៧ ​-អតីតកាលរបស់សារ៉ាក់
ថ្ងៃអាទិត្យ ទី5.សីហា 2018.ម៉ោង 8:44

La «transcendance des passions»., c’est la transcendance de notre enfance oubliée notre insu, les complexes dont nous souffrons, D.Huisman et A. verhez

   នាយ​ខ្វិល និង សារ៉េមិត្ដពីរ​នាក់ដ៏​ស្និទ្ធ​ស្នាល​របស់​សារ៉ាក់​ជិះ​ទោ​ចក្រយាន​មួយ​ម្នាក់​ចូល​មក​​ដល់​ក្នុង​របង​ផ្ទះ​អ្នក​កំលោះ​។ នេះ​គឺ​ជា​ផ្ទះ​ឈើ​មួយ​ធំ​គួរ​សម​សង់​ផុត​ពី​ដី​ដំបូល​ប្រក់​ស្លឹក​។ នៅ​ទី​ធ្លា​ខាង​មុខ​ គេ​ឃើញ​មាន​ដើម​ជម្ពូ​ បី​ដើម​ និង ដើម​ស្វាយ​មួយ​ដើម​។

   វាយោ​រំភើយ​ផាត់​មក​ម្ដង​ៗ​ បណ្ដាល​អោយ​ស្លឹក​ជម្ពូ​ដែល​មាន​ពណ៌​បៃ​តង​ខ្ចី​ និង ចាស់​ចំរុះ​គ្នា​ រលាស់​រវិច​ៗ។ ចំនែក​សួន​ផ្កា​តូច​ច្រលឹង​មួយ​ នៅ​ក្បែរ​នេះ​ ប្រកប​ទៅ​ដោយ​កូលាប​ក្រពុំ​ស្រស់​មី​រដេរ​ដាស​ បង្ហើរ​នូវ​គន្ធ​ពិដោរ​ក្រ​អូប​ឈ្ងប់​។សារ៉េ​និយាយ​ទៅ​កាន់​មិត្ដ​អ្នក​ថា៖

