អារម្ភកថា

សួស្ដី! អស់​លោក​អ្នក​នាង​កញ្ញា និង មិត្ត​ជា​​ទី​គោរព​។ អ្នក​និពន្ធ​ខ្ញុំ សូម​ជួប​អស់​លោក​អ្នក​នាង​កញ្ញា និង មិត្ត​ម្ដង​ទៀត​នៅ​ក្នុង «រឿង​រសាត់​តាម​កម្ម» គឺ​​សៀវ​ភៅ​ប្រលោក​ដែល​កំពុង​ស្ថិត​នៅ​​ចំពោះ​​ចក្ខុ​អស់​លោក អ្នក​នាង​កញ្ញា និង មិត្ត​ក្នុង​ពេល​ខណ:​នេះ​។

រឿង «រសាត់តាមកម្ម» គឺ​ជា​រឿង​មួយ​ប្លែក​ពី​រឿង​មុន​ៗ ដែល​ធ្លាប់​សរ​សេរ​មក និង ជា​រឿង​ដែល​អ្នក​និពន្ធ​ខ្ញុំ​សរ​សេរ​ចង​ក្រង​អស់​ថិរ​វេលា​ដ៏​យូរ​ខំ​សំរិត​សំរាំង​ច្នៃ​ពាក្យ​ពេចន៍ អោយ​កាន់​តែ​មាន​សំរស់​ រស់​ជាតិ​ផ្អែម​ល្ហែម​ជាង​រឿង​ទាំង​អស់​ដែល​បាន​ផ្សាយ​រួច​មក​ហើយ​។ ដូច្នេះ​រឿង “រសាត់​តាម​កម្ម​” គួរ​រាប់​ទាំង​អស់ ទុក​ជា​រឿង​ល្អ​អែក​ផ្ដាច់​គេ​អែង​ ក្នុង​ជីវិត​អ្នក​និពន្ធ កំរង​រឿង​ស្នេហា​របស់​អ្នក​និពន្ធ​ខ្ញុំ​។ រឿង “​រសាត់​តាម​កម្ម​” ពោរ​ពេញ​ទៅ​ដោយ​ឆាក​ប្រយុទ្ធ​ត​ស៊ូ សោក​រន្ធត់​ជីវិត​អភ័ព្វ​បំរះ​ននៀល​ក្នុង​ថ្លុក​កម្ម​ស្នេហា​ផុត​​ក្ដី​សង្ឃឹម​ ជីវិត​កូន​កំព្រា​រស់​នៅ​លើ​ដៃ​កញ្ញា​ចិត្ត​ធម៌ រំ​ភើប​ញាប់​ញ័រ​គ្រប់​វគ្គ​ ធ្វើ​អោយ​អស់​លោក​អ្នក​អាន​ អាណិត​អានោច​ខ្លោច​ចិត្ត​រហូត​ចេញ​ទឹក​ភ្នែក​មក​ដោយ​ពុំ​ដឹង​ខ្លួន​។

ភ្នំពេញ ថ្ងៃ មករា ឆ្នាំ ១៩៦៦
អ្នកនិពន្ធ ហាក់-ឆៃហុក

១- ភរិយាចិត្តក្បត់

ភ្លេចគ្រាកំសត់ ភ្លេចបុត្រពុំងារ លបលួចមានសហាយ
ស៊ីចាយខ្ជះខ្ជាយ ផលកម្មតាមទារ ជន្មាបាត់បង់ ។
សំលាប់ប្រពន្ធ រត់ភៀសគេចខ្លួន ជាមួយកូនស្នង
បណ្ដែតវាសនា ហត្ថលើកផ្សង សុំរស់នៅផង
សងកម្មលោកីយ៍។

នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​នៃ​គេ​ហដ្ឋាន​ត្រកូល​ឧត្តម​វណ្ណ​គេ​ឃើញ​បុរស​រាង​សង្ហា​ពីរ​រូប អង្គុយ​សន្ទនា​ដោយ​សភាព​ស្ងប់​ស្ងាត់​។ ម្នាក់​មាឌ​មាំ​ខ្មៅ​ស្រអែម​មុខ​មូល​គឺ​ជា​បុត្រ​ប្រុស​ទោល​បន្ដូល​ចិត្ត​តែ​មួយ​របស់​លោក​វណ្ណ​ណា​រិន អតីត​អ្នក​ដំណាង​រាស្ត្រ​។ យុវជន​នេះ​សព្វ​ថ្ងៃ​មាន​ងារ​ជា​អធិការ​នៃ​ក្រសួង​សម្ងាត់​ ឈ្មោះ​ថា វណ្ណ ណារ៉ា​ រី​អែ​ម្នាក់​ទៀត​ដែល​មាន​មាឌ​ស្គម​បន្ដិច​រាង​ទ្រនាប់​មុខ​រាង​ពង​ក្រពើ សម្បុ​រស​ជ្រះ​ឈ្មោះ​សោម​-​កុសល ជា​អនុ​សេនីយ​ត្រី​នៃ​កង​ខេមរ​ភូមិន្ទ​។ អ្នក​ទាំង​ពីរ​ជា​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ​ស្រលាញ់​រាប់​អាន​​គ្នា​តាំង​ពី​នៅ​សិក្សា​មក​ម្ល៉េះ​។

- កុសល! ... (ណារ៉ានិយាយ​ឡើង​ក្រោយ​ពី​អង្គុយ​ស្ងាត់​ស្ងៀម​អស់​ពេល​មួយ​សន្ទុះ​ធំ) ប៉ុន្មាន​ថ្ងៃ​នេះ​ខ្ញុំ​ឃើញ​មិត្ត​មាន​ទឹក​មុខ​ក្រៀម​ក្រំ តើ​មិត្ត​មាន​រឿង​អ្វី​មិន​សប្បាយ​ចិត្ត​រឺ​?
កុសល កំពុងអង្គុយភាន់ភាំងទៅក្នុងអារម្មណ៍រាយមាយ លុះលឺ​ប្រីយ​មិត្ត​សួរ​មក​ដូច្នេះ ក៏​មាន​អាការ​ទ្រង់​ភ្ញាក់​បន្តិច​។
- រឿងរបស់​ខ្ញុំ​ពិបាក​អធិប្បាយ​ប្រាប់​មិត្ត​ណាស់ សព្វ​ថ្ងៃ​ខ្ញុំ​ពិបាក​ចិត្ត​ស្ទើរ​តែ​ចង់​ស្លាប់​ខ្លួន​ទៅ​ហើយ​។
- ហះ! ហា! ហា! (ណារ៉ាសើច​ព្រម​ទាំង​លើក​កែវ​ស្រា​វិស​គី​ឡើង​) ខ្ញុំ​មើល​ទៅ​កុសល​អែង​ដូច​ជា​គ្មាន​រឿង​អ្វី​គួរ​អោយ​ពិបាក​ចិត្ត​សោះ ​តែ … ​បើ​ថា​កើត​ទុក្ខ​ផឹក​ស្រា​បន្តិច​ទៅ​កាត់​សាញ​។
ថា​ហើយ ណា​រ៉ាត ក៏​លើក​កែវ​ស្រា​ហុច​ទៅ​អោយ​កុសល តែ​នរៈ រា​ដៃ​មិន​ព្រម​ទទួល ឆ្លើយ​តប​មក​មិត្ត​គេ​ដោយ​ទឹក​មុខ​ក្រៀម​ក្រំ​ដូច​មុន​ដដែល​ថា ​៖​

វិថី​ជីវិត​ចាក់​ស្រេះ​ដោយ​បន្លា​កម្ម ក្នុង​រយ​ពេល​ប្រាំ​ឆ្នាំ ដែល​កុសល​បាន​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​នាង​សោភ័ណ​ នរៈ​ជួប​ប្រទះ​តែ​សេច​ក្ដី​ទុក្ខ​ព្រួយ​ ទាស់​ទែង​ខ្វែង​គំនិត​គ្នា​គ្មាន​ស្រាក​ស្រាន រហូត​មក​ដល់​មាន​កូន​ស្រី​បន្ដូល​ចិត្ត​ចង​ជា​ច្រវាក់ មាស​រួប​រឹត​ម្តេច​ក្ដី ក៏​នៅ​ក្នុង​គ្រួសារ​គ្មាន​សុភង្គ​ល​ដដែល​។ ទាំង​នេះ​មក​ពី​សោ​ភ័ណ​នារី​ឆើត​ឆាយ​សប្បាយ​ភ្លេច​ទុក្ខ ប្រាក់​កាស​ចាយ​ខ្ជី​ខ្ជា​ឥត​បើ​គិត ការ​តាក់​តែង​លំអ​ប្រាណ​លើស​សម័យ​និយម​ គឺ​សរុប​សេ​ក្ដី​ទៅ​សោភ័ណ​មាន​ទស្សនៈ​ផ្ទុយ​ពី​កុសល​ទាំង​ស្រុង​។

