២៤ - ជោគជ័យ
ថ្ងៃសៅរ៍ ទី29.តុលា 2016.ម៉ោង 18:31

ព្រះ​សុរិយា​រះ​ចំ​កណ្ដាល​វង់​ឆព្វណ្ណ​រង្សី​ ទាំង​ប្រាំ​ពីរ​ថ្នាក់​ ដែល​មើល​ឃើញ​ច្បាស់​ក្រវង់​ជា​ទី​អស្ចារ្យ​ក្រៃ​ពេក​។ ​ពពក​បន្លាយ​ជើង​ភ្នាយ​វែង​ទៅ​ដល់​ជើង​មេឃ​។ តាម​ចាស់​ទុំ​ គឺ​ភេទ​ស្រុក​សង្រ្គាម​។ ប្រជា​ជន​ដែល​ជា​ម្ចាស់​ស្រុក​ងើប​ក្បាល​ទៅ​មើល​​គ្រប់​ៗ​គ្នា ដើម្បី​ពិនិត្យ​ហេតុ​ដ៏​ចំលែក​នេះ​។ ពាក្យ​ថា ​«ស្រុក​មាន​កើត​ភាន់​ប្រែ​ អ្នក​ធំ​ស្លាប់​» ផ្លាយ​ចេញ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ បង្កើត​ក្ដី​ខ្លាច​ក្នុង​ចិត្ដ​គ្រប់​ៗ​គ្នា​។

មែន ថ្ងៃ​នោះ គឺ​ជា​ថ្ងៃ​ដែល​ព្រះ​នាង​ខត្ដិ​យាណី​សំរេច​នូវ​ផែន​ការ​ដើម្បី​ខ្លួន​នាង និង​ដើម្បី​កាមា​។ ផែន​ការ​នេះ​ជះ​ចំហាយ​ក្ដៅ​ដល់​ទៅ​ទេវ​តា​ ដែល​យើង​មើល​មិន​ឃើញ​ថែម​ទៀត​។
តើ​ព្រះ​កំពុត​ស្លាប់​ រឺ​ទេ ​? តើ​ព្រឹត្ដិ​ការណ៍​ស្រុក​ទេស​ប្រែ​ប្រួល​ទៅ​យ៉ាង​ណា ​? យើង​រំជួល​ចិត្ដ​ក្រៃ​ពេក​! មួយ​គ្រា​នេះ ​បើ​ព្រះ​នាង​សំរេច​បំណង​ទាំង​បី​យ៉ា​ងគឺ​ :
១ - សំលាប់មានន្ទបាន
២ - សំលាប់ព្រះកំពុត
៣ - លួចមាសប្រាក់បាន

នោះ​លទ្ធិ​ផ្ដាច់​ការ មុខ​ជា​រាត្បាត​យ៉ាង​ឃោរ​ឃៅ​លើ​ប្រជា​នុ​រាស្រ្ដ​ខ្មែរ​រាប់​ម៉ឺន​នាក់​ជា​ដាច់​ខាត​។ តែ​អ្នក​អាន​ទាំង​ឡាយ​ជ្រាប​ហើយ​ថា ផែន​ការ​ទី​មួយ​របស់​មណី ​ស្រី​វិសេស​រលំ​គ្រេង​ នៅ​ចុង​ជើង​រាស្រ្ដ​យើង​ទៅ​ហើយ​ គឺ​ មានន្ទ​អិត​ត្រូវ​ស្លាប់​ដូច​ស្រី​ខត្ដិ​យាណី​ចង់​នោះ​ទេ​។ សួរ​ថា​ បើ​ផែន​ការ​ទីពីរ​ និង​ ទី​បី​បាន​សំរេច​ តើ​បំណង​ស្រី​ស្រស់​ដែល​ចង់​ជិះ​ក​រាស្រ្ដ​ខ្មែរ​សម័យ​នោះ​បាន​សំរេច​ទេ​? យើង​អាច​ឆ្លើយ​ថា​ ក្នុង​ពីរ​ភាគ​បី​បំណង​ស្រីចំណាប់​អាច​សំរេច​បាន​ ពី​ព្រោះ​ថា​ បើ​ព្រះ​កំពុត​ស្លាប់​ អំណាច​បាន​ទៅ​នាង​ រួច​ស្រី​បាន​មាស​ប្រាក់​ ដើម្បី​ទិញ​អាវុធ​បន្ដ​សង្គ្រាម​ជិះ​ជាន់​នោះ​ទៅ​ទៀត​បាន​ ហើយ​បាន​យ៉ាង​សា​ហាវ​មិន​ខាន​។ ហេតុ​នេះ​គួរ​ភ័យ​ណាស់​ពេក​ ព្រោះ​មហន្ដ​រាយ​នៅ​មាន​ទំងន់​យ៉ាង​ធ្ងន់​ដដែល​លើ​សិរ​សា​ជាតិ​យើង​។ តែ​ប្រហែល​ផែន​ការ​ទី​ពីរ​របស់​ស្រី​កំណាច​មិន​បាន​សំរេច​ទេ​ ពី​ព្រោះ​យើង​បាន​ដឹង​ថ្មី​ៗ​នេះ​ទៀត​ថា​ ដារា​សុខ​ចិត្ដ​មិន​សំលាប់​ព្រះ​កំពុត​តាម​ សេច​ក្ដី​ស្នើ​របស់​មានន្ទ​ក្នុង​ផ្ទះ​តៀម​។

