១៧ - ស្នេហាលើទូក
វគ្កស្នេហាលើទូកវែងបន្ដិចខ្ញុំសូមចុះផ្សាយជាពីរវគ្គ
វគ្គទី១ «រំដោះអ្នកស្នេហាជាតិ» ទី២ «ស្នេហាលើទូក»

ថ្ងៃសៅរ៍ ទី10.កញ្ញា 2016.ម៉ោង 11:04

បើ​វដ្ដ​សង្សារ​តាក់​តែង​អោយម​នុស្ស​វិល​ចុះ​ វិល​ឡើង​យ៉ាង​នេះ តើ​មនុស្ស​ចេះ​តែ​នៅ​ចង​ចិត្ដ​ប្រកាន់​តែ​ខ្ពស់​មិន​សម​ហេតុ​ មិន​សម​ផល​​រឺ​​អ្វី​?​។ ខាង​លើ​ដំបូល​ មានន្ទ​ដែល​អស់​កំលាំង​ដេក​គង​ថ្ងាស​មើល​ផ្កាយ​។ នៅ​ជិត​អ្នក ​គឺ មហា​កាល​ម្ខាង​ អារុណ​ម្ខាង​។ ខាង​មុខ​នាយ​កោប​ វិរៈ​ និង បំរុង​ចែវ​យ៉ាង​មាំ​មួន​។ កូន​ទាហាន​ឈ្មោះ​បង្រូល​​កាន់​កន្សៃ​។ ខាង​ក្នុង​ទូក​ក្នុង​បន្ទប់​ដែល​បិទ​ចាក់​សោ​ គឺ​ព្រះ​នាង​ខត្ដិ​យាណី​ស្រី​ជាប់​ទោស​។ នាង​គេង​លើ​គ្រែ​មួយ​ មាន​ពូក​យ៉ាង​ស្អាត​ បី​ដូច​ក្នុង​បន្ទប់​របស់​នាង​។ ចង្កៀង​ប្រេង​កាត​តូច​មួយ​ បំ​ភ្លឺ​វត្ថុ​នានា​ដែល​ល្អ​ ​ឃើញ​ចាំង​ នឹង​ភ្នែក​ មាន​កែវ​ទឹក​ ផ្តិល​ប្រាក់​ កញ្ចក់​ ស្និត​ កែវ​ម្សៅ ដប​ទឹក​អប់​ជា​ដើម​។ នារី​គេង​ពុំ​លក់​ទេ ត្បិត​ពុំ​ដឹង​ជា​មានន្ទ​ធ្វើ​បាប​នាង​យ៉ាង​ណា​វិញ​ ដោយ​ក្ដៅ​ស្អុះ​ពេក​ នាង​ក្រោក​ទៅ​បើក​បង្អួច​។ ទេ​! បង្អួច​បិទ​ជិត​ពី​ក្រៅ​។ នាង​ញញឹម​ដោយ​ឃើញ​ថា​គុក​របស់​មានន្ទ​ជា​គុក​មួយ​ដែល​រសាត់​​តាម​ទឹក ហើយ​ដែល​ឃ្លេង​ឃ្លោង​។ ចេះ​​តែ​លឿន​ទៅ​មុខ​ជា​ដរាប​។ ម្យ៉ាង​ទៀត​គុក​នេះ​សម​សួន​មែន​ ត្បិត​មាន​ពូក​ដេក​ផង​។ នាង​នឹក​ថា គុក​ចោរ​គ្រាន់​បើ​ជាង​គុក​អ្នក​រាជ​ការ​ដែរ​។ ធីតា​ហៀប​នឹង​ដើរ​ទៅ​ទំរេត​លើ​ពូក​វិញ​ ស្រាប់​តែ​សូរ​មាត់​មានន្ទ​ និង​កង​សហ​ជីវិន​និយាយ​គ្នារ​អ៊ូៗ​ខា ង​លើ​ដំបូល​ទូក​។ កញ្ញា​អរ​ព្រួច​ផ្អៀង​ត្រចៀក​ស្ដាប់​លឺ​មានន្ទ​និយាយ​រវើយ​ៗ​ដោយ​អស់​កំលាំង​ថា ​:

- ស្អែកល្ងាចយើងទៅដល់មាត់ទន្លេមែនទេ ?
មហាកាលឆ្លើយ
- បាទ ! បើយ៉ាងយូរយប់ចុះ

ព្រះ​នាង​ខត្ដិ​យាណី​បើក​ភ្នែក​ធំ​ៗ ដឹង​ថា​គេ​នាំ​ខ្លួ​ន​ផុត​ពី​ទល់​ដែន​សៀម​ជា​ប្រាកដ​។ មាណវី​ព្រឺ​ក្បាល​ខ្ញាក​ៗ​ ។ រួច​ពី​នេះ គឺ​សំលេង​អារុណ​ដែល​នាង​ពុំ​ភ្លេច​ ដែល​អធិប្បាយ​ប្រាប់​មានន្ទ​អំពី​កាល​ខ្លួន​មក​ដល់​ភូមិ​ភ្នៀត​ រួច​បាន​ឃើញ​ប្រកាស​ដ៏​លាមក​ រួច​បាន​វាយ​ប្រលូក​ក្នុង​អាសនៈ​ ព្រះ​កំពុត​។ នាង​មណី​ស្ដាប់​រឿង​នេះ​ហាក់​នៅ​តែ​ឃើញ​មហា​បុរស​នេះ​តែ​នឹង​ភ្នែក​។ គួរ​កោត​សរ​សើរ​ដល់​ស្នា​ដៃ និង សេច​ក្ដី​វាង​វៃ​ក្នុង​ការ​ប្រយុទ្ធ​របស់​បុរស​នេះ​មែន​។

ក្រោយមកមានន្ទបញ្ជាក់ថា
- អោយផ្លាស់គ្នាកាច់ចង្កូតម្ដងម្នាក់ៗ ។ ម្នាក់កាច់ចង្កូតចំនួនបីម៉ោង ទាំងមេទាំងកូន។ អីលូវឈប់ចែវនាំគ្នាដេកចុះ។
អ្នករាល់គ្នាស្រែហ៊ោក្រេវ សប្បាយនឹងកិច្ចបញ្ជានេះ។ មានន្ទបន្ដកិច្ចបញ្ជាទៀតថា
- ប៉ុន្ដែ កោប ៗ
- បាទ !
- ហ៊ី​! យក​កូន​សោ​នេះ​ទៅ​ចាក់​បន្ទប់​ក្នុង​ទូ​ក​មើល​។ រួច​សួរ​ប្អូន​ខ្ញុំ​ថា​ត្រូវ​ការ​អ្វី​ខ្លះ ​? នែ​! កុំ​មើល​ងាយ​គេ​ណ៎ា​! តោង​គួរ​សម​នឹង​គេ​ជា​និច្ច​ ព្រោះ​យើង​មិន​ទាន់​ឃើញ​ទោស​គេ​ទេ​។ នែ​! . . . កុំ​ភ្លេច​បំរើ​ទឹក​ក្ដៅ​គេ​ផង​។
មហាកាល និង អារុណទះដៃផូងៗ សើចយ៉ាងសប្បាយ រួចលួចនិយាយថា
- អាកោបមានសំនាងណាស់វើយ !
មានន្ទ​លឺ​ដូច្នោះ​ លួច​សើច​ក្នុង​កំភួន​ដៃ​ដែល​អ្នក​ដាក់​លើ​មុខ​អ្នក រួច​ធ្វើ​មិន​លឺ​ នឹង​ពាក្យ​លេង​នោះ​។ នាយ​កោប​ធ្វើ​មុខ​ក្រញូវ​ លួច​សំលក់​មហា​កាល និង​ អារុណ​ រួច​ទះ​ក្បាល​បង្រូល​ដែល​កាច់​ចង្កូត​មួយ​ផូង​ លោត​ចុះ​ទៅ​ចាក់​សោ​ទ្វារ​។
នាង​ខត្ដិ​យាណី​ស្ទុះ​ទៅ​ទំរេត​ខ្លួន​លើ​គ្រែ​ធ្វើ​ព្រ​ងើយ​។ ទ្វារ​របើក​ឡើង​។ នាយ​កោប​អោន​ខ្លួន​ធ្វើ​គារវ​កិច្ច​ពី​មុខ​នារី​។ នាង​ងក់​ក្បាល​ចោល​ញញឹម​មួយ​យ៉ាង​ស្រស់​ដាក់​នាយ​កោប​ ដែល​ធ្វើ​អោយ​នាយ​កោប​ឈួល​អួល​ៗ​ក្នុង​ចិត្ដ និយាយ​ឡើង​ញ័រ​ៗ​ថា​
- អ្នកត្រូវការអ្វីទេ ?
