អក្សរសិល្ប៍ខ្មែរ
រឿងមហាចោរនៅទល់ដែន
ដោយសាង សាវាត
©រក្សាសិទ្ធិគ្រប់យ៉ាង
****************************************
១១ - តដៃដោះខ្លួន
ថ្ងៃសៅរ៍ ទី30.កក្កដា 2016.ម៉ោង 8:10
កាលមានន្ទបានទឹកផឹកឆ្អែតឆ្អន់ហើយ អ្នកបំផាយសេះទៅភូមិរហាត់ទឹកដោយបោលកាត់តាមវាលស្រែដ៏ធំល្វឹងល្វើយ។ អ្នកបានប្រាប់គេថា អ្នកធ្វើដំណើរទៅបាត់ដំបង។ ប្រាប់យ៉ាងនេះ ដើម្បីបង្វែងដានទេ។ ដល់ចុងភូមិរហាត់ទឹកនេះ បុរសបំបោលសេះតំរង់ទៅផ្ទះមួយតូច ដែលសង់ដាច់ពីគេនៅកៀនព្រៃ។ បុរសម្នាក់អាយុប្រមាណសែសិបឆ្នាំកាន់ចន្លុះមួយចេញមក។ លុះឃើញស្គាល់ជាក់ថា អ្នកជិះសេះជាមានន្ទ អ្នកកាន់ចន្លុះក៏គ្រវីចន្លុះឡើងរីករាយហើយស្រែកថា :
- - អា ! ជយោលោកគ្រូ ! ជយោលោកគ្រូ មកពីណា ?
- ក្នុងសេចក្ដីរីករាយនេះ ទាំងកាយ ទាំងវាចាររបស់អ្នកកាន់ចន្លុះ គេសង្កេតឃើញនូវការគោរពស្រលាញ់យ៉ាងខ្ជាប់ខ្ជួនជ្រាលជ្រៅ។ មានន្ទសំរូតចុះពីលើខ្នងសេះដោយអស់កំលាំងខ្លាំងពេក។ មានពស្ទុះទៅអោបសហជីវិនចាស់របស់អ្នកយ៉ាងខ្លាំងដោយក្ដីរលឹក។ មិត្ដចាស់នេះ ឈប់ធ្មឹងបាត់សើចសប្បាយវិញ រួចសួរយ៉ាងស្ងួតថា :
- - អោ ! លោកគ្រូរបួសផង ?
- ថាហើយអ្នកម្ចាស់ផ្ទះស្ទុះទៅគ្រាហ៍មានន្ទដោយថ្នាក់ថ្នម។ មានន្ទញញឹមឆ្លើយថា :
- - អឺ ! ខ្ញុំរបួស
- - អ្នកណាអាចកាប់លោកគ្រូត្រូវយ៉ាងនេះ ?
- មានន្ទញញឹមទៀត។ បុរសកាន់ចន្លុះផ្លាស់ទឹកមុខពីស្រពោនទៅចងចិញ្ចើម។ សំលេងមួយបន្លឺលាន់លឺឡើងតិចៗថា:
- - ក្នុងភូមិភាគនេះ មានតែលោកគ្រូមួយទេ ម្ដេចក៏មករបួសយ៉ាងនេះ មកឆាប់អញ្ជើញលោកគ្រូចូលខាងក្នុងភ្លាម
- - អឺ ! ឆាប់ឡើង
- - មានការរឺទេ ?
- - ប្រហែលមាន បងគីអែងសុខសប្បាយជាទេ ?
- - សុខ និង ទុក្ខជាធម្មតា តែកុំអាលសិន សំរាន្ដលើគ្រែនេះផ្អែកទៅនឹងខ្នើយ ចាំខ្ញុំដាំទឹកលាងឈាមអោយស្អាត រួចចាំខ្ញុំរុំរបួសអោយស្រួល មើលៗ តើមុខរបួសធំទេ!
- - មិនអីទេ ?
- - អោ! ព្រះអើយ! ធំដែរ ម្ដេចឈឺទេលោកគ្រូ ឈឺខ្លាំងរឺ? មានន្ទប្រឹងធ្វើមុខជូរ តែអ្នកខំប្រឹងញញឹមអោយសហជីវិនរបស់អ្នកបានធូរទ្រូង។
- - មិនជាអ្វីទេ
- - លោកគ្រូសំរាន្ដនៅអោយស្ងៀម ទុកខ្ញុំធ្វើការនេះ
- នាយអគ្គីឆ្លេឆ្លារហ័សជើងស្ទុះចូលទៅក្នុងផ្ទះបាយ ដុតភ្លើងដាំទឹកឆេះអោយទង្គោល រួចមកច្របាច់ដៃជើងអោយមានន្ទ។ នាយអគ្គីនិយាយស្ទើរយំថា :
- - ខ្ញុំនឹកលោកគ្រូណាស់។ យើងព្រាត់គ្នាយូរមកហើយ លោកគ្រូបានសុខសប្បាយជាទេ សូមនិយាយរឿងប្រាប់ខ្ញុំផង
- - បងគីអែងជាមិត្ដជីវិតមួយនឹងខ្ញុំ។ ខ្ញុំក៏នឹករលឹកបងណាស់ដែរ តាំងពីយើងបែកគ្នាមក។ ថ្ងៃនោះ តើបងគីភ្លេចហើយរឺនៅ? អឺ! គ្មានអ្នកណាអាចភ្លេចបានទេ ភ្លៀងស្រិបៗ ខ្យល់វូៗ គេដេញបាញ់យើង។ បងគីអែងបែកទៅ ខ្ញុំតដៃនឹងខ្មាំងសំលាប់អស់ជាច្រើនដល់មានអោកាសល្អ ខ្ញុំគេចផុតឆ្ងាយពីសត្រូវ។ ខ្ញុំរត់រកបងគីអែងគ្រប់កន្លែង ស្រែកហៅតែពុំឃើញខ្ញុំខ្លោចចិត្ដនឹកថា បងគីអែងស្លាប់បាត់ទៅហើយ។ ផុតពីនោះ ខ្ញុំក៏ចូលទៅនៅសិរីសោភ័ណ។ ខ្ញុំសុខសប្បាយជាទេ ពីនោះមកខ្ញុំមានប្រពន្ធ .