- អា​សារ៉ាក់​ប្រហែល​មិន​នៅ​ផ្ទះ​ទេ​ដឹង​? ព្រោះ​អត់​ឃើញ​កង់​វា​នៅ​ក្រោម​ផ្ទះ​សោះ!
- ប្រ​ហែល​ជា​វា​មិន​នៅ​ទេ​មើល​ទៅ​... អា​សារ៉េ​អែង​នៅ​ចាំ​អញ​កន្លែង​ហ្នឹង​សិន​ហើយ​ អញ​ទៅ​បេះ​ផ្កា​កូ​លាប​មួយ​សិន​, អញ​អោយ​តែ​ធំ​ក្លិន​ផ្កា​ គឺ​ទ្រាំ​មិន​បាន​តែ​ម្ដង​... អញ​ចេះ​​តែ​នឹក​ទៅ​ដល់​កល្យាណី​អញ​វ៉ើយ!
- នែ​អា​ឆ្កួត​! អែង​អា​ល័យ​ទៅ​ណា​? យើង​ត្រូវ​ឡើង​ទៅ​លើ​ផ្ទះ​ ទៅ​រក​គួរ​សម​ម្ដាយ​របស់​វា​សិន​!
- កុំ​អាល​អី​! អញ​ទៅ​បេះ​យក​តែ​មួយ​ទេ...
- បើ​អញ្ចឹង​អញ​ទៅ​រក​បេះ​មួយ​ដែរ​!
   អ្នក​ទាំង​ពីរ​ផ្អែក​កង់​ទៅ​នឹង​ដើម​ជម្ពូ​រួច​ហើយ​ ក៏​ម្នី​ម្នា​ចូល​ក្នុង​សួន​កូលាប​។
   - នែអា​ខ្វិល​ (សំលេង​សារ៉េ) អែង​ភ្លើ​ម៉្លេះ​ទៅ​បេះ​អី​ផ្កា​រីកៗ​យ៉ាង​នេះ​វា​មិន​ក្រអូប​ទេ។ អែង​បេះ​អា​ក្រពុំ​ៗ​ ដូច​អញ​អែ​ណេះ​វា​នៅ​ថ្មោង​ចែស​ បើ​សិន​ដាក់​ក្នុង​ហោ​ប៉ៅ​អាវ​ ច្បាស់​ជាធុំ​ក្លិន​ឈ្ងុយ​អាក្រក់​...
    ពេល​នោះ នាយ​ខ្វិល​អាល័យ​តែ​ជាប់​ភ្នែក​សំលឹង​មើល​មែក​ជម្ពូ​ទៅ​វិញ​ អ្នក​ពុំបាន​ស្ដាប់​សំលេង​សារ៉េ​សោះ​។
   - អា​សារ៉េ​! អែង​ចាំ​ទេ! អា​មែក​ជម្ពូ​នុ៎ះហ្ន៎ ដែល​ខ្ពស់​ពី​ដី​ជាង​បី​ម៉ែត្រ​ អា​សារ៉ាក់​វា​នាំ​យើង​លោត​ពី​លើ​មែក​នោះ​មក​ដី​ជា​ញឹក​ញយ​ណាស់​ ស្ទើរ​តែ​ទល់​ផ្អក​ងាប់​...
   - អញ​ចាំ​ហើយ​! កាល​នោះ​ពួក​យើង​នៅ​ថ្នាក់​ឧត្ដម​ដ្ឋាន​... សុទ្ធ​តែ​ពួក​ហក់​លោត​... ឃើញ​កន្លែង​ណា​ខ្ពស់​បន្ដិច​នាំ​គ្នា​ទៅ​លោត​អាប៉ា​តា​ស៊ុត​សឹង​តែ​បាក់​ក...។ អា​សារ៉ាក់​មួយ​ខ្លាំង​ជាង​គេ​... អានេះ​វា​មិន​ត្រឹម​តែ​លោត​ទេ​... វា​ទាត់​ថែម​ទៀត​.. ថា​កុំ​អោយ​តែ​ឃើញ​របស់​អ្វី​នៅ​ចំពោះ​មុខ​វា​ អា​នេះ​ទាត់​ទាំង​អស់​ ... ដប ..កំប៉ុង​... អំបែង​ក្បឿង​ទាំង​ប៉ុន្មាន​...
   - ចុះ​អែង​មិន​ឃើញ​ទេ​រឺ​? ពួក​យើង​កាល​នោះ​មាន​បាល់​អែណា​ទាត់​នឹង​គេ​! អោយ​តែ​យើង​មក​លេង​ផ្ទះ​វា​កាល​ណា​ អា​នេះ​វា​បបួល​យើង​សម​ជើង​ទាត់​ផ្លែ​ត្របែក​ ឡើយ​ហុយ​ទ្រលោម​... យើង​ប្រឡូក​គ្នាវី​វក់​.. ហើម​អស់​ស្មង​..
   - ឱ! កាល​នោះ​សប្បាយ​ណាស់​.. អស់​ពី​ទាត់​បាល់​... អា​សារ៉ាក់​នាំ​យើង​ទៅ​ស្ទូច​ត្រី​ ស្ទូច​កង្កែប​នៅ​ថ្លុក​មួយ​ក្បែរ​បង្គន់​អាចម៍.. ហា! ហា!,
   - អញ្ចឹង​ហើយ​! ផ្ទះ​អា​សារ៉ាក់​ជា​ផ្ទះ​អ្នក​ក្រ​ទេ​ ប៉ុន្ដែ​សប្បាយ​ណាស់​.. មាន​ដើម​ឈើ​ មាន​សួន​ផ្កា​ជា​លំអ មាន​ទស្ស​និយ​ភាព​គួរ​អោយ​ចាប់​អារម្មណ៍​មែន​.. ប៉ុន្ដែ​អនិច្ចា​! ផ្ទះ​នេះ​ត្រូវ​លក់!!!
   - ផ្ទះ​នេះ​នឹង​ត្រូវ​លក់​?..(សារ៉េ​និយាយ​ដោយ​ស្រឡាំង​កាំង​)
   - ហ្នឹង​ហើយ​! អា​សារ៉ាក់​ទើប​នឹង​ប្រាប់​អញ...
   - គួរឲ្យ​ស្ដាយ​ផ្ទះ​នេះ​មែន​វ៉ើយ​ អញ​អាណិត​អា​សារ៉ាក់​ណាស់​ អា​ខ្វិល​,,,
   - ហ៊ី​!... វា​ប្រាប់​អញ​ថា​គឺ​ជា​ការ​ចាំ​បាច់​នៃ​ជី​វិត​គ្រួសារ​វា។ ឳពុក​វា​ជំពាក់​លុយ​គេ​ច្រើន​សំបើម​ កាល​ពី​ជីដូន​វា​ឈឺ​ធ្ងន់​នោះ!
   សារ៉េ​មាន​ភក្ដ្រ​ស្រ​ពោន​ក្រៀម​ក្រំ​ពន់​ពេក​ប្រមាណ​ នឹក​ទៅ​ដល់​មិត្ដ​កំសត់​របស់​ខ្លួន​។
   - ទៅ​អខ្វិល​!... ឡើង​ទៅ​លើ​ផ្ទះ​វា​សិន​!..
    អ្នក​កំលោះ​ទាំង​ពីរ​ប្រាណ​ឡើង​មក​ដល់​លើ​ផ្ទះ​។ ក្មេង​ប្រុស​បី​នាក់​កំពុង​ប្រលែង​គ្នា​ កាច់​ចំបាប់​ក្រឡប់​ក្រឡិន ​បណ្ដាល​អោយ​រញ្ជួយ​ផ្ទះ​។ គឺ​ជា​ប្អូន​ប្រុស​សារ៉ាក់​ ខ្លះ​កាន់​ខ្នើយ​អោប​ ខ្លះ​ខ្នើយ​កើយ​ប្រវាយ​ប្រ​តប់​គ្នា​ វក់​វី​ហើយ​ហ៊ោ​កញ្ជ្រៀវ​គ្មាន​ត្រា​ប្រណី​។ លុះ​ឃើញ​សារ៉េ​ និង នាយ​ខ្វិល​ ចូល​ទៅ​ក្មេង​ទាំង​បី​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​។
- នុ៎ះ​ ! បង​ខ្វិល​ និង ​បង​សារ៉េ​ មក​ហើយ​ (សំលេងសេរី)
- អាសារ៉ាក់​នៅ​ផ្ទះ​ទេ​! អារ៉ី?
- អូ​បង​សារ៉ាក់​អត់​នៅ​ទេ​! គ្មាន​នរណា​នៅ​ទាំង​អស់​ មាន​តែ​ពួក​ខ្ញុំ​។ ពុក​និង ម៉ែ​អញ្ជើញ​ទៅណា​បាត់​តាំង​ពី​ព្រលឹម​...
- បើ​អញ្ចឹង​យើង​គិត​ត្រលប់​ទៅ​វិញ​រឺ​? អា​សារ៉េ​ (សំលេងខ្វិល)
- កុំ​អាល​ (សំដី​សារ៉េ) យើង​នៅ​ចាំ​មើល​មួយ​ភ្លែត​សិន​ទៅ​!
    វេលា​នោះ​ក្មេង​ប្រុស​ម្នាក់​ទៀត​តូច​ជាង​គេ​ ដើរ​តាំងៗ​ចេញ​ពី​ជើង​ក្រាន​បាយ​មក​ ដោយ​មាន​កាន់​ចាន​មួយ​ផង​ លុះ​ឃើញនាយ​សា​រ៉េ​ ចូល​មក​ក្នុង​ផ្ទះ​ ក្មេង​តូច​ក៏​និយាយ​ខ្លាំង​ៗ​ពី​ចំងាយ​មក​ថា៖
- បង​សា​រ៉េ​ញ៉ាំ​គុយ​ទាវ​គ្រាប់​ទេ?
- ស្អី​? (សំលេង​នាយ​សារ៉េ) គុយ​ទាវ​គ្រាប់​!... ស្អីអញ្ចេះ​កុយ​ទាវ​គ្រាប់​?...
- យី! អា​នេះ​ភ្លើណាស់​វ៉ី​ (សំលេង​ខ្វិល) គុយ​ទាវ​គ្រាប់​គឺ​បាយ​កក​ណ៎ា​! អែង​មិន​ដែល​លឺ​អាសារ៉ាក់​និយាយ​ទេ​រឺ​?
    បន្ទាប់មកអ្នក​កំលោះ​ទាំង​ពីរ​ដើរ​ទៅ​បើក​ទ្វារ​បន្ទប់​មួយ​នា​ខាង​ស្ដាំ​ដៃ​ មាន​ក្ដារ​ស្រ​ឡៅ​ជា​ជញ្ជាំង​ ហើយ​ចូល​ទៅ​។ គឺ​បន្ទប់​សារ៉ាក់​។ អ្នក​ទាំង​ពីរ​សង្កេត​ឃើញ​អី​វ៉ាន់​ក្នុង​បន្ទប់​ គ្មាន​សភាព​រៀប​រយ​បន្ដិច​បន្ដួច​សោះ​។ សំលៀក​បំពាក់​របស់​សារ៉ាក់​ ខ្លះ​នៅ​អារាត់​អារាយ​លើ​ក្ដារ​។ មាន​ទ្រនាប់​មួយ​មក​តាំង​ខ្លួន​នៅ​លើ​តុ​រៀន​វិញ​។ នៅ​ជ្រុង​បន្ទប់​ចាន​ពីរ​ចំណុះ​ដោយ​គ្រាប់​បាយ​សំណល់​រឹង​ក្ដាំង​ខ្មៅ​ក្រខ្វក់​ ស្ថិត​នៅ​ក្បែរ​ដប​ទឹក​ត្រី​មួយ​ប្រឡាក់​ស្អិត​ដោយ​ផង់​ធូលី​។
- ងាប់​ហើយ​អា​សារ៉េ​! បន្ទប់​អា​នេះ​មើល​តែ​សំបុក​ជ្រូក! អែង​មើល​តុ​វា​រៀន​អានេះ​គ្មាន​ចេះ​រៀប​ចំ​អី​ទេ​ មើល​ទៅ​សៀវ​ភៅ​វា​នៅ​ពពាក់​ពពូន​លើ​គ្នា​ដូច​ភ្នំ​...
- អាសារ៉ាក់​វា​តែ​ប៉ុណ្ណឹង​តាំង​ពីដើម​មក!
- ងើប​ពី​ដេក​ឡើង​គ្មាន​លាត់​មុង​ ភួយ​ក៏​មិន​បត់​ អា​នេះ​វា​ធ្វើ​មើល​តែ​អញ​ដែរ...
    សារ៉េ​លាត់​មុង​ឡើង​ ទំរេក​ប្រាណ​ទៅ​លើ​កន្ទេល​ ហើយ​ទាញ​ប្រ​លោម​លោក​របស់​សារ៉ាក់​មួយ​នៅ​លើតុ​មក​បើក​មើល​ត្រួស​ៗ ។គឺ​ «បណ្ដូលកូនប៉ា» វណ្ណ​កម្ម​របស់​លោក​អ៊ិម ឈូដេត​។ ចំណែក​ខ្វិល​កំពុង​រុះ​រើ​សៀវ​ភៅ​របស់​សារ៉ាក់​។
- យី! អញ​រក​រូប​ថត​នោះ​មិន​ឃើញ​សោះ​វាទុក​នៅ​អែណា​អញ្ចេះ​?
- សារ៉េ​ងើប​មុខ​ឡើង​សំលឹង​មិត្ដ​ខ្លួន​.
- អែង​រក​រូប​អី​ អា​ខ្វិល?
- រូប​ដែល​អា​សារ៉ាក់​បាន​ប្រាប់​អញ​នោះ​ណា​! អែង​មិន​ដឹង​ទេ​រឺ​? អា​សារ៉ាក់​កំពុង​តែ​ស្និទ្ធ​ស្នាល​ជា​មួយ​កញ្ញា​នោះ​ខ្លាំង​ណាស់​.. វា​ប្រាប់​អញ​ថា​ វា​បាន​ណាត់​ជួប​គ្នា​ជា​មួយ​នាង​នោះ​ពីរ​ដង​ស្រេច​ទៅ​ហើយ​នៅ​បណ្ណា​ល័យ​ជាតិ...​​
- អញ​គ្មាន​យល់​ចិត្ដ​អាសារ៉ាក់​សោះ!
   - គ្មាន​ស្អី​ពិបាក​យល់​ទេ​... ហ្នឹង​ហើយ​ស្អប់​ជំពប់​លើ អញ​បន់​អោយ​វា​បាន​កញ្ញា​នោះ​ជា​ភរិយា​ឆាប់ៗ​ ទៅ​ឲ្យ​វា​បាន​ធូរ​ស្រួល​ ឲ្យ​ជីវិត​វា​មាន​សណ្ដាប់​ធ្នាប់​ខ្លះ​ៗ​!
   - ហ៊ី​! អញ​តឹង​ទ្រូង​ នឹង ​អា​សារ៉ាក់​ខ្លាំង​ណាស់​ វា​នៅ​តែ​មិន​ព្រម​សារ​ភាព​ថា​វា​ស្រលាញ់​ស្រី​នោះ​ទៀត​ រិក​វា​នៅ​តែ​ខែង​រ៉ែង​ជា​និច្ច​ វា​និយាយ​ប្រាប់​អញ​ថា​ វា​ចែ​ចង់​ស្រី​នោះ​ល្បង​សាក​មើល​ វា​គ្មាន​ស្រលាញ់​នារី​នោះ​សោះ​ទេ​ ប៉ុន្ដែ​វា​ជា​អ្នក​ក្រ​តើ​ចែ​ចង់​បាន​រឺ​ទេ​។ ហា! ហា! វត្ថុ​សំខាន់​ដែល​សារ៉ាក់​ស្វែង​រក​នោះ​គឺ​អញ្ចឹង​ «តើ​វា​យ៉ាង​ម៉េច​ទៅ​វិញ​» ហា! ហា!...
   - ចុះ​អា​អែង​ខ្វល់​ខ្វាយ​ធ្វើ​អី​អា​ខ្វិល​! ... បន្ដិច​ទៀត​វា​សុខ​ចិត្ដ​យក​កូន​ក្រមុំ​នោះ​ធ្វើ​ជា​ប្រពន្ធ​ ហើយ​វា​ប្រាកដ​ជា​និយាយ​ថា៖ «អញ​យក​ស្រី​នោះ​ធ្វើ​ប្រ​ពន្ធ​សាក​មើល​ តើ​វា​យ៉ាង​ម៉េច​ទៅ​វិញ​»
   នាយ​ខ្វិល​រើ​កកាយ​សៀវ​ភៅ​សារ៉ាក់​ចុះ​ឡើង​ក៏​វាត​ដៃ​ទៅ​ប៉ះ​សៀវ​ភៅ​សរ​សេរ​មួយ​យ៉ាង​ក្រាស់​ បណ្ដាល​អោយ​សៀវ​ភៅ​នោះ​របើក​ឡើង​ចំ​ពាក់​កណ្ដាល​។
ប្រយោគ​មួយ​ដ៏​ខ្លី​សរ​សេរ​ដោយ​អក្ខរា​ យ៉ាង​ល្អ​ខ្វង់​របស់​សារ៉ាក់​បាន​ទាញ​ទាក់​ការ​យក​ចិត្ដ​ទុក​ដាក់​ របស់​នាយ​ខ្វិល​។ ប្រយោគ​នោះ​មាន​សេចក្ដី​ថា «ខ្ញុំ​ជា​មនុស្ស​គ្មាន​សេចក្ដី​ស្នេហា​»។ នាយ​ខ្វិល​នឹក​ក្នុង​ចិត្ដ​៖ «យី​ ! អា​សារ៉ាក់​សរ​សេរ​ស្អី​អញ្ចេះ​ ប្រហែល​ជា​ជី​វប្រវត្តិ​របស់​វា​ទេ​ដឹង​» ខ្វិល​ក៏ចាប់​អាន​ត​ទៅ​ទៀត​៖