- ច៎ាះ ! ខ្ញុំត្រូវការទឹក
នាយកោបថយខ្លួនមកដងទឹក តែនាងជាអ្នកទោសនិយាយថា
- ទេ ! អត់​ទោស ខ្ញុំ​និយាយ​លេង​ទេ​ ព្រោះ​ខ្ញុំ​ចង់​និយាយ​ ត្បិត​ជា​យូរ​មក​ហើយ​នៅ​ទី​នេះ​គ្មាន​អ្នក​អែ​ណា​និយាយ​ជា​មួយ​សោះ​ទើប​តែ​នឹង​បាន​លឺ​សំដី​លោក​មុន​គេ​។
នាយកោបព្រឺខ្លួនខ្ញាកៗ ជីពចររត់ភឹបៗ រឹតតែខ្លាំងឡើងៗ រួចនាយកោបនិយាយតបទាំងត្រដរថា
- បាទ ! . . . បាទ ¨! . . . បើដូចនោះ អ្នកត្រូវការទឹកតែទេ ?
- ច៎ាះ ! ត្រូវការ តែសូមអញ្ជើញលោកអង្គុយសិន កុំប្រញាប់អី !
ថាដូច្នាះ​ហើយ​ ព្រះ​នាង​មណី​ក្រោក​ឡើង​រុញ​កៅ​អី​មួយ​អោយ​នាយ​កោប​ ក្នុង​ពេល​ក្រោក​ឈរ​ដើរ​មក​នេះ​ នាយ​កោប​សង្កេត​ឃើញ​រូប​រាង​នាង​ល្អ​អ្វី​ក៏​ល្អ​ម្លេះ​ទេ​។ តែ​នាយ​កោប​តប​ថា
- សូម​ទោស​អ្នក​! ខ្ញុំ​មាន​នាទី​មក​នេះ​ គឺ​មក​សួរ​តើ​អ្នក​ត្រូវ​ការ​អ្វី​? រួច​បើ​អិត​ត្រូវ​ការ​ទេ ខ្ញុំ​ថយ​ខ្លួន​មួយ​រំពេច​!
នាយ​កោប​និយាយ​ដោយ​សំលេង​មួយ​យ៉ាង​ហ្មត់​ចត់​។ ធីតា​​សំលឹង​​មើល​មុខ​នាយ​កោប​ នាង​ក្រៀម​មុខ​បន្ដិច​ តែ​នាង​ប្រឹង​ធ្វើ​អោយ​រីក​រាយ​ត​ទៅ​ទៀត​។
- ច៎ាះ​! ខ្ញុំ​ដឹង​ថា នៅ​ទី​នេះ គេ​យក​ច្បាប់​ជា​ធំ​ហើយ​ តែ​ច្បាប់​មិន​អាច​ហាម​ឃាត់​មិន​អោយ​មនុស្ស​ទាក់​គ្នា​ទេ​។ អត់​ទោស​! ខ្ញុំ​ជា​អ្នក​ទោស​ដូច​លោក​ជ្រាប​ស្រាប់​ ខ្ញុំ​នៅ​តែ​ក្នុង​បន្ទប់​នេះ​ជា​យូរ​មក​ហើយ​ ខ្ញុំ​ចង់​ដឹង​យើង​មក​ដល់​ត្រង់​ណា​ហើយ​ រួច​យើង​បំរុង​ទៅ​កន្លែង​ណា​?
នាយកោបសើចថា :
- លោក​គ្រូ មិន​បាន​បញ្ជា​អោយ​ខ្ញុំ​មក​ធ្វើ​សេច​ក្ដី​រាយ​ការណ៍​នេះ​ជូន​អ្នក​ស្ដាប់​ទេ​។ ខ្ញុំ​ស្ដាយ​ណាស់​ ព្រោះ​ពាក្យ​អ្នក​ពីរោះ​ រូប​អ្នក​ក៏​ល្អ ប្រាជ្ញា​អ្នក​ក៏​វៃ ចេះ​ស្ទង់​ចេះ​លៃ​ចេះ​រាក់​ទាក់​។ ខ្ញុំ​សូម​ជំរាប​ថា «​នៅ​ជា​មួយ​ពួក​ខ្ញុំ​ គេ​មិន​ប្រើ​ស្នៀត​ទេ គេ​ប្រើ​តែ​ការ​ត្រង់​ៗ​ប៉ុណ្ណោះ​អែង​»​។
- បើដូច្នោះ សូមជំរាបលោកមានន្ទថាខ្ញុំចង់ជួប
- បាទ
ថាហើយ នាកោបបិទទ្វារគ្រឹប ចាក់សោក្រឹកៗ
នាង​មណី​ចាប់​ប្លែក​​អស្ចារ្យ​ក្នុង​ចិត្ដ​ជា​មួយ​ពួក «មហាចោរ» នេះ​។ នាង​ឃើញ​ថា មនុស្ស​ម្នាក់​ៗ មាន​សតិ​រឹង​មែន​ រួច​វិន័យ​ ក្នុង​កិច្ច​ការ​ឃើញ​ថា​មាំ​មួន​ជាក់​ស្ដែង​។ តែ​ក្នុង​កិច្ច​សន្ទនា​​រវាង​អារុណ នឹង មានន្ទ ​នាង​លប​ស្ដាប់​លឺ​ឈ្មោះ​មួយ​ គឺ​ឈ្មោះ ​"បំរុង​" ដែល​ពុំ​មែន​ជា​បក្ស​ពួក​របស់​មានន្ទ​ដាច់​ខាត​។
លុះដល់នាយកោបឡើងទៅលើ មានន្ទហៅសួរ នាយកោបប្រាប់ថា
- អ្នកស្រីចង់ជួបនឹងលោកគ្រូ
- អញក៏ចង់ជួបនឹងនាងដែរ។ បងកាល បងរុណ មើលដាក់យាមចង្កូតអោយស្រួលបួលណ៎ា!
- បាទ !
- បាទ !
មានន្ទ​ចាប់​ភ័យ​ក្ដុក​ៗ​។ បុរស​ឈរ​ដក​ដង្ហើម​អោយ​ស្រួល​ តាំង​ចិត្ដ​អោយ​បាន​នឹង​ រួច​លោត​ចុះ​ចាក់​សោ​ទ្វារ​អិត​បង្អង់​ឡើយ​។ នាង​មណី​លឺ​សូរ​សោ​ទ្វារ​របើក​ នាង​ប្រុង​ស្មារតី​ដូច​គ្នា​។ លុះ​ឃើញ​មានន្ទ​អោន​ខ្លួន​ចូល​មក នាង​ធ្វើ​មុខ​ស្មើ​។ ជន​ទាំង​ពីរ​អិត​និយាយ​រក​គ្នា​មួយ​មាត់​ឡើយ​ ត្បិត​ជន​ទាំង​ពីរ​រក​ពាក្យ​ផ្ដើម​និយាយ​គ្នា​មិន​ឃើញ​។ នារី​ដាក់​ភ្នែក​ចុះ​ជា​ដរាប​។ បុរស​សំលឹង​មុខ​នាង​ជា​យូរ ហូត​បារី​មួយ​មក​អុជ​ជក់​ រួច​អង្គុយ​បឺត​បារី​ផ្សែង​ហុយ​ថ្គោល​និយាយ​ថា ​:
- ក្នុង​ពេល​ដែល​បង​ជាប់​អន្ទាក់​របស់​អូន​ ៗ មាន​គ្រោង​ការ​មួយ​ដ៏​ប្លែក​អស្ចារ្យ​ ចំពោះ​រឿង​អូន​និង​បង​។ អីលូវ​នេះ​ វាសនា​ដើរ​ចុះ​ឡើង​ធ្លាក់​មក​ត្រូវ​អូន​នៅ​ក្នុង​អន្ទាក់​របស់​បង​វិញ តើ​អូន​មាន​គ្រោង​ការ​ដ៏​ចំលែក​អ្វី​មួយ​ទៀត​ទេ ​?
