អក្សរសិល្ប៍ខ្មែរ
គុកនយោបាយ
ប៊ុណ្ណចន្ទ ម៉ុល
៩ -ការប្រដាល់នៅកោះត្រឡាច
ថ្ងៃសុក្រ ទី7.កុម្ភៈ 2014.ម៉ោង 22:31
ក្រោយពីឈប់កាប់អុសបាន១០ថ្ងៃ ដល់ថ្ងៃទី៨ ខែធ្នូ ១៩៤២ ខ្ញុំបានកាត់ទៅសួរសុខទុក្ខលោកភោគនីនៅកន្លែងឡឥដ្ឋធ្យូង ដែលមានមិត្ដភក្ដិ៣-៤នាក់ធ្វើការនៅនោះ។ កំពុងតែនិយាយគ្នាលែងពីនេះពីនោះ ស្រាប់តែតំរួតជាតិខ្មែរម្នាក់ឈ្មោះស៊ុម នៅទីនោះបានមកឈរនិយាយលេងជាមួយដែរ។ គាត់ថា គាត់ស្គាល់ពូជអំបូរខ្ញុំច្បាស់នៅសង្កាត់ច្បារអំពៅខេត្ដកណ្ដាល គាត់ថាចាំមានឱកាសស្រួល គាត់នឹងសុំអោយខ្ញុំធ្វើការនៅឡធ្យូង ជាមួយតាភោគ នីវិញដើម្បីអោយបានជួបជុំគ្នា។ ខ្ញុំក៏ថ្លែងអំណរគុណចំពោះគាត់វិញ។ ក្រោយនោះ លោកភោគ នីបានជំរាបទៅលោកស៊ុមនោះថា ប្អូនប៊ុណ្ណចន្ទ ម៉ុល ចេះដាល់ពូកែចំណាប់។ លោកស៊ុមក៏សួរបញ្ជាក់ខ្ញុំវិញថា ចេះមែនរឬ? ខ្ញុំក៏ជំរាបគាត់វិញថា ចេះខ្លះដែរតែពុំដែលបានប្រកួតប្រជែងនឹងគេឡើយ គ្រាន់តែធ្លាប់បានហាត់កីឡាប្រដាល់ច្រើនមុខជាងកីឡាឯទៀតៗ។ គាត់សួរបញ្ជាក់ខ្ញុំទៀតថា ឯងចេះកីឡាច្រើនមុខផង? ខ្ញុំឆ្លើយប្រាប់គាត់ថា ខ្ញុំចេះច្រើនមុខសឹងតែគ្រប់កីឡាទាំងអស់ ដែលនៅស្រុកខ្មែរគេនិយមរាប់អាន។ គាត់ថាឥឡូវនេះ នៅកោះត្រឡាចគេកំពុងរកជាតិខ្មែរយើងម្នាក់ទៅប្រដាល់ជាមួយជាតិយួនម្នាក់ឈ្មោះអាបេ ធ្វើការនៅក្រុមសាធារ ណៈការកោះត្រឡាច។ វាជាអ្នកបើកបររូឡូកិនថ្ម តាមផ្លូវថ្នល់នៅមាត់សមុទ្រ។ អាបេវាដាល់ឈ្នះខ្មែរយើងរាប់ចំនួន ៧ឆ្នាំកន្លងមកហើយ ឥតនរណាហ៊ានដាល់នឹងវាទៀតទេ។ ឥឡូវនេះជិតចូលឆ្នាំបារាំងទៀតហើយ លឺសូរគេសួររកគូប្រដាល់ អោយទៅប្រកួតនឹងអាបេទៀត តើឯងហ៊ានលេងនឹងវាទេ? វាជាមនុស្សខ្លាំងហើយពូកែរហ័សរហួនណាស់ ពួកខ្មែរយើងនៅកោះត្រឡាចខ្លាចវាទាំងអស់។ គ្រានោះខ្ញុំនៅស្ងៀមឥតឆ្លើយថាអ្វីឡើយ ចេះតែគិតពិចារណាក្នុងចិត្ដថា អាបេអីគេនោះមាឌប៉ុនណាទៅ? លោកក៏បញ្ជាក់ខ្ញុំទៀតថាៈ ហ៊ានប៉ះនឹងវាទេ? ខ្ញុំក៏ឆ្លើយថាៈ បាទមិនទាន់ហ៊ានថាទេ ចាំខ្ញុំបាទរកមើលរូបរាងវាអោយច្បាស់សិន បើល្មមតស៊ូបាន ខ្ញុំបាទនឹងជូនដំណឹងលោកក្នុងរវាងពីរថ្ងៃទៀត!។
