បានទទួលសេចក្ដីអនុញ្ញាតិឲ្យចុះផ្សាយបន្ដ ពីអ្នកនិពន្ធប៉ិច សង្វាវ៉ាន
១ -សម្រស់នារីកូនកាត់
ថ្ងៃអាទិត្យ ទី29.កញ្ញា 2013.ម៉ោង 8:14

   ព្រឹកថ្ងៃចន្ទនេះ នាងវ៉ាសីតា ភ្ញាក់ពីដំណេក មាត់ល្វីងជូរចត់។ នាងហាក់គ្មានកម្លាំងកំហែងសោះ ហើយ​យល់​ថា ដំណេក​ពី​យប់​មិញ​មិន​​ស្កប់​ស្កល់​ឡើយ​។ ស្រី​ខំ​រក​នឹក​ពី​សុបិន​និមិត្តដែលទើបកន្លងទៅ ប៉ុន្តែស្រពិចស្រពិល ច្របូកច្របល់ រកនឹក​មិន​ឃើញ​។ នាង​គិត​ថា ប្រ​ហែល​ជា​មាន​ជំងឺ​អ្វី​មួយ​ហើយ​មើល​ទៅ ឬ​ខួរក្បាលចង់សម្រាកលែងគិតច្រើនម្តងក៏មិនដឹង បានជាខួរនាងលែងចង់ទទួលអ្វីទាំងអស់។

   វ៉ាសីតាលើកដៃឆ្វេងមើលនាឡិកា។ ម៉ោងប្រាំមួយប្លាយទៅបន្តិច តែនាងមិនចង់ក្រោកទេ។ ស្រីឈោងដៃយកប្រ​លោម​លោក​បារាំង​ដែល​ដាក់​លើ​តុ​ក្បាល​ដំណេក រឿង Le HORLA របស់​អ្នកនិពន្ធ Guy de Maupassant មកអានបន្ត ។ រឿងខ្លីៗទាំងនេះ​ធ្វើ​ឲ្យ​នាង​នឹក​ឃើញ​យុវ​វ័យ​​របស់​នាង​នៅ​ភ្នំ​ពេញ​។ យុវតី​និយម​អានរឿងប្រលោមលោកខ្លីៗរបស់អ្នកនិពន្ធ វង់ ផឿង ដែលសរសេរចុះ​ផ្សាយ​ក្នុង​ទស្សនា​វដ្តី​«កម្សាន្ត​​ចិត្ត»​ យ៉ាង​ជក់​ចិត្ត​។ កាល​​នោះ កញ្ញា​វ៉ាសីតា​អន្ទះសាបន់ឲ្យដល់ថ្ងៃសៅរ៍ដើម្បីទិញយកមកមើល វ៉ាសីតានឹក​ឃើញ​អនុស្សាវ​រីយ៍​ទាំង​ប៉ុន្មាន ដែល​បាន​បញ្ចាំង​រូប​ភាព​រស់​រវើក​បន្តបន្ទាប់ហូរហែរពេញខួរក្បាល។ ក្នុងចំណោមចៅទាំងអស់ វ៉ាសីតាជា​ចៅ​ស្រី​សំណព្វ​ចិត្ត​តែ​មួយ​របស់​​ជី​ដូន​។ នាង​នឹក​ឃើញ រាល់​ពេល​ឈប់​សម្រាក ជីដូននាងតែងយកនាងទៅនៅលេងផ្ទះគាត់នៅឯជ្រោយចង្វារ សង្កាត់លេខ៧។