   «ខ្ញុំ​ជា​កំលោះ​ប្រ​ដាប់​ដោយ​បេះ​ដូង​ដែក​។ ចាប់​តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ​ ខ្ញុំ​ហ៊ាន​អះ​អាង​ថា​ គ្មាន​ព្រួញ​របស់​នារី​ណា​មក​ទំលុះ​ទំលាយ​បេះ​ដូង​ខ្ញុំ​បាន​ឡើយ​។ ស្នេហា​ជា​វត្ថុ​អ្វី​ទៅ​? គ្មាន​នរ​ណា​ដឹង​សោះ​! មាន​តែ​ខ្ញុំ​ម្នាក់​ទេ​ដែល​ដឹង​ថា​អ្វី​ជា​ស្នេហា... គឺ​សម្បត្ដិ​អិត​ន័យ​.. វត្ថុ​ដែល​គ្មាន​.. ដែល​ជា​ស្រមោល​... ដែល​ស្ថិត​នៅ​ក្នុង​ការ​ស្រមៃ​។ ចំនែក​ស្នេហា​ ដែល​សត្វ​ប្រុស​ស្រី​តែង​ប្រ​ព្រិត្ដ​ទៅ​ក្នុង​លោកិយ​ ដែល​គូ​សង្សារ​តែង​តែ​និយម​ប្រាប់​គ្នា ​គឺ​ជា​រឿង​បោក​ប្រាស​។ ឱ! ស្នេហា​នោះ​ ដែល​ស្មាន​តែ​បរិសុទ្ធ​ គឺ​ជា​ល្បែង​ទេ​តើ​.. ពាក្យ​ផ្អែម​ពី​រោះ​ដែល​គេ​ផ្ដោះ​ផ្ដង​​រក​គ្នា​... គឺ​ជា​ពាក្យ​ភូត​កុហក​ទាំង​អស់​។ ស្នេហា​បរិ​សុទ្ធ​នោះ... គឺ​ជា​ក្រសោម​កិលេស​អព​មង្គល​ ដែល​ធ្វើ​អោយ​យើង​វង្វេង​ស្មារតី​ក្នុង​រយៈ​ដ៏​ខ្លី​.. សែន​ខ្លី​..។

   ខ្ញុំ​ជាមនុស្ស​មិនវង្វេង​.. ខ្ញុំ​យល់​ច្បាស់​.. ខ្ញុំ​អិត​ជឿ​ស្នេហា​ទេ​.. ស្នេហា​បរិសុទ្ធ​គ្មាន​ស្ថិត​នៅ​ទេ​... គឺ​គ្រាន់​តែ​ជា​ពាក្យ​ប៉ុណ្ណោះ​។ ស្នេហា​ដែល​ស្ថិត​នៅ គឺ​សុទ្ធ​តែ​ជា​ល្បែង​ទាំង​អស់​។ អូយ! ខ្ញុំ​ខ្ពើម​ណាស់​ស្នេហា​! ខ្ញុំ​ជា​មនុស្ស​គ្មាន​ស្នេហា​! ខ្ញុំ​ជាមនុស្ស​អស់​កិលេស​!!!