- បុរសឈ្មោះអគ្គី កាលលឺមានន្ទថ្លែងថាមានប្រពន្ធក៏ប្រែជាសប្បាយសើចយ៉ាងស្រស់វិញ
- - យី ! អីលោកគ្រូមានប្រពន្ធហើយ ?
- តែមានន្ទធ្វើទឹកមុខស្មើដដែល
- - អឺ ! កុំអរ . . កុំសើច . . គឺជារឿងកំសត់ . . ខ្ញុំស្រលាញ់គេគេស្រលាញ់ខ្ញុំ គ្មានសេចក្ដីស្នេហាអែណាអាចមកប្រៀបធៀបនឹងសេចក្ដីស្នេហារបស់យើងទាំងពីរនោះទេ។ នាងនោះមានរូបល្អ។ អោ! ល្អមែន . . .
- នាយគីទះដៃដោយត្រេកអរ
- - លោកគ្រូមានសំនាងណាស់
- មានន្ទសញ្ជឹងគិត ខាំធ្មេញ ជ្រួញភ្នែក សំលឹងមើលទៅលើ
- - ទេ! មិនដូច្នោះទេ! ក្រោយមកស្រីនេះ......អោ! បងអើយ.... ស្រីនេះក្បត់ខ្ញុំ គេលួចមានសហាយ
- អី....បង បង មានសហាយ . . .
- នាគីប្រែទឹកមុខ ស្រលាំងកាំងបើកភ្នែកធំ
- - យី ! ម៉េចក៏ដូច្នោះ ?
- មានន្ទ ដោយទឹកមុខស្ងួតដដែល និយាយដោយសំលេងមូលដដែលថា :
- - កុំឆ្ងល់ ស្រីខូច ស្រីកាឡកណ្ណី ស្រីអប្បលក្ខណ៍
- នាយគីងាកក្បាលសំលឹងគិត រួចសួរថា :
- - អ្នកណាជាសហាយ ?
- - ខ្ញុំនិយាយទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង គឺ . . . សហាយនោះគ្មានអ្នកអែណាក្រៅពីខ្ញុំទេ គឺសាច់ខ្ញុំ . . . ឈាមខ្ញុំ សរសៃខ្ញុំ . . .
- - អ្នកណា ? អ្នកណា ?
- មានន្ទនៅស្ងៀមយកដៃម្ខាងកាន់ស្មានាយគី ។ អាកប្បកិរិយានេះធ្វើអោយនាយគីរិតតែឆ្ងល់ទៅទៀត ។ ភ្នែកដែលនាយគីមើលចំមុខមានន្ទ ភ្នែកទាំងពីរនេះបញ្ចេញនូវរស្មីអង្វរមួយ ដែលធ្វើអោយបុរសកើតមានចិត្ដអានិត ស្រងាកក្នុងចិត្ដ ។ មានន្ទបន្ថែមទៀតថា :
- - កុំចង់ដឹងអី !
- - ទេលោកគ្រូ !
- - ជារឿងហួសអស់ទៅហើយ
- - ទេ លោកគ្រូ !
- - ជារឿងអិតប្រយោជន៍
នាយគីដាក់ភ្នែកចុះ តែគំនិតរិះគិតរកចំនុចខ្សោយរបស់មានន្ទ ដែលនិយាយទៅអាចអោយមានន្ទប្រាប់ខ្លួន ត្បិតអ្នកមានប្រយោជន៍នឹងដឹងរឿងរបស់មិត្ដដ៏ពិសេសថ្លៃថ្លានេះណាស់។ នាយគីស្រលាញ់មានន្ទនេះ គឺស្រលាញ់ពេក ទាល់តែចង់ដឹងនូវអស់រឿងរបស់មានន្ទ ទោះរឿងនោះជារឿងកំទេចកំទីក៏ដោយ អោយតែមានន្ទព្រមនិយាយរឿងអោយស្ដាប់។ ខាងក្រៅខ្យល់បក់រវិចៗ នាយគីនិយាយស្ងួត ហើយដោយតិចៗថា :
- - លោកគ្រូប្រហែលមិនទុកចិត្ដខ្ញុំហើយ បានជាមិនព្រមនិយាយប្រាប់ខ្ញុំសោះ
- ពាក្យនេះមានសំនួនខ្លាំងមែន ត្បិតមានន្ទបែរមកកាន់ដៃនាយគីជាថ្មីម្ដងទៀត រួចប្រាប់ថា :
- - កាមាប្អូនប្រុសខ្ញុំ . . .
- - យី ! កាមាហ៊ានដល់ប៉ុណ្ណឹង?
- - អឺ ! វាហ៊ានលូកថ្លើមខ្ញុំ តែអីលូវខ្ញុំចាក់វាត្រូវមួយដាវយ៉ាងទំងន់ ប្រហែលវាស្លាប់ហើយ អែខ្ញុំក៏ត្រូវរបួសនេះអែង
- - អោ ! ព្រះម្ចាស់ថ្លៃអើយ !
- - កុំអោយខាតពេលអឺ! កុំអោយខាតពេល កុំយំ កុំសើច ខ្ញុំនៅរស់នៅឡើយទេ។ តែត្រូវដឹងថា ពីពេលនេះទៅជីវិតយើងមានគ្រោះរដឹករហូតតាមផ្លូវហើយ
- - បាទ ៗ ខ្ញុំក៏សុខចិត្ដស្លាប់រស់ជាមួយលោកគ្រូដែរ
- - ប៉ុន្ដែបើស្លាប់ រឺ រស់ក៏ល្អមើល
- - បាទ ! បាទ !
- មានន្ទចាប់បាតដៃនាយគីច្របាច់យ៉ាងខ្លាំង ជាសញ្ញាយល់ព្រមប្ដូរជីវិតជាមួយគ្នា។ បុរសបន្ដសេចក្ដីទៅទៀតដូចតទៅ:
- - ទុក្ខយើងជាទុក្ខខ្មែរទាំងអស់គ្នា ។ ខ្ញុំមានគ្រោងការមួយយ៉ាងធំ
- - គឺអ្វី ?
