៨ -ត្រលប់ពីច្បាំង
ថ្ងៃសៅរ៍ ទី2.កក្កដា 2016.ម៉ោង 7:40

ព្រះ​អរុណ​ថ្ងៃ​នេះ​រះ​ឡើង​យ៉ាង​ត្រចះ​ត្រចង់​។ ប្រជា​ជន​គ្រប់​រូប​ភ្ញាក់​ពី​ព្រលឹម​ខុស​ពី​ធម្មតា​។ ម្នាក់​ៗ សំរួច​ចិត្ដ​ចាំ​មើល​ក្បួន​ទ័ព​មាន​មានន្ទ​ ដែល​វិល​ត្រលប់​ពី​ច្បាំង​។ យើង​រាស់​គ្នា​ស្លៀក​ល្អ​ ពាក់​ល្អ ឈរ​កុះ​ករ​នៅ​នឹង​ផ្សារ​។ មិន​យូរ​ប៉ុន្មាន​ក្បួន​ទ័ព​មក​ដល់  ដំបូង​គេ​លឺ​ស្គរ​ជ័យ​យ៉ាង​អ៊ឹក​ធឹក​។ បន្ដិច​ក្រោយ​មក​អង្គ​ទ័ព​មក​ដល់​។ ទាហាន​ដើរ​ជា​ជួរ​សំបើម​ដោយ​អាវុធ​ដែល​កាន់​គ្រប់​ៗ​ដៃ គឺ​មាន​​ខែល​លំពែង​ ស្នា​ ព្រួញ​ ដាវ​ជា​ដើ​ម​។ ពល​រេហ៍​ដើរ​កក្រើក​ផែន​ដី​។

  នាង​ទេវី​នៅ​ផ្ទះ​តែង​ខ្លួន​ស្អាត​បាត​។ ធីតា​ចង់​ទៅ​ទទួល​ប្ដី តែ​នាង​ពុំហ៊ាន​​ទៅ​ទេ ព្រោះ​ខ្លាច​ក្រែង​គេ​សើច​នាង​។ ស្រ្ដី​បារម្ភ​ក្រែង​នាង​យំ​នៅ​មុខ​គេ​អែង​ នាំ​អោយ​ខ្មាស​គេ​។ ទេ​! នាង​ពុំ​ទៅ​ទេ ព្រោះ​ប្រាំ​បី​ខែ​មក​ហើយ ពុំ​ដឹង​ប្រុស​ប្រែ​ប្រួល​យ៉ាង​ណា​។ បើ​នាង​ទៅ​ទទួល​គេ ហើយ​ស្រាប់​តែ​គេ​ធ្វើ​ពុំ​ស្គាល់​នាង​ក៏​ពុំ​ដឹង​ នោះ​នាង​មុខ​ជា​ដាច់​ខ្យល់​ស្លាប់​ភ្លាម​ក្នុង​ពេល​នោះ​មិន​ខាន​។ កល្យាណ​នឹក​ទៅ​ទៀត​ថា បើ​គេ​ស្មោះ​ចំពោះ​នាង ស្រលាញ់​នាង​ពិត​ៗ ប្រាកដ​ជា​​គេ​មក​រក​នាង​ហើយ​។ អាស្រ័យ​ហេតុ​នេះ នាង​សំរេច​ថា​ត្រូវ​រង់​ចាំ​ប្ដី​អែ​ផ្ទះ​ទើប​ត្រូវ​។ ស្រី​នៅ​ផ្ទះ​មែន​តែ​នាង​លួច​ស្ដាប់​សូរ​ស្គរ និង​ សូរ​មាត់​គេ​ដែល​ស្រែក​ទ្រ​ហឹង​អឹង​កង​។ នាង​ស្រៀវ​ក្នុង​ចិត្ដ​ចង់​ទៅ​អោយ​ឆាប់​បាន​ឃើញ​មុខ​ប្ដី​។ ចំណង់​នេះ​រក​ទប់​ស្ទើរ​ពុំ​ ឈ្នះ​។

ដើម្បី​បំភ្លេច​សេច​ក្ដី​ទន្ទឹង​ នាង​ដើរ​ចុះ​ដើរ​ឡើង​ តែ​ក្នុង​ផ្ទះ​ម្នាក់​អែង​ ក្នុង​ការ​ទន្ទឹង​រង់​ចាំ​នេះ មួយ​នាទី​យូរ​ដូច​មួយ​សតវត្​។ មនុស្ស​ម្នាក់​លោត​ចូល​តាម​បង្អួច​លឺ​សូរ​គ្រឹប​។ នាង​ទេវី​ភ្ញាក់​ងាក​ទៅ ស្រាប់​តែ​ឃើញ​កាមា​ជា​ប្អូន​មានន្ទ​មក​ដល់​។ នាង​ភ័យ​តក្កមា​ ស្ទើរ​ស្លុត​ស្មារតី​។ កាមា​ដើរ​ទៅ​រក​នាង​ឈរ​ជំទាញ​ជើង​ ដៃ​ទាំង​ពីរ​កាន់​ដាវ ដែល​ហូត​ទុក​ជា​ស្រេច​។

 - ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​បំផុត​ដែល​ខ្ញុំ​ប្រើ​វិធី​ឃោរ​ឃៅ​។ ខ្ញុំ​បាន​និយាយ​ នឹង អ្នក​អោយ​មាន​ចិត្ដ​ស្មោះ​ស្ម័គ្រ​នឹង​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ស្រលាញ់​អ្នក​ស្មើ​ជីវិត​។ ពាក្យ​ដែល​ខ្ញុំ​និយាយ​ទៅ​អ្នក អ្នក​អិត​ស្ដាប់​ខ្ញុំ​សោះ​។ ខ្ញុំ​ដាក់​ខ្លួន​រហូត​ដល់​ទៅ​ហ៊ាន​អង្វរ​ចិត្ដ​អ្នក​។ អីលូវ​ខ្ញុំ​ឈប់​និយាយ​ ឈប់​អង្វរ​ទៀត​ហើយ​។ ខ្ញុំ​ចាប់​ប្រើ​វិធី​អកុសល​ប្រាក​ដ​។ ខ្ញូំ​ស្ដាយ​ណាស់​ដោយ​អ្នក​បង្ខំ​អោយ​ខ្ញុំ​លេង​វិធី​ដ៏​លាមក​នេះ​ ដែល​ខ្ញុំ​ពុំ​ចង់​លេង​ឡើយ​។ តែ​ខ្ញុំ​ធ្វើ​នេះ គឺ​ប្រាកដ​ធ្វើ​ដោយ​ចិត្ដ​ចង់ ដោយ​ចេតនា ដើម្បី​លុប​លាង​អាមាស់​របស់​ខ្ញុំ​ចំពោះ​អ្នក​ ដែល​ខ្ញុំ​បាន​រាយ​​លើ​កំនាត់​ជីវិត​របស់​ខ្ញុំ​ជា​មួយ​នឹង​អ្នក​។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ផ្ដាច់​ព្រាត់​របស់​ខ្ញុំ​។
កាមា​និយាយ​ដោយ​ពាក្យ​ធ្ងន់​ៗ​។
នាង​ទេវី​ចំហ​មាត់​ បើក​ភ្នែក​ធំ​ៗ​ស្ដាប់​។ សេច​ក្ដី​ភិត​ភ័យ​មួយ​យ៉ាង​ធំ​មក​គ្រប​ដន្ដប់​ដួង​ចិត្ដ​នាង​ជាប់​។ នាង​យំ​អង្វរ​ថា​៖
- ទេ​! លោក ៗ កុំ​ធ្វើ​បាប​ខ្ញុំ​
កាមា​គំហក​វិញ​ថា
- ខ្ញុំ​ធ្វើ​ល្អ​ណាស់​ហើយ​ជា​មួយ​នឹង​អ្នក​។ អ្នក​ពុំ​ព្រម​យល់​ ពុំ​ព្រម​ធ្វើ​តាម ពុំ​ព្រម​ជឿ​ខ្ញុំ​។ នែ​! ទេវី​ស្រី​វរ​លក្ខណ៍ មើល​នុ៎ះ​ហ្ន៎​!
កាមា​ចង្អុល​ទៅ​បង្អួច​ដែល​ចំហ​នៅ​ផ្ទះ​ធំ​មួយ​ទៀត​
នាង​ទេវី​មើល​តាម ឃើញ​កូន​ស្រី​របស់​នាង​គេង​លក់​ស្កប់​ស្កល់​។ នាង​ស្ទុះ​ក្រោក តែ​ចុង​ដាវ​កាមា​ចុច​ជាប់​ត្រង់​កនាង​កន្លែង​ជីព​ចរ​មិន​អោយ​ស្រី​កំសត់​ក្រោក​បាន​។ ដោយ​តឹង​ទ្រូង​ពេក ធីតា​ទ្រ​ហោយំ​ ហើយ​ពោល​យ៉ាង​រអាក់​រអួល​ថា​៖
- កូន ​ៗ មាស​ម្ដាយ​ កូន​! ម្ដាយ​នឹក​កូន​ណាស់​ កូន​មក​នេះ​មក​។ កូន​មក​ពី​ណា​បាត់​យូរ​ម៉្លេះ​? កូន​នឹក​ម្ដាយ​ទេ ​?។ អោ​!​កូន​គេង​ល​ក់​ទេ​? ម្ដាយ​ស្មាន​តែ​កូន​ស្លាប់​ទៅ​ហើយ​។ កូន​ទៅ​ណា​បាត់​ប៉ុន្មាន​ថ្ងៃ​? កូន​បាន​អ្វី​បៅ ​? លោក​! ខ្ញុំ​សុំ​កូន​ខ្ញុំ​មក​វិញ​។
កាមាគំហកទៀតថា
- នៅអោយស្ងៀម មើលទៅទៀតមើល
នាង​ទេវី​​ចោល​ភ្នែក​ទៅ​ទៀត នាង​ស្រែក​យ៉ៃ​ឡើង ដោយ​នាង​បាន​ឃើញ​មនុស្ស​ម្នាក់​មាឌ​ធំ ចាប់​លើក​បី​កូន​នាង​ដែល​នៅ​ក្នុង​ពូក​ឡើង​។ មនុស្ស​មោហៈ​នេះ​យក​ចុង​ដាវ​ដាក់​លើ​កូន​នាង​ដែល​ដេក​លក់ ហាក់​បំរុង​នឹង​ប្រហារ​ជីវិត​
- អៃ​! ធ្វើ​យ៉ាង​នេះ​ស្លាប់​កូន​ខ្ញុំ​ហើយ​។ លោក​ធ្វើ​អ្វី​យ៉ាង​ហ្នឹង​អានិត​កូន​ខ្ញុំ​ទៅ​កុំ​ធ្វើ​បាប​គ្នា​។ អោ​! ស្លាប់​អីលូវ​ហើយ​ ព្រះ​ម្ចាស់​ថ្លៃ​អើយ​! កុំ ​ៗ លោក​ជួយ​ខ្ញុំ​ផង​ កុំ​ៗ​។
នាង​ទេវី​ញ័រ​រន្ធត់​អស់​អង្គ​ប្រាណ​។ កល្យាណ​បំរះ​ននៀល​រមួល​ខ្លួន​។ ចុង​ដាវ​ធ្វើ​អោយ​នាង​តក់​ស្លុត​ត្រជាក់​ចុង​ដៃ និង​ចុង​ជើង​។នាង​ដាក់​ភ្នែក​ចុះ ​ពុំ​មែន​កែវ​ពុំ​ហ៊ាន​មើល​ទេ តែ​ស្រី​រអា​ក្នុង​ចិត្ដ​ក្រៃ​ពេក​។ នាង​យំ​លឺ​ឃឹស​ៗ​
កាមាពេបមាត់និយាយថា :
- ទេវី ! វាមិនទាន់ស្លាប់ទេ ។ ចូរអ្នកជ្រាបថា គឺខ្ញុំនេះហើយដែលបានលួចយកកូនអ្នកទៅ។
- ច៎ាះ ! លោក ! អោ ! លោកយកកូនខ្ញុំទៅរឺ ? ច៎ាះ
- អីលូវនេះអ្នកចង់បានកូនអ្នកវិញទេ?
- ច៎ាះ លោក ចង់បាន សុំអានិតខ្ញុំទៅ ខ្ញុំអង្វរ
- តើអ្នកស្រលាញ់កូនអ្នកទេ ?
- ច៎ាះ លោក ស្រលាញ់ ហ៊ី ! ស្រណាស់ . . . ពេក ស្រលាញ់ផុតអស់របស់ដែលមានក្នុងលោកនេះ
- តើអ្នកចង់អោយកូនអ្នកស្លាប់ រឺ រស់ ?
- ច៎ាះ ! ចង់អោយរស់
- អើ ! បើចង់អោយកូននេះរស់ ងាយណាស់ !
- អោយខ្ញុំធ្វើយ៉ាងណា ? ច៎ាះ ខ្ញុំចង់អោយរស់ ធ្វើយ៉ាងណាលោក ខ្ញុំធ្វើទាំងអស់។ ជំរាបប្រសាសន៍មកខ្ញុំធ្វើ។
កាមាសើច មើលមុខកល្យាណយ៉ាងកំនាច ។ បុរសបន្ដវាចាទៅទៀតថា :
- កិច្ច​អ្នក​ត្រូវ​ធ្វើ​ងាយ​ទេ​។ បន្ដិច​ទៀត​ ប្ដី​អ្ន​មុខ​ជា​មក​ដល់​ទី​នេះ​ហើយ​។ ដើម្បី​អោយ​កូន​រស់ ដើម្បី​អោយ​បាន​កូន​មក​​ដៃ​អ្នក​វិញ​ដល់​ប្ដី​អ្នក​មក អោយ​អ្នក​នៅ​ស្ងៀម​ធ្វើ​ថ្លង់ ធ្វើ​ដូច​គ​កុំ​និយាយ​អោយ​សោះ​។
- គ្រាន់តែកុំនិយាយអោយសោះប៉ុណ្ណោះរឺលោក ?
- អើ ! ទោះជាមួយមានន្ទក៏កុំនិយាយដែរ
- ទេ ! ខ្ញុំនឹកប្ដីណាស់ ខ្ញុំសុំនិយាយរកគាត់បានបួនដាប់ម៉ាត់ អានិតខ្ញុំទៅ ខ្ញុំនឹកគាត់ណាស់
- មិនបាន​! បើ​អ្នក​ហ៊ាន​តែ​ហើប​មាត់​មួយ​ម៉ាត់​ កូន​អ្នក​មុខ​ជា​ស្លាប់​មិន​ខាន អ្នក​ឃើញ​ទេ​ខ្ញុំ​នៅ​ទី​នេះ បើ​អ្នក​ហ៊ាន​និយាយ​មួយ​ម៉ាត់ ខ្ញុំ​គ្រាន់​តែ​ធ្វើ​សញ្ញា​បន្ដិច​ទៅ ​អ្នក​ដែល​កាន់​កូន​អ្នក​នោះ​សំលាប់​កូន​អ្នក​ចោល​មិន​ខាន​។ ម៉េច​អ្នក​យល់​ទេ​​?
- ច៎ាះ​! ខ្ញុំ​យល់​ហើយ​ ហ៊ី​! លោក​គ្មាន​មេត្ដា​ដល់​ខ្ញុំ​សោះ ម៉េច​ក៏​លោក​មិន​ចង់​អោយ​ខ្ញុំ​និយាយ​នឹង​ប្ដី​ខ្ញុំ​? ខ្ញុំ​ធ្វើ​ដូច​លោក​មិន​កើត​ទេ​សូម​លោក​អត់​ទោស​ចុះ​។ អោ​ប្ដី​អើយ​! អោ​កូន​អើយ​! ខ្ញុំ​ស្លាប់​ហើយ​។
- មើលហ្ន៎ ! ឃើញទេ ?
- អុស ! អោ ទេៗ កុំសំលាប់កូនខ្ញុំ ទេ! លោកអើយ លោកអើយ អោ!
- ម៉េចធ្វើតាមខ្ញុំរឺទេ ឆាប់ៗឡើង ?
- ហ៊ីស លោកអើយ
- ថាអោយភ្លាមមក !
- ច៎ាះ ! ខ្ញុំធ្វើតាមទាំងអស់ហើយ
- ម៉េចអ្នកធ្វើតាមខ្ញុំទេ ? និយាយអោយត្រង់ទៅ
- ច៎ាះ ខ្ញុំយល់ព្រមហើយលោក
- អើ ! អ្នកត្រូវនៅអោយស្ងៀមមួយកន្លែងនេះ
- ច៎ាះ ! ខ្ញុំធ្វើបាន . . . តែកាលណាទៅបានលោកអោយកូនមកខ្ញុំវិញ
- មិនអីទេ ចាំខ្ញុំយកមកអោយ
- កាលណាទៅ ទើបខ្ញុំអាចនិយាយបាន ?
- ចាំខ្ញុំជូនដំនឹងជាក្រោយ តែមិនយូរទេ មួយភ្លែតប៉ុណ្ណោះក៏បានហើយ
- ច៎ាះ ! ខ្ញុំ​ត្រេក​អរ​ណាស់ ខ្ញុំ​មិន​ភ្លេច​ទេ ខ្ញុំ​ធ្វើ​តាម​លោក​មិន​អោយ​ខុស​ទេ​ គឺ​នៅ​ស្ងៀម​មួយ​កន្លែង​នេះ រួច​មិន​និយាយ​មួយ​ម៉ាត់​សោះ​។ អូ​! តិច​លោក​ច្រលំ​ធ្វើ​សញ្ញា​អ្វី​ទៅ។ គេ​សំលាប់​កូន​ខ្ញុំ​ហើយ​។
- ទេ ! ទេ ! ខ្ញុំមិនច្រលំទេ
- អោ ! កូនកំសត់អើយ
ជើងសេះ​មួយ​លាន់​លឺ​រំពង​អែ​វាល​ស្រែ​។ សូរ​ជើង​សេះ​នេះ​កាន់​តែ​មក​ជិត​ដល់​។ នាង​ទេវី​ព្រឺ​ព្រួច​ក្នុង​ក្នុង​ចិត្ដ​។ កាមា​មើល​តាម​បង្អួច​ទៅ​ឃើញ​ប្រាកដ​ជា​បង​របស់​ខ្លួន​ គឺ​មានន្ទ​នោះ​អែង​។
- អីលូវនៅស្ងៀមឈប់និយាយ
នាង​ទេវី​ក៏​ប្រុង​ស្មារតី​ ដៃ​ទាំង​ពីរ​សំពះ​អោន​មុខ​លុត​ជង្គង់​។ ធីតា​លឺ​សូរ​ជើង​សេះ​ដែល​ធ្វើ​អោយ​នាង​ព្រឺ​អស់​ទាំង​ខ្លួន​។ នាង​ភ័យ​ផង​អរ​ផង​។ នាង​នឹក​ឆ្ងល់​ថា អា​កាមា​នេះ​វា​អោយ​នាង​ធ្វើ​ដូច្នោះ​ តើ​មាន​ប្រ​យោជន៍​អ្វី​? នាង​បំបែរ​ដៃ​នាង​ដែល​សំពះ​អោយ​ចំ​មាត់​ទ្វារ​ ព្រោះ​កែវ​វរ​លក្ខណ៍​ដឹង​ថា គឺ​តាម​ច្រក​ទ្វារ​នោះ​ហើយ​ដែល​ប្ដី​នាង​បំរុង​នឹង​ចូល​មក​។