   នាយ​ខ្វិល​ក្រវី​ក្បាល​ដោយ​ហួស​ចិត្ដ​ ចំពោះ​អត្ថ​បទ​របស់​សារ៉ាក់​។ ខ្វិល​ពោល​តិច​ៗថា៖
- ហ៊ី​អា​ឆ្កួត​!
   នាយ​ខ្វិល​ត្រលប់​មើល​អត្ថ​បទ​ខាង​ដើម​សៀវ​ភៅ​វិញ​៖

    «កម្រង​ជីវិត​របស់​ខ្ញុំ​... ខ្ញុំ​ចាប់​ផ្ដើម​សរ​សេរ​កម្រង​ជីវិត​របស់​ខ្ញុំ​នៅ​ថ្ងៃ​ទី ៩ កុម្ភៈ ១៩៥៨»។
   គួរ​ឲ្យ​ស្រណោះ​ណាស់​ ពេល​ណា​ខ្ញុំ​នឹក​ទៅ​ដល់​រឿង​កំសត់​នៃ​ជី​វិត​គ្រួសារ​ខ្ញុំ​ម្ដង​ៗ​ ។ ខ្ញុំ​ក្លាយ​ខ្លួន​ជា​មនុស្ស​អិត​វិញ្ញាណ​។ កាល​ខ្ញុំ​នៅ​ថ្នាក់​មជ្ឈិម​ដ្ឋាន​ទី​១ ខ្ញុំ​មាន​ប្អូន​ប្រុស​បួន​នាក់​។ ខ្ញុំ​ត្រូវ​ជួយ​ធ្វើ​ការ​ម្ដាយ​ខ្ញុំ​គ្រប់​មុខ​ គ្រប់​យ៉ាង​ នៅ​ពេល​ខ្ញុំ​ត្រ​លប់​មក​ពី​សាលា​រៀន​វិញ​ និង ​នៅ​ពេល​សំរាក​។ ខ្ញុំ​ព​ប្អូន​ដើរ​លេង​កំសាន្ដ​ ជូត​ផ្ទះ​រៀប​ចំ​ធ្វើ​ម្ហូប​ជា​មួយ​ម្ដាយ​ខ្ញុំ​... ដង​ទឹក​ពី​អណ្ដូង​ទៅ​ចាក់​ពាង​ ស្រោច​សួន​ផ្កា​... យី ​ក្រ​ទេ ​តែ​មាន​សួន​ផ្កា​កូលាប​មួយ​ដ៏​វិចិត្រ​។ ពេល​យប់​ខ្ញុំ​អង្គុយ​លាង​ចាន​ច្រងុក​។ នៅ​រាល់​ក្រោយ​ពេល​បាយ​ល្ងាច​ ខ្ញុំ​ជា​អ្នក​ជ្រ​លក់​ចាន​តែ​ម្នាក់​អែង​ក្នុង​ផើង​ទឹក​លឺ​ផ្លូក​ផ្លាក​ ដើម្បី​ដុះ​អោយ​ជ្រះ​ជាតិ​សាប៊ូ​... លុះ​ដល់​ម៉ោង​ប្រាំបួន​យប់​ ទើប​បាន​ចាក​ចេញ​ទៅ​រៀន​សូត្រ​ក្រោម​ចង្កៀង​ប្រេង​កាត​ផ្លុង​ៗ។

    ការលំបាក​កាយ​ប៉ុណ្ណេះ​ ខ្ញុំ​ពុំ​មាន​ខ្វល់​បន្ដិច​ឡើយ​ តើ​ខ្ញុំ​ខ្វល់​ធ្វើ​អ្វី​? បើ​នៅ​ក្នុង​បេះ​ដូង​ខ្ញុំ​ពុំ​មាន​តែ​ការ​សប្បាយ​... មាន​តែ​សេចក្ដី​មនោ​រម្យ​ក្នុង​ការ​បំរើ​ម្ដាយ​ខ្ញុំ​។ ការ​លំបាក​កាយ​ខ្ញុំ​ញញឹម​នឹង​ទទួល​ តែ​សេចក្ដី​វេទនា​របស់​ខ្ញុំ​កាល​នោះ​ គឺ​មាន​ការ​លំបាក​ចិត្ដ​ មួយ​ជាន់​ថែម​ទៀត​។ ខ្ញុំ​តឹង​ទ្រូង​ស្ទើរ​ប្រេះ​ធ្លាយ​ កាល​ម្ដាយ​ខ្ញុំ​មាន​សុខ​ភាព​មិន​សូវ​ល្អ​ កាល​បើ​ឃើញ​ទឹក​មុខ​ម្ដាយ​ខ្ញុំ​ខ្មៅ​អែ ភ្នែក​ស្លេក​ស្លក់​ ដោយ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​មក​ញាំ​ញី។ ណា​មួយ​ម្ដាយ​ខ្ញុំ​ខ្វះ​ប្រាក់​កាស​ ខ្វះ​សោ​ហ៊ុយ​ នឹង ​បំ​ពេញ​សេចក្ដី​ត្រូវ​ការ​របស់​គ្រួសារ​ គឺសេចក្ដី​ត្រូវ​ការ​ជា​ចាំ​បាច់​ ដូច​ជា​ការ​ខ្វះ​អង្ករ​ ខ្វះ​ម្ហូប​ បន្លែ​ត្រី​សាច់​ជា​ដើម​..។ ខ្ញុំ​នឹក​អាណិត​ម្ដាយ​​ខ្ញុំ​ខ្លោច​ចិត្ដ​។ ម្ដាយ​ខ្ញុំ​ជំពាក់​លុយ​គេ​ជុំ​ទិស​។ ម្ដាយ​ខ្ញុំ​ព្រួយ​ខ្វល់​ខ្វាយ​ក្នុង​ចិត្ដ​អិត​មាន​ល្ហែ​មួយ​ថ្ងៃ​ៗ គាត់​នឹក​គិត​រក​តែ​មធ្យោ​បាយ​យ៉ាង​ដូចម្ដេច​ដើម្បី​សង​ប្រាក់​គេ​...។

