ជីវិតឥតន័យ
ដោយ សុទ្ធ ប៉ូលីន
©រក្សាសិទ្ធិគ្រប់យ៉ាង
****************************************
៥ -ទុក្ខស្នេហ៍
ថ្ងៃសៅរ៍ ទី21.កក្កដា 2018.ម៉ោង 17:56
វត្ថុអ្វីដែលយើងឈោងពុំដល់ ដែលជាវត្ថុអិតសង្ឃឹម គឺមានតំលៃអស្ចារ្យ។ មនុស្សយើងស្រេកឃ្លានណាស់នូវរបស់ណាដែលគេហាមមិនអោយយក។ ប្រដៅច្រើនណាស់ ចង់ក៏ណាស់ដែរ។ La Passion est née de l’obstacle ។ ប្រពន្ធគេ, ទ្រព្យសម្បត្ដិរបស់គេ មានសោភ័ណអីម៉្លេះទេ។ ចំណែករ័តនាស្រលាញ់សារ៉ាក់បង់តែម្ដង កាលបើនាងប្រាកដក្នុងចិត្ដថា យុវជននេះចិត្ដរឹងជាងថ្ម ពុំងាយទោរទន់ផ្ដេកផ្ដួលមកលើរូបនាងឡើយ។ នាងភ្លេចឈឹងតែម្ដង ថាបុរសនេះមានស្មារតីពុំសូវស្រួលបួល។
គឺជាវេលាយប់!
រ័តនាទំរេកអង្គកាយនាងទៅលើពូកទន់ល្មើយ! នាងកញ្ញាទាញភួយស ស្អាតមកគ្រលំប្រាណរហូតដល់បំពង់ក។ បន្ទប់ដំណេករបស់នាងត្រជាក់ស្រួលក្រៃពេក គេពុំមានឆ្ងល់អ្វីឡើយ ព្រោះបន្ទប់ដ៏តូចច្រលឹងនេះមានប្រដាប់ដោយម៉ាស៊ីនត្រជាក់។ សែងរស្មីខៀវស្រងាត់បំភ្លឺពេញបរិវេណបន្ទប់។ រ័តនានាងគេងសណ្ដូកជើងយ៉ាងត្រេកត្រអាល។
ឱ! សេចក្ដីស្នេហា! ។ ពេលញ៉ាំ! ពេលគេងនារីតែងនឹកទៅសារ៉ាក់ជានិច្ច។ នារីផ្លាស់អាកប្បកិរិយា ផ្លាស់រិកពា ដោយមិនដឹងខ្លួន។ នាងកញ្ញាតែងតែសួរខ្លួនអែងជានិច្ច «តើនាងធ្វើរិកពាដូចម្ដេច ដើម្បីអោយពេញចិត្ដដល់ប្រុសស្នេហ៍នាង បើសិនជាគេបានមកឃើញរូបនាង» ។ នាងនឹករលឹកគេណាស់! ដោយសេចក្ដីរលឹកនេះ នាងគេងពុំសូវលក់សោះ ប៉ុន្ដែនាងពុំបានតូចចិត្ដបន្ដិចទេ ផ្ទុយទៅវិញ ការគេងមិនលក់នេះជាសោភ័ណរបស់នាង ព្រោះជាឱកាសដែលអនុញ្ញាតអោយនាងនឹកស្រមៃទៅអ្នកកំលោះ តាមចិត្ដភ្លើតភ្លើន។ នាងកញ្ញាប្រែប្រួលប្រាណថ្មមៗ ភ្នែកនាងបើកព្រឹមៗ បង្ហាញអោយឃើញថា មនោសញ្ចេតនារបស់នាងកំពុងតែមានសភាពទន់ភ្លន់ពេញទំហឹង។ «គ្រាន់តែបេះដូងអញគួចទៅលើរូបគេ លួចស្រលាញ់គេ គឹជាសុភមង្គលមួយដ៏លើសលប់ទៅហើយ។ កន្លែងណាមានស្នេហ៍ គឺមានទុក្ខ។ ទុក្ខនេះគឺការព្រួយបារម្ភ ការរង់ចាំសេចក្ដីសង្ឃឹម។ ទុក្ខស្រីគឺមានលំនាំដូច្នេះអែង គឺទុក្ខដោយមានចិត្ដស្នេហាទៅលើបុរស តែមិនមានសិទ្ធិ នឹង ថ្លែងអោយគេដឹងបាន។ ប៉ុន្ដែទុក្ខស្នេហ៍របស់អញមានសោភ័ណអីម៉្លេះទេ។
អញលួចស្រលាញ់គេ បេះដូងអញលោតខុសចង្វាក់ធម្មតាស្គាល់ការប្លែក សេចក្ដីទុក្ខក្រៀមក្រំ ការរង់ចាំដ៍មានសភាពតឹងតែងពិតមែន ប៉ុន្ដែមានរសជាតិវិសេសរកអ្វីប្រៀបគ្មាន! «កាលពីដើមអញជានារីសាមញ្ញមួយរូបរស់ក្នុងការសុបសៅ រស់ព្រោះតែគ្មានមធ្យោបាយនឹងស្លាប់។ អីលូវជីវិតអញមានក្លិនក្រអូបខ្លាំងអស្ចារ្យណាស់។ ថ្លើមប្រមាត់ និង វត្ថុសព្វយ៉ាងនៅក្នុងដើមឧរារបស់អញ ស្ទើរមានសភាពរលាយចូលគ្នា។ អានុភាពនៃសេចក្ដីស្នេហារបស់អញ ប្រៀបបានទៅនឹងកំលាំង ទឹកជ្រោះដែលហូរធ្លាក់ពីលើកំពូលភ្នំស៊ីរូងខូងដល់បាត។ ជំងឺស្នេហាអញក៏គ្មានឱសថណាអាចមើលជាបានទេ ហើយអញ ក៏គ្មានចេតនាចង់អោយជំងឺរបស់អញសះជាសោះដែរ។ អញចង់អោយអាការរោគនេះមានសភាពរស់រវើកជានិច្ចនិរន្ដរ៍។ បើសិនជាមានព្រះអិន្ទ្រហោះពីស្ថានសួគ៌មកស្នើរូបអញដូច្នេះ៖
នែ៎ រ័តនា! នាងអែងស្រលាញ់រូបសារ៉ាក់នេះប្រយ័ត្នខកគំនិត ពីព្រោះប្រសិនបើសារ៉ាក់គេមិនស្រលាញ់តបមកនាងវិញបន្ដិចបន្ដួចសោះទេ នាងនឹងត្រូវវេទនាចិត្ដយ៉ាងខ្លាំងជាមិនខានទៅថ្ងៃមុខ។ ដូច្នេះខ្ញុំសូមស្នើ នឹង នាងបន្ដិច គឺថា បើសិននាងចង់អោយខ្ញុំកែរោគស្នេហារបស់នាង ខ្ញុំនឹងយកឱសថទិព្វមកលាងបេះដូងរបស់នាងអោយជ្រះពីការមន្ធិលសៅហ្មងអោយមានសភាពបរិសុទ្ធដូចដើម។
នោះអញនឹងឆ្លើយតបទៅវិញថា៖
សូមព្រះអិន្ទ្រយាងទៅស្ថានសួគ៌វិញចុះ។ ខ្ញុំសូមអរគុណព្រះអិន្ទ្រហើយ។ ប៉ុន្ដែខ្ញុំស្រលាញ់ជំងឺរបស់ខ្ញុំណាស់។ ខ្ញុំចង់អោយទ្រូងខ្ញុំមានសភាពដំបៅ ដោយគ្មានពេលណានឹងសះជា។ ខ្ញុំចង់អោយបេះដូងខ្ញុ��ប��រលាក់ប្រលូកនឹងស្នេហ៍សព្វកន្លែង ព្រោះជំងឺនេះ ដំបៅនេះ ទុក្ខនេះ វាជាសោភ័ណនៃជីវិតខ្ញុំដ៏ពិតៗ,,។
