រឿងរសាត់តាមកម្ម
ដោយ ហាក់ ឆៃហុក
©រក្សាសិទ្ធិគ្រប់យ៉ាង
****************************************
៣ - រលកជំវិត
ថ្ងៃសៅរ៍ ទី5.ធ្នូ 2015.ម៉ោង 10:43
បាំងបិទរឿងពិត | អិតលឺខ្ចរខ្ចាយ | ផុតទុក្ខផុតសោក |
យល់ក្ដីសប្បាយ | កូនស្ងួតជាកាយ | អន្តរាយចៀសផុត។ |
សំបុកសម្បត្តិ | វិនាសខ្ចាយខ្ចាត់ | មិនស្ដាយស្មើបុត្រ |
ដោយក្ដីករុណា | គ្រូពេទ្យប្រាកដ | ដែលឈ្មោះសន្មត |
គ្រូពេទ្យមេត្តា ។ |
ចាប់តាំងពីចនយកកូនស្រីអភ័ព្វទៅអោយលោកគ្រូពេទ្យសែន-មេត្តាព្យាបាលមក។ អាការរោគរបស់កុមារីតូចក៏បានស្រាកស្រួលឡើងជារៀងរាល់ថ្ងៃ រហូតមានសង្ឃឹមថាឆ្លងផុតពីស្រមោលមរណៈ។ កុសល រឺ ចនកម្មករធាក់រ៉ឺម៉ក តែងឧស្សាហ៍ទៅសាកសួរជំងឺកូនជារឿងៗ ហើយមិនយូរប៉ុន្មានចនក៏ក្លាយទៅជាភ្ញៀវប្រចាំផ្ទះលោកគ្រូពេទ្យសែន-មេត្តា ដោយសមាជិកគ្រួសារនេះរាប់អានគ្រប់ៗ គ្នា។
ព្រះអាទិត្យរះខ្ពស់ហួសចុងឈើទៅហើយ ក្រោយពីអស់អ្នកជំងឺមកព្យាបាលរោគ លោកគ្រូពេទ្យ សែន.មេត្តា ក៏ចាត់ចែងលាងសេរាំង និង ម្ជុលរៀបចំដាក់ចូលទូថ្នាំ ព្រមទាំងហួចតិចៗ យ៉ាងរីករាយ។ កញ្ញាកល្យាណអង្គុយបញ្ចុកបបរកុមារីណាវីនៅរានហាលខាងមុខផ្ទះ។ ចំណែកចន្ទីនារីរូបស្រស់ភរិយារបស់លោកគ្រូពេទ្យ កំពុងអង្គុយរៀនដេញ ព្យ៉ាណូ(Piano) តាមរលកសំលេងប្ដីហួសដោយចិត្ដទុកដាក់។
- - ណារី! ញ៉ាំបបរទៀតទេក្មួយ ?
- កញ្ញាកល្យាណ សួរទៅកុមារីតូចកាលបើឃើញបបរក្នុងចានអស់រលីង។
- - ចា៎ះ! វីញ៉ាំទៀតមីង !
- កុមារីណាវី ឆ្លើយព្រមទាំងផ្អៀងផ្អងកញញឹមដាក់កញ្ញាកល្យាណយ៉ាងគួរអោយស្រលាញ់។ មាណាវីយកដៃអង្អែលក្បាលនាងតូចស្រាលៗ រួចក៏ក្រោកដើរទៅផ្ទះបាយបាត់ទៅ។ លោកគ្រូពេទ្យ និង អ្នកស្រីចន្ទី កាន់ដៃគ្នាចេញមករានហាល មើលកុមារីតូចអង្គុយបត់ជើងចាំបបរដោយក្ដីស្រលាញ់អាណិតមេត្តា។ លោកសួរទៅណាវីដោយទឹកមុខញញឹមថា៖
- - ណាវីអង្គុយធ្វើអីហ្នឹង ?