អូស! បាន​ធូរ​ទ្រូង​បន្ដិច​! តែ​ទេ​ការ​ពិត​ ព្រឹត្ដិ​ការណ៍​មិន​ទាន់​បាន​ធូរ​ដូច​យើង​ស្មាន​នោះ​ទេ​។ តោង​យើង​ដឹង​សុភា​សិត​បុរាណ​ដែល​ចែង​ថា «​ធ្វើ​ស្រែ​​នឹង​ទឹក​ ធ្វើ​សឹក​នឹង​បាយ»​។ ហេតុ​នេះ​ទោះ​ផែន​ការ​ទី​មួយ​ និង​ទី​ពីរ​មិន​បាន​សំរេច​ក៏​ដោយ​ ក៏​ព្រះ​នាង​អាច​បន្ដ​សង្គ្រាម​យ៉ាង​ម៉ឹង​​ម៉ាត់​មិន​ខាន​ ដោយ​ព្រះ​នាង​បាន​លួច​អស់​ទ្រព្យ​សម្បត្ដិ​ព្រះ​កំពុត​ទៅ​ហើយ​។ ម្យ៉ាង​ទៀត កាល​មុន​គិត​គូរ​គ្រោង​ការ​ធ្វើ​ក្បួន​ហែ «ការ​ពារ​អែក​រាជ្យ​» នោះ​ព្រះ​នាង​បាន​បញ្ជូន​បេ​សក​ជន​សំងាត់​បី​នាក់​អោយ​ទៅ​សុំ​កំលាំង​ទ័ព​ពី​អូវ​ពុក​នាង​អែ​សុរិន្ទរ៍​ និង​ សុំ​កំលាំង​ទ័ព​ថ្មី​ ពី​ព្រះ​ចៅ​ក្រុង​អយុធ្យា​នៃ​ប្រ​ទេស​សៀម​។ ដូច​នេះ​ ខាង​ព្រះ​នាង​ឃើញ​ថា​ នៅ​មាន​កំលាំង​ខ្លាំង​ដូច​ដំរី​សារ​នៅ​ឡើយ​។ អោ​! កាល​បើ​ស្រី​មាន​ជ័យ​ជំនះ​ហើយ​ យើង​អ្នក​អាន​មុខ​ជា​ក្រៀម​ក្រំ​មិន​ខាន​ ព្រោះ​ខាង​មា​នន្ទ​អ្នក​តស៊ូ​ដើម្បី​យើង​​ទាំង​អស់​គ្នា​នោះ​មុខ​ជា​បរាជ័យ​ហើយ​។

តែ​អីលូវ​នេះ​ វែក​ញែក​មើល​កំលាំង​ខាង​មានន្ទ​មើល​ តើ​ខ្លាំង​ប៉ុន​ណា​? អាច​ស៊ី​សង​បាន​រឺ​ទេ​? អូ​! គួរ​អោយ​អាសូ​រ​ណាស់​ មានន្ទ​ដើរ​មក​ស្រុក​មង្គល​បុរី​តែ​ពីរ​នាក់​តា​សុ​មេរុ​។ រួច​ណា​មួយ​ថ្ងៃ​នោះ​ ព្រះ​អាទិត្យ​បាំង​ឆ័ត្រ​ប្រាំ​ពីរ​ជាន់​ទៀត​។ តែ​ប្រ​វត្ដិ​សាស្រ្ដ​ឆ្លើយ​ថា​ ខ្មែរ​ឈ្នះ​! ឈ្នះ​ព្រោះ​កំលាំង​ខាង​មានន្ទ​ពឹង​ផ្អែក​លើ​កំលាំង​រាស្រ្ដ​ ហើយ​កំលាំង​ប្រជា​រាស្រ្ដ​តែង​ឈ្នះ​ដរាប​។ ព្រឹក​នោះ​ មនុស្ស​មក​កុះ​ករ​ ផ្កា​ភ្ញី​សំរាប់​ព្រះ​សង្ឃ​សូត្រ​ជយន្ដោ​។ គេ​លឺ​សូរ​តែ​សំរែក​ហ៊ោ ​«ជយោ ​! ព្រះ​កំពុត​ ជយោ​! ព្រះ​កំពុត ​»​។ រួច​គេ បាន​សប្បាយ​ និង ​មើល​ក្បួន​ សេះ​ដំរី​ដែល​ដើរ​ជា​ជួរ​ប្រដាប់​ដោយ​គ្រឿង​ប្លែក​អស្ចារ្យ​ ដែល​ពណ៌​លឿង​ ខៀវ​ ក្រហម ​ស លេច​ឃើញ​ជាង​​គេ​។