អីលូវ​នេះ សោភ័ណ មិន​ត្រឹម​តែ​មាន​កិរិយា​ឆ្មើង​ឆ្មៃ​កាច់​រិក​វាយ​រាង​ប៉ុណ្ណោះ​ទេ នាង​ថែម​ទាំង​ទៅ​លប​លួច​មាន​ សាហាយ​ក្បត់​ចិត្ត​ប្ដី​ថែម​ទៀត​។ កុសល​បាន​លប​លួច​ឃ្លាំ​តាម​ដាន​គ្រប់​អិរិយា​បទ​របស់​សោភ័ណ​ គេ​ដឹង​ល្ហិច​ល្ហៀង​ថា សោភ័ណ​បែក​ចិត្ត​ពី​គេ​ទៅ​មាន​ប្រុស​ថ្មី តែ​គេ​ក៏​ពុំ​បាន​សំដែង​អកប្ប​កិរិ​យា​អ្វី​អោយ​ខុស​ពី​ប្រ​ក្រតី​ អោយ​សោភ័ណ​មាន​មន្ទិល​សង្ស័យ​ឡើយ​ ពី​ព្រោះ​គេ​នៅ​ចាំ​សង្កេត​ហេតុ​ការណ៍​ទៅ​ថ្ងៃ​មុខ​ទៀត​បើ​ប្រាកដ​ជា​សោភ័ណ​ក្បត់​ចិត្ត​គេ ហើយ​គេ​ចាប់​បាន​ភស្តុតាង​គ្រប់​គ្រាន់​ ពេល​នោះ​ចំណង​ស្នេហ៍​របស់​គេ​ និង ​សោភ័ណ​ក៏​ត្រូវ​អស់​កម្ម អស់​ពៀរ​គ្នាត្រឹម​ហ្នឹង ទោះ​ជា​ មាន​បុត្រី​ត្រួយ​និស្ស័យ​ជា​និមិត្ត​រូប​នៃ​សេច​ក្ដី​ស្នេហារ​វាង​គេ​នឹង​នាង​ក៏​ដោយ​។

ក្រោម​កំដៅ​ព្រះ​សូរិយា​ដ៏​ខ្លាំង​ក្លា សោម-កុសល ត្រាច់​ចរ​តាម​វាល​ខ្សាច់​ដោយ​ដំណើរ​មួយ​ៗ​ យឺត​ៗ​។ ជើង​ចេះ​តែ​បោះ​ជំហាន​ទៅ​មុខ រី​អែ​ខួរ​ក្បាល​ក៏​វិល​វល់​ចាក់​ស្រេះ​ទៅ​ដោយ​ចំណោទ​ទុក្ខ​។ ទី​បំផុត​កុសល​ក៏​ដើរ​មក​ដល់​មុខ​ផ្ទះ​ឈើ​មួយ ផ្ទះ​នេះ​គឺ​ជា​សំបុក​ស្នេហ៍​ដែល​គេ​នឹង​សោភ័ណ​បាន​ព្រួត​ដៃ​គ្នាក​សាង​ឡើង​ នៅ​ពេល​រៀប​អាពាហ៍​ពិពាហ៍​រួច​។ កុសល​ ឈាន​ជើង​ឡើង​ជណ្ដើរ​ផ្ទះ​យ៉ាង​ខ្ជិល​ច្រអូស​ គេ​ខាន​ចូល​ផ្ទះ​ចំនួ​នបី​បួន​ថ្ងៃ​ហើយ គេ​មក​នេះ​ក៏​ព្រោះ​តែ​សេច​ក្ដី​នឹក​រលឹក​បុត្រី​តូច​ដែល​ទើប​នឹង​មាន​អាយុ​បាន​ប្រាំ​ខែ បើ​កុំ​មាន​ចំណង​កម្ម​នេះ​ អ្នក​ប្រ​ហែល​ជា​ដើរ​លែង​ចូល​ផ្ទះ​រហូត​ក៏ពុំ​ ដឹង​ផង​។