   ថ្ងៃមួយ ជីដូនសម្លាញ់ និងបងស្រីជីដូនមួយរបស់នាងមិននៅផ្ទះ។ វ៉ាសីតា នៅផ្ទះជាមួយអ្នកបម្រើ។ កុមារី​វ៉ា​សីតា ឆ្ងល់​នឹង​ទូ​មួយ​ដែល​នាង​​ពុំ​ដែល​ឃើញ​ជី​ដូន​និង​បង​ជី​ដូន​មួយនាងបើកម្តងណាសោះ។ តើមានអ្វីប្លែកក្នុងទូនោះ ? ថ្ងៃនោះ នាង​មាន​សេរី​ភាព​ពេញ​លេញ​។ នាង​ចង់​​ប្រើ​សេរី​ភាព​របស់​នាង​ម្តង​។ ភ្នែក​រំពៃមើលឆ្វេងស្តាំខ្លាចក្រែងលោជីដូន និងបងស្រីជីដូនមួយត្រឡប់មកវិញទាន់។ ទេ! នៅ​ទេ កុមា​រី​អាយុ​ ៨​ឆ្នាំ​ក៏​ប្រថុយ​បើក​ទ្វារ​ទូ​នោះ​មើល​​។ ឱ! សៀវភៅ! ថតទូនោះរពេញទៅដោយសៀវភៅទេតើ។ ធម្មជាតិជាមនុស្ស​ចូល​ចិត្ត​ចង់​ដឹង​និង​ចង់​ចេះ​ កុមារី​វ៉ាសីតា​ក៏​រើ​សៀវ​ភៅ​ទាំង​នោះ​ចេញ។ នាងឃើញសៀវភៅ គំនូរពណ៌រឿង TINTIN និង ប្រលោម​​លោក​ខ្មែរ​ជា​ច្រើន ដូច​ជា​រឿង​នាង​​សក់​ក្រអូប របស់​អ្នក​និពន្ធ ប៊ីវ ឆៃ​លាង រឿង ចោរ​ភ្នំ​ត្បែង រឿង​បែប​ប៉ូ​លីស​ស៊ើបអង្កេតជាច្រើនទៀតដែលនាង​ភ្លេច​ឈ្មោះ​អ្នក​និពន្ធ​អស់​​ទៅ​ហើយ ព្រម​ទាំង​ទស្សនា​វដ្តី «រាត្រីថ្ងៃសៅរ៍»។

   វ៉ាសីតា ពុំដែលដឹងថា នាងចូលចិត្តអានឡើយ ក៏ប៉ុន្តែដោយភិនភាគនេះ ទស្សនាវដ្តី «រាត្រីថ្ងៃសៅរ៍»នេះ ទាក់​ទាញ​អា​រម្មណ៍ កុមារី​ក៏​យក​មក​អាន​រៀង​រាល់​ពេល​ដែល​ជី​ដូន​និង​បង​ជីដូនមួយមិននៅផ្ទះ។ ការលបអានដូច្នេះមកពីនាងដឹងច្បាស់ថា វ័យ​នាង​ពុំ​មែន​ជា​វ័យ​ត្រូវ​អាន​អត្ថ​បទ​បែប​នោះ​ទេ​។ កុមារី​នេះ​ ឥត​រវល់​អាន​ព័ត៌មានទេ ។ នាងជក់ចិត្តអានប្រលោមលោករបស់អ្នកនិពន្ធ រឹម គិន ដូច​ជា​រឿង​«សមា​ភាវី» ដែល​ជា​រឿង​សែន​កម្សត់​អង្រួន​បេះ​ដូង​នាង​ឲ្យ​ខ្លោច​ផ្សាឥតប្រៀបផ្ទឹមបាន។ នាងក៏ចេះតែតាមដានអានអត្ថបទ​របស់​អ្នក​និពន្ធ​នេះ​ដដែល​ ដូច​ជា​​រឿង «មើល​ព្រះ​ចន្ទ្រា» រឿង «ស្រី​កំព្រា» យ៉ាង​ចាប់​អារម្មណ៍ជក់ជាប់ចិត្តក្រៃលែង។ លុះអានរួចហើយ នាង​យក​សៀវ​ភៅ​ទៅ​ទុក​ចំ​កន្លែង​ដើម​វិញ មិន​ឲ្យ​ជីដូន និង​បង​ស្រីជីដូនមួយចាប់ថ្នាក់បានម្តងណាឡើយ។ តាំងពីពេលនោះឯងហើយ ដែល​វ៉ាសីតា​មាន​ជំនក់​ចិត្ត​អាន​សៀវ​ភៅ​ប្រលោម​លោក​ខ្មែរ​ដោយ​មិន​ទាន់​ចេះ និងយល់ន័យថា អ្វីហៅថាអក្សរសាស្ត្រអក្សរសិល្ប៍នៅឡើយ។

