អក្សរសិល្ប៍ខ្មែរ
រឿងមហាចោរនៅទល់ដែន
ដោយសាង សាវាត
©រក្សាសិទ្ធិគ្រប់យ៉ាង
****************************************
២ -បងប្អូនពីរនាក់
ថ្ងៃសៅរ៍ ទី21.ឧសភា 2016.ម៉ោង 7:18
ព្រះសុរិយាចោលពន្លឺពណ៌មាសមកលើសិរីសោភ័ណ បីដូចប្រាប់ថា ព្រឹត្ដិការមួយយ៉ាងធ្ងន់ចំលែកចាប់កើតមានពីថ្ងៃនេះតទៅមិនខាន។ ស្រីស្រស់ទេវី បុត្រីវិសេសក្លាហានដើរពីគុម្ពផ្កាមួយទៅគុម្ពផ្កាមួយ។ ព្រឹកនេះ ធម្មជាតិជូនទេសភាពមួយជាទីពេញចិត្ដបំផុត។ រុក្ខាមានស្លឹកពណ៌បៃតងខ្ចី ត្រដាងផ្ទៃមួយយ៉ាងធំទូលាយទូទៅលើពសុធា។ នៅចុងស្លឹកនីមួយៗ នៅទងធាងនីមួយៗ នៅកៀនមែកនីមួយៗ គឺបុប្ផាពណ៌ ស លឿង ខៀវ ក្រហម ស្វាយ រីករហង់ត្រង់នេះត្រង់នោះ គ្រប់បែបយ៉ាង ខ្លះមានរំយោលឆើតឆាយ ខ្លះមានទងជាក្បាច់ជាក្បូរដែលធ្វើអោយចក្ខុមនុស្សលោកឃើញចំលែកប្លែកល្អអស្ចារ្យ ចង់តែទស្សនាគយគន់ មើលមិនចេះអស់មិនចេះហើយ។ អោ! ស្នាដៃធម្មជាតិដែលចេះតុបតែងលោក តើអ្នកកើតឡើងសំរាប់តែទេវីបុត្រីវិសេសក្លាហានម្នាក់អែងរឺ? រឺសំរាប់អ្នកទាំងអស់គ្នា? អ្នក និង កញ្ញា ទេវីហក់ចេញតែពីគុម្ពមួយ ពីព្រោះល្អឆើតឆាយផុតវិស័យដូចគ្នា។
នាងទេវីដើរមួយៗ យ៉ាងស្រាលខ្លួន។ ស្រីស្រស់ក្រលេកមើលនាយអាយ ឈប់រើសផ្កាណាដែលនាងស្រលាញ់។ នាងបេះផ្គាមួយយកមកសៀតលេង នឹង សក់នាង។ នាងសាកល្បងយកមកសៀតលើទ្រូងនាង រួចយកមកដាក់ផ្ទឹម នឹង មុខនាង។ នាងរិតតែល្អជាងមុនទៅទៀត។ នារីសប្បាយក្នុងចិត្ដអិតឧបមា។ ក្នុងមួយវិនាទីដ៏សុខសាន្ដនេះ ដី ស្មៅ ឈើ ផ្កា ទឹក មេឃ ធម្មជាតិទាំងមូល គឺជាទ្រព្យរបស់នាងទាំងអស់ ដែលមាននាងជាព្រះខត្ដិយាណីយ៍ម្ចាស់ស្រីតែមួយ។
តាំងពីតូចមក នាងពុំដែលបានសប្បាយថ្ងៃណាមួយដូចថ្ងៃនោះឡើយ។ នាងជាស្រីធ្លាប់តែរស់នៅក្នុងបរិវេណរបងផ្ទះ ក្នុងជញ្ជាំងស្លឹកក្រៀមទាំង បួនជុំវិញ។ ក្រៅពីព្រំដែនដែលជាវត្ថុមើលឃើញហើយកាន់បាននោះ នៅមានរបងដែកមួយទៀតដែលភ្នែកអ្នកធម្មតាមើលមិនឃើញឡើយ គឺរបងទំនៀមទំលាប់។