ដល់ព្រឹកស្អែកឡើង ខ្ញុំក៏ដើរទៅរកពិនិត្យមើលរូបរាងអាបេនោះ នៅត្រង់មាត់សមុទ្រ ឃើញវាកំពុងបើករូឡូកិនថ្មធ្វើថ្នល់។ ខ្ញុំពិនិត្យរូបរាងវាសព្វគ្រប់ទៅ ឃើញវាទាបជាងខ្ញុំបន្ដិច ចង្កេះវាមូលទំនងជាអ្នករហ័សរហួនមែន តែដោយវាមកជាប់គុក នៅកោះត្រឡាចចំនួន៨ឆ្នាំទៅហើយ ឃើញថាចំណេះវាមិនជាប៉ុន្មានទេ។ ម្យ៉ាងទៀតខ្ញុំយល់ឃើញថា អ្នកប្រដាល់អោយតែមានមាឌធំ ខ្ពស់ជាងគូប្រកួតហើយ តែងមានប្រៀបជាងគូប្រកួតបន្ដិចហើយ។ ចំណែកឯស្នៀតវា បើទុកជាយ៉ាងណា ក៏នៅតែជាបុរាណដែរ ត្បិតវាជាប់គុកយូរហើយ។ លុះសង្កេតរូបរាងវាចំនួនកន្លះម៉ោងហើយ ខ្ញុំក៏ត្រលប់ទៅរកលោកស៊ុមវិញនៅឯឡអិដ្ឋ។ គាត់ហៅខ្ញុំអោយចូលជិតហើយសួរខ្ញុំថា ម៉េចបានឃើញអាបេច្បាស់លាស់ហើយឬនៅ? ខ្ញុំជំរាបគាត់ថា បានឃើញហើយ! គាត់សួរទៀតថា ម៉េចហ៊ានប្រកួតនឹងវាទេ! ជួយយកឈ្មោះខ្មែរម្ដងទៅ ត្បិតវាឈ្នះគេរាប់៧ឆ្នាំមកហើយ លោកធំ (1) តែងតែអោយរកគូរប្រកួតនឹងវារាល់ឆ្នាំ គ្រប់កន្លែងគុកនៅកោះត្រឡាច តែរកមិនបានឥតមាននរណាហ៊ានលេងនឹងវាសោះ។ ខ្ញុំជំរាបទៅគាត់វិញថា ខ្ញុំបានសង្កេតមើលទៅឃើញវាថាមិនជាប៉ុន្មានទេ ប៉ុន្ដែខ្ញុំបាទមិនហ៊ានមើលងាយគូសត្រូវឡើយ។ ឥឡូវបើលោកអោយខ្ញុំបាទស្ម័គ្រចិត្ដ ខ្ញុំបាទក៏ហ៊ានស្ម័គ្រលមើលដែរ ប៉ុន្ដែត្រង់ឈ្នះចាញ់ខ្ញុំបាទមិនហ៊ានធានាទេ ផ្សងតាមវាសនាទៅចុះ! គ្រានោះលោកស៊ុម ស្រែកជ័យយោ! មានខ្មែរហ៊ានស្ម័គ្រចិត្ដនឹងអាបេហើយ! ល្អៗៗ! រួចគាត់ស្ទុះមកអង្រន់ស្មាខ្មុំហើយថា ស្អែកអញនឹងទៅប្រាប់លោកធំ អោយឯងបានឈប់សំរាក បានហាត់តទៅទៀតទំរាំដល់ថ្ងៃ ១មករា ឆ្នាំ១៩៤៣ នឹងចូលប្រកួតតែម្ដង។
នៅពេលនោះខ្ញុំដូចជាអរបន្ដិចព្រួយបន្ដិច ដោយមកពីខ្លួនខ្ញុំមិនដែលចុះស្នាមម្ដងណាម្ដងណាសោះផង មកពីល្បីថា អាបេនោះវាខ្លាំងណាស់ តែដាល់ត្រូវមួយដៃមុខជាក្អកធ្លាក់ឈាមស្លាប់មិនខាន ហើយបើទាត់ត្រូវមួយជើងវិញ ក៏តោងក្អកធ្លាក់ឈាមដូចគ្នា ឃើញថាគួរអោយខ្លាចវាដែរ ប៉ុន្ដែត្រូវតែប្រុងស្នៀតជានិច្ច