បានទទួលសេចក្ដីអនុញ្ញាតិឲ្យចុះផ្សាយបន្ដ ពីម្ចាស់អ្នកនិពន្ធប៉ិច សង្វាវ៉ាន
២ ​-ជួបស្នេហ៍
ថ្ងៃសៅរ៍ ទី11.ឧសភា 2013.ម៉ោង 0:08

   មិនយូរប៉ុន្មានក្រោយមក សេរីចាប់សង្កេតមើលឥរិយាបថក្រុមគ្រួសារ នាងសម្ជស្សភួង។ នៅទីបំផុត គ្រួសារ​នេះ​បញ្ចេញ​កាឡា​សា​ប្រ​ទូស្ត​រាយ សេរី​កូន​ខ្ញុំ​។ សេរី​ដក​ខ្លួនចេញឆ្ងាយរួចចាក់ទុកអំពើដែលសេរីបានប្រព្រឹត្ត ចំពោះគ្រួសារនេះ ជា​កុសល​ធម៌​មួយ និង​ជា​បទ​ពិ​សោធន៍​មួយ​ក្នុង​យុវ​វ័យ​។ នៅ​ពេល​នេះ ទើបសេរីភ្ញាក់ខ្លួននឹកថា ពាក្យអប់រំណែនាំទាំងប៉ុន្មានរបស់ខ្ញុំ ជាមាតាគឺជាមេ​រៀន​ជីវិត​ពិត​ៗ​។ ខ្ញុំ​តែង​​តែ​បន់​ស្រន់​ព្រះ សូម​ឲ្យ​លោក​ជួយ តម្រែតម្រង់មាគ៌ាជីវិតរបស់សេរីកូនប្រុសខ្ញុំ។ កូនម្នាក់នេះធ្វើឲ្យទ្រូងខ្ញុំជា មាតា​ពិបាក​ជាង​កូន​ណាៗ​ ទាំង​អស់​។ ខ្ញុំ​មាន​វិប្បដិ​សារី​មិន​អស់​មិនហើយ។ ក្នុងពេលចេញផុតពីការផ្គត់ផ្គង់របស់រដ្ឋាភិបាលបារាំង គ្រួសារ​យើង​មិន​បាន ត​ស៊ូ​រក​មធ្យោ​​បាយ​ចិញ្ចឹម​កូន​ឲ្យ​រៀន​បាន​វែង​ឆ្ងាយ​ទេ។ កាលណោះ សេរីរៀន មិនពូកែ ជួនចំពេល ដែលគេត្រូវការជ្រើស​រើស​បុគ្គ​លិក​ជា​ច្រើន ក្នុង​រោង​​ចក្រ​ធ្វើ គ្រឿង​បន្លាស់​រថ​យន្ត​។ យើង​គិតថា នេះជាឱកាសល្អសម្រាប់យើងជាជនភៀស ខ្លួនហើយ។ បើយើងមិន​ឆក់​យក​ឱកាស​ល្អ​ដែល​​ហុច​មក​ឲ្យ​ក្នុង​ពេល​នេះ​ទេ យើង​ក៏​ពុំ​ដឹងថា តើប៉ុន្មានខែ ប៉ុន្មានឆ្នាំទៅមុខទៀត យើងជួបប្រទះស្ថានភាពល្អ បែបនេះដែរ។ ជា​ពិសេស កាល​នោះ យើង​ជិត​ផុត​កំណត់​នៃ​ការ​ផ្គត់​ផ្គង់​របស់ រដ្ឋបារាំង ហើយត្រូវចេញពីហ្វ័រយេ និងត្រូវខ្នះខ្នែងរកផ្ទះ។ នៅប្រ​ទេស​បារាំង ការ​​ជួល​ផ្ទះ​តម្រូវ​ឲ្យ​មាន៖​

