បានទទួលសេចក្ដីអនុញ្ញាតិឲ្យចុះផ្សាយបន្ដ ពីអ្នកនិពន្ធប៉ិច សង្វាវ៉ាន
២ ​-ភ្លើងស្នេហ៍ខុសគូ
ថ្ងៃអាទិត្យ ទី6.តុលា 2013.ម៉ោង 14:42

   ព្រលឹមឡើង ខ្ញុំឃើញ ប៉ាទីនយ៉ា នៅក្នុងផ្ទះមាតាបិតាខ្ញុំ។ ម្ចាស់ថ្លៃ! ខ្ញុំរាំជាមួយនាងដល់យប់រហូតទាល់តែចប់បុណ្យ ហេតុ​ដូច​ម្តេច​ក៏​ខ្ញុំ​ពុំ​ដឹង ​ថា នាង​ស្នាក់​នៅ​ផ្ទះ​យើង​?​។ នាងឈរនៅមាត់ទ្វារបន្ទប់ខ្ញុំ។ ខ្ញុំលើកដៃឈ្លីភ្នែក ស្មានថា ខ្ញុំយល់សប្តិ ។ ស្រាប់តែឮ​វាចា​ដ៏​ស្រ​ទន់​របស់​ប៉ា​ទីន​ យ៉ា សួរ​ខ្ញុំ​យ៉ាង​ផ្អែម​ល្ហែម ៖

   មួយរាត្រីទៀតកន្លងផុតទៅ។ នៅពេលដែលខ្ញុំត្រឡប់មកពីធ្វើការវិញ ខ្ញុំភ្ញាក់ព្រើត កាលបើឃើញផ្កាកូលាបដែលលោកស្រីប៉ាទីនយ៉ា ទិញពីម្សិលមិញនៅក្នុងថូលើតុក្បាលដំណេកខ្ញុំ និងសំបុត្រមួយតូចមានសេចក្តីថា៖

ខ្ញុំចង់ជួបសំណាងនៅកន្លែងដែលយើងបានដើរ​លេង​ពីម្សិល​មិញ​។ សំណាង​មក​ទី​នេះ​កុំ​ខាន​។ ខ្ញុំ​ជិត​ត្រឡប់​ទៅ​បាង​កក​វិញ​ហើយ​។
ប៉ាទីនយ៉ា

   ខ្ញុំបត់សំបុត្រដាក់ក្នុងហោប៉ៅខោ ហើយក៏ប្រញាប់ទៅជួបនាង។ គឺនៅពេលនោះឯងហើយ ដែលប៉ាទីនយ៉ា និង​ខ្ញុំ​បាន​រួម​រក្ស​ជា​មួយ​គ្នា​។ ជីវិត​កំលោះ​របស់​ខ្ញុំ​ក៏​បាន​ជួប​នឹង ប៉ាទីនយ៉ា ស្រីកូនកាត់សៀមដែលស៊ីវីល័យក្នុងរឿងស្នេហាមិនចាញ់នារី​អឺ​រ៉ុប ឬ​ស្រី​អា​មេ​រិក​កាំង​។ ខ្ញុំ​ហាក់ ដូច​ជា​យល់​ថា ប៉ាទីន​យ៉ា មិន​មែន​ស្រឡាញ់រូបខ្ញុំទេ តែនាងប្រហែលជាចង់សាកល្បងភ្លក្សរសជាតិស្នេហ៍ ជា​មួយ​បុរស​ក្មេង​ដែល​ទើប​អាយុ​ បាន​ម្ភៃ​បី​ឆ្នាំ ដូច​ជា​រូប​ខ្ញុំ​មើល​ទៅ។ ចំណែកខ្ញុំវិញ ខ្ញុំពិតជាស្រឡាញ់នាងយ៉ាងខ្លាំង។ គឺជាសេចក្តីស្នេហាចំពោះ​នារី​ម្នាក់​ដែល​មាន​ម្ចាស់​ថែ​រក្សា​ ឃុំ​គ្រង​រួច​ទៅ​​ហើយ​។ ស្វាមី​នាង​នៅឯបាងកកប្រទេសថៃ ជាមិត្តភក្តិដ៏ជិតស្និទ្ធម្នាក់របស់លោកប៉ាខ្ញុំ ។