- - ចា៎ះ ណាវីចាំមីងយ៉ានទៅដួសបបរមកបញ្ចុកទៀតលោកអ៊ុំ ។
- លោកគ្រូពេទ្យ ងក់ក្បាលសើចពេញចិត្តនឹងសំដីស្រួលស្រះរបស់កុមារីគក៌។ លោកងាកទៅនិយាយជាមួយភរិយាសំលាញ់៖
- - ណាវី! ក្មេងនេះឆ្លាតណាស់អូន ពីរបីថ្ងៃទៀតជាស្បើយមែនទែនហើយ! អូនឃើញទេ ថ្ងៃនេះណាវីមុខឈាមមិនសូវស្លឺតស្លាំងដូចពីថ្ងៃមុនទេ អ្នកស្រីចន្ទីញញឹម។
- - ចាស់! បង ! ណាវីអីលូវញ៉ាំបាយបបរបានច្រើន ហើយទ្រង់ស្រស់ស្អាតជាងមុនផង !
- - មែនហើយអូន! ជាពិសេសក្មេងនេះដូចជាមាននិស្ស័យនឹងគ្រួសារយើងណាស់ សព្វថ្ងៃកល្យាណវាស្រលាញ់ស្ទើរតែបាត់មុខមិនបានទៅហើយ សូម្បីពេលយប់ក៏វាយកទៅគេងជាមួយដែរ!។
- លោកគ្រូពេទ្យមានប្រសាសន៍ចប់ កល្យាណក៏កាន់ចានបបរចូលមកអង្គុយកន្លែងដែលវិញ។ បុត្រីនាយចន លោតទៅអង្គុយលើភ្លៅស្រីក្រមុំសើចធ្វើមុខស្ញេញស្ញាញដាក់ទៅលោកគ្រូពេទ្យ និង អ្នកស្រីចន្ទី តាមនិស្ស័យក្មេងខ្ចីសេចក្ដី។
- - លោកអ៊ុំចាំមើលណា វីញ៉ាំបបរច្រើនៗ ណា៎…!
- - ញ៉ាំទៅក្មួយ! អ៊ុំនឹងឈរចាំមើល ។
- លោកគ្រូពេទ្យឆ្លើយ។ កញ្ញាកល្យាណ ដួសបបរបញ្ចុកទៅក្នុងមាត់ណាវីហើយនិយាយថា៖
- - ណាវីត្រូវខំញ៉ាំអោយបានច្រើន ដើម្បីអោយឆាប់ជាណា៎ក្មួយណា៎ !…
- - ចា៎:! ដល់ណាវីជា! អ្នកមីងកុំភ្លេចយកណាវីទៅលេងភ្នំពេញម្ដងណា៎! ណាវីចង់ទិញកូនឡានតូចៗ ទិញកូនគោ កូនមាន់ផងហ៊ឹះ!
- កុមារីណាវី និយាយព្រមទាំងលើកដៃលើកជើងធ្វើមុខធ្វើមាត់។ យុវតី បិចថ្ពាល់ណាវីបន្តិចទើបនាងឆ្លើយមកវិញថា៖
- - មាត់ហ្នឹងចេះនិយាយណាស់! ចាំអោយណាវីជាស្រួលបួលសិនមីងជូនទៅទិញ …!
- - កុំភរណាវីណា៎!
- - ចា៎! មីងមិនភរទេ !…
- លោកគ្រូពេទ្យ សែន-មេត្តា ដាក់គូថអង្គុយជិតកុមារីកំព្រា ទះក្បាលតិចៗ ហើយសួរទៅទៀត ៖
- - ដល់ណារីជា ! មិនត្រលប់ទៅនៅជាមួយប៉ាវិញទេ រឺ ?
- ណាវី គ្រវីក្បាលញាប់រន្ធាន់
- - ណាវីអត់ទៅនៅជាមួយប៉ាវិញទេ
- - ប៉ាអត់ទិញឡានអោយគេលេងផងនោះ! នៅជាមួយមីងយ៉ានបានឡានបានទៅលេងភ្នំពេញទៀត!
- - ហ:! ហា! ហា! (លោកគ្រូពេទ្យសើច) កូននេះវាប៉ិនបោកកល្យាណអោយស្លាប់ចិត្តតែម្ដង …!