- យី ! កាមា !​ ប្អូន​សំលាញ់!​...នែ​! ម្ដេច​ទេវី​អូន​! ម្ដេច​អូន​ធ្វើ​ដូច្នោះ​? ទេវី​អូន​! បង​ស្រលាញ់​អូន​ប្ដូរ​ជីវិត​គ្មាន​តក់​ គ្មាន​ណាយ គ្មាន​ភ្លេច​មួយ​ពេល​។ បង​អនិត​ប្អូន​រាល់​វេលា​។ ទេវី​អូន ​! បង​ស្រលាញ់​ហៅ​ពេញ​បង់​ចិត្ដ​ អូន​ក្បត់​ចិត្ដ​បង​។ បើ​អូន​ទៅ​ស្រលាញ់​អ្នក​ណា​ក្រៅ​ពី​ប្អូន​របស់​បង​ៗ មិន​ថា​អ្វី​ទេ នេះ​ប្អូន​ស្រលាញ់​ប្អូន​​ប្រុស​របស់​បង​។ ក្ដៅ​ណាស់ ក្រហាយ​ណាស់ ឈឺ​ណាស់ ​! ទេវី ​! ទេវី​អូន ​! ហេតុ​ម្ដេច​យ៉ាង​ហ្នឹង​? អូន​និយាយ​មក​មើល​ ប្រាប់​មក​ពន្យល់​មក​។ មើល​ហ្ន៎ ​! សត្វ​នេះ​វា​នៅ​ស្លៀម​ឈឹង​។ ទេវី ​ៗ !​ យើង​ព្រាត់​គ្នា​ពី​ពេល​នេះ​ ហើយ​។