- - គឺ លាងទុក្ខខ្មែរ ធ្វើជនជាតិយើងអោយបានរុងរឿងឡើងវិញ
- - ធ្វើយ៉ាងណា ?
- - តស៊ូ ! ដូចខ្ញុំតែងនិយាយប្រាប់បងមុនៗ ស្រាប់ហើយ
- - បាទ ! ខ្ញុំក៏តស៊ូដែរ
- - អឺ !ត្រូវតែយើងតស៊ូ វាយខ្មាំង វាយរបបគ្រប់គ្រង វាយគំនិតខ្ញុំគេ ភ្ជាប់ស្រុកខ្មែរមកខ្មែរវិញ តាមគន្លងអ្នកស្នេហាជាតិ
- - យល់ព្រមពេញទី !
- អគ្គីក្រោកឈរលើកដៃសច្ចា ។ មានន្ទញញឹម
- - តែការតស៊ូមិនមែនជាការងាយទេ។ អ្នកតស៊ូដើម្បីជាតិ គឺជាអ្នកដែលមានចិត្ដស្អាតល្អ ចេះស្រលាញ់គេ អានិតគេ រួចចង់ជួយគេមែនៗ គឺជាអ្នកដែលរម្យទមមិនចេះខឹង មិនខ្លាចការមានចិត្ដអំនត់ក្នុងកិច្ចការ។ អើបង! អ្នកតស៊ូ គឺមនុស្សដែលហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មានបុណ្យសក្ដិ ទ្រព្យសម្បត្ដិ ប្រពន្ធកូនជាដើម។ អ្នកតស៊ូមានតែទុក្ខ ជួបតែសេចក្ដីក្រអត់ឃ្លាន គ្មានពេលសប្បាយ រឺ ពេលទំនេរទេ រួចមានពេលខ្លះជាប់គុក រងទុក្ខទោសរហូតដល់ស្លាប់បង់ជីវិតផង។ ចេញទៅតស៊ូ គឺប្រាសព្រាត់អស់ចំណងស្នេហាទាំងឡាយដែលចងយើងដើម្បីឈោងចាប់យកភពមួយថ្មីដែលយើងអាចដាក់ឈ្មោះហៅបានថា «ភពអែកកា» រឺ «ភពសង្វេគ»។ នៅចុងក្រោយបំផុត ចេញទៅ តស៊ូ គឺចេញទៅបួស តែបួសនេះមានន័យធ្ងន់ជាងបួសធម្មតាទៅទៀត គឺបួសដើម្បីព្រះពុទ្ធសាសនាផង រួចដើម្បីជាតិផង ដើម្បីសេចក្ដីសុខ និង សេចក្ដីចំរើនរបស់មនុស្សទាំងអស់លើទ្វីបលោកផង។
- - ទឹកពុះហើយរឺ ?
- នាយអគ្គីស្ទុះភ្លេតចូលចង្រ្កាន កាន់យកកំសៀវមួយចេញមក អ្នកលាងចានដែកមួយយ៉ាងស្អាត រួចចាក់ទឹកពុះនោះក្នុងចានដែក។ អ្នកយកគមកធ្វើសំលីរួចលុបលាងមុខរបួសយ៉ាងថ្មមៗ រុំរបួសនោះយ៉ាងស្រួល។ បុរសធ្វើផងនិយាយផងថា:
- - គឺជាកិត្ដិយសមួយយ៉ាងធំណាស់ ដែលយើងតាំងខ្លួនយើងជាអ្នកតស៊ូនេះ។ ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ ដោយយល់ច្បាស់ថា លោកគ្រូ និង ខ្ញុំបានគិតត្រូវ។ មិនអីទេ យើងតាំងខ្លួនយើងជាអ្នកតស៊ូបានពេញទី ពីព្រោះយើងមិនដែលធ្វើអ្វីអាក្រក់នឹងអ្នកណា យើងមិនដែលប្លន់អ្នកណា យើងមិនដែលសេពសុរា លេងបៀ លួចកូនគេ។ យើងជាអ្នកបួសស្រេចទៅហើយ។ ចុះមិត្ដយើងអែទៀតទៅតាមយើងទេ?
- - ទៅ! ប្រាកដជាទៅដាច់ខាត
- - យើងទៅតាំងទីកន្លែងត្រង់ណា ?
- - គង់ដឹងទេ តែអីលូវនេះត្រូវដឹងថា យើងឈប់ចូលស្រុកហើយ
- - ជយោ ! លោកគ្រូ ! ហ៊ី រួចហើយអីលូវសូមលោកគ្រូសំរាកចុះ ខ្ញុំយាមមាត់ទ្វារជូន
- មានន្ទសើចចាប់ដៃនាយអគ្គីជាប់នៅស្ងៀមមួយស្របក់ រួចនិយាយថា :
- - យាមអែណា ខ្ញុំមិនទាន់បានសួរបងអែងផង
- នាយអគ្គីមុខស្មើ
- - អោ ! បាទ !
- - តើកាលពីយើងបែកគ្នានោះ បងអែងមានទុក្ខយ៉ាងណាខ្លះ ម៉េចមិនប្រាប់ខ្ញុំផង ?
- នាយអគ្គីឡើងស្រងូតស្រងាត់ឆ្លើយថា :
- - បាទ! ខ្ញុំបានវាយប្រលូកជាមួយខ្មាំងដែលរោមខ្ញុំដូចស្រមោច។ គេចាប់ខ្ញុំបាន។ ខ្ញុំនឹកថា អស់បានជួបមុខលោកគ្រូហើយ។ គេយកខ្ញុំទៅសំលាប់។ ខ្ញុំញញឹមមុខក្ដីមរណភាពនេះ។ បាទ! ខ្ញុំញញឹមព្រោះខ្ញុំពេញចិត្ដនឹងស្លាប់ ព្រោះខ្ញុំបានស្លាប់ដាយបានបំរើបុព្វហេតុមួយ ដ៏ល្អ គឺមាតុប្រទេស និង ជនជាតិយើងពិតៗ។ គាប់ជួនពេលនោះ នៅវេលាយប់ចង្រិតយំ អំពិលអំពែកហើរ ខ្យល់បក់ ផ្កាយរះព្រោងព្រាត ស្រីម្នាក់ជាបុត្រីមេកងមានចិត្ដអាណិតខ្ញុំ បានលួចចូលមកដោះលែងខ្ញុំ។
- បរិយាកាសនៃកិច្ចសន្ទនាក៏ប្រែរីករាយវិញ។ សំលេង :
- - អូ ! អូ ! អូ !