នៅពេលដែលកុសល​ឡើង​ជណ្ដើរ​រៀបផុត​ ក៏ស្រាប់​តែ​លឺ​សូរ​មាត់ សោភ័ណ និយាយ​ជា​មួយ​អ្នក​ណា​នៅ​ក្នុង​បន្ទប់​ដេក​នាង ​ក្នុង​​ផ្ទះ​មាន​ទំនង​ដូច​កំពុង​បន្លែង​គ្នា​។
- បងជា​កំពូល​ជីវិត​របស់​អូន ជាតិ​នេះ​អូន​សូម​ប្រគល់​សេច​ក្ដី​ស្នេហា​ចំពោះ​រូប​បង​មួយ​ប៉ុណ្ណោះ​
- ហ៊ឺ ! កុំលេងចាប់អីចឹងអូនអៀនណាស់បង!

បុរស​អ​ភ័ព្វ​ក្ដី​ស្នេហ៍​មុខ​ឡើង​ខ្មៅ​ដូច​មរណ៍ ភ្លើង​កំហឹង​ឆេះ​ក្នុង​ទ្រូង​សន្ធោស​ន្ធៅ​ដល់​កំរិត​ ពេល​នេះ​គេ​យល់​ច្បាស់​ហើយ​ថា សោភ័ណ​ភរិយា​សំលាញ់ លួច​នាំ​ប្រុស​សហាយ​មក​ដេក​កៀក​កើយ​លើ​ផ្ទះ​។ នរៈ​ចុច​កែង​ជើង​ស្រាល​ៗ ដើរ​ទៅ​លួច​មើល​តាម​រន្ធ​សោរ​ ភាព​ដែល​គេ​ឃើញ​ប្រត្យក្ស​នឹង​កែវ​ភ្នែក​ គឺ​សោភ័ណ និង ប្រុស​សហាយ ដេក​អោប​ប្រ​កៀក ប្រគង​គ្នា​នៅ​លើ​គ្រែ​អាក្រាត​ខ្លួន​ទាំង​អស់​។ នៅ​ខាង​ចុង​គ្រែ​កុមារី​តូច​ដែល​នៅ​មិន​ទាន់​ដឹង​ក្ដី ដេក​លក់​ស្រមុក ខ! ខ! យ៉ាង​សែន​សុខ​ ពុំ​បាន​ដឹង​ថា​ម្ដាយ​វា​ក្បត់​ចិត្ត​ឳពុក លប​លួច​យក​សាហាយ​មក​ដេក​រួម​រ័ក្ស​ឡើយ​។ កុសល​ ទាញ​កាំ​ភ្លើង​ខ្លី​ក្នុង​ចង្កេះ​មក​ត្រួត​ពិនិត្យ​គ្រាប់ រួច​គេ​ក៏​ឈ្ងោក​ភ្នែក​តាម​រន្ធ​សោរ​មើល​ស្ដាប់​អាក្រុង​សិម្ពលី និង នាង​កាកី សើច​បន្លែង​ក្អាយ​ក្អាយ​ចរ​ចា​ប្រលោម​ស្នេហ៍​រអ៊ូស​ៗ នៅ​ក្នុង​បន្ទប់​ត​ទៅ​ទៀត​។