ព្រះ​នាង​ខត្ដិ​យាណី​ និង​នាង​មាលា​ លប​មើល​ក្បួន​តាម​ចន្លោះ​បង្អួច​ដែល​នៅ​ក្នុង​ផ្ទះ​ស្ងាត់​តូច​មួយ​ជិត​នោះ​។ ទឹក​មុខ​ព្រះ​នាង​ខត្ដិ​យាណី​មាំ​កាច​។ ធីតា​ចាំ​មើល​អាចារ្យ​ដារា​សំលាប់​ព្រះ​កំពុត​នឹង​ភ្នែក​ស្រី​។ គ្មាន​នរ​ណា​មួយ​នឹក​សង្ស័យ​ដល់​អាចារ្យ​នោះ​ឡើយ​។ អែ​ចំណែក​ព្រះ​កំពុត​បាន​បង្គាប់​មិន​អោយ​គេ​យាម​ព្រះ​អង្គ​ឡើយ​ ដើម្បី​បង្ហាញ​អោយ​គេ​ឃើញ​ថា​ រាស្រ្ដ​ស្រលាញ់​មែន​។ ស្លៀក​ស្បៃ​រំលេច​រំយោល​ពណ៌​មាស​ភ្លឺ​ផ្លេក​ៗ ជើង​ទទេ​ ដៃ​កាន់​ថាស​ដែល​មាន​ទៀន​ធូប ក្បាល​អោន​ព្រះ​កំពុត​ដើរ​មួយ​ៗ ចូល​មក​ថ្វាយ​បង្គំ​ព្រះ​សង្ឃ​ដែល​គង់​ចាំ​នៅ​ត្រៀប​ត្រា​។​

អ្នក​ស្រុក​ផង​ទាំង​ពួង​ មិន​ថា​ចាស់​ក្មេង​ ស្រី​ រឺ​ប្រុស​ ងាក​មើល​មក​លោក​គ្រប់​ៗ​គ្នា​។ កិច្ច​សូត្រ​ធម៌​ថ្វាយ​បង្គំ​ព្រះ ក៏​ចាប់​ផ្ដើម​ឡើង​យ៉ាង​ពីរោះ​។ ព្រះ​កំពុត​បត់​ជើង​រម្យ​ទម​សំពះ​ព្រះ​សង្ឃ​។ រួច​យើង​រាល់​គ្នា​ស្ដាប់​លោក​សូត្រ​​ធម៌​ប្រស់​ទឹក​។ ធម៌​ជ​យន្ដោ​មក​ដល់​។ ព្រះ​សង្ឃ​សូត្រ​ចប់​។ អាចារ្យ​មួយ​រូប​ស្លៀក​ស​ ពាក់​ស ទទូរ​ស ចេញ​ពី​មាត់​ទ្វារ​មួយ​ដើម្បី​មក​ប្រស់​ទឹក​ជូន​ព្រះ​កំពុត​។ ព្រះ​នាង​ខត្ដិ​យាណី​រំភើប​ក្នុង​ចិត្ដ​ កាល​បើ​ឃើញ​អាចារ្យ​នេះ​ចេញ​មក​។ ព្រះ​នាង​នឹក​ថា នុ៎ះ​! ឃាតករ​ចេញ​មក​ហើយ​។ អាចារ្យ​ប្រស់​ទឹ​ក អោយ​ពរ​ដល់​ព្រះ​កំពុត​ដែល​លុត​ជង្គង់​នេះ​ឡើង​សំពះ​ទទួល​ពរ​ជ័យ​។ ព្រះ​នាង​ដែល​លប​មើល​រឿង​នេះ​ទន់​អស់​ជើង​ដៃ​ ស្ទើរ​ដួល​។ ពេល​ដ៏​សំខាន់​មក​ដល់​ ​។ គឺ​ពេល​ដែល​ព្រះ​កំពុត​លុត​ជង្គង់​នេះ​ហើយ​ដែល​ដារា​ត្រូវ​ចាក់​សំលាប់​វិញ​។ ព្រះ​កំពុត​បត់​ជើង​ចុះ​វិញ​។ ព្រះ​នាង​ខត្ដិ​យាណី​អោន​ខ្លួន​បន្ដិច​ដើម្បី​ប្រឹង​មើល​អោយ​បាន​ច្បាស់​។ រួច​គឺ​ក្នុង​ពេល​នោះ​ហើយ​ដែល​អគ្គី​ឆួល​​ឆេះ​ក្នុង​ទ្រូង​នាង​។