នារី​ញញឹម​នឹក​ថា បង​មានន្ទ​ដឹង​ខ្លួន​ប្រាកដ​ថា ទុក្ខ​ទោស​ដែល​ខ្លួន​ទទួល​ទាំង​ប៉ុន្មាន​ គឺ​មាន​នាង​ជា​មេ​។ នាង​ញញឹម​ជានិច្ច​ រួច​ឆ្លើយ​ថា​
- ខ្ញុំ​អាច​ឆ្លើយ​ជំរាប​បង​បាន​ អំពី​គ្រោង​ការ​ទី​ពីរ​របស់​អូន​ក្នុង​ពេល​ដែល​អូន​ទៅ​ក្នុង​ក្រញ៉ាំ​របស់​បង​នេះ​។ តែ​មុន​បង្អស់​ ប្អូន​សុំ​សួរ​បង តើ​បង​គិត​ធ្វើ​អ្វី​ខ្លះ​ដល់​រូប​ប្អូន​នេះ​?​
មានន្ទនៅស្ងៀម គិតស្ទង់រកមើលគំនិតនារី រួចឆ្លើយ
- យក​ប្អូន​ទៅ​ជំរះ​ខួរ​ក្បាល​ អោយ​ជ្រះ​ផុត​ពី​គំនិត​សុញ​ ពី​គំនិត​ខ្ញុំ​គេ ពី​គំនិត​រំលោភ​លើ​គេ រួច​ធ្វើ​ប្អូន​អោយ​ទៅ​ជា​ស្រី​តស៊ូ​ ដើម្បី​ជា​ប្រ​យោជន៍​ជាតិ​យើង​។
នាងមណីសើច
- ខ្ញុំស្មានតែបងយកខ្ញុំទៅសំលាប់
- នៅ​ទី​នេះ​ គេ​មិន​សំលាប់​មនុស្ស​ងាយ​ៗ​ទេ​ តែ​គេ​មិន​ខ្លាច​នឹង​សំលាប់​មនុស្ស​ទេ​។ ដំបូង​គេ​ព្យាយាម​កែ​មនុស្ស​សិន​។ បើ​កែ​មិន​កើត​ទើប​គេ​សំលាប់​ចោល​ជា​ក្រោយ​។
នារី​ព្រឺ​ព្រួច​ក្នុង​ចិត្ដ ដោយ​នឹក​ថា​វិធាន​ការ​នេះ​សំខាន់​ រើ​មិន​រួច​មែន​ តែ​នាង​សើច​យ៉ាង​រីក​រាយ​
- ហាស៎​ៗ បង​ចង់​កែ​មនុស្ស​អោយ​យល់​ដូច​បង​ រួច​អោយ​ធ្វើ​ដូច​បង​។ ខ្ញុំ​សុំ​សួរ​ថា ចុះ​បើ​ស្អែក​ព្រឹក​ រឺ​ ខាន​ស្អែក​ ខ្ញុំ​រត់​រួច​ពី​អន្ទាក់​របស់​បង​ តើ​បង​កែ​អី​?
មានន្ទសើចម្ដងវិញ
- ហ៎ាស​ៗ អូន​ភ្លេច​ថា អូន​ជាប់​ក្នុង​កណ្ដាប់​ដៃ​របស់​បង​ហើយ​?
- ច៎ាះ​! ប្អូន​មិន​ភ្លេច​ទេ ប្អូន​ចាំ​អស់​មួយ​ជីវិត​ តែ​បង​សូម​ជ្រាប​ថា "មនុស្ស​មាន​ជើង​សំរាប់​ដើរ​ មាន​បញ្ញា​សំរាប់​គិត​"​។ អាស្រ័យ​ហេតុ​ទាំង​ពីរ​យ៉ាង​នេះ​ ប្អូន​មុខ​ជា​រត់​រួច​ពី​ដៃ​បង​មិន​ខាន​។
មានន្ទសើចក្អាកក្អាយថែមទៀត :
- បើ​ប្អូន​ចង់​រត់​ បង​បើក​ទ្វារ​ចំហ​ រួច​រត់​ទៅ​ចុះ​ហើយ​បើ​រត់​រួច​ពី​ទូក​នេះ ក៏​សុខ​ចិត្ដ​ខាត​ខាន​បាន​អប់​រំ​នារី​ខ្មែរ​ម្នាក់​ចុះ​!
- ខ្ញុំជំរាបបងជាមុនថា ប្អូនរត់រួច !
មានន្ទ​ក្រោក​ដើរ​ទៅ​ជិត ចាប់​ដៃ​នាង​មក​ច្របាច់​លេង​ យក​ដៃ​កៀស​សក់​នាង​លេង សើច​រួច​និយាយ​ថា​
- ម្រាម​ដៃ​តូច​ៗ ដូច្នេះ​ចង់​រត់​ រូប​ស្ដើង​មិន​ចេះ​ហែល​ទឹក​យ៉ាង​នេះ​ចង់​រត់​ ក្រែង​លង់​ស្លាប់​ទេ​ដឹង​?
- ច៎ាះ​! ខ្ញុំ​ចង់​ស្លាប់​នឹង​មុខ​បង អោយ​បង​ធ្វើ​បុណ្យ​ខ្ញុំ​ រួច​យំ​ស្ដាយ​ខ្ញុំ​ថែម​ទៀត​
- បងមិនស្ដាយមនុស្សក្បត់ទេ!
នារីញញឹមបញ្ចេញធ្មេញយ៉ាងស្រស់។ នាងអៀនអន់បន្តិច ព្រោះប្រុសចាប់ដៃនាង។ នាងនិយាយបែបមែនផង លេងផង
- ខ្ញុំសន្យាមុខចង្កៀងថា ខ្ញុំរត់រួច
- មើល៍ ! មើល៍ ! រត់យ៉ាងណា ?
- អ្នកណាគេប្រាប់បងអោយដឹងនោះ គេរត់ពេលយប់ យប់នេះផងក៏មិនដឹង
- ហាសៗ ព្រះអើយ ! ប្អូនចេះហែលទឹកហើយ ?
- ស្បថ​ជូនបង​ចុះ ប្អូន​អត់​ចេះ​ហែល​ទេ​ ដូច​បង​ធ្លាប់​ដឹង​ស្រាប់​ ប្អូន​ខ្លាច​ទឹក​ណាស់​ តែ​ដល់​ពេល​រត់ . . . ហ៊ី​! មិន​ប្រាប់​បង​ទេ​។
- អីលូវ​ប្អូន​សួរ​បង​ក៏​បង​ឆ្លើយ​ហើយ​ នៅ​តែ​ប្អូន​ទេ​ដែល​មិន​ទាន់​ឆ្លើយ​ប្រាប់​បង​អំពី​គ្រោង​ការ​របស់​ប្អូន​ក្នុង​ពេល​ជាប់​ជុច​នេះ​
នាងមណីត្រិះរិះមួយស្របក់ សួរវិញថា
- អីលូវ បង​សួរ​អំពី​គ្រោង​ការ​របស់​ខ្ញុំ​ អីលូវ​ខ្ញុំ​សុំ​សួរ​បង​អំពី​គ្រោង​ការ​របស់​បង​វិញ​ដែរ​

មានន្ទ​មើល​មុខ​នាង​។ មុខ​អី​ក៏​ល្អ​ម៉្លេះ​ទេ​។ បុរស​មើល​ថ្ងាស​នាង​ ថ្ងាស​អី​ក៏​ឆ្លាត​ម៉្លេះ​ទេ​។ អ្នក​លូក​ដៃ​ទៅ​ស្ទាប​ថ្ងាស​នេះ​អង្អែល​លេង​ ត្បិត​អ្នក​ធ្លាប់​តែ​ធ្វើ​ដូច្នោះ​កាល​ពី​ក្មេង​ រួច​នាង​ធ្លាប់​តែ​បណ្ដោយ​តែ​ដូច្នោះ​អែង​។

គ្រោង​ការ​របស់​បង គឺ​បង្ហាត់​បង្រៀន​ប្អូន​អោយ​ភ្ញាក់​ខ្លួន​ឡើង​ រួច​បើ​អូន​យល់​តាម​បង​ហើយ​ បង​នឹង​ត្រេក​អរ​រក​អ្វី​ប្រៀប​ស្មើ​គ្មាន​ទេ​។ បង​នឹង​អោយ​អូន​កាន់​កាប់​ការ​មួយ​ធំ​ក្នុង​ការ​តស៊ូ​នេះ​។ បង​ និង​ ជាតិ​យើង​លើក​តំកើង​អូន​អោយ​ផុត​អស់​នារី​ទាំង​ពួង​ គឺ​ធ្វើ​យ៉ាង​ណា​អោយ​​តែ​អូន​បាន​សុខ​។ បំបាត់​អស់​សេច​ក្ដី​ទុក្ខ​ណា​​ដែល​មក​ប៉ះ​ទង្គិច​ដល់​អូន​ គឺ​សរុប​សេច​ក្ដី​បង​មាន​ធន​ធាន​ទ្រព្យ​សម្បត្ដិ​ទាំង​ប៉ុន្មាន​ បង​ជូន​ទៅ​ អូន​ទាំង​អស់​។

- រួចគឺអ្វីទៀត?