    មាន​កាល​មួយ​នោះ​ ជីវិត​គ្រួសារ​ខ្ញុំ​មាន​សភាព​ដុន​ដាប​មែន​ទែន​ ម្ដាយ​ខ្ញុំ​ត្រូវ​តែ​ដេញ​តុង​ទីន​មួយ​ក្បាល​អោយ​ខាង​តែ​បាន​ បើ​ពុំ​ដូច្នោះ​ ប្រាកដ​ជាខ្វះ​អង្ករ​ច្រក​ឆ្នាំង​ជា​មិន​ខាន​។ គិត​អោយ​សព្វ​ៗ ទៅ​តុង​ទីន​នេះ​ហើយ​ជា​ដង្ហើម​ជីវិត​អ្នក​ក្រ​ ។ ខ្ញុំ​រង់​ចាំ​មើល​ផ្លូវ​ម្ដាយ​ខ្ញុំ​ លុះ​ដល់​ព្រ​លប់​... ឃើញ​ទឹក​មុខ​ម្ដាយ​មក​ពី​នាយ​, ខ្ញុំ​ធ្លាក់​ថ្លើម​ក្ដុក​ បេះ​ដូង​ខ្ញុំ​រឹង​គាំង​លែង​ចង់​កំរើក​ហាក់​ដូច​ជា​ម៉ាស៊ីន​ខ្វះ​ប្រេង​។ ទឹក​មុខ​ស្រ​ងូត​របស់​ម្ដាយ​ខ្ញុំ​ អាច់សំគាល់​អោយ​ដឹង​ថា​គាត់​ដេញ​តុង​ទីន​នោះ​ពុំ​បាន​ទេ​។ ល្ងាច​នោះ​ម្ដាយ​ខ្ញុំ​ពុំ​បាន​ពិសា​បាយ​ឡើយ​ គាត់​ចូលទៅ​សំរាន្ដ​ទាំង​ទឹក​ភក្ដ្រ​ស្រពោន​ ខ្ញុំ​អុជ​ចង្កៀង​រួច​រៀប​ចំ​បាយ​ទឹក​អោយ​ប្អូន​ខ្ញុំញ៉ាំ​។ ខ្ញុំ​ព្រួយ​ឆួល​ក្នុង​ចិត្ដ​គិត​ទៅ​មាតា​...ពុំ​មាន​ស្រាន្ដ​។ ខ្ញុំ​ឃ្លាន​បាយ​ណាស់​ តែ​ឃើញ​បាយ​ហាក់​ដូច​ជា​ឃើញ​ដុំ​ក្រួស​។ ខ្ញុំ​ទំពា​បាយ​បាន​ពីរ​ បី​ម៉ាត់​ ក៏​រត់​ទៅ​ពួន​យំ​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់​អែង​។ ទឹក​ភ្នែក​ហូរ​ច្រោក​ៗ​ ... ខ្ញុំ​ព្រួយ​ចិត្ដ​នឹក​អាណិត​មាតា​ខ្ញុំ​ពន់​ប្រមាណ​។ ខ្ញុំ​ឡើង​ទៅ​លើ​គ្រែ​ហើយ​ក្រលេក​មើល​ព្រះ​ពុទ្ធ​រូប​រួច​ខ្ញុំ​សំពះ​បន់​ស្រន់​ សូម​អោយ​ព្រះ​អង្គ​ជួយ​យឹត​យោង​ជីវិត​គ្រួសារ​ខ្ញុំ​អោយ​បាន​ថ្កុំ​ថ្កើង​ អោយ​បាន​ប្រកប​តែ​សេចក្ដី​សុខ​មាន​បាន​ កុំ​អោយ​ទុព្វល​ភាព​មក​ញាំ​ញី​ទន្ទ្រាន​គ្រួសារ​ខ្ញុំ​។ រួច​ហើយ​ខ្ញុំ​ទាញ​ជាយ​មុង​យក​មក​ជូត​ទឹក​ភ្នែក​ យ៉ាង​ស្អាត​ ទើប​ចេញ​ទៅ​ ក្រោយ​យក​ចាន​ទៅ​លាង​។ តែ​យប់​នោះ​ទំនាយ​វា​មិន​ត្រូវ​លាង​ចាន​, ម្ដាយ​ខ្ញុំ​ហៅ​ខ្ញុំ​ទៅ​អែ​ក្នុង​បន្ទប់​គាត់​ ហើយ​គាត់​ពោល​ថា «ចាន​នោះ​ទុក​មួយ​អន្លើ​សិន​ទៅ! អែង​ទៅ​ផ្ទះ​អ៊ុំ​អែង​នៅ​ក្បែរ​ពេទ្យ​ចិន​ ខ្ចី​ប្រាក់​អោយ​ម៉ែ​ ២០០៛០០ »។ លឺ​សូរ​ដូច្នោះ​ខ្ញុំ​ក៏​ទាញ​យក​សំលៀក​បំពាក់​មក​វណ្ឌរួច​ចុះ​ទៅ​ចាប់​កង់កញ្ចាស់​របស់​ខ្ញុំ​ជិះ​ត្រឹក​ៗ​ ចេញ​ពី​ផ្ទះ​ទៅ​ទាំង​ចិត្ដ​មួហ្មង​។ ការ​ដែល​ត្រូវ​បំពេញ​ជូន​ម្ដាយ​ខ្ញុំ​។ ខ្ញុំ​ខ្មាស​គេ​ណាស់​ ខ្មាស​ហួស​និស្ស័យ​នៅ​ពេល​ដើរ​ខ្ចី​លុយ​គេ​ម្ដង​ៗ​ ទុកជា​អ្នក​មាន​ទុន​នោះជា​បង​ប្អូន​ជិត​ដិត​យ៉ាង​ណា​ក៏​ដោយ​។ ខ្ញុំ​ពុំ​ចង់​ទៅ​ពឹង​អ្នក​ណា​សោះ​ឡើយ​ ក្រៅ​ពី​កំលាំង​ខ្លួន​អែង​ ប៉ុន្ដែ​វា​ទាល់​តែ​ត្រឹម​ទាល់​...។ ទោចក្រ​យាន​ដ៏​កញ្ចាស់​របស់​ខ្ញុំ​បញ្ចេញ​សំលេង​រ៉ោក​រ៉ាក​ៗ​បណ្ដាល​អោយ​ឆ្កែ​ព្រុស​អឺង​អ័ព្ទ​។ រាត្រី​នោះ​ជា​រាត្រី​មួយ​ដ៏​សែន​ងងឹត​.. ងងឹត​ចាក់​ភ្នែក​ពុំ​យល់​... កង់​ខ្ញុំ​វិល​ទៅ​ជំពប់​លើ​ដុំ​ថ្ម​មួយ​ដុំ​ នាំ​អោយ​ក្រឡាប់​រលំ​ប្រាវ​។ ខ្ញុំដួល​អុក​ទៅ​ថ្នល់​ឆេះ​គូថ​.. ខ្ញុំ​មាន​សេចក្ដី​ឈឺ​ចាប់​គួរ​សម​ដែរ​ តែ​ខ្ញុំ​ធ្វើ​រិក​ព្រងើយ​ខ្ជិល​ស្ទាប​អង្អែល​... ខ្ញុំ​រើស​យក​ថ្ម​មក​មើល​ នឹក​ក្នុង​ចិត្ដ​ដែល​កំពុង​មួ​ម៉ៅ​ ចង់​យក​ដុំ​ថ្ម​នោះ​ទៅ​វាយ​បំបែក​អោយ​ខ្ទិច​ល្អិត​ម៉ដ្ឋ​ដូច​ល្អង​ធូលី​អញ្ចឹង​។ ខ្ញុំ​លើក​ទោ​ចក្រយាន​ឡើង​ជិះ​ត​ទៅ​ទៀត​។ ខ្ញុំ​នឹក​ស្រ​ណោះ​ខ្លួន​ក្រៃ​ពេក​។ បន្ដិច​ក្រោយ​មក​ខ្ញុំ​ត្រូវ​មក​ខ្ចី​លុយ​នោះ​យ៉ាង​ស្រួល​។ ខ្ញុំ​ញញើត​ញញើម​ច្រេញ​ច្រុញ​ចង់​ចូល​បន្ដិច​មិន​ចង់​បន្ដិច​...។

