រឿងរសាត់តាមកម្ម
ដោយ ហាក់ ឆៃហុក
©រក្សាសិទ្ធិគ្រប់យ៉ាង
****************************************
២ - ជីវិតអភ័ព្វ
ថ្ងៃសៅរ៍ ទី28.វិច្ឆិកា 2015.ម៉ោង 9:41
រស់នៅគ្មានគាប់ | ជាទ្រព្យនិស្ស័យ | កូនតូចឈឺខ្លាំង |
ភាន់ភាំងស្មារតី | នេះជីវភាពថ្មី | នៃជនឃាតករ។ |
ប្រាក់កាសក៏គ្មាន | បែរបន់សុំទាន | អំណោយបវរ |
ផលបុណ្យនៅមាន | ជួបពេទ្យចិត្តល្អ | សង្រ្គោះអ្នកក្រ |
ឈ្មោះសពេកក្រៃ ។ |
បីឆ្នាំបានកន្លងទៅមុខយ៉ាងរហ័ស កុសលក្រោយពីថ្ងៃដែលអ្នកសំលាប់ភរិយាក្បត់ និងប្រុសសាហាយ អ្នកក៏ភៀសខ្លួនចេញពីខេត្តពោធិ៍សាត់ មកសំងំពួនអាត្មានៅក្នុងស្រុកគៀនស្វាយខេត្តកណ្ដាល ដោយប្រែឈ្មោះថ្មីថា ចន។ កុសល រឺ ចន មានជីវភាពត្រឹមអ្នកធាក់រ៉ឺម៉កបានប្រាក់បន្តិចបន្តួចគ្រាន់ចិញ្ចឹមជីវិតបុត្រីទាំងត្រដាបត្រដួស ក្នុងមួយថ្ងៃៗប៉ុណ្ណោះ។ អីលូវនេះស្រមោលទុក្ខកំពុងគ្របដន្ដប់លើខ្សែជីវិតកម្មករ ចន ម្ដងទៀត បុត្រីកំព្រាដែលកំពុងជាទីស្រលាញ់របស់គេ ត្រូវធ្លាក់ខ្លួនឈឺជាទម្ងន់។ ចនខំធាក់រ៉ឺម៉កមិនហ៊ានឈប់សំរាកទ្វេមួយជាពីរ តែប្រាក់ដែលរកមកបានបន្ដិចបន្ដួចមិនអាចទិញថ្នាំថ្លៃៗ មកមើលថែថួនជំងឺកុមារីតូច ដែលមានសភាពធ្ងន់ធ្ងរណាស់ទៅហើយ អោយស្រាកស្បើយបានឡើយ។
កាលបើអស់សង្ឃឹមរកប្រាក់ទិញថ្នាំអោយកូនមិនបាន ចនក៏ដាច់ចិត្តបីបុត្រកំព្រា ទៅផ្ទះលោកគ្រូថ្នាំខ្មែរមួយនៅចុងភូមិរំពឹងសំពះអង្វរករអោយគេជួយមើលព្យាបាលរោគរបស់កូន តែសេចក្ដីសង្ឃឹមត្រូវរលាយខ្សុលអស់ទៅវិញ កាលបើទៅដល់ផ្ទះលោកគ្រូ។ ព្រោះលោកគ្រូឈុនដែលជាមនុស្សបូជាទឹកប្រាក់ជាជាងជីវិតមនុស្ស មិនព្រមទទួលមើលជំងឺ បុត្រីចនដោយអិតប្រាក់ឈ្នួលឡើយ។
ចនត្រូវបីបុត្រកំព្រាចាកចេញពីផ្ទះលោកគ្រូឈុនទាំងទឹកភ្នែក។ អាការរោគរបស់កុមារីក៏កាន់តែដុនដាបខ្លាំងឡើងជាលំដាប់។ ពេលម៉ោងមួយទៅហើយ ចននៅតែបីកូនដើរទៅមុខដោយគ្មានគោលដៅ ទីបំផុតជំហ៊ានរបស់ជនកំសត់ ក៏មកឈប់ទ្រឹងនៅចំពីមុខផ្ទះភូមិមួយ (Villa) មានតាំងផ្លាកសញ្ញាពេទ្យ ហើយដាក់ចំណងជើងថា លោកគ្រូពេទ្យសែនមេត្តា។