- រួចគឺរៀបវិហមង្គលការអូនជាមួយ
- ជាមួយ . . . អ្នកណា ?
- ជា​មួយ​បុរ​ស​ម្នាក់​ដែល​ចេះ​ស្រលាញ់​អូន​ ដែល​ស្គាល់​ទុក្ខ​ធុរ​អូន​ ដែល​មាន​ចិត្ដ​ខ្ពស់​ អុត្ដម​ប្រសើរ​ ដែល​មនុស្ស​អ្នក​ផង​គោរព​ស្រលាញ់​ដែល​ពូ​កែ​មាន​ថ្វី​ដៃ​
- អ្នកណា បុរសនោះ ?
- បុរសនោះ គឺប្ដីរបស់អូនយ៉ាងពិតប្រាកដ !
- នៅអែណាប្ដីនោះ ?
- នៅជិតៗនេះអែង អែចំណែកខាងបង ៗ លាអូនទៅបួសរកសុខមួយទៀត ដែលជា
- ទៅបួស ! ទៅបួស ¨. . . ខ្ញុំមិនខ្ចីស្ដាប់គ្រោងការនេះ
នារីមុខ​ឡើង​ស្លាំង​។ នាង​ចាប់​ដៃ​មានន្ទ​ទៅ​អោប​នឹង​ដើម​ទ្រូង​នាង​។ ពាក្យ​ដែល​មានន្ទ​និយាយ​ពី​ដើម​មក ធីតា​ស្មាន​ថា​តែ​មក​ចប់​ត្រឹម​រៀប​ការ​ជា​មួយ​នាង​ តែ​អីលូវ​ឃើញ​ថា​ ជ្រួស​ហួស​ទៅ​ទៀត​។
មានន្ទសួរនាងថា
- ចុះគ្រោងការរបស់អូន ?
- គ្រោងការរបស់ខ្ញុំ គឺរត់នោះអែង!
មានន្ទ​សើច ប្រះ​ខ្លួន​ដេក​លើ​ពូក​របស់​នាង​គ្រេង​ ក្រពាត់​ដៃ​ទាំ​ង​ពីរ​ទៅ​ក្រោយ​ក្បាល​ សំលឹង​មើល​មុខ​នាង​ដែល​អួត​តែ​អំពី​រត់​ ធីតា​សើច​មើល​មុខ​បុរស​វិញ​។
មានន្ទនិយាយថា
- អូន​រត់​មិន​បាន​ទេ​។ ស្អែក​ព្រឹក​ អូន​អាង​កន្លែង​មួយ​ដែល​មាន​ពួក​រាជ​ការ​យាម​ កាល​ណា​ទូក​ទៅ​ដល់​ទី​នោះ ពួក​តំរួត​ចេញ​មក​ឆែក​ឆេរ​ទូក​។ ហាស​ៗ​! រួច​អូន​បញ្ជា​អោយ​តំរួត​ចាប់​បង​វិញ​។ អី​! ល្អ​មែន​គ្រោង​ការ​នេះ​។
នាង​កែវ​មណី​ឡើង​ស្លាំង​បបូរ។ មានន្ទ​អី​ក៏​ដឹង​ចិត្ដ​នាង​ម៉្លេះ​? អោ​! អស់​ហើយ​ គ្រោង​ការ​សំងាត់​របស់​នាង​។ ធីតា​ឃើញ​ជាក់​ជា​រត់​មិន​រួច​​​ជា​ដាច់​ខាត​។
- ច៎ាះ ! ដល់កន្លែងនោះ អូនហៅតំរួតអោយជួយជាធម្មតាទេ ព្រោះបងចាប់អូន។ តើបងឆ្លើយម៉េចទៅ?
- មុន​ដល់ក​ន្លែង​នោះ បង​អោយ​អូន​លេប​ថ្នាំ​ងងុយ​ដេក អោយ​អូន​គេង​អោយ​លក់​ រួច​បង​កំហែង​ពួក​តំរួត​ថា​ កុំ​អោយ​លឺ​មាត់​អម្ចាស់​ពួក​អ្នក​នាង​ដេក​លក់​។ ព្រះ​នាង​ត្រូវ​ការ​ទៅ​ទល់​ដែន​ ទៅ​រក​មហា​ចោរ​។ អូន​ឃើញ​ទេ​ ឆ្លើយ​យ៉ាង​នេះ​អូន​ទៅ​ណា​រួច​ ?​
- ច៎ាះ ! ច៎ាះ ! អូនគិតបែបនោះមែន !
ថាហើយ នាងប្រះខ្លួនទន្ទឹមនឹងមានន្ទ រួចអោបបុរសយ៉ាងតឹងនិយាយតទៅទៀតថា
- បងប្រាជ្ញាមែន តែចាំមើលអូនរត់អោយរួចពីកណ្ដាប់ដៃមហាចោរកំណាច
មានន្ទ​សើច​ រួច​ក្រោក​អង្គុយ​ អុច​បារី​មួយ​ទៀត​ បង្ហុយ​ផ្សែង​ធ្លោម​។ ធីតា​ក្រោក​តាម​ អង្គុយ​ប្រកៀក​ជាប់​នឹង​មានន្ទ​។ នាង​និយាយ​ថា​
- ក្នុងជាតិ​នេះ ប្អូន​នៅ​តែ​ស្រលាញ់​ "មហា​ចោរ " តែ​មួយ​នេះ​ដែល​ប្លន់​នគរ​ ដែល​ជួយ​ជាតិ​ ដែល​ដោះ​ទុក្ខ​ប្រជា​ជន​ តែ​ប្អូន​មិន​ចង់​បាន​យក​ធ្វើ​ជា​ប្ដី​ទេ​ ព្រោះ​ចិត្ដ​គេ​ខ្ពស់​ណាស់​ ប្អូន​ឈោង​មិន​ដល់​ ធ្វើ​មិន​ដូច តាម​មិន​ទាន់​
មានន្ទអោបនាងលើកស្រីបីត្រកង រួចដាក់បណ្ដោយទៅលើគ្រែ
- គេងចុះអូន បងលាហើយ
- អញ្ជើញ អូ ! ឈប់សិន . . .