    អស់​វេលា​យូរ​ណាស់​ ទើប​ខ្ញុំ​ដាច់​ចិត្ដ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​។ គឺ​ជា​ផ្ទះ​ថ្ម​មួយ​ល្អ​វិចិត្រ​។ ខ្ញុំ​សម្លឹង​ទៅ​ឃើញ​ទោ​ចក្រ​យាន​តូចៗ​ ថ្មី​ៗ​ចែស​ តំរៀប​គ្នា​ជា​ជួរ​ចំ​នួន​ជាង​ដប់​នៅ​ក្រោម​គេហ​ដ្ឋាន​។ ខ្ញុំ​លេប​ទឹក​មាត់​ក្អឹក​ៗ​ នឹក​ចង់​បាន​កង់​មួយ​នោះ​ជា​ខ្លាំង​។ ខ្ញុំ​គិត​ថា​ «យី​! អ៊ុំ​អញ​មាន​កង់​តូច​ៗ​អ្វី​ច្រើន​ម៉្លេះ​ កូន​គាត់​មាន​តែ​បី​នាក់​ ហើយ​ខ្លះ​នៅ​តូច​ៗ​ពេក​ពុំ​ទាន់​អាច​ជិះ​កង​បាន​នៅ​ឡើយ​ផង​... »