- - បាទ! នាងនោះល្អ ចិត្ដក៏ល្អទៀត គេថាអោយខ្ញុំរត់ទៅចុះ។ ខ្ញុំឃើញមុខនាងស្រពិលៗ។ ខ្ញុំក៏ប្រាប់នាងថា :
- - អូនកុំមើលងាយបង ៗមិនមែនជាមនុស្សចិត្ដអន់រត់ពីកណ្ដាប់ដៃខ្មាំងទេ។ អូនជាខ្មាំង នឹង បង អីលូវត្រូវការអូនហ៊ានយកកាំបិតមកបុកត្រង់ដង្ហើមបងអោយស្លាប់ទៅ មិនគប្បីមកដោះលែងបងដោយលួចលាក់ទេ។ នាងយំអោបដៃខ្ញុំដែលជាប់ចំណងនិយាយខ្សឹកខ្យួលថា :
- ច៎ាះ! ប្អូនសូមទោសបង ប្អូនជាមិត្ដ នឹង បងដែលមកដោះបងនេះ។ ជាកិត្ដិយសមួយរបស់ប្អូនដោយបានជួយជីវិតអ្នកស្នេហាជាតិម្នាក់។ ប្អូនមិនមែនខ្មាំងរបស់បងទេ ប្អូននិយាយ នឹង បងមិនបានវែងឆ្ងាយទេ។ តែប្អូនសូមបងជ្រាបថា សព្វថ្ងៃនេះប្អូនជាមនុស្ស។ ពួកនេះបង្កអោ យស្រុកយើងបង្ហូរឈាមគ្នា កាប់សំលាប់គ្នា ព្រាត់ប្រាសគ្នា បែកគូស្នេហា បែកកូនប្រពន្ធ បែកគ្រួសារ។ អោបង! បង! ពាក្យថាសង្រ្គាមៗ ធ្វើអោយប្អូនជាស្រីក្រៀមៗ ៗជានិច្ចក្រៀមគ្មានពេលល្ហែ ក្រៀមរាល់វេលា។ យប់ ថ្ងៃ ព្រឹក រសៀល ល្ងាច ប្អូនរាប់ពេល រាប់ម៉ោងនាទី ធ្មេចភ្នែកសួរថា «តើកាលណា ទើបបានសុខ ? ប្អូនចង្អៀតចិត្ដណាស់បង។ ខ្ញុំឆ្លើយតបថា:
- - ប្អូនមានចិត្ដដូចបង បងដែលខំច្បាំងនេះ ក៏ដើម្បីសេចក្ដីសុខសាន្ដត្រាណដែរ។ ដើម្បីអោយបានសុខនេះ លុះត្រាតែស្រុកត្រូវបានជាស្រុកអ្នកជា។ ស្រុកខ្ញុំគេ ចំបាំងនៅតែមាន។ ស្រុកមិនយុត្ដិធម៌ សង្គ្រាមនៅតែឆេះ។ ស្រុកមានគំនិតប្រកាន់ពួកក្រុម ការភាន់ប្រែនៅតែកើត។ ចំបាំងនេះពុំមែនធ្វើអោយប្អូនខ្លាច ប្អូនព្រួយ យំបារម្ភនោះទេ . . .
- - ទេ ! . . . ទេ . . . ប្អូនដឹងច្បាស់ណាស់ថា «បងធ្វើត្រូវ ប្អូនស្អប់ចំបាំងរុករានទេតើ គឺប្អូនស្អប់ខាងក្រុមពួកខ្ញុំសព្វថ្ងៃនេះ»
- - បងមិនទៅណាទេ
- - ទេ! ទេ!សូមបងអាណិតប្អូន អញ្ជើញទៅចុះទុកជីវិតបងដើម្បីបំរើសន្ដានចិត្ដខ្ពស់មួយ ដែលជាសន្ដានចិត្ដខ្មែររាល់គ្នាអោយបានសំរេចទៅចុះ
- - ប្អូនជាខ្មែរ រឺ ខ្មាំង ?
- - ច៎ាះ ! ប្អូនជាខ្មែរ
- - បងទៅណាមិនរួចទេ បងចង់ស្ដាប់សំដីអូន ចង់ស្លាប់រស់ជាមួយអូន
- - ទេ ! បងអានិតខ្មែរទាំងពួងផង ត្បិតខ្មែរទាំងអស់ត្រូវការបង . . . ទៅៗ អញ្ជើញទៅចុះ
នារីយំសោកស្ទើរបោកខ្លួននៅលើដី ដោយខ្ញុំពុំព្រមរួចខ្លួនសោះនោះ។ សូមលោកគ្រូគិតមើល តើអោយខ្ញុំទៅណារួច បើខ្ញុំទុកស្រីកំសត់នេះជាកំនប់មាសទៅហើយ។ ដល់ក្រោយមក ខ្ញុំក៏បបួលនាងទៅជាមួយខ្ញុំ។ អោ! រាត្រីកំសត់។ លោកគ្រូ! ខ្ញុំសូមសំរក់ទឹកភ្នែកមួយដំណក់ចុះនៅលើសេចក្ដីស្នេហា ដ៏ស្មោះត្រង់នេះ។ បាទ! នាងព្រមរត់ទៅជាមួយខ្ញុំ ពីព្រោះថ្ងៃជិតរះជីវិត ខ្ញុំជិតស្លាប់ហើយ។ យើងចេញដំណើរទៅ។ មិនយូរប៉ុន្មាន កងទ័ពខ្មាំងដេញតាមជាប់ពីក្រោយ។ អោលោកគ្រូអើយ! នាងនោះរត់មិនរួច ព្រោះគ្នាពុំធ្លាប់រត់ដូចពេលនោះសោះ។ ខ្មាំងក៏កាន់តែជិតមកជិតមក។ ខ្ញុំដកព្រួញបាញ់ វិញដោយប្ដេជ្ញាថា អោយស្លាប់ជាមួយគ្នាចុះ។ តស៊ូបានប្រមាណមួយសន្ទុះធំ ខ្មាំងព័ទ្ធជុំវិញខ្លួនអស់។ បាទ! ពេលនោះព្រួញអាសិរពិសមួយយ៉ាងកំណាចស្ទុះមកត្រូវនាងចំកណ្ដាលខ្នង ប្អូនជាគូជីវិតដួលដេកលើធរណី។ ខ្ញុំអោបនាង។ នាងយំដោយខ្សឹកខ្សួលប្រាប់ថា :
- - ប្អូនសំលាញ់បង ! (បងសំលាញ់ប្អូន ? )
- ខ្ញុំខ្សឹបប្រាប់វិញថា :
- - បងស្រលាញ់អូន !