@@@@@ @@@@@
@@@@@
@@

ខ្ញុំកាន់យកខ្សែកមាសបារាំងមួយខ្សែទៅគ្រវាត់ឲ្យលោកស្រីប៉ាទីនយ៉ាវិញ ដោយបញ្ចេញវាចាទ្រគោះបោះបោកបន្ថែមថា៖
- សូមលោកស្រីប៉ាទីនយ៉ាយកខ្សែកនេះទៅវិញចុះ។ លោកស្រីមិនអាចយកគ្រឿងទាំងនេះមកទិញចិត្តខ្ញុំទេ​ណ៎ា​។ បើ​ទោះ​ជា​ខ្ញុំ​បាន​រួម​រក្ស​ជា មួយ​ប៉ាទីន​យ៉ា ក៏​ព្រោះ​តែ​ខ្ញុំ​ស្រ​ឡាញ់ មិន​មែន​ខ្ញុំ​សម្លឹងទ្រព្យសម្បត្តិមាសពេជ្រលោកស្រីទេ សូមកុំច្រឡំ។
ឮពាក្យគ្រោតគ្រាតជាលើកដំបូងរបស់ខ្ញុំ ទឹកភ្នែកលោកស្រីប៉ាទីនយ៉ាហៀរហូរមកច្រោកៗ។ លោកស្រីថ្លែងទាំងអួលអាក់ ៖
-ម៉េចសំណាងយល់ឃើញអ៊ីចឹងទៅវិញ? ខ្ញុំពិតជាស្រឡាញ់សំណាង… បើខ្ញុំជាមនុស្សអាងទ្រព្យសម្បត្តិ សម្បត្តិប្តីខ្ញុំគគោក… ខ្ញុំអាចទិញ សេ្នហាបានយកមិនអស់… ហើយបើខ្ញុំចេះចំណាយប្រាក់សម្រាប់ទិញស្នេហ៍ ឬទិញចិត្តគេនោះ… ខ្ញុំមិនយកត្រឹមខ្សែកមួយខ្សែនោះទៅទិញ ស្នេហ៍ពីគេទេ…។ ខ្ញុំជូនវាជាអនុស្សាវរីយ៍យ៉ាងស្មោះចំពោះអ្នកទេតើ។
-បានហើយៗ សូមលោកស្រីកុំបោកបញ្ឆោតចិត្តប្រុសក្មេងដូចយ៉ាងរូបខ្ញុំទៀត។ ស្រឡាញ់? ស្អីហៅថា ស្រ​ឡាញ់? ស្រ​ឡាញ់​ម៉េច​បាន​ៗ​ត្រឹម​ ដូច​លើក​មុន​នោះ​ឬ? បន្តិច​ទៀត​លោក​ស្រី​វិល​ទៅ​បាង​កក​ទៅ​ជួប​ស្វាមី​វិញ​។ ចុះ​ខ្ញុំ​ដែល​ជឿ​ពាក្យ​លោក​ស្រី​ថា ស្រឡាញ់ នៅ​តែ​ដេក​រង់​ចាំ​សេច​ក្តី​ ស្នេហា​ឥត​សង្ឃឹម​នោះ​មួយ​ជាតិ​ទៅ​ឬ​?
ថារួច ខ្ញុំក៏ចាប់ផ្កាកូលាបពីក្នុងថូបោះចោលទៅលើកម្រាលឥដ្ឋ។ ខ្ញុំឆ្លៀតបោះពាក្យមួយប្រយោគបន្ថែម៖
- អរគុណលោកស្រី ដែលបានស្រឡាញ់រូបខ្ញុំ!

   នាងឥតឆ្លើយតបមកខ្ញុំវិញទេ គឺអង្គុយយំសសឹកយ៉ាងខ្លោចផ្សា។ ខ្ញុំដើរចេញទៅក្រៅឥតរវីរវល់នឹងទឹកភ្នែក​ស្រីស្រស់​ដែល​ខ្ញុំ​យល់​ថា ​ជា​ទឹក​ភ្នែក​មាយា​របស់​នារី​ល្មោភ​តណ្ហា​។

   ថ្ងៃនេះជាថ្ងៃចុងក្រោយបំផុតនៃការស្នាក់អាស្រ័យរបស់នាងក្នុងផ្ទះមាតាបិតាខ្ញុំ។ ខ្ញុំបណ្តើរនារីក្មេងម្នាក់ដែលមាន​វ័យ​ស្រ​ប៉ាល​ខ្ញុំ​មក​​ផ្ទះ ដើម្បី​បញ្ឈឺ​ចិត្ត​លោក​ស្រី​ប៉ា​ទីន​យ៉ា។ ស៊ីល​វេត(Sylvette) ជានាមរបស់យុវមិត្តនារី ខ្ញុំ។ នាងមានរូបស្អាត សក់​ពណ៌​មាស ភ្នែក​ខៀវ​ថ្លា រាង​ស្តើង កម្ពស់​ប្រហាក់​ប្រ​ហែល​ខ្ញុំ​ដែរ​។

   នៅចំពោះមុខលោកស្រី ប៉ាទីនយ៉ា យើងប្រកៀកប្រកើយកៀកកិតគ្នាឥតរំខាន។ ខ្ញុំដឹងថា ប៉ាទីនយ៉ា​ប្រចណ្ឌ ព្រោះ​នាង​ពុំ​អាច​អង្គុយ មើល​ឆាក​ស្នេហា​របស់​ខ្ញុំ និង​ស៊ីល​វេត​បាន​ទេ។ ខ្ញុំលួចមៀងកន្ទុយភ្នែកទៅឃើញប៉ាទីនយ៉ាកំពុងតែ​យំ​យែក​។ មួយ​នាទី​ក្រោយ​មក នាង​ ក៏​ដក​ខ្លួន​ថយ​ចេញ​ពី​ទី​នោះ​ចូល​ទៅ​ក្នុង​បន្ទប់នាងបាត់ទៅ។

   ខ្ញុំប្រើគ្រប់មធ្យោបាយដើម្បីធ្វើឲ្យស្រីឈ្មោះ ប៉ាទីនយ៉ា ឈឺចាប់ខ្លោចផ្សា ។ ខ្ញុំសប្បាយចិត្តនឹងឃើញទឹក​ភ្នែក​នាង ព្រោះ​តែ​ចង់​ជឿ​ថា តើ​នាង​ពិត​ជា​ស្រ​ឡាញ់​ខ្ញុំ​មែន​ឬយ៉ាងណាដែរ? តាំងពីពេលនោះមកយើងមិននិយាយរកគ្នាមួយម៉ាត់ណា​ទេ​។ ទោះ​បី​ខ្ញុំ​ដឹង​ថា ប៉ា​ទីន​យ៉ា ​ត្រូវ​ត្រឡប់​ទៅ​ស្រុក​កំណើត​នាង​វិញក៏ដោយ។ ខ្ញុំនឹកថា ខ្ញុំមុខជាបាត់កើតទុក្ខខ្លះ កាលណានាងចេញបាត់ពី​មុខ​មាត់​ខ្ញុំ​ទៅ​។ ពី​ព្រោះ​ការ​ ឃើញ​រូប​នាង​ និង​ភក្រ្តា​របស់​នាងរាល់ថ្ងៃ នឹងបណ្តាលឲ្យខ្ញុំវិលវល់ក្រៀមក្រំ ព្រោះតែសេចក្តីស្នេហា ដែល​ពោរ​ពេញ​ទៅ​ដោយ​ បន្លា​ច្រូង​ច្រាង​ជាឧបសគ្គ។