ព្រះកំពុតបត់ជើងទៅវិញ . . . រួចអាដារាវាមិនសំលាប់ . . . !
ព្រះនាងខាំធ្មេញ និយាយក្នុងចិត្ដថា :
- រឿងអី ? ហេតុម៉េចក៏ដូច្នោះ ?
សូរ​សូត្រ «យំកិញ្ចិ » ក៏​លាន់​លឺ​ឡើង​យ៉ាង​យឺត​ៗ​។ ព្រះ​នាង​ខត្ដិ​យាណី​លុត​ជង្គង់​ចុះ​ដោយ​ឈរ​មើល​ទៀត​លែង​កើត​។ តើ​ព្រះ​នាង​នឹក​យ៉ាង​ណា​ក្នុង​ពេល​ដ៏​អស្ចារ្យ​នេះ​? តែ​ភ្នែក​ស្រី​ចោះ​ចាក់​ទៅ​លើ​រូប ដារា​ដែល​មក​ដល់​ព្រិប​ពី​មុខ​នាង​។ ព្រះ​នាង​ស្ទុះ​ហេ​ទៅ​រក​​អាចារ្យ​ឈប់​ពី​មុខ​បុរស​។ មួយ​ស្របក់​ព្រះ​នាង​សួរ​ថា:
- ម៉េច​ក៏​អែង​មិន​សំលាប់ ​? យ៉ាង​ណា​? រឿង​អ្វី​? ហ៊ឹះ ! ហ៊ឹះ ! . . . ថា​មើល​!
តែរូបអាចារ្យដែលស្លៀកស ពាក់ស នៅស្ងៀមអិតឆ្លើយឡើយ។ក្នុង​ពេល​ដដែល​នោះ ស្រី​ហូត​កំបិត​ស្នៀត​ខ្វាក​ពី​ចង្កេះ​នាង​ ដែល​នាង​សៀត​មិន​ដែល​ដាច់​ឡើយ​។ អាចារ្យ​កំ​រើក​ខ្លួន​បន្ដិច​។ រួច​សើច​លឺ​ឃឹស​!
ព្រះនាងលឺសំនើច ទុចងក់ភ្នែកឆ្លេឆ្លា។ ទើបព្រះនាងលឺសំដីថា
- សួស្ដី​អូន​មណី​! បង​មិន​ចាំ​បាច់​ឃើញ​មុខ​អូន​ទេ បាន​ស្គាល់​អូន​នោះ​។ បង​គ្រាន់​តែ​លឺ​សំដី​អូន​ ក៏​ស្គាល់​អូន​ស្រេច​ទៅ​ហើយ​ ពី​ព្រោះ​សូរ​សំដី​របស់​អូន​ ជា​សូរ​សំដី​ដែល​គេ​មិន​អាច​ភ្លេច​បាន​ទេ​ ទោះ​នៅ​ក្នុង​ជុច​ក៏​មិន​ភ្លេច​ដែរ​...​។ អូន​ចង់​ដឹង​បង​ជា​អ្នក​ណា ​?...មើល​ចុះ​។
ព្រះ​នាង​ថយ​បី​ជំហាន​ខ្សាក​ទៅ​ក្រោយ​។ មុខ​ស្រី​ឡើង​ស្លាំង​ដូច​មនុស្ស​ស្លាប់​ រួច​ក្នុង​ពេល​អាចារ្យ​កំ​ពុង​និយាយ​ ព្រះ​នាង​នឹក​ថា គឺ​សំលេង​មា​នន្ទ​ហើយ​! ប្រាកដ​ហើយ​! រួច​ការ​ស្លាប់​នោះ​វា​ទៅ​ជា​យ៉ាង​ណា​វិញ ​? គឺ​សំលេង​នេះ​ហើយ​ដែល​អញ​ស្អប់​ ... ​គឺ​សំលេង​នេះហើយដែលអញ​ស្រលាញ់​...​។ ស្រី​នៅ​ស្ងៀម​ធ្មឹង​ ទន្ទេញ​តែ​ក្នុង​ពោះ​ថា​
- គាត់​ស្លាប់​បាត់​ទៅ​ហើយ​! អញ​ប្រាកដ​ជា​គាត់​ស្លាប់​ រួច​អីលូវ​គាត់​និយាយ​រក​អញ​! រួច​គាត់​មក​នៅ​នឹង​មុខ​អញ​ទៀត​!​
ព្រះ​នាង​ខត្ដិ​យាណី​ពេប​មាត់​បញ្ចេញ​អាការ​កាច​។ នាង​ហាក់​ដូច​គ្មាន​ព្រឺ​អ្វី​នឹង​សំដី​ចុង​បំផុត​របស់​មានន្ទ​ឡើយ​។ តើ​អ្នក​ណា​អាច​ដឹង​ថា​ធីតា​មាន​គ្រោង​ការ​អ្វី​ទៀត​។ ស្រី​និយាយ​តប​ថា៖
- យើងជាខ្មាំង នឹងគ្នាដរាប
មានន្ទចងចិញ្ចើម មុខឡើងក្រហមដូចគេរោលភ្លើង
- បើដូច្នោះគ្មានអ្វីផ្សះផ្សារយើងបានទេ ! មានតែអាវុធ
មានន្ទ​ហូត​ដាវ​ផ្ទាប់​គល់​ក​ព្រះ​នាង​អិត​បង្អង់​ឡើយ​។ ព្រះ​នាង​ពេប​មាត់​។ ស្រី​លាត​ត្រ​ដាង​ដៃ​ស្ដាំ​ទៅ​មាត់​ទ្វារ​មួយ​ជិត​នោះ​ ដើម្បី​អោយ​មានន្ទ​មើល​តាម​។
គាប់​ជួន​ពេល​នោះ ទ្វារ​របើក​ភ្លែត​ឡើង​ ទាហាន​ចូល​មក​។ លុះ​ឃើញ​មានន្ទ​ដែល​តំរង់​ចុង​ដាវ​គល់​ក​ព្រះ​នាង ទាហាន​ដក​ដាវ​ខ្លួន​គិត​ស្ទុះ​ចូល​មក តែ​ធីតា​រា​ដៃ​
- កុំ ! កុំ ! មានការអី ?
- ព្រះបាទម្ចាស់មានសំបុត្រមួយមកពីព្រះចៅក្រុងអយុធ្យា
- អើ ! យកមកមើល
ទាហាន​ចូល​មក​ធ្វើ​គារ​វ​កិច្ច​រួច​ហុច​សំបុត្រ​។ ព្រះ​នាង​មើល​រួច​ហុច​សំបុត្រ​នោះ​ទៅ​អោយ​មានន្ទ​មើល​ដូចត​ទៅ