មែន​! នាង​ទេវី​ព្រាត់​មែន​ ព្រាត់​ព្រោះ​នាង​និយាយ​ពុំ​រួច កំរើក​ខ្លួន​ពុំ​បាន​។ ធីតា​មាន​តែ​ទឹក​ភ្នែក​ដែល​ហូរ​ប៉ុណ្ណោះ​។ ដៃ​នាង​ឡើង​ញ័រ ចិត្ដ​នាង​តឹង​ៗ ជាង​ជាប់​ចំណង​ប្រាំ​ប្រការ​ទៅទៀត​។ ពាក្យ​របស់​កាមា​មួយ​ម៉ាត់​មាន​ពាក្យ​ថា នាង​បាន​សហាយ​នឹង​វា ធ្វើ​អោយ​ចិត្ដ​នាង​ធ្លាក់​ក្ដុក​យ៉ាង​ខ្លាំង​។ ពាក្យ​នេះ​ចាក់​ដោត​ដួង​ចិត្ដ​នាង​យ៉ាង​រកាំ​បំផុត​ រួច​មុត​ដូច​កាំបិត​ដែល​ចាំង​រំលំ​ព្រឹក្សា​នៃ​សេច​ក្ដី​សុខ​របស់​ស្រី​។ អោ ​! ប្ដី​នាង​ពុំ​ ដឹង​រឿង​នឹក​ស្មាន​ថា​ការ​នេះ​ជា​ការ​ពិត​។

មានន្ទបែរទៅនិយាយជាមួយកាមាថា
ថ្ងៃបែរគងភ្នំ ប្អូនអែងទៅជួបនឹងបងនៅក្រោមដើមពោធិកុំខាន
កាមាសើចក្អាកក្អាយងក់ក្បាលតបវិញ :
- បាទបង ! ថ្ងៃបែរគងភ្នំជួបគ្នាក្រោមដើមពោធិ។

រួច​មានន្ទ​បែរ​មក​មើល​នាង​ទេវី​ជា​ចុង​ក្រោយ​បង្អស់​។ អ្នក​មួរ​ម៉ៅ​ក្ដៅ​ក្រហាយ​ក្នុង​ចិត្ដ​ជា​ពន់​ពេក​។ ពី​ដើម​រូប​នាង​ទេវី​ជា​ទី​ត្រជាក់​ចិត្ដ អីលូវ​រូប​ដដែល​នេះ​ក្លាយ​ទៅ​ជា​ភ្លើង​ទៅ​វិញ​។ អ្នក​ខឹង​យ៉ាង​ខ្លាំង រហូត​ដល់​លែង​មើល​មុខ​នាង​ទៀត​ អ្នក​និយាយ​ជា​ទី​បង្ហើយ​ថា: «ទេវី​ស្រី​​កាឡ​កណ្ណី​រិស្សា​ អញ​លែង​បាន​ឃើញ​អែង​ទៀត​ហើយ​។​»

ថា​ដូច្នោះ​ស្រេច​ មានន្ទ​ស្ទុះ​ចេញ​ពី​ផ្ទះ រត់​ឡើង​លើ​ខ្នង​សេះ​ទៅ​។ ព្រលឹង​នាង​ទេវី​ស្ទុះ​តាម​ បណ្ដាល​អោយ​រូប​នាង​ដួល​ដេក​ស្ដូក​លើ​ក្ដារ​។ លើ​ខ្នង​សេះ ​មានន្ទ​ឈឺ​ចាប់​ក្នុង​ចិត្ដ​ជា​ពន់​ពេក​។ ភ្នែក​លែង​មើល​អ្វី​ឃើញ ត្រចៀក​លែង​លឺ​អ្វី នេះ​ហើយ​ដែល​ជា​ស្ថាន​ភាព​ដែល​អ្នក​រស់​។ ​ក្នុង​​កេសា​របស់​​អ្នក​​ហាក់​មាន​អ្វី​វិល​ស្លុង​ នាំ​អោយ​នឹក​អ្វី​ពុំ​ឃើញ​ គិត​អ្វី​ក៏​ពុំ​យល់ មាន​តែ​រឿង​នាង​ទេវី​កាឡ​កណ្ណី​ប៉ុណ្ណោះ​ទេ​ដែល​មក​បុក​ដើម​ទ្រូង​អ្នក​ញ៉ាំង​ៗ គ្មាន​ត្រា​ប្រណី​។ បុរស​នឹក​ឃើញ​កាល​គ្រា​មុន​ អ្នក​ស្រ​លាញ់​ស្រ្ដី​នេះ​យ៉ាង​អស់​ពី​ពោះ​។ អ្នក​បាន​ប្ដេជ្ញា​ថា​ រស់​ស្លាប់​ជា​មួយ​ទេវី​តែ​មួយ​រហូត​រៀង​ទៅ​ ដោយ​ជឿ​ថា ជីវិត​អ្នក​មុខ​ជា​បាន​រស់​និត្យ​នៅ​ជា​មួយ​នាង​មិន​ខាន​។​ ហើយ​ស្មាន​ទៀត​ថា នាង​មុខ​ជា​ធ្វើ​អោយ​អ្នក​ បាន​សប្បាយ​ជា​និច្ច​វិញ​។

មានព​ប្រឹង​ត្រិះ​រិះ​រក​ឃើញ​ថា កាល​ស្រ​លាញ់​គ្នា​នោះ នាង​នេះ​បាន​និយាយ​នឹង​អ្នក រួច​កាល​និយាយ​គ្នានោះ​ នាង​បាន​បង្ហាញ​អោយ​ឃើញ​ថា នាង​ស្មោះ​ត្រង់​មែន​ស្ទើរ​ហ៊ាន​ចាត់​ទុក​ថា គ្មាន​នារី​ណា​មួយ​មក​ប្រៀប​បានឡើយ​ ពី​ព្រោះ​គ្រប់​ពាក្យ​ដែល​នាង​ចេញ​ស្ដី នាង​គ្មាន​បាន​គិត​ទេ ស្រី​និយាយ​រអិល​រូ​អិត​ទាក់​។ រី​អែ​ពាក្យ​មួយ​ម៉ាត់​ៗ​ បុរស​ជា​សង្សារ​សង្កេត​ឃើញ​ទឹក​ចិត្ដ​មែន​ៗ នៃ​សេច​ក្ដី​ស្នេហា​។ មក​ដល់​មួយ​ពេល​នេះ ទេវី​ស្រី​ដាច់​ចិត្ដ​មាន​សហាយ​ទៀត​ ភ្លេច​អ្នក​ជា​ប្ដី ភ្លេច​អស់​ពាក្យ​សំដី​ ភ្លេច​អស់​អំពើ​ដែល​ធ្វើ​ទៅ​វិញ​ទៅ​មក​តាំង​ពី​អំពើ​តូច​តាច​ បន្ដិច​បន្ដួច​រហូត​ដល់​ទៅ​លូក​ដៃ​​ចោល​ខ្លួន​ទាំង​ស្រុង​ចូល​ក្នុង​រង្វង់​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ដល់​រួម​រស់​ រួម​មេត្រី​នែប​និត្យ​​គ្នា​ជា​ប្ដី​ប្រពន្ធ​។