  នៅក្នុងបន្ទប់ ខ្ញុំអង្គុយសញ្ជប់សញ្ជឹងក្តាប់ដៃទាំងពីរវាយគក់លើភ្លៅទាំងសង្ខាងជាច្រើនដង។ ខ្ញុំឮសំឡេងមាតាខ្ញុំ​និង​ប៉ា​ទីន​យ៉ា និយាយ​ឆ្លើយ​​ឆ្លង​គ្នា​រងំ​នៅ​ខាង​ក្រៅ​បន្ទប់​ខ្ញុំ ។ មាតាខ្ញុំស្រែកហៅខ្ញុំ។
- សំណាង! កូនត្រូវប្រញាប់រៀបចំខ្លួន ជូនលោកស្រីប៉ាទីនយ៉ាទៅអាកាសយានដ្ឋាន។ លោកស្រីលាយើងត្រឡប់​ទៅ​បាង​កក​ប្រ​ទេស​ថៃ​វិញ​ថ្ងៃ​នេះ​ហើយ​។
ខ្ញុំឮ ប៉ាទីនយ៉ា ឆ្លើយទៅមាតាខ្ញុំ។
- មិនអីទេ លោកស្រី! ខ្ញុំជិះតាក់ស៊ីបានហើយ។

   ខ្ញុំមិននិយាយស្តីអ្វីច្រើនទេ តែស្ទុះចេញពីបន្ទប់សំដៅទៅយួរវ៉ាលីសរបស់ប៉ាទីនយ៉ា ដែលតម្រៀបនៅក្នុងផ្លូវ​ដើរ​ក្នុង​ផ្ទះ​ (Couloir) យក​មក ដាក់​ក្នុង​រថ​យន្ត​ខ្ញុំ​។ ខ្ញុំ​ជញ្ជូន​អស់​ហើយ ក៏នៅអង្គុយចាំនាងនៅក្នុងឡានមុនជាស្រេច មិនខ្ចីបញ្ចេញវាចាមួយមាត់​។ តើ​នរ​ណា​គេ​អាច​មើល​ និង​ស្មាន​ចិត្ត​ខ្ញុំ​ធ្លុះ​? ខ្ញុំ​នៅ​ស្ងៀម​កាច់ចង្កូតរថយន្តយ៉ាងព្រងើយកន្តើយ។ ថ្វីត្បិតតែពេលនេះ ខ្ញុំមិនបានឃើញមុខ​របស់​នាង ព្រោះ​ខ្ញុំ​មិន​ចង់​ មើល ឬ​ចង់​មើល​ដែរ​តែខំបង្គាប់ចិត្តកុំឲ្យ​មើល​ឃើញ​ ប៉ុន្តែ​ខ្ញុំ​អាច​ស្មាន​បាន​ថា ទឹក​មុខ​នាង​ស្រ​ពោន​។ នាង​ផ្តើម​និយាយ​ទម្លុះ​សភាព​ស្ងប់​ស្ងៀម​ ហើយ​លូក​ដៃ​ឆ្វេង​របស់នាងមកកាន់ស្មាស្តាំខ្ញុំ។

   - សំណាង! ខ្ញុំមិនយល់សោះ អ្នកខឹងខ្ញ ំពីរឿងអ្វី ឬមួយអ្នកយល់ថា ខ្ញុំបានប្រើរូបសម្ផស្សខ្ញុំសម្រាប់បោកបញ្ឆោតចិត្ត​អ្នក​? ប្រ​សិន​បើ​អ្នក​ អាច​មក​នៅ​ក្នុង​ដួង​ចិត្ត​ខ្ញុំ​វិញ… នោះអ្នកនឹងដឹងថា ខ្ញុំស្រឡាញ់រូបអ្នកប៉ុណ្ណា? ខ្ញុំដឹងថា សេចក្តីស្នេហារបស់ខ្ញុំចំពោះ​អ្នក​ជា​ស្នេហា​ដែល​មាន​ ឧប​សគ្គ​។ ។ វ័យ​យើង​ទាំង​ពីរ​ក៏​ខុស​គ្នា​ឆ្ងាយ… សំណាងអាយុម្ភៃបីឆ្នាំ ខ្ញុំសាមសិបមួយ… សំណាងទំនេរ ខ្ញុំ​មិន​ទំនេរ​… តែ​ខ្ញុំ​មិន​យល់​ចិត្ត​​ខ្ញុំ​ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​អ្នក​ជា​លើកដំបូង មិនខុសគ្នាកាលអ្នកឃើញខ្ញុំដំបូងដែរ។យើងទាំងពីរហាក់ដូចជាមានវត្ថុ ឬ​មេ​ដែក​អ្វី​មួយ​មក​ស្រូប​ កាយ​ និង​ចិត្ត​យើង​ទាំង​ពីរ​ឲ្យ​ឆក់​រកគ្នា….