- នៅខាងក្រៅផ្ទះ ចនកំពុងធាករ៉ឺម៉កចូលមក នៅដៃមានកាន់ប្រអប់ដាសរាងបួនជ្រុងទ្រវែងមួយផង។ ជនកំសត់ឡើងមកដល់លើផ្ទះ ក៏លើកដៃសំពះទៅលោកគ្រូពេទ្យអ្នកស្រីចន្ទី និងកញ្ញាកល្យាណ។
- - ជំរាបសួរលោកគ្រូ! លោកស្រី! អ្នកនាង ! . . .
- អ្នកទាំងបី ប្រញាប់លើកដៃសំពះតបមកវិញ
- - បាទ! លើកដៃថ្វាយព្រះ
- - ចា៎! ចា៎! ជំរាបសួរ
- - ចា៎! ជំរាប់សួរ
- កញ្ញា កល្យាណនឹកអៀនអន់នឹងបុរសកំសត់ ក៏ដកខ្លួនគេចចេញបាត់ទៅ។ លោកគ្រូពេទ្យ នាំចនអោយចូលទៅអង្គុយលេងក្នុងបន្ទប់ទទួលភ្ញៀវ ហើយលោកក៏ចាប់ផ្តើមសួរ
- - ចន អែងបានស្អីហ្នឹងយកមកផ្ញើកូន ?
- - បាទ! កូនឡានទាន
- - យី! (លោកគ្រូពេទ្យឧទាន) ចេះទិញអោយត្រូវចិត្តណាវីតែម្ដង អំបាញ់ម៉ិញកំពុងរំអុកកល្យាណរឿងឡានហ្នឹងណា៎ !
- ចនបើកប្រអប់យកកូនឡានហុចទៅអោយបុត្រី ហើយក៏បែរមកសួរលោកគ្រូពេទ្យទៀត
- - ប្រហែលជាមួយអាទិត្យទៀត ចនអែងអាចយកណាវីត្រលប់ទៅផ្ទះវិញបានហើយ
កល្យាណពួននៅក្នុងបន្ទប់ក្បែរនោះ លឺថាមួយអាទិត្យទៀត ណាវីត្រូវឃ្លាតចេញពីនាងទឹកភ្នែកមិនដឹងមកពីណា ក៏ស្រាប់តែហូរព្រូជោកផ្ទៃមុខមួយរំពេច។ មែន !… នាងស្រលាញ់កុមារីអភ័ព្វនេះណាស់ ស្រលាញ់ណាស់ នាងចង់នៅជិតវា ចង់ស្ដាប់សំលេងដ៏ស្រួយស្រេះខ្ចីសេចក្ដីរបស់វាគ្រប់ពេលវេលា តើបណ្ដាលមកពីហេតុអ្វី នាងក៏មិនអាចយល់ខ្លួនអែងបានដែរ។ នៅពេលណានាងជួបមុខកម្មករធាក់រ៉ឺម៉ក នាងហាក់ដូចជាស្រាលខ្លួនហើយសេចក្ដីអៀនអន់ក៏ប្រាកដឡើងចំពោះផ្ទៃមុខមួយរំពេច នាងស្រលាញ់គេ រឺ? ទេ! នាងមិនមែនស្រលាញ់គេទេ នាងមិនធ្លាប់នឹកនាដល់សេចក្ដីស្នេហានេះដល់ម្ដងណាផង បើស្រលាញ់ក៏ស្រលាញ់ត្រឹមតែណាវីកូនគេប៉ុណ្ណោះ ដែលនាងទន្ទេញក្នុងចិត្តថាស្រលាញ់! ស្រលាញ់! គ្មានចេះភ្លេច។ តែបើបាត់មុខចនយូរ មិនឃើញមកសាកសួរកូន នាងក៏នឹកគេចង់ឃើញមុខគេ លុះដល់គេមកនាងក៏អៀនរត់ពួនរាល់តែលើកដូច្នេះអែង។