ខ័ណ្ឌសិមានេះ ចងក ចងដៃ ចងជើង ចងចិត្ដនាងមិនអោយទៅណាបានឆ្ងាយ ពីខ្ទមនាងឡើយ។ ហេតុនេះ ជីវិតនាងទេវីស្រីកល្យាណ គឺជាជីវិតក្នុងរូង ក្នុងអណ្ដូងងងឹតក្នុងកន្លែងឃុំឃាំង បីដូចជីវិតមនុស្សទោស។ ក្នុងមួយអាទិត្យ ទាល់តែចំថ្ងៃសីលទើបនាងបានចេញដើរម្ដងដោយមានកិច្ចបេះផ្កាជាហេតុ។ ក្នុងពេលសេរីដ៏វិចិត្រនេះ កញ្ញាហាក់បានធូរសាច់ធូរឈាមធូរសរសៃ ដោយបានដកដង្ហើមយកខ្យល់ថ្មីក្នុងសួនច្បារ។
ហេតុនេះ ថ្ងៃសីលចំពោះនាង គឺថ្ងៃរួចខ្លួន ថ្ងៃថ្មី ថ្ងៃសប្បាយ ថ្ងៃមនុស្ស ថ្ងៃស្មើមុខ ថ្ងៃសិទ្ធិ ថ្ងៃសេរី។ កញ្ញាបេះបុប្ផាគ្រប់ពណ៌បានមួយដុំធំ។ នាងបត់ជើងសើស្មៅ។ នាងត្រកងផ្កា នាងញញឹម នាងធ្មេចភ្នែកចិត្ដស្រមៃនឹក... នឹក... នាងនឹកដល់គូស្នេហារបស់នាង ម្ដេចបាត់យូរម៉្លេះមិនឃើញមក? តើប្រុសជីវិតទៅណា? តើថ្លៃឧត្ដមរវល់មានការអ្វី? តើថ្លើមឆ្នើមផុតអស់ប្រុស ឈឺហើយរឺដូចម្ដេច? តើសង្សារប្រសើរភ្លេចនាងរឺ? តើព្រលឹងបងស្នេហាប្អូន ដូចប្អូនស្នេហាបងរឺទេ? តើគូស្នេហាហ៊ានប្ដូរជីវិតនឹងប្អូន ដូចប្អូនហ៊ានប្ដូរជីវិតនឹងបងរឺទេ?
ចំណាទទាំងប៉ុន្មាននេះ ហូរមកប៉ះបេះដូងចិត្ដនាងទេវីស្រីកំសត់បន្ដបន្ទាប់គ្មានឈប់ឈរសោះ។ ក្នុងពេលនោះ បុរសម្នាក់មានមាឌធំ ស្មាទូលាយ ដើមទ្រូងធំ ចង្កេះរៀវ សក់រួញអង្គាដី មុខស្រស់ភ្នែកមុតថ្លា សំលៀកបំពាក់រុងរឿងអាវពណ៌ខៀវរលើបរលោង ដាវស្រោមពណ៌មាសព្យួរនៅចង្កេះ សមជាអ្នកមានបណ្ដាស័ក្ដិខ្ពស់ អាយុប្រមាណ២០ឆ្នាំ ស្ទុះភ្លែតចេញពីគុម្ពផ្កាមួយ រហ័សដូចឆ្មាមកចាប់អោបនាងទេវីពីក្រោយរិតជាប់ដូចដង្កាបអោនមុខចុះថើប...។ នារីដើមដំបូងភ្ញាក់ដូចគេកន្ត្រាក់ ប៉ុន្ដែលុះដៃនឹងដៃជួបគ្នា មុខនឹងមុខជល់គ្នា ម្រាមនាងរាវរិតកប្រុសចំលែកជើងឆើតនេះយ៉ាងខ្លាំងបន្ថែមទៅទៀត។ រួចឈាមដែលរត់ខុសធម្មតា គឺបេះដូងដែលវាយលឿនជាងធម្មតា គឺមនោសញ្ចេតនាដែលជ្រួលខ្មួលលើសធម្មតាក្នុងរូបយុវជនទាំងពីរ។
- តណ្ហា ! អោ តណ្ហា! នារីភ្លេចអស់ហើយ! ផ្កាទៅដោយផ្កា ឳពុកទៅដោយឳពុក ដីទៅដោយដី ធម្មជាតិទៅដោយធម្មជាតិ នៅសល់តែវត្ថុមួយ គឺបង និង ប្អូនប៉ុណ្ណោះ ដែលអ្នកផងស្គាល់ឈ្មោះហៅថាសេចក្ដីស្នេហា រឺ រាគៈ រឺភ្លើងមេត្រី។
- នាងទេវីនិយាយខ្សឹបៗដាក់ត្រចៀកបុរសថា៖
- - បង ! បងមានន្ទ ! បង !
- បុរសឈ្មោះមានន្ទធ្វើមិនលឺ លួចញញឹមនៅគុម្ពត្រចៀកនាងវិញ។
- នាងហៅបន្ដទៀត
- - បង ! បងមានន្ទ !
- បុរសលើកស្រ្ដីឡើងអោយអង្គុយ។ អ្នកសើចរកនាងឃើញធ្មេញសស្គុស យកម្រាមដៃចាប់ចង្កានាងដោយមេត្រី រួចឆ្លើយតិចៗទៅវិញ
- - បងស្រលាញ់អូនណ៎ា ! បងមិនចង់លែងអូនអោយផុតពីរង្វង់ដៃបងទេ បងចង់តែនៅអោយជាប់សាច់ជាមួយអូន។
- នារីបែបអៀន មុខឡើងក្រហម ញញឹមចុងមាត់តបទៅវិញ។
- បុរសបង្វិលខ្លួននាងយ៉ាងលឿន ខ្នងនាងក៏បានធ្លាក់មកជាប់នឹងដើមទ្រូងប្រុសជាទីស្នេហា
- ក្នុងសន្ទុះនេះ ស្រ្ដីផ្ដេកក្បាលនាងលើស្មាមានន្ទជាគូជីវិតយ៉ាងស្និទ្ធស្នាល។ ដៃបុរសអោបចង្កេះនាង។ ដៃនាងអង្អែលដៃបុរស នាងហាក់បាត់ខ្មាសបន្ដិចដែរ ដោយនៅមិនចំកែវភ្នែកបុរសដូចមុនពេក។ ស្រីធីតានិយាយដោយក្រៀមក្រំថា៖
- ប្អូនក៏ស្រលាញ់បងដែរ ... អូ៎ ទេ ! ប្អូនស្រលាញ់បងណាស់
- បុរសឆ្លើយកាត់ដោយម៉ឺងមាត់ថា
- -អូនដឹងទេហេតុអ្វីបានជាអូនស្រលាញ់បង?
- នាងទេវីខ្មួលរំជួលក្នុងចិត្ដក្រៃពេក នាងគ្រវីក្បាលដកដង្ហើមធំឆ្លើយដាយមានសំលេងស្រងូតស្រងាត់ថា៖
- - ហ៊ី ! ប្អូននិយាយមិនបានអស់ដូចចិត្ដទេ។ ប៉ុន្ដែបើនិយាយអោយខ្លីប្អូនស្រលាញ់បង ពីព្រោះស្រលាញ់ៗ ៗ ប៉ុណ្ណោះអែង។
- មានន្ទមានចិត្ដគ្រលួចអាណិតស្រី។ នាងទេវីលើកដៃឡើងអង្អែលថ្គាមបុរសជាទីស្នេហា។ នាងនិយាយមួយៗថា
- - ប្អូនស្រលាញ់បង ព្រោះបងមានលក្ខណពេញជាមនុស្ស
- - ពេញយ៉ាងណា?