   អានសៀវភៅខ្មែរចប់អស់គ្មានសល់ វ៉ាសីតាយល់ថា ការលបលួចអានស្ងាត់ៗដូច្នេះ ដូចជាពិបាកខ្លាំងណាស់ ទើប​នាង​សុំ​ការ​អនុញ្ញាត​ពី​បង​ស្រី​ជី​ដូន​មួយដើម្បី​យក​សៀវ​ភៅ​មក​អានតាមចំណង់ស្រួលបួល។ បងស្រីនាងក៏យកសៀវភៅបារាំង ដែល​ខ្សែ​រឿង​គំនូរ​ផាត់​ពណ៌ គឺ​រឿង TINTIN មក​ឲ្យ​នាង​អាន​កម្សាន្ត​។

   រៀងរាល់ព្រឹក នៅពេលភ្ញាក់ពីគេង សីតាតែងតែចុះទៅមុខផ្ទះបេះផ្កាម្លិះនៅមាត់ជណ្តើរយកមកដោតនឹង​ធាង​ដូង​ទុក​ជូន​ជីដូន​សម្លាញ់​ថ្វាយ​ព្រះ​។ អំ​ពើ​នេះ​គ្មាន​នរ​ណា​ប្រើ​នាង​ទេ។ ប៉ុន្តែ សីតាដឹងច្បាស់ថា ជីដូននាងស្រឡាញ់ថ្នាក់ថ្នម​នាង​ណាស់​។ នាង​ក៏​ស្រឡាញ់​ជីដូន​វិញ​អស់​អំពី​ដួង​ចិត្ត​។ កុមារ​រី​កុមារ​រី​វ៉ាសីតា ហាក់​ដឹង​ថា នាង​ស្រឡាញ់​ជីដូន​ជាងមាតាបិតានាងផង។

   ពេលរសៀល កុមារីអាយុ៨ឆ្នាំនេះគេងយោលអង្រឹងមើលសៀវភៅរឿង TINTIN ជក់អារម្មណ៍ពី​ខ្សែ​មួយ​ទៅ​ខ្សែ​មួយ​ដោយ​សេរី​ឥត​ទើស​ទាល់​ដូច​មុន​ទៀត​ឡើយ​។ នាងអានអក្សរបារំាងមិនទាន់យល់អស់ទេ តែរូបភាពអាចឲ្យនាងកាត់យល់សាច់រឿងខ្លះៗ។

   ភ្លឹកភាន់ភាំងទៅរកអនុស្សាវរីយ៍ពីកុមារភាព វ៉ាសីតា ធ្លាក់សៀវភៅ «Le HORLA» ពីដៃខ្ពោក​ទៅ​លើពូក​។ ស្រី​ឥត​រវល់​រើស​សៀវ​ភៅ ភ្លាម​ទេ​។ នាង​បិទ​ភ្នែក ព្រោះ​ចង់​ឲ្យ​ស្រមោល​អតីតកាលនេះរស់រវើកជាថ្មីឡើងវិញក្រែងអាចលួងលោមចិត្ត​ឲ្យ​បាន​សប្បាយ​រីក​រាយ​ខ្លះ​។ វ៉ា​សី​តា​យល់​ថា ការ​រស់​លើ​ទឹក​ដី​គេ​សព្វ​ថ្ងៃ ហាក់មិនទាន់មានន័យសោះ។ ការនឹកស្រុកក៏កាន់តែនឹកខ្លាំងឡើងៗ។ ការ​ឈឺ​ចាប់​កាន់​តែ​ឈឺ​។ ជីវិត​ជន​ភៀស​ខ្លួន មិន​មែន​ងាយ​ឯ​ណា​។ ទោះជានាងនិងគ្រួសារបានមករស់នៅទីនេះយូរឆ្នាំមកហើយក្តី ក៏ប៉ុន្តែ​ការ​ខំ​កសាង​ជីវ​ភាព​ពី​សូន្យ នៅ​លើ​ទឹក​គេ ដែល​រងា​ទាំង​ចិត្ត​ទាំង​កាយ ហាក់ដូចជាពុំទាន់ទទួលការកក់ក្តៅនៅឡើយ។