នាង​ស្ទុះ​ក្រោក​ឡើង​ ស្ទុះ​លោត​ពី​គ្រែ​ទៅ​អោប​ក្រញី​មានន្ទ​ដែល​ញញឹម​ជា​និច្ច​ រួច​នាង​ផ្ដួល​ខ្លួន​លើក​ដៃ​ជា​សញ្ញា​លា​គ្នា ​រួច​បិទ​ភ្នែក​។ មានន្ទ​ថយ​ខ្លួន​មួយ​ៗ ចេញ​ពី​ធីតា​ រួច​និយាយ​ជា​ចុង​បង្ហើយ​ថា
- បងទុកទ្វារចំហអោយអូនរត់តាមខ្យល់ទៅចុះ
នាងមណីលើកដៃ មានន្ទលើកដៃ រួចជនទាំងពីរក៏បែកគ្នាទៅ។
រាត្រីស្ងាត់ ! មេឃខៀវស្រងាត់ ! ផ្កាយព្រោងព្រាត ! មហាចោរដេកសំលឹងផ្កាយលើដំបូលទូក រួចលង់លក់បាត់ដូចគល់ឈើមួយដុំ។
នាង​មណី​ពុំ​គេង​ទេ​។ ធីតា​លប​ស្ដាប់​នាយ​អាយ​ គ្មាន​លឺ​សូរ​ក្រៅ​ពី​ដង្ហើម​ជន​អ្នក​ដេក​លក់​នោះ​ប៉ុណ្ណោះ​។ កញ្ញា​ខ្មួល​ខ្មាញ់​ រួច​រីក​រាយ​ក្នុង​​ចិត្ដ​អនេក​។ នាង​ដើរ​លប​ៗ លើក​ជើង​ឡើង​លើ​ក្ដង​ទូក​ខាង​​ក្រោម​​។ នាយ​បំរុង​ដែល​កំ​ពុង​អង្គុយ​កាច់​ចង្កូត​ ងោក​ផ្ងក់​ភ្ញាក់​ដូច​គេ​កន្ទ្រាក់​ ហៀប​ស្រែក​ តែ​ម្រាម​ដៃ​ដ៏​ទន់​ភ្លន់​របស់​ព្រះ​នាង​ខត្ដិ​យាណី​ខ្ទប់​បបូរ​មាត់​ដែល​ហៀប​ នឹង​ ស្រែក​ឡើង​នេះ​ជាប់​។ បុរស​ភ័យ​ក្ដុក​ៗ​ ដក​ដង្ហើម​ធុំ​ក្លិន​ក្រអូប​សាយ​ពី​ម្រាម​ដៃ​ដ៏​តូច​ច្រលឹង​នេះ។ ទ្រូង​អ្នក​ញ័រ​រន្ធត់​ ស្ទើរ​ធ្លាយ​ជា​ពីរ​បី​។ ញើស​ស្អិត​ៗ​ បែក​សាយ​ពី​ខ្នង​អ្នក​ទាំង​ក្នុង​រាត្រី​ដ៏​ត្រ​ជាក់​​នេះ​។
ព្រះនាងឈរច្រត់កែងដៃ ផ្ទេរខ្លួនយ៉ាងទន់ភ្លន់ទៅជិតត្រចៀកបំរុងខ្សឹបសថា
- កុំអោយបងនិយាយខ្លាំងអី !

អូយ!​ ពាក្យ​បង . . . បង . . . បង​មួយ​មាត់​នេះ​ ថ្មី​អ្វី​ក៏​ថ្មី​ម៉្លេះ​?​។ ពាក្យ​នេះ​មាន​ទំងន់​ប៉ុន​ភ្នំ​ព្រះ​សុមេរុ​មក​លើ​ចិត្ដ​កំលោះ​។ បើ​​កាត់​ជា​តំលៃ ពាក្យ​នេះ​ថ្លៃ​រាប់​កោដិ​រៀល​។ អស្ចារ្យមែន ! លោតែនាងហៅមានពយើងបង បង​ . . .។ ពាក្យ​មួយ​ម៉ាត់​នេះ លឺ​សូរ​ពីរ​រយ​ដង​ ក្នុង​មនោ​សញ្ចេត​នា​អ្នក​កាច់​ចង្កូត​យើង​។ បុរស​ហាក់​ឃើញ​ថា​ រូប​អ្នក​ថ្លៃ​ផុត​អស់​ប្រុស​អែ​ទៀត​។ ត្បិត​ធីតា​មួយ​ក៏​ល្អ​ផុត​អស់​នារី​មក​សុំ​ខ្លួន​ នៅ​ពី​ក្រោម​អ្នក​។ អោ​! សំណាង​អី​ក៏​ម៉្លេះ​! កុំពុងភ្លឹកក្នុង​ការ​ងងុយ​ ព្រះ​អាទិត្យ​មួយ​រះ​ឡើង​បំភ្លឺ​ព្រលឹង​មាន​ព អោយ​រីក​រាយ​ឡើង​នឹង​តណ្ហា​ ដែ​ល​ហូរ​គំហុក​យ៉ាង​ខ្លាំង​ ស្ទើរ​ភ្លេច​អស់​ករណីយ​កច្ច​ដែល​កំពុង​ធ្វើ​។

ខ្វះ​ការ​អប់​រំ​ដូច​អ្នក​តស៊ូ​អែ​ទៀត​មាន​​នាយ​កោប មហា​កាល​ វីរៈ​ អារុណ​ជា​ដើម​ មនោ​គតិ​របស់​នាយបំរុង ជ្រុល​យ៉ាង​លឿន​គ្មាន​អ្វី​ទប់​​ឡើយ​។ បុរស​ក្រលេក​មើល​នាយ​អាយ​ សំលឹង​មើល​ទៅ​អ្នក​ទូក​ទាំង​អស់​ឃើញ​លក់​ស្កប់​ស្កល់​។ ជយោ ​! ពេល​វេលា​ក៏​ចេះ​ជួយ​សេច​ក្ដី ស្នេហា​រវាង​ជន​កំសត់​ម្នាក់​ជា​មួយ​ព្រះ​នាង​ខត្ដិ​យា​ណី​មួយ​អង្គ​ដែរ​។ នាយ​បំរុង​ត្រិះ​រិះ​ថា​ «អីលូវ​ហៅ​អញ​បង តើ​អញ​ហ៊ាន​ហៅ​គេ​អូន​ ​រឺទេ​? ទេ! ទេ​! មិន​សម​ទេ​អែង​ជា​រាស្រ្ដ​សា​មញ្ញ​នេះ​ គេ​ជា​ស្ដេច ​! អោ! ឃើញ​ខុស​គ្នា​ឆ្ងាយ​ណាស់​» អភ័ព​ពូជ​ជញ្ជាំង​វណ្ណៈ​។ បុរស​ប្រឹង​ទប់​ចិត្ដ​ដែល​បុក​ជ្រួល​ឡើង​យ៉ាង​ខ្លាំង​ដោយ​ដាច់​ចិត្ដ​ខ្សឹប​តប​វិញ​ថា

- អី ព្រះនាងមិនទាន់ផ្ទុំទេ ?
នារីញញឹមយ៉ាងត្រជាក់ដល់បណ្ដូលចិត្ដថា
- ច៎ាះ! ខ្ញុំមិនទាន់ទទួលទានដំនេកទេ ខ្ញុំអផ្សុកណាស់
- ខាងក្នុងក្ដៅណាស់ទៅ រឺអី ?
- ច៎ាះ ! ក្ដៅណាស់រកខ្យល់បន្ដិចគ្មានទេ ។ ខ្ញុំសុំមកឈរជិតបងលេងផងបានទេ ?
- បាទ ! បាន មានអីទាន តែប្រុងប្រយ័ត្នក្រែងលោកគ្រូឃើញ
សំលេងធីតាយ៉ាងគ្រលួច រឹតតែពិរោះឆ្លើយឡើងថា
- មិនអីទេ ! បើបងខ្ញុំភ្ញាក់ ខ្ញុំរត់ទៅវិញភ្លាម ខ្ញុំមិនអោយបងព្រួយទេ
ជនទាំងពីរក៏នៅស្ងៀម ហាក់អស់សំដីនិយាយគ្នា។ នាងមណីរិះរករឿងនិយាយទៀតថា
- យី ! ខ្យល់ខាងក្រៅរហើយត្រជាក់ស្រួលណាស់ហ្ន៎
- ខ្ញុំរងារណាស់ អ្នកនាងមិនរងាទេរឺ ?
- ច៎ាះ ! អីលូវរងារដែរ
ពាក្យ​នេះ ធ្វើ​អោយ​ទឹក​ចិត្ដ​បុរស​កំលោះ​ឡើង​ប៉ើត​ប៉ោង​រឹត​តែ​ខ្លាំង​ជាង​មុន​ទៀត​។ បុរស​ជឿ​ជាក់​ថា ល្ងាច​កំសត់​នេះ​ជា​ល្ងាច​ពិសេស​ដែល​អ្នក​ជា​មនុស្ស​ទន់​ខ្សោយ​បាន​ស្នេហា​ស្រ្ដី​ម្នាក់​ដ៏​ខ្ពង់​ខ្ពស់​បំផុត​។ បុរស​លួច​ញញឹម​សង្ឃឹម​ទុក​ថា ចំណង​ស្នេហា​របស់​អ្នក​ មុខ​ជា​បាន​សំរេច​ក្នុង​ពេល​ដ៏​ចន្លោះ​នេះ​មិន​ខាន​។ ធីតា​សួរ​ធ្វើ​រាយ​មាយ​ថា​
- យើងមកដល់ណាហើយបង ?
- បាទ ! មកដល់ . . . ជាងពាក់កណ្ដាលផ្លូវហើយ
- (ភូមិនេះឈ្មោះអី ? (ត្រង់បន្ទាត់នេះ រហែកបាត់ ខ្ញុំសូមបញ្ជូលការសន្ទនាយ៉ាងនេះ))
- បាទ!. ភូមិក្រោម
- បងស្គាល់កន្លែងទាំងនេះទេ ?