   ខ្ញុំស្តាប់សំនៀងប៉ាទីនយ៉ាដោយស្ងៀមស្ងាត់។ ខ្ញុំគ្រាន់តែនឹកថា នាងជានារីទំនើបមែនហ៊ាននិយាយ ឬប្រព្រឹត្តអំពើ​នេះ​ឥត​ខ្មាស​អៀន​។ ខ្ញុំ​សួរ​ក្នុង​ចិត្ត​ថា តើ​មាន​នារី​ខ្មែរ​ណា​ម្នាក់​ហ៊ាន​ធ្វើ​ដូចនាងដែរឬទេ? នៅពេលជិតបែកគ្នា ប៉ាទីនយ៉ា ឆ្លៀតនិយាយរកខ្ញុំទាំងជលនេត្ររហាម។
- សំណាង! ខ្ញុំសង្ឃឹមថា រឿងរ៉ាវរវាងយើងទាំងពីរមិនបែកសុសសាយនៅក្នុងគ្រួសារអ្នកទេ។ ខ្ញុំនឹងមកស្រុកបារាំងរៀងរាល់ឆ្នាំ។ បើពុំនោះទេ យើងអស់បានជួបគ្នាហើយ។ តើសំណាងចង់ឲ្យខ្ញុំវិលមកជួបអ្នកឬទេ?
ខ្ញុំនៅតែរក្សាភាពស្ងប់ស្ងៀមដដែល។ ប៉ាទីនយ៉ាស្រដីបន្ត៖
- នៅនាទីចុងក្រោយនៃការជួបស្គាល់គ្នារបស់យើង ខ្ញុំដូចជាមិនចង់និយាយពាក្យដដែលក្នុងន័យតែមួយ​ប្រាប់​សំណាង​ទៀត​ទេ​។ សូម​សំណាង​ទទួល​យក​អំពី​ខ្ញុំ នូវ​ផ្កា​កូលាប​ក្រហមដែលខ្ញុំសៀតសក់កាលយប់បុណ្យខួបលោកប៉ា​របស់​អ្នក​ចុះ​។ ខ្ញុំ​បាន​ភរ​សំណាង​ថា​ បាន​បោះ​វា​ចោល​ហើយ​។ តាម​ពិត ខ្ញុំខំរក្សាទុកជូនសំណាង។ យកទៅចុះសំណាង។ ផ្កានេះ ពុំមែនជាផ្កាក្រ​ពុំ​មែន គឺ​ជា​ផ្កា​ស្វិត​ស្រ​ពោន​ អស់​ក្លិន​។ ខ្ញុំ​លា​ហើយ​ណ៎ា​ ឆ្នាំ​ក្រោយ​ខ្ញុំ​នឹងត្រឡប់មកជួបសំណាងជាថ្មី ប្រសិនបើសំណាងឈប់ខឹងខ្ញុំ…

   វាចានេះញ៉ាំងឲ្យខ្ញុំរំជួលចិត្តឥតប្រៀបបាន។ ប៉ាទីនយ៉ា ដាក់ផ្កាកូលាបក្រៀមមកលើបាតដៃខ្ញុំ។ ខ្ញុំចាប់ហត្ថាដ៏​ស្រ​ឡូន​របស់​នាង​មក​ថែ​ថើប​ យ៉ាង​សែន​រំភើប​ដោយ​មិន​ដឹង​ខ្លួន​។ មួយពព្រិចភ្នែក ស្រីបង្វិលកាយចេញពីភ្នែកខ្ញុំ ហើយក៏ដើរសំដៅឡើង​ទៅ​កាន់​កន្លែង​រង់​​ចាំឡើង​យន្ត​ ហោះ ឥត​ងាក​ក្រោយ​មើល​មក​ខ្ញុំ​ដែលកំពុងស្រែកដង្ហោយហៅក្នុងបេះដូងសម្ងាត់ម្នាក់ឯងថា «ប៉ាទីនយ៉ា ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ​ទេ​ … ​ខ្ញុំ​ពិត​ជា​ស្រ​ឡាញ់​អ្នក»​។ ឱ! នេះឬសេចក្តីស្នេហា!!??

   បក្សាយន្តស្លាបដែកបានស្រូបយកអ្នកដំណើរទាំងឡាយ ហើយបញ្ចេញស្នូរខ្ទរខ្ទារ រួចលូនរំកិលខ្លួនបន្តិចម្តងៗនៅ​លើ​ផ្លូវ​យន្ត​ហោះ ហើយ​ ក៏​បណ្តែត​ខ្លួន​សន្សឹម​ៗ​ហោះ​ពី​ទី​លាន​ឡើង​បន្តិចម្តងៗក្នុងលំហវេហាស៍។ ខ្ញុំហាក់ឮប៉ាទីនយ៉ាស្រែកល្វើយៗ រសាត់​តាម​វា​យោ​មក​ប៉ះ​សោតា ​ខ្ញុំ​ថា «ខ្ញុំ​បាន​យក​ជា​មួយ​ខ្ញុំ​នូវ​សេច​ក្តី​ស្នេហា​របស់​អ្នកទៅបាងកក»។

       ថ្ងៃមួយ មាតាខ្ញុំមានប្រសាសន៍មកកាន់ខ្ញុំ។
       - សំណាង! ម៉ាក់ដឹងថា ឯងបានសប្បាយអស់ចិត្តហើយក្នុងយុវវ័យរបស់ឯង។ តាំងពីកូនតូចមក ឯងធ្លាប់តែសេព​គប់​ជា​មួយ​មនុស្ស​បារាំង​។ ម៉ាក់​ដឹង​ដែរ​ថា នេះ​មិន​មែន​ជា​កំហុស​របស់ឯងទេ។ គឺមកពីម៉ាក់ និងប៉ាដែលបញ្ចូនឯងឲ្យរៀនសាលាបារាំងតាំងពីតូច។ គ្រួសារ​យើង​ក៏​និយម​ តែ​របៀប​បារាំង​ដែរ លុះ​យើង​មក​ដល់ស្រុកបារាំង គ្រួសារយើងមិនសូវមានទំនាក់ទំនងជាមួយ ជនជាតិខ្មែរយើងសោះ…។ តែ​ណ្ហើយ!​ អ្វីៗ​ក៏ មិន​ទាន់​ហួស​ប៉ុន្មាន​ដែរ​បើ​យើងដឹងខ្លួនថាខុសឆ្គងហើយកែប្រែចិត្តគំនិតទាន់។ ម៉ាក់ចង់ដឹង ក្នុងចំណោមមិត្តនារីបារាំង​របស់​ឯង​ទាំង​ប៉ុន្មាន​ ដែល​កូន​ឯង​ធ្លាប់​បណ្តើរយកមកបង្ហាញម៉ាក់នោះតើឯងបានគិតចង់បានអ្នកណាម្នាក់ជាគូអនាគតឬទេ? ម៉ាក់​យល់​ថា នាង​ស៊ីល​វេត​នៅ​ក្មេង​ សម​នឹង​ឯង​។ នាង​ជា​ស្រី​បារាំង​មែន តែឬកពារសុភាពដូចស្រីខ្មែរយើង។ ចរិយានាងក៏ដូចជាសមរម្យជាងអ្នកឯទៀត។