ពីព្រះចៅក្រុងអយុធ្យាដល់ព្រះនាងខត្ដិយាណីកែវមណី

ខ្ញុំ​ព្រះ​ចៅ​ក្រុង​អាយុធ្យា​បាន​ទទួល​លិខិត​រាយ​ការណ៍​ អំពី​មហា​ចោរ​មានន្ទ​​ ហើយ​​និង​ អំពី​កំលាំង​ទ័ព​យើង​ដែល​នៅ​ស្ដួច​ស្ដើង​នៅ​ឡើយ​។ ជា​ដំបូង​ខ្ញុំ​មាន​ព្រះ​ទ័យ​ត្រេក​អរ​ នឹង ព្រះ​នាង​ណាស់​ ដោយ​បាន​ប្រឹង​ប្រែង​ពុះ​ពារ​ការ​លំបាក​គ្រប់​យ៉ាង​ ដើម្បី​ទ្រ​ទ្រង់​ការ​គ្រប់​គ្រង​របស់​ជាតិ​សៀម​យើង​ ក្នុង​អានា​ខេត្ដ​សិរី​សោ​ភ័ណ​។

សូម​ព្រះ​នាង​បន្តការ​ងារ​យើង​ទៅ​ទៀត​។ ខ្ញុំ​បញ្ជូន​មក​ជា​មួយ​នេះ​នូវ​កង​ពល​ចំនួន​ប្រាំ​ពាន់​នាក់​ ក្រោម​ការ​ដឹក​នាំ​របស់​នាយ​សេរី​វង្ស​ម្កុដ​ ជា​មួយ​នឹង​មាស​ចំនួន​កន្លះ​ហាប​ ដើម្បី​បង្ក្រាប​ចលា​ចល​ សូម​ព្រះ​នាង​ប្រើ​ប្រាស់​តាម​ត្រូវការ​។ ខ្ញុំ​សូម​អោយ​ទេ​វតា​ជួយ​ថែ​រក្សា​ព្រះ​នាង​ និង​ ស្វេត​ឆ័ត្រ​ អោយ​បាន​គង់​វង់​យឺន​យូរ​រាប់​លាន​ឆ្នាំ​ទៅ​មុខ​កុំ​ខាន​។

ព្រះចៅក្រុងអយុធ្យា

ព្រះនាងញញឹម ងក់ក្បាលបញ្ជាអោយទាហាន
- ទៅចុះ។ អែចំនែកខាងបង សុំដាក់ដាវចុះ។
មានន្ទញីសំបុត្រចោលទៅលើក្ដារ។ ព្រះនាងបន្ដទៀតថា
- បងចង់សំលាប់ប្អូន ? ហ៊ឹះ ! បងមិនយំ ដូចប្អូនយំនឹងបងទេ ! ទេៗ កុំសំលាប់ ពីព្រោះ . . .
គ្រាន់​តែ​ថា​ប៉ុណ្ណោះ ទ្វារ​មួយ​ទៀត​របើក​ឡើង​។ ពេជ្ឈ​ឃាត​ពីរ​នាក់​ចាប់​ដៃ​នាង​ទេវី​ម្នាក់​ម្ខាង​ៗ ផ្ដោត​ចុង​កាំបិត​នឹង​ក​នាង​។ មាត់​នាង​ត្រូវ​គេ​ចុក​ណែន​រក​ស្រែក​ពុំរួច​។
កាល​បើ​ឃើញ​មានន្ទ​ នាង​កញ្ជ្រោល​អស់​ទំហឹង​ចង់​ស្ទុះ​រត់​មក​រក​មានន្ទ​។ រី​អែ​មានន្ទ​កាល​បើ​ឃើញ​នាង​ទេវី​ដែល​អ្នក​ស្មាន​ថា​ ស្លាប់​បាត់​ទៅ​ហើយ​នោះ​បុរស​ហៀប​ស្ទុះ​ទៅ​ចាប់​ តែ​សំលេង​ព្រះ​នាង​មណី​គំហក​ថា​
- នៅអោយស្ងៀម ! បើបងកំរើកតែបន្ដិចទេវីស្លាប់ហើយ!
មានន្ទមុខឡើងស្លាំង ញ័រដូចកូនសត្វ។ តើធ្វើយ៉ាងណា ?
នាងមណីធ្វើព្រងើយ ផ្អែកខ្នងទៅនឹងសសរនិយាយថា
- ដាវ​បង​នៅ​មួយ​ចំ​អាម​ពី​ក​ខ្ញុំ​។ ដាវ​ខ្ញុំ​នៅ​ជាប់​នឹង​ក​នាង​ទេវី​។ បង​ឃើញ​ទេ​? ខ្ញុំ​ដើរ​មុន​បង​ជានិច្ច​។ អីលូវ​សំរេច​យ៉ាង​ណា សំរេច​ទៅ​! រឺ​ មួយ​លែង​អោយ​ខ្ញុំ​រស់​ នាង​ទេវី​ក៏​រស់​ រឺ​មួយ​សំលាប់​ខ្ញុំ​ នាង​ទេវី​ក៏​ស្លាប់​
មានន្ទ​ប្រឹង​នៅ​ស្ងៀម​។ ក្នុង​វិនា​ទី​នេះ ​ចិត្ដ​ពីរ​បញ្ច្រាស់​គ្នា​មក​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ខ្លួន​អ្នក​។ ចិត្ដ​ទី​មួយ​ អាណិត​ស្រី​នោះ ស្រ​លាញ់​នាង​ទេវី​បន្ដូល​ចិត្ដ​ ដោយ​ព្រាត់​​យូរ​ហើយ​​ៗ ដែល​ជា​ទី​គោរព​ក្រៃ​ពេក​។ ស្រី​ស្រស់​ល្អ​បរិ​សុទ្ធ​រក​គ្មាន​ថែម​​ទាំង​មាន​ចិត្ដ​ស្នេ​ហា​អ្នក​ពិត​ៗ ​ពេញ​សុដន​ស្រី​។ មើល​ចុះ​ទឹក​មុខ​នាង​ដែល​​ពុំ​ដែល​បាន​សប្បាយ​ ចិញ្ចើម​នាង​ដែល​ខ្មៅ​ដូច​គេ​គូរ​ ភ្នែក​នាង​ដែល​រលើប​​រលង់​ទៅ​ដោយ​ទុក្ខ​។