បុរសឡើងជោរនិយាយដោយរួសរាន់ថា
- អោ! ទី​នេះ​ខ្ញុំ​ស្គាល់​ដូច​ស្គាល់​ហោ​ប៉ៅ​ខ្ញុំ​ដូច្នោះ​អែង​។ ខ្ញុំ​ធ្លាប់​រក​ទទួល​ទាន​តាំង​ពី​ក្មេង​ៗ​មក​រហូត​ដល់​ថ្ងៃ​នេះ​។ ខ្ញុំ​ធ្លាប់​ស្គាល់​ផ្លូវ​រទេះ​ ផ្លូវ​ជើង​ ផ្លូវ​ព្រៃ ផ្លូវវាល។
- បើពេលយប់ បងដើរវង្វេងទេ ?
- វង្វេងអែណាកើត ចង់ខ្ញុំដើរធ្មេចភ្នែកក៏រកផ្លូវឃើញដែរ
- ស្រួល​ណាស់​បង​ យើង​កើត​មក​ជា​ខ្មែរ​ ត្រូវ​តែ​ស្គាល់​​យ៉ាង​ហោច​ណាស់​ ក៏​ស្គាល់​ស្រុក​ទេស​យើង​អោយ​ជាក់​លាក់​ដែរ​ ស្គាល់​យ៉ាង​នេះ​នាំ​អោយ​ស្រួល​ តែ​ធម្មតា​បង​មើល​ផ្កាយ​ រឺ​ បាន​ជា​មិន​វង្វេង​?​
- ទេ​! ទេ​! ទេ​! ខ្មែរ​គ្មាន​អ្នក​ណា​មើល​ផ្កាយ​ទេ យើង​ចំណាំ​ដើម​ឈើ​តែ​ម្ដង​។ យើង​ដែល​ធ្លាប់​ដើរ​រាល់​ថ្ងៃ​ទៅ​ យើង​ស្គាល់​រហូត​ដល់​ទៅ​ស្មៅ​គ្រប់​គុម្ព​ទៀត​ផង​​
នាង​មណី​នឹក​ថា ប្រុស​ដែល​ក្រ ស្រួល​បញ្ឆោត​មែន​ គ្រាន់​តែ​ឃើញ​យើង​មាន​រូប​ល្អ​មក​និយាយ​ផង​ គ្នា​ឆោត​ប្រាប់​កិច្ច​ការ​អស់​។ អីលូវ​ នាង​ដឹង​ថា បុរស​នេះ​អាច​មាន​ប្រយោជន៍​ដល់​គ្រោង​ការ​របស់​នាង​ដែល​ចង់​រត់​។ នាង​បាន​ដឹង​ហើយ​ថា "បុរស​នេះ​ស្គាល់​អស់​ផ្លូវ"​។ នាង​រិះ​​រក​មធ្យោ​បាយ​សួរ​នែ​នាំ​អោយ​​អា​មនុស្ស​ឆោត​ ដែល​ឃើញ​គេ​ជា​ក្សត្រី​យ៍​ខ្លាច (ឃ្លាត្រង់នេះរហែកបាត់ ) ធ្វើយ៉ាណាកុំអោយវាសង្ស័យបាន ឡើយ។ នាងសួរទៀតថា
- បងអែងចេះហែលទឹកទេ ?
- អូ ! ខ្ញុំ​ពី​រឿង​ទឹក​នោះ​ចេះ​ដូច​ត្រី​។ ខ្ញុំ​ធ្លាប់​រក​ស៊ី​ជើង​ទឹក​រាប់​ឆ្នាំ​មក​ហើយ​ ខ្ញុំ​រស់​នៅ​តែ​នឹង​ទូក​
- បង​! ខ្ញុំ​ស្ដាយ​ណាស់​ជាតិ​នេះ​ ខ្ញុំ​មិន​ចេះ​ហែល​ទឹក​ នឹង​គេ​សោះ​។ កាល​ណា​ខ្ញុំ​ឃើញ​គេ​ហែល​ ខ្ញុំ​ចង់​ហែល​នឹង​គេ​ក្រៃ​ណា​ចង់​​
- មាន​ពិបាក​អី​អ្នក​នាង​។ បើ​ភ័ព្វ​សំណាង​ខ្ញុំ​មាន​ ថ្ងៃ​ណា​មួយ​ខ្ញុំ​បង្ហាត់​អ្នក​នាង​អោយ​ហែល​ ខ្ញុំ​បង្ហាត់​តែ​មួយ​ភ្លែត​ទេ​ អ្នក​នាង​មុខ​ជា​ចេះ​ហែល​មិន​ខាន​
បំរុង​នៅ​ធ្មឹង​ដូច​រូប​អ្នក​តា អ្នក​ពុំ​ដឹង​ឆ្លើយ​យ៉ាង​ណា​ទេ​។ នឹង​និយាយ​ស្រលាញ់​នាង​ភ្លាម​ វា​រឹង​មាត់​ពេក រួច​ម្យ៉ាង​ទៀត​ខ្លាច​នាង​ផង​ នឹង​និយាយ​ពី​រឿង​អ្វី​ទៅ​ទៀត​ វា​ខាត​ពេល​ណាស់​។ អ្នក​អង្អែល​ម្រាម​ដៃ​ស្រី​អោន​ថើប​ម្រាម​ទាំង​ប្រាំ​​នេះ​​ជា​សញ្ញា​ចំលើយ​របស់​អ្នក​។ នារី​ញញឹម​កាន់​តែ​ស្និទ្ធ​ នឹង​បុរស​ជាង​មុន​បន្ដិច​ទៅ​ទៀត​។
- ច៎ាះ បង! លាក់បាំងអ្វី . . . ហ៊ីខ្ញុំអៀនមាត់ណាស់
- បាទ !. . . បាទ ! ខ្ញុំក៏អៀនដែរ . . បាទ​ខ្ញុំ​អៀន​ជា​ងអូន​ ព្រោះ​ខ្ញុំ​ជា​រាស្រ្ដ​​ អ្នក​ក្រ ត្រកូល​ទាប​ អូន​ជា​ក្សត្រីយ៍​ អ្នក​ខ្ពង់​ខ្ពស់​!​
- ទេ ! ទេ! កុំបងមានប្រសាសន៍ដូច្នោះ ខ្ញុំអាណិតបងណាស់
- អូ ! អូនគ្រាន់តែអាណិតទេ ?
- ច៎ាះ ! អណិត រួច . . . រួច . . ស្រ . . . លាញ់ផង
បំរុង​ទាញ​ដៃ​នាង​ទាំង​ស្រុង​មក​អោប​រួប​រិត​នឹង​ថ្ពាល់​អ្នក​ជា​សញ្ញា​ (ឃ្លា​ត្រង់​នេះ​រហែក​បាត់) ត្រូវ​ធ្វើ​ជា​អៀន​អន់​បន្ដិច​កុំ​ខាន ដើម្បី​ប្រុស​នេះ​ជឿ​ចិត្ដ​នាង​។
- បាទ​! អោ​ព្រះ​ម្ចាស់​អើយ​! ថ្ងៃ​នេះ​ខ្ញុំ​ហាក់​បាន​រស់​ជា​ថ្មី​ម្ដង​ទៀត​ខ្ញុំ​សប្បាយ​ចិត្ដ​ណាស់​ ព្រោះ​ខ្ញុំ​ទើប​មក​ពើប​ពះ​ប្រទះ​ស្រី​មួយ​ដែល​ល្អ​គ្មាន​ពីរ​លើ​លោក​នេះ​​
- បាទ​អូន​ល្អ​មែន​ ល្អ . . . ល្អ . . . ។ តែ​បើ​អូន​មិន​ស្រលាញ់​ខ្ញុំ​វិញ​ទេ ខ្ញុំ​មុខ​ជា​ស្លាប់​ខ្លួន​មិន​ខាន . . . អូន​ស្រលាញ់​ខ្ញុំ​វិញ​ទេ​ ?​
- ស្រលាញ់
- ហេតុ​ម៉េច​ក៏​អូន​ស្រលាញ់​ខ្ញុំ​ រួច​ហេតុ​ម្ដេច​ក៏​អូន​មិន​ស្រលាញ់​អ្នក​មាន​បុណ្យ​សក្ដិ​ខ្ពស់​ៗ​ទៅ ​?