   កំពុងតែស្លុងអារម្មណ៍ពិចារណាអំពីបញ្ហាជីវភាពបច្ចុប្បន្ន ស្រាប់តែទូរសព្ទរោទិ៍ញាប់រន្ថើន។ ស្រីមិនចូលចិត្តលើក​ទូរ​សព្ទ​សោះ​។ ការ​ធុញ​ទ្រាន់​សំ​ឡេង​ទូរ​សព្ទ​នៅ​កន្លែង​ធ្វើ​ការ​បណ្តាល​ឲ្យ​នាង​ឈឺត្រចៀកណាស់ទៅហើយ។ គ្មាននរណាលើកជំនួសបានទេនៅ​ពេល​នេះ ព្រោះ​ស្វាមី និង​បុត្រ​ធីតា​ទៅ​ធ្វើ​ការ​និង​ទៅសាលាទាំងអស់គ្នា។ ចំពោះនាង គឺមានតែថ្ងៃចន្ទនេះមួយ ដែលវ៉ាសីតាស្ងប់ចិត្តស្ងប់​គំនិត​។ ជា​ថ្ងៃ​ដែល​មិន​អ៊ូ​​អរ​។ ថ្ងៃ​ដែល​អាច​ឲ្យ​នាង​រស់​ក្នុង​ភាព​ឯក​​ឯងបាន ពោលឲ្យចំគឺ អាចឲ្យនាងបានសម្រាកពេញលេញទាំងចិត្តទាំងកាយ។ បើ​ពុំ​នោះ​ទេ នាង​អាច​មាន​ពេល​សរ​សេរ​ឆ្លើយ​ឆ្លង​សំបុត្រទៅមិត្តភក្តិគ្មានសំឡេងអ្វីមករំខានអារម្មណ៍ ។ កល្យាណី ស្រដីរអ៊ូថា៖

- ឱ! លោកអ្នកណាអើយ! មិនអាណិតមេត្តាខ្ញុំឲ្យខ្ញុំស្គាល់ការសម្រាកខ្លះផង។ ក្នុងមួយសប្តាហ៍ៗ ខ្ញុំមាន​តែ​ថ្ងៃ​ចន្ទ​នេះ​មួយ​ទេ​។ ព្រះ​ម្ចាស់​ថ្លៃ​អើយ! ខ្ញុំ​ធុញ​ទ្រាន់​នឹង​ជីវិត​ខ្ញុំ​អ្វីម្ល៉េះ!
ទូរសព្ទនៅតែរោទិ៍ដដែល ទ្រាំមិនបាននាងក៏ស្ទុះទៅលើកស្តាប់។
- អាដាឬ? ជម្រាបសួរ!
ស្រីស្គាល់ជាក់ជាសំឡេងមិត្តនារីនាង នាងក៏ឆ្លើយតប។
- អូហ៍! សុជាតាទេឬ? សុខសប្បាយទេ សុជាតា?
សុជាតាគឺជាមិត្តនារីនាង ដែលមានហាងជំនួញមួយនៅក្រុងស្រ្តាស់បួរនេះ ។ លោកស្រីសុជាតាបានថ្លែងរៀបរាប់សុំ​ទោស ចំពោះ​ការ​រំខាន​ នេះ​។ លោក​ស្រី​បបួល​ វ៉ា​សីតា​ទៅ​ដើរ​លេង​នៅ​ប្រទេសអាល្លឺម៉ាញ ព្រោះប្អូនប្រុសរបស់លោកស្រីមកពីបារីស​ចង់​ស្គាល់​ប្រ​ទេស​អា​ល្លឺ​ម៉ាញ​។ វ៉ាសីតា សួរ​លោកស្រីសុជាតា។
- ចុះបើជាតាទៅដើរលេង តើបាននរណាមើលហាង?
មិត្តនារីនាងឆ្លើយ៖
- ដាឯងអាចជម្រាបសុំពឹងអ្នកម៉ាក់អាដាឯងមើលហាងជំនួសខ្ញុំបានទេ? ធ្វើការយូរៗទៅ ខ្ញុំធុញថប់ណាស់។ ខ្ញុំឆ្លៀតដើរលេងខ្លះ ខំៗតុកស៊ីកងាប់ហើយណ៎ាអាដា។ បើអ្នកមីងសុខចិត្ត អាដាឯងគេងថ្ងៃមួយស្រឡេតសិនទៅ ចាំម៉ោងពីរកន្លះសឹមយើងចេញទៅ។អាដាឯងមកជួបខ្ញុំនៅឯហាងម៉ោងពីរកន្លះណ៎ា។
- ច៎ា! ហ៊ឺ អីចឹងឬ? វ៉ាសីតាឆ្លើយរៀងស្ទាក់ស្ទើរ ព្រោះនាងមិនអាចឆ្លើយបដិសេដ។
- វ៉ាសីតា ពុំមែនជាអ្នកចូលចិត្តដើរទាល់តែសោះ។ ចំពោះនាង ការដើរលេងគ្មានបានការអ្វីទាំងអស់។ តើ​មាន​អ្វី​ប្លែក​? ស្រុក​បា​រាំង ក៏​ដូច​ស្រុក​អាល្លឺ​ម៉ាញ គ្មាន​អ្វី​គួរ​ឲ្យ​ចង់​គយ​គន់​ទេ​។ ដើម្បីបំពេញចិត្តមិត្តនារី ជាពិសេសកុំឲ្យខ្លួនឈ្លើយមិន​ចុះ​សម្រុង​នឹង​ជីវិត​នៅ​ស្រុក​គេ វ៉ាសីតា ​ក៏​ព្រម​តាម​ការ​បបួល​របស់មិត្តនារីដោយគ្មានចិត្តត្រេកត្រអាលបន្តិចសោះ។