- ចំពោះខ្លួននាងៗ ក៏នឹកឆ្ងល់ខ្លួនអែងដែរ មិនដឹងហេតុអ្វីបានជាបណ្ដាលអោយចិត្តនាងវិបរិតដូច្នេះទៅវិញ។ ការសន្ទនារវាងចន នឹងលោកគ្រូពេទ្យសែន មេត្តា អ្នកស្រីចន្ទីចេះតែប្រព្រឹត្តទៅមុខ ស្ថិតក្នុងបរិយាកាសរីករាយជានិច្ច ពេលមួយអ្នកស្រីចន្ទីក៏និយាយឡើងថា
- - ដល់ចនយកណាវីត្រលប់ទៅផ្ទះវិញ ផ្ទះខ្ញុំអផ្សុកស្លាប់ហើយសព្វថ្ងៃកល្យាណវាស្រលាញ់ក្មេងនេះណាស់
- - បាទមិនអីទេលោកស្រី ខ្ញុំនឹងយកណាវីមកលេងអោយបានញឹកញាប់បន្តិច
- កុមារីតូច ដឹងថាឳពុកជិតយកទៅវិញ ក៏ធ្វើមុខចង់យំទំលាក់ឡានចោល រត់ទៅអោបជើងលោកគ្រូពេទ្យសែន មេត្តាបែរមកនិយាយថា
- - ប៉ាកុំយកណាវីទៅវិញណា៎! ណាវីអត់ទៅនៅជាមួយប៉ាវិញទេ ផ្ទះប៉ាតូច អត់មានភួយដណ្ដប់ អិតមានគ្រែពូកអោយណាវីគេង ណាវីនៅជាមួយមីងយ៉ានសប្បាយជាង
- ចនគ្រវីក្បាលនឹកហួសចិត្តនឹងសំដីកូន
- - ណាវីមិនព្រមទៅនៅជាមួយប៉ា អិចឹងណាវីស្អប់ប៉ាហើយ រឺ ?
- - ចុះបើប៉ាអត់មានផ្ទះល្អ អត់គ្រែពូក អត់ភួយ អត់កូនឡានច្រើន អោយណាវីទៅនៅយ៉ាងម៉េចកើត ណាវីមិនទៅទេ!
- - ហា! ហា! ហា! (លោកគ្រូពេទ្យសើចពេញចិត្តនឹងសំដីកូនស្រីចន) លឺទេចន? តែប៉ុណ្ណេះណាវីមុខជាបានមកខ្ញុំហើយ!
- ចនញញឹម លើកដៃអង្អែលក្បាលកូន
- - នៅជាមួយលោកអ៊ុំកុំសូវរពឹសណា លឺទេ? តែប៉ាដឹងថាកូនរពឹសប៉ាមកយកទៅវិញ
- ចនបែរទៅនិយាយជាមួយលោកគ្រូពេទ្យ និង លោកស្រីចន្ទី
- - លោកគ្រូ … លោកស្រី ! ខ្ញុំបាទគិតសូមត្រលប់ទៅផ្ទះវិញហើយទាន
- - ប្រញាប់ម្ល៉េះ! នៅញ៉ាំបាយជាមួយខ្ញុំម្ដងទៅចន
- លោកគ្រូពេទ្យឃាត់។ រីអែអ្នកស្រីចន្ទីក៏ឃាត់តាមប្ដីដែរ
- - មែន! នៅញ៉ាំបាយជាមួយខ្ញុំហ្នឹងហើយចន
- - បាទ! អរគុណណាស់ទានប្រោស! ចាំថ្ងៃក្រោយចុះទាន ថ្ងៃនេះខ្ញុំបាទមានការត្រូវទៅចាំទទួលគេផង
- ថាហើយចនក៏ក្រោយឈរលើកដៃសំពះលោកគ្រូពេទ្យ និង ភរិយា។ ដើរចុះទៅដីធាក់រ៉ឺម៉កមិត្តរួមជីវិតចេញពីអាណាខេត្តផ្ទះលោកគ្រូពេទ្យចិត្តសប្បុរសបាត់ទៅ ។