សេចក្ដីវិតក្កភិតភ័យទាំងប៉ុន្មានហាក់ដូចជាមានសង្ឃឹមបន្តិចឡើងវិញ។ ចនឈររេរាមិនឃើញមានអ្នកណាដើរចេញមក ជនកំសត់ក៏បីបុត្រកំព្រាដើរចូលទៅ រំពឹងថានឹងសំពះអង្វរសុំសេចក្ដីមត្តាករុណា ពីលោកគ្រូពេទ្យគ្រប់បែបយ៉ាង អោយតែខាងបានជួយព្យាបាលជំងឺកូនអ្នក រួចពីចង្កូមមរណៈ។ ចន បីកូនមកដល់មាត់ជណ្ដើរក៏ត្រូវឈប់ទ្រឹង ព្រោះនៅកាំជណ្ដើរខាងលើ យុវតីក្មេងរូបស្អាតមួយរូបកំពុងអង្គុយប៉ាក់ជ័រកូនកន្សែងច្រៀងភ្លេងក្នុងដើមករហ៊ឺមៗ ពុំបានឃើញ ចន មកឈរនៅពីមុខទេ។ ជនកំសត់ឈរស្ងាត់ស្ងៀមមួយស្របក់ក្រែងលោគេអើតមកឃើញខ្លួន លុះចាំយូរបន្តិចទៅ នាងនៅតែមិនព្រមងើបមុខ ពីកូនកន្សែងទៀត អ្នកក៏ដាច់ចិត្តស្រែកហៅ ៖
- - អ្នកនាង . . . ! ខ្ញុំជំរាបសួរ!
- កញ្ញាកល្យាណ កំពុងភ្លើតភ្លើន នឹងកូនកន្សែង ស្រាប់តែភ្ញាក់ព្រើត ភ្លាត់ដៃធ្លាក់កូនកន្សែងទៅក្រោមផ្ទះប្រលាក់ភក់អស់។
- - អត់ទោស! លោកគ្រូពេទ្យលោកមាននៅផ្ទះទេអ្នកនាង ?
- ចន សួរទៅម្ដងទៀត។ កញ្ញាកល្យាណ កំពុងខឹងនឹងកូនកន្សែងធ្លាក់ប្រលាក់ភក់ផង នាងក៏បែរមកសំលិតសំលក់ដាក់ចនយ៉ាងឃ្នាន់ខ្នាញ់និយាយឆ្លើយតបទាំងគំរោះគំរើយមកវិញថា៖
- - រកគាត់មានការស្អីហ្អា៎ ?
- - បាទ! កូនខ្ញុំបាទឈឺខ្លាំងអ្នកនាង …!
- - ហ៊ឺះ! បើឈឺខ្លាំងម្តេចក៏មិនជួលឡានតូច ដឹកយកទៅព្យាបាលអែភ្នំពេញទៅ ពេលនេះបងខ្ញុំគាត់សំរាន្តលក់ហើយ !
- - ពុទ្ធោ! សូមអ្នកនាងអាណិតមេត្តាជួយជំរាបលោកគ្រូយកបុណ្យអោយខ្ញុំផងទៅចុះ កូនខ្ញុំឈឺខ្លាំងដាបណាស់ទៅហើយអ្នកនាង !
- - យី! គាត់អីគេនេះនិយាយដូចជាមិនចេះស្ដាប់ភាសាខ្មែរ បើគេថាដេកៗ ហើយនៅតែពោលង៉ូវៗថែមមកទៀត
- ឆ្លើយ! រួចហើយ តរុណក៏ស្ទុះរត់ចូលទៅក្នុងផ្ទះបាត់ទៅ។ ចនឈរសំរក់ទឹកភ្នែកនៅមាត់ជណ្ដើរនឹកអស់សង្ឃឹម នឹងបានជួបលោកគ្រូពេទ្យ តែខណៈដែលអ្នករៀបឈានជើងចេញ ក៏លេចបុរសរាងចំណាស់បន្តិចចេញមក។
- - នែប្អូនប្រុស! រកខ្ញុំមានការអ្វី រឺ ?