មានន្ទ​នឹក​ឃើញ​សព្វ​គ្រប់​ដូច្នោះ​ អ្នក​អស់​កំលាំង​ចិត្ដ​ហេវ​នឹង​រក​ជឿ​ស្រី​ណា​ទៀត​មិន​បាន​។ ក្នុង​ពេល​នោះ អ្នក​ចាត់​ស្រី​ទាំង​អស់​ជា​ភេទ​​អប្ប​លក្ខណ៍​ អាក្រក់​រក​គ្មាន​។ ភេទ​មោហៈ​ នេះ​ជា​ភេទ​ស្រើប​ស្រាល​ នឹង​កាម​រាគ​ ចិត្ដ​មិន​ធ្ងន់ មិន​ចេះ​អត់ មិន​ស្គាល់​ខុស​ត្រូវ​អាក្រក់​ល្អ ស្រេក​ឃ្លាន​នឹង​កាម​គុណ ឃ្លាន​ ! ឃ្លាន​ ! . . . ណាស់​ឃ្លាន​រហូត​ទៅ​ក្បត់​។ មានន្ទ​ខាំ​ធ្មេញ​ ដោយ​ហាក់​មើល​ឃើញ​នាង​ទេវី​ធ្វើ​រិក ធ្វើ​ពា​រក​កាមា​ជា​សហាយ​។ កំលោះ​ហាក់​ឃើញ​នាង​ញញឹម​ដោយ​អិត​អៀន​ខ្មាស​ ដាក់​ប្រុស​ថ្មី​ ហាក់​ឃើញ​នាង​បើក​ទ្វារ​អោយ​គេ​ចូល​មក ដោយ​ស្ទុះ​ទៅ​ទទួល​គេ ចោល​ខ្លួន​ទាំង​ស្រុង​ ទៅ​ក្នុង​កន្ដាប់​ដៃ​គេ បណ្ដោយ​អោយ​គេ​អោប​រិត​ដូច​កាល​នាង​បាន​ធ្វើ​ជា​មួយ​អ្នក​ដែរ​។ ស្រី​រិស្សា​នេះ និយាយ​រក​គេ ដូច​បាន​និយាយ​នឹង​អ្នក​ជា​ប្រាកដ​។

  មានន្ទ​នឹក​ទៀត​ថា បើ​អ្នក​មក​ទាន់​ក្នុង​ពេល​នោះ អ្នក​មុខ​ជា​ហូត​ដាវ​វាត់​អោយ​ដាច់​ចង្កេះ​ទាំង​ពីរ​នាក់​អោយ​ស្លាប់​ ជា​មួយ​គ្នាមួយ​រំពេច​មិន​ខាន​។ ក្រោយ​ពី​សុបិន​នេះ ​មានន្ទ​សន្មត​ថា ស្រី​ដែល​មាន​រូប​ល្អ​ជា​ស្រី​មាន​ចិត្ដ​អាក្រក់​ ។ រូប​វា​ល្អ​ណាស់​ វា​អាង​រូប ចង់​អោយ​តែ​គេ​រាល់​គ្នា​ស្រលាញ់​វា​។ អោ ​! ទេវី ​! ស្រី​ទាំង​អស់​អា​ក្រក់​គ្មាន​សល់​មួយ​នាក់ ទោះ​មាន​រូប​មិន​ល្អ​ក៏​ដោយ គឺ​ថា​ណា​មួយ​ក៏​ដូច​ណា​មួយ​។ អាស្រ័យ​ ហេតុ​នេះ​ មា​នន្ទ​នឹក​ដល់​ព្រះ​ពុទ្ធ​អង្គ​លោក​បាន​ហៅ​ចំ​ជា​កំពូល​មនុស្ស​មែន​។ លោក​យល់​រឿង​នេះ រួច​បាន​លះ​បង់​ទាំង​អស់​ដើម្បី​ព្រះ​និព្វាន​ដែល​ជា​ស្ថាន​ផុត​ទុក្ខ​។

 ជិះ​លើ​ខ្នង​សេះ​មានន្ទ​វង្វេង​អស់​ស្មា​រតី​។ នឹក​ម្ដង​ឃើញ​ថា​ត្រូវ​សំលាប់​ស្រី​ៗ​អោយ​អស់​។ នឹក​ម្ដង​ឃើញ​ថា ត្រូវ​សំលាប់​ប្រុស​ៗ​ដែល​អា​ក្រក់​ទៅ​ស្រលាញ់​ប្រពន្ធ​គេ​អោយ​អស់​បាន​ត្រូវ​ជាង​។ នឹក​ត​ទៅ​ទៀត​ឃើញ​ថា​ ទេ​! កុំ​រវល់​នេះ​ហើយ​ជា​ជីវិត​ មាន​ទុក្ខ មាន​សុខ មាន​ក្បត់ មាន​ស្រលាញ់​ មាន​ស្អប់ . . . ​៘

  សំរេច​សេច​ក្ដី​ មាន​ន្ទនៅ​តែ​មាន​ទុក្ខ​ដដែល​។ វាល​ដែល​អ្នក​កំពុង​ជិះ​សេះ​កាត់​ធំ​ល្វឹង​ល្វើយ​ បី​ដូច​វាល​វដ្ដ​សង្សារ​ដែល​អ្នក​កំពុង​ឆ្លង​កាត់​។ អ្នក​ឃើញ​ថា អ្នក​ប្រឹង​ទៅ​មុខ​តែ​ម្នាក់​អែង​ត្បិត​គូ​ស្នេហា​គេ​ចោល​អ្នក​ហើយ​។ វាល​នេះ​មើល​យូរ​បន្ដិច​ទៅ​ ក្លាយ​ទៅ​ជា​មហា​សាគរ​មួយ​ដ៏​ធំ​ក្រៃ​លែង​ ដែល​រក​មើល​ជើង​មេឃ​ពុំ​ឃើញ​​។ ខ្យល់​ដែល​បក់​រវិច​ៗ​ ក្លាយ​ទៅ​ជា​ខ្យល់​ព្យុះ​ព្យោ​មា​យ៉ាង​ខ្លាំង​អនេក​។ សេះ​ដែល​អ្នក​ជិះ​ក្លាយ​ជា​កូន​ទូក​តូច​មួយ​ ដែល​ឃ្លេង​ឃ្លោង​ៗ កណ្ដាល​សមុទ្រ​បោក​បក់​ដោយ​ជំនោរ​ខ្យល់​។ តែ​កូន​ទូក​នេះ គឺ​មានន្ទ​ដែល​ភ័យ​ប្រឹង​ត​ស៊ូ​នឹង​ខ្យល់​កុំ​អោយ​លិច​ទូក​បាន​។