ម៉ោង ១២អធ្រាត្រស្ងាត់ សព្វសត្វមនុស្សនិករ លង់លក់និន្រ្ទាក្នុងដំណេកយ៉ាងស្កប់ស្កល់ ក្រោមធាតុអាកាសត្រជាក់នៃខែធ្នូ។ ខាងក្រៅផ្ទះខ្យល់រងារបក់បោកកញ្រ្ជោកមិនដាច់រយៈ។ សត្វរាត្រីចរហិចហើរឆៀងឆាបឆ្វែលឆ្វាត់ ទំពីដើមឈើមួយទៅដើមឈើមួយ បញ្ចេញសូរសព្វកាក! កាក! បន្លែងលេងនឹងស្រមោលអន្ធការរាត្រីខាងរនោច។ យូរៗ លឺសូរសំលេងឆ្កែលូពីចុងភូមិគ្រលួចតាមសរសៃខ្យល់ ធ្វើអោយទារកតូចៗ ភិតភ័យត្បុលក្បាលចូលក្រោមផ្ទាំងទ្រូងម្ដាយ អង្កៀមដោះលែងយំស្រែក។ ផ្ទះលោកគ្រូពេទ្យសែន មេត្តាស្ថិតនៅក្នុងសភាពស្ងាត់ច្រៀប។ អំពូលពណ៌ខៀវ កំលាំង ៥ទៀនដាក់លើក្បាលគ្រែប្រើដោយថ្មពិល បញ្ចេញពន្លឺខៀវស្រទន់ល្មមអោយមើលឃើញអ្វីៗ នៅក្នុងផ្ទះបានព្រឹលៗ។ សូរសំលេងរទេះគោង៉េតង៉ត! ង៉េតង៉ត! មកបាត់សំលេងមុខផ្ទះលោកគ្រូពេទ្យ បុរសក្នុងស្រមោលរាត្រីម្នាក់លោតពី រទេះគោមកឈរទ្រឹងមួយសន្ទុះ ក៏ដាច់ចិត្តដើរឡើងទៅគោះទ្វារផ្ទះ៖
- - ប៉ូក! ប៉ូក! ប៉ូក!
- សូរសព្ទគោះទ្វារចូលទៅដាស់លោកគ្រូពេទ្យកំពុងនិន្រ្ទាលក់ស្កប់ស្កល់អោយភ្ញាក់ក្រញ៉ាងឡើងមួយរំពេច។ ពេលនោះចន្ទីក៏ដឹងខ្លួនឡើងដែរ។
- - យី! អ្នកណាគោះទ្វារផ្ទះយើងបង ?
- - ទេ! បងក៏មិនដឹងដែរអូន! ចាំបងទៅបើកទ្វារមើលមើល៍!
- ថាហើយលោកគ្រូពេទ្យ ក៏អុជចង្កៀងបំភ្លឺ ហើយកាន់ពិលថ្មបួនកំណាត់ដើរទៅបើកទ្វារដោយសភាពប្រុងប្រយ័ត្ន។ ពេលទ្វារបើកឡើងក៏លេចរាងបុរសក្នុងសំលៀកបំពាក់ខ្មៅម្នាក់ លើកដៃសំពះមកគ្រូពេទ្យ និយាយអន្តឺតអន្តក់លាយយំថា
- - អាណិតជួយខ្ញុំបាទផងលោកគ្រូ
- - ប្អូនអែងមិនស្រួលអ្វី រឺ ?
- លោកគ្រូពេទ្យសួរដោយងឿងឆ្ងល់
- - ប្របាទ! ប្រពន្ធខ្ញុំបាទឈឺចុកពោះខ្លាំងណាស់ទាន សូមលោកគ្រូអាណិតមេត្តាជួយ ស្រោចស្រង់ជីវិតសត្វលង់ទឹកយកបុណ្យផងទាន
- - ចុះអ្នកជំងឺនៅអែណាទៅ ?
- - ប្របាទ! នៅអែភូមិថ្មីអែណោះ !