    ខណៈ​នោះ​ក្មេង​ពីរ​នាក់​ ដែល​កំពុង​ប្រលែង​គ្នា​នៅ​ក្រោម​ផ្ទះ​ស្រែក​ឡើង​ដំណាល​គ្នា​៖
- នោះ​បង​សារ៉ាក់​មក​ហើយ​... បង​សារ៉ាក់​មក​ហើយ!
ក្មេង​ទាំង​ពីរ​នេះ​ត្រូវ​ជា​ប្អូន​ជី​ដូន​មួយ​ខ្ញុំ
- លោក​ប៉ានៅ​ទេ​ស្រី​មុំ​ (ខ្ញុំ​សួរ​)
- អត់​ទេ​! លោក​ប៉ា​អត់​នៅ​ទេ​ នៅ​តែ​លោក​ម៉ាក់​អែ​លើណោះ!
    ខ្ញុំ​ស្រងាក​ចិត្ដ​! ខ្ញុំ​នឹក​ពី​នាយ​មក​ថា ​នឹង​ បាន​ជួប​អ៊ុំ​ប្រុស​ជា​មិន​ខាន​ អី​ឡូវ​ទៅ​ជា​ផ្ទុយ​ទៅ​វិញ​! ហ៊ី! ។ ខ្ញុំ​ក្រលេក​ទៅ​ឃើញ​ចំរើន​ដែល​ត្រូវ​ជា​បង​ជី​ដូន​មួយ​ខ្ញុំ​។ ចំរើន​មាន​អាយុ​លើស​ខ្ញុំ​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​។ ប៉ុន្ដែ​ខ្ញុំ​មាន​កំពស់​លើស​ចំរើន​បន្ដិច​ផង​។ ភ្នែក​ទាំង​គូសំលឹង​ខ្ញុំ​តាំង​ពី​ចុង​ជើង​រហូត​ដល់​ក្បាល​ បែប​ហាក់​ចង់​សួរ​ខ្ញុំ​ថា៖ «អាត្មាត​អែង​មក​រក​អី​ទាំង​យប់​ដូច្នេះ​ អា​អែង​ប្រ​ហែល​មក​រកខ្ចី​លុយ​ម៉ាក់​អញ​ទៀត​ហើយ​?»។
- ខ្ញុំ​ធ្វើ​មុខ​អៀន​ប្រៀន​ដោយ​ខ្លាច​គេ​។
- ម៉េច​ម៉ុង​ស៊ី​យើ​រ៉ាក់​! មក​រក​អី​?
- ម៉ែ​ខ្ញុំ​ប្រើ​មក​អោយ​ជួប​លោក​អ៊ុំ​មួយ​ភ្លែត​!
- ជួប​មាន​ការ​អ្វី​?
   ខ្ញុំ​នឹក​ក្នាញ់​ក្នុង​ចិត្ដ​អិត​ឧបមា។ «តើ​អា​ចំរើន​ហ្នឹង​ជា​ស្អី​បាន​ជា​វា​ធ្វើ​រិក​ស្ទាត់​មក​រក​ចាត់​ចែង​សួរ​អញ​ដូច្នេះ​?»
- មាន ... មានការ​មួយ​សំ​ខាន់​!
- ការអ្វី​សំខាន់​ហ្នឹង​? ការ... សំខាន់​! ម៉េច​ប្រាប់​គ្នា​ប៉ុណ្នឹង​មិន​បាន​ឬ?
   ចំរើន​ឈរ​ក្រពាត់​ដៃ​ សួរ​ខ្ញុំ​ដោយ​មាក់​ងាយ​...
ខ្ញុំនៅ​ស្ងៀម​មិន​ចេញ​ស្ដី​។ ខ្ញុំ​នឹក​ទៅ​សាច់​ដុំ​របស់​ខ្ញុំ​ ហើយ​ខ្ញុំតម្លើង​ខ្លួន​នៅ​ក្នុង​អាវ​... ប៉ុន្ដែ​គ្មាន​នរណា​មើល​ឃើញ​កាយ​វិការ​នេះ​ទេ​។ ខ្ញុំ​នឹក​ក្នុង​ចិត្ដ​ «អា​ចំរើន​! អា​អែង​ស្គាល់​អញ​ទេ​? អញ​ដង​ទឹក​អណ្ដូង​រាល់​ថ្ងៃ​... សាច់​ដុំ​អញ​ក៏​ធំ​គួរ​សម​ដែរ​ អញ​ដាក់​អា​អែង​ តែ​មួយ​ដៃ​ម៉ោក​ចំ​កណ្ដាល​កញ្ចប់​មាត់​ជ្រុះ​ធ្មេញ​ហូររពុកអី​លូវ​ហ្នឹង...»។ ចំរើន​ឃើញ​ខ្ញុំ​នៅ​ស្ងៀម​ ក៏​និយាយ​រឿង​ផ្សេង។
- គ្នា​លឺ​ល្បី​ថា​ខ្លួន​រៀន​ពូ​កែ​មែន​ទេ?
- ខ្ញុំ​គ្មាន​ពូកែ​ប៉ុន្មាន​ទេ! គ្រាន់​តែ​រួច​ខ្លួន​!
យែស​ ! ប៉ុណ្ណឹង​ក៏​លាក់​នឹង​គ្នា​ដែរ​ ... អែង​លឺ​គេ​ថា​ខ្លួន​រៀន​លេខ​ ១ ស្ទើរ​តែ​រាល់​ខែ​... អស្ចារ្យ​មែន​កូន​គេ​ វា​ត្រូវ​ដុះ​វា​អញ្ចឹង​នែ៎!.
   ខ្ញុំ​ទ្រាន់​ពេក​ ក៏​ឈាន​ជើង​ដើរ​ចេញ​បំរុង​ឡើង​ទៅ​លើ​ដើម្បី​ទៅ​ជួប​អ៊ុំ​ស្រី​ខ្ញុំ...
   - ឡើង​ទៅ​ណា​? លោក​ម៉ាក់​កំពុង​មាន​ភ្ញៀវ​ ឡើង​ទៅ​អី​លូវ​ហ្នឹង​មិន​បាន​ទេ​... ចាំ​ភ្ញៀវ​គេ​ចុះ​មក​សិន​!
   - និយាយ​ដូច្នោះ​រួច​ចំរើន​ដើរ​ចេញ​ទៅ​។ ខ្ញុំ​ឈរ​នៅ​កេះសសរ​ ជើង​ខ្ញុំ​រសាប់​រសល់​នៅ​មិន​ស្ងៀម​ហាក់​ជាន់​លើ​រងើក​អគ្គី​។ ខ្ញុំ​នឹក​ចង់​រត់​ចេញ​ពី​ទី​នេះ​ទៅ​យ៉ាង​រហ័ស​អោយ​បាត់​ពី​មុខ​ពី​មាត់​គេ​ តែ​ធ្វើ​ម្ដេច​បើ​ខ្ញុំ​ពុំ​ទាន់​បាន​បំពេញ​ករ​ណីយ​កិច្ច​ខ្ញុំ​នៅ​ឡើយ​!... ខ្ញុំ​រឹង​ខ្លួន​ជា​អនេក​កាល​ឃើញ​បាវ​ព្រាវ​របស់​អ៊ុំ​ខ្ញុំ​សំលឹង​មើល​មក​គ្រប់​ប្រាណ​ ដោយ​សេចក្ដី​ប្លែក​ក្នុង​ចិត្ដ​។
   - រយៈ​វេលា​មួយ​នាទី​ដែល​កន្លង​ទៅ​ មាន​ទំហំ​មួយ​ម៉ោង​ចំពោះ​ខ្ញុំ​។ ភ្នែក​ខ្ញុំ​ទៅ​ជា​ស្រវាំង​.. របស់​អ្វី​ក៏​ថ្មី​.. របស់​អ្វី​ក៏​មាន​ពន្លឺ​ភ្លឺ​ផ្លេក។ ខ្ញុំ​នឹក​ស្រណោះ​ទៅ​ផ្ទះ​កំសត់​របស់​ខ្ញុំ​... ទីបំផុត​ក៏​គិត​ទៅ​ដល់​ម្ដាយ​ខ្ញុំ​ម្ដង​ទៀត​។ ការ​រំជួល​ចិត្ដ​អាណិត​មាតា​ខ្ញុំ​ ក៏​ ចាប់​ផ្ដើម​ឡើង​យ៉ាង​ឆាប​ឆេះ​... ខ្ញុំ​ចង់​ស្រក់​ទឹក​ភ្នែក​នៅ​ក្រោម​ផ្ទះ​គេ​។
   វេលា​នោះ​មានស្រី​ចាស់​ម្នាក់​ ប្រ​ហែល​ត្រូវ​ជា​មេ​ដោះ​ដែល​អ៊ុំ​ខ្ញុំ​ជួល​មក​សំរាប់​កូន​គាត់​ ដោយ​ឃើញ​ទឹក​មុខ​ខ្ញុំ​ស្រ​ងូត​ស្រងាត់​ គាត់ក៏​ចូល​មក​ជិត​ហើយ​និយាយ​ថា៖ ក្មួយ​ឡើង​ទៅ​ចុះ​ លោក​ស្រី​គ្មាន​ភ្ញៀវ​អែ​ណា​ទេ​! អម្បាញ់​មិញ​មីង​ឃើញ​លោក​ស្រី​អង្គុយ​តែ​ម្នាក់​អែង​...
«យី​អា​ចំរើន​កុហក​អញ​សោះ​! តើ​អញ​បាន​ធ្វើ​អ្វី​វា​បាន​ជា​វា​ធ្វើ​បាប​អញ​ម៉្លេះ​?»
    ខ្ញុំ​ហៀប​តែ​​ឈាន​ជើង​ចេញ​ពី​ទី​នោះ​ ទទួល​អ៊ុំ​ស្រី​ខ្ញុំ​គាត់​ចុះ​មក​ដល់​ល្មម​ ហើយ​អា​ចំរើន​ក៏​ចុះ​មក​តាម​... ខ្ញុំ​តឹង​ដើម​ទ្រូង​អិត​ឧបមា​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ពេល​ហ្នឹង​ តើ​ខ្ញុំ​ត្រូវ​និយាយ​សុំ​ខ្ចី​លុយ​គាត់​នៅ​កណ្ដាល​វាល​ដូច្នេះ​រឺ​ នៅ​មុខ​គេ​មុខ​អែង​ ហើយ​ជា​ពិសេស​នៅ​មុខ​អាចំរើន​ទៀត...។ ខ្ញុំ​ជំរាបសួរ​អ៊ុំ​ខ្ញុំ​។
ម៉េច​អា​សារ៉ាក់​! មក​មាន​ការ​អ្វី​ទាំង​ថ្មើរនេះ​? សំលេង​អ៊ុំ​ស្រី
   ខ្ញុំ​ទាល់​ច្រក​ពុំ​ដឹង​និយាយ​ថា​ម៉េច​ បើថា​មក​លេង​ក៏​មិន​សម​។ អ្នក​បំរើ​ស្រី​នៅ​ក្បែរ​នោះ​ឈប់​ធ្វើ​ការ​ទាំង​អស់​ហើយ​ងាក​មក​មើល​ខ្ញុំ​គ្រប់គ្នា​ ខ្ញុំ​ចង់មុជ​ជ្រែក​ដី​ទៅ​អែស្ថាន​បាត​ដាល​ ដើម្បី​អោយ​ចាក​ផុត​ពី​ការ​អៀន​ខ្មាស។
- បាទ​លោក​អ៊ុំ​! ម៉ែ​... ម៉ែ​ខ្ញុំ​... (ខ្ញុំបង្ហើប​មាត់​តិច​ៗ​ស្ទើរ​មិន​លឺ​) ប្រើ​ខ្ញុំ​មក​សុំ​ខ្ចី​លោក​អ៊ុំ​ ២០០៛០០
- អែង​ថា​ម៉េច​? អញ​ស្ដាប់​មិន​បាន​ទេ​ និយាយ​អោយ​ខ្លាំង​ៗ​បន្ដិច​ទៅ​មើល​!
​- វា​ថា​ម៉ែ​វា​អោយ​ខ្ចី​លុយ​ ២០០៛០០(ចំរើន​និយាយ​ឡូង​ៗ​ល្មម​តែ​លឺ​ដល់​ថ្នល់​) អែង​ស្មាន​តែ​រឿង​អ្វី​សំខាន់​ មិន​ដឹង​ជា​រឿង​ដូច្នេះ​ទេ!
   ខ្ញុំ​ឈរ​ទ្រឹង​ស្មារតី​គ្មាន​កំរើក​ ដោយ​អំណាច​សេចក្ដី​អៀន​ខ្មាស... និង ការ​ឈឺ​ចាប់​។
- ខ្ចី​លុយ​ពីរ​រយ​ (អ៊ុំ​ស្រី​ផ្ទូនពាក្យ) ខ្ចី​យក​ធ្វើ​អ្វី​ពីររយ​ហ្នឹង​’?
- ខ្ញុំ​មិន​ដឹង​ដែរ​លោក​អ៊ុំ​!...
   - ស្អី​អែង​ទើប​តែ​បើក​ប្រាក់​ខែ​សោះ​ ស្អី​ក៏​អស់​ភ្លាម​ទៅ​ហើយ​ ឃើញ​ទេ​ឳ​អែង​នេះ​វា​ហ៊ី​ហា​ពេក ចាយ​លុយ​ដូច​គេ​ចេះ​បោះ​ពុម្ព​ខ្លួន​អែង​ ចំនែក​ម៉ែ​អែង​វិញ​ក៏​ចាយ​លុយ​ធំ​ណាស់​ដែរ​ អោយ​តែ​ឃើញ​អ្វី​ក៏​ចេះ​តែ​ទិញ​គ្មាន​គិត​សំ​ចៃ​! ..
   - ខ្ញុំ​នឹក​ឆួល​ឈឺ​ក្នុង​ចិត្ដ​ហួស​ព្រំ​ដែន​ តែ​ខ្ញុំ​មិន​ដឹង​ធ្វើ​ម្ដេច​ ម្យ៉ាង​ទៀត​​ខ្ញុំ​ខ្មាស​គេ​ងើប​មុខ​មិន​រួច​ ណា​មួយ​ខ្ញុំ​នឹក​ខ្លាច​គេ​ផង​។
   - អីលូវ​ទៅ​ប្រាប់​ម៉ែ​អែង​វិញ​ថា៖​ អ៊ុំ​ចង់​អោយ​ខ្ចី​ដែរ​តែ​អី​លូវ​នេះ​អ៊ុំ​គ្មាន​លុយ​ទេ​... ការ​ច្រើន​ណាស់​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​។
- បើ​អញ្ចឹង​ខ្ញុំ​ជំរាប​លា​លោក​អ៊ុំ​សិន​ហើយ!
- អើ! ទៅចុះ!
    និយាយ​ដូច្នោះ​ហើយ​ អ៊ុំ​ស្រី​ខ្ញុំ​ដើរ​ហួស​ទៅ​ក្រោយ​ដើម្បី​ត្រួត​មើល​អ្នក​បំរើ​ការ​។ ចំនែក​ខ្ញុំ​ៗ ដើរ​ចេញ​យ៉ាង​រហ័ស​តំរង់​ទៅ​កង់​។
   ចំរើន​តាម​សំលឹង​មើល​ខ្ញុំ​ដោយ​ពេប​ជ្រាយ​។ ខ្ញុំ​ឃើញ​ដូច្នោះក្ដៅ​ចិត្ដ​ស្ទើរ​ឆេះ​ ទទួល​នៅ​ពេល​នោះ​ ខ្ញុំ​ឃើញ​កំប៉ុង​ទឹក​ដោះ​គោ​មួយ​នៅ​កណ្ដាល​មាត់​ទ្វារ​ ខ្ញុំ​ក៏ព្រលែង​មួយ​ជើង​ពេញ​ទំហឹង​... កំប៉ុង​ផ្លោង​ទៅ​ឆ្ងាយ​លឺ​ឆុង​ឆាំង​។ ខ្ញុំ​នឹក​គិត​ថា​« អញ​មិន​ដែល​ទាត់​បាល់​ឲ្យ​ឆ្ងាញ់​ជើង​ដូច​ម្ដង​នេះ​ទេ​... ឃើញ​ទេ​អា​ចំរើន​? ជើង​កូន​អ្នក​ក្រ​វា​ខ្លាំង​គួរ​សម​ដែរ​... មិន​បាច់​ពាក់​ស្បែក​ជើង​ទេ​ តែ​ទាត់​កំប៉ុង​ផ្លោង​...»។
    ខ្ញុំ​លោត​ផែល​លើ​កង់​លឺ​សូរ​គ្រឹប​ បី​ដូច​ជា​ពួក​ខូវ​ប៊យ​ នៅ​សហ​រដ្ឋ​អា​មេរិក​ លោត​ផែ​លើ​សេះ​អញ្ចឹង​។ កង់​ខ្ញុំ​ធ្វើ​ជំនាន់​រាជ្យ​ស្ដេច​ណា​ប៉ូ​ឡេ​អុង​ បញ្ចេញ​សំលេង​រ៉ោក​រ៉ាក​គ្រឹង​ក្រុង​ៗ​ ... បណ្ដាល​អោយ​សុនខ​នៅ​ក្បែរ​នោះ​របូត​មាត់​ព្រុស​វូស​វ៉ាស​... «ម៉ែ​អើយ!... យើង​ម្ដេច​ក៏​វេទនា​ម៉្លេះ»។

