត្ដិ​ការណ៍​​ពិត​ៗ​ពី​មុន វា​អាច​ផុស​ឡើង​បាន​នៅ​ពេល​នេះ។ ហេតុដូច្នេះ ទើបខ្ញុំសូមបងប្អូនយុវជនទាំង អស់មេត្ដាអុស្សាហ៍កត់ត្រា​ទៅ​ផង នូវ​ព្រឹត្ដិ​ការណ៍​នៅ​ស្រុក​យើង​ស្រណុក​ដល់​កូន​ចៅ​យើង​វា​សួរ យើងមានចំលើយច្បា ស់លាស់តបទៅវិញ។

   ម្យ៉ាងទៀតខ្ញុំសូមសំនូមពរ ចំពោះអស់មិត្ដដែលមានកំនត់ឯកសារផ្សេងៗ នោះសូមមេត្ដាកុំលាក់ទុកសំងំដឹង​តែ​ឯង ធ្វើ​​អ្វី​បើ​មាន​ប្អូន​ៗ​យុវ​ជន​​អ្នក​ស្រាវ​ជ្រាវ គ្នា​ចូល​មក​សួរ សូម​អោយ​គ្នាដឹងផង។ យើងចែកគ្នាដឹងផ្សាយដំនឹងបានច្រើន គ្នា ស្រុកយើងសំបូរអ្នក​ដឹង យើង​មិន​វង្វេង​វិល​វល់​​ដូច​កាល​កន្លង​មក​ហើយ​នោះ​សោះ​ឡើយ​។

សាមគ្គីអង្រ្កង

   ដើម្បីចង់ដឹងចិត្ដអង្ក្រងនោះម្ដងទៀត ខ្ញុំយកមែករិស្សីទៅញុលសំបុកវាបន្ដិចទៀត ស្រាប់តែព្រុលឡើងទៀតក្រហម ភ្អិស​ចេញ​មក​ក្រៅ​ខ្លះ​​ចុះ​មក​គល់ ខ្លះ​ឡើង​ទៅ​ចុង​សុទ្ធ​តែ​ពី​លឿន ព្រោះវាមានអាសន្នត្រូវតែប្រញាប់ កិរិយាវារងីស រងាសគគាតអង់អាច​ដូច​ៗ​គ្នា​។ ឃើញ​អង្រ្កង​មាន​​ស​កម្ម​ភាព​គគាត​អង់​អាច​ព្រម​ៗ​គ្នា​ដូច្នេះ ខ្ញុំនឹកបំបែរគំនិតមករកគិត ជាតិខ្មែរនៅពេលកើតសង្គ្រាម បើបានប្រហែល​ដូច​សត្វ​អង្រ្កង​នេះ​ប្រ​ហែល​​ជា​ខ្មាំង​សត្រូវ​មិន​ហាន​ឈ្លាន​ពាន​ជាតិ​ខ្មែរ​យើង​ទេ។ ខ្ញុំបានមកភ្នំពេញវិញ ខ្ញុំនៅនឹករឿងសត្វអង្រ្កងនេះមែនទែនទៅ ក៏​រត់​រក​លោក​ញូង សឿង ដែល​​ជា​មិត្ដ អោយ​លោក​ជួយ​តែង​កាព្យ​ស្ដី​អំពី​សាមគ្គី​អង្រ្កង​នេះឡើង។

   ខ្ញុំបួងសួងសូមអោយចរិតជាតិខ្មែរទាំងមូលមានសាមគ្គីរួបរួមគ្នាដូចសត្វអង្រ្កង ចេះរួបរួមគ្នាទាំងធំទាំងតូច ចេះ​មូល​មាត់​គ្នា នាំ​គ្នា​ការ​ពារ​ជាតិ​ខ្មែរ​​អោយ​បាន​រុង​រឿង​ស្ថិត​ស្ថេរ​ចីរ​កាល​ត​ទៅ​ កុំ​បី​អាក់​ខាន​ឡើយ នឹងសុំអោយបានជាជាតិ មួយមានកិត្ដិនាមក្នុងអាស៊ីអាគ្នេយ៍នេះ។

អង្រ្កងចងមិត្ដជាពួកក្រុម រួមផ្ដុំសាមគ្គីទីត្រង់ណា ធ្វើជាសំបុកទុករក្សា ពងពេញត្រៀបត្រាភ្ញាស់បំបែក។
កកើតជាកូនពូនជាចៅ បានជាញាតិផៅច្រើនអនេក រាយគ្នាយាមល្បាតចាត់ចែងចែក គ្រប់មែកសារពើឈើលំនៅ។
ប្រុងប្រៀបជើងការទាំងយប់ថ្ងៃ ក្រែងខ្មាំងចង្រៃចិត្ដឃោរឃៅ រំលោភរុករានពានចូលទៅ ជិះជាន់លំនៅរបស់វា។
កាលណាមែកឈើរង្គើភ្លាម វាឥតទីមទាមឥតរួញរា កេណ្ឌពលប្រញាប់ឆាប់ស្ទុះស្ទា ពុះពារតតាំងប្រឆាំងតប។
បញ្ចេញចង្គូម គូទ ងស្នើត ភ្នែកស្លោស្លន់ស្លើតអើតរហម សន្ទុះទឹកចិត្ដ ឥតញ៉បញ៉ម ប្រុងប្របប្រយុទ្ធហុតស៊ីសាច់
អ្នកស្រែចំការណាក៏ដឹង កាលខ្លួនខំប្រឹង យ៉ាងប្ដូរផ្ដាច់ ឡើងបេះអ្វីៗជាចាំបាច់ វិះៗប្រកាច់ពីចុងឈើ។
អង្រ្កងព្រួតគ្នាទាំងរយពាន់ ខាំបោសមិនទាន់កាន់ងីងើ អាខ្លះខាំភ្នែកជ្រែកល្វែងលើ អាខ្លះរុករើខាងល្វែងក្រោម។
ខាំហើយនោមដាក់ចាក់ចូលភ្នែក កនយើងប្រឹងស្រែកជិតលេចផោម អៃយ៉ះ អៃយូយអង្ក្រងចោម ព័ទ្ធលោមជុំជិតរិតខាំខ្លាំង។
បោសច្បូតសំលាប់អស់ពួកមុន ពួកក្រោយទ្វេគុណថែមកំលាំង រាប់រយពាន់ម៉ឺនចូលតតាំង ប្រឆាំងខំខាំចាំព្រួតគ្នា។
ណាដែលងាប់មុនក៏ងាប់ទៅ ណាដែលរស់នៅឥតរួញរា សង្រ្កឹតស្រះស្របន្ដគ្នា ប្ដូរផ្ដាច់ពុះពារច្បាំងយកជ័យ។
នេះគឺសាមគ្គីសត្វអង្ក្រង សាមគ្គីហ្មតហ្មងចងមានន័យ ទុកជាតំរាប់ច្បាប់ប្រពៃ មនុស្សលោកគួរលៃគៃគិតចុះ។
ចរិតខ្មែរ ចប់ដោយបរិបូណ៌