………………………………………………………………………………………………………………..

   នៅក្នុងរថយន្តតូចម៉ាកតូយូតារបស់ ប្អូនប្រុសរបស់លោកស្រីសុជាតាឈ្មោះសំណាង គេឃើញមាននារីម្នាក់​ទៀត​ដែរ​ឈ្មោះ​ថា កន្និដ្ឋា​។ លោក​ស្រីក​ន្និដ្ឋា​ត្រូវ​ជា​មិត្ត​របស់​វ៉ាសីតា និង​សុជាតា។ រថយន្តបរលឿនទៅមុខតាមការបើកបរដ៏ប៉ិន​ប្រសប់​របស់​យុវ​ជន​ឈ្មោះ សំណាង​។ សំ​ឡេង​ចម្រៀង​សម័យ​បែប​ Disco លាន់ឮទ្រហឹងពេញរថយន្ត។ លោកស្រីសុជាតា​ស្គាល់​ចិត្ត​វ៉ាសីតា​ច្បាស់​ថា នាង​មិន​និយម​ចម្រៀង​សម័យ​ឆុង​ឆាំង​ទាំង​នោះទេ ក៏ស្រដីឡើង ៖

- វ៉ាសីតាអើយ! ប្អូនប្រុសខ្ញុំ ចូលចិត្តស្តាប់ចម្រៀងប្រភេទនេះណាស់។
     ឮគេនិយាយប៉ះពាល់ខ្លួន សំណាងសួរភ្លាម ៖
- អីចឹង ខ្ញុំបិទ?
- កុំបិទ! បងកំពុងតែពីរោះ (លោកស្រីកន្និដ្ឋាឆ្លើយកាត់ភ្លាម)។ យី! ប្អូនសំណាងប្រសប់​ជ្រើស​រើស​បទ​ចម្រៀង​ណាស់ ត្រូវ​ចិត្ត​បង​តែ​ម្តង​។
     សំណាងមិនអស់ចិត្តខ្លាចរំខានវ៉ាសីតា ក៏សួរបញ្ជាក់ម្តងទៀត។
- តើខ្ញុំឈប់ចាក់ចម្រៀងឬយ៉ាងណាបងជាតា?
     លោកស្រីសុជាតាងាកមើលមុខវ៉ាសីតា។ ទោះបីពុំមែនជាការនិយមរបស់នាងក្តី តែ​វ៉ាសីតា​គិត​ថា បើ​នាង​មិន​ចូល​ចិត្ត​ស្តាប់​តែ​ម្នាក់​ឯង មិន​គួរ​ហាម​ឃាត់​អ្នក​ដទៃ ដែល​គេ​កំពុង​តែពីរោះទេ។ ស្រី ក៏ស្រដីដោយចិត្តស្មោះត្រង់ថា៖
- មិនអីទេ! សូមប្អូនសំណាងកុំព្រួយអី! ជាឱកាសមួយអាចឲ្យបងបានស្តាប់ បានស្គាល់ខ្លះផងចម្រៀងឌីស្កូនោះ។
- ស្មានមិនដល់ថា សីតាឯង វាសម្រែដល់ម្លឹង។ រូបរាងមុខមាត់ហ្នឹងសមជាអ្នកឆើតឆាយខ្លះដែរ។
- ឃើញទេ! កុំថាតែអ្នកដែលមិនស្គាល់ខ្ញុំ សូម្បីតែអ្នកបង កន្និដ្ឋា ក៏យល់ច្រឡំមកលើរូបខ្ញុំដែរ។ កាល​ខ្ញុំ​នៅ​ក្រមុំ មិត្ត​ភក្តិ​ទាំង​អស់​គ្នា មិន​ជឿ​ថា ខ្ញុំ​មិន​ចេះ​រាំ​បារាំង​ទេ​។ ឥឡូវ ដល់អ្នកបងទៀតហើយ ដែលស្មានខុស ។ និយាយទៅវា​កាន់​តែ​បែក​វែង​ឆ្ងាយ​។ តាំង​ពី ខ្ញុំ​មក​រស់​នៅ​ក្នុង​ខេត្ត​នេះ ខ្ញុំ​ឮ​ពាក្យ​ចចាម​អារាម​ថា ខ្ញុំនេះប្រកាន់ខ្លួន វាយឫកខ្ពស់ ប្រកាន់វណ្ណៈ គ្រប់បែបយ៉ាងហើយ។