- ព្រោះ​ប្រហែល​វាសនា​យើង​។ ខ្ញុំ​ស្រលាញ់​អ្នក​មាន​បុណ្យ​សក្ដិ​ម្ដេច​កើត​? បើ​គេ​នោះ​ ច្រើន​តែ​មាន​ប្រពន្ធ​រាប់​រយ​ ផឹក​ស្រា ​លេង​​បៀ ហ៊ី​យ៉ាប់​ណាស់​ ប្រុស​អ្នក​ធំ​។ អោ​! មែន​អូន​ស្រលាញ់​បង​ ព្រោះ​វាសនា​នាំ​អោយ​យើង​មក​ជួយ​គ្នា​ក្នុង​ពេល​រាត្រី​ស្ងាត់​ ដែល​​មាន​ខ្យល់​ត្រជាក់​ គឺ​កាល និង ពេល​នេះ​ហើយ​ដែល​ពុំ​អាច​ទប់​ចិត្ដ​ស្រី​អោយ​មាន​មានៈ​មិន​ស្រលាញ់​នោះ​។
ប្អូនសូមនិយាយពីចិត្ដស្រីតាមកាលនេះបន្ដិចចុះ ៖
ក្នុង​ពេល​ថ្ងៃ​ ចិត្ដ​ស្រី​ប្រកាន់​ថា មិន​ស្រលាញ់​នឹង​ប្រុស​ណា​ជា​ដាច់​ខាត​។ រួច​បើ​ស្រលាញ់​តោង​ស្រលាញ់​តាម​ (ត្រង់​នេះ​រហែក​បាត់ ) បើ​ប្រុស​នោះ​គ្មាន​បុណ្យ​សក្ដិ​ គ្មាន​ទ្រព្យ​ធន​ធាន​ គ្មាន​អុត្ដម​គតិ​ខ្ពង់​ខ្ពស់​ទេ ស្រី​យើង​មិន​ស្រលាញ់​ជា​ដាច​ខាត​។ ដល់​ថ្ងៃ​ល្ងាច​ចិត្ដ​ស្រី​ប្រែ​បន្ដិច​ទៅ​វិញ​ គឺ​ថា​ត្រូវ​បង្ហាញ​ខ្លួន​អោយ​គេ​អែង​ឃើញ​ផង​។ បើ​គេ​ឃើញ​ រួច​គេ​ស្រលាញ់​យើង​ គេ​សាក​សួរ​យើង​តាម​ច្បាប់​ក៏​គួរ​យក​ទៅ​។ ពេល​យប់​ស្រី​ៗ គិត​ធូរ​បន្ដិច​ទៅ​ទៀត​ថា កុំ​ប្រកាន់​យក​តែ​ប្រុស​មាន​បុណ្យ​សក្ដិ​ មាន​រិក​ពារ​ខ្ពង់​ខ្ពស់​នោះ​ពេក​ ល្មម​ៗ​ យក​ទៅ​បាន​ហើយ​។ ពេល​យប់​ជ្រៅ​ស្រី​ៗ​នឹក​ថា មិន​ចាំ​បាច់​រូប​ប្រុស​ស្អាត​ប៉ុន្មាន​ក៏​យក​ដរ​។ ពេល​ពោក់​កណ្ដាល​អធ្រាត្រ​យប់​ស្ងាត់​ខ្យល់​ត្រជាក់​ព្រឺ​ខ្លួន​ ចិត្ដ​ស្រី​ក្រលាស់​រលីង​ គិត​ថា​ទោះ​យ៉ាង​ណា​ក៏​យក​ដែរ​ មិន​បាច់​រូប​ល្អ មិន​បាច់​បុណ្យ​សក្ដិ​ មិន​បាច់​ទ្រព្យ​ធន​ មិន​ចាច់​ចិត្ដ​ខ្ពស់​ទេ​ អោយ​តែ​បាន​គ្នា​ទៅ​ចាំ​កាច់​ទំរង់​ចិត្ដ​ប្ដី​នោះ​អោយ​បាន​ដូច​បំណង​ដើម​វិញ​។
អោ! ពេល​នេះ​ជា​ពេល​អធ្រាត្រ​ ប្អូន​មាន​ភ័ព្វ​បាន​មក​ជួប​នឹង​បង ប្អូន​ក៏​ដូច​ស្រី​អែ​ទៀត​ ក៏​ប្រថុយ​ស្រលាញ់​បង​ទៅ​ចុះ​។ តែ​. . តែ​អោ​! ចិត្ដ​ស្រី​. . . ចិត្ដ​ស្រី​កាល​ណា​បាន​ស្រលាញ់​អ្នក​ណា​មួយ​ហើយ​ ចិត្ដ​ស្រី​អិត​កែ​ប្រែ​ទៀត​បាន​ឡើយ​។ បង​! ចិត្ដ​ស្រី​ផ្កាប់​មុខ​ស្រលាញ់​តែ​មួយ​រហូត​មួយ​ជីវិត​។
បំរុងសើចយកដៃច្បិចចង្កាធីតាដែលយកដៃរងធ្វើដូចជាខ្មាសអៀនពេក
- អញ្ជើញអូនឡើងមកលើមក អង្គុយអោយបានជិតគ្នាទៅទៀត
- ច៎ាះ ! ទេ ប៉ុណ្ណេះ​បាន​ហើយ​។ តែ​អីលូវ​ ប្អូន​ស្រលាញ់​បង​ហើយ​តើ​បង​ហ៊ាន​ស៊ូ​ប្ដូរ​ជីវិត​នឹង​ប្អូន​រឺ​ទេ​?​
បំរុងថើបម្រាមដៃនាងយ៉ាងខ្លាំង
- ហ៊ាន ! ហ៊ានប្ដូរស្លាប់ប្ដូររស់ ប្អូនមានទុក្ខអ្វីបងហ៊ានទាំងអស់
- បងហ៊ានស្បថជូនអូនទេ ?
- ហ៊ាន ! បងសូមស្បថជូនប្អូនទាំងអស់
ធីតានិយាយទាំងស្រងូតស្រងាត់ទៅទៀតថា
- ប្អូន​មាន​សេច​ក្ដី​ត្រេក​អរ​នឹង​បង​ណាស់​។ ដូង​បង​ជ្រាប​ស្រាប់​ ក្នុង​ពេល​នេះ​ ប្អូន​កំពុង​ទុក្ខ​ខ្លាំង​ណាស់​
បំរុងកាត់ថា
- ទុក្ខអី ?