មិនអោយវារំលោភរំលងលើបានទេ បើជាត្រូវស្លាប់វិញ ធ្វើម៉េចអាយុវាត្រូវអស់ត្រឹមនេះឯង។ ចិត្ដខ្ញុំនៅអល់ឯកបែកជាពីរជានិច្ច មកពីយួន និងខ្មែរទាំងអស់វាខ្លាចអា បេដូចខ្លាទៅហើយ ឥតមាននរណាហ៊ានប្រកួត នឹងវាឡើយ។ ស្រាប់តែដល់ពេលនេះ ទើបមានរូបខ្ញុំម្នាក់គត់ដែលហ៊ានចេញមុខសុំប្រកួតនឹងវា។
តពីនោះបានតែ៣-៤ថ្ងៃ ដំណឹងនេះបានលឺសុសសាយពេញកោះត្រឡាចអ្នកទោសជាតិយួនៗខ្លះផ្អើលថា មានជាតិខ្មែរម្នាក់ ទើបតែមកដល់ថ្មីៗ ហ៊ានប្រកួតនឹងបងបេយើងផង អានោះមុខជាងាប់ឆាប់ហើយ បងបេដាក់តែមួយដៃមួយជើង វាប្រកាច់ស្លាប់ទៅហើយ។ គឺជាទំលាប់នៃចិត្ដគំនិតរបស់ជនជាតិយួនដូច្នេះឯង បើហ៊ានៗណាស់ លោតែខ្លាចវិញ តែមុខយើងក៏មិនហ៊ានងាកមើលចំផង។ នេះជារឿងពិតដែលខ្ញុំបានទៅរស់នៅជាមួយពួកវា បានដឹងស្គាល់គំនិតវាសព្វគ្រប់អស់។ ដូចពាក្យបុរាណថា រស់ជាមួយចោរហារយដូច្នោះ ដឹងរឿងវាទាំងអស់។
ចំណែកអាបេវិញ វាត្រូវបានឈប់សំរាក ដើម្បីអោយហាត់បំរុងប្រកួតជាមួយខ្ញុំ ដូចជាខ្ញុំដែរ។ តាំងពីនោះមក និយាយពីពួកបងប្អូនខ្មែរយើងជាមនុស្សទោសដូចគ្នា បាននាំគ្នាយកថ្នាំបៀម ថ្នាំចងកំភួនដៃមកអោយខ្ញុំ។ ឯលោកតាភោគ នី បានយករិសឈើម្យ៉ាងមកអោយខ្ញុំបៀមដែរ។ ខ្ញុំចេះតែទទួលពីមិត្ដភក្ដិដោយចិត្ដរំភើបរីករាយដើម្បីកុំអោយមិនត្ដខ្ញុំទាំងនោះខូចចិត្ដ។ ថ្ងៃខែចេះតែកន្លងទៅ ថ្ងៃទី ១មករា១៩៤៣ បានមកដល់ ការប្រកួតគ្នាក៏ចាប់ប្រព្រឹត្ដឡើងនៅក្នុងរោងល្ខោនមួយដែលគេបានចាត់ចែងឡើងដោយឆាកល្ខោនធ្វើជាទីប្រកួត។ ចំណែកអ្នកមើលមានជាតិបារាំង យួន ខ្មែរជាស៊ីវិលស្ទើរតែទាំងអស់ បានមកទស្សនាជាមួយមនុស្សទោសរាប់ពាន់នាក់កកកុញពាសពេញរោងល្ខោនរហូតដល់រហែកជញ្ជាំងស្លឹកអស់រលីងទៅទៀត។ យប់នោះមានគូប្រដាល់៥គូ គឺក្នុងមួយគូ មានយួនម្នាក់ ខ្មែរម្នាក់ គ្រប់គូទាំងអស់។ គូទីមួយខ្មែរចាញ់យួន។ គូទី២ស្មើគ្នា គូទីបីខ្មែរចាញ់យួន គូទីបួនខ្មែរឈ្នះយួន។ ឯគូរទី៥ គឺអាបេ និងខ្ញុំនេះឯង។ មុនចូលទៅប្រកួតខ្ញុំនឹកបន់ស្រន់ដល់គុណបុណ្យ ដែលខ្ញុំបានធ្វើគ្រប់បែបយ៉ាង