-ទឹកភ្នេកក៏ហូរចេញពីភ្នែកមានន្ទធ្លាក់ដល់ដី។
-អតីតសង្សារនាងទេវីនឹកសង្វេគខ្លួនពន់ពេក
-បុរសពុំដែលយំសោះ តែក្នុងពេលនេះអ្នកយំ ។ អ្នកនិយាយក្នុងចិត្ដថា :

- ទេវី​អូន​ ! បង​ព្រាត់​ពី​អូន​តាំង​ពី​ពេល​នេះ​ហើយ​! អូន​ជា​គូ​កម្ម​ នឹង​បង​ទេ ​។ បង​មិន​ធ្វើ​អ្វី​ដល់​អូន​ទេ​! កុំ​ព្រួយ​។ បង​មិន​ចង​ពៀរ​ទេ​។ សូម​អូន​ទៅ​រស់​ជា​មួយ​គូ​ថ្មី​របស់​អូន​ចុះ រស់​អោយ​បាន​សប្បាយ​តាម​បំណង​ចិត្ដ​អូន​ចុះ​។ បង​មិន​ខឹង​ទេ​ ពី​ព្រោះ​បង​ធ្លាប់​ដែល​បា​ន​រួម​រក្ស​រូប​អូន​ហើយ​។ បង​មាន​ជ័យ​ជំនះ​លើ​អូន​ជា​និច្ច មាន​តែ​អូន​ទេ​ដែល​ចោល​បង​នោះ​ ចាញ់​បង​។ បង​ឈប់​ស្រលាញ់​អូន​ទៀត​ហើយ​ព្រោះ​អូន​ស្រលាញ់​គេ​។ បង​មិន​ស្ដាយ​អូន​ទេ​ ព្រោះ​អូន​មិន​ស្ដាយ​បង​។ ពី​ពេល​នេះ​ទៅ​អូន​ដើរ​ផ្លូវ​មួយ បង​ដើរ​ផ្លូវ​មួយ ​ព្រោះ​ផ្លូវ​យើង​ដើរ​នោះ​វា​បែក​គ្នា​។​ អូន​មាន​សង្សារ​ថ្មី​ បង​ដើរ​ទៅ​មុខ​តែ​ម្នាក់​អែង​ គ្មាន​សង្សារ​។ អូន​នៅ​តែ​មាន​ទុក្ខ​ បង​ផុត​អស់​ទុក្ខ​ហើយ​​។ អូន​នៅ​តែ​មាន​ចំណង​ចង​ បង​ទៅ​ណា​ក៏​បាន​ធ្វើ​អ្វី​ក៏​បាន​ ដេក​ត្រង់​ណា​ក៏​បាន បាយ​ត្រង់​ណា​ក៏​បាន​តាម​ចិត្ដ​អិត​ចំណង​។ បង​មាន​ប្រៀប​លើ​អូន​ជា​និច្ច​ ព្រោះ​ថា​បើ​ប្ដូរ​ប្រុស​ របស់​អូន​នឹង​បង​ គង់​ឃើញ​ថា បង​គ្រាន់​បើ​ជាង​ប្រាកដ​ ទាំង​ផ្លូវ​ចិត្ដ​ ទាំង​ផ្លូវ​លើ​សីល​ធម៌​ ទាំង​ផ្លូវ​មនុស្ស​ធម៌​ ទាំង​ផ្លូវ​តំរិះ​វិជ្ជា​ ទាំង​ផ្លូវ​បុណ្យ​សក្ដិ​ ទាំង​ផ្លូវ​ថ្លៃ​ថ្នូរ​។ លើ​ពិភព​ផែន​ដី​នេះ តើ​អូន​រក​មនុស្ស​ណា​អោយ​បាន​ដូច​បង​ទៀត​ទេ ​?​។ បង​ជា​មនុស្ស​ចេះ​ជួយ​សង្គ្រោះ​គេ​ ដោយ​មិន​គិត​គ្រោះ​ខ្លួន​ ចេះ​គោរព​ស្រលាញ់​គេ​ជាង​ស្រ​លាញ់​ខ្លួន​អែង​ ចេះ​ឈឺ​ឆ្អាល​ដល់​រឿង​គេ​ដោយ​អិត​គិត​ដល់​រឿង​ខ្លួន​ហួស​ហេតុ​ ចេះ​ជួយ​កិច្ច​ការ​​អោយ​គេ ហ៊ាន​ធ្វើ​ការ​អោយ​គេ ទោះ​តែ​ម្នាក់​អែង​ក៏​ហ៊ាន​ធ្វើ​ដែរ​។ អោ​! អូន​ទេវី​!​ អូន​ស្រលាញ់​គូ​ថ្មី​ព្រោះ​អ្វី ​? ព្រោះ​ប្រាក់​មែន​ទេ​? ព្រោះ​គេ ចេះ​សប្បាយ​ហ៊ីហា​ ព្រោះ​គេ​ចេះ​បញ្ឆោត​ ចេះ​បោក​ផង​មែន​ទេ ​?​។ ទេវី​អូន ​! បង​ពុំ​ចេះ​ដូច​គេ​ទេ​។ ហេតុ​នេះ​ សេច​ក្ដី​សំរេច​វាសនា​អូន​ គឺ​អូន​។ បង​ទុក​អែក​សិទ្ធិ​នេះ​លើ​អូន​ចុះ តែ​បង​គ្រាន់​តែ​អាណិត​អូន​ដោយ​ស្រី​មើល​តំលៃ​មនុស្ស​ខុស​។​ ទេវី​អូន​!​ បង​ខំ​បំភ្លេច​រឿង​អូន​ និង បង អោយ​ភ្លេច​សូន្យ​ពី​ពេល​នេះ​ទៅ​។