- លោកគ្រូពេទ្យសែន-មេត្តាសួរ។ ចនបែរមកឃើញក៏ប្រញាប់លើកដៃសំពះឆ្លើយតបទៅវិញ
- - កូនខ្ញុំបាទឈឺខ្លាំងទាន . . . ! សូមលោកគ្រូអានិតមេត្តាជួយស្រោចស្រង់ជីវិតកូនខ្ញុំបានផង !
- - បើចឹងបីកូនឡើងមកលើផ្ទះមក នៅឈរហាលក្ដៅយូរកាន់តែមិនស្រួលខ្លាំងហើយ !
- ចន បានស្ដាប់ មធុរវាចារបស់ លោកគ្រូពេទ្យសែន-មេត្តាដែលប្រកបទៅដោយទឹកចិត្តមនុស្សធម៌ ទឹកមុខឡើងថ្លា ស្រស់សប្បាយចិត្តនឹកកោតសរសើរនូវសប្បុរធម៌របស់លោកគ្រូពេទ្យនេះជាភិយ្យោភាព។ ក្រោយពីត្រួតពិនិតអាការរោគកុមារីតូចមួយសន្ទុះ លោកគ្រូពេទ្យមេត្តាក៏គ្រវីក្បាលដកដង្ហើមធំ៖
- - ហ៊ឺ អាការរោគរបស់នាងតូចនេះធ្ងន់ណាស់ប្អូន! គឺកើតពឹសនៅក្នុងក្រពះបាយ បើបណ្ដែតបណ្ដោយពីរ រឺ បីថ្ងៃទៀត អាចមានអន្តរាយដល់ជីវិត ហើយរោគនេះត្រូវចំណាយប្រាក់ច្រើនណាស់ទើបជា។
- - អោ! ចំណាយប្រាក់ច្រើនណាស់ទើបមើលជា?
- ចន ធ្លាក់ទឹកមុខឧទានចេញមកទាំងតក់ស្លុត ។
- - ប្រាក់ច្រើនទើបកូនខ្ញុំអាចមានជីវិត … ពុទ្ធោអើយ …! បើខ្ញុំក្រីក្រម្ល៉េះៗ ធ្វើម្ដេចខ្ញុំនឹងមានប្រាក់ទិញថ្នាំ?
ចំលងជីវិតកូនខ្ញុំបាន កូនមាសឳពុក! កូនមុខជាត្រូវស្លាប់ចោលឳពុកហើយតែបើកូនស្លាប់ ឳពុកក៏មិនព្រមនៅរស់ក្នុងលោកដ៏សែនទារុណនេះទៅទៀតដែរ!។ ពោលចប់ ចនក៏យំននាក់ននាលនឹងកូនសំលាញ់ លែងគិតខ្មាសអៀន ខ្លួនគេកំពុងស្ថិតនៅលើផ្ទះអ្នកណាឡើយ។ លោកគ្រូពេទ្យសែន -មេត្តា អត់ទ្រាំមើលទិដ្ឋភាពដ៏សែនខ្លោចផ្សានេះពុំបាន លោកក៏អួលដើមក រកកល់ចង់ចេញទឹកភ្នែកមកដែរ។ លោកគ្រូពេទ្យមិនមែនជាមនុស្សចិត្តអាក្រក់ ឃើញតែទឹកប្រាក់ជាធំដូចលោកគ្រូឈុនថ្នាំខ្មែរនោះទេ លោកតែងមានចិត្តសន្ដោសអាណិតមេត្តាស្រោចស្រង់ជីវិតអ្នកក្រីក្រជានិច្ច ដោយពុំគិតទៅដល់ប្រាក់កាសដែល នឹង ត្រូវបានមកវិញឡើយ ដូច្នេះចំពោះមនុស្សអត់ប្រាក់ដូចយ៉ាងចនក្នុងពេលនេះ ក៏មិនមែនជាការប្លែកអ្វីសំរាប់លោកទាល់តែសោះ។ លោកគ្រូពេទ្យ ទះស្មាលួងលោមចនស្រាលៗព្រមទាំងមាន ប្រសាសន៍ឡើងថា៖
- - ឈប់យំសោកឈប់ព្រួយបារម្ភទៅប្អូន! បើប្អូនគ្មានលុយបងក៏អាចជួយសង្រ្គោះបានដែរ ជីវិតមនុស្សម្នាក់ចំពោះរូបបង គឺមានតំលៃណាស់ បងមិនមែនយកប្រាក់ធ្វើជាត្រីមុខដូចលោកគ្រូខ្លះនោះទេ! ប្អូនសព្វថ្ងៃប្រកបរបរ រកស៊ីអ្វីដែរ?