ព្រមទាំងគុណមាតាបិតាសូមអោយជួយខ្ញុំ អោយបានឈ្នះគូប្រកួត ដើម្បីលើកតំកើង កេរ្ដិ៍ឈ្មោះជាតិខ្មែរយើងនៅកោះត្រឡាច។ នៅពេលនោះខ្ញុំនឹកសង្ឃឹមច្រើន ដោយឃើញអាបេ វាឡើងមកលើរានប្រយុទ្ធវាបញ្ចេញស្នៀតប្រយុទ្ធរបៀបបុរាណ ដែលយួនហៅថា «យ៉ស៊ី» ជាស្នៀតចិនប៉ាហ៊ី។ ខ្ញុំនឹកក្នុងចិត្ដថាបើវាប្រើស្នៀតនេះ ជាមួយខ្ញុំ ខ្ញុំមុខជាឈ្នះវាពិតប្រាកដ។
លុះដល់ម៉ោង អាជ្ញាកណ្ដាលក៏តាំងវាយរគាំងម៉ូងៗ ខ្ញូំនិងអាបេក៏បានក្រោកឡើងដើរចូររកគ្នា។ ពេលនោះអាបេវាចេញស្នៀតបុរាណ វាតាំងដាល់ខ្ញុំមុន តែខុសដោយខ្ញុំគេចផុត វាបែរមករកខ្ញុំម្ដងទៀត វាដាល់ថែមមួយដៃទៀត ខ្ញុំគេចខុសទៀត។ ដល់លើទីបី វាលុកចូលមកបំរុងដាល់ចំមុខខ្ញុំទៀត ខ្ញុំគេចមុខផុតទៅទៀត ទើបខ្ញុំប្រញាប់ដាល់សងមួយដៃស្ដាំចំមុខវាវិញ ដែលវាកាត់មិនទាន់ ហើយខ្ញុំដាក់មួយដៃស្ដាំភ្លាមៗទៅទៀត ត្រូវចំក្រោមចង្កាវា ហើយក្បាលជង្គង់ខ្ញុំក៏បុកបណ្ដោយភ្លាមទៅទៀត ត្រូវត្រង់ពោះបាយវា ហើយខ្ញុំប្រញាប់លោតថយក្រោយវិញភ្លាម ឯវាក៏រលំដួលគ្រាំងក្រាបស្រប៉ាបនឹងក្ដាររានប្រដាល់តែម្ដង។ ចំណែកអាជ្ញាកណ្ដាលក៏រាប់ ១-២ដល់៧ ថាអោយខំក្រោកឡើង តែវាបានលើកដៃទាំងពីរសុំញ៉មតែម្ដង ដោយហេតុថាវានៅងោងស្រវាំងមិនទាន់ស្វាងនៅឡើយទើបវាសុំចាញ់ក្នុងទឹកដំបូងតែម្ដង។
នៅពេលនោះក្រុមខ្មែរបារាំងយួន ស្រែកហ៊ោយ៉ាងខ្លាំងធ្វើអោយព្រឺក្បាល ណាមួយភ័យថែមទៀត។ រំពេចនោះមានមេតំរួតគិញម្នាក់ជាតិបារាំងឈ្មោះទូសទូ បានឡើងលើរានប្រយុទ្ធហើយអង្អែលស្មាខ្ញុំ ព្រមទាំងសួរឈ្មោះ និងលេខប្រចាំខ្លួន ខ្ញុំសព្វគ្រប់កត់ចុះក្នុងកូនសៀវភៅមួយ រួចញញឹមរកខ្ញុំហើយក៏ចេញទៅបាត់ទៅ។ ចំណែកមេតំរួតបារាំងខ្លះដែលបានមកទស្សនា បានអោយប្រាក់ខ្ញុំ ខ្លះ៥រៀល ខ្លះ១០រៀល រួមទាំងអស់បានចំនួន៥០រៀល។ ឯមនុស្សទោសខ្មែររាប់រយនាក់បានមកអោបរិតខ្ញុំ នឹងរកតែផ្លូវចេញមិនរួច។ មានខ្លះបានស្រែកថា នេះចំជាខ្មែរដៃឆើតមែន អាចបំបាក់អាបេបាន។ ជយោ! ខ្មែរ។