- នារីញញឹមទឹកភ្នែកហូរសស្រាក់ ដាច់ខ្យល់ស្លាប់ភ្លាមមួយ រំពេច
- បាទ អោ ! ស្លាប់ទៅៗ
- នាយគី គ្រវីក្បាល
- មានន្ទអង្អែលខ្នងសួរថា :
- - ចុះយ៉ាងណាទៀត ?
- - បាទ!ខ្ញុំប្ដេជ្ញាក្នុងចិត្ដថា តស៊ូលុះត្រាស្លាប់ ខ្ញុំក៏ហូតដាវចូលប្រកាប់ប្រចាក់។ ខ្ញុំងងឹតមុខគិតតែពីប្រលូកគ្មានថយ រហូតដល់ខ្មាំងស្លាប់អស់ជាច្រើនដួលរណោងលើដី ឆ្លៀតអោកាសនោះខ្ញុំក៏ចាប់សេះមួយរត់មកទីនេះ។ តាំងពីនោះមកខ្ញុំលែងចង់បានប្រពន្ធទៀតហើយ។
- សូរជើងសេះមួយលាន់លឺឡើង។ នាយគីផ្ទៀងត្រចៀកស្ដាប់។ មានន្ទក្រោកអង្គុយប្រុងស្មារតី។ នាយគីស្ទុះភ្លែតទៅខាងក្រៅ។ ក្នុងងងឹត ពាជីមកដល់ នាយគីដកដាវខ្វាច់។ ចុងដាវនៅលើដើមទ្រូងអ្នកជិសេះជាស្រេច។
- - អ្នកណា ?
- - អញ
- - អូ អា កោប ! យី ! អាចង្រៃ ម្ដេចមកគ្មានអោយដំណឹងអញមុន . . .
- នាយកោបលោតពីលើខ្នងសេះ មកអោបអគ្គីយ៉ាងស្និទ្ធស្នាល
- - អញរវល់ណាស់មិនបានអោយដំណឹងអ្វីទេ។ មកទៅក្នុង
- - អាកោបទៅមិនបានទេ ឈប់ ! អាកោបអាអែងហ៊ានតែចូលអញសំលាប់អែងចោលអីលូវនេះ
- - អាឆ្កួត ! មានការ
- - ការអី ?
- - អញមកប្រាប់លោកគ្រូ
- - យី ! ម៉េចអាអែងដឹង ?
- - ហ៊ឺ រឿងអីអាកោបមិនដឹងនោះ ? ប្រយ័ត្ន ! ការសំខាន់ណាស់
- - ឈរនៅហ្នឹងហើយ ចាំអញទៅជំរាបគាត់ជាមុនសិន
- ពេលនោះសំលេងមានន្ទលាន់លឺឡើងពីលើគ្រែក្នុងបន្ទប់
- - អ្នកណា កោបរឺ ?
- - បាទ !
- - គីអោយកោបចូលមក !
- នាយគីរុញស្មានាយកោបអោយចូលមក។ នាយកោបធ្វើគារវកិច្ចដោយគោរព :
- - ខ្ញុំបាទមកនេះមានការប្រញាប់ណាស់។ លោកតាគីរីសុមេរុអោយខ្ញុំមកជំរាបលោកគ្រូថា «គេបានចាត់ទ័ពសេះមកតាមចាប់លោកគ្រូចំនួន១២នាក់»។
- - កោបអែងភ័យ រឺ គ្នាប៉ុណ្ណឹង?
- - បាទទេ!
- - គី ?
- -បាទ ទេ !
- - កោប ?
- - បាទ !
- - ត្រៀមខ្លួន
- នាយកោបញាក់មុខឆ្លើយថា :
- - បាទ
- មានន្ទក្រោកអង្គុយហាក់ដូចគ្មានឈឺអ្វី
- - បាន ! ខ្ញុំទទួលប្រាំនាក់ កោបទទួលបី គឺទទួលបួននាក់
- - បាទ !
- - បាទ !
- មានន្ទសួរទៀតថា :
- - អ្នកណានាំមក ?
- - និលពេជ្រ
- - អៃយ៉ា ! ទុកនិលពេជ្រអោយមកខ្ញុំចុះ កាលណាវាមកដល់
- នាយកោបងក់ក្បាល
- - បាទ ! មិនយូរទេប្រហែលបន្ដិចទៀត ព្រោះខ្ញុំលឺសូរជើងសេះតែពីក្រោយខ្ញុំគគ្រឹក
- - អឺ ! មិនជាអីទេ ។ អីលូវទៅរាំងទ្វាររបងអោយជិត។ កោបនៅម្ដាង គីនៅម្ខាងមាត់ទ្វារនេះ។ អែខ្ញុំនៅពួនគុម្ពផ្កាកណ្ដាល
- - បាទ !
- - មានទ្វារត់ទៅតាមក្រោយទេ ?
- នាយគឺឆ្លើយថា :
- -បាទ ! មានផ្លូវសំងាត់មួយ
- - របងគីអែងល្មមពួកវាចូលបានទេ ?
- - មានតែតាមមាត់ទ្វារប៉ុណ្ណោះ ព្រោះជុំវិញសុទ្ធតែរិស្សី
- - អឺ ! ល្អ ខ្ជិលទៅណា គឺអែងថយមុន កោបថយក្រោយ
- - បាទ !
- - បាទ !