- - បាទ! ខ្ញុំបាទជាកម្មករធាក់រ៉ឺម៉កទាន !
- - អ៊ឺម៍! (លោកគ្រូងក់ក្បាលតិច ទ្រង់ជួយអានិត) ប្អូនឈ្មោះអ្វី “ប្រពន្ធទៅណាហើយ ?
- - បាទខ្ញុំឈ្មោះចន …! ប្រពន្ធខ្ញុំស្លាប់យូរហើយទាន …!
- - ហ៊ឺ! កំព្រាម្ដាយផងហ្ន៎ …!
- - ខ្ញុំបាទ សូមផ្ញើជីវិតកូន នឹងលោកគ្រូហើយ ចំណែករឿងលុយកាក់ខ្ញុំបាទនឹងខិតខំធាក់រ៉ឺម៉កយកមកជូនលោកគ្រូនៅពេលក្រោយជាមិនខាន!។
- លោកគ្រូពេទ្យផ្សំថ្នាំចាក់អោយកុមារីតូចបណ្ដើរ បែរមកនិយាយជាមួយចនបណ្ដើរ
- - មិនអីទេចន! រឿងលុយកាក់សូមកុំព្រួយ ខ្ញុំសន្យាមើលក្មេងនេះដោយអស់សមត្ថភាព
- - អូ៎. ជាព្រះគុណធ្ងន់ណាស់ទាន!
- ចនទៅសំពះបាទជើងលោកគ្រូពេទ្យ សែន -មេត្តាដោយសេចក្ដីគោរព
- - ក្នុងជីវិតនេះខ្ញុំមិនអាចបំភ្លេចគុណរបស់លោកគ្រូបានឡើយ លោកគ្រូចិត្តល្អចំពោះជនក្រីក្រណាស់។ តើខ្ញុំត្រូវយកកូនមកចាក់ថ្នាំរៀងរាល់ព្រឹក រឺ?
- - ណ្ហើយចុះប្អូន ក្មេងនេះទុកអោយនៅគេងនឹងខ្ញុំបានហើយ ព្រោះជាការស្រួលដល់ខ្ញុំព្យាបាលផង ម្យ៉ាងវិញទៀតប្អូនយកទៅក៏គ្មានអ្នកណាថែរក្សាគ្នាអោយបានដិតដល់ដែរ បើប្អូនរវល់តែធាក់រ៉ឺម៉កយ៉ាងដូច្នេះ!។
- ចន លើកដៃសំពះលោកគ្រូពេទ្យម្ដងទៀត អ្នកនឹកកោតសរសើរនឹងចិត្តមេត្តាករុណារបស់ លោកគ្រូពេទ្យមិនចេះអស់មិនចេះហើយ។ ក្នុងលោកនេះ បើមានគ្រូពេទ្យមិនសូវគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន របៀបលោកគ្រូពេទ្យមេត្តាគ្រប់គ្នា អ្នកជំងឺក្នុងលោកប្រាកដជាគេចរួចពីសេចក្តីស្លាប់បានចំនួនច្រើនជាពុំខាន។
- - ទំហំគុណរបស់លោកគ្រូ ខ្ញុំបាទពុំដឹងរកអ្វីមកប្រៀបអោយស្មើបានទេ! ចិត្តលោកគ្រូល្អប្រៀបដូចព្រះមួយព្រះអង្គ ដែលអ្នកស្រុកគៀនស្វាយទូទៅមិនអាចបំភ្លេចបានក្នុងជីវិត
- - ខ្ញុំសូមអរគុណ! សូមអោយសមតាមពាក្យប្អូនថាទៅចុះ
- លោកគ្រូពេទ្យនិយាយរួចញញឹមដាក់ចនយ៉ាងរីករាយ។ មួយសន្ទុះក្រោយមក កុសល រឺ ចនក៏សូមលាលោកគ្រូពេទ្យសែន -មេត្តាត្រលប់កាន់ខ្ទមអែចុងភូមិវិញ។