- - គឺបងជាខ្មែរ បងស្រលាញ់ជាតិខ្មែរ បងស្រលាញ់អ្នកស្រុកខ្មែរ បងធ្វើការប្រយោជន៍អោយខ្មែរ បងហ៊ានប្ដូរជីវិតនឹងខ្មែរ បងហ៊ានស្លាប់នឹងខ្មែរ បងមិនប្រកាន់កិច្ចការ មិនថាការណាជាការណា បងមិនយករឿងបុណ្យស័ក្ដិមកជាគ្រឿងបំពុលខ្លួន បងមិនយករឿងទ្រព្យសម្បត្ដិមកសង្កត់ខ្លួន បងមិនបង្ខូចខ្លួននឹងរឿងស្រី ស្រា ល្បែង របាំ។ បងជាមនុស្សថ្លៃថ្លាណាស់.. ប្អូនសូមទោស ប្អូននិយាយមិនអស់ទេ។
- បុរសញញឹមរួចឆ្លើយវិញថា
- ក្នុងលោកនេះ មានតែប្អូនមួយទេ ដែលចេះពិនិត្យមើល ហើយស្គាល់តំលៃពិតៗ របស់មនុស្ស។ បងស្រលាញ់ប្អូន ពីព្រោះតែអូនមានចិត្ដខ្ពស់មែននេះ។ លាក់បាំងអ្វី មានខ្លះគេស្រលាញ់មនុស្ស ដោយមនុស្សនោះមានបុណ្យស័ក្ដិទ្រព្យសម្បត្ដិ ចេះធ្វើរិកធំ ចេះក្អេងក្អាង ចេះដេកនៅស្ងៀម ដោយអិតធ្វើការ ចេះបរិភោគម្ហូបឆ្ងាញ់ ដោយអិតចាំបាច់ធ្វើការបង្កើនផលអោយបានប្រាក់ ចេះវោហារអាងអួតខាងជេស្ដី ខាងបញ្ជោរ ចេះមួលបង្កាច់។ ម៉្លោះហើយអ្វីដែលខុសទៅជាត្រូវ ត្រូវទៅជាខុស អាក្រក់ទៅជាល្អ ល្អទៅជាអាក្រក់ បាត់អស់យុត្ដិធម៌ សីលធម៌មនុស្សធម៌។ ម្យ៉ាងទៀត បងដែលស្រលាញ់អូននេះ គឺស្រលាញ់ព្រោះតែអូនក្រ។ បងដឹងថា គឺមកពីអូនក្រនេះហើយបានជាឳពុកបងមាន។ ទ្រព្យដែលអូនត្រូវមាន បានទៅអ្នកមានទៅវិញ។ និយាយដូច្នេះ បងខ្លោចចិត្ដអាណិតដល់ជនអ្នកក្រទាំងអស់គ្នាណាស់។ សព្វថ្ងៃបងច្បាំងនឹងគំនិតលោភោទោសោទាំងនោះ ដើម្បីសេចក្ដីសុខ និងសេចក្ដីចំរើនដល់អ្នកទាំងអស់គ្នា។ ហេតុនេះ ចូរអូនត្រាទុកក្នុងចិត្ដ ហើយចាំជានិច្ចថា ក្នុងជាតិនេះយើងស្រលាញ់គ្នា ព្រោះយើងមានចិត្ដទូលាយខ្ពស់ដូចគ្នា។ យើងស្រលាញ់គ្នាព្រោះយើងមានចិត្ដស្រលាញ់គេអែទៀតដូចគ្នា ពោលគឺយើងសាងសុខរបស់យើងជាមួយសុខរបស់អ្នកអែទៀត ពុំមែនលើទុក្ខរបស់អ្នកអែទៀត។ អូនយល់ទេ?
- - ច៎ាះ! យល់ហើយ បងនិយាយពីរោះស្ដាប់ណាស់។ ក្នុងជាតិនេះប្អូនសុំតែរស់ជាមួយបងទេ។ ប្អូនមានចិត្ដដូចបង គឺស្អប់ស្រីដែលចាំតែទីពឹងលើគេ ធ្វើការមានចៅហ្វាយបង្គាប់ រួចសប្បាយតាមបុណ្យគេប៉ុណ្ណោះ។ ប្អូនយល់ថា កើតមកជាមនុស្សត្រូវធ្វើការដើម្បីរស់។ មនុស្សត្រូវដុសខាត់សំអាតចិត្ដ គឺមិនតាំងខ្លួនជាបញ្ញើក្អែក រឺ ជាឈ្លើង ដែលរស់តែដោយសារគេនោះទេ។ មនុស្សត្រូវរកកិត្ដិយស រកសេចក្ដីថ្កុំថ្កើងរកសេចក្ដីថ្លៃថ្នូរ អំពីការងារដែលខ្លួនធ្វើនេះអែង។ ប្អូនរីករាយនឹងរស់ជាមួយបង ព្រោះបងមានគំនិតដូចប្អូន។ តែប្អូនសូមចិត្ដបងមួយ...