ខ្ញុំឆ្លើយកាត់ផូង ៖
- ជម្រាបម៉ាក់តាមត្រង់ ស្រីក្មេងៗជាមួយខ្ញុំដូចជាមិនត្រូវគ្នាសោះ!
- បើមិនត្រូវគ្នា ម៉េចក៏ឯងទាក់ទងគេ។ ឯងនិយាយនេះចំពោះតែស្រីបារាំងទេដឹង? ចុះនារីខ្មែរ កូនរបស់ពួក​ម៉ាក​ប៉ាឯង​?​។ កូន​គេ​ ស្អាត​និង​ថ្លៃ​ថ្នូរ​ណាស់​។ បើ​បាន​ភ្ជាប់ជាសាច់ញាតិគ្នាឯងបែបកាន់តែជិតស្និទ្ធឡើង។
- ហ៊ឺ! គិតទៅ ម៉ាក់និងបងសុជាតាដូចគ្នាដល់ហើយ។ ថ្ងៃណាក៏ដូចថ្ងៃណាដែរ និយាយជាមួយខ្ញុំតែរឿងមួយ​នេះ​។ ខ្ញុំ​សុំ​ចិត្ត​កុំ​ឲ្យ​ម៉ាក់ ព្រួយ​ពី​ខ្ញុំ​ឲ្យ​សោះ​។ កាល​ណា​ខ្ញុំ​ស្រ​ឡាញ់​ពេញចិត្តអ្នកណា ម្នាក់ ខ្ញុំមុខជានៅជាប់ជាមួយនាងនោះហើយ។
- យី! គិតនៅជាមួយគ្នាអត់រៀបការយ៉ាងម៉េចកូននេះ ?
       - ម៉ាក់កុំខ្វល់រឿងរៀបការ វាចង់ហួសសម័យទៅហើយ។ នាងស៊ីលវេត នាងក្លូឌីន នាងប៉ាទីស្យា គេមិន​ដែល​និយាយ​រឿង​រៀប​ការ​ទេ​។ ម៉ាក់​មិន​ទាន់​ជ្រាប​ទេ ខ្វះអីស្រីខ្មែរយើងឥឡូវនេះមានគគោក។ គេមានគំនិតជឿនលឿនរហ័សណាស់​។ នៅ​ប៉ារីស ខ្ញុំ​ប្រទះ​ខ្លះហើយ ស្រី​ខ្មែរ​ ជក់​បារី​ក្នុង​តៀម​កា​ហ្វេ​។ ស្រី​ខ្មែរ​ចូលឌីស្កូរាំរែក ឱបកៀកកើយប្រុស។ ស្រីខ្មែរដើរប្រឱបប្រ​កៀក​ប្រុស​តាម​ដង​វិថី ឬ​ទី​ប្រ​ជុំ​ជន…​។ ណ្ហើយ! រាប់​មិន​អស់​ទេ​ម៉ាក់ នៅតែក្នុងផ្ទះ ម៉ាក់មិនឃើញទេ។ សតវត្សរ៍ទី២១ណ៎ាម៉ាក់!
       - ណ្ហើយ! ណ្ហើយ! បានហើយៗ ម៉ាក់មិនចង់ឮទេ ឈឺក្បាលណាស់។ ទោះជាយ៉ាងនេះក៏ដោយ ម៉ាក់ជឿថា នាង​ៗ​កូន​​របស់​​ពួក​​ម៉ាក​​ប៉ា​​ឯង​ មិន​ទាន់​​ដើរ​​ដល់​​ថ្នាក់​​ហ្នឹង​​ទេ​​។
       - ខ្ញុំស្របតាមម៉ាក់។ គ្រួសារដែលមានការអប់រំ ឬមានពូជអម្បូរល្អ មិនងាយធ្វើផ្តេសផ្តាសបានភ្លាមៗទេ។ ប៉ុន្តែ​ដូច​ម៉ាក់​ធ្លាប់​ជ្រាប​ស្រាប់​ ហើយ​ ខ្ញុំ​ដូច​ជា​គ្មាន​និស្ស័យ​ជា​មួយ​ស្រីក្មេងៗសោះ មើលទៅដូចជាពិបាកផ្គាប់ចិត្តណាស់ ងង៉ក់ច្រើន… មិន​ដឹង​ចិត្ត​គេ ចង់​ធ្វើ​អ្វី ចង់​បាន​ អ្វី​ឲ្យ​ពិត​។ ខ្ញុំ​ធុញ​ស្លាប់​ហើយ នៅ​ជា​មួយ​ស្រីប្រភេទនេះ បើធ្វើការហត់នឿយជិតស្លាប់នោះ?