តែ​ពេល​ដដែល​នោះ​ ព្រួញ​ពីរ​រត់​ពី​មាត់​បង្អូច​ខាង​នោះ​ ចូល​មក​ត្រូវ​អ្នក​ចាប់​នាង​ទេវី​ពឹប​ៗ​។ ទាហាន​ស្រែ​ក​អូយ​ៗ ដួល​ច្រងាង​។ នាង​ទេវី​ស្ទុះ​រត់​ទៅ​ក្រៅ​។ នាង​មាលា​ដែល​ទើប​ នឹង​បាញ់​ព្រួញ​អំបាញ់​មិញ​នោះ ជា​មួយ​ស្រី​ម្នាក់​ទៀត​ ក៏​រត់​ទៅ​ខ្ទប់​ទ្វារ​មិន​អោយ​នាង​ទេវី​ដែល​យំ​រហាម​រត់​រួច​ឡើយ​ នៅ​បង្អួច​ពី​លើ​ម្ខាង​ទៀត​ អារុណ​យិត​ព្រួញ​តំរង់​ចុង​ដង្ហើម​ព្រះ​នាង​ខត្ដិ​យាណី​។ ព្រួញ​រត់​មក​បុក​ដើម​ទ្រូង​​នោះ​លឺ​ឌឹប​។ ស្រី​ដួល​តូង​ស្រែក​ថា :

- អូយ ! អូយ !
មានន្ទ​ក្រ​លេក​ទៅ​លើ​ឃើ​ញ​វីរ​ មហា​កាល​ និង​ មិត្ដ​អែ​ទៀត​ជា​ច្រើន​មក​ដល់​ដែរ​ កំពុង​ត​ដៃ​យ៉ាង​រីក​រាយ​ជាយ​មួយ​ខ្មាំង​។ ព្រះ​នាង​មណី​ឈឺ​ចុក​រមួល​ទាំង​ខ្លួន​ក្នុង​រង្វង់​ដៃ​មានន្ទ​។ នាង​និយាយ​ឡើង​ខ្សាវ​ៗ​ថា:
- បង​! បង​! ប្អូន​សូម​ចង​កម្ម​ចង​ពៀរ​វេរា​ជា​មួយ​បង​ទៅ​ជាតិ​មុខ​ទៀត​ ... សុំ​ ចង ...ចង​ពៀរ​ ...ពៀរ​ ....លឺ​ដូច្នោះ​ មានន្ទ​ងក់​ក្បាល​និយាយ​ថា​
- បាន ! មិនអីទេ !
ធីតា​ក៏​កំរើក​ខ្លួន​ជា​ចុង​ក្រោយ​បំផុត​ ដើម្បី​ជូន​សង្ខារ​ស្រី​អោយ​មច្ចុ​រាជ​វិញ​។

នេះ​​ហើយ​​អំពើ​ទុច្ច​រិត​ ដែល​ពី​ដើម​មក​ធ្លាប់​តែ​មាន​ជ័យ​ជំនះ​ តែ​ដល់​ពេល​មួយ​ទុច្ច​រិត​តាម​ទាន់​ ជន​អ្នក​ជា​តួ​អែក​ដែល​សប្បាយ​នឹង​លេង​​ល្បែង​នេះ រមែង​តែង​ចាញ់​មិន​ខាន​។ អយុត្ដិ​ធម៌​រស់​បាន​តែ​ដោយ​សារ​មនុស្ស​ប្រាស​ចា​ក​ការ​តស៊ូ ​រឺ​ ខ្លាច​ញញើត​ទេ​។ ដរាបណា​ មនុស្ស​ពុះ ​ពារ​ដោយ​ម៉ើង​ម៉ាត់​ហើយ​ ដ៏​រាប​នោះ​យុត្ដិ​ធម៌​ផុស​ឡើង​មិន​រួច​ឡើយ​។
ភ័ស្ដុតាង​ ព្រះ​នាង​មណី​ដែល​ទើប​នឹង​ដួល​ស្ដូក​ស្ដឹង​ស្លាប់​ក្នុង​ថ្លុក​ឈាម​អា​ក្រក់​អំបាញ់​មិញ​នេះ​។ មានន្ទ​ក្រោក​ឡើង​ជួយ​ប្រកាប់​ប្រចាក់​ រួច​ក្រលេក​មើល​ខាង​ឆ្វេង​ ឃើញ​មហា​កាល​កំពុង​ត​ដៃ​ជា​មួយ​កាមា​។ ក្រលេក​មើល​ស្ដាំ​ឃើញ​នាង​ទេវី​កំពុង​បំរះ​ចេញ​ពី​ដៃ​នាង​មាលា​រក​ផ្លូវ​រត់​។ និល​អែក​យឹត​ធ្នូ​បាញ់​នាង​ទេវី​ផូង​។ ព្រួញ​រត់​ឆាល់​យ៉ាង​លឿន​។ មានន្ទ​ស្រែក

- គេច ! អូន !
នាង​មាលា​កំពុង​អោប​ប្រយឹត​ប្រ​តោង​នាង​ទេវី​។ ស្រី​ជា​ទាសី​ត្រូវ​នឹង​ព្រួញ​និល​អែក​ផាំង​ដួល​ខ្ពោក​។ មានន្ទ​រត់​ហេ​ទៅ​ត្រកង​បី​ស្រី​ឆ្នើម​ដែល​និយាយ​តិច​ៗ​ថា​
- ប្អូន​សូម​លាបង​ ! ស្ដាយ​ណាស់ ... ការ​បដិវត្ដ​យើង​មិន​ទាន់​ចប់​ ... ប្អូន​មិន​ទាន់​បាន​ឃើញ​ពន្លឺ​អែករាជ្យ​ ... ពន្លឺ​សិទ្ធិ និង សេរី​ភាពផង
មានន្ទមុខស្រងូតឆ្លើយតបថា
- កូនចៅយើងមុខជាបានឃើញមិនខាន
នាង​មាលា​ញញឹ​ម​ងក់​ក្បាល​បន្ដិច​ រួច​ទន់​ខ្លួន​ស្រិប​មួយ​រំពេច​។ មានន្ទ​ក្រោក​រត់​ទៅ​ចាប់​ដៃ «មនុស្ស​អិត​ឈ្មោះ» ដែល​បាន​ជួយ​នាង​ទេវី​កាល​នៅ​បាត់​ដំបង​បញ្ចូល​ទៅ​កៀន​​មួយ​សួរ​យ៉ាង​ប្រញាប់​ថា​
- លោកគ្រូ ! ម៉េចបានទ័ពរបស់រដ្ឋាភិបាលទេ ?
- បាន ! កំពុងតតាំងគ្នាហ្នឹងហើយ
- អុស ! ជយោលោកគ្រូ ! ខ្ញុំស្មានតែទ័ពរបស់បងកាល
- ទេ ! ទេ ! ទ័ពនេះមកពីរាជធានីអុត្ដង្គមានជ័យណ៎ា
- អ្នកណានាំមក !
- ខ្ញុំ
- ជយោ ! លោកគ្រូ ! ប៉ុន្មាននាក់ ?
- ប្រាំពាន់
- ជយោ ! លោកគ្រូ ! មានសំបុត្រទេ ?
- មាន
- ថាយ៉ាងម៉េចខ្លះ ?
- ចំាមើលក្រោយ ! អីលូវវាយទៅអោយអស់ដៃ
មានន្ទស្រែកបញ្ជាថា
- វាយ ! អាកូន ! ចូលលុក !
មានន្ទបង្វិលខ្លួលទៅជិតមហាកាលសួរថា
- បានមាសទេ ?
- បានស្រេច លោកគ្រូ !
- ជយោ ! យើងអាចច្បាំងម្ភៃឆ្នាំទៀត ! ចូលអាកូន!
- អីលូវនៅអែណាមាសនោះ ?
- យកទៅដល់កន្លែងហើយ !
ការ​ប្រលូក​ប្រកាប់​ប្រចាក់​ក៏​កើត​មាន​យ៉ាង​សាហាវ​។ គេ​លឺ​សូរ​តែ​ដាវ​ដែល​ទង្គិច​គ្នា និង​ សំរែក​ក្មេង​ចាស់​ដែល​ភ័យ​ផ្អើល​។ មានន្ទ​វាយ​ថយ​ទៅ​ជិត ​«លោក​គ្រូ​អិត​ឈ្មោះ​» ថា
- លោកគ្រូ ! ធ្វើយ៉ាងម៉េចចាប់អូវពុកខ្ញុំអោយបានណា ?
- បាទ !