- - យើងវាយតដៃដើម្បីដោះខ្លួនទៅតាមទ្វារក្រោយណ៎ា !
- - បាទ
- - បាទ
- - ដល់ខាងក្រៅតោងបំបែកគ្នា រួចទីជួបគ្នា គឺមាត់ពាមទន្លេសាប ព្រំប្រទល់ខ្មែរ -សៀម
- - ទល់ដែន!
- - ទល់ដែន !
- - កុំភ្លេចចូលទៅហៅអារុណ មហាកាល ស្រទំ ស្បៃវែងផងណ៎ា !
- - បាទ !
- - បាទ !
- - អីលូវទៅចាំនៅទីកន្លែងរៀងខ្លួនចុះ ព្រោះលឺសូរជើងសេះមកដល់ហើយ
និលពេជ្រនាំទ័ពបំផាយសេះយ៉ាងលឿនទាំងកណ្ដាលយប់។ នៅតាមផ្លូវ និលពេជ្របានសាកសួរដល់ពលដែលមកជាមួយ តើអ្នកណាស្គាល់ផ្ទះនាយគីនៅរហាត់ទឹក។ មានទាហានម្នាក់ឈ្មោះសាន បានឆ្លើយឡើងថា :
- បាទស្គាល់។
បានជានិលពេជ្រសួរដូច្នោះ ពីព្រោះដឹងច្បាស់ថា សេនាជំនិតដែលមានន្ទមាននៅជិតនេះគ្មានអ្នកណាក្រៅពីអគ្គីទេ។ អ្នកធ្លាប់ស្គាល់អគ្គីនេះ ដែលជាមនុស្សពូកែឆើតឆាយមួយដែរ។ មានន្ទត្រូវរបួសផង ប្រាកដជាទៅជ្រកផ្ទះអគ្គីមិនខាន។ អាស្រ័យហេតុនេះ អ្នកបញ្ជាទាហានអោយបំបោលសេះកាត់វាលតំរង់ទៅភូមិរហាត់ទឹកតែម្ដងទើបឆាប់ការ។ ក្នុងដំនើរដ៏ស្រូតរូតនេះ អ្នកលឺសូរជើងសេះមួយខាងមុខដែរ តែអ្នកនឹកស្មានថាជាសេះរបស់អ្នកស្រុកធម្មតាទេ។ កាលបើនាយសានឆ្លើយថា បានស្គាល់ផ្ទះអគ្គីច្បាស់ និលពេជ្រត្រេកអរយ៉ាងក្រៃលែង។ គ្រោងការមួយវាត់ភ្លែតក្នុងបញ្ញាអ្នក គឺគ្រោងការលោមចាប់មានន្ទអោយបាន។ លុះបានទៅដល់ជិតផ្ទះអគ្គីហើយ អ្នកបញ្ជាអោយទាហានទាំងអស់ចុះពីលើខ្នងសេះរៀងខ្លួន រួចអោយសានដើរលបៗទៅស្ដាប់មើល។ នាយសានថ្វីត្បិតតែធ្លាប់តយុទ្ធមកច្រើនគ្រាណាស់មកហើយក៏ដោយ ក្នុងពេលនេះក៏នៅមានសេចក្ដីតក់ស្លុតយ៉ាងខ្លាំង។ បេះដូងគាត់ញ័ររំភើប ដៃគាត់ឡើងត្រជាក់អស់។ គាត់លូនបន្ដិចៗទៅមុខត្រាតែបានទៅដល់ផ្ទះអគ្គីដូចប្រាថ្នា។ គាត់លបមើលតាមមាត់ទ្វារ គ្មានឃើញអ្វីសោះ។ ក្នុងផ្ទះស្ងាត់ឈឹង តែឃើញទ្វារពុំទាន់បិទ ចង្កៀងមួយឆេះប្លុងៗ។ អ្នកលូនថយក្រោយដូចក្ដាម ត្រលប់ទៅរាយការណ៍ប្រាប់និលពេជ្រវិញ។
- - ម៉េចមានឃើញអ្វីខ្លះ ?
- - ឃើញទ្វារបើក ចង្កៀងមួយប្លុងៗ
- - ប្រហែលមានមនុស្សទេ ?
- - ប្រហែលដេកលក់អស់ហើយ
- - បើដូច្នោះទៅ !
- កងទាហានទៅដល់មាត់ទ្វារ។ នាយសានលូកដៃទៅច្រានទ្វារ របងទ្វារពុំរបើកដោយចាក់សោជាប់
- និលពេជ្រសួរខ្សឹបៗថា
- - ម៉េចបើកទ្វាររួចទេ ?
- - បាទទេ ! ជាប់សោ ។ ធ្វើយ៉ាងណាទាន ?
- - ទៅរកលើកជណ្ដើរផ្ទះខាងមុខនោះសិនមក តែប្រយ័ត្នម្ចាស់គេដឹងណា! ម្យ៉ាងទៀតប្រយ័ត្នឆ្កែព្រុសផង
- - បាទ !
សានក៏ស្ទុះទៅលើកជណ្ដើរផ្ទះរបស់អ្នកស្រុកម្នាក់យកមកផ្អែកលើទ្វារ។ នាយសានឡើងជណ្ដើរភ្លាមអិតបង្អង់។ លុះមកដល់លើទ្វារហើយនាយសានក៏បែរគូថទំលាក់ជើងទាំងពីរចុះ ដៃទាំងពីរចាប់ខ្លោងទ្វារ ធ្វើអោយនាយសានធ្ងន់ខ្លួនរយីងរយោង។ នាយកោបដែលលិទ្ធអណ្ដាតរង់ចាំចំណី ដល់បានឃើញខ្មាំងមកដូច្នោះ ក៏ស្ទុះវឹងទៅកាប់មួយដាវចំពីក្រោយត្រង់គល់ក។ នាយសានលាន់សំលេងលឺងឹក រួចធ្លាក់ខ្ពោកដល់ដី។ និលពេជ្រដែលនៅខាងក្រៅនឹកថា នាយសានបានដល់ដីហើយ រួចមុខជាមកបើកទ្វារមិនខាន តែចាំបាត់ៗ : និលពេជ្រខ្សឹបហៅៗ
- - សាន ! សាន ! ទៅណាបាត់អន្ដរធាននេះ អាធីទៅមួយទៀតបន្ដគ្នាទៅ
- នាយធីដឹកមុខឡើងជណ្ដើរដល់ចុងក៏វាត់ជើងស្ទុះចុះមក។ ក្នុងពេលនោះដាវអគ្គីលៀនចេញធ្លោពីគុម្ពផ្កាមក តែនាយធីវាយរងដាវទាន់ ដាវទាំងពីរក៏ប្រកួតគ្នាលឺឆាំងៗ ដូចរន្ទះកណ្ដាលយប់ស្ងាត់។ ពួកខាងនិលពេជ្រស្រែកថា «មានពួកវាវើយ!»។ លំដាប់នោះ នាយទាហានក៏ជ្រុះមកក្នុងរបងផ្ទះនាយគីខ្ពោកៗ បន្តបន្ទាប់គ្នាដូចគ្រាប់ភ្លៀង។ នាយកោប និងអគ្គីតយុទ្ធម៉ាំងៗយ៉ាងអង់អាច។ និលពេជ្រមកដល់ក្រោយគេ បញ្ជាអោយឈប់។
- - ឈប់ ! អ្នកណាហ្នឹង ?