និយាយពីលោកស៊ុម អរណាស់គាត់បានទៅសុំអនុញ្ញាតពីមេតំរួតបារាំងខាងគុកកាប់អុសអោយខ្ញុំបានទៅដេកនៅក្រៅគុកមួយយប់។ ខ្ញុំក៏បានមកនៅកន្លែងឡអិដ្ឋជាមួយគាត់ យប់នោះគាត់បានអោយពួកបោយគាត់ កាប់មាន់បបរទទួលទាន ដោយ មានស្រាថ្នាំរបស់គាត់អែបជាមួយទៀត មានមនុស្សទោសជាច្រើនបានរួមទទួលទានបបរជាមួយគ្នា។ យប់នោះខ្ញុំបានសប្បា យជាមួយគេឯងរហូតម៉ោង៣ទៀបភ្លឺ ទើបបានសំរាកទទួលទានដំណេក។
លុះព្រឹកឡើង ខ្ញុំបានលាលោកស៊ុមកាត់ទៅលេង នឹងកាប៉ូរ៉ាល់ខាត់ ឯចំការដំឡូង។ គ្រាន់តែក្រលេកឃើញខ្ញុំទៅដល់ភ្លាម បងខាត់ស្ទុះមកអោបខ្ញុំហើយពោលថា បងមិនបានដឹងថាប្អូនឯងចេះដាល់សោះ ទើបតែយប់នោះ បងទៅមើលនឹងគេដែរ ដំបូងពួកយួនវាទាយថា ប្អូនឯងស៊ូនឹងអាបេមិនបានមួយទឹកទេ មុខជាក្អួតឈាមស្លាប់ហើយ។ ដល់សំរេចសំរួចទៅមានឯណា? ប្អូនឯងដាក់វាដួលទាល់តែក្រោកមិនរួច ស្រាប់តែពួកអាយួនទាំងអស់បាត់មាត់ឈឹងដូចគេចុកតែម្ដង។ ឥលូវនេះប្អូនឯងល្បីឈ្មោះហើយនៅលើកោះនេះ ពីព្រោះតាំងពី៧ឆ្នាំកន្លងមកហើយ គ្មានជាតិខ្មែរណាម្នាក់បំបាក់អាបេបានទេ វាឈរឈ្មោះជាជើងឯករហូតមក។
នៅថ្ងៃនោះ បងខាត់ព្រមទាំងសហការីរបស់គាត់ខាងដាំដំឡូងបាននាំគ្នាចាប់មាន់ទាធ្វើម្ហូបយ៉ាងច្រើនជប់លៀងខ្ញុំជាកិត្តិយស ដល់ជ័យជំនះរបស់ជាតិខ្មែរនៅកោះត្រឡាច។ ខ្ញុំក៏មានចិត្ដសប្បាយរីករាយក្រៃលែងរកកល់ភ្លេចខ្លួនថាជាមនុស្សទោសទៅទៀត ដោយហេតុអ្នកដែលទៅរួមប្រជុំទទួលទានជាមួយគ្នានោះ សូម្បីតែជាតិយួនក៏នាំគ្នានិយាយតែពីជ័យជំនះរបស់ខ្ញុំដែរ ព្រមទាំងសរសើរពីស្នៀតប្រដាល់របស់ខ្ញុំថា វិសេសវិសាលណាស់ ដែលគេមិនធ្លាប់បានឃើញដូច្នេះដល់ម្ដងណាសោះ។ ខ្ញុមកនៅលេងជាមួយមិត្ដទាំងនេះរហូតដល់ពេលល្ងាច ទើបត្រលប់ទៅចូលគុកខាងកាប់អុសវិញ។ នៅឆ្នាំ១៩៤២ដែលខ្ញុំបានទៅដល់កោះត្រឡាច ខ្ញុំបានដំណឹងថា មនុស្សទោសនៅក្នុងឆ្នាំនោះ មានជាង៦០០០នាក់ ចំណែកឯអ្នករដ្ឋការជាតិបារាំង យួន ខ្មែរជាទាហានវិញមានចំនួន៥០០នាក់យ៉ាងច្រើន។