- - គឺអ្វី?
- - គឺកុំទុកប្អូនជាគ្រឿងសំរាប់បងសប្បាយ ជាវត្ថុសំរាប់ជាតំរេកចិត្ដបង ជាគ្រឿងសំរាប់លំអ រឺ សំរាប់បំរើបង...
- - ទេៗៗ អូនជាមនុស្សដូចបងដែរ...
- - ប្អូនជាស្រី ប្អូនពុំមែនមិនពឹងបងជាប្រុសនោះទេ។ ប្អូនពឹងអោយបងជួយបន្ដុះបន្ដាលប្អូនអោយចេះដឹង អោយចេះស្គាល់ផ្លូវត្រូវផ្លូវល្អ ផ្លូវចំរើនប៉ុណ្ណោះអែង។ ស្ដាប់បានទេ?
- មានន្ធពេញចិត្ដពេកនឹងសំដីនារីជាសង្សារ អ្នកពុំឆ្លើយភ្លាមទេ អ្នកអោនថើបថ្ពល់ស្រីដែលនៅជិននឹងច្រមុះអ្នកស្រាប់។ នាងទេវីសៀវ ខ្លួនខ្ញាកៗ នាងចង់អោបថើបលេបបុរសវិញ តែអៀនពេករកធ្វើទៅមិនរួច។ នាងរកឧបាយកំប្លែងលេងថា៖
- - បង កុំទុកប្អូនដូចផ្កាណ៎ា ! ថើបរួចគ្រវាត់ចោលនោះ
- - បងថើបអូន ! ព្រោះបងស្រលាញ់អូនទេ
- - ដូច្នោះ បងអត់ស្រលាញ់អ្នកអែទៀតទេ?
- - អ្នកអែទៀត បងស្រលាញ់ជាមិត្ដ ចំណែកអូន បងស្រលាញ់ជាប្រពន្ធ វាខុសគ្នាឆ្ងាយណាស់ណ៎ា!។ បើដូច្នោះ មានតែអូនចង់អោយបងដើរថើបគេអែងតែពាសវាលទៅរឺ?
- - ទេៗ ៗ មិនបានដាច់ខាត...
- - ចូរអូនកុំទុកបងជាប្រុសផ្គាមាសណ៎ា ! តោងទុកបងត្រឹមជាមាសបានហើយ
- - បងជាពេជ្រ
- - អូនជាទាំងគ្រាប់
- - ខ្ញុំមិនមែនជាអ្វីទាំងអស់ ខ្ញុំថ្លៃជានោះទៅទៀត ខ្ញុំជាមនុស្ស
- - បងជាមនុស្សដែរ
- ក្នុងពេលនោះស្នូរស្គរលាន់លឺឡើងទូងៗ នៅអែគេហដ្ឋានរបស់ព្រះកំពុត។ មានន្ទងើបអើតមើលទៅខាងទិសដែលសូររត់មកដល់។ នាងទេវីក៏ក្រោកងាកមើលតាម។ មានន្ធនិយាយទៅកាន់នាងថា៖
- - បងសូមលាអូនសិន ដល់ម៉ោងគេប្រមូលទ័ពហើយ ចាំអាទិត្យក្រោយសឹមជួបគ្នាទៀត
- អ្នកសើចយ៉ាងស្រស់ដាក់នាង។ នាងសើចយ៉ាងស្ងួតដាក់អ្នកដោយមិនចង់អោយឃ្លាតសោះ។ មានន្ទស្ទង់ឃើញចិត្ដនាង។ អ្នកចាប់ដៃនាងទាំងពីរច្របាច់យ៉ាងខ្លាំង អោបថើបជាចុងក្រោយបង្អស់ រួចនាងទេវីឈរមើលមុខសង្សារដែលថយខ្លួនមួយៗ ចេញពីនាងទាំងស្ដាយ។ នារីខ្លោចផ្សាក្នុងចិត្ដជាពន់ពេក។ នាងស្រែកតិចៗ ផ្ដាំថា៖
- - បង ! បង ! យប់នេះពេលអធ្រាត្រសុំជួបបងមួយភ្លែតត្រង់ក្រោមដើមពោធិធំជិតខ្ទមអ្នកតា
- បុរសញញឹមដាក់នាង ងក់ក្បាលទទួលទន្ទេញថា
- - យប់នេះអធ្រាត្រក្រោមដើមពោធិធំ
- - កុំខានណ៎ា !