- - យី! ឆ្ងាយណាស់តើ! ផ្លូវឡានក៏បើកចូលមិនដល់ទៀត
- - ប្របាទ! ខ្ញុំប្របាទយករទេះគោមកទាន សូមលោកគ្រូជួយសង្គ្រោះជីវិតប្រពន្ធខ្ញុំផង បើលោកមិនអញ្ជើញទៅពេលនេះទេ ប្រពន្ធខ្ញុំមុខជាស្លាប់ក្នុងយប់នេះជាពុំខាន
- លោកគ្រូពេទ្យ ឈរខាំបរបេរមាត់គិតកន្ទះរាក្នុងចិត្តបន្តិច ក៏ឆ្លើយទៅអ្នករងគ្រោះវិញ
- - មិនអីទេ! ខ្ញុំនឹងទៅមើលប្រពន្ធប្អូនអែង តែឈរចាំខ្ញុំទៅរៀបចំអីវ៉ាន់មួយភ្នែត!…ថាហើយលោកគ្រូពេទ្យចិត្តធម៌ ក៏បង្វិលខ្លួនដើរចូលមកក្នុងបន្ទប់វិញ។
- - មានការអ្វី រឺ បង?
- ចន្ទី ដេកបើកភ្នែកលើគ្រែសួរ
- - គេមកតាមអោយបងទៅមើលអ្នកជំងឺឈឺធ្ងន់ម្នាក់ នៅភូមិថ្មីអែណោះ !
- - កុំទៅអី! ពាក់កណ្ដាលអធ្រាត្រទៅហើយ ប្រាប់គេអោយចាំព្រឹកស្អែកទៅ
- លោកគ្រូពេទ្យគ្រវីក្បាលមិនយល់ស្រប
- - ធ្វើអីចឹងមិនកើតទេអូន! … ការស្លាប់មិនមែនចាំស្អែកអែណា៎ ?
- ចន្ទីនឹកខឹងប្ដី. ស្ទុះក្រោកពីលើគ្រែសំដែងអកប្បកិរិយាមិនពេញចិត្ត
- - អូ! បើអិចឹងបានសេចក្ដីថា បងសុខចិត្តដើរចោលប្រពន្ធទាំងយប់អធ្រាត្រដូច្នេះ រឺ ?
- លោកគ្រូពេទ្យ រៀបចំខ្លួនបណ្ដើរបែរមកនិយាយជាមួយប្រពន្ធបណ្ដើរ
- - ចុះវាមានទៅខូចខាតអីអូន! បងជាគ្រូពេទ្យ ករណីយកិច្ចរបស់ខ្លួនរបស់បង គឺត្រូវតែជួយសង្រ្គោះជីវិតអ្នកជំងឺ បើអូនខ្លាចទុកកាំភ្លើងបងការពារខ្លួនទៅចុះ (លោកគ្រូពេទ្យបោះកាំភ្លើងលើពូក) អូនចង់អោយបងធ្វើព្រងើយកន្តើយចំពោះអ្នកជំងឺ បងធ្វើទៅមិនកើតទេ
- - ហ៊ឺះ! បងធ្វើហ្នឹងប្រសើរហើយ
ចន្ទី ប្រាសខ្លួនដេកផ្កាប់មុខយំសសឹក នឹកតូចចិត្តអាណិតខ្លួន ដែលត្រូវប្ដីដើរចោលទាំងយប់អធ្រាត្រស្ងាត់។ លោកគ្រូពេទ្យសែន មេត្តា មិនយកចិត្តទុកដាក់ នឹង ភរិយាក្មេងទេ កាលបើរៀបចំរួចរាល់ហើយលោកក៏ដើរចេញទៅក្រៅ។ ធ្វើដំណើរជាមួយបុរសកំសត់ តាមរទេះគោឆ្ពោះទៅភូមិថ្មី។