- សំបុត្របញ្ជាក់បៀវត្ស៍បីខែចុងក្រោយ។
- សំបុត្របញ្ជាក់ថ្លៃឈ្នួលផ្ទះបីខែចុងក្រោយ បើយើងធ្លាប់ជួលផ្ទះនៅពីមុខ។
- សំបុត្របញ្ជាក់ថា យើងជាបុគ្គលិកធ្វើការ នៅកន្លែងណាមួយជាប់លាប់។
- សំបុត្របង់ពន្ធដារឆ្នាំកន្លងមក។
- ប័ណ្ណសម្គាល់ខ្លួន។

   អ្វីដែលសំខាន់បំផុតនោះគឺ យើងត្រូវមានប្រាក់ខែបីដងច្រើនជាងថ្លៃឈ្នួលផ្ទះមួយខែ និងមានការងារជាប់លាប់ទើប​យើង​អាច​មាន​សង្ឃឹម​ជួល​ផ្ទះ​បាន​។ កត្តា​ទាំង​ប៉ុន្មាន​នេះ​តម្រូវឱ្យសេរី និងកូនខ្ញុំពីរនាក់ទៀតក្លាយទៅជាមនុស្សសកម្ម មានការងារ មាន​មុខ​របរ​ចិញ្ចឹម​ជីវិត​ដូច​គេ​ដូច​​ឯង ហើយ​ឈប់​មាន​ឈ្មោះ​ជា​មនុស្ស​ទទួល​ប្រាក់ជំនួយពីរដ្ឋ។ តាមរពិត សេរី និងកូនរបស់ខ្ញុំទាំងអស់មិនធ្លាប់​ពិបាក​ទេ កាល​គ្រា​យើង​រស់​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​។ ប៉ុន្តែ ឥឡូវនេះ យើងជាជនភៀសខ្លួន ជីវភាពយើងផ្លាស់ប្តូរទាំងស្រុង។ ដូច្នេះ ទោះបីជា​យើង​មិន​ធ្លាប់​ពិបាក​ក៏​ដោយ​ចាំ​បាច់​យើង​ត្រូវ​តែ​ខំ​ពុះ​ពារ​កសាងជីវភាពថ្មីលើទឹកដីបារាំងដោយចាប់ផ្តើមពីសូន្យឡើងទៅ។ សំណាងណាស់ យើង​បាន​ចេញ​ផុត​ពី​នរក​ខ្មែរ​ក្រហម មក​រស់​នៅ​ក្នុង​ប្រទេស​បារាំង​ដែលមានមនុស្សធម៌ជួយស្រោចស្រង់ទទួលយើងគ្រប់គ្នាជាជនភៀសខ្លួន និង​ជួយ​ផ្គត់​ផ្គង់​យើង​មួយ​រយៈ​កាល ដើម្បី​អាច​ឲ្យ​យើង​រៀប​ចំ​សម្រប​ខ្លួន​ចូល​ក្នុងសង្គមបារាំង និងចេះរស់នៅចុះសម្រុងក្នុងជីវភាពថ្មីលើទឹកដីប្រទេសនេះ។