    នាយ​ខ្វិល​អាន​អត្ថ​បទ​យ៉ាង​វែង​នេះ​ដោយ​រំភើប​។ អ្នក​កំលោះ​នឹក​ថា៖
   «អញ្ចឹង​ទេ​តើ​! បាន​ជា​អា​សារ៉ាក់​ចេះ​តែ​មាន​ការ​គំ​គួន​ស្អប់​អ្នក​មាន​។ អញ​ស្មាន​យូរ​ណាស់​ហើយ​ថា​ វា​មាន​រឿង​អ្វី​ម្យ៉ាង​ៗ​។ រឿង​អស់​ទាំង​​នេះ​បាន​​កន្លង​ហួស​ទៅ​ជា​យូរ​អង្វែង​ណាស់​ទៅ​ហើយ​ ប៉ុន្ដែ​បាន​ទុក​ដំបៅ​ខ្មៅ​ក្រ​ខ្វក់​ក្នុង​ដួង​ព្រ​លឹង​អា​សារ៉ាក់​ គឺ​ការ​ស្អប់​ខ្ពើម​ និង​ សេច​ក្ដី​អស់​សង្ឃឹម​»​។

****************** *****

បន្ដិច​ក្រោយ​មក​ សារ៉ាក់​ចូល​មក​ដល់​ក្នុង​បន្ទប់​។ មិត្ដ​ទាំង​បី​ក៏​សំណេះ​សំណាល​គ្នា​យ៉ាង​សប្បាយ​ អំពី​រឿង​ផ្សេង​ៗ​។ នៅ​ទី​បំផុត​...
- ជីវិត​គ្មាន​ន័យ​ទេ... វត្ថុ​អ្វី​ក៏​គ្មាន​តំលៃ​ដែរ​ បើ​គិត​អោយ​ជ្រៅ​ទៅ​... (សំលេង​សារ៉ាក់)
- ចុះ​បើ​អែង​កុំ​គិត​អោយ​ជ្រៅ​ពេក​ទៅ​វា​មិន​បាន​រឺ?​.. និយម​តាម​គេ​អែង​ខ្លះ​ផង​ (សំលេង​សារ៉េ)
   - គិត​របៀប​អា​អែង​តើ​វា​ចំណេញ​បាន​អ្វី​... អែង​រស់​នៅ​មិន​យូរ​ទេ​ ព្រោះ​អែង​គ្មាន​បង្គោល​អ្វី​តោង​ក្នុង​ជីវិត​សោះ​ (ខ្វិល​បញ្ជាក់) ... ជឿ​តាម​អញ​អែ​ណេះ​! .. យក​ប្រ​ពន្ធ​ទៅ​ ប្រពន្ធ​នោះ​នឹង​ក្លាយ​ទៅ​ជា​ន័យ​​នៃ​ជីវិត​របស់​អា​អែង​ប្រាកដ​...
    - ហាស! ហា!... ស្រី​ដែល​យើង​ស្រលាញ់​ក៏​មិន​មែន​ជា​ន័យ​ដែរ​ប៉ុន្ដែ​វត្ថុ​នេះ​អាច​ធ្វើ​អោយ​យើង​ភាន់​វង្វេង​ស្មាន​ជាន័យ​ពិត​មែន​... ដល់​កិលេស​ធ្វើ​អោយ​យើង​វង្វេង​ទៅ​ៗ​ យើង​ជឿ​ថា​វត្ថុ​មាន​តំលៃ​មែន​ ។ មនុស្ស​យើង​បើ​យល់​សប្ដិ​រហូត​ ស្មាន​ថា​ភាព​យល់​សប្ដិ​ជា​ភាព​ពិត​ប្រា​កដ​។
ចក្ខុ​សារ៉ាក់​បង្ហាញ​នូវ​ការ​រវើរវាយ​... អ្នក​និយាយ​តិចៗ​ស្ទើរ​តែ​មិន​លឺ​ ហាក់​ដូច​និយាយ​សំរាប់ខ្លួន​អែង។
- ..... រកន័យ​អោយជីវិត​ ដោយ​ដឹង​ថា ន័យ​នោះ​គ្មាន​ន័យ​សោះ​ឡើយ​ គិត​ដូច្នេះប្រសើរម្យ៉ាង​ដែរ!