  ព្រះ​អាទិត្យ​ជ្រៀង​ជ្រេ​គង​លើ​ភ្នំ​ស្វាយ​ហើយ​។ ពពក​ក្រហម​ឆ្អៅ​នៅ​ផ្ដុំ​រាយ​មាយ​ត្រង់​នេះ​ ត្រង់​នោះ​។ ឃើញ​មេឃ​ចិត្ដ​កើត​ក្ដី​សង្វេគ​ ដោយ​​នឹក​រលឹក​ដល់​ពេល​ដែល​ទ្វីប​លោក​ត្រូវ​ឆេះ​កល្ប​ទៅ​អនា​គត​។ គឺ​ក្នុង​ពេល​ចុង​បំផុត​នេះ​ហើយ​ ដែល​មនុស្ស​ត្រូវ​រលាយ​រូប រលាយ​ខន្ធ​ ប្រាស​ចាក​អស់​ទុក្ខ​ផង​ទាំង​ពួង​។ អោ​! គឺ​ថ្ងៃ​គង​ភ្នំ​នេះ​ហើយ​ដែល​លោក​អ្នក​ចាំ​បាន​ថា មានន្ទ​សន្យា​ជួប​កាមា​ជា​ប្អូន​។ មានន្ទ​ស្ទុះ​លោត​លើ​ខ្នង​សេះ​បំផាយ​ត្រង់​ឆ្ពោះ​ទៅ​ដើម​ពោធិ​កណ្ដាល​ស្រែ​ដែល​បាន​និយាយ​ទុក​។ តាំង​ពី​ព្រឹក​មក​ អ្នក​លេប​បាយ​ពុំ​រួច ដេក​ពុំ​លក់​ចេះ​តែ​រសាប់​រសល់​។ លុះ​ដល់​ទី​កំនត់​អ្នក​លោត​ចុះ​ពី​លើ​ខ្នង​អាជ​នេយ្យ​ដែល​អ្នក​ចង​នៅ​ជិ​តនោះ​។ បុរស​ច្រត់​កែង​ដៃ​ទាំង​ពីរ​នៅ​ចង្កេះ​ដើរ​ចុះ​ដើរ​ឡើង​ មើល​នាយ​អាយ​រួច​ឈរ​គិត​រឿង​ដដែល​តែ​មួយ​ គឺ​រឿង​នាង​ទេវី​ជា​ភរិ​​យា​ក្បត់​ចិត្ដ​អ្នក​។

  នៅ​ជើង​មេឃ​ សេះ​មួយ​ទៀត​ផាយ​កាន់​តែ​ជិត​មក​។ មានន្ទ​ឈប់​ឈរ​នៅ​ស្ងៀម​មើល​សេះ​នេះ​។ លុះ​បាន​មក​ដល់​ជិត អ្នក​ជិះ​សេះ​លោត​ចុះ​មក​ដី​លែង​​សេះ​អោយ​បរិ​ភោគ​ស្មៅ​ទើប​មក​គោរព​មានន្ទ​យ៉ាង​គួរ​សម​។

លំដាប់​នោះ​គេ​លឺ​សូរ​តែ​ដាវ​វីត​ៗ ផាំង​ៗ គួរ​ស្ញើប​ក្រៃ​ពេក​។ ជន​ទាំង​ពីរ​សុទ្ធ​សឹង​តែ​ចំនាន​ក្នុង​វិធី​កាន់​អាវុធ​។ ជន​ទាំង​ពីរ​ជួន​កាល​ជួប​ជិត​គ្នា ស្អិត​ដូច​តាំង​ម៉ែ ជួន​កាល​ថយ​ឆ្ងាយ​ពី​គ្នា​។ ជួន​កាល​មានន្ទ​ជា​បង​ជំពប់​ជើង​ដួល​ កាមា​ស្ទុះ​ទៅ​បំរុង​សំលាប់​ចោល​ តែ​មានន្ទ​គេច​ផុ ត​បណ្ដាល​អោយ​កាមា​ជ្រុល​ខ្លួន​ដាំ​ទីង​នឹង​ដី​។ រួច​ក្រោក​ឡើង​ទាំង​ពីរ​វិញ​បន្ទាន់​បន្ទាប់​គ្នា ចុង​ដាវ​ក៏​ប្រ​កៀក​ប្រ​កិត​គ្នា​ជា​ថ្មី​។ កាមា​ដួល​វិញ​មានន្ទ​ ស្ទុះ​ទៅ​សង្កត់​ពី​លើ ប្រឹង​រមួត​ដៃ​ទប់​គ្នា​កុំ​អោយ​ចុង​ដាវ​ផ្ទាប់​ជាប់​នឹង​ក​ខ្លួន​ រួច​ធាក់​គ្នា​ដួល​ផ្កាប់​ផ្ងារ​។ មានន្ទ​ដួល​វិញ កាមា​ស្ទុះ​ទៅ​ចាក់​បុក​ជញ្ជ្រាំ​ពី​លើ​ដូច​គេ​រុត​ត្រី​។ តែ​មានន្ទ​គេច​ឆ្វេង​ស្ដាំ​ផុត​។ រួច​ផ្លែ​ដាវ​ទាំង​គូ​មក​ប្រកួត​គ្នា​វិញ​ដដែល​យ៉ាង​ស្វិត​ស្វាញ​។

មានន្ទមានវាចាថា :
- អញទុកចិត្ដអែង។ អញជឿសម្បថអែង ព្រោះអែងស្បថអោយអញ អែងមកក្បត់អញវិញ
កាមាសើច
- ហ៊ីៗៗ មនុស្សក្បាលខ្មៅ គ្មានសម្បថអែណា គ្មានពាក្យសច្ចាអែណាធំជាងចិត្ដទេ
- អញប្រដៅអែងអោយដឹងបន្ដិច
- អិតប្រយោជន៍ទេបង ! ខ្ញុំប្រដៅបងអោយចេះស្រលាញ់ស្រី កុំអោយទុកចិត្ដស្រី
- បើក្នុងពេលនេះ អញសំលាប់អែងមិនបាន អញសុខចិត្ដស្លាប់
- ប្រាកដហើយ
- អញយកឈាមអែងលាងអាមាស់ដែលអែងបានប្រព្រឹត្ដ
-តាមចិត្ដ
- អញកាត់ក្បាលអែងដោតអោយអ្នកផងមើល
- តាមត្រូវការ
- អែងនេះហៅចំជាព្រហើន
- ពិតមែន អ្នកណាមិនស្គាល់កាមា ? បងអែងនេះជាមនុស្សយ៉ាប់ណាស់ បានប្រពន្ធមួយ ប្រពន្ធនោះក្បត់ ហាស់ៗ