  ការពិភាក្សារវាងមាតាខ្ញុំនិងខ្ញុំហាក់ដូចជាមិនសូវចុះសម្រុងគ្នាសោះ។ ទោះជាយ៉ាងណាក្តីក៏មាតាខ្ញុំធ្លាប់​ផ្តល់​សេរី​ភាព​ឲ្យ​ខ្ញុំ​យ៉ាង​បរិ​បូរណ៍ មិន​ដែល​ប្រ​កាន់​យក​គំនិត​ផ្តាច់​ការមកអនុវត្តម្តងណាឡើយ។ ចំណែករូបខ្ញុំវិញ ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តបណ្តែត​វាសនា​ទៅ​រក​ការ​ផ្សង​ ព្រេង​។ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពីដំបូលគ្រួសារទៅរស់នៅម្នាក់ឯងក្នុងឋានៈជាទាហានម្នាក់នៅក្នុង​ប្រ​ទេស​ស្វីស ក្នុង​នាម​ជា​ជន​ជាតិ​ បារាំង​គ្រប់​អាយុ​បំ​ពេញ​ការតព្វ​កិច្ច​យោធា។

   នៅក្នុងកន្លែងធ្វើការ ខ្ញុំជាជនជាតិខ្មែរតែម្នាក់ឯងគត់។ ខ្ញុំធ្លាប់ស្គាល់អស់ហើយភាពឯកាត្រម៉ង់ត្រម៉ោច។ ជួន​កាល​ពេល​ខ្លះ ខ្ញុំ​ស្នាក់​នៅ​ក្នុង បន្ទាយ​លើ​ភ្នំ​ស្ងាត់​ជ្រងុំ​។ ខ្ញុំ​ឮ​សូរ​តែសំឡេងធម្មជាតិ និងបក្សាបក្សីស្រែកយំខ្ញៀវខ្ញា។ ពេលខ្លះ ខ្ញុំអង្គុយសម្លឹងមើល​មែក​ឈើ​បក់​រវិចៗ​ហាក់​ មាន​វិញ្ញាណ​ចេះ​និយាយ​ឆ្លើយ​ឆ្លង​ជាមួយខ្ញុំ។ ពេលខ លះទៀតខ្ញុំហាក់ដូចជានឹកថា ខ្ញុំចេះភាសារបស់បក្សីបក្សាអាច​និយាយ​ឆ្លើយ​ឆ្លង​ជា​មួយ​ សត្វ​ស្លាប​ទាំង​នោះ​បាន​។ ទោះ​បី​ជា​មាន​ការលំបាកតឹងរ៉ឹងយ៉ាងណានៅក្នុងកន្លែងរស់នៅ ក៏ខ្លួនខ្ញុំមិនដែលតូច​ចិត្ត​សោះ​។ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​ហាក់​ ដូច​ជា​មាន​សំណាង​ទៅ​វិញ ដែល​មានឱកាសបានយល់បានដឹង បានស្គាល់ជីវភាពមួយដែលមនុស្សទូទៅមិនមែន​បាន​ស្គាល់​គ្រប់​ៗ​គ្នា​នោះ​ទេ​។ ខ្ញុំ​នឹក​ថា ខ្ញុំ​មាន​សំណាង​ដូច​ឈ្មោះ​ខ្ញុំ ថ្វីត្បិតតែជីវិតខ្ញុំមានការផ្សងព្រេងខ្លះពិតមែនក៏ដោយ។

   ជារឿយៗ តាំងពីមកនៅក្នុងប្រទសស្វីស ខ្ញុំតែងតែឧស្សហ៍ចូលមកលេងក្រុងស្ត្រាស់បួរនៅចុងសប្តាហ៍។ នៅ​ទី​នោះ ខ្ញុំ​ស្គាល់​មិត្ត​បារាំង​ ខ្លះ​ដែល​ធ្លាប់​ជា​ Enfant de troupe ជា​មួយ​ខ្ញុំដែរ។ ជីវិតជាកំលោះរបស់ខ្ញុំរីករាយជានិច្ច ដោយសារការនិយមរាំរែក។ ម៉្លោះ​ហើយ​ខ្ញុំ​ចំ​ណាយ​ ប្រាក់​រៀង​រាល់​ល្ងាច​ថ្ងៃ​សុក្រ​ ដើម្បីចូលកំសាន្តក្នុងកន្លែងរាំ (discothèque)។ ខ្ញុំជាយុវជនទាន់សម័យម្នាក់​ដែល​យល់​ច្បាស់​ថា ដល់​ខ្ញុំ​ចូល​វ័យ​ ចាស់​ជរា ខ្ញុំ​នឹង​មិន​សោក​ស្តាយ​ជីវិតដែលមិនបានឆ្លៀតកេងសប្បាយឲ្យអស់ចិត្ត។