- រួចចុះ អូនយកចិត្តទុកដាក់ពាក្យមនុស្សធ្វើអី។ ចំណែកបងវិញ បងមិនឈឺក្បាលទេ អ្នកណាថាអីថាទៅ។ យើង​មិន​អាច​បិទ​មាត់​គេ បាន​ទេ​។ គ្មាន​នរ​ណា​ដឹង និង​ស្គាល់​ខ្លួន​យើង​ជាង​ខ្លួនយើងនោះទេ។ មិនថាអីចឹង?
- ប្រាកដហើយអ្នកបង! ខ្ញុំគ្រាន់តែហួសចិត្តទេតើ។
- ជឿបងទៅ កុំខ្វល់ជាមួយមនុស្សមាត់ឥតគម្របនោះ។ ពួកវាទំនេរពេក ដើរតែលេងផ្ទះគេ ហើយ​និយាយ​ដើម​គេ​ទ្រុល​។ និយាយ​ តាម​ត្រង់ បង​មិន​ដែល​ទាក់​ទង​ខ្មែរ​ទេ​អូន។ មានរឿងម្តងនៅមូលូហ៍ (Mulhouse) បងចោះត្រចៀករៀងចាល​តែ​ម្តង​។ សព្វ​ថ្ងៃ បង​នៅ​សល់​មិត្ត​ភាព​តែ​ជា​មួយ​គ្រួសារ​អូនឯង និងអូនសុជាតាតែប៉ុណ្ណឹង។
យុវជន សំណាង ស្តាប់គេនិយាយគ្នាជាយូរមកហើយ ក៏ថ្លែងវាចាម្តង។
- ខ្ញុំឮតែអ្នកបងនិយាយតែអំពីរឿងមនុស្សមាត់អាក្រក់។ ខ្ញុំៗមិនទាក់ទងខ្មែរទើបស្រួល។ ពួកម៉ាក់ខ្ញុំសុទ្ធតែ​បារាំង​ទាំង​អស់​។ និយាយ​តាម​ត្រង់ ខ្ញុំ​មិន​ដែល​ស្គាល់​​បរិ​យាកាសនិងរបៀបរបបខ្មែរទេ ថ្វីត្បិតតែខ្ញុំជាខ្មែរ…
- ណ្ហើយ! សំណាងឯងនេះ បងដឹងហើយ ញ៉ែតែស្រីបារាំង។
     ឮលោកស្រីសុជាតាចំអន់ មុខសំណាងឡើងក្រហមភ្លាម។ គេសងវាចាទៅបងស្រីវិញថា ៖
- បងជាតា! ម៉េចក៏ហែកកេរ្តិ៍ខ្ញុំកណ្តាលវាលអីចឹង?
- អុញនុះ! អៀនខ្លួនស្រេច។ គោខ្មៅដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ (លោកស្រីកន្និដ្ឋាបន្ថែម)
- មិនពិតទេ ខ្ញុំជាប្រុសអត់បានការអីទេ អ្នកបង កន្និដ្ឋា អើយ!
- បើអាងតែអត់ការអីទេនោះ ប្អូនសំណាងចេះតែដើរធ្វើបាបគេទៅឬ? (លោកស្រីកន្និដ្ឋាសួរ)
- ខ្ញុំមិនដែលធ្វើបាបនរណាទេ មានតែគេនាំគ្នាធ្វើបាបខ្ញុំ។
- អៃយ៉ា អូនជាតានិងអូនដា ជួយស្តាប់ សំណាងកាន់តែបញ្ចេញរឿងគេតិចៗហើយទេតើ។
- បងកន្និដ្ឋា ច្បាស់ជាចង់ដឹងរឿងខ្ញុំហើយ។ ខ្ញុំនិងនិយាយរឿងខ្ញុំជូនបងស្តាប់ចុះ។