- ម៉ាក់ប៉ា! បងប្អូនទាំងអស់គ្នា អូនជាត្តា សង្សារ និងជាអនាគតភរិយា របស់ខ្ញុំ។
- ជម្រាបសួរ លោកពូ លោកមីង បងៗប្អូនៗ ច៎ាស ! (នាងជាត្តាលើកដៃប្រណម្យជម្រាបសួរទាំងអស់គ្នា)។
- លើកដៃថ្វាយព្រះ នាងអាយុប៉ុន្មានហើយ?
- ចាស់២០ឆ្នាំ។
- អង្គុយទៅនាង។ កុំខ្មាស់អៀនអីណ៎ា សុទ្ធតែគ្រួសារទាំងអស់ហ្នឹង។ សេរីចាក់ទឹកឲ្យនាងផង។
សេរីមិនប្រព្រឹត្តតាមពាក្យខ្ញុំបង្គាប់ទេ។ គេកេះខ្ញុំ ខ្សឹបហៅខ្ញុំឲ្យចូលទៅក្នុងផ្ទះបាយមួយភ្នែត ហើយសួរខ្ញុំថា៖
- ម៉ាក់ជឿឬនៅ ខ្ញុំមិនកុហកទេ។ ពេញចិត្តទេម៉ាក់?
- មិនសម្រេចលើចិត្តម៉ាក់ទេ ស្រេចតែឯងចុះ។ កូនឯងស្គាល់ចិត្តម៉ាក់ស្រាប់ហើយ។ ម៉ាក់ផ្តល់សេរីភាព​ឲ្យ​កូន​ៗ​គ្រប់​គ្នា​ក្នុង​ការ​រើស​​គូ​ស្រករ​។ ម៉ាក់​មិន​បំបែក​បំបាក់​គូ​របស់​កូន​ណាទេ។ ម៉ាក់គ្មានគំនិតដូចដូនផាន់ម្តាយនាងទាវក្នុងរឿងទុំទាវ ឬដូច​មីង​នួន ម្តាយ​នាង​វិធាវី​ក្នុង​​រឿង​ផ្កា​ស្រ​ពោន​ទេ​។ ម៉ាក់​ត្រូវ​សួរ​ចិត្តឯងទៅវិញទេតើ។ ឯងពិតជាប្តូរផ្តាច់មែនទែនហើយឬ?
- ម៉ាក់! នាងមិនសូវស្អាតមែន តែខ្ញុំមិនរើសរកតែរូបដូចពីមុនទៀតទេ។ ខ្ញុំស្រឡាញ់អូនជាត្តាទុកជាអនាគតប្រពន្ធខ្ញុំមែនណ៎ាម៉ាក់។
- ឲ្យពិតដូចសម្តីទៅចុះ។ តោះយើង ត្រឡប់ទៅបន្ទប់ទទួលភ្ញៀវវិញ។យើងទុកឲ្យជាត្តានៅតែម្នាក់​ឯង​យូរ​ហើយ​។ គ្នា​ទើប​តែ​មក​ជួប​ស្គាល់​គ្រួសារ​យើង​លើកដំបូងផង។
ក្នុងបន្ទប់ទទួលភ្ញៀវ សេរីចាក់ទឹកក្រូចហុចឲ្យនាងជាត្តា ហើយនិយាយ៖
- អូនជាត្តា ម៉ាក់ចង់បញ្ជាក់សួរអូនបន្តិច។
- ច៎ាស លោកមីង!
- ឪពុកម្តាយនាងនៅរស់ទាំងអស់គ្នាឬ? គាត់មានយោបល់យ៉ាងណាដែរ?
- ច៎ាស! ឪពុកម្តាយខ្ញុំនៅរស់ទាំងអស់គ្នា។ គាត់មិនជំទាស់ទេ លោកមីង។
- ល្អហើយអីចឹង គួរតែរៀបចំការឆាប់ៗទៅ កុំឲ្យសៅហ្មង។

   យើងទាំងអស់គ្នាសប្បាយចិត្តខ្លាំងណាស់។ យើងយល់ឃើញថា បើសេរី មានគ្រួសារ ប្រហែលជាសេរីអាច​ប្តូរ​គំនិត​ចាស់​ចោល​ខ្លះ​មិន​ខាន​ឡើយ​។ បរិ​យាកាស​បុណ្យ​ខួប​កំណើត​របស់ស្វាមីខ្ញុំគម្រប់ហាសិបឆ្នាំ ប្រព្រឹត្តទៅក្នុង បរិយាកាសរីក​រាយ​ខុស​ពី​ការ​ស្មាន​ទុក ដោយ​​លើក​នេះ យើង​មាន​មនុស្ស​ចំណូល​ថ្មី​មួយ​រូបទៀត គឺនាងជាត្តាដែលអនាគតភរិយារបស់សេរីកូនប្រុស របស់យើង។