- - បាទ ! ... កុំខានណ៎ា !
- - ច៎ា !
- ថាហើយបុរសស្ទុះភ្លែតរត់ផ្លោះគុម្ពផ្កាផងទាំងពួងបាត់ទៅ។ នាងកញ្ញាឈរមើលគូសង្សារយ៉ាងរំភើបញាប់ញ័រក្នុងដួងចិត្ដ។ នាងងាកចេញហាក់អស់កំលាំងហេវទន់ដៃទន់ជើង ធេងធោងៗក្នុងខ្លួន។ នាងដើរមួយៗ ទៅរើសផ្កាដែលនាងបេះចងទុកលើស្មៅ។ ដើរចេញពីទីស្នេហាបានប្រមាណឆ្ងាយដប់ជំហាន បុរសម្នាក់មាឌស្ដើងមាំប្រដាប់ដោយគ្រឿងជានាយទាហានអាវុធនៅចង្កេះ រូបឆើតស្ទុះពីគុម្ពផ្កាមួយមកអោបនាងទេវីពីក្រោយ។ ស្រីភ្ញាក់ខ្លួនស្ទើរភ្លាត់ស្មារតី។ នាងបំរះយ៉ាងខ្លាំអស់ទំហឹង ចងចិញ្ចើមភ័យផងបបូរមាត់ស្លេកស្លាំង។ មួយវិនាទីនោះ នាងក៏បានរួចពីក្រញាំដៃនៃបុរសថ្មី។ បុរសសើចក្អាកក្អាយ ដោះមួកគំនាប់នាងយ៉ាងកំប្លែងអស់ពីចិត្ដ។ នាងទេវីខាំធ្មេញក្រឹក សំលក់បុរស មុខនាងដែលស្លាំង ក៏ប្រែជាក្រហមភ្លាម។ នាងនិយាយសង្កត់ពាក្យទៅរកយុវជនចំលែកថា៖
- - យី ! លោកកាមា ! ចៀសចេញពីទីនេះអោយឆាប់
- នាងចង្អុលមុខបុរសដោយបន្ដវាចាថា
- - នែ ! មុខលោកអែង កុំមកប៉ះសាច់ខ្ញុំណ៎ា ! ប៉ះមិនបានទេ ទៅៗ ស្អប់មុខណាស់
- បរុសឈ្មោះកាមា ពេបមាត់សើចយ៉ាងវែង ច្រត់ចង្កេះមើលនារីដែលខឹងហើយពោលតបដោយសំលេងក្អុលខ្លាំងថា
- - ស្រីដែលមានរូបល្អដូចអូន មិនគួរមានចិត្ដអាក្រក់សោះ។ ថាហើយកាមាសើចក្អាកក្អាយលាន់លឺរំពង។
- - យី ! លោកហ៊ានហៅខ្ញុំអូនផង? ខ្ញុំជាប្អូនលោកពីកាលណា? មនុស្សអីក៏មានចិត្ដរិស្សា មុខក្រាស់ម៉្លេះ?។
- ថាហើយនាងច្រត់ដៃនឹងចង្កេះនាង សំលឹងមុខបុរសគ្មានប្រហែសឡើយ។ កាមាសើកដដែល។
- - បើមិនអោយខ្ញុំហៅអូន តើអោយខ្ញុំហៅអីវិញ។ ហៅបង ? ហៅអ្នកបង? ហៅមិនកើតទេ
- នាងទេវីលឺសំដីចុងក្រោយនេះនាងស្មានក្នុងចិត្ដថា ប្រហែលបុរសនេះ ឃើញនាង និងមានន្ទហើយ ពីព្រោះកាមាត្រូវជាប្អូនបង្កើតរបស់មានន្ទ។ នាងខំទប់សេចក្ដីអៀនខ្មាស ប្រឹងធ្វើទឹកមុខដដែល។
- - យី ! ចំណាស់ខ្ញុំ លោកហៅខ្ញុំបងមិនបានរឺ?