- ច៎ាះ ! ទុក្ខប្អូន គឺទុក្ខចង់បានបងជាប្ដីអោយបានឆាប់
បំរុង​ត្រេក​អរ​នឹង​សំដី​នេះ​យ៉ាង​ក្រៃ​អនេក​ ពាក្យ​នេះ​នាង​ទៅ​មុខ​ឆ្ងាយ​អិត​បង្អង់​ ដើម្បី​អោយ​ប្រុស​ជា​សង្សារ​ថ្មី​ជឿ​ចិត្ដ​នាង​។ កល្យាណ​បន្ដ​ពំនោល​ទៅ​ទៀត​ថា​
- ច៎ាះ ! ប្អូន​ចង់​ជួប​នឹង​បង​ណាស់ ដើម្បី​អោយ​បាន​រួម​ដំណេក រួម​មេត្រី​ រួម​ពាក្យ​សំដី​ រួម​រូប​កាយ​ជា​មួយ​តែ​នឹង​បង​មួយ​។ អោ!....ប្អូន​ព្រួយ​ខ្លាច​ក្រែង​យូរ​ទៅ​បង​ណាយ​រសាយ​ចិត្ដ​ចោល​ប្អូន​អោយ​នៅ​អែក​កា​ម្នាក់​អែង​ គឺ​ថា​បង​ទៅ​ស្រលាញ់​គេ​អែ​ទៀត​ ភ្លេច​នឹក​នា​ដល់​​ប្អូន​​ដែល​បាន​បោះ​ពួយ​ចិត្ដ​ស្រលាញ់​បង​ទាំង​ស្រុង​ គ្មាន​សល់​ត្រង់​ណា​សោះ​។ និយាយ​យ៉ាង​នេះ​ប្អូន​ព្រួយ​ណាស់​។
នាយបំរុងលួងលោមវរលក្ខណ៍ថា
- អូន​កុំ​ព្រួយ​ កុំ​ថប់​ កុំ​បារម្ភ​អោយ​សោះ​ បង​មិន​ធ្វើ​ដូច្នោះ​ទេ​ មាន​ទេវ​តា​ជា​ប្រធាន​សាក្សី​។ បើ​បង​មាន​ចិត្ដ​ដូច្នោះ​មែន​ សូម​ អោយ​បង​​ស្លាប់​តែ​នឹង​អាវុធ​គេ​។ តែ​បើ​អូន​គិត​ថា ចង់​ជួប​នឹង​បង​ឆាប់​ៗ​នោះ​ បង​ក៏​គិត​ដូច្នោះ​ដែរ​ គឺ​បង​ខ្លាច​អូន​ណាយ​រសាយ​ចិត្ដ​ចោល​បង​ដែរ​ ព្រោះ​បង​ជា​អ្នក​ខ្សត់​ខ្សោយ​ អូន​ជា​អ្នក​មាន​ភោគ​សម្បត្ដិ​ បង​ជា​រាស្រ្ដ​ ប្អូន​ជា​ស្ដេច​
ព្រះនាងមណីគ្រវីក្បាល ធ្វើដូចឆ្ងល់ថា
- បើ​ដូច្នោះ ធ្វើ​ម្ដេច​អោយ​យើង​បាន​ជួប​គ្នា​ឆាប់​បាន​? បង​! អោ​ យើង​ជួប​គ្នាបាន​នោះ ទាល់​តែ​ដល់​ពេល​ប្អូន​រួច​ពី​ឃុំ​ឃាំង​នេះ​។ ហ៊ី​! រួច​ពី​ឃុំ​ឃាំង​យ៉ាង​ណា មិន​ដឹង​ឆ្នាំ​ណា ពេល​ណា វេលា​ណា​ទេ​។ ប្អូន​មុខ​តែ​ស្លាប់​ខ្លួន​ព្រោះ​តែ​សេច​ក្ដី​ស្នេហា​របស់​យើង​មិន​ខាន​។
នាយ​បំរុង​លឺ​ដូច្នោះ​ព្រឺ​ខ្លួន​ខ្ញាក​ៗ គិត​យ៉ាង​យូរ អេះ​ក្បាល​តឹង​ទ្រូង​ពេក​ ដោយ​រក​ផ្លូវ​ដោះ​ស្រាយ​មិន​ឃើញ​។ អ្នក​សួរ​នាង​ថា
- បើដូច្នោះ យើងត្រូវធ្វើយ៉ាងណា ដើម្បីអោយបានជួបគ្នាឆាប់ៗ?
នាងមណីត្រេកអរពន់ពេក ។ នាងមានគ្រោងការនិយាយស្រេច។ នាងនិយាយថា
- បើបងគិតតាមផ្លូវក្នុងរវាងបីថ្ងៃទេ យើងបានជួបគ្នាជាប្ដីប្រពន្ធមិនខាន
បំរុងនិយាយលាន់មាត់ថា
- ធ្វើយ៉ាងណា ?
- ច៎ាះ ! តាមប្អូន គឺបីថ្ងៃទៀត យើងរៀបការគ្នាទៅអែប្រាសាទព្រះកំពុត ! !
បំរុងឆ្លើយកាត់ថា
- អែប្រាសាទព្រះកំពុត?
-យើងរត់ទៅ !
ត្រេកអរ ស្ទើរភ្លូកអស់ភពផែនដី បំរុងកោតសរសើរផែនការនេះក្រៃពេក
- បាទ ! មែនៗ យើងរត់ទៅ ។ តែរត់យ៉ាងណា?
- បងចេះ​ហែល​ទឹក​ស្រាប់ បង​បី​ប្អូន​ហែល​ដល់​គោក​។ បង​ស្គាល់​ភូមិ​ភាគ​ស្រាប់​ បង​នាំ​ប្អូន​ទៅ​អែ​ប្រាសាទ​ ព្រះ​កំពុត​ជា​ការ​ស្រេច​បាត់​ទៅ​ហើយ​។
- មែន​! មែន​! អូន . . . អូន . . . យើង​មុខ​ជា​បាន​ជួប​គ្នា​មិន​ខាន​។ តែ​អូន​ បង​អាណិត​ដល់​លោក​គ្រូ​ណាស់​ គាត់​ស្មោះ​ត្រង់​ នឹង​ ជាតិ​ គាត់​សុខ​ចិត្ដ​លំបាក​វេទនា​ព្រោះ​ជាតិ​ គាត់​លះ​បង់​អស់​បុណ្យ​សក្ដិ​ដើម្បី​ធ្វើ​តាម​ពាក្យ​វិសេស​ក្លាហាន​ គាត់​មាន​ចិត្ដ​ថ្លៃ​ថ្នូរ​ មិន​គួរ​បង​ក្បត់​​គាត់​សោះ​។
នាងមណីខាំមាត់សង្កត់ពាក្យថា
- យ៉ាងហ្នឹង រឺ ដែល​ហៅ​ថា​ស្រលាញ់​ខ្ញុំ​។ អីលូវ​យើង​ស្រលាញ់​ រឺ​ មួយ​យើង​បែក​គ្នា​? ប្អូន​មិន​ខ្លាច​នឹង​បែក​ទេ ព្រោះ​ប្អូន​ក៏​ពុំ​ទាន់​បាន​ធ្លោយ​ប្រាណ​​លើ​រូប​បង​។ គិត​អោយ​មែន​ទែន​ទៅ​មើល​ ?​
នាយបំរុងសើច និយាយអង្វរថា
- អីលូវ​ថា​បើ​យើង​នាំ​គ្នា​ទៅ​ដល់​ប្រាសាទ​ព្រះ​កំពុត​ហើយ​ តើ​អូន​ធ្វើ​យ៉ាង​ណា ទើប​ព្រះ​កំពុត​យល់​ព្រម​អោយ​ឃើង​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​?
- ការ​នេះ​ស្រេច​លើ​ខ្ញុំ បង​មាន​គុណ​ដល់​ទៅ​ជួយ​យោង​ជីវិត​ខ្ញុំ​ហើយ​ណា​ ក៏​ព្រះ​កំ​ពុត​មិន​យល់​ព្រម​ទៀត​នោះ​។ បង​! បង​​! ទៅ​ៗ​ យើង​នាំ​គ្នា​លោត​ទឹក​ទៅ​ ឆាប់​ឡើង​ក្រែង​ដល់​ពេល​គេ​មក​ផ្លាស់​បង​ទៅ​
- ទៅ !

ទឹក​កួច​ទូក​រ៉េវ​ចុះ​ឡើង​។ បំរុង​ចាប់​ដៃ​នាង​មណី​ក្រោក​ឈរ​ឡើង​។ នាយ​កោប​ស្ងាប​ហ៊ម​ៗ​ ខាង​មុខ​ទូក​។ ជន​ទាំង​ពីរ​អោន​ចុះ ​នាយ​កោប​ក្រោក​អង្គុយ​ខ្ពុរ​មាត់​លឺ​រ៉ូ​ៗ​។ ព្រះ​នាង​ថយ​ក្រាក​។ បំរុង​អង្គុ​យ​ក​ន្លែង​ដដែល​ដូច​ដើម​។ នាយ​កោប​ដើរ​តេល​តោល​ទៅ​លុប​មុខ​​ទៀត​។ ព្រះ​នាង​អោន​ក្បាល​រត់​ចូល​ក្នុង​បន្ទប់​វិញ​ទៅ​ប្រះ​ខ្លួន​លើ​ពូក​ដដែល​ក្នុង​ងងឹត​ដដែល​ ជុំវិញ​ជញ្ជាំង​ទាំង​បួន​ដដែល​។

គឺ​នាយ​កោប​ដល់​វេន​កាច់​ចង្កូត​ហើយ​។ ក្រោយ​មក​ព្រះ​នាង​លឺ​សូរ​នាយ​កោប​ និង​បំរុង​និយាយ​គ្នា​រអ៊ូ​ៗ​អំ​ពី​សង្រ្គាម​ម្សិល​។ ជន​ទាំង​ពី​ អុជ​ថ្នាំ​ជក់​មួយ​ស្របក់​ ទើប​លឺ​សូរ​ជើង​បំរុង​ទៅ​កាន់​ដំណេក​។ នាយ​កោប​កាច់​ចង្កូត​យ៉ាង​សង្ហា​។