- អគ្គីឆ្លើយថា :
- - អញ
- - អឺ ! គីទេរឺ ?
- - អឺ ! អញ ម៉េចនិលទេរឺ ? អែងមកលេងនឹងអញរឺ ?
- - អឺអញៗ មកលេង
- - បើមកលេង មកកុំបង្អង់ !
- - អែងមកមានការអីទាំងយប់ ? (អគ្គីសួរបន្ថែម)
- - អញមកជាតំណាងច្បាប់
- នាយកោបចេញពីគុម្ពផ្កាមកសើចក្អាកក្អាយ
- - ហាសៗ តំណាងច្បាប់! មានតែចោរទេដែលចូលក្នុងរបងផ្ទះគេដោយលបៗ។ អ្នកតំណាងច្បាប់មិនធ្វើដូច្នោះទេ
- - យី ! អាកោប អញមកនេះមានសំបុត្រ
- - ចាំភ្លឺស្រួលបួលទៅពូ ! មានអី
- - អាកោប អញមិនខ្ចីនិយាយនឹងអែងទេ
- និលស្ទុះទៅមុខ ភ្នែកមើលទៅក្នុងផ្ទះ។ អគ្គីលើកដាវកាប់រាំងដើមទ្រូងនិលពេជ្រ
- - មិនបានទេ ! មិត្ដទៅណាមកណាទៅមិនបាន
- - អញទៅក្នុងផ្ទះ
- - ប្លន់រឺ ?
- - អញចាប់មនុស្សទោស
- - គ្មានមនុស្សទោសទេ នៅនេះមានតែអ្នកជាទាំងអស់
- - មាន
- - ទៅមិនបាន ទៅស្លាប់អែង រឺ ស្លាប់អញ !
- - ព្រះកំពុតអោយអញមកណ៎ា
- - ទេវតាអោយមកក៏ត្រូវឈប់ ត្បិតអគ្គីមិនអោយចូលទៅ
- - អែងរឹងទទឹងនឹងច្បាប់រឺ ?
- - អែងរកចាប់អ្នកណា ?
- - មានន្ទ !
- - ហ៊ីសៗ អាក្រពើ វង្វេងបឹង
- - មានន្ទនៅអែណា!
- - នៅនេះ ?
- សំលេងមានន្ទលាន់លឺឡើងពីកៅអីមួយ ដែលនៅក្នុងងងឹត។ មានន្ទដើរស្ទុងៗ ចេញមកយ៉ាងខែង ដៃពត់ចុងដាវតូចស្ដើងមួយដែលចាំងផ្លេកៗ
- - រកខ្ញុំធ្វើអី ?
- - ក្នុងនាមនៃច្បាប់ ខ្ញុំសូមចាប់ សូមអញ្ជើញអានសំបុត្រនេះទៅចុះ
- មានន្ទកញ្ឆក់សំបុត្រពីដៃនិលពេជ្របានញីរហែកខ្ទេចខ្ទីគ្រវាត់ចោលទៅ។ និលពេជ្រខឹងខ្មួលឡើង។
- -- យី ! ម៉េចព្រះតេជគុណហ៊ានហែកសំបុត្រព្រះកំពុត ?
- - ខ្លាចអីសំបុត្រមិនត្រឹមត្រូវតាមច្បាប់
- - មិនមែនទេ ! បោះត្រាលោកផងណា!
- - អើ! ត្រាមែន តែសំបុត្ររំលោភអោយចាប់យើងទាំងយប់ គ្មានច្បាប់ណាអោយចាប់ដូចនេះទេ
- - អាកូន ! ចូលចាប់ !
- -មានន្ទថយក្រោយបីជំហានគ្រវាសដាវ និយាយយ៉ាងសង្ហាថា :
- - ចាប់មានន្ទបានលុះត្រាតែធ្លាក់អាវុធពីដៃ។
- នាយកោប និង នាយគី ក៏ថ្លែងសកម្មភាពដំណាលគ្នា ដាវលាន់លឺឆាំងៗ ចែសៗ ឡើងពីរោះដូចសូររនាតដែក។ បីទល់នឹងពីរ ជាទីគួរដែរ។ មានន្ទវាយផូងៗ ពីរបីដាវស្ទុះទៅកាប់អាម្នាក់នៅចំហៀងខាងដួលច្រច្រោងជើង បាត់ស្មារី រួចស្រែកថា:
- - មួយហើយវើយ !
- មានន្ទវាយថយ រត់ទៅគេចនឹងគល់ឈើដែលធ្វើអោយខាងនិលពេជ្រវិលមុខ។ ដាយងងឹតផង អ្នកតជាប់ដៃ ចុងដាវសត្រូវខ្វែងខ្វាត់ច្រវាត់ គ្នាច្រុះនឹងចុងដាវអ្នក។ មានន្ទគេចទៅពួនអែគល់ឈើមួយទៀត។ ខាង និលពេជ្ររកមិនឃើញលេលា មានន្ទស្រែកហៅថា:
- - អែនេះទេវើយ! មក!