ព្រឹកឡើងទៀត មានតំរួតម្នាក់កាន់សំបុត្រពីក្រសួងសំងាត់ មកកោះហៅខ្ញុំអោយចូលខ្លួនទៅ។ ខ្ញុំក៏ដើរតាមតំរួតនោះទៅកាន់ទីចាត់ការនៃក្រសួងសំងាត់នោះ កាលចូលទៅដល់លោកទូសទូ ជាចាងហ្វាងមិននៅទេ។ លុះចាំបន្ដិចទើបឃើញលោកមកដល់ លោកញញឹមមកកាន់ខ្ញុំសួរថា ឯងចង់មកនៅក្រសួងសំងាត់ទេ? ខ្ញុំឆ្លើយជំរាបលោកថា តាមតែលោកមេត្ដាអោយខ្ញុំបាទធ្វើអ្វីក៏ខ្ញុំបាទធ្វើដែរ! លោកងក់ក្បាលញញឹម ហើយឡើងទៅឯមន្ទីរចាត់ការបាត់ទៅ។ លុះលោកត្រលប់មកវិញ ក៏អោយមនុស្សម្នាក់នាំខ្ញុំទៅកាន់កន្លែងធ្វើការនៅក្រសួងសំងាត់នោះទៅ។ ទីនោះមិនមែនជាគុកទេ គឺជាកន្លែងដែលមាន សង់ផ្ទះតូចៗ ជាច្រើន។ ខ្ញុំនឹកឃើញពាក្យដែលមិត្ដខ្ញុំគេនិយាយប្រាប់ពីដំបូងនោះ ជីវភាពខ្ញុំត្រូវចូលមកជាក្រុមសំងាត់ ហើយគេអោយមនុស្សទោសនៅតាមសេចក្ដីស្ម័គ្រ គឺនៅម្នាក់ឯងក៏បាន ពីរនាក់ក៏បានតាមការស្រុះស្រួលគ្នាឯងចុះ។ ដាំល្ល តាមចិត្ដរៀងៗខ្លួនមានរបស់ទទួលទានគ្រប់គ្រាន់ មិនសូវខ្វះខាតឡើយ។ ឯមុខងារធ្វើគឺរក្សាមនុស្សទោសកុំអោយរត់ពីកោះត្រឡាចទៅស្រុកវិញបាន។ ប៉ុន្ដែបើមានមនុស្សទោសរត់បាត់ឬយ៉ាងណា ក្រុមសំងាត់ត្រូវទទួលរុករកតាមដានអោយទាល់តែឃើញវិញ។ បើប្រសិនជារកមិនឃើញ ត្រូវចៅហ្វាយនាយជេស្ដីបន្ទោសយ៉ាងខ្លាំងដៃ។
និយាយពីមនុស្សទោសនៅលើកោះនោះតាំងពីដើមមកទល់ពេលដែលខ្ញុំទៅដល់ មានលបធ្វើក្បួនដោយឈើគឺដើមគរ ស្ពង់រិស្សីជាដើម ហើយនាំគ្នារត់នៅម៉ោង១៥ល្ងាច នារដូវចូលឆ្នាំចិន ដោយហេតុនៅពេលនោះត្រូវខ្យល់បក់បោកនៅដីគោកឥណ្ឌូចិន ចំជ្រោយកាម៉ៅតែម្ដង។ បើរត់ខុសខែមិនចំលើរដូវចូលឆ្នាំចិនទេ ក្បូននឹងរសាត់តាមខ្យល់ទៅឯស្រុកសៀម ឬទៅឯហ្វីលពីនទៅវិញ នាំអោយយូរពេលវេលាហើយអស់ទឹកអស់អាហារនឹងបណ្ដាលអោយស្លាប់ទាំងអស់គ្នាលើក្បូនក៏មាន។ ជួនណាប្រទះលើកប៉ាល់សមុទ្រ វាស្រង់យកទៅអោយបារាំងវិញក៏មាន។
នៅអោកាសដែលខ្ញុំទៅដល់ មនុស្សទោសបែកប្រាជ្ញាធ្វើទូកដោយសំពត់ខោអាវដែលរដ្ឋការបើកអោយ។ ខ្ញុំសូមអធិប្បាយ រឿងនេះជូនបន្ដិច។ កាលពីឆ្នាំ១៩៣៥ មនុស្សទោសដែលរត់តោងធ្វើទូកដោយក្ដារលាបជ័រម្រ័ក្ស ដូចជាទូកយើងធម្មតា។ ដល់ឆ្នាំ១៩៤០ ពួកអ្នកទោសនយោបាយមានចំណេះវិជ្ជាជ្រៅជ្រះបាននាំគ្នាធ្វើទូកតាមវិទ្យាសាស្រ្ដ គឺគេយកសំពត់ខោអាវដែលរដ្ឋការបើកអោយ ប្រមូលចូលគ្នាបាន៤-៥នាក់ ហើយទិញខោអាវក្រៅថែមពីរសំរាប់ទៀតគ្រប់គ្រាន់ហើយ គេយកខោអាវនោះទៅកាត់រួចដេរប៉ះភ្ជាប់អោយស្អាតត្រឹមត្រូវហើយ គេយកផ្ដៅដំបង៤-៥ដើមកាត់ប្រវែង៣ម៉ែត្រហើយចងផ្អោបគ្នា ខាងចុង និងខាងដើម គេយកឈើទល់កណ្ដាលអោយប៉ោងឡើងដូចជារាងទូកធម្មតា ទើបគេយកសំពត់ពាសពីខាងក្រៅរាងផ្ដៅដំបងនោះដោយចងអោយជាប់មាំ ហើយគេយកជ័រម្រ័ក្សលាបខាងក្នុង និងខាងក្រៅអោយសព្វ។ គេកាប់រិស្សី៧-៨ដើមប្រវែង៦- ៧ម៉ែត្រដោយរើសយកតែរិស្សីដើមត្រង់ៗ យកទៅចងផ្អោបនឹងតួទូកទាំងសងខាងអោយត្រឹមស្មើនឹងក្បាលទូក ហើយទុកអោយសល់វែងនៅខាងចុង គឺខាងកន្សៃទូក សំរាប់ទប់ទល់នឹងរលកកុំអោយបក់មកត្រូវខ្លាំងពេក ព្រមទាំងកុំអោ យឃ្លោងផង។ គេយកដើមរិស្សីពីរណាត់ទំហំប៉ុនកដៃ ធ្វើដងក្ដោង និងយកជួយធ្វើស្លាបក្ដោង។ ទូកនេះចំណុះបានតែ៤-៥នាក់យ៉ាងច្រើន។ ឯស្បៀងអាហារគេធ្វើនំអន្សមសំរាប់ទទួលទានបានពីរថ្ងៃប៉ុណ្ណោះ។ ជួនណាយកបាយទៅហាលបំរុងទុកដែរ។ ឯទឹកសាបគេដាក់ក្នុងប៉ោតប្រេងកាតដោយផ្សារមាត់អោយជិតខ្លាចក្រលកកំពប់អស់ គេចោះតែរន្ធតូចមួយរួចស៊ក រិស្សីពកទៅក្នុងនោះ សំរាប់បឺតបន្ដិចម្នាក់ៗនៅពេលត្រូវការដោយប្រុងប្រយ័ត្នបំផុត ខ្លាចក្រែងខ្យស់បក់មិនស្រួល មិនដល់ត្រើយក្នុងរវាងពីរថ្ងៃ នាំអោយមានគ្រោះថ្នាក់ដល់ជីវិត។ នៅពេលដែលបានចេញផុតពីច្រាំងចំនួន១០ម៉ោងហើយ បើទុកជាយកកាណូតយ៉ាងលឿនទៅដេញតាមក៏មិនទាន់ដែរ ត្បិតទូកនោះលឿនណាស់តាមរលកធំៗប៉ុនភ្នំដែលបោកបក់ជូនតៗទៅ។ ឯរដូវដែលរត់បានគឺខែទី១ និងខែទី២ តែដល់ខែទី៣ គេមិនហ៊ានរត់ទេក្រែងរត់មិនរួចដោយខ្យល់បក់វិលវល់ចុះឡើងមិនទៀងទាត់។ ក្នុងការរត់នេះគេប្រយ័ត្នបំផុតមិនអោយដឹងដល់គ្នាច្រើនខ្លាចបែកការណ៍។ កាលជំនាន់ឆ្នាំ១៩៣០ គេរត់ដោយក្បូនដែលលបលាក់ធ្វើដោយឈើ ឬដោយរិស្សីទុកបំរុងលើភ្នំ លុះដល់ពេលរត់ទើបសែងមកទឹកតែម្ដង។ ប៉ុន្ដែការធ្វើ ក្បូនត្រូវប្រើពេលយូរថ្ងៃទើបហើយ ជាហេតុនាំអោយបែកការណ៍ដឹងដល់ពួករើសៀក(Recherche)។