   និយាយបានត្រឹមពាក្យនេះ រថយន្តបានមកដល់គោលដៅធ្វើឲ្យសំណាងខាននិយាយរឿងផ្ទាល់ខ្លួន។ ស្អែក​ឡើង សំណាង​ស្គាត់​មក​ជួប វ៉ាសីតា នៅ​ក្នុង​ហាង​របស់​បង​ស្រី។ ឃើញ​នាង​រវល់​វក់​វី​ម្នាក់​ឯង យុវជននេះមាន​ចិត្ត​ជួយ​ឥត​ប្រកាន់​ខ្លួន​។សំណាង ផ្តើម​វា​ចា​សួរ​នាង វ៉ាសីតា៖

- តើបងស្រីខ្ញុំបាននិយាយរឿងខ្ញុំជម្រាបបងឬទេ?
- អត់ទេ សំណាង!
- ម្សិលមិញ ខ្ញុំបានជ្រុលមាត់ថា និយាយរឿងខ្ញុំជម្រាបបងៗ។ បើបងចង់ស្តាប់ ខ្ញុំសូមនិទានរឿងផ្ទាល់ខ្លួនរបស់ខ្ញុំ។ «កាល​ពី​ប្រាំ​ឆ្នាំ​មុន​ ខ្ញុំ​អាយុ​ម្ភៃ​បី​ឆ្នាំ​។ ថ្ងៃ​មួយ​នោះ​ជា​ថ្ងៃ​បុណ្យ​ខួប​អាពាហ៍ពិពាហ៍របស់ប៉ា និងម៉ាក់។ គ្រួសារខ្ញុំបានអញ្ជើញភ្ញៀវប្រហែលសាម​សឹប​ប្លាយ​នាក់​។ ភាគ​ច្រើន​ ជា​មិត្ត​របស់​ប៉ា​។ កាល​ណោះ ខ្ញុំ​មិន​ទាន់​ជាប់​ជំពាក់​ចិត្តលើនារីណាម្នាក់ឡើយ។ ក្នុងថ្ងៃបុណ្យនោះ ខ្ញុំមានភារៈជាអ្នក​បម្រើ​ភ្ញៀវ​។ ខ្ញុំ​ជួយ​លើក​ចាន​ម្ហូប​​អាហារ​មក​ដាក់​ជូន​ភ្ញៀវ ពីតុមួយទៅតុមួយ ។