ខ្យល់រំភើយ បក់នាំយកក្ដីទុក្ខអំពល់របស់សារ៉ាក់បានខ្លះៗ ។ អ្នកច្រៀងរហឹម «យប់យន្ដត្រជាក់ក្នុងដួងចិត្ដ គ្មានស្រីផ្ដេកផ្ដិតកាលណានឹងបានស្បើយ..។ សារ៉ាក់នឹកព្រួចទៅដល់ស្រីផ្កាមាសនៅបឹងស្នោរ ដែលខ្លួនធ្លាប់បានប្រលែងប្រលូកកាលបីខែមុន។ យុវជនព្រឺស្រៀវដល់ឆ្អឹងខ្នង។ក្នុងរំពេចនោះ សារ៉ាក់ទាញ យករូបថតរ័តនា មកផ្អៀងផ្អងមើលក្រោមពន្លឺចង្កៀងប្រេងកាត។
អ្នកកំលោះសំលឹងមើលយូរទៅ ឃើញរូបនាងកាន់តែល្អឡើងជាលំដាប់។ «នាងនេះមានរូបឆោមល្អមែន ល្អលើលស្រីអែទៀតក្នុងភពផែនដី អញស្រលាញ់តែភ្នែករបស់នាងទេលោកអើយ... ភ្នែកនេះមានរស្មីស្រងាត់រកថាពុំត្រូវ ភ្នែកនេះមានអិទ្ធិពលអាចធ្វើអោយសេចក្ដីក្រៀមក្រំរបស់អញ រលាយបាត់អស់ សក់របស់នាងក៏ល្អ.. រាងរៅនាងសមអិតខ្ចោះ.. ខ្ញង់អើយសែនខ្ញង់។ ចំណែកដៃជើងវិញ គឺផ្ដាច់គេមួយក្រោមមេឃ អែកំភួនជើងស្រលូនល្អរកអ្វីប្រៀបពុំបាន។ យី!. ស្រីណារាងឆើតឆាយដូច្នេះ បើអោយស្លៀកខោមិនដឹងជាឆ្ងាញ់យ៉ាងម្ដេចទេ? អញមានដង្កូវអីវារុកនៅក្នុងខ្លួនបានចេះតែញាប់ញ័រខ្លាំងម៉្លេះ ពេលណាអញឃើញកំភួនជើងនារីល្អម្ដងៗ។ ឱ! កំភួនជើងទិព្ធដែលធ្វើអោយអញផ្អូមចិត្ដអស់រលីង! កំភួនរបៀបនេះអញបានឃើញ ជាច្រើនលើកច្រើនគ្រាណាស់មកហើយ ឃើញដោយសេចក្ដីស្រេកឃ្លានពន់ប្រមាណ ដោយសេចក្ដីអស់សង្ឃឹម ព្រោះអញបានប្រទះតែក្នុងការយល់សប្ដិ ក្នុងកុន និង ការស្រមៃផ្សេងៗប៉ុណ្ណោះ។ បើនិយាយអំពីភក្ដ្រនាងវិញ គឺជាភក្ដ្រដែលពោរពេញទៅដោយស្នេហ៍ ភក្ដ្រដែលបានធ្វើអោយអញដកដង្ហើម ស្ទើរមិនដល់គ្នា។
បបូរមាត់នាងស្ដើងល្មមគួរអោយចេតនា ... ហ៊ី! អញពិបាករកពាក្យមកអធិប្បាយណាស់... បបូរមាត់នេះស្អាតមានពណ៌ក្រហមព្រឿងៗ... បបូរមាត់នេះវាទន់ភ្លន់... វាស្រទន់អញសុខចិត្ដអោយដប់ម៉ឺនអោយតែបានក្រេបជញ្ជក់បន្ដិច។ ចំណែកខ្ទង់ច្រមុះនាងស្រួចសមសួន.. ហើយខ្ពស់ល្មម... ហ៊ីល្អណាស់..