នៅកោះត្រឡាចក្រុមសំងាត់មានការប្រុងប្រយ័ត្នខ្លាំងណាស់ គឺយាមទាំងយប់ទាំងថ្ងៃនៅដើមឆ្នាំចាប់ពីខែមករាទៅដល់ខែមិនា ត្បិតជារដូវដែលមានខ្យល់ល្អសំរាប់អោយមនុស្សទោសអាចរត់បាន។ ក្រៅពីរដូវនេះអ្នកទោសមិនហ៊ានរត់ទេ។ បើគេដឹងថាមនុស្សទោសរត់ហើយគេអោយដំណឹងទៅក្រុមសំងាត់ភ្លាមដើម្បីអោយស៊ើបរុករកចាប់ បើរកចាប់មិនបានទេត្រូវទទួលទោសយ៉ាងធ្ងន់ដល់ក្រុមសំងាត់ត្រង់បរិវេណដែលខ្លួនត្រូវយាមថែរក្សា។ ឯក្រុមសំងាត់ដែលមានទោសនេះត្រូវបញ្ជូនទៅដាក់គុកងងឹតចំនួន២០ថ្ងៃយ៉ាងតិច។ ផុតពីនេះត្រូវបញ្ជូនទៅក្នុងគុកធម្មតាទៀតជាហេតុនាំអោយមនុស្សទោសឯទៀតស្អប់ខឹងនឹងខ្លួនថែមទៀត ដោយដឹងថា ខ្លួនជាក្រុមសំងាត់ ហើយបានធ្វើទុក្ខធ្វើបាបមិនអោយសុខ គឺគេប្រើអោយថែរក្សាបង្គន់ បង្ខំអោយអាស្រ័យលាមកដែលជាទារុណកម្មយ៉ាងព្រៃផ្សៃ។ ជួនណាគេវាយទល់តែសន្លប់ រឺស្លាប់ក៏មាន គឺគេសំគាល់ថាខ្លួនជាសត្រូវរបស់គេ នាំអោយគេពិបាករត់ ហើយនិងសំគាល់ថា ខ្លួនជាអ្នកយកការពីគេអោយរដ្ឋការ។ ម្ល៉ោះហើយពួកគិញទាំងអស់មានការប្រុងប្រយ័ត្នខ្លួនជាទីបំផុតខ្លាចក្រែងមានគ្រោះថ្នាក់ដល់ខ្លួន។ បើប្រសិនជាមានរឿងចូលទៅ ក្នុងគុកជាមួយមនុស្សទោសឯទៀតនោះកម្រនឹងបានវិលមកវិញណាស់។
ចំណែករបៀបរត់តាមបែបថ្មីនោះ មិនសូវដែលបែកការណ៍ដល់ពួកគិញទេ ត្បិតគេបានប្រុងប្រៀបឧបករណ៍សំរាប់ធ្វើទូកជាមុនស្រេច ទើបគេធ្វើដូចបានអធិប្បាយខាងលើ។ លុះគេធ្វើក៏ឆាប់ហើយ ចំនួនប្រហែលមួយថ្ងៃប៉ុណ្ណោះ ក៏នាំគ្នារត់តែម្ដង ហើយពួកគិញក៏ពិបាករកដោយគ្មានដានថារត់ផង គឺគ្រាន់តែស្មានថា ប្រហែលជារត់ហើយនៅវេលាដែលបាត់ខ្លួន។ តាមក្រុមសំងាត់និយាយប្រាប់ខ្ញុំថា ទើបតែប្រហែលមួយខែមុនខ្ញុំទៅដល់ទេ ដែលរដ្ឋការគេអោយសង់ផ្ទះតូចៗ រាយគ្នាតាមមាត់សមុទ្រចំងាយ២-៣គីឡូម៉ែត្រពីគ្នាជុំវិញកោះ ការពារកុំអោយមនុស្សទោសរត់រួចដូចមុនៗទៀតបាន។
(1) ពាក្យលោកធំនេះជាពាក្យសំរាប់អ្នកដំណាងធំជាងគេ ទោះបារាំងក្ដី ខ្មែរក្ដី។ ប៉ុន្ដែក្នុងទីនេះហៅសំដៅទៅលោក Délégué ជាតិបារាំងធំជាងគេនៅកោះត្រឡាច