   នៅក្នុងកន្លែងរាំនេះ ខ្ញុំបានប្រទះឃើញនារីបារាំងពីររូប។ ខ្ញុំបានចាប់អារម្មណ៍ទៅលើនារីម្នាក់មាឌធំខ្ពស់ សក់​ខ្លី​ពណ៌​សក់​ពោត ភ្នែក​ខៀវ​ថ្លា ដែល​ជា​សម្រស់​ល្អ​ឯក​សម្រាប់​ជន​ជាតិ​ស្បែក​ស។ ខ្សែភ្នែកយើងទាំងពីរចេះតែត្របាញ់រកគ្នាជារឿយៗ។ ដូច​ជា​ចង់​បាន​គូ​រាំ​នឹង​គេ ខ្ញុំ​មាន​ សេច​ក្តី​ក្លា​​ហាន​ចូល​ទៅ​រក​នារី​នោះ។ យើងនិយាយពីនេះពីនោះបានប្រហែលមួយស្របក់ស្រាប់​តែ​ត្រូវ​រ៉ូវ​គ្នា​។ ខ្ញុំ​សុំ​ឲ្យ​នារី​មិន​ទាន់​ស្គាល់​ ឈ្មោះ បង្រៀន​ខ្ញុំ​រាំ​ចង្វាក់​រ៉ុក​។ នារីស្បែកសស្មគ្រចិត្តជួយបង្ហាត់ខ្ញុំដោយរីករាយ។ មិនយូរប៉ុន្មាន ខ្ញុំក៏ចេះរាំចង្វាក់​រ៉ុក​នេះ​នឹង​គេ​ដែរ​។ ពី​បទ​ ភ្លេង​មួយ​ទៅ​បទ​ភ្លេង​មួយ ខ្ញុំ​និង​នារី​បារាំងមិនទាន់ស្គាល់នាមនេះតែងតែរាំជាមួយគ្នាឥតចន្លោះមួយបទណាឡើយ។ យើង​អាច​សា​សង​គ្នា​ បាន​ខ្លះ​នៅ​ពេល​សម្រាក​រាំ​ម្តង​ៗ​។ ខ្ញុំផ្តើមវាចាសួរនាង។

- ខ្ញុំដូចជាមិនទាន់ស្គាល់ឈ្មោះអ្នក! ចំណែកខ្ញុំឈ្មោះ សំណាង!
- ខ្ញុំឈ្មោះ អង់រីយ៉ែត (Henriette)
- អង់រីយ៉ែត! ឈ្មោះពីរោះណាស់ហ្ន៎!
- សំណាង​ឈ្មោះអ្នកឯងអ្នកឯងក៏ពីរោះប្លែកដែរណ៎ា។ ខ្ញុំដូចជាពិបាកហៅណាស់ ព្រោះខ្ញុំមិនធ្លាប់។
- មិនមែន សំាណង់ ទេ ខ្ញុំឈ្មោះ សំណាង។ ឈ្មោះខ្ញុំសរសេរនឹងអក្សរ S-A-M-N-A-N-G ។ S-A-M ខ្មែរមិនអានថាសំាទេ។ N-A-​N-​G ខ្មែរ​ក៏​មិន​អាន​ថា ណង់​ដែរ​។ គេ​អាន​ថា ណាងទៅវិញ។
អង់រីយ៉ែត! ញាក់ស្មាហើយសើចកក្អិកនៅពេលស្តាប់ខ្ញុំពន្យល់ពីសូរស័ព្ទឈ្មោះខ្ញុំ។ ខ្ញុំឆ្លៀតស្នើសំណួរថ្មីមួយ ។
- អង់រីយ៉ែត! តើល្ងាចថ្ងៃសុក្រក្រោយ អ្នកអាចមកជួបខ្ញុំនៅទីនេះបានទេ?
- ថ្ងៃសុក្រក្រោយ ខ្ញុំពុំអាចមកបានទេ!
- ហេតុអ្វីទៅ?
- ពីព្រោះ…
      ខ្ញុំប្រញាប់សារភាពប្រាបនារីបារាំង៖
- ខ្ញុំដូចជាឆ្ងល់ណាស់ថា ខ្ញុំមានអ្វីមួយដែលខ្ញុំមិនយល់ខ្លួនឯងសោះ។ ខ្ញុំគ្រាន់តែដឹងច្បាស់ថា ខ្ញុំចង់ជួបអ្នកស្រីទៀតណ៎ា Henriette…
- សំណាង (នាងខំហៅឈ្មោះខ្ញុំដោយពិបាក) ខ្ញុំមិនលាក់និងអ្នកទេ ខ្ញុំមានប្តីមានកូនប្រុសមួយហើយ។ ខ្ញុំមិន​មែន​នៅ​ទំ​នេរ​ទេ​ណ៎ា​។ ខ្ញុំ​យល់​ចិត្ត​អ្នក​ដែល​ចង់​ជួប​ខ្ញុំ​ហើយ តែ​ខ្ញុំ​មិន​អាច… ទេ!
- មិនអីទេ! ទោះមានប្តីនិងមានកូន រឿងនេះពុំមែនជាឧបសគ្គចំពោះខ្ញុំឡើយ។ រូបរាងខ្ញុំជាបុរសខ្មែរមែន តែ​ចិត្ត​គំ​និត​ខ្ញុំ​មិន​ខុស​ពី​ចិត្ត​គំ​និត​របស់​ជន​ជាតិ​អ្នក​ទេ​ណ៎ា អង់​រីយ៉ែត​។ អ្នកឆ្លៀតមកជួបខ្ញុំកុំខាន ល្ងាចថ្ងៃសុក្រក្រោយ។
- ខ្ញុំប្រាកដជាមិនអាចមកបានទេ សំណាង។ ខ្ញុំប្រាប់អ្នកតាមត្រង់ទៅចុះ រៀងរាល់ខែ ខ្ញុំអាចចេញដើរលេងម្នាក់ឯងតែម្តងទេ។
       វាចានេះញ៉ាំងឲ្យខ្ញុំងឿងឆ្ងល់អស្ចារ្យ។ ខ្ញុំសម្លឹងមើលមុខនារីឈ្មោះ អង់រីយ៉ែត។ ភក្រ្តនាង ចក្ខុនាងដូចជាលាក់​អាថ៌​កំបាំង​អ្វី​មួយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ដឹង​ជា​ពន់​ពេក​។ ស្រាប់​តែអង់រីយ៉ែតសួរខ្ញុំ។
- អ្នកកំពុងឆ្ងល់នឹងពាក្យខ្ញុំឬ?
- ប្រាកដមែន។ ប្រសិនបើអ្នកអាចប្រាប់ខ្ញុំឲ្យច្បាស់លើសពីនេះ ខ្ញុំសែនត្រេកអរ។
- បើអ្នកយកចិត្តទុកដាក់នឹងរឿងផ្ទាល់ខ្លួនរបស់ខ្ញុំណ៎ា សំណាង!
      ថារួច នាងស្ងៀមមួយស្របក់ហាក់ដូចជាខំប្រមូលរឿងរ៉ាវទាំងប៉ុន្មានមកលាតត្រដាងប្រាប់ខ្ញុំ។ ខ្ញុំប្រញាប់និយាយ ៖
- ខ្ញុំចាំស្តាប់រឿងអ្នកដោយរីករាយជាទីបំផុត។
- ខ្ញុំមានដើមកំណើតអាល់សាស់ស៊ីយែន (Alsacienne)។ គ្រួសារខ្ញុំមានច្បាប់ទម្លាប់តឹងតែងណាស់ ។ ខ្ញុំបានរៀបការតាំងពីអាយុ ដប់ប្រាំបីឆ្នាំ។ ក្រៅពីពេលម៉ោងធ្វើការ ខ្ញុំជាមនុស្សស្រីម្នាក់ដែលនៅតែក្នុងផ្ទះ ធ្វើកិច្ចការផ្ទះ និងមើលកូនប្រុសខ្ញុំ។
- អ្នកឯងមិនអផ្សុកទេឬ? ចុះប្តីអ្នកឯងមិនដែលនាំអ្នកឯងដើរខ្លះទេ?
- ប្តីខ្ញុំ? ប្តីខ្ញុំជាអ្នកបើកបរឡានទំនិញ។ គាត់មិនដែលនៅហ្នឹងមួយកន្លែងទេ គឺតែងតែទៅឆ្ងាយពីផ្ទះជានិច្ច។ ពេល​ត្រ​ឡប់​មក​ផ្ទះ​វិញ​ ម្តង​ៗ ក៏​ខ្ញុំ​គ្មាន​ស្គាល់​សេច​ក្តី​សុខ​សុភ​មង្គល​សោះ ព្រោះប្តីខ្ញុំចូលចិត្តផឹកស្រាណាស់។ ពេលស្រវឹងម្តងៗ គាត់តែង​តែ​ប្រើ​កម្លាំង​ បាយ​វាយ​ទះ​តប់​ខ្ញុំ​ឥត​ឈប់​ឈរ​។ យូរ​ៗ​ទៅ​ ខ្ញុំ​មិនខុសពីអ្នកទោសម្នាក់ដែលនៅតែក្នុងផ្ទះហើយខ្វះការយក​ចិត្ត​ដាក់​ពី​ប្តី​… ធ្វើ​​ឲ្យ​​ខ្ញុំ​ ​នឿយ​​ណាយ​​មែន​​ទែន​​…
- តើអ្នកចេះទ្រាំទ្របានដែរឬនូវអំពីឃោរឃៅកាចសាហាវរបស់ប្តីអ្នក?
- ព្រោះតែយ៉ាងដូច្នេះហើយបានជាខ្ញុំទាមទារចេញក្រៅផ្ទះដើរលេងម្នាក់ឯងម្តងគត់ក្នុងមួយខែៗ គឺនៅល្ងាចថ្ងៃសុក្រ។
- អ្នកដូចជាស្លូតពេក ។ ចម្លែកណាស់ បើក្រៅពីអ្នក ស្រីដទៃច្បាស់ជាឈប់រស់នៅជាមួយប្តី សុំបែកផ្លូវហើយ។
- ខ្ញុំដឹងដែរ ប៉ុន្តែខ្ញុំមានបញ្ហាស្មុគស្មាញច្រើនណាស់ ដែលខ្ញុំពុំអាច​សម្រេច​ធ្វើ​បាន​ងាយ​ៗ​។ បើ​អ្នក​មាន​អំណត់​បន្តិច ទាល់​តែ​ថ្ងៃ​សុក្រ​ខែ​ក្រោយ​ទើប​ខ្ញុំ​អាច​មក​ជួប​អ្នក​ជា​ថ្មី​ម្តង​ទៀត​។
- យល់ព្រម យើងជួបគ្នានៅកន្លែងនេះដដែលណា៎!