- - ហៅមិនបាន ពីព្រោះខ្ញុំស្រលាញ់នាងយូរមកហើយ ខ្ញុំចង់បានអ្នកជាប្រពន្ធខ្ញុំ។ ខ្ញុំប្រាថ្នាលើកតំកើងអ្នក អោយខ្ពស់ផុតអស់នារីដែលមាននៅលើលោកនេះ។ ខ្ញុំចង់អោយអ្នកថ្កុំថ្កើងរុងរឿងដោយសារស្នាដៃខ្ញុំ។
- - មិនបាច់និយាយច្រើនទេ ! ខ្ញុំអរគុណណាស់ ខ្ញុំមិនត្រូវការសេចក្ដីស្រលាញ់របស់លោកទេ។ ខ្ញុំមិនត្រូវការអោយលោកលើកតំកើងខ្ញុំទេ ពាក្យថោក គំនិតទាប ខ្ញុំមិនចង់ស្ដាប់លោកទេ។
- បុរសឡើងក្រហមស្លឹកត្រចៀក។ ដោយស្រលាញ់នាងទេវីពេក កាមាមើលមុខនាងឃើញល្អអ្វីក៏ល្អម៉្លេះទេ ទោះកំពុងខឹងក្រញូវដូច្នេះក៏នៅតែល្អ។ សំលេងពីរោះអ្វីក៏ពីរោះម៉្លេះ ទោះគំហកដៀលត្មះប៉ុណ្ណោះហើយនៅតែពីរោះ។ អ្នកមើលមុខនាងដោយអង្វរ ហើយពាលថា៖
- - ខ្ញុំទាប អ្នកខ្ពស់ បានជាខ្ញុំស្រលាញ់អ្នក។ ខ្ញុំសូមចិត្ដអ្នកចុះ កុំខឹងអ្វីនឹងខ្ញុំ។ ដោយស្រលាញ់អ្នកពេកហើយ បានជាអំបាញ់មិញខ្ញុំស្ទុះមកអោបអ្នក។ សូមទោសអ្នកចុះកុំប្រកាន់ខ្ញុំ។ ខ្ញុំនេះពិតជាស្រលាញ់អ្នកមែន។ ថ្ងៃនេះខ្ញុំចង់និយាយនឹងអ្នកអោយបានវែង ដើម្បីអ្នកយល់
- - ខ្ញុំមិនបាច់ស្ដាប់លោកទេ។ ខ្ញុំមិនចង់ស្គាល់ មិនចង់យល់លោកទេ
- កាមាខឹងឆួលក្នុងចិត្ដ ដោយមើលឃើញជាក់ថា ធ្វើមិត្រជាក់មិនបានការ។ អ្នកខាំធ្មេញដើរចូលទៅរកនាងប្រាថ្នាគិតកំហែងចាប់ដោយកំលាំងតែម្ដង។ នារីសំលឹងបុរសយ៉ាងកាចបំផុត។ កាមាទុចង៉ក់។ នាងពោលថា
- - កាមា ! កាមា ! កាមា ! កុំចូលជិត! តែបើចូលមានតែស្លាប់ និងរស់តែប៉ុណ្ណោះ! ខ្ញុំមិនថយមួយជំហានទេ។ ឈប់! កាមាបើចង់និយាយនឹងយើងណាស់ ឈរអោយស្ងៀមមួយកន្លែងចំងាយបីម៉ែត្រពីយើង។ អើ! ធ្វើយ៉ាងហ្នឹងបានហៅថ្លៃថ្នូរពេញជាកូនប្រុស។ អីលូវនិយាយមកចុះ បើពេញជាកូនព្រះកំពុតមែន ខ្ញុំស្ដាប់។