- សោភ័ណអូន !
- ចា៎ះ ! បង !
- អូនជាទេវី​នៃ​ដួង​ចិត្ត​របស់​បង វត្ថុណា​ដែល​បង​ស្រលាញ់​បង​ប្រាថ្នា ត្រូវ​អូន​ប្រគល់​អោយ​បង​ណា៎ ជាតិ​នេះ​បង​រស់​ខ្វះ​អូន​មិន​បាន​ទេ ​!
- ចា៎ះ ! បង វត្ថុណាបងត្រូវការអូនជូនទាំងអស់
កុសល ដក​មុខ​ចេញ​ពី​រន្ធ​សោរ គេ​ទ្រាំ​ទប់​កំហឹង​លែង​បាន​ហើយ​។ នរៈ​លើក​កាំ​ភ្លើង​គូ​ជីវិ​ត​មក​មើល​ញញឹម​មុខ​ក្រហម​ងាំង ហើយ​ក៏​លើក​ជើង​ធាក់​ទ្វារ​អស់​ទំហឹង​។
- បុ័ង! ក្រាក!
សន្ធឹក​ទ្វារ​បើក​ឃ្វាំង​ឡើង​ អ្នក​ទាំង​ពីរ​ភ្ញាក់​ស្រលាំង​កាំង រក​សំពត់​អាវ​មក​បិទ​បាំង​កេរ្តិ៍​ខ្មាស់​ក៏​ពុំទាន់​ រូប​កុសល​ដែល​លេច​ធ្លោ​នៅ​ចំពោះ​មុខ​ពេល​នេះ គឺ​មច្ចុរាជ​មក​ចាំ​ផ្តាច់​ជីវិត​គេ​ពិត​ប្រាកដ​។
- មីសត្វ អាសត្វ ! ហា! ហា! ហា!
កុសល ដើរទៅជិតគ្រែធ្វើអោយសោភ័ណនឹងសាហាយកាន់តែភិតភ័យខ្លាំងឡើង ។
- មីសោភ័ណ! អញសង្ស័យ​ចំពោះ​អកប្ប​កិរិ​យា​ប្រែ​ប្រួល​របស់​ហង​មក​យូរ​ហើយ ទើប​តែ​ពេល​នេះ​អញ​ឃើញ​ច្បាស់​នឹង​កែវ​ភ្នែក ថា​ហង​ជា​ស្រី​ផិត​ប្ដី! ស្លាប់​ទៅ​មី​ស្រី​កាកី​អាប្រុស​អប្បលក្ខណ៍​!​។
សោភ័ណ មិនទាន់បានឆ្លើយតបអ្វីផង កាំភ្លើងក្នុងដៃកុសលក៏លាន់ឡើង..
- បុ័ង! បុ័ង!

គ្រាន់​កាំ​ភ្លើង​ពីរ​គ្រាប់ ហើរ​ទំ​លុះ​ទ្រូង​ប្រុស​កន្ថេ​រិ្តយ និង ស្រី​អប្បល​ក្ខណ៍ អោយ​ប្រកាច់​ស្លាប់​ក្នុង​ថ្លុក​ឈាម​មួយ​រំពេច ពេល​នោះ​កុមារី​តូច​កំពុង​លុង​លក់​យ៉ាង​សុខា​រម្មណ៍ ក៏​ភ្ញាក់​ក្រញាង​ស្រែក​យ៉ៃ​ផ្អើល​ភ័យ​នឹង​សូរ​កាំ​ភ្លើង​។ ឃាតករ​អោន​ ទៅ​លើ​បីបុត្រ​ពុំ​ងារ រត់​ចុះ​ទៅ​តាម​ទ្វា​រក្រោយ​ ព្រោះ​ពេល​នោះ​អ្នក​ស្រុក​ជិត​ខាង កំពុង​ផ្អើល​ឈូ​ឆរ​រត់​ប្រសេច​ប្រសាច​ មក​កាន់​កន្លែង​កើត​ហេតុ​ជា​បន្ទាប់​បន្ត​គ្នា​។

ព្រឹក​ស្អែក​ឡើង​ សារពត៌​មាន​ជាតិ​និង​បរទេស បាន​ចុះ​ផ្សាយ​ដំណឹង​ឃាតកម្ម នៅ​ត្រង់​ខ្ទង់​ដំណឹង​ក្នុង​ស្រុក​របស់​ខ្លួន​យ៉ាង​គគ្រឹក​គ្រេង ដោយ​មាន​ទាំង​ចុះ​ផ្សាយ​រូប​ថត​ឃាតករ​នៅ​ក្នុង​នោះ​ផង​។ លោក​តា​វណ្ណ​ណា​រិន លើក​សារ​ពត៌​មាន​អាន​ម្ដង​ហើយ​ម្ដង​ទៀ​ដោយ​ពុំ​អស់​ចិត្ត​។