   ខ្ញុំច្របាច់ដៃស្រីបារាំងថ្នមៗ។ ភ្នែកនិងភ្នែកសម្លឹងរកគ្នាទាំងរំភើបខុសពីធម្មតា។
ថ្ងៃនិងខែចេះតែពូនគ្នាជាច្រើន។ ទំនាក់ទំនងរវាងរូបខ្ញុំ និងអង់រីយ៉ែតក៏កាន់តែជិតស្និទ្ធទៅតាមពេលវេលា។ មិត្ត​ភាព​នេះ​ខុស​ពី​មិត្ត​ភាព​ខ្មែរ​ យើង​ស្រឡះ ព្រោះ​យើង​ទាំង​ពីរ​បាន​រួម​រស់​ជាមួយគ្នាដោយឥតរំខានអ្វីឡើយ។ ចំពោះអង់រីយ៉ែត ថ្វីត្បិតតែ​នាង​មាន​ប្តី មាន​កូន​ក៏​ពិត​មែន​ តែ​ក្នុង​សង្គម​ជឿន​លឿន​របស់​គេ​ រឿង​នេះជារឿងធម្មតា ដែលសង្គមខ្មែរយើងពុំទាន់ទទួលស្គាល់ ឬអត់ឱនម្តង​ណា​ទេ ចំ​ពោះ​នារី​ណា​ដែល​ មាន​រឿង​រ៉ាវ​ដូច​នាង​អង់​រីយ៉ែតគូកំណាន់របស់ខ្ញុំនេះ។

◊              ◊