រី​អែ​កាមា​ ដល់​ឃើញ​ពល​រេហ៍​ខាង​ខ្លួន​មាន​ចំនួន​តិច​ជាង​ ក៏​វាយ​ថយ​ខ្ទប់​ទ្វារ​ជាប់​ រត់​ទៅ​ចាប់​សេះ​មួយ​បំផាយ​វឹង​ទៅ​ទិស​ខាង​លិច​។ គឺ​​ចំផ្លូវ​ទៅ​ក្រុង ​«អយុធ្យា»​។ មានន្ទ​រត់​ស្កាត់​ដោយ​បាន​ផ្លោះ​ទៅ​តាម​បង្អួច​។ កាមា​ទើប​បាន​ចំងាយ​ប្រមាណ​ដប់​ម៉ែត្រ​។ យិត​ធ្នូបាញ់​ម៉ាំង​ព្រួញ​ ហោះ​ឆាល់​ទៅ​ត្រូវ​ខ្នង​កាមា​ពឹប​ តែ​សេះ​ផាយ​យ៉ាង​លឿន​ទៅ​ទៀត​។ កាមា​ដួល​ខ្ពោក​អោប​ខ្នង​សេះ​ រួច​មិន​យូរ​ប៉ុន្មាន​បុរ​ស​ក៏​ធ្លាក់​ដាំ​ដូង​ពី​ខ្នង​​អាជ​នេយ្យ​។

ពេល​រេហ៍ កាល​បើ​អស់​មេ​បញ្ជា​ ក៏​រត់​ខ្ចាត់​ខ្ចាយ​។ អែ​ពួក​កង​ពល​ខាង​យើង​អត់​អោយ​រត់​រួច​ឡើយ​ នាំ​គ្នា​ដេញ​វាយ​ប្រហារ​យ៉ាង​ឃោរ​ឃៅ​។ ក្រលេក​ទៅ​ខាង​ត្បូង​ មានន្ទ​ឃើញ​សេះ​មួយ​បោល​ទៅ​ឆ្ងាយ​។ លើ​អស្ស​ពាហ៍ បុរស​ស្គាល់​ជាក់​ជា​នាង​ទេវី​ ភរិយា​សំលាញ់​តែ​មួយ​ ដែល​ប្រាកដ​ជា​អាក់​អន់​ចិត្ដ​រត់​ចោល​អ្នក​វិញ​។ មាន​ព​ចាប់​បាន​សេះ​មួយ​បំផាយ​តាម​អិត​បង្អង់​ឡើយ​។

លឿន​ប្រិច​ៗ សេះ​មានន្ទ​កាន់​តែ​ជិត​សេះ​ស្រី​វរ​លក្ខណ៍​ឡើង​ ជិត​ឡើ​ង​។ លុះ​ដល់​កណ្ដាល​វាល​ជិត​ដើម​ពោធិ​ ដែល​កាល​ប្រាំ​ឆ្នាំ​មុន​អ្នក​បាន​ប្រកាប់​គ្នា​​ជា​មួយ​កាមា​ បុរស​លោត​ផ្លោត​ទៅ​ចាប់​នាង​ទេវី​ ដែល​ដួល​ទៅ​នឹង​ដី​។ នៅ​ពី​ក្រោម​ស្វាមី​ស្រី​បំរះ​យ៉ាង​អស់​ទំហឹង​ តែ​មានន្ទ​សង្កត់​ជាប់​។ មួយ​ ស្របក់​ធំ​ កំលាំ​ង​ទេវី​ដ៏​ល្អ​ក៏​អស់​ហេវ​ ញើស​ចេញ​ពេញ​ទាំង​មុខ​។ ស្រី​ធ្មេច​ភ្នែក ដើម្បី​កុំ​អោយ​ឃើញ​មុខ​ប្រុស​ដ៏​កំណាច​ដែល​នាង​ស្រលាញ់​យូរ​ណា ស់​មក​ហើយ​ ៗ​ដែល​ជា​ហេតុ​នៃ​កង​ទុក្ខ​របស់​នាង​នេះ​។ មានន្ទ​អោប​រឹត​ ស្រី​ ដែល​គេច​មុខ​ចុះ​ឡើង​លើ​ធរណី​ ដើម្បី​កុំ​អោយ​ស្វាមី​ដែល​ទើប​ចង់​ សំលាប់​ថ្មី​ៗ​នេះ​ដាក់​ច្រមុះ​ជិត​នាង​បាន​។

នៅ​អែ​សមរ​ភូមិ​ សូរ​ត្រែ​បញ្ឈប់​សង្គ្រាម​ក៏​លាន់​លឺ​ឡើង​។ មានន្ទ​លើក​ស្រី​អោយ​ក្រោក​ឈរ​។ អ្នក​បី​បម​ធីតា​ដាក់​លើ​ខ្នង​សេះ​ រួច​អោប​ស្រី​បញ្ជិះ​ទៅ​អែ​កង​ទ័ព​អែ​ភូមិ​វិញ​។ មហា​កាល អារុណ លោក​គ្រូ​អិត​ឈ្មោះ វីរៈ​ នាយ​កត​បញ្ជា​អោយ​ទាហាន​ឈរ​ជា​ជួរ​រង់​ចាំ​ធ្វើ​គារវ​កិច្ច​ចំពោះ​មេទ័ព​យើង​។​ មហា​ជន​រាប់​ពាន់​នាក់​ឈរ​ត្រៀប​ត្រា​ស្រែក «ជយោ ​! មានន្ទ​ ! ជយោ ​! មានន្ទ​ ! ជយោ ! អែក​​រាជ្យ ! ជយោ ! អែក​រាជ្យ !» មានន្ទ​ និង​ នាង​ទេវី​ លើក​ដៃ​គ្រវី​ជា​សញ្ញា​តប​អំណរ​គុណ​វិញ​ដោយ​ងាក​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ញឹក​ញយ​បំផុត។


ចប់ដោយបរិបូណ៌