- កងនិលពេជ្ររត់ទៅ មានន្ទគេចទៅម្ខាងវាយខ្នងនាយធីផូងមួយដាវអស់ទំហឹង ដែលនាំអោយធីភ័យជាអនេក។ ដល់ដឹងថា មានន្ទក៏ស្ទុះហក់ដេ ញតាមប្រកិត។ ចំនែកខាងនាយកោប និង អគ្គីក៏បង្កើតបរិយាកាស កំប្លែងលេងលាយមែនដូចគ្នា។ យូរៗ នាយកោបបែរទៅសើចដាក់អគ្គីង មានន្ទញញឹមយ៉ាងរីករាយ នឹងស្ថានការណ៍រីករាយនេះ។ លុះចេញដល់ក្រៅរបង ជនទាំងបីចេះតែវាយថយរហូតទៅដល់នឹងហ្វូង សេះរបស់កងនិលពេជ្រដែលចងតំរៀបគ្នា។ មានន្ទបញ្ជាយ៉ាងខ្លាំងថា៖
- - ឡើងសេះ !
នាយកោប និង អគ្គីរហ័សដូចសូរ ដល់លើខ្នងសេះជាស្រេច ក៏បំផាយសេះទៅដោយមានជនខាងនិលពេជ្រដេញជាប់ពីក្រោយ។ រីអែមានន្ទកាលស្រែកបញ្ជា ស្ទុះវឹងភ្លាមដែរ តែទាក់ជើងនឹងកូនឈើមួយដួលព្រួស។ មានន្ទរមៀលខ្លួនបណ្ដោយដូចផ្លែក្រូច រួចក្រោកឈរវឹបវិ ញតដៃទៅទៀតយ៉ាងអង់អាច។
និលពេជ្រស្ទុះមករាំងផ្លូវមិនអោយមានន្ទឡើងសេះរួច។ និលពេជ្របញ្ជាអោយទាហានម្នាក់លែងខ្សែសេះអោយរត់ទៅឆ្ងាយពីទីនោះ។ តែមានន្ទទាត់ត្រូវមួយជើងដួលផ្កាប់មុខដាយមិនដឹងខ្លួន។ កងខាងនិលពេជ្ររោមមានន្ទដូចស្រមោច ថ្វីត្បិតតែមានខ្លះត្រូវរបួសច្រើនអន្លើ ណាស់ទៅហើយ។ មានន្ទគេចខ្លួនបានក៏លោតលើខ្នងសេះបំផាយទៅ។ និលពេជ្រក៏បញ្ជាអោយកងពលឡើងសេះតាមទៅដែរ។ មានន្ទរត់ ឆ្លងអូរ ឆ្លងជ្រោះយ៉ាងលឿន។ និលពេជ្រព្យាយាមតាមជាប់ពីក្រោយមិនឈប់ឈរ។
ព្រះអរុណរះស្វាងឡើង។ សេះមានន្ទកាន់តែដាបទៅៗ រឺអែខ្មាំងកាន់តែជិតមកៗ។ មានន្ទមើលឃើញទាំងអស់មានប្រាំមួយនាក់។ អ្នកនឹកថា តើគេចខ្លួនយ៉ាងណាអោយរួចទាន់ភ្លឺមិនទាន់ច្បាស់នេះ។ ដល់ដើមអំពិលមួយ អ្នកលោតទៅចាប់មែកអំពិលតោងឡើងទៅពួននៅស្ងៀម។ សេះដោយភ័យចេះរត់ទៅមុខ។ កងនិលពេជ្រ ចេះតែដេញតាមប្រកៀក។ មានន្ទមើលពីក្រោយឃើញហុយធ្លុប អ្នកសើចយោលខ្លួន រួចចុះមកគេចទៅខាងជើង។ ទៅតាមផ្លូវអ្នកដោះឡេវអាវផ្លុំខ្សល់ដកដង្ហើមវែងៗអោយមានកំលាំង។
មានពនឹកថា ខ្យល់ព្យុះមុខជាផុតរលត់មិនខាន។ អ្នកដើរបណ្ដើរហួចបណ្ដើរ បីដូចអ្នកគង្វាលគោម្នាក់ដែលគ្មានដឹងលឺដល់រឿងអ្វីសំខាន់ឡើ យ។ បុរសចេះតែក្រលេកមើលក្រោយម្ដងៗ ក្រែងខ្មាំងដេញតាមមកទៀត។ អ្នកសំលឹងមើលព្រៃឈើរកនឹក «តើជាព្រៃភូមិណា ស្រុកណា? »។ ពន្លឺព្រះអាទិត្យក៏ឡើងថ្លាត្រចង់គួរជាទីសប្បាយ។ តាមផ្លូវដើមរុក្ខជាតិធំតូច ដុះណែនណាន់តាន់តាប់ខ្ពស់ទាប។ អ្នកនឹកថា ស្រុកខ្មែរជាស្រុកមានភោគទ្រព្យក្រៃពេក ពុំគួរនៅក្រោមអំណាចខ្មាំងសោះ។ អ្នកនឹកទៀតថា « ពួកនិលពេជ្រស្លាប់ថ្ងៃនេះក៏ក្រែលដែរ គឺខ្មាំងស្លាប់នឹងដៃអ្នកជាច្រើន អ្នកមិនខាតទេក្នុងម្ភៃមួយម៉ោងចុងក្រោយនេះ។
សត្វកុកដែលនៅប្របផ្លូវ ពួនសំងំចឹកត្រីក្នុងថ្លុកមួយផ្អើលឈូរហើរឡើង។ មានន្ទភ្ញាក់ព្រើតក្រាបពួន តែដល់មិនឃើញអ្វីក៏ដើរទៅមុខទៀត។ អុញនុ៎ះ! ឃើញវាលស្រែទេតើ។ មានអ្វី ? មានន្ទញញឹមគិតថា «អោ! ភូមិកុយមែងទេតើ » អ្នកបែរសសៀរយកជើងព្រៃ។ លុះដល់ផ្ទះមួយដែលនៅចុងភូមិ អ្នកឡើងភ្លាមចូលទៅក្នុងបន្ទប់បិទទ្វារបាត់។