ចំណែកចន្ទីវិញ នាងដេកផ្កាប់មុខយំសសឹកមិនព្រមឈប់ឡើយ។ ចន្ទីនាងបានរៀបការជាមួយលោកគ្រូពេទ្យសែន មេត្តាចំនួនបីឆ្នាំហើយ។ ក្នុងជីវិតមានស្វាមី នាងមិនដែលបានទទួលការថ្នាក់ថ្នមផ្នែកផ្លូវចិត្ត ពីលោកគ្រួពេទ្យបន្តិចសោះ នាងនៅផ្ទះ នាងចង់ស្គាល់ការស៊ីវិល័យ ចង់ស្គាល់អារ្យធម៌សម័យថ្មីនៃទីក្រុង ដែលគេតែងពោលថាជាស្ថានសួគ៌នៅស្ថានកណ្ដាល។ តែគំនិតនេះវាផ្ទុយស្រលះពីគំនិតលោកគ្រូពេទ្យសែន មេត្តាទាំងស្រុង លោកគ្រូពេទ្យជាមនុស្សបូរាណរម្យទំ មិនចូលចិត្តការរស់នៅអ៊ូអរគ្រុកគ្រាក់នៃទីក្រុង សព្វការស៊ីវិល័យដែលចំរើនទៅតាម អារ្យធម៌បរទេសហួសពីក្របខ័ណ្ឌ នៃប្រពៃណីជាតិ។ ហើយជាពិសេសលោកស្អប់បំផុតនូវគំនិតមូលធននិយម។ ដូច្នេះបាន ជាលោកសុខចិត្តនាំប្អូនក្រមុំ និង ភរិយាសំលាញ់មកនៅស្រុកស្រែស្ងាត់ តែមានធាតុអាកាសល្អបរិសុទ្ធ ដោយពុំគិតទៅដល់រឿងរកប្រាក់បាន រឺមិនបាន ដូចជាលោកគ្រូពេទ្យមិត្តលោកខ្លះឡើយ។
លោកតាំងខ្លួនជាលោកគ្រូពេទ្យ មេត្តាអោយសមនឹងឈ្មោះករណីយកិច្ចរបស់លោក គឺកិច្ចរបស់លោក គឺត្រូវជួយស្រោ ចស្រង់ជីវិតមនុស្សបងប្អូនលោកជាមួយគ្នា មិនមែនធ្វើពេទ្យដើម្បីប្រមូលយកប្រាក់ ពីអ្នកជំងឺមកតម្កល់ទុកក្នុងទូដែកលោកទេ។ អ្នកជំងឺទោះជាស្ថិតនៅក្នុងសភាពណា វណ្ណណាក៏ដោយ លោកតែងយកចិត្តស្មើៗ គ្នាទាំងអស់។ ដូច្នេះលោកគ្រូពេទ្យសែនមេត្តា ក៏មានឋានជាកណ្ដាល គឺមិនមាន មិនក្រ គ្រប់គ្រាន់ចាយវាយតែក្នុងគ្រួសារប៉ុណ្ណោះ។ ការដែលលោកគ្រូពេទ្យ មិនសូវអើពើ នឹង រឿងមានបាន ហើយការយកចិត្តអ្នកជំងឺ ច្រើនជាងយកចិត្តប្រពន្ធ ធ្វើអោយចន្ទីនាងមានសេចក្ដីតូចចិត្តយ៉ាងខ្លាំង។ ដេកយំនឹកបន្ទោសទៅដល់វាសនានាង ដែលបណ្ដាលអោយមកជួបស្វាមីមិនល្មោភទឹកប្រាក់ មិនចេះត្រេកត្រអាលនឹងកាមលោកកីយ៍។ បើសិនជានាងបានប្ដីក្រៅពីលោកគ្រូពេទ្យមេត្តាវិញ ម្ល៉េះសមនាងមានបានទ្រព្យសម្បត្តិបរិបូណ៌ មានប្រាក់ផ្ញើធនាគារ មានផ្ទះថ្មបួនដប់ល្វែងទុកគ្រាន់យកឈ្នួល ហើយគេមុខជាយកចិត្តយកថ្លើមនាង បំពេញនូវសេចក្ដីស្នេហារវាងគ្នា និង គ្នាយ៉ាងផ្អែមល្ហែមមិនល្ងង់ល្ងើពកថ្ងាសដូចជាលោកគ្រូពេទ្យមេត្តាប្ដីនាងនេះទេ។ ចន្ទីនឹកឃើញសព្វគ្រប់តាំងយំហើយយំទៀតហើមត្របកភ្នែកទាំងពីរឡើងក្រហមពោរ ហាក់ដូចជាចង់ប្រកួតប្រជែង នឹង តំណក់សន្សើម ដែលស្រក់ចុះលើដំបូលផ្ទះប្រោះ! ប្រោះ! មិនដាច់រយៈ។