- - អ្នកជ្រាបទេ? ខ្ញុំស្រលាញ់អ្នកយូរណាស់មកហើយ។ ឳពុកខ្ញុំព្រះកំពុត ជាចៅហ្វាយលើភពផែនដីចង្វាត់សិរីសោភ័ណនេះ។ ខ្ញុំអាចសុំអោយឳពុកខ្ញុំចូលដណ្ដឹងអ្នកបាន។ តែខ្ញុំគ្រាន់តែចង់ដឹងចិត្ដអ្នកថែមបន្ដិចទៀតទេ បានជាខ្ញុំតែងឆ្លៀតអោកាសចង់ជួបអ្នក ដើម្បីយើងនិយាយគ្នាអោយដឹងដើមចុងបន្ដិច។ ឳពុកខ្ញុំប្រាកដជាស្រលាញ់អ្នកដែរ ពីព្រោះគាត់បាននិយាយដំណាលពីអ្នករឿយៗ ណាស់។
- - អូវពុករបស់លោកដំនាលពីគ្រប់ស្រីដែលមានរូបល្អ។ នេះជាការធម្មតាទេ
- - ទេ ! លោកប្រហែលចង់បានអ្នកជាកូនប្រសាដែរ
- - ប្រហែលជាចង់បានខ្ញុំយកទៅធ្វើប្រពន្ធខ្លួនអែងទេដឹង? អូវពុកលោកជាមនុស្សមកពីអវចី ប្រពន្ធរាប់ដប់ម្ភៃ លួចកូនគេ លួចប្រពន្ធគេ។
- - យីអ្នក ! ខ្ញុំនិយាយមិនស្ដាប់ បានតែបងមានន្ទរឺ ទើបនិយាយស្ដាប់បាន?
- - អើ ! ខ្ញុំស្ដាប់តែមានន្ទពិតប្រាកដមែន។ មានន្ទជាគូសង្សារខ្ញុំ ជាប្ដីខ្ញុំពេញទី។ អើ! អើ! បើកាមាអែងជាប្អូនមានន្ទ ហើយដឹងថាមានន្ទជាបងកាមាអែងស្រលាញ់ខ្ញុំហើយ ម្ដេចក៏កាមាអែងមកស្រលាញ់ខ្ញុំទៀត? រឺចង់ក្បត់មានន្ទជាបងបង្កើត? លោកក្បត់ចុះ តែខ្ញុំៗមិនក្បត់ទេ។ កាមា! ខ្ញុំសូមលោករកស្រីណាទៀតទៅ មិនខ្វះទេស្រីល្អៗនោះ។ តែកុំធ្វើដូច្នោះ នាំអោយបាក់បែកគ្រួសារយើងទេ។ ទៅ ! កាមាអញ្ជើញទៅចុះ។
កាមារឹងរិតតែខឹងទៅទៀត អ្នកសំលក់នាងទេវីស្ទើរធ្លុះពីរបី។ ខ្យល់គំនុំមួយបោកមកលើដួងចិត្ដអ្នកដូចព្យុះសង្ឃរា។ យ៉ាងរហ័ស អ្នកបែរមុខចេញស្ទុះលោតកាត់គុម្ពផ្កាពីមួយទៅមួយ តំរង់ទៅគេហដ្ឋានព្រះកំពុតអូវពុក។ នាងកញ្ញាទេវីបានធូរដូចដកបន្លាពីដើមទ្រូង ធូរចិត្ដឈរមើលកាមាដែលបាត់ទៅ។ អស់កំលាំងហេវ នារីដើរមួយៗទៅកាន់ផ្ទះនាង។