។ ភក្ដ្រនាងពុំមែនមូលទេ ភក្ដ្រនាងមានទម្រង់រាងស្រួចបន្ដិច..អញស្អប់ណាស់ស្រីណាមានថ្ពាល់ពេញកំប៉េងកំប៉ោង។ ថ្ពាល់រ័តនាមិនផតខូងទេ ប៉ុន្ដែមិនកំប៉េងកំប៉ោងសោះឡើយ។ ថ្ពាល់នេះមានបែបផែនគួរអោយបេតីមែន។ ចង្កានាងចុះមកក្រោមរាងស្រួចល្មមផ្ដាច់តែម្ដង... ថ្គាមនាងពុំមែនថ្គាមខ្លា.. ចំណែកថ្ពាល់នាងមិនលៀនហួសចង្កាឡើយ.. ថ្ពាល់នាងមានលំនាំស្រួចស្មើតាមខ្សែចង្កា។ ប្រវែងទទឹងមុខរបស់នាងមិនវែងទេ ចំណែកបណ្ដោយមុខរបស់នាងវិញមានសភាពវែងគួរសម.. មុខដូច្នេះគេហៅថាមុខតូច។ រង្វង់ភក្ដ្ររ័តនាជារង្វង់ភក្ដ្រមួយដែលអញបានស្វែងរកអស់រយៈយូរឆ្នាំមកហើយ នៅគ្រប់ភក្ដ្រស្រីៗ។ ឱ!!! នែ៎ អាសារ៉ាក់កុំឆ្កួតវ៉ើយ.. រ័តនានៅក្នុងកំពូលស្ដ្រីដែលអែងត្រូវស្អប់ពេញទំហឺង។ ម្យ៉ាងទៀតនាងជាស្រមោលសំរាប់រូបអែង។ គេនៅខ្ពស់ណាស់... ឋានៈគេរុងរឿងណាស់... អែងឈោងដៃចាប់គេមិនបានទេ... បានតែស្រមោលគេប៉ុណ្ណោះ។ ហ៊ីស! ទុកណាជាអញឈោងចាប់យកបាន ក៏អញមិនព្រមយកដែរ.. អ្នកមានហើយនឹងរូបអញធាតុវាមិនត្រូវគ្នាសោះ
សារ៉ាក់ស្រែកខ្លាំងៗ
អញសុំខ្មាសហើយអ្នកមាន!
សារ៉ាក់ឆក់យករូបថតរ័តនា ហៀបតែនឹងដុតចោល នឹងភ្លើងចង្កៀង ប៉ុន្ដែអ្នកប្រែគំនិតនេះមកវិញ «រូបថតវាមានកំហុសអែណា?. ណ្ហើយ! អញសន្និដ្ឋានថា រូបនាងនេះមិនមែនជារូបរ័តនាទៅចុះ គឺជារូបនារីម្នាក់...ក្រ... ក្រដូចអញដូច្នេះ។ អញស្រមៃឃើញថានាងនេះមានសន្ដានចិត្ដល្អណាស់ រិកពាថ្លៃថ្នូរ ហើយស្លូតមិនចេះមើលងាយគេ ហើយមានបេះដូងទន់ភ្លន់។ ហា! ហា! នេះគឺជាទេពកញ្ញាក្នុងការស្រមៃរបស់អញ។គួរអោយចង់សើចមែន! សោភ័ណរបស់អញគឺស្រលាញ់ស្រីម្នាក់ក្នុងការស្រមៃ។ អញតាក់តែងដោយគ្រឿងមនោសញ្ចេតនារបស់អញទាំងអស់។ អញចង់ថែមថយបានតាមទំនើងចិត្ដ»
សារ៉ាក់គិតគូរយូរទៅ ភ្លេចនឹកដល់«ជីវិតអិតន័យ» ភ្លេចនឹកទៅដល់មតិដែលត្រូវបំបាត់កិលេសអោយអស់ចោលពីក្នុងខ្លួន។