   ខ្ញុំគោរពតាមសេចក្តីអញ្ជើញរបស់ភ្ញៀវរូបស្រស់។ ដូចគេខ្ទាស់អណ្តាតខ្ញុំជាប់ ខ្ញុំភ័យផងអរផង ព្រោះមិនដឹងរក​ពាក្យ​អ្វី​និយាយ​បាន ក្រៅ​ពី​ អង្គុយ​សម្លឹង​មុខ​នាង​។ បើ​តាម​ខ្ញុំស្មាន បវរនារីនេះមានអាយុប្រហែលសាមសិបប្លាយឆ្នាំ តែពុំដឹងជាសញ្ជាតិអ្វី ថា​យួន​ក៏​ពុំ​មែន ចិន​ក៏​ពុំមែន ​សាសន៍​អឺរ៉ុប​ក៏​ពុំ​ត្រូវ បើ​ថា​ជា​ខ្មែរ​ក៏​រឹតតែខុស។ នាងមានសម្បុរសជ្រះ។ គេពិបាកស្មានថា នាងសាសន៍អ្វីឲ្យប្រាកដពុំបាន។

   បទភ្លេងសម័យលាន់ឮរំពងពីបទមួយទៅបទមួយ។ គូរាំប្រុសស្រីចេះតែឡើងរាំបន្តបន្ទាប់គ្នាយ៉ាងសប្បាយរីក​រាយ​។ ខ្ញុំ​ក៏​ប្រ​ថុយ​អញ្ជើញ​ នារី​រូប​ស្រស់​ឡើង​រាំ​នឹង​គេ​ដែរ​។ កល្យាណីឥតប្រកែកឡើយ។ ចង្វាក់ស្លូវ(Slow)បានបន្លឺឡើងគួរឲ្យព្រឺព្រួច។ កល្យាណី​ស្ថិត​ក្នុង​ហត្ថា​ខ្ញុំ ហើយ​ យោល​យោគ​ទៅ​តាម​បទ​ភ្លេង​។ ខ្ញុំ​ឆ្លៀតឱកាសសួរភ្ញៀវចម្លែក។

- សូមទោស លោកស្រីមានសញ្ជាតិអ្វី ? ឈ្មោះអ្វីដែរបាទ?
- ច៎ាះ ខ្ញុំជាកូនកាត់សៀមនិងអេស្បាញ៉ុល។ ខ្ញុំឈ្មោះ ប៉ាទីនយ៉ា អង់ស្សេឡា (Patinya Angella)។
- លោកស្រីនៅទំនេរទេឬ បានជាអញ្ជើញមកតែម្នាក់ឯង?
- ច៎ាះ! ខ្ញុំមានគ្រួសារហើយ។ ស្វាមីខ្ញុំជាមិត្តភក្តិជិតដិតរបស់លោកវង្សា បិតារបស់ប្អូន។ គាត់នៅឯបាង​កក​ឯ​ណោះ​។ ខ្ញុំ​មក​តែ​ម្នាក់​ ឯង​។ ប្អូន​មិន​ដែល​ឮ​ប៉ា​ប្អូន​និយាយ​ពី​គ្រួសារ​យើង​ទេឬ?
- ឱ! ប្រហែលជាធ្លាប់ឮដែរ ប៉ុន្តែខ្ញុំមិនបានយកចិត្តទុកដាក់ នឹងរឿងរ៉ាវរបស់ប៉ាខ្ញុំប៉ុន្មានទេ…
ខ្ញុំដឹងថា កាយខ្ញុំញាប់ញ័រនៅពេលដែលខ្ញុំឱបកាយនាងរាំ។ ប្រហែលជាលើកទីមួយក៏ពុំដឹង ដែលខ្ញុំរាំជាមួយស្រីរូបស្អាតដូច ប៉ាទីនយ៉ា។ បុរសដទៃច្រណែនមិនតិចទេមើលទៅ។ រាត្រីនោះ ខ្ញុំរសាប់រសល់ពេញផ្ទៃពូក។ ក្លិនផ្កាកូលាបក្រហមដែល​ស្រី​សៀត​សក់​លាយ​នឹង​ក្លិន​ទឹក​ អប់​ម៉ាក Miss DIOR ហាក់​ដូច​ជា​នៅ​ក្រអូប​ភាយពេញនាសាខ្ញុំនៅឡើយ។ ប៉ាទីនយ៉ា! ប៉ាទីនយ៉ា! ខ្ញុំទន្ទេញឈ្មោះនាងខ្លាចភ្លេច។