"ឃាត្តកម្ម ដ៏សាហាវនៅខេត្តពោធិសាត់ " លោក​អនុសេ​នីយ​ត្រី សោម កុសល បាន​បាញ់​សំលាប់​ប្រពន្ធ​ខ្លួន​ និង សាហាយ​នៅ​លើ​គ្រែ​ដេក ខណ​ដែល​អ្នក​ទាំង​ពីរ​កំ​ពុង​តែ​រួមរ័ក្ស​ ហើយ​​ឃាត​ករ​ចិត្ត​សាហាវ​ ក៏​រត់​គេច​ខ្លួន​បាត់​ទៅ​ នាំ​យក​ទាំង​បុត្រី​តូច​អាយុ​ប្រាំ​ខែ​ជាប់​ជា​មួយ​ផង​។ អីលូវ​​នេះ ក្រសួង​រាជ​ការ​មាន​សមត្ថ​កិច្ច​បាន​ចេញ​ប្រកាស​អោយ​រក​ចាប់​អ្នក​ទោស​បទ​ឧក្រិដ្ឋ​ ដែល​មាន​ចុះ​រូប​ថត​ក្នុង​សារ​ពត៌​មាន​សំគាល់​ ដោយ​ជូន​រង្វាន់​ពីរ​ម៉ឺន​រៀល​ដល់​ជន​ណា​ដែល​ចាប់​បាន​។
- ហ៊ឺ! ក្មួយកុសល! មិនគួរក្លាយខ្លួនទៅជាជនមានទោសក្នុងបទអុក្រិដ្ឋអិចឹងសោះ !
តាណារិន មានប្រសាសន៍ទៅកាន់លោកអធិការណារ៉ា ព្រមទាំងគ្រវីក្បាលដោយនឹកអានិត
- ខ្ញុំក៏អានិតកុសលដែរលោកប៉ា ពីថ្ងៃនេះទៅកុសលនឹងខ្ញុំប្រឈមមុខជាសត្រូវគ្នាហើយ …!
- បាទ! លោកប៉ា…! ក្រសួងខ្ញុំជាក្រសួងចាប់ចងកុសល់ជាជនអុក្រិដ្ឋ ដែលខ្ញុំតាមស៊ើបរក
- អែងភ្លេចថាក្មួយកុសលជាមិត្តចិត្តមួយថ្លើមមួយនឹងអែងហើយ រឺ ?
តាវណ្ណ ណារិន មានប្រសាសន៍ដោយមិនសូវពេញចិត្ត
- បាទ! កុសលជា​មិត្ត​នឹង​ខ្ញុំ​មែន តែ​កុសល​ជាឃាតករ​ដែល​ក្រសួង​មាន​សមត្ថ​កិច្ច ត្រូវ​តែ​រក​ចាប់​មក​ផ្តន្ទា​ទោស យល់​ញាតិ​ឃ្លាត​ច្បាប់​ណា​ប៉ា… ខ្ញុំ​អាណិត​កុសល​ណាស់ …!​
- ចុះបើអែងធ្វើខ្វាក់គថ្លង់ ចំពោះម្នាក់ហ្នឹងទៅមិនបានទេរឺ ?
ណារ៉ា គ្រវីក្បាលសំលឹងមើលមុខឳពុកដោយខ្សែភ្នែកទ្រង់អង្វរ ៖
- សម័យ​នេះ​ជា​សម័យ​អែក​រាជ្យ! សម័យ​សង្គម​រាស្រ្ត​និយម ការ​ស៊ី​សំណូក​សូក​ប៉ាន់ ការ​យោគ​យល់​ដោយ​ខុស​នឹង​ច្បាប់​សំរាប់​រដ្ឋ គេ​លែង​ប្រព្រឹត្ត​អស់​ទៅ​ហើយ បើ​ម្នាក់​ៗ​រវល់​តែ​យោ​គ​យល់ បក្ស​ពួក​គ្រួសារ​ខ្លួន​ដូច្នេះ ធ្វើ​ម្តេច​ច្បាប់​ សំរាប់​រដ្ឋ​អាច​មាន​ប្រសិទ្ធ​ភាព​ជឿន​លឿន​ទៅ​មុខ​បាន …?​។

តាណារិន ហាក់​ដូច​ស្ដាប់​ពាក្យ​កូន​ពន្យល់​សម​ហេតុ​សម​ផល​បាន​ គាត់​នៅ​ស្ងៀម​លែង​ហ៊ាន​និយាយ​អ្វី​ត​ទៅទៀត​ ក្រៅ​ពី​អង្គុយ​លាត​ត្រដា​ងកា​សែត មើល​ត្រង់​ខ្ទង់​ដំណឹងឃាត​កម្ម ទាំង​ដួង​ចិត្ត​សោក​រន្ធត់​អិតឧបមា ។