 លុះ​កាមា​និយាយ​ដូច្នោះ​ មានន្ទ​នឹក​ខឹង​នាង​ទេវី​ក្រៃ​ពេក​។ រូប​នាង​លេច​ចេញ​នៅ​ចុង​ដាវ លេច​ចេញ​នៅ​មុខ​ អ្នក​ខាំ​ធ្មេញ​ដាក់​អ្នក​ សំលក់​អ្នក​ រូប​នេះ​ញញឹម​ដាក់​អ្នក​ សំពះ​អ្នក​ អង្វរ​អ្នក​។ មានន្ទ​ភ្លេច​នឹក​ដល់​អាវុធ​ដែល​កំពុង​កាន់​ ស្រាប់​តែ . . . អុ​! ស្រាប់​តែ​ចុង​ដាវ​របស់​កាមា​ស្ទុះ​វ៉ីត​មក​បុក​ចំដើម​ទ្រូង​អ្នក​។ បុរស​ផៀង​ខ្លួន​តែ​ពុំផុត​ ចុង​ដាវ​រុក​ចូល​ក្នុង​ស្មា​ស្ដាំ​ ឈាម​ហូរ​ខ្ចាយ​ក្រហម​ឆ្អៅ​។ ចុង​ដាវ​ធ្វើ​អោយ​អ្នក​ចុក​ពើត​ក្រៃ​លែង​។ កាមា​បាន​អោ​កាស​នេះ​វាយ​ផ្ដាច់​ព្រ័ត្រ​ កាប់​ឆ្វេង​ស្ដាំ ពី​ចំហៀង​ មានន្ទ​ប្រឹង​រង​គេច​យ៉ាង​ត្រដរ​។ ក្នុង​ពេល​នោះ​មានន្ទ​ដឹង​ខ្លួន​ឡើង​ថា អ្នក​កំពុង​តស៊ូ​ដើម្បី​រស់​ ទើប​អ្នក​ផ្លាស់​ដាវ​មក​កាន់​ដៃ​ឆ្វេង​វិញ ចាក់​ត​ទៅ​ទៀត​។

កាមាសើចយ៉ាងរីករាយ
- ម៉េចបង បងថាយកឈាមខ្ញុំ អីលូវគឺបងទេដែលហូរឈាម
- អត់ទាន់អីទេ ! ប្អូន !
សូរដាវក៏លាន់លឺរន្ថើនយ៉ាងខ្លាំងឡើងវិញដដែល។
និយាយ​ពី​អ្នក​ស្រុក​ដែល​ដឹក​គោប​ញ្ចូល​ក្រោល​ ដើរ​ជិត​នោះ កាល​បើ​បាន​ឃើញ​មានន្ទ​ និង​កាមា​ប្រកាប់​ប្រចាក់​គ្នា​ដូច្នាះ មាន​សេច​ក្ដី​ភិត​ភ័យ​យ៉ាង​ខ្លាំង​រត់​ទៅ​ភូមិ​ប្រាប់​អស់​ញាតិ​មិត្ដ​អោយ​មក​ជួយ​ជា​ប្រញាប់​។
តែ​ព្រះ​អាទិត្យ​លិច​បាត់​ទៅ​ហើយ​។ ពន្លឺ​ព្រះ​ចន្ទ​ក៏​បំភ្លឺ​ឡើង​ស្រាង​ៗ​។
អ្នក​ស្រុក​ខ្លះ​អុច​ចង្កៀង​ ខ្លះ​អុជ​ចន្លុះ​រត់​មក​ទី​សមរ​ភូមិ​នៃ​បង​ប្អូន​ទាំង​ពីរ​នោះ​ មាន​ចំនួន​ច្រើន​អនេក​​។ តែ​គ្មាន​អ្នក​ណា​មួយ​ហ៊ាន​ ចូល​ឃាត់​សោះ​ ពី​ព្រោះ​ដាវ​ទាំង​ពីរ​នៅ​តែ​ប្រកៀក​ជាប់​គ្នា​ជា​និច្ច​។ ដល់​ឃើញ​អ្នក​ស្រុក​មក​កាន់​តែ​ច្រើន​ឡើង មានន្ទ​ប្រកិត​ដាវ​របស់​កាមា​ ជាប់​រួច​និយាយ​ថា​:
- ចូលប្អូនប្រុងខ្លួនអោយមែនទែនហ្ន៎ា !
- ខ្ញុំអត់ភ័យទេ បងអែងចាក់ដៃឆ្វេងនោះ
- ដៃឆ្វេងបង ក៏ប្រើការបានដូចដៃស្ដាំ ប្រុងអូន !
  ដាវ​មានន្ទ​បុក​រុញ​ៗ​ទៅ​មុខ​ប៉ាច់​ៗ ដូច​ព្រួញ​ដែល​ដេញ​កាមា​ជាប់​។ កាមា​ភ័័យ​នឹង​ចុង​ដាវ​នេះ​ដែ​រ​ពី​ព្រោះ​ឃើញ​ថា​បង​ផ្លាស់​ស្នៀត​ថ្មី​ហើយ ទំងន់​ដៃ​ឃើញ​ថា ខ្លាំង​ជាង​ធម្មតា​រក​ទប់​ស្ទើរ​ពុំ​រួច តែ​កាមា​ប្រឹង​ឆ្មក់​រក​អោកាស​ល្អ​។ ក្រោយ​មក​ស្រាប់​តែ​ដាវ​មានន្ទ​វាត់​ក្រលាច់​ចំពាក់​កណ្ដាល​ដើម​ទ្រូង​កាមា​ ធ្វើ​​អោយ​កាមា​ដួល​តូង​ ក្រាប​ស្រប៉ាប​លើ​ដី​ឈាម​ហូរ​គគុក​។ កាមា​ប្រឹង​ក្រោក​ឡើង​ទៀត​ តែ​ដួល​ទៅវិញ​។ អ្នក​ស្រុក​លាន់​មាត់​ស្រែក​ថា អូយ​គ្រប់​ៗ​គ្នា​។
- កាមាប្រែខ្លួនធ្វើអ៉ឹះៗ
មានន្ទ​ដែល​អស់​កំលាំ​ង​ណាស់​ទៅ​ហើយ លុះ​ឃើញ​កាមា​អស់​ត​ដៃ​បាន ក៏​ជូត​ដាវ​ដែល​ប្រលាក់​ឈាម ស៊ក​ចូល​ក្នុង​ស្រោម​វិញ ដើរ​ទាំង​ធេង​ធោង​ៗ ទៅ​រក​សេះ​។ ដល់​ហើយ អ្នក​ឡើង​លើ​ខ្នង​អស្ស​ពាហ៍​បំបោល​ទៅ​ខាង​ទិស​អែ​ត្បូង​ក្នុង​ងងឹត​បាត់​ទៅ​។ អ្នក​ស្រុក​ដែល​ទៅ​មើល​ទាំង​ប៉ុន្មាន​ ក៏​លើក​កាមា​ឡើង ខ្លះ​ជួយ​ជូត​ឈាម​ខ្លះ​ជួយ​ស្រែក​ហៅ​ តែ​កាមា​សន្លប់​បាត់​ស្មា​រតី​យូរ​ណាស់​ទៅ​ហើ យ​។ អ្នក​សួរ​ដោយ​ភិត​ភ័យ​ថា​:
- ស្លាប់ហើយ រឺអី ?
- ទេ ! មិនទាន់ស្លាប់ទេ
- របួសតិច រឺខ្លាំង ?
- របួសខ្លាំងណាស់ មិនដឹងជាស្លាប់ រឺរស់ទេ
អ្នកទាំងអស់គ្នាក៏សែងកាមាយកទៅគេហដ្ឋានព្រះកំពុតទាំងយប់អិតបង្អង់ឡើយ។