មិនយូរប៉ុន្មាន សេរីបាន យល់ដឹង អំពីអំពើប្រទូស្ដរាយរបស់គ្រួសារ នាងសម្ផស្សភួងចំពោះរូបគេ ហើយក៏បានផ្ដាច់ ចំណង​ស្នេហ៍​ជា​មួយ នាង​បាន​។ សេរី​បាន​ទៅ​ទាក់​ទង​ស្នេហា​ជាមួយក្រមុំ​ជាត្ដាហើយបាននាំ សង្សារមកបង្ហាញឲ្យប៉ាម៉ាក់បងប្អូនបានជ្រាប គឺ​ជា​សេចក្ដី​ស្នេហា មួយ​ដែល​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​សេរី និងក្រុមគ្រួសារសប្បាយចិត្ដយ៉ាងខ្លាំងណាស់ដែរ។ នាងជាត្ដាមានរូបរាងល្អល្អះសមសួន មាន​ចរិត​សុភាព ទន់ ភ្លន់​ធ្វើ​អោយ​សេរី​ជាប់​ចិត្ដ​ជាប់​ស្នេហ៍​ស្រលាញ់នាងយ៉ាងខ្លាំង គូស្នេហ៍ទាំងពីរស្រលាញ់សិទ្ធស្នាលនឹងគ្នាយ៉ាងល្អូក​ល្អើន​ឥត​មាន​ឧបគ្គ​ស័ក​អ្វី មក​រា​រាំង​ឡើយ ទាំង​ឳពុក​ម្ដាយ​ខាង​នាង​ជាត្កា និងឳពុកម្តាយសេរីក៏ត្រូវរ៉ូវគ្នាឥតមានល្អក់កករអ្វីឡើយ។ ថ្ងៃលើកជំនូនរហូតដល់ ស្រាប់​តែ ឳពុក​ម្ដាយ​ខាង​ស្រី​ទារ​តម្លៃ​ទឹក​ដោះ រហូតដល់ពីរម៉ឺនហ្វ្រង់ឯណោះ។ សេរីជាកម្មកររោងចក្រ បានប្រាក់ខែបន្ដិចបន្ដួច។ គេ​ត្រូវ​ចំណាយ​ទៅ ​លើ ការ​បង់​ថ្លៃ​ផ្ទះ​ទឹក​ភ្លើង ទូរ​ស័ព្ទ និង សព្វសារពើ ទៀត​។ តែដោយលង់ស្នេហ៍មិនអាចដកចិត្ដបាន សេរីបានទៅខ្ចីបុល​គេ បង់​ជំនូន​ថ្លៃ​ទឹក​ដោះ អោយ​ឳពុក​ម្ដាយ​នាង​ជាត្ដា ហើយ​បាន​រៀប​ការ​ជា​មួយ​គ្នា​ដោយត្រដាបត្រដួសរស់នៅក្នុងភាពក្រីក្រ ជំពាក់បំណុលគេវាន់ក។

   ប្រពៃណីទំនៀមទំលាប់ ទុកដាក់កូនអោយមានគូស្រករនៅក្នុងសង្គមខ្មែរ យើងសង្កេតឃើញមានពិធីផ្សេង​ៗ​ជា​ច្រើន​ដំណាក់​កាល ដូច​​ជា​ពិធី​ចូល​​ស្ដី​​ដណ្ដឹង ពិធី​ភ្ជាប់​ពាក្យ​លើក​ជំនូន​ជា​ដើម ក្នុងការធ្វើពិធីនេះ សុទ្ធតែបង្កប់នូវទំនោរទស្សនៈ ឬឧត្ដម​គតិ​ និង​​ជំ​នឿ​យ៉ាង​មុត​មាំ​​ដែល​មនុស្ស​​ចាត់​​ទុក​ថា ជា​ការ​ល្អ​ធំ​ថ្កុំ​ថ្កើង​រុង​រឿង​អស្ចារ្យ គេ​ខំ​ស្វែង​រក និង​ធ្វើយ៉ាងនេះដើម្បីបង្កើនសេចក្ដី​ថ្លៃ​ថ្នូរ និង​តំលៃ​ជីវិត​របស់​សង្គម​​ឲ្យ​​រិត​តែ​មាន​ន័យ មាន​​តំលៃ​ខ្ពស់​ឡើង​ថែម​ទៀត​។ ប៉ុន្ដែ​មនុស្ស​សម័យ​ថ្មី​ខ្លះ ក៏បានកែ​បំភ្លៃការពិត ឲ្យក្លាយ​ទៅ​ជា​ការ​អា​ស្រូវ​តាម​តែ​ទំនើង​ចិត្ដ​​នឹក​ឃើញ​របស់​គេ​ផង​ដែរ​។ ការ​រៀប​ចំ​ស្ដី​ដណ្ដឹង​ក្ដី លើក​ជំនូន​ក្ដី រៀប​មង្គល​ការ​ក្ដី គេនាំគ្នាធ្វើ​យ៉ាង​ណា​អោយ​ធំ​អ៊‍ឹក​អធឹក​​បង្អូត​គ្នា​អោយ​មើល​ទៅ​ឃើញ​សម្បើម​​អស្ចារ្យ អ្នក​មិន​មាន​សមត្ថ​ភាព មិន​មាន​ថវិការ លក់​គោ​ក្របីស្រែ​ចំការ ឬ​ខ្ចី​បុល​គេ​ខំ​យ៉ាង​ត្រ​ដាប​ត្រ​ដួស ព្រោះ​ខ្លាច​មិន​ថ្កើង​ថ្កើន​ខ្មាស​ញាតិ​អ្នក​ផង​ គឺ​ជា​ការ​ខិត​ខំ​មួយ​ដែល​ធ្វើ​សំរាប់​តែ​អ្នក​ដទៃឈរចាំទះ​ដៃ​មើល មិន​មែន​ដើម្បី​សេចក្ដី​សុខ​សុ​ភមង្គ​សំរាប់​ខ្លួន​ឯង​បន្ដិច​ណា​សោះ។

   ​ឳពុក​ម្ដាយ​ខាង​កូន​ស្រី​ខ្លះ ​ហាក់​ដូច​ជា​លើក​តំកើងកូន​ស្រី​យ៉ាង​ខ្ពស់​ហួស​ប្រ​មាណ​ ពេល​ដែល​មាន​កូន​ប្រុស​ណា​​ចូល​មក​សុំ​ស្ដី​ដណ្ដឹង ក៏​បង្កប់​​អោយ​កូន​ប្រុស​ត្រូវ​បង់​ថ្លៃ​ទឹក​ដោះ ជា​មាស ជា​ប្រាក់​យ៉ាង​ច្រើន​ឥត​គណនា ហួស​សមត្ថ​ភាព​ដែល​កូន​ប្រុស​អាច​ធ្វើ​ទៅ​បាន ធ្វើ​អោយ​ស្នេហា​បរិ​សុទ្ធ​ចិត្ដ​ត្រូវ​ជួប​នូវ​វិបត្ដ​ល្អក់​កករ​យ៉ាង​ជូរ​ចត់ជាទីបំផុត។ ឳពុក​ម្ដាយ​ខាង​ស្រី​លើក​អាង​ថា ខំ​ចញ្ចឹម​កូន​ស្រី​មក​មិន​​ត្រូវ​លើក​អោយ​គេ​ទទេ​នោះ​ទេ ភ្លេច​គិត​ថា​ឳពុក​ម្ដាយ​ខាង​កូន​ប្រុស​ក៏​ខំ​ចិញ្ចឹម​កូន​ប្រុស​យ៉ាង​ល្អ​ដូច​កូន​​ស្រី​ដែរ​។ គំនិត​អា​រម្មណ៍​យល់​បែប​នេះ​វា​កើត​ឡើង នៅ​ពេល​ដែល​មនុស្ស​ យើង​មិន​យល់​អ្វី​សោះ​អំពី​សេចក្ដី​បរិ​សុទ្ធ​​ចិត្ដ សេចក្ដី​បរិ​សុទ្ធ​ចិត្ដ​​តែ​ម្យ៉ាង​គត់​ដែល​នាំ​ស្នេហា​ទៅ​រកភាពសុខសាន្ដបាន​។ សេច​ក្ដី​លោភ​លន់ ​ដែល​គិត​​តែ​ពី​រឿង​លុយ​កាក់មាស​​ប្រាក់ មាន​នៅ​នៅ​ក្នុង​រឿងអក្សរសិល្ប៍ខ្មែរ ដូច​ជា​រឿង​ទុំ​ទាវ រឿង​​ផ្កា​​ស្រ​ពោន សុទ្ធ​​តែ​​ធ្វើ​​អោយ​សេចក្ដី​​ស្នេហា​ជួប​នូវ​វិបត្ដ​​វិនាស​អន្ដ​រាយ​មិន​ឈប់​ឈរ ហើយ​នៅ​ក្នុង​រឿង​កម្ម​ករ​សេរី អ្នក​និពន្ធ​ប៉ិច​សង្វា​វ៉ាន បាន​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​នូវ​វិបត្ដ​សង្គម​បែប​នេះ​យ៉ាង​ជាក់​ស្ដែង​យ៉ាង​ពិត​ប្រាកដ​។ ឯ​សេចក្ដីស្នេហា​បរិ​សុទ្ធ​នៅ​ក្នុង​រឿង​នាង​ត្រចើល​ដោះ​ក្រាល​​ចៅ​​ប្រ​​មាញ់​​វឹង​​ស៊ុង តា​​ដុង​​យាយ​​ជ័យ នាំ​មក​នូវ​សេចក្ដី​សុខ​សាន្ដ​ជា​និច្ច​និរន្ដ​បាន​។

   នៅក្នុងរឿងនេះ អ្នកនិពន្ធបានបង្ហាញនូវទឹកចិត្ដពិតៗ ក្នុងគោលដៅបង្រៀនមនុស្សឲ្យមើលឃើញវិបត្តិក្នុងសង្គម ឲ្យ​ជៀស​ឲ្យ​ផុត​អំពី​អំពើ​ ខុស​ឆ្គង​ដូច​នៅ​ក្នុង​រឿង «ម្ដាយក្មេកទំនើប» ក៏ដូចគ្នាក្នុងរឿង«កម្មករសេរី»ផងដែរ ហើយបែរមក​ខំ​ប្រឹង​តាំង​ខ្លួន ពង្រឹង​ជំ​ហរ​ឲ្យ​មាំ​មួន រឹង​ប៉ឹង​ក្នុង​ឋានៈ​ព្យាយាម​លើ​ឋានៈ​របស់ខ្លួន ឲ្យរស់នៅក្នុងកំរិតខ្ពស់ប្រកបដោយការខិត​ខំតស៊ូ​យ៉ាង​មោះ​មុត​។ បង្រៀន​ឲ្យ​ស្គាល់​ការ​កំចាត់​បង់ ឬ​បន្ថយ​សេចក្ដី​ត្រូវ​ការ​ដែល​មាន​កម្លាំង​ខ្លាំងក្លាពេក និង ដែលអាចក្លាយទៅជាតណ្ហាដ៏ទូលំទូលាយ​គ្មាន​កំណត់​ព្រំ​ដែន ត្រឡប់​ផ្ដល់​ឲ្យ​នូវ​សេចក្ដី​ទុក្ខ​វិញ ដូច​ការកសាងគ្រួសារ សេរី និងនាងជាត្ដាដូច្នោះដែរ។

   គំនិតអ្នកនិពន្ធមានសន្ទុះធំធេងប៉ុណ្ណា អ្នកអាន ជាច្រើនគង់មានសន្ទុះយ៉ាងសន្ធោសន្ធៅដូចនោះដែរ នៅក្នុងសីលធម៌​សង្គម និង​ការ​ជួយ​រិះ​រក​មធ្យោ​បាយ​ធ្វើ​យ៉ាងណាឲ្យមនុស្សជាប់ចិត្ដ ស្រលាញ់យុត្ដិធម៌នៃសង្គម និយមគុណធម៌ល្អ ទាំងក្នុងទីស្ងាត់កំបាំង ទាំងក្នុងទី​ប្រជុំ​ជន​ ដើម្បី​សន្ដិ​សុខ​នៃ​ជីវិត​មនុស្ស​ក្នុង​សង្គម និង​សន្ដិ​ភាពសកល​ក្នុង​លោក មនុស្ស​ត្រូវ​តែ​រស់​នៅ​ដោយ អាស្រ័យ​សង្គម ​ឬ​មាន​សង្គម​ល្អ​ទើប​រស់​នៅបាន ប្រពៃ​។